Tag: ធនធានមនុស្ស

  • សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា សហការ​​ជាមួយ​​វិទ្យាស្ថាន​បច្ចេក​វិទ្យា​ម៉ាឡេស៊ី ដើម្បី​ទាក់​ទាញ​វិនិយោគ​ផ្នែក​យាន​យន្ត​

    សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា សហការ​​ជាមួយ​​វិទ្យាស្ថាន​បច្ចេក​វិទ្យា​ម៉ាឡេស៊ី ដើម្បី​ទាក់​ទាញ​វិនិយោគ​ផ្នែក​យាន​យន្ត​

    កាល​ពី​ថ្ងៃទី 17 មករា 2024 សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា (CAIF) បានទទួល​ជួប​លោក Anthony Ng តំណាងវិទ្យាស្ថានបច្ចេកវិទ្យាម៉ាឡេស៊ី (Malaysian Institute of Technology – MIT) ដើម្បី​ពិភាក្សាការងារពាក់ព័ន្ធនឹងការបណ្តុះបណ្តាលជំនាញក្នុងឧស្សាហកម្មយានយន្ត និងកិច្ចសហការរវាង CAIF និង MIT ស្ថិតក្រោមគម្រោង Skills for Future Economy Sector Development Program (SFE) របស់ធនាគារអភិវឌ្ឍអាស៊ី (ADB)។ នេះ​បើ​តាម​ CAIF ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 18 មករា​ 2024​។

    យោង​តាម​ CAIF ដដែល គម្រោង​ SFE មាន​គោល​ដៅ​​បណ្តុះបណ្តាលជំនាញបច្ចេកទេស ការផ្ទេរនូវបច្ចេកវិទ្យាចុងក្រោយបង្អស់ និងការអភិវឌ្ឍធនធានមនុស្ស សំដៅជំរុញដល់កំណើនកំលាំងពលកម្មដែលមានជំនាញ សម្រាប់បំរើការនៅតាមក្រុមហ៊ុន រោងចក្រដំឡើងយានយន្ត និងសំដៅទាក់ទាញវិនិយោគផ្នែកយានយន្តបន្ថែមទៀតមកកាន់ប្រទេសកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ។

    ក្នុង​ជំនួប​នេះ CAIF បានយល់ស្របតាមសំណើរបស់ MIT សម្រាប់កិច្ចសហការ និងការរៀបចំអនុស្សរណៈយោគយល់គ្នារវាងភាគីទាំងពីរ ក្នុងកិច្ចសហប្រតិបត្តិការក្នុងការជំរុញការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសពាក់ព័ន្ធនឹងការ​វិវត្ត​ថ្មីៗក្នុងឧស្សាហកម្មយានយន្ត ដូចជារថយន្តអគ្គិសនី (EV) ជាដើម ៕

  • អបអរសាទរខួប១ឆ្នាំ នៃការបើកដំណើរការជាផ្លូវការរោងចក្រដំឡើងរថយន្ត Ford និងពិធីប្រគល់-ទទួលអំណោយរថយន្តគិលានសង្គ្រោះ Ambulance ជូនដល់កាកបាទក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់

    អបអរសាទរខួប១ឆ្នាំ នៃការបើកដំណើរការជាផ្លូវការរោងចក្រដំឡើងរថយន្ត Ford និងពិធីប្រគល់-ទទួលអំណោយរថយន្តគិលានសង្គ្រោះ Ambulance ជូនដល់កាកបាទក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់

    [ភ្នំពេញ – ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២៣] ក្រុមហ៊ុន RMA (Cambodia)​ PLC ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខរថយន្ត Ford ក្នុងទីផ្សារប្រទេសកម្ពុជាបានប្រារព្ធពិធីប្រគល់-ទទួលអំណោយរថយន្តគិលានសង្គ្រោះចំនួន ២ គ្រឿង ជូនទៅដល់កាកបាទក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់ ដែលកម្មវិធីនេះត្រូវបានប្រារព្ធឡើង ក្រោមអធិបតីភាពរបស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងអគ្គនាយកអគ្គីសនីកម្ពុជា និងលោកអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុន Ford Motor Company ថ្នាក់ដឹកនាំក្រុមហ៊ុន RMA Group និងក្រុមហ៊ុន RMA (Cambodia) PLC រួមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិប្រមាណជាង ២០០ នាក់។​ កម្មវិធីនេះបានប្រារព្ធឡើងនៅក្នុងបរិវេនរោងចក្រដំឡើងរថយន្ត Ford ក្នុងភូមិសារវ័ន ឃុំស្នាអន្សារ ស្រុកក្រគរ​ ខេត្តពោធិ៍សាត់ នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៣ ។

    ក្នុងឱកាសនៃពីធីអបអរសាទរខួប១ឆ្នាំ នៃការបើកដំណើរការជាផ្លូវការរោងចក្រដំឡើងរថយន្ត Ford និងពិធីប្រគល់-ទទួលអំណោយរថយន្តគិលានសង្គ្រោះ Ambulance ចំនួន ២​ គ្រឿង ជូនដល់កាកបាទក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់ លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA (Cambodia)​ PLC បានមានប្រសាសន៍ថា៖​ “ យើងខ្ញុំមានមោទភាពជាពន់ពេកដែលទទួលបានសេចក្ដីទុកចិត្តពីក្រុមហ៊ុន FORD MOTOR COMPANY ក្នុងការដំឡើងរថយន្ត FORD RANGER និង FORD EVEREST ជំនាន់ថ្មីនៅ លើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ស្របតាមស្តង់ដាររបស់ក្រុមហ៊ុន FORD ។ យើងខ្ញុំជឿជាក់ថា ការបោះជំហានវិនិយោគក្នុងវិស័យយានយន្តរបស់ក្រុមហ៊ុនយើងខ្ញុំ ចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យឧសហ្សាកម្មយានយន្តនៅកម្ពុជា និងជាសក្ខីភាពនៃទំនុកចិត្តលើកិច្ចខិតខំប្រឹង ប្រែងរបស់រដ្ឋាភិបាលក្នុងការធ្វើឱ្យប្រសើរឡើង នូវបរិយាកាសធុរកិច្ច និងវិនិយោគ។ វត្តមានរបស់ រោងចក្រយើងខ្ញុំក៏បានចូលរួមចំណែកការកាត់បន្ថយការធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស របស់ប្រជាពលរដ្ឋ និងលើកកម្ពស់សេដ្ឋកិច្ចក្នុងតំបន់តាមរយៈការជំរុញសន្ទុះអាជីវកម្មសហគ្រាស ធុនតូច និងមធ្យម ការបង្កើតឱកាសការងារដោយផ្ទាល់និងដោយប្រយោល ក៏ដូចជាការអភិវឌ្ឍន៍ ធនធានមនុស្សនៅក្នុងទឹកដី ខេត្តពោធិ៍សាត់នេះផ្ទាល់ផងដែរ។ ”

    មិនតែប៉ុណ្ណោះ លោកក៏បានបន្ថែមទៀតថា៖ “ ក្រុមហ៊ុនយើងខ្ញុំនឹងបន្តប្តេជ្ញាគាំទ្រ និង ជំរុញវិស័យឧស្សាហកម្មយានយន្តនៅកម្ពុជា ដើម្បីឱ្យកម្ពុជា ផ្លាស់ប្ដូរមុខមាត់ថ្មី ពីប្រទេសដែលដំឡើងរថយន្ត ទៅជាប្រទេសដែលផលិតរថយន្ត ក្នុងពេលអនាគត។ ក្រុមហ៊ុននឹងពង្រីកការវិនិយោគគម្រោងដំឡើងរថយន្ត Ford ដោយបង្កើនការនាំចូលនៃចំនួន គ្រឿងបង្គុំច្រើនជាងមុន បង្កើនចំនួនការងារក្នុងស្រុក ជំរុញការប្រើប្រាស់ធាតុផ្សំក្នុងស្រុក និងបង្កើន ដើមទុនវិនិយោគបន្ថែមទៀត។ យើងខ្ញុំជឿជាក់ថា ការវិនិយោគនេះនឹងបន្តផ្តល់អត្ថប្រយោជន៍ជាច្រើនបន្ថែមទៀតជូនប្រទេសកម្ពុជា ជាពិសេសការអភិវឌ្ឍន៍ខ្សែសង្វាក់ផ្គត់ផ្គង់ និងធ្វើឱ្យប្រសើរ ឡើងនូវខ្សែចង្វាក់ដែលគាំទ្រគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា។ ការវិនិយោគនេះ នឹងនាំមកនូវផលិតផលថ្មី បច្ចេកវិទ្យាថ្មី ដើម្បីផ្គត់ ផ្គង់តម្រូវការប្រើប្រាស់រថយន្តថ្មីក្នុងស្រុក ជាមួយនឹងមោទភាពផលិតកម្មក្នុងស្រុក រោងចក្រ ដំឡើងរថយន្ត Ford នឹងបន្តទាក់ទាញវិនិយោគិនផ្សេងៗជាច្រើនទៀតមកវិនិយោគនៅកម្ពុជា ជា ពិសេស អ្នកវិនិយោគដែល ពាក់ព័ន្ធនឹងការផលិត និងដំឡើងរថយន្ត ដូចជា៖ សំបកកង់ កង់ឡាន ខ្សែភ្លើងឡាន អាគុយឡាន និងអាជីវកម្មផ្សេងៗទៀត។”

     

    ឆ្លៀតក្នុងឱកាសនេះដែរ លោកស្រី Kay Hart​ ប្រធានគ្រប់គ្រងទីផ្សារអន្តរជាតិនៃក្រុមហ៊ុន Ford Motor Company បានមានប្រសាសន៍ថា៖ “ រថយន្តគិលានសង្គ្រោះ (The Next-Generation Ford Ranger-Converted Ambulances) នេះ បានបំពាក់មកជាមួយនូវបច្ចេកវិទ្យា និងប្រព័ន្ធសុវត្ថិភាពទំនើបជំនាន់ចុងក្រោយដែលធ្វើឱ្យរថយន្តនេះក្លាយជារថយន្តមួយដែលមានលក្ខណៈ ធន់ រឹងមាំ និងមានសមត្ថភាពក្នុងការចល័ត និងដឹកជញ្ជូនអ្នកជំងឺដោយសុវត្ថិភាព។ ”

    លោកស្រីក៏បានបន្តទៀតថា៖ “ រថយន្តគិលានសង្គ្រោះ (The Next-Generation Ford Ranger-Converted Ambulances) នឹងចូលរួមចំណែកយ៉ាងសំខាន់សម្រាប់កាកបាទក្រហមកម្ពុជាក្នុងខេត្តពោធិ៍សាត់ ក្នុងការគាំពារ សង្គ្រោះបន្ទាន់ និងជាជំនួយការដ៏សំខាន់ក្នុងការជួយដល់សកម្មភាពសប្បុរសធម៌ផ្សេងៗដល់ប្រជាពលរដ្ឋ និងអ្នកជំងឺដើម្បីទទួលបាននូវសេវាកម្មសង្គ្រោះបន្ទាន់មួយដែលមាន គុណភាព សុវត្ថិភាព និងប្រសិទ្ធភាព។ ”

    ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងអគ្គនាយកអគ្គីសនីកម្ពុជា បានមានប្រសាសន៍ថា៖ “ ការសាងសង់រោងចក្រដំឡើងរថយន្ត Ford ក្នុងខេត្តពោធិ៍សាត់ គឺជាសក្ខីភាពមួយដែលបានបង្ហាញពីទំនុកចិត្តរបស់ក្រុមហ៊ុន RMA Cambodia មកលើរាជរដ្ឋាភិបាលកម្ពុជា ហើយការផ្តល់ជូននូវរថយន្តគិលានសង្គ្រោះ ២ គ្រឿងក្នុងថ្ងៃនេះនឹងជាការចូលរួមចំណែកដ៏សំខាន់មួយក្នុងការពង្រឹងសមត្ថភាពមូលដ្ឋានសុខាភិបាលបន្ថែមទៀត ក្នុងការឆ្លើយតបទៅនឹងតម្រូវការសេវាថែទាំសុខភាពអោយកាន់តែមានគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព។ ភាពជាដៃគូរវាង RMA Cambodia និងវិទ្យាស្ថានបច្ចេកទេសក្នុងស្រុករបស់យើង បានដើរតួរនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ធនធានមនុស្ស តាមរយៈការបង្កើតកម្មវិធីបណ្តុះបណ្តាលដោយផ្ទាល់ពីអ្នកជំនាញដែលគ្រឹះមួយដ៏សំខាន់សម្រាប់យុវជន ក៏ដូចជាយុវនារីក្នុងការត្រៀមខ្លួនរួចជាស្រេចសម្រាប់ភាពជោគជ័យនាពេលខាងមុខ។ ”

    គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន RMA (CAMBODIA) PLC ជាក្រុមហ៊ុនដំបូងគេបំផុត ដែលទទួលបានការទទួលស្គាល់ពី វិទ្យាស្ថានស្ដង់ដារកម្ពុជា នៃ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងនាមជាអ្នក អនុវត្តស្តង់ដារសុវត្ថិភាពយានយន្ត និងស្តង់ដារសុវត្ថិភាពគ្រឿងបង្គុំយានយន្តបានខ្ពស់បំផុត។ ក្នុងឆ្នាំ ២០២០ ក្រុមហ៊ុន RMA (CAMBODIA) PLC បានចុះបញ្ជីលក់មូលបត្រ បំណុលចំនួន ៨០ ពាន់លានរៀល ដែលស្មើនឹង ២០ លានដុល្លារអាមេរិក ក្នុងផ្សារមូលបត្រកម្ពុជា ហើយក្លាយជាក្រុមហ៊ុនមិនមែនស្ថាប័នហិរញ្ញវត្ថុដែលបានបោះផ្សាយមូលបត្របំណុលដំបូងគេបង្អស់នៅប្រទេសកម្ពុជា។ ការបោះផ្សាយមូលបត្របំណុលនេះ បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនយើងខ្ញុំក្នុងការលើកកម្ពស់ទីផ្សារមូលបត្រកម្ពុជា និងចូលរួមចំណែកអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុនៅប្រទេសកម្ពុជា។

    តាមរយៈកំណើនសេដ្ឋកិច្ច និងកំរិត GDP របស់ប្រជាជនកម្ពុជាកើនឡើងខ្ពស់ជាបន្តបន្ទាប់ បានធ្វើឱ្យប្រជាជនកម្ពុជាងាកមកប្រើប្រាស់រថយន្តថ្មីមានការកើនឡើងជាលំដាប់។ ក្នុងនោះការប្រើប្រាស់ រថយន្តថ្មីម៉ាក FORD មានកំណើនកាន់តែច្រើនឡើង និងបានក្លាយជាជម្រើសឈានមុខរបស់អតិថិជននៅកម្ពុជា។ ដូច្នេះ ក្រុមហ៊ុនបានសម្រេចចិត្តបង្កើតរោងចក្រដំឡើងរថយន្ត FORD ដែលទទួលបានសិទ្ធិពេញលេញក្នុងការផ្គុំ និងដំឡើងរថយន្តពីក្រុមហ៊ុនម្ចាស់ដើម FORD MOTOR COMPANY។ រោងចក្រនេះ ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីសរុបប្រមាណជាង ៥ ហិកតា ស្ថិតក្នុងភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាមួយនឹងទុនវិនិយោគចំនួន ២១ លានដុល្លារសហរដ្ឋអាមេរិក ដែលអាចបង្កើតការងារជំនាញបានជាង ៥០០ កន្លែង និងមានសមត្ថភាពអាចដំឡើងរថយន្តបានចំនួនប្រមាណ ៩,០០០ គ្រឿងក្នុងមួយឆ្នាំ។

    រហូតមកដល់ពេលនេះ ក្រុមហ៊ុនបានដំឡើងរថយន្ត Ford Ranger Wildtrak និងរថយន្ត Ford Everest បានចំនួន ៣,០០០ គ្រឿងដើម្បីបម្រើតម្រូវការទីផ្សារក្នុងស្រុក។ ក្រុមហ៊ុនបន្តសហការ ជាមួយនឹងវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ក្នុងការបណ្តុះបណ្តាលអភិវឌ្ឍជំនាញបច្ចេកទេសដល់បុគ្គលិកក្រុមហ៊ុនដើម្បីធានាឱ្យបាននូវធនធានមនុស្សប្រកបដោយគុណភាព។ ថ្មីៗនេះ ក្រុមហ៊ុនបានបញ្ជូនបុគ្គលិកទៅប្រទេស Australia ដើម្បីសិក្សាអំពីបច្ចេកវិទ្យាដំឡើងរថយន្ត ក្នុងគោលបំណងបង្កើនកម្រិតបច្ចេកទេសបុគ្គលិកក៏ដូចជាពាំនាំចំណេះដឹងថ្មី និង បច្ចេកវិទ្យាថ្មីមកប្រទេសកម្ពុជា។ ដើម្បីបន្តចូលរួមលើកកម្ពស់វិស័យយានយន្ត ក្រុមហ៊ុននឹងបង្កើតមជ្ឈមណ្ឌលអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈដើម្បីផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋកម្ពុជាទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកទេសប្រកបដោយគុណភាពដើម្បីចូលរួមចំណែកអភិវឌ្ឍធនធាន មនុស្សនៅកម្ពុជាស្របតាមគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា។

     

  • អាម៉េរិកកម្ចាត់មេដឹកនាំជាន់ខ្ពស់របស់ IS នៅប្រទេសស៊ីរី

    អាម៉េរិកកម្ចាត់មេដឹកនាំជាន់ខ្ពស់របស់ IS នៅប្រទេសស៊ីរី

    សហរដ្ឋអាម៉េរិកបានឱ្យដឹងថា បានកម្ចាត់មេដឹកនាំជាន់ខ្ពស់មួយរូបរបស់អង្គការភារវកម្មរដ្ឋអ៊ីស្លាមនៅប្រទេសស៊ីរី ក្រោយពីការវាយប្រហារតាមផ្លូវអាកាសដោយយន្តហោះគ្មានមនុស្សបើក (UAV)។

    ការវាយប្រហារតាមអាកាសកាលពីថ្ងៃទី 07 កក្កដា បានកម្ចាត់ Osam al-Muhajer មេដឹកនាំរបស់ក្រុមដែលហៅខ្លួនឯងថា អង្គការរដ្ឋអ៊ីស្លាម (IS) នៅភាគខាងកើតប្រទេសស៊ីរី។ នេះបើតាមបញ្ជាការដ្ឋានកងទ័ពអាម៉េរិក (CENTCOM) ប្រកាសកាលពីថ្ងៃទី 09 កក្កដា 2023។

    «យើងបាននិយាយយ៉ាងច្បាស់ថា យើងនៅតែសន្យាថាកម្ចាត់ IS ទាំងអស់នៅទូទាំងតំបន់។ IS នៅតែជាការគំរាមកំហែង មិនត្រឹមតែក្នុងតំបន់ ប៉ុន្តែនៅឆ្ងាយជាងនេះទៅទៀត» មេដឹកនាំរបស់ CENTCOM លោក Michael Kurilla បញ្ជាក់ដូច្នេះ។

    យោងតាម CENTCOM ក្នុងការវាយប្រហារខាងលើ ពុំមានជនស៊ីវិលណាម្នាក់បានស្លាប់ ប៉ុន្តែកងកម្លាំងនេះ «កំពុង​វាយតម្លៃរបាយការណ៍អំពីការបាត់បង់ធនធានមនុស្ស»។

    CENTCOM ឱ្យដឹងថា យុទ្ធនាការវាយប្រហារត្រូវបានធ្វើឡើងដោយ UAV MQ-9 Reaper ជាយន្តហោះគ្មានមនុស្សបើកមួយគ្រឿងដែលត្រូវបានយន្តហោះចម្បាំងរុស្ស៊ីរំខានជិតពីរម៉ោងមុននោះ។ រុស្ស៊ីគឺជាសម្ព័ន្ធមិត្តសំខាន់របស់ប្រធានាធិបតីស៊ីរី Bashar al-Assad។

    របាយការណ៍មួយរបស់អង្គការសហប្រជាជាតិកាលពីខែកុម្ភៈ បានឱ្យដឹងថា IS មានសមាជិក និងអ្នកគាំទ្រប្រហែលពី 5,000 ទៅ 7,000 នាក់នៅស៊ីរី និងអ៊ីរ៉ាក់ ក្នុងនោះមានជិតពាក់កណ្ដាលគឺជាខ្មាន់កាំភ្លើង។ ការគំរាមកំហែងពី IS និងសាខារបស់ក្រុមនេះចំពោះសន្តិភាព និងសន្តិសុខអន្តរជាតិគឺមានខ្ពស់ខ្លាំងនៅពាក់ កណ្ដាលចុងឆ្នាំ 2022។

    កាលពីចុងឆ្នាំ 2022 IS ប្រកាសថា បានតែងតាំង Abu al-Hussein al-Husseini al-Quraishi ជាមេដឹកនាំកំពូល បន្ទាប់ពីមេដឹកនាំមុននោះត្រូវបានធ្វើឃាតនៅភាគខាងត្បូងប្រទេសស៊ីរី៕

  • ក្រុម​ហ៊ុន IBM នឹង​ប្រើប្រាស់​ AI ជំនួស​មនុស្ស​ជិត 8,000 នាក់

    ក្រុម​ហ៊ុន IBM នឹង​ប្រើប្រាស់​ AI ជំនួស​មនុស្ស​ជិត 8,000 នាក់

    Arvind Krishna អគ្គនាយក​ប្រតិបត្តិ​របស់ IBM បានឱ្យដឹងថា បណ្ដា​ការងារ​ជួយ​ដល់​ការិយាល័យ​ដូចជា​ការគ្រប់គ្រង​ធនធានមនុស្ស​ជាដើម​នឹងត្រូវ​បាន​ជំនួស​ដោយ​បញ្ញា​និម្មិត (AI)។

    លោក Krishna បាន​ប្រាប់ Bloomberg ថា ក្រុមហ៊ុន IBM នឹង​ឈប់​ជ្រើសរើស​បុគ្គលិក​សម្រាប់​តំណែង​ទាំងឡាយណា​ដែល​ពួកគេ​យល់ថា​អាច​ជំនួស​ដោយ AI នៅពេល​ខាងមុខ។ ក្រុមការងារ​ដែល​នឹងត្រូវ​ឈប់​ជ្រើសរើស និង​ធ្វើការ​ផ្លាស់ប្ដូរ​ដំបូង​គេ​គឺ​ក្រុម​ជំនួយ​ការ​នៅ​ការិយាល័យ​ដែលមាន​ដូចជា​បុគ្គលិក​គ្រប់គ្រង​ធនធានមនុស្ស​ជាដើម។

    យោងតាម​លោក Krishna នៅក្នុង​ក្រុមហ៊ុន IBM ​តំណែង​នានា​​ដែល​មិន​ធ្វើការ​ផ្ទាល់​ជាមួយ​អតិថិជន ​មាន​ប្រហែល 26,000 នាក់។ «ក្នុង​ប្រាំ​ឆ្នាំ​ទៀត មាន​ប្រហែល 30% ក្នុង​ក្រុម​នេះ​នឹងត្រូវ​ជំនួស​ដោយ AI និង​ប្រព័ន្ធ​ស្វ័យប្រវត្ត ដែល​​ស្មើនឹង 7,800 នាក់ ​ត្រូវ​បាត់បង់​ការងារ» លោក Krishna ប​ន្ធែ​ម​ដូច្នេះ។

    អ្នកនាំពាក្យ​របស់ IBM អះអាងថា ការកាត់បន្ថយ​បុគ្គលិក​នេះ​នឹងមិន​ប៉ះពាល់​ច្រើន​ដល់​សកម្មភាព និង​គុណភាព​ផលិតផល​របស់​ក្រុមហ៊ុន។

    បច្ចុប្បន្ន IBM មាន​បុគ្គលិក 260,000 នាក់ និង​បន្ត​ជ្រើសរើស​សម្រាប់​តំណែង​ទាក់ទង​នឹង​សប​វ៉ែ​រ និង​តំណែង​ដែល​ធ្វើការ​ជាមួយ​អតិថិជន។ ដើមឆ្នាំ​នេះ IBM បាន​បញ្ឈប់​បុគ្គលិក 5,000 នាក់ ប៉ុន្តែ​បានជ្រើសរើស 7,000 នាក់​នៅក្នុង​ត្រីមាស​ទីមួយ​ឆ្នាំនេះ។

    នៅពេល​ឧបករណ៍​បញ្ញា​និម្មិត​កាន់តែ​រីកចម្រើន និង​បង្ហាញ​ពី​សមត្ថភាព​ដ៏​អស្ចារ្យ​នៅក្នុង​ការងារ​ដែល​មិន​ទាមទារ​ឱ្យមាន​ជំនាញ​ខ្ពស់ ក្រុម​​អ្នកជំនាញ​ចាប់ផ្ដើម​មានការ​ព្រួយបារម្ភ​អំពី​ហានិភ័យ​ទីផ្សារការងារ​បែប​បុរាណ​ត្រូវបាន​បំផ្លាញ។ មនុស្ស​ជាច្រើន​ដែល​ធ្វើការ​ក្នុង​វិស័យ​មួយចំនួន​មាន​ដូចជា ការងារ​និពន្ធ ការងារ​គូររូប​ជាដើម ​បាន​ប្រាប់ថា ប្រាក់ចំណូល​របស់​ពួកគេ​បាន​ថយចុះ​ពាក់កណ្ដាល​ចាប់តាំងពី​បណ្ដា​រូបមន្ត AI ត្រូវបាន​ណែនាំ​ដល់​សាធារណជន៕

  • រដ្ឋមន្ត្រី​៖ ធនធានមនុស្ស​ ជា​សក្តា​នុ​ពល​សំខាន់​ ក្នុង​ដំណើរ​ពន្លឿន​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា​

    រដ្ឋមន្ត្រី​៖ ធនធានមនុស្ស​ ជា​សក្តា​នុ​ពល​សំខាន់​ ក្នុង​ដំណើរ​ពន្លឿន​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា​

    រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ឯកឧត្ដម​ វេង​ សា​ខុន​ បាន​លើកឡើង​ថា​ ដើម្បី​អភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ គឺ​ចាំបាច់​ត្រូវ​មាន​ធនធានមនុស្ស​ប្រកបដោយ​ចំណេះដឹង​ ចំណេះធ្វើ​រួម​ទាំង​សីលធម៌​វិជ្ជាជីវៈ​ គុណធម៌​ខ្ពស់​ ដើម្បី​ឈាន​ទៅ​ពន្លឿន​ដំណើ​ការអភិវឌ្ឍន៍​វិស័យ​កសិកម្ម​កម្ពុជា​ឱ្យ​កាន់តែ​ដើរទៅ​មុខ​។

