Tag: Bayern Munich

  • Bayern នាំ​យក James ពីក្លិប Real ក្នុង​លក្ខ​ខណ្ខ​2​

    Bayern នាំ​យក James ពីក្លិប Real ក្នុង​លក្ខ​ខណ្ខ​2​

    ក្លិប​យក្ស​​អាល្លឺ​ម៉ង់ Bayern Munich បាន​ចុះហត្ថលេខា​ជាមួយនឹង​តា​រាឆ្នើម James Rodriguez របស់​ក្លិប Real Madrid ក្នុងកិច្ច​សន្យា​ខ្ចី​ជើង​រយៈ​ពេល​2​ឆ្នាំ ជា​មួយនឹង​ជម្រើសក្នុងការ​ទិញ​ដាច់​​តែម្តង។ ក្លិប​ Manchester United, Paris Saint-Germain, Chelsea និង Juventus សុទ្ធ​សឹង​ជាក្លិប​ដែលបានធ្វើការ​ទាក់​ទង​ចង់បានខ្សែ​បម្រើ​ប្រយុទ្ធ​អន្តរ​ជាតិ​កូ​ឡុំ​ប៊ី​វ័យ ​25​ឆ្នាំ​រូប​នេះ ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយនេះ ខណៈ​ដែលលោក Florentino Perez ប្រធាន​ក្លិប Real Madrid ចង់បាន​តម្លៃខ្លួនយ៉ាង​ហោច​ណាស់​​​70លាន​អឺ​រ៉ូ (ស្មើ​នឹង​80លាន​ដុល្លារ​អាមេ​រិក​)​សម្រាប់កីឡាករម្នាក់នេះ។

    ប៉ុន្តែ ទោះ​បី​ជា​យ៉ាងណា លោក Carlo Ancelotti គ្រូ​បង្វឹកនៃក្រុម Bayern បាន​ដាក់​សំណើ​ដេញថ្លៃ​ដោយជោគ​ជ័យ​ដើម្បីនាំ​យក​អតីត​​កីឡាករ​ម្នាក់​ដែល​​​លោក​​ធ្លាប់បាន​បង្វឹក​​​ក្នុង​ពេល​ដឹកនាំ​នៅក្លិប Real Madrid កាលពី​រដូវកាលឆ្នាំ2014-2015 ស្រប​ពេល​ដែល​ក្លិប​ទាំងពីរ​បាន​យល់​ព្រមលើ​កិច្ច​ព្រមព្រៀង​ខ្ចី​ជើង​រយៈពេល​2​ឆ្នាំ ជា​មួយ​នឹង​​ជម្រើស​ក្នុង​ការ​ទិញ​យក​ដាច់​​នៅ​ខែមិថុនា ឆ្នាំ​2019​។

    លោក Christian Falk អ្នក​យក​ព័ត៌មាន​ឲ្យ​កា​សែត Sport Bild បាន​បញ្ជាក់​ថា ក្លិប Bayern បាន​យល់ព្រម​​លើតម្លៃ​ខ្លួន​​ខ្ចី​ជើង​ប្រចាំ​ឆ្នាំ​ចំនួន​5​លាន​អឺ​រ៉ូ ហើយ​អាចនឹង​ចំណាយក្នុង​ទឹក​ប្រាក់​35.2លានអឺ​រ៉ូ ដើម្បី​ទិញ​យក​ដាច់តែម្តង​។ លោក Karl-Heinz Rummenigge ប្រធាន​ក្លិប​របស់ Bayern បាន​ឲ្យ​ដឹង​ថា៖ «យើង​ពិត​ជា​រីករាយ​ណាស់​ដែលយើង​បាន​​បំពេញ​ការ​ផ្ទេរ​មួយនេះ​​។ ការ​ចុះ​ហត្ថ​លេខា​ជាមួយ​នឹង James Rodriguez គឺ​ជា​បំណង​ដ៏​ធំមួយ​ពី​អ្នក​ចាត់​ការ​ទូទៅ​របស់​លោក​គឺលោក Carlo Ancelotti ក្រោយពី​ពួក​គេ​ទាំង​ពីរ​ធ្លាប់​បាន​ធ្វើការ​ជាមួយ​គ្នា​យ៉ាង​ជោគ​ជ័យកាល​​នៅ​ក្លិប Real Madrid​»​។ James បាន​ជួប​ទាំង​ភាព​រីក​រាយ និង​ខក​ចិត្ត​ក្នុង​រយៈ​ពេល​3​ឆ្នាំ​នៅ​ឯ​ក្លិប​ Real ចាប់​តាំងពីផ្ទេរ​មកពីក្លិប Monaco ក្នុង​តម្លៃ​ខ្លួន​80​លាន​​អឺ​រ៉ូ ក្រោយ​ពី​ព្រឹត្តិការណ៍ World Cup ឆ្នាំ​2014​​៕
    ប្រភព​ពី៖ ESPN

  • Bayern ចុះហត្ថលេខាជាមួយ Tolisso ក្នុងតម្លៃខ្លួនជាកំណត់ត្រារបស់ Bundesliga

    Bayern ចុះហត្ថលេខាជាមួយ Tolisso ក្នុងតម្លៃខ្លួនជាកំណត់ត្រារបស់ Bundesliga

    ក្លិប Bayern Munich បានចុះហត្ថលេខាជាមួយនឹងខ្សែបម្រើអន្តរជាតិបារាំងដ៏មានឥទ្ធិពល Corentin Tolisso សម្រាប់តម្លៃខ្លួនជាកំណត់ត្រាក្នុងក្របខ័ណ្ឌ Bundesliga ដែលមានចំនួន 41.5លានអឺរ៉ូ (ស្មើនឹង 46.8លានដុល្លារអាមេរិក) ពីក្លិប Lyon កាលពីថ្ងៃពុធ។

    Bayern បានឲ្យដឹងថា Tolisso វ័យ 22ឆ្នាំ បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 5ឆ្នាំ ស្របពេលដែលក្លិប Lyon បានប្រកាសពីតម្លៃខ្លួននៃការផ្ទេរនេះ និងបានបញ្ជាក់ថា ការបន្ថែមប្រាក់ឧបត្ថម្ភផ្សេងៗ អាចនឹងធ្វើឲ្យតម្លៃខ្លួនរបស់ Tolisso កើនឡើងក្នុងទឹកប្រាក់ 6លានអឺរ៉ូ បន្ថែមទៀត។

    Tolisso បានប្រាប់គេហទំព័ររបស់ក្លិបនេះថា៖ «ខ្ញុំមានពេលវេលាដ៏អស្ចារ្យជាមួយនឹងក្លិប Lyon ហើយខ្ញុំពិតជាថ្លែងអំណរគុណចំពោះពេលវេលានោះ។ ខ្ញុំពិតជារីករាយណាស់ក្នុងការស្ថិតនៅក្នុងក្លិបមួយក្នុងចំណោមក្លិបដ៏ខ្លាំងបំផុតនៅអឺរ៉ុប។ ខ្ញុំមានគោលបំណងដ៏អស្ចារ្យសម្រាប់ពេលវេលារបស់ខ្ញុំនៅឯ FC Bayern នេះ។ ថ្ងៃនេះគឺជាថ្ងៃដ៏អស្ចារ្យមួយសម្រាប់ខ្ញុំ»។ Tolisso ដែលបានចូលរួមជាមួយនឹង Lyon តាំងពីមានវ័យ 13ឆ្នាំនោះ បានធ្វើការបង្ហាញខ្លួនជាលើកដំបូងរបស់គេក្នុងក្រុមឈុតធំ កាលពីឆ្នាំ 2013 និងបានបន្តលេងរហូតបានដល់ទៅ 60ប្រកួត ក្នុងនោះរាប់បញ្ចូលទាំងការប្រកួត32លើកក្នុងក្របខ័ណ្ឌ Champions League និង Europa League ផងដែរ ដោយបានស៊ុតបាល់បញ្ចូលទី29គ្រាប់។ រូបគេក៏ជាគោលដៅមួយសម្រាប់ក្លិប Chelsea ផងដែរ។

    លោក Karl-Heinz Rummenigge ប្រធានក្លិប Bayern បានឲ្យដឹងថា៖ «យើងពិតជារីករាយណាស់ដែលយើងអាចចុះហត្ថលេខាជាមួយនឹងកីឡាករវ័យក្មេងម្នាក់ និងជាកីឡាករដ៏គួរឲ្យចាប់អារម្មណ៍ម្នាក់ នៅមុនពេលយុទ្ធនាការដ៏ស្វិតស្វាញមួយ។ Corentin Tolisso គឺជាគោលដៅរបស់លោកគ្រូបង្វឹក Carlo Ancelotti សម្រាប់តំបន់បម្រើរបស់យើង»៕
    ប្រភពពី៖ FOXSports

     

  • Bayern ផ្តួល Wolfsburg ចាស់ដៃ ដើម្បីលើកពាន Bundesliga ៥លើកជាប់ៗគ្នា

    Bayern ផ្តួល Wolfsburg ចាស់ដៃ ដើម្បីលើកពាន Bundesliga ៥លើកជាប់ៗគ្នា

    ក្រុម Bayern Munich បាន​ឈ្នះ​ពាន​លីក​របស់​អាល្លឺ​ម៉ង់​ជា​លើក​ទី​២៧​​របស់​ពួក​គេ និង​ជា​ពាន Bundesliga ​៥​លើក​​ជាប់​ៗ​គ្នា ក្រោយ​ពី​បាន​ផ្តួល​ក្រុម​ម្ចាស់​ផ្ទះ​ Wolfsburg យ៉ាង​ចាស់​ដៃក្នុង​លទ្ធ​ផល ៦-០ កាល​ពី​ថ្ងៃ​សៅរ៍​។

    កីឡាករ David Alaba បាន​ជួយ​ឲ្យ​ក្រុម Bayern រក​បាន​គ្រាប់​បាល់​បើក​ឆាក​​ជា​​មួយ​នឹង​ការ​ស៊ុត​បាល់ពិន័យ Free-kick នៅ​នាទី ទី​១៩ នៅ​មុន​ពេល​ខ្សែ​ប្រយុទ្ធ Robert Lewandowski បាន​ស៊ុត​បាល់ប​ញ្ចូល​ទី​២​គ្រាប់​ដើម្បី​​ធ្វើ​ឲ្យ​ការ​ប្រកួត​នេះ​មាន​សុវត្ថិ​​ភាព​នៅ​ត្រឹម​តង់​ទី​១​។ ខ្សែ​បម្រើ​ស្លាប Arjen Robben បាន​រក​គ្រាប់​បាល់​ទី​៤​សម្រាប់​ក្រុម​​ខ្លួន នៅ​មុន​ពេលខ្សែ​ប្រយុទ្ធ Thomas Muller បាន​​រក​គ្រាប់​បាល់​បញ្ចូល​ទី​​លើក​ទី​៥​​​​។ កីឡាករ Joshua Kimmich បាន​បំពេញ​ជ័យ​ជម្នះ​របស់​ក្រុម ជា​មួយ​នឹង​ការ​​ស៊ុត​បាល់ប​ញ្ចូល​ទី​​យ៉ាង​ល្អ​នៅ​រយៈ​ពេល​៥​នាទី​ចុង​ក្រោយ​។

    ខណៈ​ដែល​នៅ​សល់​៣​ប្រកួត​ទៀត​នៅ​​រដូវ​កាល​នេះ ក្រុម Bayern បាន​នាំ​មុខ​ដល់​ទៅ​១០​ពិន្ទុ​ដាច់​​លើ​គូ​ប្រជែង​យ៉ាង​ប្រកៀក​បំផុត​របស់​​ពួក​គេ​គឺ RB Leipzig ដែល​បានប​ញ្ចប់​ក្នុង​លទ្ធ​ផលស្មើ ០-០​ ជា​មួយ​នឹង​ក្រុម Ingolstadt ក្នុង​ការ​ប្រកួត​មួយ​គូ​មុន​នេះ​កាល​ពី​ថ្ងៃ​សៅរ៍​។ លោក Karl-Heinz Rummenigge ប្រធាន​ក្លិប Bayern បាន​ប្រាប់​ទូរ​ទស្សន៍ Sky ថា៖ «ការ​ឈ្នះ​ពាន​៥​លើក​ជាប់​​ៗ​គ្នា នោះ​ជា​លទ្ធ​ផល​ដ៏អស្ចារ្យ​។ យើង​ពិត​ជា​ស័ក្តិ​សម​ក្នុង​ការ​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​»​។ លោក លោក Carlo Ancelotti គ្រូ​បង្វឹក​របស់ Bayern បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​ពិត​ជា​រីករាយ​ណាស់​។ ជ័យ​ជម្នះ​នេះ​ពិត​ជា​សំខាន់​ណាស់ ហើយ​វា​ជា​បទ​ពិសោធ​​ដ៏​អស្ចារ្យ​មួយ​»​។ បច្ចុប្បន្ន​លោក Ancelotti បាន​ឈ្នះ​ពាន​រង្វាន់​លីក​បួន​ប្រទេស​ផ្សេង​គ្នា ក្រោយ​ពី​​ក៏​បាន​លើក​ពាន Premier League ជា​មួយ​នឹង​ក្លិប Chelsea ពាន​ក្រប​ខ័ណ្ឌ Serie A ជា​​មួយ​នឹង​ក្លិប AC Milan និង​ពាន Ligue 1 ជាមួយ​​ក្លិប Paris Saint Germain​​៕

    ប្រភព​ព័ត៌​មាន៖ ESPN