មន្រ្តីក្រសួងសុខាភិបាល ជំរុញឱ្យមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ផលិតសារអប់រំពីផលប៉ះពាល់បណ្ដាលមកពីពិសាផ្អែម គ្រឿងស្រវឹង និងការជក់បារី

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងយ៉ាងដូច្នេះនៅក្នុងខណៈពេលឯកឧត្តមរដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព និងសំណេះសំណាល ដើម្បីស្វែងយល់ពីសុខទុក្ខថ្នាក់ដឹកនាំ និងមន្រ្តីរាជការ និងបុគ្គលិក នៃមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤។ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំដល់មជ្ឈមណ្ឌលជាតិ ត្រូវរៀបចំឱ្យផែនការបន្ថែមក្នុងការផលិតសារអប់រំ និងស្ប៉តវីដេអូ ដែលជុំវិញនឹងសុខភាពប្រជាពលរដ្ឋ ការរស់នៅប្រជាពលរដ្ឋ លើកកម្ពស់សុខភាពស្រ្តី កុមារ ទារក និងជាពិសេសបញ្ហាជំងឺទឹកនោមផ្អែម និងជំងឺផ្សេងៗ ដែលបណ្តាលមកពីការពិសាផ្អែម គ្រឿងស្រវឹង និងការជក់បារី។ ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យ បានផ្តាំផ្ញើដល់មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលមជ្ឈមណ្ឌលជាតិទាំងអស់ ត្រូវចេះជួយគ្នា សហការគ្នា សាមគ្គីភាពគ្នា និងត្រូវខិតខំប្រឹងព្យាយាមបន្ថែមទៀត ក្នុងការអភិវឌ្ឍវិស័យសុខាភិបាលឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។ សូមជូនពរក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកលខាងមុខនេះ សូមមានសុខភាពល្អ សុភមង្គលក្នុងគ្រួសារ ទទួលបានជោគជ័យគ្រប់ភារកិច្ចការងារ៕