Tag: Bill Gates

  • Top 10 អ្នក​មាន​ជាង​គេ​លើ​ពិភពលោក​ក្នុង​ឆ្នាំ 2024

    Top 10 អ្នក​មាន​ជាង​គេ​លើ​ពិភពលោក​ក្នុង​ឆ្នាំ 2024

    Mark Zuckerberg ដែល​ជា​ម្ចាស់​ Meta Platforms បាន​វិល​មក​កាន់​ top 10 នៃ​ក្រុម​មនុស្ស​ដែល​មាន​ទ្រព្យ​ច្រើន​ជាង​គេ​លើពិភពលោក ទន្ទឹម​នឹង​បណ្ដា​ឈ្មោះ​ដែល​គេ​ស្គាល់​ច្រើន​ មាន​ដូច​ជា Bernard Arnault និង Elon Musk ជា​ដើម​ បន្ទាប់​ពី​បាត់​មុខ​អស់​ 3 ឆ្នាំ​។

    ទីមួយ​៖ Barnard Arnault

    ទ្រព្យ​៖ 233 ពាន់​លាន​ដុល្លារ​អាម៉េរិក​
    ប្រភព​ទ្រព្យ​៖ LVMH
    សញ្ជាតិ​៖ បារាំង

    ទីពីរ​៖ Elon Musk

    ទ្រព្យ​៖ 195 ពាន់​លាន​ដុល្លារ​អាម៉េរិក​
    ប្រភព​ទ្រព្យ​៖ Tesla, SpaceX
    សញ្ជាតិ​៖ អាម៉េរិក

    ទីបី​៖ Jeff Bezos

    ទ្រព្យ​៖ 194 ពាន់​លាន​ដុល្លារ​អាម៉េរិក​
    ប្រភព​ទ្រព្យ​៖ Amazon
    សញ្ជាតិ​៖ អាម៉េរិក

    ទីបួន​៖ Mark Zuckerberg

    ទ្រព្យ​៖ 177 ពាន់​លាន​ដុល្លារ​អាម៉េរិក​
    ប្រភព​ទ្រព្យ​៖ Facebook
    សញ្ជាតិ​៖ អាម៉េរិក

    ទី​ប្រាំ៖ Larry Ellison

    ទ្រព្យ​៖ 141 ពាន់​លាន​ដុល្លារ​អាម៉េរិក​
    ប្រភព​ទ្រព្យ​៖ Oracle
    សញ្ជាតិ​៖ អាម៉េរិក

    ទីប្រាំមួយ​៖ Warren Buffett

    ទ្រព្យ​៖ 133 ពាន់​លាន​ដុល្លារ​អាម៉េរិក​
    ប្រភព​ទ្រព្យ​៖ Berkshire Hathaway
    សញ្ជាតិ​៖ អាម៉េរិក

    ទី​ប្រាំពីរ៖ Bill Gates

    ទ្រព្យ​៖ 128 ពាន់​លាន​ដុល្លារ​អាម៉េរិក​
    ប្រភព​ទ្រព្យ​៖ Microsoft
    សញ្ជាតិ​៖ អាម៉េរិក

    ទីប្រាំបី​៖ Steve Ballmer  

    ទ្រព្យ​៖ 121 ពាន់​លាន​ដុល្លារ​អាម៉េរិក​
    ប្រភព​ទ្រព្យ​៖ Microsoft
    សញ្ជាតិ​៖ អាម៉េរិក

    ទី​ប្រាំបួន៖ Mukesh Ambani

     

    ទ្រព្យ​៖ 116 ពាន់​លាន​ដុល្លារ​អាម៉េរិក​
    ប្រភព​ទ្រព្យ​៖ ពហុ​ជំនួញ
    សញ្ជាតិ​៖ ឥណ្ឌា

    ទីដប់​៖ Larry Page

    ទ្រព្យ​៖ 114 ពាន់​លាន​ដុល្លារ​អាម៉េរិក​
    ប្រភព​ទ្រព្យ​៖ Google
    សញ្ជាតិ​៖ អាម៉េរិក

  • ​មហាសេដ្ឋី Bill Gates មាន​មិត្ត​ស្រី​ថ្មី! តើ​ស្ត្រី​រូប​នេះ​ជា​អ្នកណា?

    ​មហាសេដ្ឋី Bill Gates មាន​មិត្ត​ស្រី​ថ្មី! តើ​ស្ត្រី​រូប​នេះ​ជា​អ្នកណា?

    Paula Hurd ដែលជា​ស្ត្រី​ម្នាក់​កំពុងមាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​មហាសេដ្ឋី​អាម៉េរិក Bill Gates គឺជា​ស្ត្រី​មេម៉ាយ និង​ជា​ភរិយា​របស់​សព​អតីត CEO របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា Oracle ហើយ​ធ្លាប់​ធ្វើជា​អ្នកគ្រប់គ្រង​ជាន់ខ្ពស់​នៅក្នុង​ក្រុមហ៊ុន​សប​វ៉ែ​រ។

    កាលពី​ចុង​សប្ដាហ៍​កន្លង Paula Hurd អាយុ 60 ឆ្នាំ បាន​បង្ក​ការភ្ញាក់ផ្អើល នៅពេល​រួម​ដំណើរ​ជាមួយ​លោក Bill Gates អាយុ 67 ឆ្នាំ ទៅ​ជួបកូនៗរបស់​សហ​ស្ថាបនិក Microsoft ក្នុង​ភោជនីយដ្ឋាន​មួយ​នៅ New York។ អ្នកស្រី Paula ពាក់ចិញ្ចៀន​លើ​ម្រាមដៃ​នាង ធ្វើឱ្យមាន​ការសន្និដ្ឋាន​ថា អ្នកស្រី​បាន​ភ្ជាប់ពាក្យ​ជាមួយ​មហាសេដ្ឋី Bill Gates។ ក៏ប៉ុន្តែ តំណាង​របស់​អ្នកស្រី​និយាយថា អ្នកស្រី​បាន​ពាក់ចិញ្ចៀន​នេះ​តាំងពី​រាប់សិប​ឆ្នាំមុន​មកម្ល៉េះ ហើយ​វា​មិន​តំណាងឱ្យ​ការភ្ជាប់​ពាក្យ។

    លោក Bill Gates និង​អ្នកស្រី Melinda French Gates បាន​លែងលះគ្នា​កាលពី​ពាក់កណ្ដាល​ឆ្នាំ 2021 ក្រោយពី​បានរស់នៅ​ជាមួយគ្នា​អស់ 27 ឆ្នាំ។

    តាំងពី​ឆ្នាំ 2022 លោក Bill Gates និង​អ្នកស្រី Paula Hurd ធ្លាប់បាន​បង្ហាញខ្លួន​ជាមួយគ្នា​នៅ​ទីសាធារណៈ​ជាច្រើនលើក ប៉ុន្តែ​រហូតដល់​ខែកុម្ភៈ​ឆ្នាំ 2023 ទើប​ប្រភពព័ត៌មាន​មួយ​ដែល​ជិតស្និទ្ធ បាន​បង្ហើប​ឱ្យដឹងថា អ្នក​ទាំងពីរ​កំពុងមាន​ទំនាក់ទំនង​ស្នេហា​នឹង​គ្នា។

    អ្នកស្រី Paula គឺជា​ស្ត្រី​មេម៉ាយ និង​ជា​ភរិយា​របស់​សព​លោក Mark Hurd អតីត​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Oracle។ អ្នកស្រី Paula និង​លោក Mark Hurd បានរស់នៅ​ជាមួយគ្នា​ជិត 30 ឆ្នាំ និង​មាន​កូនស្រី​ពីរ​នាក់ រហូតដល់​លោក Hurd បានទទួល​មរណភាព​ដោយសារ​ជំងឺមហារីក កាលពី​ខែតុលា​ឆ្នាំ 2019។

