Tag: ក្រូចពោធិ៍សាត់

  • ផ្លែ​ឈើ​​ដែល​​អ្នកជំងឺ​ទឹកនោមផ្អែម អាច​បរិភោគ​បាន​

    ផ្លែ​ឈើ​​ដែល​​អ្នកជំងឺ​ទឹកនោមផ្អែម អាច​បរិភោគ​បាន​

    អ្នក​ដែល​កើត​ជំងឺ​ទឹកនោមផ្អែម​តែងតែ​ត្រូវបាន​វេជ្ជបណ្ឌិត​ណែនាំ​ឱ្យ​យកចិត្តទុកដាក់​លើ​រប​ប​អាហារ​ប្រចាំថ្ងៃ។ ពួកគេ​ត្រូវបាន​ណែ​នាំឱ្យ​ចៀសវាង​ការបរិភោគ​ប្រភេទ​អាហារ​ដែលមាន​ជាតិ​ផ្អែម ព្រោះ​អាចធ្វើឱ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​កើនឡើងខ្ពស់​។

    ក៏ប៉ុន្តែ ប្រការ​នោះ​មិនមែន​មានន័យថា អ្នកជំងឺ​ទឹកនោមផ្អែម​មិនអាច​បរិភោគ​អាហារសម្រន់​បាន​នោះឡើយ។ មាន​អាហារសម្រន់​ជាច្រើន​ដែល​អ្នកជំងឺ​ទឹកនោមផ្អែម​អាច​បរិភោគ ពិសេស​គឺ​ផ្លែ​ឈើ​ស្រស់​។

    ខាងក្រោម​នេះ​គឺជា​ផ្លែ​ឈើ​ស្រស់​​​មួយចំនួន​ដែល​អ្នកជំងឺ​ទឹកនោមផ្អែម​អាច​បរិភោគបាន៖

    ប្រភេទ​ផ្លែ​ប៊ើ​រី (berry)

    ប្រភេទ​ផ្លែ​ប៊ើរី មាន​ផ្ទុក​ជាតិ​ស្ករ​តិចតួច និង​សម្បូរ​ជាតិ​សរសៃ​ហ្វា​យ​បឺ ធ្វើឱ្យ​ពួកវា​ក្លាយជា​ជម្រើស​ដ៏​ល្អ​សម្រាប់​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម។ ផ្លែឈើ​ដែល​ស្ថិតក្នុង​ក្រុម​ប៊ើ​​រី (berry) រួមមាន ស្ត្រូ​ប៊ើ​រី (strawberry), រ៉ា​ស​ប៊ើរី (raspberry), ប្លូ​ប៊ើ​រី (blueberry), ឈើ​រី (cherry)។ល។

    ផ្លែ​ប៉ោម

    ដោយសារតែ​សម្បូរ​ជាតិ​សរសៃ​ហ្វា​យ​ប៊ើ និង​មាន​ផ្ទុក​ជាតិ​ស្ករ​ក្នុង​កម្រិត​ទាប ដូច្នេះ ផ្លែ​ប៉ោម​ក៏​ជា​ជម្រើស​ល្អ​សម្រាប់​​អ្នកជំងឺ​ទឹកនោមផ្អែម។

    ក្រូចពោធិ៍សាត់

    ក្រូចពោធិ៍សាត់​សម្បូរ​វីតាមីន​សេ ក៏​ដូច​ជា​​សរសៃ​ហ្វា​យ​ប៊ើ​រ ដូច្នេះ​វា​ក៏​ល្អ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម។ ក៏ប៉ុន្តែ ប្រការ​សំខាន់​គឺ​ត្រូវ​បរិភោគ​ក្នុង​កម្រិត​សមល្មម ព្រោះ​ពួកវា​ក៏មាន​ផ្ទុក​ជាតិ​ស្ករ​។ ជា​ការ​ល្អ​បំផុត​ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​គួរ​តែ​ទៅ​ប្រឹក្សា​យោបល់​ជាមួយ​វេជ្ជ​បណ្ឌិត​ជំនាញ​ មុន​នឹង​បរិភោគ​៕

