Tag: ទំនាក់ទំនង

  • “វាក់អ៊ើ!” ការលេងដែលសាងវិវឌ្ឍនាការរបស់កូនតូចដែលឪពុកម្ដាយនឹកស្មានមិនដល់

    “វាក់អ៊ើ!” ការលេងដែលសាងវិវឌ្ឍនាការរបស់កូនតូចដែលឪពុកម្ដាយនឹកស្មានមិនដល់

    វាក់អ៊ើ! គឺជាការលេងដ៏សែនមហាងាយ នរណាៗក៏លេងបាន មានពេលតិចតួចក៏លេងបាន ថែមទាំងលេងបានមិនកំណត់ទីកន្លែង និងពេលវេលាទៀតផង។ គ្រាន់តែមានឧបករណ៍តម្លៃ 0 រៀល តែមានគុណតម្លៃខាងផ្លូវចិត្តខ្ពស់បំផុត នោះគឺ មនុស្សជាឪពុកម្ដាយហ្នឹងឯង។ លទ្ធផលដែលបានពីការលេង វាក់អ៊ើ មិនមែនត្រឹមតែភាពសប្បាយរីករាយប៉ុណ្ណោះទេ តែនៅហុចផលល្អដល់វិវឌ្ឍនាការរបស់កូនយ៉ាងច្រើនទៀតផង។

    – វាក់អ៊ើ! បង្ហាត់ពីរឿងការមានស្ថិតស្ថេរនៃរបស់វត្ថុផ្សេងៗ

    អ្នកសិក្សាស្រាវជ្រាវផ្នែកខួរក្បាល និងវិវឌ្ឍនាការបានឱ្យដឹងថា ការលេងយកដៃបិទមុខ ហើយបើកវិញមក វាក់-អ៊ើ! នេះនឹងជួយឱ្យក្មេងក្នុងវ័យ 2 ខួបដំបូងបានរៀនយល់ដឹងពីការមានស្ថិតស្ថេរនៃរបស់ និងវត្ថុផ្សេងៗ(Object permanence) ដូចជា នៅពេលអ្នកម្ដាយយកដៃបិទមុខ ឬទៅលបពួន ហើយមួយភ្លែតក្រោយមកក៏បើកមុខឡើង ឬបង្ហាញខ្លួនមកវាក់អ៊ើជាមួយកូនជាដើម។ រូបបែបនៃការលេងបែបនេះនឹងធ្វើឱ្យកូនបានរៀនយល់ដឹងបន្តិចម្ដងៗថា ម៉ាក់នឹងបាត់ចេញពីខ្សែភ្នែកត្រឹមតែមួយភ្លែតប៉ុណ្ណោះទេ រួចហើយបន្តិចទៀតម៉ាក់នឹងត្រឡប់មកវិញមិនខាន។

    – វាក់អ៊ើ! បង្ហាត់ឱ្យចេះទន្ទឹងរង់ចាំ

    នៅពេលដែលកូនបានរៀនយល់ដឹងបន្តិចម្ដងៗថា ប៉ាម៉ាក់គឺពិតជាមានប្រាកដមែន ប៉ាម៉ាក់អាចបាត់ពីខ្សែភ្នែកខ្លះហើយ តែបន្តិចទៀតនឹងត្រឡប់មកវិញមិនខាន។ កូននឹងចាប់ផ្ដើមមានភាពជឿជាក់លើមនុស្សជាឪពុកម្ដាយ ខណៈពេលជាមួយគ្នាក៏ចាប់ផ្ដើមរៀនយល់ដឹងពីការរស់នៅដោយខ្លួនឯង(Independence)។ ដូច្នេះហើយទើបការលេងវាក់អ៊ើជាការជំរុញឱ្យកូនតូចចេះអត់ទ្រាំរង់ចាំ ចាប់ផ្ដើមពីម្ដាយលើកដៃបិទមុខ ឬពួននៅពីផ្ទាំងក្រណាត់ កូនក៏ត្រូវរង់ចាំថា តើពេលណាម៉ាក់នឹងបើកមុខ ឬចេញមកវិញ ដែលរឿងនេះវានឹងអភិវឌ្ឍឆ្ពោះទៅរកការអត់ទ្រាំរង់ចាំក្នុងរឿងផ្សេងៗដែលមានភាពលំបាក និងស្មុគស្មាញជាងនៅពេលក្រោយ ដូចជា ម៉ាក់ទៅចូលបន្ទប់ទឹក ទៅធ្វើម្ហូប ឬចេញទៅធ្វើការក្រៅផ្ទះ ជាដើមហ្នឹងឯង។

    – វាក់អ៊ើ! បង្ហាត់ពីការចងចាំ

    ខួរក្បាលរបស់ក្មេងតូចៗត្រៀមជាស្រេចក្នុងការរៀនយល់ដឹង និងធំធាត់គ្រប់ពេលវេលា ហើយនឹងរឹតតែអភិវឌ្ឍបានល្អឡើងតាមរយៈការលេងគ្រប់អំឡុងពេលដែលឪពុកម្ដាយលេងវាក់អ៊ើជាមួយកូន ដែលនឹងបង្ហាត់ខួរក្បាលរបស់កូនផ្នែកការចងចាំ។ សេចក្ដីសប្បាយនឹងកើតចេញពីការចងចាំថា ប៉ា និងម៉ាក់ធ្លាប់អើតមុខមកវិញនៅខាងណា? ពេលណា? ហើយនឹកស្មានទុកជាមុនថា លើកក្រោយប៉ា និងម៉ាក់នឹងបង្ហាញមុខចេញមកនៅខាងដដែលឬក៏អត់ហ្ន៎? ជាដើម។

    – វាក់អ៊ើ! ជួយអភិវឌ្ឍផ្នែកការទំនាក់ទំនង

    គ្រប់ស្នាមញញឹម និងសំឡេងសើចរបស់កូន មិនមែនជារឿងចៃដន្យដែលកើតឡើងមួយភ្លែតៗ និងកន្លងផុតទៅដោយគ្មានអត្ថន័យនោះទេ តែវាបង្ហាញអំពីវិវឌ្ឍនាការផ្នែកការទំនាក់ទំនងរបស់កូន។ សម្រាប់ក្មេងតូចក្នុងអំឡុងវ័យ 1 – 2 ឆ្នាំដំបូង ការទំនាក់ទំនងជាមួយពិភពខាងក្រៅនឹងត្រូវបញ្ជូនចេញមកតាមរយៈការញញឹម សើច យំ សម្លឹងមុខ ឬសូម្បីតែការកម្រើកដៃជើង ដូចគ្នានឹងបដិសម្ព័ន្ធដែលកើតឡើងខណៈដែលកូនលេងវាក់អ៊ើជាមួយឪពុកម្ដាយដែរ។ ស្នាមញញឹម និងសំឡេងសើចដែលកើតឡើងបង្ហាញឱ្យឃើញថា ការទំនាក់ទំនងរវាងគ្នានឹងគ្នាទទួលបានភាពជោគជ័យហើយណា៎។ ដូច្នេះហើយទើបការលេងវាក់អ៊ើ គឺជាការជំរុញវិវឌ្ឍនាការខាងការទំនាក់ទំនងរបស់កូនបានយ៉ាងល្អ។

    – វាក់អ៊ើ! សាងសម្ព័ន្ធភាព

    ការលេងវ៉ាក់អ៊ើ គឺជាអំឡុងពេលដែលមានកូនជាចំណុចកណ្ដាល ជាការលេងដែលសាងស្នាមញញឹម និងសំឡេងសើចដល់ក្រុមគ្រួសារតាមរយៈការមើលមុខ ធ្វើសំឡេងទាបខ្ពស់ឱ្យរំភើបចិត្ត។ ជាអំឡុងពេលនែសេចក្ដីសុខដែលជួយគ្នាត្បាញថ្ពក់ខ្សែសម្ព័ន្ធភាពរវាងក្រុមគ្រួសារឱ្យរឹងមាំ ហើយនឹងផ្ដិតចេញជាសម្ព័ន្ធភាពដ៏ស៊ីជម្រៅដែលដក់ជាប់នៅក្នុងបេះដូងរបស់កូនយូរអង្វែងតទៅទៀត។

    ឥឡូវជឿហើយឬនៅថា វាក់អ៊ើ នេះពិតជាល្អចំពោះវិវឌ្ឍនាការរបស់កូនតូចខ្លាំងណាស់ និងជាគំរូនៃការសាងពេលវេលាគុណភាពក្នុងគ្រួសារដែលបានពិសោធរួចហើយថា មិនមែនជារឿងលំបាក មិនអស់លុយកាក់ និងពេលវេលានោះឡើយ។ ជារឿងតូចមួយដែលអ្នកគ្រូឆវីគិតថា លោកឪពុកអ្នកម្ដាយគ្រប់រូបអាចធ្វើបានទាំងអស់គ្នា៕

  • គោលការណ៍​ក្នុងការ​មើលថែ​ទំនាក់ទំនង​គ្រួសារឱ្យ​ស្ថិតស្ថេរ និង​រឹងមាំ

    គោលការណ៍​ក្នុងការ​មើលថែ​ទំនាក់ទំនង​គ្រួសារឱ្យ​ស្ថិតស្ថេរ និង​រឹងមាំ

    ក្នុងពេល​បច្ចុប្បន្ននេះ ស្ថិតិ​ការលែង​លះ​កើនឡើង​យ៉ាងខ្លាំង ព្រោះថា​ការរស់នៅ និង​ដំណើរ​ជីវិត​របស់​មនុស្សម្នាក់ៗខុសប្លែក​ពីគ្នា និង​មិន​នឹកគិត​ក្នុងការ​សម្របសម្រួល​ចូល​រកគ្នា​ហ្នឹងឯង ដូច្នេះ​ថ្ងៃនេះ​យើង​សាកល្បង​នាំគ្នា​មក​មើល​ពី​គោលការណ៍​សំខាន់​ដែល​អ្នក​គួរតែ​ប្រតិបត្តិ​ជាមួយ​មនុស្ស​ក្នុង​ក្រុមគ្រួសារ ដើម្បី​ក្រុមគ្រួសារ​មាន​សេចក្តីសុខ​សុភមង្គល ស្ថិតស្ថេរ និង​រឹងមាំ​យ៉ាងពិត​ប្រាកដ។

    – មើលថែទាំ​គ្នា​ទៅវិញទៅមក : គឺជា​រឿង​ដែល​យើង​ហ្នឹង​មិនអាច​ព្រងើយកន្តើយ​បានឡើយ ព្រោះ​ដោយសារតែ​ការ​មើលថែ ទាំ​យកចិត្តទុកដាក់​មនុស្ស​ដែល​យើង​ស្រឡាញ់ និង​គ្រប់គ្នា​ក្នុង​ក្រុមគ្រួសារ ជា​កត្តា​មូលដ្ឋាន​ដែល​ធ្វើ​ក្រុមគ្រួសារ​របស់​អ្នកមាន​អារម្មណ៍​កក់ក្តៅ​ខ្លាំង​ឡើងហើយ​លទ្ធផល​ពី​ការមើល​ថែទាំ​មនុស្ស​ក្នុង​ក្រុមគ្រួសារ​យ៉ាង​ល្អល្អះ​នេះ នឹងធ្វើ​ឱ្យ​ជីវិត​ស្នេហា​របស់​អ្នក​ល្អ រលូន និង​គ្មាន​បញ្ហា​យ៉ាងពិត​ប្រាកដ។

    – ជួយ​គ្នា​រកស៊ី : ក្នុង​សភាវ​សេដ្ឋកិច្ច​តឹងតែង​បែបនេះ រឿង​ដែល​អ្នក​គួរ​ធ្វើ​នោះ​គឺ ជួយ​គ្នា​សន្សំសំចៃ និង​រកប្រាក់​ចំណូល​ប​ន្ថែ​ម ដើម្បី​សាង​គ្រោង​គ្រឹះ​ខាង​ផ្នែក​ឋានៈ​ហិរញ្ញវត្ថុ​ដល់​គ្រួសារ​របស់​អ្នក ព្រោះ​យ៉ាងណា​ក៏​ប្រាក់​គឺជា​បច្ច័យ​សំខាន់​ក្នុងការ​រស់នៅ និង​ដំណើរការ​ជីវិត​របស់​មនុស្ស​គ្រប់រូប​ដែរ បើ​អ្នក​នៅតែ​ចាយវាយ​បែប​ខ្ជះខ្ជាយ​នោះ ប្រាកដ​ណាស់​ថា វា​មិនមាន​ផល​ល្អ​ចំពោះ​ខ្លួន​អ្នក​យ៉ាងពិត​ប្រាកដ។

    – យកចិត្ត​គេ​មក​ដាក់​ចិ​ត្ក​យើង : បើកឱកាស​ឱ្យ​មនុស្ស​គ្រប់រូប​ក្នុង​គ្រួសារ​របស់​អ្នក​បាន​រិះគិត និង​បញ្ចេញ​គំនិត​យោបល់ ព្រមទាំង​ដោះដូរ​គំនិត​គ្នា​ទៅវិញទៅមក​ជាប់​ជានិច្ច។ អ្នក​មិនគួរ​ធ្វើជា​អ្នកបញ្ជា​ការ​លើ​គ្រប់​ជីវិត​របស់​សមាជិក​គ្រប់រូប​ក្នុង​ក្រុមគ្រួសារ​នោះទេ តែ​ប្តូរ​មក​បើកឱកាស​ដល់​គ្នា​ទៅវិញទៅមក​វិញ ត្រឹមតែ​ប៉ុណ្ណឹង​មនុស្ស​គ្រប់រូប​នៅក្នុង​ផ្ទះ​ក៏មាន​សេចក្តីសុខ​ណាស់​ទៅហើយ។

    – ជន​ទី​បី : បើ​អ្នក​ធ្វើបាន​តាម​ចំណុច​ទាំង3ចំណុច​ខាងលើ​ដូចដែល​បាន​រៀបរាប់​មកហើយ​នោះ បញ្ហា​រឿង​ជន​ទី​បី​ក៏​ពិបាក​នឹង​កើតឡើង​ណាស់ តែ​ក៏​នៅតែ​មិនអាច​ជឿទុកចិត្ត​បាន​ដដែលវិធី​ដែល​ល្អ​អ្នក​គួរ​ធ្វើខ្លួន​ឱ្យ​គួរឱ្យ​ស្រឡាញ់​ជានិច្ចព្យាយាម​មើលថែទាំ​ខ្លួន​ឱ្យមើល​មក​ស្អាត​គ្រប់ពេលវេលា ដើម្បី​កុំឱ្យ​ស្វាមី ឬ​ភរិយា​របស់​អ្នកមាន​នៅសល់​បេះដូង​ទៅ​សម្លឹងមើល​នារី ឬ​បុរស​ណា​ផ្សេង។

    ដូច្នេះ​មិន​ថា ចង់​គិត និង​ចង់​ធ្វើ​អ្វីមួយ​ក៏ដោយក៏​សូមឱ្យ​នឹក​ដល់​ដួងចិត្ត​របស់​មនុស្ស​ក្នុង​ក្រុមគ្រួសារ​របស់​អ្នកជា​រឿង​សំខាន់​ជាប់​ជានិច្ច និង​នៅចាំ​មើលថែទាំ​គ្នា ព្រមទាំង​រកកិច្ចការងារ​ពេលទំនេរ​ធ្វើ​រួមគ្នា​ឱ្យបាន​ញឹកញាប់ ព្រោះ​វា​នឹង​ធ្វើឱ្យ​សម្ព័ន្ធភាព​ក្នុង​ក្រុមគ្រួសារ​ស្ថិតស្ថេរ រឹងមាំ​ឡើង​ហ្នឹងឯង៕

  • ទំនាក់ទំនងជាចំណុចសំខាន់សម្រាប់កសាងភាពជោគជ័យផ្ទាល់ខ្លួន

    ទំនាក់ទំនងជាចំណុចសំខាន់សម្រាប់កសាងភាពជោគជ័យផ្ទាល់ខ្លួន

    នៅក្នុងធាតុសំខាន់ៗដែលនាំឱ្យមនុស្សទទួលបានជោគជ័យទាំងការអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន ការធ្វើការងារសម្រាប់ស្ថាប័ន​រដ្ឋ ឬឯកជន និងការធ្វើអាជីវកម្ម ទំនាក់ទំនងជាកូនសោគន្លឹះមួយមិនអាចខ្វះបាន។ នៅពេលដែលមនុស្សកសាងទំនាក់ទំនង​បានល្អ នោះគេនឹងអាចក្លាយជាមនុស្សដែលមានមធ្យោបាយច្រើនបំផុតដើម្បីសម្រេចរាល់ការងារទាំងអស់ដែលគេកំពុងធ្វើ។

    លោក នឹម ឈុន្នី ស្ថាបនិក​ស្ថាប័នបណ្តុះបណ្តាល Anakot Asia Academy បានលើកឡើងថា ក្រោយពេលលោកបញ្ចប់ការសិក្សានៅបរទេសពាក្យសម្តីមួយឃ្លាដែលលោក​គ្រូរបស់លោក​បាននិយាយ ហើយបង្កើតជាការចងចាំល្អជាងគេ គឺ​“ទំនាក់ទំនងគឺជាជីវិត ហើយជីវិតគឺទំនាក់ទំនង”។ ហេតុនេះទំនាក់ទំនងសំខាន់ខ្លាំងណាស់សម្រាប់បុគ្គលម្នាក់ៗ ព្រោះបើគ្មានទំនាក់ទំនងនោះទេមនុស្សនឹងមិនអាចរីកចម្រើនបានឡើយ ព្រោះមនុស្សត្រូវការពឹងពាក់គ្នា ហើយក៏ត្រូវការជួយគ្នាទៅវិញទៅមកដើម្បីសម្រេចគោលដៅ​ជាវិជ្ជមានទាំងអស់គ្នា។ លោកថា ដើម្បីឱ្យទំនាក់ទំនងធ្វើទៅបានល្អលុះត្រាតែមាន​ចំណុចសំខាន់2យ៉ាងគឺ ពូកែស្តាប់ និង​ទំនុកចិត្ត។

    លោក នឹម ឈុន្នី ស្ថាបនិក​ស្ថាប័នបណ្តុះបណ្តាល Anakot Asia Academy

    លោក នឹម ឈុន្នី បាននិយាយថា៖ “​មនុស្សដែលពូកែទំនាក់ទំនងគឺជាមនុស្សដែលពូកែស្តាប់បំផុត ព្រោះក្រោយពេលដែលគេបានយល់ពីរឿងរ៉ាវទាំងអស់ពាក់ព័ន្ធនឹងបញ្ហាដែលគេត្រូវទាក់ទងហើយ គឺគេអាចបង្កើតដំណោះស្រាយបានយ៉ាងល្អ និង​អាច​ក្លាយជាមនុស្សដែលគេចូលចិត្តទៀផង”។

    អ្នកអប់រំផ្នែក​ផ្លូវចិត្តខាងលើបានលើកឡើងថាចំណុចសំខាន់មួយផ្សេងទៀតសម្រាប់ទំនាក់ទំនងគឺ ទំនុកចិត្ត។ មិនថា​ការធ្វើការងារក៏ដោយ ទំនាក់ទំនងស្នេហា ឬគ្រួសារក៏ដោយ បើគ្មានការទុកចិត្តគ្នាទេ ប្រាកដណាស់មិនអាច​ធ្វើដំណើររួមគ្នា ឬបង្កើតទំនាក់ទំនងល្អជាមួយគ្នាបាននោះទេ ហេតុនេះ​មុននឹងមានទំនាក់ទំនងល្អលុះត្រាតែយើងកសាងខ្លួនឯងឱ្យក្លាយជាមនុស្សដែលគួរទុកចិត្តបានជាមុនសិន។

    លោកបញ្ជាក់ផងដែរថា អគារ​ធំមួយអាចសាងសង់បន្តទៅមុខទៀតបានលុះត្រាតែមានគ្រឹះរឹងមាំជាមុនសិន ហេតុនេះ​មុននឹងបន្ត​អភិវឌ្ឍទំនាក់ទំនងឱ្យបានល្អលុះត្រាតែ​យើងម្នាក់ៗ​កសាងឈ្មោះឱ្យល្អ និយាយតែអ្វីដែលជាការពិត ហើយ​មានភាពហ្មត់ចត់​ក្នុងការធ្វើការងារជាមួយមនុស្សដទៃ។

    ស្របជាមួយនឹងបញ្ហានេះដែរ ព្រះតេជគុណ គូ សុភាព សាស្រ្តាចារ្យនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា​បានមានសង្ឃដីកាថា មនុស្សដែលមានភាពច្បាស់លាស់ ម៉ាត់ណាម៉ាត់ហ្នឹង និងជាមនុស្សដែលអាចជឿទុកចិត្តបាន ភាគច្រើនជាមនុស្សដែលទទួលបានជោគជ័យក្នុងជីវិត។ ព្រះតេជគុណក៏បានលើកជាឧទាហរណ៍ជាក់ស្តែងផងដែរពីការងើបឡើងវិញរបស់អ្នកជំនួញម្នាក់ដែលបាន​ខាតបង់ទ្រព្យសម្បត្តិស្ទើរអស់ពីខ្លួនដោយសារតែការឆេះឃ្លាំង​ទំនិញរបស់គាត់។ តែអ្វីដែលជាលក្ខណៈពិសេសរបស់ឈ្មូញនោះគឺជាមនុស្សដែលបានបង្កើតកេរ្តិ៍ឈ្មោះល្អក្នុងការធ្វើអាជីវកម្ម​របស់ខ្លួន​ដែលគាត់អាចធ្វើឱ្យដៃគូអាជីវកម្មរបស់គាត់ទុកចិត្តគាត់បាន ហើយនៅតែបន្តផ្តល់លុយឱ្យគាត់ខ្ចីរាប់ម៉ឺនដុល្លារដោយមិនបារម្ភច្រើន រហូតធ្វើឱ្យគាត់​អាចស្តារឡើងវិញនូវស្ថានការណ៍អាក្រក់សម្រាប់ជីវិតគាត់បាន។

    ព្រះតេជគុណ គូ សុភាព សាស្រ្តាចារ្យនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា

    ព្រះតេជគុណ គូ សុភាព បានមានសង្ឃដីកាថា៖ “​ឈ្មួញម្នាក់ដែលអាចស្តារទំនាក់ទំនង​ល្អក្នុងការរកស៊ីបាននោះគឺដោយសារតែគាត់ជាមនុស្សច្បាស់លាស់ មានភាពប្រាកដនិយម បើគាត់ថាត្រូវសងលុយថ្ងៃណាគឺគាត់ត្រូវតែសងនៅថ្ងៃនោះហើយទំនិញដែលគាត់ប្រគល់ជូន​ចំនួនប៉ុន្មានគឺគាត់ប្រគល់ជូនគ្មានបាត់ឡើយសូម្បីតែបន្តិចបន្តួចក៏ដោយ។ ហេតុនេះ​គាត់នៅតែអាចក្លាយជាមនុស្សដែលមាន​គេគាំទ្រជុំវិញខ្លួនដដែលបើទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ”។

    ព្រះតេជគុណ គូ សុភាព បានបន្ថែមទៀតថា ហេតុនេះបើចង់ឱ្យក្លាយខ្លួនជាមនុស្សដែលមានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន ចាំបាច់ត្រូវតែ​គោរពគោលការណ៍សំខាន់ៗមួយចំនួនគឺមុននឹង​និយាយស្តី ឬ​មុននឹង​បង្ហាញ​អ្វីមួយជាសាធារណៈត្រូវគិតគូរឱ្យបានល្អិតល្អន់ជាមុនសិនថា សាររបស់យើងនោះប៉ះពាល់ដល់អ្នកដទៃ ឬធ្វើឱ្យ​គេឈឺចាប់​ និងបញ្ហាដែរទេ។ បន្ទាប់មក​ទៀត​ត្រូវ​និយាយអ្វីដែលមនុស្សគ្រប់គ្នារីកចម្រើន ព្រោះអ្នករាល់គ្នានឹងរីករាយជាមួយអ្វីដែលយើងបានចែករំលែក ហើយ​រក្សាបាននូវទំនាក់ទំនងប្រកបដោយភាពវិជ្ជមាន ដែលអាចធ្វើឱ្យយើងបន្តដំណើរនៃការរស់នៅបានយ៉ាងប្រសើរ តាមរយៈការទទួលសេចក្តីគោរពស្រឡាញ់ពីមនុស្សជុំវិញខ្លួន។ ទីបំផុតយើងនឹង​អាចក្លាយជាមនុស្សដែលគេគ្រប់គ្នាចំណាំថាឱ្យតែសេពគប់ជាមួយយើងគឺអាចទទួលបានភាពរីកចម្រើន ហើយពេលនោះស្ថានភាពនៃការរស់នៅនឹងកាន់តែប្រសើរឡើង ព្រោះមនុស្សល្អៗនឹងស្ថិតនៅជុំវិញខ្លួនយើងច្រើនឡើងៗ៕

  • កុមារតូចជាមនុស្ស​ច្បាស់លាស់បំផុត ហេតុនេះ​ការទំនាក់ទំនងជាមួយក្មេងគួរប្រុងប្រយ័ត្ន

    កុមារតូចជាមនុស្ស​ច្បាស់លាស់បំផុត ហេតុនេះ​ការទំនាក់ទំនងជាមួយក្មេងគួរប្រុងប្រយ័ត្ន

    កុមារតូចជាមនុស្សដែលពូកែឆ្ងល់ ចូលចិត្តគិត និង​ច្បាស់លាស់បំផុត ព្រោះអ្វីក៏ដោយ​បើមនុស្សធំឱ្យគេធ្វើ កុមារនឹងធ្វើតាម​ទាំងស្រុង និងល្អឥតខ្ចោះ ហេតុនេះ​ការនិយាយជាមួយក្មេងមិនច្បាស់លាស់អាចបណ្តាលឱ្យមានបញ្ហា។

    លោក​ជំទាវ ទន់ សាអ៊ីម បានលើកឡើងថាកុមារជាមនុស្សដែលច្បាស់លាស់បំផុត នៅពេលគេអានរឿងអ្វីមួយដែលមានលក្ខណៈមិនច្បាស់លាស់គេចាប់ផ្តើម​កត់សម្គាល់ដឹងភ្លាម។ ជាឧទាហរណ៍ នៅពេលកុមារអានរឿងណាមួយដែលមើលទៅ​មិនសមហេតុផល ឬមិនអស់សេចក្តីគេចាប់ផ្តើមបន្ថែមសេចក្តីសាច់រឿងនេះដោយខ្លួនឯង។ ហេតុនេះមនុស្សធំត្រូវតែប្រុងប្រយ័ត្នចំពោះការសន្ទនាជាមួយក្មេង និងជាពិសេសទៅទៀតនោះគឺការសន្យាជាមួយពូកគេក្នុងការធ្វើអ្វីមួយជាមួយពួកគេ ព្រោះថាគេតែងចងចាំ​ និងចាំមើលថា យើងបានធើ្វតាមការសន្យារបស់យើងទេ។

    លោកជំទាវ ទន់ សាអ៊ីម បានមានប្រសាសន៍ថា៖ “​ទន្ទឹមនឹង​ភាពជក់ចិត្តនៅក្នុងសាច់រឿងកុមារ​អាចធ្វើបានអ្វីដែលសំខាន់គឺត្រូវតែមានភាពច្បាស់លាស់ ហ្មត់ចត់​ និងអស់សេចក្តី​ ប្រសិនបើមិនអស់សេចក្តីទេ ក្មេងនឹងបន្តឆ្ងល់មិនឈប់ ហើយក៏បង្កើតជាបញ្ហាសម្រាប់ពួកគេ”។

    អ្នកជំនាញ​ខាងអប់រំ​ខាងលើបានលើកឡើងផងដែរថា ការទំនាក់ទំនងជាមួយក្មេង​ក៏ចាំបាច់ត្រូវតែ​មានភាពច្បាស់លាស់បំផុត ព្រោះក្មេងជាវ័យដែល​មិនសូវមានមូលដ្ឋាន​ព័ត៌មានសម្រាប់ការពិចារណាច្រើននោះទេ ប្រសិនបើគេធ្លាប់ដឹងរឿងណាមួយថា​ជាការពិតហើយ គេនឹងកំណត់យក​វាទុកក្នុងចិត្តជាក់ជាមិនខាន។ ហេតុនេះ​អ្នក​អប់រំ​កុមារត្រូវតែ​គិតឱ្យបានសព្វជ្រុងជ្រោយ ពីភាពសមហេតុផល​ និងមាន​ភាពប្រាកដនិយម (logic) ហើយបើប្រាប់រឿងណាមួយដល់ក្មេង​គឺត្រូវធ្វើឱ្យចប់ចុងចប់ដើម ដើម្បីបង្ហាញពីហេតុ និងផលច្បាស់លាស់ដល់ពួកគេ។ ក្រោយពេលគេយល់ហេតុផល​នៃរឿងនីមួយៗហើយ ទើបយើងអាចឈានទៅបង្ហាញរឿងថ្មីមួយទៀត​ដើម្បីកុំឱ្យគេមានភាពច្របូកច្របល់។

    អ្នកជំនាញអប់រំ​នានាសុទ្ធតែ​យល់ឃើញថាការអប់រំ​កុមារតូច ជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ក្នុងការជំរុញ​ប្រជាជនសកម្ម និង​ការអភិវឌ្ឍសង្គមប្រកបដោយ​និរន្តភាពនៅថ្ងៃអនាគត ហើយការកសាងស្ថានភាពវិជ្ជមានទាំងឡាយគឺចាប់ផ្តើមពីការកសាងសមត្ថភាពធនធានមនុស្សពីតូចៗនេះតែម្តង។ហេតុនេះហើយទើបបណ្តាប្រទេសអភិវឌ្ឍនានាចាប់អារម្មណ៍ខ្លាំង និងមានការប្រុងប្រយ័ត្នខ្ពស់បំផុត​ជាមួយនឹងការអប់រំ​កុមារតូច ដែលផ្សារភ្ជាប់ទាំង​គ្រឹះស្ថានអប់រំ និង​អាណាព្យាបាលដែលស្ថិតនៅជាមួយពួកគេដោយផ្ទាល់នៅក្នុងផ្ទះ។

    ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ដើម្បីឱ្យមានការផ្លាស់ប្តូរ​ទម្លាប់ និងដោះស្រាយបញ្ហាសំខាន់ៗក្នុងការរស់នៅលុះត្រាតែយើងមានការអប់រំល្អដល់កុមារតូចៗ ព្រោះនៅពេលកុមារទទួលបានការអប់រំល្អ គេនឹងមានទម្លាប់នៃការរស់នៅល្អពី​ក្នុងដែល​អាចរុញច្រានឱ្យសង្គមទាំងមូលមាន​ស្ថានភាពល្អប្រសើរ។ តែទោះបីជាយ៉ាងនេះក្តីដើម្បីឱ្យកុមារ​ទទួលបានការអប់រំល្អពិតប្រាកដ ជាពិសេស​ទម្លាប់នៃការរស់នៅ និងជំនាញទន់នានាលុះត្រាតែមានការសហការល្អ និងមានការចូលរួមពីអាណាព្យាបាល​គ្រប់រូប​ ស្របពេលដែលស្ថាប័នអប់រំ​កំពុង​ជំរុញឱ្យមានគុណភាពកាន់តែខ្លាំង។

    ឯកឧត្តម ហង់ ជួនណារ៉ុន បានមានប្រសាសន៍ថា៖“​កុមាររៀននៅក្នុងសាលាតែប៉ុន្មានម៉ោងប៉ុណ្ណោះតែកុមាររស់នៅជាមួយអាណាព្យាបាល​ជាច្រើនម៉ោងក្នុងមួយថ្ងៃៗ ហេតុនេះការចូលរួម​ចំណែកក្នុងការអប់រំពីអាណាព្យាបាលគឺជារឿងសំខាន់”។

    ជាក់ស្តែង កម្ពុជាមានកត្តាប្រឈមមួយចំនួន​ត្រង់អាណាព្យាបាល​ហាក់មិនសូវបានគិតគូរច្រើនពីជំនាញ​ភាពជាអាណាព្យាបាល (parenting skills) ដែលបញ្ហានេះបណ្តាលឱ្យ​ប៉ះពាល់ដល់ការអភិវឌ្ឍ​សមត្ថភាពក្មេងតូច ព្រោះនៅពេលដែលអាណាព្យាបាល​ជូនកូនទៅសាលារៀន​ មានន័យថាក្មេងបានទទួល​ការអប់រំមួយផ្នែកធំ តែក្រោយពេលកុមារមកផ្ទះវិញ ហើយឃើញ​សកម្មភាព ឬទទួលយកបរិស្ថានមិនល្អ គេនឹង​មានការប្រែប្រួលជាអ-វិជ្ជមានមកវិញដែរ។ ហេតុនេះអាណាព្យាបាល​ចាំបាច់ត្រូវយកចិត្តទុកដាក់ និងផ្តល់តម្លៃសំខាន់លើការ​អប់រំ​កុមារតូចៗនៅគ្រប់ទីកន្លែង ដោយចំណេះដឹង​ពីភាពជាអាណាព្យាបាល​ ដើម្បី​ផ្តល់ឱ្យកុមារនូវ​ប្រភពចំណេះដឹងតាមកម្រិត​ដែលកូនៗអាចយល់ដឹងបាន និងដឹងពីចំណុចគួរចៀសវាងក្នុងនាមជាអានាព្យាបាលរបស់ក្មេងតូចៗ៕

  • ស្ដាប់អ្នកនាង ភិន សុដាលីស ប្រាប់ពីទំនាក់ទំនងជាមួយកូនកាត់រុស្ស៊ី

    ស្ដាប់អ្នកនាង ភិន សុដាលីស ប្រាប់ពីទំនាក់ទំនងជាមួយកូនកាត់រុស្ស៊ី

    មុនពេលនេះបន្តិច មានការលើកឡើងថា អ្នកនាង ភិន សុដាលីស និងលោក ស៊ីនី ជាតារាសម្ដែងកូនកាត់រុស្ស៊ី អ្នកទាំងពីរមានទំនាក់ទំនងស្នេហានឹងគ្នា ដោយសារតែពួកគេបានបង្ហាញសកម្មភាពស្និទ្ធស្នាលទៅកាន់មហាជន។

    បន្ទាប់ពីលេចនូវការសង្ស័យមិនបានប៉ុន្មានផង ស្រាប់តែអ្នកនាង ភិន សុដាលីស បានអូសទាញតារាប្រុសរូបនេះមកចូលរួមសម្ដែងនៅផលិតកម្មមហាហង្សក្នុងរឿង ”ណូលី និងណូឡា” លើសពីនេះទៀត ផលិតកម្ម មហាហង្សថែមទាំងបានប្រគល់តំណែងតួឯកឱ្យតារាប្រុសម្នាក់នេះថែមទៀតផង។

    បញ្ហានេះត្រូវបានគេសន្និដ្ឋានថា ទង្វើរបស់អ្នកនាងភិន សុដាលីស ហាក់កំពុងតែមាន ចេតនាចង់បង្ហាញទៅឱ្យមហាជនបានឃើញពីសម្ព័ន្ធមេត្រីភាពរបស់ពួកគេហើយ។

    ខាងក្រោមនេះជាកិច្ចសម្ភាសផ្ទាល់រវាងអ្នកយកព័ត៌មានរបស់គេហទំព័រឡា រ៉ែន ជាមួយអ្នកនាង ភិន សុដាលីស និងលោកស៊ីនី ដែលបានបកស្រាយពីសម្ព័ន្ធភាពរបស់ពួកគេ ៖