Tag: អេស៊ីលីដា

  • វិនិយោគគិនជប៉ុន និងកម្ពុជា ប្រមាណ 60 ក្រុមហ៊ុន រៀបចំវេទិកា​មួយ​ដើម្បី​​ស្វែងយល់​ដោយ​ផ្ទាល់​ពីឱកាស និង​សក្តានុពល​វិនិយោគ​នៅស្រុក​ខ្មែរ

    វិនិយោគគិនជប៉ុន និងកម្ពុជា ប្រមាណ 60 ក្រុមហ៊ុន រៀបចំវេទិកា​មួយ​ដើម្បី​​ស្វែងយល់​ដោយ​ផ្ទាល់​ពីឱកាស និង​សក្តានុពល​វិនិយោគ​នៅស្រុក​ខ្មែរ

    កាល​ពីថ្ងៃ​ទី 20 ខែវិច្ឆិកា 2023 វេទិកា «ធុរកិច្ច ភាពជា​ដៃគូ​ពាណិជ្ជកម្ម​កម្ពុជា និង​វិនិយោគិន​ជប៉ុន» ដើម្បី​សិក្សា​ស្វែងយល់​ដោយ​ផ្ទាល់​ពីឱកាស និង​សក្តានុពល​វិនិយោគ​នៅ​ក្នុង ​កម្ពុជា ក៏​ដូចជា​ការស្វែងរក​ដៃគូ និង​ កិច្ច​សហប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន ត្រូវ​បាន​រៀប​ចំ​ឡើងដោយ​មាន​ការ​ផ្តូចផ្តើម​ពី​ធនាគារ អេស៊ីលីដា និង សហការដោយ​សមាគម​ជប៉ុន-កម្ពុជា។

    ជំនួប​ធុរកិច្ចនេះ​រៀបចំឡើងនៅទី​ស្នាក់ការកណ្តាលរបស់ធនាគារ អេស៊ីលីដា ដោយមានការចូលរួមពីអ្នកវិនិយោគជប៉ុនមក​ពី​ 28 ក្រុមហ៊ុន និង អ្នកវិនិយោគកម្ពុជា មក​ពី​​ក្រុមហ៊ុន​ជាង​ 30 ស្ថាប័ន​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ ក្រសួង​ព័ត៌មាន​ កាល​ពី​ដើម​សប្ដាហ៍​នេះ​។

    លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិធនាគារ អេស៊ីលីដា ឱ្យ​ដឹង​ថា ជំនួប​ធុរកិច្ច​ខាង​លើ​នេះ​គឺ​ជាឱកាសសម្រាប់ឱ្យអ្នកវិនិយោគកម្ពុជា-ជប៉ុន ជួបគ្នា និង​សិក្សា​ស្វែងរក​អត្ថប្រយោជន៍​រួម​នៃ​ការវិនិយោគ​ដ៏​មាន​សក្តានុពល​នៅ កម្ពុជា។

    វិនិយោគិន​ជប៉ុន​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​ក្នុង​ការ​វិនិយោគ​នៅ​លើ​ទឹក​ដី​កម្ពុជា ដែល​ជា​ទីកន្លែង​ផ្តល់​នូវ​សុខ​សន្តិភាព​ពេញ​លេញ និងសម្បូរ​បែប។

    នេះជាលើកទីបី​ហើយដែលធនាគារ អេស៊ីលីដា សហការជាមួយសមាគម​ជប៉ុន-កម្ពុជា រៀបចំវេទិកា «​ធុរ​កិច្ច រវាង​ដៃគូ​ពាណិជ្ជកម្ម​កម្ពុជា និង​វិនិយោគិន​ជប៉ុន»។ វេទិកានេះ ត្រូវបានគេរំពឹងថា ​ជា​ជំនួប​ដ៏​វិសេស​វិសាល ដើម្បី​ពង្រឹង និង​ បំពេញ​តម្រូវការ​ជូន​ធុរជន​ក្នុងការស្វែងយល់ពីវិស័យធុរកិច្ចនានា​នៅ​កម្ពុជា​៕

  • ស្ថាប័នហិរញ្ញវត្ថុ 6 ផ្តល់កម្ចី​លើការអប់រំ​វិស័យ​ទេសចរណ៍

    ស្ថាប័នហិរញ្ញវត្ថុ 6 ផ្តល់កម្ចី​លើការអប់រំ​វិស័យ​ទេសចរណ៍

    ស្ថាប័នហិរញ្ញវត្ថុ​ចំនួន6 ចាប់ផ្តើម​ផ្តល់ប្រាក់​កម្ចី​ជាពិសេស​ដើម្បី​ជួយ​ដល់​និស្សិត​សម្រាប់​ការអប់រំ​វិស័យ​ទេសចរណ៍។ កម្មវិធី​នេះ​ព្យាយាម​ដោះស្រាយ​បញ្ហា​កង្វះ​អ្នកជំនាញ​ទេសចរណ៍​ដោយ​លើកកម្ពស់​លទ្ធភាព​ទទួល​បាន​ឥណទាន​របស់​និស្សិត​ដែល​នឹងត្រូវ​ប្រើប្រាស់​ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ដល់​វគ្គ​សិក្សា​នៅតាម​សាកលវិទ្យាល័យ និង​មជ្ឈមណ្ឌល​វិជ្ជាជីវៈ។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួងទេសចរណ៍។

    សេចក្តីប្រកាស​នេះ​បានឱ្យដឹងថា ស្ថាប័នហិរញ្ញវត្ថុ​ចំនួន6 រួមមានៈ ធនាគារ អេស៊ីលីដា​(ACLEDA Bank) ធនាគារ កាណាឌីយ៉ា (Canadia Bank) ហ្វូ​តា​បាមីក្រូហិរញ្ញវត្ថុ (Futaba Micro Finance) ហត្ថា​កសិករ លីមីត​ធី​ត (Hattha Kaksekar Limited)​ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ក្រេ​ឌី​ត​(KREDIT Microfinance Institution Ltd) និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ សេ​អឹម​កា CMK Microfinance Institution បាន​ចូលរួម​ក្នុង​គម្រោង​ហិរញ្ញប្បទាន​ដែល​ដឹកនាំ​ដោយ​រដ្ឋាភិបាល។

    ក្រសួង​បាន​បន្ត​ឱ្យដឹងថា ដំណើរការ​ទាក់ទង​នឹង​ការធានា​ប្រាក់កម្ចី គឺមាន​លក្ខណៈសាមញ្ញ​ហើយ​លក្ខខណ្ឌ​ត្រូវបាន​រក្សាទុក​ទាប រួមទាំង​មិនមាន​តម្រូវការ​វត្ថុ​បញ្ចាំ។ ការទូទាត់​នឹងមាន​រយៈពេល​ប្រហែល 7ឆ្នាំ ដោយ​អ្នក​ខ្ចី​អាចមាន​ជម្រើសផ្សេងៗដើម្បី​សង​ប្រាក់កម្ចី​ក្នុង​អត្រា​ការប្រាក់​ទាប។

    ក្រសួង​បានបញ្ជាក់​ទៀតថា ការទូទាត់​សង​មាន​ច្រើន​ជម្រើស​ដែល​រួមមាន៖
    -នៅក្នុង​អំឡុងពេល​សិក្សា អ្នក​ខ្ចី​អាច​បង់​សង​តែ​ការប្រាក់​ប្រមាណ 4ដុល្លារ​ក្នុង 1ខែ​សម្រាប់​ទំហំ​ប្រាក់កម្ចី​ចំនួន 500ដុល្លារ។
    -នៅក្នុង​អំឡុងពេល​សិក្សា អ្នក​ខ្ចី​អាច​បង់ប្រាក់​ដើម និង​ការប្រាក់​ប្រមាណ 46ដុល្លារ​ក្នុង 1ខែ​ក្នុង​រយៈពេល 1ឆ្នាំ​សម្រាប់​ទំហំ​ទឹកប្រាក់​កម្ចី​ចំនួន 500ដុល្លារ។
    -បន្ទាប់ពី​បញ្ចប់​ការសិក្សា ពេល​រក​ការងារ​ធ្វើបាន​ហើយ ទើប​អ្នក​ខ្ចី​បង់​សង​ក៏បាន ដែលមាន​ទាំង​ប្រាក់​ដើម និង​ការប្រាក់​ប្រមាណ 46ដុល្លារ​ក្នុង 1ខែ​ក្នុង​រយៈពេល 1ឆ្នាំ សម្រាប់​ទំហំ​ទឹកប្រាក់​កម្ចី​ចំនួន 500ដុល្លារ។

    លោក ហូ វណ្ឌី អគ្គលេខាធិការ​នៃ​សម្ព័ន្ធភាព​ទេសចរណ៍​ជាតិ​កម្ពុជា បាន​កោតសរសើរ​កម្ម​វិធី​នេះ​ដោយ​និយាយថា វា​នឹង​បង្កើន​ធនធានមនុស្ស​នៅក្នុង​ឧស្សាហ​កម្មនេះ។ “វា​គឺជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាបនិស្សិត​ក្នុងការ​ពង្រឹង​ជំនាញ​របស់​ពួកគេ​ហើយ​វា​ចាំបាច់​ខ្លាំងណាស់​ព្រោះ​វិស័យ​បដិសណ្ឋារកិច្ច​នៅ​កម្ពុជា​បច្ចុប្បន្ន ខ្វះ​អ្នកជំនាញ ជាពិសេស​នៅក្នុង​សណ្ឋាគារ ផ្ទះសំណាក់ ក្រុមហ៊ុន​អាកាសចរណ៍ ទីភ្នាក់ងារ​ទេសចរណ៍ និង​ភោជនីយដ្ឋាន”។

    លោក ហូ វណ្ឌី អគ្គលេខាធិការ​នៃ​សម្ព័ន្ធភាព​ទេសចរណ៍​ជាតិ​កម្ពុជា

    ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍បាន​ថ្លែងជារឿយៗថា វិស័យ​ទេសចរណ៍​មាន​សក្ដានុពល​យ៉ាងសំខាន់​ក្នុងការ​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​កម្ពុជា​ដោយបាន​បង្កើត​ការងារ​ជូន​ពលរដ្ឋ​កាត់បន្ថយ​ការ​ចំណាកស្រុក​ទៅរក​ការងារ​ធ្វើ​នៅក្រៅ​ប្រទេស​ព្រមទាំង​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​ផងដែរ។

    ឯកឧត្តមបាន​បន្តថា ដើម្បី​រក្សា​តម្រូវការ​ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា​ត្រូវការ​ការបណ្ដុះបណ្ដាលយ៉ាងហោចណាស់​ចំនួន 5ម៉ឺន​នាក់​ក្នុង​មួយឆ្នាំ។“គោលនយោបាយ​របស់​យើង​នៅតែ​បន្ត​ជំរុញឱ្យមាន​អ្នកជំនាញ​ទេសចរណ៍​នៅ​កម្ពុជា ហើយ​យើង​ជឿថា នេះ​ជា​មធ្យោបាយ​ដ៏​ល្អ​ក្នុង​ការធ្វើ​ដូច្នេះ”។ គិត​ត្រឹម​រយៈពេល 5ឆ្នាំ​មកនេះ​វិស័យ​ទេសចរណ៍​បា​នរក​ចំណូល​ចូលក្នុង​សេដ្ឋកិច្ច​ជាតិប្រមាណ 15.145លាន​ដុល្លារ​អាមេរិក។

    សូមបញ្ជាក់ថា គិត​ត្រឹម​ឆ្នាំ2017 កម្ពុ​ជាមាន​រមណីយដ្ឋាន​ទេសចរណ៍​ចុះបញ្ជី​ផ្លូវការ​ប្រមាណ394កន្លែង រួមមាន​រមណីយដ្ឋាន​ទេសចរណ៍វប្បធម៌​ប្រវត្តិសាស្ត្រ​ចំនួន 114កន្លែង រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ធម្មជាតិ 21កន្លែង រមណីយដ្ឋាន​កែច្នៃ33កន្លែង រមណីយដ្ឋាន​ទេសចរណ៍វប្បធម៌​ធម្មជាតិ27កន្លែង និង​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ 196កន្លែង។

    រមណីយដ្ឋាន​ទាំងអស់នេះ​បាន​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​នៅ​រយៈពេល 4ខែ​ដើមឆ្នាំ2018នេះ​មាន​ចំនួន​ជាង 2លាន​នាក់​កើនឡើង​ជិត14% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ2017។ ទន្ទឹមគ្នានេះ​បើតាម​ការ​ព្យាករ​កម្ពុជា​នឹង​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ 6លាន 2សែន​នាក់​នៅ​ដំណាច់ឆ្នាំ2018នេះ និង​ប្រមាណ 7លាន​នាក់​នៅ​ឆ្នាំ2020 ហើយ​អាច​នាំមក​នូវ​ចំណូល​ប្រមាណ 5,000លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ឱកាស​ការងារ​បាន​ប្រមាណ 1លាន​នាក់​ផងដែរ។

    របាយការណ៍​បាន​បញ្ជាក់ថា នៅ​ឆ្នាំ2013 ចំណូល​បានមកពី​វិស័យ​ទេសចរណ៍​មាន​ចំនួន 2,547លាន​ដុល្លារ ឆ្នាំ2014 មាន​ចំនួន 2,736លាន​ដុល្លារ ឆ្នាំ2015មាន​ចំនួន 3,012លាន​ដុល្លារ ឆ្នាំ2016 មាន​ចំនួន3,212លាន​ដុល្លារ និង​ឆ្នាំ2017 មាន​ចំនួន 3,638លាន​ដុល្លារ។ សរុប​ក្នុង​រយៈពេល 5ឆ្នាំ​មកនេះ វិស័យ​ទេសចរណ៍​រកចំណូលបាន​ចំនួន 15,145លាន​ដុល្លារអាមេរិក៕

  • ប្រាក់ចំណេញរបស់ធនាគារអេស៊ីលីដាធ្លាក់ចុះជិត10ភាគរយក្នុងឆមាសទី1

    ប្រាក់ចំណេញរបស់ធនាគារអេស៊ីលីដាធ្លាក់ចុះជិត10ភាគរយក្នុងឆមាសទី1

    ភ្នំពេញៈ​ ប្រាក់ចំណេញសុទ្ធរបស់ធនាគារអេស៊ីលីដា ភីអឹលស៊ីបានធ្លាក់ចុះជិត10ភាគរយ ក្នុងដំណាច់​ឆមាសទី1ឆ្នាំនេះធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

    លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអឹលស៊ី ដែល​ជាធនាគារធំជាងគេនៅកម្ពុជាបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី31 កក្កដា​នេះថា កាលពីឆមាសទី1ឆ្នាំមុន ប្រាក់ចំណេញសុទ្ធរបស់ធនាគារអេស៊ីលីដា​សម្រេចបានទំហំទឹកប្រាក់59.4លានដុល្លារ ប៉ុន្តែឆ្នាំនេះយើងទទួលបានប្រាក់ចំណេញត្រឹមតែ53.3លានដុល្លារប៉ុណ្ណោះ គឺផលចំណេញបានធ្លាក់ចុះជិត10ភាគរយ។

    លោកបន្តថា “ការថយចុះនូវប្រាក់ចំណេញនេះ គឺដោយសារទំហំឥណទាន​របស់​យើងមិនមានកំណើនខ្ពស់ គឺសម្រេចបានត្រឹម0.73ភាគរយប៉ុណ្ណោះ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន”។ លោកបន្តថា “ការលក់ឥណទានមិនដាច់ និងការថមថយនូវតម្លៃផលិតផលកសិកម្ម ជាផ្នែកសំខាន់នៃការថមថយចុះនូវប្រាក់ចំណេញ និងទំហំឥណទាន”។

    លោក អ៊ិន ចាន់នី បានបន្តថា ជាមួយនឹងការថយចុះនេះ ធនាគារកំពុងគិតគូរផ្លាស់ប្តូរយុទ្ធសាស្រ្តទីផ្សាររបស់ខ្លួនដើម្បីសម្រេចបានកំណើនឡើងវិញ ព្រោះពី​មុនយើងផ្តោតលើកសិកម្មច្រើន។ ធនាគារនឹងផ្លាស់ប្តូរយុទ្ធសាស្រ្តទីផ្សារជារឿងចាំបាច់ ប៉ុន្តែមិនមែនជាការថយចេញពីវិស័យកសិកម្មនោះទេ។

    ការថមថយចុះនៃឥណទានរបស់អេស៊ីលីដាមិនឆ្លុះបញ្ចាំងពីវិស័យនេះទាំងមូលនោះទេ ព្រោះយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាបានបង្ហាញថា កម្រិតឥណទានទូទាំងវិស័យនេះ សម្រេចបានកំណើន18ភាគរយក្នុងឆមាសទី1​ឆ្នាំនេះ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

     

  • ក្រុមហ៊ុនជប៉ុនដែលប្រតិបត្តិការជាមួយអេស៊ីលីដាកើនជាង 1,000ក្រុមហ៊ុន

    ក្រុមហ៊ុនជប៉ុនដែលប្រតិបត្តិការជាមួយអេស៊ីលីដាកើនជាង 1,000ក្រុមហ៊ុន

    ភ្នំពេញៈ ក្រុមហ៊ុនជប៉ុនដែលបាន និងកំពុងធ្វើប្រតិបត្តិការទូទាត់សាច់ប្រាក់ជាមួយធនាគារអេស៊ីលីដាបានកើនដល់ជាង1,000ក្រុមហ៊ុនហើយនៅដំណាច់ឆមាសទី1ឆ្នាំនេះ។

    លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាប្រចាំកម្ពុជាបានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃម្សិលមិញថា រហូតមកទល់ពេលនេះ ក្រុមហ៊ុនជប៉ុនដែលចូលមកវិនិយោគនៅកម្ពុជាបាន និងកំពុងកើនឡើង ដោយបច្ចុប្បន្នក្រុមហ៊ុនសាជីវកម្មធំៗបានកើនពី289ក្រុមហ៊ុនដល់310ក្រុមហ៊ុន ធៀបក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងក្រុមហ៊ុនឯកគ្គតជនតូចៗបានកើនរហូតដល់716ក្រុមហ៊ុនហើយ។

    លោកបន្តថា “នេះជាចំនួនក្រុមហ៊ុនជប៉ុនដែលបានធ្វើការទូទាត់សាច់ប្រាក់ជាមួយអេស៊ីលីដា និងមិនទាន់គិតបញ្ចួលពីក្រុមហ៊ុនដែលធ្វើការងារដោយផ្ទាល់ជាមួយធនាគារជប៉ុនដែលបានបើកនៅកម្ពុជានោះទេ”។ លោកបន្តថា “ការកើនឡើងនូវចំនួនក្រុមហ៊ុនជប៉ុននៅកម្ពុជាគឺជាការឆ្លុះបញ្ចាំងអំពីទំនុកចិត្តរបស់អ្នកវិនិយោគជប៉ុននៅកម្ពុជា ព្រោះមុនពេលពួកគេសម្រេចចិត្តទៅវិនិយោគនៅប្រទេសណាមួយ ពួកគេសិក្សាល្អិតល្អន់ណាស់”។

    កត្តាសំខាន់ៗចំនួន3 ដែលទាក់ទាញអ្នកវិនិយោគជប៉ុនមកកម្ពុជា ដូចជា កំណើនសេដ្ឋកិច្ចរឹងមាំ ស្ថិរភាពសង្គមកិច្ច ស្ថិរភាពនយោបាយ និងកត្តាអំណោយផលលើវិស័យច្បាប់ពាក់ព័ន្ធជាច្រើនទៀត។ នេះបើតាមលោក អ៊ិន ចាន់នី បញ្ជាក់។

    លោកជំទាវ លឹម ឈីវហូ អគ្គនាយិកាក្រុមហ៊ុនអ៊ែដវូត ដែលបានវិនិយោគតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងទាក់ទាញអ្នកវិនិយោគជប៉ុនបានច្រើនជាង50ភាគរយនៃក្រុមហ៊ុនទាំងអស់84ដែលបានវិនិយោគនៅតំបន់នោះបានថ្លែងថា ក្រុមហ៊ុនជប៉ុនកាន់តែច្រើនបាន និងកំពុងមកវិនិយោគនៅកម្ពុជា ហេតុនេះយើងត្រូវធ្វើការងារឲ្យបានល្អ ដើម្បីទាក់ទាញពួកគេមកវិនិយោគបន្ថែម។ លោកជំទាវបានបន្តថា ប្រសិនជាអ្នកវិនិយោគជប៉ុនតែ2ភាគរយនៅប្រទេសថៃមកវិនិយោគនៅកម្ពុជា ប្រជាជនកម្ពុជានឹងមានជីវភាពធូរធារទាំងអស់គ្នា។

    លោកជំទាវបានបន្តថា “ពីមុនមកពេលយើងហៅគេមកវិនិយោគ ពួកគេប្រាប់យើងថា ពួកគេបារម្ភពីអំពើពុករលួយនៅកម្ពុជា ប៉ុន្តែខ្ញុំបានធានានឹងពួកគេថា នឹងមិនមានអំពើពុករលួយនៅទីនេះទេ ទីបំផុតពួកគេសម្រេចចិត្តមកវិនិយោគនៅកម្ពុជាកាន់តែច្រើន”៕

  • ដំណាច់ឆមាសទី1 ឥណទានអេស៊ីលីដាស្ថិតក្នុងសភាពទ្រឹង

    ដំណាច់ឆមាសទី1 ឥណទានអេស៊ីលីដាស្ថិតក្នុងសភាពទ្រឹង

    ភ្នំពេញៈ ដំណាច់ឆមាសទី1 ឆ្នាំនេះ ការផ្តល់ឥណទានពីសំណាក់ធនាគារធំជាងគេទី1នៅកម្ពុជាបានស្ថិតក្នុងសភាពទ្រឹង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

    លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអឹលស៊ីបានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី18 កក្កដានេះថា ការផ្តល់ឥណទានរបស់អេស៊ីលីដាឆ្នាំនេះមានកំណើនទាបជាង1ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលទំហំទឹកប្រាក់បានកើនពី2,771ដល់2,793លានដុល្លារអាមេរិកប៉ុណ្ណោះ គឺស្មើនឹងកំណើន0.79ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។លោកបន្តថា ទោះជាយ៉ាងណាការទទួលប្រាក់បញ្ញើមានកំណើនល្អប្រសើរ ដោយទំហំប្រាក់បញ្ញើបានកើនពី3,051លានដុល្លារ ដល់3,253លានដុល្លារអាមេរិក កើនឡើង202លានដុល្លារ ស្មើនឹងកំណើន6.6ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
    លោកបន្តថា “ការផ្តល់ឥណទានមិនសូវមានភាពលូតលាស់ ដោយសារបញ្ហាកសិផលរបស់ប្រជាកសិករមានបញ្ហានៅឆ្នាំនេះ ទើបពួកគេមិនសម្រេចចិត្តខ្ចីប្រាក់ ហើយអ្នកមានប្រាក់នៅសល់បានយកប្រាក់មកទុកនៅធនាគារ ដោយសារការវិនិយោគមិនមានផលចំណេញ”។ លោកបន្តថា “ទោះជាយ៉ាងណាវិស័យដទៃទៀតក្រៅពីកសិកម្ម មិនមានបញ្ហាអ្វីនោះទេ នៅតែដំណើរការល្អជាធម្មតា”។

    លោក អ៊ិន ចាន់នី បានបន្តថា ចំណែកឥណទានចំណាយទូទៅ(ដូចជាឥណទានទិញរបស់របរប្រើប្រាស់) ក៏មានសភាពទ្រឹងផងដែរ ដោយរយៈពេល6ខែឆ្នាំនេះ ការផ្តល់ឥណទានលើផ្នែកនេះមានទំហំទឹកប្រាក់58លានដុល្លារ ខណៈដំណាច់ឆ្នាំមុនទំហំឥណទានផ្នែកនេះ មានទំហំទឹកប្រាក់63លានដុល្លារអាមេរិក។ លោកបន្តថា លោករំពឹងថា ឥណទានទូទៅឆ្នាំនេះនឹងមានប្រហាក់ប្រហែលឆ្នាំមុន បើគិតរហូតដល់ដំណាច់ឆ្នាំ។

    លោកបន្តថា “ការផ្តល់ឥណទានបែបនេះ មានបញ្ហាល្អ និងមិនសូវល្អសម្រាប់អតិថិជន ប្រសិនជាពួកគេទិញអ្វីមួយដើម្បីបង្កើនចំណូលជាការល្អ ប៉ុន្តែប្រសិនជាខ្ចីយកទៅទិញរបស់ប្រើប្រាស់ធម្មតាវិញ នឹងមិនបង្កើនចំណូលនោះទេ”។

    ទោះជាយ៉ាងណាលោក ឆារស៍ វ៉ាន់ ប្រធានស្តីទីសមាគមធនាគារកម្ពុជាបានថ្លែងថា ការផ្តល់ឥណទានពីធនាគារនានានៅតែមានភាពល្អប្រសើរ ដោយសារការរីកចម្រើននៃសេដ្ឋកិច្ចជាតិ កំណើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ អ្នកវិនិយោគបរទេសដែលមកវិនិយោគនៅកម្ពុជា ទទួលបានជោគជ័យ ដែលធ្វើឲ្យទីផ្សារក្នុងវិស័យនេះបន្តមានភាពរីកចម្រើន៕

  • រយៈពេល៥ខែ ឥណទានលំនៅដ្ឋាន អេស៊ីលីដា មានកំណើនខ្ពស់

    រយៈពេល៥ខែ ឥណទានលំនៅដ្ឋាន អេស៊ីលីដា មានកំណើនខ្ពស់

    ភ្នំពេញៈ ទោះជាការលក់លំនៅដ្ឋានជាទូទៅមានការថមថយល្បឿនក្តី ប៉ុន្តែការផ្តល់ឥណទានរបស់ អេស៊ីលីដា ដែលមានទឹកប្រាក់ ៤០លានដុល្លារ កើនឡើង ២២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

    លោក អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអឹលស៊ី បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២ មិថុនា ថា កាលពីដំណាច់ឆ្នាំមុនអេស៊ីលីដាបានផ្តល់ឥណទានទំហំទឹកប្រាក់ ២១០លានដុល្លារក្នុងវិស័យលំនៅដ្ឋាន ហើយគ្រាន់តែរយៈពេល ៥ខែដើមឆ្នាំនេះ ឥណទានអេស៊ីលីដាបានបញ្ចេញទឹកប្រាក់ ៤០លានដុល្លារអាមេរិក និងមានអតិថិជនក្នុងដៃសរុប ៤៣៣,០០០នាក់ ដែលបាន និងកំពុងប្រើប្រាស់ឥណទានរបស់ធនាគារនេះ។

    លោកបន្តថា “ការផ្តល់ឥណទានរបស់យើងមិនមានការរឹតបន្តឹងនោះទេ ប៉ុន្តែយើងមិនផ្តល់ឥណទានសម្រាប់អ្នកទិញផ្ទះទុកលក់ ឬជួលទេ ព្រោះប្រសិនជាពួកគេលក់ ឬជួលមិនបាននោះ ពួកគេនឹងត្រូវប្រឈមនឹងបញ្ហាក្នុងការសងត្រឡប់”។ លោកបន្តថា “ឥណទានរបស់អេស៊ីលីដាផ្តោតតែលើអ្នកទិញលំនៅដ្ឋានយកមករស់នៅប៉ុណ្ណោះ”។

    អ្នកនាងឆាយ ស៊ីណា ប្រធានផ្នែកទីផ្សារនៃបុរីវិមានភ្នំពេញបានថ្លែងថា អ្នកទិញលំនៅដ្ឋានក្នុងបុរីនេះភាគច្រើនបានប្រើប្រាស់ឥណទានរបស់ធនាគារ ដោយសារលក្ខខណ្ឌនៃឥណទានកាន់តែមានភាពងាយស្រួលសម្រាប់អតិថិជន ពិសេសគ្រួសារថ្មីថ្មោងដែលទើបរៀបការហើយមានបំណងចាកចេញពីឪពុកម្តាយ មកបង្កើតគ្រួសារថ្មីដោយខ្លួនឯង។

    អ្នកនាងបន្តថា “អ្នកទិញលំនៅដ្ឋានប្រមាណ៧០ទៅ៨០ភាគរយហើយ ដែលបានប្រើប្រាស់ឥណទានពីធនាគារ”៕

  • សេវា «អេស៊ីលីដាយូនីធីទាន់ចិត្ត» ផ្តល់ភាពងាយស្រួលដែលអតិថិជនមិនធ្លាប់ដឹង

    សេវា «អេស៊ីលីដាយូនីធីទាន់ចិត្ត» ផ្តល់ភាពងាយស្រួលដែលអតិថិជនមិនធ្លាប់ដឹង

    សេវា «អេស៊ីលីដាយូនីធីទាន់ចិត្ត» ជាសេវាហិរញ្ញវត្ថុមួយប្រភេទ ដែលអនុញ្ញាតឲ្យអតិថិជន និងសាធារណជនទូទៅដែលធ្លាប់ ឬមិនធ្លាប់ប្រើសេវាធនាគារពីមុនមកជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី ឬធនាគារផ្សេងទៀត អាចធ្វើប្រតិបត្តិការសេវាធនាគារបាន តាមរយៈទូរស័ព្ទចល័តដែលដំណើរការនៅលើស្មាតហ្វូនដែលមានប្រព័ន្ធដំណើរការ Android និង iOS។

    លោកស្រីបណ្ឌិត សូ ផនណារី អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដា បានមានប្រសាសន៍ថា សេវាកម្មយូនីធីទាន់ចិត្តគឺជាសេវាកម្មទូទាត់សាច់ប្រាក់តាមរយៈទូរស័ព្ទដៃស្មាតហ្វូន សម្រាប់ការទិញទំនិញនៅលើទីផ្សារគ្រប់ប្រភេទ មិនថាតែទំនិញនៅតាមផ្សារទំនើបនោះទេ សូម្បីតែអ្នកលក់អីវ៉ាន់ចាប់ហួយនៅតាមផ្សារ ឬនៅតាមផ្ទះក៏អាចទូទាត់សាច់ប្រាក់តាមទូរស័ព្ទដៃបានដែរ ដោយគ្រាន់តែអ្នកលក់ និងអ្នកទិញភ្ជាប់សេវាកម្មប្រើប្រាស់កម្មវិធីសេវាអេស៊ីលីដាយូនីធីទាន់ចិត្តនេះប៉ុណ្ណោះ។

    លោកស្រីបញ្ជាក់ថា «ឧទាហរណ៍ បើសិនជាអ្នកទិញគាត់បានភ្ជាប់សេវាកម្មសេវាអេស៊ីលីដាយូនីធីទាន់ចិត្តនេះហើយ នៅពេលគាត់ទៅទិញអីវ៉ាន់នៅផ្សារ គឺគាត់គ្រាន់តែកាន់ទូរស័ព្ទដៃស្មាតហ្វូនទៅជាមួយ ដោយមិនចាំបាច់យកលុយជាប់តាមខ្លួនក៏បានដែរ ហើយពេលទូទាត់សាច់ប្រាក់គាត់អាចបាញ់ចំនួនទឹកប្រាក់ ដែលគាត់បានទិញចូលទៅគណនីរបស់អ្នកលក់នោះ ទឹកប្រាក់នឹងលោតសារបង្ហាញថា ទឹកប្រាក់នោះបានចូលក្នុងទូរស័ព្ទដៃរបស់អ្នកលក់នោះហើយ»។

    លោកស្រីបន្ថែមថា «ការប្រើសេវាកម្មនេះ គឺមានសុវត្ថិភាពខ្លាំងមិនខ្លាចចោរឆក់ ឬអំពើចោរកម្មផ្សេងៗនោះទេ ទោះជាទូរស័ព្ទបាត់ក៍គេមិនស្គាល់លេខកូដដកយកប្រាក់ពីគណនីរបស់យើងបានដែរ លើសពីនេះវាមិនមានការឆ្លងមេរោគ ដូចការប្រើប្រាស់ជាលុយសុទ្ធក្នុងការទូទាត់ថ្លៃទំនិញ តាមផ្សារដូចបច្ចុប្បន្ននោះទេ ព្រោះថា ការទិញត្រីសាច់ពេលណាដៃយើងចាប់កាន់លុយហើយ វាប្រាកដជាប្រឡាក់ជាប់មេរោគមកជាមួយមិនខាន»។ ក្រៅតែពីការទូទាត់ថ្លៃទំនិញ បង់វិក្កយបត្រទឹកភ្លើង ឬទិញកាតទូរស័ព្ទ បង់ថ្លៃអ៊ីនធឺណិត បង់ថ្លៃសាលារៀន បង់ថ្លៃម៉ូតូឌុប ឬតាក់ស៊ីផ្សេងៗហើយនោះ សេវា «អេស៊ីលីដាយូនីធីទាន់ចិត្ត» នៅផ្តល់ភាពងាយស្រួលសម្រាប់ការផ្ញើលុយ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតដោយមិនគិតថ្លៃសេវាទៀតផង។

    លោកស្រី សូ ផនណារី មានប្រសាសន៍បន្ថែមថា «ឧទាហរណ៍ បើសិនជាបុគ្គលិក កម្មករ-កម្មការនីរោងចក្រកាត់ដេរ គាត់ចង់ផ្ញើលុយជូនឪពុកម្តាយនៅស្រុកកំណើត គាត់អាចផ្ញើប្រាក់តាមសេវាកម្មនេះបាន ហើយនឹងមានសារលោតចេញលេខចំនួនទឹកប្រាក់ នៅលើទូរស័ព្ទដៃរបស់ឪពុកម្តាយបង្ហាញឱ្យឃើញនូវចំនួនប្រាក់ដែលយើងបានផ្ញើទៅនោះដោយមិនមានគិតថ្លៃសេវានោះទេ ត្រឹមតែឪពុកម្តាយនៅស្រុកគាត់ប្រើទូរស័ព្ទស្មាតហ្វូន និងមានការប្រើប្រាស់កម្មវិធីដូចគ្នានេះតែប៉ុណ្ណោះ។

    ដើម្បីប្រើប្រាស់សេវាកម្មនេះបាន អតិថិជនគ្រាន់តែចូលទៅកាន់កម្មវិធី AppStore ឬ PlayStore នៅលើទូរស័ព្ទរបស់លោកអ្នក ហើយដោនឡោត (Download) កម្មវិធីសេវា «អេស៊ីលីដាយូនីធីទាន់ចិត្ត» នេះមក និងធ្វើតាមការណែនាំជាអក្សរខ្មែរនៅលើទូរស័ព្ទនោះ រួចថត Selfie មុខរបស់ខ្លួន និងអត្តសញ្ញាណប័ណ្ណផ្ទាល់ខ្លួនជាការស្រេច ឬមួយវិធីទៀតគឺអតិថិជនអាចទៅជួបជាមួយភ្នាក់ងារនៅឯការិយាល័យអេស៊ីលីដាដែលនៅជិតលោកអ្នក ដើម្បីឱ្យភ្នាក់ងាររបស់ធនាគារភ្ជាប់សេវាអេស៊ីលីដាយូនីធីទាន់ចិត្តនេះឱ្យក៏បាន តែប៉ុណ្ណឹងជាការស្រេចទៅហើយ៕

  • ឥណទាន អេស៊ីលីដា កើនឡើងតិចតួចបំផុត មិនធ្លាប់មានក្នុងរយៈពេល ៤ខែឆ្នាំនេះ

    ឥណទាន អេស៊ីលីដា កើនឡើងតិចតួចបំផុត មិនធ្លាប់មានក្នុងរយៈពេល ៤ខែឆ្នាំនេះ

    ភ្នំពេញ៖ ទំហំឥណទានរបស់ធនាគារ អេស៊ីលីដា ភីអ៊ិលស៊ី ក្នុងរយៈពេល ៤ខែនេះ កើនឡើងតិចតួចបំផុត ដែលមិនធ្លាប់មាន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

    លោក អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអ៊ិលស៊ី បានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃសោរ៍ថា ដោយសារប្រជាពលរដ្ឋព្រួយបារម្ភពីការបោះឆ្នោត និងផលរបរកសិកម្មរបស់ពួកគាត់មានតម្លៃទាប បានធ្វើឲ្យការខ្ចីឥណទានមានកំណើនតិចតួចនាឆ្នាំនេះ ផ្ទុយទៅវិញចំនួននៃការដាក់ប្រាក់បញ្ញើបានកើនឡើង ព្រោះប្រជាពលរដ្ឋពួកគេមិនចង់បញ្ចេញប្រាក់វិនិយោគ ក៏បានសម្រេចចិត្តយកប្រាក់មកដាក់បញ្ញើដើម្បីទទួលបានអត្រាការប្រាក់ជំនួសវិញ។

    ជាក់ស្តែងឥណទានរបស់ អេស៊ីលីដា ក្នុងរយៈពេល៤ខែដើមឆ្នាំនេះមានទឹកប្រាក់ ២៩លានដុល្លារ កើនឡើង១,១៩ភាគរយ ដោយទំហំឥណទានសរុបបានកើនពី ២៧៧១លានដុល្លារ ដល់ ២៨០០លានដុល្លារ។ ចំណែកប្រាក់បញ្ញើបានកើនចំនួន ១៧៦លានដុល្លារ ស្មើនឹងកំណើន ៦ភាគរយ ដោយទំហំទឹកប្រាក់សរុបបានកើនពី ៣០៥១លាន ដល់ ៣២២៧លានដុល្លារអាមេរិក។

    លោក អ៉ិន ចាន់នី បានបន្តថា ប្រសិនជាគិតកំណើនរយៈពេលពេញមួយឆ្នាំ ការដាក់ប្រាក់បញ្ញើអាចកើនឡើងដល់ ១៨ភាគរយ ហើយការប្រើប្រាស់ឥណទានក៏អាចមានការប្រែប្រួលផងដែរ។ កំណើនឥណទានទាបបែបនេះ មិនមែនដោយសារមូលហេតុដែលរដ្ឋាភិបាលបានដាក់ “របារ” អត្រាការប្រាក់មកត្រឹម១៨ភាគរយនោះទេ ប៉ុន្តែអាស្រ័យលើការប្រកបរបររបស់ប្រជាពលរដ្ឋមានភាពអំណោយផលឬអត់ប៉ុណ្ណោះ។

    លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា បន្ទាប់ពីមានការរឹតបន្តឹងលើបទប្បញ្ញត្តិមួយចំនួនពីធនាគារជាតិ បានធ្វើឲ្យកំណើនឥណទានបានថមថយល្បឿន ដែលជាសញ្ញាល្អនៃសេដ្ឋកិច្ចជាតិ ប៉ុន្តែការដាក់បទប្បញ្ញត្តិនានាក៏មានការប្រុងប្រយ័ត្នផងដែរ ព្រោះសេដ្ឋកិច្ចត្រូវការលុយដើម្បីផលិត ដូច្នេះប្រសិនជាមានការរឹតបន្តឹងមូលនិធិខ្លាំងពេក ក៏អាចរកផលប៉ះពាល់ផងដែរ ហេតុនេះការថ្លឹងថ្លែងបញ្ហានេះមានសារៈសំខាន់ណាស់។
    លោកបន្តថា “ការផ្តល់ឥណទាន ឬទំហំឥណទាន គេត្រូវវាស់ជាមួយនឹងផលទុនជាតិសរុប ប្រសិនជាទំហំឥណទានកើនស្មើឬលើសផលទុនជាតិសរុបវានឹងមានគ្រោះថ្នាក់ ឬហានិភ័យដល់សេដ្ឋកិច្ចជាតិ”។ លោកបន្តថា“ដោយសារកំណើនឥណទានលឿនពេក និងដោយសារព្រួយបារម្ភពីបញ្ហានេះហើយ ទើបធនាគារជាតិនៃកម្ពុជាបានដាក់ចេញនូវបទប្បញ្ញត្តិមួយចំនួនដើម្បីទប់ស្កាត់ហានិភ័យអ្វីមួយកើតឡើង”៕

  • អេស៊ីលីដា រំពឹង​ទទួលបាន​អតិថិជន 2លាន​នាក់ ប្រើប្រាស់​សេវា «អេស៊ីលីដា​យូ​នី​ធី ទាន់ចិត្ដ»

    អេស៊ីលីដា រំពឹង​ទទួលបាន​អតិថិជន 2លាន​នាក់ ប្រើប្រាស់​សេវា «អេស៊ីលីដា​យូ​នី​ធី ទាន់ចិត្ដ»

    ដើម្បី​ជួយ​សម្រួល​ដល់​អតិថិជន​ឱ្យ​កាន់​តែមាន​ភាពងាយស្រួល និង​កាត់បន្ថយ​ការចំណាយ​នានា ធនាគា​អេស៊ីលីដា ភីអិលស៊ី បាន​បង្កើត​សេវា​ថ្មី​មួយទៀត​ឈ្មោះថា “អេស៊ីលីដា​យូ​នី​ធី​ទាន់ចិត្ដ។ ជាមួយ​ការបង្កើត​ថ្មី​ថ្នាក់ដឹកនាំ​នៃ​ធនាគារ​រំពឹងថា នឹង​អាច​ទទួលបាន​អតិថិជន​ប្រើប្រាស់​សេវា​នេះ 2លាន​នាក់​ក្នុង  រយៈ5ឆ្នាំ។

    លោក​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិ​ប​ត្ដិ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី បាន​លើកឡើងថា៖ កាលពី​ឆ្នាំ 2010 កន្លងទៅនេះ ធនាគារ​បាន​បង្កើត​សេវាកម្ម​អេស៊ីលីដា​យូ​នី​ធី ដើម្បី​ដាក់ឱ្យ​អតិថិជន​ប្រើប្រាស់។ យើង​សង្កេតឃើញថា សន្ទុះ​នៃ​អ្នកប្រើប្រាស់​រហូតមកដល់​ពេលបច្ចុប្បន្ន​បាន​កើន​ដល់​រង្វង់ 30ម៉ឺន​នាក់​ព្រោះ​អតិថិជន​ត្រូវធ្វើ​ដំណើរ​មក​សាខា និង​មាន​ការគិត​តម្លៃ​សេវាកម្ម​ថែម​ទៀតផង។ ដូច្នេះ​ទើប​យើង​បង្កើត​សេវាកម្ម​ថ្មី​មួយទៀត​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​អេឡិចត្រូនិក​យ៉ាង​ទំនើប​ដែល​អភិវឌ្ឍន៍​ដោយ​វិស្វករ​ជំនាញ​ទទួល​ការបណ្ដុះបណ្ដាល​ក្នុងស្រុក និង​បរទេស ដើម្បី​ផ្ដល់​ភាព​ស្រួល និង​កាត់បន្ថយ​ការចំណាយ​នានា​របស់​អតិថិជន។

    អ្វីដែល​ខុសគ្នា​ជាមួយ​អេស៊ីលីដា​យូ​នី​ធី និង​សេវា​អេស៊ីលីដា យូ​នី​ធី​ទាន់ចិត្ដ គឺ​អតិថិជន​មិនចាំបាច់​ធ្វើដំណើរ​ទៅកាន់​ការិយាល័យ ឬ​សាខា​អេស៊ីលីដា​ដើម្បី​ចុះបញ្ជី​ត​ភា្ជ​ប់ដូ​ច​មុន​ទៀតឡើយ ព្រោះ​សេវា​នេះ​ត្រូវបាន​អភិវឌ្ឍន៍​ដោយ​ប្រើ​ប​ចេ្ច​ក​វិទ្យា​ទំនើប គ្រាន់តែ​ធ្វើការ​ចុះឈ្មោះ​នៅលើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​តែប៉ុណ្ណោះ។ ដើម្បី​ចុះឈ្មោះ​ត​ភ្ជាប់​បណ្ដាញ​ក្នុងការ​ប្រើប្រាស់​អតិថិជន​អាច​ដោ​ន​ឡូត និង​ទាញយក​មកប្រើប្រាស់​បាន​ជាមួយ​កម្មវិធី App Store និង Play Store ពោលគឺ​អតិថិជន​អាចធ្វើ​ការចុះឈ្មោះ​ប្រើប្រាស់​សេវា​នេះ​ដោយ​ខ្លួនឯងបាន​យ៉ាង​ភាពងាយស្រួល។

    » របៀប​អនុវត្ត​ប្រើ​កម្មវិធី​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត

    ប្រធាន​នាយក​ប្រតិ​ប​ត្ដិ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី បាន​បន្ថែមថា៖ តាមរយៈ​ការបង្កើត​សេវា​អេស៊ីលីដា​យូ​នី​ធី ទាន់ចិត្ដ​យើង​មាន​ជំនឿ​ចិ​ត្ដ​ថា នឹង​ទទួលបាន​អតិថិជន​ប្រើប្រាស់​ក្នុង​រង្វង់ 2លាន​នាក់ ក្នុង​រយៈពេល5ឆ្នាំ​ខាងមុខ  ព្រោះ​យើង​ផ្អែកលើ​អតិថិជន​សកម្ម​របស់​ដែល​កំពុងតែ​ប្រើប្រាស់​សេវាកម្ម​នៅក្នុង​ធនាគារ​យើង​ស្រាប់។ ម្យ៉ាង​សេវាកម្ម​អេស៊ីលីដា​យូ​នី​ធី ដែល​យើង​បាន​បង្កើត​កាលពី​ពេលមុន​សម្រាប់​អតិថិជន លុះត្រាតែ​អ្នកមាន​ជីវភាព​ធូ​ធារ​បន្ដិច​ទើប​អាច​ប្រើត​ភ្ជាប់​បាន ប៉ុន្ដែ​ចំពោះ​អេស៊ីលីដា យូ​នី​ធី​ទាន់ចិត្ដ គឺ​ផ្ដោតលើ​ប្រជាជន​ទូទៅ​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ មិន​ថា​អ្នកមាន​ចំណូល​ខ្ពស់ មធ្យម ឬ ចំណូល​ទាប​នោះទេ​គឺ​ពួកគាត់​អា​ចត​ភ្ជាប់​ដើម្បី​ប្រើប្រាស់​បាន​ដូចគ្នា។ អ្វីដែល​សំខាន់​ជាង​នេះ​គឺ​ការប្រើប្រាស់​សេវាកម្ម​នេះ​ធនាគារ​យើង​ពុំ​បានគិត​ទៅលើ​តម្លៃ​សេវា​ក្នុងការ​ប្រតិ​ប​ត្ដិ​ការ​ឡើយ។

    ក្នុងការ​ប្រតិ​ប​ត្ដិ​ការ​ក្នុង​សេវាកម្ម​នេះ​ក៏មាន​ដាក់​ព័ត៌មាន​លម្អិត​ជុំវិញ​ការចុះឈ្មោះ  ការប្រើប្រាស់ និង​សំណួរចំលើយ ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​អតិថិ​ជន​ដែល​ក្នុងនោះ​មាន​ទាំង​ភាសា​អង់គ្លេស និង​ភាសា​ខ្មែរ​ថែម​ទៀតផង។ពិសេស​ធនាគារ​បាន​ត្រៀ​ម​បុគ្គលិក​ជាង1ម៉ឺន​នាក់​រង​ចាំង​បម្រើ​ដល់​អតិថិជន​ដោយ​មិន​គិតថ្លៃ ដើម្បី​ជួយ​ពន្យល់​ណែនាំ​ពី​ការតភ្ជាប់ និង​ការទាញយក ព្រមទាំង​របៀប​នៃ​ការប្រើប្រាស់​សេវា​យូ​នី​ធី​ទាន់ចិត្ដ​នេះ។ ក្នុងករណី​ដែល​អតិថិជន​មាន​ចម្ងល់​អាច​ទំនាក់ទំនង​មកកាន់​បុគ្គលិក​អេស៊ីលីដា ដែល​នៅ​ជិត​លោកអ្នក ឬ​សាខា​ទាំង260 ឬ​តាមរយៈ​ខ​ល​សេន​ធើរ​ដែល​បម្រើការ 24ម៉ោង៕