Tag: ASEAN

  • ក្នុង​អាស៊ាន ប្រទេស​នេះ​ជាប់​លេខ​មួយ​ក្នុង​វិស័យ​ដឹក​ជញ្ជូន​កុងតឺន័រ​អន្តរជាតិ

    ក្នុង​អាស៊ាន ប្រទេស​នេះ​ជាប់​លេខ​មួយ​ក្នុង​វិស័យ​ដឹក​ជញ្ជូន​កុងតឺន័រ​អន្តរជាតិ

    នៅ​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ី​​អាគ្នេយ៍ (អាស៊ាន-ASEAN) សិង្ហបុរី​នាំ​មុខ​គេ​នៅ​ក្នុង​វិស័យ​ដឹក​ជញ្ជូន​​កុងតឺន័រ​អន្តរជាតិ​​ សម្រាប់​ឆ្នាំ 2023​។

    យោង​តាម​របាយការណ៍​របស់ធនាគារ​ពិភពលោក ​ឆ្នាំ 2023 សិង្ហបុរី​មាន​សេវាកម្ម​ដឹក​ជញ្ជូន​​កុងតឺន័រ​អន្តរជាតិ​ចំនួន 240 ផ្លូវ​ ឈរ​លំដាប់លេខមួយ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​។ ម៉ាឡេស៊ី​ជាប់​លេខ​ពីរ​ ដោយមាន​ 208 ផ្លូវ​ ខណៈ​វៀតណាម​មាន 180 ផ្លូវ​ ត្រូវ​ជាប់​លេខ​បី​។

    ប្រទេស​ទាំង​បីនេះ​ក៏​ជាប់​ចំណាត់​ថ្នាក់​ដូច​ខាងលើ​ បើ​និយាយអំពី​ចំនួន​តំណ​ភ្ជាប់​​ដោយ​ផ្ទាល់ នៃ​សេវា​ដឹក​ជញ្ជូន​កុងតឺន័រ​អន្តរជាតិ​ ដោយ​មិន​ឆ្លង​កាត់​ឈ្មួញ​កណ្ដាល​។

    យោង​តាម​ស្ថិតិ​របស់​ធនាគារ​ពិភពលោក​ ប្រទេស​ជាប់​សមុទ្រ​ស្ទើរ​តែ​ទាំង​អស់​ មានតំណ​ភ្ជាប់​នៃ​សេវាកដឹក​ជញ្ជូន​កុង​តឺន័រ​តិច​ជាង 20 និង​ពឹង​ផ្អែក​ទៅ​លើ​បណ្ដាញ​ឈ្មួញ​កណ្ដាល​។

    នៅ​តំបន់​អាស៊ាន ប្រទេស​សិង្ហបុរី ម៉ាឡេស៊ី ថៃ និង​វៀតណាម គឺ​ជា​ប្រទេស​ដែល​មាន​តំណ​ភ្ជាប់​នៃសេវា​​ដឹកជញ្ជូន​កុង​តឺន័រ​អន្តរ​ជាតិ​ដោយ​ផ្ទាល់​ និង​មិន​អាស្រ័យ​លើ​សកម្មភាព​របស់​ឈ្មួញ​កណ្ដាល​។

  • អាស៊ាន​ (ASEAN) ​កែទម្រង់​​ប្រព័ន្ធ​ប្រមូលពន្ធ​រួម

    អាស៊ាន​ (ASEAN) ​កែទម្រង់​​ប្រព័ន្ធ​ប្រមូលពន្ធ​រួម

    តំណាង​បណ្ដា​ប្រទេស​ជាសមាជិក​​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (អាស៊ាន) បាន​បើក​កិច្ច​ប្រជុំ​​​នៅ​រដ្ឋធានី​វៀងចន្ទន៍​របស់​ឡាវ នៅក្នុង​ក្រប​ខណ្ឌ​នៃ​កិច្ច​ប្រជុំ​លើក​ទី 18 របស់​ក្រុម​បេសកកម្ម​ស្ដី​ពី​វេទិកា​ពន្ធ​អាស៊ាន​ និង​កិច្ច​ប្រជុំ​លើក​ទី 15 នៃ​អនុវេទិកា​អាស៊ាន​ស្ដី​ពី​ពន្ធ​លើ​ការ​ប្រើ​ប្រាស់​ពិសេស​ ដែល​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃទី 20 ដល់ 22 ខែ​មីនា 2024​។

