Tag: Agriculture

  • ចម្ការបន្លែគ្រួសារជុំវិញផ្ទះ

    ចម្ការបន្លែគ្រួសារជុំវិញផ្ទះ

    លក្ខណៈការដាំដុះបន្លែជិតកន្លែងស្នាក់អាស្រ័យ ឬក្នុងទីប្រជុំជន ដោយប្រើប្រាស់ផ្ទៃដីដែលដាំដុះត្រឹមតែបន្តិចបន្តួច ដើម្បីទុកធ្វើជាប្រភពអាហារ ឬដែលហៅថា “ចម្ការបន្លែគ្រួសារ” នេះ មិនត្រឹមតែជាការធ្វើកសិកម្មដែលមានភាពចំណាស់យូររាប់រយឆ្នាំមកហើយនោះទេ តែក្នុងសភាវសេដ្ឋកិច្ចក្នុងសង្គមបច្ចុប្បន្ន ដែលការចាយវាយក្នុងការចិញ្ចឹមជីវិតរបស់ប្រជាជនកំពុងកើនខ្ពស់ឡើងជាបន្តបន្ទាប់នោះ ប្រជាជនជួបប្រទះបញ្ហាប្រាក់ចំណូលមិនគ្រប់គ្រាន់ ជាមួយនឹងប្រាក់ចំណាយនោះ​ ទើប “ការដាំបន្លែគ្រួសារជុំវិញផ្ទះ” ក្លាយជាប្រព័ន្ធការធ្វើកសិកម្មមួយដែលគាំទ្រឱ្យមនុស្សគ្រប់រូបមានភាពស្ថិតស្ថេរខាងអាហារខ្លាំងឡើង ព្រោះការដាំបន្លែគ្រួសារនៅក្នុងផ្ទៃដីតូចមួយ មិនថាតែដើម្បីទុកបរិភោគក្នុងក្រុមគ្រួសារ ចែករំលែកទៅឱ្យអ្នកជិតខាង ឬដើម្បីលក់ជាប្រាក់ចំណូលបន្ថែមដល់គ្រួសារនោះទេ វាសុទ្ធតែសាងនូវផលប្រយោជន៍ដល់អ្នកបរិភោគទាំងអស់ ព្រោះទាំងអ្នកដាំ និងអ្នកទទួលទាននឹងបានបរិភោគបន្លែដែលមានសុវត្ថិភាពពីសារធាតុពុល និងថែមទាំងជាការធ្វើការងារក្រៅម៉ោង ឱ្យសមាជិកគ្រប់គ្នាក្នុងក្រុមគ្រួសារបានប្រើប្រាស់ពេលវេលាទំនេររួមគ្នាយ៉ាងមានប្រយោជន៍ទៀតផង។

    ប្រយោជន៍នៃការដាំបន្លែគ្រួសារ

    – សមាជិកក្នុងគ្រួសារបានទទួលទានបន្លែ ដែលមានគុណតម្លៃខាងអាហារគ្រប់ចំនួន និងមានសុវត្ថិភាពពីសារធាតុពុល។

    – ប្រើប្រាស់ធ្វើជារុក្ខជាតិឱសថបុរាណ សម្រាប់ព្យាបាលរោគ ដូចជា ខ្ទឹមក្រហម ខ្ទឹមស ខ្ញី ជីអង្កាម ជាដើម។

    – ជួយកាត់បន្ថយប្រាក់ចំណាយ និងអាចលក់ដើម្បីសាងប្រាក់ចំណូលបន្ថែមដល់គ្រួសារបាន។

    – ប្រើប្រាស់សម្រាប់តុបតែងលម្អបរិវេណជុំវិញផ្ទះ ឬអាចធ្វើជាព្រំកំណត់(របង)របស់ផ្ទះបានទៀតផង ដូចជា ដើមកន្ទុំទេស ដើមស្អំ ស្លឹកបាស់ និងម្រះ ជាដើម។

    – ជាការប្រើពេលវេលាទំនេរៗ និងផ្ទៃដីទំនេរខាងក្នុងរបងផ្ទះ ឱ្យកើតប្រយោជន៍ដល់សមាជិកក្នុងគ្រួសារ និងថែមទាំងធ្វើឱ្យកើតមានការធ្វើកិច្ចការងាររួមគ្នា ជាការសាងសម្ព័ន្ធភាព និងភាពកក់ក្តៅឱ្យកើតមានក្នុងក្រុមគ្រួសារទៀតផង។

    ចំណុចគួរពិចារណាក្នុងការដាំដុះ

    1 . ទីកន្លែង និងទីធ្លាសម្រាប់ដាំដុះ ៖ ការជ្រើសរើសទីកន្លែងដាំដុះបន្លែបង្ការ គួរតែនៅជិតទីកន្លែងស្នាក់អាស្រ័យ មានប្រភពទឹក ទីធ្លាដាំដុះត្រូវមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ ក្នុងករណីដែលគ្មានដីធ្លីសម្រាប់ដាំដុះ លោកអ្នកអាចដាំបន្លែក្នុងភាជនៈផ្សេងៗ ដូចជា ថូ ផើង ពាង ឬធុង(ស្នោ) ជាដើម ដោយដាក់នៅលើកម្រាលឥដ្ឋ ឬព្យួរនៅក្នុងកន្លែងណាដែលមានពន្លឺថ្ងៃចាំងមកដល់ និងមិនគួរស្ថិតនៅឆ្ងាយពីកន្លែងស្នាក់នៅពេកនោះទេ ដើម្បីងាយស្រួលក្នុងការប្រតិបត្តិការងារផ្នែកការដាំដុះ ការរក្សាថែទាំ និងថែមទាំងងាយស្រួលក្នុងការបេះយកមកធ្វើជាម្ហូបអាហារបានភ្លាមៗតាមតម្រូវការទៀតផង។

    2 . ការគណនាទីធ្លា កំណត់ទំហំ និងចំនួនរង ៖ ដោយសភាពទីធ្លាស្នាក់អាស្រ័យក្នុងពេលបច្ចុប្បន្ន ជាពិសេសមនុស្សម្នាក្នុងសង្គមទីក្រុង សុទ្ធតែមានដែនកំណត់ក្នុងរឿងធនធាន ទាំងដីធ្លី ទឹក និងពន្លឺថ្ងៃ ជាពិសេសការដាំបន្លែនៅក្នុងតំបន់ទីក្រុង ត្រូវតែស្គាល់ពីការគ្រប់គ្រងចាត់ចែងទីធ្លាឱ្យកើតប្រយោជន៍ខ្ពស់បំផុត ដោយទំហំរងបន្លែដែលស័ក្តិសមក្នុងគ្រួសារគឺ ទទឹងមិនលើស 1ម៉ែត្រ X 4ម៉ែត្រ ឬបណ្តោយតាមទំហំទីធ្លា ព្រមទាំងលើករងខ្ពស់ឡើងយ៉ាងតិច 30 – 50សង្ទីម៉ែត្រ ចំណែកចំនួនរងដែលស័ក្តិសមស្ថិតក្នុងចំនួនប្រមាណជា 3រង គឺមានបន្លែហូបស្លឹក 2រង និងបន្លែហូបផ្លែបានយូរ 1រង។

    (នៅមានត)

  • ប្រជាជនបន្តដាំដុះបន្លែត្រសក់ខណៈពេលនេះកំពុងមានហាងឆេង

    ប្រជាជនបន្តដាំដុះបន្លែត្រសក់ខណៈពេលនេះកំពុងមានហាងឆេង

    ដោយសារតែគ្រប់បណ្តាប្រទេសជាច្រើនរួមទាំងប្រទេសកម្ពុជាផងកំពុងសហការទប់ស្កាត់នៃការរីករាលដាលនូវជំងឺកូវីដ19 បង្ខំឱ្យច្រកជាច្រើននៅតាមតំបន់ព្រំដែនត្រូវបិទ ហើយតម្រូវការទីផ្សារមានការកើនឡើងធ្វើឱ្យតម្លៃបន្លែបន្លែផ្លែឈើជាច្រើនបានឡើងថ្លៃគួរសម។

    ក្នុងចំណោមបន្លែទាំងអស់ ត្រសក់ដែលជាបន្លែមានប្រជាប្រិយភាពជាងគេនៅកម្ពុជា ក៏កំពុងមានទីផ្សារល្អផងដែរ ដែលចំណុចនេះធ្វើឱ្យកសិករនៅក្នុងតំបន់នានាចាប់ផ្តើមបន្តមើលថែទាំ និងដាំដុះកាន់តែច្រើនឡើង។

    ប្រជាកសិកជាដាំបន្លែត្រសក់នៅចំណុចភូមិចំការសំរោង1 សង្កាត់ចំការសំរោង ក្រុងបាត់ដំបង បានលើកឡើងថា ពួកគាត់បានចាប់យករបរដាំដំណាំបន្លែត្រសក់នេះជាច្រើនឆ្នាំមកហើយ ចំណែកឯតម្លៃវិញ កន្លងមកមានការឡើងចុះមិនសូវថេរនោះទេ។ មានពេលខ្លះត្រសក់ត្រូធ្លាក់ថ្លៃមកនៅក្រោម1,000រៀលឬរហូតមកដល់200រៀលក៏មាន តែមួយរយៈចុងក្រោយនេះបន្ទាប់ពីមានផ្ទុះជំងឺCovid-19កើតឡើងបានធ្វើឱ្យតម្រូវការត្រសក់កើនឡើងខ្ពស់ដែលធ្វើឱ្យតម្លៃក៏ឡើងខ្ពស់តាមនោះដែរ។ នៅក្នុងស្ថានភាពនេះ តម្លៃត្រសក់ក្នុងរដូវប្រមូលផលបានហក់ឡើងខ្ពស់គួរសម ដោយពួកគាត់អាចលក់បានតម្លៃចាប់ពី 2,000រៀលរហូតទៅដល់3,000រៀលក្នុងមួយគីឡូក្រាម។ តម្លៃនេះអាចធ្វើឱ្យកសិកររកប្រាក់ចំណូលបានច្រើនគួរសមសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ និងជាទុនសម្រាប់ដាំដុះបន្ត។

    ពួកគាត់បានបញ្ជាក់បន្តថាបច្ចុប្បន្នពួកគាត់ដាំដំណាំត្រសក់អន្លក់នេះក្នុងម្នាក់ៗនៅលើផ្ទៃដីទំហំកន្លះហិកតា ហើយចំពោះការប្រមូលផលវិញគិតចាប់ពីថ្ងៃប្រមូលផលដំបូងរហូតអស់ផ្លែមានរយៈពេលជាង20ថ្ងៃនិងទទួលបានផលចាប់ពីជាង10តោនទៅ20តោន។

    ប្រជាកសិករដដែលបានបញ្ជាក់បន្ថែមថា នៅរដូវកាលប្រមូលផលនេះត្រសក់ដែលមានប្រភពចេញពីតំបន់ក្នុងភូមិសាស្ត្រសង្កាត់ចំការសំរោង ភាគច្រើនត្រូវបានឈ្មួញនាំយកទៅលក់នៅផ្សារភួពុយ ស្ថិតក្នុងក្រុងបាត់ដំបង សម្រាប់ចែកចាយបន្តទៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តផ្សេងៗផងដែរ៕

  • ទោះធុរេន និងផ្លែឈើខ្មែរធ្លាក់ថ្លៃបន្តិចតែកសិករនៅតែសប្បាយចិត្ត

    ទោះធុរេន និងផ្លែឈើខ្មែរធ្លាក់ថ្លៃបន្តិចតែកសិករនៅតែសប្បាយចិត្ត

    នៅក្នុងដំណាក់កាលនៃការរីករាលដាលជំងឺ Covid-19 នេះ ការដឹកទំនិញនៅតាមបន្ទាន់ព្រំដែន​ហាក់មានសកម្មភាពយឺតយ៉ាវ ខណៈបន្លែផ្លែឈើបរទេសជាច្រើនប្រភេទមិនសូវហូរចូលខ្លាំងដូចកាលពីមុនឡើយ។ ចំណុចនេះបានអនុញ្ញាតឱ្យ​កសិផលខ្មែរយើងបានចេញមកយ៉ាងព្រោងព្រាតក្នុងទីផ្សារដើម្បីបម្រើឱ្យសេចក្តីត្រូវការរបស់ប្រជាជននៅក្នុងស្រុក។

    សម្រាប់កសិករនៅខេត្តព្រះសីហនុ ក្នុងខែនេះពួកគាត់កំពុងប្រមូលផលធុរេន សាវម៉ាវ ម្ឃុត និងផ្លែឈើហូបផ្លែជាច្រើនមុខទៀត។ ក្នុងទឹកមុខសប្បាយរីករាយ អុំស្រី យឹម ធា អ្នកមើលការខុសត្រូវចំការផ្លែឈើនៅស្រុកព្រៃនប់ បានលើកឡើងថា ផ្ទៃដីរបស់គាត់មានចំនួន 30ហិកតា ដែលបានដាំដំណាំហូបផ្លែជាច្រើនមុខដូចជា​ធុរេន សាម៉ាវ និងម្ឃុត ដោយផលទាំងនោះនឹងត្រូវចែកចាយទៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តសៀមរាប និងបណ្តាខេត្តមួយចំនួនទៀត។

    នៅឆ្នាំនេះ​ផលសាវម៉ាវ​អាចលក់បានក្នុងមួយគីឡីក្រាម 7,000រៀលសម្រាប់អ្នកលក់បោះដុំ និងធុរេនលក់បានតម្លៃ 15,000រៀល ដោយឈ្មួញបោះដុំមកទិញដល់ទីតាំងតែម្តង។ អុំស្រីបញ្ជាក់ថាទោះបីជាតម្លៃនេះមើលទៅធូរថ្លៃជាងឆ្នាំមុន តែគាត់នៅតែសប្បាយចិត្តព្រោះផលទាំងអស់បានចេញទៅកាន់ទីផ្សារបានទូលំទូលាយ ហើយតម្រូវការក៏មានការកើនឡើងដែលធ្វើឱ្យផ្លែឈើត្រូវលក់អស់ៗពីចំការ មិនដូចឆ្នាំខ្លះត្រូវសល់ចោលនោះទេ។ បន្ថែមពីលើនេះ អ្វីដែលជាចំណុចពិសេសបន្ថែមទៀតនោះគឺផលផ្លែឈើទាំងអស់សុទ្ធតែដាំដោយធម្មជាតិ និងមានរសជាតិឆ្ងាញ់ ហេតុនេះដំណាក់កាលនេះបានធ្វើឱ្យប្រជាជនខ្មែរយើងកាន់តែច្រើនងាកមកគាំទ្រផលិតផលក្នុងស្រុក និងដឹងកាន់តែច្បាស់ពីគុណភាពបន្លែផ្លែឈើខ្មែរដែលឆ្ងាញ់ជាងផ្លែឈើនាំចូល។ អុំស្រីរំពឹងថាចាប់ពីឆ្នាំនេះទៅ អតិថិជននៅទូទាំងប្រទេសនឹងចាប់ផ្តើម​គាំទ្រផលិតផលក្នុងស្រុកកាន់តែច្រើនឡើងៗ បើទោះបីជាមានផលិតផលនាំចូលមកខ្លះក៏ដោយ ព្រោះគាត់ជឿជាក់ថា​ប្រជាជននឹងជក់ចិត្តជាមួយនឹងផ្លែឈើ​ដែលមានគុណភាពល្អនៅក្នុងស្រុក និងបន្តស្វែងរកនៅពេលបន្តបន្ទាប់ទៀត៕