Tag: អាសន្នតោគ

  • ចិនដក “លេខាបក្ស” ប្រចាំតំបន់ហ៊ូពេយ បន្ទាប់ពីមានការរិះគន់ថា អសមត្ថភាពក្នុងការទប់ទល់“វីរុសកូរ៉ូណា”

    ចិនដក “លេខាបក្ស” ប្រចាំតំបន់ហ៊ូពេយ បន្ទាប់ពីមានការរិះគន់ថា អសមត្ថភាពក្នុងការទប់ទល់“វីរុសកូរ៉ូណា”

    ចិនបានដកមេដឹកនាំខាងនយោបាយលំដាប់ខ្ពស់របស់មណ្ឌលហ៊ូពេយ ដែលជាចំណុចកណ្ដាលនៃការឆ្លងរាលដាលរបស់មេរោគវីរុសកូរ៉ូណា ដែលធ្វើឱ្យមានមនុស្សស្លាប់មកដល់ពេលនេះចំនួន 1,355នាក់។ នេះបើតាមប្រភពព័ត៌មានផ្លូវការដែលបានរាយកាយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។

    ចៀង សៅលៀង លេខាបក្សប្រចាំតំបន់ហ៊ូពេយ នឹងត្រូវជំនួសដោយ យីង យង់ អភិបាលក្រុងស៊ាងហៃ។ នេះបើយោងតាមការអះអាងពីទីភ្នាក់ងារព័ត៌មានស៊ីនហួរបស់រដ្ឋចិន ដែលមិនបានរាយការណ៍អ្វីបន្ថែមឡើយ។

    ការដកសមមិត្ត ចៀង ចេញនេះ កើតឡើងបន្ទាប់ពីមន្ត្រីជើងចាស់ផ្នែកសាធារណៈសុខាភិបាល 2រូបរបស់ហ៊ូពេយ ត្រូវបានដកចេញកាលពីថ្ងៃចន្ទ ក្រោមសំឡេងរិះគន់ដ៏ច្រើនអំពីវិធានការប្រយុទ្ធប្រឆាំងមេរោគដែលក្រុមមន្ត្រីក្នុងតំបន់បានដាក់ចេញក្នុងស្ថានការណ៍វិបត្តិ។

    មណ្ឌលនេះបានរាយការណ៍ថា រកឃើញអ្នកឆ្លងមេរោគកើនឡើងយ៉ាងគួរឱ្យភ្ញាក់ផ្អើលនៅថ្ងៃព្រហស្បតិ៍នេះ ដែលធ្វើឱ្យចំនួនអ្នកឆ្លងមេរោគទូទាំងប្រទេសកើនឡើងដល់ជិត 60,000នាក់ ក្រោយពីរដ្ឋបាលហ៊ូពេយប្ដូរវិធីថ្មីក្នុងការរាប់ចំនួនអ្នកឆ្លងមេរោគ។

    មេរោគវីរុសនេះ ត្រូវបានគេជឿថា ចាប់កំណើតឡើងកាលពីចុងឆ្នាំកន្លងទៅ នៅក្នុងផ្សារលក់អាហារសមុទ្រមួយកន្លែងក្នុងទីក្រុងវូហាន ក្នុងតំបន់ហ៊ូពេយ។

    ការរិះគន់ទៅលើក្រុមមន្ត្រីក្នុងតំបន់ អំពីរឿងមិនបានត្រៀមខ្លួន និងបណ្ដែតបណ្ដោយក្នុងការទប់ទល់មេរោគ បានកើនឡើងយ៉ាងច្រើន បន្ទាប់ពីមានការស្លាប់កាលពីសប្ដាហ៍មុនរបស់លោកគ្រូពេទ្យចិនម្នាក់ដែលធ្លាប់ត្រូវអាជ្ញាធរទីក្រុងវូហានដាក់ទោសពីបទប្រកាសដំណឹងពាក់ព័ន្ធនឹងមេរោគវីរុសប្រភេទថ្មីនេះ។

    រដ្ឋបាលទីក្រុងវូហាន ថែមទាំងត្រូវប្រឈមនឹងការរិះគន់យ៉ាងចាស់ដៃកាលពីខែមករា ចំពោះការរឹងរូសក្នុងការរៀបចំពិធីជប់លៀងសាធារណៈប្រចាំឆ្នាំដល់ក្រុមគ្រួសារចំនួន 40,000គ្រួសារ ត្រឹមតែប៉ុន្មានថ្ងៃមុនពេលដែលទីក្រុងនេះត្រូវបានបិទជាផ្លូវការទាំងស្រុងទៀតផង។

    ការប្រែប្រួលផ្សេងៗកំពុងតែកើតឡើងនៅក្នុងមណ្ឌលនេះ រួមទាំងការដកមន្ត្រីកាកបាទក្រហមលំដាប់ខ្ពស់ម្នាក់ក្នុងទីក្រុងវូហាន ពីបទព្រងើយកន្តើយចំពោះតួនាទី ក្នុងខណៈដែលមន្ត្រីជើងចាស់ក្នុងទីក្រុងប៉េកាំង ឈឹន អ៊ីស៊ីន ត្រូវបានបញ្ជូនទៅទីក្រុងវូហាន ដើម្បីកាន់កាប់គ្រប់គ្រងការឆ្លងរាលដាលរបស់មេរោគ៕

    ប្រភព៖ សាព័ត៌មានបរទេស

  • តម្លៃ​មូលបត្រ​ចិន​ធ្លាក់​ចុះ​ជិត 9% ខណៈកំណើន​សេដ្ឋ​កិច្ច​អាច​ធ្លាក់​ចុះ​ 5% ​ដោយ​សារ​ឥទ្ធិពល​របស់​…

    តម្លៃ​មូលបត្រ​ចិន​ធ្លាក់​ចុះ​ជិត 9% ខណៈកំណើន​សេដ្ឋ​កិច្ច​អាច​ធ្លាក់​ចុះ​ 5% ​ដោយ​សារ​ឥទ្ធិពល​របស់​…

    តម្លៃ​​មូល​បត្រ​ក្នុង​ផ្សារ​ហ៊ុន​ចិន​បាន​ដាំ​ក្បាល​ចុះ​ភ្លាម​ៗ បន្ទាប់​ពី​បើក​ទ្វារ​ឡើង​វិញ​នៅ​ព្រឹក​នេះ (3កុម្ភៈ)​ ក្រោយឈប់​​សម្រាក​ក្នុង​រដូវ​បុណ្យ​ចូល​ឆ្នាំ​ចិន​។

    នៅ​ក្នុង​ការ​ជួញ​ដូរ​ដំបូង សន្ទស្សន៍​របស់​ Shanghai Composite និង Shenzhen Composite សុទ្ធ​​តែ​បាន​​​ធ្លាក់​ថ្លៃ​ជិត​ 8,7%។ បច្ចុប្បន្ន ការ​ធ្លាក់តម្លៃ​នេះ​គឺ​នៅ​ត្រឹម​ 8%។

    ការ​វិវដ្ដ​នៅ​ក្នុង​ផ្សារ​ហ៊ុន​ចិន ត្រូវ​បាន​អ្នក​វិនិយោគ​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ដោយ​សារ​តែ​ប្រទេស​នេះ​ ត្រូវ​អូស​បន្លាយ​ចំនួន​ថ្ងៃ​ឈប់​សម្រាក​រដូវ​បុណ្យ​ចូល​ឆ្នាំ​ ព្រោះ​តែ​អាសន្ន​រោគ​រលាក​សួត​កូរ៉ូណា​។ គិតមក​ដល់​ព្រឹក​នេះ មេរោគ​កូរ៉ូណា​ បាន​សម្លាប់​មនុស្ស​ចំនួន 362នាក់ ក្នុង​នោះ​មាន​អ្នក​ស្លាប់​361 នៅឯ​ប្រទេស​ចិន​។ ​ចំនួន​ករណី​ឆ្លង​មេរោគ​នេះ ក៏​កើន​ដល់ 17,373​នាក់​ នៅ​ទូទាំង​ពិភព​លោក​។

    គណៈកម្ម​ការ​មូល​បត្រ​ចិន កាល​ពី​ម្សិល​មិញ​បាន​ប្រកាស​នៅ​លើ​ទំព័រ People Daily ថា ខ្លួន​ជឿ​ជាក់​ថា​ អាសន្នរោគ​នេះ​ គ្រាន់​តែ​បង្ក​ផល​ប៉ះពាល់​ក្នុង​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ។ ដើម្បី​ជួយ​ដល់​ក្រុម​ហ៊ុន​នានា គណៈកម្ម​ការ​មូល​បត្រ​ចិន នឹង​អំពាវ​នាវ​អ្នក​វិនិយោគ​ឱ្យពន្យា​កាល​បរិច្ឆេទ និង​ពិចារណា​ទៅ​លើ​ការ​ប្រើ​ប្រាស់​វិធី​នានា​ដើម្បី​កាត់​បន្ថយ​ការ​ភ័យ​ខ្លាច​នៅ​ក្នុង​ទី​ផ្សារ​។

    ធនាគារ​ជាតិ​​ចិន កាល​ពី​ម្សិល​មិញក៏​បាន​ប្រកាស​ថា​ នឹង​បញ្ចេញ​ប្រាក់​ 1,200ពាន់លាន​យន់ (173ពាន់​លាន​ដុល្លារ​អាមេរិក​) ទៅ​ក្នុង​​ទី​ផ្សារ​។ នេះ​គឺជា​វិធី​មួយ​ក្នុង​ចំណោម​វិធាន​ការ​ទាំង​ 30 ដែល​ចិន​បាន​ប្រកាស​ឱ្យ​ដឹង​កាល​ពី​ចុង​សប្ដាហ៍​មុន​ ក្នុងបំណង​ពង្រឹង​សេដ្ឋ​កិច្ច​ឡើង​វិញ ខណៈ​វា​កំពុង​ដាំ​ក្បាល​ចុះ​ដោយ​សារ​ឥទ្ធិពល​នៃ​អាសន្នរោគ​កូរ៉ូណា។

    ក្រុម​អ្នក​សេដ្ឋ​កិច្ច​បាន​ព្យាករណ៍​ថា​ កំណើន​សេដ្ឋ​កិច្ច​របស់​ចិន​ អាច​នឹង​មាន​ឱនភាព​​ក្រោម​ 5% ក្នុង​ត្រី​មាស​នេះ​ ខណៈ​ដែល​ត្រី​មាសកន្លង​ សេដ្ឋ​កិច្ច​ចិន​បាន​ដាំ​ក្បាល​ចុះ​ 6%។ អ្នក​សេដ្ឋ​កិច្ច​ខ្លះ​ ថែម​ទាំង​ព្យាករណ៍​ថា ឱន​ភាព​នេះ​អាច​នឹង​នៅ​តែ​បន្ត​​ក្នុង​ត្រី​មាស​ទីពីរ​ខាង​មុខ​៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស