Tag: អ៊ូហាន

  • (ទស្សនារូបភាព)កម្មករនៅក្នុងទីក្រុងវូហាន អង្គុយហូបបាយថ្ងៃត្រង់ ឆ្ងាយពីគ្នា 2ម៉ែត្រ ក្រោយរោងចក្របើកដំណើរការឡើងវិញ

    (ទស្សនារូបភាព)កម្មករនៅក្នុងទីក្រុងវូហាន អង្គុយហូបបាយថ្ងៃត្រង់ ឆ្ងាយពីគ្នា 2ម៉ែត្រ ក្រោយរោងចក្របើកដំណើរការឡើងវិញ

    អាចនិយាយបានថា ជារូបភាពនៃក្ដីឯកោ ដែលកក់ក្ដៅក្នុងចិត្តសម្រាប់បរិយាកាសក្នុងអំឡុងពេលសម្រាកថ្ងៃត្រង់ នៅក្នុងរោងចក្រផលិតរថយន្ត តុងហ្វឹង ក្នុងទីក្រុងវូហាន មណ្ឌលហ៊ូពេយ មណ្ឌលកណ្ដាលនៃការឆ្លងរាលដាលរបស់មេរោគវីរុសកូវីដ-19 ព្រោះបណ្ដាបុគ្គលិកទាំងអស់បាននាំគ្នាឱនមុខយកចិត្តទុកដាក់លើការញ៉ាំអាហារថ្ងៃត្រង់របស់ខ្លួនឯង នៅលើកៅអីជ័រពណ៌ក្រហមដែលរៀបជាជួរមួយៗ រក្សាគម្លាតឆ្ងាយពីគ្នាប្រមាណជា 2ម៉ែត្រ ដើម្បីការពារការឆ្លងសាយភាយរបស់មេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 ក្រោយពីស្ថានការណ៍រោគរាតត្បាតក្នុងប្រទេសចិនវិវឌ្ឍទៅក្នុងផ្លូវល្អប្រសើឡើងជាលំដាប់ ធ្វើឱ្យធុរកិច្ចជាច្រើនវិលត្រឡប់មកដំណើរការជាថ្មីឡើងវិញ។

    បន្ទាប់ពីបានបញ្ចូលថាមពលពេញវិញហើយ ពួកគេក៏នាំគ្នាត្រឡប់ទៅប្រតិបត្តិការងារយ៉ាងសស្រោកសស្រាំបន្តទៀត…ទាំងអស់នេះ វិធានការនេះបានធ្វើឱ្យអ្នកលេងបណ្ដាញសង្គមនៅក្នុងប្រទេសចិន មានអារម្មណ៍កោតសរសើរ ចំពោះភាពមានវិន័យ និងនឹកអាណិតអ្នកប្រើកម្លាំងពលកម្មទាំងនោះជាខ្លាំង អ្នកខ្លះបានសម្ដែងការយល់ឃើញថា បើជួយរៀបចំតុឱ្យពួកគាត់ផង ប្រហែលជាល្អខ្លាំងណាស់…។

    ប្រភព៖ សារព័ត៌មានបរទេស

  • អបអរសាទរ វូហាន អ្នករស់វិញហើយ!! វូហានលែងរកឃើញអ្នកឆ្លងមេរោគថ្មីទៀតហើយជាលើកដំបូង ចាប់មានការឆ្លងកូវីដ-19មក

    អបអរសាទរ វូហាន អ្នករស់វិញហើយ!! វូហានលែងរកឃើញអ្នកឆ្លងមេរោគថ្មីទៀតហើយជាលើកដំបូង ចាប់មានការឆ្លងកូវីដ-19មក

    ទីក្រុងវូហាន មណ្ឌលកណ្ដាលនៃការឆ្លងរាលដាលវីរុសកូវីដ-19 ក្នុងប្រទេសចិន លែងរកឃើញអ្នកឆ្លងមេរោគថ្មីទៀតហើយ សូម្បីតែម្នាក់ជាលើកដំបូង ចាប់តាំងពីធ្លាប់បានប្រឈមនឹងការឆ្លងរាតត្បាតយ៉ាងធ្ងន់ធ្ងរ រហូតដល់ត្រូវបិទទីក្រុងកាលពីពេលកន្លងមក។

    ថ្ងៃទី19 មីនា ឆ្នាំ2020 នេះ រដ្ឋបាលទីក្រុងវូហាន បានបង្ហើបឱ្យដឹងអំពីរបាយការណ៍ថ្មីចុងក្រោយបំផុតថា លែងរកឃើញអ្នកឆ្លងមេរោគវីរុសកូវីដ-19ថ្មីទៀតហើយ សូម្បីតែម្នាក់ជាលើកដំបូង ដូចគ្នានឹងទីក្រុងផ្សេងៗទៀតក្នុងមណ្ឌលហ៊ូពេយរបស់ចិន ដែលក៏លែងរកឃើញអ្នកឆ្លងមេរោគថ្មីទៀតដូចគ្នាដែរ ជិត 2សប្ដាហ៍មកហើយ និងបើសិនជានៅតែមិនមានអ្នកឆ្លងមេរោគថ្មីនៅក្នុងវូហានជាប់ៗគ្នាដល់ 14ថ្ងៃទៀតនោះ អាចនឹងមានបញ្ជាឱ្យបញ្ឈប់ការបិទទីក្រុងវូហាន រដ្ឋធានីចម្បងរបស់មណ្ឌលហ៊ូពេយបាន មិនហួសពីចុងខែមីនានេះឡើយ។

    កាលពីពេលមុននេះ ទីក្រុងវូហានត្រូវបានបិទចោលទូទាំងទីក្រុង តាំងពីពាក់កណ្ដាលខែមករាកន្លងមក ដែលអ្នកជំនាញការបានបញ្ជាក់ថា ទោះជាបញ្ឈប់ការបិទទីក្រុងហើយក៏ដោយ តែវិធានការដើម្បីគ្រប់គ្រង និងការពារមេរោគ នឹងនៅតែប្រតិបត្តិជាបន្តបន្ទាប់យ៉ាងម៉ឺងម៉ាត់ដដែល ដើម្បីការពារការវិលត្រឡប់មកឆ្លងរាលដាលជាថ្មី៕

    ប្រភព៖ សារព័ត៌មានបរទេស

  • Covid-19 ឆ្លង​ពេញ​ពិភពលោក អ្នក​ស្រុក​ Wuhan ដែល​ជាប់​នៅ​ខាង​ក្រៅ​​​ នាំ​គ្នា​ត្រឡប់​មក​សម្បុក​មេរោគ​វិញ

    Covid-19 ឆ្លង​ពេញ​ពិភពលោក អ្នក​ស្រុក​ Wuhan ដែល​ជាប់​នៅ​ខាង​ក្រៅ​​​ នាំ​គ្នា​ត្រឡប់​មក​សម្បុក​មេរោគ​វិញ

    នៅ​ពេល​រោគរាត​ត្បាត Covid-19 បាន​ឆ្លង​រាល​ដាល​ពាស​ពេញ​ពិភពលោក ព្រម​ទាំង​មាន​ភាព​ស្មុគស្មាញ​ខ្លាំង​​ អ្នកស្រុក​ Wuhan ដែល​បាន​ជាប់​នៅ​ខាង​ក្រៅ​តំបន់​នេះ​ ក៏នាំ​គ្នា​វិល​ត្រឡប់​មក​ស្រុក​កំណើត​របស់​ខ្លួន​ដែល​ជា​សម្បុក​មេរោគ​ដំបូង​នៃ​ Covid-19​។

    តំបន់ Wuhan នៃ​ខេត្ត Hubei ហាក់​ត្រូវ​បាន​កាត់​ផ្ដាច់​ពី​ពិភពលោក​ខាង​ក្រៅ​​ ចាប់​តាំង​ពី​ថ្ងៃទី​ 23មករា ឆ្នាំ​2020 បន្ទាប់​ពី​រដ្ឋាភិបាល​ចិន​ បាន​អនុវត្ត​វិធាន​ការ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក នោះ​គឺ​ បិទ​ការ​ចេញ​-ចូល​ខេត្ត Hubei ដើម្បី​​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​រោគរាត​ត្បាត​ Covid-19។

    នៅ​ពេល​ស្ថាន​ភាព​ Covid-19 នៅ​ប្រទេស​ចិន​ ចាប់​ផ្ដើម​ត្រូវ​បាន​គ្រប់​គ្រង​បន្តិច​ម្ដងៗ ប្រជាជន​មួយ​ចំនួន​ដែល​មាន​ស្រុក​កំណើត​នៅ​ក្នុង​ខេត្ត Hubei ដែល​បាន​ជាប់​នៅ​ខាង​ក្រៅ​ខេត្ត​នេះ ព្រោះ​តែ​បម្រាម​គោចរ​ ពេល​នេះ អាច​ត្រឡប់​មក​ស្រុក​វិញ ដោយ​ពួកគេ​ជឿ​ថា ផ្ទះ​គឺនៅ​តែ​ជា​កន្លែង​សុវត្ថិ​ភាព​បំផុត​។ នេះ​បើ​តាម​សារ​ព័ត៌មាន AFP។

    ស្ត្រី​ម្នាក់​ឈ្មោះ Zhao មាន​អាយុ​ 30ឆ្នាំ​ ដែល​វិល​ត្រឡប់​មក​ស្រុក​កំណើត​នៅ​ឯទីក្រុង​ Wuhan ជាមួយ​ស្វាមីនាង​ឈ្មោះ​ Gao​ បាន​ឱ្យ​ដឹង​ថា “មនុស្ស​ដែល​មក​ពី​បរទេស​ មក​កាន់​ប្រទេស​ចិន អាច​ធ្វើ​ឱ្យ​មាន​ការ​ផ្ទុះ​ឆ្លង​រាល​ដាល​នៃ​មេរោគ Covid-19 ជា​ថ្មី​ម្ដង​ទៀត​ ដូច្នេះ នៅ​ក្នុង​ទីក្រុង Wuhan អាច​ជា​កន្លែង​មាន​សុវត្ថិភាព​នៅ​ពេល​នេះ​”។

    Zhao បាន​ប្រាប់​ថា ពួកគេ​បាន​ដឹង​ថា នៅ​ឯស្រុក​កំណើត​នា​ទី​ក្រុង​ Wuhan ត្រូវ​បាន​គេ​បិទ​ការ​ចេញ​-ចូល នៅ​ពេល​ដែល​ខ្លួន​កំពុង​ស្ថិត​នៅ​ក្នុង​ទីក្រុង Changchun នៃ​ខេត្ត Jilin។ នៅ​ទី​នេះ​ ពួកគេ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​គ្រួសារ​ដែលកំពុង​​នៅ​ក្នុង​ទី​ក្រុង​ Wuhan ហើយ​ពេល​ខ្លះ​ ពួកគេ​ត្រូវអ្នក​ស្រុក​ផ្សេង​​រើស​អើង​ ព្រោះ​តែ​មក​ពី​ពួកគេ​មក​ពី​ Wuhan។

    ពេល​បាន​មក​ដល់​ Wuhan ដែល​ជា​ស្រុក​កំណើត ពួក​គេ​ (Zhao និង​ Gao) មាន​ការ​សប្បាយ​ចិត្ត​ជា​ខ្លាំង​។ ក៏ប៉ុន្តែ ពួកគេ​មិន​ទាន់​បាន​ជួប​ជុំ​គ្រួសារ​ម្ដង​ណា​ឡើយ​ ដោយ​សារ​ត្រូវ​អាជ្ញា​ធរដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ក្នុង​រយៈ​ពេល​ 14​ថ្ងៃ​ដើម្បី​តាម​ដាន​សុខ​ភាព​។​

    Gao និយាយ​ថា ឪពុក​ម្ដាយ​របស់​គាត់ សំណាង​ណាស់​ដែល​នៅ​មាន​សុខ​ភាព​ល្អ ប៉ុន្តែ មិត្ត​ភក្ដិ​មួយ​ចំនួន​របស់​គាត់ បាន​ឆ្លង​មេរោគ​ Covid-19 នេះ​។​ ក៏ប៉ុន្តែ ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នក​ស្រុក​ Wuhan បាន​ចាប់​ផ្ដើម​នាំ​គ្នា​ត្រឡ​ប់​មក​ស្រុក​កំណើត​វិញ។ Zhao និយាយ​ថា “ដំណាក់​កាល​គួរ​ឱ្យ​ខ្លាច​បំផុត​បាន​កន្លង​ផុត​ទៅ​ហើយ​”។

    ទោះជាយ៉ាង​ណា​ក៏ដោយ ទីក្រុង​ Wuhan​ ក្នុង​ខេត្ត Hubei នៃ​ប្រទេស​ចិន នៅ​តែ​ស្ងប់​ស្ងាត់នៅ​ឡើយ​

    បើ​ទោះ​ជា​បម្រាម​គោចរ​របស់​អាជ្ញា​ធរ បាន​កាត់​បន្ថយ​ការ​ធ្វើ​ដំណើរ​ចេញ-ចូល​ខេត្ត Hubei ពិសេស​គឺ​ទីក្រុង​ Wuhan ក៏​ប៉ុន្តែ រថភ្លើង​ល្បឿន​លឿន នៅ​តែ​ធ្វើ​ដំណើរ​កាត់​តាម​ខេត្ត​នេះ និង​តែង​ឈប់​នៅ​ស្ថានីយមួយ​កន្លែង​​​ក្នុង​ទីក្រុង Wuhan។ ដូច្នេះ ការ​ធ្វើ​ដំណើរ​ត្រឡប់​ចូល​ស្រុក​កំណើត​វិញ គឺ​អាច​ធ្វើ​ទៅ​បាន​ ប៉ុន្តែ វា​នៅ​មាន​ការ​លំបាក​ខ្លាំង​នៅ​ឡើយ​។

