Tag: អចលនវត្ថុ

  • កម្ពុជា​ លើក​ទឹក​ចិត្ត​ឱ្យ​ធនាគារ​ រៀបចំឥណទាន​ឡើងវិញចំពោះ​អ្នក​ទិញ​អចលនទ្រព្យ​ដែល​រង​ផលប៉ះពាល់​ពីវិបត្តិ​សេដ្ឋកិច្ច

    កម្ពុជា​ លើក​ទឹក​ចិត្ត​ឱ្យ​ធនាគារ​ រៀបចំឥណទាន​ឡើងវិញចំពោះ​អ្នក​ទិញ​អចលនទ្រព្យ​ដែល​រង​ផលប៉ះពាល់​ពីវិបត្តិ​សេដ្ឋកិច្ច

    (ភ្នំពេញ) – គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ពី ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ទាក់​ទង​នឹង​ការរៀបចំឥណទានឡើងវិញ ជូនដល់អតិថិជន​របស់​ខ្លួន​ដែលបាន​ខ្ចីប្រាក់​ដើម្បីទិញអចលនទ្រព្យ និងកំពុង​​រង​ផល​ប៉ះពាល់​ដោយ​សារ​វិបត្តិ​សេដ្ឋកិច្ច​។

    «លើកទឹកចិត្តដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ធ្វើការរៀបចំឥណទានឡើងវិញ តាមលទ្ធភាពជាក់ស្តែងរបស់គ្រឹះស្ថាន ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត និងការព្រមព្រៀងរវាងគ្រឹះស្ថាន និងក្រុមហ៊ុនអចលនទ្រព្យ និងអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលអនុលោមតាមប្រកាសលេខធមស 017 3 44 ប្រក. ចុះថ្ងៃទី 01 ខែធ្នូ ឆ្នាំ 2017 ស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសមវិធានធន់»​ សម្តេច ហ៊ុន​ ម៉ាណែត បានថ្លែងដូច្នេះ​​​នៅឯ​វិមានសន្ដិភាព កាល​ពី​ព្រឹកថ្ងៃទី 13 វិច្ឆិកា 2023 ក្នុង​ឱកាស​អញ្ជើញជាអធិបតីនៃ​វេទិកា «រាជរដ្ឋាភិបាល -ផ្នែកឯកជន» លើកទី 19 ដើម្បីបើកការជជែកលើបញ្ហា​ធុរកិច្ចនៅកម្ពុជា។

    ដោយ​សារ​តែ​វិស័យ​អចលនទ្រព្យ​បាន​ និង​កំពុង​រង​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ពី​វិបត្តិ​សុខភាព និង​វិបត្តិផ្សេង​ៗ​ទៀត រាជរដ្ឋាភិបាល​ក៏​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន​ដើម្បី​ចូល​រួម​ដោះ​ស្រាយ​។ វិធានការ​ទាំង​នេះ​ រួម​មាន​ដូច​ខាង​ក្រោម​៖

    • បន្តពន្យារពេលការបង់ពន្ធជាកញ្ចប់តាមដំណាក់កាលរហូតដល់ដំណាច់ឆ្នាំ 2024 សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលបាននឹងកំពុងប្រតិបត្តិការគម្រោងអភិវឌ្ឍន៍លំនៅឋាន ដែលមានអាជ្ញាបណ្ណអចលនវត្ថុផ្តល់ដល់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ។ល។
    • បង្កើនរយៈពេលនៃការបង់ពន្ធជាកញ្ចប់តាមដំណាក់កាលពី 12 ខែ ដល់ 18 ខែ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន​ជាបុរី ដែលបង់ពន្ធតិចជាងមួយ​លានដុល្លារ និងពី 24 ខែ ដល់ 38 ខែ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន​ជាបុរី ដែលបង់ពន្ធលើសពីមួយ​លានដុល្លារ។
    • ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន​ជាបុរីថ្មី ឬក្រុមហ៊ុនមានគម្រោង​អភិវឌ្ឍន៍លំនៅឋាន​ជាបុរី ដែលមិនទាន់បានអភិវឌ្ឍន៍ត្រូវបង់ពន្ធស្របតាម និតិវិធីជាព័ត៌មានរបបពិត និងត្រូវកាន់បញ្ជីគណនីឱ្យបានត្រឹមត្រូវ។
    • បន្តពន្យារពេលការអនុវត្តលើពន្ធចំណេញមូលធន សម្រាប់តែវិស័យអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ2024​។
    • បន្តលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទដែលមានលក្ខណៈជាបុរី និងដែលមានតម្លៃក្រោម ឬស្មើនឹង 7 ម៉ឺនដុល្លាររហូតដល់ដំណាច់ឆ្នាំ 2024​។
    • លើកទឹកចិត្ត និងស្នើឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​ ធ្វើការរៀបចំឥណទានឡើងវិញ តាមលទ្ធភាពជាក់ស្តែងរបស់គ្រឹះស្ថាន ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត និងការព្រមព្រៀងរវាងគ្រឹះស្ថាន និងក្រុមហ៊ុនអចលនទ្រព្យ និងអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលអនុលោមតាមប្រកាសលេខ 017 3 44 ប្រក. ចុះថ្ងៃទី 01 ខែធ្នូ ឆ្នាំ 2017 ស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសមវិធានធន។
    • ​លើកលែងការផាកពិន័យផ្សេងៗចំពោះគម្រោងអភិវឌ្ឍន៍លំនៅឋាន​ជាបុរី ប៉ុន្តែក្រុមហ៊ុនអភិវឌ្ឍចាំបាច់ត្រូវបំពេញកាតព្វកិច្ចសមស្របតាមប្រកាសស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ។
    • ពន្យារពេលអនុវត្តរហូតដល់ដំណាច់ឆ្នាំ 2023 លើសេចក្តីប្រកាសស្តីពីកាតព្វកិច្ចដាក់រាយការណ៍ហិរញ្ញវត្ថុឱ្យសវកម្មឯករាជ្យ ចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

    រាជរដ្ឋាភិបាលក៏បានបង្កើតក្រុមការងារអន្តរក្រសួងចំនួនពីរ ដើម្បីតាមដាន ដោះស្រាយបញ្ហាប្រឈម នៅក្នុងវិស័យនេះអចលន​ទ្រព្យ​ផងដែរ​។

    សម្តេចធិបតី ក៏បានដាក់ចេញនូវវិធានការមួយចំនួនទៀត ដើម្បីជួយដល់វិស័យអចលទ្រព្យ និងសំណង់ ក្នុងនោះសម្រាប់ផ្ទះមានតម្លៃលើស 7 ម៉ឺនដុល្លារអាមេរិក ត្រូវបានអនុញ្ញាតឱ្យ​ដកតម្លៃ 7 ម៉ឺនដុល្លារអាមេរិកចេញពីមូលដ្ឋាន នៃការគិតពន្ធប្រថាប់ត្រា ក៏ដូច​ជា​ការ​លើក​លែងពន្ធប្រថាប់ត្រាដល់អចលនទ្រព្យដែល​ត្រូវ​បាន​ទិញ-លក់​​ក្នុង​​តម្លៃក្រោម 7 ម៉ឺនដុល្លារ រហូតដល់ឆ្នាំ 2024 ផងដែរ​៕

  • វាគ្មិន 6ប្រទេសចូលរួមកម្មវិធីសនិ្នបាត និងពិព័រណ៍អចលនវត្ថុកម្ពុជា

    វាគ្មិន 6ប្រទេសចូលរួមកម្មវិធីសនិ្នបាត និងពិព័រណ៍អចលនវត្ថុកម្ពុជា

    ភ្នំពេញ – កម្មវិធីសនិ្នបាត និងពិព័រណ៍អចលនវត្ថុកម្ពុជារៀបចំឡើងដោយសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានចាប់ផ្ដើមបើកដំណើរការជាផ្លូវការហើយ។ ពិធីនេះនឹងប្រព្រឹត្ដទៅរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី23-25 ខែមិថុនា ឆ្នាំ2017 នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា។

    លោកជំទាវ ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងថា ការរៀបចំឱ្យមានកម្មវិធីសនិ្នបាត និងពិព័រណ៍អចលនវត្ថុកម្ពុជា ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អ្នកធ្វើធុរកិច្ចលើវិស័យនេះ។ ម្យ៉ាងវាក៏ជាភ័ស្ដុតាងយ៉ាងជាក់ច្បាស់មួយដែលឆ្លុះបញ្ចាំងឱ្យឃើញពីសក្ដានុពល និងការរីកចម្រើនលើវិស័យអចលនទ្រព្យនៅកម្ពុជា។

    រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបន្ដថា ប្រសិនបើសម្លឹងមើលតាមបណ្ដាប្រទេសក្នុងតំបន់អាស៊ាន យើងឃើញថា កម្ពុជាហាក់នៅមានឱកាសច្រើនជាងគេក្នុងការវិនិយោគលើវិស័យអចលនទ្រព្យ ដូច្នេះវាក៏ជាកាលានុវត្ដភាពសម្រាប់អ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុកអាចជួបគ្នាដោយផ្ទាល់ដើម្បីជជែកពីបញ្ហាធុរកិច្ច។ ម្យ៉ាងក៏ផ្ដល់ឱកាសដល់អ្នកជំនាញដែលប្រកបអាជីវកម្មលើ វិស័យនេះដើម្បីពង្រឹង ពង្រីក សមត្ថភាពឱ្យស្របទៅតាមតម្រូវការទីផ្សារនៅក្នុងតំបន់ដែរ។

    ក្នុងកម្មវិធីសនិ្នបាត និងពិព័រណ៍អចលនវត្ថុកម្ពុជា គេសង្កេតឃើញថា មានការចូលរួមពីសំណាក់អ្នកជំនាញ និងភ្នាក់ងារអចលនវត្ថុ និងម្ចាស់គម្រោងអភិវឌ្ឍន៍ជាច្រើន។ ពិសេសក៏មានការចូលរួមពីវាគ្មិនជាតិ និងអន្ដរជាតិអញ្ជើញមកពីប្រទេសក្នុងតំបន់អាស៊ាន ដែលមានបទពិសោធជាច្រើនឆ្នាំបានមកចែករំលែកបទពិសោធអំពីស្ថានភាពដីធ្លី និងអចលនទ្រព្យជាលក្ខណៈសកលផងដែរ។

    លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានបញ្ជាក់ថា ការរៀបចំកម្មវិធីសនិ្នបាត និងពិព័រណ៍អចលនវត្ថុកម្ពុជាធ្វើឡើងក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងរវាងសមាគមនៅប្រទេសកម្ពុជា ជាមួយសមាគមអចលនទ្រព្យនៅក្រៅប្រទេស ដូចជាប្រទេសថៃ វៀតណាម សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន និងភូមា ជាដើម។

    លោកបានបន្ថែមថា៖« អ្វីដែលខ្ញុំចង់បានគឺការធ្វើអាជីវកម្មឆ្លងដែន។ ពីមុនមកមានជនបរទេសជាច្រើនគាត់មករកស៊ីលក់ដីធ្លីនៅប្រទេសយើង ទោះយ៉ាងណាយើងមិនអាចហាមឃាត់បានទេ ព្រោះតែសេដ្ឋកិច្ចទីផ្សារសេរី តែខ្ញុំសួរខ្លួនឯងថា ចុះហេតុអ្វីបានជាយើងមិនអាចទៅរកស៊ីលក់ដីធ្លីនៅស្រុកក្រៅបាន? ដូច្នេះបើគេមានសិទ្ធិមករកស៊ីលក់ដីធ្លីនៅស្រុកយើង យើងក៏មានសិទ្ធិទៅរកស៊ីលក់ដីធ្លីនៅឯប្រទេសរបស់គេបានដែរ។ អ៊ីចឹងគោលបំណងធំរបស់ខ្ញុំគឺចង់បំបាត់ព្រំដែនអាជីវកម្មផ្នែកដីធ្លី»។

    លោកបន្ដថា ការលើកឡើងបែបនេះក្នុងអត្ថន័យចង់ឱ្យសមាជិកសមាគមនៅក្នុងប្រទេសកម្ពុជាបង្កើនទំនាក់ទំនងឱ្យទូលំទូលាយជាមួយសមាជិកសមាគមដីធ្លីនៅបរទេស ពោលបើគេស្គាល់យើង យើងត្រូវតែស្គាល់គេ។ ឧទាហរណ៍ថា បើខ្មែរយើងចង់ទិញផ្ទះនៅប្រទេសសិង្ហបុរី តើយើងត្រូវទាក់ទងទៅនរណា? ជាក់ស្ដែងតាមរយៈកម្មវិធីនេះប្រធានសមាគមអចលនទ្រព្យនៅប្រទេសសិង្ហបុរី គាត់មកកាន់ប្រទេសយើង ដូច្នេះយើងអាចទំនាក់ទំនងទូរស័ព្ទសួរគាត់ដើម្បីសុំការណែនាំពីគាត់ថា គួរតែទាក់ទងទៅក្រុមហ៊ុនណាដែលមានកេរ្ដិ៍ឈ្មោះល្អអាចទុកចិត្ដបាន? ជាដើម៕