Tag: covid-19

  • សហរដ្ឋ​អាមេរិក​៖ អ្នក​ឆ្លង​COVID-19 កើន​ដល់​ជិត​1,159,000​នាក់​ ខណៈ​រដ្ឋ​ខ្លះ​បើក​ដំណើរ​ការ​សេដ្ឋ​កិច្ច​ឡើង​វិញ​ស្ទើរ​តែ​100%

    សហរដ្ឋ​អាមេរិក​៖ អ្នក​ឆ្លង​COVID-19 កើន​ដល់​ជិត​1,159,000​នាក់​ ខណៈ​រដ្ឋ​ខ្លះ​បើក​ដំណើរ​ការ​សេដ្ឋ​កិច្ច​ឡើង​វិញ​ស្ទើរ​តែ​100%

    សហរដ្ឋ​អាមេរិក​គឺជា​សម្បុក​មេរោគ​COVID-19 ធំជាង​គេ​បង្អស់​ក្នុង​ពិភពលោក ដោយ​មាន​អ្នកជំងឺ​សរុប​ 1,158,881​នាក់​ កើន​27,851​ធៀប​នឹង​ម្សិល​មិញ។ អ្នក​ជំងឺ​ដែល​បាន​បាត់​បង់​ជីវិត​នៅក្នុង​ប្រទេស​នេះ បាន​កើន​ឡើង​ដល់​ 67,293​នាក់​ ក្នុង​នោះ​មាន​អ្នក​ស្លាប់​ថ្មី​1,540​នាក់​បន្ថែម​ទៀត​។ អ្នក​ជំងឺ​ដែល​បាន​ជាសះស្បើយ​ មាន​ចំនួន​160,705​នាក់​។

    New York គឺជា​រដ្ឋ​ដែល​ទទួល​រង​ផល​ប៉ះពាល់​ច្រើន​បំផុត​ពី​COVID-19នៅ​សហរដ្ឋ​អាមេរិក​។ រដ្ឋ​នេះ​ មាន​អ្នក​ជំងឺ​សរុប​319,213​នាក់​ កើន​3,991​នាក់​បើ​ធៀប​នឹង​ម្សិល​មិញ​(2ឧសភា) ចំណែកអ្នក​ស្លាប់​ថ្មី​ដោយ​សារ​វីរុស​កូរ៉ូណា​​នៅ​ New York មាន​ចំនួន​299​នាក់​ នាំ​ឱ្យ​អ្នក​ស្លាប់​សរុប​ក្នុង​រដ្ឋ​នេះ​កើន​ដល់​24,368​នាក់​។

    រដ្ឋ​នៅ​សហរដ្ឋ​អាមេរិក​ប្រមាណ​ជា​ពាក់កណ្ដាល​ បាន​បន្ធូរ​បន្ថយ​ការ​រឹត​ត្បិត​លើក​ការ​ដើរ​ហើរ​​ចាប់​ពី​ថ្ងៃទី​1​ឧសភា​ ខណៈ​ដែល​តួលេខ​នៃ​ករណី​ឆ្លង​វីរុស​បាន​ថយ​ចុះ​ ឬ​នៅ​ថេរ​។ រដ្ឋ​ Texas បាន​អនុញ្ញាត​ឱ្យ​ក្រុម​ហ៊ុន​ អាជីវកម្ម​នានា​ដំណើរ​ការ​ឡើង​វិញ​ទៅ​តាម​ផ្នែក​ដែល​អាច​ធ្វើ​បាន​ ក្នុង​ពេល​ដែល​ហាង​លក់​រាយ​ និង​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​បាន​បើក​ឡើង​វិញ​ក្នុង​ទំហំ​25%​នៃ​លទ្ធ​ភាព​។ នៅ​ឯរដ្ឋ Georgia ក្រុម​ហ៊ុន អាជីវ​កម្ម​ស្ទើរ​តែ​ទាំង​អស់​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​​បើក​ដំណើរ​ការ​ឡើងវិញ​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • ក្រុម​ហ៊ុន​របស់ Warren Buffett ខាត​បង់​50​ពាន់​លាន​ដុល្លារ​ព្រោះតែ​វីរុស​COVID-19

    ក្រុម​ហ៊ុន​របស់ Warren Buffett ខាត​បង់​50​ពាន់​លាន​ដុល្លារ​ព្រោះតែ​វីរុស​COVID-19

    ការ​លក់​ឡាយ​ឡុង​នៅលើ​ទីផ្សារ​មូលបត្រ​​ដោយសារ​តែ​COVID-19 បាន​ធ្វើ​ឱ្យ​ក្រុម​ហ៊ុន​ Berkshire Hattaway របស់​មហាសេដ្ឋី​ Warren Buffett ខាត​បង់​អស់​50​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ត្រី​មាស​ទី​1 ឆ្នាំ​2020​នេះ។

    ក្រុម​ហ៊ុន Berkshire Hattaway ល្បី​ឈ្មោះ​ខ្លាំង​នៅ​ក្នុង​ការ​វិនិយោគ​ទៅ​លើ​ Goldman Sachs នៅ​ក្នុង​អំឡុង​វិបត្តិ​ហិរញ្ញ​វត្ថុ​។ ប៉ុន្តែ នៅក្នុង​ត្រី​មាស​កន្លង​ ផ្សារ​ហ៊ុន S&P 500 Index (S&P 500) បាន​ធ្លាក់​ចុះ​ 20% ហើយ​ភាគ​ហ៊ុន​ដែល​ក្រុម​ហ៊ុន Berkshire កំពុង​កាន់​កាប់​មួយ​ចំនួន​ធំ​ ក៏​បាន​ដាំ​ក្បាល​ចុះ​លឿន​ជាង​គេ​ ក្នុង​នោះ​មាន​ American Express, Bank of America, Wells Fargo និង​ក្រុម​ហ៊ុន​អាកាសចរណ៍​ចំនួន​4​ផ្សេង​ទៀត​ (American, Delta, Southwest និង United)។ បិទ​ការ​ជួញ​ដូរ​កាល​ពី​ថ្ងៃទី​1ឧសភា Berkshire បាន​ធ្លាក់​ចុះ​ប្រមាណ​ជា​19%។

    ការ​ខាត​បង់​ដ៏ធ្ងន់​ធ្ងរ​របស់​ក្រុម​ហ៊ុន​ Berkshire គឺដោយ​សារ​មូលបត្រ​ដែល​នៅ​ជួរ​មុខ​ក្នុង​តារាង​វិនិយោគ​ ទទួល​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​សុខ​ភាព​(COVID-19)។ បណ្ដា​ក្រុម​ហ៊ុន​ដែលមាន​ភាគ​ហ៊ុន​របស់​ Berkshire សុទ្ធ​តែ​រង​ផល​វិបាក​ពី​វីរុស​នេះ ដោយ​មាន​ការ​ធ្លាក់​ថ្លៃ​ចាប់​ពី​ 5.2-34​%។​ ក្នុង​នោះ​ ក្រុម​ហ៊ុន​សាង​សង់​ផ្លូវ​ដែក​ BNSF ដែល​ត្រូវ​បាន​ Berkshire បាន​ទិញ​​​កាល​ពី​ឆ្នាំ​2010 និង​បណ្ដា​ក្រុម​ហ៊ុន​លក់រាយ​ សុទ្ធ​តែ​ត្រូវ​ផ្អាក​​សកម្ម​ភាព​។

    នេះ​គឺជា​លើក​ទី​ពីរ​ហើយ​ដែល​ក្រុម​ហ៊ុន​របស់​មហាសេដ្ឋី Warren Buffett បាន​ប្រកាស​ខាតបង់​ បើ​គិត​ចាប់​ពី​ត្រី​មាស​ទី​4 ឆ្នាំ​2018។ ប៉ុន្តែ ក្រុម​ហ៊ុន​របស់​មហាសេដ្ឋី​នេះ​ក៏​នៅ​មាន​ចំណេញ​​ពី​វិស័យ​ធានារ៉ាប់​រង​ផងដែរ​ ដោយ​រក​បាន​ប្រាក់​ចំណេញ​​5.9​ពាន់​លាន​ដុល្លារ​ ដោយ​សារ​តម្លៃ​មូល​បត្រ​វិស័យ​នេះ​កើន​6%។

    Warren Buffett គិត​មក​ដល់​បច្ចុប្បន្ន មាន​ទ្រព្យ​សរុប​​ 72​ពាន់​លាន​ដុល្លារ​អាមេរិក​។ បុរស​វ័យ89​ឆ្នាំ​រូប​នេះ​ ​គឺជា​មហា​សេដ្ឋី​​លំដាប់​ទី​4 នៅ​ក្នុង​ពិភពលោក៕

    ប្រភព៖ Bloomberg

  • អាជ្ញាធរក្រុងនីវយ៉កចាប់ផ្ដើមស៊ើបអង្កេត ក្រោយរកឃើញសាកសពស្អុយរលួយជាងកន្លះរយនាក់ គរពេញក្នុងរថយន្តដឹកទំនិញ បញ្ចេញក្លិនស្អុយពេញទីក្រុង

    អាជ្ញាធរក្រុងនីវយ៉កចាប់ផ្ដើមស៊ើបអង្កេត ក្រោយរកឃើញសាកសពស្អុយរលួយជាងកន្លះរយនាក់ គរពេញក្នុងរថយន្តដឹកទំនិញ បញ្ចេញក្លិនស្អុយពេញទីក្រុង

    ក្រុមអាជ្ញាធរទីក្រុងនីវយ៉ក កាលពីថ្ងៃព្រហស្បតិ៍(ទី30មេសា) បានបើកការស៊ើបអង្កេតជាផ្លូវការ 1ថ្ងៃក្រោយពីប៉ូលិសបានរកឃើញសាកសពជាងកន្លះរយនាក់ស្ថិតក្នុងសភាពហើមរលួយ បញ្ចេញក្លិនស្អុយពេញក្នុងរថយន្តដឹកទំនិញ និងរថយន្តទេសចរណ៍(ឡានតួរីស) ដែលចតចោលនៅក្នុងបរិវេណផ្នែកខាងមុខកន្លែងប្រកបពិធីបុណ្យមួយកន្លែង ក្រោមស្ថានការណ៍វិបត្តិឆ្លងរាតត្បាតរបស់មេរោគវីរុសកូវីដ-19។ នេះបើតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានAFP។

    បណ្ដាក្រុមអាជ្ញាធរ បានប្រទះឃើញទិដ្ឋភាពដ៏គួរឱ្យភ្ញាក់ផ្អើលនេះកាលពីថ្ងៃពុធ(ទី29មេសា) ក្រោយពីពួកអ្នកស្រុកបានប្ដឹងទៅអាជ្ញាធរអំពីក្លិនស្អុយគម្រង់ ដែលសាយភាយចេញមកពីរថយន្តទាំង 2គ្រឿង ដែលចតនៅក្នុងបរិវេណផ្នែកខាងមុខកន្លែងប្រកបពិធីបុណ្យសព Andrew T.Cleckley ក្នុងតំបន់ប្រ៊ូគ្លីន រដ្ឋនីវយ៉ក។

    “យើងកំពុងតែស៊ើបអង្កេតលើរឿងនេះ” លោក ហាវើដ សាក់ឃើរ គណៈកម្មការសាធារណៈសុខាភិបាលនៃរដ្ឋនីវយ៉ក បានប្រាប់ទៅអ្នកយកព័ត៌មាន ព្រមទាំងបានបញ្ជាក់ទៀតថា ខាងក្រសួងរបស់លោក មិនដែលបានទទួលពាក្យបណ្ដឹងណាមួយដែលពាក់ព័ន្ធនឹងកន្លែងប្រកបពិធីបុណ្យសពមួយនេះឡើយ តាំងពីដើមមក។

    តាមរយៈការត្រួតពិនិត្យរយៈដំបូងរបស់ក្រុមអាជ្ញាធរ បានរកឃើញថា ប្រព័ន្ធម៉ាស៊ីនត្រជាក់នៅក្នុងបន្ទប់ក្លាស្សេនៅផ្នែកខាងក្រោយរបស់រថយន្តដឹកសាកសពទាំង 2គ្រឿងនោះមិនដំណើរការ ទើបធ្វើឱ្យសាកសពដែលត្រូវបានផ្ទុកនៅក្នុងនោះស្ថិតក្នុងស្ថានភាពគ្មានធាតុត្រជាក់ រហូតធ្វើឱ្យកើតមានក្លិនសាកសពសាយភាយចេញមកក្នុងអំឡុងពេលរង់ចាំនាំយកទៅប្រកបពិធីបញ្ចុះតាមសាសនា ខណៈដែលកន្លែងប្រកបពិធីបុណ្យសពនានានៅក្នុងទីក្រុងនីវយ៉កស៊ីធី ត្រូវទទួលរងបន្ទុកដ៏ធ្ងន់ធ្ងរក្នុងការចាត់ការសាកសពក្នុងចំនួនដ៏ច្រើន ដែលបានស្លាប់ដោយសារការឆ្លងមេរោគកូវីដ-19។

