Tag: Alvaro Morata

  • តោខៀវ Chelsea ប្រកាសពីការបំពេញការផ្ទេរ Morata ក្នុងកិច្ចសន្យា 5ឆ្នាំ

    តោខៀវ Chelsea ប្រកាសពីការបំពេញការផ្ទេរ Morata ក្នុងកិច្ចសន្យា 5ឆ្នាំ

    ក្លិបតោខៀវ Chelsea បានប្រកាសពីការចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធ Alvaro Morata ពីក្លិប Real Madrid ក្នុងកិច្ចសន្យារយៈពេល5ឆ្នាំ។ ខ្សែប្រយុទ្ធអន្តរជាតិអេស្ប៉ាញរូបនេះ គឺជាកីឡាករចំណូលថ្មីទី3របស់ Chelsea នៅរដូវក្តៅនេះ ក្រោយពីការផ្ទេររបស់ខ្សែការពារ Antonio Rudiger មកពីក្លិប Roma និងខ្សែបម្រើ Tiemoue Bakayoko មកពីក្លិប Monaco ហើយ Morata ត្រូវបានគេជឿជាក់ថា មានតម្លៃខ្លួន58លានផោន (ស្មើនឹង 75លានដុល្លារអាមេរិក)។ Morata វ័យ24ឆ្នាំ បានឲ្យដឹងថា៖ «ខ្ញុំពិតជារីករាយណាស់ក្នុងការមកទីនេះ។ វាជាការរំជួលចិត្តដ៏មិនគួរឲ្យជឿ ក្នុងការក្លាយជាសមាជិករបស់ក្លិបដ៏ធំមួយនេះ។

    ខ្ញុំកំពុងតែសម្លឹងឆ្ពោះទៅកាន់ការធ្វើការងារដ៏លំបាក និងស៊ុតបាល់បញ្ចូលទីឲ្យបានច្រើនតាមដែលខ្ញុំអាច និងឈ្នះពានឲ្យបានច្រើនតាមដែលអាចធ្វើបាន។ Morata ត្រូវបានរំពឹងទុកថា នឹងត្រូវចូលជំនួសកន្លែងមិត្តរួមជាតិរបស់គេគឺ Diego Costa ដែលត្រូវបានប្រាប់ដោយលោកគ្រូបង្វឹក Antonio Conte ថា អនាគត រូបគេមិនមានវត្តមាននៅក្លិប Chelsea ឡើយ។ Costa ត្រូវបានរំពឹងទុកថា នឹងទៅចូលរួមជាមួយនឹងក្លិប Atletico Madrid វិញ ក្រោយពីបានផ្ទេរទៅកាន់ក្លិប Chelsea កាលពីខែកក្កដា ឆ្នាំ2014 ក្នុងតម្លៃខ្លួន32លានផោន។

    លោក Michael Emenalo ប្រធានក្លិប Chelsea បាននិយាយថា Morata អាចបង្កើតឲ្យមានឥទ្ធិពលដ៏ធំទាំងក្នុងការប្រកួតលីកក្នុងស្រុក និងក្របខ័ណ្ឌ Champions League។ លោក Emenalo បានឲ្យដឹងថា៖ «យើងពិតជារីករាយណាស់ក្នុងការបំពេញការចុះហត្ថលេខា Alvaro និងសូមស្វាគមន៍រូបគេមកកាន់ក្លិបនេះ។ យើងជឿជាក់ថា រូបគេនឹងបង្កើតភាពអស្ចារ្យសម្រាប់ Chelsea»៕
    ប្រភពពី៖ The Guardian

  • ក្លិប Chelsea ប្រកាសពីការយល់ព្រមទិញ Morata ពីក្លិប Real Madrid

    ក្លិប Chelsea ប្រកាសពីការយល់ព្រមទិញ Morata ពីក្លិប Real Madrid

    ក្លិបតោខៀវ Chelsea កំពុងតែស្ថិតយ៉ាងប្រកៀកក្នុងការពង្រឹងតំបន់ប្រយុទ្ធរបស់ខ្លួនសម្រាប់យុទ្ធនាការការពារពានក្របខ័ណ្ឌ Premier League របស់ពួកគេ ក្រោយពីបានយល់ព្រមលើតម្លៃខ្លួនជាកំណត់ត្រារបស់ក្លិបក្នុងទឹកប្រាក់58លានផោន (ស្មើនឹង75.5លានដុល្លារអាមេរិក) ជាមួយនឹងក្លិប Real Madrid ដើម្បីទិញខ្សែប្រយុទ្ធអន្តរជាតិអេស្ប៉ាញ Alvaro Morata។

    ការពិភាក្សាផ្សេងៗកំពុងតែបន្តជាមួយនឹងក្លិប Real Madrid ចាប់តាំងពីក្លិប Chelsea បានចាញ់ក្រុម Manchester United ក្នុងការប្រជែងទិញខ្សែប្រយុទ្ធ Romelu Lukaku ប៉ុន្តែពួកគេបានទទួលជោគជ័យវិញលើគោលដៅទី2របស់ពួកគេកាលពីថ្ងៃពុធ។ Man United បានចំណាយប្រាក់ជាគោលចំនួន75លានផោនទៅឲ្យក្លិប Everton សម្រាប់ខ្សែប្រយុទ្ធអន្តរជាតិបែលហ្ស៊ិក(Romelu Lukaku )រូបនោះ។

    តម្លៃខ្លួនរបស់ Chelsea សម្រាប់ខ្សែប្រយុទ្ធ Morata នឹងមានចំនួនច្រើនជាង50លានផោនដែលពួកគេបានចំណាយទៅឲ្យក្លិប Liverpool ដើម្បីទិញខ្សែប្រយុទ្ធ Fernando Torres កាលពីឆ្នាំ2011 ហើយអាចនឹងកើនដល់70លានផោន បើបូកទាំងប្រាក់ឧបត្ថម្ភផ្សេងៗទៀតផងនោះ។ ក្លិប Chelsea បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា ក្លិបទាំងពីរបានឈានដល់ការព្រមព្រៀងគ្នាមួយសម្រាប់ការផ្ទេរនេះ។ ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League មួយនេះបានឲ្យដឹងថា៖ «បច្ចុប្បន្នការផ្ទេរនេះ នឹងត្រូវបំពេញក្រោយពីរូបគេ(Morata )យល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនផ្សេងៗ និងត្រួតពិនិត្យសុខភាពរួចហើយ»។

    ប្រាក់បៀវត្សរ៍ត្រូវបានរំពឹងទុកថា នឹងមិនក្លាយជាឧបសគ្គឡើយ ខណៈដែល Morata នឹងត្រូវទទួលបាន15ម៉ឺនផោនក្នុងមួយសប្តាហ៍សម្រាប់កុងត្រារយៈពេល5ឆ្នាំ។ រូបគេកំពុងតែស្ថិតនៅលើទឹកដីសហរដ្ឋអាមេរិកជាមួយនឹងសមាជិក្រុមផ្សេងទៀតរបស់លោក Zinedine Zidane រួចហើយនឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេស ដើម្បីត្រួតពិនិត្យសុខភាព៕
    ប្រភពពី៖ The Guardian

  • Chelsea កំពុងចង់​ដាក់​សំណើ​ដេញ​ថ្លៃ ​62លានផោន​សម្រាប់ Morata ពីក្លិប Real

    Chelsea កំពុងចង់​ដាក់​សំណើ​ដេញ​ថ្លៃ ​62លានផោន​សម្រាប់ Morata ពីក្លិប Real

    ក្លិប​តោ​ខៀវ Chelsea នឹង​​ដាក់​សំណើ​ដេញថ្លៃ​ក្នុង​ទឹកប្រាក់ ​62លានផោន (ស្មើ​នឹង​ 80លាន​ដុល្លារ​អាមេ​រិក) ដើម្បី​ទិញ​យក​ខ្សែ​ប្រយុទ្ធ Alvaro Morata ពីក្លិប Real Madrid​។

    លោក Antonio Conte សង្ឃឹម​ថា នឹង​ឈានដល់​ការ​ព្រម​ព្រៀង​គ្នាមួយ​សម្រាប់ Morata​ ស្រ​បពេល​ដែល​ខ្សែ​ប្រយុទ្ធ Diego Costa ត្រូវ​បាន​អនុ​ញ្ញាត​ឲ្យ​បន្ត​សម្រាក​​ថ្ងៃ​វិស្សម​កាល មុននឹង​ផ្ទេរ​ទៅកាន់ក្លិប Atletico Madrid​។ Costa ធ្លាប់​ចង់​ធ្វើការ​សម្រប​សម្រួល​ជា​មួយនឹងលោក Conte ប៉ុន្តែគ្រូ​បង្វឹក​សញ្ជាតិ​អ៊ី​តាលី​រូបនេះមិន​ចាប់​អារម្មណ៍​ក្នុងការអនុ​ញ្ញាត​ឲ្យ​រូប​គេ​​បន្តនៅ​ជា​មួយ​នឹងក្លិប​តោ​ខៀវ​​ឡើយ​។ តា​រាឆ្នើមអន្តរ​ជាតិអេ​ស្ប៉ាញ Costa នឹង​ត្រូវ​បង្ហាញខ្លួនក្នុងការ​​ហ្វឹកហាត់​កាលពីថ្ងៃ​ម្សិល​មិញនៅ​ឯ​ទីលាន Cobham ប៉ុន្តែត្រូវ​បាន​អនុ​ញ្ញាត​​ឲ្យ​សម្រាក​រយៈ​ពេល​1​សប្តាហ៍ទៀត​។

    សញ្ញា​ផ្សេង​ៗ​ទៀតបានបង្ហាញ​ថា រូប​គេនឹង​ត្រូវ​តែ​ចាក​ចេញពី Chelsea នៅមុនពេលលោក Conte និងក្រុម​របស់​លោកធ្វើ​ដំណើរ​ទៅ​កាន់សហ​រដ្ឋ​អាមេ​រិកនៅ​សប្តាហ៍​ក្រោយ​។ ក្រោយ​ពី​បាត់​បង់​ខ្សែ​ប្រយុទ្ធ Romelu Lukaku វ័យ ​24​ឆ្នាំ ដោយ​សារ​តែ​រូប​គេទៅ​ចូល​រួម​ជាមួយនឹងក្លិប Manchester United និង Chelsea កំពុង​តែ​ស្ថិត​ក្រោម​សម្ពាធក្នុងការ​ចុះហត្ថលេខា​ជាមួយ Morata​​។​

    ប៉ុន្តែ សំណើ​ដេញថ្លៃ​របស់គេ​​អាចនឹង​ត្រូវ​ច្រានចោល​ដោយក្លិប Real Madrid ដែល​ចង់​បាន​តម្លៃ​ខ្លួន​ខ្ពស់​ជាង​​នេះ​។ លោក Zinedine Zidane គ្រូ​បង្វឹក​របស់​ក្លិប Real Madrid ពិត​ជា​ចង់​ឲ្យខ្សែ​ប្រយុទ្ធ​វ័យ ​24​ឆ្នាំ​រូបនេះ​បន្តនៅ​កីឡដ្ឋាន Bernabeu បើ​ទោះ​បី​រូប​គេ​ចង់​ផ្ទេរ​ទៅកាន់ក្រប​ខ័ណ្ឌ Premier League ក៏ដោយ​៕
    ប្រភព​ពី៖ The Sun

  • Man United នឹងបង្កើនសំណើដេញថ្លៃ 75លានអឺរ៉ូដើម្បីទិញ Morata ពី Real

    Man United នឹងបង្កើនសំណើដេញថ្លៃ 75លានអឺរ៉ូដើម្បីទិញ Morata ពី Real

     

    ក្លិបបិសាចក្រហម Manchester United នឹងត្រូវបង្កើនសំណើដេញថ្លៃរបស់ខ្លួនក្នុងទឹកប្រាក់ 75លានអឺរ៉ូ (ស្មើនឹង85លានដុល្លារអាមេរិក) ទៅឲ្យក្លិប Real Madrid ដើម្បីទិញខ្សែប្រយុទ្ធ Alvaro Morata ខណៈដែលលោក Jose Mourinho បោះជំហានឆ្ពោះទៅកាន់ការស្វែងរកអ្នកជំនួសខ្សែប្រយុទ្ធ Zlatan Ibrahimovic នៅរដូវកាលក្រោយ។

    ការចរចាផ្សេងៗជាមួយនឹង Real បានដំណើរការអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ខណៈដែល Man United បានទទួលរងការច្រានចោលនូវសំណើរបស់ខ្លួនពីរលើកមកហើយ ពោលគឺក្នុងទឹកប្រាក់ 60លានអឺរ៉ូ និង 70លានអឺរ៉ូជាបន្តបន្ទាប់កាលពីដើមខែមិថុនា ខណៈដែលក្រុមម្ចាស់ជើងឯក Champions League បានដាក់តម្លៃខ្លួនលើ Morata ក្នុងទឹកប្រាក់ច្រើនជាង90លានអឺរ៉ូ។

    ក្រោយពីចាត់ទុកខ្សែប្រយុទ្ធអន្តរជាតិអេស្ប៉ាញរូបនេះ ជាកីឡាករទិញចូលជាសក្តានុពល ដើម្បីបើកចំហទ្វារឲ្យ Wayne Rooney ចាកចេញដើម្បីទៅចូលរួមជាមួយនឹងក្លិប Everton លោក Mourinho ត្រូវបានគេយល់ឃើញថា បានខកចិត្តដោយសារតែការមិនសូវបានទិញចូលកីឡាករថ្មី ក្រោយពី Man Utd បានបំពេញការផ្ទេរតែជាមួយខ្សែការពារ Victor Lindelof ម្នាក់គត់ពីក្លិប Benfica ក្នុងតម្លៃខ្លួន30លានផោន។

    Man United នឹងត្រូវធ្វើដំណើរដើម្បីធ្វើការប្រកួតមុនបើករដូវកាលរបស់ពួកគេនៅលើទឹកដីអាមេរិក នាថ្ងៃអាទិត្យនេះ ហើយលោក Mourinho សញ្ជាតិព័រទុយហ្គាល់ ពោរពេញដោយការជឿជាក់ថា ការផ្ទេរ Morata អាចត្រូវបានបំពេញឲ្យទាន់ពេលរូបគេអាចចូលរួមជាមួយនឹងមិត្តរួមក្រុមថ្មីរបស់គេបាន៕
    ប្រភពពី៖ The Guardian