Tag: អេដ ដា

  • អេដ ដា និយាយពីបទពិសោធជីវិតនៅក្នុងវិថីសិល្បៈ

    អេដ ដា និយាយពីបទពិសោធជីវិតនៅក្នុងវិថីសិល្បៈ

    ពិតជាមានការចាប់អារម្មណ៍ខ្លាំងចំពោះសមត្ថភាពរបស់តារាចម្រៀង Original Song គឺកញ្ញា អេដ ដា ដែលមានភាពជោគជ័យនៅក្នុងវិថីសិល្បៈខ្មែរនាពេលបច្ចុប្បន្ននេះ តែទន្ទឹមនឹងពេលទទួលបានភាពជោគជ័យមួយនេះ នាងក៏ធ្លាប់បង្ហើបប្រាប់ថា នាងធ្លាប់ដួលជាច្រើនលើកច្រើនសា ហើយអ្វីដែលសំខាន់នោះ គឺការជំរុញចិត្ត និងតាំងជំហរក្រោកឈរឡើងវិញសាជាថ្មី។ ជាក់ស្ដែង ជាកម្លាំងជំរុញចិត្តដល់អ្នកស្រឡាញ់វិស័យតែងនិពន្ធបទចម្រៀងថ្មី តារាស្រីរូបនេះបានបង្ហោះលើកទឹកចិត្តយ៉ាងហូរហែនៅលើបណ្ដាញសង្គមអ៊ីនស្ដាក្រាមរបស់នាង។

    តារាស្រីរូបនេះបានប្រកាសតាំងជំហររបស់ខ្លួននៅលើបណ្ដាញទំនាក់ទំនងសង្គមថា «ខ្ញុំធ្លាប់ដួល តែខ្ញុំមិនដែលមិនងើបឡើងវិញនោះទេ ហើយខ្ញុំក៏នឹងមិនឈប់ប្រឹងប្រែងដែរ អរគុណគ្រប់យ៉ាង»។ ស្របពេល​បង្ហាញភាព​ជោគជ័យក្នុងវិថីសិល្បៈដែលមានអ្នកគាំទ្រច្រើននេះដែរ អេដ ដា ពិតជាតារាស្រីមួយដួងដែលមានទេពកោសល្យ និងសមត្ថភាពខ្ពស់ អាចទាក់ទាញអ្នកគាំទ្រដែលបានលើកសរសើរមិនដាច់ពីមាត់ថា «បងបានព្យាយាមអស់ពីសមត្ថភាពដើម្បីទទួលបាននូវអ្វីដែលបងសុបិនហើយ សម្រាប់ថ្ងៃនេះបងធ្វើបានល្អបំផុត»។

    គួររំឭកផងដែរថា កន្លងមកក្នុងការលើកទឹកចិត្តចំពោះអ្នកគាំទ្រ និងបេក្ខជនប្រឡងក្នុងនាមកញ្ញា អេដ ដា ជាគណៈកម្មការមួយរូប ធ្លាប់បាន​និយាយថា គ្មានការងារណាស្រួលនោះទេ ទោះបីការងារដែលអង្គុយលើកៅអីខ្ពស់មួយនេះក៏​ដោយពេលខ្លះក៏ក្នុងចិត្តមានអារម្មណ៍ក្តុកក្តួលរកថាមិនត្រូវដែរ តែវាក៏ជាបទពិសោធដ៏ល្អមួយ។ នេះជាការចែករំលែកបទពិសោធក្នុងជីវិតទៅកាន់មហាជនដ៏គួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង ធ្វើឱ្យមានចិត្តក្លាហានហ៊ានក្រោកឈរពុះពារឧបសគ្គ៕

  • ឌីជេ ក្ដឹប ប្រកាសឈប់និពន្ធបទចម្រៀងភ្លាម កញ្ញា អេដ ដា និយាយពាក្យបែបនេះភ្លែត

    ឌីជេ ក្ដឹប ប្រកាសឈប់និពន្ធបទចម្រៀងភ្លាម កញ្ញា អេដ ដា និយាយពាក្យបែបនេះភ្លែត

    នៅថ្ងៃម្សិលមិញនេះ លោក ចាន់ សំណាង ហៅឌីជេ ក្ដឹប ដែលជាតារាចម្រៀង និងជាអ្នកនិពន្ធបទភ្លេងថ្មីនៅផលិតកម្មរស្មីហង្សមាសបានចេញឃ្លីបវីដេអូរយៈពេលខ្លីប្រកាសថា ខ្លួននឹងលាឈប់ពីអាជីពនិពន្ធបទចម្រៀងមួយនេះហើយ។ បន្ទាប់ពីបានឃើញ និងដឹងព័ត៌មាននេះភ្លាម តារាចម្រៀង Original Song កញ្ញា អេដ ដា ក៏បានរៀបរាប់នៅលើហ្វេសប៊ុកផ្ទាល់ខ្លួនដែលបង្ហាញពីអារម្មណ៍សោកស្ដាយចំពោះទេពកោសល្យដែលលោក ចាន់ សំណាង មាន ហើយបានព្យាយាមលះបង់អស់រយៈពេលជាច្រើនឆ្នាំក្នុងការបម្រើអារម្មណ៍មហាជនគ្រប់ស្រទាប់។

    ម្ចាស់បទ «ពីរនាក់បានហើយ​» រូបនេះបានពោលថា «សម្រាប់ខ្ញុំ គឺមានតែសោកស្តាយដែលការមិនឱ្យតម្លៃលើទេពកោសល្យ និងបំភ្លេចស្នាដៃដ៏លេចធ្លោរបស់គាត់ចោល ធ្វើឱ្យពិភពសិល្បៈត្រូវបាត់បង់មនុស្សមានសមត្ថភាពផ្នែកនិពន្ធម្នាក់ ព្រោះតែការបាក់ទឹកចិត្ត។ 10 ឆ្នាំហើយដែលគាត់តស៊ូហែលឆ្លងលើវិស័យនេះ តាំងពីធ្វើការនៅវិទ្យុ រហូតដល់ក្លាយជារ៉េបភើរអនាថាដែលគ្មានផលិតកម្មណាអើពើ ហើយកាលនោះសឹងតែគ្មានតម្លៃទាល់តែសោះ រហូតដល់ប៉ុន្មានឆ្នាំចុងក្រោយនេះគាត់ជោគជ័យហើយ តែបែរជាត្រូវបោះបង់ចោលទៅវិញ!!  តែទោះយ៉ាងណា ខ្ញុំគាំទ្រនូវអ្វីដែលគាត់គិតថាធ្វើឱ្យគាត់សប្បាយចិត្ត ហើយមានតែជូនពរឱ្យក្តឹប ជោគជ័យក្នុងជីវិត និងគ្រប់ការងារដែលក្តឹបចង់ធ្វើ»។

    គួរបញ្ជាក់ផងដែរថា លោក ចាន់ សំណាង បានប្រកាសថា ខ្លួននឹងបញ្ចប់ការងារនិពន្ធបទចម្រៀងនេះហើយ ក្រោយពីលោកមានបញ្ហានៅក្នុងក្រុមគ្រួសារ តែលោកបានសន្យាជាមួយមហាជនថា លោកនឹងវិលត្រឡប់មកវិញនៅក្នុងឱកាសណាមួយដែលលោកមានបំណងចិត្តចង់ធ្វើការនិពន្ធឡើងវិញ។ ហើយលោកក៏បានបញ្ជាក់ទៀតថា លោកគ្រោងនឹងប្រកបរបរមួយជាមួយក្រុមគ្រួសារ និងម្ដាយរបស់លោកដែលរំពឹងទុកថា មហាជនលោកនៅតែស្រឡាញ់ និងគាំទ្រលោកជានិច្ច(បេល ជូនពរឱ្យជោគជ័យណា៎ក្ដឹបណា៎)៕