Tag: 2022

  • កម្ពុជា ថៃ វៀតណាម ឡាវ ទទួល​បាន​ទេសចរ​បរទេស​ជាង 34 លាន​នាក់ក្នុង​ 9 ខែ​ដំបូង​នៃ​ឆ្នាំ 2023

    កម្ពុជា ថៃ វៀតណាម ឡាវ ទទួល​បាន​ទេសចរ​បរទេស​ជាង 34 លាន​នាក់ក្នុង​ 9 ខែ​ដំបូង​នៃ​ឆ្នាំ 2023

    គិត​ចាប់​ពី​ដើម​ឆ្នាំ 2023 រហូត​ដល់ដំណាច់​ខែ​កញ្ញា 2023 ប្រទេស​ចំនួន​បួន​ ដែល​រួម​មាន​កម្ពុជា និង​បណ្ដា​ប្រទេស​ជិត​ខាង​កម្ពុជា ភាគ​ច្រើន​បាន​ទទួល​ភ្ញៀវ​បរទេស​ច្រើន​ជាងបើធៀប​នឹង​​ 9 ខែ​ដំបូង​នៃ​ឆ្នាំ 2022​។

    ឡាវ

    យោង​តាម​ក្រសួង​ព័ត៌មាន វប្បធម៌ និង​ទេសចរណ៍​ឡាវ ក្នុង​ 9 ខែ​ដំបូង​នៃ​ឆ្នាំ 2023 ប្រទេស​នេះ​ទទួល​ភ្ញៀវ​បរទេស​បាន​ជិត 2.5 លាន​នាក់​។ តាម​គម្រោង រហូត​ដល់​ចុង​ឆ្នាំនេះ ឡាវ​នឹង​ទទួល​បាន​ទេសចរ​បរទេស​ពី 2.9 ដល់ 3.3 លាន​នាក់​។

    កម្ពុជា

    យោងតាមរបាយការណ៍របស់ ក្រសួងទេសចរណ៍ ចេញផ្សាយសម្រាប់ខែកញ្ញា ឆ្នាំ 2023 គិតចាប់ពីខែមករាដល់ខែកញ្ញាឆ្នាំ 2023 ចំនួនភ្ញៀវទេសចរណ៍បរទេសមក​ទស្សនា​ កម្ពុជា មានជាង 3.9​ លាន​នាក់  ដែលតួលេខនេះ កើន​ឡើងប្រហែល 200% បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំ 2022​។

    ក៏ប៉ុន្តែ បើ​ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ 2022 ភ្ញៀវ​បរទេស​មក​កាន់​​ប្រទេស​វៀតណាម ​ក្នុង​ 9 ខែ​ដំបូង​នៃ​ឆ្នាំ​ 2023 នេះ សម្រេច​បាន​ត្រឹម​តែ​ 69% ប៉ុណ្ណោះ​។

    វៀតណាម

    របាយការណ៍​សេដ្ឋកិច្ច​សង្គម​ដែល​អគ្គនាយកដ្ឋាន​ស្ថិតិវៀតណាម បានចុះ​ផ្សាយ​កាល​ពី​ចុង​ខែ​កញ្ញា បង្ហាញ​ថា ក្នុង​រយៈ​ពេល​ 9 ខែ​ដំបូង​នៃ​ឆ្នាំ​នេះ វៀតណាម ​បាន​ទទួល​​ទេសចរ​បរទេស​ជិត 8.9 លាន​នាក់​ ច្រើន​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​គោលដៅ​ 8 លាន​នាក់សម្រាប់​​មួយ​​ឆ្នាំ 2023​។

    ថៃ

    កាល​ពី​ថ្ងៃទី 19 កញ្ញា 2023 ក្រសួង​ទេសចរណ៍​ និង​កីឡា​ថៃ បាន​ឱ្យ​ដឹង​ថា រាប់​ចាប់​ពី​ដើម​ឆ្នាំ​ 2023 រហូត​ដល់​ថ្ងៃទី 17 កញ្ញា 2023 ភ្ញៀវ​បរទេស​មក​កាន់​ប្រទេស​នេះ​មាន​ចំនួន 19 លាន​នាក់​ រក​ចំណូល​បាន​ 22.26 ពាន់​លាន​ដុល្លារ​អាម៉េរិក​ (795 ពាន់​លាន​បាត)។

  • តម្លៃ​រថយន្ត​អគ្គិសនី​ថយចុះ​ជាង 10% ធៀប​នឹង​ឆ្នាំ​កន្លង

    តម្លៃ​រថយន្ត​អគ្គិសនី​ថយចុះ​ជាង 10% ធៀប​នឹង​ឆ្នាំ​កន្លង

    យោងតាម​ទិន្នន័យ​ស្ដីពី​តម្លៃ និង​ចំនួន​រថយន្ត​ដែល​បាន​លក់​ចេញ​ថ្មី​បំផុត ដែល​ស្រាវជ្រាវ​ដោយ Kelley Blue Book ជា​មធ្យម រថយន្ត​អគ្គិសនី​បាន​ធ្លាក់​ថ្លៃ 14% នៅក្នុង​ខែឧសភា​ឆ្នាំ 2023 បើ​ធៀប​នឹង​ដំណាក់​ដូចគ្នា​ក្នុង​ឆ្នាំ 2022។

    ការ​គណនា​របស់ Kelley Blue Book បង្ហាញថា តម្លៃ​ជា​មធ្យម​របស់​រថយន្ត​អគ្គិសនី​ថ្មី​មួយគ្រឿង​នៅក្នុង​ខែឧសភា 2023 គឺ 55,488 ដុល្លារ ខ្ពស់ជាង​ប្រហែល 158 ធៀប​នឹង​ខែមេសា 2023 ប៉ុន្តែ​ទាប​ជាង 9,370 ដុល្លារ បើ​ធៀប​នឹង​ខែឧសភា 2022។ តម្លៃ​រថយន្ត​អគ្គិសនី​ថ្មី​បាន​ឡើងដល់​កម្រិត​ខ្ពស់បំផុត​នៅក្នុង​ខែមិថុនា 2022 ប៉ុន្តែ បច្ចុប្បន្ន តម្លៃ​នោះបាន​បាត់​បង់​​ប្រហែល 5,800 ដុល្លារ។

    Michelle Krebs អ្នកវិភាគ​ទីផ្សារ​របស់​ក្រុមហ៊ុន Cox Automotive ឱ្យដឹងថា ចំនួន​រថយន្ត​អគ្គិសនី​ដែល​បាន​លក់​ចេញ​ក្នុង​ខែឧសភា 2023 កើន​ប្រហែល 4.7% ធៀប​នឹង​ខែមេសា 2023 និង​កើន 44% ធៀប​នឹង​ដំណាក់កាល​ដូចគ្នា​ក្នុង​ឆ្នាំ 2022។

    ការធ្លាក់​ថ្លៃ​របស់​រថយន្ត​អគ្គិសនី​អាច​បណ្ដាលមកពី​កត្តា​ជាច្រើន ក្នុងនោះ​មាន​ជាអាទិ៍ អត្រាពន្ធអាករ​ថយចុះ អ្នកទិញ​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ក្នុងការ​ទទួលបាន​ប្រាក់ឧបត្ថម្ភ និង​ប្រាក់កម្ចី​អត្រា​ការ​ប្រាក់​ទាប​ រាប់ពាន់​ដុល្លារ​ពី​រដ្ឋ​ជាដើម។ ក្រៅពីនេះ ការបញ្ចុះ​តម្លៃ​រថយន្ត​របស់ Tesla ក៏បាន​​ធ្វើឱ្យ​ក្រុមហ៊ុន​ដទៃ​ត្រូវ​កាត់បន្ថយ​ប្រាក់ចំណេញ​ដើម្បី​អាច​លក់​រថយន្ត​អគ្គិសនី​ក្នុងតម្លៃ​ដែល​អាច​ប្រកួតប្រជែង​បាន៕

  • ប្រធានាធិបតី​បារាំង​ថ្លែង​អំពី​រឿង​អនាគត​របស់ Kylian Mbappe

    ប្រធានាធិបតី​បារាំង​ថ្លែង​អំពី​រឿង​អនាគត​របស់ Kylian Mbappe

    ប្រធានាធិបតី​បារាំង​លោក Emmanuel Macron បាន​ថ្លែងថា លោក​នឹង​ព្យាយាម​បញ្ចុះបញ្ចូល Kylian Mbappe ឱ្យនៅ​ជាមួយ​ក្លឹប Paris Saint-Germain ម្ដងទៀត នៅ​រដូវក្ដៅ​ឆ្នាំនេះ។

    លោក Emmanuel Macron បញ្ជាក់ថា លោក​បាន​ត្រៀមខ្លួន​រួចហើយ​សម្រាប់​ការជជែក​គ្នា​ម្ដងទៀត​ជាមួយនឹង Mbappe ក្នុង​បំណង​បញ្ចុះបញ្ចូល​ឱ្យ​កីឡាករ​បារាំង​រូបនេះ​លេង​បាល់​ឱ្យ​ក្លឹប​ក្នុងស្រុក។ ប្រសាសន៍​របស់លោក Emmanuel Macron ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី Mbappe កាលពីពេលថ្មីៗនេះ បានប្រកាស​ជា​ផ្លូវការ​ថា មិនមាន​បំណង​ពន្យារ​កិច្ចព្រមព្រៀង​ជាមួយ​ក្លឹប PSG និង​ត្រូវ​ចាកចេញ​ក្រោយពី​ចប់​កិច្ចសន្យា។ ចំណែក PSG ក៏បាន​ប្រកាស​អំពី​តម្លៃ​ខ្លួន 200 លាន​អឺរ៉ូ​របស់ Mbappe។

    លោក Emmanuel Macron ថ្លែងថា «Mbappe គឺជា​កីឡាករ​ឆ្នើម និង​ស្ថិតក្នុង​លំដាប់​កំពូល ដូចដែល​គ្រប់គ្នា​បានដឹង។ ដូច្នេះ គាត់​មាន​ទំនោរ​ទៅរក​ការធ្វើ​ចំណាកស្រុក​ដើម្បី​អភិវឌ្ឍ​សមត្ថភាព និង​យកឈ្នះ​លើ​ឧបសគ្គ​ថ្មី​ក្នុង​អាជីព»។ លោក​បន្ថែមថា «ក៏ប៉ុន្តែ បច្ចុប្បន្ន ខ្ញុំ​មិនមាន​ដំណឹង​ល្អ​ណាមួយ​សម្រាប់​គ្រប់គ្នា តែ​យ៉ាងណាក៏ដោយ ខ្ញុំ​នឹង​ប្រឹងប្រែង​ឱ្យអស់​ពី​លទ្ធភាព (ក្នុង​ការ​បញ្ចុះ​បញ្ចូល​ Mbappe) ដូច​អ្វីដែល​ខ្ញុំ​បានធ្វើ​កន្លងមក»។

    លោក Emmanuel Macron លើកទឹកចិត្ត Kylian Mbappe នៅ World Cup 2022

    កាលពី​ឆ្នាំមុន ប្រធានាធិបតី​បារាំង ក៏បាន​ជជែក​គ្នា​ជាមួយ Mbappe ទាក់ទង​នឹង​អនាគត​របស់​កីឡាករ​នេះ ហើយ PSG ក៏​រក្សាបាន Mbappe ​មួយឆ្នាំ​ទៀត។ ក៏ប៉ុន្តែ លើក​នេះ ស្ថានភាព​នៅ​ក្លឹប PSG ហាក់​មិនល្អ​ប្រសើរ គ្រា​ដែល​កីឡាករកំពូលៗរបស់​ក្លឹប​នេះ មានដូចជា Messi ជាដើម ត្រូវបាន​អ្នកគាំទ្រ​របស់ PSG ធ្វើបាប​ផ្លូវចិត្ត ហើយ​ជើង​ខ្លាំង​ខ្លះ​ក៏​ចាកចេញ ឬ​មាន​បំណង​ចាក​ចេញ​​ជា​បន្តបន្ទាប់ ស្រប​ពេលដែល​ទីផ្សារ​ក្រៅប្រទេស​កំពុង​មានភាព​​ទាក់ទាញ​ខ្លាំង៕

  • Messi ឆ្លើយតប​នឹង​សំណួរ​ស្ដី​ពី​​​វត្តមាន​របស់​ខ្លួន​នៅ​ World Cup 2026

    Messi ឆ្លើយតប​នឹង​សំណួរ​ស្ដី​ពី​​​វត្តមាន​របស់​ខ្លួន​នៅ​ World Cup 2026

    (ប្រទេស​ចិន) – ប្រធាន​ក្រុមបាល់​ទាត់​ជម្រើស​ជាតិ​អាហ្សង់ទីន ចាត់​ទុក​ World Cup 2022 ​ថា​ជា​​ព្រឹត្តិការណ៍​ប្រកួត​បាល់​ទាត់​ពិភពលោក​​ចុង​ក្រោយ​នៅ​ក្នុង​អាជីព​របស់​ខ្លួន​។

    «ខ្ញុំ​គិត​ថា​ មិន​ទេ។ កាតា 2022 គឺជា​ World Cup ចុង​ក្រោយ​របស់​ខ្ញុំ​។ …ខ្ញុំ​នឹង​​មិន​ចូល​រួម​​រដូវ​កាល​បន្ទាប់​ទៀត​នោះ​ទេ» Lionel Messi បាន​ឆ្លើយ​តបទៅ​កាន់​ទីភ្នាក់​ងារ​សារព័ត៌មាន​កីឡា​ចិន Titan Sports កាល​ពី​ព្រលប់​ថ្ងៃ​ទី 13 មិថុនា ពេល​ត្រូវ​បាន​សួរ​អំពី​លទ្ធភាព​អូស​បន្លាយ​អាជីព​នៅ​អន្តរជាតិ​រហូត​ World Cup 2026​។

    កាល​ពី​ខែ​កុម្ភៈ Messi ធ្លាប់​បាន​និយាយ​ដល់​លទ្ធភាព​នៃ​ការ​មិន​ចូល​រួម​ប្រកួត​នៅ​ World Cup 2026 ម្ដង​រួច​មក​ហើយ​។ គាត់​បារម្ភ​ចំពោះ​កាតា​អាយុ​ និង​កម្លាំង​ដែល​អាច​​ផ្ដល់​ផល​អាក្រក់​ដល់​ក្រុម​ជម្រើស​ជាតិ​អាហ្សង់​ទីន​។

    កាល​ពី​ខែ​វិច្ឆិកា 2022 នៅ​ប្រទេស​កាតា Messi ​រួម​ចំណែក​រក​បាន​ 7 គ្រាប់​ និង​បង្ក​ឱកាស​បាន​ 3​ គ្រាប់ ​ដែល​ជួយ​ឱ្យ​អាហ្សង់ទីន​ដណ្ដើម​បាន​ពាន​រង្វាន់​ជើង​ឯក World Cup និង​ទទួល​បាន​ងារ​ជា​កីឡាករ​ឆ្លើម​បំផុត​​នៅ​រដូវ​កាល​នោះ​។

    បច្ចុប្បន្ន Messi មាន​​ពាន​រង្វាន់​បាល់​មាស​​ចំនួន 7 ដែល​នេះ​គឺជា​​​កំណត់​​​ពិភពលោក​។ បើ​សិន​ជា​ចូល​រួម​ប្រកួត​នៅពេល​ Word Cup 2026 ដែល​នឹង​ធ្វើ​ឡើង​នៅ​សហរដ្ឋ​អាម៉េរិក ម៉ិកស៊ិក និង​កាណាដា​ Messi នឹង​មាន​ឱកាស​បំបែក​កំណត់​ត្រា​របស់​ខ្លួន​។ ក៏ប៉ុន្តែ ពេល​ World Cup 2026 ត្រូវ​បាន​រៀប​ចំ ក៏​ជា​ពេល​ដែល Messi ​មាន​អាយុ​ 39 ឆ្នាំ​៕

  • Mbappe មិន​ព្រម​​ពន្យារ​សុពលភាព​កិច្ច​សន្យា​ជាមួយ​ក្លឹប​បារាំង PSG

    Mbappe មិន​ព្រម​​ពន្យារ​សុពលភាព​កិច្ច​សន្យា​ជាមួយ​ក្លឹប​បារាំង PSG

    ក្លឹប​ PSG កំពុង​ពិចារណា​លើ​ការ​លក់​ Kylian Mbappe នៅ​ក្នុង​ឆ្នាំ​នេះ បន្ទាប់​ពី​ខ្សែ​ប្រយុទ្ធ​ជន​ជាតិ​បារាំង​រូប​នេះ​បាន​ប្រកាស​ថា នឹង​មិន​ពន្យារ​សុពលភាព​នៃ​កិច្ច​ព្រមព្រៀង​ដល់​ខែ​មិថុនា 2025​។

    មុន​ពេល​រដូវ​កាល​ទិញ​ដូរ​កីឡាករ​នៅ​រដូវ​ក្ដៅ​ឆ្នាំ 2022 ត្រូវ​បាន​ធ្វើ​ឡើង PSG បាន​ប្រកាស​ថា បន្ត​សុពលភាព​កិច្ច​ព្រម​ព្រៀង​បី​ឆ្នាំ​ជាមួយ​នឹង Mbappe។ ក៏ប៉ុន្តែ យោង​តាម​សារព័ត៌មាន​បារាំង L’Équipe កិច្ច​សន្យា​នេះ​មាន​រយៈ​ពេល​តែ​ពីរ​ឆ្នាំ​ប៉ុណ្ណោះ ក្នុង​នោះ​មានការ​​កំណត់​ថា ឆ្នាំ​ចុង​ក្រោយ​ត្រូវ​ការ​ការ​យល់​ព្រម​ពី Mabppe ហើយ​មាន​សុពលភាព​ត្រឹម​តែ​ថ្ងៃទី 31 កក្កដា 2023​។

    ក៏ប៉ុន្តែ សារព័ត៌មានបារាំង​​មួយ​ផ្សេង​ទៀត​ គឺ Le Parisien បាន​ផ្សាយ​ថា ថ្ងៃ​ទី 12 មិថុនា (ម៉ោង​នៅ​ប៉ារីស) Mbappe ផ្ញើ​សំបុត្រ​ទៅ​កាន់​គណៈ​គ្រប់​គ្រង​ក្លឹប PSG ដើម្បី​ប្រកាស​អំពី​ការ​សម្រេច​ចិត្ត​មិន​បន្ត​កិច្ច​សន្យា​មួយ​ឆ្នាំ​ទៀតដែល​អូស​បន្លាយ​ដល់​ឆ្នាំ 2025 នោះ​ឡើយ​។

    ប្រការ​ខាងលើ​នេះ​មាន​ន័យ​ថា ម្ចាស់​ជើង​ឯក​ World Cup 2018 អាច​នឹង​ចាក​ចេញ​ពី PSG ទៅ​តាម​ទម្រង់​សេរី​ នៅ​ក្នុង​រដូវ​​ក្ដៅ​ឆ្នាំ 2024​។ ដើម្បី​ចៀស​វាង​ហានិភ័យ​ត្រូវ​បាត់​បង់​​ទទេៗ ពេល​នោះ PSG នឹង​ត្រូវ​លក់ Mbappe នៅ​ក្នុង​ឆ្នាំ​នេះ​។

  • ទិដ្ឋភាព Man City ដង្ហែ​ពាន​បី​ដំណាល​គ្នា​ អម​ដោយ​អ្នក​គាំទ្រ​រាប់​សែននាក់

    ទិដ្ឋភាព Man City ដង្ហែ​ពាន​បី​ដំណាល​គ្នា​ អម​ដោយ​អ្នក​គាំទ្រ​រាប់​សែននាក់

    (អង់គ្លេស) – អ្នក​គាំទ្រ​ប្រហែល 200,000 នាក់​របស់​ក្លឹប​បាល់​ទាត់​ Man City បាន​ចូល​រួម​ព្រឹត្តិការណ៍​ដង្ហែ​ពាន​ជើង​ឯក​ចំនួន​បី​គ្រឿង​ ​ដែល​ពួក​គេ​ទើប​តែ​ដណ្ដើម​បាន​ ក្នុង​នោះ​រួម​មាន ពាន​ English Premier League, FA Cup និង Champions League រដូវកាល 2022-2023 នៅ Manchester កាល​ពី​ថ្ងៃទី 12 មិថុនា។

    ភ្លៀង​ធំធ្វើ​ឱ្យ​ពិធីដង្ហែ​ពាន​រង្វាន់​របស់ Man City ត្រូវ​ពន្យារ​ពេល​ 30 នាទីធៀប​នឹង​ការ​កំណត់មុន​នោះ​ដែល​ថា​នឹង​ធ្វើ​​នៅ​ម៉ោង 17 ថ្ងៃទី 12 មិថុនា (ម៉ោង​នៅ​ក្រុងឡុងដ៍)។ ក៏​ប៉ុន្តែ អ្នក​គាំទ្រ​ស្ទើរ​តែ​ទាំង​អស់​នៅ​តែ​ចេញ​ដើរ​​ក្រោម​ទឹក​ភ្លៀង​ ដើម្បី​អបអរសាទរ​ជ័យ​ជម្នះ​នេះ​។

    មនុស្ស​ប្រហែល​ 200,000 នាក់​បាន​នាំ​គ្នា​ដង្ហែក្បួន​តាម​ដង​ផ្លូវ​នៅ​ក្បែរ​ទីលាន​ St Peter, Manchester។ ក្រុម​បាល់​ទាត់​អង់គ្លេស Man City ទើប​តែ​បាន​ទទួល​ជោគ​ជ័យ​យ៉ាង​ធំធេង​ ដោយ​ដណ្ដើម​បាន​ពាន​ជើង​ឯក​ចំនួន​បី​​ក្នុង​មួយ​រដូវកាល (Treble) រួម​មាន​ពាន English Premiere League, FA Cup និង Champions League​។ Man City គឺជា​ក្រុម​បាល់​ទាត់​អង់គ្លេស​ទីពីរ​ដែល​ធ្វើ​បាន​ដូច្នេះ​ បន្ទាប់​ពី Man Utd ដែល​ធ្វើ​បាន​ដំបូង​គេ​កាល​ពី​រដូវ​កាល 1998-1999​។

    Man City មិន​ត្រឹម​តែ​ដណ្ដើម​បាន​ងារ​ Treble នោះ​ទេ តែ​ក៏​ជា​អ្នក​ដណ្ដើម​បាន​ពាន​រង្វាន់​ជើង​ឯក​ Champions League លើក​ដំបូង​ផងដែរ​។ ក្លឹប​នេះ​គឺជា​ម្ចាស់​ជើង​ឯក​បាល់​ទាត់​អឺរ៉ុប​​ទី​ 6 របស់​អង់គ្លេស​ បន្ទាប់​ពីក្លឹប Liverpool, Man Utd, Chelsea, Nottingham Forest និង Aston Villa​។

    ក្លឹប​ Man City ក៏​ជា​ម្ចាស់​ជើង​ឯក​​ទី 8 នៅ​អឺរ៉ុប​ដែល​ដណ្ដើម​បាន​ពាន​ជើង​ឯក​ទាំង​បី​ ក្រោយ​ពី​ក្លឹប Celtic, Ajax, PSV, Man Utd, Barca, Inter និង Bayern។

  • UEFA ប្រកាស​អំពី​ម្ចាស់​ពានរង្វាន់ «កីឡាករ​ឆ្នើម​បំផុត​នៅ Champions League»

    UEFA ប្រកាស​អំពី​ម្ចាស់​ពានរង្វាន់ «កីឡាករ​ឆ្នើម​បំផុត​នៅ Champions League»

    ក្នុងនាម​ជា​ម្ចាស់​ជើងឯក​បាល់ទាត់ Champions League យើង​ងាយ​យល់បាន​ថា ហេតុអ្វី​កីឡាករ​របស់ Man City ក្លាយជា​ម្ចាស់​ពានរង្វាន់​កីឡា​ឆ្នើម​បំផុត​ប្រចាំ​ព្រឹត្តិការណ៍​នេះ។

    Man City បាន​ក្លាយជា​ម្ចាស់​ជើងឯក​ពានរង្វាន់​បាល់ទាត់ Champions League ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ បន្ទាប់ពី​បាន​ផ្ដួល Inter Milan ដោយ​លទ្ធផល 1-0 នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​កាលពី​វេលា​ទៀបភ្លឺ​ថ្ងៃទី 11 មិថុនា 2023 (ម៉ោង​នៅ​កម្ពុជា)។ នេះ​គឺជា​សមិទ្ធផល​ដ៏​សក្ដិសម​សម្រាប់​កូនសិស្ស និង​គ្រូបង្វឹក Pep Guardiola ក្រោយពី​អ្វីដែល​ពួកគេ​បានធ្វើ​នៅក្នុង​រដូវ​កាល​នេះ។

    មិនយូរប៉ុន្មាន​បន្ទាប់​ពី​ពានរង្វាន់​ជើងឯក​បាល់ទាត់ Champions League ត្រូវបាន​ប្រគល់ សហព័ន្ធ​កីឡាបាល់ទាត់​អឺរ៉ុប (UEFA) ក៏បាន​ប្រកាស​ឈ្មោះ​ម្ចាស់​ជ័យលាភី «កីឡាករ​ឆ្នើម​បំផុត​របស់ Champions League 2022/2023»។ កំពូល​កីឡាករ Erling Haaland ពុំមែន​ជា​អ្នក​បានទទួល​ពានរង្វាន់​នេះ បើ​ទោះ​រកបាន 12 គ្រាប់​ឱ្យ Man City។ ពានរង្វាន់​នេះ​បាន​ទៅលើ​កីឡាករ Rodri (Rodrigo Hernández Cascante)។

    Rodri គឺជា​អ្នក​បាន​ជួយ​ឱ្យ Man City ឈ្នះ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League។ នេះ​ក៏​ជា​លើកទីមួយ​ក្នុង​ប្រវត្តិសាស្ត្រ​ដែល Man City បាន​ក្លាយជា​ក្រុមបាល់ទាត់​ទី​ពីរ​នៅ​អង់គ្លេស ដែល​ដណ្ដើមបាន​ពានរង្វាន់​ជើងឯក​ចំនួន​បី​ក្នុង​មួយ​រដូវ​កាល បន្ទាប់ពី Man Utd ដណ្ដើមបាន​កាលពី​ឆ្នាំ 1999៕

  • ប្រាក់រង្វាន់ Champions League 2022-2023 ៖ ក្រុមនីមួយៗនឹង​ទទួលបាន​ប៉ុន្មាន?

    ប្រាក់រង្វាន់ Champions League 2022-2023 ៖ ក្រុមនីមួយៗនឹង​ទទួលបាន​ប៉ុន្មាន?

    ការដែល​បាន​ឡើង​ទាត់​ដណ្ដើម​ពានរង្វាន់ Champions League មិន​ត្រឹមតែ​ជា​កិត្តិយស​នោះទេ ប៉ុន្តែ​ក៏​អម​ជាមួយនឹង​ផល​ប្រ​យោធ​ន៍​ជាច្រើន​ដែល​ទាក់ទង​នឹង​ហិរញ្ញវត្ថុ​ផងដែរ។

    UEFA Champions League គឺជា​គោលដៅ​ធំ​របស់​ក្រុមបាល់ទាត់​ជាច្រើន នៅពេល​ពួកគេ​ចាត់ទុកថា នេះ​គឹជា​ឱកាសល្អ​ដើម្បី​បង្កើន​ប្រាក់ចំណូល។ កាន់តែ​ចូលដល់​វគ្គសំខាន់ៗ ក្លឹបនីមួយៗទទួលបាន​ប្រាក់រង្វាន់​កាន់តែច្រើន។

    នៅក្នុង​រដូវ​កាល​នេះ Man City និង Inter Milan បាន​ឡើងដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ដែល​គ្រោង​នឹង​ប្រកួត​នៅឯ​ទីលាន Ataturk Olympic នៃ​ប្រទេស​តួ​ក​គី នៅវេលា​ម៉ោង 02 ថ្ងៃទី 11 មិថុនា (ម៉ោង​នៅ​កម្ពុជា)។

    ថ្មីៗនេះ សហព័ន្ធ​កីឡាបាល់ទាត់​អឺរ៉ុប (UEFA) ទើបតែ​បានប្រកាស​ទិន្នន័យ​ស្ដីពី​ប្រាក់រង្វាន់​សម្រាប់​សម្រាប់​ក្រុម​ដែល​ទាត់​នៅ Champions League រដូវ​កាល 2022-2023 ដែលមាន​តម្លៃ​រហូតដល់ 2.032 ពាន់​លាន​អឺរ៉ូ (ប្រហែល 1.98 ពាន់​លាន​ដុល្លារ​អាម៉េរិក)។

    ខាងក្រោម​នេះ​គឺជា​ស្ថិតិ​ស្ដីពី​ខ្ទង់​ប្រាក់​ដែល​ក្រុមបាល់ទាត់នីមួយៗនឹង​អាច​ទទួលបាន​ពេល​ចូលរួម​លេង​នៅឯ​ពានរង្វាន់ Champions League រដូវ​កាល 2022-2023។

     ប្រាក់​រង្វាន់​នៅ Champions League 2022-2023
    វគ្គប្រាក់​រង្វាន់
    ផ្ដាច់​ព្រ័ត្រ20 លាន​អឺរ៉ូ
    លេខ​ពីរ15.5 លាន​អឺរ៉ូ
    ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​12.5 លាន​អឺរ៉ូ
    8 ក្រុម​ចុង​ក្រោយ10.6 លាន​អឺរ៉ូ
    16 ក្រុម​9.6 លាន​អឺរ៉ូ
    ឈ្នះ​នៅ​វគ្គ​វិល​ជុំ2.8 លាន​អឺរ៉ូ
    ស្មើ​នៅ​វគ្គ​វិល​ជុំ930 ពាន់​អឺរ៉ូ
    ចូល​រួម​នៅ​វគ្គ​វិល​ជុំ15.64 ពាន់​អឺរ៉ូ
  • រក​បាល់​បាន​ជាង 10 គ្រាប់​ឱ្យ Al-Nassr ប៉ុន្តែ CR7 នៅតែ​​មិន​អាច​សប្បាយ​​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត

    រក​បាល់​បាន​ជាង 10 គ្រាប់​ឱ្យ Al-Nassr ប៉ុន្តែ CR7 នៅតែ​​មិន​អាច​សប្បាយ​​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត

    Cristiano Ronaldo មិនមាន​ឈ្មោះ​ក្នុង​ក្រុម​កីឡាករ​ឆ្នើម​របស់​ពានរង្វាន់ Saudi Pro League ក្នុង​រដូវ​កាល 2022-2023 បើ​ទោះ​ទាត់​បញ្ចូល​ទី​បាន 14 គ្រាប់​ឱ្យ Al-Nassr។

    Ronaldo មក​ទាត់​ឱ្យ​ក្លឹប Al-Nassr កាលពី​ខែមករា​ឆ្នាំនេះ តែ​មិនមាន​ឈ្មោះ​ក្នុង​ក្រុម​កីឡាករ​ឆ្នើម​បំផុត​​នៅ​​ពានរង្វាន់​លំដាប់​កំពូល​របស់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត នា​រដូវ​កាល 2022-2023។ ជំនួស​មកវិញ កីឡាករ​ដែល​ត្រូវបាន​ជ្រើសរើស​ជា​កំពូល​កីឡាករ​ឆ្នើម​គឺ Odion Ighalo របស់​ក្លឹប Al-Hilal ក្រោយពី​រកបាន 19 គ្រាប់​នៅក្នុង 27 ប្រកួត រួម​នឹង​កីឡាករ​ដទៃ​ទៀត​។

    ក្លឹប Al-Nassr អូសទាញ​បាន CR7 ក្រៅ​ពី​កីឡាករ​ព័រទុយហ្កាល់​រូបនេះ​បញ្ចប់​កិច្ចព្រមព្រៀង​ជាមួយ Manchester United។ បន្ទាប់មក Ronaldo បាន​ចូលរួម​ប្រកួត​ឱ្យ​ក្លឹប​ថ្មី​បាន 16 ប្រកួត និង​រកបាន 14 គ្រាប់។ ប៉ុន្តែ ទោះ​ជាមាន​វត្តមាន​រប​ស់ CR7 ក្លឹប​នៅ​រាជធានី​រី​យ៉ា​ដ នៅតែ​មិនអាច​ដណ្ដើមបាន​តំណែង​ជើងឯក ដោយបាន​ត្រឹមតែ​លេខ​ពីរ​បន្ទាប់ពី Al-Ittihad។

    បើ​សិន​ជា​​គិត​រក​មធ្យម​ភាគ​នៃ​ចំនួន​គ្រាប់​បាល់​ដែល​ Odion Ighalo និង​ Cristiano Ronaldo រក​បាន​នៅ​ក្នុង​មួយ​ប្រកួត​ ​ឃើញ​ថា Ighalo រក​បាន​​ 0.703 គ្រាប់​​/ប្រកួត តិច​ជាង​ 0.172 គ្រាប់​/​ប្រកួត​ ​ធៀប​នឹង​ 0.875 គ្រាប់​​/​ប្រកួត​​របស់​ CR7។

    ការដែល​ម្ចាស់​គ្រាប់​បាល់​មាស 5 គ្រាប់​មិនមាន​ឈ្មោះ​នៅក្នុង​ក្រុម​កីឡាករ​ឆ្នើម​របស់ Saudi Pro League បានធ្វើឱ្យ​អ្នកគាំទ្រ​មួយចំនួន​មិន​សប្បាយចិត្ត។

    កីឡាករ​ឆ្នើម​ជាង​គេ​ប្រចាំ​ Saudi Pro League រដូវកាល​ 2022-2023

    Ronaldo ប្រាកដជា​នឹង​ស្ដារ​សមិទ្ធផល​របស់ខ្លួន​នៅ​រដូវ​កាល​ក្រោយ និង​អាចជួយ​ឱ្យ Al-Nassr លើក​ពាន​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​នៅ​ឆ្នាំ 2023-2024។ ក៏ប៉ុន្តែ ពួកគេ​នឹងត្រូវ​ប៉ះ​ជើង​ខ្លាំង​របស់ Al-Ittihad ជាថ្មី ដោយនៅ​ទីនោះ​នឹងមាន​វត្តមាន​របស់ Karim Benzema និង Kante ផងដែរ៕

  • នាវា​អគ្គិសនី​បំពាក់​ក្ដោង​សូ​ឡា​ខ្នាត​ធំ អាច​ដឹក​អ្នកដំណើរ​បាន 500 នាក់

    នាវា​អគ្គិសនី​បំពាក់​ក្ដោង​សូ​ឡា​ខ្នាត​ធំ អាច​ដឹក​អ្នកដំណើរ​បាន 500 នាក់

    (ន័​រ​វែ​ស) – ក្រុមហ៊ុន Hurtigruten បង្ហាញ​នាវា​អគ្គិសនី​ដឹក​អ្នកដំណើរ​មាន​ក្ដោង​សូ​ឡា​ដែល​អាច​បង្រួម​បាន និង​គ្រោង​ដាក់​ដំណើរការ​នៅ​ឆ្នាំ 2030។

    ក្រុមហ៊ុន​ខាងលើ បច្ចុប្បន្ន​មាន​ក្រុម​នាវា​ចំនួន 8 គ្រឿង ក្នុងនោះ មួយគ្រឿងៗអាច​ដឹក​អ្នកដំណើរ​បាន 500 នាក់ ដែល​ផ្លាស់​ទី​តាម​បណ្ដោយ​ឆ្នេរសមុទ្រ​ន័​រ​វែ​ស ចាប់ពី Oslo ដល់​តំបន់​ប៉ូល​ខាងជើង។

    គម្រោង​មាន​ឈ្មោះថា «Sea Zero» ដែល​ត្រូវ​បានប្រកាស​លើកដំបូង​កាលពី​ឆ្នាំ 2022 ត្រូវបាន​រំពឹងថា អាចរួមចំណែក​ក្នុងការ​បំផុសគំនិត និង​ជំរុញឱ្យមាន​យានយន្ត​មិន​បំ​ភាយ​ឧស្ម័ន​នៅក្នុង​វិស័យ​ដឹកជញ្ជូន​ផ្លូវទឹក​ទាំងមូល។

    នាវា​ដឹក​អ្នកដំណើរ​របស់ Hurtigruten នឹង​ដំណើរការ​ដោយ​ថ្ម 60 មេ​ហ្គា​វ៉ា​ត់ អាច​បញ្ចូល​ថាមពល​ស្អាត​នៅឯ​កំពង់ផែ ដោយសារ​ថាមពល​មិន​បំ​ភាយ​ឧស្ម័ន​នេះ​កំពុង​គ្របដណ្ដប់ 98% នៅក្នុង​បណ្ដាញ​អគ្គិសនី​របស់​ប្រទេស​ន័​រ​វែ​ស។

    ក្រុមហ៊ុន​ខាងលើ​ឱ្យដឹងថា ថ្ម​ផ្ទុក​អគ្គិសនី​របស់​នាវា​នេះ​អាចឱ្យ​ធ្វើដំណើរ​បាន​ពី 555 ដល់ 648 គីឡូម៉ែត្រ គ្រា​ដែល​ក្ដោង​របស់​វា​បំពាក់​ផ្ទាំង​សូ​ឡា​សរុប 1,500 ម៉ែត្រក្រឡា ក៏​អាចជួយ​បន្ថែម​អគ្គិសនី​បាន​ច្រើន​ដល់​នាវា។

    យោងតាម CNN នាវា​ដែល​នឹងមាន​កាប៊ីន​ចំនួន 270 អាចដាក់​អ្នកដំណើរ​បាន 500 នាក់ និង​ក្រុម​នាវិក 99 នាក់​មួយ​នេះ នឹងត្រូវ​បានចាប់ផ្ដើម​ការផលិត​នៅ​ឆ្នាំ 2027 ហើយ​គ្រោង​នឹងដាក់​ឱ្យ​ដំណើរការ​ពាណិជ្ជកម្ម​ចាប់ពី​ឆ្នាំ 2030៕