    លោក ប៊ីល ដឺ ប្លាស៊ីអូ អភិបាលក្រុងនីវយ៉ក បានបញ្ជាក់ថា ការប្រតិបត្តិលើអ្នកស្លាប់របៀបនេះ គឺជារឿងដែលមិនអាចទទួលយកបានឡើយ។ លោកនិយាយថា “ទីកន្លែងប្រកបពិធីបុណ្យសព ត្រូវមានតួនាទីប្រតិបត្តិចំពោះសាកសពយ៉ាងមានកិត្តិយស”។

    ចំណែកលោក Andrew Cleckley ដែលជាម្ចាស់កន្លែងប្រកបពិធីបុណ្យសពនោះ បានប្រាប់សារព័ត៌មាននីវយ៉ក ថាមស៍ថា ដូចជាអ្នកចាត់ការសាកសពដទៃទៀតទូទាំងទីក្រុងដែរ លោកត្រូវជួបនឹងចំនួនសាកសពដ៏ច្រើនហូរហៀរក្នុងអំឡុងការឆ្លងរាលដាលនៃមេរោគកូវីដ-19 ដូច្នេះហើយទើបយើងត្រូវប្រើរថយន្ត ផ្ទុកសាកសពដែលលើសចំណុះរបស់កន្លែងប្រកបពិធីរបស់យើងទុកមួយរយៈសិន ដោយសារតែក្នុងអំឡុងពេលនេះ កន្លែងប្រកបពិធីបុណ្យសពរបស់យើង ពេញហូរហៀរដោយសាកសពជាង 100សាកសពទៅហើយ។ លោកបន្ថែមថា “ខ្ញុំលែងមាននៅសល់កន្លែងសម្រាប់បញ្ចុះសាកសពទៀតហើយ”។

    សារព័ត៌មាននៅក្នុងសហរដ្ឋអាមេរិក បានរាយការណ៍ដោយយោងលើប្រភពព័ត៌មានដែលបានបញ្ជាក់ថា មានសាកសពប្រមាណជា 60 ស្ថិតនៅក្នុងរថយន្តទាំង 2គ្រឿងនោះ។

    មេរោគវីរុសកូរ៉ូណាប្រភេទថ្មីនេះ បានប្រហារជីវិតមនុស្សនៅក្នុងទីក្រុងនីវយ៉ករួចហើយចំនួនជាង 18,000នាក់ ក្នុងអំឡុងពេលមិនដល់ 2ខែផង ខណៈដែលដែនដីមួយនេះបានរងផលប៉ះពាល់ពីមេរោគកូវីដ-19 ធ្ងន់ធ្ងរជាងគេបំផុតនៅក្នុងប្រទេសអាមេរិក។

    មានរបាយការណ៍ថា រោងតម្កល់សព, វាលបញ្ចុះសពទូទាំងទីក្រុងនីវយ៉ក សុទ្ធតែជួបនឹងបញ្ហាធ្ងន់ធ្ងរក្នុងការទប់ទល់នឹងចំនួនអ្នកស្លាប់ដែលកើនឡើងយ៉ាងលឿន បណ្ដាលឱ្យរថយន្តដឹកសាកសពដែលមានម៉ាស៊ីនត្រជាក់ បានក្លាយជារឿងមួយដែលគេមើលឃើញជាទូទៅនៅផ្នែកខាងក្រៅនៃមន្ទីរពេទ្យនានា ដែលពេញណែនដោយអ្នកជំងឺកូវីដ-19៕

    ប្រភពៈ សារព័ត៌មានបរទេស

  • COVID-19! កម្មករ​ជិត​900​នាក់​នៅ​ក្នុង​​រោង​ចក្រច្នៃ​សាច់​ជ្រូក​​1​នៅ​សហរដ្ឋ​​អាមេរិក​ បាន​ឆ្លង​វីរុស

    COVID-19! កម្មករ​ជិត​900​នាក់​នៅ​ក្នុង​​រោង​ចក្រច្នៃ​សាច់​ជ្រូក​​1​នៅ​សហរដ្ឋ​​អាមេរិក​ បាន​ឆ្លង​វីរុស

    កម្មករ​ចំនួន 890​នាក់ ស្មើ​នឹង​40​% នៃ​កម្មករ​សរុប​នៅក្នុង​រោង​ចក្រ​កែ​ច្នៃ​​សាច់​ជ្រូក​ Tyson Food ក្នុង​រដ្ឋ​ Indiana វិជ្ជ​មាន​ជាមួយ​វីរុសCOVID-19។

    Sernity Alter ដែល​ជា​ប្រធានមន្ទីរ​សុខាភិបាល​​​​ស្រុក​ Cass នៃ​រដ្ឋ Indiana របស់​សហរដ្ឋ​អាមេរិក​ បាន​ឱ្យ​ដឹង​ថា ក្រៅ​ពី​អ្នក​ដែល​បាន​ឆ្លង​វីរុស​​ ក៏​មាន​កម្មករ​រាប់​រយ​នាក់​ផ្សេង​ទៀត​នៅ​រោង​ចក្រ​កែ​ច្នៃ​សាច់​ជ្រូក​របស់​ក្រុម​ហ៊ុន Tyson Food ក្នុង​ទីក្រុង​ Logansport កំពុង​ត្រូវ​បាន​ធ្វើ​តេស្ត​រក​មេរោគ​COVID-19។ រោង​ចក្រ​នេះ​បាន​ផ្អាក​ដំណើរ​ការ​តាំង​ពី​ថ្ងៃទី​25​មេសា​ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​វីរុស​កូរ៉ូណា​។

    Hli Yang ដែល​ជា​អ្នក​នាំ​ពាក្យ​របស់​ Tyson Food បាន​ឱ្យ​ដឹង​ថា រោង​ចក្រ​របស់​ខ្លួន​នៅ​ Logansport មាន​កម្មករ​​ចំនួន​2,200​នាក់ ប៉ុន្តែ​អ្នក​នាំ​ពាក្យរូប​នេះ​មិន​បាន​បញ្ជាក់​អំពី​តួលេខ​នៃ​អ្នក​បាន​ឆ្លង​វីរុស​កូរ៉ូណា​នៅ​ទី​នេះ​នោះ​ទេ​។

    COVID-19! កម្មករ​ជិត​900​នាក់​នៅ​ក្នុង​​រោង​ចក្រច្នៃ​សាច់​ជ្រូក​​1​នៅ​អាមេរិក​ បាន​ឆ្លង​វីរុស
    លោក John H.Tyson​ ប្រធាន​ក្រុម​ហ៊ុន Tyson Food

    ប្រធាន​ក្រុម​ហ៊ុន Tyson Food លោក John H.Tyson ដែល​មាន​ទ្រព្យ​សរុប​ប្រមាណ​ជា​ 2.1​ពាន់​លាន​ដុល្លារ​ ​កាល​ពី​សប្ដាហ៍​មុន​បាន​ព្រមាន​ថា “បណ្ដាញ់​ផ្គត់​ផ្គង់​អាហារ​​របស់​សហរដ្ឋ​អាមេរិក កំពុង​ត្រូវ​បាន​បំផ្លាញ​”។ លោក​ថា បច្ចុប្បន្ន​ក្រុម​ហ៊ុន​នេះ​កំពុង​ប្រឈម​នឹង​ហានិភ័យ​នៃកង្វះ​សាច់​​ដើម្បី​ផ្គត់​ផ្គង់​​ទីផ្សារ​ ព្រោះ​តែ​វីរុស​COVID-19។ ដោយ​សារ​បញ្ហា​នេះ កាល​ពី​ថ្ងៃទី​28​មេសា​ លោក​ប្រធានាធិបតី​ Donald Trump បាន​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​មួយ​ដោយ​យោង​ទៅ​លើ​ច្បាប់​ផលិតកម្មការពារជាតិ​ ដែល​បង្ខំ​ឱ្យ​រោង​ចក្រ​ផលិត​សាច់់​នានា បន្ត​ធ្វើ​សកម្ម​ភាព​​ដូច​ធម្មតា​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ទៀត​ហើយ! រដ្ឋមន្ត្រី​ និង​អនុរដ្ឋ​មន្ត្រី​​​របស់​រុស្ស៊ី ចូល​មន្ទីរពេទ្យ​​ដោយ​សារ​ COVID-19

    ទៀត​ហើយ! រដ្ឋមន្ត្រី​ និង​អនុរដ្ឋ​មន្ត្រី​​​របស់​រុស្ស៊ី ចូល​មន្ទីរពេទ្យ​​ដោយ​សារ​ COVID-19

    ​រយៈ​ពេល​1​ថ្ងៃ បន្ទាប់​ពី​នាយក​រដ្ឋ​មន្ត្រី​រុស្ស៊ី​ លោក Mishustin បាន​ប្រកាស​ថា​ខ្លួន​បាន​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​ រដ្ឋមន្ត្រី​ក្រសួង​សំណង់​និង​លំនៅ​ដ្ឋាន​​របស់​ប្រទេស​រុស្ស៊ី គឺ​លោក​ Yakushev ​ក៏​បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល​ពីម្សិល​មិញ​ ដោយ​សារ​បាន​ឆ្លង​វីរុស​COVID-19។

    “ខ្ញុំ​កំពុង​ទទួល​ការ​ព្យាបាល​ក្រោម​ការ​តាម​ដាន​របស់​ក្រុម​វេជ្ជ​បណ្ឌិត​នៅ​ម៉ូស្គូ” ​រដ្ឋមន្ត្រី​ក្រសួង​សំណង់​និង​លំនៅ​ដ្ឋាន​ លោក Vladimir Yakushev បាន​ប្រាប់​ Interfax កាល​ពី​ថ្ងៃទី​1​ឧសភា​​បែប​នេះ​។

    មន្ត្រី​ក្រោម​ឱវាទ​របស់​រដ្ឋ​មន្ត្រី​ Yakushev គឺ​លោកអនុរដ្ឋ​មន្ត្រី​ Dmitry Volkov ក៏បាន​ចូល​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ ព្រោះ​​​តែ​បាន​ឆ្លង​វីរុស​កូរ៉ូណា​នេះ​ដែរ​។ អនុរដ្ឋ​មន្ត្រី​នៃ​ក្រសួង​សំណង់​និង​លំនៅ​ដ្ឋាន​ លោក​ Nikita Stasishin ត្រូវ​បាន​​តែង​តាំង​​ជា​រដ្ឋ​មន្ត្រី​ស្ដី​ទី​​នៃ​ក្រសួង​មួយ​នេះ​ ជំនួស​ឱ្យ​លោក Yakushev​។

    Yakushev គឺជា​មន្ត្រី​ជាន់​ខ្ពស់​ទី​2​របស់​​រុស្ស៊ី​ ដែល​បាន​ឆ្លង​វីរុស​COVID-19។ នាយក​រដ្ឋ​មន្ត្រី​រុស្ស៊ី លោក Mikhail Mishustin កាល​ពី​​ថ្ងៃទី​30​មេសា បាន​ប្រកាស​ថា លោក​បាន​ឆ្លង​វីរុស​កូរ៉ូណា​ និង​កំពុង​បង្ខាំង​ខ្លួន​ដាច់​ដោយ​ឡែក​ដើម្បី​ការ​ពារ​ការ​ឆ្លង​រាល​ដាល​ទៅ​អ្នក​ផ្សេង។ ឧបនាយក​រដ្ឋមន្ត្រី​ទី​1​ លោក Andrei Belousov ត្រូវ​បាន​ប្រធានាធិបតី​ Vladimir Putin តែង​តាំង​ជា​នាយក​រដ្ឋមន្ត្រី​ស្ដី​ទី​។

    ប្រទេស​រុស្ស៊ី គិត​មក​ដល់​បច្ចុប្បន្ន មាន​អ្នក​ជំងឺ​COVID-19សរុប​ ជាង​114,000​នាក់ ឈរ​លំដាប់​ទី​8​ក្នុង​ពិភពលោក​ ក្នុង​នោះ​មាន​អ្នក​ជំងឺ​ជាង​1,100​នាក់​បាន​បាត់​បង់ជីវិត​ ដែល​ភាគ​ច្រើន​នៅ​រដ្ឋ​ធានី​ម៉ូស្គូ និង​ទី​ក្រុង​ St. Petersburg។ ប្រទេស​នេះ​ បាន​ធ្វើ​តេស្ត​រក​មេរោគ​កូរ៉ូណា ប្រមាណ​ជា​3.7​លាន​លើក​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • មនុស្ស​ជាង​239,000​នាក់បាន​​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ទូទាំង​ពិភពលោក

    មនុស្ស​ជាង​239,000​នាក់បាន​​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ទូទាំង​ពិភពលោក

    សកល​លោក​ទាំង​មូល​មាន​អ្នក​ស្លាប់​ជាង​239,000​នាក់​​នៅ​ក្នុង​ចំណោម​អ្នក​ជំងឺ​COVID-19 ជិត​3.4​លាន​នាក់ ខណៈ​ដែល​ប្រទេស​ជា​ច្រើន​បាន​ចាប់​ផ្ដើម​ដក​បម្រាម​គោចរ​ ឬ​បន្ធូរ​បន្ថយ​ការ​រឹត​ត្បិត​លើ​ការ​ដើរ​ហើរ​។

    ទិន្ន​ន័យ​នៅ​លើ​ Worldometers ដែល​ជា​គេហ​ទំព័រ​ផ្ដល់​ស្ថិតិ​ទាន់​ហេតុ​ការណ៍​​​ស្ដី​អំពី​​តួលេខ​អ្នក​ជំងឺ​COVID-19 បង្ហាញ​ថា​ នៅ​ទូទាំង​ពិភពលោក​ មាន​មនុស្ស​ប្រមាណ​ជា3,395,780​​នាក់​បាន​ឆ្លង​វីរុស​កូរ៉ូណា​ និង​239,350​នាក់​បាន​ស្លាប់​ដោយ​សារ​​វីរុស​នេះ​។ អ្នក​ជំងឺ​កើន​146,113​នាក់ និង​អ្នក​ស្លាប់​កើន​6,414​នាក់ បើ​ធៀប​ជាមួយ​នឹង​ម្សិល​មិញ​។ អ្នក​ជំងឺ​ដែល​បាន​ជា​សះស្បើយ​មាន​ចំនួន​1,079,557​នាក់​។

    នៅ​ទ្វីប​អឺរ៉ុប តួលេខ​នៃ​អ្នក​ជំងឺ​COVID-19 បាន​ឡើង​ដល់​ 1,399,063​នាក់​ ខណៈ​អាមេរិក​ខាង​ជើង​មាន​អ្នក​ជំងឺ​​1,226,668​នាក់​ ទ្វីប​អាស៊ី​មាន​​533,842​នាក់ អាមេរិក​ខាង​ត្បូង​មាន​​190,099​នាក់ និង​ទ្វីប​អាហ្វ្រិក​មាន​អ្នក​ជំងឺ​តិច​ជាង​គេ​ គឺ​​41,537​នាក់​។

    បណ្ដា​ប្រទេស​ដែល​មាន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​COVID-19 លើស​ពី​20,000​នាក់ រួម​មាន​5​ប្រទេស​​៖

    1.សហរដ្ឋ​អាមេរិក​​៖ អ្នក​ស្លាប់​សរុប​ 65,753​នាក់​ និង​អ្នក​ជំងឺ​សរុប​ 1,131,030​នាក់​។
    2.អ៊ីតាលី​៖ អ្នក​ស្លាប់​សរុប​ 28,236​នាក់ និង​អ្នក​ជំងឺ​សរុប​ 207,428​នាក់​។
    3.អង់គ្លេស​៖ អ្នក​ស្លាប់​សរុប​ 27,510​នាក់ និង​អ្នកជំងឺ​សរុប​ 177,454​នាក់់។
    4.អេស្ប៉ាញ​៖ ​អ្នក​ស្លាប់​សរុប​ 24,824នាក់ និង​អ្នក​ជំងឺ​សុរប​ 242,988​នាក់
    5.បារាំង៖ អ្នក​ស្លាប់​សរុប​ 24,594​​នាក់ និង​អ្នក​ជំងឺ​សរុប​ 167,346នាក់​

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • ទីរួម​ស្រុក​1របស់​អ៊ីតាលី បោះ​ពុម្ភ​ក្រដាស​ប្រាក់​ដោយ​ឡែក​ ដើម្បីឱ្យ​ប្រជា​ជន​ចាយ បំណង​ជួយ​ពួក​គេ​​ឆ្លង​កាត់​វិបត្តិ​សុខភាព​Covid-19

    ទីរួម​ស្រុក​1របស់​អ៊ីតាលី បោះ​ពុម្ភ​ក្រដាស​ប្រាក់​ដោយ​ឡែក​ ដើម្បីឱ្យ​ប្រជា​ជន​ចាយ បំណង​ជួយ​ពួក​គេ​​ឆ្លង​កាត់​វិបត្តិ​សុខភាព​Covid-19

    ទីរួម​ស្រុក​តូច​មួយ​នៅ​ប្រទេស​អ៊ីតាលី​ បាន​បោះ​ពុម្ភ​ក្រដាស​ប្រាក់​ដោយ​ឡែក​របស់​ខ្លួន​ ដើម្បី​រួម​ចំណែក​ជួយ​ដល់​ប្រជា​ជន​ក្នុង​តំបន់​នេះ​ ដែល​ពួក​គេ​កំពុង​ជួប​កា​រលំបាក​ដោយ​សារ​ផល​ប៉ះពាល់​ពី​មេរោគ​COVID-19​។

    ការ​បោះ​ពុម្ភ​ក្រដាស​ប្រាក់​ដោយ​ឡែក​បែប​នេះ ជួយ​ឱ្យ​ប្រជា​ជន​ប្រមាណ​ជា​550​នាក់​នៅ​ទី​រួមស្រុក​ Castellino del Biferno នៅ​ភាគ​ត្បូង​ប្រទេស​អ៊ីតាលី មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ទិញ​ដូរ​​សម្ភារ​សំខាន់​ៗ​ក្នុង​បណ្ដា​ហាង​ទំនិញ​នៅក្នុង​មូលដ្ឋាន​។​

    អភិបាល​ទីរួម​ស្រុក​ Castellino del Biferno លោក Enrico Fratangelo ថ្លែង​ថា “យើង​សម្រេច​ចិត្ត​បោះ​ពុម្ភ​ក្រដាស​ប្រាក់​នេះ​គឺដើម្បី​ធានា​ឱ្យ​សេដ្ឋ​កិច្ច​ក្នុង​មូលដ្ឋាន​ អាច​ទប់​ទល់​ជាមួយ​នឹង​ឥទ្ធិពល​របស់​ស្ថាន​ភាព​នេះ​(វិបត្តិ​សុខភាព​ COVID-19)។

    ក្រដាស​ប្រាក់​ Ducati ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​ទិញ​ដូរ​ស្បៀង​អាហារ​ និង​របស់​របរ​ប្រើ​ប្រាស់​ចាំបាច់​ផ្សេង​ទៀត​នៅ​ក្នុង​ហាង​ទំនិញ​ដែល​ស្ថិត​ក្នុង​ទី​រួម​ស្រុក​។ តម្លៃ​នៃ​ក្រដាស​ប្រាក់​ Ducati នេះ គឺ​ស្មើ​នឹង​តម្លៃ​ក្រដាស​ប្រាក់​ EUR ក្នុង​នោះ​​​ក្រដាស​ប្រាក់​ដែល​មាន​តម្លៃទាប​បំផុត​គឺ 5Ducati ដែល​ស្មើ​នឹង​5 EUR។

    ទីរួម​ស្រុក​1របស់​អ៊ីតាលី បោះ​ពុម្ភ​ក្រដាស​ប្រាក់​ដោយ​ឡែក​ ដើម្បីជួយ​ប្រជាជន​ឆ្លង​កាត់​វិបត្តិ​សុខភាព​Covid-19
    អភិបាល​ទីរួម​ស្រុក​ Castellino del Biferno លោក Enrico Fratangelo

    ក្រដាស​ប្រាក់​ Ducati ត្រូវ​បាន​បោះ​ពុម្ភ​នៅក្នុង​ហាង​ថត​ចម្លង​(photocopy) ក្នុង​ទីរួម​ស្រុក​ បន្ទាប់​មក​ត្រូវ​បាន​ក្រុម​ប្រឹក្សា​ទីរួម​ស្រុក​បោះ​ត្រា​ពី​លើ​ដើម្បី​ធានា​អំពី​តម្លៃ​របស់​វា​។ ការបោះ​ពុម្ភ​ក្រដាស​ប្រាក់​នេះ ពិត​ជា​មាន​ភាព​ស្រប​ច្បាប់​ ព្រោះ​វា​គោរព​ទៅ​តាម​ការ​កំណត់​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​អ៊ីតាលី​អនុម័ត​យល់​ព្រម​កាល​ពី​ឆ្នាំ​2018។

    គិត​មក​ដល់​បច្ចុប្បន្ន ​ក្រដាស​ប្រាក់​ Ducati រាប់ពាន់​សន្លឹក​ត្រូវ​បាន​បោះ​ពុម្ភ​ និង​ចែក​ចាយ​ដល់​ប្រជា​ជន និង​អាជីវ​ករ​នៅក្នុង​ទីរួម​ស្រុក​។ រៀង​រាល់​2សប្ដាហ៍ម្ដង ក្រុម​អ្នក​រកស៊ី និង​ប្រជា​ជន​នឹង​យក​ក្រដាស​ប្រាក់​ Ducati ដែល​ពួក​គេ​រក​បានតាម​រយៈ​ការ​ជួញ​ មក​ប្រគល់​ជូន​ក្រុម​ប្រឹក្សា​ទីរួម​ស្រុក​ ហើយពួកគេ​​នឹង​ទទួល​បានក្រដាស​​ប្រាក់ EUR​ ដែល​មាន​តម្លៃ​ដូច​គ្នា​ត្រឡប់​ទៅ​វិញ​។

    ទីរួម​ស្រុក​ Castellino del Biferno ទទួល​បាន​ជំនួយ​ជា​ថវិកា​5,500​ EUR ពី​រដ្ឋាភិបាល​ដើម្បី​ចែក​ប័ណ្ណ​ទទួល​អាហារ​ដល់​គ្រួ​សារ​ក្រី​ក្រ និង​គ្រួ​សារ​ដែល​រង​គ្រោះ​ដោយ​សារ​ COVID-19។ ទីរួម​ស្រុក​នេះ​ត្រូវ​ប្រើ​ប្រាស់​​ខ្ទង់​ប្រាក់​សន្សំ​ និង​បោះ​ពុម្ភ​ក្រដាស​ប្រាក់ Ducati សម្រាប់​ជួយ​ដល់​គ្រួ​សារ​ជាង​200​ នៅ​​ក្នុង​ទីរួម​ស្រុក​ Castellino del Biferno នេះ​។

    ទីរួម​ស្រុក​1របស់​អ៊ីតាលី បោះ​ពុម្ភ​ក្រដាស​ប្រាក់​ដោយ​ឡែក​ ដើម្បីជួយ​ប្រជាជន​ឆ្លង​កាត់​វិបត្តិ​សុខភាព​Covid-19
    ក្រដាស​ប្រាក់​ Ducati របស់​ទីរួម​ស្រុក​​ Castellino del Biferno នៅ​ប្រទេស​អ៊ីតាលី

    អភិបាល​ទីរួម​ស្រុក​​Castellino del Biferno យល់​ថា​ ក្រៅ​ពី​ការ​ជួយ​ដល់​ពលរដ្ឋ​ក្នុង​ការ​ទិញ​ដូរ​របស់​របរ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ ក្រដាស​ប្រាក់​ Ducati នេះ​ ក៏​អាច​ជួយ​ឱ្យ​ប្រជា​ជន​ក្នុង​តំបន់​មាន​អារម្មណ៍​ល្អ​ និង​ស្និទ្ធ​ស្នាល​ជាមួយ​នឹង​ទីកន្លែង​ដែល​ពួកគេ​កំពុង​រស់​នៅ​ ដោយ​អាជ្ញាធរ​ទីរួម​ស្រុក​នេះ បាន​​បោះ​ពុម្ភ​រូប​ភាព​នានា​ដែល​ជា​និមិត្ត​រូប​របស់​ទីរួម​ស្រុក​ ​នៅ​លើ​ក្រដាស​ប្រាក់ ​Ducati៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • កូរ៉េខាង​ត្បូង​៖ ជាលើក​ដំបូង​ដែល​មិន​មាន​​ករណី​ឆ្លង​​COVID-19ថ្មី​​ក្នុង​ស្រុក​ ក្រោយ​ចំណាយ​​ពេលអស់​​2​ខែ​ក្នុង​ការ​ធ្វើ​ “សង្គ្រាម​ជីវសាស្ត្រ”

    កូរ៉េខាង​ត្បូង​៖ ជាលើក​ដំបូង​ដែល​មិន​មាន​​ករណី​ឆ្លង​​COVID-19ថ្មី​​ក្នុង​ស្រុក​ ក្រោយ​ចំណាយ​​ពេលអស់​​2​ខែ​ក្នុង​ការ​ធ្វើ​ “សង្គ្រាម​ជីវសាស្ត្រ”

