Tag: BTS

  • Messi រក​គ្រាប់​បាល់​បាន​លឿន​បំផុត​ក្នុង​អាជីព​ ពេល​ប៉ះ​អូស្ត្រាលី​នៅ​ប្រទេស​ចិន

    Messi រក​គ្រាប់​បាល់​បាន​លឿន​បំផុត​ក្នុង​អាជីព​ ពេល​ប៉ះ​អូស្ត្រាលី​នៅ​ប្រទេស​ចិន

    (ប្រទេស​ចិន) – កំពូល​តារាបាល់ទាត់ Lionel Mess បានបង្ហាញ​កំពូល​ថ្វី​ជើង​របស់ខ្លួន​នៅ​វិនាទី​ទី 79 ដែល​បាន​ជួយ​ឱ្យ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​ឈ្នះ​អូស្ត្រាលី 2-0 នៅក្នុង​ការប្រកួត​មិត្តភាព​នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន កាលពី​ព្រលប់​ម្សិលមិញ។

    គ្រាប់​បាល់​ឈ្នះ​របស់ Messi កើតឡើង​បន្ទាប់ពី​ខ្សែបម្រើ Enzo Fernadez ដណ្ដើមបាន​បាល់​ពី​កីឡាករ​អូស្ត្រាលី រួច​បញ្ជូនទៅឱ្យ​ប្រធាន​ក្រុម។ Messi ទទួលបាន​បាល់​នៅត្រង់​ខ្សែ​កណ្ដាល អូស​បាល់​បញ្ច្រាសទិសរ​ត់រប​ស់​គូប្រជែង នាំឱ្យ​កីឡាករ​អូស្ត្រាលី​ម្នាក់​ដួល រួច​ទាត់​ប្លោង​សំដៅ​ជ្រុង​ម្ខាង ផុតពី​ដៃ​អ្នកចាំទី Matthew Ryan។ គ្រាប់​បាល់​នេះ​ពេញ​ដោយ​ស្ទីល​របស់ Messi ព្រោះ​កីឡាករ​នេះ​ធ្លាប់​រកបាន​គ្រាប់​បាល់​រាប់សិប​​គ្រាប់​តាមរយៈ​វិធី​ទាត់​បែបនេះ​នៅក្នុង​អាជីព។

    នេះ​គឺជា​គ្រាប់​បាល់​ដែល​រកបាន​ឆាប់​បំផុត​ក្នុង​អាជីព​របស់ Messi ដោយសារ​កើតឡើង​នៅក្នុង​នាទី​ទី​ពីរ។ ក្នុង 90 នាទី​នៃ​ការប្រកួត​មិត្តភាព​រវាង​អា​ហ្ស​ង់​ទីន និង​អូស្ត្រាលី នៅ​ប្រទេស​ចិន Messi គ្រាន់តែ​មិន​អាច​រកបាន​គ្រាប់​បាល់​នៅ​នាទី​ដំបូង​ប៉ុណ្ណោះ។ នៅក្នុង 807 គ្រាប់​ដែល Messi រកបាន​ក្នុង​អាជីព មាន 45 គ្រាប់​រកបាន​ក្នុងពេល​ថែម​ម៉ោង​តង់​ទី​ពីរ និង 22 គ្រាប់​ក្នុងពេល​ថែម​ម៉ោង​តង់​ទីមួយ។ ក្រៅពីនេះ ពេលវេលា​ដែល M10 រកបាន​គ្រាប់​បាល់​ច្រើន​បំផុត​ក្នុង 90 នាទី គឺ​នៅ​នាទី​ទី 43 និង 55។

    នៅពេល Messi ស៊ុត​ចូល​ទី ទស្សនិកជន​នៅឯ​កីឡដ្ឋាន​ពលករ​ក្នុង​ទីក្រុង​ប៉េកាំង នាំគ្នា​ស្រែ​កហ៊ោ​ដូច​ទៅនឹង​ក្រុម​ជម្រើស​ជាតិចិន​ទើបតែ​បាន​ទាត់​ចូល​ទី។ ថ្វីបើ​ទាត់​នៅ​ប្រទេស​ចិន ប៉ុន្តែ​ការប្រកួត​រវាង​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន និង​អូស្ត្រាលី ទទួលបាន​ការគាំទ្រ​ពី​ទស្សនិកជន​ជិត 70,000 នាក់​នៅឯ​កីឡដ្ឋាន។ ទស្សនិកជន​ភាគច្រើន​ពាក់អាវ M10 របស់ Messi ដើម្បី​លើកទឹកចិត្ត​ក្រុម​អា​ហ្ស​ង់​ទីន។

    ដោយសារតែ​កម្លាំង និង​បច្ចេកទេស​ខ្លាំងក្លា អា​ហ្ស​ង់​ទីន​ក៏​រកបាន​មួយ​គ្រាប់​ទៀត​នៅ​នាទី​ទី 68 ហើយ​នេះ​ក៏​ជា​គ្រាប់​បាល់​ដែល​កំណត់​​ឱ្យ​អា​ហ្ស​ង់​ទីន​ឈ្នះ​អូស្ត្រាលី 2-0។ គ្រាប់​បាល់​នេះ​ក៏មាន​ការរួមចំណែក​ពី Messi នៅពេល​គាត់​បញ្ជូន​បាល់​ឱ្យ Rodrigo de Paul ដើម្បីឱ្យ​ខ្សែបម្រើ​នេះ​ប្លោង​បាល់​បន្ត ជួយ​ឱ្យ German Pezzella តែ​ត​បញ្ចូល​ទី​បានសម្រេច។

    បន្ទាប់ពី​ការប្រកួត​នេះ អា​ហ្ស​ង់​ទីន​នឹង​ហោះ​ទៅកាន់​ហ្សា​ការ​តា ដើម្បី​ប្រកួត​មិត្ត​ភាពជា​មួយក្រុម​ឥណ្ឌូណេស៊ី ប៉ុន្តែ Messi ទំនងជា​នឹង​អវត្តមាន។ ព្រោះថា គាត់​បាន​យល់ព្រម​លេង​បាល់​ក្នុងការ​ប្រកួត​ផ្ដល់​កិត្តិយស និង​សម្ដែង​ការដឹក​គុណ​ដល់​អតីត​ខ្សែបម្រើ Juan Roman Riquelme នៅ​ថ្ងៃទី 26 មិថុនា នៅ​អា​ហ្ស​ង់​ទីន៕

  • មហាសេដ្ឋី កូរ៉េខាងត្បូង ដែល​នៅ​ពីក្រោយ​ក្រុម​ចម្រៀង BTS

    មហាសេដ្ឋី កូរ៉េខាងត្បូង ដែល​នៅ​ពីក្រោយ​ក្រុម​ចម្រៀង BTS

    ទ្រព្យសម្បត្តិ​របស់ Bang Si-hyuk ដែលជា​ស្ថាបនិក​របស់​ក្រុមហ៊ុន​នៅ​ពីក្រោយ​ក្រុម​ចម្រៀង K-pop BTS កើនឡើង​ជាង​ទ្វេដង ដោយ​ប្រើពេល​ត្រឹមតែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ។

    យោងតាម​ទំព័រ Bloomberg Billionaires Index លោក Bang Si-hyuk មានទ្រព្យ​សុទ្ធ​ប្រមាណ 3.2 ពាន់​លាន​ដុល្លារ​អាមេរិក បន្ទាប់ពី​មូល​ប​ត្រ​ក្រុមហ៊ុន Hybe របស់លោក កើន​បន្ថែម 131% រាប់​ចាប់ពី​ពេល​ត្រូវបាន​បោះផ្សាយ​មូល​ប​ត្រ (IPO) នៅ​ប្រទេស កូរ៉េខាងត្បូង កាលពី​ខែតុលា។ ក្នុងអំឡុង​ធ្វើ IPO ទ្រព្យសម្បត្តិ​របស់លោក Bang មានតម្លៃ​ស្មើនឹង 1.5 ពាន់​លាន​ដុល្លារ​អាមេរិក។

    មហា​សេដ្ឋី Bang Si-hyuk

    នោះ​គឺជា​ភ័ស្ដុតាង​បង្ហាញ​អំពី​ភាពល្បីល្បាញ​របស់​ក្រុម​ចម្រៀង BTS ដែលមាន​កម្រង​ចម្រៀង​មួយចំនួន ទទួលបាន​ការគាំទ្រ​បំផុត​ក្នុង​ពិភពលោក។ ទន្ទឹមនឹងនេះ ក្រុម​អ្នកវិនិយោគ​ក៏មាន​ការជឿជាក់​លើ​មហិច្ឆតា​ក្ដោប​ក្ដាប់​ពិភព​តន្ត្រី​របស់​ក្រុមហ៊ុន Hybe ក្រោយពី​ទិញ​បាន​ក្រុមហ៊ុន​ដែល​នៅ​ពីក្រោយ​តារាចម្រៀង​អន្តរជាតិ​ពីររូប គឺ Justin Bieber និង Ariana Grande។

    លោក Bang កាន់កាប់​ភាគហ៊ុន​ចំនួន 34% របស់​ក្រុមហ៊ុន Hybe និង​ត្រូវបាន​គេ​ហៅថា «Hitman» នៅ កូរ៉េខាងត្បូង ទៀតផង។

    តារាចម្រៀង Bieber និង Grande

    កាលពី​ខែមេសា ក្រុមហ៊ុន Hybe ប្រកាសថា បាន​ចំណាយ​ប្រាក់ 1.05 ពាន់​លាន​ដុល្លារ សម្រាប់ Ithaca Holding ជា​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​នៅ​ពីក្រោយ​តារាចម្រៀង Bieber និង Grande។ Scooter Braun ដែលជា​អ្នកដឹកនាំ​ក្រុមហ៊ុន Ithaca ក្លាយជា​សហ​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Hybe America ក្រោយ​ការទិញ​ដូរ​នេះ។

    លោក Braun កាន់កាប់​ភាគហ៊ុន​ចំនួន 1% របស់ Hybe ដែលមាន​តម្លៃ​ស្មើនឹង 124.8 លាន​ដុល្លារ​អាមេរិក។ សមាជិក​របស់​ក្រុមហ៊ុន BTS ដែល​សុទ្ធ​តែមាន​វ័យ 20 ឆ្នាំ កាន់កាប់​ភាគហ៊ុន​ដែលមាន​តម្លៃ 18.5 លាន​ដុល្លារស្មើៗគ្នា ខណៈដែល Bieber និង Grande ម្នាក់ៗកាន់កាប់​ភាគហ៊ុន​ដែលមាន​តម្លៃ 14.5 លាន​ដុល្លារ។

    Bang Si-hyuk បាន​បង្កើត Big Hit Entertainment ដែលជា​ឈ្មោះ​ដើម​របស់ Hybe កាលពី​ឆ្នាំ 2005។ ដំបូង​ឡើយ ក្រុមហ៊ុន​នេះ មិនសូវមាន​សកម្មភាព​នោះទេ ហើយ​វា​ស្ទើរតែ​ដួលរលំ នៅក្នុង​ដំណាក់កាល​ដំបូង មុនពេល BTS ចេញ​អាល់​ប៊ុ​ម ដំបូង​កាលពី​ឆ្នាំ 2013។

    បទ​ចម្រៀង​ថ្មី ល្បី​បំផុត​របស់ BTS គឺ Butter ធ្លាប់​ស្ថិតនៅលើ​កំពូល​តារាង​ចំណាត់ថ្នាក់ Billboard Hot 100 អស់​ជាច្រើន​សប្ដាហ៍។ ក្រុមហ៊ុន Hybe ឱ្យដឹង​កាលពី​ឆ្នាំ 2020 ថា ប្រាក់ចំណូល​ជិត 88% នៅក្នុង​ពាក់កណ្ដាល​ដើមឆ្នាំ 2020 គឺ​បានមកពី BTS។

    ក្រុមអ្នកវិភាគ​យល់ថា Hybe ត្រូវការ​ស្វែងរក «BTS បន្ទាប់» ហើយ​មហាសេដ្ឋី Bang Si-hyuk ក៏​យល់ឃើញ​បែបនេះ​ដែរ។ «ពួកគេ​កំពុងកាន់​បន្ថយ​ការពឹង​ផ្អែកទៅលើ​ក្រុម​ចម្រៀង BTS។ ក្រុម​ចម្រៀង​ប្រុស​ផ្សេងទៀត​របស់ Hybe បាន​ប្រែជា​ល្បីឈ្មោះ​ជាង​មុន ហើយ​ក្រុមហ៊ុន​ក៏មាន​តារាចម្រៀង​អន្តរជាតិ​បន្ថែមទៀត» Gina An អ្នកវិភាគ​របស់​ក្រុមហ៊ុន eBest Investment & Securities វាយតម្លៃ​ដូច្នេះ៕

    ប្រភព៖ Bloomberg
    ប្រែ​សម្រួល៖ បុត្រា

  • ម្ចាស់​ក្រុម​ចម្រៀង​ BTS​ របស់​កូរ៉េ​ខាង​ត្បូង​ ក្លាយ​ជា​មហា​សេដ្ឋី​ដូច​ការ​រំពឹង​ទុក

    ម្ចាស់​ក្រុម​ចម្រៀង​ BTS​ របស់​កូរ៉េ​ខាង​ត្បូង​ ក្លាយ​ជា​មហា​សេដ្ឋី​ដូច​ការ​រំពឹង​ទុក

    ស្ថាបនិក Bang Shi-hyuk បានក្លាយជាមហាសេដ្ឋី ចំណែកសមាជិក7រូបផ្សេងទៀតរបស់ក្រុមចម្រៀង BTS ក៏បានក្លាយជាសេដ្ឋី ដោយមានទ្រព្យរាប់លានដុល្លារអាមេរិក បន្ទាប់ពីក្រុមហ៊ុន Big Hit Entertainment បានចូលរួមធ្វើជំនួញក្នុងផ្សារហ៊ុន (IOP)។

    Big Hit Entertainment ដែលជាក្រុមហ៊ុននៅពីក្រោយក្រុមចម្រៀងបុរស BTS ដ៏ល្បីឈ្មោះនៃចម្រៀង K-pop ប្រមូលបានទុនចំនួន963ពាន់លានវ៉ុន (840លានដុល្លារអាមេរិក) ពីការលក់មូលបត្រថ្មីចំនួន7.13លានហ៊ុនដែលទើបតែបានបោះផ្សាយកាលពីពេលថ្មីៗនេះ។ នេះគឺជាករណី IPO ធំបំផុតរបស់កូរ៉េខាងត្បូង រាប់ចាប់ពីឆ្នាំ2017។ មូលបត្រ Big Hit ត្រូវបានបោះផ្សាយលក់ចាប់ពីថ្ងៃទី15តុលា ដែលនេះបាននាំឱ្យស្ថាបនិក Bang Shi-hyuk ក្លាយជាមហាសេដ្ឋីថ្មីបំផុតនៅកូរ៉េខាងត្បូង។

    មូលបត្រ Big Hit បើកទ្វារលក់ក្នុងតម្លៃ 270,000វ៉ុន/ហ៊ុន ខ្ពស់ជាងតម្លៃ IPO 135,000វ៉ុន/ហ៊ុន ដែល​ប្រការ​នេះ​ បាន​ជួយ​ឱ្យ​តម្លៃ​ទុនរបស់ Big Hit ឡើងដល់ជាង9លានលានវ៉ុន។ លោក Bang វ័យ48ឆ្នាំ កំពុងកាន់កាប់​ភាគហ៊ុនជិត35% នៅក្នុងក្រុមហ៊ុននេះ ហើយបច្ចុប្បន្ន ទ្រព្យរបស់លោកបានកើនឡើងដល់3.2ពាន់លានដុល្លារអាមេរិក នេះបើតាមសារព័ត៌មាន Forbes។ សមាជិកទាំង7រូបរបស់ BTS ដែលសុទ្ធតែមានវ័យ20ឆ្នាំ ក៏បានក្លាយ​ជាសេដ្ឋី ដោយសារមុននោះ ពួកគេទទួលបានភាគហ៊ុនមួយចំនួនធំ។

    សមាជិក​ក្រុម​ចម្រៀង​ប្រុស​ BTS

    ព្រឹត្រិការណ៍ Big Hit IPO ត្រូវបានធ្វើឡើងក្នុងស្ថានភាពដែលកូរ៉េខាងត្បូងកំពុងស្ថិតក្នុងរលកនៃ COVID-19 ទីពីរ។ BTS ត្រូវបង្ខំចិត្តពន្យារពេលទៅលើគម្រោងសម្ដែងផ្ទាល់នានាចាប់ពីខែមីនា រួមទាំងព្រឹត្តិការណ៍តន្ត្រីដែលបានលក់សំបុត្រហើយផងដែរ។ ឆ្នាំ2019 ដំណើរសម្ដែងលក្ខណអន្តរជាតិដែលមានឈ្មោះថា Love Yourself របស់ក្រុមចម្រៀងនេះ រកបានប្រាក់ជាង196លានដុល្លារអាមេរិក។

    Big Hit បច្ចុប្បន្នគឺជាក្រុមហ៊ុនកម្សាន្តដែលមានប្រាក់ចំណេញខ្ពស់ជាងគេបំផុតនៅប្រទេសកូរ៉េខាងត្បូង ដោយ​ចំណេញ​63​លាន​ដុល្លារនៅក្នុងចំណូលសរុប507លានដុល្លារកាលពីឆ្នាំ2019 ដែលតួលេខនេះខ្ពស់ជាងបណ្ដាក្រុមហ៊ុនតន្ត្រីកូរ៉េខាងត្បូង ដូចជា SM, YG និង JYP Entertainment (តែងត្រូវគេហៅថា “Big Three”) ទៅ​ទៀត​។ កាលពីឆ្នាំទៅ (2019) BTS ក៏មានវត្តមាននៅក្នុងបញ្ជីឈ្មោះ Forbes Celebrity 100 និងបានក្លាយជាក្រុមតន្រីដែលមានប្រាក់ចំណូលខ្ពស់ជាងគេបង្អស់នៅក្នុងទ្វីបអាស៊ីទាំងមូល។

    បងប្អូនជីដូនមួយរបស់លោក Bang គឺលោក Bang Jun-hyuk ដែលជាស្ថាបនិកនៃក្រុមហ៊ុនហ្គេមអនឡាញ Netmarble ក៏ក្លាយជាមហាសេដ្ឋីមួយរូប ដោយទ្រព្យសរុបរបស់គាត់មានតម្លៃ2.8ពាន់លានដុល្លារ។ Netmarble គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលបានវិនិយោគទៅលើ Big Hit មុនគេ ហើយបច្ចុប្បន្ន Netmarble កាន់កាប់ភាគហ៊ុនចំនួន20% នៅក្នុងក្រុមហ៊ុន Big Hit៕

    ប្រភព៖ Forbes

    អត្ថបទ​ទាក់ទង> អ្នកនៅពីក្រោយ​ជោគ​ជ័យ​របស់​ក្រុមចម្រៀង​កូរ៉េ​ BTS ​នឹងក្លាយ​ជា​មហា​សេដ្ឋី​នា​​ពេល​ដ៏ខ្លី​ខាងមុខ​ បន្ទាប់​ពី​​ Big Hit ​ចូល​ផ្សារ​ហ៊ុន​​​

  • អ្នកនៅពីក្រោយ​ជោគ​ជ័យ​របស់​ក្រុមចម្រៀង​កូរ៉េ​ BTS ​នឹងក្លាយ​ជា​មហា​សេដ្ឋី​នា​​ពេល​ដ៏ខ្លី​ខាងមុខ​ បន្ទាប់​ពី​​ Big Hit ​ចូល​ផ្សារ​ហ៊ុន​​​

    អ្នកនៅពីក្រោយ​ជោគ​ជ័យ​របស់​ក្រុមចម្រៀង​កូរ៉េ​ BTS ​នឹងក្លាយ​ជា​មហា​សេដ្ឋី​នា​​ពេល​ដ៏ខ្លី​ខាងមុខ​ បន្ទាប់​ពី​​ Big Hit ​ចូល​ផ្សារ​ហ៊ុន​​​

    ការស្វែងយល់អំពីអ្នកគាំទ្រ និងប្រើប្រាស់ “ខឿនសេដ្ឋកិច្ចបែប fandom” គឺជាអាថ៌កំបាំងដែលជួយឱ្យ Bang Si-Hyuk ដែលជាម្ចាស់នៃក្រុមចម្រៀង BTS ទទួលបានជោគជ័យ។

    Bang Si-Hyuk ត្រូវបានគេស្គាល់ថា ជាអ្នកនៅពីក្រោយជោគជ័យនៃក្រុមចម្រៀង BTS ដ៏ល្បីឈ្មោះរបស់ប្រទេសកូរ៉េខាងត្បូង។ ថ្មីៗនេះ ក្រុមហ៊ុនគ្រប់គ្រងសិល្បកររបស់ Bang Si-Hyuk គឺ Big Hit Entertainment បានប្រកាសឱ្យដឹងថា ការ IPO របស់ពួកគេនឹងត្រូវលក់ក្នុង 135,000វ៉ុន ដែលស្មើនឹង115ដុល្លារអាមេរិកក្នុង1ហ៊ុន ហើយតម្លៃរបស់ក្រុមហ៊ុននេះក៏បានឡើងដល់ជាង4.1ពាន់លានដុល្លារផងដែរ។ ប្រការនេះមានន័យថា លោក Bang ដែលជា CEO និងជាភាគហ៊ុនិកធំជាងគេរបស់ Big Hit Entertainment នឹងក្លាយជាមហាសេដ្ឋីនាពេលដ៏ខ្លីខាងមុខ។ នេះបើតាម Bloomberg Billionaires Index។

    មិនត្រឹមតែល្បីឈ្មោះនៅក្នុងប្រទេសកូរ៉េខាងត្បូងនោះទេ តែ BTS ថែមទាំងត្រូវបានយុវវ័យនៅក្នុងប្រទេសជាច្រើនចូលចិត្ត ក្នុងនោះមានសហរដ្ឋអាមេរិក ដែលមានអាល់ប៊ុមចំនួន4 ឈរលើកំពូលតារាង Billboard 200។ បទចម្រៀង “Dynamite” របស់ BTS ក៏បានកាន់កាប់តំណែងជើងឯកនៅលើ Billboard Hot 100 ផងដែរ។

    ដូច្នេះ តើគន្លឹះអ្វីខ្លះ ដែលនាំឱ្យ Bang Si-Hyuk ទទួលបានជោគជ័យបែបនេះ?

    អ្នកនៅពីក្រោយក្រុមចម្រៀង BTS ទទួលបានជោគជ័យក៏ដោយសារយកគំរូតាម Jeff Bezos
    លោក Bang Si-hyuk

    ចម្លើយនោះគឺ ការស្ដាប់ និងស្វែងយល់អំពីអ្នកគាំទ្រ។ នេះក៏ជាទស្សនមួយត្រូវបាន Jeff Bezos ដែលជាអ្នកមានជាងគេបង្អស់ក្នុងពិភពលោក អនុវត្តនៅក្នុងការកសាង និងអភិវឌ្ឍក្រុមហ៊ុន Amazon ផងដែរ។

    នៅក្នុងកិច្ចសម្ភាសមួយជាមួយនឹង Fast Company កាលពីឆ្នាំ2019 លោក Bang បានឱ្យដឹងថា៖ “ខ្ញុំមិនបានអានសៀវភៅច្រើនរបស់ក្រុមមេដឹកនាំជំនួញ ឬ CEO នោះទេ ប៉ុន្តែ ថ្មីៗនេះ ខ្ញុំបានអានអំពីគំនិតមួយចំនួនដែលបង្ហាញអំពី “ការសង្កេតទៅលើអតិថិជន” របស់លោក Jeff Bezos។ យើងខ្ញុំក៏ដូច្នេះដែរ គឺតែងតែផ្ដោតទៅលើខ្លឹមសារ រួមទាំងអ្នកគាំទ្រ”។

    កន្លងមក កំពូលមហាសេដ្ឋី Jeff Bezos ធ្លាប់បានឱ្យដឹងថា មូលហេតុដែលនាំឱ្យក្រុមហ៊ុន Amazon ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ដូចបច្ចុប្បន្ន គឺដោយសារពួកគេតែងតែ “សង្កេតទៅលើអតិថិជន”។

    គោលការណ៍ដ៏សំខាន់មួយរបស់ Amazon នោះគឺ ការដឹកនាំត្រូវតែយកអតិថិជនជាចំណុចចាប់ផ្ដើម ដើម្បីស្វែងរកការងារដែលត្រូវធ្វើ។ ពួកគេធ្វើការយ៉ាងពេញចិត្ត និងអស់ពីកម្លាំងកាយចិត្ត ដើម្បីបានទៅដល់គោលដៅ និងអាចរក្សាទំនុកចិត្តរបស់អតិថិជន។

    លោក Bezos បាននិយាយនៅក្នុងព្រឹត្តិការណ៍មួយកាលពីឆ្នាំ2018 ថា៖ “នឹងជាការដែលមានប្រៀបយ៉ាងធំធេងសម្រាប់ក្រុមហ៊ុនណាដែលអាចផ្ដោតទៅលើអតិថិជន ច្រើនជាងការផ្ដោតទៅលើគូប្រជែង”។

    នៅក្នុងករណីរបស់លោក Bang “អតិថិជន” គឺជាអ្នកគាំទ្រដ៏ខ្លាំងក្លារបស់ BTS ដែលត្រូវបានគេស្គាល់ថាជា fandom (ក្រុមអ្នកគាំទ្រ) នោះគឺ “ARMY”។

    “Fandom K-pop មាន “ទឹកមាត់ប្រៃខ្លាំងណាស់”។ ពួកគេនឹងបញ្ចេញយោបល់របស់ខ្លួន សូម្បីតែនៅពេលអ្នកមិនបានប្រឹងប្រែងដើម្បីធ្វើតាមអ្វីដែលពួកគេចង់បាន។ យើងនឹងមិនអាចធ្វើកិច្ចការរបស់ខ្លួនបានល្អ បើសិនជាមិនចំណាយពេលស្ដាប់យោបល់របស់អ្នកគាំទ្រនោះទេ” លោក Bang បានថ្លែងបែបនេះជាមួយសារព័ត៌មាន Time កាលពីឆ្នាំទៅ។

    លោក Bang បន្តថា៖ អ្នកគាំទ្រ K-pop ចង់មានភាពស្និទ្ធស្នាលជាមួយនឹង Idol របស់ពួកគេ។ ដូច្នេះ ការធ្វើការជាមួយ fandom របស់ BTS គឺជាសេវាកម្មដ៏ធំបំផុតមួយដែល Big Hit ផ្ដល់ជូន”។

    ក្រុមហ៊ុន Big Hit Entertainment បានអភីវឌ្ឍថ្នាលទំនាក់ទំនងបែបបច្ចេកវិទ្យាមួយដែលមានឈ្មោះថា Weberse ដែលបង្កើតឡើងសម្រាប់តែអ្នកគាំទ្ររបស់ K-pop និង BTS ដែលនេះបាននិងកំពុងជួយឱ្យពួកគេតភ្ជាប់ទំនាក់ទំនង និងទិញដូរទំនិញពីគ្រប់ទីកន្លែងក្នុងពិភពលោក។

    អ្នកនៅពីក្រោយក្រុមចម្រៀង BTS ទទួលបានជោគជ័យក៏ដោយសារយកគំរូតាម Jeff Bezos
    ក្រុម​ចម្រៀង​ BTS

    Big Hit Entertainment បានបង្ហើបប្រាប់ Billboard ថា ពួកគេរកបាន 587.2ពាន់លានវ៉ុន (ប្រហែល507.9លានដុល្លារអាមេរិក)កាលពីឆ្នាំ2019។ ដោយឡែក BTS បានរួមចំណែកជាង87% នៃប្រាក់ចំណូលសរុបរបស់ Big Hit Entertainment នៅក្នុងពាក់កណ្ដលដើមឆ្នាំ2020នេះ និងជាង97% នៅក្នុងពាក់កណ្ដាលដើមឆ្នាំ2019។

    ជាក់ស្ដែង បច្ចុប្បន្នមានក្រុមអ្នកគាំទ្រជាច្រើនរបស់ BTS កំពុងតែនាំគ្នាសម្រុកចុះឈ្មោះទិញមូលបត្ររបស់ Big Hit Entertainment ដើម្បីគាំទ្រដល់ Idol របស់ពួកគេ។ តាមផែនការ ក្រុមហ៊ុន Big Hit Entertainment នឹងឡើងផ្សារហ៊ុន (ធ្វើ IPO) នាខែតុលាខាងមុខ៕

    ប្រភព៖ CNBC

  • ភ្ញាក់ផ្អើល !! ក្រុមចម្រៀង BTS ធ្វើឱ្យកក្រើកឆាកកម្មវិធី America’s Got Talent

    ភ្ញាក់ផ្អើល !! ក្រុមចម្រៀង BTS ធ្វើឱ្យកក្រើកឆាកកម្មវិធី America’s Got Talent

    តាមរយៈសារព័ត៌មាន Koreaboo នៅពេលថ្មីៗនេះ បានឱ្យដឹងថា ក្រុមចម្រៀងបុរសសង្ហារបស់កូរ៉េដែលកំពុងតែកាន់កាប់តំណែងជាក្រុមចម្រៀងកូរ៉េដែលមានប្រជាប្រិយភាពបំផុតនៅទឹកដីសហរដ្ឋអាមេរិក និងពិភពលោកមួយហើយ ក្រុមនេះបានធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួន ក៏ដូចជាអ្នកគាំទ្រកម្មវិធី America’s Got Talent មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីពួកគេបានបង្ហាញវត្តមាននៅលើឆាកកម្មវិធីប្រកួតប្រជែងសមត្ថភាពដ៏ល្បីមួយរបស់អាមេរិក ជាមួយនឹងការច្រៀងផង រាំផង ឡើងផ្អើលឆាកតែម្ដង ។

    វត្តមានរបស់ពួកគេបានធ្វើឱ្យប្រិយមិត្តដែលបានទៅទស្សនាកម្មវិធី AGT ជាពិសេសប្រិយមិត្តនារីៗដែលជាអ្នកគាំទ្រ BTS មានក្ដីរំភើបជាខ្លាំង រហូតដល់មានអ្នកខ្លះរំភើបស្ទើរតែស្រក់ទឹកភ្នែកទៀតផង ។សម្រាប់ការសម្ដែងនៅពេលនោះ BTS បានលើកយកបទចម្រៀងមួយបទដែលមានចំណងជើងថា «Idol» ដែលជាបទល្បីមួយរបស់ពួកគេ ហើយការសម្ដែងពេលនោះពិតជាអស្ចារ្យខ្លាំងណាស់ ពួកគេរាំផង ច្រៀងផង ធ្វើឱ្យឆាកកម្មវិធីទាំងមូលកក្រើក ស្រែកហូរកញ្ជ្រៀវយ៉ាងខ្លាំង ក្នុងនោះការចូលរួមរាំពីសំណាក់ក្រុមរាំចម្រុះជាតិសាស្ត្រដ៏ច្រើន នៅពីក្រោយខ្នងពួកគេ ហើយបានធ្វើឱ្យការសម្ដែងនោះក្លាយជាការសម្ដែងដ៏អស្ចារ្យមួយដែលគ្រប់គ្នាកម្របានឃើញ ។

    គួរបញ្ជាក់ផងដែរថា Judges មួយរូបនៃកម្មវិធី America’s Got Talent គឺអ្នកនាង Heidi Klum ក៏រំភើបជាមួយនឹងវត្តមានរបស់ BTS នេះដែរ ដោយនាងបានបង្ហោះនូវវីដេអូមួយនៅលើគណនី Twitter ដែលអ្នកនាងបានថតជាមួយនឹង BTS មុនកម្មវិធី America’s Got Talent ចាប់ផ្ដើម ៕

    https://youtu.be/9XZmUvIgCLc

  • ពណ៌សក់របស់ក្រុមចម្រៀងប្រុស BTS ធ្វើឱ្យកក្រើកកម្មវិធី American Music Awards

    ពណ៌សក់របស់ក្រុមចម្រៀងប្រុស BTS ធ្វើឱ្យកក្រើកកម្មវិធី American Music Awards

    នៅព្រឹកថ្ងៃទី20 ខែវិច្ឆិកា ឆ្នាំ2017 នេះ តាមរយៈសារព័ត៌មាន Daily Mail បានចេញផ្សាយឱ្យដឹងថា ក្រុមតារាចម្រៀងប្រុសដ៏ល្បីរបស់ប្រទេសកូរ៉េខាងត្បូង BTS ត្រូវបានអញ្ជើញចូលរួមជាកិត្តិយសនៅក្នុងកម្មវិធី AMAs (American Music Awards) ដែលខណៈពេលបង្ហាញវត្តមានរបស់ពួកគេនៅក្នុងពិភពសិល្បៈហូលីវូដនោះ ពួកគេបានធ្វើឱ្យកម្មវិធីទាំងមូលមានភាពភ្ញាក់ផ្អើល និងកក្រើកជាខ្លាំងចំពោះការរចនាម៉ូដសម្លៀកបំពាក់ និងពណ៌សក់ចម្រុះគ្នាតែម្ដង។

    ក្រុមតារាចម្រៀងប្រុសខាងលើនេះបានធ្វើឱ្យការចូលរួមជាលើកដំបូងរបស់ពួកគេ ក្លាយជាទំព័រប្រវត្តិសាស្ត្រថ្មីនៅលើទឹកដីសហរដ្ឋអាមេរិក ព្រមទាំងបានសម្ដែងនូវបទចម្រៀងល្បីរបស់ពួកគេគឺបទ DNA។ បើតាមរយៈទស្សនាវដ្តី Vogue ក៏បានឱ្យដឹងផងដែរថា ឈុតសម្លៀកបំពាក់ដែលក្រុមចម្រៀងប្រុសមួយនេះបានលើកយកមកបង្ហាញនៅក្នុងកម្មវិធីខាងលើនោះ ត្រូវបានរចនាម៉ូដដោយលោក Anthony Vaccarello ដែលជាអ្នកជំនាញរចនាម៉ូដសម្លៀកបំពាក់ឈុតខ្មៅ បែបរ៉ុក ប្រចាំប្រ៊េនដ៍ល្បី Saint Laurent។

    សូមជម្រាបបន្ថែមថា ក្រុមចម្រៀង BTS បានចូលប្រឡូកនៅក្នុងសិល្បៈចម្រៀង​ Kpop នៅអំឡុងឆ្នាំ2013 ហើយទទួលបានប្រជាប្រិយភាព និងភាពជោគជ័យជាខ្លាំងរហូតមកដល់បច្ចុប្បន្ននេះផងដែរ៕