    ការ​លើកឡើង​នេះ​ ត្រូវ​បាន​ធ្វើឡើង​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ ដល់​មន្ត្រី​ក្របខ័ណ្ឌ​ថ្មី​ នៅ​ទីស្ដីការ​ក្រសួង​កសិកម្ម​ កាលពី​ចុងខែ​មករា​ ឆ្នាំ2020​ កន្លងទៅ​។ នា​ឱកាស​នោះ​ ឯកឧត្ដម​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ បាន​កោតសរសើរ​ចំពោះ​ជយលាភី​ ដែល​មន្ត្រី​ក្រប​ខ័ណ្ឌ​ថ្មី​ៗទើប​ទទួល​បាន​ដោយសារ​ការ​ប្រឡង​ប្រកបដោយ​តម្លាភាព​ និង​យុត្តិធម៌​កាលពី​ថ្ងៃទី27​ ខែតុលា​ ឆ្នាំ2019​ កន្លងទៅ​។

    ជាមួយគ្នា​នោះ​ លោក​រំពឹង​ថា​ មន្ត្រី​ក្របខ័ណ្ឌ​ថ្មី​ទាំង​ 120នាក់​ នឹង​ចូលរួម​ចែករំលែក​ជា​កម្លាំងកាយ​ ចំណេះដឹង​ ស្មារតី​ក្នុង​ការបម្រើ​ការងារ​ឱ្យ​អង្គភាព​របស់​ខ្លួន​ផ្ទាល់​ ដែល​ប្រកប​ដោយសក្តានុពល​ក្នុង​ការ​ពន្លឿន​ដំណើរការ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​។

    ជាមួយគ្នា​នោះ​ ឯកឧត្ដម​រដ្ឋមន្ត្រី​ វេង​ សា​ខុន​ ក៏​បាន​ផ្តាំផ្ញើ​មន្ត្រី​ក្របខ័ណ្ឌ​ថ្មី​ទាំងនោះ​ដែរ​ថា​ ដើម្បី​អភិវឌ្ឍ​វិស័យ​កសិកម្ម​ គឺ​ចាំបាច់​ត្រូវ​មាន​ធនធាន​មនុស្ស​ប្រកបដោយ​ចំណេះដឹង​ ចំណេះធ្វើ​ រួម​ទាំង​សីលធម៌​វិជ្ជាជីវៈ​និង​ គុណធម៌​ខ្ពស់​។

    អ្នកចូលរួម​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល ដល់​មន្ត្រី​ក្របខ័ណ្ឌ​ថ្មី នៅ​ទីស្ដីការ​ក្រសួងកសិកម្ម

    ហេតុ​ដូចនេះ​ដើម្បី​ប្រែក្លាយ​ខ្លួន​ជា​ធនធានមនុស្ស​ពោរពេញ​ដោយ​សមត្ថភាព​ ប្រកប​ដោយសក្តានុពល​ និង​ក្លាយជា​ទំពាំងស្នងឫស្សី​ ក្នុង​ពេល​អនាគត​ដ៏​ខ្លី​នេះ​ លោក​បាន​ផ្តល់​អនុសាសន៍​ចំនួន​ 5ចំណុច​សំខាន់​ដល់​មន្ត្រី​ក្របខ័ណ្ឌ​ថ្មីនេះ​ ដែល​មានខ្លឹមសារ​ជាអាទិ៍​៖

    ទី1​៖ ត្រូវ​បន្ត​អភិវឌ្ឍ​ខ្លួន​ ដោយ​ត្រូវ​ខិតខំ​រៀនសូត្រ​ចំណេះ​ជំនាញ​ ក្រមសីលធម៌​វិជ្ជាជីវៈ​ ក្រម​ប្រតិបត្តិ​ លិខិត​បទដ្ឋាន​គតិ​យុត្ត​របស់ក្រ​សួង​ សហលក្ខន្តិកៈ​មន្ត្រី​រាជការ​។ល។

    ទី2​៖ ត្រូវ​គោរពច្បាប់​រដ្ឋ​ និង​រដ្ឋធម្មនុញ្ញ​ ដែល​ជា​ច្បាប់​កំពូល​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ កាតព្វកិច្ច​ នៃ​មន្ត្រី​រាជការ​គ្រប់រូប​ មាន​ចែង​នៅក្នុង​ច្បាប់​ស្តី​ពី​សហលក្ខន្តិកៈ​មន្ត្រី​រាជការ​ ជំពូក​ទី5​ មាត្រា​ 33​, 34​, 36​, 37​ និង38​។

    ទី3​៖ ត្រូវ​ប្រកាន់យក​ភាព​ថ្លៃថ្នូរ​ និង​មាន​កិត្តិយស​កាតព្វកិច្ច​ លាក់ការណ៍​ គោរព​ការសម្ងាត់​វិជ្ជាជីវៈ​អព្យាក្រឹត​ក្នុង​ការងារ​ ភក្តី​ភាព​ គិតគូរ​ និង​ការពារ​ឱ្យ​បាន​នូវ​ផលប្រយោជន៍​ជាតិ​ សាធារណៈ​ ក្រសួង​ និង​ផលប្រយោជន៍​អង្គភាព​ ជាពិសេស​ គឺ​ត្រូវ​ចូលរួម​ចំណែក​ ថែរក្សា​ការពារ​សន្តិភាព​។

    ទី4​៖ ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​សាមគ្គីភាព​ផ្ទៃក្នុង​ខ្ពស់​នៅពេល​បំពេញភារកិច្ច​ សហការ​គ្នា​ និង​ចូលរួម​គ្រប់​សកម្មភាព​ដែល​ផ្តល់​ប្រយោជន៍​ដល់​អង្គភាព​របស់​ខ្លួន​ ក្រសួង​ និង​ប្រទេសជាតិ​។

    នៅក្នុង​ឱកាស​នោះ​ដែរ​ បើ​តាម​របាយការណ៍​របស់​លោក​ ទី​ ចាន់​ណា​ ប្រធាន​នាយកដ្ឋាន​បុគ្គលិក​និង​អភិវឌ្ឍន៍​ធនធានមនុស្ស​ បានឱ្យ​ដឹង​ថា​ សម្រាប់​ឆ្នាំ2019​ ក្រសួង​បាន​ទទួល​មន្ត្រី​ចំនួន​ 120នាក់​ដែល​ទើប​ប្រឡងជាប់​ក្របខ័ណ្ឌ​ថ្មី​ ដោយ​ត្រូវ​បែងចែក​ទៅ​តាម​អង្គភាព​ជំនាញ​ និង​មន្ទីរ​នី​មួយ​ៗ។ ជាមួយគ្នា​នោះ​ នាយកដ្ឋាន​បុគ្គលិក​ និង​អភិវឌ្ឍន៍​ធនធានមនុស្ស​ នឹង​ខិតខំ​រៀបចំផែនការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ឱ្យ​កាន់តែ​មានគុណ​ភាព​ខ្ពស់​។

    គោលនយោបាយ​ត្រូវ​បាន​ផ្តោត​ទៅលើ​ការ​បង្កើន​ជំនាញ​ និង​ចំណេះដឹង​ពាក់ព័ន្ធ​ ផលិតកម្ម​ ពិពិធ​កម្ម​ សមត្ថភាព​ក្នុង​ការកែច្នៃ​ ការ​ស្តុក​ទុក​ ការចែកចាយ​ និង​ការស្វែងរក​ទីផ្សារ​។ រដ្ឋាភិបាល​បាន​កំណត់​គោលដៅ​សម្រាប់​ពាណិជ្ជកម្ម​ កសិកម្ម​ដើម្បី​បង្កើនផលិតផល​ក្នុង​ស្រុក​សរុប​ (GDP​) ឱ្យ​បាន​ 30ភាគរយ​នៅក្នុង​ឆ្នាំ2025​។ ហេតុនេះ​ ដើម្បី​សម្រេច​នៅ​គោលដៅ​នេះ​ ចាំបាច់​ត្រូវតែ​ពង្រឹង​ធនធានមនុស្ស​ឱ្យ​កាន់តែ​មាន​សមត្ថភាព​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម​។

    ការថតរូបជុំគ្នា ​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល ដល់​មន្ត្រី​ក្របខ័ណ្ឌ​ថ្មី នៅ​ទីស្ដីការ​ក្រសួងកសិកម្ម

    យ៉ាងណាក្ដី​ បើ​តាម​ការ​អះអាង​ពីរ​ដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ ឯកឧត្ដម​ វេង​សា​ខុន​ បានឱ្យ​ដឹង​ថា​ ដើម្បី​ឈាន​ទៅ​ពន្លឿន​ដំណើ​ការ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​កម្ពុជា​ ក្រសួង​បាន​ណែនាំ​បន្ថែម​ដល់​អង្គភាព​ជំនាញ​ក្រោម​ឱវាទ​ក្រសួង​ទាំងអស់​ ត្រូវ​យកចិត្ត​ទុកដាក់​ពិចារណា​ និង​អនុវត្ត​ឱ្យ​បាន​យ៉ាងសកម្ម​នៅ​ចំណុច​សំខាន់​រួមមាន​៖

    ទី1​- គ្រប់​អង្គភាព​ក្រោម​ឱវាទ​ក្រសួង​ត្រូវតែ​ពង្រឹង​និង​កែ​លម្អ​ដំណើរការ​នៃ​ការគ្រប់គ្រង​ និង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ សំដៅ​ប្រែក្លាយ​ធនធានមនុស្ស​នៅក្នុង​វិស័យ​សាធារណៈ​ឱ្យ​កាន់តែ​មាន​សមត្ថភាព​វិជ្ជាជីវៈ​ច្បាស់លាស់​ និង​ប្រសិទ្ធភាព​ក្នុង​ការ​បំពេញ​ការងារ​។

    ទី2​- បន្ត​ធ្វើការ​កែទម្រង់​ឱ្យ​មានប្រសិទ្ធភាព​ដោយ​ដាក់ចេញ​នូវ​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​ ផែនការ​សកម្មភាព​ និង​ការរៀបចំ​ប្រព័ន្ធ​តាមដាន​ត្រួតពិនិត្យ​មាន​ភាព​ប្រទាក់ក្រឡា​គ្នា​ គ្រប់ជ្រុងជ្រោយ​ និង​សង្គតិភាព​។ បន្ដ​កិច្ច​សហ​ប្រតិ​បត្ដិ​ការ​ល្អជា​មួយ​អាជ្ញាធរ​មូលដ្ឋាន​ ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់​ និង​ដៃគូ​អភិវឌ្ឍន៍​កសិកម្ម​នានា​ឱ្យ​បាន​ល្អ​ប្រសើរ​។

    ទី3​- ត្រូវ​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​ខ្ពស់​នៅពេល​បំពេញភារកិច្ច​ ព្រមទាំង​ប្រគល់​ការងារ​តាម​សមត្ថភាព​ និង​ទប់ស្កាត់​រាល់​សកម្មភាព​បំបែកបំបាក់​ផ្ទៃក្នុង​របស់​យើង​ ក៏ដូចជា​ការគ្រប់គ្រង​លើ​មន្ត្រី​រាជការ​ប្រកបដោយ​យុត្តិធម៌​។ ត្រូវ​ចៀសវាង​នូវ​ការ​បំបែកបំបាក់​ផ្ទៃក្នុង​ និង​មិន​កេង​ចំណេញ​យក​ផលប្រយោជន៍​សម្រាប់​បុគ្គល​ខ្លួន​។ ត្រូវ​ចងចាំ​ជានិច្ច​នូវ​អនុសាសន៍​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ ទាំង​ 11ចំណុច​ ដែល​តែងតែ​ក្រើន​រំឭក​ថា​ ជាតិ​ជាម​ន្ត្រី​ដែល​ល្អ​ គឺ​ត្រូវ​ធ្វើអ្វី​ខ្លះ​?។

    ទី4​- ត្រូវ​បង្កើន​ការ​យកចិត្ត​ទុកដាក់​ និង​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការដំឡើង​ថ្នាក់​ ឋានន្តរស័ក្តិ​ និង​គ្រឿងឥស្សរិយយស​ជូន​មន្ត្រី​រាជការ​ក្រោម​ឱវាទ​។ ទន្ទឹម​នឹង​នេះ​ គ្រប់​អង្គភាព​ ត្រូវ​ខិតខំ​លើកទឹកចិត្ត​ដល់​មន្ត្រី​រាជការ​ដែល​បាន​ខិតខំ​បន្ត​ការសិក្សា​។

    ទី5​- ប្រធាន​គ្រប់​អង្គភាព​ត្រូវ​យកចិត្ត​ទុកដាក់​ និង​ពិនិត្យ​ តាមដាន​ រាល់​លិខិត​ណែនាំ​ សារាចរ​ ឬលិខិត​នានា​របស់ក្រ​សួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ដែល​បាន​ដាក់ចេញ​ឱ្យ​អនុវត្ត​ ជាពិសេស​ គ្រប់​អង្គភាព​ទាំងអស់​ ជា​រៀងរាល់​ឆ្នាំ​ ត្រូវ​រៀបចំផែនការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ និង​ធ្វើ​របាយការណ៍​ស្ថិតិ​មន្ត្រី​រាជការ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ក្នុង​ និង​ក្រៅប្រទេស​។

    តាមរយៈ​ការ​ដាក់ចេញ​នូវ​វិធានការ​ និង​សេចក្តី​ណែនាំ​នេះ​ ក្រសួង​កសិកម្ម​រំពឹង​ថា​ នឹង​ឈាន​ទៅ​អភិវឌ្ឍន៍​ធនធានមនុស្ស​កាន់តែ​មាន​សមត្ថភាព​ វិជ្ជាជីវៈ​ច្បាស់លាស់​ និង​ប្រសិទ្ធភាព​ ដើម្បី​ឈាន​ទៅ​អភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន​ឡើង​៕

  • កម្ពុជា មានធនធានមនុស្សផ្នែកទេសចរណ៍ 500នាក់អាចធ្វើការក្នុងតំបន់អាស៊ាន

    កម្ពុជា មានធនធានមនុស្សផ្នែកទេសចរណ៍ 500នាក់អាចធ្វើការក្នុងតំបន់អាស៊ាន

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍បានថ្លែងថា កម្ពុជាមានធនធានមនុស្សធ្វើការងារក្នុងវិជ្ជាជីវៈទេសចរណ៍ចំនួន 500នាក់ អាចធ្វើការងារនៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ានបាន។

    រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោក ថោង ខុន បានថ្លែងឲ្យដឹងកាលពីដើមសប្តាហ៍នេះថា ធនធានមនុស្សកម្ពុជា 500នាក់ ដែលមានជំនាញវិជ្ជាជីវៈទេសចរណ៍ត្រូវបានបញ្ជូលឈ្មោះទៅកាន់ការិយាល័យកណ្តាលអាស៊ាននៅទីក្រុងហ្សាការតានៃប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីពួកគេបានទទួលការវាយតម្លៃពីគុណវុឌ្ឍិការងារពីរដ្ឋាភិបាលរួចមក។ លោកបន្តថា មិនថាតែធនធានមនុស្សកម្ពុជានោះទេ នៅប្រទេសផ្សេងទៀតក៏មានការបញ្ជូនឈ្មោះទៅកាន់ការិយាល័យកណ្តាលអាស៊ាននេះផងដែរ ក្នុងករណីប្រទេសណាត្រូវការ ពួកគេនឹងយកធនធានមនុស្សចេញពីទីនោះ។

    លោកបានបន្តថា ធនធានមនុស្សកម្ពុជាទាំង 500នាក់នោះ ពួកគេអាចធ្វើការនៅគ្រប់បណ្តាប្រទេសក្នុងតំបន់អាស៊ានបាន ប្រសិនជាប្រទេសណាមួយត្រូវការ ហើយពួកគេនឹងទទួលបានប្រាក់ខែច្រើនជាងធ្វើការងារនៅប្រទេសរបស់ខ្លួន។

    ទាក់ទងនឹងការព្រួយបារម្ភពីការដែលប្រទេសដទៃមកដណ្តើមការងារប្រជាជនកម្ពុជានោះ លោករដ្ឋមន្រ្តីបានពន្យល់ថា មេដឹកនាំនៃបណ្តាប្រទេសក្នុងតំបន់អាស៊ានបានចុះកិច្ចព្រមព្រៀងទទួលយកធនធានមនុស្សពីប្រទេសក្នុងតំបន់លើជំនាញមួយចំនួនរួចហើយ ហើយប្រទេសនីមួយៗគឺអាចទទួលយកអ្នកជំនាញពីប្រទេសនានាក្នុងតំបន់ត្រឹម10ភាគរយនៃចំនួនធនធានមនុស្សដែលពួកគេត្រូវការប៉ុណ្ណោះ ដូច្នេះមិនចាំបាច់មានការព្រួយបារម្ភនោះទេ៕