Tag: ស្បែកជើង

  • ហោះហើរដើរលេងសប្បាយ តាមនិស្ស័យអ្នកម្ដាយពពោះ

    ហោះហើរដើរលេងសប្បាយ តាមនិស្ស័យអ្នកម្ដាយពពោះ

    រៀបផែនការប្រុងទៅហាន់នីមូនលើកទី2 ជាមួយស្វាមីជាច្រើនខែមកហើយ និងសង្ស័យប្រហែលជាបេប៊ីចង់ទៅដើរលេងដែរហើយមើលទៅ ទើបមកចាប់កំណើតចំពេលហ្នឹងតែម្ដង តែក៏មិនខូចផែនការដែរ…សុំពេលឱ្យម៉ាក់ត្រៀមខ្លួនថែមបន្តិច ម៉ាក់នឹងនាំកូន(ក្នុងផ្ទៃ)ហោះទៅដើរលេងជាមួយដែរមិនខាន។

    អ្នកជំនាញខាងសរសេរអត្ថបទស្រ្តីមានផ្ទៃពោះ និងទារកបានគាំទ្រថា “អ្នកនឹងគ្មានថ្ងៃបានធ្វើដំណើរយ៉ាងងាយស្រួល និងមានសេចក្ដីសុខស្មើនឹងពេលនេះទៀតឡើយ ដូច្នេះចូរទៅដើរលេងសម្រាកកម្សាន្ត និងធ្វើឱ្យខ្លួនឯងមានសេចក្ដីសុខ ខណៈដែលគ្រប់យ៉ាងនៅល្អប្រសើរ(ពោះនៅតូច)នៅឡើយ” បើអ្នកគ្មានចំណុចអ្វីគួរឱ្យប្រយ័ត្នប្រយែងដែលនឹងធ្វើឱ្យមិនគួរធ្វើដំណើរដោយយន្តហោះ ដូចជា សភាវស្បូនធ្លាក់ចុះទាបមាត់ស្បូនយារ ឬមានប្រវត្តិធ្លាប់រំខានដោយការរលូតបុត្រនោះ ក៏ទៅប្រឹក្សាគ្រូពេទ្យសម្ភពផ្ទាល់ខ្លួនម្ដងទៀត រួចហើយត្រៀមខ្លួនហោះទៅដើរលេងកម្សាន្តបានតែម្ដង។

    អំឡុងពេល

    ប៉ាន់ប្រមាណអំឡុងពេលហោះហើរទៅដើរលេងកម្សាន្តក្នុងចន្លោះត្រីមាសទី 2 ព្រោះស្រ្តីមានគភ៌ភាគច្រើននឹងចាប់ផ្ដើមស៊ាំធ្លាប់នឹងការមានគភ៌ហើយ អាការចាញ់កូនក៏ធូរស្រាលចុះ ថែមទាំងក្បាលពោះក៏នៅមិនទាន់ធំ និងធ្ងន់រហូតទៅណាមកណាលំបាក ឬប្រថុយប្រថាននឹងការប្រសូតមុនកំណត់ដូចត្រីមាសទី 3ដែរ(ក្រុមហ៊ុនអាកាសចរណ៍ភាគច្រើនៗតែហាមបម្រើសេវាហោះហើរឆ្លងប្រទេសសម្រាប់ស្រ្តីតាំងគភ៌ចាប់ពី 28 – 30សប្ដាហ៍ឡើងទៅ)។

    ប្រវត្តិ/ធានាសុខភាព

    ស្រ្តីមានគភ៌គួរដាក់សៀវភៅប្រវត្តិការតាមដានផ្ទៃពោះតាមខ្លួនទៅជាមួយផង ដើម្បីក្រែងលោឈឺថ្កាត់អ្វី នឹងបានយកប្រវត្តិនោះទៅឱ្យគ្រូពេទ្យនៅក្នុងប្រទេសដែលខ្លួនទៅសម្រាកកម្សាន្តនោះពិនិត្យមើលដើម្បីប្រកបក្នុងការវិនិច្ឆ័យ និងបើគ្មានពេលរៀបចំទេនោះ គួរយកលេខទូរស័ព្ទរបស់លោកគ្រូពេទ្យដែលពិនិត្យគភ៌ជាប្រចាំទៅជាមួយផងក៏បាន។

    ជ្រើសរើសកៅអីអង្គុយ

    កៅអីអង្គុយជាប់ផ្លូវដើរ ជាជម្រើសដែលស័ក្តិសមបំផុត ព្រោះស្រ្តីមានគភ៌នឹងត្រូវក្រោកទៅចូលបន្ទប់ទឹកញឹកញាប់ជាងមនុស្សឯទៀត(ខានទស្សនាទេសភាពដែលអង្គុយនៅជាប់មាត់បង្អួចសិនទៅ) និងបើជ្រើសរើសបាន គួរជ្រើសរើសអង្គុយកៅអីជួរមុខដែលអាចសណ្ដូកជើងបានស្រួលផង។ នៅពេលអង្គុយលើកៅអីហើយ កុំភ្លេចបំពាក់ខ្សែក្រវាត់សុវត្ថិភាពក្រោមពោះផង។

    ការពារអាការខ្វះជាតិទឹក

    អាកាសធាតុនៅក្នុងយន្តហោះនឹងស្ងួតជាងប្រក្រតី ស្រ្តីមានគភ៌គួរការពារអាការខ្វះជាតិទឹកដោយការញ៉ាំទឹកឱ្យបានញឹកញាប់ តែបើសិនខ្លាចថាអ្នកបម្រើលើយន្តហោះដើរមកចាក់ទឹកឱ្យញឹកញាប់នោះ អ្នកអាចដាក់តាមខ្លួននូវបំពង់ទឹកតូចមួយក្នុងកាបូបស្ពាយទៅជាមួយ និងគ្រាន់តែសុំឱ្យបុគ្គលិកលើយន្តហោះជួយចាក់ទឹកឱ្យពេញទុកញ៉ាំក៏បាន។

    ការពារប្រគ្រីវកាច់ / ហើមជើង

    ស្លៀកសម្លៀកបំពាក់ណាដែលសប្បាយៗស្រួលខ្លួន ចៀសវាងខោណាដែលរឹតតឹងណែនភ្លៅ និងកំភួនជើង ដោះស្បែកជើងចេញ ហើយដាក់ជើងលើភ្នាក់ជើង ឬដាក់កាបូបធ្វើដំណើរនៅខាងក្រោមកៅអីខាងមុខ ហើយដាក់ជើងគងសម្រាកលើនោះក៏បាន។ ក្រោកឡើងដើរទៅ-មកនៅតាមផ្លូវដើរដើម្បីផ្លាស់ប្ដូរឥរិយាបថរៀងរាល់ 1ម៉ោងម្ដង និងសណ្ដូកជើងដើម្បីឱ្យយឺតសរសៃរៀងរាល់កន្លះម៉ោងម្ដង។ អ៎! កុំភ្លេចត្រៀមស្រោមជើងស្ដើងៗ ឬស្បែកជើងផ្ទាត់ទៅជាមួយទុកពាក់ដើរទៅ-មកផងក៏រឹតតែល្អទៅទៀត៕

  • រឿងក្បែរៗខ្លួនដែលស្រ្តីមានគភ៌គួរដឹង

    រឿងក្បែរៗខ្លួនដែលស្រ្តីមានគភ៌គួរដឹង

    នៅពេលដែលដឹងខ្លួនថាតាំងគភ៌ហើយ មានរឿងចាំបាច់ច្រើនយ៉ាងណាស់ដែលស្រ្តីត្រូវរៀនយល់ដឹង និងធ្វើដើម្បីសុខភាពខ្លួនឯង និងកូនក្នុងផ្ទៃ។ ថ្ងៃនេះឡារ៉ែនមានរឿងក្បែរខ្លួនដែលសំខាន់ៗសម្រាប់ស្រ្តីមានគភ៌ដែលត្រូវប្រតិបត្តិមកជម្រាបជូនដូចខាងក្រោម។

    ការសម្រាក ៈ ស្រ្តីមានគភ៌ត្រូវការគេងក្នុងអំឡុងពេលយប់ពី 8 – 10ម៉ោង ឬគេងឱ្យបានច្រើនរហូតទាល់តែអ្នកមានអារម្មណ៍ថា ស្រួលកាយសប្បាយខ្លួន មិននឿយល្វើយ និងខណៈពេលគេង ស្រ្តីមានគភ៌គួរគេងផ្អៀងខាងឆ្វេង ព្រមទាំងអង្កុញជង្គង់បន្តិច ដើម្បីចៀសវាងមិនឱ្យស្បូនដែលមានទំហំធំនោះទៅសង្កត់លើសរសៃឈាម ដែលជាហេតុបណ្ដាលឱ្យ ឈាមហូរមកចិញ្ចឹមទងសុកមិនបានល្អ។ ការគេងមួយស្រឡេតនៅពេលថ្ងៃរសៀលនឹងជួយដល់ស្រ្តីមានគភ៌បានច្រើនណាស់ និងទោះជាការគេងនោះមិនលក់ក៏ដោយ តែការគេង និងការសម្រាកបន្ធូរសាច់ដុំ គឺជារឿងល្អសម្រាប់ស្រ្តីមានគភ៌។

    ការស្លៀកសម្លៀកបំពាក់ និងស្បែកជើង ៈ ស្រ្តីមានគភ៌អាចត្រូវការទិញសម្លៀកបំពាក់ស្លៀកក្នុងអំឡុងពេលមានគភ៌ រឿងសំខាន់ដែលស្រ្តីមានគភ៌មិនគួរភ្លេច ក៏គឺសម្លៀកបំពាក់ទាំងនោះត្រូវធ្វើឱ្យខ្លួនមានអារម្មណ៍សប្បាយស្រួលខណៈស្លៀក។ អាវឈុតគ្របផ្ទៃពោះគួរតែជាសម្លៀកបំពាក់ដែលស្លៀកសប្បាយស្រួលខ្លួន និងងាយស្រួលថែរក្សា រួមទាំងអាវទ្រនាប់ផង គួរប្រើអាវសម្រាប់ស្រ្តីមានគភ៌ ឬបំបៅដោះកូន ខណៈពេលជាមួយគ្នា គួរពាក់ស្បែកជើងកែងទាប ព្រោះខណៈពេលតាំងគភ៌ ការទប់លំនឹងខ្លួនរបស់ស្រ្តីមានគភ៌នឹងមិនល្អដូចប្រក្រតីនោះទេ។ ការពាក់ស្បែកជើងកែងខ្ពស់ៗអាចធ្វើឱ្យស្រ្តីមានគភ៌ងាយនឹងឈឺខ្នង រួមទាំងងាយនឹងកើតឧប្បត្តិហេតុទៀតផង ជាពិសេសនៅពេលអាយុគភ៌ចាប់ពី 7ខែឡើងទៅ ។

