Tag: អំពៅ

  • ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជា​ផ្លូវការ ស្ពានកោះពេជ្រ – កោះនរា នឹងធ្វើ​នៅថ្ងៃទី 15 ខែ​នេះ

    ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជា​ផ្លូវការ ស្ពានកោះពេជ្រ – កោះនរា នឹងធ្វើ​នៅថ្ងៃទី 15 ខែ​នេះ

    នៅថ្ងៃទី 15 ខែវិច្ឆិកា ឆ្នាំ 2023 ស្ពានបេតុងខ្សែកាបឆ្លងទន្លេ ពីតំបន់អភិវឌ្ឍន៍កោះពេជ្រ ទៅតំបន់អភិវឌ្ឍន៍​កោះនរា នឹងត្រូវដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

    ខាង​លើ​នេះ​គឺជា​ការ​បញ្ជាក់​របស់​លោក កើត ឆែ អភិបាល​រង​រាជធានី​ភ្នំ​ពេញ ក្នុងពេលអញ្ជើញជាអធិបតីភាពសម្ពោធបើកឱ្យ​ដំណើរការអគារពង្រីកបន្ថែមថ្មី ផ្សារទំនើប អ៊ីអនម៉លភ្នំពេញ កាលពីថ្ងៃទី 04 ខែវិច្ឆិកា ឆ្នាំ 2023។

    ស្ពានកោះពេជ្រ – កោះនរា ត្រូវ​បាន​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ អនុញ្ញាតឱ្យប្រើប្រាស់ជាបណ្តោះអាសន្នកាលពីថ្ងៃទី 20​ ខែតុលា ឆ្នាំ 2023 ដើម្បីបញ្ជៀស​ការកកស្ទះចរាចរណ៍​នៅស្ពានព្រះមុនីវង្ស និងស្ពានអាកាសក្បាលថ្នល់។ បច្ចុប្បន្ន ស្ពាន​នេះ​កំពុង​ទទួល​បាន​ចំណាប់​អារម្មណ៍​ខ្លាំង​ពី​សាធារណជន ពិសេស​គឺពលរដ្ឋ​ដែល​ត្រូវ​ធ្វើ​ដំណើរ​ឆ្លង​កាត់​តំបន់​ផ្សារ​ច្បារ​អំពៅ​នា​ពេល​កន្លង​។ ស្ពាន​នេះ​ក៏​កំពុង​តែ​ក្លាយ​ជា​​ស្ពាន​ដ៏​សំខាន់​ដែល​តភ្ជាប់​ទីក្រុង​រណប​កោះ​នរា ក៏​ដូច​ជា​​ផ្លូវជាតិ​លេខ 1​ ទៅ​នឹង​​ចំណុច​កណ្តាល​នៃ​រាជធានីភ្នំពេញ។

    ស្ពានដែល​សាងសង់​ដោយ​ក្រុម​ហ៊ុន OCIC និង​មានបណ្ដោយ 824 ម៉ែត្រ និងទទឹង 24.50 ម៉ែត្រនេះ ត្រូវ​បាន​បើកការដ្ឋានសាងសង់កាលពីថ្ងៃទី 26 ខែតុលា ឆ្នាំ 2020 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ការ​សាងសង់​ស្ពាន​នេះ​ត្រូវ​ចំណាយថវិកាសរុបចំនួន 38 លានដុល្លារអាម៉េរិក​។

  • ស្ពានកោះពេជ្រ-កោះនរា នឹង​ត្រូវ​បាន​បើក​ឱ្យ​ធ្វើ​ចរាចរណ៍​បណ្ដោះ​អាសន្ន​នៅខែក្រោយ

    ស្ពានកោះពេជ្រ-កោះនរា នឹង​ត្រូវ​បាន​បើក​ឱ្យ​ធ្វើ​ចរាចរណ៍​បណ្ដោះ​អាសន្ន​នៅខែក្រោយ

    ស្ពានកោះពេជ្រ-កោះនរា ដែល​ស្ថិត​ក្នុង​រាជធានីភ្នំ​ពេញ​ត្រូវបានតភ្ជាប់រួច​រាល់​ ហើយ​គ្រោងនឹងត្រូវ​​សម្ពោធដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ននៅថ្ងៃទី 27 តុលា 2023។

    ដំណឹង​ខាងលើ​នេះ​គឺ​យោង​ទៅ​តាមពិធីភ្ជាប់ស្ពានដែល​ត្រូវ​បាន​ប្រារព្ធឡើងកាល​ពី​ថ្ងៃ​ទី 13 កញ្ញា 2023 ក្រោមអធិបតីភាពឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាល​ នៃ​គណៈអភិបាល​រាជធានី​ភ្នំពេញ និងអ្នកឧកញ៉ាពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC។

    ស្ពានបេតុង​ខ្សែ​កាប​កោះពេជ្រ-កោះនរានេះ ស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ និង​ខណ្ឌ​ចំការមន ​រាជធានីភ្នំពេញ។ ស្ពាន​នេះ​មានបណ្តោយប្រវែង 824 ម៉ែត្រ ទទឹងប្រវែង 24.5 ម៉ែត្រ និងមានសសរខ្សែកាបកម្ពស់ 60 ម៉ែត្រចំនួនពីរ​ដើម ដែលមានចម្លាក់ក្បាច់ខ្មែរ។ នៅរដូវ​វស្សា កម្ពស់ពីផ្ទៃទឹកទៅស្ពានសម្រាប់នាវាចរណ៍​ មានកម្ពស់អប្បបរមា 8 ម៉ែត្រ។

    ស្ពានកោះពេជ្រ​-កោះនរា មានគន្លង​ចរាចរណ៍​ទ្វេរទិស ពីរទៅ និង​ពីរមក ក្នុង​នោះគន្លងនីមួយៗមានទទឹង 3.25 ម៉ែត្រ និងមានគន្លងសម្រាប់ទោចក្រយានយន្ត មួយ​ទៅ​ មួយ​មក ដែលមានទទឹង 1.25 ម៉ែត្រ។

    ស្ពាន​នេះ​ត្រូវបានសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ និង​ ​ប្រើ​ប្រាស់​ទុនវិនិយោគ 38 លានដុល្លារអាម៉េរិក​៕

  • អាហារផ្អែមបែបណា ដែលស័ក្តិសមនឹងស្រ្តីមានផ្ទៃពោះបំផុត

    អាហារផ្អែមបែបណា ដែលស័ក្តិសមនឹងស្រ្តីមានផ្ទៃពោះបំផុត

    អាហារដែលមានរសជាតិផ្អែមជាអាហារដែលត្រូវមាត់មនុស្សជាច្រើន រសជាតិផ្អែមជួយជំរុញភាពឃ្លានអាហារបានយ៉ាងល្អ ហើយមនុស្សភាគច្រើនក៏និយមអាហាររសជាតិផ្អែម រហូតដល់លើសពីតម្រូវការរបស់រាងកាយ ដែលជាមូលហេតុបណ្តាលឱ្យកើតជម្ងឺផ្សេងៗបានដែរ។ ដូច្នេះពេលនេះយើងនាំគ្នាមកស្គាល់ពីអាហាររសជាតិផ្អែមថា តើគួរបរិភោគប៉ុនណាទើបសមរម្យល្មមសម្រាប់ស្រ្តីអ្នកមានផ្ទៃពោះ។

    លោកគ្រូពេទ្យបានណែនាំឱ្យអ្នកមានផ្ទៃពោះ គ្រប់គ្រងការបរិភោគអាហារដែលមានរសជាតិផ្អែម ឱ្យស្ថិតនៅ​ក្នុងកម្រិតសមល្មម គឺកុំបរិភោគតាមចិត្តចង់ កាត់បន្ថយអាហារផ្អែមឱ្យបានច្រើនបំផុត និងគ្រប់គ្រងការបរិភោគជាតិស្ករ ឬបង្អែមដូចខាងក្រោមនេះ ៖

    • ញ៉ាំទឹកផ្លែឈើស្រស់ដែលមិនដាក់ស្ករ ជំនួសភេស្ជជៈកំប៉ុង។
    • កាត់បន្ថយស្ករក្នុងការផ្សំគ្រឿងម្ហូបអាហារចំនួនពាក់កណ្តាលពីទម្លាប់ចាស់។
    • បរិភោគផ្លែឈើស្រស់ និងបន្លែឱ្យបានច្រើន ព្រោះវានឹងធ្វើឱ្យរាងកាយទទួលបានជាតិស្ករល្អយ៉ាងគ្រប់គ្រាន់។
    • ចៀសវាងអាហារកញ្ចប់ ឬកំប៉ុងផ្សេងៗ តែបើចាំបាច់ត្រូវបរិភោគ គួរមើលពីគ្រឿងផ្សំថា តើមានជាតិស្ករតិច ឬច្រើនប៉ុនណា។
    • ខ្ពុរមាត់ ឬដុសធ្មេញក្រោយពេលបាយ ឬក្រោយពេលបរិភោគបង្អែមរួច និងគួរប្រើខ្សែអំបោះខាត់សម្អាតធ្មេញយ៉ាងហោចណាស់ 1ថ្ងៃម្តង ដើម្បីកុំឱ្យមានកម្ទេចអាហារនៅជាប់សេសសល់តាមប្រឡោះធ្មេញ។
    • បើសិនត្រូវប្រើស្ករ គួរជ្រើសរើសប្រើស្ករអំពៅ ជំនួសស្ករ-ស។
    • មិនគួរបរិភោគស្ករ-សលើសពី 3ស្លាបព្រាបាយក្នុង 1ថ្ងៃឡើយ (សម្រាប់មនុស្សដែលមានរាងកាយមាំមួន)។
    • ជាធម្មតា ពេលយើងបរិភោគបាយ បន្លែ និងផ្លែឈើនោះ គឺយើងបានទទួលជាតិស្ករគ្រប់គ្រាន់តាមតម្រូវការរបស់រាងកាយស្រាប់ទៅហើយ ។

    តើយើងទទួលបានរសជាតិផ្អែមដោយវិធីណា?

    មនុស្សយើងឆាប់ទទួលយករសជាតិផ្អែមខ្លាំងបំផុត ព្រោះនៅលើអណ្តាតមានក្រពេញទទួលរសជាតិផ្អែមច្រើនជាងរសជាតិផ្សេងៗ ដូច្នេះបើយើងបរិភោគអាហារដែលមានរសជាតិផ្អែមញឹកញាប់ នឹងធ្វើឱ្យយើងញៀនរសជាតិផ្អែម​ ជា​​ពិសេសការបរិភោគស្ករដែលយើងដាក់នៅក្នុងអាហារផ្សេងៗនោះ នឹងធ្វើឱ្យរាងកាយយើងទទួលបានជាតិស្ករច្រើនជ្រុលដោយមិន​ដឹង​ខ្លួន ទាំងអាហារពីធម្មជាតិក៏មានជាតិស្ករស្រាប់ទៅហើយ មានដូចជា ៖

    • ខាបូហាយដ្រេត ពេលឆ្លងកាត់កម្មវិធីរំលាយអាហារហើយ វានឹងក្លាយទៅជាជាតិស្ករ គ្លុយខូស ហើយនឹងត្រូវបានបឺត​​ជ្រាបចូលទៅក្នុងខ្សែលោហិតជាបន្ត ទៅធ្វើជាថាមពលការងារដល់កោសិកាអវយវៈផ្សេងៗ។
    • ផ្លែឈើស្ទើរតែគ្រប់ប្រភេទមានជាតិស្ករជាចំណែកផ្សំដោយធម្មជាតិស្រាប់ទៅហើយ និងអាចយកទៅប្រើប្រាស់បានភ្លាមតែម្តង។
    • អាហារកញ្ចប់ និងអាហារកំប៉ុងផ្សេងៗ ដូចជា ទឹកញាំសាលាដ ទឹកដោះគោ យ៉ាអួ នំខេក ឬសូម្បីតែទឹកស៊ីអ៊ីវក៏មានស្ករជាចំណែកផ្សំដែរ៕
  • កសិកររអ៊ូរទាំរឿងអំពៅធ្លាក់ថ្លៃខ្លាំងដោយសារមានអ្នកដាំច្រើន

    កសិកររអ៊ូរទាំរឿងអំពៅធ្លាក់ថ្លៃខ្លាំងដោយសារមានអ្នកដាំច្រើន

    ភ្នំពេញ៖ កសិករខ្មែរត្រូវបានគេមើលឃើញថា ចូលចិត្តធ្វើរបរកសិកម្មតាមៗគ្នា បើសិនជាកសិករណាម្នាក់ដាំដំណាំកសិកម្មអ្វីមួយលក់បានថ្លៃនោះគេនឹងឃើញកសិករដទៃទៀតដាំតាមគ្នាព្រោងព្រាតធ្វើឱ្យការផ្គត់ផ្គង់កើនលើសតម្រូវការហើយមានការធ្លាក់ថ្លៃយ៉ាងគំហុកតែម្តង។ ងាកទៅមើលកសិករដាំអំពៅនៅភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ឆ្នាំនេះតម្លៃអំពៅបានធ្លាក់ចុះយ៉ាងគំហុកលើសឆ្នាំកន្លងៗមកធ្វើឱ្យកសិករខាត់បង់ច្រើនដោយសារទម្លាប់ដាំតាមគ្នានេះឯង។

    លោក យឿន សំអាង មានទីលំនៅភូមិឃុំខាងលើបានប្រាប់ថា លោកបានប្រកបរបរដាំអំពៅនេះយូរឆ្នាំមកហើយ ពោលគឺដាំតពីឪពុកម្តាយមក ប៉ុន្តែមិនដែលមានឆ្នាំណាអំពៅចុះថោកដូចឆ្នាំនេះទេ។ លោកបន្តថា កាលពីឆ្នាំមុនអំពៅធុនអន់ណាស់ 1បាច់ក៏បានតម្លៃ 8000រៀលដែរ ចំណែកឯលេខ 2តម្លៃ 10000 ទៅ 12000រៀល ហើយបើលេខ 1វិញនៅ1បាច់ 18000 ទៅ 20000រៀលឯណោះ ប៉ុន្តែឆ្នាំនេះអំពៅលេខ1បានតម្លៃតែ5000 ទៅ 5500 រៀលប៉ុណ្ណោះ ធ្វើឱ្យអ្នកដាំខាតបះដៃបះជើងគ្រប់ៗគ្នា។

    កសិករដដែលក៏បាននិយាយដែរថា អំពៅចាប់តាំងពីដាំរហូតបានកាប់ត្រូវប្រើរយៈពេល10 ទៅ12ខែ និងត្រូវមើលថែទាំខ្លាំងណាស់ តែដល់ពេលបានផលលក់បែជាថោកដូច្នេះ ស្ទើរតែអស់កម្លាំងចិត្តនឹងធ្វើហើយ។ អំពៅមុនពេលដាំគេត្រូវភ្ជួរដីហាលចោល 2លើក ដោយ 1លើកៗហាលចោលរយៈពេលកន្លះខែទើបយកពូជមកដាំ ហើយបើនៅខែប្រាំងត្រូវកប់ក្នុងដីជម្រៅ 1តឹក ប៉ុន្តែបើរដូវភ្លៀវវិញនោះគឺកប់ត្រឹមតែ 2ហ៊ុនប៉ុណ្ណោះ។ អំពៅនៅទីនេះគេដាំក្នុងចន្លោះខែមិថុនា ហើយដាំបាន 2ខែត្រូវភ្ជួរដីលប់គល់ និងបាន 3ខែត្រូវសកស្លឹកចោលដើម្បីឱ្យអំពីលូតលាស់ល្អមានថ្នាំងវែងៗ លុះអំពៅបាន6ខែ ត្រូវកាប់ដើមចេញខ្លះ ដោយក្នុង 1គុម្ពៗទុកត្រឹមតែ 5ទៅ 7ដើមប៉ុណ្ណោះ ដើម្បីឱ្យអំពៅមានដើមធំល្អ។

    លោកក៏បានប្រាប់ដែរថា បានជាអំពៅចុះថ្លៃដូច្នេះមកពីមានអ្នកដាំច្រើនពេក ព្រោះកាលពីឆ្នាំទៅបានថ្លៃ ទើបនាំគ្នាប្តូរពីការដាំដំណាំផ្សេងៗមកដាំអំពៅ ហើយមួយវិញទៀតខេត្តផ្សេងៗក៏មានគេដាំច្រើនដែរ ដូចជា កំពង់ស្ពឺ តាកែវ ព្រៃវែង ស្វាយរៀង បាត់ដំបង…ជាដើម។

    ចំណែកឯ លោក ចេក រស់នៅភូមិព្រែកស្នង ឃុំព្រែកគយ ដែលជាកសិករដាំអំពៅ និងជាឈ្មួញកណ្តាលម្នាក់ដែរនោះបានប្រាប់ដែរថា ឆ្នាំនេះអំពៅពិតជាចុះថោកខ្លាំងមែនដោយសារតែឆ្នាំនេះមានអ្នកដាំច្រើន ទើបបានជាធ្វើឱ្យជន់ធ្លាក់តម្លៃយ៉ាងដូច្នេះ ហើយក្នុង1បាច់តម្លៃចន្លោះពី1000ទៅ5000រៀលប៉ុណ្ណោះ។ លោកបានបន្ថែមដែរថា អំពៅគឺត្រូវការការថែទាំខ្លាំង សូម្បីតែជីក៏ត្រូវការប្រើច្រើនជាងដំណាំផ្សេងៗដែរ ដោយរយៈពេលកន្លះខែត្រូវដាក់ជីម្តង ហើយតម្លៃជីនោះទៀតសោតឡើងថ្លៃស្រេចតែនៅលើមាត់ឈ្មួញ ពេលដែលកសិករត្រូវការប្រើ ឡើងថ្លៃភ្លាម ពីក្នុង1បាវ 80000រៀលរហូតដល់ទៅជាង12ម៉ឺនរៀលឯណោះ។ និយាយរួមទៅគឺធ្វើឱ្យប៉ះពាល់ដល់ជីវភាពកសិករខ្លាំងណាស់ ប៉ុន្តែលោកក៏បានបញ្ជាក់ដែរថា បើទោះបីជាតម្លៃអំពៅធ្លាក់ចុះយ៉ាងនេះក្តី ក៏លោកមិនតូចចិត្តដែរព្រោះទីផ្សារវាតែងមានការឡើងចុះមិនលែងទេ បើមិនសូវសម្បូរវាបានថ្លៃ តែបើសម្បូរវារមែងថោកអ៊ីចឹងហើយ ប៉ុន្តែក៏សូមសំណូមពរឱ្យរាជរដ្ឋាភិបាលជួយគិតគូរអំពីតម្លៃជីនេះផង កុំអោយស្រេចតែមាត់អ្នកលក់នោះ៕