Tag: ចិន

  • វូហាន បិទ “មន្ទីរ​ពេទ្យ​បណ្ដោះ​អាសន្ន” ខ្នាត​ 2,000​គ្រែ ក្រោយទិដ្ឋភាពរួម COVID-19 ក្នុងតំបន់ល្អប្រសើរឡើង…

    វូហាន បិទ “មន្ទីរ​ពេទ្យ​បណ្ដោះ​អាសន្ន” ខ្នាត​ 2,000​គ្រែ ក្រោយទិដ្ឋភាពរួម COVID-19 ក្នុងតំបន់ល្អប្រសើរឡើង…

    ស៊ីនហួ/វូហាន – ខណៈនេះអ្នកជំងឺឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬ COVID-19 គ្រប់រូបដែលបានចូលទទួលការព្យាបាលក្នុងមន្ទីរពេទ្យបណ្ដោះអាសន្ន “បន្ទប់អង្គុយលេងវូហាន” ក្នុងទីក្រុងវូហាន មណ្ឌលហ៊ូពេយ ភាគកណ្ដាលប្រទេសចិន ត្រូវបានបញ្ជូនត្រឡប់ទៅផ្ទះ ឬទៅមន្ទីរពេទ្យដទៃទៀតរួចរាល់អស់ហើយ តាំងពីពេលរសៀលថ្ងៃសៅរ៍(ទី7មីនា) ក្រោយពីស្ថានការណ៍ជំងឺឆ្លងនៅក្នុងតំបន់នេះ មានសញ្ញាល្អប្រសើរឡើងជាលំដាប់។

    ទាំងអស់នេះ មន្ទីរពេទ្យបណ្ដោះអាសន្នឈ្មោះ “បន្ទប់អង្គុយលេងវូហាន” គឺជាមន្ទីរពេទ្យគ្រាអាសន្នមួយក្នុងចំណោមមន្ទីរពេទ្យគ្រាអាសន្នជាច្រើនទៀត ដែលត្រូវបានកែច្នៃពីអគារសាធារណៈ ដើម្បីទទួលអ្នកឆ្លងមេរោគដែលមានអាការធ្ងន់ធ្ងរ ដោយបានកែច្នៃជាមន្ទីរពេទ្យដែលមានគ្រែសម្រាប់អ្នកជំងឺដល់ទៅ 2,000គ្រែ និងបានបើកទទួលអ្នកជំងឺក្រុមដំបូងកាលពីថ្ងៃទី5 កុម្ភៈ។

    បណ្ដាអាជ្ញាធរសុខាភិបាល និងបុគ្គលិកពេទ្យនៅទីនេះ បានបំពេញការងារយ៉ាងខ្លាំងក្លាក្នុងការពិនិត្យលម្អិត និងព្យាបាលអ្នកជំងឺ ខណៈដែលអ្នកជំងឺក៏អាចធ្វើកិច្ចការងារផ្សេងៗបានដែរដូចជា រាំ ហាត់ប្រាណ ឬអានសៀវភៅ ជាដើម៕

    បុគ្គលិកមន្ទីរពេទ្យ ចុងណាន់ មហាវិទ្យាល័យវូហាន ថតរូបជុំគ្នានៅក្នុងមន្ទីរពេទ្យបណ្ដោះអាសន្ន “បន្ទប់អង្គុយលេងវូហាន” ក្នុងថ្ងៃបិទទ្វារមន្ទីរពេទ្យ(ទី8មីនា)។
    បុគ្គលិកមន្ទីរពេទ្យចុងណាន់ មហាវិទ្យាល័យវូហាន កំពុងដើរត្រួតត្រាក្នុងមន្ទីរពេទ្យបណ្ដោះអាសន្ន “បន្ទប់អង្គុយលេងវូហាន” ក្នុងទីក្រុងវូហាន មណ្ឌលហ៊ូពេយ។
    បុគ្គលិកមន្ទីរពេទ្យ ចុងណាន់ មហាវិទ្យាល័យវូហាន ថតរូបនៅក្នុងមន្ទីរពេទ្យបណ្ដោះអាសន្ន “បន្ទប់អង្គុយលេងវូហាន” ទីក្រុងវូហាន មណ្ឌលហ៊ូពេយ នៅថ្ងៃបិទទ្វារមន្ទីរពេទ្យ(ទី8មីនា)។

    ប្រភព៖ សារព័ត៌មានបរទេស

  • “ស្នាមត្រានៃមហាវីរកម្ម លើផ្ទៃមុខដ៏ស្រស់ស្អាត នៃវីរបុរស-វីរនារី អ្នកប្រយុទ្ធតតាំងនឹងមេរោគ…

    “ស្នាមត្រានៃមហាវីរកម្ម លើផ្ទៃមុខដ៏ស្រស់ស្អាត នៃវីរបុរស-វីរនារី អ្នកប្រយុទ្ធតតាំងនឹងមេរោគ…

    ពួកគេប្រៀបដូចជាអ្នកប្រយុទ្ធក្នុង “សង្គ្រាមមេរោគ” ដែលតស៊ូពុះពារប្រតិបត្តិតួនាទីក្នុងខ្សែត្រៀមមុខ កណ្ដាលក្រុមអ្នកជំងឺដែលផ្ទុកមេរោគកំណាច និងសាកសព ដោយមានម៉ាស់អនាម័យ និងឈុតការពារមេរោគ ជាខែលការពារខ្លួន ពីពួកសត្រូវដែលបំបាំងកាយនៅក្នុងអាកាសធាតុ…ជាសត្រូវដែលមើលមិនឃើញ។

    ព័ត៌មានចាប់ពីថ្ងៃទី4 មករា រហូតមក មានបុគ្គលិកពេទ្យនៅក្នុងប្រទេសចិន ឆ្លងមេរោគកូរ៉ូណាប្រភេទថ្មី មិនតិចជាង 3,000នាក់ និងមានវេជ្ជបណ្ឌិត ដែលបានស្លាប់ មិនតិចជាង 10នាក់ឡើយ។

    ពួកគេទាំងនោះ…គឺជាឪពុក ជាម្ដាយ ជាស្វាមី ជាភរិយា ជាកូន ជាមិត្តសំឡាញ់…ពួកគេបានប្រាប់ថា “ពួកយើង មិនមែនជាវីរបុរស-វីរនារីទេ ព្រោះនេះជាភារកិច្ចរបស់ពួកយើង”។

    សារព័ត៌មានចិន នាន់ ហ្វាង ទូ ស៊ឺ (南方都市报) បានផលិតសារព័ត៌មានច្បាប់ពិសេស 1ច្បាប់ ឈ្មោះថា “ស្នាមត្រា” ដោយបានបង្ហាញរូបភាពឈុតនៃផ្ទៃមុខរបស់បណ្ដាគ្រូពេទ្យ និងគិលានុបដ្ឋាកដែលបានដោះម៉ាស់ការពារចេញ បង្ហាញឱ្យឃើញ “ស្នាមត្រានៃមហាវីរកម្ម”…ជាផ្ទៃមុខដ៏ស្រស់ស្អាត និងភាពតស៊ូដ៏មោះមុត។

    យើងនាំគ្នាមកស្ដាប់ពាក្យសម្ដីដ៏សែនរំជួលចិត្តរបស់ពួកគេ ដូចតទៅ…៖

    1.ជឹង តុងអ៊ឺ គិលានុបដ្ឋាក នៃមន្ទីពេទ្យរបស់មហាវិទ្យាល័យ ជីណាន់

    “ពួកយើងមិនអាចថយបានទេ! និងមិនដែលគិតថា នឹងថយទៀតផង…”

    2. ចូ យៀនភឹង គិលានុដ្ឋាក នៃមន្ទីរពេទ្យ ណាន់ហ្វាង

    “ខ្ញុំនឹកសង្ឃឹមត្រឹមតែបានសាងជាគំរូដ៏ល្អដល់មនុស្សជំនាន់ក្រោយប៉ុណ្ណោះ
    ជាគំរូមួយដ៏មានគុណតម្លៃ
    សង្ឃឹមថា នៅពេលពួកគេជួបឧបសគ្គ ពួកគេនឹងមិនរួញរា…”

    3. ទឹង យ៉ា គិលានុបដ្ឋាក នៃមន្ទីរពេទ្យប្រជាជន មណ្ឌល ក្វាងទុង

    “ជាធម្មតា ពួកយើងនិយាយគ្នាតាម វីឆាត
    ម៉ែនៅតែគិតថា ខ្ញុំកំពុងធ្វើការនៅក្វាងទុង
    ហើយពុកក៏មិនបានប្រាប់ម៉ែដែរ…”

    4. ខុង ភើយវឹន គិលានុបដ្ឋាក នៃមន្ទីពេទ្យប្រជាជន មណ្ឌល ក្វាងទុង

    “វាមិនល្អមើលសោះ!
    ឃើញស្លាកស្នាមទាំងអស់នេះហើយ នឹកអាណិតខ្លួនឯងណាស់…
    ចាំឱ្យអ្វីៗគ្រប់យ៉ាងល្អប្រសើរឡើងវិញ នោះមនុស្សខ្ញុំដូចពីមុន នឹងត្រឡប់មកស្អាតម្ដង
    ទៀត…”

    5. វេជ្ជបណ្ឌិត ស៊ឺ ស៊ាង ផ្នែកអ្នកជំងឺធ្ងន់ នៃមន្ទីពេទ្យរបស់មហាវិទ្យាល័យ ចុងសាន់

    “រឿងដែលខ្ញុំចង់ធ្វើខ្លាំងបំផុតនៅពេលនេះ គឺផឹកកូកាកូឡា 1ដប…ហ្នឹងគឺមានសេចក្ដីសុខបំផុត…
    មុនហ្នឹង ខ្ញុំផឹកទឹកផ្លែឈើម្ដងកន្លះលិត្រ 1ក្អឹកអស់រលីង”

    6. អ៊ូ ជីនលីង គិលានុបដ្ឋាក ប្រចាំមន្ទីពេទ្យរបស់មហាវិទ្យាល័យ ជីណាន់

    “ពីដំបូងដែលឃើញអ្នកជំងឺដែលមើលទៅរាងអស់សង្ឃឹម
    ពួកយើងមានអារម្មណ៍សោកសៅ និងអាណោចអធមខ្លាំងណាស់…
    កាលពីសប្ដាហ៍មុន ពួកយើងស្លៀកឈុតការពារមេរោគពណ៌លឿង
    លោកគ្រូពេទ្យ ពាក់វាត្រឹមតែ 1ម៉ោងក៏ហួសនឹងទ្រាំទៅហើយ
    តែខ្ញុំទ្រាំស្លៀកវាបានដល់ទៅ 3ម៉ោង”

    7. អ៊ូ ចាងមិង គិលានុបដ្ឋាក នៃមន្ទីរពេទ្យប្រជាជន ប្រចាំមណ្ឌល ក្វាងទុង

    “មុនចាប់ផ្ដើមធ្វើការ ខ្ញុំថតវីដេអូខ្លួនឯង
    ដកដង្ហើមធំហើយ…ស្រែក “ស៊ូឡើង! ស៊ូឡើង!”
    ខ្ញុំត្រូវតែមើលថែទាំខ្លួនឯងឱ្យបាន ហើយនឹងត្រឡប់មកវិញព្រមជាមួយជ័យជម្នះ!”

    8. វេជ្ជបណ្ឌិត សៀវ កួនហួ ផ្នែកប្រព័ន្ធដកដង្ហើម មន្ទីរពេទ្យ ណាន់ហ្វាង

    “ការពិតទៅ ពេលនោះ ខ្ញុំមានអារម្មណ៍កង្វល់ខ្លាំងណាស់
    ទើបប្រពន្ធខ្ញុំនិយាយឡើងថា
    “បើបងឯងមិនទៅ វាលែងជាបងឯងហើយ…”

    9. វេជ្ជបណ្ឌិត អ៊ី ហ៊ុយ ប្រចាំផ្នែកជំងឺប្រព័ន្ធដកដង្ហើម មន្ទីរពេទ្យ ចុងសាន់

    “ម្សិលមិញ ជាថ្ងៃខួបកំណើតកូនស្រី
    ខ្ញុំមានអារម្មណ៍សោកស្ដាយ
    ដែលធ្វើឱ្យកូនអស់សង្ឃឹម…
    ឆ្នាំនេះនាងអាយុ 4ឆ្នាំហើយ
    រាល់ឆ្នាំ ខ្ញុំតែងនៅជាមួយនាង
    សង្ឃឹមថា ពួកគេនឹងស្ងប់ចិត្ត និងមានសុវត្ថិភាព”

    10. ចាង ជឺពួ គិលានុបដ្ឋាក មន្ទីរពេទ្យ ណាន់ហ្វាង

    “សង្ឃឹមថា ស្ថានការណ៍ នឹងល្អប្រសើរឡើងឆាប់ៗនេះ
    ចង់ត្រឡប់ទៅផ្ទះវិញ…
    ខ្ញុំនៅខាងក្រៅយូរហើយ
    យូររហូតដល់ភ្លេចពីអារម្មណ៍ពេលនៅផ្ទះមានប៉ាម៉ាក់មើលថែទាំ”៕

    ប្រភព៖ សារព័ត៌មានបរទេស

  • សណ្ឋាគារសម្រាប់​ដាក់អ្នកជំងឺ Covid-19 បាក់រលំសង្កត់មនុស្សយ៉ាង​តិច​70នាក់

    សណ្ឋាគារសម្រាប់​ដាក់អ្នកជំងឺ Covid-19 បាក់រលំសង្កត់មនុស្សយ៉ាង​តិច​70នាក់

    សណ្ឋាគារ​មួយ​ដែល​មាន​កម្ពស់ 5​ជាន់​នៅ​ប្រទេស​ចិន បាន​បាក់​រលំ​ បណ្ដាល​ឱ្យមនុស្ស​យ៉ាង​តិច​70​នាក់​ជាប់​នៅ​ក្រោម​គំនរ​បាក់​បែក ដោយ​ហេតុការណ៍​នេះ បានកើត​ឡើង​នៅ​វេលា​ម៉ោង7​ល្ងាច​ ថ្ងៃទី7​មីនា ឆ្នាំ​2020។

    អាជ្ញាធរក្នុងស្រុកលីងហៃបាននិយាយថា សណ្ឋាគារ​កម្ពស់ 5ជាន់ដែល​ស្ថិត​នៅ​​ក្នុង​ខេត្ត Fujian ប្រទេស​ចិននេះ ត្រូវ​បាន​ប្រើប្រាស់​​ជា​កន្លែង​សម្រាប់​ដាក់​អ្នក​ជំងឺ​ Covid-19ថ្មីឱ្យនៅ​ដាច់​ដោយ​ឡែក​ពី​គេ ដើម្បី​ការ​ពារ​ការ​ឆ្លង​រាលដាល​និង​ការ​តាម​ដាន​សុខ​ភាព​ ក៏ដូចជា​ការ​ព្យាបាល​អ្នក​ជំងឺ​កូរ៉ូណា។

    ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា មក​ដល់​ពេល​នេះ មិនទាន់មានរបាយការណ៍ណា​មួយ​ឱ្យ​ដឹង​អំពីចំនួន​អ្នកស្លាប់ និង​រងរបួស​នៅ​ឡើយ​។ ក៏ប៉ុន្តែ មាន​របាយ​ការណ៍​មួយ​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ចំនួន 23នាក់ត្រូវបានជួយសង្គ្រោះ។

    ប្រភព៖ សារព័ត៌មានបរទេស

  • ចំនួន​អ្នក​នាំ​មេរោគ Covid-19 ពីខាង​ក្រៅ​ បញ្ច្រាស​ត្រឡប់​ចូល​ប្រទេស​ចិនវិញ កើន​ដល់​ 28នាក់

    ចំនួន​អ្នក​នាំ​មេរោគ Covid-19 ពីខាង​ក្រៅ​ បញ្ច្រាស​ត្រឡប់​ចូល​ប្រទេស​ចិនវិញ កើន​ដល់​ 28នាក់

    ក្រុម​មន្ត្រី​សុខាភិបាល​ខេត្ត Gansu នៃ​ប្រទេស​ចិន បាន​ឱ្យ​ដឹង​ថា ខេត្ត​នេះបាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​ Covid-19 បន្ថែម​ 17ករណី ធ្វើ​ឱ្យ​ចំនួន​អ្នក​ផ្ទុក​មេរោគ​ដែល​មក​ពី​ប្រទេស​អ៊ីរ៉ង់ កើនឡើង​ដល់​ 28នាក់​។

    អ្នក​ផ្ទុក​មេរោគ​ 17នាក់​​ខាង​លើ ស្ថិត​ក្នុង​ចំណោម​អ្នក​ដំណើរ​ 283​នាក់​ដែល​កំពុង​ត្រូវ​បាន​បង្ខាំង​ក្នុង​បន្ទប់​ដាច់​ដោយ​ឡែក​ នា​ទី​ក្រុង ​Lanzhou នៃ​ខេត្ត​ Gansu ប្រទេស​ចិន។ អ្នក​ទាំង​ 283នាក់​នេះ មក​កាន់​ទីក្រុង​ Lanzhou តាម​យន្ត​ហោះ​ ចាប់​ពី​ថ្ងៃទី​ 2-5 ​ខែ​មីនា​ នេះ​បើ​តាម​ការ​ប្រកាស​របស់​គណៈកម្ម​ការ​សុខាភិបាល​ទីក្រុង​ Lanzhou កាល​ពី​ថ្ងៃទី​6 ខែ​មីនា។

    ប្រទេស​ចិន បាន​ព្រមាន​អំពី​ហានិភ័យ​នៃ​ការ​ឆ្លងមេរោគ Covid-19 បញ្ច្រាស​​ត្រឡប់​ចូល​​ប្រទេស​ចិន​​វិញ​ ពី​ប្រទេស​ផ្សេង​ៗក្នុង​ពិភពលោក នៅ​ពេល​ដែល​ស្ថាន​ភាព​រោគរាត​ត្បាត​នៅ​​ប្រទេស​ចិន មាន​ភាព​ធូរស្រាល​។ ខេត្ត​ Zhejiang កាល​ពី​ថ្ងៃទី​2 និង​ទី​3 ខែ​មីនា បានរក​ឃើញ​អ្នក​ផ្ទុក​មេរោគ​ចំនួន​2ករណី​ ដែលពួក​គេ​​សុទ្ធ​តែជា​​អ្នក​ត្រឡប់​មក​ពីសង្កាត់​ Bergamo ក្នុង​តំបន់ Lombardy ដែល​ជា​សម្បុក​មេរោគ​កូរ៉ូណា​ធំ​បំផុត​​នៅ​​ប្រទេស​អ៊ីតាលី។

    Gansu គឺជា​ខេត្ត​ដំបូង​គេ​របស់​ប្រទេស​ចិន ដែល​បាន​ទម្លាក់​ការ​ប្រកាស​អាសន្ន​មក​នៅ​ត្រឹម​កម្រិត​ទី​3​ក្នុង​ចំណោម​4កម្រិត​នៃ​ការប្រកាស​អាសន្ន​ កាល​ពី​ខែ​កុម្ភៈ ដោយ​សារ​តែ​តំបន់​នេះ មាន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណាថ្មី​ មាន​កម្រិត​​ទាប​។ មុន​ពេល​រក​ឃើញ​​អ្នក​ផ្ទុក​មេរោគ​ Covid-19 មក​ពី​ប្រទេស​អ៊ីរ៉ង់ ខេត្ត​ Gansu ក៏​ធ្លាប់​មាន​អ្នក​ផ្ទុក​មេរោគ​ ​នេះ​ចំនួន 91នាក់ និង​អ្នក​ស្លាប់​ 2នាក់​ផងដែរ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • សេដ្ឋ​កិច្ច​ចិន​នឹងអាច​​ស៊ូទ្រាំ​ជាមួយ​រោគ​រាត​ត្បាត​ Covid-19 បាន​ដល់​ពេល​ណា​?

    សេដ្ឋ​កិច្ច​ចិន​នឹងអាច​​ស៊ូទ្រាំ​ជាមួយ​រោគ​រាត​ត្បាត​ Covid-19 បាន​ដល់​ពេល​ណា​?

    សាស្ត្រាចារ្យ​ Michael Spence ដែល​ធ្លាប់​ទទួល​បាន​ពាន​រង្វាន់​ Nobel សេដ្ឋ​កិច្ច យល់ថា​ ឥទ្ធិពល​របស់​ Covid-19 ទៅ​លើ​សេដ្ឋ​កិច្ច​ចិន គ្រាន់​តែ​កើត​ឡើង​មួយ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ ចំណែករយៈ​ពេល​វែង​វិញ វា​ហាក់​មិន​អាច​ទៅ​រួច​នោះ​ទេ​។

    រោគ​រាត​ត្បាត​ Covid-19 មក​ដល់​បច្ចុប្បន្ន បាន​សម្លាប់​មនុស្ស​រាប់​ពាន់​នាក់​ និង​ធ្វើ​ឱ្យ​មនុស្ស​រាប់​រយ​លាន​នាក់នៅ​ទូទាំង​ពិភពលោក ​ត្រូវ​រង​ផល​ប៉ះពាល់យ៉ាង​​ធ្ងន់​ធ្ងរ​។ ដោយ​សារ​តែ​អ្នក​វិទ្យា​សាស្ត្រ​មិន​ទាន់រក​ឃើញ​ថ្នាំ ឬ​វិធី​ពិសេស​​ដែល​​អាច​ទប់​ស្កាត់​ ឬ​ព្យា​បាល​មេរោគ​នេះ ដូច្នេះ​មិន​មាន​អ្នក​ណា​ម្នាក់​ហ៊ាន​អះអាង​​ថា ពេល​ណា​រោគ​រាត​ត្បាត​នេះ​ត្រូវ​បានគេ​គ្រប់​គ្រងទាំង​ស្រុងនោះ​ទេ កុំ​ថា​ឡើយ​និយាយ​ដល់​រឿង​សេដ្ឋ​កិច្ច​នឹង​ល្អ​ប្រសើរ​ឡើង​វិញ​ក្នុង​រយៈ​ពេល​ខ្លី។

    ក៏ប៉ុន្តែ ប្រការ​ខាង​លើ​នេះ​ មិន​មែន​មាន​ន័យ​ថា គេ​មិន​អាច​ព្យា​ករ​អ្វី​បាន​ទាំង​អស់នោះ​ទេ​។ កាល​ពី​អតីត​កាល​ បទ​ពិសោធ​ប្រហាក់​ប្រហែលគ្នា​នឹង​​​រោគ​រាត​ត្បាត​កូរ៉ូណា Covid-19នេះ​ បាន​បង្ហាញ​ថា ការ​ខាត​បង់​សេដ្ឋ​កិច្ច​រយៈ​ពេល​ខ្លី អាច​មានច្រើន​ ហើយ​វិស័យ​ដែល​ទទួល​រង​ផល​ប៉ះពាល់​ច្រើន​ជាង​គេ​នោះ​គឺ​ វិស័យ​ដឹក​ជញ្ជូន ទេស​ចរណ៍ រថយន្ត​ និង​ផលិតផល​ប្រណិត​។

    ការ​ព្យាករ​មួយ​ចំនួន​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន​ ក៏បានបង្ហាញថា កំណើន​ GDP របស់​ចិន អាច​ថយ​ចុះ​ពី 2-4​ពិន្ទុ​ភាគរយ​រៀង​រាល់​ត្រីមាស​ រហូត​ដល់​រោគ​រាត​ត្បាត​នេះ​បាន​កើន​ឡើង​ដល់​កំពូល។ ផលិត​ផល​នាំ​ចេញ​នាំ​ចូល​ សុទ្ធ​តែ​មាន​ការ​ថយ​ចុះ ដោយ​សារ​មាន​ការ​កាត់​បន្ថយ​សកម្ម​ភាព​ផលិត​ ​ការ​បញ្ជា​ទិញ​ និង​ការ​ដឹក​ជញ្ជូន ទាំង​ស្ម័គ្រ​ចិត្ត ទាំង​ត្រូវ​បង្ខំ។ កត្តា​ជំរុញកំណើន​សេដ្ឋ​កិច្ច​ដែល​ពឹង​ទៅ​លើ​រដូវ​កាល​បុណ្យ​ចូលឆ្នាំ​ចិន​ឆ្នាំ​នេះ​ក៏មិន​បាន​កើន​ឡើង​។

    សំណួរ​សួរ​ថា តើ​ពេល​ណា​រោគរាត​ត្បាត​នេះ​ឡើង​ដល់​កម្រិត​កំពូល​? ការ​ព្យាករ​ប្រកប​ដោយ​ភាព​ជឿ​ជាក់​ យល់​ថា សេដ្ឋ​កិច្ច​មួយ​ផ្នែក​នឹង​ងើប​ឡើង​វិញ​នៅ​ក្នុង​ត្រី​មាស​ទី​2។ លោក Michael Spence អ្នក​វិទ្យា​សាស្ត្រ​ដែល​ទទួល​បាន​ពាន​រង្វាន់​ Nobel សេដ្ឋ​កិច្ច និង​ជា​សាស្ត្រា​ចារ្យ​ផ្នែក​សេដ្ឋ​កិច្ច​មក​ពី​សាលា​សេដ្ឋ​កិច្ច​ Stern របស់​សកល​វិទ្យា​ល័យ​ New York និង​ជា​សមាជិក​ជាន់​ខ្ពស់​នៃ​វិទ្យាស្ថាន Hoover យល់​ថា វា​នឹង​ឃើញ​ជាក់​ស្ដែង​ជាងនេះ បើ​សិន​គេ​រង់ចាំ​​ការ​ងើប​ឡើង​វិញនៃ​សេដ្ឋ​កិច្ច​នៅ​ត្រី​មាស​ទី​3។

