Tag: កម្ពុជា

  • ពលរដ្ឋ​អាមេរិកាំង​ 1គ្រួសារ​ មាន​7នាក់​បាន​ឆ្លង​ COVID-19 ក្នុង​នោះ​មាន​អ្នក​ស្លាប់​ចំនួន​…

    ពលរដ្ឋ​អាមេរិកាំង​ 1គ្រួសារ​ មាន​7នាក់​បាន​ឆ្លង​ COVID-19 ក្នុង​នោះ​មាន​អ្នក​ស្លាប់​ចំនួន​…

    ស្ត្រី​ជា​ម្ដាយ​ម្នាក់​ រួម​នឹង​កូន​2នាក់ នៅ​ក្នុង​រដ្ឋ​ New Jersey សហ​រដ្ឋ​អាមេរិក បាន​ស្លាប់​ដោយ​សារឆ្លង​​វីរុស COVID-19 ចំណែក​កូន​ៗ​4នាក់​ផ្សេង​ទៀត​ក៏​បាន​ឆ្លង​មេរោគ​នេះ​។

    លោក​យាយ​ Grace Fusco អាយុ​73​ឆ្នាំ បាន​បាត់បង់​ជីវិត​កាលពី​ថ្ងៃ​ទី​18​មីនា​កន្លង​ទៅ​ 5ថ្ងៃ​ក្រោយ​មក កូន​ស្រី​ច្បង​របស់​លោក​យាយ​​ Grace Fusco ឈ្មោះ Rita Fusco-Jackson អាយុ​55​ឆ្នាំ​ ក៏​បាន​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា​នេះ​។ ប៉ុន្មាន​ម៉ោង​មុន​ការ​ស្លាប់​របស់​អ្នក​ស្រី Rita Fusco-Jackson កូន​ប្រុស​ម្នាក់​របស់​លោក​យាយ​ Grace Fusco ឈ្មោះ​ Carmine Fusco ​នៅ​ក្នុង​រដ្ឋ Pennsylvania ក៏​បាន​បាត់​បង់​ជីវិត​ដោយ​សារ​​ COVID-19។

    លោក​យាយ​ Grace Fusco មាន​កូន​11នាក់​ និង​ចៅ​27នាក់។ ដោយ​សារ​តែ​បាន​ឆ្លង​ COVID-19 និង​ត្រូវ​ព្យាបាល​ជំងឺ លោក​យាយ​ Carmine Fusco មិន​បាន​ដឹង​ថា កូន​របស់​គាត់​2នាក់​ បាន​ស្លាប់​សោះ​ឡើយ។

    អ្នក​ជិត​ខាង​ម្នាក់ បាន​និយាយ​ថា កូន​ៗ​4នាក់ផ្សេង​ទៀត​​របស់​លោក​យាយ​ Grace Fusco ក៏​បាន​ឆ្លង​រោគ​កូរ៉ូណា និង​កំពុង​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ ក្នុង​នោះ​មាន​3នាក់ ស្ថិត​ក្នុង​ស្ថាន​ភាព​ធ្ងន់​ធ្ងរ។ មនុស្ស​ចំនួន​20 ដែលជា​សាច់​ញាតិ​របស់​លោក​យាយ Grace Fusco ​បច្ចុប្បន្ន ត្រូវ​គេ​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ក្នុង​ផ្ទះ ហើយ​ក៏​មិន​បាន​ចូល​រួម​ពិធី​បុណ្យ​សព​របស់​ពួកគេ​នោះ​ដែរ​។

    COVID-19 ប្រហែលជា​បាន​ឆ្លង​ទៅ​ក្នុង​គ្រួ​សារ​លោក​យាយ​ Grace Fusco តាំង​ពី​ពេល​ដែល​ពួកគេ​ជួប​ជុំ​គ្នា​កាល​ពី​ដើម​ខែ​នេះ​។ ម្នាក់​ដែល​បាន​ចូល​រួម​ក្នុង​ពិធី​ជួប​ជុំ​គ្រួ​សារ​យប់​នោះ ក៏ធ្លាប់​បាន​ទំនាក់​ទំនង​ផ្ទាល់​ជាមួយ​ John Brennan ដែលជា​ពល​រដ្ឋ​ដំបូង​របស់​រដ្ឋ​ New Jersey ដែល​បាន​ស្លាប់​កាល​ពី​ថ្ងៃទី​10មីនា ដោយ​សារ​ឆ្លង​ COVID-19។

    Judith M. Persichilli មេដឹក​នាំ​ផ្នែក​សុខាភិបាល​នៃ​រដ្ឋ New Jersey យល់​ថា សោក​នាដ​កម្ម​របស់​គ្រួ​សារ​នេះ គឺ​ភ័ស្តុ​តាង​បញ្ជាក់​ថា ការ​ជួប​ជុំមនុស្ស​ច្រើន គឺជា​មូលហេតុ​ដែល​អាច​នាំ​ឱ្យ​មនុស្ស​ស្លាប់​បាន​ នៅ​ក្នុង​អំឡុង​ពេល​វីរុស COVID-19 កំពុង​រាត​ត្បាត​ពិភពលោក​។

    COVID-19 បាន​ឆ្លង​រាលដាល​ដល់​ប្រទេស​​ និង​ដែនដី​ ចំនួន​176​ ក្នុង​ពិភពលោក បណ្ដាល​ឱ្យ​មនុស្ស​ជាង​227,000​នាក់​ក្លាយ​ជា​អ្នក​ជំងឺ​រលាកសួត​ប្រភេទ​ថ្មី និង​ជាង​ 9,300​នាក់​បាន​ស្លាប់​ និង​ជិត​ 86,000​នាក់​បាន​ជា​សះស្បើយ​។ នៅ​សហ​រដ្ឋ​អាមេរិក បច្ចុប្បន្ន មាន​អ្នក​ឆ្លង​រោគ​នេះ​ចំនួន​ជាង 9,400​នាក់ ក្នុង​នោះ​មាន155នាក់បាន​ស្លាប់​។ រដ្ឋ​ចំនួន​50 និង​រដ្ឋធានី Washington របស់​សហ​រដ្ឋ​អាមេរិក សុទ្ធ​តែ​មាន​ករណី​ឆ្លង​ COVID-19៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • កម្ពុជា​រកឃើញ អ្នកឆ្លងជំងឺ COVID-19 ចំនួន10នាក់បន្ថែមទៀតហើយនៅ​ថ្ងៃ​នេះ!

    កម្ពុជា​រកឃើញ អ្នកឆ្លងជំងឺ COVID-19 ចំនួន10នាក់បន្ថែមទៀតហើយនៅ​ថ្ងៃ​នេះ!

    នៅ​មុន​នេះ​បន្តិច ក្រសួង​សុខាភិបាល​កម្ពុជា បាន​ប្រកាស​ឱ្យ​ដឹងថា បាន​រកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មីចំនួន10នាក់បន្ថែមទៀត។ ដូច្នេះ ចំនួន​អ្នក​បាន​ឆ្លង​មេរោគ​កូរ៉ូណានៅ​កម្ពុជា​ បាន​កើន​ដល់​ 47​នាក់​។ នេះ​បើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា​។

  • កម្ពុជា​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ COVID-19 ចំនួន​9​នាក់​ទៀត​ហើយ នាំ​ឱ្យ​ចំនួន​អ្នក​ឆ្លង​កើន​ដល់​33នាក់

    កម្ពុជា​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ COVID-19 ចំនួន​9​នាក់​ទៀត​ហើយ នាំ​ឱ្យ​ចំនួន​អ្នក​ឆ្លង​កើន​ដល់​33នាក់

    កម្ពុជា​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ COVID-19 ចំនួន​9​នាក់​ទៀត​ហើយ​ នៅថ្ងៃទី17​ ខែមីនា​ ឆ្នាំ២០២០​ នេះ​។ ដូច្នេះ ​ចំនួន​អ្នក​ឆ្លង​មេរោគ​សរុប​កើនឡើង​​ដល់​33នាក់។

  • កម្ពុជា​ បាន​រកឃើញអ្នកឆ្លង COVID-19 សរុប​ចំនួន24នាក់​ហើយ!

    កម្ពុជា​ បាន​រកឃើញអ្នកឆ្លង COVID-19 សរុប​ចំនួន24នាក់​ហើយ!

    ក្រសួងសុខាភិបាល កម្ពុជា​ នៅ​ក្នុង​ថ្ងៃទី​១៧ ខែមីនានេះ បានប្រកាសថា បាន​​រកឃើញ​អ្នក​ឆ្លង​ COVID-19 នៅ​កម្ពុជា​ចំនួន​ 12​នាក់​បន្ថែម​ទៀត​ ធ្វើ​ឱ្យ​ចំនួន​ករណី​ឆ្លង​សរុប​ ឡើង​ដល់​ 24នាក់​។

    នៅ​ក្នុងចំណោម​អ្នក​បាន​ឆ្លង​ COVID-19​ ថ្មី ចំនួន12នាក់​ខាង​លើ គឺ​មាន11ករណីជាបុរសខ្មែរឥស្លាម ដែលមកពីបុណ្យសាសនាធំមួយ​ នៅឯប្រទេស​ម៉ាឡេស៊ី និងមួយករណី​ទៀត មក​ពីប្រទេសថៃ។

  • មនុស្ស​ជិត 6,500​នាក់​បាន​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ទូទាំង​ពិភពលោក ខណៈកម្ពុជា​មាន​អ្នក​ឆ្លង​រោគ​សរុប​12នាក់​

    មនុស្ស​ជិត 6,500​នាក់​បាន​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ទូទាំង​ពិភពលោក ខណៈកម្ពុជា​មាន​អ្នក​ឆ្លង​រោគ​សរុប​12នាក់​

    មេរោគបង្ក​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​ COVID-19 បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​157 នៅ​ទូទាំង​ពិភពលោក បណ្ដាល​ឱ្យ​មាន​អ្នក​កើត​រោគ​រាត​ត្បាត​នេះ ​ចំនួន​ជាង6,500នាក់ បាន​បាត់​បង់​ជីវិត។

    រោគ​រាត​ត្បាត​ COVID-19 កំពុង​តែ​ឆ្លង​រាល​ដាល​យ៉ាង​លឿន ធ្វើ​ឱ្យ​មនុស្ស​ចំនួន​12,701​នាក់​បន្ថែម​ទៀត​ត្រូវ​បាន​គេ​រក​ឃើញ​ថា​បាន​ឆ្លង​មេរោគ​នេះ​ នាំ​ឱ្យ​តួលេខ​នៃ​ការ​ឆ្លង​រោគ កើន​ឡើង​ដល់ 169,354​នាក់ ក្នុង​នោះ​មាន​អ្នកជំងឺ​76.618នាក់​បាន​ជា​សះ​ស្បើយ។

    ករណី​ឆ្លង​មេរោគ​លឿន​ជាង​គេ​នា​ពេល​បច្ចុប្បន្ន គឺ​ស្ថិត​នៅ​ឯ​ទ្វីប​អឺរ៉ុប ដូច​ជា​ប្រទេស​អ៊ីតាលី អេស្ប៉ាញ អាល្លឺម៉ង់ បារាំង និង​អង់គ្លេស​។ អ៊ីតាលី​ទើប​រក​ឃើញ​អ្នក​ផ្ទុក​ COVID-19ថ្មី ចំនួន​​3,590ករណីបន្ថែម​ទៀត ធ្វើ​ឱ្យ​​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​សរុប 24,747​នាក់​ ដែល​នេះ​ជា​តួលេខ​ខ្ពស់​ជាង​គេ​​ក្នុង​ពិភពលោក បន្ទាប់​ពី​ប្រទេស​ចិន​។ អេស្ប៉ាញ​អឺរ៉ង់ និង​អាល្លឺម៉ង់ គឺជា​ប្រទេស​ដែល​រក​ឃើញ​អ្នក​ផ្ទុក​ COVID-19ថ្មីបន្ថែម​ លើស​ពី​1,000​នាក់​។

    ចំនួន​ករណី​ឆ្លងរោគ​កូរ៉ូណា​​ថ្មី​នៅ​ប្រទេស​ចិន និង​កូរ៉េខាង​ត្បូង ធ្លាក់​មក​នៅ​កម្រិត​ទាប​។ នៅ​អាស៊ីអាគ្នេយ៍ ចំនួន​ករណី​ឆ្លង​ថ្មី​នៅ​ម៉ាឡេស៊ី មាន​190​ករណី ធ្វើ​ឱ្យ​ចំនួន​សរុប​ឡើង​ដល់​428​ករណី​ ដែល​ភាគ​ច្រើន​ទាក់​ទង​នឹង​ពិធីបុណ្យ​​នៅ​ឯវិហារ​អ៊ីស្លាម​1​ ​ស្ថិត​នៅ​ក្បែរ​ទីក្រុង Kuala Lumpur ដែល​មាន​សាសនិក​ប្រមាណជា​16,000​​នាក់​ បាន​ចូល​រួម​។

    នៅ​ទូទាំងពិភពលោក មាន​​ករណី​ស្លាប់​ថ្មី​ចំនួន​666​នាក់ ភាគ​ច្រើន​កើត​ឡើង​នៅ​​ក្នុង​ប្រទេស​អ៊ីតាលី អ៊ីរ៉ង់ និង​អេស្ប៉ាញ​ នាំ​ឱ្យ​ករណី​ស្លាប់​សរុប​ឡើង​ដល់​ 6,499​នាក់​។

    នៅ​សហរដ្ឋ​អាមេរិក​វិញ តួលេខ​ថ្មី​បំផុត​បង្ហាញ​ថា មាន​មនុស្ស​ចំនួន​3,590នាក់បាន​ឆ្លង​វីរុស COVID-19 ក្នុង​នោះ​មាន​ 68​នាក់​បាន​ស្លាប់​ និង​59​នាក់​ បាន​ជាសះស្បើយ​។

    ចំណែក​នៅ​កម្ពុជា​វិញ គិត​មក​ដល់​ពេល​នេះ បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ COVID-19 ចំនួន​12នាក់ ក្នុង​នោះ​មាន​ករណី​ថ្មី​បំផុត​ចំនួន​4ករណី។ ក្នុង​ចំណោម​4ករណី​ថ្មី​​ ដែលទើប​​ត្រូវ​បាន​រក​ឃើញ​កាល​ពី​យប់ថ្ងៃទី15 ខែមីនា ឆ្នាំ2020 គឺមាន​ជនជាតិ​ខ្មែរ​អ៊ីស្លាម​2​នាក់ បុរសជនជាតិ​ខ្មែរមកពីប្រទេសបារាំងម្នាក់ និងកូនជនជាតិបារាំងអាយុ 35ឆ្នាំម្នាក់។ កម្ពុជា​មិន​ទាន់​មាន​ករណី​ស្លាប់​ដោយ​សារ​មេរោគ​រាត​ត្បាត​កូរ៉ូណា​ COVID-19 នៅ​ឡើយ​៕

  • ក​ម្ពុជា​មាន​​អ្នក​​ឆ្លងរោគ​ COVID-19 ចំនួន​8នាក់ ខណៈ​វៀត​ណាមមាន​53​នាក់ ចំណែក​ទូទាំង​ពិភពលោក មាន​ជាង162.187​នាក់​

    ក​ម្ពុជា​មាន​​អ្នក​​ឆ្លងរោគ​ COVID-19 ចំនួន​8នាក់ ខណៈ​វៀត​ណាមមាន​53​នាក់ ចំណែក​ទូទាំង​ពិភពលោក មាន​ជាង162.187​នាក់​

    កម្ពុជាគឺ​ជា​ប្រទេស​ដែល​មិន​មាន​ព្រំ​ដែន​ជាប់​នឹង​ប្រទេស​ចិន ដែល​ជា​សម្បុក​វីរុស​ COVID-19 នោះ​ទេ​ ចំណែក​វៀត​ណាម​វិញ គឺ​​​មាន​ព្រំ​ដែន​ប្រវែង​1.435​គីឡូ​ម៉ែត្រ ជាប់​ជាមួយនឹង​​ប្រទេស​ចិន​​ ដូច្នេះ តួលេខ​ស្ដី​អំពី​ចំនួន​ករណី​ឆ្លង​មេរោគ​កូរ៉ូណា​ COVID-19 ក៏​មាន​ចំនួន​លើស​ខ្វះ​គ្នា​ច្រើន​។

    ​តួលេខ​អ្នក​ឆ្លង​រោគ​ COVID-19 នៅ​កម្ពុជា៖

    គិត​មក​ដល់​ថ្ងៃ​នេះ (15មីនា ឆ្នាំ2020)​ កម្ពុជា​បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ COVID-19 ចំនួន​8ករណី​ ក្នុង​នោះ​មាន ​​7​ករណី​ជា​ជនជាតិ​បរទេស និង​1​ករណី​ជា​ជនជាតិ​ខ្មែរ​។

    -ករណី​ទី​1 គឺ​​ជា​ជន​ជាតិចិន​ អាយុ​60​ឆ្នាំ​ ត្រូវ​បាន​រក​ឃើញ​នៅ​ខេត្ត​ព្រះសីហនុ និង​ត្រូវ​បាន​​ព្យាបាល​ជាសះស្បើយ ហើយ​បាន​វិល​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​ហើយ។

    -ករណី​ទី​2 គឺ​ជា​បុរស​ជនជាតិ​ខ្មែរ​ អាយុ​38ឆ្នាំ​នៅ​ខេត្តសៀមរាប ដែល​បច្ចុប្បន្ន​ កំពុង​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ក្នុង​ខេត្ត​សៀម​រាប និង​នៅមាន​សុខភាព​ល្អ​ធម្មតា​​។​

    -ករណី​ទី​3-4-5 ត្រូវ​បាន​រក​ឃើញ​នៅ​ឯខេត្ត​កំពង់​ចាម ដែល​ជា​អ្នក​ទេស​ចរ ​ធ្វើ​ដំណើរ​តាម​នាវា Viking Cruise (នាវា​ដែល​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​វៀត​ណាម) និង​សុទ្ធ​តែ​ជា​ជនជាតិ​អង់គ្លេស​ ហើយបច្ចុប្បន្ន ទទួល​ការ​ព្យាបាល​នៅ​ក្នុង​ទីក្រុង​ភ្នំ​ពេញ។

    ​-ករណី​ទី​6 អ្នក​ជំងឺ​​ជា​​បុរស​ជាតិ​កាណាដា ដែល​បម្រើការ​នៅ​សាលា​អន្តរជាតិ​មួយ​នៅ​ភ្នំពេញ និង​ទើប​តែ​បាន​​​ធ្វើដំណើរ​មក​ពី​ប្រទេស​ថៃ។ ​

    -ករណី​ទី​7 គឺជា​​​ជន​ជាតិ​បែលហ្ស៊ិក​ ដែល​បម្រើការ​នៅ​អង្គការ​អន្តរជាតិ​មួយ និង​​​ទើបតែបាន​​ធ្វើដំណើរ​ពី​អឺរ៉ុបមក​កម្ពុជា​។

    -ករណី​ទី​8 ​ដែល​ទើប​ត្រូវ​បាន​រក​ឃើញ​ក្នុង​ថ្ងៃ​នេះ (15មីនា) ត្រូវ​បាន​ក្រសួង​សុខាភិបាល​កម្ពុជា​ឱ្យ​ដឹង​ថា ជា​ជន​ជាតិ​បារាំង​ អាយុ​35ឆ្នាំ​ មក​ពី​ប្រទេស​បារាំង​ និង​ចូល​មក​កម្ពុជា​តាមជើង​ហោះហើរ​ MI 602 ពី​​​ប្រទេស​សិង្ហបុរី។ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណាឌីន បាន​ឱ្យ​ដឹង​ថា ជនជាតិបារាំងរូបនេះ មានប្រពន្ធ និងកូន​ប្រុសអាយុ4ខែ ដែលធ្វើដំណើរជាមួយគ្នា។ អាជ្ញាធរសិង្ហបុរី បាន​ធ្វើតេស្តវត្ថុវិភាគរបស់​បុរស​នេះ កាល​ពី​​យប់ថ្ងៃទី​13​មីនា និង​ទើប​តែ​ចេញ​លទ្ធ​ផល​វិជ្ជមាន​នា​ពេល​ថ្មី​ៗ​នេះ​ បន្ទាប់​ពី​បាន​មក​ដល់​កម្ពុជា​។ ​បុរស​ជនជាតិ​បារាំង​ខាង​លើនេះ ត្រូវ​បាន​អាជ្ញាធរកម្ពុជានាំ​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យរុស្ស៊ី (មន្ទីរពេទ្យ​ខ្មែរ-សូវៀត)​។ ចំណែក​ប្រពន្ធ​ និង​កូន​របស់​គាត់​ កំពុង​ស្នាក់​នៅ​ក្នុង​ផ្ទះ​​ប្អូន​របស់​គាត់​ នៅ​ក្នុង​សង្កាត់​ទួល​ទំពូង​ ទីក្រុង​ភ្នំ​ពេញ​ ក្រោម​ការ​តាម​ដាន​​ពី​អាជ្ញា​ធរ​ និង​មន្ត្រី​​សុខាភិបាល​។

    ​តួលេខ​អ្នក​ឆ្លង​រោគ​ COVID-19 នៅប្រទេស​វៀតណាម៖

    គិត​មក​ដល់​ល្ងាច​នេះ ប្រទេស​វៀត​ណាម បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​ COVID-19 សរុប​ចំនួន 53នាក់ ក្នុង​នោះ​មាន​ 16នាក់​បាន​ជា​សះស្បើយ​។ ក្នុង​ចំណោម​37ករណី​ថ្មី​ដែល​ទើប​បាន​រក​ឃើញថ្មី​ៗ​នេះ មាន​13នាក់​ជា​ជនជាតិ​បរទេស​ និង​24នាក់ ជា​ជនជាតិ​វៀត​ណាម។ អ្នក​ទាំង​នេះ កំពុង​ទទួល​ការ​ព្យា​បាល​នៅ​ក្នុង​មន្ទីរពេទ្យ​ផ្សេង​ៗ នៅ​គ្រប់​តំបន់​នៃ​ប្រទេស​នេះ​។

    -នៅ​ភាគ​ខាង​ជើង មន្ទីរពេទ្យ​នានា​ (ទីក្រុង​ Ha Noi ខេត្ត​ Ninh Binh និង​ខេត្ត Quang Ninh) កំពុង​ព្យាបាល​អ្នកជំងឺ​កូរ៉ូណា COVID-19 ចំនួន​17​នាក់ ក្នុង​នោះ​មាន​ 9នាក់​ ជា​ជនជាតិ​វៀត​ណាម។

    -នៅ​ភាគ​កណ្ដាល (ខេត្ត​ Thua Thien Hue ទីក្រុង​ Da Nang និង​ខេត្ត​ Binh Thuan) មាន​អ្នក​ជំងឺ​កំពុង​ទទួល​ការ​ព្យា​បាល​ចំនួន16នាក់ ក្នុង​នោះ​មាន​10​នាក់​ ជា​ជន​ជាតិ​វៀត​ណាម​។

    -ចំណែក​នៅ​ឯ​ភាគ​ខាង​ត្បូង (ទីក្រុង​ហូជីមិញ) វិញ មាន​អ្នក​ជំងឺ​ចំនួន4នាក់ ក្នុង​នោះ​​ ​មាន​3នាក់​ជា​ជន​ជាតិ​វៀត​ណាម​។

    ​តួលេខ​អ្នក​ឆ្លង​រោគ​ COVID-19 នៅទូទាំង​ពិភពលោក៖

    COVID-19 បាន​ចាប់​ផ្ដើម​ឆ្លង​រាល​ដាល​នៅ​ឯទីក្រុង​ Wuhan ប្រទេស​ចិន កាល​ពី​ចុង​ឆ្នាំ​2019 ហើយ​មក​ដល់​ពេល​នេះ វា​បាន​ធ្វើ​ឱ្យ​មនុស្ស​ជាង 162.187​នាក់​ បាន​ឆ្លង​រោគ ក្នុង​នោះ​មាន​ 5.974​នាក់​បាន​បាត់​បង់​ជីវិត និង​ 75.967​​នាក់​បាន​ជា​សះ​ស្បើយ​៕

  • នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងកម្ពុជា​ CDC សំណូមពរ​ឱ្យ​អាជ្ញាធរ​ ចាត់​វិធានការ​ផ្លូវ​ច្បាប់ លើ​អ្នក​ដែល​ហៅ​ទូរស័ព្ទ​ទៅ​រំខាន​ដល់​លេខ 115​ ​បើសិន​ជា​ចាំបាច់

    នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងកម្ពុជា​ CDC សំណូមពរ​ឱ្យ​អាជ្ញាធរ​ ចាត់​វិធានការ​ផ្លូវ​ច្បាប់ លើ​អ្នក​ដែល​ហៅ​ទូរស័ព្ទ​ទៅ​រំខាន​ដល់​លេខ 115​ ​បើសិន​ជា​ចាំបាច់

    “យេីងខ្ញុំសូមជំរាបជូនសាធារណជនថា​ ការទូរស័ព្ទចូលលេខ​ 115​ មកមន្រ្តីទទួលបន្ទុក​ 115​ នេះ​ មាន​70%​ បានការ​ដេីម្បីសួរព័ត៌មានអំពីជំងឺ​ COVID-19 ព្រមទាំងរាយការណ៍ស្ថានភាពសុខភាព​ និង​ 30%​ ភាគរយមិនបាន​ការ។” នេះ​គឺជា​ការ​លើក​ឡើង​នៅ​លើទំព័រ​ Facebook របស់​នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងកម្ពុជា ហៅ​កាត់​ថា CDC។

    នៅ​វេលា​ម៉ោង​ប្រហែល​ជា​12ៈ30នាទី​ថ្ងៃត្រង់​នេះ នៅលើ​ទំព័រ​ Facebook របស់​នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងកម្ពុជា (CDC) បាន​បង្ហោះ​សារ​មួយ​ដែល​ផ្ញើជូន​សាធារណជន​ និង​អាជ្ញា​ធរ​ដើម្បី​ជ្រៀប​។ ក្នុង​ខ្លឹម​សារ​នៃ​សារ​នេះ​ បាន​លើក​ឡើង​ថា ​ទូរស័ព្ទ​​លេខ​ 115 គឺប្រើ​សម្រាប់​ទទួល​ការ​ហៅ​ចូល​ពី​អ្នក​ទាំង​ឡាយ​ណា​ដែល​មាន​បញ្ហា​ទាក់ទិន​នឹង​វីរុស​ COVID-19។ ប៉ុន្តែ CDC ឱ្យ​ដឹង​ថា ក្នុង​ចំណោម​ការ​ហៅ​ចូល​លេខ​ទូរស័ព្ទ​ 115នេះ គឺ​មាន​ដល់​ទៅ​30% គឺជា​ការ​ហៅ​មិន​បាន​ការ​ ដោយ​រួម​មាន​៖

    1.​ ប្រេីកុមារតូចៗឱ្យនិយាយជំនួស
    2.​ ទូរស័ព្ទចូលមិននិយាយ បេីកចោល
    3.​ ទូរស័ព្ទចូល ចាក់ចំរៀងឱ្យស្តាប់
    4.​ ប្រេីសម្ដីអសុរោះ​ និងពាក្យប្រមាថ
    5.​ អ្នកស្រវឹង ទូរស័ព្ទចូល​និយាយស្តាប់មិនយល់
    6​.​ ។ ល។

    នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងកម្ពុជា​ (CDC) ក៏បាន​សំណូម​ពរ​ដល់​សាធារណជន ឱ្យ​ទុក​ឱកាស​ដល់​អ្នក​ដទៃ​ដែល​ត្រូវ​ការ​ចាំបាច់​ក្នុង​ការ​ហៅ​ទៅ​លេខ 115 ទាក់​ទិន​នឹង​បញ្ហា​ COVID-19។ CDC ថែម​ទាំង​បាន​ស្នើ​ឱ្យ​អាជ្ញាធរ​ដែន​ដី ចាត់​វិធានការ​ទៅ​តាម​ច្បាប់ ទៅ​លើ​ជន​ណា​ដែល​បានហៅ​ចូល​លេខ​​ទូរស័ព្ទ 115 ​ដោយ​គ្មាន​ប្រយោជន៍​ និង​រំខាន​ដល់​ដំណើរ​ការ​នៃ​លេខ​ទូរស័ព្ទ​នេះ​៕

  • លទ្ធ​ផល​ធ្វើ​តេស្ត​ទៅលើ​ម្ចាស់ម៉ូតូកង់3ឥណ្ឌា ដែលបានដឹកជនជាតិជប៉ុនម្នាក់​ដែល​ផ្ទុក COVID-19 ត្រូវបានមន្ទីរសុខាភិបាលខេត្តសៀមរាបបញ្ចេញ​ឱ្យ​ដឹង​ហើយ

    លទ្ធ​ផល​ធ្វើ​តេស្ត​ទៅលើ​ម្ចាស់ម៉ូតូកង់3ឥណ្ឌា ដែលបានដឹកជនជាតិជប៉ុនម្នាក់​ដែល​ផ្ទុក COVID-19 ត្រូវបានមន្ទីរសុខាភិបាលខេត្តសៀមរាបបញ្ចេញ​ឱ្យ​ដឹង​ហើយ

    រដ្ឋបាលខេត្តសៀមរាបបាន​ឱ្យ​ដឹង​ថា មន្ទីរ​សុខាភិបាល​ខេត្ត​នេះ បាន​បញ្ចេញ​លទ្ធ​ផល​នៃ​ការ​ធ្វើ​តេស្ត​រកមេរោគ​ទៅ​លើ​បុរសជា​​ម្ចាស់​ម៉ូតូ​កង់3ឥណ្ឌា​ម្នាក់​ ដែលធ្លាប់​បាន​ដឹក​ជនជាតិ​ជប៉ុន​ដែល​មាន​ផ្ទុក​មេរោគ​កូរ៉ូណានេះ​ហើយ​ ដោយ​បង្ហាញ​ថា ម្ចាស់​ម៉ូតូកង់3ម្នាក់​នេះ មិន​មាន​ផ្ទុក​មេរោគ​ COVID-19នោះ​ទេ​។

    រដ្ឋបាលខេត្តសៀមរាប​ បាន​បន្ត​ថា ពេល​នេះ​ បុរស​ជា​ម្ចាស់​ម៉ូតូកង់3ខាង​លើ មិន​មាន​រោគ​សញ្ញា​អ្វី​នោះដែរ ពោល​គឺ​គាត់​មាន​សុខភាព​ល្អ​ធម្មតា​។ បុរស​នេះ​ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​រយៈ​ពេល​14ថ្ងៃ​ នៅក្នុងអគារជំងឺឆ្លងនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បី​បន្ត​តាម​ដាន​សុខ​ភាព​។

    គិត​មក​ដល់​ថ្ងៃ​នេះ កម្ពុជា​បាន​រក​ឃើញ​អ្នក​ផ្ទុកវីរុស​ COVID-19 ចំនួន​3ករណី​ហើយ ដោយ​ករណី​ទី​1គឺជា​ជនជាតិ​ចិន ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ខេត្ត​ព្រះសីហនុ​កាល​ពី​ថ្ងៃទី​27មករា។ ចំណែក​ករណី​ទី2 គឺជា​បុរស​ជនជាតិ​ខ្មែរនៅ​ខេត្ត​សៀម​រាប​ ដែលជា​មនុស្ស​ម្នាក់ ​ធ្លាប់បាន​ធ្វើ​ការ​ជា​មួយ​ជនជាតិ​ជប៉ុន​ម្នាក់​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ថាមាន​ផ្ទុក​មេរោគ​កូរ៉ូណា​ នៅពេលគាត់​​ត្រឡប់​ទៅ​ដល់​ប្រទេស​ជប៉ុន។ រីឯករណី​ទី3 ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ខេត្ត​កំពង់ចាម គឺជា​ស្ដ្រី​អ្នក​ទេស​ចរជនជាតិ​អង់គ្លេស​​ម្នាក់​ មានអាយុ65ឆ្នាំ​ ដែល​ធ្វើ​ដំណើរ​តាម​នាវា​ទេស​ចរណ៍មួយ​ មក​ពី​ប្រទេស​វៀតណាម៕

  • លទ្ធ​ផល​នៃ​ការ​ធ្វើ​តេស្ត​លើ​ជនជាតិ​ខ្មែរ​ដែល​សង្ស័យ​ថា​បាន​ឆ្លង​ Covid-19 ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​ហើយ

    លទ្ធ​ផល​នៃ​ការ​ធ្វើ​តេស្ត​លើ​ជនជាតិ​ខ្មែរ​ដែល​សង្ស័យ​ថា​បាន​ឆ្លង​ Covid-19 ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​ហើយ

    សមាជិក​ចំនួន​3​រូប (​ប្រពន្ធ ប្អូន និង​ប្អូនថ្លៃ) របស់​អ្នក​ជំងឺកូរ៉ូណា​ម្នាក់​ ដែល​ជា​បុរស​វ័យ​38ឆ្នាំ​នៅ​ក្រុង​សៀម​រាប ដែល​បាន​ឆ្លង​មេរោគពី​ជនជាតិ​ជប៉ុន ពេល​នេះ ក្រសួង​សុខាភិបាល​បាន​ប្រកាស​ឱ្យ​ដឹង​ថា ពួកគេ​មិន​មាន​ផ្ទុក​មេរោគ​នេះ​នោះ​ទេ​។

    ​នៅ​ក្នុង​កិច្ចប្រជុំ​បន្ទាន់​ជាមួយ​មន្ត្រី​ជំនាញ និង​វិស័យ​ឯកជន ដើម្បី​ទប់ទល់​នឹង​វិបត្តិ​នានា បណ្តាល​​មក​ពី​រោគ​រាត​ត្បាត​ Covid-19 លោក ទៀ សីហា​ បាន​បញ្ជាក់​ថា ចំពោះ​អ្នក​ជាប់ពាក់​ព័ន្ធ​​ផ្ទាល់ចំនួន​4​នាក់ ជាមួយ​ជនជាតិ​ជប៉ុន​កន្លង​មក គឺ​ត្រូវ​បាន​ធ្វើតេស្ត​ឃើញ​វិជ្ជមាន​ម្នាក់ គឺ​បុរស​វ័យ38ឆ្នាំ​ ដែល​ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​កាល​ពី​ម្សិល​មិញ។

    ចំណែកមនុស្ស​3នាក់ (ដែល​ជា​ប្រពន្ធ ប្អូន និង​ប្អូនថ្លៃរបស់​អ្នក​ជំងឺ​កូរ៉ូណាដែល​ជា​ជន​ជាតិ​ខ្មែរខាងលើ) ​ដែល​​ជាប់​ទាក់​ទិន​ផ្ទាល់​ជាមួយ​នឹង​អ្នក​ជំងឺ​វ័យ​38ឆ្នាំខាងលើ​ គឺ​មិន​មាន​ផ្ទុក​មេរោគ​ Covid-19 នោះ​ទេ​។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក ទៀ សីហា​ អភិបាលខេត្ត​សៀមរាប។

    គិត​មក​ដល់​ពេល​នេះ កម្ពុជា​ បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ចំនួន​2នាក់ ក្នុង​នោះ​មាន​ម្នាក់​ជា​ជន​ជាតិ​ចិន បាន​ជាសះស្បើយរួច​ហើយ និង​ម្នាក់​ទៀត​ជា​ជនជាតិ​ខ្មែរ ដែល​ពេល​នេះ​កំពុង​ទទួល​ការ​ព្យា​បាល​ និង​​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ នៅ​ឯមន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀម​រាប។

    នៅ​ទូទាំង​ពិភពលោក មាន​ប្រទេស​ និង​ដែន​ដី​ចំនួន102 បាន​រាយការណ៍​ថា មាន​អ្នក​ឆ្លង​មេរោគ​នេះ ក្នុង​នោះ​ដែរ​ចំនួន​អ្នក​បាន​ឆ្លង​មេរោគ​កូរ៉ូណា​សរុប 106,165​នាក់ ក្នុង​នោះ​មាន​ 3,594​នាក់​បាន​បាត់​បង់​ជីវិត​៕

  • អង្គ​រសង្ក្រាន្ត​ឆ្នាំ​នេះនឹង​ត្រូវ​បាន​ផ្អាក ខណៈ​ Covid-19 ចាប់​ផ្ដើមបង្កការ​ភ័យ​ខ្លាច​នៅ​ខេត្ត​សៀម​រាប

    អង្គ​រសង្ក្រាន្ត​ឆ្នាំ​នេះនឹង​ត្រូវ​បាន​ផ្អាក ខណៈ​ Covid-19 ចាប់​ផ្ដើមបង្កការ​ភ័យ​ខ្លាច​នៅ​ខេត្ត​សៀម​រាប

    នៅ​រសៀល​ថ្ងៃ​នេះ (7មីនា) កម្ពុជា​បានប្រកាស​ថា បាន​​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ម្នាក់​បន្ថែម​ទៀត​ បន្ទាប់​​ពី​បាន​ដាក់​មនុស្ស​ចំនួន​ជាង​ 40នាក់​ ឱ្យ​នៅ​ក្រោម​ការ​តាម​ដាន​ពិសេស នៅ​ឯខេត្ត​សៀម​រាប​។

    លោក​សាស្ត្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង​ រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បាន​ឱ្យ​ដឹង​ថា ការ​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​ Covid-19 ទី​2នេះ បានធ្វើ​ឱ្យ​​សម្តេច​តេ​ជោ ហ៊ុន សែន សម្រេច​ចិត្ត​ចេញ​បញ្ជាឱ្យ​បិទ​សាលា​រៀន​នៅ​ក្នុង​​ទីរួម​ខេត្ត​សៀម​រាបជា​បណ្ដោះ​អាសន្ន​​ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ​។

    លោក​សាស្ត្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង​ រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា

    ការ​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​ Covid-19 ថ្មី​ ទី2នេះ ក៏នឹង​ធ្វើ​ឱ្យ​ព្រឹត្តិ​ការ​សំខាន់​ៗ​មួយ​ចំនួន​នៅ​ខេត្ត​សៀម​រាប​ត្រូវ​បាន​ផ្អាក។

    លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង​ ​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​​នៅ​ឯទី​ស្ដីការ​ក្រសួង​សុខាភិបាល​ថា នា​ល្ងាច​នេះថា ជាមួយ​នឹង​ការ​បិទ​សាលា​រៀន​ក្នុង​ទីរួម​ខេត្ត​សៀម​រាប​ជា​បណ្ដោះ​អាសន្ន​ ព្រឹត្តិ​ការ​​អង្គរ​សង្ក្រាន្ត​​ដែល​គ្រោង​​នឹង​​ប្រារព្ធ​នៅ​ក្នុងឱកាស​បុណ្យ​ចូលឆ្នាំ​​ខ្មែរ​ខាង​មុខ​ក៏នឹង​ត្រូវ​បាន​ផ្អាក​ផងដែរ​។

    ព្រឹត្តិ​ការ​​អង្គរ​សង្ក្រាន្ត​​ដែល​គ្រោង​​នឹង​​ប្រារព្ធ​នៅ​ក្នុងឱកាស​បុណ្យ​ចូលឆ្នាំ​​ខ្មែរ​ខាង​មុខ​ក៏នឹង​ត្រូវ​បាន​ផ្អាក​ផងដែរ

    ​គិត​មក​ដល់​ពេល​នេះ កម្ពុជា​បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ Covid-19 ចំនួន​2នាក់ និង​ជាង​40នាក់​កំពុង​ស្ថិត​ក្នុង​ការ​តាម​​​ដាន​​សុខ​ភាព​។ ចំណែកនៅទូទាំង​ពិភពលោកឯណោះ​វិញ ចំនួន​អ្នក​បាន​​ឆ្លង​មេរោគ​ Covid-19 បាន​កើន​ឡើង​ដល់​ 102,471​នាក់ ក្នុង​នោះ​មាន​អ្នក​ស្លាប់​ជិត​ 3,500នាក់៕