Tag: 4G

  • ព្រឹត្តិការណ៍ពិសេសៗពីការសម្ពោធជាផ្លូវការនូវស្មាតហ្វូន OPPO Reno11 Series 5G

    ព្រឹត្តិការណ៍ពិសេសៗពីការសម្ពោធជាផ្លូវការនូវស្មាតហ្វូន OPPO Reno11 Series 5G

    កម្មវិធីសម្ពោធស្មាតហ្វូនស៊េរីថ្មី OPPO Reno11 Series 5G បានសម្ពោធជាផ្លូវការហើយ ជាមួយនឹងបរិយាកាស​ដ៏អធិកអធម ក្រោមការយាងចូលរួមពីភ្ញៀវកិត្តិយសពិសេស ព្រះនាងតូច ជេនណា ជាមួយនឹងវត្តមានទូតសុច្ឆន្ទៈប្រចាំក្រុមហ៊ុន OPPO ទាំង 3 រូបគឺ ពេជ្រ វត្តីសារ៉ាវឌ្ឍី, ថេណា និងរ៉េត ស៊ូហ្សាណា ព្រមទាំងតារាប្រុសស្រីល្បីៗជាច្រើនរូប ដែលបានអញ្ជើញចូលរួមនៅក្នុងកម្មវិធីនេះ។

    OPPO បានដាក់បង្ហាញស្មាតហ្វូន OPPO Reno11 Series 5G ជំនាន់ថ្មីរបស់ខ្លួនរហូតទៅដល់ 3 ម៉ូដែល ដែលរួមមាន Reno11 5G, Reno11 F និង Reno11 Pro 5G ទាំងការឌីហ្សាញ ប្រព័ន្ធកាមេរ៉ា កម្លាំងម៉ាស៊ីន និងបច្ចេកវិទ្យា AI គឺសុទ្ធសឹងតែជាបច្ចេកវិទ្យាចុងក្រោយ។

     

    សម្រាប់ការរចនាឌីហ្សាញដ៏ថ្មីស្រឡាងដែលមិនធ្លាប់មានពីមុនមក បានបំផុសគំនិតពីធម្មជាតិពិតៗ ដែលផ្តល់ជូននូវភាពស្រស់ស្រាយរាល់ពេលដែលយើងសម្លឹងមើល។ រីឯ គុណភាពប្រព័ន្ធកាមេរ៉ាថតរូប Portrait បានអាប់ដេតកាន់តែប្រសើរជាងមុន ដែលធ្វើឲ្យអ្នកទទួលបានរូបភាពហាក់ដូចជាថតរូបក្នុងស្ទីឌីយោ ទាំងគុណភាព ការចាប់ប្លង់ និងពន្លឺនោះទេ។ បន្ថែមពីនេះជាមួយមុខងារ 2x optical zoom អាចទាញផ្ទៃខាងក្រោយមកកាន់តែកៀករូបមនុស្ស និងធ្វើឲ្យព្រាលផ្ទៃខាងក្រោយ ធ្វើឲ្យរូបភាព Portrait កាន់តែលេចធ្លោ និងនៅតែអាចរក្សាទម្រង់មុខមនុស្សបានស្អាតធម្មជាតិ មិនធ្វើឲ្យខូចទ្រង់ទ្រាយនោះទេ។ លើសពីនេះ OPPO Reno11 Series 5G ទាំងនៅលើកាមេរ៉ាមុខ និងក្រោយអាចថតវីដេអូបានកម្រិត 4K ។ ចំពោះអេក្រង់វិញ OPPO Reno11 Series 5G បំពាក់ជាមួយអេក្រង់ប្រភេទ 3D គាំទ្រដោយកញ្ចក់ AMOLED Display មានគែមកោង និងមានទំហំ 6.7Inch ព្រមទាំងមានសមត្ថភាពខ្ពស់អាចបង្ហាញរូបភាព និងវីដេអូចេញបានក្នុងកម្រិត FHD+ ថែមទៀតផង។ ចំណែកថាមពលថ្មវិញ Reno11 និង Reno11 F មានកម្លាំង 5000mAh និងគាំទ្របច្ចេកវិទ្យា 67W SUPERVOOC ដោយឡែក Reno11 Pro មានកម្លាំងថ្ម 4600mAh និងគាំទ្របច្ចេកវិទ្យា 80W SUPERVOOC ។

