Tag: Atletico

  • Top 3 កីឡាករ​ដណ្ដើមបាន​ងារ «ឆ្នើម​បំផុត» ច្រើនជាងគេ​ក្នុង​រដូវ​កាល 2022-2023

    Top 3 កីឡាករ​ដណ្ដើមបាន​ងារ «ឆ្នើម​បំផុត» ច្រើនជាងគេ​ក្នុង​រដូវ​កាល 2022-2023

    កីឡាករ​ឆ្នើម​បំផុត​ប្រចាំ​ការប្រកួត​គឺជា​ភស្ដុតាង​បង្ហាញ​អំពី​ការចូលរួម​ប្រកួត​ដ៏​អស្ចារ្យ​របស់​កីឡាករម្នាក់។ ខាងក្រោម​នេះ​គឺជា​កីឡាករ 3 រូប​ដែល​ទទួលបាន​ពានរង្វាន់​កីឡាករ​ឆ្នើម​បំផុតច្រើន​ជាង​គេ​​ក្នុង​រដូវ​កាល 2022-2023។

    ទី​បី ៖ Randal Kolo Muani (Eintracht Frankfurt)

    Randal Kolo Muani គឺជា​កីឡាករ​ខ្សែប្រយុទ្ធ​ដែលមាន​កម្លាំង​ស្វាហាប់ រត់លឿន និង​មាន​បច្ចេកទេស​ទាត់​ផ្ដាច់​ល្អ។ កីឡាករ​រូបនេះ​ទទួលបាន​ពានរង្វាន់​កីឡាករ​ឆ្នើម​ជាងគេ​ចំនួន 10 ប្រកួត។

    ទី​ពីរ៖ Antoine Griezmann (Atletico Madrid)

    ក្នុង 9 ប្រកួត​ចុងក្រោយ​បំផុត​ដែល​បាន​ចូលរួម Antoine Griezmann រកបាន 6 គ្រាប់ និង​បង្ក​ឱកាស​បាន 6 គ្រាប់។ ជា​សរុប កីឡាករ​នេះ​ដណ្ដើមបាន​​ពានរង្វាន់​កីឡាករ​ឆ្នើម​បំផុត​​ចំនួន 13 លើក ក្នុង​រដូវ​កាល 2022-2023។

    ទីមួយ៖ Lionel Messi (Paris Saint-Germain)

    រដូវ​កាល 2022-2023 ប្រាកដជា​ពេលវេលា​ដ៏​ល្អ​​របស់ Messi។ M10 បាន​ជួយ​ឱ្យ​អា​ហ្ស​ង់​ទីន​លើក​ពាន World Cup។ ក្នុង 31 លើក​ដែល​បាន​ចូល​ប្រកួត​នៅ Ligue 1 Messi ទាត់​ចូល​ទី​បាន 16 គ្រាប់ និង​បង្កើត​ឱកាស​បាន 16 គ្រាប់​ជូន​មិត្ត​រួម​ក្រុម។ M10 ទទួលបាន​ពានរង្វាន់​កីឡាករ​ឆ្នើម​ជាងគេ​ចំនួន 14 លើក នៅ Ligue 1 រដូវ​កាល​នេះ៕

  • «លោតរំលង» Real ក្រុមបាល់ទាត់​មួយ​នេះ​ក្លាយជា​ក្លឹប​មានតម្លៃ​ខ្ពស់​ជាងគេ​លើ​ពិភពលោក

    «លោតរំលង» Real ក្រុមបាល់ទាត់​មួយ​នេះ​ក្លាយជា​ក្លឹប​មានតម្លៃ​ខ្ពស់​ជាងគេ​លើ​ពិភពលោក

    ដោយ​បាន​ជោគជ័យ​ច្រើន​ឆ្នាំ​បន្តបន្ទាប់ ពិសេស​គឺ​នៅ​រដូវ​កាល 2022/2023 នេះ តម្លៃ​របស់​ក្រុមបាល់ទាត់​អង់គ្លេស​មួយ​នេះ​បាន​កើន 15% និង​ក្លាយជា​ក្លឹប​បាល់ទាត់​ដែលមាន​តម្លៃ​ខ្ពស់​ជាងគេ​លើ​ពិភពលោក​នាបច្ចុប្បន្ន​។

    បន្ទាប់ពី​ដណ្ដើមបាន​ពានរង្វាន់​ជើងឯក English Premier League និង​ជ័យជម្នះ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ FA Cup 2023 ក្លឹប Manchester City កំពុង​ស្ថិតនៅ​ចំពោះមុខ​ឱកាស​ធំ​ដែល​អាច​នាំទៅរក​ការលើក​ពាន​ទាំងបី​ក្នុង​ប្រវត្តិសាស្ត្រ​នា​រដូវ​កាល​នេះ។ ការប្រកួត​ផ្ដាច់ព្រ័ត្រ​ជាមួយនឹង Inter Milan នៅ​ពានរង្វាន់ Champions League នា​ថ្ងៃទី 11 មិថុនា​ខាងមុខ នឹង​ជា​រនាំង​ចុងក្រោយ​ដែល​កូនសិស្ស និង​គ្រូបង្វឹក Pep Guardiola របស់ Man City ត្រូវ​ឆ្លង​ឱ្យ​ផុត ដើម្បី​ក្លាយជា​ម្ចាស់​ជើងឯក​បី​ពាន់រង្វាន់​ក្នុង​មួយ​រដូវ​កាល។

    ថ្មីៗនេះ អង្គការ Brand Finance បានប្រកាស​បញ្ជី​ឈ្មោះ​ស្ដីពី​បណ្ដា​ក្លឹប​បាល់ទាត់​ដែលមាន​តម្លៃ​ខ្ពស់​ជាងគេ​លើ​ពិភពលោក ក្នុងនោះ Man City ស្ថិតនៅលើ​កំពូល​តារាង​ចំណាត់ថ្នាក់ ដោយសារ​ប្រាក់ចំណូល​កើន នាំឱ្យ​តម្លៃ​យីហោ​ក៏​កើន​បន្ថែម 13% ជួយ​ឱ្យ​តម្លៃ​សរុប​របស់​ក្លឹប​នេះ​លោត​ឡើងដល់ 1.51 ពាន់​លាន​អឺរ៉ូ​ក្នុង​ឆ្នាំ 2023។

    តារាង​ចំណាត់​ថ្នាក់​របស់ Brand Finance

    ចំណែក​ក្លឹប​ដែលមាន​តម្លៃ​ខ្ពស់​ជាងគេ​​​លំដាប់​ទី​ពីរ​លើ​ពិភពលោក បាន​ទៅលើ Real Madrid ព្រោះតែ​តម្លៃ​យីហោ​បាន​ធ្លាក់​អស់ 4% មក​នៅត្រឹម 1.46 ពាន់​លាន​អឺរ៉ូ។

    បណ្ដា​ក្លឹប​របស់​អេ​ស្ប៉ា​ញ បន្ត​រីកចម្រើន​ខ្លាំង​ក្នុងឆ្នាំនេះ ក្នុងនោះ Barcelona ជាប់​លេខ​បី, Atletico Madrid លេខ 12, Sevilla លេខ 25, Real Betis លេខ 34, Villareal លេខ 36 និង Real Sociedad លេខ 37។

    Man United ជាប់​លេខ​បួន ដោយ​មាន​តម្លៃ 1.4 ពាន់​លាន​អឺរ៉ូ និង​នៅ​ពីលើ Liverpool ដែលមាន​តម្លៃ 1.4 ពាន់​លាន​អឺរ៉ូ​ដូច ប៉ុន្តែ Man United កើន 9% ខណៈ Liverpool កើន​តែ 7%។ Arsenal ជាប់​ចំណាត់ថ្នាក់​លេខ​ដប់ ខណៈ PSG ក៏មាន​ឈ្មោះ​ក្នុង Top 50៕

  • Atletico ផ្តួល Juventus ខណៈ Man City វាយបកផ្តួល Schalke

    Atletico ផ្តួល Juventus ខណៈ Man City វាយបកផ្តួល Schalke

    ក្រុម​ Atletico​ Madrid​ និង​ Manchester​ City​ សុទ្ធសឹង​បាន​ជួប​ភាព​រីករាយ​ដូចគ្នា​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ​ Champions​ League​ វគ្គ​ 16ក្រុម​ចុងក្រោយ​ ជើង​ទី1​ កាលពី​ថ្ងៃពុធ​ ក្រោយពី​ដណ្តើម​បាន​ជ័យ​ជម្នះ​រៀង​ៗខ្លួន​។

