Tag: កម្ពុជា

  • អ្នក​ដំណើរ​ដែល​ចាក​ចេញ​ពី​កម្ពុជា​ ត្រូវ​បាន​ថៃ​រឹត​បន្តឹងខ្លាំង ទាក់​ទិននឹង​​មេរោគ​កូរ៉ូណា​

    អ្នក​ដំណើរ​ដែល​ចាក​ចេញ​ពី​កម្ពុជា​ ត្រូវ​បាន​ថៃ​រឹត​បន្តឹងខ្លាំង ទាក់​ទិននឹង​​មេរោគ​កូរ៉ូណា​

    អាកាស​យាន​ដ្ឋាន​នានា​នៅ​ប្រទេស​ថៃ កំពុង​តែ​ត្រូវ​បាន​រឹត​បង្កើន​ខ្លាំង​ ទៅ​លើ​ការ​ត្រួត​ពិនិត្យ​អ្នក​ដំណើរ​ទាំង​ឡាយ​ណាដែល​​ធ្វើ​ដំណើត​តាម​យន្ត​ហោះ​​មក​ពី​ប្រទេស​កម្ពុជា ក្រោយ​ពី​កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​នាវា​ទេសចរណ៍​ MS Westerdam ចូល​ចត​នៅ​ឯកំពង់​ផែន​ខេត្ត​ព្រះសីហ​នុ។

    “វិធាន​ការ​រឹត​បន្តឹង​នានា​ត្រូវ​បាន​អនុវត្ត​នៅ​ឯព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ Suvarnabhumi និង​ Don Mueang រួម​នឹង​ ព្រលាន​យន្ត​ហោះ Phuket ដែល​មាន​ជើង​ហោះហើរ​ពី​ប្រទេស​កម្ពុជា​”។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​របស់​អាជ្ញាធរអាកាស​ចរណ៍​ថៃ (AOT)

    ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ Suvarnabhumi

    ការ​រឹត​បន្តឹង​​ខាងលើ​នេះ​ ត្រូវ​បាន​ AOT លើក​ឡើង​បន្ទាប់​ពី​កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​នាវា​ទេសចរណ៍ MS Westerdam ចូល​ចត​ក្នុង​កំពង់​ផែន​ខេត្តព្រះសីហនុ ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ដើម្បី​​សម្រួល​ឱ្យ​អ្នក​ទេសចរណ៍​​នៅ​លើ​កប៉ាល់​​នេះ បាន​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​រៀង​ៗ​ខ្លួន​។

    សូម​រំឭកថា ក្រុម​មន្ត្រី​ម៉ាឡេស៊ី កាល​ពី​ថ្ងៃទី15កុម្ភៈ បាន​ឱ្យ​ដឹង​ថា ស្ត្រី​អ្នក​ទេសចរ​វ័យ​83ឆ្នាំ​ម្នាក់​ដែល​បាន​ស្ថិត​នៅ​លើ​នាវា​ Westerdam ត្រូវ​បាន​ម៉ាឡេស៊ី​រក​ឃើញ​ថា មាន​ផ្ទុក​មេរោគ​កូរ៉ូណា​ COVID-19 បន្ទាប់​ពី​ជិះ​យន្ត​ហោះ​ពី​កម្ពុជា​ទៅ​កាន់​ម៉ាឡេស៊ី។ ម៉ាឡេស៊ី​បាន​ធ្វើតេស្ត​រក​មេរោគកូរ៉ូណា​​​លើ​ស្រ្តី​ដដែល​នេះ​ជា​លើក​ទីពីរ​ ទៅ​តាម​ការ​ស្នើរ​ពី​ភាគីកម្ពុជា​ ហើយ​ជា​លទ្ធ​ផល ស្ត្រី​នេះ​ពិត​ជាមាន​ផ្ទុក​មេរោគ​កូរ៉ូណា​ប្រាកដ​មែន។

    ព្រលាន​យន្ត​ហោះរបស់​ថៃ ​ចំនួន​3ខាង​លើ​ ត្រូវ​បាន​ AOT រៀប​ចំឱ្យ​មាន​កន្លែង​ចុះ​ចត​ដោយ​ឡែក សម្រាប់​យន្ត​ហោះ​ដែល​មក​ពី​កម្ពុជា ក្នុង​អំឡុង​ពេលចាប់​​ពី​ថ្ងៃទី​14កុម្ភ ដល់​ថ្ងៃទី​21កុម្ភៈ​ ឆ្នាំ​2020 ដូច​ទៅ​នឹង​ជើង​ហោះ​ហើរ​ពី​ប្រទេស​ចិន​។

    ចំណែក​ជើង​ហោះ​ហើរ​ TG585 របស់​ក្រុម​ហ៊ុន​អាកាសចរណ៍​ Thai Airways ​មាន​ដឹក​អ្នក​ដំណើរ27នាក់ ហោះ​ចេញ​ពី​ភ្នំ​ពេញ​ ក៏ត្រូវ​បាន​គេ​ត្រួត​ពិនិត្យ​សុខភាព​ចំពោះ​អ្នក​ដំណើរ​ទាំង​នោះ ប៉ុន្តែ​មិន​បាន​រក​ឃើញ​អ្នកដំណើរ​ណា​​ម្នាក់​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​នោះ​ទេ ដូច្នេះ​ទើប​ថៃ​បាន​អនុញ្ញាតឱ្យ​បន្ត​ដំណើរ​​ប្រកាន់​ប្រទេស​របស់​ពួក​គេ​។ នេះ​បើ​តាម​​សារព័ត៌មាន​ Nation Thailand។

    អាកាស​យាន​ដ្ឋាន​ទាំង​3ខាង​លើ​ ទទួល​ការ​ចុះ​ចត​ពី​យន្ត​ហោះ​ចំនួន​27ជើង​មក​ពី​​កម្ពុជា​ជារៀង​រាល់​ថ្ងៃ។​ ប្រទេសថៃ​មិន​អនុញ្ញាត​ឱ្យ​យន្តហោះ​​មកពី​​កម្ពុជា​ ចុះ​ចត​លើ​អាកាស​យាន​ដ្ឋាន​ណាមួយ​ផ្សេង​ទៀត​ ក្រៅ​តែ​ពី​ព្រលាន​យន្តហោះ​ទាំង​3ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ​នោះ​ទេ​។

    អាសន្ន​រោគកូរ៉ូណា​​ Covid-19 បាន​ចាប់​ផ្ដើម​ផ្ទុះ​ការ​ឆ្លង​រាល​ដាល​ចេញ​ពី​ទី​ក្រុង​ Wuhan​ ខេត្ត​ Hubei នៃ​ប្រទេស​ចិន កាល​ពី​ដើម​ខែ​ធ្នូ ឆ្នាំ2019 បច្ចុប្បន្ន​ បាន​លេច​មុខ​នៅ​ក្នុង​ប្រទេស​ និង​តំបន់​ចំនួន​27នៅ​ទូទាំង​ពិភពលោក បណ្ដល​ឱ្យ​មាន​អ្នក​ស្លាប់​ 1,775​នាក់​ និង​អ្នក​ដែល​បាន​ឆ្លង​មេរោគ​នេះ ចំនួន​71,331​នាក់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ក្រុមជម្រើសជាតិកម្ពុជា នឹងបង្ហាញឈុតថ្មីនៅខែមិថុនានេះ

    ក្រុមជម្រើសជាតិកម្ពុជា នឹងបង្ហាញឈុតថ្មីនៅខែមិថុនានេះ

    ឯកសណ្ឋានឈុតថ្មីរបស់ក្រុមជម្រើសជាតិកម្ពុជា តែងតែចេញម៉ូដថ្មីរបស់ខ្លួនជារៀងរាល់ 2ឆ្នាំម្តង ហើយនៅឆ្នាំ2020នេះ គឺជាគម្រប់ខួប ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ត្រូវបង្ហាញឈុតថ្មីនេះហើយ។

    ចំពោះឈុតថ្មីក្រុមជម្រើសជាតិកម្ពុជា សម្រាប់ឆ្នាំនេះពួកគេត្រៀមនឹងបង្ហាញខ្លួននៅក្នុងខែមិថុនាខាងមុខនេះហើយ ដោយនឹងបង្ហាញខ្លួនក្នុងក្រុមឈុតធំកម្ពុជា (អាចនឹងក្នុងការប្រកួតមិត្តភាពនាខែមិថុនាខាងមុខ)។ ដោយឡែកកាលបរិច្ឆេទចេញលក់ជូនអ្នកគាំទ្រជម្រើសជាតិកម្ពុជា នៅមិនទាន់បានដឹងច្បាស់នៅឡើយទេ។

    គួរបញ្ជាក់ផងដែរថា ឯកសណ្ឋានក្រុមជម្រើសជាតិកម្ពុជាបច្ចុប្បន្ន ដែលបានចេញកាលពីឆ្នាំ2018 កន្លងទៅ បានទទួលនូវការគាំទ្រយ៉ាងខ្លាំង ហើយកាលនោះ 1ឈុតមានតម្លៃ 20$ កាលពីពេលចេញលក់ជាលើកដំបូង៕

  • កុំភ្លេចចូលរួមគាំទ្រ!! សប្តាហ៍នេះ លីកកំពូលកម្ពុជា2020 ចាប់ផ្តើមហើយ

    កុំភ្លេចចូលរួមគាំទ្រ!! សប្តាហ៍នេះ លីកកំពូលកម្ពុជា2020 ចាប់ផ្តើមហើយ

    ការប្រកួតបាល់ទាត់លីកកំពូលកម្ពុជាឆ្នាំ2020 បានចាប់ផ្តើមហើយ តាំងពីថ្ងៃទី15 ខែកុម្ភៈ ដោយគ្រប់ការប្រកួតសុទ្ធតែមានការផ្សាយបន្តផ្ទាល់ទាំងអស់។

    ចំពោះប្រាក់រង្វាន់របស់លីកកំពូលកម្ពុជាឆ្នាំ2020នេះ ក៏មានការកើនឡើងច្រើនជាងឆ្នាំមុនផងដែរ (បើតាមការរំពឹងទុក ប្រហែលជាអាចកើនថែម 20លានរៀល) ខណៈដែលឆ្នាំមុន ប្រាក់រង្វាន់មានចំនួន 60លានរៀល (ប្រហែល 1ម៉ឺន 5ពាន់ដុល្លារ)។

    គួរបញ្ជាក់ផងដែរថា លីកកំពូលកម្ពុជាឆ្នាំ2020 នេះ មានក្រុមចូលរួមចំនួន13 តិចជាងឆ្នាំមុន1ក្រុម ដោយ​សារក្រុមកំពង់ចាមបានដកខ្លួន៕

  • នាយក​រដ្ឋ​មន្ត្រីកម្ពុជា​ក្នុងឋានៈជាម្ជាស់ផ្ទះ នឹង​អញ្ជើញ​ទៅ​ស្វាគមន៍អ្នក​ទេសចរ​នៅ​លើ​នាវា Westerdam

    នាយក​រដ្ឋ​មន្ត្រីកម្ពុជា​ក្នុងឋានៈជាម្ជាស់ផ្ទះ នឹង​អញ្ជើញ​ទៅ​ស្វាគមន៍អ្នក​ទេសចរ​នៅ​លើ​នាវា Westerdam

    នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន សែន នៅ​មុន​នេះ​បន្តិច បានសរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ថា សម្តេចនឹងទៅសម្ដែងស្វាគមន៍ក្រុមអ្នកទេសចរ​នៅ​លើនាវា Westerdam នៅឯកំពង់ផែក្រុងព្រះសីហនុ ដើម្បី​បង្ហាញពីសាមគ្គីភាពនិងការទទួលខុសត្រូវក្នុង​ឋានៈ​ជា​ម្ចាស់​ផ្ទះ។

    “អរគុណសន្តិភាព! ដោយសារតែកម្ពុជាមានសន្តិភាព ទើបខ្ញុំហ៊ានសម្រេចចិត្តទទួលយកនាវាទេសចរណ៏ដ៏ធំ ដែលគ្មានកន្លែងចូលចត ឱ្យមកចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ដើម្បីជួយដល់អ្នកដែលស្ថិតនៅលើនាវាអស់រយៈពេល​១៣​ថ្ងៃមកហើយ ឱ្យបានវិលត្រឡប់ទៅប្រទេសពួកគេវិញដោយសុវត្ថិភាព”។ នេះ​គឺ​ជា​សំណេរ​របស់​សម្ដេច​ ហ៊ុន សែន នៅ​លើ​បណ្ដាញ​សង្គម​។

    សម្ដេច​ ហ៊ុន​ សែន​ បាន​បន្ត​ថា ៖ “ព្រឹកស្អែកថ្ងៃ១៤កុម្ភៈ២០២០ ខ្ញុំនឹងទៅស្វាគមន៍ពួកគេនៅខេត្តព្រះសីហនុ ក្នុងឋានៈជាម្ជាស់ផ្ទះដែលមានសាមគ្គីភាព និងការទទួលខុសត្រូវ”។

    សម្ដេច​ បាន​បញ្ចប់​ថា ៖ “សុំអរគុណអង្គការសុខភាពពិភពលោក និងប្រទេសនានាដែលមានពលរដ្ឋខ្លួនស្ថិតនៅលើនាវា ដែលបានផ្តល់នូវការជឿទុកចិត្តដល់កម្ពុជា។ ជួយគ្នាក្នុងគ្រាក្រស្គាល់មិត្តល្អក្នុងពេលលំបាក”៕

  • ទេសចរលើនាវា​ Westerdam 20នាក់ ​ត្រូវបាន​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ ព្រោះ​មាន​បញ្ហា​សុខ​ភាព

    ទេសចរលើនាវា​ Westerdam 20នាក់ ​ត្រូវបាន​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ ព្រោះ​មាន​បញ្ហា​សុខ​ភាព

    អាជ្ញាធរក្រុង​ព្រះសីហនុ បាន​អះអាងថា អ្នកទេសចរលើនាវា Westerdam ចំនួន20នាក់មានបញ្ហាសុខភាព​បន្ដិច​បន្ដួច ដូចជាជំងឺក្រពះពោះវៀន និងរាករូសជាដើម ប៉ុន្តែ មិន​បាន​បញ្ជាក់​ថា មាន​រោគសញ្ញានៃ​វីរុសកូរ៉ូណានោះទេ។

    ក្រុម​មន្ដ្រីសុខាភិបាល និងមន្ដ្រីអង្គការសុខភាពពិភពលោក (WHO) បាន​នាំ​យក​កំហាករបស់ពួកគេ ធ្វើ​ដំណើរ​​តាម​ឧត្ថម្ភាគចក្រមក​កាន់វិទ្យាស្ថានប៉ាស្ទ័រ រាជធានីភ្នំពេញ ដើម្បី​ធ្វើតេស្ត​រក​មេរោគ​កូរ៉ូណា។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារ​ព័ត៌មាន​ Fresh News។

    ក្រុម​មន្ត្រី​សុខាភិបាល​ បាន​ឱ្យ​ដឹងថា ភ្ញៀវទេសចរទាំង20នាក់នេះ ​ត្រូវបាន​​ដាក់ឲ្យស្ថិតនៅក្នុងបន្ទប់ដាច់ដោយ​ឡែកនៅលើកប៉ាល់ Westerdam៕

  • កម្ពុជា អនុញ្ញាតឱ្យនាវាផ្ទុកអ្នកទេសចរដែលជិតអស់ស្បៀង ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ

    កម្ពុជា អនុញ្ញាតឱ្យនាវាផ្ទុកអ្នកទេសចរដែលជិតអស់ស្បៀង ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ

    ក្រុមហ៊ុន Holland America Line ដែលជាម្ចាស់នាវាទេសចរណ៍ខ្នាតយក្ស MS Westerdam នៅថ្ងៃទី12 កុម្ភៈនេះ បានប្រកាសឱ្យដឹងថា កម្ពុជាបានយល់ព្រមឱ្យនាវាដឹកអ្នកដំណើរទេសចរណ៍របស់ខ្លួន ចូលចតនៅកំពង់ផែរបស់កម្ពុជាហើយ។

    កប៉ាល់ដឹកអ្នកដំណើរទេសចរណ៍ដែលមានឈ្មោះថា MS Westerdam នេះ ធ្លាប់ត្រូវបានប្រទេសជាច្រើនមិនអនុញ្ញាតឱ្យចូលចតនៅឯកំពង់ផែរបស់ពួកគេ។ ប្រទេស និងកោះដែលបានបដិសេធនាវានេះ រួមមានប្រទេស ជប៉ុន តៃវ៉ាន់ ថៃ ហ្វីលីពីន និងកោះហ្គ័ម (Guam)។ មូលហេតុនៃការបដិសេធខាងលើនេះ គឺដោយសារប្រទេសទាំងនោះ មានការភ័យខ្លាច និងសង្ស័យថា អ្នកទេសចរ និងក្រុមបុគ្គលិកនៅលើកប៉ាល់នេះ អាចមានផ្ទុកមេរោគវីរុសកូរ៉ូណាប្រភេទថ្មី Covid-19។

    កាលពីសប្ដាហ៍មុន អ្នកនាំពាក្យនៃនាវាទេសចរណ៍ខាងលើ បានឱ្យដឹងថា ពួកគេមានការព្រួយបារម្ភខ្លាំងណាស់ ព្រោះថា ស្បៀងអាហារនៅលើកប៉ាល់នេះ ជិតអស់ទៅហើយ តែនៅទីបំផុត ទីភ្នាក់ងារសារព័ត៌មាន The guardian របស់ប្រទេសអង់គ្លេស បានរាយការណ៍ថា អាជ្ញាធរកម្ពុជាបានអនុញ្ញាតឱ្យនាវានេះចូលចតក្នុងកំពង់ផែក្រុងព្រះសីហនុ នៅថ្ងៃស្អែក (13កុម្ភៈ)ហើយ។

    គួរបញ្ជាក់ដែរថា នាវាទេសចរណ៍ MS Westerdam ដែលមានផ្ទុកអ្នកដំណើរទេសចរណ៍ចំនួន 1,455នាក់ និងក្រុមនាវិក 802នាក់នេះ បាននិងកំពុងស្ថិតក្នុងការត្រួតពិនិត្យសុខភាពជាប្រចាំ។ ក្រុមអ្នកគ្រប់គ្រងនាវានេះ បានឱ្យដឹងថា អ្នកទេសចរ និងក្រុមនាវិកនៅលើនាវានេះ ពុំមាននរណាម្នាក់ មានផ្ទុកមេរោគកូរ៉ូណា Covid-19 នោះទេ។

    បើយោងតាមអង្គភាពព័ត៌មាន Fresh News របស់កម្ពុជា ក៏បានរាយការណ៍ដូចគ្នាដែរថា នាវាទេសចរណ៍ដ៏ធំ ឈ្មោះ MS Westerdam ត្រូវបានអនុញ្ញាតឱ្យចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុ នៅវេលាម៉ោង 7ព្រឹក នៃថ្ងៃទី13 ខែកុម្ភៈ ឆ្នាំ2020 ស្អែកនេះហើយ ក្រោយពីទទួលបានការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាដែលបានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News។

    ការអនុញ្ញាតឱ្យចូលចតនេះធ្វើឡើង បន្ទាប់ពីមានការធានាយ៉ាងច្បាស់លាស់ពីអ្នកគ្រប់គ្រងនាវាទេសចរណ៍ Westerdam ថា មនុស្សទាំងអស់នៅលើកប៉ាល់មួយនេះ មិនមាននរណាម្នាក់ ផ្ទុកមេរោគវីរុសកូរ៉ូណាថ្មី ឬ Covid-19 នោះទេ៕

  • មនុស្ស 5លាននាក់ បានចាកចេញពី Wuhan ទៅកាន់តំបន់ផ្សេងៗ និងរាប់ពាន់នាក់មកកម្ពុជា មុនការបិទទីក្រុងនេះ

    មនុស្ស 5លាននាក់ បានចាកចេញពី Wuhan ទៅកាន់តំបន់ផ្សេងៗ និងរាប់ពាន់នាក់មកកម្ពុជា មុនការបិទទីក្រុងនេះ

    មនុស្សប្រមាណ 5លាននាក់ បានចាកចេញពីតំបន់ Wuhan មុនពេលតំបន់នេះត្រូវបានដាក់បម្រាមគោចរកាលពីថ្ងៃទី23មករា ព្រោះតែការឆ្លងរាលដាលនៃមេរោគរលាកសួតប្រភេទថ្មី Corona។

    បច្ចុប្បន្ន មនុស្សប្រមាណជា 9លាននាក់កំពុងស្ថិតនៅក្នុងតំបន់ Wuhan (ដែលជាទីតាំងឆ្លងមេរោគ Corona មុនគេ) នៃខេត្ត Hebei ប្រទេសចិន នេះបើតាមការឱ្យដឹងពីអភិបាលក្រុង លោក Zhou Xianwang។ អភិបាលក្រុងរូបនេះ បានបន្ថែមថា ក្នុងចំណោមអ្នកជំងឺ 2,700នាក់ដែលកំពុងត្រូវបានតាមដាន គឺមានប្រហែល 1,000នាក់អាចនឹងមានផ្ទុកមេរោគ Corona (nCoV)នេះ។

    គិតមកដល់ព្រឹកថ្ងៃទី27 មករានេះ តំបន់ Wuhan មានអ្នកជំងឺដល់ទៅ 533នាក់ ត្រូវបានគេបញ្ជាក់ថា មានផ្ទុកជំងឺរលាកសួតថ្មី Corona។ ខេត្ត Hebei នៃប្រទេសចិន មានអ្នកជំងឺរលាកសួតជាងពាក់កណ្ដាលក្នុងចំណោមអ្នកជំងឺជាង 2,700នាក់នៅប្រទេសចិន នេះបើតាមគេហទំព័រ CNBC។

    ទីភ្នាក់ងារសារព័ត៌មាន Aljazeera បានឱ្យដឹងដែរថា អាជ្ញាធរចិនបានបិទទ្វារទីក្រុងចំនួនជិត 20 ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកំណាច Corona ដែលបានសម្លាប់មនុស្សយ៉ាងតិច 81នាក់ ក្នុងរយៈពេលតែប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។

    ទីភ្នាក់ងារសារព័ត៌មាន Nytimes បានដកស្រង់សម្ដីលោកអភិបាលក្រុង Wuhan លោក Zhou Xianwang ឱ្យដឹងថា មុនការដាក់បម្រាមគោចរ មានមនុស្សចំនួនប្រមាណជា 5លាននាក់បានចាកចេញពីទីក្រុង Wuhan ទៅកាន់តំបន់ផ្សេងៗក្នុងពិភពលោក។

    បើតាមគេហទំព័រដែលមានឈ្មោះថា “ថ្មីៗ” បានសរសេរថា លោក ជា អូន អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្នមានជនជាតិចិនដែលមកពីទីក្រុងវូហានចំនួនជាង 3,000នាក់បានស្នាក់នៅក្នុងប្រទេសកម្ពុជា ដោយពួកគេបានធ្វើដំណើរមកដល់កម្ពុជាតាំងពីថ្ងៃទី23 មករាកន្លងទៅ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • ឆ្នាំ2020 កម្ពុជា​ចាប់ផ្តើម​ព​ន្លឿ​ន​ដំណើរការ​បច្ចេកវិទ្យា 5G

    ឆ្នាំ2020 កម្ពុជា​ចាប់ផ្តើម​ព​ន្លឿ​ន​ដំណើរការ​បច្ចេកវិទ្យា 5G

    វគ្គ​បណ្តុះបណ្តាល​ស្តីពី​បច្ចេកវិទ្យា​5G ដែល​រៀបចំឡើង​ដោយ​បណ្ឌិត្យសភា​បច្ចេកវិទ្យា​ទូរគមនាគមន៍ និង​ព័ត៌មាន​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន(ហៅ​កាត់​ថា CAICT)សម្រាប់​មន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី6 ដល់​ថ្ងៃទី10 ខែមករា ឆ្នាំ2020 កន្លងទៅ​នៅ​ទីក្រុង​ប៉េកាំង ត្រូវបាន​បិទ​បញ្ចប់​ហើយ​ក្រោម​អធិបតីភាព​រដ្ឋលេខាធិកា​រ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍។

    វគ្គ​បណ្តុះបណ្តាល​នេះ គឺធ្វើឡើង​ក្នុង​គោលបំណង​ចែករំលែក​នូវ​បទពិសោធ​ដល់​មន្ត្រី​នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា ស្តីអំពី​គោលនយោបាយ​សម្រាប់​ការគាំទ្រ​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ 5G និង​ធ្វើ​បច្ចុប្បន្នភាព​ចុងក្រោយ​នៃ​បទពិសោធ​អំពី​ការដាក់​ពង្រាយ 5G របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​បណ្តា​ប្រទេស​មួយចំនួនទៀត។

    ឯកឧត្តម សុខ ពុទ្ធិ​វុ​ធ រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​មានប្រសាសន៍ថា៖“បច្ចេកវិទ្យា​5G គឺជា​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​ដ៏​សំខាន់ ក្នុង​ការកសាង​បណ្តាញ​ត​ភ្ជាប់​ដ៏​ពេញលេញ និង​វៃឆ្លាត​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្តេជ្ញា​ជំរុញឱ្យមាន​ផែនទី​បង្ហាញផ្លូវ​នៃ​ការរៀបចំ​ប្រព័ន្ធ​5G (5G roadmap)និង​ចាប់ផ្តើម​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ក្នុង​ឆ្នាំ2020 នេះ”។

    ឯកឧត្តម​បាន​បន្តថា៖“នៅ​ប៉ុន្មាន​ខែ​ខាងមុខ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ (MPTC)នឹងធ្វើ​ការ​លើ​ការរៀបចំ​ផែនទី​បង្ហាញ ផ្លូវ សម្រាប់​បច្ចេកវិទ្យា 5G (5G roadmap) និង​ប្តេជ្ញា​ជំរុញការអភិវឌ្ឍ​ប្រព័ន្ធ 5G នៅ​ឆ្នាំ2020 សម្រាប់​ប្រទេស​កម្ពុជា។

    ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស និង​ភាពចាស់ទុំ​នៃ​ខ្សែចង្វាក់​ឧស្សាហកម្ម 5G នឹងមិន​ត្រឹមតែ​ជំរុញ​ការផ្លាស់ប្តូរ និង​ការធ្វើឱ្យ​ឧស្សាហកម្ម​បែប​ប្រពៃណី​មាន​ភាពប្រសើរឡើង​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ចូលរួម​បង្កើត​មុខជំនួញថ្មីៗ ជាច្រើន​ទៀតផង​ដែរ”។

    ឯកឧត្តម​បាន​បញ្ជាក់ថា៖“បច្ចេកវិទ្យា​5G បាន​ក្លាយជា​កម្លាំង​ថាមពល​ថ្មី​មួយទៀត ដែល​អាចឱ្យ​យើង​អាច​ទាញយក​នូវ​បដិវត្តន៍​ឧស្សាហកម្ម​ជំនា​ន់ទី4 និង​ជា​កត្តា​ជំរុញ​មួយ​ក្នុង​ការសម្រេច​ចក្ខុវិស័យ​ដែល​បាន​ដាក់ចេញ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការប្រែក្លាយ​ព្រះរាជាណាចក្រ​កម្ពុជា​យើង ទៅជា​ប្រទេសមាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ2050 ”។

    គួរបញ្ជាក់​ផងដែរ​ថា CAICT គឺជា​វិទ្យាស្ថាន​ស្រាវជ្រាវ​វិទ្យាសាស្ត្រ ស្ថិតក្រោម​ក្រសួង​ឧស្សាហកម្ម និង​ព័ត៌មានវិទ្យា​ចិន (MIIT)។ CAICT បាននិងកំពុង​ផ្តល់នូវ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​យុទ្ធសាស្ត្រ ផែនការ គោលនយោបាយ ស្តង់ដា ការសាកល្បង និង​វិញ្ញាបនបត្រ​សម្រាប់​ការអភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា និង​ព័ត៌មាន និង​កម្មវិធី​ព័ត៌មានវិទ្យា​នៅក្នុង​ប្រទេស​ចិន។

    តាមរយៈ​ការបណ្តុះបណ្តាល​រយៈពេល 5ថ្ងៃ​កន្លងមកនេះ ក៏បាន​លើកឡើង​នូវ​ប្រធានបទ​ជាច្រើន​ដូចជា យុទ្ធសាស្ត្រ​នៃ​បច្ចេកវិទ្យា ​5G និង​ការអភិវឌ្ឍ​ឧស្សាហកម្ម​ជាស​កល និង​សម្រាប់​ប្រទេស​ចិនប្រធានបទ​ស្តីអំពី​ស្តង់ដា និង​បច្ចេកវិទ្យា​ 5G ការចែករំលែក​ហេដ្ឋារចនាសម្ព័ន្ធ​5G ផែនការ និង​ការគ្រប់គ្រង​វិសាល​គម​ន៍​ (Spectrum) សន្តិសុខ​អុីន​ធើ​ណិ​តនៃ​ប្រព័ន្ធ​ 5G សេវាកម្ម និង​កម្មវិធីផ្សេងៗនៃ​បច្ចេកវិទ្យា​5G។ល។ ក្រៅពីនោះ វគ្គ​បណ្តុះបណ្តាល​ក៏មាន​ការចូលរួម​ពី​តំណាង​ក្រុមហ៊ុន China Unicom និង China Telecom ដើម្បី​ចែករំលែក​នូវ​បទពិសោធ​របស់​ពួកគេ អំពី​ការដាក់​ពង្រាយ​ប្រព័ន្ធ 5G ជា​ផ្លូវការ​នៅក្នុង​ប្រទេស​ចិន​ផងដែរ។

    ឯកឧត្តម សុខ ពុទ្ធិ​វុ​ធ ក៏បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក Lu Jianwen អគ្គនាយករង​នៃ​នាយកដ្ឋាន​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ក្រសួង​ឧស្សាហកម្ម និង​ព័ត៌មានវិទ្យា​ចិន (MIIT) លោកស្រី Wang Zhiqin អនុប្រធាន​នៃ CAICT និង​លោក Victor Zhang អគ្គនាយក​បច្ចេកទេស​នៃ​ក្រុមហ៊ុន Huawei ប្រចាំ​ប្រទេស​កម្ពុជា ដែល​នេះ​ជា​កិច្ចពិភាក្សា​ស៊ីជម្រៅ​ស្តីអំពី​គំរូ​នៃ​ការអភិវឌ្ឍ​បច្ចេកវិទ្យា​5G នៅ​កម្ពុជា​តាម​ទស្សនៈ​នៃ​ក្រសួង​ឧស្សាហកម្ម និង​បច្ចេកវិទ្យា​ព័ត៌មាន​ចិន (MIIT) បណ្ឌិត្យសភា​បច្ចេកវិទ្យា​ទូរគមនាគមន៍ និង​ព័ត៌មាន​ចិន(CAICT) និង​ក្រុមហ៊ុន Huawei។

    ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​គណៈប្រតិភូ​បាន​អញ្ជើញ​ទស្សនកិច្ច​មជ្ឈមណ្ឌល​ពិព័រណ៍ R&D (Executive Briefing Center) នៃ​ក្រុមហ៊ុន Huawei នៅ​ទីក្រុង​ប៉េកាំង។ ក្រុមហ៊ុន Huawei បានបង្ហាញ​នូវ​ផលិតផល និង​ដំណោះស្រាយ​ចុងក្រោយ នៃ​ប្រព័ន្ធ​5G និង​បទ​បង្ហាញ​ស្តីអំពី​បទពិសោធ​នៃ​បច្ចេកវិទ្យា​5G សម្រាប់​ទីផ្សារ​ពិភពលោក។

    នៅក្នុងពេល​ទស្សនកិច្ច​នោះ គណ:ប្រតិភូ​កម្ពុជា​បាន​ស្វែងយល់​ពី​ការប្រើប្រាស់​បច្ចេកវិទ្យា 5G នៅក្នុង​វិស័យផ្សេងៗ ដូចជា ទីក្រុង​ឆ្លាត​វៃ ការអប់រំ​ឆ្លាត​វៃសុខាភិបាល​ឆ្លាត​វៃ សន្តិសុខ​សណ្តាប់ធ្នាប់ និង​វិស័យផ្សេងៗទៀត​ដែល​បច្ចេកវិទ្យា​នេះ​នឹង​ជួយ​ដល់​ការបង្កើន​ប្រសិទ្ធភាព​ការងារ និង​គុណភាព​នៃ​ជីវិត​នាពេល​អនាគត និង​ជាពិសេស គឺ​ការចាប់ផ្តើម​ព​ន្លឿ​ន​ដំណើរការ​បច្ចេកវិទ្យា​5G សម្រាប់​កម្ពុជា​នៅ​ឆ្នាំ2020 នេះ៕

  • កម្ពុជា​ការនាំចេញ​កើនឡើង​ 15​% ក្នុងរយៈពេល5​ ខែ​ដំបូង​នៃ​ឆ្នាំ2019​

    កម្ពុជា​ការនាំចេញ​កើនឡើង​ 15​% ក្នុងរយៈពេល5​ ខែ​ដំបូង​នៃ​ឆ្នាំ2019​

    យោង​តាម​របាយការណ៍​ចុងក្រោយ​បំផុត​របស់​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បានឱ្យ​ដឹង​ថា​ ការនាំចេញ​ក្នុងរយៈពេល​ 5 ខែ​ដំបូង​នៃ​ឆ្នាំ2019នេះ​ បាន​កើនឡើង​ជាង​ 15​ % រហូតដល់​ 5,3​ ពាន់​ លាន​ដុល្លារ​។ក្នុងអំឡុងពេល​ដូចគ្នា​តម្លៃ​នៃ​ការនាំចូល​បាន​កើន​ឡើង​ដល់​ 8,2​ ពាន់​លាន​ដុល្លារ​ដែល​កើនឡើង​ 21.5​ %បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

    របាយការណ៍​បានឱ្យ​ដឹង​ថា​ កំណើន​នាំចេញ​ត្រូវ​បាន​គាំទ្រ​ដោយ​តម្រូវការ​ខ្ពស់​នៅ​អាមេរិក​ដោយមាន​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​។របាយការណ៍​បានឱ្យ​ដឹង​ថា​ការនាំចេញ​ទៅ​សហភាព​អឺរ៉ុប​បាន​ធ្លាក់​ចុះបើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ សហភាព​អឺរ៉ុប​បច្ចុប្បន្ន​នេះ​មាន​ 34​%នៃ​ការនាំចេញ​សរុប​របស់​កម្ពុជា​។

    របាយការណ៍​នេះ​ក៏បាន​កត់សម្គាល់​ផង​ដែរ​ថា​៖“ការ​ពន្លឿន​គំរូ​អាជីវកម្ម​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ និង​ការពង្រីក​ទីផ្សារ​គោលដៅ​បាន​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​អាចប​ង្កើត​កំណើន​ និង​កាត់បន្ថយ​សម្ពាធ​ពី​ហានិភ័យ​ខាងក្រៅ​។នេះ​នឹង​ធានា​ថា​ប្រទេស​នេះ​អាច​ទ្រទ្រង់​កំណើន​នេះ​នា​ពេល​អនាគត​”។

    យោង​តាម​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​ កាលពី​ឆ្នាំមុន​ កម្ពុជា​គឺជា​អ្នកផ្គត់ផ្គង់​ទំនិញ​ ធំ​បំផុត​ទី​ 57​ របស់​សហរដ្ឋអាមេរិក​។ ការនាំចូល​ទំនិញ​ពី​កម្ពុជា​មាន​ចំនួន​សរុប​ 3,8​ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ 2018​ ដែល​កើនឡើង​ 24.8​ %ពីឆ្នាំ1ទៅ1ឆ្នាំ​។

    ចំណែក​សហរដ្ឋអាមេរិក​ ភាគច្រើន​នាំចូល​សម្លៀកបំពាក់​ត្បាញ​ និង​ ផលិតផល​ត្បាញ​អំពី​ស្បែក​ ផលិតផល​ស្បែកជើង​ស្បែក​ និង​ផលិតផល​កសិកម្ម​។

    ចាប់តាំងពី​ឆ្នាំ​ 2016​ ប្រទេស​កម្ពុជា​ទទួល​បាន​អត្ថ​ប្រយោជន៍​ ដោយ​មិន​គិត​ពន្ធ​ លើ​ការនាំចេញ​ទំនិញ​ ដូចជា​សម្លៀកបំពាក់​ កាបូបស្ពាយ​ និង​កាបូប​នាំចេញ​ទៅ​សហរដ្ឋអាមេរិក​ក្រោម​គម្រោង​ GS​។ ក្រសួង​ពាណិជ្ជកម្ម​ បាន​ដាក់​ញត្តិ​ទៅ​សហរដ្ឋអាមេរិក​ ដើម្បី​ពង្រីក​គ្រោងការ​ នាំចេញ​សម្លៀកបំពាក់​ និង​ស្បែកជើង​។

    លោក​ឧកញ៉ា​លឹម​ ហេង​អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ បាន​ប្រាប់​ឡា​រ៉ែ​នថា​ការងារ​ជាច្រើន​ទៀត​គឺ​ត្រូវការ​ដើម្បី​ធ្វើ​ឱ្យ​កម្ពុជា​មានការ​ប្រកួតប្រជែង​ពិតប្រាកដ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​។

    លោក​ឧកញ៉ា​បាន​កត់សម្គាល់​ថា​ ការ​ធ្វើ​ពិពិធ​កម្ម​ផលិតផល​គឺជា​គន្លឹះ​ដើម្បី​ជំរុញ​ការនាំចេញ​ របស់​ប្រទេស​។ភាគច្រើន​នៃ​ការនាំចេញ​របស់​យើង​ នៅតែ​បន្ត​នៅក្នុង​វិស័យ​កាត់ដេរ​ និង​កសិកម្ម​។ លោក​ឧកញ៉ា​ លឹម​ ហេង​បាន​ថ្លែង​ថា​៖“ យើង​រំពឹង​ថា​ តួលេខ​នៃ​ការនាំចេញ​នឹង​បន្ត​កើនឡើង​ខណៈ​ដែល​សេដ្ឋកិច្ច​ បន្ត​ពង្រីក​។ យើង​ត្រូវតែ​ពង្រឹង​ខ្លួន​យើង​ដើម្បី​ប្រកួតប្រជែង​ជាមួយ​ប្រទេសជិតខាង​ហើយ​ទាក់ទាញ​ ការ​វិនិយោគ​បន្ថែម​ទៀត​នៅក្នុង​ប្រទេស​”។

    ផលិតផល​នាំចេញ​សំ​ខាន់​ៗរួមមាន​ សម្លៀកបំពាក់​ និង​ស្បែកជើង​ កង់​ កៅស៊ូ​ អង្ករ​ ដំឡូងមី​ ម្រេច​ ប្រេងដូង​ និង​គ្រាប់ស្វាយ​ចន្ទី​ជាដើម​។ការនាំចេញ​របស់​កម្ពុជា​ក្នុង​ឆ្នាំ2018មាន​ចំនួន11,2​ ពាន់​លាន​ដុល្លារ​ ពោល​គឺ​កើនឡើង​ 4 %លើស​ការនាំចេញ​កាល​-ពីឆ្នាំ​ 2017​ ។តួលេខ​នៃ​ការនាំចេញ​ នេះ​ មានការ​កើន​ឡើង​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ2017មាន​ត្រឹម​តែ10,777​ លាន​ដុល្លារ​។ដោយ​ឡែ​សម្រាប់​ការនាំចូល​របស់​កម្ពុជា​វិញ​ ក៏​មាន​ចំនួន​ច្រើន​ផង​ដែរ​ ដោយ​មាន​ ចំនួន13,771លាន​ដុល្លារ​ កើនឡើង​ជាង​ឆ្នាំ​2017​ ដែល​មានត្រឹមតែ13,019លាន​ដុល្លារ​។

    ជាមួយគ្នា​នេះ​ការនាំចេញ​តាមរយៈ​ប្រទេស​អាស៊ាន​ ដែល​កម្ពុជា​ជាស​មា​ជិ​កមួយ​ដែរ​ ក៏​មានការ​នាំចេញ​គួរ​ឱ្យ​កត់សម្គាល់​។ យោង​តាម​តួលេខ​ ដែល​បាន​ចេញផ្សាយ​ដោយ​ទីក្រុង​ប៉េកាំង​ កាលពីដើម​ខែ​នេះ​ទំហំ​ពាណិជ្ជកម្ម​រវាង​ចិន​ និង​បណ្តា​ប្រទេស​អាស៊ាន​ មាន​ទំហំ​ទឹកប្រាក់291,8ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​ 6 ខែ​ដំបូង​ នៃ​ឆ្នាំ2019​ កើនឡើង​ 4% ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

    ប្លុក​អាស៊ាន​ដែល​មាន​សមាជិក10ប្រទេស​ គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​ទី2​ របស់​ចិន​នៅ​ ក្នុងរយៈពេល​នេះ​ បន្ទាប់ពី​សហភាព​អឺរ៉ុប​។ ទិន្នន័យ​នេះ​ត្រូវ​បាន​ចេញផ្សាយ​ ស្រប​ពេល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ រៀបចំ​ធ្វើ​កិច្ចចរចា​ជុំ​ចុងក្រោយ​បំផុត​ នៃ​កិច្ចចរចា​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់​ (RCEP​) នៅ​ក្នុង​ទីក្រុង​ Zhengzhou​ ដែល​ជារ​ដ្ឋ​ធានី​នៃ​ខេត្ត​ Henan​ ប្រទេស​ចិន​៕

  • កម្ពុជាប្រកាសប្រើប្រាស់ App «Kingdom of wonder» ក្នុងគោលដៅផ្សព្វផ្សាយទេសចរណ៍

    កម្ពុជាប្រកាសប្រើប្រាស់ App «Kingdom of wonder» ក្នុងគោលដៅផ្សព្វផ្សាយទេសចរណ៍

    កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីនៅលើទូរស័ព្ទដៃឆ្លាតវៃ ឬហៅថា Mobile Application (App) ថ្មីជាលើកដំបូងដែលមានឈ្មោះថា «Kingdom of wonder» ដើម្បី​ផ្សព្វ​ផ្សាយពីគោលដៅទេសចរណ៍របស់ខ្លួនតាមរយៈប្រព័ន្ធឌីជីថលទៅកាន់ទីផ្សារទេសចរណ៍​ពិភព​​លោកឱ្យកាន់តែខ្លាំងក្លាថែមទៀត។

    ការប្រកាសដាក់ឱ្យប្រើប្រាស់Appថ្មីនេះ ត្រូវបានធ្វើឡើងក្នុងសិក្ខាសាលាស្ដីពី​ការផ្សព្វ​ផ្សាយ​​​គោលដៅទេសចរណ៍កម្ពុជាតាមប្រព័ន្ធឌីជីថល និងការប្រកាសឱ្យប្រើ​ប្រាស់ជាផ្លូវការនូវកម្ម​វិធីលើទូរស័ព្ទ «Kingdom of wonder» កាលពីព្រឹកថ្ងៃទី16 ខែកក្កដា ឆ្នាំ2019 ​នៅសណ្ឋា​គារ​សុខា ខេត្តសៀមរាប ។

    ឯកឧត្តម គុជ បញ្ញាសា អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍បានមានប្រសាសន៍ឱ្យដឹងថា គោលបំណងនៃសិក្ខាសាលា គឺដើម្បី​បង្កើនការយល់ដឹង និងចែករំលែកបទពិសោធដល់ភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ ស្តីពីការ​ប្រើ​ប្រាស់ប្រព័ន្ធឌីជីថល ក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍ ក៏ដូចជាការប្រែក្លាយសេវាកម្ម​នានា​ក្នុងវិស័យទេសចរណ៍ឱ្យកាន់តែមានភាពទាក់ទាញ និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមនិន្នាការថ្មី​នៃសកលលោកនាយុគសម័យបដិវត្តន៍ឧស្សាហកម្ម4.0។

    ឯកឧត្តមបានបន្តឱ្យដឹងថា ដូច្នេះហើយបានជាក្រសួងទេសចរណ៍កម្ពុជាបានរៀបចំឱ្យមាន កម្មវិធីនៅលើទូរស័ព្ទដៃឆ្លាតវៃ «Kingdom of Wonder» នេះឡើង ដើម្បីដាក់ឱ្យទេសចរជាតិ-អន្តរ​ជាតិទាញយក (Download) ក្នុងប្រព័ន្ធប្រតិបត្តិការ IOS (App Store) និងក្នុងប្រព័ន្ធប្រតិបត្តិការ Android (Play Store) ដោយឥតគិតថ្លៃ។

    ដោយហេតុថា និន្នាការនៃការប្រើប្រាស់ប្រព័ន្ធឌីជីថលទទួលបានការពេញ​និយម​កាន់​តែ​ច្រើនពីសំណាក់ប្រជាជនក៏ដូចជាអ្នកទេសចរជុំវិញពិភពលោក ដោយគិតត្រឹមឆ្នាំ2018 មានអ្នក​ប្រើ​ប្រាស់រហូតដល់ 4.1ពាន់លាននាក់ ក្នុងនោះ Facebook មានអ្នកប្រើប្រាស់ចំនួន 2.32ពាន់​លាន​នាក់ និង YouTube មានអ្នកប្រើប្រាស់ចំនួន 1.8ពាន់លាននាក់។

    ឯកឧត្តមអនុរដ្ឋលេខាធិការនៃក្រសួងទេសចរណ៍បានឱ្យដឹងទៀតថា កម្មវិធីទូរស័ព្ទដៃឆ្លាតវៃ «King​dom of Wonder» គឺជាបណ្តុំព័ត៌មានទេសចរណ៍សំខាន់ៗរបស់កម្ពុជា ដែលរួមមាន គោល​ដៅ​ទេសចរណ៍ ព្រឹត្តិការណ៍ទេសចរណ៍ ផែនទីទេសចរណ៍ ជើងហោះហើរ អាកាសធាតុ ភោជនីយ​ដ្ឋាន កន្លែងស្នាក់នៅ មធ្យោបាយធ្វើដំណើរក្នុងស្រុក និងព័ត៌មានសំខាន់ៗដទៃទៀតដែលផ្តល់​ភាព​ងាយ​ស្រួលក្នុងការស្វែងរកព័ត៌មាន និងគ្រប់ជ្រុងជ្រោយសម្រាប់ភ្ញៀវទេសចរដែលមានបំណង​មកទស្ស​នាប្រទេសកម្ពុជា ទាំងពេលបច្ចុប្បន្ន និងទៅអនាគត។

    ឯកឧត្តម បានស្នើដល់គ្រប់ភាគីពាក់ព័ន្ធ ក៏ដូចជាផ្នែកឯកជនក្នុងវិស័យទេសចរណ៍ឱ្យចូលរួមផ្សព្វ​ផ្សាយដល់​បណ្តាញ និងអតិថិជនរបស់ខ្លួនឱ្យបានកាន់តែទូលំទូលាយ និងត្រៀមខ្លួនចាប់យក​ឱកាស​​ទាញយកប្រយោជន៍ពីប្រព័ន្ធឌីជីថលឱ្យបានច្រើនតាមដែលអាចធ្វើបាន ជាពិសេសប្រែ​ក្លាយ​សេវាកម្មក្នុងអាជីវកម្មរបស់ខ្លួនឱ្យស្របតាមនិន្នាការថ្មីនៃសកលលោក។

    បើយោងតាមការឱ្យដឹងពីមន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍រូបនោះថា ក្នុងឆ្នាំ2018 កន្លងមក កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ 6.2លាននាក់ ក្នុងកំណើន10.7% និងនៅក្នុង​ត្រី​មាស​ទី1 ដើមឆ្នាំ2019 កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ 1,870,000នាក់ កើនឡើង9.7%។

    តាមរយៈកម្មវិធីទូរស័ព្ទឆ្លាតវៃខាងលើ ក្រសួងទេសចរណ៍សង្ឃឹមថា ភ្ញៀវទេសចរជាតិ-អន្តរ​ជាតិ និងក្រុមហ៊ុនទេសចរណ៍ទាំងអស់នឹងមានភាពងាយស្រួលក្នុងការស្វែងរកព័ត៌មាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទេស​​​ចរណ៍ ដើម្បី​សម្រេចបាននូវកំណើនទេសចរអន្តរជាតិ 6.6លាននាក់ក្នុងឆ្នាំ2019 និងជាង 7លាន​នាក់​នៅឆ្នាំ​2020៕