Tag: ប៉ោយប៉ែត

  • គម្រោង​​ផ្លូវ​ល្បឿន​លឿនទីបី​ ភ្នំពេញ-សៀម​រាប-ប៉ោយ​ប៉ែត កំពុង​ត្រូវ​បាន​ពិនិត្យ​លទ្ធភាព​សាងសង់ ក្នុង​ក្រប​ខណ្ឌ PPP

    គម្រោង​​ផ្លូវ​ល្បឿន​លឿនទីបី​ ភ្នំពេញ-សៀម​រាប-ប៉ោយ​ប៉ែត កំពុង​ត្រូវ​បាន​ពិនិត្យ​លទ្ធភាព​សាងសង់ ក្នុង​ក្រប​ខណ្ឌ PPP

    (ភ្នំពេញ) – នា​រសៀល​ថ្ងៃទី 27 ខែ​កុម្ភៈ​នេះ កិច្ច​ប្រជុំ​ពិនិត្យ​លទ្ធភាព​សិក្សា​គម្រោង​សាង​សង់​ផ្លូវ​ល្បឿន​លឿន​​​រាជ​ធានី​ភ្នំ​ពេញ​ – ខេត្ត​សៀម​រាប – ក្រុង​ប៉ោយ​ប៉ែត ក្រោម​ក្រប​ខ័ណ្ឌ​ភាព​ជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន​ (PPP) ត្រូវ​បាន​រៀប​ចំ​ធ្វើ​ឡើង​នៅ​ទីស្ដី​ការ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ ដោយ​ដឹក​នាំ​ដោយ​ឯកឧត្ដម​ ឡេង​ ធនយុទ្ធា រដ្ឋលេខខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ និង​ជា​ប្រធាន​គម្រោង​ និង​​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ថ្នាក់​ដឹក​នាំ​ក្រសួង និង​ក្រុម​មន្ត្រី​ពាក់​ព័ន្ធ​ ក៏​ដូច​ជា​តំណាង​ក្រុម​ហ៊ុន​ស្ពាន​ និង​ថ្នល់​ចិន (CRBC) ផងដែរ​។

    យោង​តាម​ទំព័រ​បណ្ដាញ​សង្គម​របស់​ក្រសួង​ខាងលើ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងប្រមូលមតិយោបល់ និងការ​ផ្ដល់​អនុសាសន៍បន្ថែមដល់ក្រុមហ៊ុន ដើម្បីពិនិត្យ និងកែសម្រួលឡើងវិញ ជាពិសេស ក្នុងដំណាក់កាលទីមួយ នៃគម្រោងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប បន្ទាប់ពីក្រសួងបានទទួលរបាយការណ៍ស្តីពីការសិក្សាលទ្ធភាពបច្ចេកទេស ដើម្បីធានាឱ្យការអនុវត្តគម្រោងទទួលបានភាពល្អប្រសើរ។

    ឯកឧត្ដមរដ្ឋលេខាធិការ បានលើកឡើងថា ក្រសួងនឹងរៀបចំកិច្ចប្រជុំជាមួយស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ជាពិសេសអាជ្ញាធរអប្សរា ដើម្បីសិក្សាពីផលប៉ះពាល់ និងផ្តល់មតិយោបល់លើការសិក្សាកំណាត់ផ្លូវវាងក្រុង។

    ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​បញ្ជាក់​ថា ក្រុមហ៊ុន CRBC គ្រោងនឹងបញ្ចប់សេចក្តីព្រាងគម្រោងសិក្សាសមិទ្ធលទ្ធភាពប្លង់វិស្វកម្មសំណង់នៅខែកុម្ភៈ ឆ្នាំ 2024 ហើយ​បន្ទាប់មកត្រៀមបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពគម្រោង (FS ) មុន​នឹង​ដាក់ជូនរាជរដ្ឋាភិបាលពិនិត្យសម្រេចនៅ​ដើមខែមិថុនា ឆ្នាំ 2024។ សម្រាប់ដំណាក់ទីពីរ​ សៀមរាប-ប៉ោយប៉ែត នឹងបញ្ចប់ការងារសិក្សានៅខែមីនា ឆ្នាំ 2024 បន្ទាប់ពីបញ្ចប់សេចក្តីព្រាងគម្រោងសិក្សាសមិទ្ធិលទ្ធភាពបច្ចេកទេសប្លង់វិស្វកម្ម និងដាក់ជូនមកក្រសួងពិនិត្យ កែសម្រួលឈានទៅបញ្ចប់នៅខែឧសភា ឆ្នាំ 2024៕

  • តម្លៃ​ដី​កើនឡើង​កំពុង​បែរ​ឆ្ពោះទៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ម្ដង​ហើយ

    តម្លៃ​ដី​កើនឡើង​កំពុង​បែរ​ឆ្ពោះទៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ម្ដង​ហើយ

    ស្រប​ពេលដែល​វិស័យ​អចលនទ្រព្យ​ខេត្ត​ព្រះសីហនុ​កំពុង​ហក់​ឡើង​ជិត​ដល់​កម្រិត​កំពូល​នោះវិស័យនេះ​បាន និង​កំពុង​បែ​មុខ​ឆ្ពោះទៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​វិញ​ម្តង​ហើយ ដោយសារទីនោះ​ក៏​ជា​ច្រក​អន្តរជាតិ​ដ៏​សំខាន់​ក្នុងការ​ដឹកជញ្ជូន​ទំនិញ​ចេញ-ចូលក្នុង និង​ក្រៅ​ប្រទេសមួយ​ដែរ។

    អភិបាលក្រុង​ប៉ោយប៉ែត​លោក សាន ស៊ានហូ បានផ្តល់​បទ​សម្ភាស​ថា បច្ចុប្បន្ន​តម្លៃ​ដី​ក្រុង​ប៉ោយប៉ែត​កំពុងតែ​ឡើងថ្លៃ​ខ្ពស់ឡើងៗពិតប្រាកដ​មែន ដោយសារតែ​លោក​បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើងតាមរយៈ​ការជួសជុល​ផ្លូវជាតិ ដាក់​ទ្រូងផ្លូវ​ពុះ​ចំ​កណ្តាល និង​បានរៀបចំ​កសាង​ផ្លូវលំ​ប្រវែង​សរុប​ជាង 600គីឡូម៉ែត្រ កែប្រែ​ពី​ផ្លូវដី​ទៅជា​ដី​ថ្ម​ចម្រុះ ជាហេតុ​ធ្វើឱ្យ​បណ្ដា​ក្រុមហ៊ុន​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​នាំគ្នា​សម្រុក​ពុះ​ដីឡូត៍​លក់ និង​សាងសង់​អគារខ្ពស់ៗ ខុន​ដូ សណ្ឋាគារ រោងចក្រ​សហគ្រាស​យ៉ាងច្រើន​ជា​បន្តបន្ទាប់។

    លោក សាន ស៊ានហូ អភិបាលក្រុង​ប៉ោយប៉ែត​

    លោក​បញ្ជាក់ថា អ្វីដែល​ធ្វើឱ្យ​តម្លៃ​ដី​ក្នុង​ក្រុង​ប៉ោយប៉ែត​ហក់​ឡើង​កាន់តែ​ខ្ពស់​ខ្លាំង​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ គឺ​ដោយសារ​ក្រុង​ប៉ោយប៉ែត​ជា​កន្លែង​បណ្តុំ​មនុស្ស​មកពី​គ្រប់​ខេត្ត-ក្រុង​ចូលទៅ​ប្រកប​របរ​ចិញ្ចឹមជីវិត និង​រស់នៅ​ទីនោះ​មាន​ចំនួន​កាន់តែច្រើនឡើងៗ ហើយ​ដោយសារហេដ្ឋារចនាសម្ព័ន្ធ​មាន​ភាព​អំណោយផល​ល្អ​ក្នុងការ​ដឹកជញ្ជូន​ទំនិញ​ទៅ​ក្រៅប្រទេស​បន្ទាប់ពីរ​រដ្ឋា​ភិបាល​កម្ពុជា និង​ថៃ បាន​សាងសង់​ផ្លូវ​រថភ្លើង​ត​ភ្ជាប់​គ្នា ហើយ​ថែមទាំង​បានប្រកាស​បើក​ច្រក​អន្តរជាតិ​ថ្មី​មួយទៀត (ច្រក​ស្ទឹង​បត់) ដើម្បី​ជួយ​សម្រួល​ដល់​ការដឹកជញ្ជូន​ទំនិញ​ចេញចូល​ឱ្យ​កាន់តែ​ប្រសើរឡើង​ផង​នោះ ទើប​ធ្វើឱ្យ​តម្លៃ​ដី​នៅ​ទីនោះ​កាន់តែ​ឡើងថ្លៃ​ខ្ពស់ ហើយ​សកម្មភាព​ពុះ​ដីឡូត៍​លក់​ទីនោះ​ក៏មាន​សកម្មភាព​កាន់តែច្រើនឡើងៗដែរ។ ក្រៅពីនេះ នៅ​ច្រក​អន្តរជាតិ​ស្ទឹង​បត់ វិស័យ​សំណង់​ក៏បាន​រីកដុះដាល​ខ្លាំង​ដែរ​នៅ​កណ្តាល​ក្រុង​នោះ ដោយ​ក្នុងនោះ​មានដូចជា សំណង់ផ្ទះ​ល្វែង បុរី វីឡា និង​ខុន​ដូ (Sokha Residence)កំពុង​សាងសង់​នៅ​ឡើងជាបណ្តើរៗហើយ។ ក្រៅពី​សំណង់​លំនៅដ្ឋាន សំណង់​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន រួមទាំង​អគារ​កាស៊ីណូធំៗដែលមាន​ស្រាប់​ហើយ​នោះ និង​ទើប​សំណង់ថ្មីៗជាច្រើន​ទៀត​ក៏​កំពុងតែ​រីក​ឡើង​ចម្រុះ​គ្នា​នៅ​ទីនោះ​ផងដែរ។

    លោក​អភិបាលក្រុង​ប៉ោយប៉ែត​បាន​បន្ថែមថា ក្រៅតែពី​សំណង់​ខាងលើ​នោះ ក្រុង​ប៉ោយប៉ែត​ក៏​ជាទី​តាំង​នៃ​បណ្តុំ​រោងចក្រ​ឧស្សាហកម្ម​ដ៏​សំខាន់​ផងដែរ ដែល​មកទល់​បច្ចុប្បន្ន​មាន​តំបន់​សេដ្ឋកិច្ច​ពិសេសធំៗចំនួន3ទីតាំង មានដូចជា​រោងចក្រ​ផលិត​គ្រឿងបន្លាស់​ក្រុមហ៊ុន​តូយ៉ូតា ដែលមាន​ក្រុមហ៊ុន​ចំនួន 20រួម​នៅ​ក្នុងនោះ​ទៀតផង។ លោក​បញ្ជាក់ថា ដើម្បី​ផ្តល់​ភាពងាយស្រួល និង​ទាក់ទាញ​វិនិយោគិន​ឱ្យបាន​កាន់តែច្រើនឡើងៗ រាជរដ្ឋាភិបាល​គ្រោង​នឹង​បង្កើត​ព្រលានយន្តហោះ​ប្រចាំ​ក្រុង​ប៉ោយប៉ែត​បន្ថែម​ថ្មី​មួយទៀត ដែល​គេ​រំពឹងថា វិស័យ​អចលនទ្រព្យ​នៅ​ទីនោះ​នឹង​រីកដុះដាល​កាន់តែខ្លាំង​ឡើង​ថែមទៀត ដែល​ត្រឹម​រយៈពេល 5ឆ្នាំ​ក្រោយនេះ​សំណង់​អគារ​នៅ​ទីនោះ​នឹង​កើនឡើង​ខ្លាំង​មិន​ចាញ់​តំបន់​ទីក្រុង​ធំផ្សេងៗទៀត​នៅក្នុង​ប្រទេស​កម្ពុជា​យើង​ឡើយ។ លោក​បញ្ជាក់​ដូច្នេះ​ថា “បច្ចុប្បន្ន​ក្រុម​វិនិយោគិន​កំពុង​បង្កើត​គម្រោង​អភិវឌ្ឍន៍​ដី 500ហិកតា​ទៅជា​គោលដៅ​ទេសចរណ៍​ដ៏​សំខាន់​មួយ​ដែល​គ្រោង​បង្កើតជា​ទីលាន​វាយ​កូន​ហ្គោល​សិប្បនិម្មិត សួនច្បារ​ខ្នាត​ធំ និង​ផ្សារ​បណ្តែត​ទឹក​បន្ថែមទៀត​ក្នុង​គោលដៅ​ទាក់ទាញ​ទេសចរ​ឱ្យបាន​កាន់តែច្រើនឡើងៗផងដែរ‟។

    ក្រុង​ប៉ោយប៉ែត​ជា​ក្រុង​ធំ​មួយ​នៃ​ខេត្តបន្ទាយមានជ័យ​ស្ថិតនៅ​ទិស​ពាយព្យ​នៃ​ប្រទេស​ដែលមាន​ទំហំ​ដី 2,620,000ម៉ែត្រក្រឡា និង​ត្រូវបាន​បែង-​ចែកជា 3ទីតាំងសំខាន់ៗ ដូចជា​សង្កាត់​ប៉ោយប៉ែត សង្កាត់​ផ្សារកណ្តាល និង​សង្កាត់​និម្មិត។ ទីក្រុង​នេះ​គឺជា​តំបន់​លំនៅឋាន​ដែល​តម្លៃ​ដី 10គីឡូម៉ែត្រ​ជុំវិញ​ក្រុង​ប៉ោយប៉ែត​កំពុងតែ​ឡើងថ្លៃ​ប្រមាណ​ពី 50ទៅ120% នៅ​រយៈពេល 6ខែ​ដើមឆ្នាំ2018នេះ។ ជាមួយគ្នានេះ​សំណង់ផ្ទះ​ល្វែង​ស្ថិតក្នុង​ទីប្រជុំជន​មានតម្លៃ​ចន្លោះ​ពី 30,000ដុល្លារ​ទៅដល់ 50,000ដុល្លារ​ក្នុង​មួយ​ល្វែង ឯ​តម្លៃ​ខុន​ដូ​វិញ​មានតម្លៃ​ចាប់ពី 27,000ដុល្លារ​ឡើង​ក្នុង​មួយ​យូ​នី​ត៕