    ទូរទស្សន៍ជាតិ​ឡាវ ឱ្យ​ដឹង​ថា រដ្ឋាភិបាល​ឡាវ​កំពុង​សហការ​ជាមួយ​បណ្ដា​ប្រទេស​អាស៊ាន​ ដើម្បី​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​ប្រមូល​ពន្ធ​ ក្នុង​បំណង​ធានា​ ជំរុញ​​សមាហរណកម្ម​បន្ថែម​ទៀត ក៏ដូច​ជា​ដើម្បី​កាត់បន្ថយ​អម្រែក​​ពន្ធ​។

    កិច្ច​ប្រជុំ​នេះ​ ពិភាក្សា​អំពី​បញ្ហា​ពាក់​ព័ន្ធ​ ដើម្បី​សម្រេចឱ្យ​​បាន​​កិច្ច​ព្រម​ព្រៀង​ដែល​បញ្ចៀស​ការ​យក​ពន្ធ​ពីរ​លើក​ រវាង​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន​ ​ជា​ផ្នែក​មួយ​នៃ​បណ្ដា​កិច្ច​ព្រម​ព្រៀង​ប្រមូល​ពន្ធ​ទ្វេ​ភាគី​ដែល​កំពុង​អនុវត្ត​ និង​គម្រោង​សកម្មភាព​ក្នុង​បំណង​អនុវត្ត​ការ​កាត់​បន្ថយពន្ធ​ឱ្យ​បាន​ល្អ​បំផុត​។ ក្នុង​នោះ អង្គ​ប្រជុំ​ក៏​បាន​និយាយ​ដល់​​ការ​ងាក​ទៅ​រក​ការ​គ្រប់​គ្រង​ពន្ធ​ក្នុង​អនាគត​ តាម​រយៈ​បរិវត្តកម្មឌីជីថល។

    កិច្ច​ប្រជុំ​នេះ​ក៏​ពិភាក្សា​​អំពី​ការ​ដាក់​ឱ្យ​ប្រើប្រាស់​ដំណោះ​ស្រាយ​ផ្នែក​ឌីជីថល់​ នៅ​ក្នុង​ការ​គ្រប់​គ្រង​ពន្ធ​លើ​ការ​ប្រើប្រាស់​ពិសេស​ផងដែរ​​។

  • អង្គការ​របស់​អង់គ្លេស ព្យាករថា វៀតណាម​នឹង​ក្លាយ​ជា​ប្រទេស​មានចំណូល​ខ្ពស់​​នៅ​​ឆ្នាំ​ 2045​

    អង្គការ​របស់​អង់គ្លេស ព្យាករថា វៀតណាម​នឹង​ក្លាយ​ជា​ប្រទេស​មានចំណូល​ខ្ពស់​​នៅ​​ឆ្នាំ​ 2045​

    ដោយ​មាន​ប្រជាជន​ច្រើន និង​ក្មេង វៀតណាម​មាន​ឱកាស​យក​ឈ្នះ​លើ​ប្រទេស​ស្ទើរ​តែ​ទាំង​អស់​នៅ​​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (ASEAN) ស្ដី​ពី​សេដ្ឋកិច្ច មាន​ដូច​ជា សិង្ហបុរី ថៃ និង​ម៉ាឡេស៊ី​ជាដើម ហើយ​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​ចាប់​ពី​ឆ្នាំ 2045​។

    ថ្មី​ៗ​នេះ ជម្ឈមណ្ឌល​ព្យាករ​ វិភាគ​សេដ្ឋកិច្ច​ឯករាជ្យ​របស់​អង់គ្លេស (CEBR) បាន​ប្រកាស​របាយការណ៍​ទស្សនវិស័យ​សេដ្ឋកិច្ច​ពិភពលោក​ប្រចាំ​ឆ្នាំ​លើក​ទី 14 និង​បញ្ជីចំណាត់ថ្នាក់​សម្ព័ន្ធ​សេដ្ឋកិច្ច​ពិភពលោក (World Economic League Table – WELT)​។ ក្នុង​របាយការណ៍​នេះ CEBR ព្យាករ​ថា វៀតណាមនឹង​បោះ​ជំហាន​យ៉ាង​ធំ​នៅ​ 14 ឆ្នាំ​ទៀត​។

    ក្នុង​ឆ្នាំ 2023 កំណើន​សេដ្ឋកិច្ច​របស់​វៀតណាម​មាន​ការ​កើន​ឡើង។ ក្នុង​នោះ ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP) កើន 5.05% និង​អតិផរណាកើនតែ 3.25%។ GDP របស់​ប្រទេស​នេះ ​សម្រេច​បាន​ប្រមាណ 430 ពាន់​លាន​ដុល្លារ​អាម៉េរិក​ ត្រូវ​ជាប់​ចំណាត់​ថ្នាក់​ទី 34 នៅ​ក្នុង​បញ្ជី​ចំណាត់​ថ្នាក់​របស់ CEBR​ ក្នុង​ឆ្នាំ​ 2023​។

    សម្រាប់​​ឆ្នាំ 2024 CEBR ព្យាករ​ថា វៀតណាម​អាច​នឹង​ជាប់​ចំណាត់​ថ្នាក់​ទី 33 ក្នុង​បញ្ជី​ចំណាត់​ថ្នាក់​ WELT ដោយ​កើន​ឡើង​មួយ​ថ្នាក់​ បើ​ធៀប​នឹង​របាយការណ៍​ឆ្នាំ 2023​។ GDP ឆ្នាំ 2024 របស់​ប្រទេស​នេះ​ នឹង​សម្រេច​បាន​ 462 ពាន់​លាន​ដុល្លារ​អាម៉េរិក​ (គិត​ក្នុង​តម្លៃ​បច្ចុប្បន្ន)។

    របាយការណ៍​របស់ CEBR បាន​វាយ​តម្លៃ​ថា ចំណាត់​ថ្នាក់​នៃ​ទំហំ​សេដ្ឋកិច្ច​របស់​វៀតណាម អាច​កើន​ឡើង​ខ្ពស់​យ៉ាង​លឿន​ក្នុង​អនាគត​។ វៀតណាម​នឹង​ជាប់​ចំណាត់​ថ្នាក់​ទី 24 នៅ​ក្នុង​ឆ្នាំ 2033 ដោយ​ទំហំ​សេដ្ឋកិច្ច​នឹង​សម្រេច​បាន​ 1,050 ពាន់​លាន​ដុល្លារ​។

    ដល់​ឆ្នាំ 2038 GDP របស់​ប្រទេស​ជិត​ខាង​កម្ពុជា​មួយ​​នេះ គ្រោង​នឹង​សម្រេច​បាន 1,559 ពាន់​លាន​ដុល្លារ​អាម៉េរិក ត្រូវ​ជាប់​ចំណាត់​ថ្នាក់​ទី 21 ដែល​យក​ឈ្នះ​លើ​ខឿន​សេដ្ឋកិច្ច​ធំៗ​នៅ​អាស៊ាន មាន​ដូច​ជា ថៃ (1,313 ពាន់​លាន​ដុល្លារ​), សិង្ហបុរី (896 ពាន់​លាន​ដុល្លារ), ហ្វ៊ីលីពីន (1,536 ពាន់​លាន​ដុល្លារ)​ ហើយ​ឡើង​ដល់​ក្រុម​​ប្រទេសទាំង​ 25 ​ដែល​មាន​សេដ្ឋកិច្ច​ធំជាង​គេ​លើ​ពិភពលោក​។

    យោង​តាម CEBR វៀតណាម ដែល​​មាន​ប្រជាជន​ច្រើន និង​ក្មេង នឹង​​មាន​ឱកាស​យក​ឈ្នះ​លើ​ប្រទេស​ស្ទើរ​តែ​ទាំង​អស់​នៅ​​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ហៅ​កាត់​ថា អាស៊ាន (ASEAN) ស្ដី​ពី​ទំហំ​សេដ្ឋកិច្ច មាន​ដូច​ជា ប្រទេស​សិង្ហបុរី ថៃ និង​ម៉ាឡេស៊ី​ជាដើម ហើយ​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​ចាប់​ពី​ឆ្នាំ 2045​៕

  • Covid-19 នៅ ASEAN គិត​ត្រឹម​ដំណាច់​ថ្ងៃទី 19 មករា

    Covid-19 នៅ ASEAN គិត​ត្រឹម​ដំណាច់​ថ្ងៃទី 19 មករា

    ក្នុង​ថ្ងៃទី 19 មករា បណ្ដា​ប្រទេស​នៅក្នុង​តំបន់ ASEAN បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ជាង 16,000 ​នាក់ ខណៈ​តួលេខ​អ្នកស្លាប់​ថ្មី​កើន​លើសពី 300 នាក់។

    យោងតាម​ស្ថិតិ​របស់​ទំព័រ Worldometers គិត​ត្រឹម​ម៉ោង 23 និង 59 នាទី ថ្ងៃទី 19 មករា បណ្ដា​ប្រទេស​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 1,806,077 នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​សរុប 40,310 នាក់ និង​អ្នកជា​សះស្បើយ 1,534,045 នាក់។

    ក្នុង​រយៈពេល 24 ម៉ោង​កន្លងទៅ តំបន់​អាស៊ីអាគ្នេយ៍​មាន​ប្រទេស​ចំនួន 4 ដែលមាន​អ្នកស្លាប់​ដោយសារ Covid-19 ក្នុងនោះ ឥណ្ឌូនេស៊ី​មាន​ដល់​ទៅ​ជាង 300 ករណី។ ជាមួយនឹង​ករណី​ឆ្លង​ថ្មី​ជាង 10,000 នាក់ ប្រទេស​ឥណ្ឌូនេស៊ី​នៅតែ​ជា​សម្បុក​វីរុស Covid-19 ធំជាងគេ​នៅក្នុង​តំបន់។

    ម៉ាឡេស៊ី​ជាប់​ចំណាត់ថ្នាក់​លេខ​ពីរ​បន្ទាប់ពី​ឥណ្ឌូនេស៊ី ដោយមាន​ករណី​ឆ្លង​សរុប 165,371 នាក់ ក្នុងនោះ​មាន​ករណី​ថ្មី​ជាង 3,600 នាក់ ក្នុង​ថ្ងៃទី 19 មករា។ ហ្វីលីពីន រកឃើញ​ករណី​ថ្មី​ចំនួន 1,357 នាក់ នាំឱ្យ​តួលេខ​សរុប​កើន​ដល់ 504,084 នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​ចំនួន 9,978 នាក់។ ប្រទេស​ថៃ​ទើប​រកឃើញ​ករណី​ថ្មី 171 នាក់។ ចំណែក​ប្រ៊ុយណេ ទី​ម័​រ​ខាងកើត និង​ឡាវ ពុំមាន​ករណី​វិជ្ជមាន​ថ្មី៕

  • COVID-19! បច្ចុប្បន្ន​ភាព​នៃ​ករណី​ឆ្លង​មេរោគ និង​ស្លាប់​ នៅ​អាស៊ីអាគ្នេយ៍ សម្រាប់​ថ្ងៃទី​14​មេសា

    COVID-19! បច្ចុប្បន្ន​ភាព​នៃ​ករណី​ឆ្លង​មេរោគ និង​ស្លាប់​ នៅ​អាស៊ីអាគ្នេយ៍ សម្រាប់​ថ្ងៃទី​14​មេសា

    នៅ​តំបន់​អាស៊ីអាគ្នេយ៍​ទាំង​មូល​មាន​អ្នក​ជំងឺ​COVID-19សរុប​​20,001​នាក់​ កើន​769​ករណី​​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ​ ក្នុង​នោះ​មាន​ករណី​ស្លាប់​ ចំនួន​844​នាក់​។

    ហ្វីលីពីន​​បាន​លោត​រំលង​ម៉ាឡេស៊ី និង​បាន​ក្លាយ​ជា​សម្បុក​មេរោគ​COVID-19 ធំជាង​គេ​បង្អស់​ក្នុង​តំបន់​ ដោយ​មាន​​អ្នក​ជំងឺ​សរុប​4,932​​នាក់​ និង​315​នាក់​បាន​បាត់​បង់​ជីវិត​។

    ម៉ាឡេស៊ី​បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​សរុប​​4,817​នាក់ ក្នុង​នោះ​មាន​អ្នក​ជំងឺ​77​នាក់​បាន​ស្លាប់​។ ប្រទេស​នេះ មាន​អ្នក​ជំងឺCOVID-19 ​ច្រើន​ជាង​គេ​​​លំដាប់​ទី​2​​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។

    ឥណ្ឌូនេស៊ី​ជា​សម្បុក​មេរោគ​COVID-19​ធំជាង​គេ​លំដាប់​ទី​3​នៅ​ក្នុង​តំបន់ ដោយ​មាន​អ្នក​ជំងឺ​សរុប​4,557​នាក់ និង​អ្នក​ស្លាប់​សរុប​ 399​នាក់។ អត្រា​នៃ​ការ​ស្លាប់ដោយ​សារ​វីរុស​COVID-19 ​របស់​ប្រទេស​នេះ​ ឈរ​លំដាប់​ទី​2​នៅ​ទ្វីប​អាស៊ី បន្ទាប់​ពី​ប្រទេស​ចិន​។

    សិង្ហបុរី​ឈរ​លំដាប់​ទី​4​​ក្នុង​តំបន់​នេះ ដោយ​បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​ចំនួន​2,918​នាក់​ ក្នុង​នោះ​មាន​អ្នក​ស្លាប់​ចំនួន​9​នាក់​។

    ប្រទេស​ថៃ បាន​រកឃើញ​អ្នក​ជំងឺ​ថ្មី​28​នាក់ ធ្វើ​ឱ្យ​តួលេខ​សរុប​នៃ​អ្នក​ឆ្លង​មេរោគ​COVID-19 ក្នុង​ប្រទេស​នេះឡើង​ដល់​2,579​នាក់​ ក្នុង​នោះ​មាន​40​នាក់​បាន​ស្លាប់​។ អ្នក​ជំងឺ​ថ្មី​ភាគ​ច្រើន​គឺជា​អ្នក​រស់​នៅ​ក្នុង​រាជធានី​បាង​កក ក្នុង​នោះ​មាន​3​ករណី​ធ្លាប់​ទៅ​កាន់​ឥណ្ឌូនេស៊ី​ដើម្បី​ចូល​រួម​វិធី​បុណ្យ​សាសនា​​កាល​ពី​ខែ​មីនា​កន្លង​ទៅ​។

    វៀត​ណាម បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​សរុប​​265​នាក់ ភាគ​ច្រើន​គឺ​នៅ​រដ្ឋធានី​ហាណូយ​ និង​ទីក្រុង​សៃ​ហ្គន(ហូជីមិញ)។

    ប៊្រុយណេ​ មាន​អ្នកជំងឺ​កូរ៉ូណា​សរុប​136​នាក់ ក្នុង​នោះមាន​​អ្នកជំងឺ​ម្នាក់​បាន​បាត់​បង់ជីវិត​។

    កម្ពុជា​ គិត​មក​ដល់​ព្រឹក​នេះ បាន​រក​ឃើញ​​អ្នក​ជំងឺ​COVID-19 សរុប​​122​នាក់​ ក្នុង​នោះ​មាន​91​នាក់​បាន​ជា​សះ​ស្បើយ​ និង​31​នាក់​កំពុង​ទទួល​ការ​ព្យាបាល​។

    ប្រទេស​មីយ៉ានម៉ារ(ភូមា) មាន​អ្នក​ជំងឺ​សរុប​62​នាក់ ក្នុង​ចំណោម​នោះ​មាន​​4​នាក់​បាន​បាត់បង់​ជីវិត​។

    ប្រទេស​ឡាវ​គឺ​ជា​ដែន​ដី​ដែល​មាន​អ្នក​ជំងឺ​COVID-19 តិច​ជាង​គេ​បង្អស់​នៅ​ក្នុង​សមាគម​ប្រជា​ជាតិ​អាស៊ីអាគ្នេយ៍​(ASEAN) ដោយ​មាន​អ្នក​ជំងឺ​តែ​19​នាក់​ប៉ុណ្ណោះ​។

    ទីម័រ​ខាង​កើត​(Timor-Leste) ដែល​ជា​ប្រទេស​មួយ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែរនោះ​ មាន​អ្នក​ជំងឺ​COVID-19 ចំនួន​4​នាក់​ ក្នុង​នោះ​មាន​ម្នាក់​បាន​ជា​សះស្បើយ​។

    ទ្វីប​អាស៊ីទាំង​មូល​ បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 ចំនួន​​310,357​នាក់ និង​ស្លាប់​​11,356​នាក់​។

    ពិភពលោក​ទាំង​មូល​ គិត​មក​ដល់​ពេល​នេះ មាន​អ្នក​ឆ្លង​ជំងឺ​ជាង​1,924,600​នាក់​ និង​​អ្នក​ស្លាប់​ជាង​​119,600​នាក់​ដោយ​សារ​វីរុស​COVID-19 ក្នុង​នោះ​មាន​អ្នក​ជាសះស្បើយ​ជាង​445,000​នាក់​ និង​អ្នក​ជំងឺ​កំពុង​ប្រឈម​នឹង​ការ​ស្លាប់​មាន​ចំនួន​51,764​នាក់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស