Tag: ចិន

  • ខ្សិកខ្សួលអួលដើម-ក ពេលបានអានសំបុត្ររបស់អ្នកគ្រូពេទ្យចិនម្នាក់ សរសេរទុកឱ្យកូនប្រុស ពេលខ្លួនឯងចូលទៅ “សមរភូមិវូហាន”

    ខ្សិកខ្សួលអួលដើម-ក ពេលបានអានសំបុត្ររបស់អ្នកគ្រូពេទ្យចិនម្នាក់ សរសេរទុកឱ្យកូនប្រុស ពេលខ្លួនឯងចូលទៅ “សមរភូមិវូហាន”

    “កូនសម្លាញ់ តើកូនធ្លាប់បានឃើញកែវភ្នែករបស់អ្នកជំងឺ និងគ្រួសាររបស់ពួកគេដែលអង្វរសុំឱ្យជួយសង្គ្រោះជីវិតដែរឬទេ? កែវភ្នែកពួកគេដែលសម្លឹងមកម្ដាយ ហាក់ដូចជាផ្ញើសេចក្ដីទុកចិត្ត សេចក្ដីសង្ឃឹម និងការប្រាថ្នាសុំរស់បន្តទៀត”។

    ខាងលើនេះ គឺជាការចាប់ផ្ដើមបន្ទាត់ដំបូងនៃសំបុត្រដែលលោកស្រីវេជ្ជបណ្ឌិត Cao Xiaoying អាយុ 56ឆ្នាំ ជាប្រធានមជ្ឈមណ្ឌលព្យាបាលរោគឆ្លងនៃមន្ទីរពេទ្យប្រជាជនលេខ2 ក្នុងខេត្ត Hebei ប្រទេសចិន ដែលសរសេរទុកឱ្យកូនប្រុសរបស់គាត់ មុនពេលឈានជើងចូលក្នុងតំបន់ “សមរភូមិវូហាន” ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគរលាកសួត Corona។

    សំបុត្រនោះបានសរសេរទៀតថា ៖ “ម្ដាយយល់អំពីអាការព្រួយភ័យ និងក្ដីទុក្ខលំបាក ដែលពួកគេទទួលរងពីអាសន្នរោគដ៏អាក្រក់នេះ”។

    លោកស្រីវេជ្ជបណ្ឌិត Cao Xiaoying បានចូលនិវត្តន៍នៅមុនរដូវបុណ្យចូលឆ្នាំចិន ប៉ុន្តែ បន្ទាប់ពីអាជ្ញាធរខេត្ត Hunan ប្រកាសអំពីការផ្ទុះឆ្លងរាលដាលនៃមេរោគវីរុស Corona លោកស្រីបានសម្រេចចិត្ត ប្រញាប់ត្រឡប់ទៅកាន់មន្ទីរពេទ្យវិញ ដើម្បីបានរួមដំណើរជាមួយក្រុមគ្រូពេទ្យចំនួន 60នាក់ផ្សេងទៀត ស្ម័គ្រចូលទៅប្រយុទ្ធប្រឆាំងមេរោគវីរុស Corona ដ៏សាហាវនោះ។ ជាមួយនឹងបទពិសោធជាង 30ឆ្នាំក្នុងការប្រឆាំងនឹងបណ្ដាមេរោគឆ្លងទាំងឡាយ លោកស្រីបានទទួលព្យាបាលអ្នកជំងឺរលាកសួតដោយការឆ្លងមេរោគវីរុស Corona ដំបូងនៅជនបទ។

    នៅចំពោះមុខការសម្រេចចិត្តនេះ កូនប្រុសរបស់លោកស្រីបានជំទាស់យ៉ាងខ្លាំងក្លា។ កូនប្រុសរបស់លោកស្រីមានគម្រោងនាំមិត្តស្រីរបស់គេមកជម្រាបសួរលោកស្រីក្នុងរដូវចូលឆ្នាំចិនឆ្នាំនេះ។
    មុនពេលត្រឡប់ទៅមន្ទីរពេទ្យវិញ លោកស្រីបានរៀបចំអ្វីៗគ្រប់សព្វបែបយ៉ាងរួចរាល់ ដើម្បីឱ្យកូនប្រុសរបស់គាត់ស្វាគមន៍មិត្តស្រីរបស់គេ ព្រមទាំងបានសរសេរសំបុត្រមួយច្បាប់ទុកឱ្យកូនប្រុសរបស់គាត់ ដោយក្ដីសង្ឃឹមថា កូនប្រុសគាត់នឹងយល់អំពីអារម្មណ៍របស់លោកស្រី។

    ក្នុងសំបុត្រនោះ លោកស្រីវេជ្ជបណ្ឌិត បានសុំទោសកូនប្រុសរបស់គាត់ ព្រោះមិនទាន់បានបំពេញភារកិច្ចជាម្ដាយដ៏ល្អ ប៉ុន្តែ លោកស្រីបានរំឭកជាច្រើនលើកច្រើនសាថា លោកស្រីពិតជាស្រឡាញ់រូបគេខ្លាំងណាស់។

    “កូនប្រុសម្ដាយ ម្ដាយបានសម្រេចជ្រើសរើសមុខរបរជាគ្រូពេទ្យ ដូច្នេះយ៉ាងណាក៏ដោយ យើងមិនអាចនៅជុំគ្នាបានពេញលេញនោះទេ។ ម្ដាយស្រឡាញ់កូន100% ប៉ុន្តែ ពេលវេលារបស់ម្ដាយមិនអាចផ្ដល់ឱ្យកូនបាន 100%​ឡើយ។ ម្ដាយដឹងអំពីភាពគ្រោះថ្នាក់នៃអាសន្នរោគដ៏អាក្រក់នេះ ម្ដាយអាចដឹងបានអំពីការឈឺចាប់ និងការរងទុក្ខវេទនាពីមេរោគនេះ។ បំណងរបស់ម្ដាយក្នុងជាតិនេះ គឺការបំបាត់ចោលរាល់បញ្ហាអាក្រក់ទាំងអស់នេះ។ សុំទោសណា៎ កូនប្រុសម្ដាយ ការបែកគ្នាមួយរយៈខ្លីរបស់យើង គឺជាសំឡេងសើចរីករាយរបស់មនុស្សរាប់លាននាក់ដែលគេត្រូវការម្ដាយណា៎កូន។ នេះគឺជាប្រការមួយដែលគ្រូពេទ្យទាំងឡាយត្រូវតែធ្វើ”។

    នៅទីបញ្ចប់នៃសំបុត្រ ស្ត្រីម្នាក់នេះបានសរសេរថា ៖ “កូនប្រុស ក្រដាសវាខ្លីពេក ប៉ុន្តែក្ដីស្រឡាញ់ដែលម្ដាយមានចំពោះកូន គឺវែងជាងនេះឆ្ងាយណាស់។ ម្ដាយនឹងស្លៀកឈុតការពារមេរោគជាប់ជានិច្ច កូនកុំបារម្ភ ហើយចូរកូនធ្វើជំនួសម្ដាយ ក្នុងការការពារក្រុមគ្រួសារយើង ណា៎កូនណា៎។ ម្ដាយត្រូវការពារ និងបំពេញកាតព្វកិច្ចរបស់ម្ដាយ។ ពេលអាសន្នរោគអាក្រក់នេះបានថមថយចុះ ម្ដាយសន្យាថា នឹងត្រឡប់ទៅនៅក្បែរកូនឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន។ ម្ដាយជឿថា កូននឹងយល់ចំពោះរឿងទាំងអស់នេះ មែនទេកូន?”។

    ថ្ងៃទី26 មករា បន្ទាប់ពីសំបុត្រខាងលើត្រូវបានគេបង្ហោះ និងចែករំលែកក្នុងបណ្ដាញសង្គមចិន មានអ្នកលេងអ៊ីនធើណិតជាច្រើន បានបង្ហាញពីអារម្មណ៍របស់ខ្លួនដោយការ Comment។

    អ្នកលេងបណ្ដាញសង្គម Weibo ម្នាក់បានបញ្ចេញមតិថា ៖ “នៅក្នុងអំឡុងពេលដែលអាសន្នរោគកំពុងរាតត្បាត សំបុត្ររបស់អ្នកគ្រូពេទ្យ Cao Xiaoying បានធ្វើឱ្យខ្ញុំរំភើប អួលដើម-ក និងពិតជាកោតសរសើរចំពោះស្មារតីជួយអ្នកជំងឺយ៉ាងអស់ពីចិត្តរបស់លោកស្រី”។

    អ្នកលេងបណ្ដាញសង្គមម្នាក់ទៀតសរសេរថា ៖ “សង្ឃឹមថា ទេវតាអាវពណ៌សទាំងឡាយ ដែលនៅតំបន់ជួរមុខនឹងបានត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព និងបានជួបជុំគ្រួសារ”។

    សូមបញ្ជាក់ថា គិតដល់រសៀលថ្ងៃទី31មករានេះ មានអ្នកឆ្លងមេរោគ Corona សរុបជាង 9,800នាក់ ក្នុងនោះមាន 9700នាក់ស្ថិតនៅក្នុងប្រទេសចិន រួមទាំងហុងកុង ម៉ាកាវ និងកោះតៃវ៉ាន់ផងដែរ។ ចំណែកអ្នកស្លាប់ដោយសារមេរោគវីរុស Corona នេះ បានកើនឡើងដល់ 213នាក់ ដែលជនរងគ្រោះទាំងនោះ សុទ្ធតែស្ថិតនៅក្នុងប្រទេសចិន ពិសេសគឺ ក្នុងតំបន់ Wuhan ដែលជាកន្លែង “ចាប់កំណើត” នៃមេរោគវីរុស Corona ដ៏គួរ​ឱ្យភ័យខ្លាចនេះ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • ចិនព្រមានពីការកើតឡើងនៃ “សម្បុកមេរោគ” រលាកសួត “ទី2” បន្ទាប់​ពី Wuhan

    ចិនព្រមានពីការកើតឡើងនៃ “សម្បុកមេរោគ” រលាកសួត “ទី2” បន្ទាប់​ពី Wuhan

    អភិបាលខេត្ត Hebei បាននិយាយថា ជំងឺរលាកសួតដែលបង្កឡើងដោយមេរោគ Corona (nCoV) មកដល់ពេលនេះបានធ្វើឱ្យមានភាពវឹកវរជាខ្លាំងក្នុងក្រុង Huanggang (ទីក្រុង 1ទៀត)នៃខេត្តមួយនេះ។

    នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី29 មករាកន្លងទៅ អភិបាលខេត្ត Hebei លោក Wang Xiaodong បានថ្លែងថា យើងមិនអាចបណ្ដោយឱ្យទីក្រុង Huanggang ក្លាយជា “សម្បុកមេរោគ” Wuhan ទី2បានទេ។ លោក Wang Xiaodong ក៏បានស្នើឱ្យបណ្ដាក្រុមហ៊ុនក្នុងខេត្ត Hebei បន្តផ្អាកសកម្មភាពរហូតដល់ក្រោយថ្ងៃទី13 កុម្ភៈ ឆ្នាំ2020។

    ទីក្រុង Huanggang មានប្រជាជនសរុប 7.5លាននាក់ ហើយវាគឺជាទីក្រុងដ៏ធំមួយដែរនៅក្បែរទីក្រុង Wuhan។ Huanggang ក៏ជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលត្រូវបានដាក់បម្រាមគោចរដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគ Corona ដែរ។ ទីក្រុងនេះ មានអ្នកស្លាប់ដោយសារមេរោគរលាកសួត Corona ចំនួន 5នាក់ និងមានអ្នកឆ្លងមេរោគនេះចំនួន 324ករណី គិតមកត្រឹមថ្ងៃទី28 មករា ឈរលំដាប់លេខ2 បន្ទាប់ពីក្រុង Wuhan ដែលជា “ស្រុកកំណើត” របស់មេរោគ Corona។

    ប្រភពព័ត៌មានបានឱ្យដឹងថា អ្នកស្លាប់ដោយសារមេរោគ nCoV (Corona) កើនដល់ 170នាក់ និងអ្នកឆ្លងមេរោគនេះក៏កើនដល់ 7,783ករណីនៅទូទាំងពិភពលោក ភាគច្រើន គឺជាប្រជាជននៅក្រុង Wuhan នេះបើគិតមកដល់ថ្ងៃទី30 មករានេះ។

    ទិន្នន័យចុងក្រោយបានបង្ហាញថា ចិនដីគោកមានអ្នកឆ្លងមេរោគនេះចំនួន7,678នាក់ ប្រទេសថៃ14នាក់ ជប៉ុន11នាក់ ហុងកុង10នាក់ សិង្ហបុរី10នាក់ កោះតៃវ៉ាន់ 8នាក់ អូស្ត្រាលី 7នាក់ ក្រុងម៉ាកាវ 7នាក់ ម៉ាឡេស៊ី 7នាក់ បារាំង 5នាក់ អាមេរិក 5នាក់ អាល្លឺម៉ង់ 4នាក់ កូរ៉េខាងត្បូង 4នាក់ អេមីរ៉េត អារ៉ាប់រួម 4នាក់ កាណាដា 3នាក់ វៀតណាម 2នាក់ កម្ពុជា 1នាក់ ហ្វាំងឡង់ 1នាក់ នេប៉ាល 1នាក់ ស្រីលង្កា 1នាក់។

    ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានថ្លែងនៅក្នុងកិច្ចប្រជុំជាមួយអង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី28កន្លងទៅថា “វីរុស nCoV គឺជាបិសាច ហើយយើងនឹងមិនបណ្ដោយឱ្យពួកវាគេចខ្លួនបានឡើយ។ ចិននឹងបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ និងស្វាគមន៍ WHO ដែលចូលរួមបេសកកម្មប្រឆាំងអាសន្នរោគនេះ។ ចិនមានជំនឿចិត្តថា នឹងអាចទប់ស្កាត់វីរុសនេះបាន”។

    អ្នកជំនាញជាច្រើនយល់ថា មេរោគប្រភេទថ្មី nCoV នេះ មិនសម្លាប់មនុស្សច្រើនដូចមេរោគ SARS មែន ប៉ុន្តែពួកគេនៅតែព្រមានអំពីការកើនឡើងនៃករណីឆ្លងដ៏លឿនរហ័ស ហើយចំណុចពិសេសជាច្រើនរបស់មេរោគនេះ មិនទាន់ត្រូវបានគេដឹងលម្អិតនៅឡើយ។

    ដូចនឹងជំងឺផ្លូវដង្ហើមផ្សេងទៀត មេរោគរលាកសួត Corona នេះ ឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ តាមរយៈគ្រាប់ល្អិតនៃធាតុរាវនៅពេលកណ្ដាស់ ក្អក ឬការប៉ះពាល់អ្នកជំងឺ។ មេរោគនេះក៏អាចឆ្លងទៅអ្នកដទៃបាន នៅមុនពេលអ្នកជំងឺមិនទាន់មានរោគសញ្ញាដែរ។

    WHO បានប្រកាសថា នឹងធ្វើការកោះប្រជុំបន្ទាន់មួយ ដើម្បីដោះស្រាយបញ្ហានៃមេរោគនេះ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • អ្នកជំនាញចិនបញ្ជាក់៖ “ផ្សារលក់អាហារសមុទ្រវូហាន” មិនមែនជាប្រភពកំណើតមេរោគវីរុសកូរ៉ូណាវូហានតែមួយទេ

    អ្នកជំនាញចិនបញ្ជាក់៖ “ផ្សារលក់អាហារសមុទ្រវូហាន” មិនមែនជាប្រភពកំណើតមេរោគវីរុសកូរ៉ូណាវូហានតែមួយទេ

    អ្នកជំនាញការផ្នែកជំងឺសួតរបស់ប្រទេសចិន បានបង្ហើបឱ្យដឹងថា ផ្សារលក់អាហារសមុទ្រក្នុងទីក្រុងវូហាន មណ្ឌលហ៊ូពេយ ប្រទេសចិន អាចមិនមែនជាប្រភពកំណើតនៃការឆ្លងរាលដាលរបស់វីរុសកូរ៉ូណាប្រភេទថ្មីតែមួយកន្លែងទេ។

    កាលពីថ្ងៃទី29 មករា ទីភ្នាក់ងារសារព័ត៌មានស៊ីនហួ បានរាយការណ៍ថា លោក ហួង ឆៅលីន អគ្គនាយករងមន្ទីរពេទ្យវូហាន ជីន យីនតាន់ បានផ្ដល់បទសម្ភាសជាមួយទស្សនាវដ្តី Caixin ថា អាចនឹងមានទីកន្លែងផ្សេងទៀតដែលចម្លងមេរោគនេះមកមនុស្ស។

    ទាំងអស់នេះ មន្ទីពេទ្យវូហាន ជីន យីនតាន់ គឺជាមន្ទីរពេទ្យមួយដែលទទួលអ្នកជំងឺឆ្លងមេរោគវីរុសកូរ៉ូណាច្រើនជាងគេ ខណៈដែលលោក ហួង ឆៅលីន និងក្រុមការងារបានបញ្ចេញរបាយការណ៍ពាក់ព័ន្ធនឹងលទ្ធផលស្រាវជ្រាវថ្មីបំផុតមួយតាមរយៈព័ត៌មានពីគ្លីនិករបស់អ្នកឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី 41នាក់ដំបូងនៅក្នុងព្រឹត្តិបត្រព័ត៌មាន Lancet ដែលជាព្រឹត្តិបត្រខាងវេជ្ជសាស្ត្រលំដាប់ពិភពលោក។ ដោយអ្នកជំងឺដំបូងគេដែលបានបញ្ជូនចូលមកមន្ទីរពេទ្យរបស់លោក ហួង កាលពីថ្ងៃទី1 ខែធ្នូ ឆ្នាំ2019 នោះ បានឱ្យការណ៍ថា មិនដែលបានទៅផ្សារលក់អាហារសមុទ្រហួណាន ក្នុងទីក្រុងវូហានទេ ហើយក្រុមគ្រួសាររបស់អ្នកជំងឺនោះក៏មិនមានអាការគ្រុនក្ដៅ ឬមានអាការរោគខាងប្រព័ន្ធដង្ហើមដែរ។

    ក្នុងចំណោមអ្នកជំងឺ 3នាក់ដែលបានចូលមកព្យាបាលកាលពីថ្ងៃទី10 ខែធ្នូ ឆ្នាំ2019 ក្នុងនោះមាន 2នាក់ ក៏មិនដែលបានទៅផ្សារលក់អាហារសមុទ្រហួណានដូចគ្នា តែតាមរយៈអ្នកជំងឺទាំងអស់ដែលបានបញ្ជាក់ខាងលើនោះ មានតែ 27នាក់ប៉ុណ្ណោះដែលបានទៅផ្សារលក់អាហារសមុទ្រហួណាន ដែលជាប្រភពសាយភាយមេរោគវីរុសកូរ៉ូណាប្រភេទថ្មីនេះ។

    លោក ហួង បានថ្លែងថា នៅពេលពិចារណាតាមរយៈស្ថានការណ៍ជារួមហើយនោះ ផ្សារលក់អាហារសមុទ្រខាងលើ អាចមិនមែនជាប្រភពកំណើតរបស់មេរោគវីរុសកូរ៉ូណាប្រភេទថ្មីតែមួយកន្លែងទេ គឺអាចនឹងមានកន្លែងចម្លងមេរោគនេះជាច្រើនផ្សេងទៀត ក៏អាចថាបានដែរ៕

  • ចំនួនអ្នកស្លាប់ដោយ​សារ​មេ​រោគ​វីរុស​ corona កើនដល់ 170នាក់ និងអ្នកឆ្លងកើនឡើងដល់…

    ចំនួនអ្នកស្លាប់ដោយ​សារ​មេ​រោគ​វីរុស​ corona កើនដល់ 170នាក់ និងអ្នកឆ្លងកើនឡើងដល់…

    ក្រុមមន្ត្រីចិនបានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារឆ្លងមេរោគរលាកសួតថ្មី corona បានកើនដល់ 170នាក់ និងអ្នកកំពុងផ្ទុកមេរោគនេះ មានចំនួន 7,711នាក់។

    គណៈកម្មាធិការសុខាភិបាលជាតិរបស់ប្រទេសចិន (NHC) បានឱ្យដឹងថា ករណីស្លាប់បន្ថែមដោយសារមេរោគវីរុស Corona (nCoV) មានចំនួន 38នាក់ និងចំនួនអ្នកដែលបានឆ្លងបន្ថែម មានដល់ទៅ 1,737ករណី គិតមកដល់ត្រឹមយប់ថ្ងៃទី29 មករា។

    ចំំំណែកអ្នកជំងឺប្រមាណជា 170នាក់ បានរួចផុតពីការស្លាប់ ពោលគឺ ពួកគេបានជាសះស្បើយពីជំងឺរលាកសួតនេះ និងត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះ។

    ប្រភព៖ សារព័ត៌មានបរទេស

  • តើឈ្មោះរបស់មេរោគ Corona មានប្រភពចេញពីណា និងមានទំនាក់ទំនងអ្វីជាមួយស្រាបៀរ Corona របស់ម៉ិកស៊ិក?

    តើឈ្មោះរបស់មេរោគ Corona មានប្រភពចេញពីណា និងមានទំនាក់ទំនងអ្វីជាមួយស្រាបៀរ Corona របស់ម៉ិកស៊ិក?

    នៅពេលយើងស្វែងរកពាក្យ “corona” នៅលើ Google ភ្លាមនោះ យើងនឹងបានឃើញលទ្ធផលដ៏ច្របូកច្របល់ រវាងមេរោគ corona និងស្រាបៀរ corona។ តើ​ឈ្មោះ​មេរោគរលាក​សួត​ corona នេះ មាន​ប្រភព​ពី​ណា​?

    ប៉ុន្មានសប្ដាហ៍កន្លងមកនេះ បន្ទាប់ពីជំងឺរលាកសួតដែលបង្កដោយមេរោគ Corona បានផ្ទុះឆ្លងរាលដាល ការស្វែងរកទិន្នន័យនៅលើ Google ទាក់ទិននឹងពាក្យ “corona” បានកើនឡើងច្រើនគួរឱ្យកត់សម្គាល់ ហើយមិនមែនមានតែមនុស្សទេដែលជាអ្នកច្រឡំនោះ សូម្បីតែ Google ក៏ច្រឡំដែរ ដោយបានបង្ហាញលទ្ធផលយ៉ាងច្របូកច្របល់ រវាងមេរោគ corona និង ស្រាបៀរ 1ប្រភេទរបស់ប្រទេសម៉ិកស៊ិកដែលមានឈ្មោះដូចគ្នានេះដែរ។

    យោងតាមទំព័រ Miamiherald របស់អាមេរិកបានធ្វើឱ្យយើងដឹងថា ចំនួនលើកនៃការស្វែងរកពាក្យ “corona” មានច្រើននៅ Iowa និង Oklahoma ខណៈដែលអ្នកស្រុក Connecticut, New Hampshire និង New Mexico កំពុងស្វែងរកយ៉ាងច្របូកច្របល់វាងស្រាបៀរ និងមេរោគ corona មួយនេះ។ ចំណែកអ្នកស្រុកអូស្ដ្រាលី ឥណ្ឌា និងកាណាដាវិញ ក៏កំពុងស្វែងរកពាក្យដែលទាក់ទងនឹងស្រាបៀរ corona នេះដែរ។

    សាស្ត្រាចារ្យផ្នែកទីផ្សារនៃសាកលវិទ្យាល័យ Wayne (អាមេរិក) លោក Mitch Jeffrey Stoltman យល់ថា នេះគឺជាការករណីច្រឡំដ៏គួរឱ្យសោកស្ដាយ។

    ការច្រឡំបែបនេះក៏ធ្លាប់បានកើតឡើងកាលពីទសវត្សរ៍ឆ្នាំ1980 ម្ដងដែរ ដែលកាលនោះជម្ងឺអេដស៍ (AIDS) បានឆ្លងរាលដាលទូទាំងពិភពលោក បណ្ដាលឱ្យក្រុមហ៊ុនផលិតស្ករគ្រាប់សម្រកទម្ងន់ Ayds ត្រូវរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ព្រោះវាមានឈ្មោះដែលអានទៅ មានសំនៀងដូចទៅនឹងជំងឺអេដស៍ដែរ។

    មនុស្សជាច្រើនបានឆ្ងល់ថា ហេតុអ្វីបានជាមេរោគបង្កជំងឺរលាកសួត Wuhan ត្រូវបានគេដាក់ឈ្មោះថា corona តើមេរោគនេះមានរូបរាងដូចមកុដស្ដេច (តាមភាសាម៉ិកស៊ិក) មែនទេ?

    ទីភ្នាក់ងារសារព័ត៌មាន Aljazeera និង Metropoltv បានសរសេរថា ពាក្យ corona នេះ ត្រូវបានគេហៅតាមភាសាឡាតាំង (the Latin word) ដែលមានន័យថា “មកុដ” ឬ “រស្មី”។ នៅក្នុងកែវពង្រីក មីក្រូទស្សន៍​អេឡិច​ត្រុង រូបភាពរបស់មេរោគ corona មានសភាពស្រដៀងនឹងរស្មីនៃព្រះអាទិត្យ។

    បណ្ឌិត Dana Hawkinson ជាអ្នកជំនាញផ្នែកជំងឺឆ្លងនៅសាកលវិទ្យាល័យ Kansas បានអះអាងថា មេរោគ corona មិនមានទំនាក់ទំនងអ្វីជាមួយនិងស្រាបៀរ corona នោះឡើយ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • បេះដូងទួញយំ…សារព័ត៌មានចិន បង្ហាញរូបភាពគ្រូពេទ្យជំនាញ 142នាក់ យំលាគូស្នេហ៍ មុនចូលទៅសមរភូមិ វូហាន

    បេះដូងទួញយំ…សារព័ត៌មានចិន បង្ហាញរូបភាពគ្រូពេទ្យជំនាញ 142នាក់ យំលាគូស្នេហ៍ មុនចូលទៅសមរភូមិ វូហាន

    កាលពីថ្ងៃទី29 មករា(ម្សិលមិញ) ទីភា្នក់ងារសារព័ត៌មាន ស៊ីនហួ របស់ចិន បានបង្ហាញរូបភាពឈុត “បេះដូង​ទួញយំ…បុគ្គលិកពេទ្យ ស៊ីនចៀង 142នាក់ លាគូស្នេហ៍ មុនចូលទៅសមរភូមិ វូហាន” ដោយបានបញ្ជាក់ថា លី វិន គឺជាសមាជិកម្នាក់នៃក្រុមបុគ្គលិកគ្រូពេទ្យទាំង 142នាក់ដែលត្រូវធ្វើដំណើរទៅទីក្រុង វូហាន មណ្ឌល ហ៊ូពេយ ភាគកណ្ដាលនៃប្រទេសចិន កាលពីថ្ងៃទី28 មករា បានពោលពាក្យលា និងលួងលោមភរិយាដែលកំពុងទួញសោក មុនទៅចូលរួមប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹង “វីរុសកូរ៉ូណាប្រភេទថ្មី” ដែលនៅតែឆ្លងរាលដាលទូទាំងប្រទេស។

    លី ឈុនវ៉ា ជាមន្ត្រីម្នាក់ទៀតនៅក្នុងក្រុមបុគ្គលិកពេទ្យទាំងនោះដែរ នាងបានពាក់ម៉ាស់ការពារដែលមានរូបគំនូរ មុខមនុស្សញញឹម ដែលជាស្នាដៃកូនស្រីរបស់នាង ក៏កំពុងស្ថិតក្នុងបរិយាកាសដ៏សែនសោកសៅនៃការលាគ្នានៅក្នុងអាកាសយានដ្ឋានអន្តរជាតិ អ៊ុរុមស៊ីធី វ៉ូភូ ដែរ។

    ក្រុមបុគ្គលិកពេទ្យទាំង 142នាក់នេះ មកពីមន្ទីរពេទ្យ 6កន្លែង ជាចម្បងគឺជាគ្រូពេទ្យរបស់មន្ទីរពេទ្យលំដាប់​លេខ1 ក្នុងបណ្ដាញសាខារបស់មហាវិទ្យាល័យវេជ្ជសាស្ត្រ ស៊ីនចៀង ក្នុងមណ្ឌល អ៊ុរុម ទីក្រុងឯករបស់តំបន់ស្វយ័ត ស៊ីនចៀង អ៊ុយគូ ភាគឦសានប្រទេសចិន ដែលភាគច្រើនជាគ្រូពេទ្យ គិលានុបដ្ឋាក និងក្រុមមន្ត្រីជំនាញពីសាខាផ្សេងៗ ដូចជា ជំនាញស្ដារស្ថានភាពអាក្រក់នៃប្រព័ន្ធដកដង្ហើម និងសាខាបំបាត់ និងទប់ស្កាត់ជំងឺឆ្លង ជាដើម។

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ឃ្លិបវីដេអូដ៏សែនរំជួលចិត្ត៖ អ្នកនៅក្នុងទីក្រុងវូហានដ៏គួរឱ្យភ័យខ្លាច ស្រែកលើកទឹកចិត្តគ្នាទៅវិញទៅមក លាន់រំពងទីក្រុង…

    ឃ្លិបវីដេអូដ៏សែនរំជួលចិត្ត៖ អ្នកនៅក្នុងទីក្រុងវូហានដ៏គួរឱ្យភ័យខ្លាច ស្រែកលើកទឹកចិត្តគ្នាទៅវិញទៅមក លាន់រំពងទីក្រុង…

    អ្នកនៅក្នុងទីក្រុងវូហាន ប្រភពធំនៃការឆ្លងរាលដាលរបស់មេរោគរលាកសួត កូរ៉ូណាប្រភេទថ្មី នាំគ្នាស្រែកលាន់កងរំពងទីក្រុង “វូហានស៊ូៗ!!” លើកទឹកចិត្តគ្នាឱ្យឆ្លងកាត់ស្ថានការណ៍ដ៏អាក្រក់នេះឱ្យបាន…។

    កាលពីថ្ងៃទី27មករា វេលាម៉ោង 8.00យប់ ម៉ោងក្នុងស្រុក ក្នុងរាត្រីដ៏ងងឹតសូន្យសុងក្នុងទីក្រុងវូហាន ប្រទេស​ចិន ដែលទោះជាពន្លឺភ្លើងមិនមានបរិបូរណ៍មែន តែជំនឿជឿជាក់ក្នុងចិត្តរបស់ពលរដ្ឋវូហាននៅតែរឹងមាំខ្លាំងក្លា…។

    មនុស្សម្នាដែលរស់នៅកណ្ដាលការប្រុងប្រយ័ត្នពីអាការរោគ និងរោគសញ្ញារបស់ខ្លួន និងអ្នកជិតខាង បាននាំគ្នាស្រែកខ្លាំងថា “តស៊ូឡើងៗ!!”

    លាន់ឮកងរំពងឆ្លងអគារទៅមក ដើម្បីផ្ដល់កម្លាំងចិត្តដល់គ្នាទៅវិញទៅមកកណ្ដាលមហាសង្គ្រាមអាសន្នរោគដែលអូសបន្លាយពេលក្នុងគ្រានេះ៕

  • អាណិតអ្នកស្រុក Wuhan! ជាអ្នករងគ្រោះសោះ តែមនុស្សភាគច្រើនបែរជាខ្លាចពួកគាត់ ដូចខ្លាច “Zombie”

    អាណិតអ្នកស្រុក Wuhan! ជាអ្នករងគ្រោះសោះ តែមនុស្សភាគច្រើនបែរជាខ្លាចពួកគាត់ ដូចខ្លាច “Zombie”

    អ្នកដំណើរនៃជើងហោះហើរពីប្រទេសជប៉ុន ទៅកាន់ប្រទេសចិន បដិសេធមិនព្រមឡើងយន្តហោះ បន្ទាប់ពីដឹងថា មានអ្នកស្រុក Wuhan រួមដំណើរជាមួយ។

    អ្នក​ដំណើរ​បាន​តវ៉ា​ប្រឆាំង​មិន​ឱ្យ​ជនជាតិ​ចិន​មក​ពី​ Wuhan រួម​ដំណើរ​ជាមួយ ប៉ុន្តែ ចុង​ក្រោយ​ក៏​មាន​ការ​សម្រប​សម្រួល

    នៅក្នុងជើងហោះហើរមួយពីប្រទេសជប៉ុន ទៅកាន់ប្រទេសចិន អ្នកដំណើរប្រមាណជាជាង 70នាក់ បានបដិសេធមិនព្រមឡើងយន្តហោះជាដាច់ខាត ដោយសារតែនៅក្នុងយន្តហោះនោះ មានវត្តមានអ្នកដំណើរជាជនជាតិចិនមកពីទីក្រុង Wuhan (ជាតំបន់កំពុងផ្ទុះការឆ្លងរាលដាលនៃមេរោគ Corona) ចំនួន 16នាក់ ដោយសារពួកគេភ័យខ្លាចឆ្លងមេរោគដ៏មហាប្រល័យនេះ។

    ការប្រឆាំងតវ៉ាយ៉ាងដាច់ណាត់របស់អ្នកដំណើរជនជាតិជប៉ុនខាងលើ បានបណ្ដាលឱ្យជើងហោះហើរនៃក្រុមហ៊ុនអាកាសចរណ៍ចិន Southern Airlines ដែលនឹងហោះចេញពីក្រុង Nagoya នៃប្រទេសជប៉ុន ទៅកាន់ទីក្រុងស៊ាងហៃ ប្រទេសចិន ត្រូវពន្យារពេលដល់ទៅ 5ម៉ោង កាលពីថ្ងៃទី28មករាកន្លងទៅ។

    ក្រុមអ្នកដំណើរបានស្នើឱ្យក្រុមហ៊ុនអាកាសចរណ៍នេះ ដកអ្នកដំណើរដែលជាអ្នកស្រុក Wuhan ទាំង 16នាក់នោះចេញពីជើងហោះហើរនេះ។ បញ្ហានេះ បានអូសបន្លាយពេលរហូតដល់មានវត្តមានរបស់បុគ្គលិកស្ថានទូតចិននៅ Nagayo។ ចុងក្រោយ អ្នកដំណើរជនជាតិជប៉ុនទាំងអស់ ក៏ព្រមឡើងយន្តហោះ និងហោះឆ្ពោះទៅកាន់ស៊ាងហៃ ប្រទេសចិន។

    សូមបញ្ជាក់ថា ទីក្រុង Wuhan នៃខេត្ត Hebei ប្រទេសចិន ត្រូវបានអាជ្ញាធរប្រកាសបិទទ្វារ បន្ទាប់ពីអាសន្នរោគ Corona បានផ្ទុះឡើង។ ប៉ុន្តែ ប្រជាជននៅក្នុងទីក្រុងនេះ ប្រមាណជា 5លាននាក់ បានចាកចេញទៅកាន់តំបន់ផ្សេងៗក្នុងពិភពលោក ក្នុងនោះមានអ្នកស្រុក Wuhan ប្រហែលជាង 3,000នាក់ បានមកកាន់កម្ពុជា។

    តាមសេចក្ដីរាយការណ៍នៅពេលព្រឹកនេះ (29 មករា 2020) ចំនួនអ្នកស្លាប់ដោយសារជម្ងឺរលាកសួតថ្មីដែលបង្កឡើងដោយមេរោគ Corona បានកើនដល់ 132នាក់ហើយ។ ចំណែកអ្នកដែលបានឆ្លងមេរោគនេះ មានចំនួនជិត 6,000នាក់ ខណៈដែលមនុស្សជិត 7,000នាក់ផ្សេងទៀត ត្រូវបានគេសង្ស័យថា កំពុងផ្ទុកមេរោគនេះ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • តើក្រុមហ៊ុនបច្ចេកវិទ្យាណាខ្លះដែលបាន និងមានគម្រោងផ្ដល់ជំនួយសម្រាប់ប្រឆាំង Corona នៅប្រទេសចិន?

    តើក្រុមហ៊ុនបច្ចេកវិទ្យាណាខ្លះដែលបាន និងមានគម្រោងផ្ដល់ជំនួយសម្រាប់ប្រឆាំង Corona នៅប្រទេសចិន?

    ដើម្បីជួយដល់យុទ្ធនាការប្រឆាំងមេរោគ Corona នៅឯទីក្រុង Wuhan ជាកន្លែងដែលរងផលប៉ះពាល់ខ្លាំងជាងគេនោះ បណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ចិន បានចាប់ផ្ដើមបញ្ចេញប្រាក់ជំនួយរបស់ខ្លួនជួយស្ដារស្ថានការណ៍នេះហើយ។

    ក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើននៅប្រទេសចិន បានចាប់ផ្ដើមនាំគ្នាបញ្ចេញប្រាក់ជំនួយរបស់ខ្លួន ដើម្បីជួយដល់បេសកកម្មប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺរលាកសួតដែលបង្កឡើងដោយមេរោគ Corona។ ក្នុងបញ្ជីឈ្មោះនៃបណ្ដាក្រុមហ៊ុនដែលបានផ្ដល់ជំនួយមនុស្សធម៌ទាំងនេះ គេសង្កេតឃើញមានឈ្មោះ ក្រុមហ៊ុន Huawei, OPPO, Vivo, Nubia, Realme, TCL និង Meizu។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Gizmochina។

    Gizmochina បានឱ្យដឹងថា ក្រុមហ៊ុន Huawei បានផ្ដល់ជំនួយមនុស្សធម៌ចំនួន 30លានយន់ (ប្រហែល 4.32លានដុល្លារអាមេរិក) សម្រាប់សហព័ន្ធសប្បុរសធម៌ Wuhan (Wuhan Charity Federation)។

    Huawei ក៏បានដាក់ស្ថានីយប្រព័ន្ធ 5G នៅក្នុងមន្ទីរពេទ្យដែលមាន 1,000បន្ទប់ដែលទើបនឹងសាងសង់បានក្នុងរយៈពេល 6ថ្ងៃ នៅ Wuhan ផងដែរ។

    ក្រុមហ៊ុនផលិតស្មាតហ្វូន Oppo និង Vivo ក៏បានផ្ដល់ជំនួយរៀងៗខ្លួនចំនួន 30លានយន់ ខណៈដែល TCL ផ្ដល់ជំនួយ 1.44ដុល្លារ។

    ចំណែក Nubia ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ZTE ក៏បានរួមចំណែកផ្ដល់ជំនួយ 600,000 យន់ (ប្រហែល 86,496ដុល្លារអាមេរិក) ខណៈ Realme ដែលគាំទ្រដោយ OPPO ក៏ផ្ដល់ជំនួយ 500,000យន់ (ប្រហែល 72,080 ដុល្លារ) និង Meizu 300.000 យន់ (ប្រហែល 43,248ដុល្លារអាមេរិក)។

    ក្រៅពីក្រុមហ៊ុនមួយចំនួនដែលបានរៀបរាប់ខាងលើ ក្រុមហ៊ុន Xiaomi និង Lenovo ក៏បានចូលរួមផ្ដល់ជំនួយផងដែរ។ Xiaomi បានផ្ដល់ជំនួយជាម៉ាស់ការពារដែលមានតម្លៃប្រហែល 43,248ដុល្លារអាមេរិក។ Lenovo ក៏បានផ្ដល់ឧបករណ៍បច្ចេកវិទ្យាចាំបាច់ជាច្រើនផងដែរ ដើម្បីជួយដល់ផ្នែកសុខាភិបាលនៃទីក្រុង Wuhan។

    ជាមួយគ្នានេះដែរ ក្រុមហ៊ុនផ្សេងៗ ដូចជា Alibaba, Tencent, JD.com, Kuaishou, Douyu, Midea, SF, Suning, Cainiao និង Taobao ក៏បានផ្ដល់ជំនួយមនុស្សធម៌សម្រាប់គម្រោងប្រឆាំងមេរោគ Corona នេះដែរ។

    នៅឯខាងក្រៅប្រទេសចិនវិញ ក្រុមហ៊ុន Apple ក៏មានគម្រោងផ្ដល់ជំនួយមនុស្សធម៌ដល់ក្រុមប្រឆាំងមេរោគ Corona នៅប្រទេសចិនដែរ។ នេះបើយោងតាមសាររបស់លោក Tim Cook ដែលជា CEO របស់ក្រុមហ៊ុន Apple៕

    ប្រភព៖ សារព័ត៌មានបរទេស

  • មេរោគ Corona សម្លាប់មនុស្ស 132នាក់ និងកំពុងគំរាមជីវិតអ្នករងគ្រោះជាង 6,000នាក់ផ្សេងទៀត

    មេរោគ Corona សម្លាប់មនុស្ស 132នាក់ និងកំពុងគំរាមជីវិតអ្នករងគ្រោះជាង 6,000នាក់ផ្សេងទៀត

    គិតមកដល់ព្រឹកនេះ (29 មករា 2020) មានអ្នកស្លាប់ដោយសារជំងឺរលាកសួតដែលបង្កឡើងដោយមេរោគ Corona កើនឡើងដល់ 132នាក់ហើយ។

    តាមសេចក្ដីរាយការណ៍នៃសារព័ត៌មាន CNBC និង Bloomberg បានឱ្យដឹងថា បច្ចុប្បន្ន ប្រទេសចិនមានអ្នកឆ្លងមេរោគ Corona កើនឡើងដល់ជាង 6,000ករណី ដោយសារព័ត៌មានទាំង2 ខាងលើបានបញ្ជាក់ថា ចំនួននេះរួមទាំងកោះតៃវ៉ាន់ផងដែរ។

    សម្រាប់តែក្នុងតំបន់ Hubei (ចិនដីគោក)មួយ ត្រូវបានគេរាយការណ៍ជាផ្លូវការថា មានអ្នកឆ្លងមេរោគនេះចំនួន 3,554ករណី និងស្លាប់ 125ករណី។

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស