Tag: អេហ្ស៊ីប

  • មេទ័ព​កំពូល​របស់​ប្រទេស​អេហ្ស៊ីប​ បាន​ស្លាប់​ហើយ ដោយ​សារ​តែ​ឆ្លងមេរោគ COVID-19

    មេទ័ព​កំពូល​របស់​ប្រទេស​អេហ្ស៊ីប​ បាន​ស្លាប់​ហើយ ដោយ​សារ​តែ​ឆ្លងមេរោគ COVID-19

    កង​ទ័ព​អេហ្ស៊ីបបាន​ប្រកាស​ឱ្យ​ដឹង​ថា “ឧត្តមសេនីយ៍ Khaled Shaltout បាន​បាត់​បង់ជីវិត​” កាល​ពី​ម្សិល​មិញ ដែល​នេះ​ បាន​ធ្វើ​ឱ្យ​លោក​ក្លាយ​​​ជា​មេទ័ព​កំពូល​បំផុត​ ដែល​បាន​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ក្នុង​ប្រទេស​មជ្ឈិម​បូព៌ា​មួយនេះ​។

    ឧត្តម​សេនីយ៍ Shaltout បាន​ឆ្លង​វីរុស​ COVID-19 នៅ​ពេល​ដែល​កំពុង​ដឹក​នាំ​ទាហាន​របស់​លោក​ ដើរ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ នេះ​បើ​តាម​សេចក្ដី​ប្រកាស​កាល​ពី​ថ្ងៃទី​22​មីនា​។ យោធា​អេហ្ស៊ីប​បាន​ឱ្យ​ដឹង​ថា ពួកគេ​បាន​ដើរ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​នៅ​តាម​ទី​សាធារណៈ និង​ទីលាន​នានា​នៅ​ក្នុង​ទី​ក្រុង Cairo និង​ទីក្រុង​មួយ​ចំនួន​ផ្សេង​ទៀត​ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ COVID-19។

    អេហ្ស៊ីប បច្ចុប្បន្ន​បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ COVID-19 ជាង​320នាក់​ ក្នុង​នោះ​មាន​14​នាក់​បាន​បាត់​បង់ជីវិត​ និង​56​នាក់​បាន​ជា​សះស្បើយ​។ ប្រធានាធិបតី Abdel-Fattah el Sisi បានព្រមាន​ថា ចំនួន​អ្នក​ឆ្លង​រោគ COVID-19 អាច​នឹង​កើន​ឡើង​រាប់​ពាន់​នាក់ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ បើ​សិន​ប្រជាពល​រដ្ឋ​មិន​អនុវត្ត​តាម​វិធានការដែល​បាន​ដាក់​ចេញ​។

    ប្រធានាធិបតី Abdel-Fattah el Sisi បាន​ថ្លែង​ថា “ប្រជាជន​អេហ្ស៊ីប សូម​ជួយ​ដល់​យើង​ខ្ញុំ! យើង​ចង់​ឱ្យ​ពល​រដ្ឋ​គ្រប់​គ្នា​ មាន​ភាព​ទទួល​ខុស​​ត្រូវ​ជាង​​នេះ​ ក្នុង​អំឡុង​2សប្ដាហ៍​ទៀត ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​វីរុស COVID-19​ នៅ​អេហ្ស៊ីប​”។

    មុន​នេះ ប្រធានាធិបតី​អេហ្ស៊ីប បាន​ឱ្យ​ដឹង​ដែរ​ថា រដ្ឋាភិបាល​អេហ្ស៊ីប បាន​បែង​ចែក​ថវិកា​ជាង​6.3​ពាន់​លាន​ដុល្លារ​អាមេរិក​ សម្រាប់កិច្ច​ការ​​ប្រយុទ្ធ​ប្រឆាំង​នឹង​រោគ​រាត​ត្បាត COVID-19។

    ប្រទេស​អេហ្ស៊ីប បាន​បិទ​សាលា​រៀន និង​ស្នើ​ឱ្យ​គ្រប់​វិហារ​សាសនា​ ផ្អាក​ដំណើរ​ការ​បណ្ដោះ​អាសន្ន​រយៈ​ពេល​14​ថ្ងៃ​ ដើម្បី​កុំ​ឱ្យ​ក្រុម​សាសនិក​មាន​ឱកាស​​ជួប​ជុំ​គ្នា​។ ភោជនីយដ្ឋាន ហាង​កាហ្វេ ក្លិប​កម្សាន្ត និង​មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​ជា​ដើម​ ក៏ត្រូវ​បាន​ផ្អាក​ដំណើរ​ការ​។

    COVID-19 បាន​ឆ្លង​រាល​ដាល​នៅ​ប្រទេស​ចិន​ ចាប់​ពី​ខែធ្នូ ឆ្នាំ​2019 ហើយ​បាន​រាល​ដាល​​ដល់​ប្រទេស​ និង​ដែន​ដី​ចំនួន​192​ ក្នុង​ពិភពលោក បណ្ដាល​ឱ្យ​មនុស្ស​ជាង 338,720​នាក់​​បាន​ឆ្លង​រោគ និង​ជាង​14,680​នាក់​បាន​បាត់​បង់ជីវិត​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ទ្វីប​អាហ្វ្រិកមាន​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ COVID-19 ករណី​ដំបូង​

    ទ្វីប​អាហ្វ្រិកមាន​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ COVID-19 ករណី​ដំបូង​

    ក្រសួង​សុខាភិបាល​អេហ្ស៊ីប កាល​ពី​ថ្ងៃទី 14កុម្ភៈ បាន​ប្រកាស​ថា ប្រទេស​នេះ បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី COVID-19 ​ករណី​ដំបូង​គេ​បង្អស់នៅ​ក្នុង​ប្រទេស​របស់​ពួកគេ​ ហើយ​នេះ​ក៏​ជា​ការណី​ទី​1​នៅ​ទ្វីប​អាហ្វ្រិកផងដែរ​ បន្ទាប់​ពី​វីរុស​នេះ បាន​រាត​ត្បាត​ស្ទើរតែពេញ​ពិភពលោក​។

    តាម​រយៈសេចក្ដី​ប្រកាស​កាលពី​ម្សិល​មិញ​នេះ ក្រសួង​សុខាភិបាល​អេហ្ស៊ីប ឱ្យ​ដឹង​ថា អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​ (COVID-19) ដំបូង​នៅ​អាហ្វ្រិក​នេះ មិន​មែនជា​ជន​ជាតិ​អេហ្ស៊ីប​នោះ​ទេ​។ ប៉ុន្តែ សេចក្ដី​ប្រកាស​នេះ ក៏មិន​បាន​បញ្ជាក់​ថា អ្នក​ជំងឺ​មក​ពី​ប្រទេស​ណា​នោះ​ដែរ។

    អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​សុខាភិបាល​អេហ្ស៊ីប លោក Khaled Megahed ថ្លែងថា​ ៖ “ក្រសួង​សុខាភិបាល​កំពុង​អនុវត្ត​វិធាន​ការ​ទប់​ស្កាត់ និង​តាម​ដាន​សុខ​ភាព​អ្នក​ជំងឺ​ជាប់​ជា​និច្ច​”។ លោក​បន្ត​ថា សុខ​ភាព​របស់​អ្នក​ជំងឺ​នេះ នៅ​ល្អ​ប្រសើរ​នៅ​ឡើយ។

    អេហ្ស៊ីប​ក៏បាន​រាយ​ការណ៍​ករណី​នេះ​ទៅ​កាន់​អង្គការ​សុខ​ភាព​ពិភពលោក (WHO) ចំណេកអ្នក​ជំងឺ​ក៏​បាន​បញ្ជូន​ទៅកាន់​បន្ទប់​ដាច់​ដោយ​ឡែក​ហើយ​ដែរ​។ នេះ​បើ​តាម​សារ​ព័ត៌មាន​ SCMP។

    ទំនាក់​ទំនង​ពាណិជ្ជ​​កម្ម​ស៊ី​ជម្រៅ​របស់​បណ្ដា​ប្រទេស​ក្នុង​ទ្វីប​អាហ្វ្រិក ជាមួយ​នឹង​ប្រទេស​ចិន​ រួម​នឹង​ប្រព័ន្ធ​សុខាភិបាល​នៃ​បណ្ដា​ប្រទេស​ក្នុង​តំបន់​នេះ ធ្វើ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង ចំពោះ​សមត្ថ​ភាព​នៃការ​ទប់​ទល់​នឹង​អាសន្នរោគ​កូរ៉ូណា​ COVID-19 បើ​សិន​វីរុស​នេះ​ឆ្លង​រាល​ដាល​ខ្លាំង។

    កាល​ពី​ដើម​ខែ​មករា អេហ្ស៊ីប​បាន​ផ្អាក​ការ​ហោះ​ហើរ​ទាំង​អស់​នៃ​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ជាតិ​ ទៅ-មក​ប្រទេស​ចិន​។ ក្រៅ​ពី​នេះ អេហ្ស៊ីប​ក៏បាន​ជម្លៀស​ពលរដ្ឋ​របស់​ខ្លួន​ចំនួន​301នាក់ ចេញពី​ទីក្រុង​ Wuhan ប្រទេស​ចិន​ ហើយ​អ្នក​ទាំង​នោះ​ក៏​កំពុង​ស្ថិត​ក្នុង​បន្ទប់​ដាច់​ដោយ​ឡែក​​។

    គិត​មក​ដល់​ថ្ងៃទី​15កុម្ភៈ​នេះ វីរុស​កូរ៉ូណា COVID-19 បាន​ឆ្លង​ទៅ​កាន់​មនុស្ស​ជាង 67,100​​នាក់ និង​បាន​សម្លាប់​មនុស្ស​ 1,526នាក់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស