Tag: សម្លៀកបំពាក់

  • ម៉ាស់​! ទន្ទឹម​នឹង​ការ​ជួយ​ការ​ពារសុខ​ភាព​ វាក៏​បាន​ក្លាយ​ជា​គ្រឿង​លម្អ​សម្រស់​

    ម៉ាស់​! ទន្ទឹម​នឹង​ការ​ជួយ​ការ​ពារសុខ​ភាព​ វាក៏​បាន​ក្លាយ​ជា​គ្រឿង​លម្អ​សម្រស់​

    ម៉ាស់​ការ​ពារ​សុខភាព​បាន​ក្លាយ​ទៅ​ជា​គ្រឿង​លម្អ​សម្រស់​បន្ថែម នៅ​ក្នុងព្រឹត្តិ​ការបង្ហាញ​ម៉ូដសម្លៀក​បំពាក់ ​London Fashion Week 2020 ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​អង់គ្លេស​ ក្នុង​អំឡុង​អាសន្ន​រោគ​ COVID-19 កំពុង​​រាត​ត្បាត​ពាស​ពេញ​ពិភព​លោក​។

    សារព័ត៌មាន​ New York Post បាន​ចុះផ្សាយ​ថា​ “គ្រឿង​លម្អ​បន្ថែម​​ដែល​ បំផុត​ក្នុង​ព្រឹត្តិ​ការ​បង្ហាញ​ម៉ូដ​នៅ​ឯទី​ក្រុង​ឡុងដ៍​ មិន​មែន​ជា​កាបូប​​ដ៏ស្រស់​ស្អាតនោះ​ទេ ប៉ុន្តែ​វា​ជា​ម៉ាស់​ដ៏​ប្រណិត​ ដែល​ស្ថិត​ក្នុង​ស្ថាន​ភាព​វឹក​វរ​ដោយ​​សារ​អាសន្ន​រោគ​កូរ៉ូណា​”។ ក្រុម​អ្នករចនា​ម៉ូដ​ បាន​បន្ថែម​រូប​ភាព​ខ្លះ​ៗ​ដែល​បង្ហាញ​អំពី​លក្ខណៈ​ពិសេស​ដោយ​ឡែក​របស់​វា​។

    ម៉ាស់​​បិទ​ច្រមុះ​ និង​មាត់ ដើម​ឡើយ​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ដើម្បី​ការ​ពារ​សុខ​ភាព​ពី​ការ​ឆ្លង​មេរោគ​ និងផ្សែង​ធូលី។ ថ្មី​ៗ​នេះ ម៉ាស់​បាន​ក្លាយ​ជា​របស់​សំខាន់ពេល​ដែល​ប្រទេស​ជា​ច្រើន​ត្រូវ​ប្រឈម​នឹង​បញ្ហា​ផ្សែង​ដែល​កើត​ឡើង​ដោយ​សារ​ភ្លើង​ឆេះ​ព្រៃ ផ្សែង​ពុល​​ក្នុង​ទី​ក្រុង​ដែល​​បង្ក​ឡើង​ដោយ​រថយន្ត​ និង​រោង​ចក្រ​ជា​ដើម ហើយ​បច្ចុប្បន្ន​ ​វា​ក៏​ក្លាយ​ជា​សម្ភារ​ដែល​មិន​អាច​ខ្វះបាន​នៅ​ពេល​អាសន្ន​រោគកូរ៉ូណា​​បាន​​កើត​ឡើង និង​កំពុង​រាត​ត្បាត​ពិភពលោក​។ ប៉ុន្តែ មិន​មែន​ត្រឹម​តែ​វិស័យ​សុខា​ភិបាល​ប៉ុណ្ណោះ​ទេ តែ​ម៉ាស់​ក៏​បាន​បង្ហាញ​ខ្លួន​នៅ​លើ​កម្រាល​ព្រំ​ក្រហម​ ឬ​នៅ​លើ​ឆាក​តន្ត្រី​ និង​ឆាក​បង្ហាញ​ម៉ូដ​សម្លៀក​បំពាក់​ជា​ដើម ហើយ​វា​ក៏​បាន​ក្លាយ​ជា​គ្រឿង​លម្អ​មួយ​ផង​ដែរ​​។

    Nina Greffee ប្រធាន​ក្រុម​ហ៊ុន​ផលិត​ម៉ាស់់​ Cambredge Mask បាន​ប្រាប់​សារ​ព័ត៌មាន​ The Guardian ថា “នៅ​ពេល​ការ​ពាក់​ម៉ាស់​បាន​ក្លាយ​ជា​រឿង​ប្រចាំ​ថ្ងៃ វា​ជា​ការ​ប្រសើរ​បើសិន​គេ​ធ្វើ​ឱ្យ​វា​ស៊ី​គ្នា​ជាមួយ​នឹង​ខោអាវ”។

    ច្រើន​ឆ្នាំ​កន្លង​មក មាន​ក្រុម​ហ៊ុន​ផលិត​ម៉ាស់​ល្បី​ៗ​ជា​ច្រើន​ បាន​ដាក់​លក់​ម៉ាស់​ដ៏ស្រស់​ស្អាត​ ទាន់​សម័យ​ ថែម​ទាំង​អាច​ការ​ពារ​សុខ​ភាព​។ ចាប់​ពី​ឆ្នាំ​2011​ ក្រុម​ហ៊ុន​ផលិត​ម៉ាស់​ជា​ច្រើន​បាន​បង្ហាញ​ខ្លួន​ មាន​ដូច​ជា​ ក្រុម​ហ៊ុន​ P-Pur, Cambridge Mask, Vogmask, Respro និង​ Airpop ជា​ដើម ដែល​ធ្វើ​ឡើង​​ទៅ​តាម​តម្រូវ​ការ​សុខា​ភិបាល​ និង​សោភ័ណ​ភាព​​។

    ក្រុម​ហ៊ុន​ Vogmask ដែល​មាន​ការិយា​ល័យ​កណ្ដាល​នៅ​អាមេរិក បាន​សហការ​ជាមួយ​ក្រុម​ហ៊ុន​​រចនា​ម៉ូដ Manish Arora ផលិត​ម៉ាស់​មាន​រូប​ភាព​ដ៏​ស្រស់​ស្អាត​ និង​ដាក់​លក់​នៅ​ក្នុង​ទី​ផ្សារ​ឥណ្ឌា​ ដែល​ជា​ប្រទេស​មាន​ផ្សែង​ពុល​ធ្ងន់​ធ្ងរ​​​កាល​ពី​ឆ្នាំ​2016។ ក្រុម​ហ៊ុន​ស៊ុយ​អែត​ Airinum ក៏​បាន​សហ​ការ​ជាមួយ​ក្រុម​ហ៊ុន​ច្នៃ​ម៉ូដ​អ៊ីតាលី Nemen កាល​ពី​ឆ្នាំ​2019​។ នៅ​ឯ​ប្រទេស​ចិនវិញ ក្រុម​ហ៊ុន​ Airpop បាន​បង្កើត​ផលិត​ផល​ម៉ាស់​ដែល​សម​ស្រប​ជាមួយ​នឹង​ទម្រង់​មុខ​របស់​ប្រជា​ជន​អាស៊ី​។ Rose Eveleth បាន​សរសេរ​នៅ​លើ​ទំព័រ Vox ថា៖ “បច្ចុប្បន្ន ផលិត​ផល​ម៉ាស់​របស់ Airpop កំពុង​ត្រូវ​បាន​ដាក់​លក់​នៅ​ទូទាំង​ប្រទេស​ចិន​ ក្នុង​តម្លៃ​50ដុល្លារ​អាមេរិក​។ ម៉ាស់​ទាំង​នោះមាន​ពណ៌​ផ្សេង​ៗ​គ្នា​ ដែល​ប្រកប​ដោយ​ភាព​ស្រស់​ស្អាត​”។

    ទន្ទឹម​នឹង​បណ្ដា​ក្រុម​ហ៊ុន​ រោង​ចក្រ​ផលិតលក្ខណ​ឯករាជ ក៏មាន​ក្រុម​ហ៊ុន​ល្បី​ៗ​ជា​ច្រើន​បាន​ចាប់​អារម្មណ៍​ដល់គ្រឿង​ការ​ពារ​សុខ​ភាព​មួយ​នេះ​ដែរ​។ ក្រុម​ហ៊ុន​ Yoonx របស់​អ៊ីតាលី បាន​សហការ​ជាមួយ​ក្រុម​ហ៊ុន​ច្នៃ​ម៉ូដ​ជា​ច្រើន​នៅ​ប្រទេស​ចិន​ មាន​ដូច​ជា​ Qiu Hao, Xander Zhou និង​ក្រុមហ៊ុន​ច្នៃ​ម៉ូដ Sankuanz ហើយ​បាន​ផលិត​ និង​បង្ហាញ​ម៉ូដ​ម៉ាស់​ប្រណិតៗ និង​តម្លៃខ្ពស់ដែល​មាន​ឈ្មោះ​ថា Yooxygen ​នៅ​ក្នុង​​ព្រឹត្តិ​ការ​ Beijing Design Week កាល​ពី​ឆ្នាំ​2014។ ក្រុម​ហ៊ុន​ Gucci ក៏​មាន​ផលិត​ផល​ម៉ាស់​ដែល​មាន​រចនារូប​រាង​ប្លែក​ភ្នែក​។ អ្នក​រចនា​ម៉ូដ Marine Serre ក៏បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ R-Pur ដើម្បី​ផលិត​ម៉ាស់​ការ​ពារ​ធូលី​ ហើយ​បាន​បង្ហាញ​ម៉ូដ​របស់​វា​នៅ​ក្នុង​ព្រឹត្តិ​ការ​ Paris Fashion Week 2020។ នៅ​ក្នុង​ខែមករា​កន្លង​ទៅ ក្រុម​ហ៊ុន​ Damur ក៏​បាន​ឧទ្ទេស​នាម​ម៉ាស់​ដ៏​ស្រស់​ស្អាត​ និង​អាច​ការ​ពារ​សុខ​ភាព​បាន​យ៉ាង​ល្អ​ នៅ​ក្នុង​ព្រឹត្តិ​ការ​បង្ហាញ​ម៉ូដ​ Berlin Fashion Week ផងដែរ​។

    ក្រៅ​ពី​នេះ នៅ​មានយីហោ ​ក្រុម​ហ៊ុន​ និង​ក្រុម​​អ្នក​រចនា​ម៉ូដ​សម្លៀក​បំពាក់ល្បីៗ​​ជា​ច្រើន​ផ្សេង​ទៀត ក៏​បានច្នៃម៉ូដ​ ​​ផលិត និង​​​ដាក់​លក់​​ម៉ាស់​របស់​ខ្លួន​ នៅ​ក្នុង​ទី​ផ្សារ​ពិភព​លោក​ មាន​ដូជ​ជា​ Off-white​ ជា​ដើម​។

    មិន​ត្រឹម​តែ​ក្រុម​ហ៊ុន​ផលិត​ម៉ាស់​នោះ​ទេ​ដែល​យក​ម៉ាស់​មក​ធ្វើ​ជា​របស់​សម្រាប់​កើប​លុយ ប៉ុន្តែ ម៉ាស់​ក៏​ត្រូវ​បាន​តារាល្បី​ៗ​ជា​ច្រើន​ យក​មក​ធ្វើ​ជា​លក្ខណៈ​ពិសេស​របស់​ខ្លួន​នៅ​លើ​ឆាក​តន្ត្រី​​ ដើម្បី​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ ក្នុង​​​នោះ​មាន​ក្រុម​តារា​ចម្រៀង​ BTS នៅ​កូរ៉េខាង​ត្បូង តារា​ចម្រៀង​រ៉ែប ​​Future និង​កូន​ស្រី Londyn Wilburn (ពាក់​ម៉ាស់​ក្នុង​​ព្រឹត្តិ​ការ​ប្រគល់​ពាន់​រង្វាន់ BET 2017) តារា​ភាព​យន្ត Nick Cannon (នៅ​ក្នុង​ព្រឹត្តិ​ការ​ MTV Award 2019) និង តារា​ចម្រៀង​អាមេរិកាំង នាង​ Kesha (នៅ​ MusicCares) ឬ​តារា​ចម្រៀង​ Billie Eilish ។ល។

    ប្រភព​៖ សារព័ត៌មាន​បរទេស

  • កម្ពុជាជិតផុតកូតានាំសម្លៀកបំពាក់ទៅអឺរ៉ុប ថៅកែរោងចក្រចាប់ផ្តើមដើរចេញបណ្តើរៗ

    កម្ពុជាជិតផុតកូតានាំសម្លៀកបំពាក់ទៅអឺរ៉ុប ថៅកែរោងចក្រចាប់ផ្តើមដើរចេញបណ្តើរៗ

    ភ្នំពេញ៖ លំហូរវិនិយោគផ្ទាល់ពីបរទេស(ថៅកែរោងចក្រ)ទៅក្នុងវិស័យកាត់ដេរបានធ្លាក់ចុះប្រមាណជា30% ក្នុងឆមាសទី1 ឆ្នាំ2017នេះ បើធៀបនឹងការធ្លាក់ចុះក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ2016ដែលមានត្រឹម5%ប៉ុណ្ណោះ។ នេះបើតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាចំពោះវិស័យកាត់ដេរ។

    របាយការណ៍បានបង្ហាញថា ការនាំចេញសម្លៀកបំពាក់ពីកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបប្រចាំឆមាសទី1 ឆ្នាំ2017បានធ្លាក់ចុះមកនៅត្រឹម4% ខណៈដែលឆមាសទី1 ឆ្នាំ 2016 កន្លងទៅ ការនាំចេញមានកំណើនដល់ទៅ 9% ឯណោះ។ ក្នុងនោះការនាំចេញទៅកាន់ទីផ្សារអាមេរិកធ្លាក់ចុះប្រមាណជា 2.3% ប៉ុន្តែកំណើនការនាំចេញទៅកាន់ប្រទេសអង់គ្លេស កាណាដា និងជប៉ុន នៅមានភាពល្អប្រសើរជាងមុនបន្តិច។

    ការធ្លាក់ចុះនេះបណ្តាលមកពីកត្តាមួយចំនួនដូចជា 1.ការកើនឡើងនៃការប្រកួតប្រជែងនាំសម្លៀកបំពាក់ចេញពីប្រទេសនៅក្នុងតំបន់ ជាពិសេសប្រទេសវៀតណាម មីយ៉ាន់ម៉ា គួបផ្សំនឹងកត្តាខាងក្នុងដូចជាការដំឡើងប្រាក់ឈ្នួលអប្បបរមា(ប្រាក់ឈ្នួលខ្ពស់)ដែលធ្វើឱ្យតម្លៃដើមផលិតកើនឡើងជាដើម និង 2. ការថយចុះនៃភាពទាក់ទាញវិនិយោគក្នុងវិស័យនេះ ដោយសារកម្ពុជានឹងលែងទទួលបានការអនុគ្រោះពន្ធពីសហភាពអឺរ៉ុបក្នុងរយៈពេល3ឆ្នាំជាប់ៗគ្នាខាងមុខ បន្ទាប់ពីប្រទេសកម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប។ ក្នុងឆមាសទី1នេះការនាំចេញសម្លៀកបំពាក់មានសមាមាត្រ 67% នៃការនាំចេញក្រោមប្រព័ន្ធអនុគ្រោះ ថយចុះពី 74% និង28%រៀងគ្នា ខណៈដែលសមាមាត្រនាំចេញទៅកាន់ទីផ្សារជប៉ុនមានកំណើនទ្វេដងក្នុងរយៈពេល2ឆ្នាំចុងក្រោយរហូតដល់ 14% នៃការនាំចេញសរុបក្នុងវិស័យនេះ។

    គួរកត់សម្គាល់ថា ស្ថិតក្នុងស្ថានភាពដែលសេដ្ឋកិច្ចពិភពលោកកំពុងងើបឡើង ការនាំចេញវិស័យកាត់ដេរនៃប្រទេសជិតខាងបានកើនឡើងខ្ពស់ដូចជា កំណើននៃការនាំចេញសម្លៀកបំពាក់របស់ប្រទេសវៀតណាមកើនឡើងខ្ពស់រហូតដល់ 11.2% ជាពិសេសការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកដែលជាទីផ្សារធំជាងគេរបស់វៀតណាម ខណៈដែលការនាំចេញរបស់កម្ពុជាមានកំណើនយឺតជាងមុន ដោយសមាមាត្រនៃការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិកបានថយចុះជាបន្តបន្ទាប់ចាប់ពីឆ្នាំ 2011 មក៕