Tag: covid-19

  • ជិត​160,000​នាក់​ស្លាប់​ដោយ​សារ​COVID-19 នៅ​ទូទាំង​ពិភពលោក

    ជិត​160,000​នាក់​ស្លាប់​ដោយ​សារ​COVID-19 នៅ​ទូទាំង​ពិភពលោក

    នៅ​ក្នុង​ពិភពលោក​ទាំង​មូល​ ​អ្នក​ស្លាប់​ដោយ​សារ​ឆ្លង​វីរុស​COVID-19 បាន​កើន​ឡើង​ជិត​ដល់​160,000​នាក់​ ក្នុង​ចំណោម​អ្នក​ជំងឺជាង​2.3​លាន​នាក់​ ដែល​ភាគ​ច្រើនគឺ​​នៅ​សហរដ្ឋ​អាមេរិក​ និង​បណ្ដា​ប្រទេស​នៅ​ទ្វីប​អឺរ៉ុប​។

    ស្ថិតិ​ពី​សាកលវិទ្យា​ល័យ​ Johns Hopkins បាន​ឱ្យ​ដឹង​ថា ពិភពលោក​បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​COVID-19 ចំនួន​2,317,759​នាក់​ នៅ​ក្នុង​ប្រទេស​និង​ដែក​ដី​ចំនួន​210 ក្នុង​នោះ​មាន​​159,691​នាក់​បាន​បាត់បង់​ជីវិត​ និង​592,319​នាក់​បាន​ជា​សះស្បើយ​។

    សហរដ្ឋ​អាមេរិក​នៅ​តែជា​សម្បុក​មេរោគ​ធំជាង​​បង្អស់​ក្នុង​ពិភពលោក​ ដោយ​មាន​អ្នក​ជំងឺ​732,197​នាក់​​ និង​អ្នក​ស្លាប់​38,721​នាក់​ ខណៈ​64,697​នាក់​បាន​ជា​សះស្បើយ​។

    រដ្ឋ​ New York ដែល​ជា​ស្នូល​នៃ​រោគ​រាត​ត្បាត​COVID-19 នៅ​សហរដ្ឋ​អាមេរិក​ មាន​អ្នក​ជំងឺ​ដល់​ទៅ​222,284​នាក់ ក្នុង​នោះ​មាន​14,636​នាក់​បាន​បាត់បង់​ជីវិត​។ រដ្ឋ​នេះ​នៅ​តែ​បន្ត​ពន្យារ​សុពល​ភាព​នៃ​បម្រាម​គោចរ​រហូត​ដល់​ថ្ងៃទី​15​ឧសភា​។

    សម្បុក​មេរោគ​ធំជាង​គេ​លំដាប់​ទី​2​ក្នុង​ពិភពលោក​គឺ​ប្រទេស​អេស្ប៉ាញ បាន​ឱ្យ​ដឹង​ថា បាន​រកឃើញ​អ្នកជំងឺ​ថ្មី​887​នាក់ និង​អ្នកស្លាប់​ថ្មី​637​នាក់ ធ្វើ​ឱ្យ​អ្នក​ជំងឺ​សរុប​កើន​ដល់​191,726​នាក់ និង​អ្នក​ស្លាប់​សរុប​20,639​នាក់​។ តួលេខ​នៃ​ករណី​ឆ្លង​មេរោគ និង​ស្លាប់​ កំពុង​ថយ​ចុះ​ ខណៈ​ដែល​អ្នក​ជំងឺ​បាន​ជាសះ​ស្បើយ​ ​កើន​ឡើង​ជិត​ដល់​75,000​នាក់​។

    ក៏ប៉ុន្តែ នាយក​រដ្ឋ​មន្ត្រី​ Pedro Sanchez កាល​ពី​ម្សិល​មិញ​បាន​សម្រេច​អូស​បន្លាយ​បម្រាម​គោចរ​ទូទាំង​ប្រទេស​ រហូត​ដល់​ថ្ងៃទី​9​ឧសភា​។

    អ៊ីតាលី​៖ អ្នកជំងឺ​ថ្មី​3,491​នាក់ អ្នក​ជំងឺ​សរុប​175,925​នាក់ និង​អ្នក​ស្លាប់​ថ្មី​482​នាក់ អ្នក​ស្លាប់​សរុប​23,227​នាក់​។ ​ប្រទេស​នេះ​ក៏បន្ត​សុពលភាព​នៃ​បម្រាម​គោចរ​រហូត​ដល់​ថ្ងៃទី​3​ឧសភា​ ប៉ុន្តែ បាន​អនុញ្ញាត​ឱ្យ​រោង​ចក្រ និង​ហាង​​មួយ​ចំនួន​ដំណើរ​ការ​ឡើង​វិញ​​ចាប់​ពី​ថ្ងៃទី​14​មេសា​។

    បារាំង​រក​ឃើញ​អ្នក​ជំងឺ​ថ្មី​3,824​នាក់ អ្នក​​ស្លាប់​ថ្មី642​នាក់​ និង​អ្នកជំងឺ​សរុប​151,793​នាក់​ អ្នក​ស្លាប់​សរុប​19,323​នាក់​។ ប្រទេស​នេះ​បាន​ចាប់​ផ្ដើម​ដាក់​បម្រាម​គោចរ​ពី​ថ្ងៃទី​17​មីនា​ ប៉ុន្តែ​ប្រធានាធិប​តី​បារាំង​ លោក Macron បាន​ប្រកាស​​ក្នុង​សប្ដាហ៍​នេះ​ថា បម្រាម​គោចរ​នេះ​អាច​នឹង​ត្រូវ​បន្ធូរ​បន្ថយ​​ចាប់​ពី​ថ្ងៃទី​11​ឧសភា​។

    អាល្លឺម៉ង​​៖ អ្នកជំងឺ​ថ្មី​1,945​នាក់ អ្នក​ស្លាប់​ថ្មី​107​នាក់ និង​អ្នក​ជំងឺ​សរុប​143,342​នាក់ អ្នក​ស្លាប់​សរុប​ឡើង​ដល់​4,459​នាក់​។ រដ្ឋ​មន្ត្រី​សុខាភិបាល​ Jens Spahn ថ្លែង​ថា តួលេខ​នៃ​ករណី​ឆ្លង​វីរុស​ថ្មី​នៅ​អាល្លឺម៉ង់​ “បាន​ថយ​ចុះ​ច្រើន​” ហើយ​សម្បុក​មេរោគ​កំពុង​ “ត្រូវ​បាន​គ្រប់​គ្រង”។

    អង់គ្លេស​៖ អ្នក​ជំងឺ​ថ្មី​5,525​នាក់ អ្នក​ស្លាប់​ថ្មី​888​នាក់ ធ្វើ​ឱ្យ​អ្នក​ជំងឺ​សរុប​កើន​ដល់​114,217​នាក់ អ្នក​ស្លាប់​សរុប​15,464​នាក់​។ សាស្ត្រាចារ្យ​ Anthony Costello មក​ពី​វិទ្យាស្ថាន​សុខាភិបាល​សកល​ UCL នៅ​ទីក្រុង​ឡុងដ៍​បាន​ព្រមាន​ថា អ្នក​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា​អាច​កើន​ដល់​ជាង​40,000​នាក់ ព្រោះ​តែ​រាជ​រដ្ឋាភិបាល​​មាន​ការ​យឺត​យ៉ាវ​ក្នុង​ការ​ចាត់​វិធាន​ការ​ទប់​ស្កាត់​។

    ប្រទេស​ចិន៖ តួលេខ​ចុង​ក្រោយ​បង្ហាញ​ថា មាន​អ្នកជំងឺ​សរុប​8,719​នាក់ និង​អ្នក​ស្លាប់​សរុប​​4,632​នាក់​។

    អ៊ីរ៉ង់​បន្ត​ជា​សម្បុក​មេរោគ​ធំជាង​គេ​លំដាប់​ទី​2នៅ​អាស៊ី ដោយ​មាន​អ្នក​ជំងឺ​សរុប​80,568​នាក់ និង​អ្នក​ស្លាប់​សរុប​5,031​នាក់​។ ប្រទេស​នេះទើប​តែ​បាន​រកឃើញ​អ្នក​ជំងឺ​ថ្មី​1,374​នាក់​ និង​អ្នក​ស្លាប់​ថ្មី​73​នាក់​បន្ថែម​ទៀត​។ នេះ​ជា​ថ្ងៃទី​5​ហើយ​ដែល​ប្រទេស​នេះ​មាន​អ្នក​ស្លាប់​ក្រោម​100​នាក់​ក្នុង​មួយ​ថ្ងៃ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • “ទ្រឹស្ដី​ឃុបឃិត” សង្ស័យ​ថា Bill Gates ជា​អ្នក​បង្កើត​វីរុស​COVID-19(មាន​វីដេអូ)

    “ទ្រឹស្ដី​ឃុបឃិត” សង្ស័យ​ថា Bill Gates ជា​អ្នក​បង្កើត​វីរុស​COVID-19(មាន​វីដេអូ)

    ​ការ​វាយ​ប្រហារ​ទៅ​លើ​មហា​សេដ្ឋី​លំដាប់​លេខ​2​ក្នុង​ពិភពលោក កំពុង​តែ​កើត​ឡើង​នៅ​ពាស​ពេញ​បណ្ដាញសង្គម​ Facebook Twitter និង Youtube ដោយ​ចោទ​ប្រកាន់​ ឬ​សង្ស័យ​ថា លោក​​ជា​​អ្នក​បង្កើត​វីរុស​កូរ៉ូណា​ ដើម្បី​បាន​ចំណេញ។

    កាល​ពី​ឆ្នាំ​2015 នៅក្នុង​កម្មវិធី​ TED Talks លោក​ Bill Gates បាន​ព្រមាន​ថា បញ្ហា​ប្រឈម​ធំបំផុត​របស់​មនុស្ស​លោក​ មិន​មែន​ជា​សង្គ្រាម​នុយក្លេអែរនោះ​ទេ ប៉ុន្តែ​វា​គឺជា​វីរុស​ឆ្លង​មួយ​ប្រភេទ​ ដែល​នឹង​គំរាម​កំហែង​ដល់​ជីវិត​មនុស្ស​រាប់​លាន​នាក់​។

    ការ​ព្យាករ​របស់​លោក​ Bill Gates ​បាន​ក្លាយ​ជា​ការ​​​ពិត​ នៅ​ពេល​COVID-19 បាន​កើត​ឡើង​។ ប្រសាសន៍​កាល​ពី​5ឆ្នាំ​មុន​របស់​សហ​ស្ថាបនិក​ Microsoft បាន​ក្លាយ​ជា​ប្រធាន​បទ​មួយ​ដែល​ត្រូវ​បាន​អ្នក​លេង​អ៊ីនធើណិត​ចាប់​អារម្មណ៍​ ដោយ​មាន​អ្នក​ចូល​មើល​ជាង​25​លាន​លើក​នៅ​លើ​ Youtube។ ក៏ប៉ុន្តែ ក្រុម​អ្នក​ប្រឆាំង​វ៉ាក់​សាំង និង​ក្រុម​អ្នក​ប្រាជ្ញ​ឆ្វេង​​​និយម បាន​យក​វីដេអូ​ខាងលើ​នេះ ទុក​ដូច​ជា​ភ័ស្ដុតាង​ដើម្បី​ចោទ​លោក​ Bill Gates ថា បាន​រៀប​ចំគម្រោង​​​ប្រើ​ប្រាស់​វីរុស​នេះ​​ដើម្បី​គ្រប់​គ្រង​ប្រព័ន្ធ​សុខាភិបាល​ទូទាំង​ពិភពលោក។

    យោង​តាម​ក្រុម​ហ៊ុន​វិភាគ​ទូរគមនាគមន៍​ Zignal Labs ទ្រឹស្ដី​ឃុបឃិត​ទាក់​ទិន​នឹង​លោក Bill Gates គឺជា​ព័ត៌មាន​ដែល​ត្រូវ​បាន​គេ​យក​ចិត្ត​ទុក​ដាក់​បំផុត​ក្នុង​ចំណោម​ដំណឹង​ចចាម​អារ៉ាម​ស្ដី​អំពី​វីរុស​កូរ៉ូណា​។ ចាប់​ពី​ខែ​កុម្ភៈ​ ដល់​ខែ​មេសា​នេះ មាន​ការ​និយាយ​ដល់​បញ្ហា​នេះ​ដល់​ទៅ​1.2​លាន​លើក​ នៅ​លើ​បណ្ដាញ​សង្គម និង​ទូរទស្សន៍​ ពោល​គឺច្រើន​ជាង​33% បើ​ធៀប​នឹង​ទ្រឹស្ដី​ឃុបឃិត​ទាក់​ទិន​នឹង​5G។

    ស្ថិតិ​របស់​សារ​ព័ត៌មាន​ New York Times បាន​បង្ហាញ​ថា មាន​អត្ថបទ​ជាង​16​,000​​ត្រូវ​បាន​បង្ហោះ​នៅ​លើ​ Facebook ជាមួយ​នឹង​ការ​បញ្ចេញ​មតិ​ជិត​900​,000​លើក​ទាក់​ទិន​នឹង​ការ​ចោទ​ប្រកាន់​ខាង​លើ​នេះ​។ នៅ​លើ​ Youtube គេ​ឃើញ​មាន​វីដេអូ​ចំនួន​10 ដែល​បាន​ចោទ​លោក​ Bill Gates ដែល​វា​ស្ថិត​ក្នុងចំណោម​​វីដេអូកំពូល​ៗ​ត្រូវ​បាន​បង្ហោះនៅ​ក្នុង​ខែ​មីនា​ និង​ខែ​មេសា​ ដោយ​មាន​អ្នក​ចូល​មើល​ជិត​5លាន​លើក​។

    រលក​នៃ​ការ​សង្ស័យ​ទៅ​លើ​លោក​ Bill Gates កាន់​តែ​ធំឡើង​ៗនៅ​ពេល​លោក​បាន​ស្នើ​ឱ្យ​បិទ​សាលា​រៀន​ទូទាំង​សហរដ្ឋ​អាមេរិក និង​​រិះ​គន់​ទៅ​លើ​ការ​ផ្អាក​ជំនួយ​ដល់​អង្គការ​សុខភាព​ពិភព​លោក​​​ពី​សំណាក់​​ប្រធានាធិបតី​ Donald Trump។ Claire Wardle នាយក​ប្រតិបត្តិ​របស់​ First Draft ដែលជា​អង្គ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការខ្វែង​គំនិតគ្នា​​លើ​អ៊ីនធឺណិតបាន​ថ្លែង​ថា “បណ្ដា​ទ្រឹស្ដី​ឃុប​ឃិត​ស្ដី​អំពី​លោក​ Bill Gates អាច​ធ្វើ​ឱ្យ​ខូច​ខាត​ដល់​ការ​ខិត​ខំ​ប្រឹង​ប្រែង​ស្រាវ​ជ្រាវ​វ៉ាក់​សាំង​ប្រឆាំង​វីរុស​កូរ៉ូណា​។ ព័ត៌មាន​ក្លែង​ក្លាយ​នេះ​ អាច​បង្កជា​ការ​ផ្ដួច​ផ្ដើម​សម្រាប់​យុទ្ធ​នាការ​អំពាវ​នាវឱ្យ​អ្នក​រាល់​គ្នា​បដិសេធ​ការ​ចាក់​វ៉ាក់​សាំង​ប្រឆាំង​វីរុស​”។

    មក​ដល់​បច្ចុប្បន្ន មហាសេដ្ឋី​ Bill Gates មិន​ទាន់​​មាន​ប្រតិ​កម្ម​ណា​មួយ​ទៅ​នឹង​ព័ត៌មាន​ក្លែង​ក្លាយ​ខាង​លើ​នៅ​ឡើយ​។ កាល​ពី​ថ្ងៃទី​15​មេសា​ មហា​សេដ្ឋី​រូប​នេះ​បាន​ផ្ញើ​​ការថ្លែង​អំណរ​អរគុណ​​ទៅ​ដល់​បុគ្គលិក​សុខាភិបាល​។ សារ​​របស់​លោក​ ទទួល​បាន​មតិ​ឆ្លើយ​តប​ជាង​14,000​លើក​ ក្នុង​នោះ​គេ​ឃើញ​មាន​មតិ​ជ្រុល​និយម​មិន​តិច​នោះ​ទេ​។ ទន្ទឹម​នឹង​នេះ​​ រូប​ភាព​ poster មួយ​នៃ​ខ្សែ​ភាព​យន្ត​ Kill Bill ត្រូវ​បាន​កាត់​ត​ទៅ​ជា​ “Kill Bill Gates” ក៏​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ថ្ងៃ​ជា​មួយ​គ្នា​នោះ​ដែរ​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • ជាង​153,000​នាក់​ស្លាប់​ដោយ​សារ​COVID-19 នៅ​ទូទាំង​ពិភពលោក​! ឥណ្ឌូនេស៊ី “លេច​ធ្លោ” ជាង​គេ​នៅ​អាស៊ី​អាគ្នេយ៍

    ជាង​153,000​នាក់​ស្លាប់​ដោយ​សារ​COVID-19 នៅ​ទូទាំង​ពិភពលោក​! ឥណ្ឌូនេស៊ី “លេច​ធ្លោ” ជាង​គេ​នៅ​អាស៊ី​អាគ្នេយ៍

    ពិភពលោក​មាន​អ្នកស្លាប់​ដោយ​សារ​COVID-19 សរុប​ជាង​153,000​នាក់ ក្នុង​ចំណោម​អ្នកជំងឺសរុប​ ​ជាង​2.2​លាន​នាក់​។

    សាកលវិទ្យា​ល័យ Johns Hopkins ប្រកាស​ថា មាន​អ្នក​ជំងឺ​កូរ៉ូណា​សរុប​2,234,109​នាក់ និង​ស្លាប់​153,379​នាក់​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​210​ នៅ​ក្នុង​ពិភពលោកទាំង​មូល​ ក្នុង​នោះ​មាន​អ្នកជំងឺ​បាន​ជា​សះស្បើយ​ ​569,953​នាក់​ផងដែរ​។

    សហរដ្ឋ​អាមេរិក​នៅ​តែ​ជា​សម្បុក​មេរោគ​COVID-19 ធំជាង​គេ​បង្អស់​ក្នុង​ពិភពលោក ដោយ​មាន​អ្នកជំងឺ​សរុប​699,706​នាក់ និងអ្នក​​ស្លាប់សរុប​36,727​នាក់​ ក្នុង​នោះ​មាន​អ្នក​ជំងឺ​ថ្មី​32,481​នាក់ និង​អ្នក​ស្លាប់​ថ្មី​4,041​នាក់​។

    អេស្ប៉ាញ​៖ អ្នក​ជំងឺ​ថ្មី​3,291​នាក់ អ្នក​ស្លាប់ថ្មី​316​នាក់ និង​អ្នក​ជំងឺ​សរុប​188,167​នាក់ អ្នក​ស្លាប់សរុប​19,631​នាក់​។ ប្រទេស​នេះ​ជា​សម្បុក​មេរោគ​COVID-19 ធំជាង​គេ​បង្អស់​នៅ​ទ្វីប​អឺរ៉ុប និង​លំដាប់​ទី​2​នៅ​ក្នុងពិភពលោក​។

    អ៊ីតាលី​៖ អ្នកជំងឺ​ថ្មី​3,493​នាក់ អ្នក​ស្លាប់​ថ្មី​575​នាក់ និង​អ្នក​ជំងឺ​សរុប​172,434​នាក់ អ្នក​ស្លាប់​សរុប​22,745​នាក់​។

    បារាំង​៖ អ្នក​ជំងឺ​ថ្មី​1,909​នាក់ អ្នក​ស្លាប់​ថ្មី​761​នាក់ និង​អ្នក​ជំងឺ​សរុប​147,969​នាក់ អ្នក​ស្លាប់​សរុប​ឡើង​ដល់​18,681​នាក់​។

    ចំនួន​អ្នក​ផ្ទុក​មេរោគសរុប​​ និង​ស្លាប់​សរុប​នៅ​ប្រទេស​អាល្លឺម៉ង់គឺ​​ 140,886​នាក់ និង​4,326​នាក់​ បន្ទាប់​ពី​បាន​រក​ឃើញ​​ករណី​ឆ្លងមេរោគ​​ថ្មី​3,188​នាក់ និង​ស្លាប់​ថ្មី​274​នាក់​។

    អង់គ្លេស​គឺជា​សម្បុក​មេរោគ​ធំ​ជាង​គេ​លំដាប់​ទី​5​នៅ​អឺរ៉ុប​ ដោយ​មាន​អ្នកជំងឺ​សរុប​108,692​នាក់ និង​ស្លាប់​សរុប​ឡើង​ដល់​14,576​នាក់​ ក្នុង​នោះ​មាន​អ្នក​ជំងឺ​ថ្មី​5,599​នាក់ និង​អ្នក​ស្លាប់​ថ្មី​847​នាក់​។

    ប្រទេស​ចិន បាន​រកឃើញ​អ្នក​ជំងឺ​ថ្មី​27​នាក់ ក្នុង​នោះ​​មាន​17​នាក់ជា​ករណី​នាំ​ចូល​។ ប្រទេស​នេះ​ក៏បាន​រាយ​ការណ៍​ថា​បាន​រកឃើញ​អ្នកជំងឺ​ថ្មី​ដែល​មិន​មាន​រោគ​សញ្ញា​ចំនួន​54​ករណី​ផងដែរ​។ ចំនួន​សរុប​នៃ​ករណី​ឆ្លង​វីរុស​នៅ​ប្រទេស​ចិន​ គិត​មក​ដល់​ថ្ងៃ​នេះ បាន​កើន​ដល់​82,719​នាក់ ក្នុង​នោះ​មាន​4,512​នាក់​បាន​បាត់​បង់​ជីវិត​។

    អ៊ីរ៉ង់​បន្ត​ជា​សម្បុក​មេរោគ​ធំជាង​គេ​ទី​2នៅ​អាស៊ី ដោយ​មាន​អ្នក​ជំងឺ​សរុប​79,494​នាក់ និង​អ្នក​ស្លាប់​សរុប​4,958​នាក់​។ ប្រទេស​នេះទើប​តែ​បាន​រកឃើញ​​អ្នកជំងឺ​ថ្មី​1,499​នាក់ និង​ស្លាប់​ថ្មី​89​នាក់​​បន្ថែម​ទៀត​។

    ចំណែក​អាស៊ីអាគ្នេយ៍​វិញ ប្រទេស​ឥណ្ឌូនេស៊ី​ក្លាយ​ជា​សម្បុក​មេរោគ​ធំជាង​គេ​ដោយ​មាន​អ្នកជំងឺ​សរុប​5,923​នាក់ និង​ស្លាប់សរុប​​520​នាក់​ ក្នុង​នោះ​មានអ្នកជំងឺ​ថ្មី​មាន​ចំនួន​407​នាក់ និង​អ្នក​ស្លាប់​ថ្មី​24​នាក់​។ ហ្វីលីពីន​ឈរ​លំដាប់​ទី​2 ដោយ​មាន​អ្នកជំងឺ​សរុប​5,878​នាក់ និង​ស្លាប់​សរុប​387នាក់​ ខណៈ​ម៉ាឡេស៊ី​ទើប​រក​ឃើញ​អ្នកជំងឺ​ថ្មី​69​នាក់ និង​អ្នក​ស្លាប់​ថ្មី​2នាក់ ដែល​ធ្វើ​ឱ្យ​តួលខ​នៃ​អ្នក​ជំងឺ​សរុប​នៅ​ប្រទេស​នេះ​កើន​ដល់​5,251​នាក់ និង​ស្លាប់​សរុបកើន​ដល់​​86​នាក់​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • ក្រសួង​សុខាភិបាល​៖ អ្នក​ជំងឺ​COVID-19 ជាសះស្បើយ​5នាក់​បន្ថែម​ទៀត​

    ក្រសួង​សុខាភិបាល​៖ អ្នក​ជំងឺ​COVID-19 ជាសះស្បើយ​5នាក់​បន្ថែម​ទៀត​

    ក្រសួង​សុខាភិបាល​បាន​ប្រកាស​ឱ្យ​ដឹង​ថា កម្ពុជា​មាន​អ្នក​ជំងឺ​COVID-19 ជា​សះស្បើយ​សរុប​103 ក្នុង​នោះ​មាន​ករណី​​ជា​សះ​ស្បើយ​ថ្មី​ចំនួន​5នាក់​បន្ថែម​ទៀត​។

    នា​ព្រឹក​នេះ កម្ពុជា​បាន​ប្រកាស​ថា អ្នក​ជំងឺកូរ៉ូណា​ចំនួន​5នាក់​ទៀត​ហើយ​ដែល​បា​ន​ជា​សះស្បើយ​ពី​ជំងឺ​ ដូច្នេះ​ អ្នក​​ជំងឺដែល​បាន​ជា​សះ​ស្បើយ​សរុប​នៅ​កម្ពុជា​ បាន​កើន​ឡើង​ដល់​103​នាក់។ កម្ពុជា​បច្ចុប្បន្ន មានអ្នកជំងឺ​COVID-19 ចំនួន​​តែ​19​នាក់​ប៉ុណ្ណោះ​ដែល​កំពុង​ទទួល​ការ​ព្យាបាល​​។

    គិត​មក​ដល់ព្រឹក​ថ្ងៃទី​18មេសានេះ កម្ពុជា​បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​COVID-19 សរុប​122​នាក់​ ដែល​តួលេខ​នេះ ទាប​ជាង​ប្រទេស​ភាគ​ច្រើន​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ តំបន់​ដែល​បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ច្រើន​ជាង​គេ​ នៅ​កម្ពុជា​ គឺ​ខេត្ត​ព្រះសីហនុ ដោយ​បាន​រកឃើញ​40ករណី ខណៈ​រាជធានី​ភ្នំ​ពេញបាន​រក​ឃើញ​28ករណី កំពង់ចាម​16ករណី បាត់ដំបង​8ករណី និង​សៀម​រាប​រក​ឃើញ​7ករណី​។ ក្រៅ​ពី​នេះ​ នៅ​មាន​8​ខេត្ត​ផ្សេង​ទៀត​ក៏បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​នេះ​ រួម​មាន​ខេត្តកែប ត្បូង​ឃ្មុំ បន្ទាយ​មាន​ជ័យ​ កំពង់ឆ្នាំង កណ្ដាល កោះកុង កំពត និង​ព្រះវិហារ​៕

  • COVID-19! អ្នកជំងឺ​នៅ​​អេស្ប៉ាញ​កើន​លើស​​188,000​នាក់​៖ ប្រទេស​នេះ​ប្ដូរ​វិធី​គណនា​អ្នក​ស្លាប់​បែប​ថ្មី

    COVID-19! អ្នកជំងឺ​នៅ​​អេស្ប៉ាញ​កើន​លើស​​188,000​នាក់​៖ ប្រទេស​នេះ​ប្ដូរ​វិធី​គណនា​អ្នក​ស្លាប់​បែប​ថ្មី

    អេស្ប៉ាញ បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​COVID-19ថ្មី​ចំនួន​5,252​នាក់​បន្ថេម​ទៀតនៅ​ក្នុង​ថ្ងៃ​នេះ​ ធ្វើ​ឱ្យ​តួលេខ​នៃ​អ្នក​ជំងឺ​សរុប​កើន​ដល់​ជាង​188,000​នាក់​ ក្នុង​នោះ​មាន​អ្នកជំងឺ​ជិត​19,500​នាក់​បាន​បាត់បង់ជីវិត​។

    តួលេខ​នៃ​អ្នក​ជំងឺ​ថ្មី​ កើន​ឡើង​ច្រើនជាង​ម្សិល​មិញ​បន្តិច​។ អ្នក​ស្លាប់​ថ្មី​នៅ​ប្រទេស​នេះ​មាន​ចំនួន​585​នាក់ ខ្ពស់​ជាង​បន្តិច​បើធៀប​នឹង​ចំនួន​551​នាក់​កាល​ពី​ម្សិល​មិញ​។ អ្នក​ស្លាប់​សរុប​បាន​កើន​ដល់​19,478​នាក់​។ នេះ​បើ​តាម​ក្រសួង​សុខាភិបាល​អេស្ប៉ាញ។

    ជាមួយ​នឹង​អ្នក​ជំងឺ​188,068​នាក់​ ប្រទេស​អេស្ប៉ាញ​គឺ​ជា​សម្បុក​មេរោគ​COVID-19 ធំជាង​គេ​បង្អស់​នៅ​អឺរ៉ុប​ និង​លំដាប់​ទី​2​នៅ​លើ​ពិភពលោក បន្ទាប់​ពី​​សហរដ្ឋ​អាមេរិក។ អេស្ប៉ាញ​ក៏ជា​ “វាល​ពិឃាត” របស់​COVID-19 ធំជាង​គេ​លំដាប់​ទី​3​នៅ​ទូទាំង​ពិភពលោក ដោយ​នៅ​ពីក្រោយ​​សហរដ្ឋ​អាមេរិក និង​អ៊ីតាលី។

    ក្រុម​មន្ត្រី​សុខាភិបាល​អេស្ប៉ាញ ប្រកាស​ថា បាន​ប្ដូរ​វិធី​គណនា​តួលេខ​នៃករី​ស្លាប់​ បន្ទាប់​ពី​មានការ​ព្រួយ​បារម្ភ​ថា ចំនួន​អ្នក​ស្លាប់​អាច​ខ្ពស់​ជាង​តួលេខ​ដែល​បាន​ប្រកាស​។ តំបន់​ស្វយ័ត Catalonia បាន​ប្រកាស​ថា នឹង​គណនា​ចំនួន​អ្នក​ស្លាប់​សរុប​បែប​ថ្មី ដោយ​គិត​រួម​ទាំង​អ្នក​ស្លាប់​នៅ​ឯផ្ទះ​ អ្នក​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ ក្នុង​នោះ​រួម​មាន​ទាំង​​ករណី​បាន​បញ្ជាក់​ថា​មាន​ផ្ទុក​វីរុស​COVID-19 និង​ករណី​មាន​រោគ​សញ្ញា​តែ​មិន​ទាន់​បាន​បញ្ជាក់​៕

    ប្រភព៖​ សារ​ព័ត៌មាន​បរទេស

  • COVID-19! នាយក​រដ្ឋ​មន្ត្រី​​ប្រទេស​នូវែលហ្សេឡង់ត្រូវ​​គេ​ប្ដឹង​ ដោយ​សារ​ចេញ​បម្រាម​គោចរ​

    COVID-19! នាយក​រដ្ឋ​មន្ត្រី​​ប្រទេស​នូវែលហ្សេឡង់ត្រូវ​​គេ​ប្ដឹង​ ដោយ​សារ​ចេញ​បម្រាម​គោចរ​

    បុរស​2នាក់​បាន​ដាក់​ពាក្យ​ប្ដឹង​នាយក​រដ្ឋមន្ត្រី​ Jacinda Ardern ដោយ​សារ​តែ​ពួកគេ​យល់​ថា លោក​ស្រី​ដាក់​បម្រាម​គោចរ​ទូទាំង​ប្រទេស​នូវែលហ្សេ​ឡង់​ដើម្បី​ទប់​ស្កាត់​​COVID-19 គឺដើម្បី​ “ផល​ប្រយោជន៍​នយោបាយ​”។

    ដើម​បណ្ដឹង​ដែល​មិន​ត្រូវ​បាន​បញ្ចេញ​ឈ្មោះ ថ្ងៃនេះ​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ជាន់​ខ្ពស់​នៃ​ទីក្រុង​​ Auckland ប្រទេស​នូវែលហ្សេឡង់​ ដោយ​ចោទ​ប្រកាន់​នាយក​រដ្ឋមន្ត្រី​ Ardern ថា បាន​ប្រកាស​អាសន្ន​កម្រិត​4 នៅ​ទូទាំង​ប្រទេស​ ធ្វើ​ឱ្យ​ពួកគេ​ “ត្រូវ​បង្ខាំង​ខ្លួន​ក្នុង​ផ្ទះ​ដោយ​ខុស​ច្បាប់​ និង​មិន​គួរ​ប្ដូរ​ជា​មួយ​នឹង​ការ​ខាត​បង់​សេដ្ឋី​ ព្រោះ​តែ​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​COVID-19 មាន​កម្រិត​ទាប​”។ ពួកគេ​យល់​ថា បទ​បញ្ជា​ដាក់​បម្រាម​គោចរ​របស់​លោក​ស្រី Ardern “ទាំង​អស់​សុទ្ធ​តែ​ដោយ​សារ​ផល​ប្រយោជន៍​នយោបាយ”។

    ដើម​បណ្ដឹង​ទី​1​ បាន​និយាយ​ជា​មួយ​ Mary Peters ដែល​ជា​​តំណាង​តុលាការ​​ថា ការ​ដាក់​បម្រាម​គោចរ​ទូទាំង​ប្រទេស​ “គឺជា​ការ​លេង​សើច” ហើយ​ COVID-19 គ្រាន់​តែ​ជា​ “ការ​ភ័យ​ស្លន់​ស្លោ​ប៉ុណ្ណោះ គឺ​វា​មិន​មែនជា​រោគ​រាត​ត្បាត​អ្វី​នោះ​ទេ​” បើទោះ​ជា​គាត់​ទទួល​បាន​សិទ្ធិ​ចេញពី​ផ្ទះ​ចាប់​ពី​ម៉ោង​​8ដល់​ម៉ោង​17​ ក៏ដោយ។

    ដើម​បណ្ដឹង​រូប​នេះ​យល់​ថា នាយក​រដ្ឋ​មន្ត្រី​ Ardern មិន​មាន​មូល​ដ្ឋាន​ដើម្បី​ដាក់​បម្រាម​គោចរ​នោះ​ទេ។​ ទន្ទឹម​នឹង​នេះ បុរស​នេះ​ក៏បាន​ចោទ​លោក​ស្រី​ថា បាន​ឃុបឃិត​ជា​មួយ Stephen Tindall ដែល​ជា​ស្ថាបនិក​ក្រុម​ហ៊ុន​លក់​រាយ​ធំបំផុត​នៅ​ប្រទេស​នូវែល​ហ្សេឡង់ ដើម្បី​បំផ្លាញ​សេដ្ឋ​កិច្ច​ ហើយ​ការ​ដាក់​បម្រាម​គោចរ​ទូទាំង​ប្រទេស​នេះ គួរ​តែ​ត្រូវ​បាន​ពិគ្រោះ​​យោបល់​ជា​មួយ​អគ្គលេខា​ធិការ​នៃ​អង្គ​ការ​សហ​ប្រជា​ជាតិ​។

    ដើមបណ្ដឹង​ថែមទាំង​បាន​ប្រៀប​ធៀប​លោក​ស្រី Ardern ទៅ​នឹង​ Adolf Hitler ផងដែរ​ ហើយ​ប្រៀប​ធៀប​ការ​ដាក់​បម្រាម​គោចរ​ដូច​ទៅ​នឹង​ “ការ​សម្លាប់​រង្គាល”។ បុរស​នេះ​និយាយ​ថា ការស្លាប់​ចំនួន​9ករណី​ដោយ​សារ​វីរុស​COVID-19 នៅ​នូវែលហ្សេឡង់​បាន​កើត​ឡើង​ក្នុង​ពេលដែល​ពួក​គេ​បាន​ដាក់​ពាក្យ​បណ្ដឹង​ នេះ​បង្ហាញ​ថា ការ​ដាក់​បម្រាម​គោចរ​​គឺ​មិន​សម​ហេតុ​ផល​ជាមួយ​នឹង​ស្ថាន​ភាព​ជាក់​ស្ដែង​។

    ចំណែក​ដើម​បណ្ដឹង​ទី​2 យល់​ថា តួលេខ​​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​ផ្សេង​ៗដូច​ជា​មហារីក​ជា​ដើម​ វា​មាន​អត្រា​ខ្ពស់​ជាង​ COVID-19 ទៅ​ទៀត​ ប៉ុន្តែមិន​ត្រូវ​បាន​ពិនិត្យ​ និង​ព្យាបាល ដោយ​សារ​តែ​ធន​ធាន​របស់​មន្ត្រី​ពេទ្យ ផ្ដោត​ទៅ​លើ​តែ​ការ​ទប់​ស្កាត់​COVID-19។ “នាយក​រដ្ឋមន្ត្រី​បាន​សម្រេច​ចិត្ត​ខុស​ ទាំង​អស់​គឺ​​ដើម្បី​ផល​ប្រយោជន៍​នយោបាយ​របស់​លោក​ស្រី​តែប៉ុណ្ណោះ​”។

    មេធាវី​ Austin Powell ​របស់​នាយក​រដ្ឋ​មន្ត្រី​ Ardern បក​ស្រាយ​ថា បម្រាម​គោចរ​​ បង្ក​ផល​ប៉ះពាល់​ច្រើន​គួរ​សម​ដល់​សិទ្ធិ​នៃ​ការ​ដើរ​ហើរ​របស់​អ្ន​ក​រាល់​គ្នា​ ក៏ប៉ុន្តែ ប្រជាជន​នៅ​តែ​មាន​សិទ្ធិ​ដើរ​ ពេល​មាន​ការ​ចាំបាច់​។ មេធាវីខាង​លើ​ក៏បាន​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​ដើមបណ្ដឹង​ និង​បាន​បក​ស្រាយ​ថា ច្បាប់​សុខ​ភាព​​អនុញ្ញាត​ឱ្យ​ក្រសួង​សុខាភិបាល​មាន​សិទ្ធិ​អនុវត្ត​វិធានការ​រឹត​បន្តឹង​​នានា​ទាក់​ទិន​នឹង​បម្រាម​គោចរ​។ តំណាង​តុលាការ​ លោក​ស្រី​ Peters បាន​ឱ្យ​ដឹង​ថា លោក​ស្រី​នឹង​កាត់​ក្ដី​រឿង​នេះ​ក្នុង​ពេល​ឆាប់ៗ​ខា​ង​មុខ​។

    នាយក​រដ្ឋមន្ត្រី​ Ardern កាល​ពី​ខែ​មីនា បាន​ប្រកាស​អាសន្ន​កម្រិត​4​(កម្រិត​ខ្ពស់​បំផុត) ទូទាំង​ប្រទេស​ ព្រោះ​តែ​COVID-19។ តាម​រយៈ​ការ​ប្រកាស​អាសន្ន​ដែល​មាន​សុពល​ភាព​4​សប្ដាហ៍នេះ សាលា​រៀន ភោជនីយដ្ឋាន បារ រោងកុន រួម​នឹង​កន្លែង​ដែល​ប្រមូល​ផ្ដុំ​មនុស្ស​ច្រើន​ ត្រូវ​បាន​ផ្អាកដំណើរ​ការ​ទាំង​ស្រុង។

    វិធានការ​ខ្លាំង​ក្លា​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​ និង​កំពុង​ជួយ​ប្រទេស​នូវែលហ្សេឡង់​ ​គ្រប់​គ្រង​វីរុស​COVID-19 បាន​ឆាប់​រហ័ស​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ពលរដ្ឋ​អាមេរិកាំង​22​លាននាក់​ ដាក់​ពាក្យ​សុំ​ជំនួយ​ពីរដ្ឋ​ ព្រោះ​​​បាត់​បង់​ការ​ងារ​​ដោយ​សារ​ COVID-19

    ពលរដ្ឋ​អាមេរិកាំង​22​លាននាក់​ ដាក់​ពាក្យ​សុំ​ជំនួយ​ពីរដ្ឋ​ ព្រោះ​​​បាត់​បង់​ការ​ងារ​​ដោយ​សារ​ COVID-19

    ពាក្យ​សុំ​ឧបត្ថម្ភ​​ពី​កម្ម​វិធី​ជំនួយ​សម្រាប់​អ្នក​បាត់បង់​ការ​ងារ​ បាន​កើន​ឡើង​ដល់​ទៅ​ជាង​22​លាន​ច្បាប់​ក្នុងរយៈ​ពេល​1​​ខែ​កន្លងមក​នេះ​ ខណៈ​ដែល​ COVID-19 កំពុង​បង្ក​ផល​វិបាក​ខ្លាំង​ដល់​សេដ្ឋ​កិច្ច​សហរដ្ឋ​អាមេរិក​។

    “ចំនួន​ករណី​បាត់​បង់​ការ​ងារ​ធ្វើ​ក្នុង​អំឡុង​4សប្ដាហ៍​កន្លង​ទៅ​ ពិត​ជា​គួរ​ឱ្យ​ចាប់​ព្រួយ​បារម្ភ ពោល​គឺ​ ការ​ងារ​ទាំង​ឡាយ​ដែល​យើង​មាន​ចាប់​តាំងពិ​ក្រោយ​វិបត្តិ​ហិរញ្ញ​វត្ថុ​​ឆ្នាំ​2007-2008 បាន​បង់​ទាំង​ស្រុង​” James Knightley អ្នក​សេដ្ឋ​សាស្ត្រអន្តរជាតិ​ប្រចាំ​ទី​ក្រុង​ New York សហរដ្ឋ​អាមេរិក​ថ្លែង​បែប​នេះ​។

    បច្ចុប្បន្ន មាន​ពលរដ្ឋ​អាមេរិកាំង​​ 22,034​,000​​នាក់​បានដាក់​ពាក្យ​ស្នើ​សុំ​ជំនួយ​ពី​កម្មវិធី​ជំនួយ​សម្រាប់​អ្នក​បាត់​បង់​ការ​ងារ​ រាប់​ចាប់​ពីថ្ងៃទី​21​មីនា ដែល​តួលេខ​នេះ​ស្មើ​នឹង​13.5% នៃ​កម្លាំង​ពលកម្ម​សរុប​ទូទាំង​ប្រទេស​។ Gus Faucher សេដ្ឋ​វិទូ​មក​ពី​រដ្ឋ Pennsylvania បាន​ឱ្យ​ដឹង​ថា “ទីផ្សារ​ពលកម្ម​បាន​ដួល​រលំ។ មាន​លិខិត​ស្នើ​សុំ​ជំនួយ​ឧបត្ថម្ភ​ពី​កម្ម​វិធី​ជំនួយ​សម្រាប់​អ្នក​បាត់បង់​ការ​ងារ បាន​កើន​ដល់​ជាង​22​លាន​ច្បាប់​ ហើយ​នឹង​មាន​ការ​ស្នើ​សុំ​បែប​នេះ​រាប់​លាន​ទៀត​នៅ​សប្ដាហ៍​ក្រោយ​”។

    រដ្ឋ​នានា និង​អាជ្ញាធរ​ដែន​ដី​នៅ​មូលដ្ឋាន បាន​ចេញ​បទ​បញ្ជា​ស្នើ​ឱ្យ​ប្រជាជន​នៅ​ក្នុង​ផ្ទះ​ បើ​សិន​ជា​មិន​មាន​ការ​ចាំបាច់ ដើម្បី​ទប់​ស្កាត់​ COVID-19។ បទបញ្ជា​ទាំង​នេះ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​អាមេរិកាំង​ជាង​90%។

    តួលេខ​នៃ​ពាក្យ​ស្នើ​សុំ​ជំនួយ​ដែល​ជា​ឯកសារ​សំខាន់​ទាក់​ទិន​នឹង​ខឿន​សេដ្ឋ​កិច្ច កំពុង​ត្រូវ​បាន​គេ​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ ដើម្បី​ស្វែង​យល់​ថា​ ​ពេល​ណា​​អត្រា​​នៃ​ការ​កាត់​បន្ថយ​បុគ្គលិក​បាន​ថយ​ចុះ​ ក៏ដូច​ជា​​ ពេល​ណា​ទើប​​ខឿន​សេដ្ឋកិច្ច​ចាប់​ផ្ដើម​ងើប​ឡើង​វិញ​។

    ប្រធានាធិបតី​អាមេរិកាំង​ លោក Donald Trump កាល​ពីថ្ងៃទី​16​មេសា បាន​ប្រកាស​ណែនាំ​ឱ្យ​ដំណើរការ​សេដ្ឋ​កិច្ច​ឡើង​វិញ បន្ទាប់​ពី​សម័យ​កាល​ COVID-19 បាន​បញ្ចប់​។ លោក​ Trump ឱ្យ​ដឹង​ថា អភិបាល​រដ្ឋ​ និង​ទីក្រុងនានានឹង​ទទួល​បាន​សិទ្ធិ​សម្រេច​ក្នុងការ​បើក​ដំណើរ​ការ​សេដ្ឋ​កិច្ច​ឡើង​វិញ ដោយ​យោង​ទៅ​តាម​ស្ថាន​ភាព​ជាក់​ស្ដែង​នៃ​រដ្ឋ និង​ទី​ក្រុង​នីមួយ​ៗ​។ លោក​ក៏​បាន​ថ្លែង​ថា​នឹង​មាន​បទ​បញ្ជា​មួយ​ បង្ខំ​ឱ្យ​អភិបាល​រដ្ឋ និង​ទីក្រុង​នានា​ ត្រូវ​ធ្វើ​តាម​លោក ក៏ប៉ុន្តែ​ ក្រោយ​មក​ លោក​ក៏​បាន​ថ្លែង​ដក​សម្ដី​នេះ​ត្រឡប់​វិញ​។

    ប្រធាន​សភា​ជាន់​ទាប​អាមេរិកាំង លោក​ស្រី Nancy Pelosi បាន​រិះ​គន់​ទៅ​លើ​ការ​ណែនាំ​របស់​លោក​ Trump​ អំពី​ការ​បើក​ដំណើរ​ការ​សេដ្ឋកិច្ច​ឡើង​វិញ​ថា​ជា “ការមិន​ច្បាស់​លាស់ និង​ច្របូក​ច្របល់​”។

    COVID-19 បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ដែន​ដី និង​ប្រទេស​ចំនួន​210​ នៅ​ក្នុង​ពិភពលោក ធ្វើ​ឱ្យ​មនុស្ស​ជាង​2​លាន​នាក់​បាន​ឆ្លង​រោគ និង​បាន​សម្លាប់​មនុស្ស​ជិត​147,000​នាក់​។ នៅ​សហរដ្ឋ​អាមេរិក វីរុស​នេះ​បាន​ឆ្លង​ទៅ​មនុស្ស​ជាង​678,000​នាក់ ហើយ​ក៏បាន​សម្លាប់​អ្នកជំងឺ​ជិត​35,000​នាក់​ផងដែរ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • អង់គ្លេស​កំពុង​ពិនិត្យ​លើ​សម្មតិ​កម្ម​ “COVID-19 រួច​ចេញ​ពី​បន្ទប់​ពិសោធន៍​នៅ​ Wuhan” និង​ត្រៀម​សំណួរ​ពិបាក​ឆ្លើយ​សម្រាប់​ចិន

    អង់គ្លេស​កំពុង​ពិនិត្យ​លើ​សម្មតិ​កម្ម​ “COVID-19 រួច​ចេញ​ពី​បន្ទប់​ពិសោធន៍​នៅ​ Wuhan” និង​ត្រៀម​សំណួរ​ពិបាក​ឆ្លើយ​សម្រាប់​ចិន

    រដ្ឋ​មន្ត្រី​ការ​បរទេស​ Dominic Raab បាន​ឱ្យ​ដឹង​ថា ប្រទេស​អង់គ្លេស​ និង​សម្ព័ន្ធ​មិត្ត​ នឹង​ដាក់​សំណួរ​ទៅ​កាន់​ប្រទេស​ចិន ទាក់​ទិន​នឹង​ប្រភព​វីរុសCOVID-19 រួម​នឹង​វិធី​ដោះស្រាយ​​បញ្ហា​នេះ​។

    “យើង​នឹង​ត្រូវតែ​សួរ​សំណួរ​ដែល​ពិបាក​បំផុត​អំពី​​រោគ​រាត​ត្បាត​នេះ​​ថា តើ​វា​ផ្ទុះ​​ឆ្លង​រាលដាល​តាម​របៀប​ណា ហើយ​ហេតុ​អ្វី​មិន​ត្រូវ​បាន​ទប់​ស្កាត់​ឆាប់​រហ័ស​” រដ្ឋ​មន្ត្រី​ការ​បរទេស​អង់គ្លេស​ Cominic Raab ថ្លែង​នៅក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​ស្ដីអំពី​ COVID-19 កាល​ពី​ថ្ងៃទី​16​មេសា​ នៅ​ឯការិយាល័យ​នាយក​រដ្ឋ​មន្ត្រី​ បន្ទាប់​ពី​ត្រូវ​បាន​សួរ​អំពីទំនាក់​ទំនង​នា​ពេល​អនាគត​រវាង​អង់គ្លេស​ជាមួយនឹង​​ប្រទេស​ចិន​។ លោក​ Raab បាន​ដឹក​នាំ​កិច្ច​ប្រជុំ​នេះ​ជំនួស​នាយក​រដ្ឋ​មន្ត្រី​ Boris Johnson ដែល​កំពុង​សម្រាក​យក​កម្លាំង​ក្រោយ​ពី​បាន​ជា​ពី​ជំងឺ​ COVID-19។

    លោក​ Raab ព្រមាន​ប្រទេស​ចិន​ថា មិន​អាច​ត្រឡប់​មក​ធ្វើ​សកម្ម​ភាព​ពាណិជ្ជ​កម្ម​ជា​ធម្មតា​ជាមួយ​អង់គ្លេស​ដូច​មុន​ទៀត​នោះ​ទេ​ ក្រោយ​វិបត្តិ​ COVID-19 ហើយ​សាធារណៈ​មតិ​អន្តរ​ជាតិ​ ចង់​បាន​ចម្លើយ​ពី​ទីក្រុង​ប៉េកាង​ អំពី​វិធី​ដោះ​ស្រាយ​បញ្ហា​វិបត្តិ​សុខ​ភាព​នេះ​។

    “បច្ចុប្បន្ន យើង​ត្រូវ​ការ​ពិនិត្យ​មើល​គ្រប់​ជ្រុង​ជ្រោយ​នៃ​ទំនាក់​ទំនង​ជាមួយ​ប្រទេស​ចិន និង​អនុវត្ត​វា​ដោយ​យុត្តិ​ធម៌​បំផុត​ ប៉ុន្តែ ប្រាកដ​ណាស់​ថា ប្រទេស​អង់គ្លេស​នឹង​មិន​អាច​រកស៊ី​ធម្មតា​ជាមួយ​ចិន​បាន​ដូច​មុន​នោះ​ទេ ក្រោយ​វិបត្តិ​សុខ​ភាព​នេះ​” រដ្ឋមន្ត្រីការ​បរទេស​អង់គ្លេស​មាន​ប្រសាសន៍​។

    សារ​ព័ត៌មាន​អង់គ្លេស​យល់​ថា យោបល់​របស់​រដ្ឋ​មន្ត្រី​ការ​បរទេស​ Raab បាន​បង្ហាញអំពី​​ការ​ខក​ចិត្ត​របស់​រាជ​រដ្ឋាភិបាល​អង់គ្លេស​ចំពោះ​ការ​ខ្វះ​តម្លា​ភាព​របស់​ប្រទេស​ចិន​ទាក់​ទង់​នឹង​​វិបត្តិ​ COVID-19។

    ការ​ប្រកាស​របស់​រដ្ឋ​មន្ត្រី​ការ​បរទេស​អង់គ្លេស​នេះ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រធានាធិបតី​ Donald Drump បាន​ឱ្យ​ដឹង​ថា រដ្ឋាភិបាល​របស់​លោក​កំពុង​តែ​ពិនិត្យ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​សម្មតិកម្ម​មួយ​ដែល​ថា COVID-19 “រួច​” ចេញ​ពី​បន្ទប់​ពិសោធន៍​នៅ​ទីក្រុង​ Wuhan ដែល​ជា​ទីក្រុង​ធំរបស់​ខេត្ត Hubei ប្រទេស​ចិន​ និង​ជា​កន្លែង​ដែល​មេរោគ​​នេះ​ចាប់​ផ្ដើម​ឆ្លង​ និង​រាត​ត្បាត​កាល​ពី​ចុង​ឆ្នាំ​2019។

    អង់គ្លេស​កំពុង​ពិនិត្យ​លើ​សម្មតិ​កម្ម​ "COVID-19 រួច​ចេញ​ពី​បន្ទប់​ពិសោធន៍​នៅ​ Wuhan" និង​ត្រៀម​សំណួរ​ពិបាក​ឆ្លើយ​សម្រាប់​ចិន
    រដ្ឋ​មន្ត្រី​ការ​បរទេស​​អង់គ្លេស​ លោក​ Dominic Raab

    មាន​សម្មតិ​កម្ម​ជា​ច្រើន​យល់​ថា បន្ទប់​ពិសោធន៍​ដែល​មាន​ស្ដង់​ដា​ទាប​នៅ​ទីក្រុង​ Wuhan បាន​ធ្វើ​ឱ្យ​មនុស្ស​ម្នាក់​ឆ្លង​វីរុស​ ហើយ​មនុស្ស​ម្នាក់​នេះ​ក៏បាន​ទៅ​កាន់​ផ្សារ​លក់​គ្រឿង​សមុទ្រ​ និង​សត្វ​ព្រៃ​ ជា​កន្លែង​ដែល COVID-19 ចាប់​ផ្ដើម​ផ្ទុះ​ឆ្លង​។ ប៉ុន្តែ វិទ្យាស្ថាន​ស្រាវ​ជ្រាវ​មេរោគ​​ Wuhan បាន​ទាត់​ចោល​ការ​ចោទ​ប្រកាន់​​នេះ​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ​។

    ប្រតិកម្ម​ទៅ​នឹង​មតិ​របស់​លោក​ Trump ក្រសួង​ការ​បរទេស​ចិន បាន​ឱ្យ​ដឹង​​ថា មន្ត្រី​នៃ​អង្គ​ការ​សុខ​ភាព​ពិភព​លោក​ (WHO) បាន​និយាយ​ជា​ច្រើន​លើក​ហើយ​ថា មិន​មាន​ភ័ស្ដុតាង​ណា​​មួយ​បញ្ជាក់​ថា វីរុស​COVID-19 ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​បន្ទប់​ពិសោធន៍​​នោះ​ទេ​ ហើយ​អ្នកជំនាញ​ជា​ច្រើន​ក៏បាន​យល់​​ថា​ ការ​ប្រកាស​របស់​មន្ត្រី​សហ​រដ្ឋ​អាមេរិក គឺមិន​ប្រកប​ដោយ​​វិទ្យា​សាស្ត្រ​។

    ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ភាគ​ច្រើន​យល់​ថា COVID-19 មាន​ប្រភព​ពី​តំបន់​ផ្សារ​ត្រី​សមុទ្រ​នៅ​ទីក្រុង​ Wuhan។ ប៉ុន្តែ​ក្រុម​មន្ត្រី​ជំនាញ​របស់​អង់គ្លេស​​កំពុង​តែ​ពិនិត្យ​ទៅ​លើ​លទ្ធ​ភាព​ដែល​ថា​ វីរុស​នេះ​បាន​ “រួច​” ចេញ​ពី​មន្ទីរ​ពិសោធន៍​​​នៅ​ទី​​ក្រុង​ Wuhan។ នេះ​បើ​តាម​សារ​ព័ត៌មាន​អង់គ្លេស​ Daily Mail ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី​12​មេសា​។ សមាជិក​ម្នាក់​នៃ​គណៈ​កម្ម​ធិការ​សង្គ្រោះ​បន្ទាន់​របស់​រាជ​រដ្ឋាភិបាល​អង់គ្លេស​ថ្លែង​ថា “វា​ប្រហែល​ជា​មិន​ធម្មតា​នោះ​ទេ​ ដែល​នៅ​សុខៗ​ គេ​បង្កើត​មន្ទីរពិសោធន៍​នៅ​ Wuhan បែបនេះ​”។

    ឆ្លើយ​នឹង​សំណួរ​របស់​អ្នក​យក​ព័ត៌មាន​របស់ Financial Times កាល​ពី​ថ្ងៃទី​16​មេសា ប្រធានា​ធិបតី​បារាំង​ លោក​Emmanuel Macron បាន​ថ្លែង​ថា មាន​ “តំបន់​ប្រផេះ​” ជា​ច្រើន​នៅ​ក្នុង​វិធី​ដែ​ល​ចិនប្រើ​ប្រាស់​ក្នុង​​ដោះ​ស្រាយ​បញ្ហា​ COVID-19។ “យើង​មិន​ត្រូវ​ឆោត​ល្ងង់​ដល់​ថ្នាក់​​និយាយ​ថា ការ​ដោះ​ស្រាយ​បញ្ហា​រោគ​រាត​ត្បាត​របស់​ពួក​​គេ​ បាន​ល្អ​នោះ​ទេ​​។ យើង​មិន​ដឹង​សោះ​ឡើយ​។ មាន​រឿង​​ខ្លះ​បាន​កើត​ឡើង​ ហើយ​យើង​មិ​ន​បាន​ដឹង​អំពី​វា​”៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • រូបភាពដក់ជាប់ក្នុងចិត្ត ស្វាមី-ភរិយាសម្លឹងភ្នែកគ្នា៖ “យើង​នឹង​ឆ្លង​ផុត​វិបត្តិ​កូវីដ​ទៅជាមួយគ្នា…”

    រូបភាពដក់ជាប់ក្នុងចិត្ត ស្វាមី-ភរិយាសម្លឹងភ្នែកគ្នា៖ “យើង​នឹង​ឆ្លង​ផុត​វិបត្តិ​កូវីដ​ទៅជាមួយគ្នា…”

    ទីភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍ពីរឿងរ៉ាវខាងក្រោយរូបភាពដ៏គួរឱ្យរំភើបចិត្តនៅក្នុងបន្ទប់វះកាត់ នៅពេលដែលស្វាមី-ភរិយាកំពុងផ្ដល់កម្លាំងចិត្តគ្នាទៅវិញទៅមកឆ្លងកាត់របាំងមុខការពារមេរោគកូរ៉ូណា ក្រោមស្ថានការណ៍តានតឹងពីមេរោគរាតត្បាតកូវីដ-19។

    បេន ខេយើរ និងមិនឌី ប្រុក ស្វាមី-ភរិយាជនជាតិអាមេរិកាំង ដែលសុទ្ធតែជាគ្រូពេទ្យជំនាញផ្នែកថ្នាំសណ្ដំក្នុងបន្ទប់វះកាត់ សម្លឹងកែវភ្នែកគ្នាទៅវិញទៅមកឆ្លងកាត់កញ្ចក់របាំងមុខការពារមេរោគ និងសម្លៀកបំពាក់ឈុតការពារមេរោគ តែក៏នៅតែមិនអាចរារាំងអារម្មណ៍ព្រួយបារម្ភពីគ្នាបានឡើយ ធ្វើឱ្យមិត្តរួមការងាររំភើបចិត្តរហូតដល់ទាញទូរស័ព្ទដៃមកថតយករូបភាពដ៏គួរឱ្យរំជួលចិត្តនេះ យកមកផូស្តនៅក្នុងប្រព័ន្ធបណ្ដាញសង្គម។

    នៅពេលក្រោយមក រូបភាពនេះបានទទួលការចែករំលែកនៅក្នុងបណ្ដាញសង្គមអនឡាញយ៉ាងទូលំទូលាយ ព្រោះវាក្លាយជាកម្លាំងជំរុញចិត្តដល់មនុស្សទូទាំងពិភពលោក…។

    ខេយើរ វ័យ 46ឆ្នាំ បាននិយាយថា មនុស្សទាំងអស់នាំគ្នានិយាយពីរូបភាពនោះ ព្រោះយើងកំពុងដើរឈានរំលងរឿងដ៏គួរឱ្យភ័យខ្លាចមួយជាមួយគ្នា ហើយវាជានិមិត្តសញ្ញា នៃសេចក្ដីសង្ឃឹម និងសេចក្ដីស្រឡាញ់។

    ចំណែក ប្រុក វ័យ 38ឆ្នាំ បានឱ្យដឹងថា ពួកគេទាំង 2នាក់ស្រឡាញ់គ្នាណាស់ ធ្វើការងារជាមួយគ្នា និងគាំទ្រ ផ្ដល់កម្លាំងចិត្តគ្នាទៅវិញទៅមកជានិច្ច មិនមែនដោយសារតែ បេនជាស្វាមីប៉ុណ្ណោះទេ តែក្នុងឋានៈជាមិត្តមនុស្សដូចគ្នាទៀតផង។

    រូបភាពក្នុងថ្ងៃរៀបការរបស់អ្នកទាំង2 នៅឯទីក្រុងឆាលស្តុន រដ្ឋសៅថ៍ ឃែរ៉ូឡៃណា
    រូបភាពក្នុងថ្ងៃរៀបការរបស់អ្នកទាំង2 នៅឯទីក្រុងឆាលស្តុន រដ្ឋសៅថ៍ ឃែរ៉ូឡៃណា

    ទាំង 2នាក់រស់នៅក្នុងផ្ទះ នៅឯរដ្ឋហ្វ្ល៉រីដា សហរដ្ឋអាមេរិក ធ្វើការនៅកន្លែងជាមួយគ្នា រួមភារកិច្ចជាមួយគ្នា និងត្រូវកៀកស្មាគ្នាទទួលបន្ទុកតួនាទីដ៏សែនប្រថុយប្រថានក្នុងការស៊កបញ្ជូនបំពង់ជួយដកដង្ហើមឱ្យអ្នកជំងឺដែលត្រូវវះកាត់ ដែលអ្នកជំងឺភាគច្រើន ជាអ្នកជំងឺកូវីដ-19 តែទាំង 2នាក់មិនដែលរួញរាក្នុងការធ្វើជាគ្រូពេទ្យស្ម័គ្រចិត្តនៅក្នុងមន្ទីរពេទ្យ ថេមប៉ា ជេនើរ៉ល ឡើយ៕

    រូបភាពដក់ជាប់ក្នុងចិត្ត ស្វាមី-ភរិយាសម្លឹងភ្នែកគ្នា៖ “យើងនឹងឆ្លងផុតវិបត្តិកូវីដទៅជាមួយគ្នា...”
    In this March 30, 2020 nurses Mindy Brock and Ben Cayer, wearing protective equipment, hold each other and look into each other’s eyes, in Tampa General Hospital in Tampa, Fla. (Nicole Hubbard via AP)

    ប្រភព៖ សារព័ត៌មានបរទេស

  • COVID-19! កូនស្រី និង​ទី​ប្រឹក្សា​ជាន់​ខ្ពស់​របស់​លោក​Trump​ ទៅ​លម្ហែកាយ​ ខណៈ​បម្រាម​គោចរ​កំពុង​ត្រូវ​បាន​អនុវត្ត

    COVID-19! កូនស្រី និង​ទី​ប្រឹក្សា​ជាន់​ខ្ពស់​របស់​លោក​Trump​ ទៅ​លម្ហែកាយ​ ខណៈ​បម្រាម​គោចរ​កំពុង​ត្រូវ​បាន​អនុវត្ត

    លោក​ស្រី Ivanka Trump និង​ស្វាមី​ (​លោក Jared Kushner) បាន​នាំ​គ្នា​ទៅ​សម្រាក​លម្ហែ​កាយ​នៅ​ New Jersey បើ​ទោះ​ជា​រដ្ឋាភិបាល​អាមេរិកាំង​បាន​ចេញ​អនុសាសន៍​កាត់​បន្ថយ​ការ​ដើរ​ហើរ​ដើម្បី​ទប់​ស្កាត់​វីរុស​COVID-19។

    ប្ដី​ប្រពន្ធ​ដែល​ជា​កូន​របស់​ប្រធានាធិបតី​អាមេរិកាំង​ បាន​ធ្វើ​ដំណើរ​ពី​ទីក្រុង​ Washington D.C ទៅកាន់​ទី​តាំង​​លម្ហែ​កាយ​របស់​គ្រួសារ​ Trump នៅ​ឯ​តំបន់​ Bedminster ក្នុង​រដ្ឋ​ New Jersey ដើម្បី​អបអរ​បុណ្យ​ Passover (ជា​ថ្ងៃ​បុណ្យ​សាសនា​ដ៏ធំមួយ​របស់​ជនជាតិ​ជ្វីហ្វ/Jewish) ដែល​មាន​រយៈ​ពេល​1សប្ដាហ៍ ចាប់​ផ្ដើម​ពី​ថ្ងៃទី​8មេសា​​។ ព័ត៌មាន​នេះ​ត្រូវ​បាន​ទទួល​ស្គាល់​កាល​ពី​ថ្ងៃទី​16​មេសា​ដោយ​សេតវិមាន​។ ប៉ុន្តែ សេតវិមាន​បញ្ជាក់​ថា ដំណើរ​ទៅ​លម្ហែ​កាយ​នេះ​ មាន​តែ​សមាជិក​​ក្រុម​​គ្រួសារ​តូច​របស់លោក​ស្រី​​ Ivanka តែប៉ុណ្ណោះ​។

    សេត​វិមាន​ប្រកាស​ថា​ “លោក​ស្រី Ivanka និង​គ្រួសារ​តួច​របស់​ខ្លួន​បាន​ប្រារព្ធ​ពិធី​បុណ្យ​ Passover នៅ​ក្នុង​តំបន់​លម្ហែ​កាយ​មួយ​ដែល​បាន​ផ្អាកដំណើរ​ការ​ ដែល​ត្រូវ​ចាត់​ទុក​ដូចជា​ផ្ទះ​។ ដំណើរ​របស់​លោក​ស្រី មិន​ខុស​ពី​ការ​ទៅ​បំពេញ​ការ​ងារ​នោះ​ទេ ហើយ​ទីតាំង​នោះ​មាន​មនុស្ស​តិច​ជាងនៅ​​ជុំវិញ​ផ្ទះ​របស់​លោក​ស្រី​ដែល​នៅ​ឯរដ្ឋធានី​ទៅ​ទៀត​”។

    “ពេល​ស្ថិត​នៅ​ឯ Bedminster លោក​ស្រី Iavnka អនុវត្ត​វិធានការ​រក្សា​គម្លាត​ពី​សហគមន៍ និង​ធ្វើការ​ពី​ចម្ងាយ​។ ដំណើរ​លម្ហែ​កាយ​របស់​នេះ មិន​មែន​សំដៅ​លើ​ការ​ធ្វើ​ជំនួញ​នោះ​ទេ ប៉ុន្តែ​ជា​ការ​សម្រាក​ដោយ​ឡែក​ជាមួយ​គ្រួសារ​”។

    ប្រជាជន​ក្នុង​ទីក្រុង Washington D.C និង​តំបន់​ជា​ច្រើន​ផ្សេង​ទៀត​នៅ​សហរដ្ឋ​អាមេរិក ត្រូវបាន​ស្នើ​ឱ្យ​នៅ​ក្នុង​ផ្ទះ ចៀស​វាង​ការ​ធ្វើ​ដំណើរ​ដែល​មិន​ចាំបាច់​​ក្នុង​ស្ថាន​ភាព​​ COVID-19 កំពុង​មាន​សភាព​ស្មុគ​ស្មាញ។ សេត​វិមាន​ក៏បាន​ចេញ​អនុសាសន៍​ “ចៀស​វាង​ការ​ដើរ​ហើរ​ផ្ដេស​ផ្ដាស​” ធ្វើ​ឱ្យ​ប្រជា​ជន​អាមេរិកាំង​ ត្រូវ​ប្រារព្ធ​ពិធី​ចួប​ជុំ​គ្រួ​សារ​នៅ​ក្នុង​ពិធី​បុណ្យ​ Easter និង​បុណ្យ Passover ក្នុង​ឆ្នាំ​នេះ ដោយ​វិធី​សាស្ត្រ​អនឡាញ។

    ក្នុង​តួនាទី​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​ប្រធានាធិបតី​អាមេរិកាំង លោក​ស្រី Ivanka បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​អាមេរិកាំង​ គោរព​វិធាន​ការ​របស់​រដ្ឋាភិបាល​ដើម្បី​ទប់​ស្កាត់​ COVID-19។

    លោក​ Jared Kushner ដែល​ជា​ស្វាមី​របស់​លោក​ស្រី​ Ivanka គឺជា​ជនជាតិ​ជ្វីហ្វ និង​កាន់​សាសនា​យូដា។ Passover គឺជា​ពិធី​បុណ្យ​សំខាន់​របស់​សាសនា​យូដា (Judaism) ដែល​ប្រារព្ធ​ឡើង​ដើម្បី​អបអរ​ព្រះ​ដែល​បាន​រំដោះ​ប្រជាជនអ៊ីស្រាអែល​ឱ្យ​រួច​ផុត​ពី​នឹម​ត្រូត​ត្រា​​នៅ​អេហ្ស៊ីប។ លោក Jared Kushner ក៏ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​របស់​ប្រធានាធិបតី​អាមេរិកាំង​ផងដែរ​។

    COVID-19 បាន​បង្ហាញ​ខ្លួន​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​210​នៅ​ទូទាំង​ពិភព​លោក បណ្ដាល​ឱ្យ​មនុស្ស​ជិត​2.2​លាន​នាក់​បាន​ឆ្លង​វីរុស ក្នុង​នោះ​មាន​ជិត​145,000​នាក់​បាន​ស្លាប់​។ ចំណែក​សហរដ្ឋ​អាមេរិក​វិញ គឺជា​សម្បុក​មេរោគ​ធំជាង​គេ​ក្នុង​ពិភពលោក ដោយ​មាន​អ្នក​ជំងឺ​ជិត​678,000​នាក់ ខណៈ​អ្នក​ស្លាប់​បាន​កើន​ជិត​ដល់​35,000​នាក់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស