Tag: កម្ពុជា

  • កីឡាករ៨នាក់ របស់កម្ពុជា ចូលរួមប្រកួតពានរង្វាន់ Homless World Cup នៅអង់គ្លេស

    កីឡាករ៨នាក់ របស់កម្ពុជា ចូលរួមប្រកួតពានរង្វាន់ Homless World Cup នៅអង់គ្លេស

    កម្មវិធី Homless World Cup ២០១៩ ដែលគ្រោងនឹងធ្វើឡើងនៅអង់គ្លេស បានផ្តល់សិទ្ធអោយកម្ពុជាចូលរួម ដោយមានកីឡាករ៨រូបទៅចូលរួម។

    កីឡាករកម្ពុជា៨នាក់នឹងត្រូវចេញទៅចូលរួមប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក គ្មានទីពឹង ( Homless World Cup ២០១៩) នៅចក្រភពអង់គ្លេស ដែលនឹងត្រូវចេញដំណើរនាថ្ងៃទី២៥ ខែកក្កដា ខាងមុខ។ ចំនួន៧២ក្រុម មកពី៤៨ប្រទេសចួលរួមប្រកួត ដែលការប្រកួតត្រូវបានបែងចែកជាពូល ហើយមានពានរង្វាន់ជាច្រើនក្នុងកម្មវិធីនេះ ។

    គួរបញ្ជាក់ផងដែរថាកម្ពុជា បានចូលរួមប្រកួតក្នុងកម្មវិធីដែលបង្កើតឡើងតាំងពីឆ្នាំ២០០៣នេះ ជាច្រើនលើកមកហើយ និង ធ្លាប់ឈ្នះជើងឯកទឿតផង។

  • AFF U18 Championship​ កម្ពុជា ស្ថិតក្នុងពូលជាមួយ អូស្រ្តាលី ថៃ វៀតណាម និង​ ម្ចាស់ជើងឯកចាស់

    AFF U18 Championship​ កម្ពុជា ស្ថិតក្នុងពូលជាមួយ អូស្រ្តាលី ថៃ វៀតណាម និង​ ម្ចាស់ជើងឯកចាស់

    ការប្រកួតជើងឯកយុវជនអាយុក្រោម១៨ឆ្នាំប្រចាំតំបន់អាស៊ាន AFF U18 Championship 2019 ដែលគ្រោងនឹងធ្វើឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី០៦ សីហា ឆ្នាំ២០១៩ ដល់១៩ សីហា ឆ្នាំ២០១៩ បានបញ្ចប់ការចាប់ឆ្នោតចែកពូលហើយ។

    ការប្រកួតត្រូវបែងចែកចេញជា២ពូល ក្នុងមួយពូលមាន៦ប្រទេស ជាលទ្ធផលកម្ពុជា ស្ថិតនៅក្នុងពូល B ជាមួយ អូស្ត្រាលី ថៃ វៀតណាម សិង្ហបូរី ម៉ាឡេស៊ី ខណៈពូល A មានមីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ឡាវ ទីម័រ ភីលីពីន និង ព្រុយណេ។

    គួរបញ្ជាក់ផងដែរថា ពានរង្វាន់នេះកាលពីឆ្នាំមុនជាពានរង្វាន់ AFF U-19 Youth Championship ដែលជាកម្រិតយុវជនអាយុក្រោម១៩ឆ្នាំ ហើយម៉ាឡេស៊ីដែលរួមពូលជាមួយកម្ពុជា គឺជាជើងឯក៕

  • ទំហំ​ពាណិជ្ជកម្ម​ កម្ពុជា​-កូរ៉េ​ ក្នុង​ឆមាស​ទី1ឆ្នាំ2019នេះ​ កើនឡើង85លាន​ដុល្លារ​

    ទំហំ​ពាណិជ្ជកម្ម​ កម្ពុជា​-កូរ៉េ​ ក្នុង​ឆមាស​ទី1ឆ្នាំ2019នេះ​ កើនឡើង85លាន​ដុល្លារ​

    ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-កូរ៉េ​ នៅ​ត្រឹម​ឆមាស​ទី1នៃ​ឆ្នាំ2019នេះ​ កើនឡើង​ប្រមាណ​ 11.21​%ដោយ​ការដោះដូរ​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំង2​ បាន​កើនឡើង​រហូតដល់​ 85លាន​ដុល្លារ​អាមេរិក​។នេះ​បើ​យោង​តាម​ការប្រកាស​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់​ឯកអគ្គ​រាជទូត​កម្ពុជា​ ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​។

    ឯកឧត្ដម​ ឡុង​ ឌី​ម៉ង់​ បាន​លើកឡើង​ថា​៖“ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា​-កូរ៉េ​ ក្នុង​ខែ​ ឧសភា​ 2019​ នេះ​មាន​ទឹកប្រាក់​ចំនួន​ 85លាន​ដុល្លារ​ ក្នុង​នោះ​ ប្រទេស​កូរ៉េ​បាន​ធ្វើការ​នាំចូល​មកកាន់​កម្ពុជា​ មាន​ទំហំ63,4លាន​ដុល្លារ​ កើនឡើង​ ប្រមាណ11.21​%។

    ចំណែក​កម្ពុជា​ បាន​នាំចេញ​ទៅកាន់​សាធារណរដ្ឋ​កូរ៉េ​ មាន​ទំហំ​ទឹកប្រាក់​21,6លាន​ដុល្លារ​ កើនឡើង​ប្រមាណ4.38​ % បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​ កាលពី​ឆ្នាំ2018​។ ទន្ទឹម​នេះ​កម្ពុជា​ នៅ​មាន​ឱនភាព​ពាណិជ្ជកម្ម​ ជាមួយ​កូរ៉េ​ចំនួន​41,8លាន​ដុល្លារ​ នៅក្នុង​ខែឧសភា​ កន្លងទៅ​នេះ​”។

    ឧកញ៉ា​ លឹម​ ហេង​ អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ បាន​មានប្រសាសន៍​ឱ្យ​ដឹង​ថា​៖“កិច្ច​សហប្រតិបត្តិ​ការ​យ៉ាង​ជិតស្និទ្ធ​ រវាង​កូរ៉េ​ខាងត្បូង​ និង​ប្រទេស​កម្ពុជា​ គឺ​មាន​ជា​យូរណាស់​មក​ហើយ​ ជាពិសេស​ ទៅលើ​វិស័យ​ពាណិជ្ជកម្ម​តែម្ដង​”។

    លោក​ឧកញ៉ា​បាន​ជឿជាក់​ថា​នៅពេល​បន្ទាប់​ ទំហំ​ពាណិជ្ជកម្ម​ រវាង​ប្រទេស​ ទាំង2នេះ​ នឹង​នៅតែ​បន្ត​មានការ​កើនឡើង​ ហើយ​លោក​ក៏​បង្ហាញ​ពី​ក្ដី​សាទរ​ចំពោះ​លទ្ធផល​ ដែល​ទទួល​បាន​ពី​វិស័យ​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំង2នេះ​។

    លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ ការ​វិនិយោគ​របស់​កូរ៉េ​ មកកាន់​កម្ពុជា​ភាគច្រើន​ គឺជា​ការនាំចូល​ផលិតផល​សម្រេច​ដូចជា​សម្ភារ​សំណង់​ គ្រឿងអគ្គិសនី​ គ្រឿង​អេឡិចត្រូនិក​ គ្រឿងចក្រ​ យានយន្ត​ ភេសជ្ជៈ​ ក្រណាត់​ គ្រឿងបន្លាស់​ផ្ទះ​ ផលិតផល​ប្លាស្ទិក​ និង​សម្ភារ​ប្រើប្រាស់​ជាច្រើន​ប្រភេទ​។ ខណៈ​ដែល​ទីផ្សារ​នៅ​កម្ពុជា​ មាន​ជំនឿ​ជឿជាក់​ទៅលើ​កម្រិត​គុណភាព​នៃ​ផលិតផល​របស់​ប្រទេស​មួយ​នេះ​។

    ចំណែក​ការនាំចេញ​ផលិតផល​ក្នុង​ស្រុក​បច្ចុប្បន្ន​របស់​កម្ពុជា​ ដែល​បាន​ដឹកជញ្ជូន​ឆ្ពោះទៅ​កាន់​ប្រទេស​កូរ៉េ​ខាងត្បូង​វិញ​ភាគច្រើន​ជា​ផលិតផល​លើ​វិស័យ​កាត់ដេរ​ និង​កសិផល​ រួមមាន​សម្លៀកបំពាក់​ គ្រឿង​អេឡិចត្រូនិក​ ស្បែកជើង​ កាបូប​ ជ័រកៅស៊ូ​ និង​ឱសថ​។

    ឯកឧត្តម​ ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ក្នុង​ជំនួប​ជាមួយ​សមាគម​អ្នកនាំ​ចូល​កូរ៉េ​ (KOIMA​)កាលពី​ចុងខែ​ឧសភា​កន្លងទៅ​នេះ​ ក៏បាន​ស្នើសុំ​ឱ្យ​ អនុប្រធាន​សមាគម​អ្នកនាំ​ចូល​កូរ៉េ​ KOIMA​ លោ​កហ្គូ​-ហា​ ជាំ​ង (Gyu​-Ha​ Jang​) ធ្វើការ​វិនិយោគ​ លើ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ថ្មី​នឹង​ផ្តល់​អត្ថ​ប្រយោជន៍​ ដល់​ប្រជាជន​នៅ​ជនបទ​ ជាពិសេស​អ្នក​នៅក្នុង​តំបន់​ដែល​មិន​មាន​អគ្គិសនី​ និង​ទឹក​ស្អាត​។

    ប៉ុន្តែ​លោក​ ហ្គូ​-ហា​ ជាំ​ង បាន​ធ្វើការ​ស្នើសុំ​លម្អិត​ និង​ផែនការអាជីវកម្ម​ ដើម្បី​សម្រួលការ​ពិភាក្សា​ និង​ស្វែងរក​ដៃគូ​អាជីវកម្ម​។ ព្រោះ​គាត់​មានបំណង​ធ្វើជា​ដៃគូ​ជាមួយ​អ្នក​វិនិយោគ​ក្នុង​ស្រុក​ដើម្បី​វត្តមាន​គម្រោង​នេះ​។ លើស​ពីនេះ​ទៅទៀត​សហការី​របស់​សមាគម​លោក​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ក្នុង​ការពិនិត្យ​មើល​លទ្ធភាព​នាំ​ម្រេច​ខេត្តកំពត​ ពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​កូរ៉េ​។

    ដោយហេតុថា​ ផលិតផល​ម្រេច​កំពត​ គឺជា​ផលិតផល​ភូមិសាស្ត្រ​ ដែល​ល្បីល្បាញ​ និង​មាន​ខ្ពស់​ជាង​ម្រេច​ផ្សេងទៀត​។ប្រទេស​កម្ពុជា​ បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​កូរ៉េ​ ទៅ​ទស្សនា​រោងចក្រ​ម្រេច​កំពត​ ដើម្បី​សិក្សា​បន្ថែម​ និង​ពិនិត្យមើល​ឱកាស​នាំចេញ​។

    សូម​បញ្ជាក់​ផង​ដែរ​ថា​ យោង​លើ​ទិន្នន័យ​របស់​Korea​ Eximbank​ បង្ហាញថា​ក្នុងចំណោម​ការ​វិនិយោគ​សំ​ខាន់​ៗកូរ៉េ​ខាងត្បូង​នៅ​កម្ពុជា​មាន29​% វិស័យ​អចលនទ្រព្យ21​% ធនាគារ​ និង​ហិរញ្ញវត្ថុ18​% សំណង់​រោងចក្រ15​% និង​វិស័យ​កសិកម្ម​ 4%៕

  • បច្ចុប្បន្ន​នេះ​និស្សិត​កម្ពុជា​អាច​ទទួល​សញ្ញាបត្រ​បច្ចេកវិទ្យា​ថ្នាក់​អន្តរជាតិ​ពីជ​ប៉ុន​តែ​មិន​ចាំបាច់​ទៅ​ជប៉ុន​ទេ​…

    បច្ចុប្បន្ន​នេះ​និស្សិត​កម្ពុជា​អាច​ទទួល​សញ្ញាបត្រ​បច្ចេកវិទ្យា​ថ្នាក់​អន្តរជាតិ​ពីជ​ប៉ុន​តែ​មិន​ចាំបាច់​ទៅ​ជប៉ុន​ទេ​…

    បច្ចុប្បន្ន​នេះ​ ប្រទេស​ជប៉ុន​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​ជា​ប្រទេស​ដែល​មាន​សក្តា​នុ​ពល​ខ្លាំង​ផ្នែកការ​អប់រំ​ ជា​ពិសេស​លើ​ជំនាញ​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​ជាដើម​។ ស្រប​ជាមួយនឹង​ភាព​ល្បីល្បាញ​នេះ​ ជប៉ុន​ក៏​មាន​គម្រោង​ពង្រីក​ការ​បណ្តុះបណ្តាល​ដល់​បណ្តា​ប្រទេស​នានា​ដែល​ខ្លួន​បាន​ដាក់​ទុន​វិនិយោគ​ ដើម្បី​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ឆ្លើយតប​ជាមួយនឹង​ទីផ្សារ​ការងារ​នា​យុគសម័យ​ថ្មីនេះ​។

    កម្ពុជា​ជា​ប្រទេស​មួយ​ផង​ដែរ​ ដែល​មាន​កិច្ចសហការ​ល្អជា​មួយ​រដ្ឋាភិបាល​ និង​ប្រជាជន​ជប៉ុន​។ ហេតុនេះ​ហើយ​ទើប​ជានិច្ចកាល​ជប៉ុន​បាន​ជួយ​ដល់​កម្ពុជា​ជាច្រើន​លើ​ផ្នែក​អប់រំ​ និង​បណ្តុះបណ្តាល​។ នៅពេល​ថ្មី​ៗនេះ​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍​ ទូរគមនាគមន៍​ បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ (NIPTICT​) បាន​សហការ​ជាមួយ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង​ និង​អង្គការ​មូលនិធិ​គាំទ្រ​ការអប់រំ​អន្តរជាតិ​ (CIESF​) របស់​ជប៉ុន​ បាន​បើក​វគ្គ​បណ្តុះបណ្តាល​ថ្មី​មួយ​លើ​ជំនាញ​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា​ ក្រោម​ការ​គាំទ្រ​ភាពជា​ដៃគូ​ពីទី​ភ្នាក់ងារ​ JICA​។ វគ្គ​បណ្តុះបណ្តាល​នេះ​មានឈ្មោះ​ថា​ IT​ Passport​ ដែល​វា​ជា​កម្មវិធី​កម្រិត​ដំបូង​ក្នុងចំណោម​កម្មវិធី​សំ​ខាន់​ៗជាច្រើន​ទៀត​ដើម្បី​ត្រៀមប្រឡង​យក​សញ្ញាបត្រ​វិស្វករ​បច្ចេកវិទ្យា​ព័ត៌មាន​ (Information​ Technology​ Engineers​ Examination​ – ITEE​) ដែល​ជា​កម្មវិធី​ទទួលស្គាល់​ជា​ផ្លូវការ​ដោយ​ប្រទេស​ជប៉ុន​។ សញ្ញាបត្រ​នេះ​នឹង​ធ្វើ​ឱ្យ​និស្សិត​ទទួល​បានការ​ទុកចិត្ត​ និង​ទទួលស្គាល់​ពី​ក្រុមហ៊ុន​ឯកជន​ជាច្រើន​របស់​ជប៉ុន​ដែល​កំពុង​វិនិយោគ​នៅ​កម្ពុជា​ ព្រោះ​ជំនាញ​ ITEE​ នេះ​ជា​ជំនាញ​ដែល​កំពុង​មាន​តម្រូវការ​ខ្ពស់​ក្នុង​ទីផ្សារ​ការងារ​។

    តាម​ការ​បញ្ជាក់​ពី​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍​ ទូរគមនាគមន៍​ បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ (NIPTICT​) បានឱ្យ​ដឹង​ថា​ ITEE​ ជា​ការ​ប្រឡង​វិស្វករ​ផ្នែក​បច្ចេកវិទ្យា​ដែល​គ្រប់គ្រង​ដោយ​ IPA​ របស់​ជប៉ុន​។ វា​ជា​ការ​ប្រឡង​ថ្នាក់​ជាតិ​ធំ​បំផុត​មួយ​នៅក្នុង​ប្រទេស​ជប៉ុន​ ដែល​ជា​រៀងរាល់​ឆ្នាំ​មាន​អ្នកចូលរួម​ប្រមាណ​ 600,000​នាក់​។ ការ​ប្រឡង​នេះ​ត្រូវ​ធ្វើឡើង​កងតា​មកា​លប​រិច្ឆេទ​និង​សំណួរ​ដូចគ្នា​ជាមួយ​បណ្តា​ប្រទេស​ដែល​ជាស​មា​ជិ​កនៃ​វិទ្យាស្ថាន​ ITPEC​ (Information​ Technology​ Professionals​ Examination​ Council​) ដែល​ការ​ប្រឡង​នេះ​នឹង​ត្រូវ​ធ្វើឡើង2ដង​ក្នុង1ឆ្នាំ​ គឺ​ក្នុង​ខែ​ មេសា​និង​ខែតុលា​។

    សម្រាប់​កម្រិត​នៃ​ការ​ប្រឡង​ ITEE​ នេះ​វិញ​ត្រូវ​បាន​វិទ្យាស្ថាន​ ITPEC​ រៀបចំ​ជា4កម្រិត​គឺ​ ទី1​ ការ​ប្រឡង​កម្រិត​ IP​ (IT​ Passport​ Exam​) ដែល​ការ​ប្រឡង​នេះ​សម្រាប់​បេក្ខជន​ទូទៅ​ដែល​បាន​បញ្ចប់​ការសិក្សា​ ហើយ​ចង់បាន​វិញ្ញាបនបត្រ​ ITEE​ ថែមទៀត​ដើម្បី​បញ្ជាក់​ពី​កម្រិត​ជំនាញ​វិជ្ជាជីវៈ​មូលដ្ឋាន​ផ្នែក​ព័ត៌មាន​វិទ្យា​។ កម្រិត​ទី2​ គឺ​ការ​ប្រឡង​វិស្វករ​ព័ត៌មាន​វិទ្យា​មូលដ្ឋាន​ FE​ (Fundamental​ Information​ Technology​ Engineer​ Examination​) សម្រាប់​អ្នកជំនាញ​បច្ចេកវិទ្យា​ព័ត៌មាន​ និង​និស្សិត​បញ្ចប់​ការសិក្សា​ ឬនិស្សិត​ពាក់​ព័ន្ទនឹង​ផ្នែក​បច្ចេកវិទ្យា​។ កម្រិត​ទី3​ គឺ​ការ​ប្រឡង​វិស្វករ​ព័ត៌មាន​វិទ្យា​ AP​ (Applied​ Information​ Technology​ Engineer​ Examination​) សម្រាប់​អ្នកជំនាញ​បច្ចេកវិទ្យា​ និង​អ្នកមាន​បទ​ពិសោធ​ការងារ​ស្រាប់​។ ចុងក្រោយ​កម្រិត​ទី4​ គឺ​ការ​ប្រឡង​កម្រិតខ្ពស់​ AE​ (Advance​ Examination​) សម្រាប់​អ្នកជំនាញ​ដែល​មាន​បទ​ពិសោធ​ជាក់លាក់​។

    ស្ថាប័ន​ដដែល​បាន​បញ្ជាក់​ផង​ដែរ​ថា​ ការ​ប្រឡង​នេះ​ត្រូវ​បាន​គេ​ទទួល​ស្កាល់​ថា​ជា​ការ​ប្រឡង​វាស់​ចំណេះដឹង​ នៃ​និស្សិត​បញ្ចប់​ការសិក្សា​បច្ចេកវិទ្យា​ និង​ដើម្បី​លើកកម្ពស់​ឱកាស​ការងារ​ទាំង​ក្នុង​ និង​ក្រៅប្រទេស​ ព្រោះ​សញ្ញាបត្រ​នេះ​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ​ក្នុង​បណ្តា​ប្រទេស​អាស៊ី​មួយចំនួន​ដូចជា​ ចិន​ កោះ​តៃវ៉ាន់​ ជប៉ុន​ ឥណ្ឌា​ កូរ៉េ​ សិង្ហបុរី​ ម៉ាឡេស៊ី​ ហ្វីលីពីន​ម៉ុងហ្គោល​ មីយ៉ាន់ម៉ា​ ថៃ​ វៀតណាម​ និង​បង់​ក្លា​ដែស​។ សម្រាប់​កម្ពុជា​យើង​កំពុង​ដំណើរការ​ដំបូង​ក្នុង​ការរៀបចំ​ទទួលស្គាល់​ផង​ដែរ​ ព្រោះ​កម្ពុជា​មិនទាន់​មាន​មជ្ឈមណ្ឌល​ប្រឡង​លើ​កម្រិត​ទាំងអស់​នេះ​ ហេតុនេះ​បេក្ខជន​ដែល​មាន​ពិន្ទុ​ល្អ​ពីសា​លា​ ហើយ​មានបំណង​ចង់​ប្រឡង​យក​សញ្ញាបត្រ​កម្រិតខ្ពស់​នេះ​ នឹង​ទទួល​បាន​ការ​ស្នាក់នៅ​ និង​ប្រឡង​នៅ​ប្រទេស​វៀតណាម​។

    និស្សិត​ដែល​ចង់​សិក្សា​វគ្គ​ IT​ Passport​ អាច​ទាក់ទង​ដោយ​ផ្ទាល់​ជាមួយនឹង​ វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍​ទូរគមនាគមន៍​ បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​(NIPTICT​) ដោយ​ការ​បណ្តុះបណ្តាល​មាន​រយៈពេល3​សប្តាហ៍​ ដែល​ចាប់ផ្តើម​ពី​ថ្ងៃទី​ 15​ ខែកក្កដា​ រហូតដល់​ថ្ងៃទី2​ ខែសីហា​ ឆ្នាំ2019​ ខាងមុខនេះ​។ ទីតាំង​បណ្តុះបណ្តាល​ស្ថិតនៅ​ក្នុង​សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង​៕

  • កម្ពុជា-កូរ៉េ ចុះកិច្ចសន្យាសាងសង់ពង្រីកផ្លូវជាតិលេខ2 និងលេខ22

    កម្ពុជា-កូរ៉េ ចុះកិច្ចសន្យាសាងសង់ពង្រីកផ្លូវជាតិលេខ2 និងលេខ22

    ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ចុះហត្ថលេខា​ជាមួយ​នឹង​ក្រុមហ៊ុន​កូរ៉េ Hanshin Engine ering and Construction Co., Ltd លើ​កិច្ចសន្យា​សាងសង់​គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​ផ្លូវជាតិ​លេខ2 និង​ផ្លូវលេខ22 kalBIថ្ងៃទី​25 ខែ​មិថុនា ឆ្នាំ​2019។សូម​ជម្រាប​ថា គម្រោង​នេះ គឺ​ស្ថិតក្រោម​ឥណទាន​ពី​ធនាគរ​នីហរ័ណអាហរ័ណ​កូរ៉េ (Export – Import Bank of Korea) នៃមូលនិធិ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច (EDCF) ដែល​មាន​ចំនួន​ទឹកប្រាក់​សរុប 56,100,000 ដុល្លារ​អាមេរិក (Loan Agreement)។ ដោយ​ឡែក​ពិធីចុះហត្ថ លេខា​ថ្ងៃនេះ គឺមាន​ទំហំទឹកប្រាក់សរុប​ចំនួន 47,750,000​ដុល្លារ​អាមេរិក។

    ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានថ្លែង​​ក្រោយ​ពិធីចុះ​ហត្ថលេខា​នេះ​ដោយរំពឹង​ថា ការបើក​ការដ្ឋាន​សាងសង់​ផ្លូវជាតិ​លេ2 និងលេខ22​នេះ នឹង​ធ្វើឡើង​ក្នុងអំឡុងខែ​វិច្ឆិកា ឬខែធ្នូ​ខាងមុខ។

    គម្រោង​នេះ មាន​ប្រវែង​សរុប 72,17គីឡូម៉ែត្រ ដោយឆ្លង​កាត់​រាជធានី-ខេត្ត​ចំនួន3 រួមមាន​ខេត្ត​កណ្តាល រាជធានី​ភ្នំពេញ និង​ខេត្ត​តាកែវ គិត​ចាប់ពី​រង្វង់មូល​តាខ្មៅ (ស្ថិតក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល) ដល់​រង្វង់មូល​អូរចំបក់ (ស្ថិតក្នុងក្រុង​ដូនកែវ ខេត្ត​តាកែវ) និង​ផ្លូវជាតិលេខ​22 ពី​រង្វង់​មូល​អូរចំបក់​ដល់ផ្លូវជាតិលេខ3 ត្រង់​ផ្សារអង្គតាសោម។គម្រោង​នេះ​បែងចែក​ជា3​កំណាត់​ផ្លូវធំៗមាន​ដូចជា៖

    -កំណាត់​ទី1- ចាប់​ផ្តើម​ចេញពី​រង្វង់មូលតាខ្មៅ ដល់រង្វង់មូលស្រ្តី​បីកួរស្រូវ ដែលមាន​ប្រវែង 8,7​គ.ម ។ ពង្រីកពី 2គន្លង ទៅ 4គន្លង ដែលនៅ​តំបន់​ទីប្រជុំជន ប្រវែង 4,3គ.ម មាន​ទទឹង​ផ្លូវ 15មនិង​ក្រៅ​តំបន់​ទីប្រជុំជន​មាន​ទទឹង​ផ្លូវ 20,5ម។ កំណាត់​ផ្លូវនេះ​ក្រាល​បេតុង​កៅស៊ូ (AC) ដែលមាន​កម្រាស់ 12ស.ម។

    -កំណាត់​ទី2- ចាប់ផ្តើម​ពីរង្វង់​មូល​ស្រ្តីបីកួរស្រូវ ដល់​រង្វង់មូល​អូរចំបក់ ដែលមាន​ប្រវែង​ 53,81គ.ម ស្ថិតក្នុងតំបន់​ជនបទ។ កំណាត់​ផ្លូវនេះ​មាន2គន្លង និង​ទទឹង 13ម ក្រាល​បេតុង​កៅស៊ូ (AC) ដែល មាន​កម្រាស់ 10ស.ម។

    -កំណាត់​ទី3- ចាប់ផ្តើម​ពីរង្វង់​មូលអូរចំបក់ ដល់​ផ្សារអង្គតាសោម (ផ្លូវជាតិ​លេខ22) ដែលមាន​ប្រវែង 9,6គ.ម ស្ថិតក្នុងតំបន់​ជនបទ។ កំណាត់​ផ្លូវនេះ មាន​ទំហំ​ទទឹងផ្លូវ​សរុប 13ម ក្រាល​បេតុង កៅស៊ូ (AC) ដែលមាន​កម្រាស់ 10ស.ម។

    គម្រោង​ខាងលើ​ធ្វើការ​ពង្រីក​លើ​ផ្លូវចាស់​ដោយ​ក្រាលកៅស៊ូ AC សាងសង់​ស្ពាន​ថ្មីចំនួន11​កន្លែង និង​ស្ថាបនាលូរំដោះទឹកភ្លៀង មាន​លូជ្រុងកាត់​ទទឹងថ្នល់​ 56កន្លែង និងលូ​មូលកាត់​ទទឹងថ្នល់ 17កន្លែង។ ការ​ស្ថាបនានេះ គ្រោងនឹង​ប្រើរយៈពេល 30ខែ (ប្រហែល2ឆ្នាំ​កន្លះ)៕

     

  • ឥណ្ឌូ​នេ​ស៊ី​-កម្ពុជា​ នឹង​បើក​ជើងហោះហើរ​ត្រង់​នៅ​ខែ​នេះ​ ខណៈ​ទំហំ​ពាណិជ្ជកម្ម​ក៏​ត្រូវ​បាន​ជំរុញ​

    ឥណ្ឌូ​នេ​ស៊ី​-កម្ពុជា​ នឹង​បើក​ជើងហោះហើរ​ត្រង់​នៅ​ខែ​នេះ​ ខណៈ​ទំហំ​ពាណិជ្ជកម្ម​ក៏​ត្រូវ​បាន​ជំរុញ​

    យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថាន​ទូ​តឥណ្ឌូ​នេ​ស៊ី​ ប្រចាំ​នៅ​កម្ពុជា​បានឱ្យ​ដឹង​ថា​ការហោះហើរ​ទៅមក​ដោយ​ត្រង់​ ដែល​បាន​រង់ចាំ​ជាយូរមកហើយ​ រវាង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ និង​កម្ពុជា​នឹង​ត្រូវ​គ្រោង​ធ្វើ​នៅ​ឆ្នាំនេះ​ ដោយក្រុម​ហ៊ុន​ Citilink​ Indonesia​ ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ Garuda​ Indonesia​ ត្រូវ​បាន​គេ​ រំពឹង​ថា​នឹង​បើក​ជើងហោះហើរ​ត្រង់​ជាលើកដំបូង​របស់​ខ្លួន​ ពីរ​ដ្ឋ​ធានី​ហ្សាការតា​មក​ភ្នំពេញ​ នៅ​ខែមិថុនា​នេះ​។

    ឯកអគ្គ​រដ្ឋ​ទូ​តឥណ្ឌូ​នេ​ស៊ី​ ឯកឧត្តម​ Sudirman​ Haseng​ ជឿជាក់​ថា​ ឆ្នាំ2019​ គឺជា​ខួប​លើក​ទី60​នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង2​ ដូច្នេះ​ការ​ហោះហើរ​ត្រង់នេះ​ នឹង​ក្លាយជា​ផ្នែក​មួយ​ដ៏​សំខាន់​ ក្នុង​ការ​បង្កើន​ទំនាក់ទំនង​ទ្វេភាគី​រវាង​ឥណ្ឌូ​នេ​ស៊ី​ និង​កម្ពុជា​។ លើស​ពីនេះ​ទៀត​ការហោះហើរ​លើកដំបូង​របស់​ Citilink​ មក​ទីក្រុង​ភ្នំពេញ​ក្នុង​ខែមិថុនា​នេះ​ នឹង​មិន​ត្រឹមតែ​ជាស​មិទ្ធ​ផល​ដ៏​ធំធេង​ប៉ុណ្ណោះទេ​ ថែមទាំង​ជាវ​ត្ត​មាន​ដ៏​មានតម្លៃ​សម្រាប់​ខួប2ឆ្នាំ​ផង​ដែរ​។

    យោង​តាម​ការពិភាក្សា​គ្នា​ ប្រទេស​ទាំង2​ បាន​ស្វែងរក​អំពី​លទ្ធភាព​នៃ​ការហោះហើរ​ដោយ​ផ្ទាល់​ ហើយ​មាន​ក្រុមហ៊ុន​អាកាស​ចរ​ណ៍​ឥណ្ឌូ​នេ​ស៊ី​ជាច្រើន​កំពុង​សិក្សា​ទីផ្សារ​កម្ពុជា​។ ពីមុន​ការហោះហើរ​ចំណាយពេល​ជាង8​ ម៉ោង​ ដើម្បី​ធ្វើដំណើរ​ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​មក​កម្ពុជា​។ ប៉ុន្តែ​ពេលនេះ​ការហោះហើរ​របស់​ Citilink​ នឹង​ចំណាយពេល​ត្រឹមតែ​ 3.5ម៉ោង​ប៉ុណ្ណោះ​។

    សេចក្តី​ប្រកាស​នេះ​បង្ហាញថា​ កត្តា​ទីផ្សារ​នៅ​តែ​ជា​ឧបសគ្គ​ចម្បង​ ដើម្បី​ធ្វើ​ឱ្យ​ការហោះហើរ​ដោយ​ត្រង់​អាច​ធ្វើ​ទៅ​បាន​។ ទោះជាយ៉ាងណា​ រដ្ឋាភិបាល​ទាំង2​ បាន​យល់ស្រប​គ្នា​ថា​ ការបង្កើត​ជើងហោះហើរ​ត្រង់​មាន​សារៈសំខាន់​ណាស់​ ដើម្បី​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី​ល្អ​ នៅក្នុង​វិ​ស័យ​ផ្សេង​ៗ និង​លើកកម្ពស់​ទំនាក់ទំនង​រវាង​ប្រជាជន​ និង​ប្រជាជន​។ការហោះហើរ​ត្រង់​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ជំរុញ​កំណើន​មិន​ត្រឹមតែ​វិស័យ​ទេសចរណ៍​ប៉ុណ្ណោះទេ​ តែ​ថែមទាំង​ជា​ការ​ធ្វើ​ពាណិជ្ជកម្ម​និង​ការ​វិនិយោគ​រវាង​ប្រទេស​ទាំង2​ ទៀតផង​។

    យោង​តាម​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ រវាង​ប្រទេស​កម្ពុជា​ និង​ឥណ្ឌូ​នេ​ស៊ី​មានការ​កើនឡើង​បន្តិច​កាលពី​ឆ្នាំមុន​ ដោយ​ឈាន​ដល់​តម្លៃ​ 556លាន​ដុល្លារ​ ដែល​ចំនួន​នេះ​កើនឡើង​ 4%។ តែ​ទោះបីជា​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុត​របស់​អាស៊ាន​មួយ​នេះ​នៅតែ​មានកម្រិត​ក៏ដោយ​ ក៏​មន្ត្រី​ពាណិជ្ជកម្ម​មើល​ឃើញ​សក្តា​នុ​ពល​ដ៏​អស្ចារ្យ​ នៅក្នុង​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង2ដែរ​។

    ឯកឧត្តម​ ឈួន​ ដារ៉ា​ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​បាន​ថ្លែង​ថា​ លោក​រំពឹង​ថា​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-ឥណ្ឌូ​នេ​ស៊ី​នឹង​កើនឡើង​យ៉ាង​ខ្លាំង​នៅក្នុង​ឆ្នាំខាងមុខ​។ លោក​ថ្លែង​ថា​ “ក្រុម​ហ៊ុន​ឥណ្ឌូ​នេ​ស៊ី​ជាច្រើន​ កំពុង​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​។ វា​ជា​ពេលវេលា​ ដែល​ក្រុមហ៊ុន​ឥណ្ឌូណេស៊ី​ ពង្រីក​អាជីវកម្ម​ និង​ការ​វិនិយោគ​របស់​ពួកគេ​នៅក្នុង​ប្រទេស​កម្ពុជា​”។

    ឯកឧត្តម​បាន​ថ្លែង​ថា​៖“ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​ប្រទេស​សម្បូរ​កោះ​មួយ​នេះ​ បាន​កើនឡើង​33លាន​ដុល្លារ​ ពោល​គឺ​កើនឡើង​ 29​%។ ការនាំចេញ​របស់​ឥណ្ឌូ​នេ​ស៊ី​ មកកាន់​កម្ពុជា​មានតម្លៃ​ ប្រមាណ​ 525លាន​ដុល្លារ​ គឺ​បាន​កើនឡើង​តែ​ 2%ប៉ុណ្ណោះ​”។

    ឯកឧត្តម​ ឈួន​ ដារ៉ា​ បាន​មានប្រសាសន៍​ថា​ ផលិត​ផល​ឥណ្ឌូ​នេ​ស៊ី​ ដែល​បាន​ជ្រៀតចូល​ក្នុង​ទីផ្សារ​កម្ពុជា​ រួមមាន​អាហារ​ និង​ភេសជ្ជៈ​ ផលិតផល​ថែរក្សា​ផ្ទះ​ ផលិតផល​ប្រើប្រាស់​ផ្ទាល់ខ្លួន​ ផលិតផល​ឱសថ​ ផលិតផល​គ្រឿងបន្លាស់​ម៉ូតូ​ និង​ផ្លែឈើ​ស្រស់​ៗជាដើម​ ដោយ​ប្រទេស​កម្ពុជា​នាំចេញ​ទៅ​វិញ​ភាគច្រើន​គឺ​ សម្លៀកបំពាក់​ កៅស៊ូ​ និង​ស្បែកជើង​ ទៅកាន់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​។

    ឯកឧត្តម​ ស៊ាង​ ថៃ​ អ្នកនាំពាក្យ​នៅ​ក្រសួង​ពាណិជ្ជកម្ម​ បាន​ប្រាប់​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ថា​៖“រាជរដ្ឋាភិបាល​កំពុងធ្វើការ​ងារ​ ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​។ ពាណិជ្ជកម្ម​ទ្វេភាគី​នៅ​តូច​នៅឡើយ​ ប៉ុន្តែ​យើង​កំពុងធ្វើការ​យ៉ាងច្រើន​ដើម្បី​បង្កើន​វា​។ ការ​ជួញដូរ​ជាមួយ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ គឺ​ពិបាក​ជាង​ប្រទេស​ដទៃទៀត​នៅក្នុង​តំបន់​ ដូចជា​ប្រទេស​ថៃ​ ឬវៀតណាម​ និង​ឡាវ​ ព្រោះ​យើង​មិន​មាន​ព្រំដែន​ជាប់គ្នា​”។

    ឯកឧត្តម​បាន​មានប្រសាសន៍​ថា​៖“ការហោះហើរ​ដោយ​ផ្ទាល់​រវាង​ប្រទេស​នឹង​ត្រូវ​បាន​បង្កើត​ឡើង​នៅពេល​នេះ​ ដែល​នឹង​ជួយ​សម្រួល​សកម្មភាព​ប្រជាជន​ និង​ទំនិញ​ និង​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​។ យើង​សង្ឃឹមថា​ ជើងហោះហើរ​ដោយ​ត្រង់នេះ​ នឹង​បង្កើន​ចំនួន​អ្នកទេសចរ​ និង​វិនិយោគិន​ មក​ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​”។

    ឯកឧត្តម​ ក៏បាន​បញ្ជាក់​ដែរ​ថា​ អ្វី​ដែល​យើង​មើល​ឃើញថា​ ការ​ធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​នៅ​តូច​ គឺ​ដោយសារ​បញ្ហា​មួយចំនួន​៖ “ទី1​-កត្តា​ភូមិសាស្ត្រ​ ដោយ​យើង​មាន​ទីតាំងនៅ​ឆ្ងាយ​ពីគ្នា​ បើ​ប្រៀបធៀប​ជាមួយ​ ប្រទេស​ឡាវ​ ថៃ​ និង​វៀតណាម​គាត់​នៅ​ក្បែរ​ ដូច្នេះ​ការ​ចេញចូល​ទំនិញ​វា​ងាយស្រួល​ជាង​។ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ នៅ​ឆ្ងាយ​ ហើយ​មុខទំនិញ​ដែល​បាន​ផលិត​ ភាគច្រើន​ប្រហាក់​ប្រហែលគ្នា​ផង​ដែរ​ ដែល​ពិបាក​ក្នុង​ការដោះដូរ​គ្នា​”។

    ឯកឧត្តម​ បាន​បន្ត​ទៀត​ថា​៖“ទី2​-យើង​ធ្លាប់​មាន​ទំនាក់ទំនង​ក្នុង​គោលដៅ​នាំ​អង្ករ​ទៅកាន់​ប្រទេស​នេះ​ដែរ​ បើ​នាំទៅ​បាន​ តួលេខ​នឹង​មានការ​កើនឡើង​(ប្រមាណ​ជា​ 40ម៉ឺន​តោន​) ប៉ុន្តែ​ដោយសារ​មាន​ការ​លំបាក​ក្នុង​ការ​លក់​ ពីព្រោះ​អង្ករ​យើង​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​ គុណភាព​ល្អ​ តែ​តម្លៃ​ខ្ពស់​ជាងគេ​បន្តិច​ ទោះជា​យើង​ធ្លាប់​មាន​ចុះ​កិច្ច​ព្រមព្រៀង​សហប្រតិបត្តិ​ការ​ និង​ MOUជាមួយគ្នា​កន្លងមក​ក៏ដោយ​ ព្រោះ​ការ​នាំ​អង្ករ​ទៅ​កាន់​ឥណ្ឌូ​នេ​ស៊ី​ ទាល់តែ​ឆ្លងកាត់​ក្រុមហ៊ុន​រដ្ឋ​សិន​ មិន​អាច​នាំចូល​ទៅកាន់​ក្រុមហ៊ុន​ដែល​ទទួល​ទិញ​ដោយ​ត្រង់​តែម្តង​បានទេ​ គឺ​ចំណុច​នេះ​ហើយដែល​យើង​កំពុងតែ​ឱ្យ​ខាង​គាត់​ជួយ​សម្រួល​”។

    សូម​បញ្ជាក់​ថា​ កាលពី​ឆ្នាំមុន​ មាន​ប្រជាជន​ឥណ្ឌូ​នេ​ស៊ី​ជាង​ 55,700នាក់​បាន​មក​ទស្សនា​ប្រទេស​កម្ពុជា​ ខណៈ​ដែល​ប្រជាជន​កម្ពុជា​ជាង​ 8,800​ នាក់​ បាន​ធ្វើដំណើរ​ទៅ​ប្រទេស​សម្បូរ​កោះ​មួយ​នេះ​។

    ឯកឧត្តម​ ថោង​ ខុន​ រដ្ឋ​មន្ដ្រី​ក្រសួងទេសចរណ៍​កម្ពុជា​ ធ្លាប់​បាន​មានប្រសាសន៍​ថា​ កម្ពុជា​ និង​ឥណ្ឌូ​នេ​ស៊ី​ ត្រៀម​នឹង​បើក​ជើងហោះហើរ​ត្រង់​រួមគ្នា​ឡើង​វិញ​ ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​ការ​ធ្វើដំណើរ​ របស់​ភ្ញៀវ​ទេសចរ​នៃ​ប្រទេស​ទាំង2​ ក្នុង​ន័យ​ជំរុញ​កំណើន​ភ្ញៀវ​ទេសចរ​ឱ្យ​កើនឡើង​ទ្វេដង​ ខណៈ​កាលពី​ឆ្នាំ2018​ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេស​ឥណ្ឌូ​នេ​ស៊ី​កើនឡើង​ប្រមាណ​ 11​%។

    ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​បញ្ជាក់​ទៀត​ថា​ ក្រោយ​ការ​បើក​ជើងហោះហើរ​ដោយ​ត្រង់នេះ​ កម្ពុជា​រំពឹង​ថា​ នឹងអាច​ស្រូប​បាន​ភ្ញៀវ​ទេសចរ​ពី​ឥណ្ឌូ​នេ​ស៊ី​កើនឡើង​ច្រើន​ ខណៈ​បច្ចុប្បន្ន​ភ្ញៀវ​ទេស​ចរ​ឥណ្ឌូ​នេ​ស៊ី​ មានត្រឹមតែ​ជាង​ 50,000នាក់​តែប៉ុណ្ណោះ​ក្នុង​ 1ឆ្នាំ​នៃ​ភ្ញៀវ​ទេសចរ​សរុប​ ដែល​កម្ពុជា​ទទួល​បាន​ជាង​ 6.2លាន​នាក់​នោះ​៕

  • កម្ពុជា-ចិន​នឹង​ចុះ MOU នាំ​អង្ករ​ចេញ 40ម៉ឺន​តោន​ទៅកាន់​ទីផ្សារប្រទេស​ចិន

    កម្ពុជា-ចិន​នឹង​ចុះ MOU នាំ​អង្ករ​ចេញ 40ម៉ឺន​តោន​ទៅកាន់​ទីផ្សារប្រទេស​ចិន

    ក្រសួង​ពាណិជ្ជកម្ម​តាមរយៈ​ក្រុមហ៊ុន​ ហ្គ្រីន​ត្រេ​ដដែល​ជា​សេនាធិការ​បាន​ធ្វើការ​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​សាជីវកម្ម​ COFCO​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​កាលពី​ថ្ងៃទី12​ ខែមេសា​ ឆ្នាំ2019​ រួចហើយ​លើ​ការរៀបចំ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ (MOU​) សម្រាប់​ពាណិជ្ជកម្ម​ទំនិញ​អង្ករ​កម្ពុជា​ចូល​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​។ នេះ​បើ​យោង​តាម​សេចក្តី​ជូនដំណឹង​របស់ក្រ​សួង​ពាណិជ្ជកម្ម​ ចេញផ្សាយ​ថ្ងៃទី24​ ខែមេសា​ ឆ្នាំ2019​។

    សេចក្តី​ជូនដំណឹង​របស់ក្រ​សួង​ពាណិជ្ជកម្ម​បានឱ្យ​ដឹង​ថា​ ដើម្បី​ជំរុញ​ការនាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ស្របតាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-ចិន​នឹង​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ (MOU​) លើ​ពាណិជ្ជកម្ម​អង្ករ​ ប្រមាណ​ 40ម៉ឺន​តោន​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​នៅក្នុង​វេទិកា​ខ្សែក្រវាត់​ និង​ផ្លូវ​លើក​ទី2​ នៅក្នុង​ប្រទេស​ចិន​។

    សេចក្តី​ជូនដំណឹង​ដដែល​បាន​បន្ត​ថា​ ជា​លទ្ធផល​ភាគី​ទាំង2​ បាន​ឯកភាព​គ្នា​លើស​ចេ​ក្តី​ព្រាង​អនុស្សរណៈ​ដើម្បី​ចុះហត្ថលេខា​នៅក្នុង​វេទិកា​ខ្សែក្រវាត់​ និង​ផ្លូវ​លើក​ទី​ 2 ដែល​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​នៅ​ទីក្រុង​ប៉េកាំង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ នៅ​ថ្ងៃទី27​ ខែមេសា​ ឆ្នាំ2019​។

    ចំណុច​សំ​ខាន់​ៗនៅក្នុង​អនុស្សរណៈ​ដែល​ភាគី​ទាំង2​ បាន​ចុះហត្ថលេខា​មាន​ដូចតទៅ​៖
    – ពាណិជ្ជកម្ម​អង្ករ​៖ ភាគី​ចិន​យល់ព្រម​ទិញ​អង្ករ​ ផ្កាម្លិះ​ អង្ករ​ក្រអូប​ អង្ក​រស​ និង​ចុងអង្ករ​របស់​ប្រទេស​កម្ពុជា​ក្នុង​បរិមាណ​ 40ម៉ឺន​តោន​ ចាប់ពី​ខែសីហា​ ឆ្នាំ​2019​ រហូតដល់​ចុងខែ​ធ្នូ​ ឆ្នាំ2020​។

    – យន្តការ​អនុវត្តន៍​៖ អនុស្សរណៈ​នេះ​នឹង​ចូលជាធរមាន​ភ្លាម​ បន្ទាប់ពី​គូភាគី​ទាំង2​ អនុវត្ត​បញ្ចប់​ដោយ​ជោគជ័យ​នូវ​អនុស្សរណៈ​ដំបូង​ដែល​បាន​ចុះហត្ថលេខា​ កាលពី​ថ្ងៃទី11​ ខែមករា​ ឆ្នាំ2018​ ស្តី​ពី​ការ​ចូល​អង្ករ​ចំនួន​ 30ម៉ឺន​តោន​។

    – យន្តការ​ត្រួតពិនិត្យ​ធុរកិច្ច​៖ គូភាគី​ទាំង2​ នឹង​បង្កើត​យន្តការ​ត្រួតពិនិត្យ​ធុរកិច្ច​រួម​ ដើម្បី​តាមដាន​ការអនុវត្ត​អនុស្សរណៈ​រៀងរាល់​ត្រីមាស​ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ ដែល​អាច​កើតឡើង​ជាយថាហេតុ​ អំឡុង​ពេល​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ​។

    យោង​តាម​របាយការណ៍​ផ្លូវការ​បានឱ្យ​ដឹង​ថា​ ការនាំចេញ​អង្ករ​របស់​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​បាន​កើនឡើង59​% នៅ​ត្រីមាស​ទី1​ ឆ្នាំនេះ​ ដោយ​បាន​នាំចេញ​អង្ករ​ចំនួន​ 75,214តោន​ទៅ​ប្រទេស​ចិន​នៅ​ត្រីមាស​ដំបូង​ឆ្នាំ2019​ ដែល​កើនឡើង59​% ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

    របាយការណ៍​របស់​លេខាធិការ​ដ្ឋាន​សេវា​ច្រកចេញ​ចូល​តែមួយ​សម្រាប់​ការនាំចេញ​អង្ករ​បានឱ្យ​ដឹង​ថា​ ប្រទេស​ចិន​ជា​អ្នកទិញ​ស្រូវ​អង្ករ​ធំជាង​គេ​នៅក្នុង​អំឡុង​ពេល​ពី​ខែមករា​ ដល់​ខែមីនា​ ឆ្នាំនេះ​ដោយ​បាន​បន្ថែម​ថា​ ការនាំចេញ​ទៅកាន់​ប្រទេស​ចិន​មាន​ចំនួន​ 44​%នៃ​ការ​នាំ​អង្ករ​ចេញ​សរុប​របស់​ប្រទេស​។

    យោង​តាម​របាយការណ៍​បានឱ្យ​ដឹង​ថា​ ប្រទេស​អាស៊ី​អាគ្នេយ៍​បាន​នាំចេញ​អង្ករ​សរុប​ចំនួន170,821តោន​ក្នុងរយៈពេល​ 3ខែ​ដំបូង​នៃ​ឆ្នាំនេះ​កើនឡើង6​% ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

    តួលេខ​បាន​បង្ហាញថា​ តំបន់​នេះ​បាន​នាំចេញ​អង្ករ​ 51,552តោន​ទៅ​ទីផ្សារ​អឺរ៉ុប​ក្នុងអំឡុងពេល​នេះ​ពោល​គឺ​ ធ្លាក់ចុះ33​% ដោយសារតែ​សហភាព​អឺរ៉ុប​បាន​ដាក់​ពន្ធ​លើ​អង្ករ​ពី​ប្រទេស​កម្ពុជា​កាលពីដើម​ឆ្នាំនេះ​ ក្នុង​គោលបំណង​ដើម្បី​ទប់ស្កាត់​ការនាំចូល​អង្ករ​ពី​ព្រះរាជាណាចក្រ​កម្ពុជា​៕

  • “ពិព័រណ៍​លំនៅឋាន​កម្ពុជា​ ឆ្នាំ2019​” នឹង​ទាក់ទាញ​អ្នក​ស្វែងរក​លំនៅឋាន​ក្នុង​បរិបទ​ថ្មី​

    “ពិព័រណ៍​លំនៅឋាន​កម្ពុជា​ ឆ្នាំ2019​” នឹង​ទាក់ទាញ​អ្នក​ស្វែងរក​លំនៅឋាន​ក្នុង​បរិបទ​ថ្មី​

    ជម្រើស​លំនៅឋាន​ច្រើនជាង​មុន​ និង​ប្លែក​ជាង​មុន​ គឺជា​គោលបំណង​នៃ​ពិព័រណ៍​អចលនទ្រព្យ​នៅពេល​ខាងមុខនេះ​ដើម្បី​លើកកម្ពស់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ទាំង​សម្រាប់​ទីផ្សារ​ក្នុង​ស្រុក​ និង​លើឆាកអន្តរជាតិ​នេះ​បើ​តាម​អគ្គនាយក​នៃ​គេហទំព័រ​ realestate.com.kh​ ដែល​បាន​មានប្រសាសន៍​ប្រាប់​ឱ្យ​ដឹង​អំពី​ពិព័រណ៍​ដែលគេ​សង្ឃឹមថា​ ជា​ព្រឹត្តិ​ការណ៍​ដែល​អាច​ផ្តល់​ឱ្យ​អ្នកចូលរួម​នូវ​ការ​បញ្ចុះតម្លៃ​ពិសេស​ ហើយ​ពួកគេ​ក៏​នឹង​ទទួល​បាន​ចំណេះ​ដឹង​ថ្មី​ៗពី​ការទិញ​-លក់​អចលនទ្រព្យ​ពី​វាគ្មិន​ជំ​នាញៗ​ដែល​មាន​បទ​ពិសោធ​ច្រើន​ក្នុង​វិស័យ​នេះ​ផង​ដែរ​។

    លោក​ Thomas​ O’Sullivan​ នាយក​ប្រតិបត្តិ​នៃ​គេហទំព័រ​អចលនទ្រព្យ​ realestate.com.kh​ ដែល​ជា​អ្នក​រៀបចំ​កម្មវិធី​នេះ​បាន​មានប្រសាសន៍​ថា​៖“មាន​វិនិយោគិន​បរទេស​មួយចំនួន​មិនទាន់​បាន​ស្គាល់​ ឬយល់ដឹង​ពី​ស្ថានភាព​នៃ​ការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​ និង​សំណង់​នៅ​កម្ពុជា​ទេ​។ ហេតុនេះ​កម្មវិធី​នេះ​នឹង​ជួយ​ជំរុញ​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ទាំង​នៅក្នុង​ស្រុក​ និង​នៅ​លើ​ទីផ្សារ​អន្តរជាតិ​។ តាមរយៈ​កម្មវិធី​នេះ​នឹង​ធ្វើ​ឱ្យ​ជនបរទេស​កាន់តែ​ច្រើន​ចាប់អារម្មណ៍​ក្នុង​ការទិញ​អចលនទ្រព្យ​នៅ​កម្ពុជា​”។

    លោក​បាន​បន្ថែម​ថា​ កម្មវិធី​នេះ​អាច​និយាយ​បាន​ថា​ ជា​ពេលវេលា​ដ៏​ល្អ​មួយ​សម្រាប់​អ្នក​ស្វែងរក​ទិញ​អចលនទ្រព្យ​ក៏ដូចជា​ការ​វិនិយោគ​ផង​ដែរ​ ពិសេស​យើង​ផ្តោត​ការ​ផ្សព្វផ្សាយ​ទៅលើ​អ្នកមាន​ជីវភាព​មធ្យម​ដែល​នៅ​មាន​តម្រូវការ​លំនៅឋាន​ច្រើន​ក្នុង​ប្រទេស​កម្ពុជា​។ លោក​បាន​បញ្ជាក់​ថា​៖ “កម្មវិធី​នេះ​នឹង​ប្រមូល​ផ្តុំ​នូវ​គម្រោង​អចលន​ទ្រព្យ​ថ្មី​ៗ ព្រមទាំង​ក្រុមហ៊ុន​ជាច្រើន​ដែល​មាន​ឥទ្ធិពល​ និង​ដើរតួ​នាទី​សំខាន់​នៅក្នុង​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​”។

    លោក​ ម៉ឹក​ ចិន្តា​ ស្ថាបនិក​គេហទំព័រ​ Realestate.com.kh​ ពិព័រណ៍​នេះ​ផ្តល់​ឱ្យ​អ្នកចូលរួម​នូវ​អត្ថ​ប្រយោជន៍​ចំនួន​ 4សំ​ខាន់​ៗគឺ​ ទី1​-វេទិកា​នេះ​ល្អ​បំផុត​សម្រាប់​អ្នកមាន​បំណង​ចង់​ទិញ​លំនៅឋាន​ មិនថា​ផ្ទះ​ ដី​ ខុន​ដូ​ ឬបុរី​នោះ​ទេ​ និង​មាន​ជម្រើ​សផ្សេង​ៗទៀត​ ដូចជា​ រថយន្ត​ម៉ា​កល្បី​ៗ គ្រឿងសង្ហារិម​ និង​ការ​រចនា​ដេ​គ័រ​។ ទី2​-ល្អ​បំផុត​សម្រាប់​អ្នក​ដែល​មានបំណង​ចង់​ស្វែងយល់​អំពី​ភាព​រីកចម្រើន​នៃ​ទីផ្សារ​លំនៅឋាន​នៅ​កម្ពុជា​។ ទី3​-ល្អ​បំផុត​សម្រាប់​អ្នក​ដែល​ចង់​ស្វែងរក​គម្រោង​លំនៅឋាន​ជាច្រើន​ក្នុង​ពេល​តែមួយ​ និង​ទី4​-ល្អ​បំផុត​សម្រាប់​អ្នក​ចង់​ចូលរួម​ស្វែងយល់​ជាមួយ​វគ្គ​សិក្ខាសាលា​អប់រំ​អំពី​វិស័យ​អចលនទ្រព្យ​ជាមួយ​ប្រធាន​បទ​ល្អ​ៗ ដែល​នឹង​ធ្វើ​បទ​បង្ហាញ​ដោយ​វាគ្មិន​ល្បី​។

    សេចក្តី​ប្រកាស​ព័ត៌មាន​បានឱ្យ​ដឹង​ថា​ ក្នុង​ពិព័រណ៍​នី​មួយ​ៗមានការ​ចូលរួម​យ៉ាងសកម្ម​ពីសំណាក់​អ្នក​វិនិយោគ​ ម្ចាស់​គម្រោង​ អ្នក​អភិវឌ្ឍន៍​ និង​អ្នកចូលរួម​រាប់ពាន់​នាក់​នឹង​បាន​ចូលរួម​នៅក្នុង​វេទិកា​ដ៏​ធំអស្ចារ្យ​មួយ​នេះ​។ ជា​ការពិត​ណាស់​ នៅក្នុង​ពិព័រណ៍​លើក​ទី1​ មានការ​ទិញ​លក់​នៅនឹង​កន្លែង​គិតជា​ទឹកប្រាក់​ជាង​ 3លាន​ដុល្លារ​។ លើក​ទី2​ បាន​ជាង20លាន​ដុល្លារ​ និង​លើក​ទី3​ លក់​បាន​ជាង​ 20លាន​ដុល្លារ​។

    ដូច្នេះ​វា​ជា​វេទិកា​ទិញ​-លក់​អចលនទ្រព្យ​ដ៏​មានប្រសិទ្ធភាព​ និង​ជោគជ័យ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​។ ដោយ​សម្លឹងឃើញ​ពី​សក្តា​នុ​ពល​នៃ​ទីផ្សារ​ និង​តម្រូវការ​អចលនទ្រព្យ​ដ៏​ច្រើន​ពី​អ្នកទិញ​ក្នុង​ស្រុក​ និង​អន្តរជាតិ​ Realestate.com.kh​ នឹង​នៅតែ​បន្ត​ជំរុញ​ការទិញ​-លក់​លំនៅឋាន​នៅ​កម្ពុជា​ តាមរយៈ​ពិព័រណ៍​ដ៏​ធំ​នេះ​។

    លោក​ សួស​ ចិន្តា​ អគ្គលេខាធិការ​នៃ​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ បាន​ប្រាប់​ថា​ វិស័យ​អចលនទ្រព្យ​ និង​សំណង់​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​។ លោក​ថ្លែង​ថា​ កម្មវិធី​នេះ​នឹងអាច​ទាក់ទាញ​ចំណាប់​អារម្មណ៍​យ៉ាងច្រើន​ពីសំណាក់​អ្នក​វិនិយោគ​បរទេស​។

    លោក​បន្ត​ថ្លែង​ថា​៖ “ដោយសារ​កម្ពុជា​មាន​ស្ថិរភាព​នយោបាយ​ល្អ​ និង​ច្បាប់​មាន​ភាព​អនុគ្រោះ​ច្រើន​សម្រាប់​វិនិយោគិន​បរទេស​នោះ​ ដូច្នេះ​តាមរយៈ​ពិព័រណ៍​នេះ​នឹងអាច​ជួយ​ទាក់ទាញ​ជនបរទេស​ឱ្យ​ចូល​មក​ទិញ​ និង​បណ្តាក់​ទុន​នៅ​កម្ពុជា​បាន​ជាច្រើន​ទៀត​”។

    លោក​បាន​បញ្ជាក់​ថា​៖“យោង​តាម​សមាគម​អភិវឌ្ឍន៍​លំនៅឋាន​ និង​របាយការណ៍​របស់ក្រ​សួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បានឱ្យ​ដឹង​ថា​៖“តម្រូវការ​លំនៅឋាន​នៅតែ​ខ្ពស់​ គឺ​ការសាងសង់​អត់​ទាន់​គ្រប់​តាម​តម្រូវការ​ទេ​ ដោយសារ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ និង​កំណើន​ការងារ​។ តម្រូវការ​វិស័យ​សំណង់​ និង​អចលនទ្រព្យ​នេះ​នឹង​បន្ត​រីកចម្រើន​លើស​ពី​ 5ឆ្នាំទៅ​មុខ​ទៀត​។ បើ​យើង​គិតទៅ​ 5ឆ្នាំ​ទៀត​ ប្រទេស​យើង​អាច​នៅ​មាន​គម្រោ​ងធំៗ​ជាច្រើន​ទៀត​ ពោល​គឺ​របាយ​នេះ​មិនទាន់​ឆ្អែត​ទេ​ រហូត​ទៅដល់​ឆ្នាំ2030​។ ដូចនេះ​អចលនទ្រព្យ​ គឺ​កំពុងតែ​ចាប់ផ្តើម​បើ​យើង​ប្រៀបធៀប​ទៅ​នឹង​ប្រទេសជិតខាង​យើង​ និង​ប្រទេស​អភិវឌ្ឍន៍​មួយចំនួន​”។

    លោក​ សួស​ ចិន្តា​ បាន​បញ្ជាក់​ទៀត​ថា​៖“បញ្ហា​ប្រឈម​ យើង​នៅតែ​មាន​ ដោយ​យើង​ត្រូវតែ​សាងសង់​ប៉ុន្មាន​ដើម្បី​ជា​ការ​ផ្គត់ផ្គង់​ទៅ​នឹង​តម្រូវការ​ទីផ្សារ​នៃ​វិស័យ​អចលនទ្រព្យ​ឱ្យ​គ្រប់គ្រាន់​ដល់​ប្រជាជន​ ហើយ1ឆ្នាំ​យើង​ត្រូវលក់​បាន​ប៉ុន្មាន​ និង​សាងសង់​បាន​ប៉ុន្មាន​? និង​ការ​លក់​ចេញទៅ​នោះ​ថ្លៃ​ប៉ុន្មាន​? ព្រោះ​យើង​ផ្តោត​ទៅលើ​លំនៅឋាន​សមរម្យ​ដែល​ប្រជាជន​យើង​អាច​មានលទ្ធភាព​ទិញ​បាន​។ នេះ​ជា​ការរៀបចំ​មួយ​របស់ក្រ​សួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​កំពុងតែ​រៀបចំ​ចងក្រង​ហើយ​ ដើម្បី​កុំឱ្យ​មាន​ហានិភ័យ​ទាក់ទង​ទៅ​នឹង​តម្លៃ​អចលនទ្រព្យ​នៅ​លើ​ទីផ្សារ​ និង​ការ​វិនិយោគ​ និង​ការប្រើ​ប្រាស់​កម្ចី​ជាដើម​៕

  • ការយល់ឃើញផ្សេងៗ រឿង​សហភាព​អឺរ៉ុប​កំណត់​ពន្ធ​លើ​អង្ករ​ពី​កម្ពុជា

    ការយល់ឃើញផ្សេងៗ រឿង​សហភាព​អឺរ៉ុប​កំណត់​ពន្ធ​លើ​អង្ករ​ពី​កម្ពុជា

    គណៈកម្មការ​អឺរ៉ុប​Europe Committee (EC) បានដាក់​ពន្ធ​លើ​អង្ករ​មកពី​ប្រទេស​កម្ពុជា និង​មី​-យ៉ាន់​ម៉ា​ដោយ​អនុវត្ត​វិធានការ​ការពារ​ប្លុក​អឺរ៉ុប​របស់ខ្លួន ព្រោះថា ការ​នាំចូល​អង្ករ Indica ទៅកាន់​សហភាព​អឺរ៉ុប​បណ្ដាលឱ្យ​ខូចខាត​ដល់​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ផលិត​អង្ករ​នៅ​ប្លុក​អឺរ៉ុប។

    EC បានឱ្យដឹង​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​កាលពី​ថ្ងៃ16 ខែមករា​ថា ការកើនឡើង​គួរឱ្យកត់សម្គាល់​នៃ​ការ​នាំចូល​អង្ករ Indica ពី​ប្រទេស​កម្ពុជា និង​មី​យ៉ាន់​ម៉ា​ទៅកាន់​សហភាព​អឺរ៉ុប​បណ្ដាលឱ្យ​ខូចខាត​សេដ្ឋកិច្ច​ដល់​ផលិតករ​សហភាព​អឺរ៉ុប។

    យោងតាម​សេចក្ដីសម្រេច​របស់​គណៈ​កម្ម​ការ​អឺរ៉ុប បានឱ្យដឹងថា ក្នុងអំឡុងពេល​នៃ​ការស៊ើបអង្កេត​កាលពី​ខែមីនា គណៈកម្មការ​បាន​រក​ឃើញថាការ​នាំចូល​អង្ករ Indica ពី​ប្រទេស​ទាំង2បាន​កើនឡើង 89%ក្នុង​រយៈពេល 5ឆ្នាំ​កន្លងមកនេះ។ ការ-ស៊ើបអង្កេត​បានរ​ក​ឃើញថា តម្លៃ​ត្រូវបាន​ថយចុះ​ខ្លាំង​ជាង​ទីផ្សារ​នៅ​សហភាព​អឺរ៉ុប ហើយ​បាន​ថយចុះ​ក្នុង​រយៈពេល​ដូចគ្នា។ ការកើនឡើង​នៃ​ការ​នាំចូល​តម្លៃ​ទាប​បណ្តាលឱ្យមាន​ការលំបាក​យ៉ាងខ្លាំង​សម្រាប់​អ្នក​ផលិត​អង្ករ​នៅ​សហភាព​អឺរ៉ុប​ក្នុង​កម្រិត​ដែល​ចំណែក​ទីផ្សារ​របស់ខ្លួន​នៅ​សហភាព​អឺរ៉ុប​បាន​ធ្លាក់ចុះ​ពី61% មក​នៅ29%។

    សេចក្តីថ្លែងការណ៍​បានឱ្យដឹងថា “ដូច្នេះ​គណៈកម្មការ​សហភាព​អឺរ៉ុប​បានសម្រេច​ចិត្ត​ធ្វើការ​ណែនាំ​ឡើងវិញ​នូវ​ពន្ធ​នាំចូល​ដែល​នឹងត្រូវ​កាត់បន្ថយ​ជា​លំដាប់​ក្នុង​រយៈពេល 3ឆ្នាំ”។

    ចំពោះ​ការគិត​ពន្ធ​នាំចូល​អង្ករ​របស់​ប្រទេស​ទាំង2 (កម្ពុជា និង​មី​យ៉ាន់​ម៉ា) ដែល​នាំចូល​ទៅកាន់​ប្រទេស​ជា​សមាជិក EU 28ប្រទេស​នឹងត្រូវ​ធ្វើឡើង​សម្រាប់​រយៈពេល3ឆ្នាំ គិត​ចាប់ពី​ឆ្នាំ2019 ដល់​ឆ្នាំ2021 ដែល​នឹងត្រូវ​ចាប់ផ្តើម​អនុវត្ត​ពីថ្ងៃ​ទី18 ខែមករា ឆ្នាំ2019តទៅ ដោយ​ឆ្នាំ​ដំបូង តម្លៃ​ពន្ធ​នាំចូល​នឹង​គិត​ក្នុងតម្លៃ 175អឺរ៉ូ (199,5ដុល្លារ​អាមេរិក)ក្នុង1តោន។ ឆ្នាំ​ទី2 តម្លៃ 150អឺរ៉ូ(171ដុល្លារ)ក្នុង1តោន និង​ឆ្នាំ​ទី3 តម្លៃ 125អឺរ៉ូ(142,5 ដុល្លារ)ក្នុង1តោន។

    ទិន្នន័យ​ពី​លេខាធិការដ្ឋាន​នៃ​ច្រកចេញចូល​តែមួយ​សម្រាប់​ការនាំចេញ​អង្ករ​បានបង្ហាញ​ថា​នៅ​ចន្លោះ​ខែមករា និង​ខែវិច្ឆិកា ឆ្នាំ2018 ប្រទេស​កម្ពុជា​បាន​នាំចេញ​ចំនួន 497,420តោន ធ្លាក់ចុះ13% បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ2017 ដោយ​ការនាំចេញ​អង្ករ​នៅ​ឆ្នាំ​នោះ(2017)បាន​កើនឡើង 17.21% ស្មើនឹង635,325តោន ក្នុងតម្លៃ 333.1 លាន​ដុល្លារ។ ក្រុមហ៊ុន​ក្នុងស្រុក​បាន​នាំចេញ​អង្ករ 3ប្រភេទ គឺ​អង្ករ​ក្រអូប (493,597 តោន ឬ78.82% នៃ​ការនាំ​អង្ករ​ចេញ​សរុប) អង្ករសម្រូប (105,990តោន ឬ16.93%) និង​​អង្ក​រគ្រាប់វែង 26,638 តោន ឬ4.25 %)។

    ការនាំចេញ​អង្ករ​របស់​កម្ពុជា​ក្នុង​ឆ្នាំ2017 មាន​ចំនួន1.6% នៃ​ការនាំចេញ​អង្ករ​សរុប​ពិភពលោក។ នៅ​ឆ្នាំ​នោះ​កម្ពុជា គឺជា​ប្រទេស​នាំចេញ​ធំជាងគេ​ទី9 នៅលើ​ពិភពលោក ខណៈ​មី​យ៉ាន់​ម៉ា​ជាប់​ចំណាត់-ថ្នាក់​លេខ10 បន្ទាប់ពី​កម្ពុជា។

    គួរ​ជម្រាប​ដែរ​ថា សំណើ​ឱ្យមាន​ការកំណត់​ពន្ធ​នេះ​បានធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​អុីតាលី កាលពី​ខែកុម្ភៈ ឆ្នាំ2018 ដោយមាន​ការគាំទ្រ​ពី​ប្រទេស​អឺរ៉ុប​ដែល​ផលិត​អង្ករ​ចំនួន 7ផ្សេងទៀត រួមមានអេ​ស្ប៉ា​ញ បារាំង ព័រ​ទុយ​ហ្គា​ល់ ក្រិ​ក ហុង​គ្រី រ៉ូ​ម៉ា​នី និង​ប៊ុលហ្គារី។

    រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម ឯកឧត្តម សុខ សុភ័ក្ត្រ បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី18 ខែមករា​កន្លងទៅ​ថា រឿង​ការកំណត់​ពន្ធ​របស់​ស​ហគ​មន៍​អឺរ៉ុប​នេះ​មិនមាន​ពាក់ព័ន្ធ​នឹង​បញ្ហានយោបាយ​ឡើយ ហើយ​សូម្បីតែ​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធអ្វីៗគ្រប់យ៉ាង​លើកលែងតែ​អាវុធ(Everything But Arms ឬ​EBA)ក៏​មិន​ជាប់​ពាក់ព័ន្ធ​ដែរ។ ព្រោះ​ប្រទេស​មួយចំនួនធំ​នៅក្នុង​ពិភពលោក​ដែលជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក(WTO)ក៏​អឺរ៉ុប​ធ្លាប់ប្រើ​ការកំណត់​ពន្ធ​នេះ​ស្របតាម​កិច្ចព្រមព្រៀង និង​ច្បាប់​ជាតិ​របស់​ពួកគេ​ផងដែរ ដើម្បី​ការពារ​នូវ​ផលប្រយោជន៍​នៃ​ឧស្សាហកម្ម​ក្នុងស្រុក”។

    ឯកឧត្តម បាន​ថ្លែង​ទៀតថា៖“វិធានការ​នេះ គេ​ដំឡើង​ពន្ធ​ពីលើ​ពន្ធ​ដែល​យើង​កំពុងតែ​ចូល​ជា​ធរមាន​ស្រាប់​ហើយ។ ឧទាហរណ៍​ថា បើ​យើង​នាំចេញ​អង្ករ​ទៅ​អឺរ៉ុប ហើយ​ពន្ធ​យើង​នាំចេញ​ទៅក្នុង100ដុល្លារ ក្នុង1តោន គេ​ដាក់​វិធានការ​ការពារ​នេះ គឺ​បូ​កលើ​ពន្ធ​ដែលមាន​ស្រាប់ តែបើ​នៅក្រោម​ប្រព័ន្ធ​EBA ពន្ធ​របស់​យើង​គឺ​ស្មើ​សូន្យ អុីចឹង​គេ​បូក​ថែម​លើ​ពន្ធ​សូន្យ​នេះ”។

    ឯកឧត្ដម​បានចាត់ទុក​ថា ការដាក់​ពន្ធ​នេះ គឺ​អឺរ៉ុប​បាន​បង្កើន​ពន្ធគយ​នាំចូល​របស់គេ​រហូតដល់12ខ្ទង់ ដើម្បី​ទាញ​អង្ករ​កម្ពុជា​ចូលទៅក្នុង​ប្រភេទ​ដែល​ដូច​ទៅនឹង​ប្រភេទ​អង្ករ​របស់​អុីតាលី​ដែរ ដូច្នេះ​អឺរ៉ុប​បាន​យក​បច្ចេកទេស​ទៅ​បំភ័ន្ត​តាមរយៈ​បញ្ញត្តិ​ក្នុងស្រុក​របស់​ពួកគេ។

    ឯកឧត្តម ចាត់ទុកថា ការដាក់​ពន្ធ​លើ​ការនាំចេញ​អង្ករ​កម្ពុជា​នេះ មាន​បច្ច័យ​ល្អ​ផង និង​បច្ច័យ​មិនល្អ​ផងដែរ។ បច្ច័យ​មិនល្អ​ត្រូវបាន​មន្ត្រីជាន់ខ្ពស់​រូបនេះ​លើកឡើងថា ការដាក់​ពន្ធ​នេះ​អាច​នឹង​ធ្វើឱ្យ​កម្ពុជា​ខាតបង់​ប្រាក់​ប្រហែលជា 50លាន​ដុល្លារ ធ្វើឱ្យ​តម្លៃ​ស្រូវ​អង្ករ​របស់​កសិករ​អា​ច​ធ្លាក់ចុះ​ជាង​មុន​នៅពេល​អ្នក​នាំចេញ​ត្រូវ​ដំឡើងថ្លៃ​ទប់​ទល់នឹង​បញ្ហា​ពន្ធ​នេះ។

    លោក ច័ន្ទ សុផល នាយក​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ បានបង្ហាញ​ទស្សនៈ​លើ​ហ្វេ​ស​ប៊ុ​ក​របស់លោក​លើ​រឿង​អឺរ៉ុប​ដាក់​ពន្ធ​លើ​អង្ករ​កម្ពុជា​នេះ​ថា បើ​យោងតាម​ព័ត៌មានផ្សេងៗទាក់ទង​នឹង​រឿង​ការដាក់​ពន្ធ​លើ​អង្ករ​កម្ពុជា​ដោយ​គណៈ​គណៈកម្មការ​អឺរ៉ុប​នេះ​អាចធ្វើ​ឱ្យដល់​អ្នកតាមដាន​វិលវល់។

    លោក សុផល បាន​បញ្ជាក់ថា៖“ខ្ញុំ​យល់ឃើញថា​ដូចជា​មិន​ធ្ងន់ធ្ងរ​ពេក​ទេ អឺរ៉ុប​មិនអាច​សម្លាប់​កសិករ​ខ្មែរ​តាមរបៀប​នេះ​ទេ បើ​គេ​ឆ្ងាញ់​នឹង​អង្ករ​ខ្មែរ គេ​ក៏​ទំនងជា​នៅតែ​ទិញ​ដដែល បើទោះបីជា​ថ្លៃ​ជាង​មុន​បន្តិច​ក៏ដោយ ដូច្នេះ​ប៉ុន្មាន​ខែ​ទៀត​នឹង​ដឹង​រឿង​ច្រើនជាង​នេះហើយ”។

    លោក សុផល យល់ថា កម្ពុជា​អាច​ដោះស្រាយបាន ប្រសិនបើ​រដ្ឋ​ជួយ​បន្ថែម​ដល់​វិស័យ​ស្រូវ​អង្ករ ដូចជា​ជួយ​បន្ថយថ្លៃ​អគ្គិសនី​ដល់​រោង​ម៉ាស៊ីន​ស្រូវ បន្ថយថ្លៃ​កំពង់ផែ កសាង​ផ្លូវ​រឹងមាំ​នៅតាម​ជនបទ និង​មិន​យកពន្ធ​កាត់​ទុក​ប្រចាំខែ។ ការកាត់បន្ថយ​ថ្លៃដើម​នឹង​ជំរុញ​ឱ្យ​អង្ករ​កម្ពុជា​កាន់តែ​មាន​ភាព​ប្រជែង​ឈ្នះ​នៅលើ​ទីផ្សារផ្សេងៗក្រៅពី​អឺរ៉ុប​ផងដែរ។ លោក​បាន​បន្ថែមទៀតថា កសិករ​អាច​លក់​ស្រូវ IR ឱ្យ​វៀតណាម​ដូច​សព្វដង ឬក៏​ជួយ​កសិករ​ឱ្យ​ផលិត​ស្រូវ​ក្រអូប​វិញ។

    ចំណែក​ឯកឧត្ដម ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែងឱ្យដឹងថា កម្ពុជា​ពុំមាន​អ្វី​ទើសទាល់​ទេ​ចំពោះ​ការយកពន្ធ​នាំចូល​អង្ករ​ពី​កម្ពុជា​របស់​សហភាព​អឺរ៉ុប​នេះ។ លោក​ថា កម្ពុជា​ក៏​អាចមាន​លទ្ធភាព​ក្នុងការ​ចាត់ចែង​បង់ពន្ធ​បានដែរ។

    យោងតាម​ប្រទេសនីមួយៗ អ្នកទិញ​អង្ករ​ធំ​បំផុត​ពី​កម្ពុជា គឺ​ប្រទេស​ចិន (170,000តោន) បន្ទាប់មក​ប្រទេស​បារាំង (90,000តោន) ម៉ាឡេស៊ី(40,000តោន) ហ្គា​បុ​ង (30,000តោន) និង​ហូ​ឡង់ (26,000តោន)។ សហគមន៍​អឺរ៉ុប គឺជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​អង្ករ​កម្ពុជា​នៅ​ឆ្នាំ2018 ដោយ​កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅ​អឺរ៉ុប​ជិត 30ម៉ឺន​តោន(270,000តោន)ស្មើនឹង42,98% នៃ​ការនាំចេញ​សរុប​ទាំងអស់​ចំនួន 62ម៉ឺន​តោន៕

  • ជប៉ុន​ផ្តល់​ហិរញ្ញប្បទាន​ជាង​កន្លះ​លាន​ដុល្លារ សម្រាប់​លើកកម្ពស់​វិស័យ2 នៅ​កម្ពុជា

    ជប៉ុន​ផ្តល់​ហិរញ្ញប្បទាន​ជាង​កន្លះ​លាន​ដុល្លារ សម្រាប់​លើកកម្ពស់​វិស័យ2 នៅ​កម្ពុជា

    ជប៉ុន​ជា​ប្រទេស​ឈានមុខ​គេ​មួយ​នៅក្នុង​តំបន់​ដែល​តែងតែ​ផ្តល់​ជំនួយឥតសំណង​ដល់​កម្ពុជាសម្រាប់​លើកកម្ពស់​វិស័យផ្សេងៗជាច្រើន ក្នុង​មានដូចជា ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ អប់រំសុខាភិបាល ការអភិវឌ្ឍ​ធនធានមនុស្ស និង​សុខុមាលភាព​សង្គម ជាដើម។ល។

    ហើយ​កាលពី​សប្តាហ៍​មុននេះ ជប៉ុន​បាន​ចុះកិច្ចសន្យា​ផ្តល់ជំនួយ​ទឹកប្រាក់​ប្រមាណ​ជា 692,522ដុល្លារ​អាមេរិក​បន្ថែម​ទៀត សម្រាប់​គម្រោង​អភិវឌ្ឍន៍​លើ​វិស័យ2 នៅ​កម្ពុជា សម្រាប់​ការអភិវឌ្ឍ​ធនធានមនុស្ស និង​លើកកម្ពស់​វិស័យ​កសិកម្ម​ឱ្យមាន​ភាព-​កាន់តែ​ប្រសើរឡើង​ថែម​មួយកម្រិត​ទៀត។

    ឯកឧត្តម ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​មានប្រសាសន៍ថា ទឹកប្រាក់​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន 692,522ដុល្លារ​នេះ​ត្រូវបាន​បែងចែក​ជា 2គម្រោងផ្សេងៗគ្នា ដោយ​គម្រោង​ទីមួយ សម្រាប់​អង្គការ Heart of Gold រដ្ឋាភិបាល​ជប៉ុន​ផ្តល់​ថវិកា​ប្រមាណ396,000ដុល្លារ​អាមេរិក​សម្រាប់​ការកែទម្រង់​កម្មវិធីសិក្សា​បណ្តុះបណ្តាល​ធនធានមនុស្ស ថែរក្សា​អគារ ព្រមទាំង​ដើម្បីឱ្យ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា​ក្លាយជា​វិទ្យាស្ថាន​គរុកោសល្យ4ឆ្នាំ​ក្នុង​មុខវិជ្ជា​អប់រំ​កាយ។

    គម្រោង​ទី​ពីរ សម្រាប់​អង្គការ FIDR រដ្ឋាភិបាល​ជប៉ុន​ដែល​មាន​ថវិកា​ប្រមាណ 297,000ដុល្លារ​អាមេរិក សម្រាប់​ការលើកកម្ពស់​ផលិតភាព​នៃ​ការដាំដុះ​ស្រូវ ការធ្វើ​ពិពិធ​កម្ម​នៃ​កសិកម្ម ការកែលម្អ​ចំណីអាហារ ការបង្កើត​បណ្តាញ​រប​ស់​ប្រជាជន​ដែល​រស់នៅក្នុង​តំបន់ និង​ការពង្រឹង​សហប្រតិបត្តិការ​ក្នុង​វិស័យ​កសិកម្ម​នៅក្នុង​ស្រុក3 នៃ​ខេត្តកំពង់ឆ្នាំង។ គម្រោង​នេះ​ត្រូវបាន​គេ​រំពឹងថា នឹង​ផ្តល់​ដល់​ប្រជាជន​រស់នៅក្នុង​តំបន់​ឱ្យ​អាច​កែលម្អ​ជីវភាព​រស់នៅ​របស់​ពួកគេ ទទួលបាន​អាហារ​គ្រប់គ្រាន់ និង​មាន​ជីវជាតិ​ដើម្បី​ថែរក្សា​សុខភាព​ឱ្យ​បានល្អ​ប្រសើរឡើង។

    លោកស្រី MINAMI Yumiko នាយិកា​អង្គការ FIDR ដែល​ទទួលបាន​គម្រោង​ខាងលើ ដែល​បាននិងកំពុង​ជួយ​ដល់​ប្រជាកសិករ​ចំនួន 48,000នាក់​ដែល​រស់នៅក្នុង​ឃុំ​គោលដៅ​របស់​គម្រោង​ទាំង9​ និង​ភូមិ​ចំនួន63 ក្នុង​ខេត្តកំពង់ឆ្នាំង បាន​បញ្ជាក់ថាជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​នេះ​នឹង​ជួយ​ឱ្យសម្រេចបាន​នូវ​សមិទ្ធផល​ផ្លែផ្កា​ជា​ប្រយោជន៍​ដល់​សង្គម​បន្ថែមទៀត ជាពិសេស​សម្រាប់​ប្រជាពលរដ្ឋ​សហគមន៍​ដែល​កំពុង​រស់នៅក្នុង​គោលដៅ​ខាងលើ​ឱ្យ​ទទួលបាន​ជីវភាព​កាន់តែប្រសើរឡើង។

    គួរ​បញ្ជាក់ថា គម្រោង​ជំនួយឥតសំណង គូ​សាណូ​ណិ របស់​រដ្ឋាភិបាល​ជប៉ុន​បាន​បង្កើតឡើង​នៅ​ប្រទេស​កម្ពុជា​ក្នុងអំឡុង​ឆ្នាំ1991។ គម្រោង“គូ​សាណូ​ណិ” មានន័យថា “មូលដ្ឋាន” ហើយ​ចាប់តាំងពី​គម្រោង​នេះ​បានចាប់ផ្តើម​អនុវត្ត​មក ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​តែង​ផ្តល់នូវ​ជំនួយឥតសំណង​ទៅដល់​ថ្នាក់មូលដ្ឋាន​បាន​ជាង 580គម្រោង​រួចមកហើយ។

    រហូតដល់​ឆ្នាំ2003 ឈ្មោះ​របស់​គម្រោង​នេះ​ត្រូវបាន​ប្តូរ​ទៅជា “គម្រោង​សន្តិសុខ​មនុស្សជាតិ​ថ្នាក់មូលដ្ឋាន” ដែល​ឆ្លុះបញ្ចាំង​ពី​ការកើនឡើង​នៃ​ការយកចិត្តទុកដាក់​លើ​ផ្នែក​សន្តិសុខ​មនុស្សជាតិ។ គម្រោង​នេះ​ធ្វើឡើង​ក្នុង​គោលដៅ​ការអប់រំ​កម្រិត​មូលដ្ឋាន សុខាភិបាល និង​ការថែទាំ​វេជ្ជសាស្ត្រកសិកម្ម និង​ប្រព័ន្ធធារាសាស្ត្រ ការកែលម្អ​ស្ពាន និង​ផ្លូវថ្នល់ ការផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ ការបណ្តុះបណ្តាល​វិជ្ជាជីវៈ និង​សុខុមាលភាព​សង្គម។

    អ្នកវិភាគ​សង្គម​លើកឡើងថា រដ្ឋាភិបាល​ក៏ដូចជា​ប្រជាជន​ជប៉ុន​ដែរ តែង​គិតគូរ​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​យ៉ាងច្រើន ដែល​ភាគច្រើន​ជា​ជំនួយឥតសំណង រាប់​ចាប់​តាំង​ជំនួយ​ផ្នែក​គម្រោង​ស្ពាន​ ​ថ្នល់ ជំនួយ​ផ្នែក​ច្បាប់ អប់រំ ការបណ្តុះបណ្តាល​ធនធាន​មនុស្ស និង​កសិកម្ម​ជាដើម។ល។ ជំនួយ​នេះ​ធ្វើឡើង​ក្នុង​គោលដៅ​ទំនាក់ទំនង​មនុស្សជាតិជាពិសេស​ជាការ​តបស្នង​សងគុណ​ដល់​អតីតព្រះមហាក្សត្រ​កម្ពុជា​ដែល​ពុំ​តម្រូវឱ្យ​ប្រទេស​ជប៉ុន​សង​ប្រាក់​ក្រោយ​ចាញ់​សង្គ្រាមលោកលើកទី2។

    ក្រៅតែពី​ការ​ផ្តល់ជំនួយ​ហើយ រដ្ឋាភិបាល​ជប៉ុន​នៅបាន​បញ្ជូន​អ្នកវិនិយោគ​មក​កម្ពុជា​កាន់តែច្រើនឡើងៗនៅ​រយៈពេល​ចុងក្រោយ ចូលរួម​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​កាន់តែច្រើន និង​ជួយ​ដល់​កំណើនសេដ្ឋកិច្ច​ឱ្យ​កាន់តែ​ប្រសើរឡើង ជាពិសេស​លើ​គម្រោង​អចលនទ្រព្យ​សំណង់​ខុន​ដូ ផ្សារ​ទំនើប ភោជនីយដ្ឋាន និង​កសិកម្ម​ជាដើម៕