  • ចង់ឱ្យកូនចេញមកស្បែកស្អាត សុខភាពល្អ ស្រ្តីមានគភ៌ត្រូវញ៉ាំអាហារ 6យ៉ាងនេះ ធានាថាមិនខុសបំណង!…

    ចង់ឱ្យកូនចេញមកស្បែកស្អាត សុខភាពល្អ ស្រ្តីមានគភ៌ត្រូវញ៉ាំអាហារ 6យ៉ាងនេះ ធានាថាមិនខុសបំណង!…

    ការមើលថែទាំសុខភាពរបស់ស្រ្តីមានគភ៌ ចម្បងៗក៏គឺ ការយកចិត្តទុកដាក់លើការជ្រើសរើសញ៉ាំអាហារដែលមានប្រយោជន៍ដល់រាងកាយ ព្រោះអាហារដែលល្អពិតជាជួយចិញ្ចឹម និងបំប៉នសុខភាពទារកក្នុងគភ៌ទៅដំណាលគ្នានឹងសុខភាពរបស់ម្ដាយដែរ។ តែបើស្រ្តីមានគភ៌ចង់ឱ្យកូនមានស្បែកសស្អាត សាច់ឈាមស្រស់ថ្លាមានសុខភាពល្អវិញនោះ តើត្រូវញ៉ាំអាហារអ្វីខ្លះទៅ?។ ថ្ងៃនេះ យើងមានអាហារដែលស្រ្តីមានគភ៌ញ៉ាំទៅហើយ កូនតូចនឹងមានស្បែកសស្អាតមកជម្រាបជូន…តើមានអ្វីខ្លះនោះ យើងនាំគ្នាតាមដានដូចតទៅ ៖

    1-ដូងខ្ចី

    ផ្លែដូងខ្ចី ជាផ្លែឈើដែលសម្បូរទៅដោយសារធាតុអាហារដែលមានប្រយោជន៍ជាច្រើន មិនថាតែកាល់ស្យូម ជាតិដែក ប៉ូតាស្យូម វីតាមីនB អាស៊ីតអាមីណូ និងថែមទាំងប្រកបទៅដោយអ័រម៉ូនអេស្រ្តូជេនខ្ពស់ ដែលជួយជំរុញការសាងខូឡាជេន និងអ៊ីឡាស្ទិកនៅលើស្បែក ជួយឱ្យស្បែកស្អាតភ្លឺថ្លា ទន់ម៉ដ្ឋខៃ និងថែមទាំងជួយបណ្ដេញវត្ថុអាក្រក់ផ្សេងៗចេញពីរាងកាយ បង្កើនប្រព័ន្ធប្រឆាំងជំងឺ កាត់បន្ថយអាការរាករូស និងជួយសម្រាលអាការអាស៊ីតហូរបញ្រ្ចាសសម្រាប់ស្រ្តីជាម្ដាយទៀតផង ដែលយើងអាចហៅបានថា ញ៉ាំចូលទៅហើយ នឹងល្អទាំងម្ដាយ រហូតដល់ទារកក្នុងគភ៌យ៉ាងពិតប្រាកដ។

    2-ផ្លែឈើរសជាតិជូរ ឬផ្លែប៊ើរីផ្សេងៗ

    ដែលនឹងយកមកញ៉ាំជាទឹកផ្លែឈើស្រស់ៗក៏បានដូចគ្នា មិនថាតែក្រូចឆ្មារ ក្រូចពោធិ៍សាត់ ស្រ្តប៊ើរី ប្លូ៊ប៊ើរី រ៉ាស់ប៊ើរី ម្នាស់ ឬទំពាំងបាយជូរ។ល។ ផ្លែឈើរសជាតិជូរទាំងអស់នោះមានវីតាមីនខ្ពស់ណាស់ និងនៅមានអាស៊ីតAHA ដែលចូលទៅថែបំប៉នស្បែកដោយផ្ទាល់ ជាសារធាតុប្រឆាំងរ៉ាឌីកាល់សេរី ជំរុញការសាងខូឡាជេន ជួយបំប៉នស្បែកឱ្យសថ្លាសុខភាពល្អ ជួយឱ្យកោសិកាស្បែករឹងប៉ឹង ពណ៌ស្បែកស្មើមិនមានស្នាមអុចខ្មៅ និងអាចជួយសាងក្រោះការពារដែលរឹងមាំឱ្យស្បែកអាចតតាំងនឹងសភាវមិនល្អបានទាំងអ្នកម្ដាយ និងកូនក្នុងផ្ទៃ។

    3-សាច់ត្រី

    នៅក្នុងសាច់ត្រីមានជាតិប្រូតេអ៊ីនខ្ពស់ដែលងាយរំលាយ និងបឺតជ្រាបបានងាយ។ ជួយឱ្យគ្រោងសាងសាច់ស្បែកមានភាពរឹងមាំ និងថែមទាំងមានអាស៊ីតខ្លាញ់អូមេហ្កា3 និងអូមេហ្កា6 ដែលជួយឱ្យស្បែកមើលទៅមានសំណើម និងសុខភាពល្អ និងមានបរិមាណជាតិខ្លាញ់ដែលល្មមសមរម្យជាក្រោះការពារសភាវមិនល្អផ្សេងៗបាន និងថែមទាំងជួយបំប៉នខួរក្បាលទាំងរបស់អ្នកម្ដាយ និងទារកក្នុងគភ៌ទៀតផង។

    4-សណ្ដែកលឿង និងផលិតផលធ្វើពីសណ្ដែកលឿងផ្សេងៗ

    ដូចជា ទឹកតៅហ៊ូ តៅហ៊ូដុំប្រភេទផ្សេងៗ ទឹកសណ្ដែកលឿង-ល- ព្រោះនៅក្នុងសណ្ដែកលឿងសម្បូរទៅដោយអៃសូហ្វ្លាវ៉ូន និងនៅមានអាស៊ីតអាមីណូដែលជួយតតាំងសភាវមិនល្អផ្សេងៗ ធ្វើឱ្យស្បែករឹងប៉ឹង ស្អាតភ្លឺថ្លា ហើយសណ្ដែកលឿងថែមទាំងជួយជំរុញវិវឌ្ឍនាការរបស់កូនក្នុងគភ៌បានទៀតផង។

    5-ធញ្ញជាតិប្រភេទផ្សេងៗ រួមទាំងស៊ុតមាន់ផង

    ទាំងប្រូតេអ៊ីនដែលមាននៅក្នុងធញ្ញជាតិ និងក្នុងស៊ុតមាន់ នឹងរួមកម្លាំងជាមួយខេរ៉ាទីន ជួយក្នុងការការពារស្បែកពីសភាវមិនល្អផ្សេងៗ ភ្ជាប់កោសិកាស្បែក ជួសជុលសាច់ភ្នាស ប្រឆាំងនឹងមេរោគបាក់តេរី ធ្វើឱ្យស្បែករឹងមាំ អាចទប់ទល់នឹងសភាវអាកាសធាតុក្ដៅសើមរបស់ប្រទេសយើងបាន។

    6-មើមរមៀត

    ឱសថបុរាណតុបតែងពណ៌ និងក្លិនអាហារប្រភេទនេះ យើងទាំងអស់គ្នាដឹងច្បាស់ថា មើមរមៀតមានគុណសម្បត្តិធ្វើឱ្យស្បែករឹងមាំ ព្រោះមានសារធាតុប្រឆាំងរ៉ាឌីកាល់សេរីខ្ពស់ ទើបអាចជួយការពារស្បែកពីពន្លឺថ្ងៃ ធ្វើឱ្យស្បែកម៉ដ្ឋស្អាត ពណ៌ស្បែកស្មើ និងថែមទាំងជួយឱ្យស្រ្តីមានគភ៌កើតអាការចាញ់កូនតិចតួច និងក្រៅពីនេះនៅជួយបញ្ចេញទឹកដោះបានច្រើនក្រោយពេលឆ្លងទន្លេរួច និងថែទាំសុខភាពរាងកាយទាំងម្ដាយ និងកូនតូចឱ្យរឹងមាំទៀតផង។

    អាហារស្បែកស្អាតប្រភេទនីមួយៗដែលបានរៀបរាប់មក សុទ្ធតែមិនពិបាករកឡើយនៅក្នុងប្រទេសយើង។ ពិតហើយថា អាហារទាំងនេះមិនអាចផ្លាស់ប្ដូរពូជអម្បូរបានមែន តែអ្វីដែលអាហារទាំងនោះអាចជួយបានពិតប្រាកដនោះគឺ វាជួយឱ្យសាច់ស្បែករឹងមាំ មិនងាយរងប្រតិកម្មចាញ់ អាចបង្កើនភាពតតាំងប្រឆាំងនឹងសភាវមិនល្អផ្សេងៗ និងថែទាំសុខភាពរាងកាយឱ្យរឹងប៉ឹងជាមួយគ្នាទាំងម្ដាយ និងកូន៕

  • ក្រូចពោធិ៍សាត់​ខ្មែរ មាន​រសជាតិ​ឆ្ងាញ់ លក់ដាច់​ខ្លាំង​នៅលើ​ទីផ្សារ

    ក្រូចពោធិ៍សាត់​ខ្មែរ មាន​រសជាតិ​ឆ្ងាញ់ លក់ដាច់​ខ្លាំង​នៅលើ​ទីផ្សារ

    ក្រូចពោធិ៍សាត់​ខ្មែរ ជា​ប្រភេទ​ផ្លែឈើ​ដែល​ផ្តល់​រសជាតិ​ជូរអែម​ឆ្ងាញ់ មិន​ចាញ់​ក្រូច​នាំចូល​ពី​បរទេស​នោះទេ ហើយ​ថែមទាំង​សម្បូរ​ដោយ​វីតាមីនល្អៗបំប៉ន​សុខភាព​មនុស្ស​ទៀតផង ដោយសារតែ​ការដាំដុះ​ដំណាំ​ហូប​ផ្លែ​របស់​កសិករ​ខ្មែរ​យើង​មិន​ប្រើ​ថ្នាំ​គីមី​ដូច​ផ្លែឈើ​នាំចូល​ពី​ប្រទេសជិតខាង​ហ្នឹងឯង។

    អ្នកនាង សេង ឆាយ​ដា​ឡែ​ន ម្ចាស់​ចម្ការ​ក្រូចពោធិ៍សាត់ ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងស្រុក​វាលវែង ខេត្តពោធិ៍សាត់​មានប្រសាសន៍ថា ដោយ​មើលឃើញ​ពី​តម្រូវការ​ផ្លែឈើ​ធម្មជាតិ របស់​ប្រជាពលរដ្ឋ​ខ្មែរ គ្រួសារ​របស់​អ្នកនាង​បានចាប់ផ្តើម​មុខរបរ​ដាំ​ក្រូចពោធិ៍សាត់​តាំងពី​ឆ្នាំ2013 មក នៅលើ​ផ្ទៃដី​ជិត 1ហិកតា ដើម្បី​សាកល្បង​ប្រមូល​ផល​លក់​នៅលើ​ទីផ្សារជាមុនសិន មុននឹង​សម្រេច​ពង្រីក​ការដាំដុះ​បន្ថែម។ ដោយមាន​ការគាំទ្រ​ច្រើន​ពី​អតិថិជន បាន​ជំរុញ​ឱ្យ​គ្រួសារ​របស់​អ្នកនាង​សម្រេច​បន្ថែម​ថវិកា​ពង្រីក​ការដាំដុះ​ដំណាំ​ក្រូចពោធិ៍សាត់​នេះ​ឱ្យបាន​កាន់តែច្រើនឡើងៗ ដែល​មកទល់​បច្ចុប្បន្ន​នេះ​មាន​ទំហំ​សរុប​ប្រមាណ​ជា 2ហិកតា​ហើយ និង​ទើបតែ​ឱ្យ​ផល​ពេញលេញ​ក្នុង​រយៈពេល1-2ឆ្នាំ​ចុងក្រោយ​នេះឯង។

    ដើមក្រូចពោធិ៍សាត់​ខ្មែរដែលកំពុងឱផល

    អ្នកនាង ដា​ឡែ​ន បានឱ្យដឹងថា ក្រូចពោធិ៍សាត់​ចាប់ផ្តើម​ឱ្យ​ផល​ក្នុងអំឡុង​ខែ​មិនា ហើយ​អាច​បេះ​បាន​ច្រើន​ពេញលេញ​នៅ​ខែកក្កដា ឬ​សីហា ដោយ​ក្នុង​មួយ​ដើម​គេ​អាច​បេះ​បាន​ប្រមាណ​ពី 300 ទៅ400ផ្លែ​ឯណោះ ហើយ​អាច​បេះ​បាន​រហូតដល់​ខែតុលា​ទើប​អស់​ផ្លែ​ទៅវិញ ដែល​សរុបទៅ​ចំនួន 2ហិកតា នេះ កសិករ​អាច​ប្រមូល​ផល​បានជា​មធ្យម​ប្រមាណ​ជា 100 ទៅ150ស្លឹក​ឯណោះ(1សឹ្ល​ក​ស្មើនឹង10ផ្លូន 1ផ្លូន​ស្មើនឹង4ឡូ 1ឡូ​ស្មើ12ផ្លែ)។ ម្ចាស់​ចម្ការ​ក្រូចពោធិ៍សាត់​ខាងលើ​បញ្ជាក់ថា ដោយសារ​ក្រូច​មាន​រសជាតិ​ជូរអែម​ឆ្ងាញ់ និង​មិនមាន​សារធាតុ​គីមី​ផង​នោះ បានធ្វើឱ្យ​ក្រូចពោធិ៍សាត់​ខ្មែរ​មានការ​គាំទ្រ​ច្រើន​ពី​អតិថិជន​នៅតាម​បណ្តា​ខេត្តផ្សេងៗ ដូចជា​ខេត្តពោធិ៍សាត់​ខ្លួនឯង កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់សោម និង​ពិសេស​អតិថិជន​នៅ​ទីក្រុង​ភ្នំពេញ ដែលមាន​ទាំង​អតិថិជន​ទិញ​រាយ និង​អតិថិជន​ទិញ​យកទៅលក់​បន្ត​នៅតាម​ផ្សារ និង​នៅតាម​ហាង​បន្លែ​ធម្មជាតិ ឬ​ផ្សារ​ទំនើបល្បីៗមួយចំនួន និង​លក់​តាម​អន​ឡាញ​ទៀតផង។ សម្រាប់​តម្លៃ​បោះ​ដុំ​វិញ ក្រូចពោធិ៍សាត់​គេ​អាច​លក់បាន​ក្នុងតម្លៃ 9,500រៀលទៅ11,000រៀល​ក្នុង​មួយ​ឡូ នេះ​សម្រាប់​តម្លៃ​បោះ​ដុំ ហើយ​បើសិន​យកទៅ​លក់រាយ​បន្ត គេ​អាច​លក់បាន​ក្នុងតម្លៃ 17,000រៀល ទៅ18,000រៀល​ក្នុង​មួយ​ឡូ។ ទោះជា​វា​មានតម្លៃ​ថ្លៃ​ជាង​ក្រូច​នាំចូល​ពី​ប្រទេសជិតខាង​បន្តិច​ក៏ពិតមែន ប៉ុន្តែ​ក្រូចពោធិ៍សាត់​ខ្មែរ​មានការ​គាំទ្រ​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ខ្មែរ ព្រោះ​ប្រមូល​ផល​បាន​សឹងតែ​ផ្គត់ផ្គង់​មិន​គ្រប់​តម្រូវការ​របស់​ម៉ូយ​នៅលើ​ទីផ្សារ​ផង ហើយ​បើ​នៅតែមាន​ការគាំទ្រ​ច្រើន​ដូច្នេះ នារី​ម្ចាស់​ចម្ការ​ខាងលើ​នឹង​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​ឱ្យបាន​ចំនួន​កាន់តែច្រើន​ថែមទៀត​ដែរ។

    ចំពោះ​លក្ខណៈ​សម្គាល់​វិញ ក្រូចពោធិ៍សាត់​ខ្មែរ​មាន​លក្ខណៈ​ខុសពី​ក្រូច​នាំចូល​ពី​បរទេស នៅត្រង់ថា ក្រូច​ខ្មែរ​មាន​សម្បក​ក្រាស់ មាន​ផ្លែ​ធំ-តូច​នៅ​លាយឡំ​គ្នា មាន​ពណ៌​ខៀវ​លាយ​លឿងតិចៗនៅលើ​សម្បក តែ​សម្រាប់​ក្រូច​វៀតណាម​វិញ​បើ​តូច គឺ​តូច​ស្មើ និង​បើ​ធំ គឺ​ធំ​ស្មើគ្នា ព្រោះ​គេ​មាន​បច្ចេកទេស​ដាំ​ដុះ​បានល្អ ប៉ុន្តែ​ភាគច្រើន​មានប្រើ​សារធាតុ​គីមី ហើយ​មាន​សម្បុរ​សម្បក​ពណ៌​ខៀវ​រលោង​ល្អ និង​មាន​សម្បក​ស្តើង។

    ក្រូចពោធិ៍សាត់​ខ្មែរ កំពុងឱ្យផល

    អ្នកនាង ដា​ឡែ​ន អ្នកជំនាញ​ខាង​ដំណាំ​ក្រូច​បាន​បញ្ជាក់ថា ក្រូចពោធិ៍សាត់​មិន​ពិបាក​ដាំ​និង​ថែទាំដូច​ដំណាំ​មួយចំនួនទៀត​នោះទេ ប៉ុន្តែ​ក្រូច​ត្រូវការ​ដី​ដែលមាន​ជីវជាតិ​ល្អ​គួរសម​ដែរ ទើប​ដាំ​ទៅ​ដើម​វា​លូតលាស់​បានល្អ និង​ឱ្យ​ផ្លែ​ច្រើន។

    ចំពោះ​វិធីសាស្ត្រ​ដាំ​ដុះ​វិញ ដំបូង​គេ​ភ្ជួរ​ដី​ជាមុន​ដើម្បី​សម្លាប់​ស្មៅ និង​ជួយ​ឱ្យ​ដី​ធូរ​នៅ​ស្រទាប់លើៗធ្វើឱ្យ​សន្សើម​ធ្លាក់ចុះ​ល្អ​ទៅដល់​ស្រទាប់ដី​ខាងក្រោម។ បន្ទាប់ពី​ភ្ជួរ​ដី​រួច គេ​កាប់​រណ្តៅ​ទំហំ​មួយ​ម៉ែត្រ4ជ្រុង មាន​ជម្រៅ​កន្លះ​ម៉ែត្រ ឬមួយ​ម៉ែត្រ​ក៏បាន ដោយ​រណ្តៅនីមួយៗត្រូវ​ឃ្លាតឆ្ងាយ​ពីគ្នា​ចម្ងាយ 5ម៉ែត្រ។​ បន្ទាប់ពី​កាប់​រណ្តៅ រួច​គេ​អាចដាក់​ជីធម្មជាតិ ដូចជា​កូនឈើតូចៗលាយ​ជាមួយ​ជី​លាមក​សត្វ​ជាការ​ទ្រាប់​បាត​រណ្តៅ ទើប​យក​កូនដើម​ក្រូចពោធិ៍សាត់​ដែល​គេ​ផ្សាំ​រួច​ទៅ​ដាំ​នៅតាម​រណ្តៅនីមួយៗ ហើយ​ថែទាំ​ដោយ​ការ​ស្រោច​ទឹក តែ​មិនបាច់​ស្រោច​ជាប្រចាំ​ទេ ដោយសារ​ដើម​ក្រូច​មិនសូវ​ជា​ត្រូវការ​ទឹក​ប៉ុន្មាន​ឡើយ​គឺ​ស្រោច​ទៅតាម​លក្ខខណ្ឌ​អាកាសធាតុ។

    កសិករកំពុងបេះក្រូចពោធិ៍សាត់​ខ្មែរ

    ក្រៅពី​ស្រោច​ទឹក​ហើយ គឺ​ត្រូវ​ជម្រះ ឬ​បាញ់ថ្នាំ​សម្លាប់​ស្មៅ​ចោល ហើយ​ដាក់​ជីធម្មជាតិ​បន្ថែមខ្លះៗទៀត​ធ្វើឱ្យ​កូន​ក្រូច​លូតលាស់​បានល្អ។ ត្រឹមតែ​រយៈពេល 2ឆ្នាំ វា​នឹង​ចាប់ផ្តើម​ឱ្យ​ផល តែ​ផ្លែ​ដំបូង​បាន​ចំនួន​ត្រឹមតែ 3 – 4ផ្លែ​ប៉ុណ្ណោះ​ក្នុង​មួយដើមៗ រហូតដល់​ដើម​ក្រូច​អាយុ​បាន 4ឆ្នាំ​ទើប​វា​ឱ្យ​ផល​បាន​ពេញលេញ ដោយ​ក្នុង​មួយដើមៗគេ​អាច​បេះ​បាន​ចន្លោះ​ពី300 ទៅ400ផ្លែ។

    នៅពេលដែល​វា​ធំ កសិករ​ត្រូវ​ចេះ​ថែទាំ ដោយ​ត្រូវ​កាត់​ស្លឹក ឬ​មែ​កណា​មិនល្អ​ចោល ដើម្បី​ទុកឱ្យ​ដើម​មាន​កម្លាំង​ស្រូបយក​ជីវជាតិ​ពីដី​ទៅ​ចិញ្ចឹម​មែក​ណា​ដែលល្អៗ ដើម្បីឱ្យ​វា​ហុច​ផល​បាន​កាន់តែ​ច្រើនឡើង។

    ក្រូចពោធិ៍សាត់​ខ្មែរ ដែលទើបប្រមូលផលបាន

    អ្នកជំនាញ​ខាង​ភោជនាហារ​បាន​និយាយថាក្រូចពោធិ៍សាត់​ជា​ផ្លែឈើ​ប្រភេទ​ល្អ​មួយ ដែល​សម្បូរទៅដោយ​វីតាមីន​C និង​ជាតិ​កាក​សរសៃ​ខ្ពស់ និង​សម្បូរ​ជាតិ​ស្ករ​ពី​ធម្មជាតិ ដែល​ជួយផ្តល់​កម្លាំង​ថាមពលភ្លាមៗដល់​អ្នក​ទទួលទាន។ ម្យ៉ាងទៀត​ក្រូចពោធិ៍សាត់​មាន​ផ្ទុក​នូវ​សារធាតុ Limonin ឬ Limonin Glucoside និង Hesperidin សម្រាប់​ទប់ស្កាត់​ជំងឺមហារីក ហើយ​អាច​ទប់ស្កាត់​ជំងឺ​បេះដូង​ទៀតផង ក្រៅពី​នោះគេ​អាច​យក​សម្បក​ផ្លែក្រូច​ពោធិ៍សាត់​ទៅ​ហាល​ឱ្យ​ស្ងួត ហើយ​ហាន់​ជា​ចំណិតតូចៗឆុង​ជំនួស​ស្លឹក​តែ​ទទួលទាន​រាល់ថ្ងៃ ព្រោះ​វា​អាចជួយ​កាត់បន្ថយ​សារជាតិ​ខ្លាញ់​ដែលមាន​ក្នុង​សារពាង្គកាយ​របស់​មនុស្ស​យើង​បាន​យ៉ាង​ល្អ​ទៀតផង៕