    កូរ៉េខាង​ត្បូង​ថ្ងៃ​នេះ​ បាន​ប្រកាស​ថា​ រក​ឃើញ​អ្នកជំងឺ​ថ្មី​ចំនួន​4ករណី​បន្ថែម​ទៀត ប៉ុន្តែ​ទាំង​នេះ​សុទ្ធ​តែ​ជា​អ្នក​ជំងឺ​ “នាំ​ចូល” (អ្នក​ជំងឺ​មក​ពី​បរទេស​)​ ដូច្នេះ​ ថ្ងៃ​នេះ​គឺ​ជា​លើក​ដំបូង​ហើយ​ដែលកូរ៉េ​ខាង​ត្បូង​​មិន​មាន​ករណី​ឆ្លង​វីរុស​កូរ៉ូណា​នៅ​ក្នុង​ស្រុក​ រាប់ចាប់​ពី​ថ្ងៃទី​29​មីនា​មក​ដល់​បច្ចុប្បន្ន​។

    មជ្ឈមណ្ឌល​គ្រប់គ្រង​ និង​ទប់​ស្កាត់​ជំងឺ​របស់​កូរ៉េខាង​ត្បូង KCDC (Korea Centers for Disease Control and Prevention) ថ្ងៃនេះ​ក៏​បាន​ឱ្យ​ដឹង​ថា តួលេខ​សរុប​នៃ​អ្នក​បាន​ឆ្លងវីរុស​COVID-19 ក្នុង​ប្រទេស​នេះ​ កើន​ឡើង​ដល់​10,765​នាក់ ក្នុង​នោះ​មាន​247​នាក់​បាន​ស្លាប់។ អ្នក​ស្លាប់​កើន​1ករណី​បើ​ធៀប​នឹង​ម្សិល​មិញ​។

    KCDC បាន​ឱ្យ​ដឹង​ដែរ​ថា​ អ្នក​ជំងឺ​ថ្មី​ចំនួន​4ករណី​នេះ ក៏ជា​តួលេខ​ទាប​បំផុត​ក្នុង​អំឡុង​2ខែ​មក​នេះ​។ អ្នក​ជំងឺ​COVID-19 ដែល​បាន​ជា​សះ​ស្បើយ​នៅ​​កូរ៉េខាង​ត្បូង​ មានចំនួន​9,059​នាក់​។

    បើ​ទោះ​បី​ជា​មាន​សញ្ញា​បង្ហាញ​ថា COVID-19 កំពុង​ថម​ថយ​កម្លាំង​ហើយ​ក្ដី ប៉ុន្តែ​មន្ត្រី​សុខាភិបាល​កូរ៉េខាង​ត្បូង​នៅ​តែ​បង្ហាញ​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ខណៈ​ដែល​ទិវា​ពល​កម្ម​អន្តរជាតិ(1ឧសភា)​ និង​ទិវា​កុមារ​កូរ៉េ​(5ឧសភា) ជិត​ចូល​មក​ដល់៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ទូទាំង​សកល​លោក​មាន​​មនុស្ស​ជាង​227,000នាក់​​ស្លាប់​ដោយ​សារ​​វីរុស​​COVID-19

    ទូទាំង​សកល​លោក​មាន​​មនុស្ស​ជាង​227,000នាក់​​ស្លាប់​ដោយ​សារ​​វីរុស​​COVID-19

    ពិភពលោក​ទាំង​មូល​​​ មាន​អ្នក​ស្លាប់​ជាង​227,000​នាក់​ ក្នុង​ចំណោម​​អ្នក​ជំងឺ​​​COVID-19 ជិត​3.2​នាក់​ ក្នុង​នោះ​តំបន់​អឺរ៉ុប និង​អាមេរិកខាង​ជើង​ រង​គ្រោះ​ធ្ងន់​ធ្ងរជា​ងគេ​បំផុត​។

    ទិន្ន​ន័យ​ពី​សាកល​វិទ្យាល័យ​ Johns Hopkins បាន​ឱ្យ​ដឹង​ថា ​ប្រទេស​ និងដែន​ដី​ចំនួន​210​ក្នុងពិភពលោក បាន​រកឃើញ​អ្នក​ជំងឺ​COVID-19 ចំនួន​3,187,919​នាក់ ក្នុង​នោះ​មាន​​អ្នក​ស្លាប់​សរុប​227,177​នាក់​។ អ្នក​ជំងឺ​ថ្មី​មាន​ចំនួន​76,189​នាក់ និង​អ្នកស្លាប់​ថ្មី​មាន​ចំនួន​10,320​នាក់​ក្នុង​អំឡុង​24​ម៉ោង​ចុង​ក្រោយ​នេះ​។ អ្នកជំងឺ​ដែល​បាន​ជា​សះស្បើយ​ មាន​ចំនួន​ជិត​1​លាន​នាក់​។

    គិត​មក​ដល់​ព្រឹក​ថ្ងៃទី​30​មេសា​នេះ ទំព័រ WorldOMeters បាន​ឱ្យ​ដឹង​ថា តំបន់​ដែល​មាន​អ្នក​ជំងឺ​COVID-19 ច្រើន​ជាង​គេ​គឺ​ទ្វីប​អឺរ៉ុប ដោយ​មាន​អ្នកជំងឺ​សរុប​​1,347,380​នាក់​ ខណៈ​តំបន់​អាមេរិក​ខាង​ជើង​មាន​​1,150,083​នាក់​ អាស៊ី​មាន​​507,328​នាក់ អាមេរិក​ខាង​ត្បូង​មាន​​165,812​នាក់ និង​អាហ្វ្រិក​មាន​​37,663​នាក់​។

    ប្រទេស​ដែល​មាន​អ្នកជំងឺ​COVID-19 ច្រើន​ជាង​គេ​​ នៅ​តែ​ជា​សហរដ្ឋ​អាមេរិក​ ដោយ​មាន​អ្នក​ជំងឺ​សរុប​1,037,526​នាក់ ក្នុង​នោះ​មាន​អ្នក​ស្លាប់​សរុប​60,846​នាក់​។ អ្នក​ជំងឺ​ថ្មីនៅ​ប្រទេស​នេះ​មាន​25,926​នាក់ និង​អ្នក​ស្លាប់ថ្មី​មាន​2,503​នាក់​។

    អេស្ប៉ាញ​៖ អ្នក​ជំងឺ​ថ្មី​4,771​នាក់ និង​អ្នក​ស្លាប់​ថ្មី​453នាក់។ អ្នក​ជំងឺ​សរុប​នៅ​ប្រទេស​នេះ​មាន​ 236,899​នាក់ និង​អ្នក​ស្លាប់​សរុប​24,275​នាក់​។

    អ៊ីតាលី​៖ អ្នក​ជំងឺ​ថ្មី​2,086​​នាក់ និង​អ្នក​ស្លាប់​ថ្មី​323​នាក់​។ អ្នក​ជំងឺ​សរុប​203,591​នាក់​ និង​អ្នក​ស្លាប់​សរុប​27,682​នាក់​៕

    ប្រភព៖​ សារ​ព័ត៌មាន​បរទេស​

  • ឥស្លាម​សាសនិក​រាប់​រយ​នាក់​នៅ​ឥណ្ឌូនេស៊ី​ ប្រជ្រៀត​គ្នា​អង្គុយ​បួង​សួង​កណ្ដាល​COVID-19 ដោយ​មិន​បាន​ពាក់​ម៉ាស់

    ឥស្លាម​សាសនិក​រាប់​រយ​នាក់​នៅ​ឥណ្ឌូនេស៊ី​ ប្រជ្រៀត​គ្នា​អង្គុយ​បួង​សួង​កណ្ដាល​COVID-19 ដោយ​មិន​បាន​ពាក់​ម៉ាស់

    ឥស្លាម​សាសនិក​រាប់​រយ​នាក់​ បាន​អង្គុយ​ប្រជ្រៀត​​គ្នា​​នៅក្នុង​ពិធីបុណ្យ​​បួង​សូង​ Ramadan នៅ​ឯវិហារ​ Baiturrahman នៃ​ប្រទេស​ឥណ្ឌា​នេស៊ី​ បើ​ទោះ​ជា​មាន​ការ​ព្រួយ​បារម្ភ​អំពី​វីរុស​COVID-19យ៉ាង​ណា​ក៏ដោយ​។

    សាសនិក​ទាំង​នេះ​បាន​នាំ​គ្នា​លាង​សម្អាត​ដៃ​ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង​រាលដាល​មេរោគ​កូរ៉ូណា​នៅ​មុន​ពេល​ចាប់​ផ្ដើម​បួង​សួង​​នៅ​ឯវិហារ Baiturrahman Grand ក្នុង​ទីក្រុង​ Banda Aceh នៃ​ខេត្ត​ Aceh កាល​ពី​ទី​28​មេសា​។ ពួកគេ​បាន​ពាក់​ម៉ាស់​គ្រប់​គ្នាក្នុង​ពេល​ធ្វើ​ដំណើរ​មក​កាន់​វិហារ​ ក៏ប៉ុន្តែ នៅ​​ពេល​សូត្រ​ធម៌​បួង​សួង​ ពួកគេ​បែរ​ជា​ដោះ​ម៉ាស់​ចេញ​ទាំង​អស់​គ្នា​ទៅ​វិញ​។

    Umar ​ជា​អ្នក​កាន់​សាសនា​ឥស្លាម​ម្នាក់​ដែល​​បាន​មក​ចូល​រួមពិធី​បុណ្យ​នេះ​និយាយ​ថា “ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​មិន​បាន​ធ្វើ​អ្វី​មួយ​ពេញ​លេញ​ បើ​សិន​មិន​បាន​មក​បួង​សួង​នៅ​វិហារ​នេះ​”។ Umar ​ថា គាត់​សម្រេច​ចិត្ត​មក​ចូលរួម​បួង​សួង​នឹង​គេ​ដែរ ប៉ុន្តែ​គាត់​ថា គាត់​ត្រូវ​តែ​ពាក់​ម៉ាស់​ដើម្បី​គោរព​តាម​ការ​ណែនាំ​របស់​រដ្ឋាភិបាល​។

    ទិដ្ឋ​ភាព​នេះ​ផ្ទុយ​ស្រឡះ​ពី​ពិធី​បុណ្យ​ Ramadan កាល​ពី​ពេល​កន្លង​មក ដោយ​សារ​វិហារ​នៅ​ Banda Acehនេះ កាល​ពី​ឆ្នាំ​មុន​ៗ​គឺ​មាន​សាសនិក​រាប់​ពាន់​នាក់​ចូល​មក​បួង​សួង​ ហើយ​មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​នៅ​ខាង​ក្រៅ​វិហារ​។ ចំណែក​ឆ្នាំ​នេះ​ មាន​សាសនិក​មក​ចូល​រួម​ប្រហែល​ត្រឹម​400​នាក់​ប៉ុណ្ណោះ​។ ពួក​គេ​មិន​ប្រជ្រៀត​គ្នា​ ប៉ុន្តែ​ក៏​មិន​បាន​រក្សា​គំលាត​ពី​គ្នា​ទៅ​តាម​វិធាន​ទប់​ស្កាត់ COVID-19 ​របស់​រដ្ឋាភិបាល​នោះ​ដែរ​។

    ក្រសួង​កិច្ច​ការសាសន​របស់​ឥណ្ឌូនេស៊ី បាន​ចេញ​សេចក្ដី​ណែនាំ​ឱ្យ​ពលរដ្ឋ​ធ្វើ​ការ​បួង​សួង​នៅ​ឯផ្ទះ ទន្ទឹម​នឹង​ការ​ណែនាំ​ឱ្យ​ធ្វើ​ការ​ពី​ចម្ងាយ​។ ក្រុម​ប្រឹក្សា​ Ulema ដែល​ស្ថាប័ន​ជាតិ​គ្រប់​គ្រង​ឥស្លាម​សាសនា​​របស់​ប្រទេស​នេះ ក៏​បាន​ហាម​មិន​ឱ្យ​ក្រុម​សាសនិក​ប្រមូល​ផ្ដុំ​គ្នា​​ដើម្បី​បួង​សួង​នៅ​តំបន់​ដែល​មានវត្តមាន​របស់ COVID-19 នោះ​ឡើយ​។ ក៏ប៉ុន្តែ បម្រាម​នេះ​ហាក់​មិន​មាន​ប្រសិទ្ធ​ភាព​។

    ឥណ្ឌូនេស៊ី​គឺជា​សម្បុក​មេរោគ​កូរ៉ូណា​COVID-19 ធំជាង​គេ​លំដាប់​ទី​2​នៅ​អាស៊ី​អាគ្នេយ៍​ ប៉ុន្តែប្រទេស​នេះ​​មាន​អត្រា​ស្លាប់​ដោយ​សារ​វីរុស​នេះ​ខ្ពស់​ជាង​គេ​បង្អស់​។ ឥណ្ឌូនេស៊ី​ មាន​អ្ន​ក​ជំងឺ​ COVID-19 សរុប​ជាង​9,500​នាក់​ ក្នុង​នោះ​មាន​775​នាក់​បាន​ស្លាប់​។ ទីក្រុង​Jakarta មាន​អ្នក​ស្លាប់​ដល់​ទៅ​ជាង​370​​នាក់​ ក្នុង​ចំណោម​អ្នកជំងឺ​​ជាង​4,000​នាក់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស