Tag: រថយន្ត

  • រថយន្ត​អគ្គិសនី​កៅអី​បី​ជួរ​របស់ Ford ធ្វើដំណើរ​បាន 563 គីឡូម៉ែត្រ

    រថយន្ត​អគ្គិសនី​កៅអី​បី​ជួរ​របស់ Ford ធ្វើដំណើរ​បាន 563 គីឡូម៉ែត្រ

    នៅ​ដើមខែ​នេះ អគ្គនាយក​ប្រតិបត្តិ​របស់ Ford Motor Company លោក Jim Farley បានប្រកាសថា ក្រុមហ៊ុន​មាន​គម្រោង​ផលិត​រថយន្ត​អគ្គិសនី​ប្រភេទ SUV 7 កៅអី។

    លោក Jim Farley និយាយថា គំនិត​ស្ដីពី​រថយន្តអគ្គិសនី​​កៅអី​បី​ជួរ​នឹង​បង្កើតបាននូវ​​ភាពខុសប្លែក​សម្រាប់​រថ​យន្ត​អគ្គិសនី​របស់ Ford នៅ​ក្នុង​ទីផ្សារ​។

    បច្ចុប្បន្ន ព័ត៌មាន​ស្ដីពី​រថយន្ត​អគ្គិសនី 7 កៅអី​របស់ Ford ត្រូវបាន​បញ្ចេញខ្លះៗហើយ។ «ប្រធាន​ផ្នែក​បច្ចេកវិទ្យា និង​អភិវឌ្ឍ​ផលិតផល​របស់ Ford គឺ Doug Field បាន​ចែករំលែក​ព័ត៌មាន​ខ្លះ​អំពី Ford EV។ គាត់​ប្រាប់ថា រថយន្ត​ប្រភេទ SUV កៅអី​បី​ជួរ​នេះ​នឹង​បង្ហាញខ្លួន​នៅ​ឆ្នាំ 2025 ដែល​អាចធ្វើ​ដំណើរ​បាន 563 គីឡូម៉ែត្រ» អ្នកយកព័ត៌មាន​រប​ស់ទំ​ព័រ Autonews បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ដូច្នេះ។

    ចំណែក​ទំព័រ Electrek ក៏បាន​រាយការណ៍​ថា រថយន្ត​អគ្គិសនី​ប្រភេទ SUV កៅអី​បី​ជួរ​របស់ Ford អាច​បើកបរ​ក្នុង​ល្បឿន 120 គីឡូម៉ែត្រ/ម៉ោង។

    ដោយឡែក ក្រុមហ៊ុន Ford មកដល់ពេលនេះ​មិនទាន់​បញ្ចេញ​ព័ត៌មាន​លំអិត​ស្ដីពី​រថយន្ត​អគ្គិសនី​ប្រភេទ SUV កៅអី​បី​ជួរ​របស់ខ្លួន​នៅឡើយ៕

  • ក្រុមហ៊ុន​ផលិត​រថយន្ត​ចិន​បញ្ចុះតម្លៃ​រថយន្ត​អគ្គិសនី HongGuang Mini EV

    ក្រុមហ៊ុន​ផលិត​រថយន្ត​ចិន​បញ្ចុះតម្លៃ​រថយន្ត​អគ្គិសនី HongGuang Mini EV

    (ប្រទេស​ចិន) – នៅ​ថ្ងៃទី 22 ឧសភា​នេះ ក្រុមហ៊ុន​ចិន Wuling Motors បាន​បញ្ចុះតម្លៃ​រថយន្ត​អគ្គិសនី​ដែល​លក់ដាច់​ជាងគេ​មួយ​នៅលើ​ពិភពលោក​របស់ខ្លួន មក​នៅ​ទាប​បំផុត​គឺ​ត្រឹម 29,800 យន់ (4,300 ដុល្លារ​អាម៉េរិក)។

    ម៉ូ​ដែល​រថយន្ត​មួយចំនួន​ផ្សេងទៀត​របស់ Wuling ក៏​ត្រូវបាន​បញ្ចុះតម្លៃរ​ហូត​ដល់ 13,000 យន់ (1,850 ដុល្លារ​អាម៉េរិក)។ នេះ​បើតាម​ប្រកាស​របស់ Wuling Motors។

    Wuling HongGuang Mini EV គឺជា​រថយន្ត​បួន​កៅអី មាន​បណ្ដោយ 2.9 ម៉ែត្រ និង​កម្ពស់ 1.5 ម៉ែត្រ។ រថយន្ត​អគ្គិសនី​នេះ​មាន​ល្បឿន​អតិបរមា 100 គីឡូម៉ែត្រ/ម៉ោង និង​អាច​បើកបរ​បាន​ចម្ងាយ 170 គីឡូម៉ែត្រ បន្ទាប់ពី​បាន​បញ្ចូល​អគ្គិសនី​មួយ​ពេញ។

    រថយន្ត​ម៉ូ​ដែល​នេះ​មានការ​ពេញនិយម​ខ្លាំង​នៅ​ប្រទេស​ចិន ដោយមាន​ជាង 119,000 គ្រឿង​ត្រូវបាន​លក់​ក្នុង​ឆ្នាំ 2020 និង​បាន​ក្លាយជា​រថយន្ត​អគ្គិសនី​ដែល​លក់ដាច់​ជាងគេ​លំដាប់​ទី​បី​នៅ​ទូទាំង​សកលលោក​ក្នុង​ឆ្នាំ​នោះ៕

  • ចិន​សាកល្បង​ដំណើរការ​ផ្លូវដែក​ល្បឿន​លឿន​ឆ្លងកាត់​សមុទ្រ​ដំបូង​របស់ខ្លួន

    ចិន​សាកល្បង​ដំណើរការ​ផ្លូវដែក​ល្បឿន​លឿន​ឆ្លងកាត់​សមុទ្រ​ដំបូង​របស់ខ្លួន

    រថភ្លើង​ល្បឿន​លឿន​បាន​រត់​សាកល្បង​នៅលើ​កំណាត់​ផ្លូវដែក​ប្រវែង​ជាង 277 គីឡូម៉ែត្រ ត​ភ្ជាប់​ទីក្រុង Fuzhou ទៅកាន់​ទីក្រុង Xiamen កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​។

    ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ឆ្លងកាត់​សមុទ្រ​ដំបូង​របស់​ប្រទេស​ចិន ចាប់ផ្ដើម​ដំណើរការ​កែតម្រូវ​ប្រព័ន្ធ និង​ដំណើរការ​សាកល្បង​ជាមួយនឹង​រថយន្ត​មួយ​ខ្សែ​ដែល​ចេញដំណើរ​ពី​ស្ថានីយ Fuzhou នៃ​ខេត្ត Fujian កាលពី​ថ្ងៃទី 20 ឧសភា ឆ្នាំ 2023។

    ការស្ថាបនា​ផ្លូវដែក​ដែល​ត​ភ្ជាប់​ទី Fuzhou ទៅនឹង​ទីក្រុង Xiamen បានចាប់ផ្ដើម​កាលពី​ខែកញ្ញា ឆ្នាំ 2017។ ផ្លូវដែក​នេះ​បាន​ឆ្លង​ផុត​ដំណាក់កាល​ធ្វើតេស្ត​អសកម្ម​កាលពី​ខែកុម្ភៈ 2023។

    ផ្លូវដែក​ប្រវែង 277.42 គីឡូម៉ែត្រ​នេះ​ធ្វើដំណើរ​ឆ្លងកាត់​ទីក្រុង​មួយចំនួន​ដូចជា ទីក្រុង Putian, Quanzhou, Zhangzhou និង​ឆ្លងកាត់​ស្ពាន​ចំនួន​បី​ដែល​ឆ្លងកាត់​ឆកសមុទ្រ Meizhou, Quanzhou និង Anhai។

    តាម​ផែនការ ផ្លូវដែក​នេះ​នឹងត្រូវ​បានដាក់​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​ចាប់ពី​ចុងខែ​កញ្ញា​ឆ្នាំនេះ ហើយ​វា​នឹង​​ជួយ​ឱ្យ​ការ​ធ្វើ​ដំណើរ​​​ពី​ទីក្រុង Fuzhou ទៅនឹង​ទីក្រុង Xiamen ​ចំណាយពេល​មិន​ដល់​មួយ​ម៉ោង ព្រម​ទាំង​​អាច​បើកបរ​ក្នុង​ល្បឿន​អតិបរមា 350 គីឡូម៉ែត្រ/ម៉ោង៕

  • ពិព័រណ៍​បច្ចេកវិទ្យាយានយន្ត​សាំង និង​យានយន្ត​អគ្គិសនី ឆ្នាំ 2023 នៅ​វៀតណាម ទាក់ទាញ​ក្រុមហ៊ុន​បាន​រាប់រយស្ថាប័ន​

    ពិព័រណ៍​បច្ចេកវិទ្យាយានយន្ត​សាំង និង​យានយន្ត​អគ្គិសនី ឆ្នាំ 2023 នៅ​វៀតណាម ទាក់ទាញ​ក្រុមហ៊ុន​បាន​រាប់រយស្ថាប័ន​

    ក្រុមហ៊ុន​ជាង 200 ស្ថាប័ន​នៅ​វៀតណាម និង​បរទេស បាន​ចូលរួម​ព្រឹត្តិការណ៍​តាំង​បង្ហាញ​ផលិតផល​ក្នុង​បញ្ជរ​ជិត 300 នៅក្នុងពិព័រណ៍​បច្ចេកវិទ្យាយានយន្ត​សាំង និង​យានយន្ត​អគ្គិសនី ឆ្នាំ 2023។

    កាលពី​ថ្ងៃទី 18 ឧសភា ពិព័រណ៍​អន្តរជាតិ​លើក​ទី 19 ស្ដីពី​បច្ចេកវិទ្យា​រថយន្ត ម៉ូតូ រថយន្ត​អគ្គិសនី និង​ឧស្សាហកម្ម​គ្រឿងបន្លាស់ (Autotech & Accessories 2023) ឆ្នាំ 2023 ត្រូវបាន​ធ្វើឡើង​នៅឯ​សាល​ពិព័រណ៍​សៃ​ហ្គ​ន (SECC) ក្នុង​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម​។

    ពិព័រណ៍ Autotech & Accessories 2023 ទាក់​បាន​ក្រុមហ៊ុន​ជាង 200 ស្ថាប័ន​នៅ​វៀតណាម និង​បរទេស​ចូលរួម​តាំង​បង្ហាញ​ផលិតផល​នៅក្នុង​បញ្ជរ​ជិត 300 របស់​ពួកគេ។ ពិព័រណ៍​នេះ​ផ្ដល់ឱកាស​ក្នុង​ការតភ្ជាប់​ទំនាក់ទំនង​ផ្នែក​ធុរកិច្ច​រវាង​បណ្ដា​ក្រុមហ៊ុន​ក្នុងស្រុក និង​បរទេស។

    ក្នុង​បញ្ជរ​តាំង​បង្ហាញ គេ​ឃើញ​មាន​តាំងពី​រថយន្ត​គ្រូ​សារ រថយន្ត​ដឹកទំនិញ រថយន្ត​អគ្គិសនី ម៉ូតូ រហូតដល់​ផលិតផល​គ្រឿងបន្លាស់​សម្រាប់​យានយន្ត និង​ដំណោះស្រាយ​បច្ចេកវិទ្យា​ទំនើប​សម្រាប់​យានយន្ត។ល។ ពិព័រណ៍​នេះ​ក៏មាន​វត្តមាន​របស់​យីហោល្បីៗ មានដូចជា Blueone, Jaan –E, Daichi, Minamoto ជាដើម​ផងដែរ។

    ពិព័រណ៍​ប្រចាំឆ្នាំ Autotech & Accessories ត្រូវបាន​ធ្វើឡើង​នៅ​វៀតណាម តាំងពី​ឆ្នាំ 2006 រហូតដល់​បច្ចុប្បន្ន​។ Autotech & Accessories 2023 ត្រូវបាន​រៀបចំ និង​តាំង​បង្ហាញ​ចាប់ពី​ថ្ងៃទី 18 ដល់ 21 ឧសភា ឆ្នាំ 2023៕

  • ទិដ្ឋភាព​ឥណ្ឌូណេស៊ី​ហែ​ក្បួន​អបអរ​មេដាយមាសបាល់​ទាត់​​ស៊ី​ហ្គេម​លើក​ទី 32

    ទិដ្ឋភាព​ឥណ្ឌូណេស៊ី​ហែ​ក្បួន​អបអរ​មេដាយមាសបាល់​ទាត់​​ស៊ី​ហ្គេម​លើក​ទី 32

    បី​ថ្ងៃ​បន្ទាប់ពី​បាន​យកឈ្នះ​លើក​ក្រុមបាល់ទាត់​អាយុ​ក្រោម 22 ឆ្នាំ (U22) របស់​ថៃ ក្រុម​កីឡាករ​បាល់ទាត់​ឥណ្ឌូណេស៊ី ​បាន​ត្រលប់​ទៅ​ប្រទេស និង​នាំគ្នា​ហែ​ក្បួន​អបអរ​ជ័យជម្នះ​នៅ​រដ្ឋធានី​ហ្សា​ការ​តា។

    ក្រុម U22 ឥណ្ឌូណេស៊ី បាន​ចាក​ចេញពី​កម្ពុជា ត្រលប់​ទៅ​មាតុភូមិ​កាលពី​ព្រលប់​ថ្ងៃទី 18 ឧសភា តាមរយៈ​យន្តហោះ​ពិសេស ខណៈ​នៅឯ​ព្រលានយន្តហោះ Soekarno-Hatta អ្នកគាំទ្រ​រាប់ម៉ឺន​នាក់​បាននាំគ្នា​រង់ចាំ​ទទួល​។

    នៅតាម​ផ្លូវ​ដែល U22 ឥណ្ឌូណេស៊ី​ធ្វើដំណើរ​ពី​ព្រលានយន្តហោះ​ទៅកាន់​សណ្ឋាគារ អ្នកគាំទ្រ​ឈរ​អម​សងខាង ព្រមទាំង​ដុត​​កូន​កាំជ្រួច​បញ្ចេញ​ពន្លឺ។ តំបន់​ខ្លះ​ក៏​រៀបចំ​ឆាក​តន្ត្រី​ដើម្បី​ទទួល​ស្វាគមន៍។

    កាលពី​ព្រឹក​ថ្ងៃទី 19 សហព័ន្ធ​កីឡាបាល់ទាត់​ឥណ្ឌូណេស៊ី (PSSI) ក៏​បាន​រៀបចំ​ពិធី​ហែ​ក្បួន នាំ​ក្រុម U22 ទាំងមូល​ធ្វើដំណើរ​តាម​រថយន្តក្រុង​គ្មាន​ដំបូល ពី​សណ្ឋាគារ Kemenpora ទៅកាន់​ទីលាន Gelora Bung Karno។

    PSSI រៀបចំ​ទីតាំង​បួន​កន្លែង​ដែលមាន​សកម្មភាព​កម្សាន្ត អម​សងខាង​ផ្លូវ​ដែល​ក្បួន​ធ្វើដំណើរ​ឆ្លងកាត់។ នៅ​ទីតាំង​ទាំងនោះ​មាន​តន្ត្រី និង​សកម្មភាព​លើកតម្កើង U22 ឥណ្ឌូណេស៊ី។

    នៅ​ស៊ី​ហ្គេម​លើក​ទី 32 ដែល​ធ្វើឡើង​នៅ​កម្ពុជា U22 ឥណ្ឌូណេស៊ី បាន​ផ្ដួល​សិង្ហ​បុរី មី​យ៉ាន់​ម៉ា ទី​ម័​រ​ខាងកើត និង​កម្ពុជា នៅ​វគ្គ​ប្រកួត​វិលជុំ។ បន្ទាប់មក U22 ឥណ្ឌូណេស៊ី ក៏បាន​យកឈ្នះ​លើ​វៀតណាម 3-2 នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ឥណ្ឌូណេស៊ី ក៏បាន​ផ្ដួល​ថៃ​ក្នុង​លទ្ធផល 5-2 ក្រោយ​ការប្រកួត 120 នាទី​ប្រកបដោយ​ហិង្សា៕

  • ក្រុមហ៊ុន​វៀតណាម​នាំចេញ​រថយន្ត​អគ្គិសនី VinFast VF8 ជើង​ដំបូង​ទៅកាន់​កាណាដា

    ក្រុមហ៊ុន​វៀតណាម​នាំចេញ​រថយន្ត​អគ្គិសនី VinFast VF8 ជើង​ដំបូង​ទៅកាន់​កាណាដា

    កាលពី​ថ្ងៃទី 18 ឧសភា (17 ឧសភា​នៅ​កាណាដា) ក្រុមហ៊ុន VinFast Canada បានប្រកាស​ថា កប៉ាល់​ដឹក​រថយន្ត​អគ្គិសនី VinFast VF8 ចំនួន 781 គ្រឿង បាន​ចូល​ចត​នៅ​កំពង់ផែ Nanaimo ក្នុង​តំបន់ British Columbia។

    រថយន្ត​អគ្គិសនី​ម៉ូ​ដែល VF8 របស់ VinFast ត្រូវបាន EPA ទទួលស្គាល់ថា អាច​រត់​បាន​ចម្ងាយ 425 គីឡូម៉ែត្រ​សម្រាប់​កំណែ Eco, 391 គីឡូម៉ែត្រ​សម្រាប់​កំណែ Plus 300 kW និង 354 គីឡូម៉ែត្រ​សម្រាប់​កំណែ Plus 260 kW បន្ទាប់ពី​បញ្ចូល​ថាមពល​អគ្គិសនី​​មួយ​ពេញ។

    នៅ​កាណាដា កំណែ VF8 Eco មានតម្លៃ​ចាប់ពី 39,680 ដុល្លារ​អាម៉េរិក គ្រា​ដែល​កំណែ VF8 Plus 260 kW មានតម្លៃ​ចាប់ពី 43,820 ដុល្លារ​អាម៉េរិក។

    រថយន្ត​អគ្គិសនី 781 គ្រឿង​ខាងលើនេះ​គឺជា​ការនាំចេញ​លើក​ទី​ពីរ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​របស់​ក្រុមហ៊ុន VinFast ដែល​បានចេញ​ដំណើរ​ពី​វៀតណាម​កាលពី​ថ្ងៃទី 16 មេសា ឆ្នាំ 2023។ មុន​នោះ VinFast VF8 ចំនួន 1,098 គ្រឿង​ក៏បាន​ទៅដល់​សហរដ្ឋ​អាម៉េរិក​កាលពី​ថ្ងៃទី 12 ឧសភា។

    VinFast VF8 ត្រូវបាន​បំពាក់​មុខងារ​បច្ចេកវិទ្យាទំនើបៗ ក្នុងនោះ​មាន​ទាំង​ប្រព័ន្ធ​ជំនួយការ​បើកបរ​ (ADAS) ព្រមទាំង​ត្រូវបាន​ធានា 10 ឆ្នាំ ឬ 200,000 គីឡូម៉ែត្រ​សម្រាប់​រថយន្ត និង 10 ឆ្នាំ ឬ​មិន​កំណត់​ចំនួន​គីឡូម៉ែត្រ​សម្រាប់​ថ្ម​ផ្ទុក​ថាមពល។ សេវា​ជួសជុល​ចល័ត និង​សង្គ្រោះ 24/7 ក៏​ស្ថិត​នៅក្នុង​ការធានា​នេះ៕

  • Volkswagen ចរចា​ជាមួយ​ក្រុមហ៊ុន​ចិន ដើម្បី​ទិញ​សប​វ៉ែ​រ​សម្រាប់​រថយន្ត​អគ្គិសនី

    Volkswagen ចរចា​ជាមួយ​ក្រុមហ៊ុន​ចិន ដើម្បី​ទិញ​សប​វ៉ែ​រ​សម្រាប់​រថយន្ត​អគ្គិសនី

    Volkswagen បាន​ចរចា​ដើម្បី​ទិញ​សប​វ៉ែ​រ​ផ្នែក​រថយន្ត​អគ្គិសនី​ពី​ក្រុមហ៊ុន Huawei ដោយ​សង្ឃឹមថា នឹង​ដណ្ដើមបាន​ចំណែក​ទីផ្សារ​ធំ​ជាង​មុន ក្នុង​វិស័យ​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ចិន។

    យោងតាម​របាយការណ៍​របស់ Financial Times ដែល​បាន​ចុះផ្សាយ​នា​ថ្ងៃនេះ ក្រុមហ៊ុន​អន្តរជាតិ​អាល្លឺម៉ង់ Volkswagen បាន​ចរចា​ជាមួយ​ក្រុមហ៊ុន​ចិន Huawei ដើម្បី​អាច​ប្រើប្រាស់​បច្ចេកវិទ្យា​របស់​ក្រុម​នេះ​នៅក្នុង​រថយន្ត​របស់ខ្លួន។ ប្រភពព័ត៌មាន​ខ្លះ​ថា VW ក៏បាន និង​កំពុង​ចរចា​ជាមួយ​ក្រុមហ៊ុន​ចិន​ដទៃ ទាក់ទង​នឹង​រឿង​ទិញដូរ​នេះដែរ។

    Volkswagen គឺជា​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ផលិត​រថយន្ត​ដែល​លក់ដាច់​ជាងគេ​នៅ​ប្រទេស​ចិន ប៉ុន្តែ​បែរជា​អន់ថយ​នៅក្នុង​ទីផ្សារ​រថយន្ត​អគ្គិសនី បើ​ធៀប​នឹង​បណ្ដា​ក្រុមហ៊ុន​ក្នុងស្រុក​របស់​ចិន ពិសេស​គឺ BYD។ ប៉ុន្តែ បច្ចុប្បន្ន VW ត្រូវបាន​គេ​មើលឃើញ កំពុង​សកម្ម​ខ្លាំង​នៅក្នុង​ការ​ងាក​ទៅរក​ទីផ្សារ​រថយន្ត​អគ្គិសនី៕

  • គម្រោង​សាងសង់​កោះ​វេជ្ជសាស្ត្រ​រាង​អឌ្ឍចន្ទ​​ប្រកប​ដោយ​បច្ចេក​វិទ្យា​ខ្ពស់​នៅ​ទីក្រុង​ឌូ​បៃ

    គម្រោង​សាងសង់​កោះ​វេជ្ជសាស្ត្រ​រាង​អឌ្ឍចន្ទ​​ប្រកប​ដោយ​បច្ចេក​វិទ្យា​ខ្ពស់​នៅ​ទីក្រុង​ឌូ​បៃ

    Kalbod Design ដែលជា​ស្ទូ​ឌី​យោ​មួយ​នៅ​រដ្ឋធានី​តេ​ហេ​រ៉ង់ (ប្រទេស​អ៊ីរ៉ង់) បានបង្ហាញ​គម្រោង​កោះ​វេជ្ជសាស្ត្រ​ឌូ​បៃ ដែលមាន​អគារ​កប់​ពពក​ទំហំ​មួយ​លាន​ម៉ែត្រការ៉េ ដ៏​លេចធ្លោ​នៅ​ចំ​កណ្ដាល។

    កោះ​ថ្មី​នេះ​មាន​ឈ្មោះថា ទីក្រុង​ថែទាំ​សុខភាព​ឌូ​បៃ (Dubai Healthcare City) ដែលជា​តំបន់​ចម្រុះ​អណ្ដែត​លើ​ផ្ទៃ​ទឹក ផ្ដោត​សំខាន់​លើ​ការផ្ដល់សេវា​ថែទាំ​សុខភាព​គុណភាព​ខ្ពស់ បំពាក់​បច្ចេកវិទ្យា​ទំនើប និង​ប្រកបដោយ​ស្ថិរភាព ព្រមទាំង​គោរព​តាម​លក្ខខណ្ឌ​នៃ​ភូមិសាស្ត្រ និង​សង្គម​ដ៏​ពិសេស​របស់​តំបន់។ Design Boom ចុះផ្សាយ​ព័ត៌មាន​នេះ​កាលពី​ថ្ងៃទី 15 ឧសភា។

    ទីក្រុង​ថែទាំ​សុខភាព​ឌូ​បៃ មាន​រូបរាង​ដូច​​អឌ្ឍចន្ទ ឬ​ដូច​ចំណិតដូង និង​រួមផ្សំ​ជាមួយនឹង​កត្តា​រចនាបថ​រូបវិទ្យា​ក្នុង​សាសនា​អ៊ីស្លាម។ កោះ​នេះ​ដំណើរការ​ដូច​ទៅនឹង​តំបន់​ចម្រុះ​ក្នុង​អគារ ដោយមាន​ប្រព័ន្ធ​គមនាគមន៍​ក្នុង​ទឹក​ដោយឡែក តំបន់​លំនៅ​ដែលមាន​រុក្ខជាតិ​បៃតង​ត្រជាក់​សម្រាប់​អ្នកជំងឺ បណ្ដា​មជ្ឈមណ្ឌល​អប់រំ និង​អភិវឌ្ឍ។ល។

    ច្រកចូល​កោះ​នេះ​ត្រូវបាន​ស្ថាបនា​ក្រោម​ទឹក ដើម្បី​កាត់បន្ថយ​ការធ្វើ​ចរាចរណ៍​របស់​រថយន្ត​នៅលើ​កោះ។ ហេដ្ឋារចនាសម្ព័ន្ធ​ក្រោម​ទឹក​រួមមាន ប្រព័ន្ធ​រថភ្លើង​អគ្គិសនី និង​រថយន្ត​អគ្គិសនី។ គ្រប់កន្លែង​នៅលើ​កោះ​នេះ​សុទ្ធ​តែមាន​ស្ថានីយ​ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ។ ចំណែក​អ្នក​ថ្មើរជើង​វិញ គឺអាច​ដើរ​នៅលើ​កោះ​នេះ​ដោយ​សេរី។

    កោះ​នេះ​មាន​បី​តំបន់សំខាន់ៗ ក្នុងនោះ តំបន់​អប់រំ និង​ស្រាវជ្រាវ​ស្ថិតនៅ​ចំ​កណ្ដាល ខណៈ​តំបន់​វេជ្ជសាស្ត្រ និង​អគារ​ស្នាក់នៅ ស្ថិតនៅ​ជុំវិញ។ បណ្ដា​ផ្លូវ​ស្ថិតនៅ​ទី​ខ្ពស់​ចន្លោះ​តំបន់​នានា​នឹង​នាំមក​នូវ​ខ្យល់​បរិសុទ្ធ និង​មាន​តួនាទី​ជា​លំហ​បៃតង។ អ្នក​ថ្មើរជើង​អាច​ផ្លាស់​ទី​ក្នុង​កម្ពស់ផ្សេងៗគ្នា អាច​គយគន់​ទេសភាព​ដ៏​អស្ចារ្យ​របស់​ឌូ​បៃ និង​ឈូង​សមុទ្រ​ពែ​ក្ស។

    នៅ​កណ្ដាល​កោះ​គឺជា​អគារ​ខ្ពស់កប់ពពក​ទំហំ​រហូតដល់​មួយ​លាន​ម៉ែត្រការ៉េ បែង​ចែកជា​ពីរ​ផ្នែក រួមមាន ផ្នែក​ ​ផ្ទាល់​ដី មាន​ទំហំ 670,000 ម៉ែត្រការ៉េ សម្រាប់​សកម្មភាព​អប់រំ និង​ផ្នែក​ខាងលើ​ដែលមាន​រាង​ដូច​អឌ្ឍចន្ទ​ ទំហំ 330,000 ម៉ែត្រការ៉េ សម្រាប់​ធ្វើជា​សាល​តាំងពិព័រណ៍ បន្ទប់ពិសោធន៍ និង​អភិវឌ្ឍ សួន​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា បណ្ណាល័យ និង​ពិព័រណ៍​សមិទ្ធផល​បច្ចេក​វិទ្យា​ឌីជីថល។ ក្រៅពី​អគារ​នៅ​ចំ​កណ្ដាល Dubai Healthcare City នឹងមាន​អគារ​ចំនួន 14 ផ្សេងទៀត​ដែលមាន​មុខងារ​វេជ្ជសាស្ត្រ និង​សណ្ឋាគារ​ចំនួន 24 នៅលើ​ក្បាល​ទាំងពីរ​របស់​កោះ។

    គ្រប់​អគារ​សុទ្ធ​តែមាន​សួនច្បារ​​នៅខាងមុខ និង​ដាំ​រុក្ខជាតិ​ច្រើន​ប្រភេទ ដែល​នាំមក​នូវ​ម្លប់​ត្រជាក់ និង​ខ្យល់​បរិសុទ្ធ​បែប​ធម្មជាតិ រួមចំណែក​លើកកម្ពស់​គុណភាព​បរិយាកាស​របស់​​ឌូ​បៃ៕

  • រថយន្តអគ្គិសនី​ Cybertruck គំរូ​ដើម​ថ្មី​​របស់ Tesla នៅក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ

    រថយន្តអគ្គិសនី​ Cybertruck គំរូ​ដើម​ថ្មី​​របស់ Tesla នៅក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ

    ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​អាម៉េរិក Tesla កំពុង​តាំង​បង្ហាញ​រថយន្ត​អគ្គិសនី​ប្រភេទ​ទ្រុង Cybertruck នៅក្នុង​ព្រឹត្តិការណ៍​ជួបជុំ​ម្ចាស់​ភាគហ៊ុន​ប្រចាំឆ្នាំ ហើយ​វា​កំពុង​នាំមក​នូវ​រូបភាព​ផ្ទាល់​ស្ដីពី​រថយន្ត​គំរូ​ដើម​ថ្មី​បំផុត​របស់ Cybertruck។

    Cybertruck ទំនងជា​នឹងត្រូវ​បាន​ផលិត​ចាប់ពី​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ ហើយ Tesla ក៏ត្រូវ​បាន​គេ​រកឃើញថា កំពុង​សាកល្បង​ប្រព័ន្ធ​នានា​របស់​​រថយន្ត​គំរូ​​នេះ មុន​នឹង​​ឈានដល់​ដំណាក់កាល​ផលិត​ជា​ផ្លូវ​ការ​។

    កាលពី​ថ្ងៃទី 16 ឧសភា Tesla ប្រារព្ធ​ពិធី​ជួបជុំ​ភាគ​ហ៊ុ​និក​ប្រចាំឆ្នាំ​នៅ Giga Texas និង​បាន​នាំមក​នូវ​រថយន្ត​គំរូ​ដើម Cybertruck ដែល​ត្រូវ​បានបង្ហាញ និង​ដាក់ឱ្យ​បញ្ជា​ទិញ​កាលពីពេល​កន្លង។

    ព័ត៌មាន​ថ្មី​បំផុត​ដែល​ប្រកាស​ដោយ Tesla បង្ហាញថា ការចាប់ផ្ដើម​ផលិត​រថយន្ត Cybertruck នៅ​រដូវក្ដៅ​ឆ្នាំនេះ នឹងត្រូវ​ប្រគល់ជូន​អតិថិជនដំបូងៗនៅ​ចុង​ត្រីមាស​ទី​បី​នៃ​ឆ្នាំ 2023។

    ខាងក្រោម​នេះ​គឺជា​វីដេអូ​ និង​រូប​ភាព​ ស្ដីពី​រថយន្ត​ប្រភេទ​ទ្រុង​ដើរ​ដោយ​ថាមពល​អគ្គិសនី Cybertruck របស់​ក្រុម​ហ៊ុន Tesla ដែល​ត្រូវបាន​ចែករំលែក​លើ​បណ្ដាញ​សង្គម​៖

  • រថយន្ត​អ៊ីដ្រូសែន​អាចធ្វើ​ដំណើរ​រាប់ពាន់​​គីឡូម៉ែត្រ​ដោយ​មិនបាច់​បញ្ចូល​ថាមពល

    រថយន្ត​អ៊ីដ្រូសែន​អាចធ្វើ​ដំណើរ​រាប់ពាន់​​គីឡូម៉ែត្រ​ដោយ​មិនបាច់​បញ្ចូល​ថាមពល

    (ហូ​ឡង់) – រថយន្ត​ Eco-Runner XIII ​ប្រើ​ថាមពល​អ៊ីដ្រូសែន ​កំពុង​ឆ្ពោះទៅកាន់​កំណត់ត្រា​ពិភពលោក​ស្ដីពី​ការធ្វើដំណើរ​បាន​ឆ្ងាយ​ជាងគេ​​​ដោយ​មិនបាច់​បញ្ចូល​ឥន្ធនៈ នៅក្នុង​ខែមិថុនា 2023 ខាងមុខ។

    គម្រោង Eco-Runner Team Delft របស់​ក្រុមនិស្សិត​នៅ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា Delft អភិវឌ្ឍ​រថយន្ត​គំរូ​អ៊ីដ្រូសែន​ខ្នាតតូច​សម្រាប់​ការធ្វើដំណើរ​ក្នុង​ទីក្រុង ប្រចាំឆ្នាំ ដោយ​ការកែលំអ​រចនា​រូបរាង និង​គ្រឿង​ម៉ាស៊ីន​របស់​រថយន្ត​នេះ ដើម្បី​ធានា​ឱ្យបាន​​ប្រាកដថា រៀងរាល់ឆ្នាំ កំណែ​ថ្មី​បំផុត​អាច​បំបែក​កំណត់ត្រា​របស់ខ្លួន​វា​ផ្ទាល់។ កាលពី​ឆ្នាំ 2022 ក្រុម​នេះ​បានទទួល​ពានរង្វាន់​លេខ​មួយ​នៅក្នុង​ការប្រកួត Hydrogen Efficiency Challenge ដោយបាន​បង្កើន​សមត្ថ​ភាព​ឡើងដល់ 5,047 គីឡូម៉ែត្រ/​គីឡូក្រាម​អ៊ីដ្រូសែន។ ឆ្នាំ 2023 ពួកគេ​ចង់​បញ្ជាក់ថា តើ​រចនា​រូបរាង​ចុងក្រោយ​បំផុត​អាចធ្វើ​ដំណើរ​បាន​ចម្ងាយ​ផ្លូវ​ឆ្ងាយ​ដោយ​មិនបាច់​បញ្ចូល​ថាមពល​ ឬ​អត់។

    រូបរាង​របស់ Eco-Runner XIII ក្នុង​ឆ្នាំ 2023 ស្រដៀង​ទៅនឹង​ថាសហោះ (UFO)។ ដំបូល​របស់​វា​មាន​រាង​ដូច​មួកជ្រាល​បន្តិច​ម្ដង​ទៅ​រក​ដង​ខ្លួន​ ប៉ុន្តែ​មាន​បង្អួច​សម្រាប់​មើលទៅ​ក្រៅ​។

    រថយន្ត Eco-Runner XIII របស់ Eco-Runner Team Delft

    Eco-Runner Team Delft ឱ្យដឹងថា ពួកគេ​កំពុង​រក​វិធី​សម្រេចបាន​តុល្យភាព​រវាង​ប្រសិទ្ធភាព កម្លាំង និង​ភាពរឹងមាំ​របស់​រថយន្ត មុននឹង​ឆ្លងកាត់​ផ្លូវ​ជាង 2,055 គីឡូម៉ែត្រ នៅក្នុង​ការធ្វើ​តេស្ត​ដើម្បី​បំបែក​កំណត់ត្រា​ពិភពលោក។

    យោងតាម Eco-Runner Team Delft ដំណើរការ​នៃ​ការ​បំប្លែង​អ៊ីដ្រូសែន​ទៅជា​ឥន្ធនៈ​សម្រាប់​រថយន្តរ​បស់​ពួកគេ បង្ហាញ​អំពី​សក្ដានុពល​ក្លាយជា​ជម្រើស​ជំនួស​ប្រកបដោយ​ប្រសិទ្ធភាព​នៅក្នុង​វិស័យ​គមនាគមន៍។ នៅក្នុង​រថយន្ត Eco-Runner អ៊ីដ្រូសែន​ត្រូវបាន​បំប្លែង​ទៅជា​ថាមពល​អគ្គិសនី ហើយ​​វា​បំ​ភាយ​តែ​ចំហាយ​ទឹក និង​កម្ដៅ។

    យោងតាម Design Boom ក្រុមនិស្សិត​កំពុង​រក​វិធី​ដើម្បី​កែលំអ Eco-Runner XIII នៅឯ​បន្ទប់ពិសោធន៍ Dream Hall របស់​សាកលវិទ្យាល័យ​បច្ចេកវិទ្យា Delft ។ រចនា​រូបរាង​រថយន្ត​ថ្មី​ដែល​ប្រកាស​កាលពី​ថ្ងៃទី 02 ឧសភា និង​ត្រូវបាន​គូរ​រំលេច​ចំណុចសំខាន់ៗដោយ​ស្ទូ​ឌី​យោ Enshape Design នឹងជា​​រូបរាង​ចុងក្រោយ​របស់​រថយន្ត Eco-Runner XIII ​​ដែលត្រូវ​យក​ទៅ​​ចូលរួម​បំបែក​កំណត់ត្រា​នៅ​ខែមិថុនា​ខាងមុខ៕