    ខ្សែប្រយុទ្ធ​ Cristiano​ Ronaldo​ បាន​ខកខាន​ក្នុង​ការ​រក​គ្រាប់​បាល់​បញ្ចូល​ទី​ ខណៈ​ដែល​ក្រុម​ Atletico​ បាន​យកឈ្នះ​ក្នុង​លទ្ធផល​ 2-០។

    ដោយឡែក​ ក្នុង​ប្រទេស​អាល្លឺម៉ង់​វិញ​ ក្រុម​ Schalke​ បាន​ស៊ុត​បាល់​បញ្ចូល​ទី​ 2គ្រាប់​ ដើម្បី​នាំមុខ​ 2-1 ប៉ុន្តែ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ពី​សំណាក់​ខ្សែប្រយុទ្ធ​ Leroy​ Sane​ និង​ Raheem​ Sterling​ បាន​ជួយ​ឱ្យ​ក្រុម​នៅសល់​សមាជិក​ត្រឹមតែ​ 10នាក់​ Man​ City​ ដណ្តើម​បាន​ជ័យជម្នះ​ក្នុង​លទ្ធផល​ 3-2។ ​

    ក្រោយពី​ការ​រកបាន​គ្រាប់​បាល់​តាម​ស្មើ​របស់​គេ​ Sane​ បាន​ប្រាប់​ទូរទស្សន៍​ DAZN​ ទាំង​រីករាយ​ថា​៖ «ខ្ញុំ​បាន​រង់ចាំ​ឱកាស​របស់ខ្ញុំ​ និង​ចង់​ស៊ុត​បាល់​ពីទី​នោះ​ ដោយសារតែ​ខ្ញុំ​ធ្លាប់​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ពី​ទីតាំង​នោះ​ ហើយ​វា​បាន​រក្សា​ការ​ជឿជាក់​របស់​យើង​»។ ​

    លោក​ Pep​ Guardiola​ អ្នកចាត់ការ​ទូទៅ​របស់​ក្រុម​ Man​ City​ បានឱ្យ​ដឹង​ថា​៖ «យើង​នឹង​មិនបាន​ឈាន​ទៅ​វគ្គ​បន្ត​ក្នុង​យុទ្ធនាការ​នេះ​ឡើយ​ ប្រសិនបើ​យើង​មិន​កែសម្រួល​ការ​លេង​ឱ្យ​បាន​ល្អ​ប្រសើរ​ឡើង​ទេ​នោះ​។ ទីបំផុត​ Sane​ និង​ Sterling​ បាន​បង្កើត​ឱ្យ​មានការ​ប្រែប្រួល​»។

    លោក​ Diego​ Simeone​ គ្រូបង្វឹក​របស់​ក្រុម​ Atletico​ បានឱ្យ​ដឹង​ថា​៖ «យើង​មិនទាន់​បាន​ឈាន​ទៅ​វគ្គ​បន្ត​នៅឡើយ​ទេ​។ នៅ​មានការ​ប្រកួត​ 1លើ​កទៀត​ដែល​ត្រូវ​លេង​ ហើយ​យើង​ដឹង​ថា​ យើង​នឹង​ត្រូវតែ​ជួប​បញ្ហា​»។

    Ronaldo​ បាន​វិល​ទៅកាន់​រដ្ឋធានី​អេស្ប៉ាញ​វិញ​ ក្រោយពី​រូបគេ​បាន​ទទួល​ភាព​ជោគជ័យ​មិនធ្លាប់​មាន​ពីមុន​មក​ក្នុង​យុទ្ធនាការ​នេះ​ ជាមួយនឹង​ក្រុម​ Real​ ប៉ុន្តែ​គូប្រកួត​របស់​ពួកគេ​គឺជា​ក្រុម​ដែល​ត្រូវ​អបអរ​នៅពេល​បញ្ចប់​ការប្រកួត​ ខណៈ​ដែល​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ពី​សំណាក់​កីឡាករ​ Jose​ Gimenez​ និង​ Diego​ Godin​ បាន​ជួយ​ឱ្យ​ក្រុម​ Atletico​ ស្ថិត​លើ​ផ្លូវ​ឆ្ពោះទៅ​កាន់​វគ្គ​បន្ត​។

    លោក​ Massimiliano​ Allegri​ គ្រូបង្វឹក​របស់​ក្រុម​ Juventus​ បានឱ្យ​ដឹង​ថា​៖ «ជាកុសល​ យើង​មិនបាន​របូត​គ្រាប់​បាល់​ទី3​ ឡើយ​ ព្រោះ​ការ​ចាញ់​ 2-០ គឺជា​លទ្ធផល​មួយ​ដែល​អាច​ស្រោចស្រង់​បាន​។ យើង​មិនទាន់​ធ្លាក់​ចេញ​នៅឡើយ​ទេ​»៕

  • Liverpool ខកចិត្តធំ ក្រោយពីចាញ់ Atletico ក្នុង Audi Cup វគ្គផ្តាច់ព្រ័ត្រ

    Liverpool ខកចិត្តធំ ក្រោយពីចាញ់ Atletico ក្នុង Audi Cup វគ្គផ្តាច់ព្រ័ត្រ

    ខ្សែបម្រើ Jordan Henderson បានស៊ុតបាល់ប៉េណាល់ទីមិនចូលទី ខណៈដែលក្រុមហង្សក្រហម Liverpool បានរងបរាជ័យក្នុងការប្រកួតមិត្តភាពដណ្តើមពាន Audi Cup វគ្គផ្តាច់ព្រ័ត្រ ដោយបាល់ប៉េណាល់ទីក្នុងលទ្ធផល 5 – 4 ក្រោមស្នាដៃក្រុម Atletico Madrid របស់អេស្ប៉ាញកាលពីថ្ងៃពុធ។ ខ្សែបម្រើប្រយុទ្ធ Roberto Firmino បានជួយឲ្យ Liverpool រកគ្រាប់បាល់តាមស្មើតាមរយៈការស៊ុតបាល់ពិន័យ11ម៉ែត្រ ក្រោយពីខ្សែប្រយុទ្ធ Keidi Bare បានរកគ្រាប់បាល់បើកឆាកសម្រាប់ក្រុម Atletico ក្នុងតង់ទី1 ហើយការប្រកួតនេះបានបន្តស្ថិតក្នុងលទ្ធផលស្មើរហូតដល់ចប់ 90នាទី។

    ប៉ុន្តែ ក្រុមហង្សក្រហមរបស់ Jurgen Klopp បានជួបនឹងការខកចិត្តយ៉ាងធំ និងបានបាត់បង់ឱកាសក្នុងការឈ្នះពានជាលើកទី2របស់ពួកគេក្នុងយុទ្ធនាការប្រកួតមិត្តភាពមុនបើករដូវកាល នៅពេលដែល Henderson បានស៊ុតបាល់មិនចូលទីនៅពេលការប្រកួតនេះត្រូវបានកាត់សេចក្តីដោយបាល់ប៉េណាល់ទី ក្រោយពីការស៊ុតរបស់គេត្រូវបានសង្គ្រោះម្តងរួចមកដោយអ្នកចាំទី Miguel Angel Moya។ បន្ទាប់មក Filipe Luis អតីតខ្សែការពាររបស់ក្លិប Chelsea បានស៊ុតបាល់ពីចំណុច11ម៉ែត្រចូលទីយ៉ាងល្អដើម្បីផ្តល់ជ័យជម្នះដល់ក្រុមរបស់ក្របខ័ណ្ឌ La Liga តែម្តង។ លោក Klopp បានសម្រេចចិត្តធ្វើការផ្លាស់ប្តូរកីឡាករដល់ទៅ9នាក់ទៅលើក្រុមដែលបានផ្តួលក្រុម Bayern Munich ក្នុងលទ្ធផល 3-0 កាលពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃអង្គារ។

    Liverpool ដែលបានឈ្នះពាន Asia Cup កាលពីខែមុននោះ បច្ចុប្បន្ននឹងត្រូវត្រៀមជួបក្រុម Athletic Bilbao ក្នុងការប្រកួតមិត្តភាពចុងក្រោយរបស់ពួកគេ នៅមុនពេលយុទ្ធនាការលីករបស់ពួកគេចាប់ផ្តើមនៅលើទឹកដីក្រុម Watford នាថ្ងៃទី12 ខែសីហាខាងមុខ៕
    ប្រភពពី៖ The Sun

  • Theo សប្បាយចិត្ត ក្រោយ​​ផ្ទេរ​ពី Atletico ទៅ Real រួចរាល់

    Theo សប្បាយចិត្ត ក្រោយ​​ផ្ទេរ​ពី Atletico ទៅ Real រួចរាល់

    Theo Hernandez បាន​និយាយ​ថា រូបគេ​ពិត​ជា​រីករាយ​ណាស់ក្នុង​ការ​ស្ថិតនៅជាមួយ​ក្លិប​ដ៏អស្ចារ្យ​បំផុតក្នុង​ពិភព​លោក ក្រោយ​ពី​ត្រូវ​បានប្រកាស​ថាជា​កីឡាករ​ចំណូ​លថ្មី​ដំបូង​គេ​របស់​ក្លិប Real Madrid នា​រដូវក្តៅនេះ​។

    ខ្សែ​ការ​ពារ​វ័យ​19​ឆ្នាំ​រូបនេះបាន​ផ្ទេរ​មកពី​ក្លិ​ប​ស្ថិតក្នុង​ទីក្រុង​​ Atletico ក្នុង​តម្លៃ​ខ្លួន​30លានអឺ​រ៉ូ(ស្មើ​នឹង​34.14​លាន​ដុល្លារ​អាមេ​រិក)​ ក្រោយពីក្លិប Real បាន​ចំណាយ​ប្រាក់​ទិញ​រំលាយកិច្ច​សន្យា​របស់​គេ​។ ខ្សែ​ការពារ​សញ្ជាតិ​បារាំង​រូបនេះមិន​បាន​លេង​ឲ្យក្រុម Atletico របស់​លោក Diego Simeone ទេ ប៉ុន្តែរូប​គេ​បានប​ង្ហាញពី​ទម្រង់លេងយ៉ាងល្អអំឡុង​ពេល​ស្ថិត​ជាកីឡាករ​កម្ចី​នៅ​ឯ​ក្លិប Alaves កាល​ពី​រដូវកាល​មុន​។ Hernandez ត្រូវ​បាន​ប្រកាស​ថា ជាកីឡាករ​របស់​ក្លិប Real ក្នុង​កម្ម​វិធី​មួយ​ដែល​​បាន​ចាប់ផ្តើម​តាមរយៈ​ការ​ចាក់​បញ្ចាំង​ពី​រូបភាព​វី​ដេ​អូមួយ​ដើម្បី​បង្ហាញពី​អាជីព​របស់​គេ​។

    លោក Perez ប្រធាន​ក្លិប Real បាន​ឲ្យ​ដឹង​ថា៖ «សូម​អប​អរ​សា​ទរ ពី​ព្រោះ​​ពេល​នេះអ្នកជា​កីឡាករ​របស់​ក្លិប Real Madrid ហើយ ហើយ​ការ​ផ្ទេរ​នេះកើតឡើង​ដោយ​សារ​​តែ​ទេពកោសល្យ និង​បុគ្គ​លិក​លក្ខណៈ​របស់​អ្នក និងទាំង​អស់​នោះ​សុទ្ធ​​សឹង​ជា​អ្វី​ដែល​អ្នក​បានប​ង្ហាញ បើ​ទោះ​បីស្ថិតក្នុង​វ័យ​ក្មេង​ក៏ដោយ​»​។ Hernandez បានប្រាប់​សន្និ​សីទ​សារ​ព័ត៌​មាន​មួយ​ថា៖ «ខ្ញុំ​ពិត​ជា​រំភើប និង​រីក​រាយណាស់​ក្នុងការ​​ស្ថិតក្នុង​ក្លិប​ដ៏​​ធំ​បំផុត​ក្នុង​ពិភព​លោក​។ ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ដល់​​​អ្នក​គាំ​ទ្រ​ចំពោះ​រាល់​ការ​គាំ​ទ្រ​ដែល​ពួកគេ​ផ្តល់​ឲ្យ​ខ្ញុំ​។ ក្រុម​ជាច្រើន​ចង់​បាន​ខ្ញុំ ប៉ុន្តែជម្រើស​ដ៏ល្អ​បំផុត​គឺការ​ចូល​រួម​ជា​មួយ​នឹង​ក្លិប Real Madrid​»​​៕

    ប្រភព​ពី៖ Daily Mail

  • Costa បញ្ជាក់ថា គេនឹងចូលរួមជាមួយតែក្លិប Atletico ប៉ុណ្ណោះ បើចេញពី Chelsea

    Costa បញ្ជាក់ថា គេនឹងចូលរួមជាមួយតែក្លិប Atletico ប៉ុណ្ណោះ បើចេញពី Chelsea

    ខ្សែប្រយុទ្ធ Diego Costa បានបញ្ជាក់ថា រូបគេនឹងចូលរួមជាមួយនឹងក្លិប Atletico Madrid បើត្រូវចាកចេញពី Chelsea នៅរដូវក្តៅនេះ ដើម្បីបញ្ចប់ពាក្យចចាមអារ៉ាមផ្សេងៗទាក់ទងនឹងការផ្ទេរខ្លួនរបស់គេទៅកាន់ប្រទេសចិន។

    Costa បានស៊ុតបាល់បញ្ចូលទី២២គ្រាប់នៅរដូវកាលនេះ ដើម្បីជួយឲ្យក្រុម Chelsea ឈ្នះពានក្របខ័ណ្ឌ Premier League ជាលើកទី២ក្នុងរយៈពេល៣រដូវកាល។ ប៉ុន្តែ ខ្សែប្រយុទ្ធដើមកំណើតប្រេស៊ីលរូបនេះ បានជួបការលំបាកក្នុងការសម្របខ្លួនក្នុងទីក្រុងឡុងដ៍ និងបានផ្ទុះជម្លោះជាមួយនឹងគ្រូបង្វឹករបស់ Chelsea គឺលោក Antonio Conte កាលពីខែមករា ក្នុងពេលហ្វឹកហាត់ដែលនាំឲ្យមានពាក្យចចាមអារ៉ាមថារូបគេអាចនឹងក្លាយជាតារាឆ្នើមចុងក្រោយរបស់អឺរ៉ុប ក្នុងការទៅចូលរួមជាមួយនឹងក្លិបស្ថិតក្នុងក្របខ័ណ្ឌរបស់ចិន។

    ទោះបីជាយ៉ាងណា ក្រោយពីចាញ់ក្រុម Arsenal ក្នុងការប្រកួតពាន FA Cup វគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃសៅរ៍ Costa បាននិយាយថា រូបគេនឹងត្រូវតែវិលទៅកាន់ក្លិប Atletico ជាកន្លែងដែលរូបគេបានឈ្នះពាន La Liga កាលពីឆ្នាំ២០១៣-២០១៤ ប្រសិនបើរូបគេចាកចេញពីក្លិប Chelsea។ កីឡាកររូបនេះបានឲ្យដឹងថា៖ «ប្រសិនបើក្លិបពិតជាចង់លក់ខ្ញុំមែន ហើយវាមានសំណើពីក្លិបផ្សេងតែមួយ ខ្ញុំនឹងបន្តនៅទីនេះទៀត តែប្រសិនបើមានសំណើពីក្លិប Atletico ខ្ញុំគិតថា វានឹងមានភាពច្បាស់លាស់ជាង»។ Costa បានបន្ថែមទៀតថា៖ «ខ្ញុំនឹងជ្រើសរើសយកអនាគតរបស់ខ្ញុំ មិនមែនពួកគេឡើយ។ ខ្ញុំនឹងមិនផ្លាស់ប្តូរទីក្រុង ឬប្រទេសសម្រាប់ក្លិបផ្សេងដែលមិនស្ថិតក្នុងអេស្ប៉ាញឡើយ»៕
    ប្រភពពី៖ The Sun