Tag: ADB

  • សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា សហការ​​ជាមួយ​​វិទ្យាស្ថាន​បច្ចេក​វិទ្យា​ម៉ាឡេស៊ី ដើម្បី​ទាក់​ទាញ​វិនិយោគ​ផ្នែក​យាន​យន្ត​

    សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា សហការ​​ជាមួយ​​វិទ្យាស្ថាន​បច្ចេក​វិទ្យា​ម៉ាឡេស៊ី ដើម្បី​ទាក់​ទាញ​វិនិយោគ​ផ្នែក​យាន​យន្ត​

    កាល​ពី​ថ្ងៃទី 17 មករា 2024 សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា (CAIF) បានទទួល​ជួប​លោក Anthony Ng តំណាងវិទ្យាស្ថានបច្ចេកវិទ្យាម៉ាឡេស៊ី (Malaysian Institute of Technology – MIT) ដើម្បី​ពិភាក្សាការងារពាក់ព័ន្ធនឹងការបណ្តុះបណ្តាលជំនាញក្នុងឧស្សាហកម្មយានយន្ត និងកិច្ចសហការរវាង CAIF និង MIT ស្ថិតក្រោមគម្រោង Skills for Future Economy Sector Development Program (SFE) របស់ធនាគារអភិវឌ្ឍអាស៊ី (ADB)។ នេះ​បើ​តាម​ CAIF ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 18 មករា​ 2024​។

    យោង​តាម​ CAIF ដដែល គម្រោង​ SFE មាន​គោល​ដៅ​​បណ្តុះបណ្តាលជំនាញបច្ចេកទេស ការផ្ទេរនូវបច្ចេកវិទ្យាចុងក្រោយបង្អស់ និងការអភិវឌ្ឍធនធានមនុស្ស សំដៅជំរុញដល់កំណើនកំលាំងពលកម្មដែលមានជំនាញ សម្រាប់បំរើការនៅតាមក្រុមហ៊ុន រោងចក្រដំឡើងយានយន្ត និងសំដៅទាក់ទាញវិនិយោគផ្នែកយានយន្តបន្ថែមទៀតមកកាន់ប្រទេសកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ។

    ក្នុង​ជំនួប​នេះ CAIF បានយល់ស្របតាមសំណើរបស់ MIT សម្រាប់កិច្ចសហការ និងការរៀបចំអនុស្សរណៈយោគយល់គ្នារវាងភាគីទាំងពីរ ក្នុងកិច្ចសហប្រតិបត្តិការក្នុងការជំរុញការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសពាក់ព័ន្ធនឹងការ​វិវត្ត​ថ្មីៗក្នុងឧស្សាហកម្មយានយន្ត ដូចជារថយន្តអគ្គិសនី (EV) ជាដើម ៕

  • កម្ពុជា នឹង​ទទួល​បាន​ប្រាក់​កម្ចី 50 លានដុល្លារពី​ ADB ដើម្បី​កែទម្រង់ហិរញ្ញវត្ថុសាធារណៈ

    កម្ពុជា នឹង​ទទួល​បាន​ប្រាក់​កម្ចី 50 លានដុល្លារពី​ ADB ដើម្បី​កែទម្រង់ហិរញ្ញវត្ថុសាធារណៈ

    ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តផ្ដល់​ប្រាក់កម្ចីចំនួន 50 លានដុល្លារអាម៉េរិក ដើម្បី​រួម​ចំណែក​ជួយ​កម្ពុជា ក្នុងការកែលម្អប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFM)។ នេះ​បើ​តាម​ប្រកាស​កាល​ពី​ថ្ងៃទី 24 ខែវិច្ឆិកា ឆ្នាំ 2023 របស់ ADB។

    «កំណែទម្រង់ក្រោមហិរញ្ញប្បទានរបស់ ADB នេះ ឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃការអភិវឌ្ឍ ដែលកំណត់ដោយរាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងការចំណាយ និងចំណូលរបស់កម្ពុជា» នាយិកា ADB ប្រចាំ​ប្រទេស​កម្ពុជា លោកស្រី Jyotsana Varma ថ្លែងដូច្នេះ។ លោក​ស្រី​បន្ត​ថា វានឹងបង្កើនសមត្ថភាពអនុវត្តន៍ការងាររបស់ក្រសួង និងពង្រឹងមុខងារសវនកម្មខាងក្រៅ។

    ADB ដែល​ជាដៃគូគាំទ្រកំណែទម្រង់ PFM (Public Financial Management) របស់កម្ពុជា តាំងពីឆ្នាំ 2008 បានជួយគាំទ្រ​ដល់​គម្រោង​វិនិយោគ​សាធារណៈរបស់កម្ពុជា ដើម្បីបង្កើនភាពធន់ទៅនឹងគ្រោះថ្នាក់ធម្មជាតិ ក៏ដូច​ជាធានានូវការបែងចែកថវិកាដែលទាក់​ទង​នឹង​ការកសាងភាពធន់នឹងផលប៉ះពាល់ដែល​កើត​ឡើង​ពី​បញ្ហា​ប្រែប្រួលអាកាសធាតុ​ផងដែរ​៕

  • ​ប្រាំបួន​ខែដំបូង​ក្នុង​ឆ្នាំ​នេះ ទុន​​ FDI ​ជាង​ម្ភៃពាន់​លាន​ដុល្លារ​​បាន​ហូរ​ចូល​វៀតណាម

    ​ប្រាំបួន​ខែដំបូង​ក្នុង​ឆ្នាំ​នេះ ទុន​​ FDI ​ជាង​ម្ភៃពាន់​លាន​ដុល្លារ​​បាន​ហូរ​ចូល​វៀតណាម

    (វៀតណាម) – យោង​តាម​ទិន្នន័យ​ពី​នាយកដ្ឋាន​វិនិយោគ​បរទេស​នៃ​ក្រសួង​ផែនការ​ និង​វិនិយោគ​ គិត​ត្រឹម​ថ្ងៃទី 20 កញ្ញា 2023 ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) សរុប​ដែល​វៀតណាម​ទទួល​បាន​គឺ​ជិត 20.21 ពាន់​លាន​ដុល្លារ​អាម៉េរិក​ កើន​ 7.7% បើ​ធៀប​នឹង​ 9 ខែ​ដំបូង​នៃ​ឆ្នាំ 2022​។

    ក្នុង​ចំណោម​រំហូរ​ទុន FDI នៅ​វៀតណាមក្នុង​ 9 ខែ​ដំបូង​នៃ​ឆ្នាំ​ 2023 មាន​ខ្ទង់​​វិនិយោគ​ថ្មី​ចំនួន 2,254 គម្រោង​​ដែល​ទទួល​បាន​វិញ្ញាបនបត្រ​ចុះ​បញ្ជី​វិនិយោគ​ ដោយ​មាន​ទុក​សរុប​ជាង 10.23 ពាន់​លាន​ដុល្លារ​អាម៉េរិក​ កើន​ 43.6% បើ​ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ​កន្លង​។

    គិត​ពី​ដើម​ឆ្នាំ​មក​ដល់​បច្ចុប្បន្ន​ ទុន FDI ត្រូវ​បាន​វិនិយោគ​ទៅ​លើ​វិស័យ​ចំនួន​ 18 ក្នុង​ចំណោម​ 21 របស់​វៀតណាម​​។ ក្នុង​នោះ​ វិស័យ​ឧស្សាហកម្ម​​កែច្នៃ​ ផលិត​ ទទួល​បាន​ទុន​​បរទេស​ច្រើន​ជាង​គេ​ ពោល​គឺ​ជាង 14 ពាន់​លាន​ដុល្លារ​អាម៉េរិក​ ស្មើ​នឹង 69.3% ធៀប​នឹង​ទុន​សរុប​ដែល​ត្រូវ​បាន​ចុះ​បញ្ជី​ និង​កើន​ 15.5% ខណៈ​​​វិស័យ​អចលនទ្រព្យ​ ឈរ​លំដាប់​លេខ​ពីរ​ ដោយ​ទទួល​បាន​ទុក​ជិត 1.94 ពាន់​លាន​ដុល្លារ​ ស្មើ​នឹង​ជាង 9.6% ក្នុងចំណោម​ទុន​ដែល​ត្រូវ​បាន​ចុះ​បញ្ជី​ ពោល​គឺ​ថយ​ចុះ 45% បើ​​ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ 2022​។

    យោង​តាម​ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB) សេដ្ឋកិច្ច​វៀតណាម​មាន​ភាព​​រឹង​មាំ ហើយ​អាច​ងើប​ឡើងឆាប់​រហ័ស​ក្នុង​ពេល​ឆាប់​ៗ​ខាងមុខ​។ ក្នុង​របាយ​ការណ៍​របស់​ខ្លួន​ ADB ឱ្យ​ដឹង​ថា កំណើន​សេដ្ឋកិច្ច​​វៀតណាម​នឹង​កើន​ 5.8% ក្នុង​ឆ្នាំ 2023 និង​ 6% ក្នុង​ឆ្នាំ 2024​ ថយ​ចុះ​បន្តិច​បើ​ធៀប​នឹង​ 6.5% និង 6.8% ដែល​ស្ថាប័ន​នេះ​បាន​ព្យាករ​កាល​​​ខែ​មេសា 2023៕

  • ធនាគារអភិវឌ្ឍន៍អាស៊ីថា សេដ្ឋកិច្ច​កម្ពុជា​ ងាយ​រង​ផលប៉ះពាល់​ជាងគេ​ក្នុង​តំបន់ កំឡុងពេលកូវីដ-19 កំពុងរាតត្បាត

    ធនាគារអភិវឌ្ឍន៍អាស៊ីថា សេដ្ឋកិច្ច​កម្ពុជា​ ងាយ​រង​ផលប៉ះពាល់​ជាងគេ​ក្នុង​តំបន់ កំឡុងពេលកូវីដ-19 កំពុងរាតត្បាត

    ដោយសារ​តែ​ការរីករាលដាល​កូវីដ​-19 ជុំវិញ​ពិភពលោក និង​ក្នុង​តំបន់ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​ព្យាករ​ថា កម្ពុជា​ជា​ប្រទេសមួយ​ដែល​ទទួលរង​ផលប៉ះពាល់​ខ្លាំង​បំផុត​ដល់​សេដ្ឋកិច្ច​របស់ខ្លួន​ធៀប​នឹង​បណ្ដា​រដ្ឋ​ជា​សមាជិក​អាស៊ាន​ 9 ​ផ្សេង​ទៀត​។

    ADB កាលពី​ដើមខែ​នេះ​បាន​ប៉ាន់ប្រមាណ​ថា កម្ពុជា​នឹង​ខាតបង់​ជាង​ 390 ​លាន​ដុល្លារ​ លើ​ផលប៉ះពាល់​ដោយសារ​តែ​ការរីករាលដាល​កូវីដ​19 ឬ​ធ្លាក់ចុះ​ 1,59 ​ភាគរយ​ នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) នៅ​ឆ្នាំ​នេះ ដែល​បណ្ដាល​ឱ្យប្រទេស​នេះ​ជា​ប្រទេស​មាន​ផលប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ខ្លាំង​បំផុត​ដែល​បាន​បង្កឡើង​ដោយ​ការរីករាលដាល​កូវីដ​19 ក្នុងចំណោម​រដ្ឋ​ជា​សមាជិក​អាស៊ាន​ផ្សេងទៀត​។

    រដ្ឋាភិបាល​បាន​ទម្លាក់​ការព្យាករ​កំណើន​សេដ្ឋកិច្ច​របស់ខ្លួន​នៅ​ឆ្នាំនេះ​មក​នៅ​ត្រឹម​ 6,1 ​ភាគរយ​ ពី​ការព្យាករ​លើកមុន​របស់ខ្លួន 6,5 ​ភាគរយ ​ដោយសារ​ការរីករាលដាល​កូវីដ​-19 ការប្រែប្រួល​អាកាសធាតុ និង​ភូមិសាស្ដ្រ​នយោបាយ​។

    ADB បាន​ឱ្យ​ដឹងថា ផលប៉ះពាល់​លើ​ពិភពលោក​ចាប់ពី​ 77 ​ពាន់​លាន​ដុល្លារ​ ទៅ​ 347 ​ពាន់​លាន​ដុល្លារ​ក្នុង​នោះ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​មាន​ចំនួន​ 2 ​ភាគ​ 3 នៃ​ចំនួន​សរុប​។

    ADB បាន​បន្តថា ការរីក​រាលដាល​កូវីដ​-19 ​ជា​បន្ត​ប៉ះពាល់​ដល់​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ផ្សេងទៀត​តាមរយៈ​បណ្ដាញ​ជាច្រើន​ដែល​រួមមាន​ការធ្លាក់ចុះ​យ៉ាង​ខ្លាំង​ផ្នែក​តម្រូវការ​ក្នុងស្រុក ទេសចរណ៍ និង​ការធ្វើ​ដំណើរ​អាជីវកម្ម​កាន់តែ​ទាប ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ការផលិត​ការរំខាន​ការផ្គង់ផ្គង់ និង​ផលប៉ះពាល់​ផ្នែក​សុខភាព​។

    បណ្ដា​ប្រទេស​កំពុងអភិវឌ្ឍន៍​ភាគច្រើន​កំពុង​ឆ្លើយតប​នឹង​ការរីករាលដាល​កូវីដ-19​ រួចហើយ​តាម​មធ្យោបាយ​ផ្សេងៗ​។ រដ្ឋាភិបាល​ជាច្រើន​បាន​ប្រមូល​កម្លាំង​ពិសេស​អន្តរ​ភ្នាក់ងារ និង​យន្តការ​សម្របសម្រួល​ផ្សេងទៀត ដើម្បី​ធានា​ការឆ្លើយតប​ប្រកប​ដោយ​ការចុះ​សម្រុង​គ្នា​។ នេះ​បើ​យោងតាម ADB​។

    លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន កាលពី​ដើមខែ​នេះ​បាន​ឲ្យ​ដឹងថា ​រដ្ឋាភិបាល​បាន​លៃ​ទុក​ប្រាក់​ចន្លោះ​ពី​ 800 ​លាន​ដុល្លារ ​ទៅ​ 2​ពាន់​លាន​ដុល្លារ ដើម្បី​ដោះស្រាយ​ផលប៉ះពាល់​សេដ្ឋកិច្ច ដោយសារ​តែ​ការរីករាលដាល​កូវីដ-​19 ដែល​រួមទាំង​ 30លាន​ដុល្លារ ដើម្បី​ផ្ដល់​ហិរញ្ញប្បទាន​ក្នុង​ការគាំទ្រ​ដល់​ក្រសួង​សុខាភិបាល​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរីករាលដាល​កូវីដ-​19៕

  • ADB ៖ សេដ្ឋកិច្ចកម្ពុជា នឹង​ខាតបង់​ប្រមាណ 350លាន​ដុល្លារនៅ​ឆ្នាំនេះ ដោយសារ​ មេរោគ​ COVID-19

    ADB ៖ សេដ្ឋកិច្ចកម្ពុជា នឹង​ខាតបង់​ប្រមាណ 350លាន​ដុល្លារនៅ​ឆ្នាំនេះ ដោយសារ​ មេរោគ​ COVID-19

    ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)បាន​ព្យាករ​ថា ឥទ្ធិពល​នៃ​មេរោគ COVID-19 នឹង​អាច​នាំឱ្យ​កម្ពុជា​ខាតបង់​ថវិកា​យ៉ាងតិចណាស់​ជិត 350លាន​ដុល្លារ​ក្នុង​ឆ្នាំ2020 នេះ ហើយ​ទំហំ​នៃ​ការខូចខាត​មកលើ​សេដ្ឋកិច្ច​ប្រទេសមួយ​នេះ អាច​នឹងមាន​ទំហំ​កាន់តែ​ធំ​ថែម​ទៀតផង។

    ធនាគារ ADB បានលើកឡើង​បែបនេះ​នៅក្នុង​របាយការណ៍​សង្ខេប​របស់ខ្លួន ដែលមាន​ចំណងជើង​ថា “អ្វី​ជា​ផលប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​បណ្ដាលមកពី​ការរីក​រាលដាល​នៃ COVID-19 នៅ​អាស៊ី?” ដែល​បានចេញ​ផ្សាយ​កាលពី​សប្ដាហ៍​មុន ដោយបាន​ព្យាករ​ពី​ផលប៉ះពាល់​មកលើ​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំងអស់​ក្នុង​តំបន់​អាស៊ី​ដែល​បណ្ដាល​ពី​មេរោគ COVID-19 ហើយ​ការរីក​រាលដាល​នៃ​មេរោគ COVID-19 នេះ​នឹង​ធ្វើឱ្យប៉ះពាល់​ខ្លាំង​ដល់​ប្រទេស​កំពុងអភិវឌ្ឍន៍ ក្នុងនោះ​រួមមាន​ទាំង​កម្ពុជា​ផងដែរ។

    របាយការណ៍ បាន​លើកឡើងថា ការរីក​រាលដាល​នៃ COVID-19 កំពុង​ប៉ះពាល់​ដល់​ចិន និង​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍​នៅ​អាស៊ី រួមមាន​ការធ្លាក់ចុះ​យ៉ាងខ្លាំង​នូវ​តម្រូវការ​ក្នុងស្រុក ការថយចុះ​នៃ​សកម្មភាព​ទេសចរណ៍ និង​ការធ្វើ​ពាណិជ្ជកម្ម ព្រមទាំង​បង្អាក់​ការផ្គត់ផ្គង់​វត្ថុធាតុដើម និង​ផលប៉ះពាល់​ដល់​សុខភាព​សាធារណៈ។

    បើតាម​របាយការណ៍រ​បស់ ADB បាន​បង្ហាញថា ផលិតផល​ក្នុងស្រុក​សរុប (GDP)របស់​កម្ពុជា អាច​នឹង​ខាតបង់​ប្រមាណ​ជាង 1.40% ឬ​ស្មើនឹង​ទឹកប្រាក់​ប្រមាណ​ជាង 345,7លាន​ដុល្លារ ក្នុងករណី​ប្រសិនបើ​មាន​ផលប៉ះពាល់​ក្នុង​កម្រិត​តិច​បំផុត។

    របាយការណ៍​បាន​ប៉ាន់ប្រមាណ​ទៀតថា សេដ្ឋកិច្ចកម្ពុជា​អាច​នឹង​ខាតបង់​កំណើន​ប្រមាណ​ជិត 2% ឬ​ស្មើនឹង​ជាង 473លាន​ដុល្លារ ក្នុងករណី​មាន​ផលប៉ះពាល់​ក្នុង​កម្រិត​មធ្យម ហើយ​កំណើន​សេដ្ឋកិច្ចកម្ពុជា អាច​នឹង​បាត់បង់​ក្នុង​រង្វង់​ជិត 3.5% ក្នុងករណី​ផលប៉ះពាល់​មាន​កម្រិត​ខ្ពស់។

    ធនាគារអភិវឌ្ឍន៍អាស៊ី ក៏បាន​កត់សម្គាល់​ក្នុង​សេចក្តី​សង្ខេប​របស់ខ្លួន​ថា៖“របាយការណ៍​នេះ គឺធ្វើឡើង​ក្នុង​បំណង​ឱ្យ​អ្នករៀបចំ​គោលនយោបាយ​នៃ​បណ្ដា​ប្រទេសនីមួយៗ ត្រៀម​រៀបចំ​យុទ្ធសាស្ត្រ​នានា​ក្នុងការ​បង្ការ​ហានិភ័យ និង​ឆ្លើយតប​ឱ្យបាន​ទាន់ពេលវេលា”។

    មន្ត្រី​នៃ​ក្រសួង​ការងារ បានទទួល​ស្គា​ល់ពី​ផលប៉ះពាល់​មកលើ​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​រប​ស់​កម្ពុជា ដែល​បណ្ដាលមកពី​ការផ្ទុះ​ឡើង និង​ការរីករាលដាល​នៃ​មេរោគ​វីរុស​កូ​រ៉ូ​ណា​ថ្មី ដែល​បាន​វាយប្រហារ​ទៅលើ​ចង្វាក់​នៃ​ការផ្គត់ផ្គង់​វត្ថុធាតុដើម​ពី​ប្រទេស​ចិន​កាលពីពេល​កន្លងមក។ រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង​សរុប33 ហើយ បានស្នើ​សុំ​ព្យួរ​កិច្ចសន្យាការងារ​រយៈពេល 2សប្ដាហ៍ (ថ្ងៃទី4 ខែមីនា ឆ្នាំ2020)។

    ឯកឧត្តម ហេង សួរ អ្នកនាំពាក្យ​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មានប្រសាសន៍​ឱ្យដឹងថា កម្មករនិយោជិត​ចំនួន 17,096នាក់ នៃ​ចំនួន​កម្មករនិយោជិត​បម្រើ​ការងារ 62,087នាក់ ដែល​ធ្វើការ​នៅក្នុង​រោងចក្រ​ទាំង33 នោះ នឹងត្រូវ​ផ្អាក​ការងារ ដោយសារតែ​កង្វះខាត​វត្ថុធាតុដើម​ដែល​នាំចូល​ពី​ប្រទេស​ចិន ជាទី​ដែល​មេរោគ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​បាន​ផ្ទុះឡើង និង​រីក​រាលដាល​ទូទាំង​ពិភពលោក​ចាប់តាំងពី​ចុងឆ្នាំ​មុន​មក។

    ប៉ុន្តែ កាលពីដើម​សប្ដាហ៍​កន្លងទៅ លោក លូ គឹមឈុន អគ្គនាយក​កំពង់ផែ​ព្រះសីហនុ បាន​ប្រាប់​កាសែត​ក្នុងស្រុក​មួយ​ថា កាលពី​ថ្ងៃ​អង្គារ មាន​នាវា​ដឹក​កុងតឺន័រ​ចំនួន5 ដែល​បាន​ផ្ទុក​ដោយ​វត្ថុធាតុដើម​សម្រាប់​រោងចក្រ​នៅក្នុង​ប្រទេស​កម្ពុជា​បាន​ចូល​ចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ​ហើយ។

    ដោយឡែក​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ជា​សាធារណៈ​កាលពី​ខែ​មុន​ថា ការឆ្លង​រីក​រាលដាល​នៃ​មេរោគ​វីរុស​កូ​រ៉ូ​ណា​ថ្មី​នេះ កំពុងតែ​វាយប្រហារ​ដោយផ្ទាល់​ទៅលើ​វិស័យ​ទេសចរណ៍​កម្ពុជា ដែល​ទទួលបាន​ភ្ញៀវទេសចរ​ចិន​ដល់​ទៅ​ជាង 30% នៃ​ភ្ញៀវទេសចរ​បរទេស​សរុប​ចូល​មកលេង​កម្ពុជា។

    តែ​ទោះជា​យ៉ាងណាក្ដី សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា កាលពី​ថ្ងៃទី10 ខែមីនា កម្ពុជា​បាន​ត្រៀម​ថវិកា​ចន្លោះ​ពី 800លាន​ដុល្លារ​ទៅ 2,000លាន​ដុល្លារ ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​ប្រឈម​ផ្នែក​សេដ្ឋកិច្ច និង​សុខភាព​សាធារណៈ។

    សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា៖ “យើង​មាន​សេណារីយោ​ទប់ទល់​នឹង​កូ​វីដ-19នេះហើយ។ បើ​កូ​រ៉ូ​ណា​អូសបន្លាយ​រយៈពេល 6ខែ យើង​ត្រៀម 800លាន​ដុល្លារ ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ច។ យើង​ក៏បាន​ប៉ាន់​ស្មានថា សេដ្ឋកិច្ច​ធ្លាក់​កំណើន​ប៉ុនណា ផលប៉ះពាល់​ធំ​ប៉ុនណា? បើ​វា​កើត​ដល់1ឆ្នាំ យើង​ត្រូវ​ប៉ះប៉ូវ​នូវ​ទំហំ​ទឹកប្រាក់​ប៉ុនណា? អ៊ីចឹង វា​ស្ថិតនៅ​ចន្លោះ​ពី 800លាន​ទៅ 2,000លាន​ប៉ុណ្ណឹង បើ​វា​អូសបន្លាយ​ដល់ 1ឆ្នាំ។ ខ្ញុំ​គិតថា ពិភពលោក​នឹង​ខិតខំ​ដោះស្រាយ​បញ្ហា​នេះ”។

    អ្នកស្រាវជ្រាវ​នៃ​ស្ថាប័ន​រាជបណ្ឌិត្យសភាកម្ពុជាលោក​បណ្ឌិត គី សេរី​វឌ្ឍន៍ បាន​លើកឡើងថា បញ្ហា​មេរោគ​កូ​វីដ-19 នេះ ជា​បញ្ហា​របស់​សកលលោក ដែល​ទាមទារ​ឱ្យ​ប្រទេស​ទាំងអស់​រួមគ្នា​ដោះស្រាយ។

    លោក​មានប្រសាសន៍ថា ជំងឺ​នេះ​បង្ក​ឱ្យ​ប៉ះពាល់​ជំហាន​ដំបូង​ដល់​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​កម្ពុជា “រដ្ឋាភិបាល​កម្ពុជា​ត្រូវ​រៀបចំខ្លួន​ឱ្យបាន​ល្អ ចំពោះ​បញ្ហា​នេះ។ សំខាន់ រដ្ឋាភិបាល​ត្រូវ​ប្រឈម​នឹង​ការចំណាយ​ខ្ពស់​ដើម្បី​ទប់ទល់​នឹង​កូ​វីដ-19នេះ។ កម្ពុជា​ត្រូវធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​របស់ខ្លួន​ឱ្យទាន់​ពេលវេលា និង​ឱ្យទាន់​សភាពការណ៍”។

    ធនាគារអភិវឌ្ឍន៍អាស៊ី ADB ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ក៏បាន​ឱ្យដឹង​ដែរ​ថា ទំហំ​នៃ​ផលប៉ះពាល់​សេដ្ឋកិច្ច នឹង​អាស្រ័យ​លើ​របៀប​ដែល​ការផ្ទុះ​ឡើង​នៃ​មេរោគ COVID-19 នៅតាម​បណ្ដា​ប្រទេសនីមួយ។ ADB បាន​បង្ហាញថាការផ្ទុះ COVID-19 នាំឱ្យ​ប៉ះពាល់​សេដ្ឋកិច្ច ជា​សកល​មាន​ទំហំ​ពី 77ពាន់​លាន​ដុល្លារ​ទៅ 347ពាន់​លាន​ដុល្លារ ឬ​ស្មើនឹង 0.1% ទៅ 0.4% នៃ​ទំហំ​សេដ្ឋកិច្ចពិភពលោក​ទាំង​មូល។

    ធនាគារអភិវឌ្ឍន៍អាស៊ី​បាន​បញ្ជាក់ថា នៅក្នុង​ការវិភាគ​ដែល​បាន​គូសបញ្ជាក់​ពី​សេណារីយោ​ដែល​ល្អ​បំផុត និង​អាក្រក់​បំផុត​ថា កំណើនសេដ្ឋកិច្ច​នៅក្នុង​ប្រទេស​ចិន អាច​នឹង​ត្រូវបាន​កាត់​បន្ថយ​ត្រឹម 0.3% ស្មើនឹង 1.7% និង​ប្រទេស​កំពុងអភិវឌ្ឍន៍​នៅ​អាស៊ី ដោយ​មិន​រាប់បញ្ចូល​ប្រទេស​ចិន អាច​នឹង​ត្រូវបាន​កាត់​បន្ថយ​ត្រឹម 0.2% ស្មើនឹង 0.5%។

    លោកស្រី Kristalina Georgieva នាយក​គ្រប់គ្រង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF បាន​មានប្រសាសន៍​នាពេល​កន្លងមក​ថា៖“ការរីក​រាលដាល​នៃ​វីរុស​នេះ បានធ្វើឱ្យ​បាត់​ក្តីសង្ឃឹម​សម្រាប់​កំណើនសេដ្ឋកិច្ច​កាន់តែខ្លាំង​នៅ​ឆ្នាំនេះ ហើយនឹង​ធ្វើឱ្យ​ទិន្នផល​សកលលោក​ឆ្នាំ2020 ឈានដល់​ល្បឿន​យឺត​បំផុត ចាប់តាំងពី​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ2008-2009 មក”។

    ធនាគារអភិវឌ្ឍន៍អាស៊ី បានឱ្យដឹង​ទៀតថា ការផ្ទុះ​ឡើង​នៃ​វីរុស​នេះ អាច​នាំឱ្យមាន​ការធ្លាក់​ចុះ​យ៉ាងខ្លាំង​នៅក្នុង​តម្រូវការ​ក្នុងស្រុក ទេសចរណ៍ និង​ការធ្វើ​ដំណើរការ​អាជីវ​កម្ម ពាណិជ្ជកម្ម និង​ផលិតកម្ម ការរំខាន​ដល់​ការផ្គត់ផ្គង់ ការធ្វើឱ្យ​ប៉ះពាល់​ដល់​កំ​ណើ​ន​នៅ​តំបន់​អាស៊ី​ដែល​កំពុងអភិវឌ្ឍន៍។

    ធនាគារ ADB ក៏បាន​ឱ្យដឹង​ទៀត​ដែរ​ថា ខ្លួន​កំពុងផ្តល់​ថវិកា​ចំនួន 12ពាន់​លាន​ដុល្លារ​ជាបន្ទាន់ដើម្បី​ជួយ​ដល់​ប្រទេស​កំពុងអភិវឌ្ឍន៍ កែលម្អ​សេវាកម្ម​សុខភាព ការឃ្លាំមើល​ជំងឺ ការទទួលបាន​ការផ្គត់ផ្គង់​ផ្នែក​វេជ្ជសាស្ត្រ និង​ដើមទុន​សម្រាប់​អាជីវកម្ម​ជាដើម៕

  • ADB​-IMF​៖ សេដ្ឋកិច្ច​កម្ពុជា​នៅតែ​រីកចម្រើន​ និង​ចំណូលជាតិ​នៅតែ​រឹងមាំ​

    ADB​-IMF​៖ សេដ្ឋកិច្ច​កម្ពុជា​នៅតែ​រីកចម្រើន​ និង​ចំណូលជាតិ​នៅតែ​រឹងមាំ​

    ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ Asian​ Development​ Bank​ (ADB​) ថ្មី​ៗនេះ​បាន​ចេញ​របាយការណ៍​ មួយ​ដែល​ឱ្យ​ដឹង​ថា​ សេដ្ឋកិច្ច​របស់​កម្ពុជា​នឹង​នៅតែ​បន្ត​សម្រេច​បាន​កំណើន​រឹងមាំ​ក្នុង​ឆ្នាំនេះ​ បើ​ ទោះបីជា​ផលិតកម្ម​កសិកម្ម​មានការ​កើនឡើង​យឺត​ជាង​ការ​រំពឹង​ទុក​ក៏ដោយ​។

    ការ​ធ្វើ​បច្ចុប្បន្នភាព​ របាយការណ៍​ប្រចាំឆ្នាំ​របស់​ខ្លួន​ អំពី​សេដ្ឋកិច្ច​ដែល​មានឈ្មោះ​ថា​ ទស្សនវិស័យ​អភិវឌ្ឍន៍​អាស៊ី​ Asian​ Development​ Outlook​(ADO​) ឆ្នាំ2019​ ADB​ បាន​រក្សា​ការ​ព្យាករ​ របស់​ខ្លួន​អំពី​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​(ផ.ស.ស​)សម្រាប់​ប្រទេស​កម្ពុជា​កម្រិត7.0​% សម្រាប់​ឆ្នាំនេះ​ និង​ 6.8​% សម្រាប់​ឆ្នាំ2020​។

    លោកស្រី​ Sunniya​ Durrani​-Jamal​ នាយិកា​ប្រចាំ​ប្រទេស​របស់​ធនាគារ​ ADB​ ទទួលបន្ទុក​ប្រទេស​កម្ពុជា​ថ្លែង​ថា​៖ “សេដ្ឋកិច្ច​កម្ពុជា​បន្ត​កើនឡើង​ក្នុង​ល្បឿន​ដ៏​រឹងមាំ​ដោយសារតែ​ភាព​ខ្លាំង​ជា​បន្ត​នៅ​ក្នុង​វិស័យ​ទូទៅ​ជាច្រើន​ ដូចជា​វិស័យ​កាត់ដេរ​ ទេសចរណ៍​ ពាណិជ្ជកម្ម​ និង​សំណង់​នៅតែ​បន្ត​មាន​ភាពរឹងមាំ​។ ទោះបី​យ៉ាងនេះ​ក្តី​ ADB​ បានឱ្យ​ដឹង​ថា​ កម្ពុជា​ចាំបាច់​ត្រូវ​ធ្វើ​ពិពិធ​កម្ម​ ផលិតផល​នាំចេញ​របស់​ខ្លួន​ក្រៅពី​វិស័យ​ដែល​មានស្រាប់​បច្ចុប្បន្ន​”។

    លោកស្រី​បន្ត​ថា​៖“ជាមួយនឹង​ការ​កើនឡើង​ភាព​មិន​ច្បាស់លាស់​នៅក្នុង​បរិយាកាស​ពាណិជ្ជកម្ម​ពិភពលោក​ ព្រមទាំង​ផល​ប៉ះពាល់​របស់​វា​មក​លើ​វិស័យ​សេវាកម្ម​ ដូចជា​ ទេសចរណ៍​កម្ពុជា​ត្រូវការ​យុទ្ធសាស្ត្រ​ពិពិធ​កម្ម​មួយ​ជាបន្ទាន់​ ដែល​ផ្តោត​លើ​អ្វី​ដែល​មាន​ភាព​សមស្រប​សម្រាប់​ខ្លួនឯង​ ព្រមទាំង​ផ្តោត​លើ​ផលិតផល​ និង​សេវាកម្ម​ដែល​មានតម្លៃ​បន្ថែម​ខ្ពស់​ជាង​មុន​”។

    លោកស្រី​បន្ត​ថា​ ការ​ធ្វើបែប​នេះ​តម្រូវ​ឱ្យ​កាត់បន្ថយ​ហានិភ័យ​ ដែល​កើតឡើង​ពី​ការ​ផ្តល់​ឥណទាន​ដល់​វិស័យ​អចលនទ្រព្យ​ ដែល​កំពុងតែ​មានការ​កើន​ឡើង​ ការ​អភិវឌ្ឍ​កម្លាំង​ពលកម្ម​ប្រកបដោយ​ជំនាញ​និង​មាន​ផលិតភាព​ខ្ពស់​ជាង​មុន​ ដើម្បី​រក្សា​តុល្យភាព​នឹង​ប្រាក់ឈ្នួល​ ដែល​កំពុង​កើនឡើង​ និង​ទាក់ទាញ​ការ​វិនិយោគមូលធន​ប្រកបដោយ​គុណភាព​ខ្ពស់​ ដែល​ទាំងអស់​នេះ​ត្រូវការ​ឱ្យ​មាន​ផង​ដែរ​នូវ​អភិបាលកិច្ច​ល្អ​ និង​ស្ថាប័ន​ដែល​រឹងមាំ​។

    របាយការណ៍​នេះ​ បាន​កត់សម្គាល់​អំពី​ហានិភ័យ​ចំពោះ​ផលិតកម្ម​ដែល​អាច​រង​ផល​ប៉ះពាល់​ ពី​ការប្រែប្រួល​អាកាសធាតុ​។ គ្រោះ​រាំងស្ងួត​ដែល​បាន​កើតឡើង​ នៅ​អំឡុង​ពាក់កណ្តាល​ឆ្នាំ​ដំបូង​ បាន​ធ្វើ​ឱ្យ​ផលិតកម្ម​កសិផល​ និង​ជលផល​មានការ​ធ្លាក់ចុះ​ ដោយ​បាន​កាត់បន្ថយ​កំណើន​សេដ្ឋកិច្ច​ នៅក្នុង​វិស័យ​កសិកម្ម​ មក​ត្រឹម​ប្រមាណ​ 1.1​% សម្រាប់​ឆ្នាំ​នេះ​។ កំណើន​វិស័យ​ឧស្សាហកម្ម​ មាន​ ភាពរឹងមាំ​ដោយសារ​កំណើន​ដ៏​ឆាប់រហ័ស​នៃ​ផលិតកម្ម​កាត់​-ដេរ​សម្លៀកបំពាក់​ ស្បែកជើង​ ជាពិសេស​ទំនិញ​សម្រាប់​ការ​ធ្វើដំណើរ​ដែល​បាន​នាំ​ឱ្យ​មានការ​ដំឡើង​ការ​ព្យាករ​របស់​ ADB​ ពី​ 10.1​% កាល​ ពី​ខែ​មេសា​ ទៅជា​ 10.6​% សម្រាប់​វិស័យ​នេះ​។

    ដោយសារ​ប្រេងឥន្ធនៈ​មានតម្លៃ​ទាប​ជាង​មុន​និង​តម្លៃ​ស្បៀងអាហារ​មានការ​កើនឡើង​តិច​អតិផរណា​មានកម្រិត​ទាប​ត្រឹម​ 1.4​% នៅ​ចុងខែ​មិថុនា​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ឆ្នាំ2018​ និង​រំពឹង​ថា​ នឹង​មានកម្រិត​ 2.2​% ជាមធ្យម​ សម្រាប់​ឆ្នាំ2019​។

    កំណើន​នៃ​ការនាំចូល​លឿន​ជាង​ការ​រំពឹង​ទុក​ បើ​ទោះបី​ការនាំចេញ​ទំនិញ​ និង​ការ​មកដល់​នៃ​ភ្ញៀវ​ទេសចរ​មានការ​កើនឡើង​យ៉ាង​រឹងមាំ​ក៏ដោយ​។ ដូច្នេះ​ឱនភាព​គណនីចរន្ត​ (ដោយ​មិនរាប់​បញ្ចូល​ជំនួយឥតសំណង​) ត្រូវ​បាន​រំពឹង​ថា​ នឹង​កើនឡើង​នៅ​ក្នុងរយៈពេល​នៃ​ការ​ព្យាករ​នេះ​។ ឱនភាព​នេះ​ទទួល​បាន​ហិរញ្ញប្បទាន​ពី​លំហូរ​ចូល​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ ដែល​នឹង​បន្ត​គរ​ពូន​ទុនបម្រុង​ដុល​អន្តរជាតិ​ឱ្យ​ឡើង​ដល់​ប្រមាណ​ 12.3ពាន់​លាន​ដុល្លារ​ត្រឹម​ដំណាច់ឆ្នាំ​នេះ​ ដែល​អាច​រ៉ាប់រង​ចំណាយ​សម្រាប់​ការនាំចូល​បាន​រយៈពេល​ 6ខែ​។

    ដោយឡែក​មន្ត្រី​ជាន់ខ្ពស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (International​ Monetary​ Fund​ ឬIMF​) ក៏បាន​កោត​សសើរ​ចំពោះ​ការ​រីកចម្រើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ និង​ចំណូលជាតិ​រឹងមាំ​ខណៈ​មន្ត្រី​រូប​នេះ​ចុះ​បំពេញបេសកកម្ម​ សម្រាប់​រយៈពេល​ 2សប្តាហ៍​នៅ​កម្ពុជា​ ដើម្បី​សិក្សា​ និង​វាយតម្លៃ​ក្របខ័ណ្ឌ​ម៉ាក្រូ​សេដ្ឋកិច្ច​កម្ពុជា​ ។

    លោក​ Jarkko​ Turunen​ ក្រុមការងារ​បេសកកម្ម​ Article​ IV​ របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF​) បាន​ឱ្យ​ដឹង​យ៉ាង​ដូច្នេះ​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ដោយ​លោក​បាន​មានប្រសាសន៍​ថា​ បេសកកម្ម​របស់​ក្រុមការងារ​ Article​ IV​ មាន​គោលបំណង​៖ 1-វាយតម្លៃ​អំពី​ស្ថានភាព​សេដ្ឋកិច្ច​សកល​ តំបន់​ និង​នយោបាយ​ភូមិសាស្ត្រ​មក​លើ​ក្របខ័ណ្ឌ​ម៉ាក្រូ​សេដ្ឋកិច្ច​កម្ពុជា​។ 2- វាយតម្លៃ​ និង​ផ្តល់​អនុសាសន៍​គន្លឹះ​ សម្រាប់​ពិចារណា​លើ​វិធានការ​ គោលនយោបាយ​ជា​យុទ្ធសាស្ត្រ​ និង​អាទិភាព​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំពុង​អនុវត្ត​ និង​ត្រៀម​នឹង​ដាក់ចេញ​សម្រាប់​ជំហាន​បន្ទាប់​។ 3-ការ​ប៉ាន់ស្មាន​តម្រូវការ​ និង​ប្រភព​ហិរញ្ញប្បទាន​ក្នុង​ការ​គាំទ្រ​ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍន៍​ ប្រកបដោយ​ចីរភាព​របស់​កម្ពុជា​ (CSDGs​) និង4​-យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​សមត្ថភាព​មន្ត្រី​ជំនាញ​កម្ពុជា​ ដែល​រួមមាន​ជំនាញ​វិភាគ​ និង​ស្តង់ដារ​គ្រប់គ្រង​ និង​ផ្សព្វផ្សាយ​ទិន្នន័យ​ ។

    លោក​ Jarkko​ Turunen​ ប្រធាន​បេសកកម្ម​ បាន​វាយតម្លៃ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​សម្រេច​បាន​នូវ​សមិទ្ធផល​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ និង​ចំណូលជាតិ​ប្រកប​ ដោយ​ភាពរឹងមាំ​ និង​ផ្លែផ្កា​។

    លោក​បាន​ថ្លែងអំណរគុណ​ ដល់​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ដែល​បន្ត​រៀបចំ​ផ្តល់​កិច្ចសហការ​យ៉ាងសកម្ម​ សម្រាប់​ក្រុមការងារ​បេសកកម្ម​ Article​ IV​ ក្នុង​ការវាយតម្លៃ​ក្របខ័ណ្ឌ​ម៉ាក្រូ​សេដ្ឋកិច្ច​កម្ពុជា​ និង​ពិភាក្សា​ដោយ​ផ្ទាល់​ជាមួយ​អគ្គនាយក​ដ្ឋាន​ / ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ឱកាស​បំពេញ​ការងារ​បេសកកម្ម​នេះ​។

    ក្នុង​ឱកាស​នោះ​ដែរ​ លោក​ Jarkko​ Turunen​ ប្រធាន​ក្រុម​បេសកកម្ម​សម្រាប់​កម្ពុជា​ បាន​ចូល​ជួប​សម្តែង​ការគួរសម​ជាមួយ​ឯកឧត្តម​ ជា​ ចាន់​តូ​ អគ្គ​ទេសាភិបាល​ធនាគារជាតិនៃកម្ពុជា​ដោយ​ឯកឧត្តម​អគ្គ​ទេសាភិបាល​បាន​ថ្លែង​ឱ្យ​ដឹង​ថា​ គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស​កម្ពុជា​ មាន​សុខភាព​ល្អ​ប្រសើរ​ និង​បាន​រួមចំណែក​គាំទ្រ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ និង​បាន​ពង្រឹង​ការ​ត្រួតពិនិត្យ​ និង​បទប្បញ្ញត្តិ​ជាមួយនឹង​ការ​ដាក់ចេញ​បន្តបន្ទាប់​នូវ​គោលនយោបាយ​ម៉ាក្រូ​ប្រុងប្រយ័ត្ន​ ការបោះផ្សាយ​របាយការណ៍​ ស្ថិរភាព​ហិរញ្ញវត្ថុ​ និង​ពង្រឹង​បណ្តាញ​ការពារ​ស្ថិរភាព​ធនាគារ​ឱ្យ​បាន​រឹងមាំ​ស្របតាម​ស្តង់​ដា​អន្តរជាតិ​។

    សូមជម្រាប​ថា​ បេសកកម្ម​ Article​ IV​ ត្រូវ​បាន​មូលនិធិ​រូបិយវត្ថុ​អន្ដរ​ជាតិ​ធ្វើឡើង​ជា​រៀងរាល់​ឆ្នាំ​ សម្រាប់​ប្រទេស​ជាស​មា​ជិ​ក ដើម្បី​ពិនិត្យ​តាមដាន​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​ និង​ផ្តល់​អនុសាសន៍​ សម្រាប់​ការអនុវត្ត​គោលនយោបាយ​សេដ្ឋកិច្ច​។

    ឯកឧត្តម​អគ្គ​ទេសាភិបាល​ក៏បាន​ជម្រាប​ជូន​គណៈប្រតិភូ​ពី​ការ​រីកចម្រើន​នៃ​សេដ្ឋកិច្ច​នា​ពេល​កន្លងមក​ ពិសេស​នៅ​ឆ្នាំ2018​ ដែល​កម្ពុជា​សម្រេច​បាន​ក្នុង​អត្រា7.5​%។ ឆ្នាំ2019​ រាជរដ្ឋាភិបាល​ រំពឹង​ថា​ កំណើន​នឹង​បន្ត​កើន​ក្នុងរង្វង់​ 7.1​% ដែល​ជា​កម្រិត​ខ្ពស់​ក្នុង​តំបន់​។ ទន្ទឹម​នេះ​ស្ថានភាព​ម៉ាក្រូ​សេដ្ឋកិច្ច​មាន​ស្ថិរភាព​ល្អ​ប្រសើរ​ ដោយ​អតិផរណា​នៅ​ឆមាស​ទី1​ មាន​អត្រា1.9​% ហើយ​រំពឹង​ថា​ មានកម្រិត2.2​% សម្រាប់​ឆ្នាំ2019​៕

  • ADB​ ជួយ​កសាង​ឧទ្យានជាតិ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​កម្លាំង​ 100មេ​ហ្គា​វ៉ាត់​នៅក្នុង​ប្រទេស​កម្ពុជា​

    ADB​ ជួយ​កសាង​ឧទ្យានជាតិ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​កម្លាំង​ 100មេ​ហ្គា​វ៉ាត់​នៅក្នុង​ប្រទេស​កម្ពុជា​

    ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB​) បាន​អនុម័ត​ឥណទាន​សម្បទាន​ ចំនួន​ 7.64លាន​ដុល្លារ​អាមេរិក​ដើម្បី​កសាង​ឧទ្យានជាតិ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​កម្លាំង​ 100មេ​ហ្គា​វ៉ាត់​នៅក្នុង​ប្រទេស​កម្ពុជា​ ដែល​គម្រោង​នេះ​នឹង​ជួយ​កម្ពុជា​អភិវឌ្ឍ​ធនធាន​ថាមពល​កកើត​ឡើងវិញ​ ធ្វើ​ពិពិធ​កម្ម​ប្រភព​ថាមពល​ និង​បង្កើន​ការប្រកួត​ប្រជែង​នៃ​សេដ្ឋកិច្ច​របស់​ខ្លួន​។

    បន្ថែម​លើ​ឥណទាន​សម្បទានADB​ កញ្ចប់​ហិរញ្ញប្បទាន​សម្រាប់​គម្រោង​ឧទ្យានជាតិ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​នេះ​ ក៏​មាន​ឥណទាន​សម្បទាន​ចំនួន​ 11លាន​ដុល្លារ​ និង​ជំនួយឥតសំណង​ 3លាន​ដុល្លារ​ ជា​ហិរញ្ញប្បទាន​ឥត​សំណង​ផង​ដែរ​។ ហិរញ្ញប្បទាន​ឥត​សំណង​នេះ​ទទួល​បាន​ពី​មូលនិធិ​អាកាសធាតុ​យុទ្ធសាស្ត្រ​ ជាពិសេស​តាមរយៈ​កម្មវិធី​ពង្រីក​ថាមពល​កកើត​ឡើងវិញ​។

    បន្ថែម​លើ​នេះ​ ក៏​មាន​ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​ជំនួយ​បច្ចេកទេស​ចំនួន​ 500,000ដុល្លារ​ដែល​ផ្តល់​ដោយ​មូលនិធិ​ e-Asia​ និង​ភាពជា​ដៃគូ​ចំណេះដឹង​នៃ​សាធារណរដ្ឋ​កូរ៉េ​ ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សមត្ថភាព​របស់​អគ្គិសនី​កម្ពុជា​(EDC​) និង​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ ដែល​ជា​និយតករ​អគ្គិសនី​ជាតិ​ អំពី​ បច្ចេកវិទ្យា​បំប្លែង​ពន្លឺ​ព្រះអាទិត្យ​ទៅជា​ថាមពល​អគ្គិសនី​ និង​ការរៀបចំ​ឧទ្យានជាតិ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​នេះ​។ ADB​ បាន​រៀបចំ​គម្រោង​ឧទ្យានជាតិ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​នេះ​ ក្រោម​ហិរញ្ញប្បទាន​ឥត​សំណង​ពី​រដ្ឋាភិបាល​ប្រទេស​កាណាដា​ និង​សិង្ហបុរី​។

    លោក​ Pradeep​ Tharakan​ ប្រធាន​ក្រុម​អ្នកឯកទេស​ផ្នែក​បម្រែបម្រួល​អាកាសធាតុ​របស់​ ADB​បាន​មានប្រសាសន៍​ថា​ ការ​ទទួល​បាន​ប្រភព​ថាមពល​ដែល​អាច​ទុកចិត្ត​បាន​ មាន​និរន្តរភាព​ និង​មាន​តម្លៃ​សមរម្យ​ គឺ​មាន​សារៈសំខាន់​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៃ​ប្រទេស​ដែល​កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ដូចជា​ប្រទេស​កម្ពុជា​។

    លោក​ Tharakan​ បន្ត​ថា​៖“ជំនួយ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​មិន​ត្រឹមតែ​ជួយ​ធ្វើ​ពិពិធ​កម្ម​ប្រភព​ថាមពល​របស់​កម្ពុជា​ តាមរយៈ​ការ​អភិវឌ្ឍ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ប៉ុណ្ណោះទេ​ តែ​វា​ក៏​នឹង​ជួយ​ប្រទេស​កម្ពុជា​ឱ្យ​សម្រេច​បាន​នូវ​គោលដៅ​កាត់បន្ថយ​កា​របំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ តាម​កិច្ច​ព្រមព្រៀង​អាកាសធាតុ​នៅ​ទីក្រុង​ប៉ារីស​ទៀតផង​”។

    រោងចក្រ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ ដែល​នឹង​ក្លាយ​ជាផ្នែក​មួយ​នៃ​ឧទ្យានជាតិ​ពន្លឺ​ព្រះអាទិត្យ​ដែល​មាន​កម្លាំង​ 100មេ​ហ្គា​វ៉ាត់​ នឹង​ត្រូវ​ដាក់​ឱ្យ​ដេញថ្លៃ​ទៅ​អ្នក​ផលិត​ថាមពល​ឯករាជ្យ​ជា​ 2ដំណាក់កាល​។ ដំណាក់​កាល​ទី1​ មានបំណង​ផលិត​ថាមពល​ក្នុង​កម្លាំង​ 60​មេ​ហ្គា​វ៉ាត់​។ ការិយាល័យ​ភាពជា​ដៃគូ​សាធារណៈ​រវាង​វិស័យ​ឯកជន​ និង​ឯកជន​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ កំពុង​ដើរតួ​នាទី​ជាទី​ប្រឹក្សា​ផ្នែក​ប្រតិបត្តិ​ការ​ដើម្បី​ជួយ​ដល់​ EDC​ ក្នុង​ការរៀបចំ​ និង​រៀបចំ​ដំណើរការ​ដេញថ្លៃ​បើកចំហ​ និង​ប្រកួតប្រជែង​។ បើ​ទោះបីជា​មាន​វឌ្ឍនភាព​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​ការ​អភិវឌ្ឍ​បណ្តាញ​ថាមពល​នៅ​កម្ពុជា​ក៏ដោយ​ ក៏​ប្រជាពលរដ្ឋ​កម្ពុជា​ជិត​ 5លាន​នាក់​នៅតែ​ខ្វះ​លទ្ធភាព​ទទួល​បាន​អគ្គិសនី​ប្រើប្រាស់​នៅឡើយ​។

    នៅ​ឆ្នាំ2018​ កម្ពុជា​អាច​ផ្គត់ផ្គង់​អគ្គិសនី​តាមរយៈ​បណ្តាញ​ដែល​បាន​ដំឡើង​រួចរាល់​ចំនួន​ជិត​ 2.175​ មេ​ហ្គា​វ៉ាត់​ ដោយ​ក្នុង​នោះ​ថាមពល​បាន​មក​ពី​វារីអគ្គិសនី​មាន​ចំនួន​ 1,330មេ​ហ្គា​វ៉ាត់​ ឬប្រហែល​ 62​ ភាគរយ​ ហើយ​ការផលិត​ថាមពល​អគ្គិសនី​បាន​មក​ពី​ឥន្ធនៈ​ហ្វូ​ស៊ី​លមាន​ចំនួន​ 780មេ​ហ្គា​វ៉ាត់​ប្រហែល​ 36ភាគរយ​។

    ទោះបីជា​មាន​ពន្លឺ​ព្រះអាទិត្យ​ច្រើន​មែន​ ប៉ុន្តែ​សមត្ថភាព​បង្កើត​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ បច្ចុប្បន្ន​នៅក្នុង​ប្រទេស​មានកម្រិត​តែត្រឹម​ 10មេ​ហ្គា​វ៉ាត់​ប៉ុណ្ណោះ​។ ការសិក្សា​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​បង្ហាញថា​ ប្រទេស​កម្ពុជា​ អាច​បន្ថែម​ថាមពល​ពន្លឺ​ព្រះអាទិត្យ​បាន​ប្រហែល​ 200មេ​ហ្គា​វ៉ាត់​ទៅ​បណ្តាញ​ចែកចាយ​នៅ​ត្រឹម​ឆ្នាំ2021​ ដោយ​ប្រើ​បច្ចេកវិទ្យា​ និង​មិន​រំខាន​ដល់​បណ្តាញ​ចែកចាយ​។

    គម្រោង​ថាមពល​ព្រះអាទិត្យ​ជាតិ​នឹង​ជួយ​ឱ្យ​ EDC​ ដែល​ជា​សេវា​ផ្តត់​ផ្គង់​អគ្គិសនី​ជាតិ​នៃ​កម្ពុជា​ អាច​សាងសង់​ឧទ្យានជាតិ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ដែល​មាន​កម្លាំង​ 100មេ​ហ្គា​វ៉ាត់​ ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ពាក់ព័ន្ធ​ផ្សេងទៀត​ រួមមាន​ជាអាទិ៍​ផ្លូវ​ចេញ​ចូល​ របង​ និង​ប្រព័ន្ធ​បង្ហូរទឹក​នៅ​ខេត្ត​កំពង់ឆ្នាំង​។ គម្រោង​នេះ​ក៏​នឹង​កសាង​ប្រព័ន្ធ​បញ្ជូន​អគ្កិ​សនី​ ដែល​តភ្ជាប់​បណ្តាញ​ចែកចាយ​ចម្បង​នៅ​ជិត​រាជធានី​ភ្នំពេញ​ដែល​នឹង​អនុញ្ញាត​ឱ្យ​គម្រោង​នេះ​ផ្គត់ផ្គង់​ថាមពល​ទៅ​បណ្តាញ​ចែកចាយ​ជាតិ​បាន​ផង​ដែរ​៕

  • គម្រោង​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​ចង្វាក់​តម្លៃ​កសិកម្ម​ នឹង​ដាក់​ឱ្យ​អនុវត្ត​នៅ​ឆ្នាំ2021​

    គម្រោង​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​ចង្វាក់​តម្លៃ​កសិកម្ម​ នឹង​ដាក់​ឱ្យ​អនុវត្ត​នៅ​ឆ្នាំ2021​

    ធនាគារ​អភិវឌ្ឍន៍​អាស៊ី​(ADB​) បាន​និង​កំពុង​រៀបចំ​គម្រោង​ដែល​មាន​ទឹកប្រាក់​ជាច្រើន​លាន​ដុល្លារ​អាមេរិក​ ដើម្បី​លើកកម្ពស់​ចង្វាក់​តម្លៃ​ឧស្សាហកម្ម​កសិកម្ម​នៅ​កម្ពុជា​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB​)។

    គម្រោង​ដែល​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​(ADB​)បាន​កំពុង​រៀបចំ​មានឈ្មោះ​ថា​ គម្រោង​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​ចង្វាក់​តម្លៃ​កសិកម្ម​ ដែល​មាន​ទឹកប្រាក់​ប្រមាណ​ 70លាន​ដុល្លារ​អាមេរិក​។ ក្នុងចំណោម​ថវិកា​ 70លាន​ដុល្លារ​អាមេរិក​នេះ​ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​(ADB​)នឹង​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ​ 2.17លាន​ដុល្លារ​អាមេរិក​ទៅកាន់​រាជរដ្ឋាភិបាល​កម្ពុជា​ ដោយឡែក​ 67.83លាន​ដុល្លារ​អាមេរិក​ទៀត​ជា​ឥណទាន​សម្បទាន​។គម្រោង​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​ចង្វាក់​តម្លៃ​កសិកម្ម​ នឹង​ជួយ​កម្ពុជា​បង្កើន​ចង្វាក់​តម្លៃ​កសិកម្ម​ក្នុង​តំបន់​ និង​បង្កើន​គុណភាព​ផលិតផល​ក្នុង​ស្រុក​។ ក្រុមការងារ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​សហការ​ជាមួយ​មន្ត្រី​ជំនាញ​នៃ​ក្រសួង​កសិកម្ម​ រុក្ខា​ ប្រមាញ់​ និង​នេសាទ​បាន​រួមគ្នា​រៀបចំ​កសាង​គម្រោង​នេះ​ឡើង​ ដែល​ផ្តោត​ជា​សំខាន់​ក្នុង​ការ​បំពេញ​ខ្សែ​ចង្វាក់​តម្លៃ​ផលិតកម្ម​ និង​កសិផល​ដោយ​ចាប់ផ្តើម​ពី​ A ដល់​ Z។

    គម្រោង​នេះ​នឹង​ធ្វើឡើង​នៅ​ខេត្ត​កំពង់ចាម​ កំពង់ធំ​ឧត្តរមានជ័យ​ ព្រះវិហារ​ សៀមរាប​ និង​ត្បូងឃ្មុំ​។

    គោលបំណង​សំខាន់​ គឺ​ដើម្បី​បង្កើន​តម្លៃបន្ថែម​ដល់​ផលិតផល​កសិកម្ម​ កាត់បន្ថយ​ឈ្មួញ​កណ្តាល​ពង្រីក​ និង​ពង្រឹង​វិស័យ​កែច្នៃ​ វេច​ខ្ចប់​ ឃ្លាំង​ស្តុក​ ការ​រក្សាទុក​ដាក់​ក្នុង​បន្ទប់​ត្រជាក់​ និង​ការ​ដឹកជញ្ជូន​ប្រកបដោយ​ជំនាញ​ បច្ចេកទេស​ និង​ការធានា​គុណភាព​ សុ​វត្តិភាព​ អនាម័យ​ និង​ភូតគាម​អនាម័យ​ និង​ជាពិសេស​កាត់បន្ថយ​ការនាំចេញ​វត្ថុធាតុដើម​ ក្នុង​នោះ​មាន​វត្ថុធាតុដើម​ដូចជា​ ដំឡូង​ ស្រូវ​ ស្វាយ​ ស្វាយចន្ទី​។ល។

    លោក​ Takeshi​ Ueda​ អ្នកសេដ្ឋកិច្ច​ផ្នែក​កសិកម្ម​ប្រចាំ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​(ADB​)បានឱ្យ​ដឹង​ថា​គម្រោង​នេះ​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ2021​ រហូតដល់​ឆ្នាំ2027​។ លោក​ថា​ ក្រសួង​កសិកម្ម​នឹងជា​អ្នក​អនុវត្ត​គម្រោង​ ដោយឡែក​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និង​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ក៏​ត្រូវ​បាន​រំពឹង​ថា​ នឹង​ចូលរួម​ផង​ដែរ​។

    បើ​យោង​តាម​របាយការណ៍​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​(ADB​) កសិកម្ម​នៅតែ​បន្ត​ជា​វិស័យ​ដ៏​សំខាន់​សម្រាប់​សេដ្ឋកិច្ច​របស់​កម្ពុជា​។ ជា​វិស័យ​តែមួយ​ដែល​ក្នុង​នោះ​រាប់បញ្ចូល​ទាំង​ការកែច្នៃ​ ការ​ដឹកជញ្ជូន​ និង​ការ​ធ្វើ​ពាណិជ្ជកម្ម​ផង​ ផលិតផល​កសិកម្ម​រួមចំណែក​ 33.7ភាគរយ​ ក្នុង​ផលិតផល​សរុប​ក្នុង​ស្រុក​(ផ.ស.ស​)។

    របាយការណ៍​បន្ត​ថា​ ផ.ស.ស​ នៃ​វិស័យ​កសិកម្ម​កើនឡើង​ 4.5ភាគរយ​ក្នុង​មួយឆ្នាំ​ ចាប់តាំងពី​ឆ្នាំ2008​ ដល់​ឆ្នាំ2012​ ដោយសារ​ការពង្រីក​ផ្ទៃដី​ដាំដុះ​ និង​ការ​កើនឡើង​ខ្ពស់​នៃ​តម្លៃ​កសិផល​។ ទោះជាយ៉ាងណា​ ក៏ដោយ​ កំណើន​នៃ​វិស័យ​នេះ​បាន​ថមថយ​មកវិញ​នៅ​ឆ្នាំ2013​ ដល់​ឆ្នាំ2016​ (0.9ភាគរយ​ក្នុង​មួយឆ្នាំ​) ដោយសារតែ​ការបាត់បង់​កត្តា​ជំរុញ​ទាំងនេះ​ ព្រមទាំង​ដោយសារ​ស្ថានភាព​អាកាសធាតុ​អាក្រក់​ខ្លាំង​។ ផលិតផល​កសិកម្ម​ គឺជា​ផលិតផល​នាំចេញ​ធំជាង​គេ​របស់​កម្ពុជា​ បន្ទាប់ពី​ផលិតផល​វាយនភណ្ឌ​ និង​សម្លៀកបំពាក់​ ស្មើនឹង​ 533លាន​ដុល្លារ​(5.2ភាគរយ​នៃ​ការនាំចេញ​សរុប​) ក្នុង​ឆ្នាំ2016​។

    ទោះជាយ៉ាងណា​ក៏ដោយ​ ភាគច្រើន​នៃ​ផលិតផល​កសិកម្ម​ដែល​នាំចេញ​ គឺជា​វត្ថុធាតុដើម​ ហើយ​ការ​បន្ថែម​តម្លៃ​ដល់​ផលិតផល​ទាំងនេះ​ត្រូវ​បាន​ធ្វើឡើង​នៅក្នុង​ប្រទេស​ផ្សេងទៀត​ ដូច្នេះ​ដើម្បី​ច្បាម​យក​ឱកាស​សេដ្ឋកិច្ច​ដែល​បាត់បង់​ទាំងនេះ​ ការ​ធ្វើ​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​ ជា​រឿង​សំខាន់ណាស់​ដែលគេ​ត្រូវ​ពង្រឹង​ចង្វាក់​តម្លៃ​នៃ​ផលិតផល​កសិកម្ម​។

    លោក​ ស្រី​ វុឌ្ឍី​ អ្នកនាំពាក្យ​ក្រសួង​កសិកម្ម​បាន​ថ្លែង​ថា​ គម្រោង​នេះ​បច្ចុប្បន្ន​កំពុងតែ​រៀបចំ​ដោយ​អ្នក​ប្រឹក្សា​យោបល់​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​(ADB​) និង​មន្ត្រី​មក​ពី​ក្រសួង​កសិកម្ម​។ លោក​ វុឌ្ឍី​ បន្ត​ថា​៖ “នេះ​ជា​គម្រោង​ដ៏​ធំ​ ដែល​មាន​ភាគី​ជាច្រើន​ចូលរួម​គម្រោង​នេះ​នឹង​ផ្តោត​លើ​ដំ​ណាំ​សក្តា​នុ​ពល​ដែល​មាន​ដូចជា​ ស្វាយចន្ទី​ ដំឡូងមី​ ស្វាយ​ បន្លែ​ និង​ការ​ចិញ្ចឹមសត្វ​”។

    គួរ​បញ្ជាក់​ថា​ កាលពី​ថ្ងៃទី21​ ខែ​កុម្ភ​: ឆ្នាំ2019​ ឯកឧត្តម​ វេង​ សា​ខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​បាន​ជួបពិភាក្សា​ជាមួយ​លោក​ Takeshi​ Ueda​ អ្នកសេដ្ឋកិច្ច​ផ្នែក​កសិកម្ម​ប្រចាំ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB​) អំពី​ការរៀបចំ​ជំនួយ​បច្ចេកទេស​សម្រាប់​កសាង​គម្រោង​ស្តី​ពី​ការ​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ខ្សែ​ចង្វាក់​តម្លៃ​ផលិតផល​កសិកម្ម​។

    លោក​ Takeshi​ Ueda​ បាន​មានប្រសាសន៍​ថា​លទ្ធផល​រំពឹង​ទុក​របស់​គម្រោង​ គឺ​ជំនួយ​លើ​ការងារ​បច្ចេកទេស​ក្រោយពេល​ប្រមូល​ផល​ និង​ដឹកជញ្ជូន​ ការ​កសាង​រចនាសម្ព័ន្ធ​គាំទ្រ​ដល់​ការ​បំពេញ​ខ្សែ​ចង្វាក់​តម្លៃ​ ដូចជា​ការ​កសាង​មន្ទីរពិសោធន៍​ អនាម័យ​ និង​ភូ​តភាម​អនាម័យ​ និង​ការផលិត​ពូជ​ ការ​កសាង​ផ្លូវ​នៅ​តាម​ជនបទ​ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​ដឹកជញ្ជូន​កសិផល​ និង​ការ​កសាង​សមត្ថភាព​ និង​ការ​ផ្សារភ្ជាប់​រវាង​គ្រប់​ភាគី​ពាក់ព័ន្ធ​៘ គម្រោង​នេះ​ក៏បាន​ផ្តល់​អាទិភាព​ទៅលើ​ដំ​ណាំ​កសិ​ឧស្សាហកម្ម​មាន​ដូចជា​ស្វាយចន្ទី​ ដំឡូងមី​ ស្វាយ​ បន្លែ​ និង​ផលិតកម្ម​សត្វ​មាន់​។

    ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ការ​គាំទ្រ​ និង​ពេញចិត្ត​ចំពោះ​គម្រោង​នេះ​ ហើយ​សន្យា​ថា​ នឹង​ផ្តល់​កិច្ចសហការ​ឱ្យ​បាន​ល្អ​ប្រសើរ​ដើម្បី​ឱ្យ​គម្រោង​នេះ​សម្រេច​ និង​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​នា​ពេល​អនាគត​។ ក្នុង​ឱកាស​នោះ​ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​ទាញអារម្មណ៍​ ADB​ ឱ្យ​ជួយគិត​គូរ​បញ្ចូល​ដំណាំ​ពោត​ក្នុង​ផែនការ​គម្រោង​ ដោយសារ​ដំណាំ​នេះ​កំពុងតែ​មាន​សក្ដានុពល​ទាំង​លើ​ទីផ្សារ​ក្នុង​ស្រុក​ និង​បរទេស​។

    ក្រៅពី​នេះ​ ឯកឧត្ដម​បាន​ស្នើ​ឱ្យ​ ADB​ ជួយ​លើកកម្ពស់​ការ​កសាង​សមត្ថភាព​របស់​កសិករ​ សហគមន៍​ និង​វិស័យ​ឯកជន​ ដោយ​ផ្តោត​លើ​ការ​កសាង​ភាពជា​ដៃគូ​រវាង​អ្នក​ផលិត​ និង​អ្នក​កែច្នៃ​ដោយ​អនុវត្ត​តាម​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ និង​ការ​ធ្វើ​ទំនើបកម្ម​កសិកម្ម​។ ដោយឡែក​វិស័យ​ផលិតកម្ម​សត្វ​គោ​ ជាពិសេស​ការ​ប្តូរ​ពូជសត្វ​គោ​ដែល​កំពុង​មាន​ទីផ្សារ​ខ្ពស់​ ក៏​គួរ​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ជួយ​គាំទ្រ​ផង​ដែរ​ ព្រោះ​ផលិតកម្ម​សត្វ​គោ​ គឺជា​ប្រភព​ចំណូល​ដ៏​ធំ​មួយ​ និង​ដែល​បាន​ជួយ​កែប្រែ​កម្រិតជីវភាព​របស់​កសិករ​យ៉ាង​ល្អ​ប្រសើរ​៕

  • ADB បន្ត​ជួយ​កម្ពុជា​លើ​ការអប់រំ​ផ្នែក​ អគ្គិសនី អេឡិចត្រូនិក សំណង់ និង​កម្មន្តសាល

    ADB បន្ត​ជួយ​កម្ពុជា​លើ​ការអប់រំ​ផ្នែក​ អគ្គិសនី អេឡិចត្រូនិក សំណង់ និង​កម្មន្តសាល

    ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គឺជាដៃគូ​ដ៏សំខាន់​មួយ​សម្រាប់​កម្ពុជា​ដែល​បាន​ចូលរួមចំណែក​ក្នុងការ​ផ្តល់​កញ្ចប់​ថវិកា​អភិវឌ្ឍន៍​លើ​សកម្មភាព​សេដ្ឋកិច្ច និង​ការអប់រំ​របស់​កម្ពុជា។

    គ្រឹះស្ថាន​ហិរញ្ញវត្ថុ​អន្តរជាតិ​មួយ​នេះ​បានផ្តល់​គម្រោង​ជាច្រើន​សម្រាប់​កម្ពុជា ដូចជា​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ការតភ្ជាប់​តំបន់​សេដ្ឋកិច្ច និង​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​ដើម្បី​លើកស្ទួយ​វិស័យ​ធនធានមនុស្ស​សម្រាប់បំពេញតម្រូវការ​ក្នុងតំបន់។ ធនាគារអភិវឌ្ឍន៍អាស៊ី​ក៏​ធ្លាប់បាន​ផ្តល់ជំនួយ​ជាច្រើនសម្រាប់​កម្ពុជា​ក្នុងការ​ជំរុញ​ការបណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) តាមរយៈ​គ្រឹះស្ថានសិក្សា​បច្ចេកទេស​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ។

    ថ្មីៗនេះ​លោកស្រី Sunniya Durani -Jamal នាយិកា​ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅកម្ពុជាបានលើកឡើង​ពី​សុទិដ្ឋិនិយម​ចំពោះ​ការអភិវឌ្ឍ​ធនធានមនុស្ស​របស់​ក​ម្ពុ​ជា តាមរ​យះការពង្រឹង​ការអនុវត្ត​គោលនយោបាយ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​ការពង្រឹង​យន្តការ​នានា​ដើម្បី​បង្កើត​ប្រសិទ្ធភាព​ការងា​របស់​គណៈកម្មកា​រ​ជាតិ​បណ្តុះបណ្តាល (NTB) ដែល​ស្រប​នឹង​ចក្ខុវិស័យ​នៃ​ផែនការ​យុទ្ធសាស្ត្រ​ឆ្នាំ2030 របស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែល​ផ្តោតលើ​ការអភិវឌ្ឍ​ធនធានមនុស្ស​ឱ្យស្រប​នឹង​ការរីកចម្រើន​នៃ​ឧស្សាហកម្ម​សកល។

    ស្របពេល​ជាមួយគ្នានេះ ធនាគារអភិវឌ្ឍន៍អាស៊ី​បាន​សន្យា​បន្ត​ផ្តល់​គម្រោង​ថ្មី​មួយទៀត​ក្នុង​រយៈពេល 5ឆ្នាំ ដោយ​ចាប់ផ្តើម​ពី​ឆ្នាំ​ក្រោយនេះ រហូតដល់​ឆ្នាំ2024 ដើម្បី​អភិវឌ្ឍ​លើ​ធនធានមនុស្ស​នៅ​កម្ពុជា។បើ​យោងតាម​ការលើកឡើងរ​បស់ ADB គម្រោង​នេះ​នឹង​ផ្តោត​សំខាន់​លើ​យុវជន​ដែល​ទើបនឹង​បញ្ចប់​ការ-សិក្សា​ថ្នាក់មធ្យមសិក្សា​ទុតិយភូមិ ដើម្បី​អភិវឌ្ឍ​សមត្ថភាព​របស់​ពួកគេ​ឱ្យបាន​កាន់តែខ្លាំង​លើ​ជំនាញ​បច្ចេកទេស វិទ្យាសាស្ត្រ​ពិត និង​ជំនាញ​វិជ្ជាជីវៈ​ដើម្បីឱ្យ​ពួកគេ​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការចូល​ទៅកាន់​បច្ចេក​វិទ្យា​ឌីជីថល​នៃ​បដិវត្តន៍​ឧស្សាហកម្ម​នាពេលខាងមុខ​នេះ។

    ឯកឧត្តម ឡៅ ហ៊ីម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អប់រំ បណ្តុះបណ្តាល បច្ចេកទេស និង​វិជ្ជាជីវៈ បាន​លើកឡើងថាបន្ទាប់ពី​សិក្សា​លើ​តម្រូវការ​ទីផ្សារការងារ ដែលមាន​ជំនាញ​ច្បាស់លាស់​នៅ​កម្ពុជា​សម្រាប់​ពេលបច្ចុប្បន្ន និង​អនាគត​ហើយ​នោះ ធនាគារអភិវឌ្ឍន៍អាស៊ី នឹង​ផ្តល់ជំនួយ​បន្ថែម​មក​កម្ពុជា​លើ​ការបណ្តុះបណ្តាល​លើ​ជំនាញសំខាន់ៗចំនួន4 គឺ​មុខវិជ្ជា​អគ្គិសនី អេឡិចត្រូនិក សំណង់ និង​កម្មន្តសាល ដែល​ជំនាញ​ទាំងអស់នេះ​ជា​ជំនាញ​ដែលមាន​តម្រូវការ​ខ្ពស់​ក្នុង​ពិភពលោក ដែល​កំពុង​ជំរុញ​ឱ្យ​ប្រទេស​កំពុងអភិវឌ្ឍន៍​ដូចជា​ប្រទេស​កម្ពុជា​ត្រូវតែ​ជំរុញឱ្យមាន​ការខិតខំ​ប្រឹងប្រែង​បណ្តុះបណ្តាល​ឱ្យ​កាន់តែខ្លាំង និង​ច្រើនឡើង។

    ឯកឧត្តម ឡៅ ហ៊ីម បាន​មានប្រសាសន៍ថា៖ “គ្រឹះស្ថាន​បណ្តុះបណ្តាល​ដែល​នឹងត្រូវ​អនុវត្ត​សម្រាប់​គម្រោង​នេះ គឺ​សាលា​អប់រំ​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​សាលា​ជាច្រើន​ផ្សេងទៀត​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ។ ការអនុវត្ត​គម្រោង​នេះ​នឹងត្រូវត្រួតពិនិត្យ​ដោយ​ក្រសួង​ការងារ និង ADB ដោយផ្ទាល់”។

    បើតាម​ឯកឧត្តម ឡៅ ហ៊ីម កម្ពុជា​បច្ចុប្បន្ន​នៅមាន​ឧបសគ្គ​ប្រឈម​មួយចំនួន​នៅឡើយ​ក្នុងការ​បណ្តុះបណ្តាល​បច្ចេក​ទេស និង​វិជ្ជាជីវៈ ជាពិសេស​លើ​បញ្ហា​អគារ សម្ភារ​បរិក្ខារ គ្រឿង​ម៉ាស៊ីន និង​សមត្ថភាព​គ្រូបង្រៀន​ដែល​ទាមទារ​ឱ្យមាន​ការបណ្តុះបណ្តាល​ប​ន្ថែ​ម​ទៀត។ ចំពោះ​សមត្ថភាព​អ្នក​បណ្តុះបណ្តាល​ចាំបាច់​បំផុត​ត្រូវតែ​ពង្រឹងសមត្ថភាព​ឱ្យបាន​ខ្លាំង និង​បន្ត​អភិវឌ្ឍ​រហូត​ជាប់​ជានិច្ច ព្រោះ​បច្ចេកវិទ្យា​នាពេលបច្ចុប្បន្ននេះ មាន​ការវិវឌ្ឍ​លឿន ហេតុនេះ​វា​ទាមទារ​ឱ្យមាន​ការបណ្តុះបណ្តាល​ឱ្យ​ទាន់​តម្រូវការ​ជាក់ស្តែង​ចៀស​សវាង​បណ្តុះបណ្តាល​ដោយ​ប្រើ​បច្ចេកវិទ្យាចាស់ៗហើយ​ពេល​និស្សិត​ចេញមក​មិនអាច​ប្រើប្រាស់​បាន៕

  • មន្ត្រី ADB៖ ការត្រៀម​រៀបចំ​បដិវត្តន៍​ឧស្សាហកម្ម​ទី4ត្រូវ​ចាប់ផ្តើម

    មន្ត្រី ADB៖ ការត្រៀម​រៀបចំ​បដិវត្តន៍​ឧស្សាហកម្ម​ទី4ត្រូវ​ចាប់ផ្តើម

    អ្នក​សេដ្ឋវិទូ​នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី ADB (Asian Development Bank) បាន​និយាយថា រដ្ឋាភិបាល​កម្ពុជា​គួរ​ចាប់ផ្តើម​បង្កើត​ស្ថាប័ន និង​គោលនយោបាយ​របស់ខ្លួន​ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​តាម​បដិវត្តន៍​ឧស្សាហកម្ម​ទី4(4IR)(the fourth industrial revolution)ដែល​កំពុងមាន​ឥទ្ធិពល​លើ​គ្រប់​ទិដ្ឋភាព​ទាំង​អស់នៃ​សង្គម​កម្ពុជា​ក្នុង​វិធី​ដែល​ពិបាក​ក្នុងការ​រំពឹងទុក។

    លោក Jayant Menon អ្នកដឹកនាំ​សេដ្ឋកិច្ច និង​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​របស់ ​ADB បាន​មានប្រសាសន៍ថា 4IR កំពុង​ផ្លាស់ប្តូរ​ប្រព័ន្ធ​សង្គម សេដ្ឋកិច្ច និង​នយោបាយ​តាម​វិធី​ដែល​មិនអាច​ទាយ​ទុកជាមុន​បាន។ គ្រប់​ទិដ្ឋភាព​ទាំងអស់​នៃ​សង្គមនឹងត្រូវ​រង​ផលប៉ះពាល់ រួមទាំង​ការងារ​គំរូ​ពាណិជ្ជកម្ម រចនាសម្ព័ន្ធ​ឧស្សាហកម្ម​អន្តរ​កម្ម សង្គម និង​ប្រព័ន្ធ​អភិបាលកិច្ច។

    ទោះជា​យ៉ាងណាក៏ដោយ លោក Menon ក៏បាន​ចង្អុលបង្ហាញ​ដែរ​ថា 4IR បាន​បង្កើត​ឱកាស​សម្រាប់​ប្រទេស​កំពុងអភិវឌ្ឍន៍​ដើម្បី​គេច​ចេញពី​ដំណាក់កាល​នៃ​ការអភិវឌ្ឍ​ឧស្សាហកម្ម​តាមបែប​ប្រពៃណី និង​ជា​ដំណើរការ​មួយ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​បច្ចេកវិទ្យា​លោត​ផ្លោះ​នៅក្នុង​ប្រទេស​មួយចំនួន ដូចជា​ប្រទេស​កម្ពុជា​ដែល​ខ្វះខាត​ពលករ​ជំនាញ​នោះ 4IR នឹង​ជួយផ្តល់​លទ្ធភាព​ឱ្យ​អាច​ទទួលបាន​បច្ចេកវិទ្យា​ដែល​កំពុង​ត្រូវបាន​អភិវឌ្ឍ​ដូច​នៅក្នុង​ប្រទេស​ដទៃទៀត​ដែរ។

    លោក Menon បាន​មានប្រសាសន៍ថា “បច្ចេកវិទ្យាថ្មី​បាន​នាំមក​នូវ​ភាពល្អ​ប្រសើរឡើង​យ៉ាងច្បាស់​ទៅលើ​ផលិតភាព​ប្រាក់ចំណេញ និង​និរន្តរភាព​ក្នុង​វិស័យ​កសិកម្ម ការផលិត និង​សេវាកម្ម”។ លោក​បន្តថា 4IR នឹង​ពង្រីក​អតិថិជន កាត់បន្ថយ​តម្លៃ​ដើមនិង​បង្កើន​គុណភាព​ផលិតផល និង​សេវាកម្ម។ វា​នឹង​បង្កើត​មធ្យោបាយ​ថ្មី​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ការតភ្ជាប់​គ្នា​រវាង​ពាណិជ្ជកម្ម និង​សេវាកម្ម​ដែល​មិនអាច​ប្រើ​បាន​កាលពី​ពេលមុន។ 4IR អាចមាន​ប្រយោជន៍​ជាពិសេស​ក្នុង​ការផ្តល់​កម្លាំង​ដល់​សហគ្រាស​ខ្នាតតូច​បំផុត ខ្នាតតូច និង​ខ្នាត​មធ្យម (MSMEs) ឱ្យ​បង្កើតបានជា​សហគ្រាស និង​ការងារ​នៅក្នុង​បណ្តា​ប្រទេស​អាស៊ី​ជាច្រើន។

    បណ្ឌិត ចាប សុថា​រិ​ទ្ធិ អ្នកវិភាគ​សេដ្ឋកិច្ច​បាន​ប្រាប់​ឡា​រ៉ែ​ន​ពាណិជ្ជ​ថា៖ “កម្លាំង​ការងារ​ថ្មី​នឹង​ត្រូវការ​ការផ្លាស់ប្តូរ​នៅក្នុង​វិស័យ​អប់រំ។ កម្ពុជា​គួរ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ និង​បច្ចេកវិទ្យា ICT ដែលជា​មូលដ្ឋាន​ចាំបាច់​ដើម្បី​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការច្នៃប្រឌិត​បច្ចេកវិទ្យា ខណៈដែល​អាជីវកម្ម ក៏​ត្រូវតែ​បង្កើនល្បឿន​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​អនុវត្ត​ដំណើរការ និង​សេវាកម្ម​ឌីជីថល​ដោយ​ស្វ័យប្រវត្តិ និង​តំណ​ភ្ជាប់”។

    លោក​បណ្ឌិត​យល់ថា រដ្ឋាភិបាល​ត្រូវតែ​ធ្វើកំណែទម្រង់​វិស័យ​អប់រំ និង​ជំរុញ​ការរៀនសូត្រ ដល់​សិស្សនិស្សិត​ដែលជា​យុវជន​ជំនាន់​ក្រោយ​ឱ្យ​បង្កើន​ជំនាញ​យល់ដឹង ដូចជា​គណិតវិទ្យា និង​វិទ្យាសាស្ត្រ​ដែល​នឹងមាន​សារៈសំខាន់​សម្រាប់​ការផ្លាស់ប្តូរ​ទៅជា​សេដ្ឋកិច្ច​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ថ្មី​ដែលមាន​មូលដ្ឋាន​លើ​ចំណេះដឹង។ លោក​បណ្ឌិត​យល់ថា៖ “ចំពោះ​4IR យើង​មិនគួរ​ព្រួយបារម្ភ​ពេក​ទេ ពីព្រោះ​វា​គ្រាន់តែ​ជា​និន្នាការ​មួយ ហើយ​ខ្ញុំ​គិតថា យើង​មាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​ឆ្លើយតប”។

    ឯកឧត្តម វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​មានប្រសាសន៍ថា​គ្រប់​បណ្តា​ប្រទេស​អាស៊ាន​ទាំងអស់ ឥឡូវនេះ​កំពុងធ្វើការ​ជាមួយគ្នា​ដើម្បី​ទទួលបាន​ផលប្រយោជន៍​ពី 4IR រួមទាំង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​នៅក្នុង​តំបន់“ប្រទេស​កម្ពុជា​នឹង​រៀបចំ​កម្លាំង​ពលកម្ម​របស់ខ្លួន​តាម​រយៈ​ការអប់រំ​លើ​ប្រព័ន្ធ​ឌីជីថល និង​ការលើកទឹកចិត្ត​ដល់​ការច្នៃប្រឌិត ប៉ុន្តែ​ដើម្បី​ទទួលបាន​ជោគជ័យ​ពី​4IR យើង​ក៏​ត្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ឌីជីថល​ទន់ និង​រឹង​ដែរ។ យើង​ត្រូវការ​បណ្តាញ​អុីន​ធើ​ណិ​ត​ចល័ត​ដែលមាន​តម្លៃថោក យើង​ត្រូវ​ការកសាង​ជំនាញ​អាជីវកម្ម​របស់​ប្រជាជន​យើង ក៏ដូចជា​ហេដ្ឋារចនាសម្ព័ន្ធ ICT របស់​យើង​ផងដែរ”។

    កម្ពុជា​អាច​ចាប់យក​កាលានុវត្តភាព ដែល​កើតចេញពី​បដិវត្តន៍​ឧស្សាហកម្ម​ទី4 ឬ ​4IR ស្រប​ពេលដែល​ធនាគារ​អភិវឌ្ឍន៍អាស៊ី ឬ​ ADB បាន​សិក្សា​រកឃើញថា បដិវត្តន៍​នេះ​នឹង​បង្កើន​តម្លៃ​សេដ្ឋកិច្ច​ដ៏​ច្រើន​សម្រាប់​តំបន់​អាស៊ាន។

    ឯកឧត្តម​រដ្ឋលេខាធិកា​របា​ន​ថ្លែង​ទៀតថា កម្ពុជា​អាច​ចាប់យក​កាលានុវត្តភាព​ទាំងឡាយ ដែល​កើតចេញពី​បដិវត្តន៍​ឧស្សាហកម្ម​ទី4នេះ ដោយសារ​កម្ពុ​ជាមាន​ល​ក្ខ​ណ​សម្បត្តិ​ល្អជា​ច្រើន ដូចជា​ភាគលាភ​ប្រជាសាស្ត្រ គឺ​កម្ពុជា​កាន់តែ​សម្បូរ​នូវ​ធនធាន​យុវជន​ប្រកបដោយ​ចំណេះដឹង ហើយ​អាច​ស្រូបយក​នូវ​បច្ចេកវិទ្យា​ឌីជីថល​បាន​លឿន និង​ការកើនឡើង​យ៉ាង​លឿន​នូវ​ការប្រើប្រាស់​ទូរស័ព្ទ​ចល័ត រួមជាមួយ​អត្រា​ប្រើប្រាស់​ខ្ពស់ ការ​ស្រូបយក​បច្ចេកវិទ្យា​ពី​ការវិនិយោគ​ផ្ទាល់​ពី​បរទេស និង​ការធ្វើ​ឌីជីថល​ភាវូបនីយកម្ម​យ៉ាង​ឆាប់រហ័ស​ដែល​កំពុង​កើតឡើង​នៅក្នុង​គ្រប់​វិស័យ​ដែលសំខាន់។

    ឯកឧត្តម វ​ង្សី វិស្សុត​បាន​បន្តថា តាមរយៈ​បដិវត្តន៍​ឧស្សាហកម្ម​ទី4នេះ អាស៊ាន​មាន​សក្តានុពល​ធំធេង​ក្នុង​ការជំរុញ​សក្តានុពល​កំណើនសេដ្ឋកិច្ច និង​រក្សា​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់ និង​រឹងមាំ​សម្រាប់​តំបន់ តាមរយៈ​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ជិតស្និទ្ធ​ក្នុង​បរិបទ​នៃ​ការកើនឡើង​ផ្នែក​ពាណិជ្ជកម្ម និង​ការផ្លាស់ប្តូរ​យ៉ាង​លឿន​នៃ​ការអភិវឌ្ឍ​ផ្នែក​បច្ចេកវិទ្យា។

    បច្ចុប្បន្ន​ពិភពលោក​កំពុង​ឈានចូល​ទៅកាន់​យុគសម័យ​នៃ​បដិវត្តន៍​ថ្មី​មួយ ឬ​បដិវត្តន៍​ឧស្សាហកម្ម​ទី4 ដែល​កំពុង​ជះឥទ្ធិពល​លើ​ការ​ដំណើរការ​របស់​រដ្ឋាភិបាល ការ​ដំណើការ​អាជីវកម្ម និង​ការរស់នៅ​របស់​មនុស្ស​ជាតិ។ ការវិវឌ្ឍ​យ៉ាង​លឿន​ផ្នែក​បច្ចេកវិទ្យា​បាននិងកំពុង​ផ្លាស់ប្តូរ​រចនាសម្ព័ន្ធ​សង្គមសេដ្ឋកិច្ច ហិរញ្ញវត្ថុ និង​សន្តិសុខ ដោយ​រាប់​ចាប់តាំងពី​ការបើកបរ​ដោយ​ស្វ័យប្រវត្តិ ដ្រូ​ន (Drone) ពាណិជ្ជកម្ម​អេឡិចត្រូនិក (e-commerce) បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (FinTech) រហូតដល់​ការបោះពុម្ព 3D (3D Printing) និង​បញ្ញា​សិប្បនិម្មិត (Artificial Intelligence) ជាដើម។

    ឯកឧត្តម​រដ្ឋលេខាធិកា​រ​​បន្តថា បដិវត្តន៍​ឧស្សាហកម្ម​ទី4 នឹងធ្វើ​ការផ្លាស់ប្តូ​ររ​ច​នា​សម្ព័ន្ធ​ សេដ្ឋកិច្ចពាណិជ្ជកម្ម និង​ឧស្សាហកម្ម តាមរយៈ ការកាត់បន្ថយ​ថ្លៃដើម បង្កើន​ផលិតភាព និង​ពង្រីក​វិមាត្រ​សេដ្ឋកិច្ច​កាន់តែ​ធំ​តាមរយៈ​ប្រព័ន្ធ​ឌីជីថល ដូចជា​ការទូទាត់​ពាណិជ្ជ​កម្ម និង​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ជាដើម។ ក្នុងន័យនេះ ASEAN អាច​ក្លាយជា​ទីតាំង​ជួរមុខ​នៃ​ការផ្លាស់ប្តូរ តាមរយៈ​ការនាំ​មុខមុន​គេ​នៃ​ការទទួលយក​បច្ចេកវិទ្យា​ដែល​ថ្មី​បំផុត។

    យោងតាម​ការសិក្សា​រប​ស់ ADB បាន​បង្ហាញថានៅមុន​ឆ្នាំ2030 បច្ចេកវិទ្យាថ្មីៗនៃ​បដិវត្តន៍​ឧស្សាហកម្ម​អាច​បង្កើន​តម្លៃ​សេដ្ឋកិច្ច​ដែលមាន​ទំហំ​ពី220 ទៅ625ពាន់​លាន​ដុល្លារ​ចូលទៅក្នុង​សេដ្ឋកិច្ច​នៃ​តំបន់ ASEAN ផងដែរ៕