    អ្នកស្រី Paula បានបញ្ចប់​ការសិក្សា​នៅ​សាកលវិទ្យាល័យ Texas នៅ Austin។ អ្នកស្រី​ធ្លាប់​ធ្វើការ​ជា​បុគ្គលិក​ធម្មតា ក៏ដូចជា​អ្នកគ្រប់គ្រង​នៅក្នុង​ក្រុមហ៊ុន​បច្ចេកវិទ្យា NCR រយៈពេល​ពីរ​ទសវត្ស​រ៍។ បច្ចុប្បន្ន អ្នកស្រី​ធ្វើការ​ក្នុងនាម​ជា​អ្នក​អភិវឌ្ឍ និង​ប្រារព្ធ​ព្រឹត្តិការណ៍​ច្រើន​ប្រភេទ​សម្រាប់​បុគ្គល ក្រុមហ៊ុន និង​ក្រុម​មនុស្សធម៌​នានា។

  • ប្រធាន​របស់បញ្ញា​សិប្បនិម្មិត​ ChatGPT ថា «មនុស្ស​នឹង​ចាញ់​ AI ស្ទើរ​គ្រប់​វិស័យ​ក្នុង​ដប់​ឆ្នាំ​ទៀត»

    ប្រធាន​របស់បញ្ញា​សិប្បនិម្មិត​ ChatGPT ថា «មនុស្ស​នឹង​ចាញ់​ AI ស្ទើរ​គ្រប់​វិស័យ​ក្នុង​ដប់​ឆ្នាំ​ទៀត»

    អគ្គនាយក​ប្រតិបត្តិ​ Sam Altman និង​ប្រធាន​ Greg Brockman របស់ក្រុម​ហ៊ុន​​ OpenAI វាយ​តម្លៃ​ថា បញ្ញា​សិប្បនិម្មិត (AI) អាច​ឡើង​ដល់​កម្រិត​ជា​អ្នក​ជំនាញ​នៅ​ «ស្ទើរ​គ្រប់​វិស័យ» ​រយៈ​ពេលដប់​ឆ្នាំ​ខាងមុខ​។

    «ជាមួយ​នឹង​ទិដ្ឋភាព​ដូច​យើង​បាន​ឃើញ​បច្ចុប្បន្ន អាច​ស្រមៃ​ឃើញ​ថា ក្នុង​រង្វង់​ដប់​ឆ្នាំ​ខាងមុខ ប្រព័ន្ធ​ AI នឹង​យក​ឈ្នះ​លើ​ចំណេះ​ជំនាញ​​របស់​អ្នក​ជំនាញ​នៅ​ក្នុង​វិស័យ​ស្ទើរ​តែ​ទាំង​អស់​ និង​អនុវត្ត​សកម្មភាព​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ដូច​ទៅ​នឹង​ក្រុម​ហ៊ុន​ធំ​បំផុត​មួយ​នា​បច្ចុប្បន្ន» ក្រុម​មេដឹក​នាំ​របស់ OpenAI ដែល​រួម​មាន Sam Altman, Greg Brockman និង​ប្រធាន​ផ្នែក​វិទ្យា​សាស្ត្រ​ Ilya Sutskever ចាប់​ផ្ដើម​អត្ថបទ​រួម​ដូច្នេះ​នៅ​លើ​គេហទំព័រ​របស់​ក្រុម​ហ៊ុន​។

    OpenAI សង្កត់​ធ្ងន់​ថា រូបមន្តកំពូល​​ AI អាច​បង្កហានិភ័យ​ដល់​មនុស្ស​ជាតិ​ក្នុង​មួយ​ទសវត្សរ៍​ទៀត​។ ដូច្នេះ ​ត្រូវ​ការ​​បន្ថយ​ហានិភ័យ​ពី AI ប៉ុន្តែ​មិន​ត្រូវ​កាត់​បន្ថយសមត្ថភាព​​ តែ​ត្រូវ​មាន​ការ​សហការ​ និងការ​​ប្រព្រឹត្ត​ជា​ពិសេស​​ចំពោះ​ AI​។

    អត្ថបទ​បាន​លើក​ឡើង​ថា «កំពូលបញ្ញា​សិប្បនិម្មិត​នឹង​ខ្លាំង​ជាង​បច្ចេក​វិទ្យា​ផ្សេង​ៗ​ដែល​មនុស្ស​លោក​ធ្លាប់​បាន​ប្រឈម។ ចុង​ក្រោយ យើង​នឹង​ត្រូវ​ការ​អង្គការ​មួយ​ដើម្បី​គ្រប់​គ្រង​កំពូល​ AI ដូច​ទៅ​នឹង​ទីភ្នាក់​ងារ​ថាមពល​អាតូមិក​អន្តរ​ជាតិ​នៅ​ក្នុង​វិស័យ​ថាមពល​បរមាណូ។ ទោះ​ជា​ការ​ប្រឹង​ប្រែង​ក្នុងការ​អភិវឌ្ឍ​ AI ណា​ក៏ដោយ ​ក៏​ត្រូវ​ការ​គោរព​តាម​អង្គការ​អន្តរជាតិ​ដែល​មាន​សមត្ថ​កិច្ច​»។

    Sam Altman ធ្លាប់​បាន​ព្រមាន​ច្រើន​ដង​ទាក់​ទង​នឹង​បញ្ញា​សិប្បនិម្មិត​។ បច្ចេក​វិទ្យា​នេះ​គឺជា​ការ​រីក​ចម្រើន​មួយ​ ប៉ុន្តែ​វា​អាច​ក្លាយ​ជា​គ្រោះ​ភ័យ​ បើ​សិន​ធ្លាក់​ទៅ​លើ​ដៃ​ជន​ទុច្ចរិត​ ឬ​ «អាច​ដើរ​ខុស​ផ្លូវ​ ដែល​បង្កើត​​ឱ្យ​មាន​កំហុស​ និង​បង្កគ្រោះ​ថ្នាក់​​ធំ​ដល់​ពិភព​លោក បើ​មិន​បាន​កែ​តម្រូវ​ឱ្យ​បាន​សម​ស្រប​»​។

    លោក Sam Altman

    នៅ​ក្នុង​សវនាការ​នៅ​សភា​អាម៉េរិកកាល​ពី​ថ្ងៃទី 16 ឧសភា 2023 លោក Sam Altman បាន​និយាយ​​ថា ចង់​សហការ​ជាមួយ​រដ្ឋាភិបាល​ដើម្បី​ទប់​ស្កាត់​បញ្ហា​អាក្រក់​ដែល​អាច​កើត​ឡើង​ដោយ​សារ​ AI ក្នុង​នោះ​ក៏​អាច​បង្កើត​ស្ថាប័ន​មួយ​ដើម្បី​គ្រប់គ្រង​បច្ចេក​វិទ្យា​នេះ​។

    ​លោក Sam Altman មិន​មែន​ជា​​បុគ្គល​សំខាន់តែ​ម្នាក់​ដែល​បារម្ភ​អំពី​​ឥទ្ធិពល​របស់​បញ្ញា​សិប្បនិម្មិត​នោះ​ទេ ប៉ុន្តែ CEO របស់​ Google លោក Sundar Pichai, អតីត​អ្នក​ជំនាញ​ខាង​ AI របស់​ Google លោក Geoffrey Hinton ឬ​ លោក Elon Musk និង​លោក​ Bill Gates ក៏មាន​ការ​បារម្ភ​អំពី​បញ្ហា​នេះ​​ផង​ដែរ៕

  • Bill Gates ថា «AI អាច​ជំនួស Google Search»

    Bill Gates ថា «AI អាច​ជំនួស Google Search»

    សហ​ស្ថាបនិក​របស់ Microsoft យល់ថា បញ្ញា​សិប្បនិម្មិត (AI) អាចបង្កើត​ជំនួយការ​និម្មិត និង​អាច​ផ្លាស់ប្ដូរ​ទម្លាប់របស់​​អ្នកប្រើប្រាស់​ឧបករណ៍​រុករក ដូចជា Google Search ជាដើម។

