Tag: វីរុស

  • ព្រះអង្គម្ចាស់​នៃ​ចក្រភព​អង់គ្លេស ឆ្លង​វីរុស COVID-19

    ព្រះអង្គម្ចាស់​នៃ​ចក្រភព​អង់គ្លេស ឆ្លង​វីរុស COVID-19

    ព្រះអង្គម្ចាស់ Charles ព្រះជន្ម71វស្សា បាន​ឆ្លង​មេរោគ​កូ​រ៉ូ​ណា COVID-19 ប៉ុន្តែ​មាន​អាការរោគ​មិន​ធ្ងន់ធ្ងរ​នោះទេ។

    ព្រះរាជដំណាក់ Clarence ដែលជា​តំណាង​របស់​ព្រះអង្គម្ចាស់ Charles ថ្ងៃនេះ បានប្រកាសថា ព្រះអង្គម្ចាស់ Charles “នៅមាន​ព្រះរាជសុខភាព​ល្អ​នៅឡើយ បើទោះជា​មាន​អាការរោគខ្លះៗក៏ដោយ។ ទ្រង់​បាន​បំពេញ​រាជកិច្ច​នៅឯ​ដំណាក់​របស់​ទ្រង់​ដូច​ធម្មតា”។

    ព្រះ​នាង Camilla ដែលជា​ព្រះ​ជាយា​របស់​ព្រះអង្គម្ចាស់ Charles “ត្រូវបានធ្វើ​តេស្តរ​កមេ​រោគ​ហើយ​ដែរ ដោយ​លទ្ធផល​អវិជ្ជមាន”។ ព្រះអង្គម្ចាស់ Charles និង​អ្នក​ម្នាង Camilla បច្ចុប្បន្ន​បង្ខាំង​ខ្លួនឯង​នៅក្នុង​ដំណាក់​នៅឯ​ប្រទេស Scotland (Scotland ជា​ផ្នែក​មួយ​នៃ​ចក្រភព​អង់គ្លេស)។

    ព្រះរាជដំណាក់ Clarence បានឱ្យដឹងថា “មិនទាន់​ដឹង​ទេ​ថា ព្រះអង្គម្ចាស់​ឆ្លង​មេរោគ​ពី​អ្នកណា​នៅឡើយ តែ​ទ្រង់​បាន​ចូលរួម​ពិធី​ជាច្រើន​នាពេលថ្មីៗនេះ”។ ប៉ុន្តែ ប្រភពពី​រាជវាំង​សុំ​មិន​បញ្ចេញ​ឈ្មោះ ឱ្យដឹងថា ព្រះអង្គម្ចាស់ Charles បានធ្វើ​តេស្ត​រក​មេរោគ​នៅ​ថ្ងៃទី23មីនា និង​ទទួលលទ្ធផល​នៅ​ថ្ងៃទី24មីនា។ ព្រះអង្គម្ចាស់​ត្រូវបាន​គេ​ជឿថា បាន​ឆ្លង​មេរោគ​ចាប់ពី​ក្រោយ​ថ្ងៃទី13មីនា។

    ថ្មីៗនេះ ព្រះអង្គម្ចាស់ Charles បាន​យាង​ទៅ​ជួប​ម្ចាស់​ក្ស​ត្រី Elizabeth II ដែលមាន​ព្រះជន្ម93ព្រះវស្សា នៅ​ថ្ងៃទី13មីនា។ បរមរាជវាំង Buckingham បានឱ្យដឹងថា ក្ស​ត្រី​អង្គ​នេះ “នៅមាន​សុខភាព​ល្អ និង​កំពុង​ធ្វើតាម​យល់​ដ៏​សមស្រប​បំផុត”។

    កាលពី​ថ្ងៃទី10មីនា ព្រះអង្គម្ចាស់ Charles បាន​ធ្វើជា​អធិបតី​ក្នុង​កិច្ចប្រជុំ WaterAid នៅឯ​រាជដំណាក់ Clarence ដើម្បី​ពិភាក្សា​អំពី​បញ្ហា​អាកាសធាតុ។ កិច្ចប្រជុំ​នេះ ក៏មាន​វត្តមាន​របស់​ព្រះអង្គម្ចាស់ Monaco Albert II ព្រះជន្ម62វស្សា ដែលជា​មេដឹកនាំ​ម្នាក់​ដែល​បាន​ឆ្លង​វីរុស COVID-19 កាលពី​សប្ដាហ៍​មុន។

    ចក្រភព​អង់គ្លេស មកដល់​បច្ចុប្បន្ន បាន​រកឃើញ​អ្នក​ឆ្លង​មេរោគ COVID-19 ចំនួន 8,227នាក់ ក្នុងនោះ​មាន420នាក់​បាន​បាត់​បង់ជីវិត និង​ជាង130បានជា​សះស្បើយ៕

    ប្រភព៖ សារព័ត៌មាន​បរទេស

  • ជិត 5,000នាក់​បន្ថែម​ទៀត​ហើយ ដែល​បាន​ឆ្លង​វីរុស​កូរ៉ូណា

    ជិត 5,000នាក់​បន្ថែម​ទៀត​ហើយ ដែល​បាន​ឆ្លង​វីរុស​កូរ៉ូណា

    គណៈកម្មការ​សុខា​ភិបាល​ខេត្ត Hubei ថ្ងៃ​នេះ បាន​ប្រកាស​ថា មាន​អ្នក​ស្លាប់​ថ្មី​ចំនួន 116នាក់ និង​ 4,823នាក់បន្ថែម​ទៀត បាន​ឆ្លង​មេរោគ​កូរ៉ូណា Covid-19​។

    ខេត្ត​ Hubei​ មាន​ករណី​ស្លាប់បន្ថែម​ដោយ​សារ​មេរោគ​កូរ៉ូណា ចំនួន 116នាក់ ធ្វើ​ឱ្យ​អ្នក​ស្លាប់​នៅ​ប្រទេស​ចិន​ (ដីគោក) ឡើង​ដល់ 1,485នាក់។ ខេត្ត​នេះ​ក៏មាន​ករណី​ឆ្លង​ថ្មី​ចំនួន 4,823នាក់បន្ថែម​ទៀត ធ្វើ​ឱ្យ​ករណី​ឆ្លង​សរុប​​ក្នុង​ខេត្ត​នេះ ឡើង​ដល់ 51,986​នាក់ និង​ទូទាំង​ប្រទេស​ចិន​(ដីគោក) ឡើង​ដល់ 64,627នាក់។

    ខេត្ត Hubei មាន​អ្នក​ជំងឺ​ 36,719នាក់ចូល​ព្យា​បាល​ក្នុង​មន្ទីរពេទ្យ ក្នុង​នោះមាន​ 1,685​នាក់ កំពុង​ស្ថិត​ក្នុងស្ថានភាព​​គ្រោះ​ថ្នាក់ និង​ 4,131នាក់ បាន​ជាសះស្បើយ​ពី​ជំងឺ។

    គិត​មក​ដល់​ពេល​នេះ ទូទាំងពិភពលោក មាន​ករណី​ផ្ទុក​មេរោគសរុប​​ចំនួន​ 65,209នាក់ និង​អ្នក​ស្លាប់មាន​ចំនួន 1,489នាក់ និង​អ្នក​ដែល​បាន​ជា​សះស្បើយ​ចំនួន 7,063​នាក់។ ក្នុង​ចំណោម​អ្នក​ស្លាប់​សរុប​ គឺ​មាន​ 3ករណី​ស្លាប់​នៅ​ខាង​ក្រៅ​ប្រទេស​ចិន(ដីគោគ) ក្នុង​នោះ មាន​មួយ​ករណី​នៅ​ហ្វីលីពីន មួយ​ករណី​នៅ​ហុង​កុង និង​មួយ​ករណី​ទៀត​នៅ​ជប៉ុន

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • ពលរដ្ឋ​ចិន​នាំ​គ្នា​​រក​ទិញ​ថ្នាំ​អេដស៍ ដើម្បី​ទុក​ទប់​ទល់​​វីរុស​កូរ៉ូណា! ​អ្នក​ឆ្លៀត​ឱកាស​រក​លុយ​​ និង​សប្បុរសជនក៏បង្ហាញ​ខ្លួន

    ពលរដ្ឋ​ចិន​នាំ​គ្នា​​រក​ទិញ​ថ្នាំ​អេដស៍ ដើម្បី​ទុក​ទប់​ទល់​​វីរុស​កូរ៉ូណា! ​អ្នក​ឆ្លៀត​ឱកាស​រក​លុយ​​ និង​សប្បុរសជនក៏បង្ហាញ​ខ្លួន

    ដោយ​សារ​តែ​មិន​ទាន់​មាន​វិធី​សាស្ត្រ ឬ​ថ្នាំ​ព្យា​បាល​ពិសេស​ ពលរដ្ឋ​ជា​ច្រើន​នៅ​ប្រទេស​ចិន​ បាន​នាំ​គ្នា​ស្វែង​រក​ទិញ​ថ្នាំ​ព្យាបាល​ជំងឺ​អេដស៍​មក​ជំនួស​បណ្ដោះ​អាសន្ន​ ដោយ​សង្ឃឹម​ថា​ពួក​គេ​អាច​ឆ្លង​ផុត​គ្រា​លំបាក និង​នៅ​មាន​ជីវិត​​ក្រោយ​ការ​រាត​ត្បាត​នៃ​អាសន្ន​រោគ​កូរ៉ូណា​នេះ។

    បច្ចុប្បន្ន ក្នុង​ពិភព​លោក មិន​ទាន់​មាន​ថ្នាំ​ពិសេស​ និង​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​សម្រាប់​ព្យា​បាល​អ្នកជំងឺ​កូរ៉ូណា​នៅ​ឡើយ​ បណ្ដាល​ឱ្យ​វីរុស​នេះ សម្លាប់​មនុស្ស​​ដល់​ទៅ ​724នាក់ គិត​មក​ត្រឹម​ថ្ងៃ​ទី8កុម្ភៈ ឆ្នាំ2020។ បើទោះ​បី​ជា​មិន​ទាន់​មាន​ភ័ស្ដុតាង​បង្ហាញ​ពី​លទ្ធ​ផល​នៃ​ការ​ពិសោធន៍​ស៊ី​ជម្រៅ​ក៏​ដោយ ប៉ុន្តែ គណៈ​កម្មការ​សុខា​ភិបាល​កណ្ដាល​របស់​ចិន​ បាន​ឱ្យ​ដឹង​ថា​ ថ្នាំ lopinavir/ritonavir ដែល​គេ​ប្រើ​សម្រាប់​ព្យា​បាល​​ជំងឺ​អេដស៍ ក៏​អាច​ប្រើ​ប្រាស់​ដើម្បី​ព្យា​បាល​អ្នក​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​ផងដែរ ថ្វី​បើ​មិន​ទាន់​បាន​បក​ស្រាយ​អំពី​​យន្ត​ការ​ព្យា​បាល​នៃ​ថ្នាំ​នេះ។

    គ្រូពេទ្យ​ចិនប្រើថ្នាំព្យាបាលអេដស៍ ដើម្បី​ព្យាបាលជំងឺរលាកសួតថ្មីកូរ៉ូណា

    អ្នក​វិទ្យា​សាស្ត្រ​ក៏កំពុង​ដុត​ដៃ​ដុត​ជើងក្នុងការ​រកវិធី​បង្កើត​ថ្នាំ​ប្រឆាំង​មេរោគ​កូរ៉ូណា​នេះ​ដែរ

    ប្រការ​ខាង​លើ​នេះ បាន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​ ពិសេស​គឺ​ចំពោះ​ថ្នាំ Kaletra ឬហៅ​ថា Aluvia។ នេះ​គឺជា​ថ្នាំ​ lopinavir/ritonavir ដែល​ត្រូវ​បាន​ដាក់់លក់​ក្រោម​ឈ្មោះ​ Kaletra និង​ជា​ថ្នាំ​ប្រឆាំង​មេរោគ​អេដស៍​តែ​មួយ​ប្រភេទ​គត់​ដែល​ត្រូវ​បាន​ដាក់​លក់​នៅ​ប្រទេស​ចិន​។​

    Devy អាយុ​38ឆ្នាំ មក​ពី​ខេត្ត Shandong បាន​ឱ្យ​ដឹង​ថា គាត់​គឺ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​រាប់​រយ​នាក់​ដែល​បាន​ព្យា​យាម​ស្វែង​រក​ជួប​អ្នក​មាន​ផ្ទុក​មេរោគ​អេដស៍​ ដើម្បី​សុំ​ថ្នាំ​នេះ​។

    បើ​ទោះ​បី​ជា​ថ្មី​ៗ​នេះ Devy មិន​ធ្លាប់​បាន​ទៅ​កាន់​ខេត្ត Hubei ឬ​ ក្រុង Wuhan ដែល​ជា​សម្បុក​មេរោគ​កូរ៉ូណាក៏​ដោយ ប៉ុន្តែ​គាត់​នៅ​តែ​ព្រួយ​បារម្ភ​ខ្លាច​ឆ្លង​ជំងឺ​នេះ ព្រោះ​ថា​ គាត់​មាន​អាការ​ក្ដៅ​ខ្លួន និង​រក​កល​ក្អួត​។ ក្នុង​ពេល​មាន​អារម្មណ៍​អស់​សង្ឃឹម​ គាត់​ក៏​បាន​ស្គាល់​បុរស​ម្នាក់​ដែល​មាន​ផ្ទុក​មេរោគ​អេដស៍។ បុរស​ម្នាក់​នេះ មាន​រហ័ស​នាម​ថា Brother Squirrel ហើយ​គាត់​កំពុង​ផ្ដត់​ថ្នាំ​ Kaletra ដោយ​មិន​គិត​ថ្លៃ​ចំពោះ​អ្នក​ណា​ដែល​កំពុង​​សង្ស័យ​ថា ខ្លួន​ឯងមា​នផ្ទុក​មេរោគ​កូរ៉ូណា។ Devy បាន​ទៅ​ជួប​ Brother Squirrel ហើយ​ទទួល​បាន​ថ្នាំ​នេះ​ចំនួន 30គ្រាប់​។

    ថ្នាំវ៉ាក់សាំងទប់ស្កាត់មេរោគកូរ៉ូណា nCoV នឹងត្រូវបានពិសោធនៅដើមសប្ដាហ៍ក្រោយ

    ឱសថ​បុរាណ​ចិន​ក៏​ត្រូវ​បាន​គេ​យក​មក​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​កូរ៉ូណា

    សូម្បី​តែ​ក្រោយ​ពេល​គាត់​ត្រូវ​គ្រូពេទ្យ​​ពិនិត្យ​ឃើញ​ថា មិន​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​ប្រភេទ nCoV ក៏ដោយ ប៉ុន្តែ Devy នៅ​តែ​ជឿ​ថា ការ​ស្វែង​រក​ថ្នាំ​អេដស៍​​ គឺជា​ជម្រើស​ត្រឹម​ត្រូវ​។

    “អ្នក​មាន​រក្សា​ខ្សត់”

    នៅ​លើ​ទំព័រ​សារ​ព័ត៌មាន​ Reuters លោក​ Brother Squirrel (ឈ្មោះ​ពិត Andy Li) បាន​ឱ្យ​ដឹង​ថា បន្ទាប់​ពី​បាន​ឮថា មន្ត្រី​សុខា​ភិបាល​ចិន​​​ ណែនាំ​ឱ្យ​ប្រើ​ថ្នាំ​សម្រាប់​អ្នក​​ជំងឺ​អេដស៍​ ដើម្បី​ព្យា​បាល​ជំងឺ​កូរ៉ូណា លោក​ និង​អ្នក​ជំងឺ​អេដស៍​ជា​ច្រើន​នាក់​ ក៏​បាន​​នាំ​គ្នា​ចែក​រំលែក​ និង​ប្រមូល​​បាន​ថ្នាំអេដស៍​ Kaletra ប្រហែល​ 5,400​គ្រាប់​​ ក្នុង​រយៈ​ពេល​មិន​ដល់​1សប្ដាហ៍។ ក្រោយ​មក​ ពួកគេ​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ Weibo ដើម្បី​ស្វែង​រក​អ្នក​ត្រូវ​ការ​ថ្នាំ​នេះ។

    Andy យល់​ថា ក្រុម​របស់​គាត់​ដូច​ជា “កំពុង​អនុវត្ត​ភារ​កិច្ច​យោធា” ដូច្នោះ​ដែរ​។ ក្នុង​រយៈ​ពេល​3ថ្ងៃ​ដំបូង​បន្ទាប់​ពី​បង្ហោះ​សារ លោក Andy បាន​ទទួល​សារ​រាប់​រយ​ ធ្វើ​ឱ្យ​គាត់​រវល់​រក​តែ​ពេល​ហូប​បាយ​មិន​ចង់​បាន ព្រោះ​មមាញឹក​នឹង​ការ​រៀប​ចំ​​ថ្នាំ​ធ្វើ​ទៅ​ឱ្យ​អ្នក​ដែល​កំពុង​ត្រូវ​ការ​។

    Andy បន្ថែម​ថា ៖ “មាន​មនុស្ស​ច្រើន​ណាស់​ដែល​កំពុង​ត្រូវ​ការ​ថ្នាំនេះ ហើយ​ខ្ញុំ​ក៏មិន​ចង់​ខ្ជះខ្ជាយ​ពេល​វេលា​ ព្រោះ​ពេលវេលា​នៅ​ពេល​នេះ គឺ​ជា​អាយុ​ជីវិត”។

    ឱកាស​ចំណេញពី​ថ្នាំ​អេដស៍

    ទន្ទឺម​និង​សប្បុរ​ជន​ដូច​ Andy ក៏​មាន​​មនុស្ស​ជា​ច្រើន​កំពុង​រក​បាន​ផល​ចំណេញ​ពី​តម្រូវ​ការ​ថ្នាំ​អេដស៍​នេះ​។

    មនុស្ស​ជាង​ 34,893​នាក់ ត្រូវ​បាន​គេ​បញ្ជាក់​ថា បាន​ឆ្លង​មេរោគ​កូរ៉ូណា​នៅ​ប្រទេស​ចិន ដែល​ភាគ​ច្រើន​គឺជា​អ្នក​ស្រុក​ Wuhan នៅ​ខេត្ត Hubei។ ក៏​ប៉ុន្តែ​ កង្វះខាត​ឧបករណ៍​ពិសោធន៍ បាន​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើនសង្ស័យ​ថា ជាក់​ស្ដែង​មាន​មនុស្ស​ច្រើន​ជាង​នេះ​កំពុង​ផ្ទុក​មេរោគ ​តែ​មិន​ទាន់​បាន​ពិនិត្យ។

    វ៉ាក់​សាំង​ការ​ពារ​មេរោគ​រលាក​សួត​ Wuhan នឹង​មាន​ក្នុង​អំឡុង​3ខែ​ទៀត

    Gatsby Fang ដែល​ជា​អ្នក​នាំ​ទំនិញ​ឆ្លងដែន​នៅ​ប្រទេស​ចិន បាន​ប្រាប់​ថា គាត់​បាន​បញ្ជា​ទិញថ្នាំ​អេដស៍ Kaletra ពី​ប្រទេស​ឥណ្ឌា​កាល​ពី​ថ្ងៃទី 23មករា បន្ទាប់​ពី​​មាន​ដំណឹង​ថា ប្រភេទ​ថ្នាំ​នេះ​អាច​ជួយ​ទប់​ទល់​មេរោគ​កូរ៉ូណា​បាន​។

    Gatsby បង្ហើប​ឱ្យ​ដឹង​ថា ថ្នាំ​មួយ​ដប​ដែល​មាន​60គ្រាប់​ គាត់​លក់​ក្នុង​តម្លៃ​600យន់ (ប្រហែល85ដុល្លារ​អាមេរិក) គឺ​គាត់​ចំណេញ​ចាប់​ពី 200-300យន់ (28-42ដុល្លារ) ក្នុង​មួយ​ដប។ ជា​ធម្មតា​ តម្លៃ​របស់​ថ្នាំ​នេះ ត្រឹម​តែ​100យន់ (14ដុល្លារ​​) ប៉ុណ្ណោះ តែ​ពេល​នេះ វា​បាន​ឡើង​ដល់ 300-400យន់ (42-57ដុល្លារ​) ក្នុង​មួយ​ដប។ ក្រោយ​ការ​នាំ​ចូល​ទំនិញបាន​2ថ្ងៃ Gatsby បាន​លក់​ដាច់​គ្មាន​សល់។ មាន​អតិថិជន​ខ្លះ បាន​បញ្ជា​ទិញ​ដល់​ទៅ 600ដប​ក្នុង​ពេល​តែ​មួយ​។

    តាម​ការ​ឱ្យ​ដឹង​ពី​អ្នក​ជំនួញឆ្លង​ដែន​ខាង​លើ​ អតិថិ​ជន​របស់​គាត់​មាន​ច្រើន​ប្រភេទ ចាប់​ពី​អ្នក​ដែល​មាន​ផ្ទុក​មេរោគ​កូរ៉ូណា គ្រូពេទ្យ​ជួរ​មុខ​នៅ​ខេត្ត Hubei រហូត​ដល់​អ្នកដែល​មិន​មាន​ផ្ទុក​មេរោគ​នេះសោះ​ ក៏​ទិញ​ទុក​ការ​ពារ​ផងដែរ។ ក្រៅ​ពី​នេះ ក៏​មាន​អ្នក​ខ្លះ​ក្លែង​ធ្វើ​ជា​អ្នក​ជំងឺ​មក​ទិញថ្នាំ​អេដស៍​ដើម្បី​យក​ទៅ​លក់​បន្ត​ រក​ចំណេញ។

    យ៉ាង​ណា​ក៏​ដោយ លោក Gatsby បាន​ឱ្យ​ដឹង​ថា អតិថិជន​ភាគ​ច្រើន​របស់​គាត់​ គឺជា​អ្នក​ដែល​មិន​ទាន់​ទទួល​បាន​ការ​ព្យា​បាល ឬ​មិន​ទាន់​ដឹង​ច្បាស់​ថា​ខ្លួន​មាន​ផ្ទុក​មេរោគ​ដ៏​សាហាវ​នេះ​ដែរ​ឬ​អត់។

    សូម​បញ្ជាក់​ថា ថ្វី​បើ​មាន​ការ​ប្រើ​ប្រាស់​ថ្នាំ​អេដស៍​ដើម្បី​ព្យា​បាល​អ្នក​ជំងឺ​កូរ៉ូណានៅប្រទេស​​ចិន ប៉ុន្តែ អង្គ​ការ​សុខ​ភាព​ពិភព​លោក WHO បាន​ប្រកាស​ថា បច្ចុប្បន្ន គេ​មិន​ទាន់​រកឃើញ​ថ្នាំ ឬ​វិធី​ព្យា​បាល​ពិសេស​ណា​មួយ​សម្រាប់​​មេរោគ​នេះ​នៅ​ឡើយ៕

    ប្រភព​៖ សារ​ព័ត៌មានបរទេស

  • ឱសថការីកំលោះម្នាក់ដាច់ខ្យល់ស្លាប់ ដោយសារខំប្រឹងធ្វើការជាប់ៗគ្នា 10ថ្ងៃ តតាំងនឹងវិបត្តិមេរោគវីរុសវូហាន

    ឱសថការីកំលោះម្នាក់ដាច់ខ្យល់ស្លាប់ ដោយសារខំប្រឹងធ្វើការជាប់ៗគ្នា 10ថ្ងៃ តតាំងនឹងវិបត្តិមេរោគវីរុសវូហាន

    ឱសថការីកំលោះជនជាតិចិនម្នាក់ បានធ្លាក់ខ្លួនឈឺ និងស្លាប់បាត់បង់ជីវិតបន្ទាប់ពីធ្វើការយ៉ាងខ្លាំងក្លាជាប់ៗគ្នា 10ថ្ងៃ ក្នុងភារកិច្ចតស៊ូជាមួយមេរោគវីរុសកូរ៉ូណាប្រភេទថ្មីដែលឆ្លងរាលដាលយ៉ាងសាហាវនៅក្នុងប្រទេសចិន។

    កាលពីថ្ងៃទី4 កុម្ភៈ ទីភ្នាក់ងារព័ត៌មាន វើលដ៍ អហ្វ បាហ្ស បានរាយការណ៍តាមរយៈសារព័ត៌មាន ដឹ ផេភើរ ថា ឱសថការីកំលោះជនជាតិចិនបានធ្លាក់ខ្លួនឈឺ និងបានស្លាប់ ក្រោយពីធ្វើការយ៉ាងខ្លាំងក្លាឥតឈប់សម្រាកជាប់ៗគ្នា 10ថ្ងៃ ក្នុងភារកិច្ចតស៊ូនឹងមេរោគវីរុសកូរ៉ូណាដ៏កាចសាហាវនោះ។

    ឱសថការី សុង យីងជី អាយុទើបតែ 28ឆ្នាំ ជាអនុប្រធានផ្នែកឱសថស្ថាន មានចំណែករួមយ៉ាងខ្លាំងក្នុងការថែរក្សាព្យាបាលអ្នកឆ្លងមេរោគទាំងអស់ នៅឯមជ្ឈមណ្ឌលសុខភាពក្នុងអនុមណ្ឌលហ៊ឹងសាន មណ្ឌលហ៊ូណាន ភាគកណ្ដាលប្រទេសចិន ដែលនៅជាប់នឹងមណ្ឌលហ៊ូពេយ ដើមកំណើតនៃការឆ្លងរាលដាលនៃមេរោគវីរុសកូរ៉ូណាប្រភេទថ្មីពីទីក្រុងវូហាន។

    ឱសថការី សុង យីង ជី មានតួនាទីទទួលខុសត្រូវក្នុងការចែកចាយវេជ្ជភណ្ឌទៅឱ្យមិត្តរួមការងារ បានខំប្រឹងធ្វើការយ៉ាងឥតឈប់សម្រាកជាប់ៗគ្នា 9យប់ 10ថ្ងៃ ក្នុងអំឡុងពេលដែលប្រទេសចិនកំពុងប្រយុទ្ធតស៊ូជាមួយមេរោគវីរុសកូរ៉ូណាប្រភេទថ្មី។

    រហូតមកដល់ថ្ងៃទី3 កុម្ភៈ ឱសថការី សុង ធ្វើការរួចរាល់ក្នុងវេនពេលអធ្រាត្រ និងត្រឡប់ទៅបន្ទប់វិញដើម្បីគេងសម្រាក មុននឹងមិត្តរួមការងារប្រទះឃើញរូបគេបានដេកស្លាប់បាត់បង់ជីវិតនៅក្នុងបន្ទប់របស់គេ។ សន្និដ្ឋានថា គេអាចនឹងស្លាប់ដោយសារបេះដូងឈប់ដំណើរការមួយខណៈពេលភ្លាមៗ ដោយសារតែការធ្វើការងារយ៉ាងខ្លាំងឥតឈប់សម្រាកកាលពីពេលកន្លងមក។ ខណៈនេះ មន្ត្រីពាក់ព័ន្ធកំពុងស៊ើបអង្កេតរកមូលហេតុពិតប្រាកដនៃការស្លាប់នេះជាបន្ត៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស