Tag: អ៊ុន អាលីហ្សា

  • អ៊ុន អាលីហ្សា សម្រេចក្ដីប្រាថ្នាសម្ដែងជាមួយអ្នកនាង អម្ពរ ទេវី

    អ៊ុន អាលីហ្សា សម្រេចក្ដីប្រាថ្នាសម្ដែងជាមួយអ្នកនាង អម្ពរ ទេវី

    នៅពេលថ្មីៗនេះ តារាសម្ដែងស្រីនាង អ៊ុន អាលីហ្សា បានបង្ហើបប្រាប់ឱ្យដឹងថា នាងពិតជាមានក្ដីសោមនស្សបំផុត ខណៈដែលទទួលបានការអញ្ចើញឱ្យសម្ដែងក្នុងរឿងភាគថ្មី ជាមួយកំពូលតារាសម្ដែងជើងចាស់គឺ អ្នកនាង អម្ពរ ទេវី ដែលជាស្នាដៃវណ្ណកម្មផលិតរបស់ក្រុមហ៊ុន Red Picture។

    តារាសម្ដែង និងជាថៅកែស្រីម្ចាស់ហាងសម្អាងការរូបនេះបានបង្ហើបប្រាប់ថា «នៅក្នុងរឿង “ឆាំពាន” នេះ នាងខ្ញុំត្រូវសម្ដែងជាក្មួយរបស់អ្នកបងអម្ពរ ទេវី ដែលសម្ដែងជា​ប្រ​ធានក្រុមហ៊ុន ហើយខ្ញុំជាអនុប្រធានក្រុមហ៊ុន។ ខ្ញុំស្រឡាញ់សមត្ថភាពអ្នកបងអម្ពរ ទេវី ជាយូរមកហើយ ​ឥឡូវ​ទើបបានសម្រេចបំណងដ៏ធំនេះ ខ្ញុំសប្បាយចិត្តណាស់ព្រោះខ្ញុំក៏ទទួលបានបទពិសោធច្រើនដែរពីអ្នកបងទេវី ។ ខ្ញុំសង្ឃឹមថា ពេលថតរឿងនេះចប់ ថ្ងៃណាមួយខ្ញុំនឹងបានរួមការងារ​ថ្មីជាមួយគាត់​ម្ដងទៀតនៅរឿង​ផ្សេងទៀត​ជាមិនខាន»។

    សូមជម្រាបបន្ថែមថា រឿងភាគថ្មីដ៏ល្អឯកមួយនេះ ត្រូវបានសម្រិតសម្រាំងឡើងដោយជ្រើសរើសតួសម្ដែងដែលមានបទពិសោធសម្ដែងច្រើនឆ្នាំ និងមានឈ្មោះល្បីផងដែរ ហើយរឿងនេះទៀតសោត បានគ្រោងចំណាយទុនអស់ដល់ខ្ទង់ម៉ឺនដុល្លារ​ឯណោះ ដោយរំពឹងទុកថា និងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់មហាជនខ្មែរទាំងអស់៕

  • អ៊ុន អាលីហ្សា បិទបាំងមុខស្នេហានៅថ្ងៃខួបកំណើតខ្លួន

    អ៊ុន អាលីហ្សា បិទបាំងមុខស្នេហានៅថ្ងៃខួបកំណើតខ្លួន

    នៅថ្ងៃទី13 ខែធ្នូ ឆ្នាំ2017 នេះ តារាសម្តែង និងជាមន្ត្រីនគរបាល កញ្ញា អ៊ុន អាលីហ្សា បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលបង្ហាញពីក្ដីរំភើបសប្បាយរីករាយនៅក្នុងថ្ងៃខួបកំណើតរបស់នាង ព្រមទាំងបញ្ចេញសារផ្អែមល្ហែមនៅលើបណ្ដាញសង្គមហ្វេសប៊ុកឱ្យមហាជនបានភ្ញាក់ផ្អើលទៀតផង។

    នៅថ្ងៃម្សិលមិញទី12 ខែធ្នូ ឆ្នាំ2017 គឺជាថ្ងៃខួបកំណើតរបស់កញ្ញា អ៊ុន អាលីហ្សា និងអ្វីដែលធ្វើឱ្យនាងរំភើបចិត្តបំផុតនោះគឺ បុរសជាគូស្នេហារបស់នាងបានរៀបចំកម្មវិធីភ្ញាក់ផ្អើលមួយសម្រាប់នាង ហើយតារាស្រីរូបនេះបានបញ្ជាក់ថា «Thanks you honey សម្រាប់យប់នេះ អូនពិតជារំភើបណាស់ ទោះជាយើងនៅឆ្ងាយពីគ្នាក៏ដោយ ក៏បេះដូងយើងនៅជិតគ្នារហូត អូនស្រឡាញ់បង»។ មានមតិមហាជនជាច្រើនបានលាន់មាត់ថា ហេតុអ្វីបានជាអ៊ុន អាលីហ្សា ចាំបាច់បិទបាំងមិនបង្ហាញមុខគូស្នេហ៍ធ្វើអ្វី បើមើលទៅផ្អែមល្ហែម និងរស់នៅជាមួយគ្នាទៅហើយនោះ?។

    គួរបញ្ជាក់ផងដែរថា ប្រភពដែលសារព័ត៌មានឡារ៉ែនទទួលបានក៏បញ្ជាក់ឱ្យដឹងដែរថា «អ៊ុន អាលីហ្សា មានទំនាក់ទំនងស្នេហាជាមួយបុរសអ្នកជំនួញម្នាក់នោះជាយូរណាស់មកហើយ ហើយចាស់ទុំក៏បានដឹងឮដែរ»។ ប្រភពដដែលបានបន្តថា «នាងនៅលាក់បាំងមុខគូស្នេហ៍ ព្រោះតែនាងមិនទាន់មានគម្រោងរៀបការច្បាស់លាស់ ដូច្នេះហើយនាងសុំលាក់មុខអនាគតស្វាមីនេះសិន»៕

  • ចង់ដឹងអត់…ហេតុអ្វីបានជា អ៊ុន អាលីហ្សា ចូលធ្វើយោធា ?

    ចង់ដឹងអត់…ហេតុអ្វីបានជា អ៊ុន អាលីហ្សា ចូលធ្វើយោធា ?

    ខណៈមានតារាសម្ដែងជាច្រើនទាំងថ្មីទាំងចាស់កំពុងតែសម្រុកទទួលយកការសម្ដែងភាពយន្ដជាបន្ដបន្ទាប់នោះ ផ្ទុយទៅវិញកញ្ញា អ៊ុន អាលីហ្សា ជាតារាសម្ដែងមានបទពិសោធ និងទេពកោសល្យខ្ពស់ហាក់ដូចជាឃ្វាងគ្នាជាមួយការងារទាំងនេះ ពោលគឺនាងពុំសូវជាស្វះស្វែងជាមួយការសម្ដែងដូចមុនឡើយ។

    កញ្ញា អ៊ុន អាលីហ្សា បញ្ជាក់ថា ថ្មីៗនេះនាងក៏ទទួលបានការសម្ដែងខ្លះដែរ មិនមែនកាត់ផ្ដាច់ទាំងស្រុងទេ។ នាងបន្ដថា កន្លងមកមានផលិតកម្មជាច្រើនបានទាក់ទងនាងឱ្យសម្ដែងទាំងរឿងភាគ និងរឿងដុំ តែរូបនាងពុំសូវហ៊ានទទួលយកការងារច្រើនពេកទេព្រោះនាងខ្លាចធ្វើការងារឱ្យគេពុំបានល្អ ពុំទាន់ពេលវេលាបណ្ដាលឱ្យប៉ះពាល់ដល់កេរ្ដិ៍ឈ្មោះនាងដែលខំសាងមកយូរហើយ។ តើកញ្ញាអ៊ុន អាលីហ្សា ជាប់រវល់ការងារអ្វីទើបនាងសុខចិត្ដបដិសេធលុយនៅហ្នឹងមុខបែបនេះ?

    តារាសម្ដែងរូបនេះបានបញ្ជាក់ថា បច្ចុប្បន្ននាងកំពុងតែរវល់ជាមួយការងារខាងក្រៅច្រើន ហើយវាក៏ជាលក្ខណៈសិល្បៈដែរ តាមរយៈការច្រៀងពេលយប់នៅកន្លែងកម្សាន្ដចំនួន3 មាន Town Club, M2 និង Stone Café ពិសេសច្រៀងតាមកម្មវិធីមង្គលការ ព្រមទាំងកម្មវិធីនានា។ នាងបញ្ជាក់ថា៖ «ក្រៅពីធ្វើការងារទាំងនេះហើយ បច្ចុប្បន្នខ្ញុំជានិស្សិតផ្នែកយោធាដែលខ្ញុំត្រូវចំណាយពេលហ្វឹកហ្វឺននៅក្នុងសាលារយៈពេល6ខែ អ៊ីចឹងក្នុងរយៈពេលនេះខ្ញុំពុំអាចសម្ដែងបានទេ»។

    កញ្ញា អ៊ុន អាលីហ្សា បញ្ជាក់ថា មូលហេតុដែលធ្វើឱ្យនាងមានចំណូលចិត្ដចង់ធ្វើជាយោធាព្រោះនាងចង់ចូលរួមក្នុងការងារសង្គម។ ម្យ៉ាងនាងបានសម្លឹងទៅមើលប្រទេសជិតខាង ពិសេសលើពិភពលោកតែម្តងមានស្ដ្រីជាច្រើនបានចូលរួមបម្រើក្នុងការងារកងទ័ព ភាគច្រើនជាស្រ្ដីស្អាត។ នាងបញ្ជាក់ថា៖ «នៅស្រុកខ្មែរយើងអត់សូវមានស្រ្ដីចង់ចូលបម្រើការងារយោធាទេ ដូច្នេះក្នុងនាមខ្ញុំជាអ្នកសិល្បៈខ្ញុំក៏ចង់ចូលរួមការពារប្រទេសជាតិដែរ»។

    កញ្ញា អ៊ុន អាលីហ្សា ក៏បានបង្ហាញពីគោលជំហរថា មុនពេលសម្រេចចិត្ដចូលហ្វឹកហ្វឺនផ្នែកយោធា នាងបានតាំងចិត្ដជាស្រេចហើយ ដូច្នេះរាល់ការលំបាក និងឧបសគ្គនានា នាងត្រូវតែជម្នះធ្វើឱ្យបាន។

    នាងបន្ថែមថា៖ «ការងារនេះប្រសិនបើយើងចេះតែធ្វើទៅ ក៏វាល្អដែរ ព្រោះខ្ញុំជាស្រ្ដីពេលខ្លះចំណេះជំនាញទាំងនេះក៏អាចការពារខ្លួនបានទៀតផង។ ម្យ៉ាងខ្ញុំមានក្ដីស្រមៃមួយថា នៅពេលដែលមានគណៈប្រតិភូអន្ដរជាតិមកកាន់ស្រុកខ្មែរ គឺចង់ឱ្យពួកគាត់មើលឃើញថា កម្ពុជាក៏មានស្រី្ដស្អាតធ្វើជាយោធាច្រើនដែរ»។ ទោះយ៉ាងណានាងបញ្ជាក់ថា ការងារទាំងនេះកើតចេញពីឆន្ទៈរបស់នាង មិនមែនជាការផ្ដល់យោបល់ ឬជំរុញពីគ្រួសាររបស់នាងឡើយ៕