Tag: អាជ្ញាប័ណ្ណ

  • TikTok ឈប់​លក់​ទំនិញ​អនឡាញ​នៅ​ឥណ្ឌូណេស៊ី បន្ទាប់​ពី​រដ្ឋ​បាន​ហាម​ឃាត់

    TikTok ឈប់​លក់​ទំនិញ​អនឡាញ​នៅ​ឥណ្ឌូណេស៊ី បន្ទាប់​ពី​រដ្ឋ​បាន​ហាម​ឃាត់

    TikTok ​សម្រេច​ចិត្ត​ឈប់​លក់​ទំនិញ​តាម​អនឡាញ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ ក្រោយ​ពី​រដ្ឋាភិបាល​ប្រទេស​នេះ​បាន​ប្រកាស​ហាម​ឃាត់​ ដើម្បី​ការ​ពារ​អាជីវកម្ម​​ខ្នាត​តូច​។

    កាល​ពី​ថ្ងៃទី 03 តុលា 2023 TikTok ដែល​ជា​បណ្ដាញ​សង្គម​របស់​ក្រុម​ហ៊ុន​ចិន ByteDance បាន​ប្រកាស​ថា​ នឹង​បញ្ឈប់​សកម្មភាព​ពាណិជ្ជកម្ម​នៅ​លើ​ឧបករណ៍​​ទិញ​ដូរ​ទំនិញ​របស់​ខ្លួន​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​​ ចាប់​ពី​ថ្ងៃទី 04 តុលា 2023 នេះ​។

    ការ​សម្រេច​ចិត្ត​ខាង​លើ​របស់បណ្ដាញ​សង្គម​ចិន​ TikTok ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​​បាន​ប្រកាស​ហាម​ឃាត់​សកម្មភាព​លក់​ទំនិញ​ផ្ទាល់​នៅ​លើ​ទំព័រ​បណ្ដាញ​សង្គម​នានា​ ដើម្បី​ការ​ពារ​អាជីវកម្ម​​ខ្នាត​តូច​របស់​​ខ្លួន​។

    ក្នុង​ប្រកាស​ថ្មី​បំផុត​របស់​ខ្លួន TikTok Indonesia សង្កត់​ធ្ងន់​ថា អាទិភាព​ដំបូង​គេ​គឺ​ការគោរព​ច្បាប់ និង​ការ​សម្រេច​របស់​ប្រទេស​ដែល​ TikTok កំពុង​ធ្វើសកម្មភាព​។ ក្នុង​នោះ​ ពួក​គេ​នឹង​ឈប់​ធ្វើពាណិជ្ជកម្ម​អនឡាញ​នៅលើ​ឧបករណ៍​លក់​ដូរ​ទំនិញ TikTok Shop Inodnesia។

    ក៏ប៉ុន្តែ​ TikTok ក៏​យល់​ថា បទបញ្ជា​ខាង​លើ​របស់រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ នឹង​ប៉ះពាល់​ដល់​អាជីវករ​រាប់​លាន​នាក់​ដែល​ប្រើ​ប្រាស់​ TikTok Shop ក្នុង​​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​នៅ​អាស៊ី​អាគ្នេយ៍​​នេះផងដែរ​។

    រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ឥណ្ឌូណេស៊ី Zulkifli Hasan ឱ្យ​ដឹង​ថា បណ្ដា​ក្រុម​ហ៊ុន​ដែល​មិន​គោរព​តាម​បទបញ្ជា​ហាម​លក់​ទំនិញ​លើ​បណ្ដាញ​សង្គម​ នឹង​ត្រូវ​បាន​ព្រមាន​។ បើ​សិន​នៅ​តែ​រំលោភ​បំពាន​ជា​ថ្មី ពួក​គេ​នឹង​ត្រូវ​បាន​ដក​ហូត​អាជ្ញាប័ណ្ណ​អាជីវកម្ម​នៅ​ឥណ្ឌូណេស៊ី​។

    មុននោះ រដ្ឋមន្ត្រី​ខាងលើ​យល់​ថា ពាណិជ្ជកម្ម​អនឡាញ​ត្រូវ​ការ​បែង​ចែក​ឱ្យ​ដាច់​ពី​បណ្ដាញ​សង្គម​។ បណ្ដាញ​សង្គម​អាច​ផ្សព្វផ្សាយ​ផលិត​ផល​ ប៉ុន្តែ​មិន​ត្រូវ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​លក់​ដូរ​ផលិត​ផល​​នៅ​លើ​ថ្នាល​បច្ចេក​វិទ្យា​របស់​ពួក​គេ​។ លោក Hasan សង្កត់​ធ្ងន់​ថា បទបញ្ជា​ថ្មី​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​បំណង​ការ​ពារ​សហគ្រាស អាជីវកម្ម​ខ្នាត​មធ្យម និង​តូច​។

    យោង​តាម​ទិន្នន័យ​របស់ TikTok ប្រទេស​ឥណ្ឌូណេស៊ី​ដែល​មាន​អ្នក​ប្រើ​ប្រាស់​ 125 លាន​នាក់​ គឺជា​ទីផ្សារ​ធំជាង​គេ​លំដាប់ទីពីរ​ក្នុង​ពិភពលោក​របស់​ TikTok បន្ទាប់​ពី​សហរដ្ឋ​អាម៉េរិក​។​ ប៉ុន្តែ​ ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ មាន​មតិ​កាន់​តែ​ច្រើន​ដែល​​អំពាវនាវ​ឱ្យ​រដ្ឋ​គ្រប់​គ្រង​បណ្ដាញ​សង្គម​ និង​ពាណិជ្ជកម្ម​អនឡាញ​ ពេល​ដែល​អ្នក​លក់​តាម​បែប​បុរាណ​យល់​ឃើញ​ថា ការ​លក់​ទំនិញ​ក្នុង​តម្លៃ​ទាប​ខ្លាំង​នៅ​លើ TikTok Shop និង​បណ្ដាញ​សង្គម​នានា ​កំពុង​គំរាម​កំហែង​ដល់​ «ឆ្នាំង​បាយ» របស់​ពួក​គេ​៕

  • អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​ ជំរុញ​ការបង្កើត​ទីផ្សារ​គម្រោង​វិនិយោគ​រួម​

    អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​ ជំរុញ​ការបង្កើត​ទីផ្សារ​គម្រោង​វិនិយោគ​រួម​

    បច្ចុប្បន្ន​ផ្សារ​មូលបត្រ​កម្ពុជា​ មាន​ទីផ្សារ​ចំនួន2​ សម្រាប់​ក្រុមហ៊ុន​ចុះបញ្ជី​ ដែល​ទី1​ គឺ​ផ្សារ​គោល​ដែល​សម្រាប់​សហគ្រាស​ធុន​ធំ​ និង​ទីផ្សារ​មួយទៀត​ គឺទី​ផ្សារ​កំណើន​ ដែល​សម្រាប់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ហើយ​ទីផ្សារ​សញ្ញា​បណ្ណ​ និង​គម្រោង​វិនិយោគ​រួម​ ក៏បាន​ក្លាយជា​ផលិតផល​ថ្មី​របស់​ទីផ្សារ​មូលបត្រ​កម្ពុជា​ផង​ដែរ​។ នេះ​បើ​តាម​អគ្គនាយក​នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ថ្លែង​នៅក្នុង​ពិធី​ទទួល​បាន​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​របស់​ក្រុមហ៊ុន​ ខេម​បូ​ឌាន​ អុី​នវេ​សស្ទ័រ​ ឃែ​ភី​ថល​ ផា​តនើរ​ ម.ក​ (Cambodian​ Investors​ Capital​ Partners​ Plc​.)។

    ឯកឧត្តម​ ស៊ូ​ សុ​ជាតិ​ អគ្គនាយក​នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ បាន​ថ្លែង​បញ្ជាក់​ថា​៖“ពិធី​ទទួល​បាន​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​នា​ថ្ងៃនេះ​ ជា​សក្ខីភាព​មួយ​នៃ​ការ​ត្រៀមខ្លួន​រួចរាល់​របស់​កម្ពុជា​ក្នុង​ការបង្កើត​ទីផ្សារ​គម្រោង​វិនិយោគ​រួម​ បន្ទាប់ពី​ការ​ដាក់​ឱ្យ​ដំណើរការ​ទីផ្សារ​មូលបត្រ​កម្មសិទ្ធិ​ក្នុង​ឆ្នាំ2012​ ទីផ្សារ​ឧប​ករណ៍​និ​ស្សន្ទ​ក្នុង​ឆ្នាំ2016​ និង​ទីផ្សារ​មូលបត្រ​បំណុល​នា​ចុងឆ្នាំ​ 2018​”។

    ឆ្លៀត​ក្នុងឱកាសនៃ​ការ​ប្រគល់​អាជ្ញាប័ណ្ណ​នេះ​ ឯកឧត្តម​អគ្គនាយក​ក៏បាន​បង្ហាញ​ពី​កំណើន​យ៉ាង​ឆាប់រហ័ស​របស់​ទីផ្សារ​មូលបត្រ​នា​ពេល​បច្ចុប្បន្ន​ និង​ចក្ខុវិស័យ​ដ៏​ច្បាស់លាស់​ក្នុង​ការ​អភិវឌ្ឍ​ទីផ្សារ​នេះ​នា​ពេល​អនាគត​ជូន​ដល់​វិនិយោគិន​ដែល​មាន​វត្តមាន​នៅក្នុង​កម្មវិធី​នេះ​។

    ឯកឧត្តម​ ស៊ូ​ សុ​ជាតិ​ បាន​ថ្លែង​ឱ្យ​ដឹង​ថា​៖“ការ​ដាក់​ឱ្យ​ដំណើរការ​នូវ​គេហទំព័រ​ PhsarHun.com​ និង​កម្មវិធី​ទូរស័ព្ទ​ឈ្មោះ​“ផ្សារហ៊ុន​” App​ នា​ពេល​ថ្មី​ៗនេះ​ ក៏បាន​ជួយ​ឱ្យ​ការ​ទទួល​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ផ្សារ​មូលបត្រ​កម្ពុជា​ កាន់តែ​មាន​ភាព​ទូលំទូលាយ​ឡើង​ ហើយ​ការ​ដាក់ចេញ​វិធីសាស្ត្រ​ នៃ​ការ​ជួយ​ដូរ​ និង​ការ​-ដំឡើង​នូវ​ដែន​កំណត់​ថ្លៃ​ពី​ 5 ទៅ10​% ព្រមទាំង​ការ​ដាក់​ឱ្យ​ដំណើរការ​នូវ​កម្មវិធី​ជួញដូរ​ភាគហ៊ុន​តាម​ទូរស័ព្ទ​ នឹង​កាន់តែ​ផ្តល់​នូវ​មធ្យោបាយ​ងាយស្រួល​ និង​ប្រាក់ចំណេញ​ខ្ពស់​សម្រាប់​ការ​វិនិយោគ​ផ្សារ​មូលបត្រ​កម្ពុជា​។

    អត្ថិភាព​នៃ​ទីផ្សារ​គម្រោង​វិនិយោគ​រួម​នេះ​ នឹង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​កៀរគរ​មូលធន​ ក៏​ដូចជា​យន្តការ​ផ្តល់​ហិរញ្ញប្បទាន​ថ្មី​មួយទៀត​ ដែល​មិនធ្លាប់​មាន​ពីមុន​មក​ នៅក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​កម្ពុជា​ដែល​នឹងជា​បច្ច័យ​មួយ​ថ្មី​ក្នុង​ក្របខ័ណ្ឌ​សេដ្ឋកិច្ច​ទីផ្សារសេរី​ដើម្បី​ឱ្យ​ការបែងចែក​ធនធាន​ហិរញ្ញវត្ថុ​ប្រើប្រាស់​នៅក្នុង​សេដ្ឋកិច្ច​កម្ពុជា​កាន់តែ​មានប្រសិទ្ធភាព​ខ្ពស់​។

    សូម​បញ្ជាក់​ថា​ “ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​” មានន័យថា​ ក្រុមហ៊ុន​អាច​នឹង​កៀរគរ​ទុន​ពី​វិនិយោគិន​ទាំង​ជា​លក្ខណៈ​បុគ្គល​ និង​ស្ថាប័ន​ពី​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​ និង​បង្កើត​ជា​ទម្រង់​យន្តការ​វិនិយោគ​ (Investment​ Platform​) មួយ​ដ៏​គួរ​ឱ្យ​ទុកចិត្ត​ ដែល​វិនិយោគិន​អាច​ចូលរួម​ក្នុង​សកម្មភាព​ជាមួយ​ ដើម្បី​ទទួល​បាន​ប្រយោជន៍​ពី​ការ​បណ្តាក់​ទុន​រួម​នោះ​។

    CIC​ Capital​ Partners​ Plc​. គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ Cambodian​ Investors​ Corporation​ Plc​. ដែល​ជា​ក្រុមហ៊ុន​ប្រមូល​ផ្តុំ​ដោយក្រុម​អ្នក​វិនិយោគ​ក្នុង​ស្រុក​ប្រមាណ300នាក់​ ដោយ​ត្រូវ​បាន​បង្កើត​ឡើង​កាលពីដើម​ខែ​ មេសា​ ឆ្នាំ2013​។

    លោក​ គុយ​ វ៉ា​ត ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន​ CIC​ Capital​ Partners​ Plc​ ក្នុង​ឱកាស​ពិធី​ទទួល​អាជ្ញាប័ណ្ណ​ពី​ SECC​ បាន​មានប្រសាសន៍​ថា​៖“ការ​ផ្តល់​អាជ្ញាប័ណ្ណ​នេះ​នឹង​រួមចំណែក​នៅក្នុង​ការ​ជួយ​អភិវឌ្ឍ​វិស័យ​មូលបត្រ​កម្ពុជា​ ក៏ដូចជា​រួម​ចំណែក​យ៉ាង​ធំធេង​ក្នុង​ការ​អភិវឌ្ឍ​សហគ្រាស​ធុន​តូច​ និង​មធ្យម​នៅ​កម្ពុជា​ផង​ដែរ​”។

    លោក​បាន​បន្ត​ថា​ ក្រុមហ៊ុន​នឹង​ចូលរួម​ចំណែក​ក្នុង​ការ​ជួយ​ដោះស្រាយ​ការ​លំបាក​របស់​សហគ្រាស​ធុន​តូច​ និង​មធ្យម​នៅ​កម្ពុជា​ ជាពិសេស​ទាក់ទង​ទៅ​នឹង​បញ្ហា​ប្រឈម​ក្នុង​ការ​ទទួល​បាន​ហិរញ្ញប្បទាន​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​។ ក្រុមហ៊ុន​នឹង​បង្កើត​នូវ​យន្តការ​មួយ​ដែល​មានគុណ​ភាព​ ប្រសិទ្ធភាព​ និង​ប្រសិទ្ធ​ផល​សម្រាប់​អ្នក​វិនិយោគ​ ហើយ​លោក​សង្ឃឹមថា​ នឹង​មាន​វិនិយោគិន​ជាច្រើន​ចូលរួម​ជាមួយ​ CIC​ Capital​ Partners​ Plc​.។

    ឯកឧត្តម​ ស៊ូ​ សុ​ជាតិ​ បានឱ្យ​ដឹង​បន្ត​ថា​ នា​ពេល​ឆាប់​ៗខាងមុខនេះ​ ទីផ្សារ​សញ្ញា​បណ្ណ​សាជីវកម្ម​ និង​គម្រោង​វិនិយោគ​រួម​នឹង​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​នៅក្នុង​ទីផ្សារ​មូលបត្រ​កម្ពុជា​ ដែល​ការណ៍​នេះ​នឹង​កាន់តែ​បង្កើត​ននូវ​ជម្រើស​វិនិយោគ​ និង​ផ្តល់​នូវ​ភាព​ងាយស្រួល​ក្នុង​កា​រធ្វើ​ពពិធ​កម្ម​នៃ​ការ​វិនិយោគ​ ដែល​អាច​កាត់បន្ថយ​នូវ​ហានិភ័យ​នៃ​ការ​វិនិយោគ​របស់​វិនិយោគិន​ទាំងអស់​៕