     

    ក្រៅពីនេះ OPPO ក៏មានសម្ពោធប្រព័ន្ធប្រតិបត្តិការថ្មី ColorOS 14 ដែលមានមុខងារពិសេសៗជាច្រើនដូចជា Smart Image Matting, File Dock, Smart Touch និងមុខងារ LinkBoost ។ លើសពីនេះទៅទៀត ក៏មានការប្រកាសផលិតផល IOT ដូចជា OPPO Pad Neo, OPPO Watch X និងកាសឥតខ្សែ OPPO Enco Bud2 ពណ៌ថ្មីផងដែរ។

    • សម្រាប់ថេប្លេតជំនាន់ថ្មី OPPO Pad Neo រចនាមកជាមួយអេក្រង់ ReadFit កម្រិត 2.4K ទំហំ 14” និងអាចប្រើប្រាស់ស៊ីមកាតដោយគាំទ្រសេវា 4G LTE និង Wifi ជាមួយថាមពលថ្មធំ 8000mAh ដែលមានបច្ចេកវិទ្យាសាកថ្មរហ័ស 33W SUPERVOOC ព្រមទាំង RAM 16GB ((8+8GB) និង ROM 128GB ផ្តល់ជូនលោកអ្នកនូវភាពរីករាយគ្មានដែនកំណត់គ្រប់ទីកន្លែង។
    • សម្រាប់ OPPO Enco Buds2 ជាកាសឥតខ្សែជំនាន់ថ្មីនឹងផ្តល់ឲ្យអ្នកនូវបទពិសោធសំឡេងដ៏អស្ចារ្យឥតដែនកំណត់ និងអាចឲ្យអ្នកប៉ះបញ្ជាផ្ទាល់លើកាស រាល់ពេលចង់ផ្លាស់ប្តូរបទចម្រៀង បន្ថយឬបន្ថែមសំឡេង និងទទួលការហៅចូលបានយ៉ាងងាយស្រួលដោយមិនចាំបាច់ចុចផ្ទាល់លើទូរស័ព្ទ។
    • សម្រាប់ OPPO Watch X នាឡិកាវៃឆ្លាតជំនាន់ថ្មី ដែលមានរចនាបថរូបរាងកាលីបស្រស់ស្អាត ទាន់សម័យ កម្រាស់ស្តើង ស័ក្កសមជាមួយជីវិតប្រចាំថ្ងៃ ដោយភ្ជាប់មកនូវមុខងារប្រើប្រាស់ទំនើបៗជាច្រើន។

    តោះ!​ កក់ទុកមុនចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី02 មីនា 2024 លើស្មាតហ្វូនស៊េរីថ្មី OPPO Reno11 Series 5G ទាំង 3 ម៉ូដែល Reno11 Pro 5G $599 | Reno11 5G $449 | Reno11 F 5G $339 នឹងទទួលបានកាដូរួមមានដូចជា ៖

    • រាល់ការកក់ទុកមុន Reno11 Pro 5G | Reno11 5G ថែមជូន ៖
    • បណ្ណប្តូរអេក្រង់ 1ឆ្នាំ តម្លៃ $89
    • កាតាបស្ពាយដ៏ស្រស់ស្អាត តម្លៃ $39
    • ស៊ីមស្មាតលេខពិសេស Bronze តម្លៃ $54
    • រាល់ការកក់ទុកមុន Reno11 F 5G ថែមជូន ៖
    • បណ្ណប្តូរអេក្រង់ 1ឆ្នាំ តម្លៃ $69
    • កាតាបស្ពាយដ៏ស្រស់ស្អាត តម្លៃ $39
    • ស៊ីមស្មាតលេខពិសេស Bronze តម្លៃ $54

    សម្រាប់ផលិតផល IoT រួមមាន OPPO Pad Neo តម្លៃ $299 | OPPO Watch X | OPPO Enco Buds2 អាចរកទិញបានចាប់ពីថ្ងៃទី03 ខែមីនា 2024 នេះតទៅ៕

  • លទ្ធផលនៃ​ការ​ប្រកួតបញ្ជូន​ទិន្នន័យ​​រវាង​សត្វព្រាប​ និង​​អ៊ីនធើណិត​ខ្សែកាប​អុបទិច​

    លទ្ធផលនៃ​ការ​ប្រកួតបញ្ជូន​ទិន្នន័យ​​រវាង​សត្វព្រាប​ និង​​អ៊ីនធើណិត​ខ្សែកាប​អុបទិច​

    ដោយធ្លាប់​ត្រូវ​បាន​ប្រើ​ប្រាស់ក្នុងការ​បញ្ជូន​សារ​ក្នុង​រយៈ​ពេល​រាប់​សិប​សតវត្សរ៍​កាល​ពី​សម័យ​មុន​ៗ សត្វ​ព្រា​បច្ចុប្បន្ន​នៅ​តែ​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​បញ្ជូន​ទិន្នន័យ​ បើ​ធៀប​នឹង​បណ្ដាញ​អ៊ីនធើណិត​ខ្សែ​កាប​កញ្ចក់​។

    កាល​ពី​សម័យ​បុរាណ សត្វ​ព្រាប​ត្រូវ​បាន​ជ្រើស​រើស​ឱ្យ​ធ្វើ​ជា​អ្នក​នាំ​សារ​ ព្រោះ​តែ​វា​អាច​ហោះ​ហើរ​រាប់​ពាន់​គីឡូម៉ែត្រ​ ឬ​ឆ្ងាយ​ជាង​នេះ​ក្នុង​ល្បឿន​ប្រហែល 100 គីឡូម៉ែត្រ​/ម៉ោង​។ សត្វព្រាប​មួយ​ចំនួន​អាច​ហោះ​ក្នុង​ល្បឿន​រហូត​ដល់ 180 គីឡូម៉ែត្រ​/ម៉ោង ជួយ​បញ្ជូន​សារ​បាន​យ៉ាង​ឆាប់​រហ័ស​។

    ក៏ប៉ុន្តែ ក្នុង​សម័យ​បច្ចេកវិទ្យា​នេះ តើ​សត្វ​ព្រាប​អាច​យក​ឈ្នះ​លើ​អ៊ីនធើណិត​ ឬ​អត់​?

    ដើម្បី​ឆ្លើយ​នឹង​សំនួរ​ខាងលើ ការ​ពិសោធ​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​​កាល​ពី​ឆ្នាំ 2009 ហើយ​បន្ទាប់​មក​ក៏​ធ្វើ​ឡើង​ជា​ថ្មី​ក្នុង​ឆ្នាំ​ 2023​។ ក្នុង​ការ​ប្រកួត​លើ​នេះ សត្វ​ព្រាប​នៅ​តែ​មិន​មាន​ការ​ប្រែ​ប្រួល​ បើ​ធៀប​នឹង​ឆ្នាំ 2009​។ ចំណែក​ល្បៀន​របស់​អ៊ីនធើណិត​ ពិសេស​គឺ​បណ្ដាញ​ខ្សែ​កាប​អុប​ទិច​ដែល​ធ្វើ​ពី​កញ្ចក់​ នៅ​ឆ្នាំ​ 2023 មាន​ល្បឿន​លឿន​ជាង​ ADSL របស់​ឆ្នាំ 2009 ​ឆ្ងាយ​ណាស់​។ កាល​នោះ ក្រុម​ហ៊ុនអ៊ីនធើណិត​ Telkom ​នៅ​អាហ្វ្រិក​ខាងត្បូង​បាន​វាស់​វែង​ពេល​វេលា​ និង​ល្បឿន​នៃ​ការ​បញ្ជូន​ទិន្នន័យ​របស់​សត្វ​ព្រាប​មួយ​ក្បាល​ ដែល​បំពាក់​អង្គ​ចងចាំ​ 4 GB ប្រៀប​ធៀប​ជាមួយ​នឹង​ល្បឿន​អ៊ីនធើណិត​ ADSL របស់​ Telkom។

    ដោយ​ហោះ​ក្នុងល្បឿន​រហូត​ដល់ 125 គីឡូម៉ែត្រ/ម៉ោង សត្វ​ព្រាប​ខាង​លើ​បាន​យក​ឈ្នះ​លើ​អ៊ីនធើណិត​របស់ក្រុម​ហ៊ុន Telkom។ លទ្ធផល​បង្ហាញ​ថា សត្វ​ព្រាប​បាន​ចំណាយ​ពេល​ប្រហែល​មួយ​ម៉ោង​ និង​ 8 នាទី ដើម្បី​ហោះ​ដល់​ទីតាំង​ដែល​បាន​កំណត់​ដែល​មាន​ចម្ងាយ​ពី​ដើម​ទី​ប្រហែល 96 គីឡូម៉ែត្រ​។ បើ​គិតទាំង​ពេល​វេលា​ផ្ទេរ​ទិន្នន័យ​ 4GB ដែល​ស៊ី​ពេល​អស់​មួយ​ម៉ោង​ទៀត ពេល​វេលា​សរុប​សម្រាប់​ដំណើរ​ការ​បញ្ជូន​ទិន្នន័យ​តាម​សត្វ​ព្រាប​គឺ​ប្រហែល​ជាង​ពីរ​ម៉ោង​។

    ក្នុង​រយៈ​ពេល​ដូច​គ្នា​នេះ សេវា​ ADSL របស់ Telkom ទើប​តែ​ផ្ញើ​ (ឬ upload) បាន​ 4% ធៀប​នឹង​ទិន្នន័យ 4GB ដែល​បញ្ជូន​ទៅ​កាន់​កុំព្យូទ័រ​មួយផ្សេង​ទៀត​ដែល​នៅ​ឆ្ងាយ​ពី​នោះ​ 96 គីឡូម៉ែត្រ​។

    សត្វ​ព្រាប​ និង​អ៊ីនធើណិត​បន្ត​ប្រកួត​នឹង​គ្នា​ក្រោយ​រយៈ​ពេល 14 ឆ្នាំ

    14 ឆ្នាំ​ បន្ទាប់ពី​ការ​ប្រកួត​ដំបូង​ ការ​ប្រកួត​មួយ​ទៀត​រវាង​សត្វ​ព្រាប និង​អ៊ីនធើណិត​ក៏​ត្រូវ​បាន​ធ្វើ​ឡើងជា​ថ្មី​ក្នុង​​ឆ្នាំ 2023​ ដោយ​ YouTuber ផ្នែក​បច្ចេក​វិទ្យា Jeff Geerling។

    រូប​មន្ត​នៃការ​ប្រកួត​ក្នុង​ឆ្នាំ 2023 គឺ​ដូច​ទៅ​នឹង​ឆ្នាំ 2009 នៅ​ពេល​ YouTuber ឈ្មោះ Jeff Geerling បាន​ភ្ជាប់​ USB, SSD, SanDisk Extreme PRO 1TB (មួយ​គ្រាប់​ទម្ងន់​ 5 ក្រាម) ទៅ​លើ​ជើង​សត្វ​ព្រាប​ និង​ឱ្យ​ហោះទៅ​កាន់​ទីតាំង​មួយ​ដែល​មាន​ចម្ងាយ​ 1.6 គីឡូម៉ែត្រ​

    លទ្ធផល​នៃ​ការ​ប្រកួត​លើក​នេះបង្ហាញ​ថា សត្វ​ព្រាប​ចំណាយ​ពេលប្រហែល​មួយ​នាទី​ដើម្បី​ហោះ​ដល់​គោល​ដៅ។ បើ​បូក​ទាំង​ពេល​វេលា​ចម្លង​ទិន្នន័យ​ 3TB ទៀត ព្រាប​នៅ​តែ​យក​ឈ្នះ​លើបណ្ដាញ​អ៊ីនធើណិត​ខ្សែ​កាប។

  • ដាំ​ឈូករ័ត្ន​ជាង​មួយ​លាន​ដើម​ជូន​ភរិយា​សម្រាប់​ខួប 50 ឆ្នាំ​នៃ​ថ្ងៃ​រៀបការ

    ដាំ​ឈូករ័ត្ន​ជាង​មួយ​លាន​ដើម​ជូន​ភរិយា​សម្រាប់​ខួប 50 ឆ្នាំ​នៃ​ថ្ងៃ​រៀបការ

    លោក Lee Wilson ដាំ​ផ្កាយ​ឈូ​ត​រ័ត្ន​ជាង 32 ហិកតា ដែល​ប្រហាក់ប្រហែល​នឹង 1.2 លាន​ដើម ដើម្បី​ជូន​ភរិយា​សម្រាប់​ខួប 50 ឆ្នាំ​នៃ​ថ្ងៃ​អាពាហ៍ពិពាហ៍។

    «ប្ដី​ប្រពន្ធ​ខ្ញុំ​នឹង​រម្លឹក​ខួរ 50 ឆ្នាំ​នៃ​ថ្ងៃ​រៀបការ​នៅ​ថ្ងៃទី 10 សីហា ហើយ​អ្នក​ដឹងថា ពេល​រស់នៅ​ជាមួយ​គូជីវិត​រហូតដល់ 50 វា​មានន័យ​យ៉ាងណា​ហើយ​មែន​ទេ? ខ្ញុំ​បាន​ពិចារណា​ជាច្រើន​អំពី​រឿង​នោះ។ ភរិយា​របស់ខ្ញុំ​តែង​ចូលចិត្ត​ផ្កាយ​ឈូករ័ត្ន ហើយ​ខ្ញុំ​គិតថា នេះ​គឺជា​ឆ្នាំ​ដែល​គួរ​ដាំ​ផ្កា​នេះ។ ខ្ញុំ​បាន​ដាំ​ផ្កា​ជាង 32 ហិកតា​សម្រាប់​គាត់» លោក Lee Wilson ប្រាប់ ABC News កាលពី​ថ្ងៃទី 01 សីហា​ដូច្នេះ។

    «រឿង​នោះ​ធ្វើឱ្យ​ខ្ញុំ​មាន​អារម្មណ៍​ពិសេស​ខ្លាំងណាស់។ មិនអាច​មាន​អំ​ណាយ​អនុស្សាវរីយ៍​ណា​ដែល​ល្អ​ជាង​ចំការ​ឈូករ័ត្ន​មួយ​នេះឡើយ» អ្នកស្រី Renee ភរិយា​របស់លោក Wilson ថ្លែង​ដូច្នេះ។

    លោក Wilson និង​កូនប្រុស បាន​លួច​ដាំ​ដើម​ឈូករ័ត្ន​តាំងពី​ខែឧសភា និង​លាក់​មិនឱ្យ​អ្នកស្រី Renee ដឹង។ ពេលនេះ ចំការ​ឈូករ័ត្ន​បាន​ក្លាយជា​ទន្លេ​ផ្កា​ដ៏​ធំធេង ស្ថិតនៅ​ក្បែរផ្លូវ​ល្បឿន​លឿន​លេខ 54 និង​មាន​ចម្ងាយ​ពី​ផ្ទះ​របស់​ពួកគេ​នៅក្នុង​ទីក្រុង Pratt រដ្ឋ Kansas ប្រហែល 6.4 គីឡូម៉ែត្រ។

    ស្វាមីភរិយា​លោក Wilson បាន​នៅក្បែរ​គ្នា​តាំងពី​រៀន​នៅ​មធ្យមសិក្សា ហើយ​ការ​ណាត់​ជួបគ្នា​ដំបូង​របស់​ពួកគេ​គឺ​នៅពេល​ជិះ​ស្គី​ជាមួយគ្នា។ លោក Wilson ឱ្យដឹងថា តាំងពី​ពេលនោះ​មក លោក​ជឿថា Renee នឹង​ក្លាយជា​ចំណែក​មួយ​នៅក្នុង​ជីវិត​របស់គាត់៕

  • Nokia ​នឹង​ “ដំឡើង​ប្រព័ន្ធ​ 4G ​លើ​ឋាន​ព្រះ​ចន្ទ” ​ទៅ​តាម​កិច្ច​ព្រម​ព្រៀង​ជា​មួយ​ NASA​

    Nokia ​នឹង​ “ដំឡើង​ប្រព័ន្ធ​ 4G ​លើ​ឋាន​ព្រះ​ចន្ទ” ​ទៅ​តាម​កិច្ច​ព្រម​ព្រៀង​ជា​មួយ​ NASA​

    ថ្មីៗនេះ ទីភ្នាក់ងារអវកាសអាមេរិក (NASA) បានធ្វើកិច្ចព្រមព្រៀងមួយដែលមានតម្លៃ14.1លានដុល្លារអាមេរិក ជាមួយក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍ទូរគមនាគមន៍ Nokia ដើម្បីសាងសង់ប្រព័ន្ធ4G នៅលើចន្ទមណ្ឌល។

    នេះគឺជាកិច្ចព្រមព្រៀងមួយក្នុងចំណោមកិច្ចព្រមព្រៀងដែល NASA កំពុងត្រៀមប្រគល់ឱ្យបណ្ដាក្រុមហ៊ុន នៅ​ពេល​ពួកគេ (NASA) មានគម្រោងត្រលប់ទៅកាន់ឋានលោកខែជាថ្មី។

    កិច្ចព្រមព្រៀងមានតម្លៃ14.1លានដុល្លារដែលត្រូវបានប្រគល់ឱ្យក្រុមហ៊ុនបុត្រសម្ព័ន្ធ Bell Labs របស់ Nokia នៅសហរដ្ឋអាមេរិកលើកនេះ គ្រាន់តែជាផ្នែកដ៏តូចមួយតែប៉ុណ្ណោះនៅក្នុងចំណោមទំហំទឹកប្រាក់370លានដុល្លារ ដែលត្រូវបានប្រគល់ឱ្យក្រុមហ៊ុនផ្សេងៗ ក្នុងនោះមាន SpaceX របស់មហាសេដ្ឋី Elon Musk ជាដើម។

    Nokia នឹង “ដំឡើងប្រព័ន្ធ 4G លើឋានព្រះចន្ទ” ទៅតាមកិច្ចព្រមព្រៀងជាមួយ NASA
    Nokia ធ្លាប់​មាន​គម្រោង​ដំឡើងប្រព័ន្ធ 4G LTE នៅត្រង់ទីតាំងដែលយានអវកាស Apollo​ 17 បានចុះចត ក៏ប៉ុន្តែ ផែនការនេះមិន​បានទទួលជោគជ័យ

    លោក Jim Reuter អនុប្រធានផ្នែកគ្រប់គ្រងអវកាសរបស់អង្គការ NASA បានឱ្យដឹងថា ការដំឡើងសេវាចល័ត​4G នៅលើឋានព្រះចន្ទ នឹងអនុញ្ញាតឱ្យក្រុមអវកាសចរ អ្នករុករក យានចុះចតនៅលើឋានព្រះចន្ទ និងបរិយា​កាស​រស់នៅនៅទីនោះ អាចធ្វើការទំនាក់ទំនងគ្នាបានងាយស្រួលជាងមុន។

    ប្រព័ន្ធ4G ដែល Nokia គ្រោងនឹងសាងសង់នៅលើឋានព្រះចន្ទនេះ នឹងផ្ដល់មុខងារលេចធ្លោជាងច្រើនបើធៀបនឹងរូបមន្តទំនាក់ទំនងដែលធ្លាប់បានប្រើប្រាស់ នៅក្នុងបេសកកម្មឡើងទៅកាន់ឋានលោកខែនាពេលកន្លង​មក​។

    នេះមិនមែនជាការប្រឹកប្រែងលើកដំបូងក្នុងការដំឡើងប្រព័ន្ធ4G នៅលើឋានព្រះចន្ទនោះទេ។ កាលពីឆ្នាំ2018 Nokia បានរៀបចំផែនការសហការជាមួយក្រុមហ៊ុនអវកាស PTScientists របស់អាល្លឺម៉ង់ និងក្រុមហ៊ុនទូរគមនាគមន៍ Vodafone របស់អង់គ្លេស ដើម្បីដំឡើងប្រព័ន្ធ 4G LTE នៅត្រង់ទីតាំងដែលយានអវកាស Apollo​ 17 បានចុះចត ក៏ប៉ុន្តែ ផែនការនេះមិនបានទទួលជោគជ័យនោះឡើយ៕

    ប្រភព៖ Gizmochina

  • ហួសសម័យបង្រៀនកូនដោយការវាយដំហើយ…

    ហួសសម័យបង្រៀនកូនដោយការវាយដំហើយ…

    បើសិនថយក្រោយទៅសម័យកាលពី 20 – 30ឆ្នាំមុន អាណាព្យាបាលទាំងឡាយប្រហែលជាធ្លាប់ឮស៊ាំត្រចៀកជាមួយនឹងវិធីការបង្ហាត់បង្រៀនកូនៗកំពូលរពឹសដែលថា “ចង់ឱ្យកូនល្អ ត្រូវតែវាយ” ដែលសូម្បីតែក្នុងពេលបច្ចុប្បន្ននេះ ក្នុងយុគសម័យដែលមាន 4G តិចណូឡូជីដ៏លឿនរហ័សហើយក៏ដោយ ក៏ប្រយោគខាងលើនៅតែនៅមាននៅឡើយ។ អ្នកណាដែលនៅតែបង្រៀនកូនដោយការវាយផាច់ៗខ្លះ សូមមកមើលពីហេតុផលដែលបង្កប់នៅពីក្រោយសំឡេងរំពាត់ប៉ះនឹងសាច់កូនៗថា តើវាហុចផលប៉ះពាល់អវិជ្ជមានទៅដល់ផ្លូវចិត្តរបស់កូនយ៉ាងណាខ្លះ?។

    ហេតុផលដែលឪពុកម្ដាយប្រើវិធីបង្រៀនកូនដោយការវាយ

    ដោយសារតែ “ក្ដីស្រឡាញ់ + បំណងល្អ + ក្ដីបារម្ភ + យកចិត្តទុកដាក់ + ត្រូវការបង្ហាត់បង្រៀនអ្វីម្យ៉ាងដល់កូន + ចង់ឱ្យកូនស្ដាប់បង្គាប់ + ចង់ឱ្យកូនស្ថិតនៅក្នុងរបៀបវិន័យដែលឪពុកម្ដាយរៀបចំទុក + និងចុងក្រោយគឺ អារម្មណ៍ក្រោធខឹងរបស់ឪពុកម្ដាយក្នុងពេលខ្លះដែលខ្វះភាពហាមឃាត់ចិត្តខ្លួនឯង ហើយចុងក្រោយក៏ទៅលួចអង្គុយសោកស្ដាយស្រក់ទឹកភ្នែកខ្លួនឯង។

    ផលប៉ះពាល់ផ្នែកវិជ្ជមានពីរំពាត់ដែលវាត់ប៉ះនឹងសាច់ឆ្លុះបញ្ចាំងទៅដល់ផ្លូវចិត្តកូន ដែលឪពុកម្ដាយនឹកស្មានមិនដល់

    ធ្វើឱ្យកូនមិនហ៊ានបង្ហាញពីអារម្មណ៍ពិតប្រាកដរបស់ខ្លួនឯងចេញមក ដូចជាអារម្មណ៍ខឹង ខូចចិត្ត ជាដើម ព្រោះខ្លាចថា បើបង្ហាញពីអារម្មណ៍ពិតប្រាកដរបស់ខ្លួនចេញទៅ ខ្លាចប៉ាម៉ាក់អាចនឹងខឹង និងត្រូវទទួលទោសបន្ថែម។

    ធ្វើឱ្យកូនមានសម្ពាធ និងលាក់ទុកក្នុងចិត្ត ពេលមានទុក្ខ ឬកើតបញ្ហា មិនហ៊ានក្នុងការប្រឹក្សានឹងឪពុកម្ដាយ ព្រោះខ្លាចត្រូវទទួលទោស ទើបមិនហ៊ាននិយាយប្រឹក្សាជាមួយអ្នកណា។

    ធ្វើឱ្យកូនខ្វះភាពជឿជាក់លើខ្លួនឯង មិនហ៊ានធ្វើអ្វី រហូតលែងហ៊ានធ្វើអ្វីទាំងអស់ ព្រោះគិតតែថា រឿងដែលចង់ធ្វើ អាចនឹងខុសទៀតក៏បានដែរ។

    ធ្វើបាបផ្លូវចិត្តកូនដោយមិនដឹងខ្លួន ព្រោះក្នុងគំនិតរបស់កូនៗ អ្នកដែលនៅមើលថែទាំ និងជិតស្និទ្ធជាមួយរូបគេដូចឪពុកម្ដាយ គឺត្រូវតែនៅចាំមើលថែទាំ និងការពាររូបគេ តែផ្ទុយទៅវិញ មនុស្សទាំងពីរនោះបែរជាធ្វើបាបលើរាងកាយ(ដាក់ទោសដោយការវាយ) និងផ្លូវចិត្តកូនទៅវិញ(តាមរយៈអារម្មណ៍ដែលទាំងក្រេវក្រោធផង ទាំងស្រឡាញ់ផងរបស់ឪពុកម្ដាយដែលលាយឡំចូលគ្នាខណៈពេលវាយកូន)។

    ធ្វើឱ្យភាពរឹងទទឹងច្រងេងច្រងាងដែលដក់ជាប់នៅក្នុងចិត្តកូន ដោយអារម្មណ៍ក្រោធខឹង ខូចចិត្ត ដែលកូនមិនអាចបង្ហាញចេញមកឱ្យឪពុកម្ដាយឃើញបាននោះ កូនអាចនឹងងាកទៅបង្ហាញភាពច្រងេងច្រងាងដាក់អ្នកដទៃ ដូចជាធ្វើបាបមិត្តភ័ក្តិ ជាដើម(ប៉ាម៉ាក់ចេះវាយកូនបាន រឿងអីកូនសាកវាយអ្នកផ្សេងខ្លះមិនបាន?)

    ធ្វើឱ្យកូនភ័យខ្លាចការត្រូវវាយធ្វើបាប សម្រាប់មនុស្សធំអាចមើលឃើញថា ការវាយ គឺដើម្បីបង្រៀនប្រដៅ តែសម្រាប់ក្មេងវិញ ការវាយធ្វើឱ្យកើតក្ដីភ័យខ្លាច និងមានអារម្មណ៍ថា កំពុងត្រូវធ្វើបាបលើរាងកាយធ្វើឱ្យមានអារម្មណ៍ឈឺចាប់ «ការវាយកូនគឺដើម្បី…ប្រដៅ តែខណៈពេលជាមួយគ្នា ពាក្យប្រដៅ ក៏ត្រូវបិទបាំងជិតដោយក្ដីភ័យខ្លាច ដែលកើតឡើងបន្តិចម្ដងៗនៅក្នុងផ្លូវចិត្តកូន»

    តាមរយៈផលប៉ះពាល់អវិជ្ជមានដែលបង្កប់នៅក្នុងនោះ អាចនិយាយបានថា ការវាយដំ ៈ ធ្វើឱ្យឈឺចាប់ទាំងកាយ ឈឺចាប់ទាំងចិត្ត ទាំងឪពុកម្ដាយ និងកូនៗទៀតផង។ អ្នកគ្រូ ឆវី ចង់និយាយថា បើធាតុពិតរបស់ការវាយ គឺ ពាក្យប្រដៅ…ដូច្នេះនៅពេលកូនធ្វើខុស សូមសាកល្បងឆ្លងរំលងដំណាក់កាលហ្នឹងចោល…ហើយប្រើពាក្យប្រៀនប្រដៅ ប្រើការយល់ចិត្ត និងប្រើហេតុផលក្នុងការបង្រៀនប្រៀនប្រដៅកូនវិញម្ដង ល្អដែរទេ?។

    ព្រោះការប្រៀនប្រដៅកូនឱ្យស្គាល់ខុស និងត្រូវ…ដោយហេតុផល…ក៏ជាការបង្ហាត់ឱ្យកូនចេះប្រើទាំងហេតុ និងផលក្នុងការធ្វើទង្វើអ្វីផ្សេងៗនាពេលអនាគតដូចគ្នា៕