    «ជំហាន​ថ្មី​បន្ទាប់​នឹង​ជា​ជំនួយការ AI។ បច្ចេកវិទ្យា​នេះ​អាច​ផ្លាស់ប្ដូរ​ទាំងស្រុង​នូវ​ឥរិយាបថ​របស់​អ្នកប្រើប្រាស់​។ ពួកគេ​អាច​នឹង​លែង​ត្រូវការ​ដល់​បណ្ដា​ទំព័រ​ស្វែងរក មានដូចជា Google Search ឬ​ចូលទៅ​មើល​ហាង​ទំនិញ​អន​ឡាញ​ដូចជា Amazon» មហាសេដ្ឋី​អាម៉េរិក លោក Bill Gates ថ្លែង​ដូច្នេះ នៅក្នុង​ព្រឹត្តិការណ៍​ស្ដីពី AI កាលពី​ថ្ងៃទី 22 ឧសភា។

    យោងតាម​លោក Gates ជំនួយការ AI អាចយ​ល់ពី​តម្រូវការ និង​ទម្លាប់​របស់​អ្នកប្រើប្រាស់ ជួយ​ធ្វើ​ការឱ្យ​ពួកគេ​នៅក្នុង «ការ​ចូល​ប្រើ​​អ៊ី​ន​ធើ​ណិ​ត និង​អានអ្វីៗដែល​កន្លងមក​ធ្លាប់​​ត្រូវការ​ពេល​ច្រើន»។ បណ្ដា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ និង​ក្រុមហ៊ុនថ្មីៗ មានឱកាស​ស្មើគ្នា​ក្នុងការ​អភិវឌ្ឍ​ប្រភេទ AI អនាគត​នេះ។

    លោក Gates អះអាងថា នឹង​ត្រូវការ​ពេលវេលា​បន្ថែម​ដើម្បី​អាច​នាំយក​ជំនួយការ AI មកប្រើប្រាស់​ទូលំទូលាយ ខណៈដែល​បណ្ដា​ក្រុមហ៊ុន​បន្ត​បំពាក់ Generative AI មានដូចជា ChatGPT ជាដើម ទៅក្នុង​ផលិតផល​របស់ខ្លួន។ នេះ​បើតាម​សារព័ត៌មាន CNBC។

    ទោះជា​យ៉ាងនេះ​ក៏ដោយ នៅក្នុង​ព្រឹត្តិការណ៍ Google I/O 2023 កាលពី​ថ្ងៃទី 10 ឧសភា Google ក៏បាន​ធ្វើ​បទ​បង្ហាញ​អំពី​របៀប​ដែល Google Search នឹង​ផ្លាស់ប្ដូរ​នៅពេល​បំពាក់ «កំពូល​បញ្ញា​សិប្បនិម្មិត»។ ដោយមាន​មុខងារ Converse ជំនួស​ឱ្យ​ការបង្ហាញ​លទ្ធផល​ជា​តំណ​ភ្ជាប់ (link) ជាច្រើន​ដូច Google Search បច្ចុប្បន្ន chatbot រុករក​បែប​ថ្មី​របស់ Google នឹង​ប្រមូលផ្ដុំ​ព័ត៌មាន ឧទាហរណ៍​ដូច​ជា​ ការវាយតម្លៃ​ចំពោះ​រថយន្ត​ថ្មី គម្រោង​ដំណើរ​កម្សាន្ត ការថែទាំ​សត្វ​ចិញ្ចឹម​ជាដើម តាមរយៈ​កម្មវិធី​ជជែក​គ្នា​ជាមួយ AI៕

  • មហាសេដ្ឋី Bill Gates ព្យាករ​អំពី​ដំណាក់កាល​បញ្ចប់​របស់​​ជំងឺ​​រាត​ត្បាត​​សកល​​កូ​វីដ-១៩

    មហាសេដ្ឋី Bill Gates ព្យាករ​អំពី​ដំណាក់កាល​បញ្ចប់​របស់​​ជំងឺ​​រាត​ត្បាត​​សកល​​កូ​វីដ-១៩

    មហាសេដ្ឋី​អាម៉េរិក លោក Bill Gates បានធ្វើការ​ព្យាករ​អំពី​ដំណាក់​កាលដែល​ជំងឺ​រាតត្បាត​សកល​កូ​វីដ-១៩ ត្រូវបាន​បញ្ចប់ នៅក្នុង​គ្រា​ដែល​ពិភពលោក​កំពុង​ព្រួយបារម្ភ​ចំពោះ​វត្តមាន​របស់ កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង (Omicron)។

    យោងតាម​ទូរទស្សន៍ RT (រុស្ស៊ី) នៅលើ​ទំព័រ​ប្លក់​ផ្ទាល់ខ្លួន មហាសេដ្ឋី Bill Gates ព្យាករ​ថា «ដំណាក់កាល​ស្រួចស្រាវ» របស់​ជំងឺ​រាតត្បាត​សកល​កូ​វីដ-១៩ នឹង​បញ្ចប់​នៅក្នុង​ឆ្នាំ ២០២។

    លោក Bill Gates ទទួលស្គាល់ថា បើទោះជា​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ ត្រូវបាន​ផ្គត់ផ្គង់​ពាសពេញ​ពិភពលោក ប៉ុន្តែ ឆ្នាំ ២០២១ នៅតែមាន​អ្នកស្លាប់​ច្រើនជាង​ឆ្នាំ ២០២។ លោក​បន្តថា ជំងឺ​រាតត្បាត​សកល​នេះ​មិនបាន​បញ្ចប់​ក្នុង​រយៈពេល​ខ្លី​ដូច​លោក​បាន​រំពឹង​កាលពី​ដំបូង ដោយសារតែ​វត្តមាន​របស់ វ៉ា​រ្យ៉​ង់​ដេ​លតា (Delta) និង​ការដែល​ប្រទេស​ជាច្រើន​បាន​បរាជ័យ​ក្នុងការ​បញ្ចុះបញ្ចូល​ឱ្យ​ពលរដ្ឋ​ទៅ​ចាក់​វ៉ាក់សាំង។

    មហាសេដ្ឋី​រូបនេះ​រៀបរាប់ថា៖ «ខ្ញុំ​បាន​វាយតម្លៃ​ទាប​ទៅលើ​ឧបសគ្គ​ក្នុងការ​បញ្ចុះបញ្ចូល​ឱ្យ​គ្រប់គ្នា​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង និង​បន្ត​ពាក់​ម៉ាស»។

    លោក Gates បាន​វាយតម្លៃ​ទៅលើ​វីរុស​បំប្លែង​ខ្លួន​ថ្មី អូ​មី​ក្រុង ថា «គួរឱ្យ​ព្រួយបារម្ភ» ប៉ុន្តែ លោក​បានឱ្យដឹងថា ពិភពលោក «ត្រៀមខ្លួន​បានល្អ​ជាង ធៀប​នឹង​ពេល​កន្លង នៅក្នុង​ការ​ទប់​ទល់នឹង វ៉ា​រ្យ៉​ង់ ថ្មី​នានា នៅ​អនគ​ត ដែល​បង្កប់​ដោយ​ហានិភ័យ។ ជាមួយនឹង​ល្បឿន​នៃ​ការរកឃើញ វ៉ា​រ្យ៉​ង់ ថ្មី ដូច​បច្ចុប្បន្ន រួម​នឹង​ការអភិវឌ្ឍ​វ៉ាក់សាំង និង​ថ្នាំ​ព្យាបាល លោក Gates សង្ឃឹមថា «ជំងឺ​រាតត្បាត​សកល» កូ​វីដ-១៩ នឹង​ក្លាយជា «ជំងឺ​រាតត្បាត​តាម​តំបន់» នៅក្នុង​ឆ្នាំ ២០២។

    លោក​ក៏បាន​បន្ថែមថា ក្រុម​អ្នកវិទ្យាសាស្ត្រ ក្នុងនោះ​មាន​ទាំង​ក្រុម​ស្រាវជ្រាវ​ដែល​ទទួលបាន​ជំនួយ​របស់​មូលនិធិ Bill & Melinda Gates ក៏​កំពុង​ប្រឹងប្រែង​វិភាគ​លើ វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង ហើយ​បើ​គម្រោង ពួកគេ​នឹង​រកឃើញ​ព័ត៌មាន​ជាច្រើន​បន្ថែមទៀត​ស្ដីពី​វីរុស​បំប្លែង​ខ្លួន​ថ្មី​មួយ​នេះ៕

  • ទម្លាប់ល្អៗនៅពេល​ព្រលប់​របស់​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត (Bill Gates) ដែល​គ្រប់គ្នា​គួរតែ​យក​ជា​គំរូ

    ទម្លាប់ល្អៗនៅពេល​ព្រលប់​របស់​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត (Bill Gates) ដែល​គ្រប់គ្នា​គួរតែ​យក​ជា​គំរូ

    ការ​លាងចាន​ក្រោយពេល​បរិភោគ​អាហារ និង​ការអាន​សៀវភៅ​មុនពេល​ចូល​ទទួលទានដំណេក បាន​ជួយ​ឱ្យ​មហាសេដ្ឋី​អាម៉េរិក លោក ប៊ី​ល ហ្គេ​ត កាត់បន្ថយ​ភាព​តានតឹង​ក្រោយពី​បាន​បំពេញការងារ​ពេញ​មួយថ្ងៃ ព្រមទាំង​ជួយ​បង្កើន​ចំណេះដឹង​ផងដែរ។

    គ្រប់គ្នា​ទំនងជា​ចាប់អារម្មណ៍​ទៅលើ​តែ​ទម្លាប់​ពេលព្រឹក ដោយសារតែ​វា​ជា​កិច្ច​ការដែល​ជួយ​ឱ្យ​យើង​មាន​ថាមពល​គ្រប់គ្រាន់​សម្រាប់ធ្វើ​ការ​ពេញ​មួយថ្ងៃ។

    ក៏ប៉ុន្តែ ទម្លាប់​ពេល​ព្រលប់​ក៏​សំខាន់​ណាស់ដែរ។ បើសិន​ជាមាន​ទម្លាប់​ល្អ អ្នកនឹង​អាច​កាត់បន្ថយ​បញ្ហា​ថប់​អារម្មណ៍ និង​បាន​គេង​លក់​ស្រួល។ ប្រការនេះ​ពិតជា​សំខាន់​ខ្លាំងណាស់​ចំពោះ​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត។

    ជា​អ្នកជំនួញ និង​ជា​សប្បុរសជន​ដែល​ទទួលបាន​ជោគជ័យ លោក ប៊ី​ល ហ្គេ​ត ក៏មាន​ទម្លាប់​ល្អ​មួយចំនួន​នៅពេល​ព្រលប់​ដែល​គួរឱ្យ​យើង​យក​ជា​គំរូ។ កាលពី​ឆ្នាំ ២០១៤ នៅលើ​បណ្ដាញ​សង្គម Reddit នៅពេល​ត្រូវបាន​សួរថា «សូម​រៀបរាប់​អំពី​ការងារ​ដែល​លោក​ចូលចិត្ត​ធ្វើ​បំផុត និង​ពុំមាន​អ្នកណា​នឹកស្មាន​ដល់» មហាសេដ្ឋី ប៊ី​ល ហ្គេ​ត ឆ្លើយថា «ខ្ញុំ​លាងចាន​រាល់ពេល​ព្រលប់។ អ្នកដទៃ​ស្ម័គ្រចិត្ត​ធ្វើ​កិច្ចការ​នេះ។ ប៉ុន្តែ​ខ្ញុំ​ចូលចិត្ត​ធ្វើទៅ​តាមរបៀប​របស់ខ្ញុំ»។

    ការលាង​ចាន​នឹង​ជួយ​ឱ្យ​អ្នកជំនួញ​ទាំងឡាយ​បាន​សម្រាក​ខួរក្បាល​បន្ទាប់ពី​បាន​បំពេញការងារ​ពេញ​មួយថ្ងៃ។ ខួរក្បាល​នឹង​បាន​សម្រាក ដោយ​ចាក​ផុតពី​ការងារ​ដែល​ប្រើ​ខួរក្បាល។ ជំនួស​មកវិញ ការងារ​លាងចាន​គ្រាន់តែ​ផ្ដោតទៅលើ​ការធ្វើដដែលៗ ដូចជា លាង​ឱ្យ​ស្អាត ជូត​ឱ្យ​ស្ងួត និង​ដាក់​ចូលក្នុង​រាវ។

    ទម្លាប់​ទី​ពីរ​របស់លោក ប៊ី​ល ហ្គេ​ត គឺ​ការអាន​សៀវភៅ។ រៀងរាល់​ព្រលប់​មុនពេល​ចូលសម្រាន្ត គាត់​តែ​ចំណាយពេល​មួយ​ម៉ោង​ដើម្បី​អាន​សៀវភៅ។ គាត់​ចូលចិត្ត​អាន​ស្ទើ​ប​គ្រប់​ប្រធានបទ តាំងពី​នយោបាយ រហូតដល់​ព្រឹត្តិការណ៍​សង្គម។

    មាន​មូលហេតុ​ជាច្រើន​ដែលនាំឱ្យ​គេ​ចាត់ទុក​ការអាន​សៀវភៅ​ថា​ជា​ទម្លាប់​ល្អ។ ការអាន​សៀវភៅ​ជួយ​ឱ្យ​យើង​បង្កើន​ចំណេះដឹង មើលឃើញ​ហេតុការណ៍​ពី​គ្រប់​ជ្រុងជ្រោយ និង​បង្កើន​ភាព​ច្នៃប្រឌិត។ល។

  • Bill Gates៖​ ប្រទេស​អ្នក​មាន​នឹង​ត្រលប់​មក​រក​សភាព​ធម្មតា​វិញ​ នៅ​ចុង​ឆ្នាំ​2021​

    Bill Gates៖​ ប្រទេស​អ្នក​មាន​នឹង​ត្រលប់​មក​រក​សភាព​ធម្មតា​វិញ​ នៅ​ចុង​ឆ្នាំ​2021​

    មហាសេដ្ឋី Bill Gates បានថ្លែងថា បណ្ដាប្រទេសអភិវឌ្ឍ អាចត្រលប់មករកភាពដើមវិញនៅចុងឆ្នាំ2021 បើសិនជាវ៉ាក់សាំងប្រឆាំងCOVID-19 ត្រូវបានចែកចាយក្នុងទ្រង់ទ្រាយធំ និងប្រើប្រាស់ទូលំទូលាយ។

    “នៅចុងឆ្នាំក្រោយនេះ គ្រប់យ៉ាងនឹងអាចត្រលប់មករកស្ថានភាពដើមទាំងស្រុងវិញបានហើយ។ នោះគឺជាករណីល្អបំផុត” លោក Bill Gates បានប្រាប់សារព័ត៌មាន The Wall Street Journal ដូច្នេះ។

    សហស្ថាបនិករបស់ Microsoft រូបនេះ ឱ្យដឹងថា៖ “បច្ចុប្បន្ន យើងមិនទាន់ដឹងថា ពេលណាទើបការអភិវឌ្ឍវ៉ាក់សាំងទទួលបានជោគជ័យនោះទេ។ ការផលិតក្នុងបរិមាណច្រើន ក៏ទាមទារឱ្យមានការចំណាយពេលច្រើនផងដែរ”។

    នៅតំបន់អឺរ៉ុប វ៉ាក់សាំងចំនួន2ប្រភេទដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Pfizer/BioNTech និង AstraZeneca/សាកលវិទ្យាល័យ Oxford គឺជាបេក្ខភាពកំពូលក្នុងការប្រជែងគ្នាដើម្បីផលិតវ៉ាក់សាំងទប់ស្កាត់COVID-19។

    លោក Bill Gates មាន​សុទិដ្ឋិនិយម​ចំពោះ​សេដ្ឋ​កិច្ច​ពិភពលោក តាម​រយៈ​វ៉ាក់​សាំង​ប្រឆាំង​COVID-19

    បច្ចុប្បន្ន ប្រទេសរុស្ស៊ី និងចិន សុទ្ធតែបានផ្ដល់អាជ្ញាបណ្ណដល់វ៉ាក់សាំងCOVID-19 បើទោះជាកំពុងស្ថិតក្នុងការសាកល្បងដំណាក់កាលទីបីក៏ដោយ។

    កាលពីដើមឆ្នាំនេះ មូលនិធីមនុស្សធម៌របស់គ្រួសារលោក Bill Gates បានប្រកាសអំពីខ្ទង់ជំនួយ​បន្ថែម​ដែលមាន​តម្លៃ​150​លាន​ដុល្លារ​សម្រាប់កិច្ចប្រឹងប្រែងក្នុងការទប់ទល់នឹងCOVID-19 ក្នុងនោះ ការជំរុញលើកទឹកចិត្តដល់គម្រោងផលិតវ៉ាក់សាំងគឺជាបញ្ហាអាទិភាព។

    អំពីយន្តការនៃការចែកចាយវ៉ាក់សាំង បច្ចុប្បន្នមានប្រទេសអ្នកមានជាង70 បានសន្យាចូលរួមអនុវត្តគម្រោងចែកចាយវ៉ាក់សាំងCOVID-19 នៅទូទាំងពិភពលោក ដែលត្រូវបានបង្កើតឡើងដោយអង្គការសុខភាពពិភពលោក ក្នុងបំណងជួយដល់ការទិញ និងចែកចាយវ៉ាក់សាំងប្រកបដោយយុត្តិធម៌។

    លោក Seth Berkley នាយកប្រតិបត្តិរបស់សម្ព័ន្ធវ៉ាក់សាំងសកល Gavi បានឱ្យដឹង បច្ចុប្បន្ន ប្រទេសជប៉ុន អាល្លឺម៉ង់ ន័រវេស និងប្រទេសជាង70ផ្សេងទៀងបានចូលរួមក្នុងយន្តការ COVAX ដែលយល់ព្រមចំពោះ​គោល​ការណ៍​ទិញ​វ៉ាក់​សាំង​COVID-19​ តាមរយៈគម្រោងចែកចាយវ៉ាក់សាំងនៅទូទាំងពិភពលោក។

    COVAX នឹងជួយឱ្យពលរដ្ឋក្នុងពិភពលោក អាចទទួលបានការចាក់វ៉ាក់សាំងដោយការចំណាយប្រាក់តិចជាងធម្មតា

    COVAX ត្រូវបានសហការដឹកនាំដោយ Gavi អង្គការសុខភាពពិភពលោក (WHO) និងសម្ព័ន្ធប្ដូរផ្លាស់សម្រាប់ការទប់ទល់នឹងអាសន្នរោគ (CEPI)។ យន្តការនេះត្រូវបានបង្កើតឡើងដើម្បីលើកទឹកចិត្តឱ្យបណ្ដារដ្ឋាភិបាលជំរុញការ​អភិវឌ្ឍ​វ៉ាក់​សាំង​COVID-19 ​ការផ្ដោតទៅលើការចាក់វ៉ាក់សាំងទៅឱ្យក្រុមមនុស្សដែលមានហានិភ័យខ្ពស់នៅគ្រប់ប្រទេស រួម​ចំណែក​ជួយ​ផ្គត់​ផ្គង់​វ៉ាក់សាំងដល់បណ្ដាប្រទេសដែលមានចំណូលទាប និងមធ្យម។ COVAX នឹងជួយឱ្យពលរដ្ឋក្នុងពិភពលោក អាចទទួលបានការចាក់វ៉ាក់សាំងដោយការចំណាយប្រាក់តិចជាងធម្មតា។

    តាមរយៈ COVAX រួមនឹងកត្តាជាច្រើនទៀតដែលទាក់ទងនឹងការដោះស្រាយបញ្ហាសុខាភិបាល មហារោគរាតត្បាតCOVID-19 ដែលបានសម្លាប់មនុស្សជាង1លាននាក់នេះ នឹងត្រូវបានលប់បំបាត់នាពេលខាងមុខ៕

    ប្រភព៖ Dailymail

  • មានទ្រព្យ125ពាន់លានដុល្លារ តើលោក Bill Gates ទុកប្រាក់ទាំងនោះនៅទីណាខ្លះ?

    មានទ្រព្យ125ពាន់លានដុល្លារ តើលោក Bill Gates ទុកប្រាក់ទាំងនោះនៅទីណាខ្លះ?

    តើអ្នកនឹងធ្វើអ្វីខ្លះជាមួយនឹងប្រាក់កាសរបស់ខ្លួន នៅពេលក្លាយជាអ្នកមានលំដាប់ទី2ក្នុងពិភពលោក?

    ក្នុងពេលបច្ចុប្បន្ន លោក Bill Gates មានទ្រព្យសរុបចំនួន125ពាន់លានដុល្លារអាមេរិក ដែលប្រភពចំណូលរបស់គាត់ ភាគច្រើនបានមកពីក្រុមហ៊ុន Microsoft។ ឆ្នាំ2014 លោក Gates បានលាលែងពីតំណែងប្រធានក្រុមហ៊ុននេះ ប៉ុន្តែ នៅតែកាន់កាប់ភាគហ៊ុនចំនួន1.34% នៅក្នុងក្រុមហ៊ុនដែលខ្លួនបានបង្កើតឡើង។

    មានមនុស្សជាច្រើន ឆ្ងល់ថា មានទ្រព្យច្រើនយ៉ាងនេះ តើលោកទុកវានៅទីណា? ចម្លើយគឺថា លោករក្សាទុកនៅក្នុងខ្ទង់វិនិយោគ និងសកម្មភាពជំនួញ។ល។ ខាងក្រោមនេះគឺជា “ទីកន្លែង” មួយចំនួនដែលលោក Bill Gates កំពុងរក្សាទ្រព្យរបស់ខ្លួន៖

    1.វិនិយោគទៅលើក្រុមហ៊ុនផ្សេងៗ

    ទ្រព្យសម្បត្តិភាគច្រើនរបស់លោក Gates ត្រូវបានកាន់កាប់ដោយ Cascade Investment LLC ដែលជាក្រុមហ៊ុនមួយត្រូវបានគ្រប់គ្រងដោយលោក Bill Gates ដើម្បីចាត់ចែងខ្ទង់វិនិយោគនានាលោក។ ថ្វីបើមិនមែនជាក្រុមហ៊ុនសាធារណៈ (Publicly listed company) ប៉ុន្តែសកម្មភាពជំនួញមួយចំនួនរបស់ Cascade នៅតែត្រូវបានតម្រូវឱ្យរាយការណ៍ទៅកាន់គណៈកម្មការមូលបត្រ និងផ្សារហ៊ុនអាមេរិក (SEC)។

    ខ្ទង់វិនិយោគមួយចំនួនដែលគ្រប់គ្រងដោយក្រុមហ៊ុន Casade៖

    – Arcos Dorados Holdings៖ ភាគហ៊ុនដែលកំពុងកាន់កាប់៖ 8.5លានហ៊ុន។ តម្លៃ៖ 26.2លានដុល្លារ
    – AutoNation: ភាគហ៊ុនដែលកំពុងកាន់កាប់៖ 18.4លានហ៊ុន។ តម្លៃ៖ 436.6លានដុល្លារ។
    – Berkshire Hathaway៖ ភាគហ៊ុនដែលកំពុងកាន់កាប់៖ 6លានហ៊ុន។ តម្លៃ៖ 1.07លានដុល្លារ។
    – Canadian National Railway: ភាគហ៊ុនដែលកំពុងកាន់កាប់៖ 101លានហ៊ុន។ តម្លៃ៖ 7.6ពាន់លានដុល្លារ។
    – Coca-Cola ភាគហ៊ុនដែលកំពុងកាន់កាប់៖ 25លានហ៊ុន។ តម្លៃ៖ 977លានដុល្លារ។
    – Deere & Co៖ ភាគហ៊ុនដែលកំពុងកាន់កាប់៖ 31.5លានហ៊ុន។ តម្លៃ៖ 4.2ពាន់លានដុល្លារ។
    – Ecolab៖ ភាគហ៊ុនដែលកំពុងកាន់កាប់៖ 30លានហ៊ុន។ តម្លៃ៖ 4.5ពាន់លានដុល្លារ។
    – Otter Tail៖ ភាគហ៊ុនដែលកំពុងកាន់កាប់៖ 3.4លានហ៊ុន។ តម្លៃ៖ 142លានដុល្លារ។
    – Republic Services៖ ភាគហ៊ុនដែលកំពុងកាន់កាប់៖ 108លានហ៊ុន។ តម្លៃ៖ 7.8ពាន់លានដុល្លារ។
    – Waste Management៖ ភាគហ៊ុនដែលកំពុងកាន់កាប់៖ 614លានហ៊ុន។ តម្លៃ៖ 1.3ពាន់លានដុល្លារ។
    – Legg Mason fund៖ ភាគហ៊ុនដែលកំពុងកាន់កាប់៖ 13លានហ៊ុន។ តម្លៃ៖ 131លានដុល្លារ។

    ក្រៅពីនេះ លោក Gates ក៏ជាប្រធានក្រុមហ៊ុន TerraPower ដែលជាអ្នករចនារោងចក្រថាមពលនុយក្លេអែរផងដែរ។ តាមរយៈការិយាល័យ Gates Venture របស់ខ្លួន លោក Gates ក៏បាននិងកំពុងឧបត្ថម្ភប្រាក់យ៉ាងច្រើនទៅលើគម្រោងថាមពលស្អាត អប់រំ សុខាភិបាល និងកម្មវិធីកាត់បន្ថយភាពក្រីក្រនៅទូទាំងពិភពលោកទៀតផង។

    2.អចលនទ្រព្យ

    ទន្ទឹមនឹងការវិនិយោគទៅលើក្រុមហ៊ុនផ្សេងៗ លោក Bill Gates ថែមទាំងទិញទ្រព្យជាក់ស្ដែងផងដែរ មានដូចជាអចលនទ្រព្យដែលមានផ្ទៃដៃដ៏ធំសម្បើមមួយ និងកោះឯកជនមួយទៀត។

    Xanadu 2.0 ដែលជាភូមិគ្រឹះមួយរបស់លោក Gates នៅតំបន់ Seattle គឺជាជុំរុំផ្ទះដ៏ធំមួយនៅក្បែរសមុទ្រ ជិតបឹងវ៉ាស៊ីងតោន។ Xanadu 2.0 ត្រូវបានគេគណនាឃើញថា មានតម្លៃ131.1លានដុល្លារ។

    ឆ្នាំ2013 លោក Gates ចាប់ផ្ដើមទិញអចលនទ្រព្យនៅ Florida។ លោកបានទិញភូមិគ្រឹះមួយដែលមានបន្ទប់គេងចំនួន4 និងកសិដ្ឋានចិញ្ចឹមសេះ ដែលមានតម្លៃ 8.7លានដុល្លារ។ ឆ្នាំ2016 លោកក៏បានទិញដីដែលនៅក្បែរនោះ ធ្វើឱ្យតម្លៃសរុបឡើងដល់35.87លានដុល្លារ។ ឆ្នាំ2019 លោកបានចំណាយ21លានដុល្លារសម្រាប់ទិញកសិដ្ឋានចិញ្ចឹមសេះមួយផ្សេងទៀតផងដែរ។

    លោក Bill Gates ក៏ជាម្ចាស់របស់ Grand Bogue Caye ដែលជាកោះធំជាងគេបង្អស់របស់ប្រទេសបេលីហ្ស (Belize) នៅអាមេរិកកណ្ដាល។ លោក Gates បានទិញកោះ Grand Bogue Caye នេះ ក្នុងតម្លៃ25លានដុល្លារ។

    3.យន្តហោះ និងរថយន្ត

    គិតមកដល់ឆ្នាំ2018 លោក Gates មានយន្តហោះប្រតិកម្ម Bombardier BD 700 Global Express ចំនួន2គ្រឿង ដែលមានតម្លៃឡើងដល់45លានដុល្លារ/គ្រឿង។ លោកក៏ជាអ្នកគាំទ្ររបស់ Porsche ផងដែរ ប៉ុន្តែ ពេលបើកបរនៅក្នុងតំបន់ដែលខ្លួនរស់នៅ លោក Gates ជិះតែរថយន្ត Mercedes ធម្មតាប៉ុណ្ណោះ។

    4.ប្រមូលទិញវត្ថុមានតម្លៃ

    លោក Bill Gates កំពុងកាន់កាប់វត្ថុមានតម្លៃជាច្រើន មានដូចជាលិខិតព្រាងសរសេរដោយដៃមួយច្បាប់ដ៏ល្បីល្បាញដែលមានឈ្មោះថា Leonardo Da Vinci តម្លៃ30.8លានដុល្លារ និងស្នាដៃនិពន្ធជាច្រើន ដូចជា រឿង Distant Thunder មានតម្លៃ7លានដុល្លារ រឿង The Nursery តម្លៃ10លានដុល្លារ រឿង Room of Flowers តម្លៃ20លានដុល្លារ រឿង Lost on The Grand Banks តម្លៃ36លានដុល្លារ និងរឿង Polo Crowd តម្លៃ28លានដុល្លារ។

    5.សកម្មភាពមនុស្សធម៌

    មានទ្រព្យ125ពាន់លានដុល្លារ តើលោក Bill Gates ទុកប្រាក់ទាំងនោះនៅទីណាខ្លះ?
    លោក​ Bill Gates និង​ភរិយា​ លោក​ស្រី​ Melinda Gates

    ចាប់តាំងពីត្រូវបានបង្កើតឡើងកាលពីឆ្នាំ1994 មូលនិធិមនុស្សធម៌ Bill & Melinda Gates បានបរិច្ចាគប្រាក់រាប់សិបពាន់លានដុល្លារ ក្នុងគោលដៅដ៏ល្អប្រពៃសម្រាប់មនុស្សជាតិ។ ជាងនេះ ក៏នៅមានមូលនិធិមនុស្សធម៌ផ្សេងទៀតដែលលោក Bill Gates និងលោក Warren Buffett ជាអ្នកបង្កើតឡើង ក្នុងបំណងទទួលការរួមចំណែកវិភាគទានផ្នែកមនុស្សធម៌ពីក្រុមអ្នកមានដទៃទៀតផងដែរ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • “ទ្រឹស្ដី​ឃុបឃិត” សង្ស័យ​ថា Bill Gates ជា​អ្នក​បង្កើត​វីរុស​COVID-19(មាន​វីដេអូ)

    “ទ្រឹស្ដី​ឃុបឃិត” សង្ស័យ​ថា Bill Gates ជា​អ្នក​បង្កើត​វីរុស​COVID-19(មាន​វីដេអូ)

    ​ការ​វាយ​ប្រហារ​ទៅ​លើ​មហា​សេដ្ឋី​លំដាប់​លេខ​2​ក្នុង​ពិភពលោក កំពុង​តែ​កើត​ឡើង​នៅ​ពាស​ពេញ​បណ្ដាញសង្គម​ Facebook Twitter និង Youtube ដោយ​ចោទ​ប្រកាន់​ ឬ​សង្ស័យ​ថា លោក​​ជា​​អ្នក​បង្កើត​វីរុស​កូរ៉ូណា​ ដើម្បី​បាន​ចំណេញ។

    កាល​ពី​ឆ្នាំ​2015 នៅក្នុង​កម្មវិធី​ TED Talks លោក​ Bill Gates បាន​ព្រមាន​ថា បញ្ហា​ប្រឈម​ធំបំផុត​របស់​មនុស្ស​លោក​ មិន​មែន​ជា​សង្គ្រាម​នុយក្លេអែរនោះ​ទេ ប៉ុន្តែ​វា​គឺជា​វីរុស​ឆ្លង​មួយ​ប្រភេទ​ ដែល​នឹង​គំរាម​កំហែង​ដល់​ជីវិត​មនុស្ស​រាប់​លាន​នាក់​។

    ការ​ព្យាករ​របស់​លោក​ Bill Gates ​បាន​ក្លាយ​ជា​ការ​​​ពិត​ នៅ​ពេល​COVID-19 បាន​កើត​ឡើង​។ ប្រសាសន៍​កាល​ពី​5ឆ្នាំ​មុន​របស់​សហ​ស្ថាបនិក​ Microsoft បាន​ក្លាយ​ជា​ប្រធាន​បទ​មួយ​ដែល​ត្រូវ​បាន​អ្នក​លេង​អ៊ីនធើណិត​ចាប់​អារម្មណ៍​ ដោយ​មាន​អ្នក​ចូល​មើល​ជាង​25​លាន​លើក​នៅ​លើ​ Youtube។ ក៏ប៉ុន្តែ ក្រុម​អ្នក​ប្រឆាំង​វ៉ាក់​សាំង និង​ក្រុម​អ្នក​ប្រាជ្ញ​ឆ្វេង​​​និយម បាន​យក​វីដេអូ​ខាងលើ​នេះ ទុក​ដូច​ជា​ភ័ស្ដុតាង​ដើម្បី​ចោទ​លោក​ Bill Gates ថា បាន​រៀប​ចំគម្រោង​​​ប្រើ​ប្រាស់​វីរុស​នេះ​​ដើម្បី​គ្រប់​គ្រង​ប្រព័ន្ធ​សុខាភិបាល​ទូទាំង​ពិភពលោក។

    យោង​តាម​ក្រុម​ហ៊ុន​វិភាគ​ទូរគមនាគមន៍​ Zignal Labs ទ្រឹស្ដី​ឃុបឃិត​ទាក់​ទិន​នឹង​លោក Bill Gates គឺជា​ព័ត៌មាន​ដែល​ត្រូវ​បាន​គេ​យក​ចិត្ត​ទុក​ដាក់​បំផុត​ក្នុង​ចំណោម​ដំណឹង​ចចាម​អារ៉ាម​ស្ដី​អំពី​វីរុស​កូរ៉ូណា​។ ចាប់​ពី​ខែ​កុម្ភៈ​ ដល់​ខែ​មេសា​នេះ មាន​ការ​និយាយ​ដល់​បញ្ហា​នេះ​ដល់​ទៅ​1.2​លាន​លើក​ នៅ​លើ​បណ្ដាញ​សង្គម និង​ទូរទស្សន៍​ ពោល​គឺច្រើន​ជាង​33% បើ​ធៀប​នឹង​ទ្រឹស្ដី​ឃុបឃិត​ទាក់​ទិន​នឹង​5G។

    ស្ថិតិ​របស់​សារ​ព័ត៌មាន​ New York Times បាន​បង្ហាញ​ថា មាន​អត្ថបទ​ជាង​16​,000​​ត្រូវ​បាន​បង្ហោះ​នៅ​លើ​ Facebook ជាមួយ​នឹង​ការ​បញ្ចេញ​មតិ​ជិត​900​,000​លើក​ទាក់​ទិន​នឹង​ការ​ចោទ​ប្រកាន់​ខាង​លើ​នេះ​។ នៅ​លើ​ Youtube គេ​ឃើញ​មាន​វីដេអូ​ចំនួន​10 ដែល​បាន​ចោទ​លោក​ Bill Gates ដែល​វា​ស្ថិត​ក្នុងចំណោម​​វីដេអូកំពូល​ៗ​ត្រូវ​បាន​បង្ហោះនៅ​ក្នុង​ខែ​មីនា​ និង​ខែ​មេសា​ ដោយ​មាន​អ្នក​ចូល​មើល​ជិត​5លាន​លើក​។

    រលក​នៃ​ការ​សង្ស័យ​ទៅ​លើ​លោក​ Bill Gates កាន់​តែ​ធំឡើង​ៗនៅ​ពេល​លោក​បាន​ស្នើ​ឱ្យ​បិទ​សាលា​រៀន​ទូទាំង​សហរដ្ឋ​អាមេរិក និង​​រិះ​គន់​ទៅ​លើ​ការ​ផ្អាក​ជំនួយ​ដល់​អង្គការ​សុខភាព​ពិភព​លោក​​​ពី​សំណាក់​​ប្រធានាធិបតី​ Donald Trump។ Claire Wardle នាយក​ប្រតិបត្តិ​របស់​ First Draft ដែលជា​អង្គ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការខ្វែង​គំនិតគ្នា​​លើ​អ៊ីនធឺណិតបាន​ថ្លែង​ថា “បណ្ដា​ទ្រឹស្ដី​ឃុប​ឃិត​ស្ដី​អំពី​លោក​ Bill Gates អាច​ធ្វើ​ឱ្យ​ខូច​ខាត​ដល់​ការ​ខិត​ខំ​ប្រឹង​ប្រែង​ស្រាវ​ជ្រាវ​វ៉ាក់​សាំង​ប្រឆាំង​វីរុស​កូរ៉ូណា​។ ព័ត៌មាន​ក្លែង​ក្លាយ​នេះ​ អាច​បង្កជា​ការ​ផ្ដួច​ផ្ដើម​សម្រាប់​យុទ្ធ​នាការ​អំពាវ​នាវឱ្យ​អ្នក​រាល់​គ្នា​បដិសេធ​ការ​ចាក់​វ៉ាក់​សាំង​ប្រឆាំង​វីរុស​”។

    មក​ដល់​បច្ចុប្បន្ន មហាសេដ្ឋី​ Bill Gates មិន​ទាន់​​មាន​ប្រតិ​កម្ម​ណា​មួយ​ទៅ​នឹង​ព័ត៌មាន​ក្លែង​ក្លាយ​ខាង​លើ​នៅ​ឡើយ​។ កាល​ពី​ថ្ងៃទី​15​មេសា​ មហា​សេដ្ឋី​រូប​នេះ​បាន​ផ្ញើ​​ការថ្លែង​អំណរ​អរគុណ​​ទៅ​ដល់​បុគ្គលិក​សុខាភិបាល​។ សារ​​របស់​លោក​ ទទួល​បាន​មតិ​ឆ្លើយ​តប​ជាង​14,000​លើក​ ក្នុង​នោះ​គេ​ឃើញ​មាន​មតិ​ជ្រុល​និយម​មិន​តិច​នោះ​ទេ​។ ទន្ទឹម​នឹង​នេះ​​ រូប​ភាព​ poster មួយ​នៃ​ខ្សែ​ភាព​យន្ត​ Kill Bill ត្រូវ​បាន​កាត់​ត​ទៅ​ជា​ “Kill Bill Gates” ក៏​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ថ្ងៃ​ជា​មួយ​គ្នា​នោះ​ដែរ​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • Bill Gates ថា “ជីវភាព​ក្រោយយុគសម័យ​COVID-19 នឹង​លែង​ដូច​មុន​”

    Bill Gates ថា “ជីវភាព​ក្រោយយុគសម័យ​COVID-19 នឹង​លែង​ដូច​មុន​”

    មហាសេដ្ឋី​ Bill Gates អះអាង​ថា សោក​នាដ​កម្ម​ដែល​បង្ក​ឡើង​ដោយ​វីរុស​COVID-19 នឹង​ផ្លាស់ប្ដូរ​ជីវ​ភាព​រស់​នៅ​របស់​យើង​គ្រប់​គ្នា​ជា​រៀង​រហូត​ ហើយ​ទម្លាប់​នៃ​ការ​រស់​នៅ​ក៏​នឹង​លែង​ដូច​មុន​។

    ក្រោយ​មួយ​រយៈ​ពេល​ដែល​មាន​ការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ ការ​បង្ខាំង​ខ្លួន​ក្នុង​ផ្ទះ ការ​បិទ​អាជីវ​កម្ម​ ការ​បិទ​សេដ្ឋ​កិច្ចជាដើម បាន​ធ្វើ​ឱ្យ​មាន​សំណួរ​សំខាន់​មួយ​ដែល​សួរ​ថា “តើ​អ្វី​ៗនឹង​ត្រឡប់​មក​រក​ភាព​ដើម​ដែរ ឬ​យ៉ាង​ណា​ នៅ​ពេល​យុគ​សម័យ​COVID-19 បាន​ឆ្លង​ផុត​ទៅ​?”។ ចម្លើយ​សម្រាប់​សំណួរ​នេះ មិន​មែន​ពេល​ណា​ក៏​ងាយ​ស្រួល​​​ឱ្យ​យើង​អាច​ទទួល​យក​បាន​ភ្លាម​ៗ​នោះ​ឡើយ​។

    មហាសេដ្ឋី​ Bill Gates (William Henry Gates III) បាន​ឱ្យ​ដឹង​ថា “យើង​អាច​បើក​ដំណើរ​ការ​រោង​ចក្រ​ សាលា​រៀន​មួយ​ចំនួន​នៅ​ដើម​ខែ​មិថុនា បើ​សិន​ជា​ស្ថាន​ភាព​នៃ​រោគ​រាត​ត្បាត​ធ្វើ​ឱ្យ​មាន​ទំនុក​ចិត្ត”។ សហស្ថាបនិក​របស់​ក្រុម​ហ៊ុន​ Microsoft បន្ត​ថា “ប៉ុន្តែ វា​នឹង​មិន​ទាន់​ដល់​ពេល​ដែល​អ្នក​អាច​ជួប​ជុំគ្នា​នៅ​ក្នុងបារ ឬ​​ភោជនីយដ្ឋាន​នានា​នៅ​ឡើយ​”។

    កន្លង​មក មហាសេដ្ឋី​លំដាប់​ទី​2​ក្នុង​ពិភពលោក​រូប​នេះ ធ្លាប់​បាន​ព្យាករ​ថា សិស្ស​សាលា​នឹង​អាច​ត្រឡប់​មក​សាលា​រៀន​វិញ​នៅ​រដូវ​ស្លឹក​ឈើ​ជ្រុះ​ឆ្នាំ​នេះ គឺ​អំឡុង​​ខែ​កញ្ញា​ឆ្នាំ​នេះ។ ប៉ុន្តែ លោក​បាន​ព្រមាន​ជា​បន្ត​បន្ទាប់​ថា គួរ​តែ​បើក​ចំហ​សង្គម​ នៅ​ពេល​វ៉ាក់​សាំង​COVID-19 មាន​គ្រប់​គ្រាន់​តែ​ប៉ុណ្ណោះ ពោល​គឺ​ យ៉ាង​តិច​18​ខែ​ទៀត​។

    លោក​ Bill Gates ថ្លែង​ថា “នឹង​មាន​ការ​រក្សា​គម្លាត​សង្គម​រហូត​ដល់​ពេល​យើង​ផលិត​បាន​វ៉ាក់​សាំង​រាប់​ពាន់​លាន​ដប”។ លោក​បន្ត​ថា “ហើយ​នៅ​ពេល​នោះ​ ជីវ​ភាព​រស់នៅរបស់​យើង​ក៏​ពិបាក​នឹង​ត្រឡប់​មក​រក​ធម្មតា​ដូច​មុនខ្លាំង​ណាស់​”។

    Bill Gates ថា "ជីវភាព​ក្រោយយុគសម័យ​COVID-19 នឹង​លែង​ដូច​មុន​"សហស្ថាបនិក​នៃ​មូលនិធិ Bill & Melinda Gates Foundation រូប​នេះ​ថ្លែង​ថា “តើ​អ្នក​រាល់​គ្នា​នឹង​ទៅ​ទេស​ចរណ៍​ ទៅ​កាន់​ភោជនីយដ្ឋាន ទៅ​ជួប​ជុំ​គ្នា​នៅ​ទីលាន​នានា​ក្រោយ​យុគ​របស់​ COVID-19? តាម​ពិត សូម្បី​តែ​នៅ​ពេលដែល​រដ្ឋាភិបាលនានា​​បាន​ប្រកាស​ថា អ្វី​ៗ​ទាំង​អស់​សុទ្ធ​តែ​បាន​គ្មាន​បញ្ហា​ ក៏​យើង​មិន​អាច​រំពឹង​ថា តម្រូវ​ការ​ខាង​លើ​ទាំង​នេះ​នឹង​ត្រឡប់​មក​ធម្មតា​វិញ​ភ្លាម​ៗ​នោះ​ឡើយ​”។

    ក៏ប៉ុន្តែ​ ចំណុចលេច​ធ្លោ​ និង​វិជ្ជមាន​ដែល​ត្រូវ​បាន​ Bill Gates លើក​ឡើង​នោះ​គឺ​ថា រោគ​រាត​ត្បាត​COVID-19 នឹង​ជំរុញ​ឱ្យ​មនុស្ស​បន្ត​បង្កើន​ការ​អភិវឌ្ឍ​បច្ចេក​វិទ្យា​ឌីជីថល ពិសេស​គឺ​នៅ​ក្នុង​វិស័យ​អប់រំ ក្រុម​អាជីវ​កម្ម​ ការ​រៀបចំ​សន្និសីទ ព្រឹត្តិការ​ណ៍​ផ្សេង​ៗ និង​ការ​ដឹក​ជញ្ជូន-ទិញ​ដូរ។ល។

    បច្ចុប្បន្ន មាន​ក្រុម​ហ៊ុន​ជា​ច្រើន​បាន​ងាក​មក​ធ្វើ​ការ​តាម​អនឡាញ និង​ប្រជុំ​តាម​អនឡាញ ហើយ​ពួកគេ​នឹង​មិន​ចង់​ត្រឡប់​មក​រក​ការ​ប្រជុំ​បែប​បុរាណ​នា​ពេល​អនាគត។​ នេះ​បើ​តាម​ការ​យល់​ឃើញ​របស់​លោក​ Bill Gates។

    មុន​នេះ មហាសេដ្ឋី Bill Gates ក៏បាន​ព្រមាន​ថា រៀង​រាល់​20​ឆ្នាំ​ម្ដង​ នឹង​អាច​មាន​ការ​ផ្ទុះ​ឆ្លង​រាលដាល​នៃ​រោគ​រាត​ត្បាត​1​​ ដែល​ស្រដៀង​ទៅ​នឹង​ COVID-19។ លោក​ថ្លែង​ដោយ​សង្កត់​ធ្ងន់​ថា ដើម្បី​ប្រឆាំង​នឹង​រោគ​រាតត្បាត​នេះ រដ្ឋាភិបាល​នានា​ក្នុង​អនាគតកាល​នឹង​ “មាន​ការ​វាយ​តម្លៃ ការ​វិភាគ​ស៊ីជម្រៅ​ និងមាន​ទាំង​​ប្រព័ន្ធ​ព្រមាន​រហ័ស” ទៀត​ផង​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស