Tag: អាមេរិក

  • តើ​អាមេរិក​ និង​ចិន​បាន​សន្យា​នឹងគ្នា​អ្វីខ្លះ​នៅក្នុង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​ទើបបាន​ចុះ​ហត្ថលេខា​?

    តើ​អាមេរិក​ និង​ចិន​បាន​សន្យា​នឹងគ្នា​អ្វីខ្លះ​នៅក្នុង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​ទើបបាន​ចុះ​ហត្ថលេខា​?

    ឧបនាយក​រដ្ឋមន្ត្រី​ចិន​ លោក​ Hiu​ He​ និង​លោក​ Donald​ Trump​ បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ជំហាន​ទី1​ រវាង​ចិន​ និង​អាមេរិក​ កាលពី​ថ្ងៃទី15​ មករា​ ឆ្នាំ2020​(ម្សិលមិញ​)។

    កាលពី​ថ្ងៃទី15​ មករា​ ឆ្នាំ2020​(ម្សិលមិញ​) ចិន​ និង​អាមេរិក​ បាន​ចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ជំហាន​ទី1​ ដើម្បី​កាត់បន្ថយ​កម្ដៅ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​បាន​អូស​បន្លាយពេល​ជិត​ 2ឆ្នាំ​កន្លងមក​នេះ​។ ប៉ុន្តែ​ មជ្ឈដ្ឋាន​ជាច្រើន​បាន​ដាក់​ការសង្ស័យ​ ក៏ដូចជា​ការរិះគន់​ទៅលើ​ចំណុច​អសកម្ម​មួយចំនួន​ក្នុង​កិច្ច​ព្រមព្រៀង​នេះ​។

    យោង​តាម​សារព័ត៌មាន​ Bloomberg​ ក្នុង​កិច្ច​ព្រមព្រៀង​នេះ​ ប្រទេស​ចិន​បាន​សន្យា​ថា​ នឹង​ដាក់​បន្ថែម​នូវ​វិធានការ​ការពារ​បច្ចេកវិទ្យា​ និង​គន្លឹះ​សម្ងាត់​នៃ​ការ​រកស៊ី​របស់​បណ្ដា​ក្រុមហ៊ុន​អាមេរិក​នៅក្នុង​ប្រទេស​ចិន​។ ជាមួយគ្នា​នេះ​ ចិន​នឹង​បន្ថែម​ការ​បញ្ជាទិញ​កសិផល​ ផលិតផល​ និង​សេវាកម្ម​ពី​អាមេរិក​ ក្នុង​ទំហំ​ទឹកប្រាក់​ 200លាន​ដុល្លារ​អាមេរិក​ក្នុងរយៈពេល​ 2ឆ្នាំ​។ ក្រៅពី​នេះ​ ចិន​ក៏បាន​សន្យា​ថា​ នឹង​លែង​មាន​សកម្មភាព​បញ្ចុះ​ ឬដំឡើង​តម្លៃ​ប្រាក់​យន់​តាមចិត្ត​ ដើម្បី​បាន​ប្រយោជន៍​ពី​ពាណិជ្ជកម្ម​ទៀត​ដែរ​។ កិច្ច​ព្រមព្រៀង​នេះ​ក៏​រួមបញ្ចូល​ទាំង​យន្តការ​ពង្រឹង​ការអនុវត្ត​ ដើម្បី​ធានា​លើ​កិច្ចសន្យា​នេះ​ផង​ដែរ​។

    “សន្តិភាព​ពាណិជ្ជកម្ម​” កំពុង​ត្រូវ​បាន​បង្កើត​ឡើង

    ក្នុង​ពិធី​ចុះ​កិច្ច​ព្រមព្រៀង​ខាងលើ​ដែល​ត្រូវ​បាន​ធ្វើឡើង​នៅ​សាល​ East​ Room​ របស់​សេតវិមាន​ មាន​វត្តមាន​របស់​លោក​ Trump​ ក្រុម​អ្នកដឹកនាំ​ក្រុមហ៊ុន​ និង​តំណាង​រាស្ដ្រ​ជាច្រើន​របស់​អាមេរិក​ រួម​នឹង​មន្ត្រី​ជាន់ខ្ពស់​មក​ពី​ប្រទេស​ចិន​។ ពិធី​ចុះ​កិច្ច​ព្រមព្រៀង​នេះ​ បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​ភាព​ស្និទ្ធស្នាល​រវាង​មហាយក្ស​សេដ្ឋកិច្ច​របស់​ពិភពលោក​ទាំង2​ បន្ទាប់ពី​ “ប្រយុទ្ធ​គ្នា​” ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​អូស​បន្លាយ​រយៈពេល​ជិត2ឆ្នាំ​រួចមក​។

    ក្នុង​ពិធី​ចុះ​កិច្ច​ព្រមព្រៀង​ លោក​ Trump​ បាន​ថ្លែង​ថា​៖ “នេះ​ជា​ឱកាស​ដ៏​សំខាន់​ និង​គួរ​ជាទី​ចងចាំ​។ យើង​កំពុងតែ​រួមដៃគ្នា​ដើម្បី​ដោះស្រាយ​កំហុស​ដែល​បាន​កើតឡើង​ក្នុង​ពេល​កន្លងមក​”។

    ចំណែក​ប្រធានាធិបតី​ចិន​ លោក​ Xi​ Chinping​ នៅក្នុង​សំបុត្រ​ 1ច្បាប់​ដែល​ផ្ញើ​មក​ជូន​លោក​ Trump​ បាន​ថ្លែង​ថា​ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ជំហាន​ទី1​ គឺជា​សក្ខីភាព​មួយ​បង្ហាញថា​ ក្រុង​ប៉េកាំង​ និង​ក្រុង​វ៉ាស៊ីនតោន​ អាច​រួមគ្នា​បង្កើត​ជា​ស្ពាន​ចម្លង​រវាង​ភាព​ខុសគ្នា​របស់​ប្រទេស​ទាំង2​។ ប្រធានាធិបតី​ចិន​ បន្ថែម​ថា​ កិច្ច​ព្រមព្រៀង​នេះ​ “ល្អ​សម្រាប់​ប្រទេស​ចិន​ សម្រាប់​អាមេរិក​ និង​ពិភពលោក​ទាំងមូល​”។

    ទោះជា​យ៉ាងនេះ​ក្ដី​ កិច្ច​ព្រមព្រៀង​នេះ​ក៏​រង​នូវ​ការរិះគន់​ផង​ដែរ​ ព្រោះថា​ វា​នៅ​មាន​ចំណុច​ខ្លះ​ដែលគេ​មិនបាន​ដោះស្រាយ​ ដូចជា​បញ្ហា​ចោរ​អ៊ី​នធើ​ណិ​ត (Hacker​) ដែល​រឿង​ខ្លះ​ត្រូវ​បាន​គេ​ចោទ​ថា​ ជា​ស្នាដៃ​របស់​ចិន​ ឬអាមេរិក​ ដែល​ធ្លាប់​បាន​វាយប្រហារ​ទៅលើ​បណ្ដាញ​កុំព្យូទ័រ​របស់​ក្រុមហ៊ុន​អាមេរិក​ និង​រដ្ឋាភិបាល​ចិន​។ ក្រៅពី​នេះ​ កិច្ច​ព្រមព្រៀង​ក៏​មិនបាន​និយាយ​ដល់​បញ្ហា​ដែល​រដ្ឋាភិបាល​ចិន​បាន​ជួយ​ដល់​ក្រុមហ៊ុន​រដ្ឋ​របស់​ប្រទេស​នេះ​ដែរ​ ប៉ុន្តែ​ រដ្ឋាភិបាល​លោក​ Trump​ នៅតែ​បន្ត​និយាយ​ថា​ បញ្ហា​ខាងលើ​នឹង​ត្រូវ​ដោះស្រាយ​នៅក្នុង​កិច្ច​ព្រមព្រៀង​ជំហាន​ទី2​។

    លោក​ Trump​ ថ្លែង​ថា​៖ “នៅពេល​កិច្ច​ព្រមព្រៀង​នេះ​បាន​ចាប់ផ្ដើម​អនុវត្ត​ យើងខ្ញុំ​ក៏​នឹង​ចាប់ផ្ដើម​ចរចា​ជំហាន​ទី2​។ ខ្ញុំ​នឹង​យល់ស្រប​ក្នុង​ការ​ស្រាយចំណង​ពន្ធដារ​ទាំងអស់​ ប្រសិន​យើងខ្ញុំ​សម្រេច​បាន​នូវ​កិច្ច​ព្រមព្រៀង​ជំហាន​ទី2​”។

    សមាគមពាណិជ្ជ​កម្ម​អាមេរិក​ ជាទូទៅ​បាន​ទទួលស្វាគមន៍​ចំពោះ​កិច្ច​ព្រមព្រៀង​នេះ​ ប៉ុន្តែ​ពួកគេ​ក៏បាន​អំពាវនាវ​ផង​ដែរ​ដល់​ភាគី​ទាំង2​ ឱ្យ​ប្រញាប់​ចរចា​លើ​កិច្ច​ព្រមព្រៀង​ជំហាន​ទី2​ ឱ្យ​បាន​កាន់តែ​ឆាប់​ កាន់តែ​ល្អ​ ដើម្បី​ឈាន​ដល់​ការលើកលែង​ពន្ធ​ឡើងវិញ​។

    សូម​បញ្ជាក់​ថា​ កិច្ច​ព្រមព្រៀង​ខាងលើ​នេះ​ មិនបាន​និយាយ​ដល់​បញ្ហា​ក្រុមហ៊ុន​ Huawei​ របស់​ចិន​ដែល​កំពុង​ត្រូវ​បាន​អាមេរិក​ដាក់ទណ្ឌកម្ម​នោះ​ឡើយ​។ ប៉ុន្តែ​ក្នុង​លិខិត​ផ្ញើ​ទៅកាន់​ប្រធានាធិបតី​អាមេរិក​ លោក​ Hiu​ He​ បាន​ថ្លែង​ថា​ ចិន​សង្ឃឹមថា​ ភាគី​អាមេរិក​នឹង​អនុវត្ត​ច្បាប់​ដោយ​យុត្តិធម៌​ចំពោះ​ក្រុមហ៊ុន​ចិន​៕

    ប្រភព​៖ សារព័ត៌មាន​បរទេស​

  • មហាសេដ្ឋី​អាមេរិក​ម្នាក់​ចំណាយ​ទុន​ 1,000​លាន​ដុល្លារ​អាមេរិក​ ទិញ​ភាគហ៊ុន​ Tesla​ ពេល​នេះ​ចំណេញ​កប់ក្ដោង​

    មហាសេដ្ឋី​អាមេរិក​ម្នាក់​ចំណាយ​ទុន​ 1,000​លាន​ដុល្លារ​អាមេរិក​ ទិញ​ភាគហ៊ុន​ Tesla​ ពេល​នេះ​ចំណេញ​កប់ក្ដោង​

    ជំនឿ​ចិត្ត​ដែល​មហាសេដ្ឋី​ Larry​ Ellison​ (CEO​ របស់​ក្រុមហ៊ុន​ផលិត​គ្រឿងបន្លាស់​អេឡិចត្រូនិក​ Oracle​) ទៅលើ​មហាសេដ្ឋី​ Elon​ Musk​ CEO​ នៃ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ Tesla​ ដែល​ជា​មិត្ត​ម្នាក់​របស់​ខ្លួន​ បាន​នាំមក​នូវ​ “ផ្លែផ្កា​ដ៏​ផ្អែម​ត្រជាក់​”។

    យោង​តាម​សារព័ត៌មាន​ Bloomberg​ នៅមុន​ពេល​ក្លាយជា​សមាជិក​ម្នាក់​ក្នុង​ក្រុមប្រឹក្សា​ភិបាល​ Tesla​ កាលពី​ខែធ្នូ​ ឆ្នាំ​2018​ លោក​ Ellison​ បាន​ទិញ​ភាគហ៊ុន​ Tesla​ ដល់ទៅ​ 3លាន​ហ៊ុន​ ដែល​មានតម្លៃ​ប្រមាណ​ជា​ 1,000​លាន​ដុល្លារ​អាមេរិក​ ប៉ុន្តែ​បច្ចុប្បន្ន​ ភាគហ៊ុន​នេះ​បាន​កើន​តម្លៃ​ដល់ទៅ​ 1,600​លាន​ដុល្លារ​អាមេរិក​ឯណោះ​។

    តម្លៃ​ភាគហ៊ុន​ Tesla​ បាន​កើនឡើង​ថែម​ 25​% ដោយ​ប្រើ​រយៈពេល​ត្រឹមតែ​ 2សប្ដាហ៍​ដំបូង​នៃ​ឆ្នាំ​2020​ ប៉ុណ្ណោះ​ ដោយសារ​ការ​ប្រគល់​ទំនិញ​របស់​ Tesla​ បាន​លោត​ផុត​ការ​គ្រោងទុក​ ហើយ​ក្រុមហ៊ុន​នេះ​ ក៏បាន​ចាប់ផ្ដើម​ប្រគល់​រថយន្ត​ម៉ាក​ Tesla​ ដែល​ផលិត​នៅ​ប្រទេស​ចិន​ ទៅ​ឱ្យ​អតិថិជន​នៅក្នុង​ប្រទេស​មួយ​នេះ​ផង​ដែរ​។

    ការ​ជួញដូរ​មូលបត្រ​កាលពី​ថ្ងៃទី​14​ មករា​កន្លងទៅ​ តម្លៃ​ភាគហ៊ុន​របស់​ Tesla​ បាន​កើន​ថែម​ 2.5​% បង្កើត​បាន​កំណត់ត្រា​ថ្មី​ ជិត​ស្មើនឹង​ 538​ដុល្លារ​ក្នុង​ 1ហ៊ុន​។

    មហាសេដ្ឋី​អាមេរិក​ Elon​ Musk​ ក៏​ទទួល​បានផល​ចំណេញ​យ៉ាង​ធំធេង​ពី​ការ​កើនឡើង​នៃ​តម្លៃ​មូលបត្រ​របស់​ក្រុមហ៊ុន​ Tesla​ នេះ​ផង​ដែរ​៕

    ប្រភព​៖ សារព័ត៌មាន​បរទេស​

  • ផ្សារ​មូល​បត្រ​អាមេរិក​បាន​ដាំ​ក្បាល​ចុះ​បន្តិច​វិញ​ ព្រោះ​មានការ​សង្ស័យ​ថា​ អាមេរិក​នៅតែ​បន្ត​យក​ពន្ធ​លើ​…

    ផ្សារ​មូល​បត្រ​អាមេរិក​បាន​ដាំ​ក្បាល​ចុះ​បន្តិច​វិញ​ ព្រោះ​មានការ​សង្ស័យ​ថា​ អាមេរិក​នៅតែ​បន្ត​យក​ពន្ធ​លើ​…

    ផ្សារ​មូល​បត្រ​អាមេរិក​បាន​ដាំ​ក្បាល​ចុះ​បន្តិច​វិញ​នៅ​ពេល​បិទ​ការ​ជួញ​ដូរ​មូល​បត្រ​ថ្ងៃ​ទី​3 បើ​ទោះជា​ប៉ុន្មាន​ថ្ងៃ​មុន​វា​បាន​បង្កើត​ឯតទគ្គ​កម្ម​ថ្មី​ក៏ដោយ​។

    សារ​ព័ត៌មាន​ Bloomberg​ បាន​ដក​ស្រង់​ព័ត៌មាន​ពី​ប្រភព​ច្បាស់​ការ​មួយ​ដែល​បាន​និយាយ​ថា​ ការ​ដែល​អាមេរិក​សម្រេច​លុប​ការ​យក​ពន្ធ​ទាំង​ស្រុង​ទៅ​លើ​ទំនិញ​ចិន​ ឬអត់​នោះ​ វា​អាស្រ័យ​លើ​ការ​គោរព​របស់​ក្រុង​ប៉េកាំង​ចំពោះ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​ដំណាក់​កាល​ទី​1 ដែល​ភាគី​ទាំង​2 នឹង​ចុះ​ហត្ថ​លេខា​ក្នុង​ថ្ងៃ​ទី​15​ នេះ​។

    អាមេរិកលុបចោល​ការយកពន្ធទាំងស្រុងទៅលើទំនិញចិន ឬអត់នោះ វាអាស្រ័យលើការគោរពរបស់ក្រុងប៉េកាំង​ចំពោះ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម

    គួរ​រំឭក​ថា​ ផ្សារ​មូល​បត្រ​អាមេរិក​បាន​កើន​ពិន្ទុ​ខ្លាំង​ក្នុង​អំឡុង​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ​ ដោយ​សារ​ជឿ​ថា​ កិច្ច​ព្រម​ព្រៀង​បញ្ចប់​ការ​កើន​កម្ដៅ​នៃ​សង្គ្រាម​ពាណិជ្ជ​កម្ម​រវាង​អាមេរិក​ និង​ចិន​ នឹង​ជួយ​ឱ្យ​បណ្ដា​ក្រុម​ហ៊ុន​នៅ​ផ្សារ​មូល​បត្រ​អាមេរិក​ ទទួល​បាន​ប្រាក់ចំណេញ​ច្រើន​។

    តែ​យ៉ាង​ណា​ក៏​ដោយ​ អ្នក​វិនិយោគ​ហាក់​មាន​ការ​មិន​ពេញ​ចិត្ត​នៅ​ពេល​មាន​លេច​ឮព័ត៌មាន​ថា​ អាមេរិក​អាច​នឹង​បន្ត​រក្សា​ការ​យក​ពន្ធ​លើ​ទំនិញ​របស់​ចិន​ រហូត​ដល់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានា​ធិបតី​អាមេរិក​ត្រូវ​បាន​បញ្ចប់​ នៅ​ខែ​វិច្ឆិកា​ ឆ្នាំ2020​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

  • មហាសេដ្ឋី Bloomberg៖ “ខ្ញុំ​នឹង​ចំណាយ​ទ្រព្យ​ទាំង​អស់​ដើម្បី​ផ្ដួល​លោក​ Trump”

    មហាសេដ្ឋី Bloomberg៖ “ខ្ញុំ​នឹង​ចំណាយ​ទ្រព្យ​ទាំង​អស់​ដើម្បី​ផ្ដួល​លោក​ Trump”

    បេក្ខភាពប្រធានាធិបតីអាមេរិក Michael Bloomberg ថ្មីៗនេះ បានឱ្យដឹងថា លោក​ត្រៀមជាស្រេចក្នុងការចំណាយទ្រព្យធនផ្ទាល់ខ្លួនទាំងអស់ដើម្បីផ្ដួលប្រធានាធិបតីកំពុងកាន់អំណាច នោះ​គឺលោក Donald Trump នៅក្នុងការប្រជែងគ្នាចូលទៅកាន់​សេតវិមានក្នុង​ឆ្នាំ​2020 នេះ។

    កំពូលមហាសេដ្ឋីរូបនេះក៏បានទាត់ចោលនូវការរិះគន់ពីគូប្រជែងនានាដែលចោទថា លោក​បាន​ប្រើប្រាស់អំណាចទឹកប្រាក់ដើម្បី “ទិញ” ការបោះឆ្នោត។ នេះបើយោងតាមសារព័ត៌មាន Reuters។

    មួយរយៈពេលចុងក្រោយនេះ កំពូលមហាសេដ្ឋីលំដាប់ទី8 ក្នុងពិភពលោក(តាមចំណាត់​ថ្នាក់​របស់ទទស្សនាវដ្តី Forbes) លោក Bloomberg បានបង្ហាញមុខនៅស្ទើរគ្រប់ទំព័រ​សារព័ត៌​មាន ​និងបណ្ដាញសង្គម ជាមួយនឹងសារដែលថា លោកមាន “ឱកាសល្អបំផុត” ដើម្បីអាច​ “បណ្ដេញ”​​ ​លោក Trump ចេញពីសេតវិមាន។ លោក Bloomberg គឺជាបេក្ខជនប្រធានា​ធិបតីមកពីគណបក្សប្រជាធិបតេយ្យ ដែលចំណាយប្រាក់ច្រើនបំផុតទៅលើការឃោសនា​រកសំឡេងឆ្នោត ចាប់តាំងពីខែវិច្ឆិកា ឆ្នាំមុនមក។

    កាលពីចុងសប្ដាហ៍កន្លងទៅ លោក Bloomberg បានថ្លែងនៅលើរថយន្តក្រុងដែលកំពុង​ធ្វើយុទ្ធនា​​ការរកសំឡេងឆ្នោតថា៖ “អាទិភាពទី1 របស់ខ្ញុំ គឺការផ្ដួលលោក Donald Trump ខ្ញុំនឹងចំណាយទ្រព្យសម្បត្តិទាំងអស់របស់ខ្ញុំ ដើម្បីផ្ដួលគាត់ឱ្យបាន”។

    ចំណែកតំណាងរាស្ដ្រ Elizabeth Warren ដែលជាបេក្ខនារីលំដាប់កំពូលរបស់បក្ស​ប្រជាធិប​តេយ្យដែរនោះ ធ្លាប់បានប្រកាសថា លោកស្រីនឹងលុបបំបាត់ឥទ្ធិពលនៃប្រាក់​កាសចេញពី​ឆាកនយោបាយ។ លោកស្រីបានរិះគន់យុទ្ធនាការឃោសនាដែលមានតម្លៃ 37លានដុល្លារ​នៅ​លើទូរទស្សន៍របស់លោក Bloomberg ថា អតីតអភិបាលក្រុង New York រូបនេះ កំពុង​ព្យាយាមប្រើលុយទិញប្រជាធិបតេយ្យអាមេរិក។

    យចូលរួមក្នុងការប្រកួតប្រជែងយឺតជាងគេ និងបានខកខានក្នុងការប្រជែង 6លើកដំបូងៗ​របស់គណបក្សប្រជាធិបតេយ្យ លោក Bloomberg បច្ចុប្បន្នឈរលើលំដាប់លេខរៀងទី5 ក្នុង​ការស្ទង់មតិជាតិ បន្ទាប់ពីបេក្ខភាពប្រធានាធិបតី Joe Biden, Bernie Sanders, Elizabeth Warren និង Pete Buttigieg។

    នៅក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត ក្រៅពីសារខាងលើ លោក Bloomberg ក៏មាន​សារសំខាន់មួយទៀតដែរ នោះគឹ៖ “ខ្ញុំចេញមុខប្រជែងយកតំណែងប្រធានាធិបតី គឺដើម្បីផ្ដួល​លោក Trump និងដើម្បីកសាងទឹកដីអាមេរិកឡើងវិញ។ យើងនឹងមិនទុកឱ្យលោក Trump មានឱកាសកាន់អំណាចរបៀបជិះសេះលែងដៃរយៈពេល 4ឆ្នាំទៀតនោះទេ”៕

    ប្រភព៖ សារព័ត៌មានបរទេស

  • អាមេរិក​ដកចិន​ចេញ​ពី​បញ្ជី​ប្រទេស​ដែល​កំណត់​តម្លៃ​លុយ​ដោយ​ខុស​ច្បាប់​ ធ្វើ​ឱ្យ​តម្លៃ​ភាគ​ហ៊ុន​នៅ​ Wall ​Street​ កើន​ឡើង​បែប​មិន​ធ្លាប់​មាន

    អាមេរិក​ដកចិន​ចេញ​ពី​បញ្ជី​ប្រទេស​ដែល​កំណត់​តម្លៃ​លុយ​ដោយ​ខុស​ច្បាប់​ ធ្វើ​ឱ្យ​តម្លៃ​ភាគ​ហ៊ុន​នៅ​ Wall ​Street​ កើន​ឡើង​បែប​មិន​ធ្លាប់​មាន

    បណ្ដា​ក្រុម​​ហ៊ុន​នៅ​ Wall Street (តំបន់​មួយនៅ​ទីក្រុង New York សហ​រដ្ឋ​អាមេរិក) បានកើន​ថាម​ពល​ឡើង​វិញ ដោយក្នុង​នោះ​គេឃើញតម្លៃ​មូល​បត្រ​របស់ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla កើនឡើង​​លើស​ 500ដុល្លារ​ក្នុង​ 1​ហ៊ុន​ជា​លើក​ដំបូង​បង្អស់ កាលពី​ថ្ងៃ​ទី​11 មករា ​កន្លង​ទៅ​ បន្ទាប់ពី​មាន​ព័ត៌មាន​​ថា អាមេរិកបាន​​ដក​ប្រទេស​ចិន​ចេញ​ពី​បញ្ជី​ឈ្មោះ​​ប្រទេស​ដែលកំណត់​តម្លៃ​លុយដោយ​ខុស​ច្បាប់។​