    ប៉ុន្តែ លោក Michael Spence ក៏បាន​ថ្លែង​ថា គេ​នឹង​មិនអាច​ទាត់​ចោល​នូវ​លទ្ធ​ភាព​ដែល​ Covid-19 ក្លាយ​ជា​មហារោគ​​រាត​ត្បាត ដែល​អុក​ឡុក​ពិភពលោក​​រយៈ​ពេល​វែង​ ដែល​បង្ក​រការ​ខាតបង់​ច្រើន​ជាង​នេះ​ ចំពោះ​សេដ្ឋ​កិច្ច​ ព្រោះ​ថា​អ្នក​ជំនួញកាន់​តែ​ពិបាក​រកស៊ី ចំនួន​អ្នក​ធ្វើការ​ក៏​​ត្រូវ​បាន​កាត់​បន្ថយច្រើន​ឡើង​ អ្នក​វិនិយោគ​មានការ​រារែកកាន់​តែ​ខ្លាំង។ល។

    អ្ន​ជំនាញ​ផ្នែក​សេដ្ឋ​កិច្ច​ខាង​លើ​បាន​អះអាង​ថា ជារួម​ ឥទ្ធិពល​​រយៈ​ពេល​វែង​របស់ Covid-19 ទៅ​លើ​សេដ្ឋ​កិច្ច​ចិន គឺ​មាន​តិច​តួច។ សេដ្ឋ​កិច្ច​របស់​មហា​អំណាច​ចិន​បច្ចុប្បន្ន គេ​មិន​អាច​ប្រើ​ពាក្យ​ថា “ទន់​ខ្សោយ​” បាន​ទៀត​ទេ​។ ជា​ការ​ពិត ប្រទេស​នេះ​លែង​ពឹង​ផ្អែក​ច្រើន​​ទៅ​លើ​ការ​នាំ​ចេញ​ បើ​ធៀប​នឹង​ឆ្នាំ​2003 ដែល​ពេល​នោះ​អាសន្ន​រោគ​ SARS កំពុងកើត​ឡើង​។ សេដ្ឋ​កិច្ច​ប្រទេស​ចិន ក៏​មាន​កត្តា​ជា​ច្រើន​ដើម្បី​ងើប​ឡើង​វិញយ៉ាង​លឿន ​ចេញពី​វិបត្តិ​សុខ​ភាព​នេះ​។

    លោក​សាស្ត្រាចារ្យ Michael Spence យល់​ថា ប្រភព​កម្លាំង​ដែល​កន្លង​មក​ត្រូវ​បាន​គេ​វាយ​តម្លៃ​ទាប​​នោះ​គឺ​ការ​ពង្រីក​ខ្លួន​យ៉ាង​លឿន​របស់​​សេដ្ឋ​កិច្ច​ឌីជីថល​នៃ​​ប្រទេស​ចិន​។ ការ​លក់​រាយ​តាម​អនឡាញ​នៅ​ប្រទេស​ចិន​ បាន​កើន​ឡើង​រហូត​ដល់​ 35,3% ឬ​ 25% (តាម​ស្ថិតិ​មួយ​ផ្សេង​ទៀត​)។ ការ​រក​ស៊ី​តាម​អនឡាញ​នៅ​ប្រទេស​ចិន ពេល​នេះ​កំពុង​តែ​មាន​កំណើន​ខ្ពស់។

    កត្តា​ខាង​លើ​នេះ ក៏​ជា​ជំនួយ​មួយ​ផ្នែក​ធំ​ដែល​ជំរុញ​ឱ្យ​សេដ្ឋ​កិច្ច​ចិន​ ងើប​ឡើង​វិញ​បាន​ឆាប់​រហ័ស ពិសេស​គឺ​នៅ​ចំពោះ​មុខ​វិបត្តិ​មួយ​ដែលកាត់​បន្ថយលទ្ធ​ភាព​នៃ​ការ​ធ្វើ​ដំណើរ។ វិស័យ​បច្ចេក​វិទ្យា​រីក​ចម្រើន​ខ្លាំង​ ក៏មាន​ន័យ​ថា បុគ្គលិក​ក្រុម​ហ៊ុន​អាច​ធ្វើ​ការឱ្យ​ក្រុម​ហ៊ុន​ពេល​ដែល​ពួក​គេ​នៅ​ឯ​ផ្ទះ​ ឬ​កន្លែង​ណា​មួយ​ដែល​នៅ​ខាង​ក្រៅ​ក្រុម​ហ៊ុន​​ សូម្បី​តែ​ពេល​ពួក​គេ​ត្រូវ​បង្ខាំង​ដើម្បី​ការ​ពារ​ការ​ឆ្លង​មេរោគ​ក៏ដោយ។ ចំណែក​វិស័យ​អប់រំ​ក៏​មិន​ខុស​គ្នា​ប៉ុន្មានដែរ​ ដោយ​សារ​គ្រូ និង​សិស្ស​អាច​បង្រៀន និង​ទទួល​ចំណេះ​ដឹង​ដោយ​ប្រើ​អ៊ីនធើណិត​។

    ក្រុម​ហ៊ុន​ដែល​ជួប​បញ្ហា​ទាក់​ទិន​នឹង​លម្ហូរ​សាច់​ប្រាក់ និង​ទុន​ នោះ​ឥណទាន​អាច​នឹង​ត្រូវ​បាន​ពន្យា​ពេល​​ និង​ផ្គត់​ផ្គង់​ពី​ចម្ងាយ​។ ប្រការ​នេះ​នឹង​ជួយ​កាត់​បន្ថយ​ការ​ខាត​​បង់​ក្នុង​រយៈ​ពេល​វែង​សម្រាប់​វិស័យ​ទេស​ចរណ៍ ពិសេស​គឺ​ក្រុម​ហ៊ុនខ្នាត​​តូច​ និង​មធ្យម​។ ផលិត​ផល​ ឬ​សេវា​កម្ម​ធានារ៉ាប់​រង​តាម​អនឡាញ​ក៏អាច​ត្រូវ​បាន​ពង្រីក​​ទៅ​ក្នុង​វិស័យ​មួយ​ចំនួន​។ ការ​បញ្ជា​ទិញ​សម្ភារ​វេជ្ជ​សាស្ត្រ​​តាម​អនឡាញ ក៏អាច​ជួយ​បញ្ចៀសបញ្ហា​ខ្វះ​ខាត​ដោយ​សារ​វិបត្តិ​សុខភាព​នេះ ព្រោះ​ថា​​កម្មវិធី​កុំព្យូទ័រ​ មាន​សមត្ថ​ភាព​ដឹង​ នឹង​ដោះ​ស្រាយ​បញ្ហា​បាន​យ៉ាង​ឆាប់​រហ័ស​។

    កម្មវិធី​ ផ្សារ​ ឬ​ App អនឡាញ​នានា​ក៏​អាច​​ការ​ពារ​មិន​ឱ្យ​មាន​បញ្ហា​​ឱកាសនិយម និង​ការ​ពារ​អ្នក​ដែល​ងាយ​រង​គ្រោះ​។ ឧទាហរណ៍ ក្រុម​​ហ៊ុន​ផ្សារ​អនឡាញ Amazon បាន​ព្រមាន​មិន​ឱ្យ​ “ម្ចាស់​តូប​” នៅ​លើ​ផ្សារ​អនឡាញ​នេះ​​ ដាក់​លក់​ផលិត​ផល​ម៉ាស់​ក្នុង​តម្លៃ​ខ្ពស់​ បើ​សិន​ករណី​នេះ​កើត​ឡើង “ម្ចាស់​តូប” នោះ​នឹង​ត្រូវ​បាន​គេ​បិទ​ចោល​។

    នៅ​ពេល​សេដ្ឋ​កិច្ច​ត្រូវ​បាន​ដាក់​នៅ​លើ​អនឡាញ ការ​តាម​ដាន​ប្រសិទ្ធ​ភាព​របស់​វា​ បាន​ក្លាយ​ជា​រឿង​ងាយ​ស្រួល​ លឿន និង​សុក្រឹត​ជាង​មុន​។ ទិន្ន​ន័យ​នេះ អាច​ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​កែ​សម្រួល​លើ​បញ្ហា​នានា​​ដែល​កើត​មាន ព្រម​ទាំង​អាច​ជួយ​កែ​លម្អ​សុក្រឹត​ភាព​នៃ​ការ​ព្យាករ​ ជា​ហេតុ​ធ្វើ​ឱ្យ​មាន​ទំនុក​ចិត្ត​ទៅ​លើ​ការ​រក​ស៊ី និង​ជំរុញ​ឱ្យសេដ្ឋ​កិច្ច​អាច​ងើប​ឡើង​បាន​ឆាប់​រហ័ស​។

    និយាយ​មួយ ការ​ដាំ​ក្បាល​ចុះ​ដល់​កម្រិត​អាក្រក់​បំផុត​នៃ​សេដ្ឋ​កិច្ច​ចិន គឺពិត​ជា​គួរ​ឱ្យ​ខ្លាច និង​មាន​ហា​និភ័យ​ខ្ពស់។ ប៉ុន្តែ បញ្ហា​នេះ​មិន​ងាយ​នឹង​កើត​ឡើង​នោះ​ឡើយ ព្រោះ​ថា ប្រទេស​ចិន​ និង​ពិភពលោក​បាន​ និង​កំពុង​តែ​ចាត់​វិធាន​ការ​យ៉ាង​ខ្លាំង​ក្លា ដើម្បី​ទប់​ទល់​នឹង​បញ្ហា​នេះ​។ ក៏ប៉ុន្តែ អ្វី​ដែល​គេ​សោក​ស្ដាយ​នោះ គឺការ​បាត់​បង់​ជីវិត​មនុស្ស​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • វេជ្ជ​បណ្ឌិត​នៅ​ Wuhan ចែក​រំលែក​បទពិសោធក្នុង​ការ​ប្រយុទ្ធ​​ប្រឆាំងនឹង​ Covid-19

    វេជ្ជ​បណ្ឌិត​នៅ​ Wuhan ចែក​រំលែក​បទពិសោធក្នុង​ការ​ប្រយុទ្ធ​​ប្រឆាំងនឹង​ Covid-19

    ការ​រៀប​ចំផែន​ការ​លម្អិត​សម្រាប់​ក្រុម​គ្រូពេទ្យ​នីមួយ​ៗ និង​អ្នក​ជំងឺ​ម្នាក់​ៗ ការ​បណ្ដុះ​បណ្ដាល​វិធី​ទប់​ស្កាត់​ការ​ឆ្លង​មេរោគ​សម្រាប់​បុគ្គលិក​ពេទ្យជា​ដើម គឺជា​រឿង​ដែល​អ្នក​ប្រយុទ្ធ​នឹង​រោគ​រាត​ត្បាត​ Covid-19 នៅ​ក្នុង​ “សមរភូមិ” ជួរ​មុខ បាន​ដក​​បទពិសោធ​ ទុក​ជា​មេរៀន។

    ការ​ថ្លែង​របស់​វេជ្ជ​បណ្ឌិត​ Qiao Jie ដែល​ជា​ប្រធាន​មន្ទីរពេទ្យ​លេខ​3​នៃ​សកល​វិទ្យា​ល័យ​ទី​ក្រុង​ប៉េកាំង​ (Peking​ University Third Hospital) នៅ​ក្នុង​សិក្ខា​សាលា​មួយ​កាល​ពី​ថ្ងៃទី​4មីនា នៅ​ទីក្រុង​ Wuhan ប្រទេស​ចិន​ បាន​ធ្វើ​ឡើង​ដោយ​សង្ឃឹម​ថា បណ្ដា​ប្រទេស​ក្នុង​ពិភពលោក ដក​បទ​ពិសោធ​បាន​ច្រើន​ពី​អ្នក​ដែល​បាន​ប្រយុទ្ធ​​ផ្ទាល់​ជាមួយ​នឹង​រោគ​រាត​ត្បាត​នេះ​ Covid-19។

    លោក​វេជ្ជ​បណ្ឌិត​ Qiao Jie បាន​ឱ្យ​ដឹង​ថា បុគ្គលិក​ពេទ្យ​ស្ទើរ​តែ​ទាំង​អស់ ខ្វះ​បទ​ពិសោធ​ក្នុង​ការ​ព្យា​បាល​អ្នកជំងឺ​ដែល​មាន​ផ្ទុក​រោគ​ឆ្លង​ទាក់​ទិន​នឹង​ផ្លូវ​ដង្ហើម។ ដូច្នេះ ការ​បណ្ដុះ​បណ្ដាល​ក្រុម​បុគ្គលិក​ពេទ្យ​ គឺជា​វិធី​ល្អ​បំផុត​ដើម្បី​អាចជួយ​ពួក​គេ​យក​ឈ្នះ​លើ​ Covid-19 ចាប់​ពី​ការ​ថែទាំ​ ការ​ព្យា​បាល​អ្នក​ជំងឺ​ស្រាល រហូត​ដល់​អ្នក​ជំងឺ​ធ្ងន់ ទន្ទឺម​នឹង​នេះ​ ពួក​គេ​នឹង​ជួយ​ការ​ពារ​ខ្លួន​ឯង​ពី​ការ​ឆ្លង​មេរោគដ៏​កាច​សាហាវនេះ។

    លោក​វេជ្ជ​បណ្ឌិត​សង្កត់​ធ្ងន់​ថា “សូម្បី​តែ​ការ​ស្លៀក​ពាក់​ឈុត​ការ​ពារ​​មេរោគ​ ក៏​ទាម​ទារ​ឱ្យ​មាន​ការ​បណ្ដុះ​បណ្ដាលផងដែរ​”។

    បច្ចុប្បន្ន Covid-19 បាន​បង្ហាញ​វត្តមាន​នៅក្នុង​ប្រទេស​ និង​ដែនដី​ចំនួន​ 84 ក្នុង​ពិភពលោក បន្ទាប់​ពី​បាន​ផ្ទុះ​ឆ្លង​រាល​ដាល​នៅ​ក្នុង​ទីក្រុង​ Wuhan កាល​ពី​ខែធ្នូ ឆ្នាំ​2019 ហើយ​មក​ដល់​ពេល​នេះ វា​បាន​បណ្ដាល​ឱ្យ​មាន​អ្នក​ឆ្លង​មេរោគ​​សរុប​​ជាង​ 95,425​នាក់ ក្នុង​នោះ​​មាន​អ្នក​​​ស្លាប់​ជិត​3,300​នាក់​ និង​ 53,600នាក់​បាន​ជា​សះស្បើយ​ពី​ជំងឺ​នេះ​។

    កំណើន​​នៃ​ករណី​​ឆ្លង​មេរោគ​ Covid-19 បន្ថែមនៅ​ប្រទេស​ចិន​ មាន​ការ​​ថយ​ចុះបន្តិច​ ប៉ុន្តែ​វា​បាន​កើន​ឡើង​ខ្លាំង​ និង​លឿន​នៅ​តាម​បណ្ដា​ប្រទេសផ្សារ​ៗ​ ដូច​ជា​ កូរ៉េខាង​ត្បូង អ៊ីរ៉ង់ អ៊ីតាលី និង​ជប៉ុន​ជា​ដើម​។

    វេជ្ជបណ្ឌិត Du Bin មក​ពី​មន្ទីរពេទ្យ​សហ​ព័ន្ធ​​វេជ្ជ​សាស្ត្រ​ក្រុង​ប៉េកាំង (Peking Union Medical College Hospital) បាន​ទៅ​កាន់​ទី​ក្រុង Wuhan ដើម្បី​ជួយ​​ព្យា​បាល​អ្នក​ជំងឺ​ដែល​បាន​ឆ្លង​មេរោគ​កូរ៉ូណា​ Covid-19 តាំង​ពី​ពាក់​កណ្ដាល​ខែ​មករា​ ឆ្នាំ​2020។ លោក​វេជ្ជ​បណ្ឌិត​ យល់​ថា ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រោគ​ក្នុង​មន្ទីរពេទ្យ​នានា កត្តា​សំខាន់​នោះ​គឺ​ការ​រៀប​ផែន​ការ​។

    “អ្នក​ត្រូវ​តែ​រៀប​ផែន​ការ​សម្រាប់​អ្នក​ទាំង​ឡាយ​ណា​ដែល​ត្រូវ​បាន​សង្ស័យ​ថា​ បាន​ឆ្លង​មេរោគ​កូរ៉ូណា ដែល​កំពុង​នៅ​ក្នុង​មជ្ឈមណ្ឌល​ដាច់​ដោយ​ឡែក​ ចំពោះ​​អ្នក​ជំងឺ​គ្រុន​ក្ដៅ ទាំង​អ្នក​ជំងឺ​ក្នុង​មន្ទីរ​ពេទ្យ ទាំង​អ្នក​ជំងឺ​ក្រៅ​មន្ទីរពេទ្យ​។ ក្រៅ​ពី​នេះ អ្នក​ត្រូវ​តែ​មាន​សមត្ថ​ភាព​ក្នុង​ការ​ធ្វើ​តេស្ត​រក​មេរោគ​ក្នុង​បន្ទប់​ពិសោធ​ ចំពោះអ្នក​ជំងឺ​ដែល​កំពុង​ត្រូវ​បាន​សង្ស័យ ហើយ​​ត្រូវ​បង្ខាំងឱ្យ​នៅ​ដោយ​ឡែក​ចំពោះ​​អ្នក​ជំងឺ​ដែល​កំពុង​ត្រូវ​សង្ស័យ មុន​នឹង​លទ្ធ​ផល​នៃ​ការ​ធ្វើ​តេស្ត​បាន​ចេញជា​ផ្លូវ​ការ​”។ នេះ​គឺជា​ការ​ឱ្យ​ដឹង​របស់​លោកវេជ្ជបណ្ឌិត Du Bin។

    ដូច្នេះ ដើម្បី​ទប់​ស្កាត់​​ការ​ឆ្លង​បន្ត ចូរ​ត្រៀម​ខ្លួន និង​រៀប​ផែន​ការ​ឱ្យ​បាន​ច្បាស់​លាស់​ជា​មុន​ ហើយ​ត្រូវ​បង្កើន​ការ​បណ្ដុះ​បណ្ដាល​បុគ្គលិក​ផ្នែក​សុខាភិបាល ដើម្បី​ជួយ​ឱ្យ​ពួក​គេ​អាច​ទប់​ទល់​នឹង​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ​នេះ​ដោយ​សុវត្ថិ​ភាព​។ នេះ​គឺជា​មេរៀន​ដែល​ដក​ពិសោធ​ចេញ​ពី​​សម្បុក​មេរោគ​កូរ៉ូណា​ Covid-19 ដែល​ត្រូវ​បាន​ក្រុម​វេជ្ជ​បណ្ឌិត​ចិន​ណែនាំ​ ក៏ដូចជា​ព្រមាន​ចំពោះ​សហគមន៍​វេជ្ជ​សាស្ត្រ​ពិភពលោក​ នៅ​ក្នុង​កិច្ច​ប្រជុំ​ក្នុង​ថ្ងៃ​ដដែល​ដូច​បាន​រៀប​រាប់​ខាងលើ​។

    ក្រៅ​ពី​នេះ បើ​តាម​លោក Du ផែន​ការ​ទាំង​ឡាយ​ត្រូវ​តែ​បង្កើត​ឡើង​ដើម្បី​ទប់ទល់​នឹង​​រោគ​រាតត្បាត ជួយ​សម្រួល​ដល់​អ្នក​ជំងឺ​ដែល​បាន​ឆ្លង​រោគ និង​អ្នក​ដែល​ធ្លាប់​បាន​នៅ​ក្បែរ​អ្នក​ជំងឺ​ ព្រម​ទាំង​ផ្ដល់​​មូលដ្ឋាន​​គ្រឹះ​ដើម្បីអាច​​​បង្ខាំង​ឱ្យនៅ​ដោយ​ឡែក​ ហើយ​តាម​ដាន​ ពិនិត្យ​ និង​ស្វែង​រក​អ្នក​ដែល​ត្រូវ​សង្ស័យ​ថាបាន​ឆ្លង​មេរោគ​ពី​អ្នក​កំពុង​ជាប់​សង្ស័យ​។

    ពិសេស​ជាង​នេះ ដើម្បី​អាច​គ្រប់​គ្រង​មេរោគ​នេះ​បាន គេ​ត្រូវ​ការ​ប្រើ​ប្រាស់​រាល់​ធនធាន​ដែល​មាន​ក្នុងសង្គម ដោយ​មិន​ត្រឹម​តែ​ក្រុម​វេជ្ជ​បណ្ឌិត​ជាន់​ខ្ពស់ ឬ​បុគ្គលិក​សុខាភិបាល​ជាន់​ទាប​នៅ​ជួរ​មុខ​នោះ​ទេ​ ប៉ុន្តែ​ក៏ត្រូវ​តែ​មាន​ការ​ចូល​រួម​ពី​បណ្ដា​បុគ្គលិក​នានា​ក្នុង​សង្គម និង​កម្លាំង​ជួរ​ក្រោយ​ផង​ដែរ​។

    លោក​ Du បាន​សង្កត់​ធ្ងន់​ថា “យើង​ត្រូវ​ការ​សាមគ្គីភាព​ និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ចាប់​ពី​វេជ្ជ​បណ្ឌិត​ ​នគរ​បាល​ រហូត​ដល់​អ្នក​ដឹក​ជញ្ជូន​។ល។​ នោះ​គឺជា​វិធី​តែ​មួយ​គត់​ដើម្បី​គ្រប់​គ្រង​រោគ​រាត​ត្បាត​ ដែល​មិន​ត្រឹម​តែ​នៅ​ប្រទេស​ចិន​នោះ​ទេ តែ​សម្រាប់​ទូទាំង​ពិភព​លោក​ផងដែរ។ នេះ​បើ​​តាម​ SCMP។

    វេជ្ជណ្ឌិត Li Hichao មក​ពីមន្ទីពេទ្យ​លេខ​1​នៃ​មហា​វិទ្យា​ល័យ​ប៉េង​កាំង បាន​ឱ្យ​ដឹង​ថា ការ​បង្កើត​ឡើង​នូវ​យន្ត​ការ​មួយ​ដើម្បី​ចែក​រំលែក​ចំណេះ​ដឹង​​ និង​បទ​ពិសោធ​ដល់​សាធារណ​ជន​ គឺជា​វិធី​ល្អ​មួយ​ដើម្បី​រួម​ចំណែក​ក្នុង​ការ​ដោះ​ស្រាយ​ចំពោះ​ករណី​អ្នក​ជំងឺ​មាន​សភាព​ធ្ងន់​ធ្ងរ ឬ​កំពុង​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ដល់​ជីវិត​។

    លោក Li Hichao បាន​បញ្ជាក់​ថា “Covid-19 គឺជា​ជំងឺ​ថ្មី។ ដូច្នេះ​ យើង​បាន​បង្កើត​ឡើង​នូវ​យន្ត​ការ​ពហុ​វិស័យ​ដើម្បី​បញ្ជូន​ចំណេះ​ដឹង​ និង​ចែក​រំលែក​បទ​ពិសោធ​ដល់​មនុស្ស​គ្រប់​រូប​ នៅ​ក្នុងវិស័យ​ផ្សេង​ៗ​គ្នា ក្នុង​បំណង​រាំង​ខ្ទប់​រោគ​រាត​ត្បាត​នេះ​”៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ចិនចេញបែបបទសំណួរ-ចម្លើយ ពាក់ព័ន្ធនឹងការការពារខ្លួន នៅពេលត្រូវធ្វើដំណើរក្នុងអំឡុងពេលដែលមេរោគ COVID-19 កំពុងរាតត្បាត ឱ្យប្រជាជនបានប្រតិបត្តិ

    ចិនចេញបែបបទសំណួរ-ចម្លើយ ពាក់ព័ន្ធនឹងការការពារខ្លួន នៅពេលត្រូវធ្វើដំណើរក្នុងអំឡុងពេលដែលមេរោគ COVID-19 កំពុងរាតត្បាត ឱ្យប្រជាជនបានប្រតិបត្តិ

    យោងតាមសារព័ត៌មានស៊ីនហួ ដែលបានចេញផ្សាយកាលពីថ្ងៃទី4 មីនាម្សិលមិញ បានឱ្យដឹងថា ក្នុងអំឡុងពេលដែលមេរោគ COVID-19 នៅតែកំពុងឆ្លងរាលដាលយ៉ាងឥតឈប់ឈរនេះ រដ្ឋបាលរបស់ប្រទេសជាច្រើនទូទាំងពិភពលោកបានប្រមែប្រមូលចំណេះដឹង សមត្ថភាព និងសក្ដានុពលទាំងអស់ដើម្បីធ្វើជាបែបបទ សួរ-ឆ្លើយ សម្រាប់អ្នកធ្វើដំណើរនៅទូទាំងពិភពលោកបានការពារខ្លួន និងបង្ហាញដល់មន្ត្រី និងអាជ្ញាធរ ដើម្បីទប់ទល់នឹងស្ថានការណ៍មេរោគឆ្លងដ៏គ្រោះថ្នាក់នាពេលបច្ចុប្បន្ន។

    សួរៈ តើគួរការពារខ្លួនឯងយ៉ាងណា នៅពេលត្រូវធ្វើដំណើរដោយយន្តហោះ?

    ឆ្លើយៈ កុំទៅដល់អាកាសយានដ្ឋានមុនពេលកំណត់យូរពេក ត្រូវពាក់ម៉ាស់អនាម័យការពារជាប់ជានិច្ចរហូតក្នុងពេលធ្វើដំណើរ។ ចៀសវាងពីការជជែកគ្នាជាមួយមនុស្សដែលមិនធ្លាប់ស្គាល់ និងអង្គុយឱ្យឆ្ងាយពីអ្នកឯ​ទៀត​តាមដែលអាចធ្វើទៅបាន។

    សួរៈ ពេលឡើងជិះតាក់ស៊ី ត្រូវប្រយ័ត្នអ្វីខ្លះ?

    ឆ្លើយៈ ទាំងអ្នកបើកបរ និងអ្នកដំណើរ គួរតែពាក់ម៉ាស់អនាម័យការពារឱ្យបានត្រឹមត្រូវ។ មុនឡើងជិះរថយន្ត គួរបើកទ្វារចំហចោលមួយភ្លែត ដើម្បីឱ្យខ្យល់អាកាសបក់ចេញចូល។ បើកចំហបង្អួចក្នុងអំឡុងពេលធ្វើដំណើររហូត ព្រោះសម្រាប់ការការពារមេរោគ COVID-19 នេះ ការបក់ចេញចូលផ្លាស់ប្ដូរនៃខ្យល់អាកាសពីខាងក្រៅចូលមក ពិតជាល្អប្រសើរជាងខ្យល់អាកាសដែលនៅខាងក្នុងរថយន្ត។

    សួរៈ តើការធ្វើដំណើរដោយរថយន្តតាក់ស៊ី ឬរថភ្លើងក្រោមដី ជាការបន្ថែមភាពប្រថុយប្រថានក្នុងការឆ្លងមេរោគដែរឬទេ?

    ឆ្លើយៈ ការស្ថិតនៅក្នុងទីសាធារណៈ ពិតជាប្រថុយប្រថានក្នុងការឆ្លងមេរោគបានគ្រប់ពេលវេលា ដូច្នេះ ជំនួស​ឱ្យការកង្វល់ថា គួរតែធ្វើដំណើរដោយអ្វីនោះ គួរតែផ្ដល់ភាពសំខាន់លើការពាក់ម៉ាស់អនាម័យការពារ និង​លាង​​ដៃឱ្យបានស្អាតជាមុនសិនប្រសើរជាង។

    សួរៈ សម្រាប់អ្នកបើកបររថយន្តតាក់ស៊ី នៅក្នុងអំឡុងពេលមេរោគវីរុសកំពុងរាតត្បាត

    ឆ្លើយៈ ការបក់ចេញ-ចូលរបស់ខ្យល់អាកាស ជារឿងសំខាន់បន្ទាប់ពីពាក់ការម៉ាស់អនាម័យការពារ ការលាង​ដៃឱ្យស្អាត និងការប្រើក្រដាសសើមដែលអាចសម្លាប់មេរោគបាន។ បើសិនអ្នកដំណើរមានអាការឈឺថ្កាត់ឡើងមកក្នុងរថយន្ត គួរសម្លាប់មេរោគនៅលើដៃទ្វាររថយន្ត និងកៅអីអង្គុយ បន្ទាប់ពីអ្នកដំណើរម្នាក់នោះចុះពីរថយន្តទៅហើយ។

    សួរៈ ចុះបើត្រូវធ្វើដំណើរដោយរថយន្តក្រុងក្នុងរយៈពេលយូរ?

    ឆ្លើយៈ ជ្រើសរើសអង្គុយនៅកន្លែងដែលឆ្ងាយពីអ្នកឯទៀត និងសុំឱ្យអ្នកបើកបរ ចតរថយន្តនៅកន្លែង​ឈប់​សម្រាក រៀងរាល់ 2ម៉ោងម្ដង ដើម្បីឱ្យបានចេញមកស្រូបខ្យល់អាកាសបរិសុទ្ធ។

    សួរៈ វិធានការរក្សាសុវត្ថិភាពអ្នកធ្វើដំណើរចូល-ចេញពីប្រទេស

    ឆ្លើយៈ ប្រជាជនគ្រប់រូបដែលធ្វើដំណើរចូល-ចេញពីប្រទេស ត្រូវបង្ហាញឯកសារពីស្ថានភាពខាងសុខភាព ហើយ​អាជ្ញាធរនៃអាកាសយានដ្ឋាន នឹងត្រួតពិនិត្យមើលថា តើអ្នកដែលធ្វើដំណើរចូល-ចេញទាំងអស់ មានអាការឈឺថ្កាត់ ឬមានប្រវត្តិការធ្វើដំណើរទៅប្រទេស ឬភូមិភាគដែលមានការរកឃើញថា មានអ្នកឆ្លងមេរោគ COVID-19 ក្នុងរយៈពេល14ថ្ងៃកន្លងមកដែរឬទេ?

    អាជ្ញាធរចិន បានបកប្រែឯកសារការបង្ហាញពីស្ថានភាពខាងសុខភាពរបស់អ្នកដំណើរខាងលើ ជាភាសារបរទេសជាង 10ភាសា និងរៀបចំធ្វើជាមីនីប្រូក្រាមនៅក្នុងអ៊ែបភ្លីខេសឹន ដើម្បីអាចឱ្យអ្នកធ្វើដំណើរទាំង ឡាយ ប្រើទូរស័ព្ទដៃបង្ហាញឯកសារផ្នែកសុខភាពរបស់ខ្លួនតាមប្រព័ន្ធអនឡាញបាន៕

    ប្រភព៖ សារព័ត៌មានបរទេស

     

  • ថ្នាក់​លើ​របស់​វេជ្ជ​បណ្ឌិត Li Wenliang បាន​ស្លាប់​ហើយ​ ដោយ​សារ​តែ​ Covid-19

    ថ្នាក់​លើ​របស់​វេជ្ជ​បណ្ឌិត Li Wenliang បាន​ស្លាប់​ហើយ​ ដោយ​សារ​តែ​ Covid-19

    លោក Mei Zhongming អាយុ​57ឆ្នាំ ជា​វេជ្ជបណ្ឌិត​ម្នាក់​ដែលជា​ថ្នាក់​លើ​របស់​​សពលោក​វេជ្ជបណ្ឌិត​ Li Wenliang (ដែល​បាន​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា​កាល​ពី​ខែ​មុន) ក៏​បាន​បាត់​បង់​ជីវិត​ដោយ​សារមេរោគ​ដ៏កាច​សាហាវ​នេះ​ដែរ​ កាល​ពី​វេលា​ថ្ងៃ​ត្រង់​ ថ្ងៃទី​3មិនា​នេះ​។

    វេជ្ជបណ្ឌិត Mei Zhongming អនុប្រធាន​ផ្នែក​ជំងឺ​ភ្នែក​នៅ​មន្ទីរពេទ្យ​មជ្ឈិម​ក្រុង​អ៊ូហាន (Wuhan Central Hospital) គឺ​ជាថ្នាក់លើ​របស់​សព​លោក​វេជ្ជបណ្ឌិត​ Li Wenliang ដែល​បាន​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា​កាល​ពី​ខែ​កុម្ភៈ។ វេជ្ជបណ្ឌិត Mei បាន​ឆ្លង​មេរោគ​កូរ៉ូណា​នេះ​ នៅ​ពេល​លោក​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​រោគ​រាត​ត្បាត​នេះ​ ហើយ​លោក​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ Jinyintan Hospital ជាកន្លែង​ដែល​លោក​បាន​សម្រាក​ព្យា​បាល​ជំងឺ​។

    លោក​វេជ្ជបណ្ឌិត​ទាំង​2អ្នក​ខាងលើ​នេះ គឺជា​មនុស្ស​ដែល​ធ្លាប់​បញ្ចេញ​ព័ត៌មាន​ដំបូង​ទាក់ទិន​នឹង​មេរោគ​កូរ៉ូណា​។ ប៉ុន្តែ ពេល​នោះ​គ្មាន​អ្នក​ណា​ជឿ​រឿង​នេះ មិន​ត្រឹម​តែ​ប៉ុណ្ណោះ វេជ្ជបណ្ឌិត​ Li Wenliang ដែល​ជា​ថ្នាក់​ក្រោម​របស់​វេជ្ជបណ្ឌិត​ Men Zhongming ថែម​ទាំង​ត្រូវ​នគរ​បាល​ហៅ​ទៅ​សួរ​នាំ​ និង​បង្ខំ​ឱ្យចុះ​ហត្ថលេខា​លើកំណត់​ហេតុ​មួយ​ទៀត​ផង​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • តុលាការ​ចិន​កាត់​ទោស​ប្រហារ​ជីវិត​អ្នក​បើក​បរ​ម្នាក់ ដោយ​សារ​បាន​សម្លាប់​បុគ្គលិក​ប្រឆាំង​ Covid-19​

    តុលាការ​ចិន​កាត់​ទោស​ប្រហារ​ជីវិត​អ្នក​បើក​បរ​ម្នាក់ ដោយ​សារ​បាន​សម្លាប់​បុគ្គលិក​ប្រឆាំង​ Covid-19​

    Ma Jianguo អាយុ​23ឆ្នាំ ត្រូវ​បាន​កាត់​ទោស​ប្រហារ​ជីវិត បន្ទាប់​ពី​បាន​យក​កាំ​បិត​ចាក់​សម្លាប់​បុគ្គលិក​ប្រឆាំង​អាសន្ន​រោគ​ Covid-19 ចំនួន​2នាក់។

    តុលាការ​កំពូល​នៅតំបន់​ស្វយ័ត Honghe ក្នុង​ខេត្ត Yunnan ប្រទេស​ចិន កាល​ពី​ម្សិល​មិញ​បាន​កាត់​ទោស​ប្រហារ​ជីវិត​ចំពោះ​អ្នក​បើក​បរ​រថយន្ត​ម្នាក់​ឈ្មោះ Ma Jianguo ក្រោម​បទ​ចោទ “អំពើមនុស្ស​ឃាត​ដោយ​ចេតនា”​។

    យោង​តាម​​បទ​ចោទ​ កាល​ពី​ថ្ងៃទី​6កុម្ភៈ ឈ្មោះ Ma Jianguo ដឹក​ភ្ញៀវ​ម្នាក់​ឆ្លង​កាត់​តំបន់​ត្រួត​ពិនិត្យ​អាសន្ន​រោគ​កូរ៉ូណា Covid-19 នៅ​ក្នុង​តំបន់​ស្វយ័ត​ Honghe ហើយ​បាន​ព្យា​យាម​ទាញ​របាំង​ផ្លូវ​ចេញ​ពី​កន្លែង​ត្រួត​ពិនិត្យ ពេល​នោះ Zhang Guizhou ដែល​ជា​បុរស​ម្នាក់​ក្នុង​ចំណោម​បុគ្គលិកប្រឆាំង​ Covid-19 ​2នាក់​ដែល​មើល​ការ​ខុស​ត្រូវ​កន្លែង​ត្រួត​ពិនិត្យ​នេះ​ ក៏យក​ទូរស័ព្ទ​ចេញ​មក​ថត​សកម្ម​ភាព​ដើម្បី​ទុក​ជា​ភ័ស្តុ​តាង​។

    ខឹង​ខ្លាំង​ពេក Ma Jianguo ក៏បាន​ហូត​កូន​កាំបិត​ចេញ​ពី​ថង់​អាវ និងបាន​ចាក់​ទៅ​លើ​ទ្រូង​របស់ Zhang ជា​ច្រើន​កាំបិត​។ ឃើញ​ដូច្នេះ បុគ្គលិក​ម្នាក់​ទៀត​ឈ្មោះ​ Li Guomin ក៏បាន​រត់​ចូល​ទៅ​ជួយ​ ប៉ុន្តែ​ក៏ត្រូវ​បាន​ជនដៃ​ដល់​ចាក់​សម្លាប់​ បណ្ដាល​ឱ្យ​បុគ្គលិក​ប្រឆាំង​ Covid-19 ទាំង​2នាក់​នេះ​បាត់​បង់​ជីវិត​។

    តុលាការ​តំបន់​ស្វយ័ត Honghe បាន​ឱ្យ​ដឹង​ថា កន្លង​មក​ជន​ដៃ​ដល់​ខាង​លើ ធ្លាប់​ត្រូវ​បាន​​ប្ដឹង​ពីបទ​ប្រើ​អំពើហិង្សា​លើ​អ្នក​ដទៃដែរ​ ហើយ​នេះ​គឺជា​លើក​ទី2ហើយ​ដែល​ជននេះ​ប្រព្រឹត្ត​អំពើ​អាក្រក់​។ បើ​ទោះ​ជា​ជន​ល្មើស​បាន​ចេញ​មក​សារ​ភាព​ ប៉ុន្តែ​ ដោយ​សារ​មាន​សភាព​ឃោរ​ឃៅ​ខ្លាំង​ពេក តុលាការ​ក៏​បាន​សម្រេច​ផ្ដន្ទាទោស​ប្រហារ​ជីវិត​។

    តុលាការ​បាន​ប្រកាស​ថា “Ma Jianguo បាន​រំលោភ​ច្បាប់​ជាតិ​ ខណៈ​ដែល​ខេត្ត Yunnan កំពុង​ជួប​បញ្ហា​អាសន្ន​ធំ​បំផុត​ទាក់់​ទិន​នឹង​សុខា​ភិបាល​។ ជនល្មើស​មិន​បាន​អនុវត្ត​តាម​គោល​ការណ៍គ្រប់​គ្រង​អាសន្ន​រោគ និង​បាន​ធ្វើ​ឱ្យ​មាន​មនុស្ស​ស្លាប់​2នាក់​”។ នេះ​បើ​តាម​សារ​ព័ត៌មាន Nytimes។

    ប្រទេស​ចិន ថ្ងៃ​នេះ មាន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា Covid-19 បន្ថែម​ចំនួន​42នាក់ ដែល​អ្នក​ទាំង​នេះ​ស្ថិត​នៅ​ក្នុង​តំបន់​សម្បុក​មេរោគ​​នៃ​ខេត្ត Hubei ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​សរុប​ក្នុង​ប្រទេស​នេះ ​កើន​ដល់​​ 2,912​នាក់​។ ចំណែក​អ្នក​ដែល​បាន​ឆ្លង​មេរោគ​កូរ៉ូណានេះ ក៏បាន​កើន​ដល់​ 80,026​នាក់​។

    ក្រុម​មន្ត្រី​ចិន​បាន​ឱ្យ​ដឹង​ថា ប្រទេស​នេះ​បាន​ទទួល​លទ្ធ​ផល​វិជ្ជ​មាន​ខ្លះ​ហើយ​ នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អាសន្ន​រោគ​ Covid-19។ ប៉ុន្តែ វិធាការ​គ្រប់​គ្រង​អាសន្ន​រោគ នៅ​តែ​ត្រូវ​បាន​អនុវត្ត​ រួម​នឹង​ការ​បិទ​ទ្វារ​សាលា​រៀន​ផងដែរ​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • មហាសែនរំភើបចិត្ត!! ឱនគោរព1…2យុគសម័យ…សម្ព័ន្ធភាពគ្រូពេទ្យ-អ្នកជំងឺតូច

    មហាសែនរំភើបចិត្ត!! ឱនគោរព1…2យុគសម័យ…សម្ព័ន្ធភាពគ្រូពេទ្យ-អ្នកជំងឺតូច

    ក្មេងតូច អាយុ 3ឆ្នាំម្នាក់ អតីតអ្នកឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬ COVID-19 បានលំឱនកាយសម្ដែងការគោរព និងអរគុណដល់អ៊ំស្រីគ្រូពេទ្យដែលបានមើលថែទាំ និងព្យាបាលរូបគេនៅក្នុងមន្ទីរពេទ្យក្នុងទីក្រុង សៅឈីង មណ្ឌលចឺចៀង ភាគខាងកើតប្រទេសចិនកាលពីថ្ងៃសៅរ៍ ទី22 កុម្ភៈកន្លងមក។

    រូបភាពដ៏សែនរំភើបចិត្តបែបនេះ ធ្លាប់កើតមានម្ដងរួចមកហើយកាលពី 100ឆ្នាំមុន នៅពេលក្មេងប្រុសម្នាក់ក្នុងសម្លៀកបំពាក់ឈុតបុរាណ បានឱនសម្ដែងការគោរព និងអរគុណដល់អ៊ំប្រុសនាយកមន្ទិរពេទ្យចូក្វាងជឺ ក្នុងគ្រាដែលលោកអ៊ំនាយកមន្ទីពេទ្យកំពុងដើរពិនិត្យបណ្ដាអ្នកជំងឺ ដែលរួមទាំងកុមារម្នាក់នេះផង ដែរ។

    អរគុណ អ៊ំស្រីគ្រូពេទ្យ!!

    អ្នកលេងបណ្ដាញសង្គមចិន បាននាំគ្នានិយាយថា រូបភាពទាំង2នេះ ទោះជាស្ថិតក្នុងយុគសម័យខុសគ្នាក៏ ដោយ តែឆ្លុះបង្ហាញឱ្យឃើញពីការគោរព និងក្ដីអាណិតអាសូរ និងបារម្ភ រវាងគ្រូពេទ្យ និងអ្នកជំងឺដែលបានបញ្ជូនតៗគ្នាពីជំនាន់មួយមកដល់ជំនាន់មួយ រហូតមក៕

    ប្រភព ៖សារព័ត៌មានបរទេស