Tag: ចិន

  • តម្លៃ​មូលបត្រ​ចិន​ធ្លាក់​ចុះ​ជិត 9% ខណៈកំណើន​សេដ្ឋ​កិច្ច​អាច​ធ្លាក់​ចុះ​ 5% ​ដោយ​សារ​ឥទ្ធិពល​របស់​…

    តម្លៃ​មូលបត្រ​ចិន​ធ្លាក់​ចុះ​ជិត 9% ខណៈកំណើន​សេដ្ឋ​កិច្ច​អាច​ធ្លាក់​ចុះ​ 5% ​ដោយ​សារ​ឥទ្ធិពល​របស់​…

    តម្លៃ​​មូល​បត្រ​ក្នុង​ផ្សារ​ហ៊ុន​ចិន​បាន​ដាំ​ក្បាល​ចុះ​ភ្លាម​ៗ បន្ទាប់​ពី​បើក​ទ្វារ​ឡើង​វិញ​នៅ​ព្រឹក​នេះ (3កុម្ភៈ)​ ក្រោយឈប់​​សម្រាក​ក្នុង​រដូវ​បុណ្យ​ចូល​ឆ្នាំ​ចិន​។

    នៅ​ក្នុង​ការ​ជួញ​ដូរ​ដំបូង សន្ទស្សន៍​របស់​ Shanghai Composite និង Shenzhen Composite សុទ្ធ​​តែ​បាន​​​ធ្លាក់​ថ្លៃ​ជិត​ 8,7%។ បច្ចុប្បន្ន ការ​ធ្លាក់តម្លៃ​នេះ​គឺ​នៅ​ត្រឹម​ 8%។

    ការ​វិវដ្ដ​នៅ​ក្នុង​ផ្សារ​ហ៊ុន​ចិន ត្រូវ​បាន​អ្នក​វិនិយោគ​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ដោយ​សារ​តែ​ប្រទេស​នេះ​ ត្រូវ​អូស​បន្លាយ​ចំនួន​ថ្ងៃ​ឈប់​សម្រាក​រដូវ​បុណ្យ​ចូល​ឆ្នាំ​ ព្រោះ​តែ​អាសន្ន​រោគ​រលាក​សួត​កូរ៉ូណា​។ គិតមក​ដល់​ព្រឹក​នេះ មេរោគ​កូរ៉ូណា​ បាន​សម្លាប់​មនុស្ស​ចំនួន 362នាក់ ក្នុង​នោះ​មាន​អ្នក​ស្លាប់​361 នៅឯ​ប្រទេស​ចិន​។ ​ចំនួន​ករណី​ឆ្លង​មេរោគ​នេះ ក៏​កើន​ដល់ 17,373​នាក់​ នៅ​ទូទាំង​ពិភព​លោក​។

    គណៈកម្ម​ការ​មូល​បត្រ​ចិន កាល​ពី​ម្សិល​មិញ​បាន​ប្រកាស​នៅ​លើ​ទំព័រ People Daily ថា ខ្លួន​ជឿ​ជាក់​ថា​ អាសន្នរោគ​នេះ​ គ្រាន់​តែ​បង្ក​ផល​ប៉ះពាល់​ក្នុង​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ។ ដើម្បី​ជួយ​ដល់​ក្រុម​ហ៊ុន​នានា គណៈកម្ម​ការ​មូល​បត្រ​ចិន នឹង​អំពាវ​នាវ​អ្នក​វិនិយោគ​ឱ្យពន្យា​កាល​បរិច្ឆេទ និង​ពិចារណា​ទៅ​លើ​ការ​ប្រើ​ប្រាស់​វិធី​នានា​ដើម្បី​កាត់​បន្ថយ​ការ​ភ័យ​ខ្លាច​នៅ​ក្នុង​ទី​ផ្សារ​។

    ធនាគារ​ជាតិ​​ចិន កាល​ពី​ម្សិល​មិញក៏​បាន​ប្រកាស​ថា​ នឹង​បញ្ចេញ​ប្រាក់​ 1,200ពាន់លាន​យន់ (173ពាន់​លាន​ដុល្លារ​អាមេរិក​) ទៅ​ក្នុង​​ទី​ផ្សារ​។ នេះ​គឺជា​វិធី​មួយ​ក្នុង​ចំណោម​វិធាន​ការ​ទាំង​ 30 ដែល​ចិន​បាន​ប្រកាស​ឱ្យ​ដឹង​កាល​ពី​ចុង​សប្ដាហ៍​មុន​ ក្នុងបំណង​ពង្រឹង​សេដ្ឋ​កិច្ច​ឡើង​វិញ ខណៈ​វា​កំពុង​ដាំ​ក្បាល​ចុះ​ដោយ​សារ​ឥទ្ធិពល​នៃ​អាសន្នរោគ​កូរ៉ូណា។

    ក្រុម​អ្នក​សេដ្ឋ​កិច្ច​បាន​ព្យាករណ៍​ថា​ កំណើន​សេដ្ឋ​កិច្ច​របស់​ចិន​ អាច​នឹង​មាន​ឱនភាព​​ក្រោម​ 5% ក្នុង​ត្រី​មាស​នេះ​ ខណៈ​ដែល​ត្រី​មាសកន្លង​ សេដ្ឋ​កិច្ច​ចិន​បាន​ដាំ​ក្បាល​ចុះ​ 6%។ អ្នក​សេដ្ឋ​កិច្ច​ខ្លះ​ ថែម​ទាំង​ព្យាករណ៍​ថា ឱន​ភាព​នេះ​អាច​នឹង​នៅ​តែ​បន្ត​​ក្នុង​ត្រី​មាស​ទីពីរ​ខាង​មុខ​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • វូហានបង្កើនកម្រិតការទប់ស្កាត់ ខណៈអ្នកជំងឺវីរុសកូរ៉ូណាឡើងដល់ជាង 17,300នាក់ ស្លាប់កើនដល់ 362នាក់

    វូហានបង្កើនកម្រិតការទប់ស្កាត់ ខណៈអ្នកជំងឺវីរុសកូរ៉ូណាឡើងដល់ជាង 17,300នាក់ ស្លាប់កើនដល់ 362នាក់

    រដ្ឋបាលទីក្រុងវូហាន បង្កើនសមត្ថភាពលើការគ្រប់គ្រងការឆ្លងរាលដាលរបស់មេរោគវីរុសកូរ៉ូណា ដោយនឹងបង្ខាំងរាល់មនុស្សណាដែលសង្ស័យថាបានឆ្លងមេរោគ ខណៈដែលចំនួនអ្នកជំងឺដែល​បាន​ឆ្លង​មេរោគនេះបាន​កើនឡើងដល់ច្រើនជាង 17,300នាក់។

    ទីភ្នាក់ងារសារព័ត៌មាន សៅ ឆាយណា ម៉នីង ផូស្ត បានរាយការណ៍កាលពីព្រឹកមិញ(ថ្ងៃទី3 មករា)ថា ចំនួនអ្នកឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី2019 រាប់តាំងពីចាប់ផ្ដើមការឆ្លងរាលដាលកាលពីខែធ្នូ ឆ្នាំកន្លងមក បានកើនឡើងទៅជាប្រមាណ 17,387នាក់ហើយទូទាំងពិភពលោក ខណៈដែលអ្នកស្លាប់ក៏កើនឡើងជាបន្តបន្ទាប់មកដល់ចំនួន 362នាក់ ដែលស្ទើរតែទាំងអស់ស្ថិតនៅក្នុងប្រទេសចិន មានតែ 1ករណីប៉ុណ្ណោះនៅក្នុងប្រទេសហ្វីលីពីន។

    ចំណែក CNN បានរាយការណ៍ថា អង្គភាពសាធារណៈផ្នែក​សុខាភិបាលរបស់មណ្ឌល ហ៊ូពេយ ដែលស្ថិតនៅក្នុងទីក្រុងវូហាន មជ្ឈមណ្ឌលកណ្ដាលនៃការចម្លងមេរោគវីរុសមរណៈនេះ បានបង្ហើបឱ្យដឹងថា រកឃើញអ្នកជំងឺនៅក្នុងមណ្ឌលហ៊ូពេយបន្ថែមទៀត 2,103នាក់ និងមានអ្នកស្លាប់ថែមទៀត 56នាក់ ខណៈនៅមានអ្នកដេកព្យាបាលនៅក្នុងមន្ទីរពេទ្យចំនួន 9,618នាក់ទៀត ដែលក្នុងចំនួននោះមាន 478នាក់ មានអាការធ្ងន់ធ្ងរ។

    ខណៈពេលជាមួយគ្នា រដ្ឋបាលទីក្រុងវូហានបានប្រកាសបង្កើនកម្រិតភាពព្យាយាមក្នុងការគ្រប់គ្រងការឆ្លងរាលដាលរបស់វីរុសកូរ៉ូណា ដោយការចេញច្បាប់ដែលមានសុពលភាពភ្លាមៗកាលពីថ្ងៃអាទិត្យ កំណត់ឱ្យនរណាក៏ដោយដែលត្រូវសង្ស័យថាឆ្លងមេរោគ ឬមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកដែលបានទទួលការអះអាងហើយថាផ្ទុកមេរោគ នឹងត្រូវនាំខ្លួនទៅដាក់ក្នុងទីកន្លែងប្រមូលផ្ដុំភ្លាមៗ មិនថាពួកគេយល់ព្រម ឬមិនយល់ព្រមក៏ដោយ។

    ទាំងអស់នេះ រដ្ឋបាលវូហានមិនបានបង្ហើបឱ្យដឹងថា តើពួកគេបានត្រៀមមណ្ឌលប្រមូលផ្ដុំនោះប៉ុន្មានកន្លែងនោះទេ តែបានបញ្ជាក់ថា អ្នកដែលត្រូវបង្ខាំងទាំងនោះ នឹងត្រូវទទួលបានការព្យាបាលដោយមិនចាំបាច់ចំណាយប្រាក់អ្វីទាំងអស់ រួមទាំងថ្លៃអាហារ និងថ្លៃស្នាក់នៅ ដើម្បីប្ដូរនឹងការដែលត្រូវបង្ខាំងរយៈពេលយូរតាមដែលក្រុមគ្រូពេទ្យដែលផ្ដល់ការព្យាបាលយល់ឃើញថាសមល្មម៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • ចំនួន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ Corona កើន​ដល់​ 362នាក់ និង​អ្នក​ឆ្លង​កើន​ដល់…

    ចំនួន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ Corona កើន​ដល់​ 362នាក់ និង​អ្នក​ឆ្លង​កើន​ដល់…

    ចំនួន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា (Corona) បាន​កើន​ឡើង​ដល់​ 362នាក់ ក្នុង​នោះ​មាន​ 361នាក់​បាន​ស្លាប់​ក្នុង​ប្រទេស​ចិន​។ ចំណែក​ចំនួន​អ្នក​ជំងឺ​ដែល​បាន​ឆ្លង​មេរោគ​នេះ​ក៏​កើន​ដល់​ជាង​ ​17,318នាក់​។

    គណកម្មធិការ​សុខា​ភិបាល​ខេត្ត Hubei ប្រទេស​ចិន​ ថ្ងៃ​នេះ​បាន​ប្រកាស​ឱ្យ​ដឹង​ថា ចំនួន​អ្នក​ស្លាប់​បន្ថែម​មាន​ 56នាក់​ និង​អ្នក​ឆ្លង​ថ្មី​បន្ថែម​មាន​ចំនួន 2,103នាក់​​ នៅ​ក្នុង​ខេត្ត​នេះ​។ កាល​ពី​ថ្ងៃ​ទី 2កុម្ភៈកន្លង​ទៅ​ ក្រុង​ Chongqing បាន​បញ្ជាក់​ថា មាន​ករណី​ស្លាប់​បន្ថែម​ម្នាក់​ទៀត​ ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​នៅ​ក្នុង​ទី​ក្រុង​នេះ កើន​ដល់​ 362នាក់នៅ​ទូទាំង​ពិភព​លោក​​។

    រីឯគណកម្មធិការ​សុខា​ភិបាល​កណ្ដាល​របស់​ចិន ក៏​បាន​ប្រកាស​ថា ករីណអ្នក​ឆ្លង​មេរោគ​កូរ៉ូណា​ថ្មី​បន្ថែម​​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន​ 2,829នាក់​។

    សូម​រំឭក​ថា ​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​រលាកសួត​ Corona ដំបូង​គេ​នៅ​ខាង​ក្រៅ​ប្រទេស​ចិន​​ គឺ​មាន​មួយ​ករណី​។ ករណី​នេះ​កើត​ឡើង​នៅ​ប្រទេស​ហ្វីលីពីន ប៉ុន្តែ អ្នក​ស្លាប់​គឺ​ជា​ជន​ជាតិ​ អាយុ 44ឆ្នាំ​ មក​ពី​ទី​ក្រុង Wuhan ដែល​ជា​សម្បុក​មេរោគ​កូរ៉ូណា។

    គិត​មក​ដល់​ពេល​នេះ ទូទាំង​ពិភព​លោក​ មាន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​ខាង​លើ​ កើន​ឡើង​ដល់ 362នាក់ និង​អ្នក​បាន​ឆ្លង​កើន​ដល់ 17,318៕

    ប្រភព​៖ សារ​ព័ត៌​មាន​បរទេស

  • រដ្ឋបាលចិន ចេញបញ្ជា សាកសពអ្នកស្លាប់ដោយសារមេរោគវីរុសកូរ៉ូណា ត្រូវតែ “បូជា” ដាច់ខាត

    រដ្ឋបាលចិន ចេញបញ្ជា សាកសពអ្នកស្លាប់ដោយសារមេរោគវីរុសកូរ៉ូណា ត្រូវតែ “បូជា” ដាច់ខាត

    រដ្ឋបាលចិន ចេញបញ្ជាឱ្យធ្វើឈាបនកិច្ច(បូជា ឬដុត)សាកសពអ្នកស្លាប់ដោយសារមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ក្នុងបរិវេណជិតកន្លែងដែលពួកគេស្លាប់នោះភ្លាមៗ និងហាមធ្វើពិធីតាមប្រពៃណីអ្វីទាំងអស់។

    កាលពីថ្ងៃទី2 កុម្ភៈ ម្សិលមិញ ទីភ្នាក់ងារព័ត៌មាន ស៊ិនហួ បានរាយការណ៍ថា ក្រសួងកិច្ចការផ្ទៃក្នុង និងក្រសួង​​សុវត្ថិភាពសាធារណៈរបស់ចិន បានចេញបទបញ្ជាកំណត់រួមគ្នា ដោយបានបញ្ជាក់ថា សាកសពអ្នកស្លាប់ដោយសារមេរោគវីរុសកូរ៉ូណាប្រភេទថ្មី2019 គួរតែត្រូវឈាបនកិច្ច មិនត្រូវដឹកជញ្ជូនឆ្លងភូមិភាគ ឬមណ្ឌល និងមិនត្រូវរក្សាទុក មិនថាតែដោយវិធីការបញ្ចុះ(កប់) ឬវិធីផ្សេងទៀតឡើយ។

    អាជ្ញាធរ​ចិន​ ប្រើ​វិធី​គ្រប់​យ៉ាង​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​វីរូស​កូរ៉ូណា

    ក្រៅពីនេះ សពត្រូវឆ្លងកាត់ការសម្លាប់មេរោគ និងទុកដាក់នៅក្នុងការុង(ឬបាវ)ដែលត្រូវបិទប្លុមបេយ៉ាងជិតដោយក្រុមមន្ត្រីខាងមន្ទីរពេទ្យ និងមិនត្រូវបានទទួលការអនុញ្ញាតិឱ្យបើកការុងនោះបន្ទាប់ពីបិទប្លុមបេរួចនោះឡើយ។ បទបញ្ជាកំណត់នោះ បានបញ្ជាក់ទៀតថា រោងសម្រាប់ធ្វើពិធីឈាបនកិច្ចនោះ ត្រូវតែបញ្ជូនមន្ត្រីពិសេស និងរថយន្តដឹកជញ្ជូនដោយឡែក ដើម្បីដឹកសាកសពអ្នកស្លាប់ទៅតាមខ្សែផ្លូវដែលបានកំណត់ទុក​ និង​ការបូជាត្រូវតែធ្វើឡើងទៅតាមពេលវេលាដែលបានកំណត់ទុកជាដាច់ខាត៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • ដឹងទេ គ្រូពេទ្យអ្នកប្រយុទ្ធនឹងមេរោគកូរ៉ូណា ត្រូវស្លៀកពាក់ខោអាវប៉ុន្មានជាន់?

    ដឹងទេ គ្រូពេទ្យអ្នកប្រយុទ្ធនឹងមេរោគកូរ៉ូណា ត្រូវស្លៀកពាក់ខោអាវប៉ុន្មានជាន់?

    ក្រុមបុគ្គលិកពេទ្យនៃបណ្ដាញមន្ទីរពេទ្យប៉េកាំងដែលធ្វើដំណើរមកទីក្រុងវូហាន បានប្រើពេលវេលា​ឈប់​សម្រាក​ ជួយក្រុមការងារគ្រូពេទ្យវូហាន ក្នុងការអភិវឌ្ឍជំនាញផ្នែកការពារ និងត្រៀមខ្លួនឱ្យបានស្រេច ដើម្បីទប់ទល់ដំណាក់កាលចុងក្រោយ មុនចូលទៅសមរភូមិក្នុងឋានៈ “ខ្សែត្រៀមជួរមុខ”។

    ឈុត និងឧបករណ៍ការពារមេរោគឆ្លងរាលដាលរបស់គ្រូពេទ្យនៃមន្ទីរពេទ្យព្យាបាលជំងឺពីមេរោគវីរុសកូរ៉ូណា

    ដើម្បីឃុំគ្រងការពារក្រុមបុគ្គលិកអ្នកដំណើរការព្យាបាលអ្នកជំងឺ ក្រុមគ្រូពេទ្យចិន បានសិក្សា និងហ្វឹកហាត់ពីវិធីស្លៀកពាក់ និងដោះឈុតការពារយ៉ាងប្រយ័ត្នប្រយែងជាទីបំផុត ដោយចាប់ផ្ដើមតាំងពីការពាក់អាវពេទ្យ(អាវសវែង)ម្ដង 1ជាន់ ពាក់មួក និងម៉ាស់ការពារពីខាងក្នុង រួចហើយទើបពាក់អាវធំឃ្លុំពីខាងក្រៅ និងស្រោមដៃ ដោយជាទូទៅត្រូវពាក់ឈុតការពារនោះយ៉ាងតិចពី 3-4ជាន់។

    ឈុត និងឧបករណ៍ការពារមេរោគឆ្លងរាលដាលរបស់គ្រូពេទ្យនៃមន្ទីរពេទ្យព្យាបាលជំងឺពីមេរោគវីរុសកូរ៉ូណា

    ក្រៅពីនេះ នៅមានការរៀបចំកន្លែងទុកដាក់ស្បែកជើង និងខោអាវដើម្បីទុកស្លៀកពាក់សម្រាប់តែពេលនៅខាងក្រៅឱ្យមានរបៀបរៀបរយ ទុកដាក់សាប៊ូជែលលាងដៃនៅជិតនឹងមាត់ទ្វារចេញ-ចូល និងការទុកដាក់ស្បែកជើងស្អាត សម្រាប់ពាក់ដើរនៅក្នុងបន្ទប់អ្នកជំងឺក្នុងទីតាំងដែលសមរម្យត្រឹមត្រូវទៀតផង។

    ឈុត និងឧបករណ៍ការពារមេរោគឆ្លងរាលដាលរបស់គ្រូពេទ្យនៃមន្ទីរពេទ្យព្យាបាលជំងឺពីមេរោគវីរុសកូរ៉ូណា

    ព័ត៌មានបឋម បានបញ្ជាក់ថា ក្រុមគាំទ្រ(បុគ្គលិកពេទ្យមកពីប៉េកាំង)ទាំងនោះប្រកបដោយ បុគ្គលិកពេទ្យចំនួន 136នាក់ មកពីមន្ទីរពេទ្យ 12កន្លែងក្នុងទីក្រុងប៉េកាំង ដូចជាមន្ទីរពេទ្យមិត្តភាពប៉េកាំង មន្ទីរពេទ្យកាំង អាន់ ជឹន មន្ទីរពេទ្យប៉េកាំង សួនអ៊ូ ជាដើម ដោយបុគ្គលិកភាគច្រើន មកពីសាខាវេជ្ជសាស្ត្របំបាត់ និងស្ដារវិបត្តិប្រព័ន្ធផ្លូវដង្ហើម និងការឆ្លងមេរោគ។

    ឈុត និងឧបករណ៍ការពារមេរោគឆ្លងរាលដាលរបស់គ្រូពេទ្យនៃមន្ទីរពេទ្យព្យាបាលជំងឺពីមេរោគវីរុសកូរ៉ូណា

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

    អាសន្នរោគ​​ Corona មិន​ទាន់​ចប់​ផង ចិន​ត្រូវ​ទទួល​ផ្ដាសាយ​បក្សី H5N1 មួយ​ជាន់​ទៀត​!

  • មន្ទីរ​ពេទ្យដំបូង​សម្រាប់​អ្នក​ជំងឺ​ Corona នៅ​ Wuhan ត្រៀម​ដាក់​ឱ្យ​ដំណើរ​ការ​

    មន្ទីរ​ពេទ្យដំបូង​សម្រាប់​អ្នក​ជំងឺ​ Corona នៅ​ Wuhan ត្រៀម​ដាក់​ឱ្យ​ដំណើរ​ការ​

    អាជ្ញាធរ​ក្រុង Wuhan ប្រគល់​ “មន្ទីរ​ពេទ្យ​ប្រឆាំង​ Corona” ដំបូង​ទៅ​ឱ្យ​ពេទ្យ​យោធា​នៅ​ថ្ងៃ​នេះ ដើម្បី​រួម​ចំណែក​ទប់​ទល់​អាសន្នរោគ​រលាក​សួត​ថ្មី​នេះ។

    គ្រូពេទ្យ​យោធា​ចិន​​ចំនួន 1,400នាក់​​នឹង​ចូល​មក​គ្រប់​គ្រង​មន្ទីរ​ពេទ្យ ​Huoshenshan ដែល​មាន​ដាក់​គ្រែ​ចំនួន 1,000​​ចាប់​ដំណើរ​ការ​​ពី​ថ្ងៃ​ទី​ 3កុម្ភៈ​ខាង​មុខ។ មន្ទីរ​ពេទ្យ​នេះ បាន​ចាប់​ផ្ដើម​សាង​សង់​តាំង​ពី​ថ្ងៃ​ទី 25​មករា ដើម្បី​ជួយ​ដោះ​ស្រាយ​បញ្ហា​ខ្វះ​មន្ទីរ​ពេទ្យ​នៅ​ក្រុង​ Wuhan ដែលជា​សម្បុក​មេរោគ​​រលាក​សួត​ថ្មី Corona។

    មន្ទីរ​​ពេទ្យ​ទី​ពីរ​មាន​ឈ្មោះថា Leishenshan មាន​គ្រែ​ចំនួនប្រហែល 1,600 ក៏គ្រោង​នឹង​បើក​ដំណើរការ​នៅ​ក្នុង​ថ្ងៃ​ទី 5កុម្ភៈខាង​មុខ។ ទន្ទឹម​និង​នេះ​ក៏មាន​មន្ទីរ​ពេទ្យ​មួយ​ផ្សេង​ទៀត​ដែលអាច​ដាក់​បាន​ 600គ្រែ ​កំពុង​ត្រូវ​សាង​សង់​​នៅ​ក្រុង​ Ezhou នៃ​ខេត្ត​ Hubei នេះ​ផងដែរ។

    អាសន្ន​រោគ​រលាក​សួត​ដែល​បង្ក​ឡើង​ដោយ​វីរូស nCoV (Corona) បាន​ចាប់​ផ្ដើម​ឆ្លង​រាត​ត្បាត​ពីទី​ក្រុង​ Wuhan​ និង​កំពុង​រាល​ដាល​ទូទាំង​ពិភព​លោក។ មេរោគ​នេះ បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ 305នាក់​ និង​ 14,628នាក់​ផ្សេង​ទៀត​កំពុង​មាន​ផ្ទុក​មេរោគ​នេះ នៅ​ទូទាំង​ពិភព​លោក​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • អាសន្នរោគ​​ Corona មិន​ទាន់​ចប់​ផង ចិន​ត្រូវ​ទទួល​ផ្ដាសាយ​បក្សី H5N1 មួយ​ជាន់​ទៀត​!

    អាសន្នរោគ​​ Corona មិន​ទាន់​ចប់​ផង ចិន​ត្រូវ​ទទួល​ផ្ដាសាយ​បក្សី H5N1 មួយ​ជាន់​ទៀត​!

    ក្រសួង​កសិកម្ម​ចិន បាន​ឱ្យ​ដឹង​ថា ជំងឺ​ផ្តាសាយ​បក្សី H5N1 បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​កសិដ្ឋាន​មួយ​កន្លែង​​ក្នុង​ខេត្ត ហ៊ូណាន ប្រទេស​ចិន​ បណ្ដាល​ឱ្យ​មាន់​ចំនួន​ 4,500ក្បាល​បាន​ងាប់​ នេះ​បើ​តាមទី​ភ្នាក់​ងារ​​សារ​ព័ត៌មាន​ Reuters។

    កសិដ្ឋាន​មួយ​ ស្ថិត​នៅ​ជាយ​ក្រុង​​សាយាង (Shaoyang) ខេត្ត​ហ៊ូណាន​ (Hunan) ភាគ​ខាង​ត្បូង​ប្រទេស​ចិន មាន​ចិញ្ចឹម​មាន់​ចំនួន 7ុ850ក្បាល ហើយ​ពាក់​កណ្ដាល​​បាន​ងាប់ដោយ​សារ​ឆ្លង​មេរោគ​ផ្ដាសាយ​បក្សី H5N1 នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ក្រសួង​កសិកម្ម​កាល​ពី​ម្សិល​មិញ (1កុម្ភៈ)។ មន្ត្រី​មូល​ដ្ឋាន​បាន​ចាត់​វិធាន​ការ​ចាំ​បាច់​ដើម្បី​គ្រប់​គ្រង​ស្ថាន​ការណ៍ ក្នុង​នោះ​បាន​ដុត​កម្ទេច​​មាន់​ដែល​បានឆ្លង​ផ្ដាសាយ​បក្សី​​ចំនួន​ 17ុ828​ក្បាល​។

    H5N1 គឺជាអម្បូរ​​​វីរូស​ផ្ដាសាយ​ដែល​មាន​សមត្ថ​ភាព​ឆ្លង​រាល​ដាល​ខ្ពស់ ក្នុង​នោះ​មាន​ប្រភេទ​ខ្លះ​អាច​ឆ្លង​ពី​សត្វ​មក​មនុស្ស​។ កាល​ពី​ឆ្នាំ 1997 មេរោគ​នេះ ត្រូវ​គេ​រក​ឃើញ​ថា​បាន​ឆ្លង​រាល​ដាល​​​នៅ​តាម​ផ្សារ​​លក់​មាន់​ទារស់​មួយ​ចំនួននៅ​ក្រុង​ហុង​កុង បណ្ដាល​ឱ្យ​មាន​មនុស្ស​សា្លប់​ 6នាក់ក្នុង​ចំណោម​អ្នក​ឆ្លង​វីរូស​18នាក់​។ ឆ្នាំ​2014 ពលរដ្ឋ​កាណាដា​ម្នាក់​បាន​ក្លាយ​ជា​អ្នក​ជំងឺ​ដំបូង​គេ​នៅ​អាមេរិក​ខាង​ជើង​ដែល​បាន​ស្លាប់​ដោយ​សារ​មេរោគ​ផ្ដាសាយ​បក្សី H5N1 បន្ទាប់​ពី​មេរោគ​នេះ​បាន​សម្លាប់​មនុស្ស​ជា​ច្រើននាក់​​នៅ​ក្នុង​បណ្ដា​ប្រទេស​អាស៊ី។

    សម្បុក​មេរោគ​ផ្ដាសាយ​បក្សី​ថ្មី​នេះ​ ត្រូវ​បាន​រក​ឃើញ​ខណៈ​ដែល​មេរោគបង្ក​រលាក​សួត​ថ្មី​ Corona (nCoV)​កំពុង​​​ឆ្លង​រាល​ដាល​ពាស​ពេញ​ពិភព​លោក​ ដោយ​ចាប់​ផ្ដើម​ពី​តំបន់​ Wuhan ប្រទេស​ចិន​ ហើយ​បាន​ឆ្លង​ទៅ​​មនុស្ស​ជាង​ 14,627នាក់ និង​សម្លាប់​មនុស្ស​​យ៉ាង​តិច​​ 305នាក់​នៅ​ទូទាំង​ពិភព​លោក​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

    ករណី​ស្លាប់​ដោយ​សារ​មេរោគ​ Corona ដំបូង​បង្អស់នៅ​ខាង​ក្រៅ​ប្រទេស​ចិន​

  • “ម៉ាសពេលនេះសំខាន់ និងមានតម្លៃជាងមាសទៅទៀត!” នេះជាសម្ដីអ្នកស្រុកសៀងហៃប្រទេសចិន

    “ម៉ាសពេលនេះសំខាន់ និងមានតម្លៃជាងមាសទៅទៀត!” នេះជាសម្ដីអ្នកស្រុកសៀងហៃប្រទេសចិន

    ព្រឹកព្រលឹមម៉ោងប្រហែល6 Yu Husheng ដែលជាវិស្វករចូលនិវត្តន៍មួយរូប បានទៅកាន់ឱសថស្ថានមួយកន្លែងក្នុងខណ្ឌ Xuhui (ក្នុងក្រុងសៀងហៃ ប្រទេសចិន) ដើម្បីទិញម៉ាសទុកប្រើប្រាស់ក្នុងគ្រួសារ។ ពេលទៅដល់ គាត់ឃើញមានមនុស្សម្នាប្រហែលជាង 100នាក់ បានមកតម្រង់ជួរមុនគាត់ទៅទៀត។

    លោកអ៊ំវ័យចំណាស់ម្នាក់ បានឱ្យដឹងថា គាត់សុខចិត្តចំណាយពេល និងកម្លាំងកាយដើម្បីស្វែងរក បើទោះត្រូវសម្រាន្តតិចជាងមុនក៏ដោយ។ លោកអ៊ំថ្លែងថា ៖ “ខ្ញុំគិតថា ម៉ាសពេលនេះវាសំខាន់ និង​មាន​តម្លៃ​ជាងមាសទៅទៀត”។

    គិតមកដល់ថ្ងៃទី1កុម្ភៈនេះ អាសន្នរោគ Corona បានឆ្លងរាលដាលស្ទើរ​ពេញ​ផ្ទៃ​ប្រទេស​ចិន បណ្ដាលឱ្យមនុស្សជាង 12,000នាក់បានឆ្លងមេរោគនេះ និង 259នាក់ផ្សេងទៀតបានបាត់បង់ជីវិត។ ដោយ​សារ​តែ​ភ័យ​ខ្លាច ពលរដ្ឋចិនដីគោក បានសម្រុកទៅទិញម៉ាសទុកប្រើប្រាស់ក្នុងរយៈពេលយូរអង្វែង។

    លោក Yu Husheng បានឱ្យដឹងថា លោកត្រូវការម៉ាសយ៉ាងតិច 30 សម្រាប់គ្រួសាររបស់គាត់ដែលមានសមាជិក 6នាក់។ ប៉ុន្តែ អាជ្ញាធរក្រុងសៀងហៃបានចេញបទបញ្ជា ហាមមិនឱ្យទិញលើសពី10ម៉ាស សម្រាប់មនុស្សម្នាក់ក្នុង1ថ្ងៃ។

    ម៉ាស ត្រូវបានកំណត់ឱ្យលក់ក្នុងតម្លៃត្រឹមតែ 0,46 យន់ (ប្រហែល 270 រៀល) ប៉ុណ្ណោះ។ ប៉ុន្តែ នៅក្នុងផ្សារងងឹត ឬតូបទំនិញតាមចិញ្ចើមផ្លូវ អ្នកទិញត្រូវចំណាយប្រាក់ដល់ទៅ 5 យន់ (2,900រៀល) សម្រាប់ម៉ាសមួយ។

    បុរសម្នាក់ឈ្មោះ Li Yan អាយុ42ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនផ្សាយពាណិជ្ជកម្មមួយ បាននិយាយថា ៖ “នៅលើ WeChat (បណ្ដាញសង្គមចិន) ពួកគេ (អតិថិជន) សុខចិត្តចំណាយប្រាក់គុណជា 10ដងនៃតម្លៃធម្មតា ដើម្បីទិញម៉ាសចំនួន1។ ប៉ុន្តែ មិត្តភ័ក្តិខ្ញុំគ្មានអ្នកណានៅសល់ម៉ាសដើម្បីលក់នោះដែរ។ រដ្ឋាភិបាល គួរតែស្វែងរកវិធីដើម្បីចែកចាយម៉ាសដល់អ្នករាល់គ្នា”។

    បណ្ដាក្រុមហ៊ុន រោងចក្រផលិតសម្ភារវេជ្ជសាស្ត្របានឱ្យដឹងថា ពួកគេបានបង្កើនសង្វាក់ផលិតកម្ម ដើម្បីរត់ប្រណាំងជាមួយនិងតម្រូវការរបស់ប្រជាជន។ ចំណែកអាជ្ញាធរមូលដ្ឋានក៏បាន និងកំពុងជួយផ្គត់ផ្គង់កម្លាំង និងវត្ថុធាតុដើមដល់ការផលិតម៉ាសក្នុងអំឡុងរដូវបុណ្យចូលឆ្នាំចិន។

    លោក Li Jia សមាជិកនៃគណកម្មការព័ត៌មានវិទ្យានៃក្រុងសៀងហៃបានប្រាប់ថា បរិមាណទិន្នផលប្រចាំថ្ងៃបានកើនដល់ 1.5លានម៉ាស គឺច្រើនជាង 3ដង បើធៀបនឹងចំនួន 400,000ម៉ាសកាលពីមុនថ្ងៃទី 25មករា ឆ្នាំ2020។ រដ្ឋាភិបាលក៏បានសន្យាជួយដល់បណ្ដាក្រុមហ៊ុន និងរោងចក្រ ក្នុងការធានាដល់សង្វាក់ផលិតកម្មរបស់ពួកគេ ដើម្បីអាចបង្កើនបរិមាណផលិតផល។

    លោក Wu Shengrong ប្រធានរោងចក្រផលិតម៉ាស Dangsheng Shanghai ឱ្យដឹងថា កម្មករត្រូវធ្វើការទាំងយប់ទាំងថ្ងៃដើម្បីផលិតឱ្យបានគ្រប់តាមតម្រូវការរបស់ប្រជាជន។ លោក Wu បានបន្ថែមថា ៖ “យើងខ្ញុំមិនដំឡើងថ្លៃដើម្បីបានចំណេញច្រើនពីវិបត្តិសុខភាពនេះឡើយ”។

    ក្រុមហ៊ុនរបស់លោក Wu បច្ចុប្បន្នផលិតម៉ាសចំនួន 80,000 ក្នុងមួយថ្ងៃៗ។ តាមគម្រោង ក្នុងរយៈពេល 10 ទៅ 15ថ្ងៃទៀត រោងចក្រ Dangsheng អាចផ្គត់ផ្គង់ 200,000ម៉ាសទៅឱ្យទីផ្សារ បើសិនប្រឹងអស់ពីលទ្ធភាព។

    កន្លងមក ក្រុងហុងកុងក៏ធ្លាប់ទទួលរងផលវិបាកស្រដៀងគ្នានេះដែរ។ មនុស្សជាច្រើនបានក្រោកពីព្រលឹម ទៅតម្រង់ជួរគ្នា និងត្រូវរង់ចាំ5ម៉ោងមុនគេបើកហាង ដើម្បីទិញម៉ាស។ អ្នកខ្លះមានការខឹងសម្បាជាខ្លាំង នៅពេលត្រូវត្រឡប់ទៅផ្ទះដោយដៃទទេ។ ហួសហេតុជាងនេះទៀត មានអ្នកខ្លះនាំគ្នាមកបោះតង់នៅមុខហ្វាម៉ាស៊ី 230កន្លែង ដេកមួយយប់ រង់ចាំទិញម៉ាស។

    សូមរំឭកថា ប្រទេសចិនកំពុងទទួលរងការរាតត្បាតនៃអាសន្នរោគ Corona ដែលបានផ្ទុះឆ្លងរាលដាលតាំងពីខែធ្នូ ឆ្នាំ2019។ អាសន្នរោគរលាកសួតនេះ បានបណ្ដាលឱ្យមានអ្នកស្លាប់យ៉ាងតិច 259នាក់ និងជាង11,374នាក់ផ្សេងទៀតបានឆ្លងមេរោគនេះនៅទូទាំងពិភពលោក គិតត្រឹមព្រឹកថ្ងៃទី1កុម្ភៈនេះ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • គួរឱ្យអាសូរអ្នកក្រុង Wuhan! ដួលស្លាប់លើចិញ្ចើមផ្លូវក្បែរហាងទំនិញ ប៉ុន្តែ2ម៉ោងក្រោយទើបមានរថយន្តសង្គ្រោះបន្ទាន់មកដល់ “ព្រោះតែរវល់ពេក”

    គួរឱ្យអាសូរអ្នកក្រុង Wuhan! ដួលស្លាប់លើចិញ្ចើមផ្លូវក្បែរហាងទំនិញ ប៉ុន្តែ2ម៉ោងក្រោយទើបមានរថយន្តសង្គ្រោះបន្ទាន់មកដល់ “ព្រោះតែរវល់ពេក”

    បុរសវ័យចំណាស់ម្នាក់ មានពាក់ម៉ាស បានដួលស្លាប់នៅលើដងផ្លូវក្នុងក្រុង Wuhan ប្រទេសចិន។ ថ្វីបើរឿងនេះបានកើតឡើងតាំងតែពីថ្ងៃទី30មករា ប៉ុន្តែករណីនេះបានបង្ហាញថា ស្ថានភាពកំពុងវិវដ្ដអាក្រក់ទៅៗនៃអាសន្នរោគ Corona នៅប្រទេសចិន។

    រូបថតដែលត្រូវបានថតដោយភ្នាក់ងារសារព័ត៌មាន AFP នៅក្រុង Wuhan បានបង្ហាញថា ជនរងគ្រោះមានអាយុប្រហែល60ឆ្នាំ សក់ស្កូវល្បាយអាចម៍ខ្លា ពាក់ម៉ាស ដេកស្លាប់នៅលើចិញ្ចើមផ្លូវ ខាងមុខហាងទំនិញដែលបានបិទមួយកន្លែង ហើយនៅក្នុងដៃសាកសពនេះ មានថង់ដាក់អីវ៉ាន់ផងដែរ។

    គេមិនបានដឹងថា បុរសរងគ្រោះនោះ បានស្លាប់នៅពេលណា ហើយក៏មិនបានដឹងអំពីមូលហេតុដែលនាំឱ្យគាត់ស្លាប់នោះដែរ។ នៅតាមផ្លូវក្នុងក្រុង Wuhan នៃខេត្ត Hebei ប្រទេសចិន ដើមឡើយជាតំបន់ដែលមានមនុស្សម្នាច្រើនកុះករ ប៉ុន្តែ ចាប់តាំងពីត្រូវបានដាក់បម្រាមគោចរដើម្បីការពារការឆ្លងរាលដាលនៃមេរោគ Corona ទីនេះកាន់តែស្ងាត់ទៅៗ។

    យ៉ាងនេះក្ដី នៅលើដងផ្លូវ គេក៏នៅតែឃើញមនុស្ស2-3នាក់ ដើរទៅ-មក កាត់កន្លែងកើតហេតុ ប៉ុន្តែពួកគេមិនហ៊ានចូលក្បែរសាកសព ខណៈរង់ចាំសមត្ថកិច្ចមកដល់។

    មួយសន្ទុះក្រោយមក មានបុគ្គលិកពេទ្យជាច្រើននាក់ ពាក់ឈុតការពារមេរោគមកដល់ ហើយបានគ្របសំពត់អ្វីមួយពីលើសាកសព។ ក្នុងរយៈពេល2ម៉ោងដែលបានពិនិត្យមើលកន្លែងកើនហេតុ ភ្នាក់ងារសារព័ត៌មាន AFP បានឃើញរថយន្តសង្គ្រោះបន្ទាន់យ៉ាងតិច 15គ្រឿង បើកបរកាត់ទីនេះ ប៉ុន្តែពួកគេមានភារកិច្ចផ្សេង។

    ចុងក្រោយ រថយន្តដឹកទំនិញពណ៌សមួយគ្រឿងបានមកដល់ ហើយក៏បានដឹកសាកសពបុរសនោះចេញទៅ។ បុគ្គលិកពេទ្យក៏នាំគ្នាបាញ់ថ្លាំសម្លាប់មេរោគត្រង់កន្លែងកើតហេតុ។

    AFP បានទាក់ទងសមត្ថកិច្ចក្នុងតំបន់ ប៉ុន្តែ មិនទាន់ទទួលបានព័ត៌មានអ្វីច្បាស់លាស់ស្ដីអំពីអត្តសញ្ញាណ ក៏ដូចជាមូលហេតុនៃការស្លាប់នេះនៅឡើយ។

    ស្ត្រីម្នាក់ដែលនៅក្បែរកន្លែងកើតហេតុ បានប្រាប់ថា គាត់ជឿថា បុរសម្នាក់ដែលបានស្លាប់នោះ ប្រាកដជាដោយសារឆ្លងមេរោគ nCoV (Corona)។ ស្ដ្រីម្នាក់នេះនិយាយទៀតថា ៖ “វាគួរឱ្យខ្លាច! ប៉ុន្មានថ្ងៃនេះមានអ្នកស្លាប់ច្រើនណាស់”។

    ទីតាំងកើតហេតុស្ថិតនៅក្បែរមន្ទីរពេទ្យ Wuhan លេខ6 ជាកន្លែងទទួលព្យាបាលអ្នកជំងឺដែលមានអាការនៃជំងឺរលាកសួតថ្មីដែលបង្កឡើងដោយមេរោគ nCoV។

    ក្រុង Wuhan កំពុងទទួលរងការរាតត្បាតនៃអាសន្នរោគ Corona ដែលបានផ្ទុះឆ្លងរាលដាលតាំងពីខែធ្នូ ឆ្នាំ2019។ អាសន្នរោគនេះ បានបណ្ដាលឱ្យមានអ្នកស្លាប់យ៉ាងតិច 259នាក់ និងជាង11,374 នាក់បានឆ្លងមេរោគនេះនៅទូទាំងពិភពលោក។ ដោយឡែក ខេត្ត Hubei ដែលមានក្រុង Wuhan ជា “សម្បុកមេរោគ” មានអ្នកស្លាប់ដល់ទៅ 249នាក់ គិតមកដល់ព្រឹកថ្ងៃទី1កុម្ភៈនេះ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • ក្រុមហ៊ុនអាកាសចរណ៍ចំនួន29 ផ្អាកការហោះហើរទៅ-មកប្រទេសចិន ក្នុងនោះមាន…

    ក្រុមហ៊ុនអាកាសចរណ៍ចំនួន29 ផ្អាកការហោះហើរទៅ-មកប្រទេសចិន ក្នុងនោះមាន…

    ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា ក្រុមហ៊ុនអាកាសចរណ៍សរុបចំនួន 29ក្រុមហ៊ុន បានផ្អាក លុបចោល ឬពន្យាពេលជើងហោះហើរទៅ-មកប្រទេសចិន ដោយសារបារម្ភអំពីអាសន្នរោគក្នុងប្រទេសនេះ។

    ក្រុមហ៊ុនអាកាសចរណ៍ចំនួន29 ដែលបានផ្អាក ឬប្រកាសផ្អាកការហោះហើរទៅ-មកប្រទេសចិន មានដូចជាក្រុមហ៊ុនរបស់អាមេរិក បារាំង ឥណ្ឌា កាណាដា កូរ៉េខាងត្បូង អង់គ្លេស និងវៀតណាម។

    អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី 30មករាកន្លងទៅ បានប្រកាសអាសន្ននៅទូទាំងពិភព​លោកចំពោះអាសន្នរោគនេះ ហើយបានអំពាវនាវឱ្យប្រទេសទាំងអស់ បង្កើនការការពារ និងប្រយុទ្ធប្រឆាំងអាសន្នរោគនេះ។

    ឆ្លើយតបទៅនឹងការប្រកាសអាសន្នខាងលើ ក្រុមហ៊ុនអាកាសចរណ៍មួយចំនួនដូចជា Cathay Pacific Airways, Singapore Airlines និង Turkish Airlines បានចេញសេចក្ដីប្រកាសលុបចោលជើងហោះហើរទៅ-មកប្រទេសចិន។ Air Tanzania ក៏បានប្រកាសពន្យាពេលជើងហោះហើរដំបូងក្នុងខែកុម្ភៈទៅកាន់ប្រទេស​ចិន។ ក្រុមហ៊ុនអាកាសចរណ៍ United Airlines បានឱ្យដឹងថា នឹងលុបចោលជើងហោះហើរចំនួន 332 រវាងទីក្រុងមួយចំនួននៅអាមេរិក និងក្រុងប៉េកាំង សៀងហៃ និងហុងកុងផងដែរ។ ចំណែកក្រុមហ៊ុន Vietnam Airlines ក៏ប្រកាសដែរថា នឹងផ្អាកជើងហោះហើរទៅ-មកក្រុងប៉េកាំង សៀងហៃ ខ្វាងចូវ និងក្រុងសិនជិន ចាប់ពីថ្ងៃទី6កុម្ភៈខាងមុខ និងក្រុងចេងឌូ ចាប់ពីថ្ងៃទី5កុម្ភៈ និងក្រុងម៉ាកាវ ចាប់ផ្ដើមផ្អាកការ​ហោះ​ហើរ​ពីថ្ងៃទី6កុម្ភៈ ឆ្នាំ2020។ ក្រុមហ៊ុនអាកាសចរណ៍មួយផ្សេងទៀតរបស់វៀតណាមគឺ Vietjet ក៏​នឹងផ្អាក​ជើង​ហោះ​ហើរ​ទាំងអស់របស់ខ្លួន ដែលហោះហើរទៅ-មកប្រទេសចិន ចាប់ពីថ្ងៃទី1កុម្ភៈនេះ។


    បណ្ដាក្រុមហ៊ុនអាកាសចរណ៍ដែលផ្អាកការហោះហើរ​ទៅកាន់ប្រទេសចិន រួមមាន ៖

    ក្រុម​ហ៊ុន​អាកាស​ចរណ៍ Air Canada, Air France, Air India, Air Seoul, American Airlines, Austrian Airlines, British Airways, Delta Air Lines, Egyptair, El Al Israel Airlines, Etihad Airways, Finnair, Kenya Airways, Lion Air, LOT, Lufthansa, NordStar, Royal Air Maroc, RwandAir, S7 Airlines, SAS, Scoot, Shanghai Airlines, Swiss, Ural Airlines, Vietjet, Vietnam Airlines, Virgin Atlantic និងក្រុមហ៊ុន Yakutia Airlines។

    សូមរំឭកថា អ្នកជំនាញខាងរោគឆ្លងបានឱ្យដឹងថា ហានិភ័យនៃការឆ្លងមេរោគ Corona គឺមានខ្ពស់ណាស់ នៅពេលមនុស្សម្នាក់នៅក្បែរអ្នកជំងឺក្នុងរង្វង់ក្រោម 2ម៉ែត្រ។ កត្តានេះក៏ជាមូលហេតុដែលនាំឱ្យការឆ្លង​រាល​ដាលនៃមេរោគនេះ កើនឡើងដល់ 11,791នាក់ និងអ្នកស្លាប់កើនដល់ 259នាក់ គិតមកត្រឹមព្រឹកនេះ៕

    ប្រភព៖ សារព័ត៌មានបរទេស