Tag: Audi

  • Audi បញ្ចុះ​តម្លៃ​រហូត​ដល់​ម៉ឺនដុល្លារ​សម្រាប់​រថយន្ត​អគ្គិសនី​របស់​ខ្លួន​​ ដើម្បី​ប្រជែង​នឹង Tesla Model S

    Audi បញ្ចុះ​តម្លៃ​រហូត​ដល់​ម៉ឺនដុល្លារ​សម្រាប់​រថយន្ត​អគ្គិសនី​របស់​ខ្លួន​​ ដើម្បី​ប្រជែង​នឹង Tesla Model S

    រថយន្ត​អគ្គិសនី RS e-tron GT អាច​តាម​ទាន់ Model S Plaid របស់ Tesla។ នេះ​គឺជា​ក្ដីសង្ឃឹម​របស់​ក្រុម​ហ៊ុន​ Audi​។ ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ Volkswagen Group មួយ​នេះ​កំពុង​បញ្ចុះ​តម្លៃ​រហូត​ដល់ 20,000 ដុល្លារអាម៉េរិក​ សម្រាប់​ម៉ូដែល e-tron GT គ្រា​ដែល​កំពុង​ចូល​រួមប្រជែង​ក្នុង​ទីផ្សារ​រថយន្ត​អគ្គិសនី​។

    ទន្ទឹមនឹង Porsche Taycan Turbo ក្រុម​ហ៊ុន Audi គឺជា​មួយ​ក្នុង​ចំណោម​អ្នក​ផលិត​រថយន្ត​ដែល​កំពុង​ប្រជែង​ជាមួយ​នឹង​ Tesla Model S ដោយ​ប្រើប្រាស់​ Audi e-tron GT។

    ដោយ​មាន​កម្លាំង​​ឡើង​ដល់​ 637 សេះ​ រថយន្ត​អគ្គិសនី​ Audi e-tron GT អាច​បង្កើន​ល្បឿន​ពី 0 ដល់ 100 គីឡូម៉ែត្រ​/ម៉ោង ដោយ​ចំណាយ​ពេល​តែ 3.1 វិនាទី​។ ថ្មលីចូម – អ៊ីយ៉ុង (lithium-ion) 93 kWh របស់​វា​ ជួយ​ឱ្យ​ធ្វើដំណើរ​បាន​ 400 គីឡូម៉ែត្រ​ និង​អាច​បញ្ចូល​ថាមពល​រហ័ស​ ចាប់​ផ្ដើម​ពី 5% ឡើងដល់ 80% ដោយ​ប្រើ​ពេល​ 22.5 នាទី​។

    ក្រុម​ហ៊ុន Audi កំពុង​បញ្ចុះ​តម្លៃ​ 20,000 ដុល្លារ​ សម្រាប់ RS e-tron GT 2023។ នេះ​បើតាម​ព័ត៌មាន​ដែល​ត្រូវ​បាន​ Audi ផ្ញើ​ទៅ​កាន់​តំណាង​ចែក​ចាយ​នានា​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។

    Audi RS e-tron GT

    ក្រោយ​ពី​បញ្ចុះ​តម្លៃ 20,000 ដុល្លារ Audi RS e-tron GT នៅ​តែ​មាន​តម្លៃ​ចាប់​ពី 125,395 ដុល្លារ​ ខ្ពស់ជាង​ឆ្ងាយ​ធៀប​នឹង​ 80,890 ដុល្លារ​របស់ Model S Plaid របស់ Tesla។

    Tesla Model S Plaid បំពាក់​ម៉ូទ័រ​អគ្គិសនី​កម្លាំង 1,020 សេះ​ អាច​បង្កើន​ល្បឿន​ចាប់ពី 0 ដល់ 100 គីឡូម៉ែត្រ​/ម៉ោង​ដោយ​ស៊ី​​ពេល 1.99 វិនាទី​ និង​ធ្វើ​ដំណើរ​បាន​រហូត​ដល់ 637 គីឡូម៉ែត្រ​ ក៏ដូចជា​អាច​រត់ក្នុងល្បឿន​ 200 ម៉ាយ​/ម៉ោង ឬជិត 222 គីឡូម៉ែត្រ​/ម៉ោង​។

    Model S Plaid របស់ Tesla

    ក្រៅ​ពី RS e-tron GT ក្រុម​ហ៊ុន Audi ក៏​កំពុង​បញ្ចុះ​តម្លៃ​ 12,500 ដុល្លារ​សម្រាប់ e-tron GT 2023 កំណែ​ស្ដង់ដា, បញ្ចុះតម្លៃ​ 10,000 ដុល្លារ​សម្រាប់ RS e-tron GT 2024 និង​ 5,000 ដុល្លារ​សម្រាប់​ e-tron GT 2024 កំណែ​ធម្មតា​៕

  • ក្រុមហ៊ុនមេ​របស់ Facebook បង្ហាញ AI និពន្ធ​បទ​ភ្លេង​ពី​សំណេរ

    ក្រុមហ៊ុនមេ​របស់ Facebook បង្ហាញ AI និពន្ធ​បទ​ភ្លេង​ពី​សំណេរ

    AudioCraft គឺជា AI (បញ្ញា​សិប្បនិម្មិត) ដែល​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​និពន្ធ​បទ​ភ្លេង ឬ​សំឡេង​បែប​អាជីព​ដោយ​គ្រាន់តែ​ត្រូវការ​សំណេរ​​រៀបរាប់​អំពី​ខ្លឹមសារ​ដែល​ត្រូវការ​បង្កើត។

    ចូរ​ស្រមៃ​មើលថា​វា​អស្ចារ្យ​កម្រិត​ណា​ នៅ​ពេល​​តន្ត្រីករ​អាជីព​ម្នាក់​អាច​បង្កើត​​​ស្នាដៃ​និពន្ធ​ថ្មី​ដោយ​មិនចាំបាច់​លេងភ្លេង​អ្វី​ទាំងអស់ ឬថា អ្នកជំនួញ​ម្នាក់​ចង់​បន្ថែម background music (ខ្ញុំ​ហៅថា តន្ត្រី​កំដរ) ទៅក្នុង​វីដេអូ​ផ្សាយពាណិជ្ជកម្ម​ថ្មី​បំផុត​។ «នោះ​គឺ​នៅពេល AudioCraft បញ្ចេញ​ប្រសិទ្ធភាព» តំណាង​​របស់ Meta ឱ្យដឹង​ដូច្នេះ។

    យោងតាម Meta ឧបករណ៍ AudioCraft បំពាក់​បញ្ញា​សិប្បនិម្មិត​ចំនួន 3 រួមមាន MusicGen, AudioGen និង Encodec។ MusicGen គឺជា AI ដែល Meta អភិវឌ្ឍ​តាំងពី​ឆ្នាំ 2022 និង​អាចបង្កើត​សូរសព្ទ​​តន្ត្រី​ពី​សំណេរ ខណៈដែល AudioGen មាន​ជំនាញ​ខាង​កែប្រែ​សំឡេង ហើយក៏​អាចបង្កើត​សំឡេង​ពី​សំណេរ មាន​ជា​អាទ៌ សំឡេង​សុនក​ព្រុស សំឡេង​ស៊ី​ផ្លេ​ឡាន ឬ​​សំឡេង​ស្បែក​ជើង​មនុស្ស​ដើរ​ជាដើម។

    ចំណែក EnCodec វិញ គឺជា​ឧបករណ៍​ដោះ​កូដ​សំឡេង​ដោយយោង​ទៅលើ AI ដែល​បង្ហាញ​វត្តមាន​កាលពី​ឆ្នាំ 2022។ AI នេះ​ក៏​អាច​និពន្ធ​បទ​ភ្លេង​គុណភាព​ខ្ពស់​ដោយ​មិនត្រូវ​ការ​សំណេរ​ច្រើន​ផងដែរ។ ទាំងអស់​ខាងលើនេះ​ត្រូវបាន​ហៅថា AudioCraft ដែលជា​កម្មវិធី​បង្កើត​សំឡេង​ប្រកបដោយ​គុណភាព និង​ងាយស្រួល​ប្រើប្រាស់​។

    បច្ចុប្បន្ន ឧបករណ៍​បញ្ញា​សិប្បនិម្មិត​ចេះ​និពន្ធ (Generative artificial intelligence) អាចបង្កើត​រូបភាព និង​វីដេអូ​ដែលស្ទើរ​តែ​​ដូច​បេះ​បិទ​ទៅនឹង​ការពិត​ជាក់ស្ដែង ដោយគ្រាន់​តែ​​ប្រើប្រាស់​សំណេរ។ ក៏ប៉ុន្តែ ក្នុង​វិស័យ​សំឡេង វា​ហាក់​មិនទាន់​រីកចម្រើន​នៅឡើយ ដោយសារតែ​វា​មាន​ភាពលំបាក​ជាង​វិស័យ​ដទៃ៕

  • Ronaldo ថា «Saudi Pro League នៅ​អារ៉ាប់ ល្អ​ជាង MLS នៅ​អាម៉េរិក»

    Ronaldo ថា «Saudi Pro League នៅ​អារ៉ាប់ ល្អ​ជាង MLS នៅ​អាម៉េរិក»

    (ព័រទុយហ្កាល់) – Cristiano Ronaldo អះអាងថា មិន​ចូលចិត្ត​ប្រកួត​នៅ​ពានរង្វាន់​បាល់ទាត់​អាជីព​អាម៉េរិក MLS ជាទី​ដែល Lionel Messi ទើបតែ​បាន​ក្លាយជា​សមាជិក។

    «Saudi Pro League ល្អ​ជាង MLS» ខ្សែប្រយុទ្ធ​វ័យ 38 ឆ្នាំ លោក Ronaldo ឆ្លើយ​ដូច្នេះ​នៅពេល​ត្រូវបាន​សួរ​អំពី​លទ្ធភាព​ទៅ​ទាត់​នៅ​សហរដ្ឋ​អាម៉េរិក​ដូច Messi ដែល​ធ្លាប់​ជា​គូប្រជែង​មួយ​រយៈពេល​របស់គាត់​នៅ​ទ្វីបអឺរ៉ុប។

    Ronaldo ក៏​និយាយថា មាន​មោទកភាព​នៅពេល​បាន​ក្លាយជា​អ្នកបើក​ផ្លូវ​សម្រាប់​ការ​មក​ទាត់​នៅ Saudi Pro League។ «ពេលនេះ កីឡាករ​នាំគ្នា​សម្រុក​មកកាន់​ទីនេះ» អតីត​កីឡាករ​របស់ Real និង Man Utd បន្ថែម​ដូច្នេះ។

    Ronaldo បាន​ចូលមក​កាន់​ក្លឹប Al Nassr កាលពី​ខែមករា​ឆ្នាំ 2023 បន្ទាប់ពី​ដើរចេញ​ពី Man Utd ព្រោះ​តែមាន​បញ្ហា​ជាមួយ​គ្រូបង្វឹក។ កីឡាករ​ដែល​ដើរ​តាម​គន្លង​របស់ CR7 រួមមាន Karim Benzema, Marcelo Brozovic, N’Golo Kante និង Roberto Firmino ជាដើម ទន្ទឹមនឹង​វត្តមាន​របស់​គ្រូបង្វឹក​ល្បីឈ្មោះ​ជាច្រើនរូប​ផងដែរ។ សកម្មភាព​ទាំងនេះ​បាន និង​កំពុង​ជួយ​លើកកម្ពស់​លំដាប់​របស់​ពានរង្វាន់ Saudi Pro League នៅ​អា​រ៉ា​ប៊ី​សា​អូឌីត។

    ក៏ប៉ុន្តែ ក្លឹប​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត (Al Hilal) មិនអាច​បញ្ចុះបញ្ចូល Messi ឱ្យមក​កាន់​ប្រទេស​នេះ​បាន ក្រោយពី M10 ចប់​កិច្ចសន្យា​ជាមួយនឹង​ក្លឹប PSG នៅ​ប្រទេស​បារាំង។ កំពូល​តារាបាល់ទាត់រ​បស់​អា​ហ្ស​ង់​ទីន បានសម្រេច​ចិត្ត​ជ្រើស​យក​ក្លឹប Inter Miami និង​ត្រូវបាន​បង្ហាញខ្លួន​ជា​ផ្លូវការ​កាលពី​ម្សិលមិញ៕

  • រក​បាល់​បាន​ជាង 10 គ្រាប់​ឱ្យ Al-Nassr ប៉ុន្តែ CR7 នៅតែ​​មិន​អាច​សប្បាយ​​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត

    រក​បាល់​បាន​ជាង 10 គ្រាប់​ឱ្យ Al-Nassr ប៉ុន្តែ CR7 នៅតែ​​មិន​អាច​សប្បាយ​​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត

    Cristiano Ronaldo មិនមាន​ឈ្មោះ​ក្នុង​ក្រុម​កីឡាករ​ឆ្នើម​របស់​ពានរង្វាន់ Saudi Pro League ក្នុង​រដូវ​កាល 2022-2023 បើ​ទោះ​ទាត់​បញ្ចូល​ទី​បាន 14 គ្រាប់​ឱ្យ Al-Nassr។

    Ronaldo មក​ទាត់​ឱ្យ​ក្លឹប Al-Nassr កាលពី​ខែមករា​ឆ្នាំនេះ តែ​មិនមាន​ឈ្មោះ​ក្នុង​ក្រុម​កីឡាករ​ឆ្នើម​បំផុត​​នៅ​​ពានរង្វាន់​លំដាប់​កំពូល​របស់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត នា​រដូវ​កាល 2022-2023។ ជំនួស​មកវិញ កីឡាករ​ដែល​ត្រូវបាន​ជ្រើសរើស​ជា​កំពូល​កីឡាករ​ឆ្នើម​គឺ Odion Ighalo របស់​ក្លឹប Al-Hilal ក្រោយពី​រកបាន 19 គ្រាប់​នៅក្នុង 27 ប្រកួត រួម​នឹង​កីឡាករ​ដទៃ​ទៀត​។

    ក្លឹប Al-Nassr អូសទាញ​បាន CR7 ក្រៅ​ពី​កីឡាករ​ព័រទុយហ្កាល់​រូបនេះ​បញ្ចប់​កិច្ចព្រមព្រៀង​ជាមួយ Manchester United។ បន្ទាប់មក Ronaldo បាន​ចូលរួម​ប្រកួត​ឱ្យ​ក្លឹប​ថ្មី​បាន 16 ប្រកួត និង​រកបាន 14 គ្រាប់។ ប៉ុន្តែ ទោះ​ជាមាន​វត្តមាន​រប​ស់ CR7 ក្លឹប​នៅ​រាជធានី​រី​យ៉ា​ដ នៅតែ​មិនអាច​ដណ្ដើមបាន​តំណែង​ជើងឯក ដោយបាន​ត្រឹមតែ​លេខ​ពីរ​បន្ទាប់ពី Al-Ittihad។

    បើ​សិន​ជា​​គិត​រក​មធ្យម​ភាគ​នៃ​ចំនួន​គ្រាប់​បាល់​ដែល​ Odion Ighalo និង​ Cristiano Ronaldo រក​បាន​នៅ​ក្នុង​មួយ​ប្រកួត​ ​ឃើញ​ថា Ighalo រក​បាន​​ 0.703 គ្រាប់​​/ប្រកួត តិច​ជាង​ 0.172 គ្រាប់​/​ប្រកួត​ ​ធៀប​នឹង​ 0.875 គ្រាប់​​/​ប្រកួត​​របស់​ CR7។

    ការដែល​ម្ចាស់​គ្រាប់​បាល់​មាស 5 គ្រាប់​មិនមាន​ឈ្មោះ​នៅក្នុង​ក្រុម​កីឡាករ​ឆ្នើម​របស់ Saudi Pro League បានធ្វើឱ្យ​អ្នកគាំទ្រ​មួយចំនួន​មិន​សប្បាយចិត្ត។

    កីឡាករ​ឆ្នើម​ជាង​គេ​ប្រចាំ​ Saudi Pro League រដូវកាល​ 2022-2023

    Ronaldo ប្រាកដជា​នឹង​ស្ដារ​សមិទ្ធផល​របស់ខ្លួន​នៅ​រដូវ​កាល​ក្រោយ និង​អាចជួយ​ឱ្យ Al-Nassr លើក​ពាន​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​នៅ​ឆ្នាំ 2023-2024។ ក៏ប៉ុន្តែ ពួកគេ​នឹងត្រូវ​ប៉ះ​ជើង​ខ្លាំង​របស់ Al-Ittihad ជាថ្មី ដោយនៅ​ទីនោះ​នឹងមាន​វត្តមាន​របស់ Karim Benzema និង Kante ផងដែរ៕

  • ហេតុ​អ្វី Lionel Messi ជ្រើស​រើស​​​ក្លឹប Inter Miami របស់ David Beckham ?

    ហេតុ​អ្វី Lionel Messi ជ្រើស​រើស​​​ក្លឹប Inter Miami របស់ David Beckham ?

    កំពូល​តារាបាល់ទាត់​ពិភពលោក Lionel Messi នឹង​ចូល​ជា​សមាជិក​របស់​ក្លឹប​បាល់ទាត់​អាម៉េរិក Inter Miami ក្រោយពី​កិច្ចព្រមព្រៀង​ជាមួយ PSG អស់​សុពលភាព។

    យោងតាម BBC កំពូល​កីឡាករ​របស់​អា​ហ្ស​ង់​ទីន នឹង​បដិសេធ​ប្រាក់បៀវត្សរ៍ 430 លាន​ដុល្លារ​អាម៉េរិក/ឆ្នាំ នៅ​អា​រ៉ា​ប៊ី​សា​អូឌីត ដើម្បី​ជ្រើស​យក​ការអញ្ជើញ​ពី​ក្លឹប Inter Miami នៅ​សហរដ្ឋ​អាម៉េរិក។ ដើម្បី​ទាក់ទាញ Messi មកលេង​នៅ​ពានរង្វាន់​បាល់ទាត់​អាជីព​អាម៉េរិក (MLS) ក្លឹប Miami បាន​សហការ​ជាមួយ​ក្រុមហ៊ុនធំៗជាច្រើន មានដូចជា Adidas និង Apple ជាដើម។

    នេះ​គឺជា​លើកដំបូង​ដែល Messi លេង​បាល់​នៅ​ខាងក្រៅ​ទ្វីបអឺរ៉ុប។ M10 ចង់​ទាត់​នៅ​អឺរ៉ុប​មួយ​រដូវ​កាល​ទៀត ដោយ​ផ្ដល់​អាទិភាព​ឱ្យ Barca ប៉ុន្តែ​មិន​ទទួលបាន​សំណើ​ទាល់តែសោះ ដោយសារតែ​ក្លឹប​នេះ​កំពុង​ជួប​បញ្ហា​ហិរញ្ញវត្ថុ។ Messi អាច​ជ្រើសរើស​តែ Inter Miami ឬ Al Hilal។

    មនុស្ស​ជាច្រើន​ចង់ឃើញ Messi លេង​ឱ្យ Al Hilal ដើម្បី​បាន​ប៉ះ​ជាមួយ Ronaldo និង Karim Benzema នៅ​អា​រ៉ា​ប៊ី​សា​អូឌីត។ ពានរង្វាន់ Saudi League ប្រទេស​នេះ អាចមាន​លក្ខខណ្ឌ​ល្អ​ជាង MLS ប៉ុន្តែ M10 ចង់​លេង​នៅ​សហរដ្ឋ​អាម៉េរិក​ជាង ព្រោះតែ​កត្តា​មួយចំនួន រួមមាន ការរស់នៅ និង​កិច្ចសហការ​ជាមួយ​បណ្ដា​យីហោធំៗ លើសពី​វិស័យ​បាល់ទាត់។ Messi ក៏មាន​ផ្ទះមួយ​ខ្នង​នៅ Miami រដ្ឋ Florida ដែល​កំពុង​ជួល​ឱ្យគេ។

    ក្លឹប Inter Miami ជា​កម្មសិទ្ធិ​របស់​មហា​សេដ្ឋី Jorge Mas, Jose Mas និង​អតីត​កំពូល​កីឡាករ​បាល់ទាត់​អង់គ្លេស David Beckham។ Beckham ក៏​កាន់តំណែង​ប្រធាន​នៅ​ក្លឹប​នេះ​ផងដែរ៕

  • កីឡាករ​បាល់ទាត់​ពិភពលោក​ 13 រូប ​ដែល​អាច​ទៅ​ទាត់​នៅ Saudi Pro League

    កីឡាករ​បាល់ទាត់​ពិភពលោក​ 13 រូប ​ដែល​អាច​ទៅ​ទាត់​នៅ Saudi Pro League

    ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត បាន​ត្រៀមខ្លួន​រួចហើយ​ដើម្បី​បញ្ចេញ​ទឹកប្រាក់​ក្នុង​រដូវ​ទិញដូរ​កីឡាករ​នា​រដូវក្ដៅ នៅក្នុង​ការប្រឹងប្រែង​នាំយក​កំពូល​តារាបាល់ទាត់​នានា​របស់​ពិភពលោក និង​លើក​ពានរង្វាន់ Pro League របស់ខ្លួន​ឡើងទៅ​កាន់​ផែនទី​ពិភព​បាល់ ក្នុង​គ្រាដែល​ប្រទេស​នេះ​កំពុង​​ខិតខំ​សម្រាប់​ការទទួល​ធ្វើជា​ម្ចាស់ផ្ទះ World Cup 2030។

    ថ្វីបើ​រដូវ​កាល​ដោះដូរ​កីឡាករ​ឆ្នាំ 2023 មិនទាន់​មកដល់ ប៉ុន្តែ​មួយ​ក្នុងចំណោម​ប្រធានបទ​ដែល​ត្រូវបាន​គេ​លើកឡើង​ញឹកញាប់​ជាងគេ​ក្នុង​មួយរយៈ​ពេល​ខ្លី​ចុង​ក្រោយនេះ គឺពាន​រង្វាន់​ Saudi Pro League។

    ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត មិន​ធ្លាប់ជា​ទីសំចត​សំខាន់​របស់​កីឡាករ​បាល់ទាត់​ពិភពលោក ប៉ុន្តែ​អារ៉ាប៊ីសាអូឌីត​​កំពុង​តែ​ប្ដេជ្ញាចិត្ត​កែប្រែ​ប្រការនេះ។ ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់ Saudi Pro League កំពុងតែ​ដើរតួនាទី​ជា​អ្នក​ទាក់ទាញ​កីឡាករល្បីៗរបស់​ពិភពលោក ក្នុងនោះ ពានរង្វាន់​នេះ​ក៏​ធ្លាប់​ទាក់ទាញ​បាន Cristiano Ronaldo ដែល​ចូលរួម​ប្រកួត​តាំងពី​ខែធ្នូ 2022 ហើយថ្មីៗនេះ Karim Benzema ក៏បាន​សម្រេចចិត្ត​មក​ចូលរួម បន្ទាប់ពី​​ចាក​ចេញពី Real Madrid។

    អា​រ៉ា​ប៊ី​សា​អូឌីត កំពុងតែ​ធ្វើ​សកម្មភាព​សម្រាប់​ការរៀបចំ World Cup 2023 ក្នុងនោះ ប្រទេស​នេះ​ក៏បាន​ត្រៀម​​រួចរាល់​សម្រាប់​ការចំណាយ​ប្រាក់​ដ៏​ច្រើន​ដើម្បី​អាច​ក្លាយជា​ប្រទេស​បាល់ទាត់។ Ronaldo កំពុង​ទទួលបាន 177 លាន​ផោន/ឆ្នាំ ពី​ក្លឹប​បាល់ទាត់ Al-Nassr ហើយ​នេះ​គឺជា​ប្រាក់បៀវត្សរ៍​ដែល​កំពុង​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​កីឡាករល្បីៗរបស់​ពិភពលោក ក្នុងនោះ​មាន​ទាំង Lionel Messi ព្រោះថា M10 បច្ចុប្បន្ន​គឺជា​ទូត​ទេសចរណ៍​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​ស្រាប់ ខណៈ​ទំនាក់ទំនង​រវាង​កីឡាករ​រូបនេះ​ជាមួយនឹង​ក្លឹប PSG ក៏​ជិត​ដាច់​ជា​ផ្លូវការ​ហើយ​ដែរ។ ពេលនេះ Messi អាច​យកតម្រាប់​តាម Ronaldo។

    ក៏ប៉ុន្តែ Messi មិនមែនជា​កីឡាករ​តែ​ម្នាក់​គត់​ដែល​កំពុង​ពិចារណា​លើ​ការ​មក​ទាត់​ឱ្យ​បណ្ដា​ក្លឹប​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​។ ប្រភពព័ត៌មាន​នៅ​ប្រទេស​បារាំង​ឱ្យដឹងថា ក្លឹប Al-Hilal ក៏បាន​លើកសំណើ​ជា​កិច្ចព្រមព្រៀង​ជាមួយនឹង Sergio Busquets, Jordi Alba និង Marco Verratti នៅក្នុង​ការប្រឹងប្រែង​ដើម្បី​បញ្ចុះបញ្ចូល Messi ឱ្យមក​ចូលរួម​គម្រោង​របស់​ក្លឹប​នេះ។

    M10 បច្ចុប្បន្ន​គឺជា​ទូត​ទេសចរណ៍​របស់​អា​រ៉ា​ប៊ី​សា​អូឌីត

    ក្រៅពីនេះ​នៅមាន​កីឡាករ​ជាច្រើន​ទៀត រួមមាន​ដូចជា Hugo Lloris, Roberto Firmino, Luka Modric, Sergio Ramos, N’Golo Kante, Pierre-Emerick Aubameyang, Wilfried Zaha, Iago Aspas ជា​ដើម​ ក៏​ទទួលបាន​ការស្នើ ឬ​ការបញ្ចុះ​បញ្ចូល​ឱ្យមក​ទាត់​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​ផងដែរ។

    ចលនា​ខាងលើនេះ មួយផ្នែក​ត្រូវបាន​ចាប់ផ្ដើម​ពី​ករណី មូលនិធិ​វិនិយោគសាធារណៈ (PIF) របស់​អា​រ៉ា​ប៊ី​សា​អូឌីត ទិញ​ក្លឹប​បាល់ទាត់​ចំនួន​បួន​នៅ​ប្រទេស​នេះ ដែល​រួមមាន ក្លឹប Al-Ittihad, Al-Ahli, Al-Nassr និង Al-Hilal។ PIF ដែលជា​ម្ចាស់​កម្មសិទ្ធិ​របស់ Newcastle ដែរនោះ ហាក់​កំពុង​ប្ដេជ្ញាចិត្ត​ខ្ពស់​ដើម្បី​បង្ក​ការភ្ញាក់ផ្អើល​ក្នុង​វិស័យ​បាល់ទាត់ ដោយ​ការចំណាយ​ប្រាក់​យ៉ាងច្រើន​សន្ធឹក​សម្រាប់​ទាក់ទាញ​កីឡាករ។

    ទោះជា​យ៉ាងណាក៏ដោយ គេ​នៅតែ​ត្រូវ​រង់ចាំ​មើលថា តើ​មាន​កីឡាករ​ប៉ុន្មាន​នាក់​ក្នុងចំណោម​កីឡាករ​ដែល​បាន​រៀបរាប់​ខាងលើ ព្រម​ទទួលយក​សំណើ​របស់​បណ្ដា​ក្លឹប​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត៕

  • Ronaldo បង្ក​ការភ្ញាក់ផ្អើល​នៅ​អាស៊ីអាគ្នេយ៍ ក្រោយ​ចាក​ចេញពី​ក្លឹប Al Nassr

    Ronaldo បង្ក​ការភ្ញាក់ផ្អើល​នៅ​អាស៊ីអាគ្នេយ៍ ក្រោយ​ចាក​ចេញពី​ក្លឹប Al Nassr

    បន្ទាប់ពី​ទទួលបាន​ការអនុញ្ញាត​ឱ្យ​ចាក​ចេញពី Al Nassr នៅមុន​អស់​រដូវ​កាល Cristiano Ronaldo បានធ្វើ​ដំណើរ​មកកាន់​ប្រទេសមួយ​នៅ​អាស៊ីអាគ្នេយ៍ ហើយក៏​បានបង្ក​ការ​​​ភ្ញាក់ផ្អើល​ខ្លាំង​នៅ​ទីនេះ។

    ថ្មីៗនេះ Ronaldo ត្រូវបាន​គ្រូបង្វឹក​អនុញ្ញាតឱ្យ​ចាកចេញ​ពី​ក្លឹប Al Nassr ប៉ុន្តែ​មិនមែន​ដើម្បី​ទាត់​​ជុំ​ចុងក្រោយ​នៅ Saudi Pro League (SPL) ឡើយ ព្រោះថា នេះ​គ្រាន់តែ​ជាការ​ប្រកួត «បំពេញបែបបទ» ប៉ុណ្ណោះ ដោយសារតែ​ក្លឹប​នេះ​បាន​អស់​ឱកាស​ប្រកួតប្រជែង ហើយ​ត្រូវ​ឈរ​មើល Al Ittihad លើក​ពាន។

    បើទោះជា​សូម​​ឈប់ និង​ចាក​ចេញពី Al Nassr មុន​ការបញ្ចប់​រដូវ​កាល ប៉ុន្តែ Ronaldo មិនបាន​ត្រលប់​ទៅ​ព័រទុយហ្កាល់​ដើម្បី​សម្រាក​នោះ​ទេ។ ជំនួស​មកវិញ កំពូល​តារាបាល់ទាត់​វ័យ 38 ឆ្នាំ​រូបនេះ​បែរជា​ធ្វើដំណើរ​មក​សិង្ហ​បុរី​ទៅវិញ កាលពី​ថ្ងៃទី 02 មិថុនា 2023។

     

    តប​តាម​ការអញ្ជើញ​របស់ Peter Lim ដែលជា​អ្នកជំនួញ​ជនជាតិ​សិង្ហ​បុរី Ronaldo ក៏​ចូលរួម​ព្រឹត្តិការណ៍​ចែក​អាហារូបករណ៍​ដល់​កុមារ​នៅ​ប្រទេស​នេះ និង​ធ្វើជា​វាគ្មិន ចែករំលែក​បទពិសោធ​ន៍ និង​ផ្ដល់​កម្លាំងចិត្ត​ដល់​យុវជន យុវនារី​ដែល​ស្ថិតក្នុង​ស្ថានភាព​លំបាក។

    វត្តមាន​របស់ Ronaldo នៅ​សិង្ហ​បុរី ទទួលបាន​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង។ ទោះជា​បង្ហាញខ្លួន​ប្រហែល 15 នាទី​នៅ​ឧទ្យាន Singapore Botanic Gardens ប៉ុន្តែ​មាន​មនុស្ស​ជាច្រើន​បាន​ស្គាល់ និង​ដេញតាម​ពីក្រោយ​រថយន្ត​របស់ CR7 ដើម្បី​រក​ឱកាស​បាន​ថតរូប​ជាមួយ ឬ​ចង់ឃើញ​ផ្ទាល់​នឹង​ភ្នែក។

    ក្រោយពី​បញ្ចប់​សកម្មភាព​នៅ​សិង្ហ​បុរី ទើប Ronaldo ត្រលប់​ទៅ​ស្រុកកំណើត​ដើម្បី​សម្រាក និង​ត្រៀមខ្លួន​សម្រាប់​​ការប្រកួត​របស់​ក្រុម​ជម្រើសជាតិ​ព័រទុយហ្កាល់​នៅ វគ្គ​ជម្រុះ Euro 2024 នាពេលខាងមុខ។ តាម​កាលវិភាគ នៅ​ថ្ងៃទី 18 និង 21 ខែ​នេះ ព័រទុយហ្កាល់​នឹង​ប្រកួត​បន្តបន្ទាប់​ជាមួយ​បូ​ស្នី និង​អ៊ី​ស្លង់៕

  • CR7 បង្ហាញ​ថ្វី​ជើង ជួយ​ឱ្យ Al Nassr បន្ត​​ក្ដី​ស្រមៃ​លើក​ពាន​​នៅ​អារ៉ាប៊ីសាអូឌីត

    CR7 បង្ហាញ​ថ្វី​ជើង ជួយ​ឱ្យ Al Nassr បន្ត​​ក្ដី​ស្រមៃ​លើក​ពាន​​នៅ​អារ៉ាប៊ីសាអូឌីត

    Cristiano Ronaldo រក​បាន​គ្រាប់​បាល់​ដែល​សម្រេច​ឱ្យ​ Al Shabab ចាញ់​ការ​ប្រកួត​ និង​ជួយ​ឱ្យ​ Al Nassr បន្តក្ដី​ស្រមៃ​ក្លាយ​ជា​ជើង​ឯក​ Saudi Pro League 2022/2023​។

    នៅ​វេលា​ទៀប​ភ្លឺ​ ថ្ងៃទី 24 ឧសភា (វេលា​នៅ​កម្ពុជា) CR7 និង​ក្រុម Al Nassr ឈាន​ចូល​ដល់​ជុំ​ទី 27 នៃ​ការ​ប្រកួត​បាល់​ទាត់​ដណ្ដើម​ពាន​រង្វាន់​ Saudi Pro League 2022/2023 ​ដោយ​ការ​ប្រកួត​ជាមួយ​ក្រុម​ Al Shabab នៅ​លើ​ទីលាន​​របស់ Al Nassr​។

    ថ្វី​បើ​មាន​កីឡាករ​ជើង​ខ្លាំង​ច្រើន​នាក់ ប៉ុន្តែ Al Nassr ត្រូវ​បាន​ក្រុម​ភ្ញៀវ​​ Al Shabab នាំ​មុខ​ 2-0​ នៅ​នាទី​ទី 25 និង 40 ​ក្នុង​តង់​ទី​មួយ​។ ប៉ុន្តែ ក្រុម​ម្ចាស់​ទី​លាន​ Al Nassr ក៏រក​បាន​មួយ​គ្រាប់​នៅ​ចុង​​តង់​​ទី​មួយ​ ដោយ​ថ្វី​ជើង​របស់ Talisca​។

    ចូល​ដល់​តង់​ទី​ពីរ កីឡាករ Ghareeb របស់​ Al Nassr ក៏​ស៊ុត​បញ្ចូល​ទី​បាន​មួយ​គ្រាប់នៅ​នាទី​ទី 51 ជួយ​ឱ្យ​គ្រាប់​បាល់​ស្មើ 2-2​។

    នៅ​នាទីទី​ 59 Ronaldo ទទួល​បាន​បាល់​ រួច​បន្ត​អូស​ទៅ​មុខ ឆ្លង​ផុត​ខ្សែ​ការ​ពារ​របស់​ Al Shabab ហើយ​ទាត់​ផ្ដាច់សំដៅ​​ជ្រុង​ទី​​​បាន​សម្រេច​ ជួយ​ឱ្យ Al Nassr នាំ​មុខ 3-2​ ហើយ​នេះ​ក៏​ជា​លទ្ធផល​ចុង​ក្រោយ​នៃ​ការ​ប្រកួត​។

    ជ័យ​ជម្នះ​នេះ​ក៏​ជួយ​ឱ្យ​ Al Nassr បន្ត​ដេញ​តាម​ក្រុម​កំពូល​តារាង Al Ittihad ដោយ​មាន​គម្លាត​ 3 ពិន្ទុ​ គ្រា​ដែល​ Al Nassr នៅ​សល់​ពីរ​ប្រកួត​ទៀត​​៕

  • Audi និងកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានក្នុងប្រទេសកម្ពុជា

    Audi និងកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានក្នុងប្រទេសកម្ពុជា

    អស់រយៈពេលជាង 30 ឆ្នាំកន្លងមកនេះ Audi គីជាដៃគួរដ៏ល្អជាមួយវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ានដែលបានផ្គត់ផ្គង់ចំនួនរថយន្តដ៏ច្រើនសម្រាប់កិច្ចប្រជុំប្រចំាឆ្នំា នៅទីក្រុងដារ៉ូស ប្រទេសស្វីស។

    នេះគឺជាលើកទី១ហើយ ដែលព្រឹត្តិការណ៍នៃកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកនៅអាស៊ាននឹងត្រូវធ្វើឡើងនៅរាជធានីភ្នំពេញចាប់ពីថ្ងៃទី 10 ដល់ ថ្ងៃទី 12 ខែឧសភា ឆ្នាំ 2017 ។

    នៅឆ្នាំ 2017 សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ទាំង 10ប្រទេស ប្រារព្ធខួបលើកទី 50ឆ្នាំនៃការពង្រឹងឯកភាព និងការលើកកម្ពស់សេដ្ឋកិច្ច។ វិថីឆ្ពោះទៅមុខអាចនាំឱ្យ 50ឆ្នាំខាងមុខ មានភាពរុងរឿង ប៉ុន្ដែមានតែអាស៊ានប៉ុណ្ណោះដែលអាចធ្វើឱ្យភាពខ្លាំងរបស់ខ្លួនកាន់តែមានភាពរឹងមាំបានពេញលេញ និងដឹកនាំទៅរកការប្រកួតប្រជែងបាន។ នៅក្នុងចំណោមភាពខ្លាំងរបស់ខ្លួន តំបន់អាស៊ានមានប្រជាជនចំនួន 360លាននាក់ ក្នុងនោះច្រើនជាងពាក់កណ្ដាលមានអាយុក្រោម 30ឆ្នាំ។ ក្ដីសង្ឃឹមនេះ ជាភាគលាភប្រជាសាស្រ្ដដ៏មានឥទ្ធិពលមួយដែលនឹងធ្វើឱ្យសេដ្ឋកិច្ចរីកចម្រើនមានអត្រាខ្ពស់នៅពេលថ្ងៃអនាគត។

    អ្វីដែលសំខាន់ ឥទ្ធិពលនៃការផ្លាស់ប្ដូររបស់បដិវដ្ដន៍ឧស្សាហកម្មទីបួន មានសក្ដានុពលភាពដើម្បីផ្ដល់នូវភាគលាភឌីជីថលដ៏ខ្លាំង។ ពេលដែលបច្ចេកវិទ្យាឌីជីថលកំពុងមានដំណើរការ បច្ចេកវិទ្យានេះគួរតែជំរុញបន្ថែមដល់ឧស្សាហកម្មថ្មី និងម៉ូឌែលអភិវឌ្ឍន៍មានឥទ្ធិពលខ្លាំងក្លា។ ប៉ុន្ដែមិនមានអ្វីដែលអាចធានាបានឡើយ ដើម្បីកាត់បន្ថយចំនួនភាគលាភទាំងនេះបាន អ្វីដែលត្រូវធ្វើបន្ដគឺការអប់រំ សហគ្រិនភាព បទបញ្ញាត្តិឌីជីថល ពាណិជ្ជកម្មក្រៅប្រទេស អភិបាលកិច្ច និងអ្វីៗជាច្រើនទៀត។

    កាលពីជាង 40ឆ្នាំមុន កិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកត្រូវបានបង្កើតឡើងជាវេទិការសម្រាប់ថ្នាក់ដឹកនាំផ្នែកធុរកិច្ច និងអ្នកនយោបាយធ្វើការជជែកពិភាក្សា អំពីរបៀបក្នុងការ “គិតឡើងវិញ រចនាឡើងវិញ និងកសាងឡើងវិញ”។ ក្នុងនាមជាអង្គការអន្តរជាតិដើម្បីកិច្ចសហប្រតិបត្តិការក្នុងវិស័យសាធារណៈ និងឯកជន វេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ាននឹងក្លាយជាវេទិការដ៏ល្អបំផុតសម្រាប់អ្នកធ្វើសេចក្ដីសម្រេចចិត្តជាន់ខ្ពស់មកពីផ្នែក/វិស័យជាច្រើន ដើម្បីធ្វើការសម្របសម្រួលលើការសហការគ្នារវាង ឧស្សាហកម្ម រដ្ឋាភិបាល និងសង្គមស៊ីវិល ព្រមទាំងធ្វើការកែប្រែអនាគតឱ្យកាន់តែប្រសើឡើងសម្រាប់តំបន់ក្មេងខ្ចីនេះ។

    Audi ជាភាសាអាល្លឺម៉ង់ Vorsprung durch Technik មានន័យថា ភាពជឿនលឿនទៅមុខតាមរយៈបច្ចេកវិទ្យា ហើយវាជាអ្វីដែល Audi បានធ្វើអស់រយៈពេលជាង 100 ឆ្នាំកន្លងមកហើយ។ កាលពីបីឆ្នាំមុន Audi បានបង្ហាញខ្លួននៅរាជធានីភ្នំពេញ ហើយបច្ចុប្បន្ននេះគឺនៅទូទាំងប្រទេសកម្ពុជា។ វេទិការសេដ្ឋកិច្ចពិភពលោកស្ដីពីអ្នកដឹកនាំរបស់អាស៊ាន នឹងទទួលបាន ផាសុកភាព ប្រណិតភាព និងការធ្វើដំណើរតាមលំដាប់ខ្ពស់នៃរថយន្ដ Audi Q7 ជំនាន់ថ្មីនេះ។

    Audi Q7 3.0 TFSI Quattro មានកម្លាំង 333 សេស និងកម្លាំងវិលរហូតដល់ 440 Nm។ ល្បឿនដ៏អស្ចារ្យរបស់ quattro Audi Q7 ចាប់ពី 0 ដល់ 100 គីឡូម៉ែត្រក្នុងរយៈពេលតែ 7.1 វិនាទីប៉ុណ្ណោះ។ ដោយ 100 គីឡូម៉ែត្រ ស៊ីប្រេងត្រឹមតែ 7.4 លីតប៉ុណ្ណោះ។ Quattro Audi Q7 SUV ដ៏អស្ចារ្យនេះមានប្រវែង 5 ម៉ែត្រ ដែលអាចផ្ទុកមនុស្សបាន 7 នាក់ រួមនឹងឥវ៉ាន់បានយ៉ាងល្អ។

    លោក Antoine Jeanson នាយកប្រតិបត្តិ Audi ប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា “គណៈកម្មាធិការ កិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក នឹងតាំងចិត្តដើម្បីអោយកិច្ចប្រជុំនេះកាន់តែប្រសើឡើងក្នុងនាមជាអង្គការអន្តរជាតិដើម្បីកិច្ចសហប្រតិបត្តិការក្នុងវិស័យសាធារណៈ និងឯកជន វេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពី អាស៊ាននឹងក្លាយជាវេទិការដ៏ល្អបំផុតសម្រាប់អ្នកធ្វើសេចក្ដីសម្រេចចិត្តជាន់ខ្ពស់មកពីផ្នែក/វិស័យជាច្រើន ដើម្បីធ្វើការសម្របសម្រួលលើការសហការគ្នារវាង ឧស្សាហកម្ម រដ្ឋាភិបាល និងសង្គមស៊ីវិល ជាដើម៕