    គិត​មក​ដល់​ថ្ងៃទី​ 6មីនា​នេះ ប្រទេស​ចិន មាន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​ Covid-19 សរុប​ចំនួន 80,556​នាក់ ក្នុង​នោះ​មាន​អ្នក​ស្លាប់ 3,042​នាក់​ ខណៈ​ពិភពលោក មាន​អ្នក​ផ្ទុក​មេរោគ​សរុប 100,330​នាក់ ក្នុងនោះ​មាន​អ្នក​ស្លាប់​ចំនួន 3,408​នាក់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ទិដ្ឋ​ភាព​ដ៏​ស្រស់​ស្អាត​ នៅ​ឯមន្ទីរពេទ្យ​ Wuhan ដែល​ធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ នៅ​ប្រទេស​ចិន​

    ទិដ្ឋ​ភាព​ដ៏​ស្រស់​ស្អាត​ នៅ​ឯមន្ទីរពេទ្យ​ Wuhan ដែល​ធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ នៅ​ប្រទេស​ចិន​

    Liu Kai អាយុ​ 27ឆ្នាំ ជា​វេជ្ជ​បណ្ឌិត​ម្នាក់​នៅ​ឯមន្ទីរពេទ្យ​ Renmin បាន​សួរ​អ្នក​ជំងឺ​របស់​ខ្លួន​​បន្ទាប់​ពី​នាំ​គាត់​ទៅ​ថត​ CT កាល​ពី​ថ្ងៃទី​3មីនា​ថា ៖ “លោក​ចូល​ចិត្ត​ទិដ្ឋ​ភាព​ថ្ងៃ​រៀប​លិច​ដែរ​ទេ?”។

    អ្នក​ជំងឺ​វ័យ​ 87​ឆ្នាំ​ ដែល​កំពុង​ស្ថិត​នៅលើ​គ្រែ​សម្រាប់​អ្នក​ជំងឺ ក៏​ឆ្លើយ​ថា “វា​ស្អាត​ខ្លាំង​ណាស់​”។ បាន​ឮ​ដូច្នេះ វេជ្ជ​បណ្ឌិត​ Liu ក៏បាន​រុញ​គ្រែ និង​​អ្នក​ជំងឺដោយ​​ថ្នម​ៗ​ ចេញ​ទៅ​ខាង​ក្រៅ​​មន្ទីរ​ពេទ្យ​ និង​គយ​គន់​ទិដ្ឋ​ភាព​ថ្ងៃ​រៀប​លិច​ជា​មួយ​គ្នា​។

    អ្នក​ជំងឺ​ស្ថិត​នៅ​លើ​គ្រែ​ ចំណែក​លោកវេជ្ជ​បណ្ឌិត​ Liu ស្ថិត​ក្នុង​សម្លៀក​បំពាក់​ការ​ពារ​មេរោគ​ ដែល​គ្រប​ដណ្ដប់​ជិត​ពី​ក្បាល​ ដល់​ចុង​ជើង​។ អ្នក​ទាំង​2 បាន​ឆ្លៀត​ឱកាស​ដ៏កម្រ​នេះ​ដើម្បី​ទទួល​យក​ពន្លឺ​ស្រាល​ៗ​ពី​ព្រះ​អាទិត្យ​ដែល​កំពុង​តែ​រៀប​អស្ដង្គត នៅ​ឯទីក្រុង​ Wuhan ប្រទេស​ចិន​។ រូប​ថត​​ត្រូវ​បាន​ថត​ដោយ​បុគ្គលិក​ពេទ្យ​ម្នាក់​ដែល​ដើរ​ជាមួយ​ពួក​គេ​ បាន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​នៅ​លើ​សណ្ដាញ​សង្គម ក៏​ដូច​ជា​សារព័ត៌មាននៅ​​ប្រទេស​ចិន​កាល​ពី​ម្សិល​មិញ​ បន្ទាប់​ពី​វា​ត្រូវ​បាន​បង្ហោះ​ និង​ចុះ​ផ្សាយ​។

    លោក​វេជ្ជ​បណ្ឌិត​ Liu ថ្លែង​ថា “អ្នក​ជំងឺ​នេះ​ មិន​បាន​ឃើញ​ពន្លឺ​ថ្ងៃ​អស់​រយៈ​ពេល​1ខែ​មកហើយ​។ គាត់​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ នៅ​ពេល​បាន​ឈរ​ក្រោម​កម្ដៅ​ព្រះអាទិត្យ​ជា​មួយ​គ្នា​”។ លោក Liu ឱ្យ​ដឹងថា ខ្លួន​គាត់ផ្ទាល់​ ​ដូច​ជា​មិន​មាន​ឱកាស​មើល​ឃើញ​ព្រះ​អាទិត្យ​ ព្រោះ​តែ​បាន​ចំណាយ​ពេល​ច្រើន​នៅ​ក្នុង​មន្ទីរ​ពេទ្យ​។

    បន្ទាប់​ពី​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម រូប​ថត​ខាង​លើ​ បាន​ធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញសង្គម​នៅ​ប្រទេស​ចិន​។ មនុស្ស​ម្នាក់​​បាន​បញ្ចេញ​មតិ​ថា “មិន​ត្រឹម​តែ​ព្រះអាទិត្យ​នោះ​ទេ ប៉ុន្តែ​រូប​ថត​នេះ​ក៏​បាន​បង្ហាញ​អំពី​ក្ដី​សង្ឃឹម​ ឬ​ទិដ្ឋ​ភាព​ដ៏កក់​ក្ដៅ​ ដោយ​ពន្លឺ​នៅ​ចំពី​មុខ​របស់​ពួកគេ​”។

    ក្រោយ​មក លោក​វេជ្ជ​បណ្ឌិត​ Liu ក៏បាន​នាំ​អ្នក​ជំងឺ​នេះ​ត្រឡប់​ចូល​មន្ទីរពេទ្យ​វិញ ហើយ​អ្ន​ក​ជំងឺ​នេះ​ក៏បាន​សម្រាន្ត​លង់​លក់​ទៅ​។

    វេជ្ជ​បណ្ឌិត​ Liu បាន​រៀប​រាប់​ថា អ្នក​ជំងឺ​វ័យ 87​ឆ្នាំ​រូប​នេះ កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​ធ្ងន់​ធ្ងរ ប៉ុន្តែ ក្រុម​គ្រូ​សារ​មិន​អាច​មក​មើល​អ្នក​ជំងឺ​ញឹក​ញាប់​បាន​ ដោយ​សារ​បញ្ហា​សុវត្ថិ​ភាព​ និង​ការ​ដើរ​ហើរ​។ ដូច្នេះ អ្នកជំងឺ​នេះ​ត្រូវ​បាន​ថែ​ទាំង​ដោយ​ក្រុម​បុគ្គលិក​ពេទ្យ​។

    ក្នុង​រយៈ​ពេល​20ថ្ងៃ​នៃ​ការ​ព្យា​បាល​ សុខ​ភាព​របស់​អ្នក​ជំងឺ​ខាង​លើ ក៏បាន​ល្អ​ប្រសើរ​ឡើង​វិញ​បន្តិច​ម្ដង​ៗ។ នេះ​បើ​តាម​ Global Times។

    ក្រុម​របស់​លោក​វេជ្ជ​បណ្ឌិត​ Liu កំពុង​តែ​ធ្វើ​ការ​នៅ​ឯ​មន្ទីរពេទ្យ​ Renmin នៃ​មហាវិទ្យា​ល័យ​ Wuhan ដែល​ជា​កន្លែង​សម្រាប់​ព្យា​បាល​អ្នក​ជំងឺ​​ដែល​មាន​អាការ​ធ្ងន់​ធ្ងរ​ ឬ​កំពុង​​ប្រឈមនឹង​ការ​បាត់​បង់​ជីវិត​។

    លោក Liu បន្ត​ថា “អ្នកជំងឺ​ស្ទើរ​តែ​ទាំង​អស់​ មាន​សុខ​ភាព​ល្អ​ឡើង​វិញ​​ ហើយ​អ្នក​ជំងឺ​មួយ​ចំនួន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញ​ពី​មន្ទីរពេទ្យ​”៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ដោយ​សារ​តែ​ភ័យ​ខ្លាចឆ្លងមេរោគ Corona មនុស្ស​ម្នានាំ​គ្នា​ទប់​ស្កាត់​អ្នក​ស្រុក​ Wuhan ដូច​ទប់​ស្កាត់ ​”ខ្មោច​ឆៅ”

    ដោយ​សារ​តែ​ភ័យ​ខ្លាចឆ្លងមេរោគ Corona មនុស្ស​ម្នានាំ​គ្នា​ទប់​ស្កាត់​អ្នក​ស្រុក​ Wuhan ដូច​ទប់​ស្កាត់ ​”ខ្មោច​ឆៅ”

    “ខ្ញុំ​មិន​យល់​ទាល់​តែ​សោះ។ សូម្បី​តែ​ពេល​អ្នក​ស្រុក​យើង​ខ្ញុំ​ជា​ “ខ្មោច​ឆៅ” យើង​ខ្ញុំ​គ្មាន​សិទ្ធិ​នៅ​ក្នុង​ផ្ទះ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ដែរ​ មែន​ទេ​? ពេល​នេះ​ ខ្ញុំ​ត្រូវ​គេ​ដេញ​ចេញ​ ហើយ​មិន​ដឹង​ថា​ត្រូវ​ទៅ​ទី​ណា​”។ នេះ​ជា​សំនេរ​ខ្លះ​ៗ​របស់​អ្នកទេស​ចរណ៍​ Wuhan ម្នាក់​។

    អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Weibo របស់​ចិន នាង Ludougao បាន​បង្ហោះ​សារ​មួយ​ដ៏​គួរ​ឱ្យ​អាណិត​ ដោយ​ប្រាប់​ថា នាង​ត្រូវ​គេ​ដេញ​ពី​ផ្ទះ​សំណាក់​មួយ​នៅ​ឯ​ទី​ក្រុង Changsha នៃ​ខេត្ត​ Hunan ប្រទេស​ចិន​ ព្រោះ​តែ​នាង​ជា​អ្នក​ស្រុក​ Wuhan។

    Ludougao បាន​ចាក​ចេញពី​ក្រុង​ Wuhan នៃ​ខេត្ត Hubei កាល​ពី​ថ្ងៃ​ទី20មករា ពោល​គឺ​ 3ថ្ងៃ​មុន​ការ​ដាក់​បម្រាម​គោចរ​​ ព្រោះ​តែ​ការ​រាត​ត្បាត​នៃ​មេរោគ​​រលាក​សួត​ថ្មី Corona (nCoV)។ នៅ​លើ​បណ្ដាញ​សង្គម Weibo នាង​ Ludougao បាន​ឱ្យ​ដឹងថា អ្នក​ទេស​ចរណ៍​មក​ពី​ក្រុង​ Wuhan ដូច​ជា​រូប​នាង ពេល​នេះ​មិន​​បាន​ទទួល​ស្វាគមន៍​ឱ្យ​ស្នាក់​នៅ​ក្នុង​ ខេត្ត Hunan នេះ​ទេ។​

    នាង Ludougao សរសេរ​នៅ​លើ​ Weibo កាល​ពី​ថ្ងៃទី​ 26មករា​ថា ៖ “ខ្ញុំ​បាន​ត្រឹម​តែ​ស្វែង​រក​ជំនួយ​នៅ​ទី​នេះ ព្រោះ​ខ្ញុំ​បាន​ដើរ​ដល់​ផ្លូវ​ទាល់​ហើយ​”។

    Ludougao បាន​ទៅ​កាន់​ស្ថានីយ​រថ​ភ្លើង ប៉ុន្តែ​មិន​មាន​​រថភ្លើង​ណា​មួយ​ត្រឡប់​ទៅ​កាន់​ក្រុង​ Wuhan សោះ​ឡើយ​។ នាង​បាន​ទាក់​ទង​ទៅ​កាន់​នគរបាល ហើយ​ត្រូវ​គេ​ណែ​នាំ​ឱ្យ​ទៅ​កាន់​ផ្ទះ​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​សម្រាប់​អ្នក​គ្មាន​ផ្ទះ​សម្បែង។ នាង​ក៏​បាន​ទូរស័ព្ទ​ទៅ​កាន់​លេខ​បន្ទាន់​ (Hotline) របស់អភិបាល​​ក្រុង​ Wuhan ប៉ុន្តែ​គ្មាន​ប្រយោជន៍។ នាង​ថែម​ទាំង​បាន​ទាក់​ទង​ទៅ​កាន់​សណ្ឋាគារ​ និង​ផ្ទះ​សំណាក់​ជាង​ 10 កន្លែង​ ប៉ុន្តែ សុទ្ធ​តែ​ត្រូវ​គេ​បដិសេធ។

    Ludougao បាន​សរសេរ​ថា ៖ “ខ្ញុំ​មិន​យល់​ទាល់​តែ​សោះ។ សូម្បី​តែ​ពេល​អ្នក​ស្រុក​យើង​ខ្ញុំ​ជា​ “ខ្មោច​ឆៅ” យើង​ខ្ញុំ​គ្មាន​សិទ្ធិ​នៅ​ក្នុង​ផ្ទះ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ដែរ​ មែន​ទេ​? ពេល​នេះ​ ខ្ញុំ​ត្រូវ​គេ​ដេញ​ចេញ​ ហើយ​មិន​ដឹង​ថា​ត្រូវ​ទៅ​ទី​ណា​”។

    បើ​ទោះ​ជា​ក្រោយ​មក​ត្រូវ​បាន​លុប​ចោល​ ប៉ុន្តែ សំនេរ​របស់ Ludougao បាន​ត្រូវ​គេ​ចែក​រំលែក​ពាស​ពេញ​បណ្ដាញ​សង្គម​ រហូត​ធ្វើ​ឱ្យ​អ្នក​ត្រួត​ពិនិត្យ​ខ្លឹម​សារ​នៅ​ Changsha ចាប់​អារម្មណ៍ និង​បាន​បញ្ជូន​ព័ត៌មាន​នេះ​ទៅ​កាន់​អាជ្ញា​ធរ​ក្រុង​ ទើប​ក្រោយ​មក​ Gudougao ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​មួយ​ នៅ​យប់​ថ្ងៃ​ទី​ 26មករា។

    ភ្នាក់​ងារ​សារ​ព័ត៌មាន CNN បាន​ទាក់​ទង​ Ludougao ហើយ​នាង​បាន​ប្រាប់​ថា ខ្លួន​បាន​បង្ហោះ​សារ​នោះ ហើយ​ក្រោយ​មក អាជ្ញា​ធរ​បាន​ទាក់​ទង​មក​នាង​ ប៉ុន្តែ​ Ludougao បាន​បដិសេធ​ការ​បញ្ចេញ​មតិ​បន្ថែម​លើ​រឿង​នេះ​។ Ludougao មិន​មែន​ជា​មនុស្ស​​តែ​ម្នាក់​ដែល​បាន​ជួប​បញ្ហា​នេះ​នោះ​ទេ​។ នៅ​ក្នុង​ខេត្ត​ Yunnan មាន​ភ្ញៀវ​ទេស​ចរណ៍​មក​ពី​ខេត្ត​​ Hubei ជា​ច្រើន​​មិន​អាច​រក​បាន​កន្លែង​ស្នាក់​នៅ ហើយបាន​ទាក់​ទង​ទៅ​កាន់​អាជ្ញាធរ​មូល​ដ្ឋាន​ដើម្បី​សុំ​ជំនួយ​។

    មិន​ត្រឹម​តែ​ភ្ញៀវ​ទេស​ចរណ៍​នោះ​ទេ​ដែល​ត្រូវ​គេ​រើស​អើង សូម្បី​អាជ្ញាធរ​មូល​ដ្ឋាន​មួយ​ចំនួន​ក៏​មាន​ការ​ប្រុង​ប្រយ័ត្ន​ជាមួយ​ពលរដ្ឋ​ដែល​ត្រឡប់​មក​ពី​ក្រុង​ Wuhan ក្រោយ​បុណ្យ​ចូល​ឆ្នាំ​ចិន​។ នៅ​ទី​ក្រុង​ធំ​ៗ​មួយ​ចំនួន ដូច​ជា​ សៀងហៃ និង​ក្វាង​ចូវ​ជា​ដើម អាជ្ញាធរ​មូល​ដ្ឋាន​ក៏​ទទួល​បាន​បញ្ជា​ឱ្យ​ទៅ​ត្រួត​ពិនិត្យ​ដើម្បី​ស្វែង​រក​អ្នក​ដែល​ទើប​មក​ពី​ក្រុង​ Wuhan រួច​រាយការណ៍​ទៅ​ថ្នាក់​លើ​។

    Eric Chen អាយុ 33ឆ្នាំ មក​ពី​ក្រុង​ Jingzhou នៃ​ខេត្ត Hubei ដែល​បច្ចុប្បន្ន​រស់​នៅ​ និង​ធ្វើ​ការ​ក្នុង​ក្រុង Zhejiang បាន​ឱ្យ​ដឹង​ថា អ្នក​ស្រុក​នៅ​ទី​នេះ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​​ជា​មួយ​និង​ពល​រដ្ឋ​មក​ពី​ Wuhan។ សូម្បី​តែ​ឃើញ​រថយន្ត​ដែល​មាន​ស្លាក​លេខ​ Wuhan ក៏​ពួក​គេ​រាយ​ការណ៍​ទៅ​នគរ​បាល​ដែរ​។

    ភូមិ​ស្រុក​ជា​ច្រើន​នៅ​ជនបទ​ បាន​បង្កើត​ក្រុម​ល្បាត​ដើម្បី​ទប់​ស្កាត់​អ្នក​ស្រុក Wuhan។ រូប​ភាព​ដែល​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជា​ច្រើន​បង្ហាញ​ថា ផ្លូវ​ជា​ច្រើន​ត្រូវ​បាន​គេ​បិទ​ដោយ​រថយន្ត​ដឹក​ទំនិញ ត្រាក់​ទ័រ ដើម​ឈើ ឬ​គាស់​ផ្លូវ​ដើម្បី​ស្កាត់​មិន​ឱ្យ​មនុស្ស​ចម្លែក​ចូល​ភូមិ​។ ស្ថាន​ការណ៍​បាន​ធ្ងន់​ធ្ងរ​រហូត​ធ្វើ​ឱ្យ​ក្រសួង​ដឹក​ជញ្ជូន​ចិន​ ត្រូវ​ចេញសេចក្ដី​ប្រកាស​ ព្រមាន​មិន​ឱ្យ​ប្រជា​ពលរដ្ឋ​​បិទ​ផ្លូវ​ដោយ​ខុស​ច្បាប់។

    ជាង​នេះ មាន​តំបន់​ខ្លះ​មាន​អំពើ​ជ្រុល​និយម​មួយ​ចំនួន​​ដែល​រើស​អើង​ចំពោះ​ពល​រដ្ឋ​មក​ពី​ក្រុង Wuhan​ ដូច​ជា​ការ​បិទ​ទ្វារ​ដោយ​ក្រដាស​ ឈើ ឬ​ដែក​ និង​មាន​សរសេរ​ថា ៖ “នេះ​គឺជា​ផ្ទះ​របស់​អ្នក​ដែល​ត្រឡប់​មក​ពី​ Wuhan សូមកុំ​នៅ​ក្បែរ​ពួកគេ”។

    ការ​រើស​អើង​ដ៏​ធ្ងន់ធ្ងរ​ចំពោះ​អ្នក​ស្រុក​ Wuhan បាន​នាំ​ឱ្យ​ទី​ភ្នាក់​ងារ​សារ​ព័ត៌មាន​​ People’s Daily ដែល​ជា​អ្នក​នាំ​ពាក្យ​ផ្លូវ​ការ​របស់​បក្ស​កុម្មុយ​និស្តចិន​ ចាប់​អារម្មណ៍​។ នៅ​ក្នុង​អត្ថបទ​មួយ​ដែល​បង្ហោះ​នៅ​លើ​កម្មវិធី​ទូរស័ព្ទ​ កាល​ពី​ថ្ងៃ​ទី​ 27មករា People’s Daily បាន​ទទួល​ស្គាល់​ថា​ មាន​សកម្ម​ភាព​ប្រមាថទៅ​លើ​អ្នក​ស្រុក​ Wuhan និង​ខេត្ត​ Hubei។ កាសែត​នេះ​​ក៏​បាន​ឱ្យ​ដឹង​ថា អាជ្ញា​ធរ​មូល​ដ្ឋាន​​ជា​ច្រើន​បាន​ប្រើ​ប្រាស់​វិធានការ​គ្រប់​គ្រង​ និង​ទប់​ស្កាត់​ពល​រដ្ឋ​មក​ពី​ Wuhan មិន​ឱ្យ​ចូល​ក្នុង​តំបន់​របស់​ពួកគេ​ ឬ​ស្នាក់​នៅ​ក្នុង​សណ្ឋា​គារ​ក្នុង​តំបន់​។ អាជ្ញាធរ​ក្រុង​ Wuhan បាន​បញ្ជាក់​ថា ពល​រដ្ឋ​ប្រមាណ​ 5លាន​នាក់​បាន​ចាក​ចេញ​ពី​ក្រុង Wuhan ក្នុង​រដូវ​បុណ្យ​ចូល​ឆ្នាំ​ចិន​ នៅ​មុន​ពេល​អាជ្ញាធរ​ប្រកាស​បិទ​ទី​ក្រុង​នេះ​នៅ​ថ្ងៃ​ទី 23មករា។

    ផែនទី​ទិន្ន​ន័យ​ដែល​បង្ហាញ​ពី​ការ​កើន​ឡើង​នៃ​ករណី​ឆ្លង​ និង​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា

    យ៉ាង​ណា​ក៏ដោយ មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ គេ​ក៏​ឃើញ​មាន​វិធាន​ការ​មួយ​ចំនួន​របស់​រដ្ឋ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ជួយ​ដល់​ពលរដ្ឋ​មក​ពី​ក្រុង Wuhan ក៏ដូច​ជា​ខេត្ត Hubei។ កាល​ពី​ថ្ងៃ​ទី 26មករា​​ មន្ទីរ​ទេស​ចរណ៍ និង​វប្បធម៌​ខេត្ត Yunnan បាន​ស្នើ​ឱ្យ​អាជ្ញា​ធរ​ក្រុង​ទាំង​អស់​នៅ​ក្នុង​ខេត្ត​នេះ រៀប​ចំ​សណ្ឋា​គារ​យ៉ាង​តិច​ចំនួន​មួយ​សម្រាប់​ភ្ញៀវ​ទេស​ចរណ៍​ដែល​មក​ពី​ខេត្ត Hubei។

    សកម្មភាព​រៀប​ចំ​សណ្ឋា​គារ​ដូច​ខាង​លើ​នេះ​ក៏​ត្រូវ​បាន​អាជ្ញា​ធរ​ខេត្ត និង​ក្រុង​ជា​ច្រើន​ក្នុង​ប្រទេស​ចិន​​ យក​មក​អនុវត្ត​តាម​។ មន្ទីរ​ទេស​ចរណ៍ និង​វប្បធម៌​ក្រុង​ Wuhan ក៏​បាន​បង្កើត​ និង​ប្រកាស​បង្ហាញ​តារាង​​ឈ្មោះ​សណ្ឋាគារ​​ដែល​ត្រូវ​បាន​គេ​រៀប​ចំ​ឡើង​សម្រាប់​ទទួល​ភ្ញៀវ​ទេស​ចរណ៍​មក​ពី​ក្រុង Wuhan ប៉ុន្តែ គេ​មិន​ទាន់​ដឹង​ថា មាន​ប្រសិទ្ធភាព​កម្រិត​ណា​នៅ​ឡើយ​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស​