Tag: រដូវក្ដៅ

  • ចង្រិត​ក្រហមកំពុង​បំភ័យ​ប្រជាជន​នៅ​​ទីក្រុង​របស់​សហរដ្ឋ​អាម៉េរិក​

    ចង្រិត​ក្រហមកំពុង​បំភ័យ​ប្រជាជន​នៅ​​ទីក្រុង​របស់​សហរដ្ឋ​អាម៉េរិក​

    ចង្រិត Mormon ដែល​ស៊ីសាច់​គ្នាឯង​ កំពុង «សម្រុក» ចូល​ទីក្រុង Elko របស់​រដ្ឋ Nevada ក្នុង​ទ្រង់ទ្រាយ​ធំ បាន និង​កំពុង​ពង្រាយ​ខ្លួន​ពេញ​ដងផ្លូវ​ល្បឿន​លឿន វាលស្មៅ និង «ឡោមព័ទ្ធ» ទីលំនៅ​របស់​ប្រជាជន។

    ទីក្រុង Elko របស់​រដ្ឋ Nevada ប្រឈមមុខ​នឹង​ទិដ្ឋភាព​ដូច​ទៅនឹង​ភាពយន្ត​រន្ធត់ នៅពេល​ហ្វូង​ចង្រិត​ក្រហម​ដូច​ឈាម​កំពុង​ចូលមក​កាន់កាប់​ស្ទើរ​គ្រប់​ច្រកល្ហក។ ចង្រិត Mormon មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ដោយផ្ទាល់ ប៉ុន្តែ​វត្តមាន​របស់​ពួកវា​ធ្វើឱ្យ​ប្រជាជនមាន​ការព្រួយបារម្ភ។ នេះ​បើតាម Interesting Engineering ចុះផ្សាយ​នៅ​ថ្ងៃទី 26 មិថុនា​នេះ។

    ចង្រិត Mormon មានឈ្មោះ​ក្នុង​វិទ្យាសាស្ត្រ​ថា Anabrus simplex។ វា​គឺជា​សត្វល្អិត​គ្មាន​ស្លាប​ដែលមាន​ប្រភព​នៅ​ពាក់កណ្ដាល​ភាគ​ខាងជើង​របស់​អាម៉េរិក​ខាងជើង។

    ជាធម្មតា ក្នុង​មួយឆ្នាំ ចង្រិត​ញី​នឹង​បង្កើតកូន​បាន​មួយ​លើក។ ក្រោយមក ពួកវា​ប្រមូល​ផ្ដុំគ្នា ផ្លាស់​ទី និង​ស៊ី​ដំណាំ​នៅតាម​ផ្លូវ​ពេលធ្វើ​ដំណើរ។ ក៏ប៉ុន្តែ ឆ្នាំនេះ ពួកវា​នាំគ្នា​ចូលមកក្នុង​ទីប្រជុំជន និង​ទីក្រុង រួមមាន Elko ជាដើម បង្កឱ្យមាន​ការព្រួយបារម្ភ​ពី​ប្រជាជន។ ក្រុម​អ្នកជំនាញ​វាយតម្លៃថា ចង្រិត​រាប់លាន​ក្បាល​ចូលមក​កាន់​ទីក្រុង Elko នៅ​រដូវក្ដៅ​នេះ។

    បើទោះជា​មិន​គំរាមកំហែង​ដល់​មនុស្ស ប៉ុន្តែ​ចង្រិត Mormon មាន​ក្លិន​អាក្រក់ និង​ជា​សត្វល្អិត​ដែល​អាច​ស៊ីសាច់​គ្នាឯង។ នៅពេល​ចង្រិត​ណាមួយ​ត្រូវ​ឡាន​កិន ពួក​ដែល​នៅក្បែរនោះ​តែង​លោត​ចូលមក​ដណ្ដើម​គ្នា​ស៊ី បង្កើតបានជា​ទិដ្ឋភាព​មួយ​ដ៏​គួរឱ្យខ្លាច។

    វត្តមាន​ក្នុង​ទ្រង់ទ្រាយ​ធំ​របស់​ចង្រិត​នេះ នាំឱ្យ​ម​ន្ទីរ​ពេទ្យ និង​កន្លែង​អាជីវកម្ម​នានា​ត្រូវបញ្ជូន​មនុស្ស​ទៅ​ចាត់ការ បើ​ទោះ​មិនសូវ​ទទួលបាន​លទ្ធផល​ល្អ៕

  • កីឡាករ CR7 អះអាង​ពី​រឿង​ត្រលប់​ទៅកាន់​វាលស្មៅ​អឺរ៉ុប

    កីឡាករ CR7 អះអាង​ពី​រឿង​ត្រលប់​ទៅកាន់​វាលស្មៅ​អឺរ៉ុប

    បណ្ដាញ​ផ្សព្វផ្សាយ​អន្តរជាតិ​ផ្នែក​កីឡាបាល់ទាត់ ឱ្យដឹងថា Cristiano Ronaldo បានបញ្ជាក់​អំពី​អនាគត​ទាក់ទិន​នឹង​រឿង​ចាក​ចេញពី​ក្លឹប​នៅ​តំបន់​អារ៉ាប់ ទៅកាន់​តំបន់​អឺរ៉ុប។

    ក្នុង​សប្ដាហ៍​នេះ ទំព័រ El Nacional បាន​ផ្សាយ​ថា កីឡាករ​ខ្សែប្រយុទ្ធ​ជនជាតិ​ព័រទុយហ្កាល់ Cristiano Ronaldo នៅ​តែ​គោរព​ទាំងស្រុង​ចំពោះ​កិច្ចព្រមព្រៀង​បច្ចុប្បន្ន​រវាង​ខ្លួន និង​ក្លឹប Al Nassr នៅ​អា​រ៉ា​ប៊ី​សា​អូឌីត ក្រោយពី​មាន​ពាក្យ​ចចាមអារ៉ាម​ថា CR7 អាច​នឹង​វិល​ទៅ​​ទាត់​ឱ្យ​ក្លឹប​​នៅ​អឺរ៉ុបឆាប់ៗនេះ។​​​

    ទំព័រសារព័ត៌មាន​ខា​ង​លើ​បន្ថែមថា Cristiano Ronaldo បាន​បញ្ជាក់ដែរថា នឹងមិន​បង្ហាញ​វត្តមាន​នៅលើ​វាលស្មៅ​អឺរ៉ុប​ឡើយ សម្រាប់​រដូវ​កាល​ទិញដូរ​កីឡាករ​នា​រដូវក្ដៅ​ឆ្នាំនេះ។

    បច្ចុប្បន្ន Cristiano Ronaldo ទទួលបាន​ប្រាក់ 3.3 លាន​ផោន​ក្នុង​មួយ​សប្ដាហ៍​ពី​ក្លឹប Al Nassr នៅ​​អា​រ៉ា​ប៊ី​សា​អូឌីត នៅក្នុង​កិច្ចព្រមព្រៀង​តម្លៃ 428 លាន​ដុល្លារ​អាម៉េរិក​សម្រាប់​ពីរ​រដូវ​កាល។

  • ប្រធានាធិបតី​បារាំង​ថ្លែង​អំពី​រឿង​អនាគត​របស់ Kylian Mbappe

    ប្រធានាធិបតី​បារាំង​ថ្លែង​អំពី​រឿង​អនាគត​របស់ Kylian Mbappe

    ប្រធានាធិបតី​បារាំង​លោក Emmanuel Macron បាន​ថ្លែងថា លោក​នឹង​ព្យាយាម​បញ្ចុះបញ្ចូល Kylian Mbappe ឱ្យនៅ​ជាមួយ​ក្លឹប Paris Saint-Germain ម្ដងទៀត នៅ​រដូវក្ដៅ​ឆ្នាំនេះ។

    លោក Emmanuel Macron បញ្ជាក់ថា លោក​បាន​ត្រៀមខ្លួន​រួចហើយ​សម្រាប់​ការជជែក​គ្នា​ម្ដងទៀត​ជាមួយនឹង Mbappe ក្នុង​បំណង​បញ្ចុះបញ្ចូល​ឱ្យ​កីឡាករ​បារាំង​រូបនេះ​លេង​បាល់​ឱ្យ​ក្លឹប​ក្នុងស្រុក។ ប្រសាសន៍​របស់លោក Emmanuel Macron ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី Mbappe កាលពីពេលថ្មីៗនេះ បានប្រកាស​ជា​ផ្លូវការ​ថា មិនមាន​បំណង​ពន្យារ​កិច្ចព្រមព្រៀង​ជាមួយ​ក្លឹប PSG និង​ត្រូវ​ចាកចេញ​ក្រោយពី​ចប់​កិច្ចសន្យា។ ចំណែក PSG ក៏បាន​ប្រកាស​អំពី​តម្លៃ​ខ្លួន 200 លាន​អឺរ៉ូ​របស់ Mbappe។

    លោក Emmanuel Macron ថ្លែងថា «Mbappe គឺជា​កីឡាករ​ឆ្នើម និង​ស្ថិតក្នុង​លំដាប់​កំពូល ដូចដែល​គ្រប់គ្នា​បានដឹង។ ដូច្នេះ គាត់​មាន​ទំនោរ​ទៅរក​ការធ្វើ​ចំណាកស្រុក​ដើម្បី​អភិវឌ្ឍ​សមត្ថភាព និង​យកឈ្នះ​លើ​ឧបសគ្គ​ថ្មី​ក្នុង​អាជីព»។ លោក​បន្ថែមថា «ក៏ប៉ុន្តែ បច្ចុប្បន្ន ខ្ញុំ​មិនមាន​ដំណឹង​ល្អ​ណាមួយ​សម្រាប់​គ្រប់គ្នា តែ​យ៉ាងណាក៏ដោយ ខ្ញុំ​នឹង​ប្រឹងប្រែង​ឱ្យអស់​ពី​លទ្ធភាព (ក្នុង​ការ​បញ្ចុះ​បញ្ចូល​ Mbappe) ដូច​អ្វីដែល​ខ្ញុំ​បានធ្វើ​កន្លងមក»។

    លោក Emmanuel Macron លើកទឹកចិត្ត Kylian Mbappe នៅ World Cup 2022

    កាលពី​ឆ្នាំមុន ប្រធានាធិបតី​បារាំង ក៏បាន​ជជែក​គ្នា​ជាមួយ Mbappe ទាក់ទង​នឹង​អនាគត​របស់​កីឡាករ​នេះ ហើយ PSG ក៏​រក្សាបាន Mbappe ​មួយឆ្នាំ​ទៀត។ ក៏ប៉ុន្តែ លើក​នេះ ស្ថានភាព​នៅ​ក្លឹប PSG ហាក់​មិនល្អ​ប្រសើរ គ្រា​ដែល​កីឡាករកំពូលៗរបស់​ក្លឹប​នេះ មានដូចជា Messi ជាដើម ត្រូវបាន​អ្នកគាំទ្រ​របស់ PSG ធ្វើបាប​ផ្លូវចិត្ត ហើយ​ជើង​ខ្លាំង​ខ្លះ​ក៏​ចាកចេញ ឬ​មាន​បំណង​ចាក​ចេញ​​ជា​បន្តបន្ទាប់ ស្រប​ពេលដែល​ទីផ្សារ​ក្រៅប្រទេស​កំពុង​មានភាព​​ទាក់ទាញ​ខ្លាំង៕

  • យន្តហោះ​ល្បឿន​​លឿន​ជាង​សំឡេង 7 ដង អាច​ហោះហើរ​ចាប់ពី​ឆ្នាំក្រោយ

    យន្តហោះ​ល្បឿន​​លឿន​ជាង​សំឡេង 7 ដង អាច​ហោះហើរ​ចាប់ពី​ឆ្នាំក្រោយ

    យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង​ដែល​ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Hypersonix Launch Systems កំពុង​ឆ្ពោះ​ទៅជិត​ដល់​ដំណាក់កាល​ហោះហើរ​សាកល្បង​ដោយ​ស្វ័យប្រវត្ត ទៅតាម​កម្មវិធី​របស់​ស្ថាប័ន​គំនិត​ផ្ដួចផ្ដើម​ការពារជាតិ​អាម៉េរិក (DIU)។

    យន្តហោះ​សាកល្បង​ល្បឿន​លឿន Dart AE កំពុង​ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​អូស្ត្រាលី Hypersonix Launch Systems បន្ទាប់ពី​បាន​សហការ​ជាមួយ DIU។ នេះ​គឺជា​យន្តហោះ​គំរូ​សម្រាប់​បង្ហាញ​បច្ចេកវិទ្យា។ Dart AE ដែលមាន​ប្រវែង 3 ម៉ែត្រ និង​ទម្ងន់ 300 គីឡូក្រាម អាច​ហោះ​ក្នុង​ល្បឿន Mach 7 (8,643 គីឡូម៉ែត្រ/ម៉ោង)។ នេះ​បើតាម Space ចុះផ្សាយ​កាលពី​ថ្ងៃទី 11 មិថុនា។ យន្តហោះ​នេះ​អាច​ហោះ​បាន​ចម្ងាយ 1,000 គីឡូម៉ែត្រ​បន្ទាប់ពី​ចាក់​ឥន្ធនៈ​មួយ​ពេញ។

    DART AE ប្រើប្រាស់​ម៉ាស៊ីន​ប្រតិកម្ម​ប្រភេទ​ត្រង់​ជំនា​ន់ទី​ប្រាំ Spartan របស់ Hypersonix និង​អាច​ត្រូវបាន​បាញ់​បង្ហោះ​ឡើងទៅ​លើ​អាកាស​ដោយ​រ៉ុក្កែត​គ្មាន​មនុស្ស​បើក។

    Dart AE ស្ថិតក្នុង​កម្មវិធី​អភិវឌ្ឍ​បច្ចេកវិទ្យា​ល្បឿន​លឿន​ជាង​សំឡេង​របស់​សហរដ្ឋ​អាម៉េរិក។ យន្តហោះ​នេះ អាច​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការហោះហើរ​សាកល្បង​លើកដំបូង​នៅ​ដើម​រដូវក្ដៅ​ឆ្នាំក្រោយ៕

  • កីឡាករ​បាល់ទាត់​ពិភពលោក​ 13 រូប ​ដែល​អាច​ទៅ​ទាត់​នៅ Saudi Pro League

    កីឡាករ​បាល់ទាត់​ពិភពលោក​ 13 រូប ​ដែល​អាច​ទៅ​ទាត់​នៅ Saudi Pro League

    ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត បាន​ត្រៀមខ្លួន​រួចហើយ​ដើម្បី​បញ្ចេញ​ទឹកប្រាក់​ក្នុង​រដូវ​ទិញដូរ​កីឡាករ​នា​រដូវក្ដៅ នៅក្នុង​ការប្រឹងប្រែង​នាំយក​កំពូល​តារាបាល់ទាត់​នានា​របស់​ពិភពលោក និង​លើក​ពានរង្វាន់ Pro League របស់ខ្លួន​ឡើងទៅ​កាន់​ផែនទី​ពិភព​បាល់ ក្នុង​គ្រាដែល​ប្រទេស​នេះ​កំពុង​​ខិតខំ​សម្រាប់​ការទទួល​ធ្វើជា​ម្ចាស់ផ្ទះ World Cup 2030។

    ថ្វីបើ​រដូវ​កាល​ដោះដូរ​កីឡាករ​ឆ្នាំ 2023 មិនទាន់​មកដល់ ប៉ុន្តែ​មួយ​ក្នុងចំណោម​ប្រធានបទ​ដែល​ត្រូវបាន​គេ​លើកឡើង​ញឹកញាប់​ជាងគេ​ក្នុង​មួយរយៈ​ពេល​ខ្លី​ចុង​ក្រោយនេះ គឺពាន​រង្វាន់​ Saudi Pro League។

    ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត មិន​ធ្លាប់ជា​ទីសំចត​សំខាន់​របស់​កីឡាករ​បាល់ទាត់​ពិភពលោក ប៉ុន្តែ​អារ៉ាប៊ីសាអូឌីត​​កំពុង​តែ​ប្ដេជ្ញាចិត្ត​កែប្រែ​ប្រការនេះ។ ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់ Saudi Pro League កំពុងតែ​ដើរតួនាទី​ជា​អ្នក​ទាក់ទាញ​កីឡាករល្បីៗរបស់​ពិភពលោក ក្នុងនោះ ពានរង្វាន់​នេះ​ក៏​ធ្លាប់​ទាក់ទាញ​បាន Cristiano Ronaldo ដែល​ចូលរួម​ប្រកួត​តាំងពី​ខែធ្នូ 2022 ហើយថ្មីៗនេះ Karim Benzema ក៏បាន​សម្រេចចិត្ត​មក​ចូលរួម បន្ទាប់ពី​​ចាក​ចេញពី Real Madrid។

    អា​រ៉ា​ប៊ី​សា​អូឌីត កំពុងតែ​ធ្វើ​សកម្មភាព​សម្រាប់​ការរៀបចំ World Cup 2023 ក្នុងនោះ ប្រទេស​នេះ​ក៏បាន​ត្រៀម​​រួចរាល់​សម្រាប់​ការចំណាយ​ប្រាក់​ដ៏​ច្រើន​ដើម្បី​អាច​ក្លាយជា​ប្រទេស​បាល់ទាត់។ Ronaldo កំពុង​ទទួលបាន 177 លាន​ផោន/ឆ្នាំ ពី​ក្លឹប​បាល់ទាត់ Al-Nassr ហើយ​នេះ​គឺជា​ប្រាក់បៀវត្សរ៍​ដែល​កំពុង​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​កីឡាករល្បីៗរបស់​ពិភពលោក ក្នុងនោះ​មាន​ទាំង Lionel Messi ព្រោះថា M10 បច្ចុប្បន្ន​គឺជា​ទូត​ទេសចរណ៍​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​ស្រាប់ ខណៈ​ទំនាក់ទំនង​រវាង​កីឡាករ​រូបនេះ​ជាមួយនឹង​ក្លឹប PSG ក៏​ជិត​ដាច់​ជា​ផ្លូវការ​ហើយ​ដែរ។ ពេលនេះ Messi អាច​យកតម្រាប់​តាម Ronaldo។

    ក៏ប៉ុន្តែ Messi មិនមែនជា​កីឡាករ​តែ​ម្នាក់​គត់​ដែល​កំពុង​ពិចារណា​លើ​ការ​មក​ទាត់​ឱ្យ​បណ្ដា​ក្លឹប​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​។ ប្រភពព័ត៌មាន​នៅ​ប្រទេស​បារាំង​ឱ្យដឹងថា ក្លឹប Al-Hilal ក៏បាន​លើកសំណើ​ជា​កិច្ចព្រមព្រៀង​ជាមួយនឹង Sergio Busquets, Jordi Alba និង Marco Verratti នៅក្នុង​ការប្រឹងប្រែង​ដើម្បី​បញ្ចុះបញ្ចូល Messi ឱ្យមក​ចូលរួម​គម្រោង​របស់​ក្លឹប​នេះ។

    M10 បច្ចុប្បន្ន​គឺជា​ទូត​ទេសចរណ៍​របស់​អា​រ៉ា​ប៊ី​សា​អូឌីត

    ក្រៅពីនេះ​នៅមាន​កីឡាករ​ជាច្រើន​ទៀត រួមមាន​ដូចជា Hugo Lloris, Roberto Firmino, Luka Modric, Sergio Ramos, N’Golo Kante, Pierre-Emerick Aubameyang, Wilfried Zaha, Iago Aspas ជា​ដើម​ ក៏​ទទួលបាន​ការស្នើ ឬ​ការបញ្ចុះ​បញ្ចូល​ឱ្យមក​ទាត់​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​ផងដែរ។

    ចលនា​ខាងលើនេះ មួយផ្នែក​ត្រូវបាន​ចាប់ផ្ដើម​ពី​ករណី មូលនិធិ​វិនិយោគសាធារណៈ (PIF) របស់​អា​រ៉ា​ប៊ី​សា​អូឌីត ទិញ​ក្លឹប​បាល់ទាត់​ចំនួន​បួន​នៅ​ប្រទេស​នេះ ដែល​រួមមាន ក្លឹប Al-Ittihad, Al-Ahli, Al-Nassr និង Al-Hilal។ PIF ដែលជា​ម្ចាស់​កម្មសិទ្ធិ​របស់ Newcastle ដែរនោះ ហាក់​កំពុង​ប្ដេជ្ញាចិត្ត​ខ្ពស់​ដើម្បី​បង្ក​ការភ្ញាក់ផ្អើល​ក្នុង​វិស័យ​បាល់ទាត់ ដោយ​ការចំណាយ​ប្រាក់​យ៉ាងច្រើន​សន្ធឹក​សម្រាប់​ទាក់ទាញ​កីឡាករ។

    ទោះជា​យ៉ាងណាក៏ដោយ គេ​នៅតែ​ត្រូវ​រង់ចាំ​មើលថា តើ​មាន​កីឡាករ​ប៉ុន្មាន​នាក់​ក្នុងចំណោម​កីឡាករ​ដែល​បាន​រៀបរាប់​ខាងលើ ព្រម​ទទួលយក​សំណើ​របស់​បណ្ដា​ក្លឹប​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត៕

  • បន្ទាប់ពី​រួម​នឹង PSG លើក​ពាន Ligue 1 កំពូល​តារាបាល់ទាត់​អា​ហ្ស​ង់​ទីនក៏​បាន​ «បាត់​ខ្លួន»

    បន្ទាប់ពី​រួម​នឹង PSG លើក​ពាន Ligue 1 កំពូល​តារាបាល់ទាត់​អា​ហ្ស​ង់​ទីនក៏​បាន​ «បាត់​ខ្លួន»

    ក្រោយពី​បាន​ចូលរួម​បញ្ចេញ​ថ្វី​ជើង​ជាមួយនឹង​ក្លឹប PSG ដណ្ដើមបាន​ពាន Ligue 1 កំពូល​កីឡាករ Messi បែរជា «បាត់​ខ្លួន» ប៉ុន្តែ ក្រោយមក​ទើប​អ្នកគាំទ្រ​ដឹង​អំពី​ទីតាំង​ដែល M10 បាន​ទៅ។

    កាលពី​ចុង​សប្ដាហ៍​កន្លង Messi បាន​ដើរតួ​ជា​វីរបុរស ដោយ​រកបាន​មួយ​គ្រាប់​ក្នុងការ​ប្រកួត​ដែល​ទទួលបាន​លទ្ធផល​ស្មើ 1-1 រវាង​ក្លឹប PSG និង Strasbourg ជួយ​ឱ្យ​ក្រុម​នៅ​ប៉ារីស​មាន​ពិន្ទុ​គ្រប់គ្រាន់​ដើម្បី​លើក​ពាន Ligue 1 បាន​លឿន​ជាង​មួយ​ជុំ។

    រដូវ​កាល​នេះ Messi គឺជា​កីឡាករ​សំខាន់​លំដាប់​កំពូល​របស់ PSG ទន្ទឹមនឹង Mbappe។ ក្រោយពី​ចូល​ទាត់​បាន 40 ប្រកួត M10 រកបាន 21 គ្រាប់ និង​បង្ក​ឱកាស​បាន 20 គ្រាប់។

    លទ្ធផល​ខាងលើ​ជួយ​ឱ្យ Messi មាន​វត្តមាន​ក្នុង​ក្រុម​លេចធ្លោ​របស់ Ligue 1 រដូវ​កាល 2022/2023 សម្រាប់​ខ្សែប្រយុទ្ធ​ស្លាប​ស្ដាំ។ ប៉ុន្តែ ជំនួស​ឱ្យ​ការរួម​ជាមួយ Mbappe តំណាងឱ្យ PSG នៅក្នុង​ពិធី​ប្រគល់​រង្វាន់​របស់​សមាគម​កីឡាករ​អាជីព​បារាំង (UNFP) នាពេល​កន្លែង Messi បែរជា «បាត់​ខ្លួន» ជាថ្មី។

    យ៉ាង​ណា​ក៏​ដោយ​ ក្រោយមក​​អ្នកគាំទ្រ​​ក៏​បានដឹង​អំពី​ទីតាំង​ដែល M10 បាន​ទៅ។ ជាក់ស្ដែង Messi ត្រូវ​គេ​ឃើញថា បាន​ទៅកាន់ Barcelona ដើម្បី​ទស្សនាការ​សម្ដែង​របស់​ក្រុម​តន្ត្រី​អង់គ្លេស Coldplay ជំនួស​ឱ្យ​ការចូលរួម​ពិធី​ប្រគល់​រង្វាន់​នៅ​ប្រទេស​បារាំង ក្នុងនាម​ជា​កីឡាករ PSG។

    Messi មិនចូលរួមពិធីប្រគល់រង្វាន់ជាមួយ PSG ដើម្បីទៅកាន់ Barcelona មើលការប្រគំតន្ត្រីជាមួយមិត្តចាស់ Fabregas

    វត្តមាន​របស់ Messi ធ្វើឱ្យ​អ្នកគាំទ្រ​ជាច្រើន​សប្បាយចិត្ត ពិសេស​ក្រុម​អ្នកគាំទ្រ​របស់​ក្លឹប Barca នៅ​អេស្ប៉ាញ​។ យោងតាម​សារព័ត៌មាន​អេ​ស្ប៉ា​ញ El Pulga អាច​នឹង​ត្រលប់​ទៅកាន់កីឡដ្ឋាន​ Camp Nou ក្នុង​​ទម្រង់​សេរី​នៅ​រដូវក្ដៅ​នេះ។

    ទំព័រ AS បានឱ្យដឹងថា ការចាកចេញ​របស់ Sergio Busquets និង Jordi Alba បន្ទាប់ពី​រដូវ​កាល​នេះ អាច​​នឹង​នាំ​ឱ្យ​ Lionel Messi ​ក្លាយជា​ប្រធាន​ក្រុម​របស់ Barca បើសិនជា​គាត់​ព្រមវិលវិញ។ ក្លឹប​នៅ​កាតា​ឡូ​ញ៉ា ក៏​គ្រោង​នឹង​អនុញ្ញាតឱ្យ Messi ទទួលបាន​ប្រាក់បៀវត្សរ៍​ខ្ពស់​ជាងគេ​នៅ​​ក្នុង​ក្រុម ពោលគឺ​ខ្ពស់ជាង​បន្តិច​ធៀប​នឹង Lewandowski (20 លាន​អឺរ៉ូ/រដូវ មុន​បង់ពន្ធ)៕

  • ដើម្បី​ជំនួស Messi ក្លឹប PSG ត្រៀម​ទិញយក​កីឡាករ​ឆ្នើម​របស់ Arsenal ?

    ដើម្បី​ជំនួស Messi ក្លឹប PSG ត្រៀម​ទិញយក​កីឡាករ​ឆ្នើម​របស់ Arsenal ?

    Paris Saint-Germain ត្រូវបាន​គេ​ជឿថា បាន​បញ្ចូល​ឈ្មោះ​ប្រធាន​ក្រុម​របស់ Arsenal ទៅក្នុង​បញ្ជី​សម្រាំង​ចុង​ក្រោយ​របស់ខ្លួន​ដើម្បី​ជំនួស Lionel Messi។

    យោងតាម​ការចុះផ្សាយរ​បស់​ទំព័រ Mirror Football តារាបាល់ទាត់​អា​ហ្ស​ង់​ទីន លោក Messi ត្រូវគេ​ជឿថា នឹង​ចាក​ចេញពី PSG នៅពេល​កិច្ចព្រមព្រៀង​បាន​ផុតកំណត់​នៅ​ចុងរដូវ​កាល​នេះ។ បើទោះជា Barcelona នៅតែ​ចង់​ចុះ​កិច្ចព្រមព្រៀង​ជាមួយ Messi ប៉ុន្តែ «ផ្ទះ​ថ្មី» របស់​តារាបាល់ទាត់អាហ្សង់ទីន​រូប​​នេះ ក៏​នៅ​មិនទាន់​​ច្បាស់​លាស់​។

    PSG កំពុងធ្វើការ​ដើម្បី​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​កីឡាករ​ម្នាក់​ក្នុង​បំណង​ជំនួស Messi នៅ​រដូវក្ដៅ​ឆ្នាំនេះ។ ព័ត៌មាន​ចចាមអារ៉ាម​នាពេលថ្មីៗនេះ​ យល់ថា Bernardo Silva របស់ Manchester City កំពុង​ក្លាយជា​គោលដៅ​របស់​ក្លឹប​នៅ​ប៉ារីស តែ​មិនទាន់​សម្រេចចិត្ត​ចុងក្រោយ។

    ចំណែក​ទំព័រ El Nacional វិញ យល់ថា PSG បានដាក់​គោលដៅ​លើ​កីឡាករ​ន័​រ​វែ​ស Martin Odegaard ដែលជា​ប្រធាន​ក្រុម​របស់ Arsenal។ Martin Odegaard បាន​ក្លាយជា​កីឡាករ​ឆ្នើម​បំផុត​នៅ Premier League កាលពី​ខែមីនា​កន្លងទៅ។

    ទោះជា​យ៉ាងនេះ​ក៏ដោយ គ្រូបង្វឹក Mikel Arteta របស់ Arsenal បាន​ច្រានចោល​ព័ត៌មាន​ខាងលើ និង​បាន​ធានាថា កិច្ចព្រមព្រៀង​ជាមួយ Martin Odegaard ដែល​នៅសល់​ពីរ​ឆ្នាំ​ទៀត នឹង​នៅតែ​រឹងមាំ៕

  • រថយន្តអគ្គិសនី​ Cybertruck គំរូ​ដើម​ថ្មី​​របស់ Tesla នៅក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ

    រថយន្តអគ្គិសនី​ Cybertruck គំរូ​ដើម​ថ្មី​​របស់ Tesla នៅក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ

    ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​អាម៉េរិក Tesla កំពុង​តាំង​បង្ហាញ​រថយន្ត​អគ្គិសនី​ប្រភេទ​ទ្រុង Cybertruck នៅក្នុង​ព្រឹត្តិការណ៍​ជួបជុំ​ម្ចាស់​ភាគហ៊ុន​ប្រចាំឆ្នាំ ហើយ​វា​កំពុង​នាំមក​នូវ​រូបភាព​ផ្ទាល់​ស្ដីពី​រថយន្ត​គំរូ​ដើម​ថ្មី​បំផុត​របស់ Cybertruck។

    Cybertruck ទំនងជា​នឹងត្រូវ​បាន​ផលិត​ចាប់ពី​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ ហើយ Tesla ក៏ត្រូវ​បាន​គេ​រកឃើញថា កំពុង​សាកល្បង​ប្រព័ន្ធ​នានា​របស់​​រថយន្ត​គំរូ​​នេះ មុន​នឹង​​ឈានដល់​ដំណាក់កាល​ផលិត​ជា​ផ្លូវ​ការ​។

    កាលពី​ថ្ងៃទី 16 ឧសភា Tesla ប្រារព្ធ​ពិធី​ជួបជុំ​ភាគ​ហ៊ុ​និក​ប្រចាំឆ្នាំ​នៅ Giga Texas និង​បាន​នាំមក​នូវ​រថយន្ត​គំរូ​ដើម Cybertruck ដែល​ត្រូវ​បានបង្ហាញ និង​ដាក់ឱ្យ​បញ្ជា​ទិញ​កាលពីពេល​កន្លង។

    ព័ត៌មាន​ថ្មី​បំផុត​ដែល​ប្រកាស​ដោយ Tesla បង្ហាញថា ការចាប់ផ្ដើម​ផលិត​រថយន្ត Cybertruck នៅ​រដូវក្ដៅ​ឆ្នាំនេះ នឹងត្រូវ​ប្រគល់ជូន​អតិថិជនដំបូងៗនៅ​ចុង​ត្រីមាស​ទី​បី​នៃ​ឆ្នាំ 2023។

    ខាងក្រោម​នេះ​គឺជា​វីដេអូ​ និង​រូប​ភាព​ ស្ដីពី​រថយន្ត​ប្រភេទ​ទ្រុង​ដើរ​ដោយ​ថាមពល​អគ្គិសនី Cybertruck របស់​ក្រុម​ហ៊ុន Tesla ដែល​ត្រូវបាន​ចែករំលែក​លើ​បណ្ដាញ​សង្គម​៖

  • គន្លឹះ​ថែទាំ​សុខភាព​ឱ្យ​ល្អ ដើម្បី​អាច​ដើរលេង​យ៉ាង​រីករាយ​ក្នុង​រដូវក្ដៅ

    គន្លឹះ​ថែទាំ​សុខភាព​ឱ្យ​ល្អ ដើម្បី​អាច​ដើរលេង​យ៉ាង​រីករាយ​ក្នុង​រដូវក្ដៅ

    នៅក្នុង​ឆ្នាំនេះ​ មេឃ​អាច​នឹង​ក្តៅ​ខ្លាំង​ អាច​ឡើង​ដល់​លើស40អង្សា​រសេ​ឯណោះ​។ បើ​ក្តៅ​ម្ល៉ឹង​ៗ អាច​ធ្វើ​ឱ្យ​អ្នក​ដែល​នៅ​ក្រោម​កម្ដៅថ្ងៃ​ពេល​ដើរលេង​ ឬទៅ​ណាម​កណា​ខ្យល់គ​ និង​អាច​គ្រោះថ្នាក់​ដល់​ជីវិត​បាន​។ អ្នកខ្លះ​ប្រហែល​កំពុង​ត្រៀម​រៀបចំ​កាបូប​ធ្វើដំណើរ​ទៅដើរ​លេង​កម្សាន្ដ​នៅ​តាម​ទី​រួម​ខេ​ត្ត​ផ្សេង​ៗហើយ​មែនទេ​? តែ​មុននឹង​ទៅ​ ឡា​រ៉ែ​ន ចង់ឱ្យ​មិត្ត​អ្នកអាន​ត្រៀមខ្លួន​មើលថែ​ទាំ​សុខភាព​ខ្លួនឯង​បន្តិច​សិន​ ដើម្បី​ឱ្យ​ដំណើរ​កម្សាន្ត​របស់​អ្នក​ប្រព្រឹត្តទៅ​យ៉ាង​រីករាយ​ មិន​ឈឺថ្កាត់​ក្នុង​ពេល​ធ្វើដំណើរ​ ឬក៏​វេច​រោគ​គ្រុនផ្តាសាយ​ត្រឡប់មកវិញ​ហ្នឹងឯង​។ ខាងក្រោម​នេះ​ គឺជា​ពាក្យណែនាំ​របស់​លោកគ្រូពេទ្យ​ជំនាញ​ ដែល​បាន​ផ្តល់​ដំបូន្មាន​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​ដូច​ខាងក្រោម​នេះ​។

    1- ព្យាយាម​នៅក្នុង​កន្លែង​ម្លប់​ឱ្យ​បាន​ច្រើន​
    កំពុង​ស្ថិតនៅ​ក្នុង​ខែ​ក្ដៅ​ខ្លាំង​បែបនេះ​ ហើយ​នៅ​តាម​កន្លែង​ដើរ​លេង​កម្សាន្ដ​គឺ​មិន​មាន​ម៉ាស៊ីន​ត្រជាក់​នោះ​ទេ​ មានតែ​ខ្យល់​កាស​ត្រជាក់​បក់​មក​តាម​បែប​ធម្មជាតិ​។ បើ​ក្ដៅ​ខ្លាំង​ អ្នក​ត្រូវ​ជ្រកនៅ​ក្នុង​ម្លប់​ឱ្យ​បាន​ច្រើន​ អាច​ជួយការ​ពារ​អ្នក​ពី​ជំ​ងឺ​ផ្សេង​ៗដែល​កើតឡើង​នៅ​ខែ​ក្តៅ​។

    2- ប្រើ​របស់​ត្រ​ជា​ក់ៗ​
    មាន​ផលិតផល​ត្រ​ជា​ក់ៗ​មួយចំនួន​ ដែល​អ្នក​អាច​រកបាន​នៅ​តាម​ទីផ្សារ​ ដូចជា​ កន្សែង​ត្រជាក់​ ម៉ាស​បិទមុខ​ និង​កន្សែង​រុំ​កជា​ដើម​ គឺ​សុទ្ធតែ​អាច​ជួយ​ទប់ទល់​នឹង​កម្ដៅថ្ងៃ​បាន​ទាំងអស់​។

    3- ទទួលទាន​ភេសជ្ជៈ​ត្រ​ជា​ក់ៗ​
    ចូល​ដល់​ខែ​ក្តៅ​ បាន​ទទួលទាន​ភេសជ្ជៈ​ត្រ​ជា​ក់ៗ​ជា​រឿង​សប្បាយចិត្ត​បំផុត​។ ហើយ​ការដែល​បាន​ទទួលទាន​ភេសជ្ជៈ​ត្រ​ជា​ក់ៗ​ អាច​ជួយ​ឱ្យ​អ្នក​អាច​ទប់ទល់​ជាមួយនឹង​កម្ដៅថ្ងៃ​ជា​បណ្ដោះអាសន្ន​បាន​។

    4- ហែលទឹក​
    ទៅដើរ​លេង​នៅកន្លែង​ដែល​មាន​ទឹក​អាច​ហែល​លេង​បាន​ គឺជា​វិធី​ដ៏​ល្អ​បំផុត​សម្រាប់​អនុវត្ត​នៅ​ខែ​ក្ដៅ​ តែ​ដើម្បី​ការពារ​សុខភាព​របស់​អ្នក​ អ្នក​មិន​គួរ​ហែលទឹក​នៅ​ក្រោម​កម្ដៅថ្ងៃ​ខ្លាំង​នោះ​ទេ​។

    5- ប្រើ​កង្ហា​
    កង្ហា​អ្នក​អាចយ​កវា​តាម​ខ្លួន​បាន​ វា​អាច​ផ្ដល់​នូវ​ភាពត្រជាក់​ដល់​អ្នក​បាន​លឿន​ នៅពេល​ដែល​អ្នកមាន​អារម្មណ៍​ថា​ក្ដៅស្អុះ​ស្អាប់​។ ហើយ​យកល្អ​អ្នក​អាចយ​កកង្ហា​សាក​ថ្ម​តាម​ខ្លួន​ក៏បាន​ ព្រោះ​វា​មាន​ភាព​ងាយស្រួល​ និង​មាន​រូបរាង​តូច​ស្រួល​ដាក់​តាម​ខ្លួន​ នៅក្នុង​ដំណើរ​កម្សាន្ត​។

    6- ជ្រើសរើស​ស្លៀក​សម្លៀក​បំពាក់​ស្រាល​ៗ រលុង​ៗ
    សម្រាប់​ខែ​ក្ដៅ​អុីចឹង​ ពេល​ចេញទៅ​ខាងក្រៅ​អ្នក​គួរ​ស្លៀកពាក់​បែ​បរ​លុង​ៗ និង​ជ្រើសរើស​យក​សម្លៀកបំពាក់​ណា​ដែល​មានសាច់​ក្រណាត់​ស្រាល​ៗ ស្តើង​ៗបាន​ហើយ​ អាច​ជួយ​ឱ្យ​ខ្យល់​ចេញចូល​បាន​ល្អ​ ងាយស្រួល​ដកដង្ហើម​។ សម្លៀកបំពាក់​ដែល​ស័ក្តិសម​សម្រាប់​រដូវ​ក្តៅ​ គឺ​ធ្វើឡើង​ពី​កប្បាស​ សាច់​កំណាត់​ និង​សូត្រ​ជាដើម​។ក្នុងករណី​មាន​សំណួរ​ ឬមន្ទិលសង្ស័យ​ជុំវិញ​រឿង​សុខភាព​របស់​អ្នក​ ជម្រើស​ដ៏​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​ មុន​ពេល​សម្រេចចិត្ត​ចេញទៅ​ដើរលេង​កម្សាន្ដ​នៅ​ទី​ឆ្ងាយ​៕