Tag: Barcelona

  • Neymar ជួបជាមួយលោក Jackie Chan មុននឹងទៅពិនិត្យសុខភាពជាមួយ PSG

    Neymar ជួបជាមួយលោក Jackie Chan មុននឹងទៅពិនិត្យសុខភាពជាមួយ PSG

    ខ្សែប្រយុទ្ធដ៏មានឥទ្ធិពល Neymar បានបង្ហាញពីស្នាមញញឹមដ៏រីករាយ និងបានជជែកលេងជាមួយនឹងលោក Jackie Chan (ឈិន ឡុង) តាមរយៈកម្មវិធី FaceTime។ ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីលរូបនេះ បានជួបជាមួយនឹងលោក Jaycee Chan ដែលជាកូនប្រុសបង្កើតរបស់តារាសម្តែងដ៏ល្បី Jackie Chan ហើយ Neymar បានស្នើសុំថា តើ Jackie អាចបញ្ជូនការឱបរឹតដ៏កក់ក្តៅមួយទៅកាន់ឪពុករបស់ខ្លួន បានដែរឬទេ?។

    អ្នកទាំងពីរបានបង្ហោះរូបរបស់ខ្លួននៅលើបណ្តាញសង្គម Instagram ខណៈដែល Neymar បានបង្ហោះរូប Selfie ជាមួយនឹងលោក Jaycee និងរូបថតដែលបង្ហាញពីរូបគេកំពុងតែជជែកជាមួយនឹងលោក Jackie Chan។ Neymar ហាក់ដូចជាស្ថិតក្នុងអារម្មណ៍ដ៏រីករាយ បើទោះបីមានពាក្យចចាមអារ៉ាមជាច្រើនទាក់ទងនឹងអនាគតរបស់គេក៏ដោយ ខណៈដែលតារាឆ្នើមរបស់ក្លិប Barcelona រូបនេះ ត្រូវបានរំពឹងទុកថា នឹងត្រូវទៅត្រួតពិនិត្យសុខភាពរបស់គេនៅឯក្លិប PSG នៅត្រឹមសប្តាហ៍នេះ។

    ក្លិបយក្ស Paris Saint-Germain របស់បារាំងពោរពេញដោយការជឿជាក់ថា ការផ្ទេររបស់ Neymar នឹងត្រូវកើតឡើងនៅត្រឹមសប្តាហ៍នេះ ក្រោយពីពួកគេបានរៀបចំផែនការជាច្រើនមុននឹងធ្វើការប្រកាសពីការចុះហត្ថលេខាជាមួយរូបគេ និងក្លិប Barcelona ក្នុងតម្លៃខ្លួន222លានអឺរ៉ូ (ស្មើនឹង262.5លានដុល្លារអាមេរិក) ដែលជាតម្លៃទិញរំលាយកិច្ចសន្យារបស់តារាឆ្នើមរូបនេះ។

    កុងត្រារយៈពេល 5ឆ្នាំត្រូវបានរៀបចំរួចជាស្រេចអស់រយៈពេលជាច្រើនថ្ងៃមកហើយ និងរង់ចាំតែការចុះហត្ថលេខារបស់ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីលរូបនេះប៉ុណ្ណោះ។ ខ្សែប្រយុទ្ធវ័យ25ឆ្នាំរូបនេះ កាលពីថ្ងៃចន្ទ បានស្ថិតក្នុងប្រទេសចិន ដើម្បីធ្វើការផ្សព្វផ្សាយឲ្យម្ចាស់ឧបត្ថម្ភមួយរបស់គេ ហើយអាចនឹងធ្វើដំណើរចេញពីទីនោះទៅកាន់ទីក្រុងដូហាដើម្បីជួបជាមួយនឹងម្ចាស់កម្មសិទ្ធិក្លិប PSG និងដើម្បីត្រួតពិនិត្យសុខភាព។

    ក្លិបយក្សរបស់បារាំងមួយនេះកំពុងតែខិតខំព្យាយាមយ៉ាងខ្លាំងអស់រយៈពេល2សប្តាហ៍មកហើយ ដើម្បីបំពេញការផ្ទេរមួយនេះ ចាប់តាំងពី Neymar បានធ្វើការទាក់ទងជាមួយពួកគេ ដោយដឹងថា កីឡាកររូបនេះចង់ចាកចេញពីក្លិប Barcelona៕
    ប្រភពពី៖ The Sun

  • Pique ជួយ​ឲ្យ Barcelona ផ្តួល Real ដើម្បីលើក​ពាន International Champions Cup

    Pique ជួយ​ឲ្យ Barcelona ផ្តួល Real ដើម្បីលើក​ពាន International Champions Cup

    ខ្សែ​ការពារ Gerard Pique បាន​រកគ្រាប់បាល់​ឈ្នះ​ឲ្យក្រុម Barcelona ក្នុង​ពេលប្រកួត​ជាមួយនឹងក្រុម Real Madrid កាលពីព្រឹក​ថ្ងៃអាទិត្យម្សិលមិញ(ម៉ោងនៅកម្ពុជា) ខណៈ​ការ​ប្រកួត​ដែលមាន​ឈ្មោះ​ថា El Clasico នៅលើ​ទឹក​ដីនៃ​រដ្ឋ Miami នេះបានផ្តល់នូវការ​​រំភើបយ៉ាង​ខ្លាំង​។

    ខ្សែ​ការ​ពារអន្តរ​ជាតិ​អេ​ស្ប៉ាញ​រូប​នេះបាន​រកគ្រាប់​បាល់​បំ​ប៉ោង​សំណាញ់​ទីពីការ​ស៊ុត​បាល់ពិន័យ​ Free-kick របស់ Neymar នៅនាទីទី​50 ដើម្បី​ជួយ​​ឲ្យក្រុមខ្លួន​ទទួល​ជ័យជម្នះ 3-2 លើក្រុម Real Madrid នៅមុខអ្នក​ទស្សនា​សរុប​ចំនួន​66,014នាក់​នៅ​​ឯកីឡដ្ឋាន Hard Rock​។ ខ្សែ​ប្រយុទ្ធ Lionel Messi ដែល​បាន​បង្ហាញពី​ទម្រង់លេង​យ៉ាងល្អ​ឥត​ខ្ចោះក្នុង​រយៈ​ពេលនៃការ​លេង​64​នាទី​របស់​គេនោះ បាន​រក​គ្រាប់​​បាល់បើក​ឆាក ក្រោយ​ពី​លេង​បាន​រយៈពេលត្រឹម​តែ​3​នាទី ហើយ​បន្ទាប់ពីនោះ​ខ្សែ​បម្រើ Ivan Rakitic បាន​បន្ថែមគ្រាប់​បាល់​ទី​2​ភ្លាម​ៗដែរ បន្ទាប់ពីខ្សែការ​ពារ​​របស់ក្រុម Real Madrid ហាក់​ស្ថិតក្នុង​សភាព​ទន់ខ្សោយ​។ ប៉ុន្តែ ក្រុមរ​បស់​លោក Zinedine Zidane បាន​ស្តារ​មុខមាត់​ឡើងវិញ​ភ្លាម​ៗ និង​នៅ​ជិត​បញ្ចប់ការប្រកួតនៃ​តង់​ទី​1 គ្រាប់​បាល់​​ស៊ុត​បញ្ចូល​ទី​របស់​កីឡាករ Mateo Kovacic និង Marco Asensio បាន​ជួយ​ឲ្យក្រុម​ស្តេចឈុត​ស​មួយនេះ តាម​ស្មើ​វិញ​តែម្តង​។ ទោះបី​ជា​យ៉ាងណា Pique បាន​រកគ្រាប់​បាល់​កាត់សេចក្តី ដើម្បី​ជួយ​​ឲ្យក្រុម Barcelona ឈ្នះពាន​ពីការ​ប្រកួត​មិត្ត​ភាពមុន​បើក​រដូវកាល​មួយនេះ​តែម្តង​។ លទ្ធផលនៃ​ការ​ប្រកួតមិត្ត​ភាព​​មុន​បើក​រដូវ​កាល​នេះ មិន​ជះ​ឥទ្ធិ​ពល​ទៅលើ​កំណត់ត្រា​ជា​រួម​នៃ​ការ​ប្រកួត​ដែល​ឈ្មោះ​ថា El Clasico ឡើយ​រវាងក្រុម​ទាំងពីរនេះ ខណៈ​ដែល Real Madrid បានកត់ត្រា​ជ័យជម្នះ​សរុប​93លើក ហើយ Barcelona ឈ្នះ​91​លើក​៕

    ប្រភព​ពី៖ BBC

  • ខ្សែការពារ Pique ថា Neymar នឹងបន្តនៅជាមួយក្លិប Barcelona

    ខ្សែការពារ Pique ថា Neymar នឹងបន្តនៅជាមួយក្លិប Barcelona

    តារាឆ្នើមអន្តរជាតិប្រេស៊ីល Neymar នឹងបន្តនៅ និងលេងឲ្យក្លិប Barcelona ដដែល។ នេះបើយោងតាមមិត្តរួមក្រុមរបស់គេគឺខ្សែការពារ Gerard Pique ដែលបានបង្ហោះសារមួយតាមរយៈបណ្តាញសង្គម Twitter កាលពីថ្ងៃអាទិត្យ។

    ខ្សែការពារអន្តរជាតិអេស្ប៉ាញ Pique បានបញ្ជាក់នៅលើទំព័រគណនី Twitter របស់ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះថា Neymar នឹងបន្តនៅកីឡដ្ឋាន Camp Nou តាមរយៈការបង្ហោះរូបថតរបស់ Neymar ជាមួយនឹងចំណងជើងថា «រូបគេនឹងបន្តនៅ»។ ការបង្ហោះសារនេះបានកើតឡើង ត្រឹមតែរយៈពេលប៉ុន្មានម៉ោង ក្រោយពី Neymar បានផ្តល់នូវការដាស់អារម្មណ៍មួយដល់អ្នកគាំទ្រក្រុម Barcelona ទៅលើទម្រង់លេងដ៏ល្អឥតខ្ចោះរបស់គេ តាមរយៈការស៊ុតបាល់បញ្ចូលទី2គ្រាប់ក្នុងពេលក្រុមយក្សរបស់អេស្ប៉ាញមួយនេះបានផ្តួលក្រុម Juventus ក្នុងលទ្ធផល 2-1 ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាល កាលពីថ្ងៃសៅរ៍ ក្នុងរដ្ឋ New Jersey សហរដ្ឋអាមេរិក។

    តារាឆ្នើមអន្តរជាតិប្រេស៊ីលវ័យ25ឆ្នាំរូបនេះ កំពុងតែស្ថិតចំកណ្តាលនៃពាក្យចចាមអារ៉ាមផ្សេងៗទាក់ទងនឹងការផ្ទេររបស់គេក្នុងតម្លៃខ្លួនជាកំណត់ត្រាពិភពលោកចំនួន 222លានអឺរ៉ូ (ស្មើនឹង256.8លានដុល្លារអាមេរិក) ទៅកាន់ក្លិប Paris Saint-Germain។ កាសែតរបស់បារាំង Le Parisien បានចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួនកាលពីល្ងាចថ្ងៃអាទិត្យថា ការផ្ទេរ Neymar ទៅកាន់ PSG អាចនឹងត្រូវបំពេញជាផ្លូវការក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត។

    ដោយឡែក គេហទំព័ររបស់ ESPN បានចេញផ្សាយដោយបង្ហើបពីប្រភពមិនបញ្ចេញឈ្មោះមួយថា Neymar មិនដឹងពីមូលហេតុដែល Pique បានបង្ហោះពីរូបថត និងសារផ្សេងៗឡើយ។ គេហទំព័រដដែលនេះ ក៏បានបញ្ជាក់ផងដែរថា ប្រភពជាច្រើន បានបញ្ជាក់ថា Neymar ចង់ផ្ទេរទៅកាន់ក្លិបរបស់បារាំង និងបានយល់ព្រមលើលក្ខខណ្ឌផ្សេងៗទៅលើការផ្ទេរមួយរួចជាស្រេចហើយ៕
    ប្រភពពី៖ The Guardian

  • Barcelona ប្រកាសតែងតាំងលោក Valverde ជាអ្នកចាត់ការទូទៅថ្មីរបស់ខ្លួន

    Barcelona ប្រកាសតែងតាំងលោក Valverde ជាអ្នកចាត់ការទូទៅថ្មីរបស់ខ្លួន

    ក្លិប Barcelona បានប្រកាសថា លោក Ernesto Valverde នឹងក្លាយជាអ្នកចាត់ការទូទៅថ្មីរបស់ខ្លួន ក្រោយពីការចាកចេញរបស់លោក Luis Enrique។ លោក Valverde វ័យ៥៣ឆ្នាំ បានលាលែងពីតំណែងរបស់លោកក្នុងនាមជាគ្រូបង្វឹករបស់ក្លិប Athletic Bilbao កាលពីសប្តាហ៍មុន ក្រោយពីបានដឹកនាំឲ្យ Athletic Bilbao បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៧ នៅលើតារាងក្របខ័ណ្ឌ La Liga និងឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌ Europa League។

    គ្រូបង្វឹករូបនេះក៏ធ្លាប់បានដឹកនាំក្លិប Villarreal, Valencia និងក្លិប Espanyol ផងដែរក្នុងអាជីពគ្រូបង្វឹករបស់លោក ខណៈដែលលោកបានចំណាយរយៈពេល២ឆ្នាំក្នុងការដឹកនាំក្លិប Olympiakos ក្នុងប្រទេសក្រិក និងលោកក៏ធ្លាប់បានចំណាយពេល២ឆ្នាំផងដែរ ក្នុងនាមជាកីឡាកររបស់ក្លិប Barcelona មួយនេះកាលពីចុងឆ្នាំ១៩៨០ ហើយបច្ចុប្បន្នត្រូវវិលទៅកាន់កីឡដ្ឋាន Camp Nou វិញជាថ្មី ក្រោយពីអវត្តមានអស់រយៈពេល២៧ឆ្នាំក្នុងនាមជាគ្រូបង្វឹកម្តង។

    ក្រុម Barcelona បានឈ្នះពាន Copa del Rey ក្រោយពីបានយកឈ្នះក្នុងលទ្ធផល ៣-១ នៅពេលប្រកួតជាមួយនឹងក្រុម Alaves ក្នុងការប្រកួតលើកចុងក្រោយរបស់លោក Enrique ក្នុងនាមជាគ្រូបង្វឹកកាលពីថ្ងៃសៅរ៍ ដើម្បីធ្វើឲ្យលោកឈ្នះពានរង្វាន់សរុបចំនួន៩ក្នុងរយៈពេល៣ឆ្នាំ។ លោក Josep Maria Bartomeu ប្រធានក្លិប Barcelona បានឲ្យដឹងថា៖ «លោក Valverde មានសមត្ថភាព មានចំណេះដឹង សមត្ថភាពកាត់សេចក្តី និងបទពិសោធ។ លោកជាមនុស្សមានការតាំងចិត្តខ្ពស់ ហើយលោកគឺជាអ្នកដែលចូលចិត្តបច្ចេកវិទ្យាក្នុងការហ្វឹកហាត់ និងគ្រប់គ្រងការប្រកួតផ្សេងៗ»៕
    ប្រភពពី៖ The Guardian

  • Real ផ្តួល Deportivo ខណៈ Barcelona បញ្ជូន Osasuna ឲ្យទៅលេងក្នុងក្របខ័ណ្ឌទី២

    Real ផ្តួល Deportivo ខណៈ Barcelona បញ្ជូន Osasuna ឲ្យទៅលេងក្នុងក្របខ័ណ្ឌទី២

    James Rodriguez បាន​​បញ្ហា​ពី​ភាព​អស្ចារ្យ​ក្នុង​ពេល​ចូល​ជំនួស​កន្លែង​របស់​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo​ ខណៈ​ដែល​​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​២​​គ្រាប់​បាល់​របស់​គេ បាន​ជួយ​ឲ្យ​ក្រុម Real Madrid បំ​បាក់​ក្រុម Deportivo La Coruna យ៉ាងចាស់​ក្នុង​លទ្ធ​ផល ៦-២ កាល​ពី​ថ្ងៃ​ពុធ​​។

    ខ្សែ​​​បម្រើ​ប្រយុទ្ធ​អន្តរ​ជាតិ​កូ​ឡុំ​ប៊ី​រូបនេះ បាន​​រក​គ្រាប់​បាល់​បើក​​ឆាក​របស់​គេ​នៅ​នាទី ទី​១៤ មុន​នឹង​រក​គ្រាប់​បាល់​ទី​២​នៅ​នាទី ទី​៦៦ ខណៈ​ដែល​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ពី​សំណាក់​កីឡាករ Alvaro Morata, Lucas Vazquez, Isco និង Casemiro រក្សា​មាន​ពិន្ទុ​ស្មើ​​ជា​មួយ​នឹងក្រុម Barcelona នៅ​លើ​កំពូល​តារាង​​នៃ​ក្រប​ខ័ណ្ឌ La Liga​។ ក្រុម​ម្ចាស់​ផ្ទះ​បាន​វាយ​២​គ្រាប់​​វិញ​តាម​រយៈ​​កីឡាករ Florin Andone និង Joselu ​នៅ​ក្នុង​តង់​នីមួយ​ៗ ប៉ុន្តែ មិន​បាន​បង្កើត​ឲ្យ​​មានការ​ប្រែ​ប្រួល​ឡើយ​។ ក្រុម Barcelona និង Real Madrid កំពុង​តែ​មាន​៧៨​ពិន្ទុ​ស្មើ​គ្នា ប៉ុន្តែ Barca នាំ​មុខ​ដោយ​សារ​តែ​មាន​កំណត់​ត្រា​ល្អ​ប្រសើរ​ជាង​​ពី​កា​រ​ជួប​គ្នា​រវាងក្រុម​ទាំងពីរ​។

    ស្រប​ពេល​ជាមួយ​គ្នា​នេះ ក្រុម ខ្សែ​​ប្រយុទ្ធ Lionel Messi បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់ ដើម្បី​​​ជួយ​ឲ្យ​ក្រុម​ខ្លួន​កត់​ត្រា​ជ័យ​ជម្នះ​យ៉ាង​កក់​ក្តៅ​​ក្នុង​លទ្ធ​ផល ៧-១ និង​ដើម្បី​ធ្វើ​ឲ្យ​ក្រុម Osasuna ត្រូវ​​កាត់​ចេញ​ពីក្រប​ខ័ណ្ឌ​កំពូល​។ លោក Zinedine Zidane គ្រូ​បង្វឹក​របស់ក្រុម Real Madrid បាន​ផ្លាស់​ប្តូរ​​កីឡាករ​​៩​នាក់​​ទៅ​លើ​ក្រុម​ដែល​បាន​រង​​បរា​ជ័យ​ក្នុង​លទ្ធ​ផល ៣-២ កាល​ពី​ថ្ងៃ​អាទិត្យ ក្រោម​ស្នា​ដៃក្រុម Barca ដែល​បាន​​ធ្វើ​ឲ្យ​ការ​ប្រជែង​ពាន La Liga កាន់​តែ​មាន​លក្ខណៈ​បើក​ចំហរ​។ Ronaldo, Karim Benzema និង​ខ្សែ​ប្រយុទ្ធ​មាន​របួស Gareth Bale សុទ្ធ​សឹង​អវត្ត​មាន​ពីក្រុម Real ​ក្នុង​ការ​ប្រកួត​លីក​ជា​លើក​ទី​៣​ជាប់​ៗ​​​គ្នា ប៉ុន្តែ ការ​អវត្ត​មាន​របស់​ពួក​គេ មិន​បាន​ជះ​ឥទ្ធិ​ពល​​​អាក្រក់​ដល់​លទ្ធ​ផល​ឡើយ​​៕

    ទស្សនាវីដេអូ Highlights ការប្រកួតរវាង Deportivo La Coruna vs Real Madrid 2-6 – All Goals

    ទស្សនាវីដេអូ Highlights ការប្រកួតរវាង FC Barcelona 7-1 Osasuna | All Goals

    ប្រភព​​ពី៖ Mirror

  • មិនគួរឲ្យជឿ! អ្នករត់តុមានមុខមាត់ដូច Messi កំពុងធ្វើឱ្យកក្រើកបណ្តាញអនឡាញ

    មិនគួរឲ្យជឿ! អ្នករត់តុមានមុខមាត់ដូច Messi កំពុងធ្វើឱ្យកក្រើកបណ្តាញអនឡាញ

    តើ​លោក​អ្នក​​នឹង​មាន​អារម្មណ៍​បែប​ណា ក្នុង​ពេល​ដែល​អ្នក​ដើរ​​ទៅ​​កាន់​ហាង​លក់​បង្អែម​ដែល​អ្នក​ចូល​ចិត្ត​ជាង​គេ និង​ត្រូវ​បាន​ស្វាគមន៍​ដោយ​តារា​បាល់​ទាត់​ដ៏ល្បី​គឺ Lionel Messi ដែល​រង់​ចាំ​បម្រើ​លោក​អ្នក​នូវ​ត្រដាប់​ស្ត្របឺ​រី​?

    លោក Alejandro Pereira Negreiros

    ប៉ុន្តែ ការ​ស្រមៃ​គិត​​នេះ ស្ទើរ​តែ​បាន​ក្លាយ​ជា​ការ​ពិត​ទៅ​ហើយ​សម្រាប់​អ្នក​​ដែល​បាន​ធ្វើ​ដំណើរ​ទៅកាន់​ហាង​​មួយ​ក្នុង​ទីក្រុង Sau Paulo ប្រទេស​ប្រេស៊ីល ខណៈ​ដែល​អ្នក​រត់​តុ​ម្នាក់ មាន​មុខ​​មាត់ និងរាង​រូវ​ដូច​ទៅ​នឹង​តារា​ឆ្នើម​អន្តរ​ជាតិ​អា​​ហ្សង់​ទីន​របស់​ក្លិប Barcelona អ៊ីចឹង​។ លោក Alejandro Pereira Negreiros បច្ចុប្បន្ន​​កំពុង​តែ​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​មាន​ការ​យល់​​ច្រឡំ ក្រោយ​ពី​រូប​គេ​កំពុង​តែ​ស្ថិត​ក្នុង​យ៉ាង​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​នៅ​លើ​បណ្តាញ​សង្គម​។

    កីឡាករ Lionel Messi

    បុរស​វ័យ​ ២១​ឆ្នាំ​រូប​នេះ ដឹង​តិច​តួច​ប៉ុណ្ណោះ​អំពី​រឿង​រ៉ាវ​ទាក់​ទង​នឹង​តារាឆ្នើម​របស់ Barca ដែល​ទើប​តែ​បាន​រក​គ្រាប់​បាល​ឈ្នះ​នៅពេល​ជួប​​ជា​មួយ​នឹង​ក្រុម Real Madrid ក្នុង​ការ​ប្រកួត El Clasico កាល​ពី​ថ្ងៃ​អាទិត្យ ហើយ​រូប​​គេ​បាន​ទទួល​ស្គាល់​ថា គេ​បាន​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ក្រោយ​ពី​សហ​ការី​របស់​គេ​បាន​បង្ហោះ​រូប​គេ និង Messi នៅ​លើ​បណ្តាញ​សង្គម Twitter​។ រូប​ថត​របស់​គេ​បាន​ទទួល​ការ​ចាប់​អារម្មណ៍​ភ្លាម​ៗ ខណៈ​ដែល​ត្រឹម​តែ​រយៈ​ពេល​២​ថ្ងៃ​ប៉ុណ្ណោះ រូប​​ថត​របស់​គេ​ទទួល​បាន​ការ​ Like ដ៏ច្រើន​។ បច្ចុប្បន្ន Alejandro ​កំពុង​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​អ្នក​គាំ​ទ្រ​កីឡា​បាល់​ទាត់​ទូរ​ទាំង​ពិភព​លោក ដែល​បាន​ភ្ញាក់​ផ្អើល​ទៅនឹង​ភាព​ស្រដៀង​របស់​អ្នក​ទាំង​ពីរ​៕

    ប្រភព​ព័ត៌​មាន៖ The Sun

  • Messi ជួយឲ្យ Barca ស្តារមុខមាត់លើទឹកដី Real ក្នុងជំនួប El Clasico

    Messi ជួយឲ្យ Barca ស្តារមុខមាត់លើទឹកដី Real ក្នុងជំនួប El Clasico

    ខ្សែ​ប្រយុទ្ធ Lionel Messi បាន​ស៊ុត​បាល់​បញ្ចូល​​ទី​២​​គ្រាប់ ដើម្បី​ជួយ​ឲ្យ​ក្រុម Barcelona ដណ្តើម​បាន​ជ័យ​ជម្នះ​​ដ៏​សំខាន់​ក្នុង​លទ្ធ​ផល ៣-២ លើ​គូ​ប្រជែង​ដ៏ខ្លាំង​របស់​ពួ​ក​គេ Real Madrid កាល​ពី​ថ្ងៃ​អាទិត្យ ខណៈ​ដែល​គ្រាប់​បាល់​ទី​២​របស់​គេ ដែល​ជា​​គ្រាប់​លើក​​ទី​៥០០​​របស់​គេ​សម្រាប់​ក្លិប បាន​កើត​ឡើង​នៅ​នាទី​ចុង​ក្រោយ​​នៃ​នាទី​បន្ថែម​។

    គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​​របស់ Messi បាន​កើត​ឡើង​មនៅ​ជិត​បញ្ចប់​នៃ​ការ​ប្រកួត​ដ៏​រំភើប​មួយ ដែល​​ចាប់​ផ្តើម​យ៉ាង​ស្វិត​ស្វាញ ខណៈ​ដែល​ខ្សែ​ការ​ពារ Samuel Umtiti បាន​ប្រព្រឹត្ត​កំហុស​ទៅ​​លើ​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ក្នុង​តំបន់​គ្រោះ​ថ្នាក់ ប៉ុន្តែ មិន​​មាន​ការ​ផ្តល់​ការ​​ស៊ុត​បាល់​​ប៉េ​ណាល់​ទី​ឡើយ ខណៈ​ដែល​ខ្សែ​ការ​ពារ Marcelo ក៏​មិន​បាន​រង​ពិន័យ​ផងដែរ សម្រាប់​ការ​ឲ្យ​កែង​ទៅ​លើ Messi​។ ខ្សែ​បម្រើ Casemiro បាន​​ជួយ​ឲ្យ​ក្រុម​ម្ចាស់​ផ្ទះ​រក​គ្រាប់​បាល់​បើក​ឆាក​​នៅនាទី ទី​២៨ នៅ​មុន​ពេល Messi បាន​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​នៅ​នាទី ទី​៣៣ ហើយ​ខ្សែ​បម្រើ Ivan Rakitic បាន​ជួយ​ឲ្យ​ក្រុម Barcelona មាន​គ្រាប់​បាល់​នាំ​មុខ​វិញ​​ជា​មួយ​នឹង​ការ​ស៊ុត​បាល់​ពី​ចម្ងាយប​ញ្ចូល​ទី​យ៉ាងល្អ ខណៈ​ដែល​នៅ​សល់​រយៈ​ពេល​តិ​ច​ជាង​២០​នាទី​ទៀត​។

    ការ​រង​ពិន័យ​កាត​ក្រហម​របស់​ខ្សែ​ការ​ពារ Sergio Ramos សម្រាប់​ការ​ប្រើ​ប្រាស់​ជើង​​ទាំង​ពីរ​ដើម្បី​ឈូស​ដណ្តើម​បាល់​ទៅ​លើ Messi ហាក់​ដូច​ជា​​​ធ្វើ​ឲ្យ​ក្រុម Barca ស្ថិត​នៅ​លើ​ផ្លូវ​ឆ្ពោះ​ទៅកាន់​ការ​ទទួល​ជ័យ​ជម្នះ​ដោយ​ងាយ​ទៅ​ហើយ ប៉ុន្តែ ខ្សែ​ប្រយុទ្ធ​បម្រុង James Rodriguez បាន​រក​គ្រាប់​បាល់​បំ​ប៉ោង​សំណាញ់​នៅ​នាទី ទី​៨៦ ក្រោយ​ពី​ការ​បញ្ជូន​បាល់​របស់ Marcelo ដើម្បី​រក​ក្រាប់​បាល់​តាម​ស្មើ​វិញ​។ បន្ទាប់​មក Messi បាន​​រក​គ្រាប់​បាល់​ឈ្នះ​នៅ​ជិតប​ញ្ចប់​ការ​ប្រកួត​ដើម្បី​ជួយ​ឲ្យ​ក្រុម Barcelona ដណ្តើម​បាន​ជ័យ​ជម្នះ​មួយ​ដែល​ជួយ​ឲ្យ​ពួក​គេ​​តាម​ស្មើ​ពិន្ទុ​ក្រុម Real Madrid ដែល​មាន​៧៥​ពិន្ទុ​ដូច​​គ្នា បើ​ទោះ​បី​ក្រុម Real នៅ​សល់​មួយ​ប្រកួត​ក្នុង​​ដៃ​ក៏​ដោយ​។ ជ័យ​ជម្នះ​នេះ ធ្វើ​ឲ្យ​ក្រុម Barcelona បំពេញ​ការ​ស្តារ​មុខ​មាត់​​មួយ ក្រោយ​ពី​ធ្លាក់​ចេញ​ពី​ក្រប​ខ័ណ្ឌ Champions League វគ្គ​៨​ក្រុម​ចុង​ក្រោយ ក្រោម​ស្នា​ដៃ​ក្រុម Juventus កាល​ពី​ពាក់​កណ្តាល​សប្តាហ៍​​មុន​៕

    ប្រភព​ព័ត៌​មាន៖ The Mirror