    ការមើលថែទាំរក្សាសុខភាពធ្មេញ និងប្រអប់មាត់ ៈ ស្រ្តីមានគភ៌គួរផ្ដល់ការចាប់អារម្មណ៍លើសុខភាពធ្មេញ និងប្រអប់មាត់របស់ខ្លួនជាពិសេស ដោយសារតែក្នុងចន្លោះពេលនេះ ស្រ្តីមានគភ៌ច្រើនតែទទួលទានអាហារញឹកញាប់ ឬចង់ញ៉ាំអាហារផ្អែមខ្លាំងជាងប្រក្រតី។ អ័រម៉ូនដែលប្រែប្រួលក្នុងអំឡុងការតាំងគភ៌ច្រើនតែធ្វើឱ្យអញ្ចាញធ្មេញរបស់ស្រ្តីមានគភ៌ងាយក្នុងការរលាកឆ្លងមេរោគ និងការក្អួតចង្អោរក្នុងអំឡុងពេលចាញ់កូនដែលច្រើនតែមានអាស៊ីតពីក្រពះចេញមកច្រើនជាដើម ទាំងអស់ដែលរៀបរាប់មកនេះ នឹងធ្វើឱ្យធ្មេញរបស់ស្រ្តីមានគភ៌ងាយនឹងពុកខូចជាងប្រក្រតី ដូច្នេះស្រ្តីមានគភ៌ត្រូវឧស្សាហ៍មើលថែទាំ និងរក្សាអនាម័យសុខភាពមាត់-ធ្មេញដោយការសម្អាតអញ្ចាញធ្មេញ ធ្មេញ និងប្រអប់មាត់ឱ្យបានជាប់ជាប្រចាំ៕

  • 14 ចំណុចហាមឃាត់ ដែលស្រ្តីមានគភ៌ត្រូវតែធ្វើតាម

    14 ចំណុចហាមឃាត់ ដែលស្រ្តីមានគភ៌ត្រូវតែធ្វើតាម

    ខណៈតាំងគភ៌ ជាពិសេសតាំងគភ៌លើកដំបូង ស្រ្តីមានគភ៌អាចនៅមិនទាន់ដឹង ឬដឹងមិនអស់សេចក្ដីពាក់ព័ន្ធនឹងទង្វើដែលមិនស័ក្តិសម ឬចំណុចហាមឃាត់ផ្សេងៗដែលគ្រូពេទ្យជំនាញបានហាម ឬអនុញ្ញាតឱ្យធ្វើដែរ តែត្រូវធ្វើឱ្យតិចបំផុតដើម្បីសុខភាពរបស់ទាំងម្ដាយ និងកូនក្នុងគភ៌។ ចំណុចហាមឃាត់ទាំងនោះមានហេតុផលត្រឹមត្រូវច្បាស់លាស់ខាងវិទ្យាសាស្រ្ត មិនមែនជាជំនឿតៗគ្នានោះឡើយ។

    1 . ហាមមួម៉ៅ ធុញថប់ តានតឹងអារម្មណ៍

    ខណៈដែលរាងកាយមានភាពធុញថប់តានតឹង ខួរក្បាលនឹងបញ្ជាទៅក្រពេញ អាឌ្រីណាលីន ដែលស្ថិតនៅខាងលើក្រលៀនឱ្យបញ្ចេញអ័រម៉ូននៃភាពធុញថប់តានតឹងអារម្មណ៍មួយប្រភេទចេញមក ហុចផលឱ្យរាងកាយមានអារម្មណ៍ចង់ញ៉ាំអាហារ ធ្វើឱ្យស្រ្តីមានគភ៌ត្រូវតែញ៉ាំអាហារចូលទៅច្រើន។ ធុញថប់តានតឹងច្រើន ញ៉ាំច្រើន ធាត់ច្រើន ធ្វើឱ្យស្រ្តីមានគភ៌ឡើងទម្ងន់ព្រឹបៗដែលជារឿងមិនល្អឡើយសម្រាប់ស្រ្តីមានគភ៌ និងក្រៅពីនោះ ស្រ្តីមានគភ៌ដែលមានអារម្មណ៍មួម៉ៅធុញថប់តានតឹងច្រើន ទារកក្នុងផ្ទៃក៏នឹងទទួលផលប៉ះពាល់ដូចគ្នា ដែលក្រោយពេលប្រសូតចេញមក ទារកច្រើនតែមានទង្វើពិបាកចិញ្ចឹម និងយំរករឿងច្រើន។

     

    2 . ហាមហាត់ប្រាណបង្ខំ និងហាត់ខ្លាំង

    គ្រប់ត្រីមាសរបស់ការតាំងគភ៌ គួរហាត់ប្រាណតែល្មមសមរម្យបានហើយ។ ក្នុងត្រីមាសដំបូង បើប្រឹងហាត់ប្រាណខ្លាំង និងហក់លោតពេក នឹងកើតកម្លាំងញ័ររញ្ជួយខ្លាំង មានផលប៉ះពាល់តួកំណើត អាចបណ្ដាលឱ្យរលូតបាន។ សម្រាប់ត្រីមាសទី2 និងទី3 វិញ បើសិនហាត់ប្រាណខ្លាំងក្លាពេក រាងកាយនឹងប្ដូរផ្លាស់ហ្គាសអុកស៊ីហ្ស៊ែនមិនទាន់ ធ្វើឱ្យទារកកើតមានសភាវខ្វះអុកស៊ីហ្ស៊ែនបាន។

    3 . ហាមពាក់ស្បែកជើងកែងចោត

    ស្រ្តីមានគភ៌ច្រើនតែមកជួបគ្រូពេទ្យដោយអាការឈឺខ្នងជាញឹកញាប់ តើនរណាទៅនឹកឃើញថា មូលហេតុគឺមកពីស្បែកជើង?។ ការដែលស្រ្តីមានគភ៌ពាក់ស្បែកជើងកែងចោតខ្ពស់ៗ ធ្វើឱ្យសាច់ដុំនៅម្ដុំកំភួនជើង ភ្លៅ ចង្កេះ និងខ្នង កើតភាពតានតឹង និងអាការឈឺចាប់តាមមក។ ក្រៅពីនេះនៅជួបប្រទះទៀតថា ស្បែកជើងកែងចោតបានធ្វើឱ្យចំណុចរួមនៃទម្ងន់ខ្លួនរបស់ស្រ្តីមានគភ៌បាត់បង់តុល្យភាព អាចធ្វើឱ្យដួល និងបណ្ដាលឱ្យរលូតបុត្របាន។

    4 . ហាមញ៉ាំថ្នាំផ្ដេសផ្ដាស់

    ចំណុចនេះសំខាន់ខ្លាំងណាស់ ជាពិសេស 12សប្ដាហ៍ដំបូង ព្រោះជាអំឡុងពេលកកំណើត សាងអវយវៈដែលសំខាន់ៗរបស់តួកំណើត។ បើញ៉ាំថ្នាំដែលបង្កអន្តរាយ នឹងមានភាពប៉ះពាល់បណ្ដាលឱ្យមានពិការភាពដល់ទារកក្នុងគភ៌បាន ដូចជា ពិការដៃជើង ឆែបមាត់ ជាដើម ជាពិសេសពពួកថ្នាំបំបាត់មុន និងនៅឱ្យឆ្ងាយពីសារធាតុគីមីផ្សេងៗ ដូចជា ថ្នាំបាញ់មូស។ល។ បើមានអាការជំងឺធ្ងន់ធ្ងរគួរទៅជួបគ្រូពេទ្យជំនាញ។

    5 . ហាមចូលគេងយប់ជ្រៅ

    ស្រ្តីមានគភ៌ត្រូវគេងលក់សម្រាកឱ្យបានគ្រប់គ្រាន់យ៉ាងតិច 8ម៉ោងក្នុងមួយយប់។ បើគេងពេលយប់មិនគ្រប់គ្រាន់ ក្នុងអំឡុងពេលថ្ងៃចូរស្រ្តីមានគភ៌គេងលក់សម្រាកមួយស្រឡេត ជាពិសេសបំផុតក្នុងរយៈពេល 14សប្ដាហ៍ដំបូងនៃការតាំងគភ៌។ មានការសិក្សាស្រាវជ្រាវនៅប្រទេសសហរដ្ឋអាមេរិកមួយបានរកឃើញថា ស្រ្តីមានគភ៌ដែលគេងបានតិចជាងមួយយប់ 5ម៉ោង នឹងប្រថុយនឹងការត្រូវជំងឺផ្សេងៗយាយីរហូតពេលមួយរយៈកាលនៃការតាំងគភ៌ ដែលអាចបង្កគ្រោះថ្នាក់ទៅដល់ទារកក្នុងគភ៌នៅទីបំផុត។

    6 . ហាមអត់អាហារ និងសម្រកទម្ងន់

    បើស្រីមានគភ៌គ្មានចំណុចកម្រិតខាងវេជ្ជសាស្រ្តថា ត្រូវកម្រិតអាហារទេនោះ គួរទទួលទាមអាហារឱ្យគ្រប់ និងសមល្មមទៅតាមតម្រូវការរបស់រាងកាយ ព្រោះការសិក្សាស្រាវជ្រាវដដែលនោះបានរកឃើញថា ស្រ្តីមានគភ៌ដែលតម ឬអត់អាហារ ធ្វើឱ្យទារកមានអត្រាក្នុងការប្រសូតមុនកាលកំណត់ខ្ពស់ និងអាចពិការខួរក្បាល ដោយសារតែនៅក្នុងអាហារទាំង 5ប្រភេទក្រុមមានសារធាតុអាហារដែលសំខាន់ដល់ការបំប៉នខួរក្បាលទារក ដូចជា សារធាតុហ្វូលេតដែលបានពីបន្លែផ្លែឈើ និងវីតាមីនផ្សេងៗដែលជួយក្នុងការសាងអវយវៈសំខាន់ៗ។ សម្រាប់ស្រ្តីមានគភ៌ដែលបារម្ភខ្លាចធាត់នោះ ក្រោយពេលប្រសូត ឡារ៉ែន សូមណែនាំ ឱ្យចិញ្ចឹមកូនដោយទឹកដោះខ្លួនឯងតែម្យ៉ាងគត់ នោះធានាថា ទម្ងន់នឹងស្រកចុះយ៉ាងឆាប់រហ័សមិនខាន។

    7 . ហាមរំលង ឬខកខានការណាត់ពិនិត្យគភ៌

    ស្រ្តីមានគភ៌ត្រូវតែដឹងខ្លួនជាប់ជានិច្ចអំពីភាពសំខាន់នៃការពិនិត្យគភ៌ ព្រោះរាងកាយរបស់ម្ដាយ និងកូនក្នុងផ្ទៃមានការប្រែប្រួលគ្រប់ពេលវេលា បើរកឃើញភាពខុសប្រក្រតីណាមួយរបស់ម្ដាយ ឬទារកក្នុងគភ៌ គ្រូពេទ្យនឹងបានផ្ដល់ការជួយសង្រ្គោះទាន់ពេលវេលា តែបើសិនជាខកខាន ឬរំលងការណាត់ពិនិត្យគភ៌នៅថ្ងៃនោះ គួរតែទៅជួបគ្រូពេទ្យនៅថ្ងៃបន្ទាប់កុំរំលងឱ្យសោះ។

    (នៅមានត)

  • នៅពេលខ្ញុំតាំងគភ៌ខែទី 5

    នៅពេលខ្ញុំតាំងគភ៌ខែទី 5

    នៅពេលស្រ្តីតាំងគភ៌រហូតមកដល់ខែទី 5នេះ ទារកនៅក្នុងគភ៌នឹងមានទំហំប្រមាណជា 8 – 10អ៊ិញ ការកម្រើករបស់ទារកក្នុងគភ៌នឹងខ្លាំងល្មមឱ្យម្ដាយមានអារម្មណ៍ដឹងបានហើយ ដងខ្លួនរបស់ទារកចាប់ផ្ដើមមានរោមខ្ចីៗគ្របដណ្ដប់ ចាប់ផ្ដើមមានសរសៃសក់ និងចិញ្ចើមហើយ។

    ក្នុងខែទី 5របស់ការតាំងគភ៌នឹងមានការប្រែប្រួលផ្សេងៗដែលស្រ្តីមានគភ៌អាចដឹងបានដូចតទៅ ៈ

    – ទារកក្នុងគភ៌ចាប់ផ្ដើមរើរហូតម្ដាយមានអារម្មណ៍ដឹង។

    – មានទឹករំអិលនៅក្នុងប្រអប់ពោះច្រើនឡើង។

    – អាការទល់លាមក ឬអាចកើតឫសដូងបាត។

    – ហើមពោះ ឆ្អល់ពោះ អាហារមិនរំលាយ និងមានខ្យល់ច្រើននៅក្នុងពោះ។

    – ឈឺក្បាលខ្លះៗ ជួនកាលអាចមានអាការខ្យល់គ និងឆាប់វិលមុខ។

    – តឹងណែនច្រមុះ ហូរឈាមតាមច្រមុះ និងហ៊ឹងត្រចៀក។

    – ឃ្លានញឹកញាប់។

    – អាចកើតអាការរមួលក្រពើញឹកញាប់ជាងមុន។

    – មានអាការហើមនៅត្រង់ភ្នែកគោល និងប្រអប់ជើង ស្រ្តីខ្លះមុខ និងដៃក៏ហើមដែរ។

    – កើតមានស្នាមជាំនៅលើជើង។

    – ជីពចរដើរញាប់ជាងមុន។

    – ចាប់ផ្ដើមមានអាការឈឺខ្នង។

    – អារម្មណ៍ខាងផ្លូវភេទប្រែប្រួល។

    – ពណ៌ស្បែកនៅត្រង់ក្បាលពោះ និងផ្ទៃមុខឡើងស្រគាំ។

    – អារម្មណ៍ប្រែប្រួល ថយចុះជាងខែមុនៗ តែនៅតែទន់ជ្រាយម្ដងម្កាល។

    រឿងដែលគ្រូពេទ្យអ្នកពិនិត្យគភ៌ចង់ឱ្យស្រ្តីមានគភ៌ធ្វើនៅក្នុងអំឡុងខែនេះគឺ ៈ

    – ថ្លឹងទម្ងន់ខ្លួន និងវាស់សម្ពាធឈាម។

    – ពិនិត្យមើលជាតិស្ករ និងសារធាតុស៊ុតសនៅក្នុងទឹកមូត្រ។

    – ស្ដាប់សំឡេងលោតរបស់បេះដូងរបស់ទារកក្នុងគភ៌។

    – ពិនិត្យមើលខ្នាត និងរូបរាងរបស់ស្បូនដោយការពិនិត្យក្បាលពោះ។

    – កម្ពស់ចុងកំពូលរបស់ស្បូន។

    – អាការហើមនៅលើដៃ និងជើង និងសរសៃឈាមនៅលើជើង។

    – ពិនិត្យរកមើលជំងឺរលាកថ្លើម។

    – អាការខុសប្រក្រតីផ្សេងៗ(បើមាន)។

    រឿងដែលស្រ្តីមានគភ៌ត្រូវមើលថែទាំជាពិសេសក្នុងអំឡុងខែនេះគឺ ៈ

    1 . អាចមានអាការវិលមុខញឹកញាប់ ៈ ដោយសារតែស្បូនរីកធំឡើងរហូតអាចទៅសង្កត់ពីលើសរសៃឈាមក្រហមធំនៅត្រង់កណ្ដាលដងខ្លួន ដូច្នេះពេលក្រោកឈរ ឬប្ដូរឥរិយាបថផ្សេងៗនឹងធ្វើឱ្យលំហូរវិលរបស់លោហិតផ្លាស់ប្ដូរ ធ្វើឱ្យសម្ពាធថយចុះយ៉ាងទាន់ហន់ ធ្វើឱ្យឈាមមិនអាចហូរមកចិញ្ចឹមខួរក្បាលបានទាន់ពេលវេលាទើបបណ្ដាលឱ្យកើតអាការវិលមុខនេះឡើង។ ស្រ្តីមានគភ៌អាចការពារអាការនេះបានដោយនៅពេលត្រូវផ្លាស់ប្ដូរឥរិយាបថផ្សេងៗ មិនថាតែការក្រោកឈរ អង្គុយចុះ គេង ឬដើរនោះទេ គួរធ្វើដោយយឺតៗ វានឹងជួយឱ្យរាងកាយកែសម្រួលលំហូរវិលរបស់ឈាមក្នុងរាងកាយបានទាន់ និងវិធីមួយទៀតដែលអាចជួយបានដែរនោះគឺ ញ៉ាំប្រូតេអ៊ីនគ្រប់ពេលអាហារ ញ៉ាំឱ្យបានញឹកញាប់ឡើង ឬញ៉ាំអាហារផ្សេងៗក្នុងចន្លោះពេលបាយចម្បងៗដើម្បីកុំឱ្យកម្រិតជាតិស្ករនៅក្នុងធ្លាក់ចុះទាបខ្លាំងពេក។

    2 . ពិនិត្យរកមើលជំងឺរលាកថ្លើមប្រភេទ B ៈ និងបើរកឃើញថាមានឆ្លងមេរោគត្រូវចូលទៅព្យាបាលជាបន្ទាន់។

    3 . ការលើករបស់ធ្ងន់ៗ ឬការពកូនច្បង ៈ បើចង់បី ឬពរកូន ឬលើករបស់របរដែលមានទម្ងន់ធ្ងន់ជាង 10គីឡូក្រាម អាចកើតគ្រោះថ្នាក់ដល់សាចដុំខ្នងយ៉ាងខ្លាំង។ បើកូនច្បងចង់ឱ្យព គួរនិយាយជាមួយកូនឱ្យបានយល់ថា ពេលនេះកូនធំហើយ អាចដើរខ្លួនឯងបានហើយ…ល្អជាងការប្រាប់ថា ពេលនេះម៉ាក់មានអូននៅក្នុងពោះ ទើបពកូនមិនបាន ព្រោះនឹងធ្វើឱ្យកូនច្បងកើតអាការច្រណែនប្អូនបាន។

    4 . ក្នុងរយៈពេលនេះ នឹងចាប់ផ្ដើមមានអាការហើមជើង ៈ គួរធ្វើលំហាត់ប្រាណណាដែលពាក់ព័ន្ធនឹងជើងខ្លះផង កុំពាក់ស្បែកជើងដែលចង្អៀតខ្លាំងពេក និងកុំពាក់ស្បែកជើងកែងចោត វាអាចនឹងជួយកាត់បន្ថយអាការឈឺ និងហើមជើងបាន៕

  • 30 វិធី និយាយបញ្ចុះបញ្ចូលចិត្តកូន ដើម្បីឱ្យកូនធ្វើតាម

    30 វិធី និយាយបញ្ចុះបញ្ចូលចិត្តកូន ដើម្បីឱ្យកូនធ្វើតាម

    ការនិយាយជាមួយកូនដើម្បីឱ្យកូនស្ដាប់បង្គាប់ និងធ្វើតាម ពេលខ្លះមិនមែនជារឿងងាយស្រួលឡើយ។ ការនិយាយជាមួយកូនមានភាពសំខាន់ណាស់ ព្រោះវាគឺជាគំរូដើមក្នុងការបង្រៀនកូនឱ្យបានរៀនយល់ដឹងក្នុងការនិយាយស្ដីជាមួយអ្នកដទៃផងដែរ។ ថ្ងៃនេះ អ្នកគ្រូ ឆវី មាន 30វិធីងាយៗពីអ្នកជំនាញខាងចិត្តវិទ្យាកុមារមកជម្រាបជូនដូចខាងក្រោម។

    ការនិយាយឱ្យកូនធ្វើតាមដោយមិនពិបាក មានដូចតទៅ

    1 . សម្លឹងមើលមុខមុននឹងនិយាយ មុននឹងចាប់ផ្ដើមនិយាយជាមួយកូន ចូរសម្លឹងមើលមុខកូនជាមុន ដើម្បីឱ្យប្រាកដក្នុងចិត្តថា កូនកំពុងស្ដាប់ រួចអង្គុយចុះក្នុងកម្ពស់ស្មើគ្នា និងសម្លឹងមើលកូនដោយខ្សែភ្នែកនៃសេចក្ដីស្រឡាញ់ មិនមែនការសម្លុតគំរាម។

    2 . ហៅឈ្មោះកូន ចាប់ផ្ដើមការនិយាយដោយការហៅឈ្មោះ ដូចជា កូនតូមី ម៉ាក់សុំឱ្យកូន…។

    3 . និយាយខ្លីៗ តែមានន័យ កុំនិយាយច្រើន ឬរអ៊ូច្រើន ព្រោះកូននឹងចាប់អត្ថន័យមិនបាន និងមិនដឹងថា យើងត្រូវការអ្វី។

    4 . ប្រើពាក្យងាយៗយល់ ប្រើពាក្យសម្ដីដែលងាយស្រួលយល់ និងមានន័យច្បាស់លាស់ជាមួយកូន កុំរអ៊ូ ឬរៀបរាប់ច្រើនពេក ព្រោះនឹងធ្វើឱ្យកូនមិនយល់ ឬធ្វើជាមិនដឹងតែម្ដង។

    5 . ពិសោធពីការយល់ដឹង ដោយឱ្យកូនឆ្លើយមកវិញ បើកូនមិនអាចឆ្លើយតបមកវិញបាន នោះបញ្ជាក់ថា ពិបាកយល់ និងវែងជ្រុលពេកហើយ ធ្វើឱ្យកូនមិនយល់។

    6 . ប្រើជម្រើសផ្សេងដែលមិនមែនជាការដាក់ទោស ជំនួសឱ្យការនិយាយថា បើមិនធ្វើ! ចាំមើលបន្តិចទៀតម៉ាក់មកវិញនឹងវាយឱ្យហើមគូទម្ដង តែគួរតែនិយាយថា បើកូនជួយលាងបន្លែម៉ាក់ កូននឹងអាចជួយម៉ាក់បានច្រើនណាស់ បន្តិចទៀតប៉ាមកវិញ យើងនឹងបានញ៉ាំបាយជុំគ្នាតែម្ដង…ជាដើម។

    7 . ដាក់សំណើដែលកូនមិនអាចបដិសេធបាន ជាពិសេសជាមួយក្មេងអាយុ 2 – 3ឆ្នាំ ជាវ័យដែលប្រកាន់យកខ្លួនឯងជាធំ( Egocentric)ដូច្នេះការដាក់សំណើណាមួយដែលកូននឹងស្ដាប់បង្គាប់ និងធ្វើតាម នឹងជួយកាត់បន្ថយការប្រកែកប្រណាំង ឬការឈ្លោះប្រកែកបាន ដូចជា ប្រាប់កូនថា ទៅស្លៀកពាក់ទៅ បន្តិចទៀតន្អាលនឹងបានចេញទៅលេងខាងក្រៅ។

    8 . និយាយក្នុងផ្លូវវិជ្ជមាន ដូចជា “កុំស្រែកគំហក!” តែយើងគួរនិយាយថា “កុំស្រែកខ្លាំងៗអី ព្រោះវានឹងធ្វើឱ្យយើងឈឺក”។

    9 . និយាយយ៉ាងមានគោលដៅ ដូចជា ម៉ាក់ត្រូវការឱ្យកូនចែកឱ្យប្អូនលេងផង (ជំនួសឱ្យពាក្យថា “ចែកឱ្យប្អូនដែរភ្លាម!”) វិធីនេះប្រើការបានល្អជាមួយក្មេងដែលចូលចិត្តការយកចិត្តយកថ្លើម និងក្មេងដែលមិនចូលចិត្តការបង្ខំ។

    10 . និយាយដល់ហេតុ និងផលដែលនឹងកើតឡើង ដូចជា នៅពេលកូនដុសធ្មេញរួច ម៉ាក់នឹងនិយាយរឿងនិទានឱ្យស្ដាប់ ឬនៅពេលកូនញ៉ាំបាយរួច យើងនឹងចេញទៅញ៉ាំការ៉េមជាមួយគ្នា។

    11 . កុំគិតថា កូនឌឺរឹង និងមិនសហការ តែផ្ទុយទៅវិញ ត្រូវសង្កេតមើលថា តើការនិយាយស្ដីរបស់យើងមានខុសឆ្គងត្រង់ណាទេ?។

    12 . រួមធ្វើកិច្ចការងារជាមួយកូន ជំនួសការចាំតែបញ្ជា ដូចជាថា បិទទូរទស្សន៍ភ្លាម ដល់ម៉ោងញ៉ាំបាយហើយ! តែយើងអាចប្រើវិធីដើរទៅអង្គុយជិតកូន មើលទូរទស្សន៍ជាមួយកូនប្រមាណជា 2 – 3នាទី លុះដល់ពេលផ្សាយពាណិជ្ជកម្ម ក៏ឱ្យកូនបិទទូរទស្សន៍ដោយខ្លួនឯង និងប្រាប់កូនថា ដល់ម៉ោងញ៉ាំបាយហើយ។

    13 . ផ្ដល់ជម្រើសដែលឆ្លាតវៃ ដូចជា តើចង់ស្លៀកខោអាវគេងមុន ឬចង់ដុសធ្មេញមុន? ចង់ពាក់អាវពណ៌ផ្កាឈូក ឬពណ៌បៃតងវិញ? ជាដើម។

    14 . និយាយត្រង់ទៅត្រង់មក ខ្លី និងងាយយល់ ឱ្យស័ក្តិសមនឹងវ័យ និងវិវឌ្ឍនាការក្មេង ដូចជា បើសួរក្មេងអាយុ 3ឆ្នាំថា ហេតុអីបានធ្វើអ៊ីចឹង? ក្មេងអាចនឹងឆ្លើយមិនរួចទេ ដូច្នេះគួរនិយាយជាមួយកូនថា ប្រាប់ម៉ាក់បន្តិចមើល៍ រឿងដែលកូនធ្វើហ្នឹងយ៉ាងម៉េចដែរ?។

    15 . និយាយយ៉ាងសុភាព និងផ្ដល់កិត្តិយស និយាយជាមួយកូនដូចដែលយើងចង់ឱ្យកូននិយាយជាមួយយើង។

    16 . មិនបង្ខំ ព្រោះការបង្ខំសម្លុតគំរាមនឹងធ្វើឱ្យកូនមិនរួមសហការ ដូចជានិយាយថា កូនត្រូវតែធ្វើនេះ ធ្វើនោះឱ្យហើយ! តែគួរប្ដូរមកជា ម៉ាក់ចង់ឱ្យកូនធ្វើរឿងនេះ រឿងនោះ…ម៉ាក់សប្បាយចិត្តណាស់ដែលឃើញកូនធ្វើ ឬជំនួសឱ្យពាក្យថា ជូតតុបាយឱ្យស្អាតភ្លាម! គួរប្ដូរមកជា ម៉ាក់ចង់ឱ្យកូនជូតតុបាយឱ្យស្អាត និងកុំឱ្យជម្រើសបែបអវិជ្ជមានទៅកូន ដូចជានៅពេលធាតុអាកាសរងា ចូរនិយាយជាមួយកូនថា ឱ្យយកអាវរងាមកពាក់ តែកុំប្រើពាក្យថា កូនចង់ពាក់អាវរងាទេ? ជាដើម។

    17 . ហាត់សង្កេតទស្សនគតិ វិធីគិត និងការនិយាយស្ដីរបស់កូន ៈ ដើម្បីនឹងបានតបស្នងតម្រូវការរបស់កូនបានត្រឹមត្រូវ។

    18 . ប្រើប៊ិច ខ្មៅដៃជំនួសការនិយាយ កូនវ័យជំទង់មិនត្រូវការឱ្យយើងនិយាយច្រំដែលៗទេ ព្រោះការនិយាយច្រំដែលៗនេះ សម្រាប់កូនក្នុងវ័យស្ទាវជំទង់ប្រៀបដូចជាការពន្យុះកំហឹង ឬមិនទុកចិត្ត ដូច្នេះការសរសេរកំណត់ត្រាដាស់តឿនគឺជាវិធីមួយដែលជួយឱ្យកូនវ័យជំទង់ផ្ដល់នូវការសហការបានល្អជាងការនិយាយច្រំដែលៗ។ សាកល្បងសរសេរសំណេរដាស់តឿនបែបកំប្លែងៗ នោះអ្នកនឹងឃើញថា វាពិតជាបានផលល្អមែនមិនខាន។

    19 . កុំគិតតែពីនិយាយ តែធ្វើឱ្យឃើញជាគំរូ ក្មេងៗរៀនយល់ដឹងពីទង្វើខ្លាំងជាងពាក្យសម្ដី ដូច្នេះធ្វើជាគំរូដែលល្អដល់កូន ដើម្បីឱ្យកូនធ្វើតាម។

    20 . បំពេញអារម្មណ៍របស់កូនជាមុន រួចសឹមនិយាយ ឬចង្អុលណែនាំដល់កូន ពិនិត្យមើលអារម្មណ៍របស់កូនជាមុន ឱ្យប្រាកដក្នុងចិត្តសិនថា តើគេព្រមនៅក្នុងការស្ដាប់យើងឬទេ? មិនដូច្នោះទេ អ្វីដែលយើងនិយាយទៅ នឹងមិនកើតជាប្រយោជន៍អ្វីឡើយ។

    21 . និយាយជាកំណាព្យកាព្យជួនឱ្យងាយចងចាំ ដូចជា ជួយគេឱ្យច្រើន អ្នកចម្រើនគឺខ្លួនយើង ជាដើម។

    22 . ឱ្យកូនធ្វើត្រាប់តាម ក្មេងតូចត្រូវប្រាប់ច្រើនៗដង ខុសពីកូនវ័យជំទង់។ ក្មេងវ័យ 3 – 6ឆ្នាំចូលចិត្តការធ្វើត្រាប់តាម ដូច្នេះនៅពេលនិយាយប្រាប់ហើយ ចូរធ្វើឱ្យឃើញ និងឱ្យកូនធ្វើតាម ធ្វើដូចជាការលេងសម្ដែងដូច្នោះដែរ។

    23 . ឱ្យកូនគិតដោយខ្លួនឯង បង្ហាត់ឱ្យកូនចេះគិតដោយខ្លួនឯង ដោយជំនួសឱ្យការនិយាយថា មើលចុះ របស់របរអីក៏រាយប៉ាយម្ល៉េះ! ចូរប្ដូរមកនិយាយថា កូនតូមី កូនសាកគិតទៅមើលថា តើយើងនឹងយកអាវយឺត ស្បែកជើង និងតុក្កតាខ្លាឃ្មុំនេះទៅទុកនៅកន្លែងណាស្រួល?។ ឱ្យកូនសាកល្បងគិត និងកែបញ្ហាដោយខ្លួនឯង។

    24 . ធ្វើឱ្យកូនស្ងប់ នៅពេលកូនរឹតតែស្រែក យើងរឹតតែនិយាយឱ្យតិច។ ជួនកាលការធ្វើជាអ្នកស្ដាប់ដ៏ល្អ នឹងជួយបន្ធូរក្ដីវិតក្កកង្វល់របស់កូនបាន ឱ្យកូនដឹងថាយើងកំពុងចាប់អារម្មណ៍ និងចង់ជួយ។ ប្រាប់ទៅកូនថា យើងយល់ និងមានអ្វីខ្លះដែលកូនត្រូវការឱ្យជួយ។ អ្វីទាំងអស់នេះនឹងធ្វើឱ្យកូនស្ងប់ស្ងាត់ទៅវិញ និងនៅពេលកូនខឹងមួម៉ៅ កុំខឹងមួម៉ៅទៅវិញ ព្រោះនឹងធ្វើឱ្យរឿងកាន់តែធំទៅ។

    25 . ផ្ដល់ជម្រើសដែលល្អ ប្រាប់ទៅកូនថា កូនចង់ទៅដើរលេងនៅទីធ្លាទាត់បាល់តែម្នាក់ឯងមិនបានទេ តែកូនអាចដើរលេងនៅក្នុងទីធ្លាមុខផ្ទះបាន។

    26 . ដាស់តឿនជាមុន ដូចជា 5នាទីទៀតយើងនឹងត្រឡប់ទៅផ្ទះវិញហើយ ចូរកូនបា៎យៗរបស់លេង និងពួកម៉ាកកូនទៅ។

    27 . និយាយឱ្យញាប់ញ័ររញ្ជួយចិត្ត វិធីនេះជាការបើកពិភពលោកសម្រាប់ក្មេងៗដែលអៀនខ្មាស់ច្រើន ដូចជាមិនគួរសួរថា ថ្ងៃនេះធ្វើអីខ្លះនៅសាលា? តែគួរប្ដូរមកជា ឯណា? និយាយឱ្យម៉ាក់ស្ដាប់បន្តិចមើល៍ថា ថ្ងៃហ្នឹងធ្វើអីដែលសប្បាយបំផុតនៅសាលា? ជាដើម។

    28 . និយាយពីអារម្មណ៍របស់យើងជាមួយកូន ដូចជា “កូនដឹងទេថា ពេលកូនរត់លេងនៅក្នុងសូភើរ ម៉ាខេត ពេលដែលយើងទៅទិញអីវ៉ាន់ជាមួយគ្នាថ្ងៃនេះ ម៉ាក់ភ័យខ្លាំងណាស់ ខ្លាចថាកូនវង្វេងបាត់…លើកក្រោយកុំធ្វើអ៊ីចឹងទៀតណា៎កូនណា៎”។

    29 . និយាយបញ្ចប់សេចក្ដី នៅពេលកូនមិនព្រមស្ដាប់ ងង៉ក់ ឬតវ៉ា ចូរប្រាប់ទៅកូនថា យ៉ាងណាក៏ម៉ាក់មិនព្រមប្ដូរចិត្តដែរ (ដោយប្រើសំឡេងធម្មតា និងម៉ឺងម៉ាត់) ឱ្យកូនដឹងថា ចាំបាច់ និងជារឿងដែលត្រូវធ្វើ។

    30 . ស្រឡាញ់យ៉ាងគ្មានលក្ខខណ្ឌ និងនិយាយលើកទឹកចិត្តជានិច្ច ដូចជាកុំនិយាយថា បើមិនញ៉ាំបាយ តិចម៉ាក់ឈប់ស្រឡាញ់ បើមិនគេង តិចឆ្កែព្រៃមកខាំ-ល- កុំដាក់លក្ខខណ្ឌជាមួយកូនដោយពាក្យសម្ដីដែលគ្មានហេតុផល តែចូរនិយាយដោយសេចក្ដីស្រឡាញ់យ៉ាងគ្មានលក្ខខណ្ឌជាមួយកូនជានិច្ច៕

  • ត្រីមាសទី2 ឆ្នាំ2020 ការនាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើងរបស់កម្ពុជានឹងរងផលប៉ះពាល់ 60%

    ត្រីមាសទី2 ឆ្នាំ2020 ការនាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើងរបស់កម្ពុជានឹងរងផលប៉ះពាល់ 60%

    មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ការងារ ថ្លែងថា ការនាំចេញ​ផលិតផល​វាយ​ន​ភណ្ឌ សម្លៀកបំពាក់ និង​ស្បែកជើង​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ នឹងរង​ផលប៉ះពាល់​ប្រមាណ​50% ទៅ60% នៅ​ត្រីមាស​ទី​2 ឆ្នាំ​2020 ​នេះ​។ នេះជាការថ្លែងក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពីបច្ចុប្បន្នភាព នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​ចំពោះ​កម្មករ​រោងចក្រ ដែល​ឈប់សម្រាក​នា​អំឡុងពេល​បុណ្យចូលឆ្នាំថ្មី​។

    ​ឯកឧត្តម​  ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានថ្លែង​បែបនេះថា ​​​​​ការរង​ផលប៉ះពាល់​ប្រមាណ​50% ទៅ60% នៅ​ត្រីមាស​ទី​2 ឆ្នាំ​2020 ក្នុងការនាំចេញ​ផលិតផល​វាយ​ន​ភណ្ឌ សម្លៀកបំពាក់ និង​ស្បែកជើង​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ តម្រូវឱ្យ​ភាគី​ពាក់ព័ន្ធ​រួមគ្នា​រិះរក​ដំណោះស្រាយ ពិសេស​ភាគី​រាជរដ្ឋាភិបាល និយោជក សហជីព​-​កម្មករ និង​អង្គការ​ដៃគូ​នានា​។

    ឯកឧត្តម​ ហេង​ សួរ​ ដែលជារដ្ឋលេខាធិការ នៃក្រសួងការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈដែរនោះ បានបន្តថា៖« នាពេលនេះ​ បណ្តា​ប្រទេស​នៅ​ទ្វីបអឺរ៉ុប និង​អាមេរិក​រង​ផលប៉ះ​ពាល់ ដោយសារ​ជំងឺ​កូ​វីដ​-19 ដូច្នេះ​គេ​សម្រេច​បិទ​ទីផ្សារ​លក់ដូរ​ជា​បន្តបន្ទាប់ រីឯ​ប្រជាពលរដ្ឋ​ក៏​គ្មានអ្នកណាចាយវាយ​ខ្ជីខ្ជា​ទៀត​ដែរ ដែលជា​ហេតុ​ធ្វើឱ្យ​តម្រូវការ​សម្លៀកបំពាក់ ស្បែកជើង សម្ភារ​វាយ​ន​ភណ្ឌ​នានា និង​ទំនិញ​ផ្សេងទៀត​នោះ ត្រូវបាន​កាត់បន្ថយ​យ៉ាង​គំ​ហុក»​។​

    ឯកឧត្តម បាន​បន្ថែមថា រោងចក្រ​ផលិត​សម្ភារ​វាយ​ន​ភណ្ឌ សម្លៀកបំពាក់ និង​ស្បែក​ជើង​មួយចំនួនធំ​នៅ​កម្ពុជា បានដាក់​ពាក្យស្នើសុំ​ព្យួរដំណើរ​ការផលិត និង​សុំ​បិទទ្វារ​ជា​បន្តបន្ទាប់​រហូត​ជាង 100​រោងចក្រ​។ ដែល​គិត​មកដល់ពេលនេះ មាន​រោងចក្រ​ប្រមាណ​ជាង 130ហើយ​ ដែល​បានដាក់​ពាក្យស្នើសុំ​ព្យួរ ក្នុងនោះ​មាន​កម្មករនិយោជិត​ប្រមាណ​ជិត 10ម៉ឺន​នាក់ ដែល​រង​ផលប៉ះពាល់ ​ពី​ការព្យួរ​នេះ​។

    ប៉ុន្តែ​ដោយសារ​ការខិតខំ​សម្របសម្រួល​គ្នា រវាង​ភាគី​ពាក់ព័ន្ធ​ទាំងឡាយ ទាំង​ភាគី​រាជរដ្ឋាភិ បាល ភាគី​និយោជក និង​កម្មករនិយោជិត បាន​សម្រួល​ពី​ការស្នើសុំ​បិទទ្វារ មកនៅ​ត្រឹម​ការព្យួរ​បណ្ដោះអាសន្ន​សិន​ ហើយ​រាជរដ្ឋាភិបាល បានដាក់​ចេញ​វិធានការ​ជា​បន្តបន្ទាប់ ដើម្បី​រក្សា​នូវ​ការងារ រក្សា​ប្រាក់ចំណូល​ខ្លះ​សម្រាប់​កម្មករនិយោជិត​ទាំង​នោះដែរ​។​

    ថ្វី​ដ្បិត​ភាគី​ទាំងឡាយ​ហាក់​បន្ធូរបន្ថយឱ្យ​គ្នា​ទៅវិញ​មក​ក៏ពិតមែន ប៉ុន្តែ​ចំពោះ​ការនាំចេញ​ផលិតផល​​វាយ​ន​ភណ្ឌ សម្លៀកបំពាក់ និង​ស្បែកជើង​ក៏​កំពុង​រង​ផលប៉ះពាល់​ជា​បណ្ដើរៗ​ហើយ​ដែរ ដោយ​មកដល់​ត្រីមាស​ទី​1 នៃ​ឆ្នាំ​2020 ការនាំចេញ​ផលិតផល​វាយ​ន​ភណ្ឌ សម្លៀកបំពាក់ និង​ស្បែកជើង​នៅសល់​ប្រមាណ 80% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​2019។​

    ឯកឧត្តម ហេង សួរ បាន​បញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​27 ខែមេសា ឆ្នាំ​2020 ​នេះ កម្ពុជា​មិនទាន់​ទទួលបាន​ការបញ្ជាទិញ ពី​អ្នកបញ្ជា​ទិញ​នៅឡើយ​ទេ សម្រាប់​ខែឧសភា និង​ខែមិថុនា​។ លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​យើង​ទទួលស្គាល់ថា ការនាំចេញ​របស់​យើង គឺ​ពិតជា​ប៉ះពាល់មែន ជាពិសេស​ក្នុង​ត្រីមាស​ទី​2 ​នេះ​តែម្ដង ដែល​យើង​គិតថា ​អាច​ប្រហាក់ប្រហែល 50%ទៅ60% នៃ​តួលេខ​ឆ្នាំទៅ​»៕​

  • តើស្រ្តីមានគភ៌គួរជ្រើសរើសពាក់ស្បែកជើងបែបណាដើម្បីសុវត្ថិភាពខ្លួនឯងនិងកូនក្នុងផ្ទៃ?

    តើស្រ្តីមានគភ៌គួរជ្រើសរើសពាក់ស្បែកជើងបែបណាដើម្បីសុវត្ថិភាពខ្លួនឯងនិងកូនក្នុងផ្ទៃ?

    ចង់​ក្លាយជា​នារី​ដែល​មើល​មកឃើញ​ស្អាត​ មាន​មន្ត​ស្នេហ៏​តាំងពី​ក្បាល​ដល់​ចុងជើង​ ចូរ​កុំ​មើល​រំលង​ស្បែកជើង​ដែល​យើង​ត្រូវ​ពាក់​ដើរ​រាល់​ថ្ងៃ​នោះ​ឱ្យ​សោះ​ ជាពិសេស​ក្នុងអំឡុងពេល​មានគភ៌​ ដែល​ជើង​ត្រូវ​ទទួល​ទ្រ​ទម្ងន់​ខ្លួន​ដែល​កាន់តែ​កើន​ជា​រឿយ​ៗ រហូតដល់​គួរ​ឱ្យ​អាណិត​។ ដូច្នេះហើយ​ទើប​ការ​ជ្រើសរើស​ស្បែកជើង​របស់​អ្នកមាន​ផ្ទៃពោះ​ដែល​ត្រូវ​ពាក់​ឱ្យ​សប្បាយ​ជើង​ និង​មាន​សុវត្ថិភាព​នោះ​ គឺជា​រឿង​សំខាន់​ខ្លាំង​ណាស់​ ។

    ការ​ជ្រើសរើស​ស្បែកជើង​សម្រាប់​ទៅ​ធ្វើការងារ​ក្រៅ​ផ្ទះ​
    . ស្រ្តី​មានគភ៌​គួរ​ជ្រើសរើស​ពាក់​ស្បែកជើង​ដែល​គ្មាន​កែង​ខ្ពស់​ ដើម្បី​ការពារ​ទាំង​ការ​រអិលដួល​ និង​ការ​ឈឺខ្នង​ចង្កេះ​ផង​ ។
    . ជ្រើសរើស​ពាក់​ស្បែកជើង​ណា​ដែល​ស័ក្តិសម​នឹង​រូបរាង​ជើង​ ដែល​អាច​ទទួល​ទ្រ​ទម្ងន់​ខ្លួន​ស្រ្តី​មានគភ៌​ និង​ទប់ទល់​ការ​ប៉ះទង្គិច​បាន​យ៉ាង​ល្អ​។
    . កុំ​ជ្រើសរើស​យក​ ឬពាក់​ស្បែកជើង​តាម​លេខ​ដែល​ខ្លួន​ធ្លាប់​ពាក់​ដោយ​មិន​បាន​ល ព្រោះ​ទំហំ​ជើង​អាច​ប្រែប្រួល​នៅពេល​មានគភ៌​ និង​ពេល​ពាក់​ហើយ​ គួរ​ទុក​ឱ្យ​នៅសល់​ចន្លោះ​រវាង​ចុង​ម្រាមជើង​ និង​ចុង​ស្បែកជើង​ប្រវែង​ 1សង់ទីម៉ែត្រ​។
    . ពិនិត្យមើល​បាត​ស្បែកជើង​ណា​ដែល​តោង​ស្អិត​នឹង​កម្រាលឥដ្ឋ​ និង​ជ្រើសរើស​យក​ពណ៌​ណា​ដែល​លេច​ច្បាស់​ជាង​សម្លៀកបំពាក់​ដែល​ពាក់​ទៅ​ធ្វើការ​ និង​មើលទៅ​ឃើញ​រាង​ផ្លូវការ​បន្តិច​។
    . បើ​ត្រូវ​ឈរ​ធ្វើការ​យូរ​ គួរ​ពាក់​ស្បែកជើង​ដែល​មាន​បាត​រាបស្មើ​ ស្បែ​កទន់​ៗ ដើម្បី​កាត់បន្ថយ​ការ​ឈឺ​ស្រពន់​របស់​សាច់ដុំ​ជើង​ និង​បាតជើង​។
    . ឈាន​ចូល​ដល់​ត្រីមាស​ទី3​ នៃ​ការ​មានគភ៌​ គួរ​ចៀសវាង​ស្បែកជើង​ណា​ដែល​ពិបាក​ពាក់​នៅពេល​ធ្វើការ​ ដូចជា​ ស្បែកជើង​ដែល​មាន​ខ្សែចង​ ខ្សែរឹត​បន្តឹង​ ឬមាន​ក្បាល​គន្លឹះ​ដែល​ធ្វើ​ឱ្យ​ត្រូវ​ឱន​-ងើប​ៗនៅពេល​ពាក់​ចូល​ ឬពេល​ដោះចេញ​ជាដើម​។

    ការ​ជ្រើសរើស​ស្បែកជើង​សម្រាប់​ពាក់​ធ្វើការ​នៅផ្ទះ​
    . ក្នុងអំឡុងពេល​មានគភ៌​ ជើង​នឹង​ហើម​ ហើយ​ធំជាង​ប្រក្រតី​ ដូច្នេះ​គួរ​ជ្រើសរើស​ប្រើ​ស្បែកជើង​ណា​ដែល​មាន​លក្ខណៈ​ធំ​ទូលាយ​ ហើយ​ស្រាល​ ពាក់​ហើយ​សប្បាយ​ស្រួល​ជើង​ ដូចជា​ស្បែកជើង​សម្រាប់​ស្ត្រី​មានផ្ទៃពោះ​ ឬស្បែកជើងផ្ទាត់​ជាដើម​។
    . ជ្រើសរើស​បែប​ ឬម៉ូដ​ណា​ដែល​សមគ្នា​នឹង​រូបរាង​បាតជើង​របស់​ខ្លួន​បំផុត​ ដូចជា​កន្លែង​ធំ​បំផុត​របស់​ស្បែកជើង​ និង​បាតជើង​របស់​យើង​គួរតែ​ឱ្យ​មាន​ទំហំ​ប៉ុនគ្នា​។
    . ជ្រើសរើស​ពាក់​ស្បែកជើង​ណា​ដែល​មាន​បាត​តោង​ស្អិត​នឹង​កម្រាលឥដ្ឋ​ មិន​ងាយ​រអិល​ បាត​ខាងក្នុង​ទន់​ ទទួលរង​នឹង​ការ​ប៉ះ​ ឬបុក​បាន​ ដើម្បី​កាត់បន្ថយ​ការ​ឈឺជង្គង់​ និង​ឈឺ​-កជើង​ជាដើម​។
    . ជា​ធម្មតា​បាតជើង​របស់​មនុស្សយើង​ច្រើនតែ​មាន​ទំហំ​ខុសគ្នា​បន្តិច​ ដូច្នេះ​គួរ​វាស់​បាតជើង​ទាំងសងខាង​ជាមុន​សិន​ មុននឹង​ទិញ​ និង​ត្រូវ​រើស​យក​តាមខ្នាត​ជើង​ដែល​ធំ​។
    . ជ្រើសរើស​ពាក់​ស្បែកជើង​ណា​ដែល​មាន​ភាពយឺត​យារ​ ពង្រីក​ខ្លួន​តាម​រូបរាង​បាតជើង​របស់​យើង​បាន​ល្អ​។ មិន​ត្រូវ​ទិញ​ស្បែកជើង​ណា​ដែល​រឹប​ណែន​ដោយសារតែ​គិតថា​ ពាក់​យូរ​ទៅ​ វា​គង់តែ​យារ​នោះ​ទេ​។
    . តម​ពាក់​ស្បែកជើងកែងចោត​ ព្រោះ​អាច​ប្រថុយប្រថាន​នឹង​ការ​ជំពប់​ជើង​ដួល​ និង​ធ្វើ​ឱ្យ​ឈឺខ្នង​ទៀតផង​។
    . បើ​ចង់ឱ្យ​ល្អ​មែនទែន​ គួរ​ជ្រើសរើស​ពាក់​ស្បែកជើង​សុខភាព​ ដែល​ផលិត​ឡើង​ដើម្បី​ទ្រ​ទម្ងន់​របស់​ជើង​ និង​បាតជើង​របស់​ស្រ្តី​មានគភ៌​ជាពិសេស​ទើប​ជា​ការ​ប្រសើរ​។
    . ពេលវេលា​ដ៏​សមស្រប​បំផុត​ដែល​អ្នកមាន​ផ្ទៃពោះ​គួរ​ទិញ​ស្បែកជើង​ គឺ​ពេលថ្ងៃ​រសៀល​ ព្រោះ​ពេលនេះ​ជើង​របស់​ស្រ្តី​មានគភ៌​នឹង​ហើម​ ហើយ​រីក​ធំជាង​ពេល​ធម្មតា​៕

  • ការការពារ​ស្បែកជើង​មិនឱ្យ​ភាយ​ក្លិន​ក្នុង​រដូវភ្លៀង

    ការការពារ​ស្បែកជើង​មិនឱ្យ​ភាយ​ក្លិន​ក្នុង​រដូវភ្លៀង

    ពេល​ដោះ​ស្បែកជើង តើ​អ្នកមាន​ធុំក្លិន​ស្អុយ​ដែរឬទេ? ប្រសិនបើ​មាន​មែន​នោះ វា​គឺជា​សញ្ញា​មួយ​ដែល​ប្រាកដ​ណាស់​ថា ជើង​របស់​អ្នកមាន​ក្លិន​ដូចជា​សំរាម​ដែល​ផ្អាប់​ទុក​យូរ​អុីចឹង។ អ្នក​ពិតជា​ពិបាកចិត្ត​ចំពោះ​បញ្ហា​ធុំក្លិន​ជើង ហើយជាពិសេសនៅក្នុង​រដូវភ្លៀង​នេះ ស្បែកជើង​មិន​ស្ងួត និង​ធុំក្លិន​ជើង​ភាយ​ក្លិន​អាក្រក់​រំខាន​ដល់​អ្នក​នៅក្បែរ​ខ្លួន គឺ​ពិតជា​ធ្វើឱ្យ​អ្នក​អាម៉ាសមុខ​ណាស់​មែន​ទេ? តោះ​មក​យល់ដឹង​ពី​ដំណោះស្រាយ​ចំពោះបញ្ហា​នេះ​ទាំងអស់គ្នា។

    តើ​ធ្វើ​ដូចម្តេច​ដើម្បី​យក​ក្លិន​អាក្រក់​នេះ​ចេញពី​ស្បែកជើង​របស់​អ្នក​បាន? ដំបូង​អ្នក​ត្រូវ​រកមើល និង​លុបបំបាត់​មូលហេតុ​របស់​វា​ជាមុនសិន។ ប្រសិនបើ​ស្បែកជើង​មាន​លក្ខណៈ​តឹង​ពេក ហើយ​មិនមាន​ខ្យល់​ចេញចូល​នោះ វា​ពិតជា​ងាយ​បង្កឱ្យមាន​ក្លិន​អាក្រក់ ដោយសារ​ភាព​ហប់​ណែន​ពេក។ ជាធម្មតា​ស្បែ​កនៅ​បាតដៃ ឬ​បាតជើង ជា​កន្លែង​ដែលមាន​ក្រពេញ​បញ្ចេញ​ញើស​ច្រើនជាង​កន្លែង​ដទៃទៀត។ ញើស​ដែល​បញ្ចេញ​នៅ​បាតដៃ នឹងត្រូវ​បាន​ខ្យល់​បរិយាកាស​ស​ម្ងួ​ត​អស់ តែបើ​ញើស​នៅ​បាតជើង​វិញ នឹងត្រូវ​ផ្អាប់​ទុក​ដោយ​ស្បែកជើង និង​ស្រោមជើង​ដែល​ហប់​ ឬ​សើម។ ការ​ផ្អាប់​ទុក​នេះ នឹង​ផ្ដល់ឱកាស​ឱ្យ​បាក់តេរី​មួយចំនួន​រីកដុះដាល ហើយ​បង្ក​ជា​ក្លិនស្អុយ​ដល់​ជើង ស្បែកជើង និង​ស្រោមជើង។ បើ​អ្នក​កំពុងតែ​ប្រឈម​នឹង​បញ្ហា​នេះ សូមកុំ​ទាន់​បារម្ភ ទស្សនា​វ​ដ្តី ឡា​រ៉ែ​ន កំពុង​យកចិត្តទុកដាក់​ចំពោះ​អ្នក ដើម្បី​ដោះស្រាយ​បញ្ហា​មួយ​នេះ ដូចខាងក្រោម ៖

    1. ធ្វើ​ការប្តូរ​ស្រោមជើង : ស្រោមជើង​ត្រូវ​បោក​សម្អាត​ជានិច្ច​ជា​រៀងរាល់ថ្ងៃ ហើយ​មិនត្រូវ​ពាក់​ស្បែកជើងដដែលៗរាល់ថ្ងៃ​នោះទេ ដោយ​ចាំបាច់​ត្រូវ​ហាល​ស្បែកជើង​ដែល​ពាក់​រួច ឱ្យ​ត្រូវ​ខ្យល់24ម៉ោង ដើម្បីឱ្យ​ញើស​ដែល​ជាប់​នៅ​នឹង​ស្បែកជើង​ស្ងួត​ល្អ។

    2. ប្ដូរ​ស្បែកជើង : នៅក្នុង​រដូវភ្លៀង អ្នក​គួរ​ជ្រើសរើស​ប្រភេទ​ស្បែកជើង​ណា​ដែល​អាចឱ្យ​ខ្យល់​ចេញចូល​បានល្អ ប្រសិនបើ​អ្នកជា​អ្នកធ្វើការ សូម​ជ្រើស​រើសយក​ប្រភេទ​ស្រោមជើង​ណា​ដែល​ផលិត​ចេញពី​ក្រណាត់​យឺត​ធ្វើ​អំពី​កប្បាស ទើប​មិន​រឹប​ជិត។

    3. សម្លាប់​បាក់តេរី : ចូរ​ប្រើប្រាស់​សាប៊ូ​ប្រភេទ​កម្ចាត់​មេរោគ និង​ជូត​ជើង​ឱ្យ​ស្ងួត ជាពិសេស​នៅ​ចន្លោះ​ម្រាមជើង​ម្យ៉ាងទៀត ត្រូវ​ឧស្សាហ៍​ត្រាំ​ជើង​ក្នុង​ទឹក​ឱ្យបាន​យ៉ាងតិច30នាទី ព្រោះ​សារធាតុ​អាស៊ីត​តានី​ក​ដែលមាន​នៅក្នុង​ទឹក អាច​សម្លាប់​មេរោគ​នៅ​នឹង​ជើង​របស់​អ្នក​បាន។ លាង​សម្អាត​ក្រពេញ​ញើស​នៅ​បាតជើង​របស់​អ្នក ដែល​វា​បាន​ផលិត​ញើស​ដែលមាន​ជាតិ​ទឹក សូ​ដ្យូ​ម ក្លរ ជាតិ​ខ្លាញ់ សារធាតុ​ខ​និ​ច និង​ពពួក​អាស៊ីត​ជាច្រើន។ ពេល​មាន​បាក់តេរី​មួយចំនួន វា​នឹង​ធ្វើឱ្យ​ញើស​ទៅជា​មាន​ក្លិន​អាក្រក់។ ការលាង​សម្អាត​ជើង​ឱ្យអស់​បាក់តេរី​ជាមួយ​សាប៊ូ​បំបាត់​ក្លិន និង​ស​ម្ងួ​តវា​ឱ្យបាន​ល្អ អាច​កាត់បន្ថយ​ក្លិន​ជើង​របស់​អ្នក​បាន​យ៉ាង​ល្អ។

    4. ត្រាំ​ទឹកអំបិល : សម្រាប់​ជើង​ដែលមាន​បែកញើស​ច្រើន សូម​លាយ​អំបិល​កន្លះ​ពែង​ក្នុង​ទឹក ហើយ​ត្រាំ​ជើង​របស់​អ្នក​ក្នុង​ទឹក​នោះ។ បន្ទាប់ពី​ត្រាំ​ហើយ សូមកុំ​លាង​ជើង​របស់​អ្នក គ្រាន់តែ​ទុកឱ្យ​វា​ស្ងួត​ល្អ​គឺ​បាន​ហើយ។

    5. ព្យាយាម​ស​ម្ងួ​ត​ស្បែកជើង : សូម​ឱ្យមាន​ខ្យល់​ចេញពី​ស្បែកជើង​នៅពេល​អ្នក​ឈប់​ពាក់។ ប្រសិនបើ​អ្នក​អាចធ្វើ​បាន ចូរ​ដូរ​ស្បែកជើង​ជា​រៀងរាល់ថ្ងៃ ហើយ​អ្នក​មិនគួរ​ពាក់​ស្បែកជើង​តែ​មួយគូ​ដូចគ្នា​រយៈពេល​ពីរ​ថ្ងៃ​នោះទេ។ ហើយ​ត្រូវ​បន្ធូរ​ខ្សែ​ស្បែកជើង​ផង ពេលដែល​អ្នក​ពាក់​ស្បែកជើងប៉ាតា បន្ទាប់ពី​ពាក់​រួច អ្នក​ត្រូវ​ព្យួរ​ស្បែកជើង​របស់​អ្នក​ឱ្យ​ត្រូវ​ពន្លឺ​ថ្ងៃ ដើម្បី​សម្លាប់​មេរោគ និង​បំបាត់​ក្លិន​មិនល្អ៕

  • ការនាំចេញ​ផលិតផល​សម្លៀកបំពាក់ និង​ស្បែកជើង​កើនឡើង 9.3% ក្នុង​ឆមាស​ទី1

    ការនាំចេញ​ផលិតផល​សម្លៀកបំពាក់ និង​ស្បែកជើង​កើនឡើង 9.3% ក្នុង​ឆមាស​ទី1

    យោងតាម​ក្រសួងពាណិជ្ជកម្ម​បានឱ្យដឹងថាការនាំចេញ​របស់​វិស័យ​កាត់ដេរ​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​តម្លៃ 3.7 ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល 6ខែ​ដំបូង​នៃ​ឆ្នាំនេះ បាន​កើនឡើង 9.3%។ លទ្ធផល​ដ៏​រឹងមាំ​នៃ​វិស័យនេះ​ក៏បាន​កើនឡើង​ផងដែរ​នៅក្នុង​អំឡុងពេល​ដ៏​រសើប​មួយ​សម្រាប់​ប្រទេស​កម្ពុជាដោយ​ប្រទេសមួយ​នេះ​បាន​ប្រារព្ធ​ការស្ទង់មតិ​តាមរយៈ​ការបោះឆ្នោត​ថ្នាក់ជាតិ​នីតិកាល​ទី 6 របស់ខ្លួន។

    កំណើន​នៃ​សកម្មភាព​នាំចេញ​ផលិតផល​សម្លៀកបំពាក់ និង​ស្បែក​ជើងបាន​កើនឡើង​យ៉ាងរឹងមាំ​ក្នុងអំឡុង​ឆមាស​ទី 1 នៃ​ឆ្នាំនេះ បើទោះបីជា​មានការ​ព្រមានថ្មីៗពី​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​ដែលជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​របស់​កម្ពុជា​ថា​ពួកគេ​អាច​នឹង​លុបចោល​ពាណិជ្ជកម្ម​ដែល​ពេញចិត្ត​នៅ​កម្ពុជា ប្រសិនបើ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​មិនត្រូវ​បាន​កែលម្អ។

    យោងតាម​តួលេខ​ពី​ក្រសួង​នេះ​បានឱ្យដឹងថា ការដឹកជញ្ជូន​វាយ​ន​ភណ្ឌ​ទៅកាន់​ប្លុក​អឺរ៉ុប​បាន​កើនឡើង 10.66% ដែលមាន​តម្លៃ​សរុប​ជាង 1.6 ពាន់​លាន​ដុល្លារ ខណៈ​សហរដ្ឋអាមេរិក​វិញ​បាន​កើនឡើង 10.73 ភាគរយ និង​មានតម្លៃ 858លាន​ដុល្លារ។ ទីផ្សារ​ទាំង2 នេះ​រួមចំណែក 72%លើ​ការនាំចេញ​សរុប​របស់​កម្ពុជា។

    ការនាំចេញ​ទៅកាន់​ប្រទេស​កាណាដា​បាន​កើនឡើង​ជាង 9% ដែលមាន​តម្លៃ 324លាន​ដុល្លារ​ខណៈ​ការនាំចេញ​ទៅកាន់​ពិភពលោក​បាន​កើនឡើង 10.10% និង​មានតម្លៃ 850លាន​ដុល្លារ។

    លោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការរង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បាន​និយាយថា ការអនុវត្ត​ជារួម​លើ​វិស័យនេះ​មាន​លក្ខណៈគួរឱ្យ​ចាប់អារម្មណ៍ ជាពិសេស​បានគិត​គូរ​ថា ការបោះឆ្នោត​ថ្នាក់ជាតិ​បានធ្វើឱ្យ​មានការ​ព្រួយបារម្ភ​ដល់​វិនិយោគិន​ជាច្រើន។ សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​នឹង​បន្ត​ក្លាយជា​ទីផ្សារ​ដ៏​សំខាន់បំផុត​របស់​យើង ដែល​ត្រូវមាន​ទំនុកចិត្ត​ថា​ទំនាក់ទំនង​រវាង​ប្រទេស​យើង​នឹង​ប្រសើរឡើង​តាមរយៈ​ការយល់ដឹង និង​ការគោរព​គ្នា​ទៅវិញទៅមក។

    លោក ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បាន​ប្រាប់​សារព័ត៌មាន ឡា​រ៉ែ​ន​ថា៖ “ដូច​យើង​បានដឹងហើយថា កម្ពុជា​យើង​ធ្វើ​ពាណិជ្ជកម្ម​ជា​អន្តរជាតិ ដូច្នេះ​ទីផ្សារ​កម្ពុ​ជាមាន​ច្រើន​យើង​បាន​បើកទូលាយ​គ្រប់​ប្រទេស​ក្នុងការ​នាំចេញ​មាន​ច្រើន​ទិសដៅ ប៉ុន្តែ​ការងារ​ដែល​លេចឮ​ព័ត៌មាន​មក​ថា នឹង​បិទ​ការនាំចេញ​ពាណិជ្ជកម្ម​ដោយ​សហគមន៍​អឺរ៉ុប​នោះ នៅ​មិនទាន់​ឃើញ​មាន​ទេ គឺ​នៅមាន​របាយការណ៍​ទៅមក​នៅឡើយ តែ​យ៉ាងណា ក៏​យើង​នៅមាន​ច្រក​ដទៃទៀត​ដែរ ព្រោះ​យើង​ធ្វើ​ពាណិជ្ជកម្ម​ដោយ​ទូលំទូលាយ​មិន​ធ្វើ​តែ​ចំពោះ​នរណាម្នាក់​ឡើយ”។

    លោក ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​

    លោក​ថ្លែងថា ចំនួន​លើកទឹកចិត្ត​ក្នុង​កំណើន​នាំចេញ គឺជា​លទ្ធផល​នៃ​សន្តិភាព និង​ស្ថិរភាព​នៅក្នុង​ប្រទេស។ ស្ថិរភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​មាន​សារៈសំខាន់​សម្រាប់​សកម្ម​ភាព​ធុរកិច្ច និង​ការវិនិយោគ។ នេះ​ជា​ប្រភេទ​បរិស្ថាន​ពាណិជ្ជកម្ម​ដែល​ប្រទេស​យើង​ត្រូវការ​ដើម្បី​ធានាឱ្យមាន​ការអភិវឌ្ឍ​បន្ថែមទៀត មិន​ត្រឹមតែ​សម្រាប់​វិស័យ​ដែល​ផ្ដោតលើ​ការនាំចេញ​ទេ ប៉ុន្តែ​សម្រាប់​សេដ្ឋកិច្ច​ទាំងមូល។

    យោងតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​សេវា​នាំចេញ-នាំចូល​នៃ​ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្នុង​រយៈពេល 6ខែ នៃ​ឆ្នាំ2018 នេះ ការនាំ​ទំនិញ​ចេញពី​កម្ពុជា រួមមាន៖ វាយ​ន​ភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និង​អង្ករ​ជាដើម។ល។ រួមទាំង​ការបញ្ជាទិញ​របស់​ម៉ាកល្បីៗទូទាំង​ពិភពលោកដូចជា​ម៉ាក អា​ឌី​ដាស (Adidas) និង​អេ​ច្ឆ អេ​ន អឹម (H&M)ជាដើម នៅតែ​បន្ត​កើតមាន ដែល​បង្ហាញថាទាំង​ការបញ្ជាទិញ ក៏ដូចជា​ការនាំចេញរ​បស់​កម្ពុជានឹង​នៅតែ​ល្អប្រសើរ ដោយសារ​ប្រទេស​កម្ពុជា​រក្សាបាន​កំណើនសេដ្ឋកិច្ច​ដ៏​រឹងមាំ ពិសេស​ស្ថានភាព​នយោបាយ​ស្ថិតក្នុង​ភាពប្រក្រតី ក្រោយ​ការបោះឆ្នោត​ត្រូវបាន​បញ្ចប់។

    កាលពីពេលថ្មីៗនេះ ធនាគារជាតិ​នៃ​កម្ពុជា​បានចេញ​ផ្សាយ​ការ​ព្យាករ​សេដ្ឋកិច្ច​ចុងក្រោយ​របស់ខ្លួន ដោយបាន​ដាក់​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​សម្រាប់​ឆ្នាំនេះ​ចំនួន 7% ដែល​គាំទ្រ​ដោយ​វិស័យ​ឧស្សាហកម្ម​កាត់ដេរ ទេសចរណ៍ និង​សំណង់។ “តាម​ទស្សនវិស័យ ម៉ាក្រូសេដ្ឋកិច្ច​របស់​ប្រទេស​នេះ​មាន​ភាពរឹងមាំ ដោយ​ការនាំចេញ​សម្លៀកបំពាក់ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុងការ​ជំរុញ​កំណើន​ជាតិ”។

    កម្មករ-កម្មការិនីកំពុងធ្វើការក្នុងរោងចក្រផលិតស្បែកជើងមួយកន្លែង

    សូមបញ្ជាក់ថា សហភាព​អឺរ៉ុប​បាន​និយាយថាខ្លួន​នឹង​លុបចោល​គម្រោង​អ្វី​គ្រប់យ៉ាង​ដែល​មិនមែនជា​អាវុធ(EBA= the Everything But Arms scheme)ដែល​អនុញ្ញាតឱ្យ​កម្ពុជា​នាំ​ចេញទៅ​ទីផ្សារ​អឺរ៉ុប និង​កូតា​ដោយ​ឥតគិតថ្លៃ ប្រសិនបើ​ស្ថានភាព​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​មិនមាន​ភាពប្រសើរឡើង។

    សហភាព​អឺរ៉ុប គឺជា​គោលដៅ​នាំចេញ​នាំមុខគេ​របស់​កម្ពុជា​ដែលមាន​ចំនួន 40%នៃ​ការនាំចេញ​សរុប។ ទាំងអស់នេះ​បាន​កើនឡើង​យ៉ាងខ្លាំង​ក្នុង​ប៉ុន្មាន​ឆ្នាំថ្មីៗនេះ ដោយ​កើនឡើង 227% ចន្លោះ​ពី​ឆ្នាំ2011 និង​ឆ្នាំ2016 និង​ឈានដល់ 5ពាន់​លាន​ដុល្លារ​គិត​ជា​តម្លៃ​កាលពី​ឆ្នាំទៅ​មិញ។ បច្ចុប្បន្ន​កម្ពុជា​ស្ថិតនៅ​លំដាប់​ទី2 ក្នុងចំណោម​អ្នកទទួលផល​ពី EBA ទាក់ទង​នឹង​បរិមាណ​ជួញដូរ៕