    ដំណឹង​ខាង​លើ​នេះ​ក៏​បាន​ជួយ​ឱ្យ​ផ្សារ​មូល​បត្រ​នៅ​អាមេរិក​បន្ត​មាន​កម្លាំង​កាន់​តែ​ខ្លាំង។

    នៅ​លើ​តារាង​សន្ទស្សន៍ S&P 500 កើន​ឡើង​ 0.7% ដោយ​មាន​ 3,288.13​ពិន្ទុ ខណៈបិទ​បញ្ចប់​ការ​ជួញដូរ​ចុង​ក្រោយ​កាល​ពី​ម្សិល​មិញ​។ ចំណែក Nasdaq Composite ក៏​បាន​កើន​ឡើងបែប​មិន​ធ្លាប់​មាន​ពី​មុនមក​ផងដែរ ដោយ​បានកើនឡើង 1% និង​មាន 9,273.93ពិន្ទុ នៅ​ពេល​តម្លៃ​មូល​បត្រ​របស់​ក្រុម​ហ៊ុន​ Tesla បាន​កើន​ឡើង​ខ្ពស់។ Dow Jones កើន​ឡើង​ 0.3% ដែល​ស្មើ​នឹង​ 83.28ពិន្ទុ។

    តម្លៃ​ភាគ​ហ៊ុន​ Goldman Sachs និង Cisco Systems បាន​កើន​ឡើងជាង 1% ជួយ​ជំរុញ​ល្បឿន​នៃ​កំណើន​របស់ Dow Jones។ S&P 500 បាន​កើន​ពិន្ទុច្រើន​ដោយ​សារ​ភាគ​ហ៊ុន​បច្ចេក​វិទ្យា​ អចលនទ្រព្យ និង​សម្ភារ ដែល​វិស័យ​នីមួយ​ៗ​បាន​កើនឡើង​យ៉ាង​តិច​ 1.3%។ រី​ឯតម្លៃ​ភាគ​ហ៊ុន​របស់ Apple ក៏​​កើនឡើង​ 2.1% ដែល​ជាកម្រិតកើនឡើង​ខ្ពស់​បំផុតដែរ។

    តម្លៃ​ភាគ​ហ៊ុននៃ​ក្រុម​ហ៊ុន ​Tesla បាន​កើន​ឡើង​ 8% បន្ទាប់​ពី​អ្នក​វិភាគ​មួយ​រូប​នៅក្រុម​ហ៊ុន Oppenheimer បានលើក​ឡើងថា តម្លៃ​ភាគ​ហ៊ុន​នៃ​ក្រុម​ហ៊ុន​ Tesla ​នឹង​កើន​ពី​ 385 ទៅ 612ដុល្លារ។ អ្នក​វិភាគ​រូប​នេះ ​បាន​លើក​ឡើង​អំពី​ការ​ទទួល​យក​ហានិ​ភ័យ​របស់​ Tesla និង​មហិច្ឆតា​​ធំជាង​គេ​ បើ​ធៀប​នឹង​បណ្ដា​ក្រុម​ហ៊ុន​ក្នុង​វិស័យ​ដូច​គ្នា​នេះ​។

    គួរ​រំឭក​ថា កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​រវាង​អាមេរិក និង​ចិន ត្រូវ​បាន​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​ទី​15 មករាកន្លង​ទៅ ដោយ​ក្នុង​នោះ អាមេរិក​នឹង​កាត់​បន្ថយ​ពន្ធ​លើ​ទំនិញ​មួយ​ចំនួន​ដែល​ផលិត​នៅ​ប្រទេស​ចិន​ ចំណែក​ចិន​ក៏​បាន​សន្យា​ទិញ​បន្ថែម​នូវ​កសិផល​​របស់​អាមេរិក​ផងដែរ៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស