Tag: អ្នកមាន

  • Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ៥ ជារថយន្តមានសុវត្ថិភាពបំផុត!

    Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ៥ ជារថយន្តមានសុវត្ថិភាពបំផុត!

    កន្លងទៅថ្មីៗនេះ រថយន្ត Next-Generation Ford Ranger ត្រូវបានផ្លាស់ប្តូររូបរាងថ្មី និងកំណែទម្រង់ថ្មីទាំង​ស្រុងដែលមានភាពហាប់ណែន រឹងមាំជាមុន និងរួមទាំងបូក​បញ្ជូល​​​នូវ​ប្រព័ន្ធសុវត្ថិភាពទំនើបៗជាច្រើន​ទៀត រហូតដល់បានជាប់ជារថយន្តPick-Up សុវត្ថិភាពបំផុត ក្រោមការធ្វើតេស្តសុវត្ថិភាពកម្រិតខ្ពស់ពីកម្មវិធីវាយតម្លៃរថយន្តថ្មីរបស់សហភាពអឺរ៉ុប EuroNCAP ​(European New Car Assessment Programme)​ និង ការធ្វើតេស្តសុវត្ថិភាពកម្រិតខ្ពស់ពីកម្មវិធីវាយតម្លៃរថយន្តថ្មីរបស់អូស្រ្តាលី​ និងនូវែលសេឡង់ ANCAP (Australasian New Car Assessment Programme)​ ដោយទទួលបានលទ្ធផលចំណាត់ថ្នាក់ផ្កាយ៥ ទៅលើប្រព័ន្ធសុវត្ថិភាពរបស់រថយន្ត សម្រាប់ប្រព័ន្ធការពារអ្នកបើកបរ ប្រព័ន្ធការពារអ្នករួមដំណើរ និងប្រព័ន្ធបញ្ចៀសគ្រោះថ្នាក់។

    រថយន្ត Next-Generation Ford Ranger ត្រូវបានធ្វើតេស្តទៅតាមសុវត្ថិភាពកម្រិតខ្ពស់នៃស្តង់ដារអឺរ៉ុប និងធ្វើតេស្តទៅតាមសុវត្ថិភាពកម្រិតខ្ពស់នៃស្តង់ដារអូស្រា្តលី និងនូវែលសេឡង់ផងដែរ ដូចជាការធ្វើតេស្តសម្រាប់អ្នកធ្វើដំណើរ ការធ្វើតេស្តសម្រាប់កុមារ ការធ្វើតេស្តសម្រាប់សុវត្ថិភាពអ្នកថ្មើរជើង និង ការធ្វើតេស្តសម្រាប់ប្រព័ន្ធសុវត្ថិភាពផ្សេងៗរបស់រថយន្ត។ សម្រាប់ការធ្វើតេស្តសុវត្ថិភាពរបស់អ្នកធ្វើដំណើរ និង​ការធ្វើតេស្តសុវត្ថិភាពសម្រាប់កុមារ គឺគេធ្វើតេស្តទៅលើការបុកប៉ះ និងគ្រោះថ្នាក់ផ្សេងៗ​​ ដែលអាចកើតឡើងពីគ្រប់ស្ថានភាព ដើម្បីធានានូវសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់រថយន្តរួមទាំងផ្តល់នូវទំនុកចិត្តដល់អ្នកមានបំណងចង់ទិញរថយន្ត។​ លើសពីនេះទៅទៀតក៏មាន ការធ្វើតេស្តសម្រាប់ប្រព័ន្ធសុវត្ថិភាពផ្សេងៗរបស់រថយន្ត ដើម្បីបញ្ចៀសគ្រោះថ្នាក់សម្រាប់អ្នកបើកបរ និងឧបសគ្គផ្សេងៗ ក្រោយការធ្វើតេស្តរួច នោះទទួលបានលទ្ធផលល្អបំផុតសម្រាប់ប្រភេទរថយន្ត​ Pick-Up​   ដោយលទ្ធផលទាំងអស់នេះ គឺបូករួមទៅលើគ្រប់ម៉ូដែលនៃរថយន្ត Next-Generation Ford Ranger។

    មូលហេតុដែលរថយន្ត Next-Generation Ford Ranger ទទួលបានលទ្ធផលល្អបំផុតបែបនេះ ដោយសារតែ រថយន្ត Next-Generation Ford Ranger គឺបានបំពាក់នូវប្រព័ន្ធសុវត្ថិភាពដ៏ឆ្លាតវៃជាច្រើនដូចជា ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរឆ្លងកាត់ និងប្រព័ន្ធចាប់ហ្រ្វាំងបន្ទាន់ដោយស្វ័យប្រវត្ត ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលថយក្រោយ និងប្រព័ន្ធចាប់ហ្រ្វាំងបន្ទាន់ពេលថយក្រោយដោយស្វ័យប្រវត្ត ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ផ្នែកចំហៀង និងខាងក្រោយរថយន្ត ដោយសេនសឺផ្នែកខាងមុខ និងសេនសឺផ្នែកខាងក្រោយចំនួន ៨គ្រាប់ ដែលផ្តល់នូវទំនុកចិត្តដល់អតិថិជនប្រើប្រាស់ និងសាធារណជនផងដែរ។

    សម្រាប់ការទំនាក់ទំនងផ្នែកលក់ និង បើកបរសាកល្បងរថយន្ត Next Generation Ford Ranger សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 078 333 748 និង 016 333 785។

  • ថៃ​នឹង​បញ្ចេញ​គោលនយោបាយ​ជំរុញ​ការ​ទិញ​ផ្ទះ​ស្នាក់នៅ​

    ថៃ​នឹង​បញ្ចេញ​គោលនយោបាយ​ជំរុញ​ការ​ទិញ​ផ្ទះ​ស្នាក់នៅ​

    ក្រសួង​ហិរញ្ញវត្ថុ​ថៃ ឱ្យ​ដឹង​ថា ប្រទេស​នេះ​នឹង​បញ្ចេញ​គោលនយោបាយ​ថ្មី​ជា​ច្រើន​ ដែល​​គាំទ្រ​ដល់​ទីផ្សារ​អចលន​ទ្រព្យ​ ដើម្បី​រួម​ចំណែក​ស្ដារ​សេដ្ឋកិច្ច​ជាតិ​។

    ក្រសួង​ហិរញ្ញវត្ថុ​ថៃ គ្រោង​នឹង​ដាក់​សំណើ​ស្ដី​ពី​ការ​បន្ថយ​ការ​ចំណាយ​ទៅ​លើ​សេវា​​ផ្ទេរ​សិទ្ធិ​កាន់​កាប់​អចលនទ្រព្យ ​ពី 2% ចុះ​មកនៅ​​ត្រឹម​ 0.01% សម្រាប់​ផ្ទះ​ដែល​មាន​តម្លៃ​ដល់ 7 លាន​បាត (ប្រហែល​ 190,890 ដុល្លារ​អាម៉េរិក​)​ ជូន​គណៈរដ្ឋមន្ត្រី​​នា​ពេល​ខាងមុខ​។

    ទន្ទឹម​នឹង​នេះ ថៃ​ក៏​អាច​នឹង​បន្ធូរ​បន្ថយ​ពន្ធ​ចំពោះ​អ្នក​ដែល​ចង់​សាងសង់​ផ្ទះ​ ព្រម​ទាំង​បន្ថយ​អត្រា​ការ​ប្រាក់​ចំពោះ​អ្នកមាន​ចំណូល​ទាប​​ដែល​ចង់​ខ្ចី​ប្រាក់​ទិញ​ផ្ទះ​ផងដែរ​។

    ស្ថាប័ន​ខាង​លើ​ក៏​នឹង​ដាក់​សំណើ​ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់​ដែល​ទាក់​ទង​នឹង​សិទ្ធិ​កាន់​កាប់​ផ្ទះ​របស់​ជន​បរទេស​។ ក្នុង​នោះ រយៈ​ពេល​នៃ​ការ​ជួល​ផ្ទះ​ អាច​នឹង​ត្រូវ​បាន​បន្ថែម​សុពលភាព​​ពី 30 ឡើង​ដល់ 99 ឆ្នាំ​ ព្រម​ទាំង​អាច​អនុញ្ញាត​ឱ្យ​ជន​បរទេស​ទិញ​ផ្ទះស្នាក់​នៅ​​ប្រភេទ​ខ្លះ​ទៀត​ផង​។

    ក្រុម​ហ៊ុន​ទិន្នន័យ​ Statista (អាល្លឺម៉ង់) បាន​គណនា​ឃើញ​ថា ទំហំ​​ទីផ្សារ​អចលនទ្រព្យ​នៅ​ប្រទេស​ថៃ នឹង​កើន​ឡើង​ដល់ជាង​ 2.5 ទ្រីលាន (2,500,000,000,000) ​ដុល្លារ​អាម៉េរិក​ ក្នុង​ឆ្នាំ​នេះ​។ ក្នុង​នោះ ទីផ្សារ​​ផ្ទះ​ស្នាក់​នៅ​មាន​តម្លៃ​សរុប​ជាង 2 ទ្រីលាន​ដុល្លារ​៕

  • ចង់​ធ្វើ​កិច្ចការ​ច្រើន​មុខ​ប៉ុន្តែ​មិនមាន​ពេល​គ្រប់គ្រាន់ គួរ​ធ្វើយ៉ាងណា?

    ចង់​ធ្វើ​កិច្ចការ​ច្រើន​មុខ​ប៉ុន្តែ​មិនមាន​ពេល​គ្រប់គ្រាន់ គួរ​ធ្វើយ៉ាងណា?

    គ្រប់គ្នា​សុទ្ធតែ​ចង់​ធ្វើ​កិច្ចការ​ជាច្រើន​ក្នុងអំឡុងពេល​តែមួយ តែ​គិត​ចុះ​គិត​ឡើង​ឃើញថា មិនមាន​ពេល​គ្រប់គ្រាន់​ដើម្បី​ធ្វើ​កិច្ច​ការ​​ទាំងនោះ។ ដំណោះស្រាយ​សម្រាប់​បញ្ហា​នេះ​ប្រាកដ​ជាមាន នោះ​គឺ «រៀប​ផែនការ…»។

    ការមិន​បាន​រៀប​ផែនការ​សម្រាប់​ការអនុវត្ត​គឺជា​កំហុស​ដ៏​ធំ ហើយ​ការដាក់​គោលដៅ​ខ្ពស់​ពេក​ក៏​រឹតតែ​ធ្វើឱ្យ​អ្នក​ច្របូកច្របល់ និង​ឆាប់​អស់សង្ឃឹម។ ចុងក្រោយ មិនដឹង​ត្រូវ​ចាប់ផ្ដើម​ដោយ​របៀប​ណា។

    ដើម្បី​ដោះស្រាយ​បញ្ហា​នេះ អ្នក​អាច​សាកល្បង​បែងចែក​គោលដៅនីមួយៗឱ្យដាច់​ដោយឡែក​ពីគ្នា និង​អនុវត្ត​ទៅតាម​កាល​វេលា​ជាក់លាក់ និង​ទៀងទាត់។ ឧទាហរណ៍​ថា អ្នកមាន​គោលដៅធំៗចំនួន​បី​ដែល​ត្រូវតែ​ធ្វើឱ្យបាន​រៀងរាល់​សប្ដាហ៍ រួមមាន សម្រក​ទម្ងន់ រៀន​ជំនាញ​ថ្មី និង​អាន​សៀវភៅ។ ដូច្នេះ​អ្នក​គួរ​កំណត់ថា ថ្ងៃ​ចន្ទ ពុធ សុក្រ ត្រូវ​ហាត់ប្រាណ ខណៈដែល​ថ្ងៃ​អង្គារ ព្រហស្បតិ៍ សៅរ៍​រៀន​ជំនាញ និង​ចុង​សប្ដាហ៍​អាន​សៀវភៅ។

    បន្ទាប់ពី​ចេញពី​ធ្វើការ អ្នកណា​ក៏​អស់កម្លាំង​ខ្លាំង ដូច្នេះ​ការរៀប និង​អនុវត្តតាម​ផែនការ តាម​កាលវិភាគ​ឱ្យបាន​​ច្បាស់លាស់ និង​ម៉ឺងម៉ាត់ គឺជា​រឿង​សំខាន់។ ធ្វើបាន​ដូច្នេះ អ្នក​ប្រាកដជា​សម្រេចបាន​គោលដៅ​ដោយ​មិនមាន​ការលំបាក​ខ្លាំង៕

  • ប្អូនស្រីរបស់​លោក Elon Musk ថា «ជាបងប្អូន​នឹង​អ្នក​មាន​ជាង​គេ​លើ​លោក ​គឺ​ជា​កាំបិត​មុខពីរ»

    ប្អូនស្រីរបស់​លោក Elon Musk ថា «ជាបងប្អូន​នឹង​អ្នក​មាន​ជាង​គេ​លើ​លោក ​គឺ​ជា​កាំបិត​មុខពីរ»

    Tosca ដែលជា​ប្អូនស្រី​របស់លោក Elon Musk និយាយថា ត្រូវ​ចំណាយ​លើ​ថ្លៃ​ជួល​ខ្ពស់​ជាងគេ​នៅពេល​ម្ចាស់​ទីតាំង​ថតកុន​ដឹងថា អ្នកស្រី​មានត្រកូល​ដូច​អ្នកមាន​ទ្រព្យ​ច្រើនជាងគេ​លើ​ពិភពលោក។

    Tosca Musk ដែលជា​ផលិតការិនី​​ភាពយន្ត បានឱ្យដឹងថា នាម​ជា​ប្អូន​របស់​មហាសេដ្ឋី​អាម៉េរិក ​គឺជា «សំណាងល្អ ប៉ុន្តែ​ក៏​ជា​រឿង​អាក្រក់»។ ប្រការនេះ​បាន​លេចឡើង​នៅពេល​អ្នកស្រី​ជួល​ទីតាំង​ថតកុន​មួយកន្លែង​។

    «តំបន់​នោះ​មានតម្លៃ 5,000 ដុល្លារ/ថ្ងៃ។ ប៉ុន្តែ​ពេលឮ​ឈ្មោះ​ខ្ញុំ ម្ចាស់​ទីតាំង​នោះ​ក៏​ប្រាប់ថា តម្លៃ 25,000 ដុល្លារ» អ្នកស្រី Tosca រៀបរាប់​ដូច្នេះ និង​បន្ថែមថា «គ្រប់គ្នា​គិតថា បងប្រុស​របស់ខ្ញុំ​ចេញថ្លៃ​គ្រប់យ៉ាង​ឱ្យ​ខ្ញុំ ប៉ុន្តែ​តាមពិត មិន​ដូច្នោះ​ទេ»។

    អ្នកស្រី Tosca ឱ្យដឹងថា ជា​សាច់ញាតិ​របស់លោក Elon Musk ក៏​ជា «កាំ​បិតមុខ​ពីរ» ព្រោះថា ក្រៅ​ពី​​ជួយ​ដល់​ការកសាង​ទំនាក់ទំនង​ក្នុង​ការងារ ប្រការ​នេះ​​ក៏​ធ្វើឱ្យ​អ្នកស្រី​រង​សម្ពាធ​ច្រើន​ផងដែរ។ យ៉ាងណាក៏ដោយ អ្នកស្រី​និយាយថា ការ​មានត្រកូល Musk គឺជា​ភ័ព្វសំណាង ហើយ​អ្នកស្រី​មិន​ចង់​ប្ដូរផ្លាស់​ឡើយ។

    អ្នកស្រី Tosca កើន​ឆ្នាំ 1974 បន្ទាប់ពី​លោក Elon Musk និង​បងប្រុស​ម្នាក់ទៀត​គឺ Kimbal Musk។ យោងតាម​ទំព័រ IMDb អ្នកស្រី Tosca បានចាប់ផ្ដើម​មុខរបរ​ផលិត​ភាពយន្ត​តាំងពី​ឆ្នាំ 2001 ហើយ​មកដល់ពេលនេះ អ្នកស្រី​ផលិត​បាន​ជាង 50 រឿង។ អ្នកស្រី​ក៏​ជា​ស្ថាបនិក និង​ជា CEO របស់ Passionflix ដែលជា​ក្រុមហ៊ុន​ផលិត និង​ផ្គត់ផ្គង់​សេវាកម្ម​ផ្សាយ​ផ្ទាល់ ​ដែល​ជំនាញ​ខាង​មាតិកា​មនោសញ្ចេតនា។

    អ្នក​ស្រី Tosca Musk និង​លោក Elon Musk

    ទំព័រ Bloomberg ឱ្យដឹងថា លោក Elon Musk ដណ្ដើមបាន​តំណែង​ជា​អ្នកមាន​ទ្រព្យ​ច្រើនជាងគេ​​លើ​ពិភព លោក​ ពី​មហាសេដ្ឋី​បារាំង Bernard Arnault កាលពីដើម​ខែមិថុនា 2023 ដោយលោក Elon Musk មាន​ទ្រព្យ​សរុប 233 ពាន់​លាន​ដុល្លារ​អាម៉េរិក៕

  • វ៉ែនតា Vision Pro របស់ Apple អាច​ជំនួស​ថេ​ប្លេ​ត ទូរទស្សន៍ និង​រោងកុន

    វ៉ែនតា Vision Pro របស់ Apple អាច​ជំនួស​ថេ​ប្លេ​ត ទូរទស្សន៍ និង​រោងកុន

    វ៉ែនតា Vision Pro របស់ Apple បំពាក់​មុខងារពិសេសៗជាច្រើន​ដែលនាំឱ្យ​វា​មានតម្លៃ​រហូតដល់ 3,500 ដុល្លារ​អាម៉េរិក។

    នៅក្នុង​ព្រឹត្តិការណ៍ WWDC 2023 Apple បានបង្ហាញ Vision Pro ដែលជា​វ៉ែនតា​ពាក់​លើ​ក្បាល នាំមក​នូវ​បទពិសោធន៍​ពិត​ប្រកបដោយ​ភាព​ចម្រុះ (MR) សម្រាប់​អ្នកប្រើប្រាស់។ ដោយមាន​តម្លៃ​ឡើងដល់ 3,499 ដុល្លារ​អាម៉េរិក Vision Pro ទំនងជា​នឹងមិន​មានការ​ពេញនិយម​ឡើយ​នៅក្នុង​ស្រទាប់​ប្រជាជន​ក្រីក្រ។

    ក៏ប៉ុន្តែ សម្រាប់​អ្នកមាន​វិញ Vision Pro ប្រាកដជា​នឹង​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង។ ខាងក្រោម​នេះ​គឺជា​មុខងារ​មួយចំនួន​ដ៏​លេចធ្លោ​ដែល​អតិថិជន​នឹង​ទទួលបាន ពេល​មាន Vision Pro​ ៖

    – មុខងារ​ជ្រើសរើស​កម្មវិធី (App) ដោយ​ប្រើ​ភ្នែក ប្រើ​កាយវិការ​របស់​ដៃ និង​សំឡេង​ដើម្បី​បញ្ជាក់​វ៉ែនតា។ អ្នកប្រើប្រាស់​មិនបាច់​ចាប់​កាន់ និង​ប្រើប្រាស់ iPhone ដូច​មុន​ទៀតឡើយ។

    -​ មាន Vision Pro ដូច​ជាមាន​ទូរទស្សន៍​និម្មិត ហើយ​ទំហំ​របស់​វា​គឺ​អាស្រ័យ​លើ​ម្ចាស់​វ៉ែនតា​ជា​អ្នកកំណត់។

    – Vision Pro អាចបង្កើត​បរិយាកាស​ដែលមាន​រូបភាព​និម្មិត​តែ​ដូចពិតៗទៅតាម​ការបញ្ជា​របស់​ម្ចាស់។

    -​ វ៉ែនតា Vision Pro របស់ Apple បង្ហាញ​រូបភាព​ច្បាស់​ជាង​ទូរទស្សន៍ 4K ទៅទៀត ព្រមទាំង​មាន​អម​ជាមួយនឹង​កាស​ដែល​បំពាក់​បច្ចេកវិទ្យា​ទំនើប​បំផុត និង​មាន​គុណភាព​ខ្ពស់​ផងដែរ។

    ផលិតផល​ថ្មី​របស់ Apple នេះ ប្រាកដជា​ជួយ​ឱ្យ​យើង​គ្រប់គ្នា​មាន​លេស​ដើម្បី​ទទឹង​រង់ចាំ​បដិវត្តន៍​ថ្មី​​មួយ​នៅក្នុង​វិស័យ​បច្ចេកវិទ្យា​ពិភព​និម្មិត​ជំនាន់ X បន្ថែម​ពីលើ Augmented reality (AR), Virtual Reality (VR), Mixed Reality (MR) និង Extended Reality (XR)៕

  • «ប៉ាស៊ូ!» ៖ សម្រែក​លើកទឹកចិត្តរ​បស់​កុមារា សាន រតនៈ ចំពោះ​​ឪពុក កំពុង​អង្រួន​ចិត្ត​សប្បុរសជន

    «ប៉ាស៊ូ!» ៖ សម្រែក​លើកទឹកចិត្តរ​បស់​កុមារា សាន រតនៈ ចំពោះ​​ឪពុក កំពុង​អង្រួន​ចិត្ត​សប្បុរសជន

    នៅឯ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ កុមារា សាន រតនៈ យំ​ផង ស្រែក​គាំទ្រ​ផង ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​ឪពុក​ជា​អត្ត​ព​លិ​ក​ដែល​ប្រកួត​ក្នុង​វិញ្ញាសា​រត់​ចម្ងាយ 5,000 ម៉ែត្រ T46 នៃ​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី 12។

    ថ្វីបើ​អត្ត​ព​លិ​ក​ប៉ា​រ៉ា​អត្តពលកម្ម យី សុខសាន្ត មិន​ទទួលបាន​មេដាយ ប៉ុន្តែ ក្នុង​គ្រា​ដែល​ឪពុក​កំពុង​ប្រកួត និង​ពេល​បរាជ័យ កុមារា សាន រតនៈ យំ​ផង ស្រែក​គាំទ្រ​ផង ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​ឪពុក​ជា​អត្ត​ព​លិ​ក។

    សកម្មភាព​របស់​កុមារា សាន រតនៈ ដែល​ខំប្រឹង​លើកទឹកចិត្ត​ឪពុក បាន និង​កំពុង​បង្ក​ការចាប់អារម្មណ៍​ខ្លាំង​លើ​បណ្ដាញ​សង្គម​ក្នុង​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ។ មហាជន​ក៏មាន​ការ​ក្ដុកក្ដួល​ចិត្ត ដោយសារ​នឹក​អាណិត​ផង និង​សរសើរ​​ផង​ ចំពោះ​កុមារ​កម្សត់​រូបនេះ។

    កុមារា សាន រតនៈ កំពុងគាំទ្រចំពោះលោកឪពុក យី សុខសាន្ត

    ទន្ទឹមនឹង​ការគាំទ្រ​ដល់​សកម្មភាព​របស់ សាន រតនៈ នៅលើ​បណ្ដាញ​សង្គម​ក៏មាន​ស្ថាប័នឯកជន​ខ្លះ មានបំណង​ជួយ​ដល់​កុមារ​រូបនេះ ក្នុងនោះ​ក៏មាន សាលារៀន​សុវណ្ណ​ភូមិ ផងដែរ។

    នៅលើ​ទំព័រ​បណ្ដាញ​សង្គម​ផ្លូវការ សាលារៀន​សុវណ្ណ​ភូមិ បានសរសេរថា «តើ​លោក​អ្នកមាន​ស្គាល់​លេខ​ទំនាក់ទំនង​គាត់​ទេ? សាលារៀន​សុវណ្ណ​ភូមិ​កំពុង​ស្វែងរក អត្ត​ព​លិ​ក សាន រតនៈ ក្នុង​គោលបំណង​ជួយ​កូនប្រុស​អត្ត​ព​លិ​ក។ ក្មួយប្រុស​នឹងមាន​អនាគត​ល្អ​ជាមួយ​សាលារៀន​សុវណ្ណ​ភូមិ»។

    ប្រការ​ខាងលើនេះ​បាន​បញ្ជាក់ថា កុមារា​កម្សត់ សាន រតនៈ ដែលមាន​ឪពុក​ជា​អត្ត​ព​លិ​ក​ពិការ ឈ្មោះ យី សុខសាន្ត ប្រាកដជា​បាន​ជួបនឹង​សប្បុរសជន​នាពេលឆាប់ៗនេះ​មិន​ខាន៕

  • Destinus អភិវឌ្ឍ​យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង​ដើរ​ដោយ​ឥន្ធនៈ​​អ៊ីដ្រូសែន

    Destinus អភិវឌ្ឍ​យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង​ដើរ​ដោយ​ឥន្ធនៈ​​អ៊ីដ្រូសែន

    ក្រុមហ៊ុន Destinus រចនា​យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង​ដំណើរការ​ដោយ​អ៊ីដ្រូសែន អាច​ហោះ​ពី Frankfurt ទៅកាន់ Sydney ដោយ​ប្រើពេល​តែ​ជាង​បួន​ម៉ោង ឬ​ពី Memphis ទៅកាន់ Dubai ដោយ​ស៊ីពេល​តែ 3.5 ម៉ោង។

    រចនា​របស់ Destinus គឺ​យន្តហោះ​អ៊ីដ្រូសែន​មាន​ល្បឿន​លឿន​ជាង​សំឡេង​ប្រាំ​ដង ជួយ​កាត់បន្ថយ​ពេលវេលា​ធ្វើដំណើរ​បាន ¼ ធៀប​នឹង​យន្តហោះ​ពាណិជ្ជកម្ម​បច្ចុប្បន្ន។ នេះ​បើតាម CNN ចុះផ្សាយ​កាលពី​ថ្ងៃទី 04 ឧសភា។

    មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ប្រទេស​ស្វ៊ី​ស និង​មាន​បុគ្គលិក 120 នាក់​នៅ​អេ​ស្ប៉ា​ញ បារាំង និង​អាល្លឺម៉ង់ ក្រុមហ៊ុន Destinus ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ 2021 មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស។ យន្តហោះ​គំរូ​ដំបូង​ចំនួន​​ពីរ​កំណែ​​​របស់​ក្រុមហ៊ុន​នេះ​ បាន​ហោះហើរ​សាកល្បង​ដោយ​ជោគជ័យ និង​ជិត​ហោះ​សាកល្បង​ដោយ​ប្រើប្រាស់​អ៊ីដ្រូសែន។ តាម​គម្រោង យន្តហោះ​គំរូ​ដំបូង​ទី​បី​គឺ Destinus 3 នឹង​ហោះ​សាកល្បង​នៅ​ចុងឆ្នាំ​នេះ។

    Destinus ជ្រើសរើស​អ៊ីដ្រូសែន​ធ្វើជា​ឥន្ធនៈ ក៏​ព្រោះតែ​វា​ជា​ថាមពល​កកើតឡើង​វិញ​ ហើយ​​ការចំណាយ​ក្នុង​ការផលិត​ឥន្ធនៈ​នេះ​ក៏​​កាន់តែ​ទាប ថ្វីបើ​យន្តហោះ​អ៊ីដ្រូសែន​កំពុងស្ថិត​ក្នុងដំណាក់កាលដំបូងៗ ខណៈ​ម៉ាស៊ីន​ប្រតិកម្ម​អ៊ីដ្រូសែន​ក៏​នៅ​មិនទាន់​ត្រូវបាន​ប្រើ​ក្នុង​វិស័យ​ពាណិជ្ជកម្ម។

    «យើង​កំពុង​ប្រឹងប្រែង​ហោះ​ពី​អឺរ៉ុប​ទៅកាន់​អូស្ត្រាលី​ក្នុង​ល្បឿន Mach 5 (6,174 គីឡូម៉ែត្រ/ម៉ោង)។ ការប្រើប្រាស់ kerosense នឹង​ធ្វើឱ្យ​យន្តហោះ​ធ្ងន់ ខណៈដែល​ប្រើ​អ៊ីដ្រូសែន វា​នឹង​ស្រាល។ អ៊ីដ្រូសែន​ក៏មាន​ដង់ស៊ីតេ​ថាមពល​ខ្ពស់ជាង​ធៀប​នឹង​ឥន្ធនៈ​ប្រតិកម្ម​ធម្មតា» Martina Lofqvist ប្រធាន​ផ្នែក​អភិវឌ្ឍ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន Destinus អះអាង​ដូច្នេះ។

    គោលដៅ​យូរអង្វែង​របស់ Destinus គឺ​ការហោះហើរ​ដោយ​ប្រើប្រាស់​អ៊ីដ្រូសែន​ទាំងស្រុង និង​មិន​បំ​ភាយ​ឧស្ម័ន​ពុល។ ក៏ប៉ុន្តែ ក្នុង​រយៈពេល​ខ្លី Destinus នឹង​ប្រើប្រាស់​សាំង​យន្តហោះ​ធម្មតា ហើយ​ក្រោយមក​នឹង​ប្ដូរ​ទៅប្រើ​អ៊ីដ្រូសែន​សម្រាប់​ល្បឿន Mach 3 (3,704 គីឡូម៉ែត្រ/ម៉ោង)។

    Destinus 3 នឹង​ហោះ​ក្នុង​ល្បឿន​លឿន​ជាង​សំឡេង ហើយ​អាច​ប្រើប្រាស់​អ៊ីដ្រូសែន​នៅ​ឆ្នាំ 2024។ ឆ្នាំ 2030 Destinus នឹងដាក់​ឱ្យ​ដំណើរការ​យន្តហោះ​ដឹក​ភ្ញៀវ​ខ្នាតតូច​ដែល​អាចដាក់​អ្នកដំណើរ​បាន 25 នាក់ ផ្ដោតលើ​អតិថិជន​អ្នកមាន។ ឆ្នាំ 2040 កំណែ​ពេញ​លេញ​​នឹងត្រូវ​បាន​ចែកជា​ច្រើន​លំដាប់ ក្នុងនោះ​មាន​ទាំង​លំដាប់​សម្រាប់​អតិថិជន​ធម្មតា​ផងដែរ៕

  • ស្ត្រីមានគភ៌ដែលចាញ់កូនខ្លាំង កូននៅក្នុងផ្ទៃ ច្បាស់ជារឹងប៉ឹងខ្លាំងដែរ

    ស្ត្រីមានគភ៌ដែលចាញ់កូនខ្លាំង កូននៅក្នុងផ្ទៃ ច្បាស់ជារឹងប៉ឹងខ្លាំងដែរ

    តាមរយៈការពិនិត្យសម្រាប់ស្រ្តីមានផ្ទៃពោះ 85% ក្នុងអំឡុងត្រីមាសដំបូង នឹងមានអាការចាញ់កូនយ៉ាងខ្លាំងក្លា អ្នកខ្លះដល់ថ្នាក់ញ៉ាំអ្វីមិនបាន ញ៉ាំហើយក្អួតចេញមកវិញអស់ អ្នកខ្លះទៀតចាញ់កូនធ្ងន់ធ្ងរដល់ថ្នាក់ត្រូវទៅគេងព្យួរសេរ៉ូមនៅឯមន្ទីរពេទ្យក៏មាន…តែសូមជឿចុះថា អាការចាញ់កូនធ្ងន់ធ្ងររបស់អ្នកតាំងគភ៌នេះ គឺជាការបញ្ជាក់ឱ្យដឹងថា កូនមានសុខភាពរាងកាយរឹងមាំល្អតាំងពីនៅក្នុងពោះហ្នឹងឯង។

    លទ្ធផលនៃការតាមដានពិនិត្យមើលស្ត្រីមានគភ៌ជាង 850,000នាក់ បានឱ្យដឹងថា ស្រ្តីមានគភ៌ដែលមានអាការ​ចាញ់កូន មិនថាតែចាញ់ខ្លាំង ឬចាញ់តិចនោះទេ ច្រើនតែប្រសូតត្រូវចំកំណត់ពេល ហើយទារកដែលប្រសូតចេញមក ក៏មានសុខភាពរាងកាយរឹងមាំល្អដែរ តែសម្រាប់ស្ត្រីមានគភ៌ដែលគ្មានអាការចាញ់កូនសោះនោះ គិតជាភាគរយ 9.5% ច្រើនតែប្រសូតមុនពេលកំណត់ និងទារកខ្លះអាចនឹងស្លាប់បាត់បង់ជីវិតតាំងពីនៅក្នុងគភ៌ផងក៏មាន។

    អាការចាញ់កូនកើតឡើងបានចំពោះអ្នកមានគភ៌គ្រប់រូប កើតឡើងដោយសារតែការដែលអ័រម៉ូនក្នុងរាងកាយប្រែប្រួលយ៉ាងឆាប់រហ័ស រហូតធ្វើឱ្យរាងកាយត្រូវបញ្ជូនសញ្ញាអ្វីម្យ៉ាងចេញមក ដូចជា ក្អួត អស់កម្លាំងល្វើយ ចង់តែគេងសម្រាករហូត ឆាប់ទទួលដឹងក្លិនលឿនជាងសព្វដង មានកង្វល់ មិនសប្បាយក្នុងខ្លួន ជាដើម តែអាការចាញ់កូនទាំងនេះនឹងកើតធ្ងន់ធ្ងរចំពោះតែក្នុងត្រីមាសដំបូងប៉ុណ្ណោះ លុះឈានចូលដល់អំឡុងត្រីមាសទី2 អាការចាញ់កូនទាំងនេះនឹងបាត់អស់ទៅវិញ ឬមានអាការស្រួលខ្លួនឡើងវិញជាងមុន។ បើស្ត្រីមានគភ៌មានអាការចាញ់កូន មិនថាច្រើន ឬក៏តិចយ៉ាងណានោះទេ គួរតែប្រាប់ទៅគ្រូពេទ្យឱ្យបានដឹងគ្រប់ពេលដែលទៅពិនិត្យរាងកាយ ដើម្បីគ្រូពេទ្យនឹងបានវាយតម្លៃសុខភាពទារកក្នុងគភ៌របស់អ្នកម្តាយបាន។

    បើស្ត្រីមានគភ៌ម្នាក់ណាមានអាការចាញ់កូនខ្លាំង អាចញ៉ាំអាហារខាងក្រោមនេះ ដើម្បីសម្រាលអាការបាន ដូចជា ៈ

    1. ទឹកខ្ញីក្តៅៗ ឬត្រជាក់ ដែលមានរសជាតិផ្អែមតិចៗ។
    2. បែងអាហារដែលចង់ទទួលទានចេញជាពេលអាហារតូចៗ ដើម្បីទទួលទានក្នុងពេលថ្ងៃ។
    3. រៀបចំនំឃុកគី ឬនំគ្រែកឃើរ៍ ដុំតូចៗទុកយកមកញ៉ាំក្នុងពេលថ្ងៃ។
    4. ញ៉ាំទឹកឱ្យបានច្រើនៗ និងសម្រាករាងកាយឱ្យបានគ្រប់គ្រាន់។

    សម្រាប់អាការចាញ់កូន អាចនិយាយបានថា ជារឿងប្រក្រតីសម្រាប់អ្នកមានគភ៌ ចូរគិតថា ចាញ់កូនខ្លាំង កូនរឹងប៉ឹងខ្លាំង ព្រោះបានបញ្ចេញអ័រម៉ូនការមានជីវិតចេញមកច្រើន តែសម្រាប់ស្រ្តីមានគភ៌ដែលគ្មានអាការចាញ់កូនសោះនោះ ក៏មិនចាំបាច់កង្វល់ដែរ បើពិនិត្យរាងកាយគ្រប់យ៉ាងប្រក្រតីនោះ ក៏បញ្ជាក់ថា អ្នកជាម្តាយដែលសំណាងល្អមែនទែន ដែលមិនចាំបាច់នឿយហត់ជាមួយអាការចាញ់កូន៕

  • “អានឱ្យស្តាប់” និង “អានខ្លួនឯង” ជារឿងសំខាន់សម្រាប់កូនតូចវ័យចូលរៀន

    “អានឱ្យស្តាប់” និង “អានខ្លួនឯង” ជារឿងសំខាន់សម្រាប់កូនតូចវ័យចូលរៀន

    ឥឡូវនេះ ដល់ពេលដែលកូនសម្លាញ់ត្រូវចូលរៀន មានមិត្តភក្តិ មានកិច្ចការងាររៀនសូត្រជាច្រើនយ៉ាងដែលត្រូវធ្វើហើយ ដូច្នេះលោកឪពុកអ្នកម្តាយគួរតែនៅតែត្រូវអានសៀវភៅឱ្យកូនស្តាប់តទៅទៀត ឬក៏សង្កត់ធ្ងន់លើការហ្វឹកហាត់ជំនាញសរសេរ គូសវាស ឱ្យច្បាស់លាស់តែម្តង រឹតតែល្អទៅទៀត។ ​​ ចំពោះរឿងនេះ ឡារ៉ែនមានពាក្យណែនាំពីអ្នកជំនាញការមកជម្រាបជូន​ដូចខាងក្រោម។

    នៅតែចង់ឱ្យប៉ាម៉ាក់អានរឿងនិទានឱ្យស្តាប់ដដែល

    កូនតូចនៅតែចង់ស្តាប់រឿងនិទានពីប៉ាម៉ាក់ជានិច្ច ព្រោះអំឡុងពេលដែលលោកអ្នកអានរឿងនិទានឱ្យគេស្តាប់នោះ កូនតូចមានអារម្មណ៍ដឹងពីភាពកក់ក្តៅ និងមានសុវត្ថិភាព។ រឿងនិទានមុនពេលគេង គឺជាឧបករណ៍ពង្រឹងសម្ព័ន្ធភាពរវាងលោកអ្នក និង​កូនបានយ៉ាងល្អ។ ចំណែកការអភិវឌ្ឍរឿងភាសា និងការអាននោះ ការដែលឪពុកម្តាយនៅតែអានរឿងនិទាន ឬសៀវភៅដែលគេចាប់​អារម្មណ៍ឱ្យគេស្តាប់តទៅទៀត គឺពិតជាមានផលល្អដល់កូនយ៉ាងប្រាកដណាស់ ព្រោះកូនក្នុងវ័យនេះ នៅត្រូវការវាក្យស័ព្ទ និងអត្ថន័យរបស់​ពាក្យឱ្យបានច្រើនឡើងទៀត ដើម្បីបង្កើនទាំងជំនាញភាសា និងការទំនាក់ទំនងរបស់គេហ្នឹងឯង។ បើលោកអ្នកមានពេល គួរស្វែងរករឿងនិទានដែលសម្បូរបែប និងមានភាពស្មុគស្មាញជាងមុនបន្តិច មានសាច់រឿងវែងជាងមុន មានវាក្យស័ព្ទច្រើនឡើង មកអានឱ្យកូន​ស្តាប់ តែភាសាដែលប្រើ ត្រូវតែជាភាសាដែលងាយយល់ និងជាវាក្យស័ព្ទដែលមិនពិបាកជ្រុលពេក នៅពេលនោះ បើលោកអ្នកសង្កេត​មើល នឹងបានឃើញថា កូនមានសមាធិក្នុងការស្តាប់កាន់តែយូរឡើង សប្បាយជាមួយសាច់រឿងកាន់តែច្រើនឡើង និងចាប់អារម្មណ៍សួរពីអត្ថន័យរបស់ពាក្យថ្មីៗដែលគេបានឮម្តងៗនោះទៀតផង។

    សុំអានខ្លួនឯងម្តង

    ក្នុងវ័យនេះ ដល់ពេលដែលត្រូវជំរុញឱ្យកូនហាត់អានដោយខ្លួនឯងខ្លះៗជាមួយគ្នាហើយ លោកឪពុកអ្នកម្តាយគួរជ្រើសរើសសៀវភៅណាដែលមានតួអក្សរតិច និងធំៗ និងចំនួនទំព័រមិនច្រើនជ្រុលពេក ដូចជាបទចម្រៀងច្រៀងលេង រឿងនិទានជាពាក្យចុងជួនគ្នា មកបបួលកូនផ្លាស់គ្នាអាន “ម៉ាក់អានមុន កូនចាំអានតាមណា៎” និងក្នុងខណៈពេលដែលកូនអាន អ្នកអាចចង្អុលពាក្យនៅក្នុងសៀវភៅនោះផងក៏បានដែរ។ ក្រៅពីនេះ ចូរសង្កេតមើលឱ្យច្បាស់ អ្នកនឹងឃើញថា កូនតូចព្យាយាមអានដដែលៗ ដោយអាស្រ័យការចងចាំ ហើយបើសិនជាអ្នកអានសៀវភៅណាដែលធ្លាប់បានអានឱ្យគេស្តាប់កាលពីមុនហើយនោះ អ្នកនឹងបានជួបហេតុការណ៍បែបនេះ ដូចជា បើអ្នកអានសៀវភៅដែលគេចូលចិត្តនោះខុសឃ្លា នឹងបានឮសំឡេងគេតវ៉ាថា “មិនមែនទេ មិនមែនទេ…ត្រូវតែ…”​ មិនខាន។ នេះ គឺដោយសារតែការរៀនយល់ដឹង និងចងចាំពាក្យពីសៀវភៅរឿងនិទាននោះឯង។

    សៀវភៅដែលត្រូវចិត្តកុមារវ័យរៀនមត្តេយ្យ

    • រឿងនិទានដែលមានពាក្យចុងជួនគ្នាៈ មានសាច់រឿងងាយយល់ ជាពិសេសរឿងរ៉ាវដែលពាក់ព័ន្ធនឹងជីវិតប្រចាំថ្ងៃ ដូចជា ងូតទឹក ញ៉ាំបាយ តែងខ្លួន រឿងរ៉ាវនៅសាលារៀន ឬពាក់ព័ន្ធនឹងសត្វចិញ្ចឹម ជាដើម។
    • សៀវភៅដែលលេងបានៈ ក្នុងអំឡុងអាយុ 3ឆ្នាំ ក្មេងមួយចំនួននៅតែចូលចិត្តសៀវភៅដែលចាប់ ឬច្របាច់លេងបាន​ រួមទាំ​ងសៀវភៅដែលមានរូបគំនូរប្រភេទ ប៉ប់អាប់ (សៀវភៅដែលមានរូបគំនូរឈរឡើង ឬពេលបើកឡើង រូបភាពងើបឡើងមកដែរ)ផងដែរ។
    • មានគម្របដែលទាក់ទាញគួរឱ្យចង់អានៈ កូនតូចនៅតែចាប់អារម្មណ៍លើគម្របសៀវភៅណាដែលទាក់ទាញ មិនថាតែពណ៌ស្អាតៗ ឬរូបភាពល្អៗក៏ដោយ។ ចំណែកខាងក្នុងវិញមានរូបភាពច្បាស់ៗ មានទំហំធំ មិនរញេរញ៉ៃជ្រុលពេក។

    ចំណែកការអភិវឌ្ឍខាងផ្នែកភាសា និងការអានវិញនោះ ការដែលលោកឪពុកអ្នកម្តាយនៅតែអានរឿងនិទាន ឬសៀវភៅដែលកូន​ចូលចិត្តឱ្យគេស្តាប់តទៅទៀតនោះ គឺពិតជាមានផលល្អដល់កូនមិនខាន ព្រោះកូនក្នុងវ័យនេះ នៅត្រូវការស្គាល់វាក្យស័ព្ទ និងអត្ថន័យ​របស់​ពាក្យឱ្យបានច្រើនឡើង ដើម្បីបង្កើនជំនាញខាងភាសា និងការឆ្លើយឆ្លងរបស់ខ្លួនគេហ្នឹងឯង៕

  • រឿង 10 យ៉ាង ដែលម៉ែមិនដែលប្រាប់ឱ្យកូនដឹង

    រឿង 10 យ៉ាង ដែលម៉ែមិនដែលប្រាប់ឱ្យកូនដឹង

    ធ្លាប់បានឮពាក្យថា គ្មាននរណាស្រឡាញ់រូបកូនដូចម៉ែឡើយ ដែរទេ? ជួនកាលពាក្យសម្តីងាយៗបែបនេះ អាចមិនធ្វើឱ្យអ្នកមានអារម្មណ៍លន្លង់លន្លោចអីប៉ុន្មានទេ ព្រោះអ្នកគ្មានផ្លូវដឹងបានឡើយថា សេចក្តីស្រឡាញ់របស់ម៉ែដែលមានចំពោះអ្នកនោះ វាធំធេងប៉ុនណា និងអ្វីដែលម៉ែផ្តល់ឱ្យរហូតមក តាំងពីអ្នកនៅក្នុងផ្ទៃម៉ែនោះ វាលើសលប់ធំធេងមហាសាលយ៉ាងគ្មានអ្វីអាចមកជំនួសបានឡើយ។ ថ្ងៃនេះ ឡារ៉ែនសូមនាំយកអាថ៍កំបាំង 10យ៉ាងដែលម៉ែ អាចមិនដែលប្រាប់អ្នកឱ្យដឹងកាលពីមុនមក ដែលឡារ៉ែនសូមប្រាប់ថា ពេលបានអានហើយ នឹងមានអារម្មណ៍ថា រំភើបញាប់ញ័ររហូតអាចនឹងទឹកភ្នែករលីងរលោងបានទៀតផង…។

    -ម៉ែយំជាប់ជានិច្ច…ព្រោះកូន

    ម៉ែយំជាលើកដំបូងចំពោះកូន ពេលដែលម៉ែដឹងថា ម៉ែកំពុងពពោះរូបកូន ម៉ែយំពេលម៉ែញ៉ាំអាហារដើម្បីកូន ម៉ែយំពេលបា​នរូប​កូន​មក​នៅក្នុងរង្វង់ដៃឱបលើកដំបូង ម៉ែយំដោយក្តីសោមនស្ស ម៉ែយំព្រោះភ័យ។ ម៉ែយំ ព្រោះច្រើនយប់មកនេះ ម៉ែគេងមិនលក់ឡើយ ម៉ែយំព្រោះស្រឡាញ់កូនខ្លាំងពេក ហើយម៉ែនឹងយំពេលឃើញកូនយំ។

    -ម៉ែតែងរំលែករបស់ញ៉ាំឱ្យកូនមុនជានិច្ច

    ទោះជារបស់ញ៉ាំនោះមានតែ​1ដុំក៏ដោយ ពេលម៉ែឃើញកូនអង្គុយសម្លឹង ភ្នែកម៉ក់ៗដោយក្តីស្រេកឃ្លាន ម៉ែមិនអាច​បដិសេធ​ថា មិនឱ្យកូនញ៉ាំបានទេ ព្រោះពេលម៉ែឃើញកូនមានសេចក្តីសុខ ម៉ែក៏មានសេចក្តីសុខដែរ។

    -ម៉ែឈឺ

    កាលនៅតូចៗ ពេលកូនចាប់ទាញសក់ម៉ែ ក្តិចសាច់ម៉ែ ពេលដែលម៉ែបំបៅដោះកូន ហើយត្រូវកូនខាំ ពេលដែលម៉ែពពោះរូបកូន​យូរដល់ទៅ 9ខែ និងពេលម៉ែប្រសូតកូនចេញមក ដឹងទេថា ម៉ែឈឺខ្លាំងប៉ុនណា?

    -ម៉ែភ័យ

    តាំងពីពេលដែលកូនបើកភ្នែកមើលពិភពលោក ម៉ែធ្វើគ្រប់បែបយ៉ាងដើម្បីការពារកូន និងធ្វើឱ្យកូនមានអារម្មណ៍ថា​ មានសុវត្ថិភាពបំផុត។ ពេលដែលកូនរៀនដើរបាន 1ជំហានដំបូង បេះដូងម៉ែស្ទើរតែឈប់ដើរ ព្រោះតែភ័យ។ ម៉ែនឹងភ្ញាក់ពេញមួយយប់ ដើម្បី​ឱ្យដឹងថា កូននៅតែកំពុងគេងលក់យ៉ាងមានសុវត្ថិភាព។ ពេលកូនឈឺ ម៉ែគឺជាមនុស្សដំបូងគេបំផុតដែល​​ជួយកូន ហើយពេល​កូន​មិន​ស្រួលខ្លួន ម៉ែនឹងនៅផ្ទះ ចាំមើលថែទាំជិតកូនជានិច្ច ដើម្បីឱ្យដឹងថា កូនមិនអីទេ។ ម៉ែតែងនៅចាំឃុំគ្រង​ការពារកូនឱ្យមាន​សុវត្ថិភាព​បំផុតជានិច្ច។

    -ម៉ែដឹងខ្លួនថា ម៉ែមិនបានល្អឥតខ្ចោះឡើយ

    គ្រប់ពេលវេលា ម៉ែចង់ធ្វើជាម្តាយដែលល្អឥតខ្ចោះសម្រាប់កូនជានិច្ច ដោយមិនធ្វើអ្វីឱ្យខុសឆ្គងឡើយ តែបើមានរឿងអ្វីមួយមិនល្អកើតឡើង ម៉ែនឹងបន្ទោសខ្លួនឯងជានិច្ច។ ម៉ែសង្ឃឹមថា នឹងត្រឡប់ពេលវេលាទៅក្រោយវិញ ដើម្បីទៅកែកុនរឿងដែលមិនល្អនោះ ឱ្យល្អ​ឡើង​វិញ តែម៉ែមិនអាចធ្វើបានឡើយ ដូច្នេះចូរប្រព្រឹត្តខ្លួនឱ្យល្អៗជាមួយម៉ែ និងឱ្យម៉ែដឹងថា ម៉ែគឺជាមនុស្សល្អឥតខ្ចោះបំផុតហើយ។

    -ម៉ែតែងសម្លឹងមើល ពេលកូនគេងលក់

    ជួនកាល ម៉ែភ្ញាក់ឡើងកណ្តាលយប់ ម៉ែក៏មកអង្គុយសម្លឹងមុខកូនសម្លាញ់របស់ម៉ែពេលគេងលក់ បើកូនគេងមិនលក់ ម៉ែនឹង​ច្រៀងបំពេ ទោះជាម៉ែងងុយគេងប៉ុនណា ក៏សុំឱ្យអ្នកបានគេងលក់មុន ហើយពេលអ្នកគេងលក់ហើយ ក៏ម៉ែមិនទាន់ទៅណាភ្លាម​ដែរ ម៉ែនៅចាំមើលថែអ្នកពេលគេងលក់បន្តទៀត។

    -ម៉ែបីកូនគ្រប់ពេលវេលា

    ម៉ែនឹងរៀនយល់ដឹងពីវិធីបីកូនក្នុងអំឡុងពេលធ្វើការងារផ្ទះផ្សេងៗ និងក្នុងពេលធ្វើម្ហូប។ ដោយសារតែម៉ែត្រូវបីរូបកូនគ្រប់​ពេលវេលា សូម្បីតែពេលដែលកូនគេងលក់ក៏ដោយ ទើបធ្វើឱ្យដៃរបស់ម៉ែឈឺ និងថែមទាំងចុករួយតាមរាងកាយទៀតផង តែពេលម៉ែ​ដឹង​​​ថា កូនបានកើតមកលើលោកនេះហើយ ម៉ែសុខចិត្តធ្វើគ្រប់យ៉ាង ទោះជាឈឺចាប់ក៏ដោយ ព្រោះម៉ែឈឺចាប់យ៉ាងមានសេចក្តីសុខ។

    -ម៉ែពិបាកចិត្តពេលអ្នកយំ

    គ្មានអ្វីដែលធ្វើឱ្យម៉ែពិបាកចិត្តខ្លាំងស្មើនឹងពេលដែលកូនយំឡើយ និងគ្មានអ្វីដែលធ្វើឱ្យម៉ែឈឺចាប់បានស្មើនឹងការឃើញទឹកភ្នែកហូរចេញមកពីភ្នែករបស់កូននោះទេ។ ម៉ែនឹងព្យាយាមធ្វើគ្រប់បែបយ៉ាង ដើម្បីឱ្យកូនមានសេចក្តីសុខឡើងវិញ ហើយបើម៉ែធ្វើមិនបានសម្រេចនោះ វានឹងធ្វើឱ្យម៉ែឈឺចាប់ម្តងទៀត។

    -កូន គឺទី1 សម្រាប់ម៉ែជានិច្ច

    ម៉ែមិនបានញ៉ាំបាយពេញ 1ថ្ងៃ ម៉ែមិនបានងូតទឹក ម៉ែគេងសម្រាកមិនបានគ្រប់គ្រាន់ជាប់ៗគ្នាជាច្រើនថ្ងៃ ព្រោះតែម៉ែគិតពីកូនមុនអ្នកណាៗទាំងអស់ជានិច្ច។ ពេលកូនត្រឡប់មកពីកន្លែងធ្វើការ និងមានអារម្មណ៍ថា ចង់គេងសម្រាក ម៉ែនឹងមើលថែអ្នកមុនគេ ដើម្បីឱ្យអ្នកបានគេងលក់ស្រួល។ បើអ្នកឃ្លាន ម៉ែនឹងធ្វើម្ហូបអាហារឱ្យញ៉ាំមុនគេ ពេលអ្នកសោកសៅពិបាកចិត្ត ម៉ែនឹងនៅចាំជជែក​និយាយលួងលោមអ្នក។ ម៉ែនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីឱ្យកូនមានសេចក្តីសុខ ទោះជាម៉ែមិនបានធ្វើអ្វីឱ្យខ្លួនឯងសោះក៏ដោយ ព្រោះកូនជាមនុស្សទី1 សម្រាប់ម៉ែជានិច្ច។

    – ម៉ែនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីកូនតទៅទៀត

    ការធ្វើជាម្តាយគេ អាចហៅបានថា ជាការងារដែលពិបាកបំផុតនៅលើពិភពលោកនេះ ពេលកូនយំ ឬអស់សង្ឃឹម ម៉ែក៏ឈឺចាប់ តែពេលកូនមានសេចក្តីសុខ ម៉ែក៏សុខជាមួយដែរ ហើយទោះជាម៉ែត្រូវមិនបានគេង មិនបានសម្រាក ឬនៅចាំមើលថែទាំអ្នកទាំងយប់ទាំងថ្ងៃក៏ដោយ ក៏ម៉ែគ្មានបញ្ហាអ្វីទាំងអស់ ព្រោះអ្វីៗគ្រប់យ៉ាង គឺដើម្បីកូន។

    អានហើយស្រក់ទឹកភ្នែកអស់ប៉ុន្មានដែរ? ប្រាប់ហើយថា គ្មាននរណាស្រឡាញ់រូបយើងស្មើនឹងម៉ែឡើយ ហើយសេចក្តី​ស្រឡាញ់របស់យើងដែលមានចំពោះម៉ែ ក៏នៅមិនអាចប្រៀបធៀបនឹងសេចក្តីស្រឡាញ់របស់ម៉ែដែលមានចំពោះយើងបានឡើយ ដូច្នេះ…ថ្ងៃនេះចូរប្រញាប់ទៅជម្រាបម៉ែថា “ម៉ែ កូនស្រឡាញ់ម៉ែណាស់!”