Tag: billionaire

  • ម្ចាស់​ Facebook មាន​ទ្រព្យ​ច្រើន​ជាង​ម្ចាស់​ Tesla ជា​លើក​ដំបូង​ រាប់​ពី​ឆ្នាំ 2020

    ម្ចាស់​ Facebook មាន​ទ្រព្យ​ច្រើន​ជាង​ម្ចាស់​ Tesla ជា​លើក​ដំបូង​ រាប់​ពី​ឆ្នាំ 2020

    ជា​លើក​ដំបូង​ រាប់​ចាប់​តាំង​ពី​ឆ្នាំ 2020 Mark Zuckerberg បាន​ឈរ​ពី​លើ​ Elon Musk ដោយ​បាន​ក្លាយ​ជា​អ្នក​មាន​ជាង​គេ​លំដាប់​ទី​បី​លើ​ពិភពលោក​ នៅ​ក្នុង​បញ្ជី​ចំណាត់​ថ្នាក់​របស់ Bloomberg Billionaires Index​។

    ស្ថាបនិក Facebook បច្ចុប្បន្ន​មាន​ទ្រព្យ​សកម្ម​សរុប​ 186.9 ពាន់​លាន​ដុល្លារ​អាម៉េរិក ខ្ពស់​ជាង​ 6.3 ពាន់​លាន​ដុល្លារ​ បើ​ធៀប​នឹង​ទ្រព្យ​របស់​ Elon Musk។ ចាប់​ពី​ដើម​ឆ្នាំ​មក​ដល់​បច្ចុប្បន្ន ទ្រព្យ​របស់​លោក​ Musk បាន​ថយ​ចុះ​អស់ 48.4 ពាន់​លាន​ដុល្លារ​ ខណៈ​ដែល​ទ្រព្យ​របស់ Zuckerberg កើន​ឡើងបន្ថែម​​ 58.9 ពាន់​លាន​ដុល្លារ​ ដោយ​សារ​តែ​ភាគ​ហ៊ុន​ Meta កើន​ឡើង​ជា​បន្ត​បន្ទាប់​។

    Elon Musk ធ្លាប់​កាន់​កាប់​ចំណាត់​ថ្នាក់​អ្នក​មាន​ជាង​គេ​លើ​ពិភពលោក​នៅ​កាល​ពី​ខែ​វិច្ឆិកា 2021 នៅ​ពេល​ទ្រព្យ​របស់​លោក​បាន​កើន​ឡើង​ដល់ 215 ពាន់​លាន​ដុល្លារ​។ ក៏ប៉ុន្តែ ភាគ​ហ៊ុន​រថយន្ត​អគ្គិសនី​ Tesla បាន​ថម​ថយ​ឥទ្ធិពល ដោយ​សារ​តែ​បណ្ដា​បច្ចេក​វិទ្យា​ឌីជីថល់ ពិសេស​គឺ​បញ្ញា​សិប្បនិម្មិត​ (AI)។

    គិត​ចាប់​ពី​ដើម​ឆ្នាំ​ 2024 មក​ទល់​នឹង​ថ្ងៃទី 5 មេសា 2024 ភាគ​ហ៊ុន​ Tesla បាន​ថយ​ចុះ​អស់​ជាង 33%​។ ផ្ទុយ​ទៅ​វិញ ភាគ​ហ៊ុន​ Meta ដែល​ជា​ក្រុម​ហ៊ុន​មេ​របស់ Facebook បាន​កើន​ឡើង​ជាង​ 52%​ នៅ​ក្នុង​ឆ្នាំ​នេះ​ ដោយ​សារ​តែ​ប្រាក់​ចំណូល​ប្រចាំ​ត្រី​មាស​កើន​ឡើង​ និង​វិនិយោគិន​សប្បាយ​ចិត្ត​ជា​មួយ​នឹង​គំនិត​ផ្ដួត​ផ្ដើម​ស្ដី​ពី​ AI របស់​ Meta។

  • ស្ត្រីដំបូងគេ​លើ​ពិភពលោក​​ដែល​មាន​ទ្រព្យ 100 ពាន់​លាន​ដុល្លារ​អាម៉េរិក

    ស្ត្រីដំបូងគេ​លើ​ពិភពលោក​​ដែល​មាន​ទ្រព្យ 100 ពាន់​លាន​ដុល្លារ​អាម៉េរិក

    Francoise Bettencourt Meyers ដែល​ជា​ស្ត្រី​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ​លើ​ពិភពលោក ទើប​តែ​បាន​ក្លាយ​ជា​ស្ត្រី​ដំបូងគេ​បង្អស់​​ដែល​មាន​ទ្រព្យ​ 100 ពាន់​លាន​ដុល្លារ​អាម៉េរិក​។

    យោង​តាម​បញ្ជី​ចំណាត់ថ្នាក់​មហា​សេដ្ឋី Bloomberg Billionaire’s Index គិត​ត្រឹម​ថ្ងៃទី 28 ធ្នូ 2023 អ្នក​ស្រី Francoise Bettencourt Meyers ដែល​ជា​អ្នក​ស្នង​មរតក​ក្រុម​ហ៊ុន L’Oreal បាន​ក្លាយ​ជា​មហា​សេដ្ឋិនី​ដំបូង​គេ​លើ​ពិភពលោក ដែល​មាន​ទ្រព្យ​ 100 ពាន់​លាន​ដុល្លារ​អាម៉េរិក​។

    បច្ចុប្បន្ន អ្នក​ស្រី​គឺជា​អ្នក​មាន​ជាង​គេ​លំដាប់​ទី 12 លើ​ពិភពលោក​ និង​នៅ​ពីលើ​មហា​សេដ្ឋី​ឥណ្ឌា លោក Mukesh Ambani​ ទៀត​ផង។ ចាប់​ពី​ដើម​ឆ្នាំ​ ទ្រព្យ​សម្បត្តិ​របស់​អ្នក​ស្រី​បាន​កើន​បន្ថែម 28.6 ពាន់​លាន​ដុល្លារ​ ដោយ​សារ​តែ​ភាគ​ហ៊ុន​ L’Oreal កើន​ឡើង 35%​។

    ចំណែក​បញ្ជី​ចំណាត់​ថ្នាក់​មហា​សេដ្ឋី​របស់ Forbes ក៏​បាន​ឱ្យ​ដឹង​ថា ទ្រព្យ​សម្បត្តិ​របស់​អ្នក​ស្រី Bettencourt Meyers កើន​ជិត​ដល់ 100 ពាន់​លាន​ដុល្លារ​ ពោល​គឺ​ 99.6 ពាន់​លាន​ដុល្លារ​អាម៉េរិក​។

    L’Oreal Group គឺជា​ក្រុម​ហ៊ុន​ផលិត​គ្រឿង​សម្អាង​ធំបំផុត​លើ​ពិភពលោក ដោយ​មាន​យីហោ​ជា​ច្រើន មាន​ដូច​ជា Lancome និង Maybelline ជា​ដើម​។ កាល​ពី​ឆ្នាំ 2022 ក្រុម​ហ៊ុន​នេះ​រក​បាន​ប្រាក់​ចំណូល​​ជាង 38 ពាន់​លាន​អឺរ៉ូ ដែល​ស្មើ​នឹង 42 ពាន់​លាន​ដុល្លារ​អាម៉េរិក​៕

  • ក្រុម​មហាសេដ្ឋី​ដែល​​ពូកែ​រកប្រាក់​ជាងគេ​លើ​ពិភពលោក ក្នុង​ 6 ខែ​ដើម​ឆ្នាំ​ 2023

    ក្រុម​មហាសេដ្ឋី​ដែល​​ពូកែ​រកប្រាក់​ជាងគេ​លើ​ពិភពលោក ក្នុង​ 6 ខែ​ដើម​ឆ្នាំ​ 2023

    នៅ​ពាក់កណ្ដាល​ដើមឆ្នាំ​នេះ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​អាម៉េរិក Tesla លោក Elon Musk ​រក​បាន​ 96.6 ពាន់​លាន​ដុល្លារ​អាម៉េរិក ខណៈដែល​ម្ចាស់​ក្រុមហ៊ុន Meta លោក Mark Zuckerberg រកបាន 59 ពាន់​លាន​ដុល្លារ។

    នៅក្នុង​រយៈពេល 6 ខែ​ដើមឆ្នាំ 2023 មនុស្ស​ចំនួន 500 នាក់​ដែលមាន​ទ្រព្យ​ច្រើនជាងគេ​លើ​ពិភពលោក រកបាន​ប្រាក់​សរុប 852 ពាន់​លាន​ដុល្លារ។ បើ​គិត​ជា​មធ្យមភាគ មនុស្ស​ម្នាក់​រកបាន 14 លាន​ដុល្លារ​អាម៉េរិក/ថ្ងៃ។ នេះ​គឺជា​កំណើន​​ពាក់​កណ្ដាល​​ឆ្នាំ​ល្អ​បំផុត​របស់​ពួកគេ រាប់​ចាប់ពី​ចុងឆ្នាំ 2020 ជា​ពេលដែល​សេដ្ឋកិច្ច​ចាប់ផ្ដើម​ងើប​ឡើងវិញ​ក្រោយ​សម័យ​កូ​វីដ។ នេះ​បើតាម​ទិន្នន័យ​របស់ Bloomberg Billionaires Index។

    បណ្ដា​មហាសេដ្ឋីប្រាំ​រូប​​ដែលមាន​ទ្រព្យ​កើនឡើង​រហ័ស​ជាងគេ​លើ​ពិភពលោកនៅ​ 6 ខែ​ដើម​ឆ្នាំ​នេះ​ រួមមាន Elon Musk (96.6 ពាន់​លាន​ដុល្លារ), Mark Zuckerberg (58.9 ពាន់​លាន​ដុល្លារ), Jeff Bezos (47.4 ពាន់​លាន​ដុល្លារ), Larry Ellison (40.8 ពាន់​លាន​ដុល្លារ) និង Bernard Arnault (38.2 ពាន់​លាន​ដុល្លារ)។

    មូលហេតុ​ចម្បង​ដែល​បាន​ជួយ​ឱ្យ​ក្រុម​មហាសេដ្ឋី​ខាងលើ​រកបាន​ប្រាក់​ច្រើន និង​រហ័ស​ជាងគេ គឺ​មកពីផ្សារ​ហ៊ុន​ងើបឡើងវិញ នៅពេល​អ្នកវិនិយោគ​លែង​ខ្វល់​អំពី​ផលប៉ះពាល់​ពី​ការដំឡើង​ការប្រាក់​របស់​បណ្ដា​ធនាគារជាតិ ក៏ដូចជា​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន និង​វិបត្តិ​ធនាគារ​នៅ​សហរដ្ឋ​អាម៉េរិក៕

  • មហាសេដ្ឋី7រូបដែលមានទ្រព្យច្រើនជាងមុនជាងពាក់កណ្ដាលនៅក្នុងសម័យCOVID-19

    មហាសេដ្ឋី7រូបដែលមានទ្រព្យច្រើនជាងមុនជាងពាក់កណ្ដាលនៅក្នុងសម័យCOVID-19

    CEO របស់ Tesla លោក Elon Musk រកបានជាង13ពាន់លានដុល្លារបន្ថែមទៀតរាប់ចាប់ពីពាក់កណ្ដាលខែមីនា2020 ខណៈដែលស្ថាបនិករបស់ Facebook លោក Mark Zuckerberg រកចំណូលបានជិត​29​ពាន់​លាន​ដុល្លារ។

    COVID-19 បានបណ្ដាលឱ្យមហាសេដ្ឋីជាច្រើនបាត់បង់ទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកនៅពេលផ្សារហ៊ុនអាមេរិកដាំក្បាលចុះកាលពីខែមីនាកន្លងទៅ ប៉ុន្តែល្បឿននៃការងើបឡើងវិញនៃផ្សារហ៊ុនបានជួយឱ្យអ្នកមានជាច្រើនស្រង់ដើមទុនបានមកវិញ ហើយក៏មានអ្នកជំនួញខ្លះថែមទាំងចំណេញយ៉ាងច្រើនផងដែរ។

    ដោយប្រើប្រាស់ទិន្នន័យតាមពេលវេលាជាក់ស្ដែងរបស់ Forbes ក្រុមហ៊ុន GoBankingRates បានរកឃើញថា មហាសេដ្ឋី7រូបដែលស្ថិតក្នុងចំណោមអ្នកមានជាងគេទាំង50នាក់របស់ពិភពលោក មានទ្រព្យច្រើនជាងមុនជាងពាក់កណ្ដាលក្នុងដំណាក់កាលចាប់ពីថ្ងៃទី18មីនា ដល់ថ្ងៃទី4មិថុនា2020។ ថ្ងៃទី18 ខែមីនា គឺជារយៈពេលមួយសប្ដាហ៍បន្ទាប់ពី COVID-19 ត្រូវបានប្រកាសថាជារោគរាតត្បាតទូទាំងពិភពលោក ហើយ2ថ្ងៃក្រោយមក សន្ទស្សន៍ DJIA (Dow Jones Industrial Average) ត្រូវបានកត់សម្គាល់ឃើញថាជាថ្ងៃជួញដូរមូលបត្រមួយក្នុងចំណោមថ្ងៃជួញដូរដែលអាក្រក់ជាទីបំផុតក្នុងប្រវត្តិសាស្ត្រ។ ចំណែកថ្ងៃទី4មិថុនាវិញគឺជាថ្ងៃដែលរដ្ឋនានានៅសហរដ្ឋអាមេរិកចាប់ផ្ដើមដកបម្រាមគោចរ។

    CEO របស់ក្រុមហ៊ុន Tesla និង SpaceX គឺលោក Elon Musk បានជាប់ឈ្មោះនៅក្នុងបញ្ជីនៃក្រុមមនុស្សដែលរកបានប្រាក់ចំណូលច្រើនជាងពាក់កណ្ដាលនៃទ្រព្យសរុបរបស់ខ្លួននៅក្នុងដំណាក់ចាប់ពីថ្ងៃទី18មីនា ដល់ថ្ងៃ​ទី​4មិថុនា2020។ ទ្រព្យរបស់លោក Elon Musk បានកើន55% ដែលជួយឱ្យលោកមានទ្រព្យជាង​38​ពាន់​លានដុល្លារ។ ប្រការនេះបានកើតឡើងដោយសារតម្លៃមូលបត្ររបស់ក្រុមហ៊ុន Tesla ឡើងថ្លៃខ្ពស់។ បច្ចុប្បន្ន លោក Elon Musk កាន់កាប់មូលបត្រជិត39លានហ៊ុននៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី ហើយលោកក៏ទើបតែទទួលបានប្រាក់រង្វាន់ដែលមានតម្លៃជាង700លានដុល្លារកាលពីខែឧសភាផងដែរ។

    មហាសេដ្ឋីម្នាក់ផ្សេងទៀតដែលទទួលបានចំណេញច្រើនកប់ក្ដោងដែរនោះគឺម្ចាស់ Facebook លោក Mark Zuckerberg។ គិតត្រឹមដើមខែមិថុនានេះ លោក Zuckerberg មានទ្រព្យជាង83ពាន់លានដុល្លារ កើនជិត29ពាន់លានដុល្លារបើធៀបនឹងថ្ងៃទី18មីនា2020។ បច្ចុប្បន្ន ស្ថាបនិករបស់ Facebook មានភាគហ៊ុនប្រមាណជា400លានហ៊ុននៅក្នុងក្រុមហ៊ុន Facebook។

    ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋី7រូបដែលមានទ្រព្យកើនឡើងជាង50%នៅក្នុងសម័យ COVID-19៖

    1. លោក Dieter Schwarz ម្ចាស់ក្រុមហ៊ុន Schwarz Group (អាល្លឺម៉ង់)

    លោក Dieter Schwarz

    >ទ្រព្យសម្បត្តិនាថ្ងៃទី18/3/2020 ៖ 19.8ពាន់លានដុល្លារអាមេរិក
    >ទ្រព្យសម្បត្តិនាថ្ងៃទី4/6/2020 ៖ 33.1ពាន់លានដុល្លារ
    >កំណើននៃទ្រព្យ ៖ 67%
    >ខ្ទង់ប្រាក់ដែលត្រូវបានបង់ជាវិភាគទានទាក់ទិននឹងCOVID-19 ៖ មិនទាន់មានរបាយការណ៍
    >ទ្រព្យសម្បត្តិគិតត្រឹមថ្ងៃទី16/6/2020 ៖ 30.8ពាន់លានដុល្លារ

    2. Mukesh Ambani – ប្រធានក្រុមហ៊ុន Reliance Industries (ឥណ្ឌា)

    លោក Mukesh Ambani

    >ទ្រព្យសម្បត្តិនាថ្ងៃទី18/3/2020 ៖ 36.8ពាន់លានដុល្លារអាមេរិក
    >ទ្រព្យសម្បត្តិនាថ្ងៃទី4/6/2020 ៖ 58ពាន់លានដុល្លារ
    >កំណើននៃទ្រព្យ៖ 57.6%
    >ខ្ទង់ប្រាក់ដែលត្រូវបានបង់ជាវិភាគទានទាក់ទិននឹងCOVID-19 ៖ 68.3លានដុល្លារ
    >ទ្រព្យសម្បត្តិគិតត្រឹមថ្ងៃទី16/6/2020 ៖ 59.4ពាន់លានដុល្លារ

    3. លោក Elon Musk – CEO របស់ក្រុមហ៊ុនTelsa/SpaceX/The Boring Company (អាមេរិក)

    CEO របស់ Tesla លោក Elon Musk

    >ទ្រព្យសម្បត្តិនាថ្ងៃទី18/3/2020 ៖ 24.6ពាន់លានដុល្លារអាមេរិក
    >ទ្រព្យសម្បត្តិនាថ្ងៃទី4/6/2020 ៖ 38.2ពាន់លានដុល្លារ
    >កំណើននៃទ្រព្យ៖ 55%
    >ខ្ទង់ប្រាក់ដែលត្រូវបានបង់ជាវិភាគទានទាក់ទិននឹងCOVID-19 ៖ មិនទាន់មានទិន្នន័យ
    >ទ្រព្យសម្បត្តិគិតត្រឹមថ្ងៃទី16/6/2020 ៖ 42ពាន់លានដុល្លារ

    4. លោក Alain Wertheimer – ម្ចាស់ក្រុមហ៊ុន Chanel (បារាំង)

    លោក Alain Wertheimer

    >ទ្រព្យសម្បត្តិនាថ្ងៃទី18/3/2020 ៖ 17.1ពាន់លានដុល្លារអាមេរិក
    >ទ្រព្យសម្បត្តិនាថ្ងៃទី4/6/2020 ៖ 26.3ពាន់លានដុល្លារ
    >កំណើននៃទ្រព្យ៖ 53.8%
    >ខ្ទង់ប្រាក់ដែលត្រូវបានបង់ជាវិភាគទានទាក់ទិននឹងCOVID-19 ៖ មិនទាន់មានទិន្នន័យ
    >ទ្រព្យសម្បត្តិគិតត្រឹមថ្ងៃទី16/6/2020 ៖ 24.7ពាន់លានដុល្លារ

    5. លោក Gerard Wertheimer – ម្ចាស់ក្រុមហ៊ុន Chanel (បារាំង)

    លោក Gerard Wertheimer

    >ទ្រព្យសម្បត្តិនាថ្ងៃទី18/3/2020 ៖ 17.1ពាន់លានដុល្លារអាមេរិក
    >ទ្រព្យសម្បត្តិនាថ្ងៃទី4/6/2020 ៖ 26.3ពាន់លានដុល្លារ
    >កំណើននៃទ្រព្យ៖ 53.8%
    >ខ្ទង់ប្រាក់ដែលត្រូវបានបង់ជាវិភាគទានទាក់ទិននឹងCOVID-19 ៖ មិនទាន់មានទិន្នន័យ
    >ទ្រព្យសម្បត្តិគិតត្រឹមថ្ងៃទី16/6/2020 ៖ 24.7ពាន់លានដុល្លារ

    6. លោក Mark Zuckerberg – CEO របស់Facebook (អាមេរិក)

    Mark Zuckerberg និងភរិយា Prisilla Chan

    >ទ្រព្យសម្បត្តិនាថ្ងៃទី18/3/2020 ៖ 54.7ពាន់លានដុល្លារអាមេរិក
    >ទ្រព្យសម្បត្តិនាថ្ងៃទី4/6/2020 ៖ 83.4ពាន់លានដុល្លារ
    >កំណើននៃទ្រព្យ៖ 52.47%
    >ខ្ទង់ប្រាក់ដែលត្រូវបានបង់ជាវិភាគទានទាក់ទិននឹងCOVID-19 ៖ ជាង150លានដុល្លារ
    >ទ្រព្យសម្បត្តិគិតត្រឹមថ្ងៃទី16/6/2020 ៖ 87.4ពាន់លានដុល្លារ

    7. លោក Tadashi Yanai – ម្ចាស់ក្រុមហ៊ុន Fast Retailing (ជប៉ុន)

    មហាសេដ្ឋី7រូបដែលមានទ្រព្យច្រើនជាងមុនជាងពាក់កណ្ដាលនៅក្នុងសម័យCOVID-19
    លោក Tadashi Yanai ស្ថាបនិក និងជា CEO របស់ក្រុមហ៊ុន Fast Retailing

    >ទ្រព្យសម្បត្តិនាថ្ងៃទី18/3/2020 ៖ 19.7ពាន់លានដុល្លារអាមេរិក
    >ទ្រព្យសម្បត្តិនាថ្ងៃទី4/6/2020 ៖ 29.6ពាន់លានដុល្លារ
    >កំណើននៃទ្រព្យ៖ 50.2%
    >ខ្ទង់ប្រាក់ដែលត្រូវបានបង់ជាវិភាគទានទាក់ទិននឹងCOVID-19 ៖ មិនទាន់មានទិន្នន័យ
    >ទ្រព្យសម្បត្តិគិតត្រឹមថ្ងៃទី16/6/2020 ៖ 29.7ពាន់លានដុល្លារ

    ប្រភព​៖ CNBC