Tag: អាលីយ៉ា

  • អាលីយ៉ា ដល់ថ្ងៃខួបកំណើតក្រោយបុណ្យ7ថ្ងៃ

    អាលីយ៉ា ដល់ថ្ងៃខួបកំណើតក្រោយបុណ្យ7ថ្ងៃ

    នៅពេលថ្មីៗនេះ «គ្រួសារតារាកម្ពុជា» និង អ្នកស្រី ងិន ម៉ានីយ៉ា អ្នកនិពន្ធល្បីឈ្មោះមួយរូបនៅក្នុងផលិតកម្មរស្មីហង្សមាស ត្រូវជាម្ដាយបង្កើតរបស់លោក ថៃ នរៈពិទូរ្យ បានរួមគ្នាធ្វើពិធីបង្សកូល និងធ្វើបុណ្យធំមួយជូនដល់អតីតតារាចម្រៀងនិងអតីតឌីជេ អាលីយ៉ា នៅវត្តទួល ដោយក្នុងពិធីនោះក៏ត្រូវនឹងខួបកំណើតរបស់នាងគម្រប់40ឆ្នាំផងដែរ។ ក្នុងពិធីនោះ ក្រៅពីមានការកាត់នំខួបជូននាងដើម្បីរំលឹកដល់ថ្ងៃកំណើតរបស់នាង ក៏មានការសូត្រមន្តបង្សកូលអោយនាង មានការចែកសារ៉ុងក្រមាលុយកាក់ជូនដល់ចាស់ៗ និងមានការវេចង្ហាន់ ជាទ្រង់ទ្រាយធំគួរសមថ្វាយដល់ព្រះសង្ឃ ដើម្បីឧទ្ទិសមគ្គផលជូននាង។

    អ្នកស្រី ងិន ម៉ានីយ៉ា ដែលជាអ្នកដឹកនាំធ្វើកម្មវិធីនេះ បានអះអាងថា ដោយសារតែអ្នកស្រីបានរាប់អានកញ្ញា អាលីយ៉ា មិនខុសគ្នានឹងកូនក្មួយម្នាក់ ទើបអ្នកស្រីចេញមុខទៅមើលថែនាងដល់មន្ទីរពេទ្យមុនពេលទទួលអនិច្ចកម្ម និងសម្រេចចេញមុខធ្វើពិធីបង្សកូលធំមួយអោយនាងនៅថ្ងៃទី5 ខែកក្កដា ដើម្បីអបអរថ្ងៃខួបរបស់នាង។ អ្នកស្រីថាពិធីដែលបានធ្វើឡើងនោះ បានរួមចំណែកយ៉ាងខ្លាំងពីសប្បុរសជន និងពីតារាសិល្បៈមួយក្រុមរបស់«គ្រួសារតារាកម្ពុជា»។ អ្នកស្រីពិធីបង្សកូលត្រូវនឹងថ្ងៃខួបកំណើតរបស់នាងនោះ គឺដើម្បីឧទ្ទិសកុសលអោយនាងបន្ថែមពីលើពិធីបុណ្យ7ថ្ងៃដែលទើបតែបញ្ចប់។

    លោក ផាត់ តារារដ្ឋ ស្ថាបនិក«គ្រួសារតារាកម្ពុជា» ដែលជាអ្នកដឹកនាំតារាសិល្បៈមួយក្រុម និងជាអ្នកគៀគរជំនួយចូលរួមក្នុងពិធីបង្សកូលនោះ បានអះអាងថា ការពិតគ្រួសារតារាកម្ពុជាបានរួមចំណែកចូលបុណ្យ7ថ្ងៃរបស់កញ្ញា អាលីយ៉ា ជាមួយនឹងអ្នកនាងចន ច័ន្ទលក្ខិណា រួចហើយ ប៉ុន្តែដោយសារតែអាលីយ៉ា ធ្លាប់បានរួមចំណែកជួយដល់«គ្រួសារតារាកម្ពុជា»ក្នុងសកម្មភាពសប្បុរសធម៌ ទើបលោកសម្រចចិត្តប្រមូលកម្លាំងសប្បុរសធម៌ និងសមាជិកជាតារាសិល្បៈមួយចំនួនមកធ្វើបុណ្យរួមគ្នាជាមួយអ្នកស្រី ងិន ម៉ានីយ៉ា ដើម្បីឱ្យពិធីនោះកាន់តែអឹកអធឹក។

    លោកថាជំនួយដែលបានពីការចូលបុណ្យរបស់តារាសិល្បៈរួមមានអ្នកនាងសឿ សុធារ៉ា អ្នកនាងចាន់ សុផានី អ្នកស្រី លីយ៉ា អ្នកនាង គង់ ចាន់រ៉ែន លោកវង្ស ថាណាន់ លោកយន វុទ្ធី ម្ចាស់ផលិតកម្ម  B&S Good day កញ្ញា ណាតាហ្សា កញ្ញាកុសុម៉ា អ្នកនាងម៉ៅ ស៊ីណាត លោកសន សុវណ្ណារ៉ា កញ្ញារក្សា និងសិល្បករជាច្រើនផ្សេងទៀត ត្រូវបានកែច្នៃទិញជាស្លាដក់ ជាម្ហូបជា ជាផ្លែឈើ ជាភេសជ្ជៈ ជានំចំណី ជាមី ជាត្រីខ ជាគ្រឿងផ្ទះ ជាសារ៉ុង ជាក្រមា និងជាថវិកាប្រគេនដល់ព្រះសង្ឃ និងចាស់ៗក្នុងវត្ត ដើម្បីអោយកុសល់កាន់តែច្រើនដល់អាលីយ៉ា ម្ចាស់ទានទាំងអស់។ ក្នុងនោះអ្នកស្រីងិន ម៉ានីយ៉ា ក៏បានប្រគេនទានវស្សាមួយគូធំ ជូនដល់វត្តផងដែរ ដើម្បីឱ្យកុសលទៅអាលីយ៉ា ក្នុងថ្ងៃខួបកំណើតនោះ៕

  • ចូលរួមរំលែកទុក្ខ!! កញ្ញាឌីជេ អាលីយ៉ា ទទួលមរណភាពហើយ

    ចូលរួមរំលែកទុក្ខ!! កញ្ញាឌីជេ អាលីយ៉ា ទទួលមរណភាពហើយ

    តាមរយៈបណ្ដាញទំនាក់ទំនងហ្វេសប៊ុកលោក អ៊ឹម ជីវ៉ា បានឱ្យដឹងថា កញ្ញាឌីជេ អាលីយ៉ា បានទទួលមរណភាពហើយ នៅវេលាម៉ោង6ទាបភ្លឺព្រឹក ថ្ងៃទី28 ខែមិថុនា ឆ្នាំ2018នេះ ដោយសពនាងយកទៅតម្កល់នៅវត្តទួលអង្គលោក។ នេះជាដំណឹងសោកស្តាយមួយ ដែលឌីជេស្រីរូបនេះ ធ្លាបមានប្រវត្តិជួយសង្គមតាមកម្មវិធីសប្បុរសធម៌ជាច្រើន រួមទាំងចូលរួមចំណែករកជំនួយសប្បុរដល់មន្ទីពេទ្យគន្ធបុប្ផាផងដែរ ។

    គួររំឮកផងដែរថា មុនពេលធ្លាក់ខ្លួនឈឺរហូតចូលសម្រាកនៅបន្ទប់សង្គ្រោះបន្ទាន់គួរឱ្យអាសូរ អាលីយ៉ា ធ្លាប់បានសាងស្នាដៃជាច្រើនក្នុងសង្គមសិល្បៈ បូករួមទាំងការងារសប្បុរសធម៌ជាហូរហែរ។ អំឡុងខែមិថុនា ឆ្នាំ2012អាលីយ៉ា បានផ្តើមគំនិតក្នុងការប្រមូលថវិកាមួយចំនួនពីមិត្តរួមអាជីព និងក្រៅរង្វង់សិល្បៈ ដើម្បីជូនដល់វីរសិល្បករចាប៉ីដ៏ល្បីល្បាញលោកតាភិរម្យ ប្រាជ្ញ ឈួន។ នាងក៏បានដឹកនាំអ្នកសិល្បៈ និងក្រុមការងារមួយចំនួនចុះទៅសាកសួរសុខទុក្ខវីរសិល្បករខាងលើដោយផ្ទាល់ដល់ស្រុកកំណើតភូមិសម៉ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ។

    អ្វីដែលគេកាន់តែកោតសរសើអំពីទឹកចិត្តនាង គឺក្នុងអំឡុងខែកក្កដា ឆ្នាំ2012 នាងក៏បានផ្តួចផ្តើមបង្កើតព្រឹត្តិការណ៍ប្រគំតន្ត្រី និងសម្តែងទស្សនីយភាពសិល្បៈដ៏ធំមួយ ​ ​នៅ​សាល​មហោស្រព​ចតុមុខ​មាន​ ឈ្មោះ​ថា​«​តន្រ្តី​មនុស្ស​ធម៌​រៃអង្គាស​ប្រាក់​ជួយ​កុមារ​កំព្រា»​។ គេក៏ចាប់អារម្មណ៍ទៅលើសកម្មភាពនៃការចូលរួមដោយស្ម័គ្រចិត្តរបស់តារាស្រីរូបនេះជាមួយសិល្បករដទៃក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តជាច្រើនឆ្នាំបន្តបន្ទាប់គ្នាផងដែរ។ មុនពេលបាត់មុខពីការងារសិល្បៈកាលពីអំឡុងចុងខែកញ្ញា ឆ្នាំ2016 តារាស្រីរូបនេះ ធ្លាប់បានចូលរួមដោយស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីសប្បុរសធម៌នៅសាកលវិទ្យាល័យន័រតុន ដើម្បីរកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ។ នៅមានសកម្មភាពសង្គមជាច្រើនទៀតដែលតារាស្រីរូបនេះធ្លាប់បានចូលរួមចំណែកជាមួយសិល្បករដទៃជួយដល់សង្គម។

    ជំនួសមុខឱ្យសារព័ត៌មានឡារ៉ែន ​និងសិល្បៈករ-សិល្បៈការិនី យើងសូមអំពាវនាវដល់សាច់ញាតិរបស់នាង បើទោះខុសឆ្គងបែបណាគួរតែមកជួយគាត់វិនាទីចុងក្រោយនេះផង កុំទុក្ខអ្នកនាងឱ្យចោលអីចឹង និងសូមឱ្យវិញ្ញាណក្ខន្ធ អ្នកនាង បានទៅកាន់សុគតិភព៕

  • អ៊ឺម ជីវ៉ា ក្ដុកក្ដួលអារម្មណ៍ ខណៈឃើញឌីជេ អាលីយ៉ា ចូលសង្គ្រោះបន្ទាន់ទាំងសភាព….

    អ៊ឺម ជីវ៉ា ក្ដុកក្ដួលអារម្មណ៍ ខណៈឃើញឌីជេ អាលីយ៉ា ចូលសង្គ្រោះបន្ទាន់ទាំងសភាព….

    នៅពេលប៉ុន្មានម៉ោងមុននេះបន្ដិច តារាសម្ដែងប្រុស អ៊ឺម ជីវ៉ា បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលមើលឃើញថា លោកបានយកចិត្តទុកដាក់ចំពោះស្ថានភាពជំងឺរ៉ាំរ៉ៃរបស់ តារាស្រី អាលីយ៉ា និងបានទៅសួរសុខទុក ព្រមទាំងបង្ហាញអារម្មណ៍ស្រណោះស្រណោក ខណៈដែលតារាស្រីបានចូលទៅសង្គ្រោះបន្ទាន់ទាំងសភាពស្បែកដណ្ដប់ឆ្អឹង។

    លោក អ៊ឹម ជីវ៉ា បានបញ្ជាក់ថា « យប់នេះមកមើលសិល្បៈការិនី Dj អាលីយ៉ាសង្រ្គោះន្ទាន់ ដោយសារជំងឺសួតធ្ងន់ធ្ងរ នៅមន្ទីពេទ្យកាល់ម៉ែត្រ។ ពុទ្ធោអើយពេលជួបនាងភ្លាមខ្ញុំស្ទើតែមិនជឿថា អាលីយ៉ា ព្រោះនាងពិតជាស្គមស្លែកស្លាំងខ្លាំងណាស់ សូម្បីតែសាច់ញាតិក៏គ្មានអ្នកណាមកមើលនាងដែរ ។ ទោះបីខ្ញុំកំពុងតែមានទុក្ខធំ ក៏ខ្ញុំឆ្លៀតមកមើលដែរព្រោះក្នងនាមសិល្បករដូចគ្នាត្រូវចេះជួយគ្នាក្នងគ្រាមានអាសន្ន ជាពិសេសប្រហែលជាដំណាក់កាលចុងក្រោយរបស់នាងហើយ តែក៏សូមអរគុណលោកគ្រូអ្នកគ្រូ វិជ្ជបណ្ឌិតនៅមន្ទីពេទ្យកាល់ម៉ែត្រដែលជួយព្យាបាល Dj អាលីយ៉ា មិនយកថវិការ »។ លោកបន្ដថា លោកមានតែទឹកចិត្តនិងថវិការផ្ទាល់ខ្លួនបន្តិចបន្តួចជូនដល់នាង ដើម្បីព្យាបាលបន្តតែប៉ុណ្ណោះ ធ្វើម្ដេចទេ អ្នកធម្យមជួយអ្នកអត់ អ្នកអត់ជួយអ្នកឈឺចឹងទៅសិល្បៈនៃការចែករំលែកនោះ ។

    សូមជម្រាបបន្ថែមថា តារាស្រីរូបនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ដោយសារជម្ងឺរលាកទងសួតរ៉ាំរ៉ៃ និងធ្វើទុក្ខរហូតធ្វើឱ្យរូបនាងធ្លាក់ខ្លួនស្គមស្លេកស្លាំងបែបនេះ ស្របពេលដែលរូបនាងនៅតែទន្ទឹងរង់ចាំយុត្តិធម៌ពីច្បាប់ បណ្ដាលឱ្យនាងកើតមានជំងឺផ្លូវចិត្តមួយកម្រិតបន្ថែមទៀត។ ខណៈនេះ គេមើលឃើញថា នាងនៅសម្រាកព្យាបាលតែម្នាក់ឯង ដោយគ្មានញាតិណានៅចាំមើលថែរក្សា និងគ្មានប្រាក់បង់ថ្លៃព្យាបាលឡើយ និងរំពឹងថា មានការជួយជ្រោមជ្រែងឧបត្ថម្ភពីសំណាក់មិត្តសិល្បៈរួមអាជីព៕