Tag: អាចារ្យធំ

  • ក្រសួងនឹងមានវិធានការហៅតារាសម្តែង និងអ្នកដឹកនាំសម្ដែង ទៅដុសក្អែលរឿងថតបទចម្រៀងស្រើបស្រាល?

    ក្រសួងនឹងមានវិធានការហៅតារាសម្តែង និងអ្នកដឹកនាំសម្ដែង ទៅដុសក្អែលរឿងថតបទចម្រៀងស្រើបស្រាល?

    មុននេះបន្ដិចមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការលើកឡើងរបស់លោក អាចារ្យធំ ដែលប្រិយមិត្តអ្នកគាំទ្រជាច្រើនស្គាល់ថា លោកជាមនុស្សម្នាក់ដែលខិតខំលើកស្ទួយវិស័យវប្បធម៌បុរាណខ្មែរ។ លោកបានលើកជាសំណួរឡើងថា៖ « ពេលចេញMV បទហ្នឹងមានឆ្លងក្រសួងទេ?» ដែលសំណួរនេះត្រូវបានគេយល់ឃើញថា ជាការចោទសួរទៅកាន់អ្នកដឹកនាំខាងចម្រៀង និងផលិតកម្មសាស្ដា ដែលបានបញ្ចេញ MVបទចម្រៀង «ស្រីមុខលុយ» ដែលបានបង្ហាញពីសកម្មភាពសិចស៊ីរោលរាលក្ដៅសាច់នៅក្នុង MVបទចម្រៀងនោះ។

    កន្លងមកមានតែការចេញផ្សាយជាព័ត៌មានវាយប្រហាតាមរយៈរូបភាពនៃពាក្យសម្ដីរិះគន់ ទៅលើតួសម្ដែងនៅក្នុងបទចម្រៀងនេះ និងអ្នកដឹកនាំសម្ដែងតែប៉ុណ្ណោះ។ ដោយឡែក នៅមិនទាន់ឃើញមានការរិះគន់ណាមួយទៅខាងផលិតកម្មនៅឡើយទេ។ ដោយផ្អែកទៅលើគណនីរបស់អាចារ្យធំ លោកលើកឡើងថា ឈុតក្រៅឆាករបស់បទចម្រៀង “ស្រីមុខលុយ” ដែលបង្ហាញពីរូបភាពស្រើបស្រាលខ្លាំងទទួលបានការរិះគន់មិនសំចៃមាត់ពីសំណាក់មហាជនជាច្រើនកន្លងមក។ ដំណឹងចុងក្រោយបានលើកឡើងថា ក្រសួងត្រៀមអញ្ជើញទាំងសិល្បករ និងផលិតករនៃបទចម្រៀងមួយនេះមកធ្វើការអប់រំណែនាំឱ្យបញ្ចប់ការសម្តែងបទចម្រៀងបែបស្រើបស្រាលនោះ។

    ​រូបភាព​នៃ​ឈុត​ឆាក​ស្រើបស្រាល​ពី​បទ​ចម្រៀង ”ស្រី​មុខលុយ” សម្តែងដោយកញ្ញា វ៉ាន់ វលក្ខណ៍ និងដឹកនាំសម្តែងដោយក្រុមផលិតករនៃផលិតកម្ម សាស្តាបានធ្វើឱ្យលេចចេញនូវការរិះគន់ខ្លាំង រហូតមហាជនខ្លះប្រដូចទៅនឹងការថតកុនសិច ព្រោះតែឈុតឆាកជាច្រើនបង្ហាញពីការឱបថើប លូកស្ទាប ស្ទើរគ្មានសល់កន្លែងណាមួយលើរាងកាយ។ កន្លងមកផលិតករប្រចាំផលិតកម្មថោន លោក រិទ្ធ អូមេហ្គា ក៏ធ្លាប់បានរិះគន់ខ្លាំងលើបទចម្រៀងមួយនេះថា ជាបទចម្រៀងដែលមានតែឱបថើបគ្នាលើគ្រែ ក្នុងបន្ទប់ទឹកបែបនេះ? ។ លោកថា ”គិតថាធ្វើអ៊ីចឹងទៅល្បីមែន? ការក្បត់វាអាចមានច្រើនរូបភាពមិនចាំបាច់តែ…គ្នាបានគេហៅក្បត់ទេ? ចង់ឃើញមុខអ្នកដឹកនាំសម្តែងហ្នឹង មុខម៉េចបានខួរក្បាលគិតចេញតែរឿងអ៊ីចឹង? ខ្ញុំនិយាយព្រោះខ្ញុំទើស ហើយក្នុងនាមខ្ញុំជាអ្នកផលិតមួយរូបដែរខ្ញុំខ្មាសគេជំនួស។ គ្មានអ្វីថ្មី បែរជានាំរឿងថោកដល់វិស័យសិល្បៈ មិនបានលើកស្ទួយ មកជាន់ពន្លិច យកសិល្បៈជាឈ្នាន់ធ្វើរឿងថោកទាប ។ សុំទោស បើខ្ញុំនិយាយខុស តែខ្ញុំវាទើសភ្នែកពេក ក្រសួងវប្បធម៌គួរចាត់វិធានការលើអ្នកដឹកនាំសម្តែង ឬផលិតកម្មនេះ»។

    ប្រភពពីមន្ត្រីក្រុមប្រឹក្សាភិបាលវិន័យនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានលើកឡើងថា សំណើរបស់ក្រុមការងារបានធ្វើរួចរាល់ហើយ គឺនៅតែការសម្រេចចុងក្រោយរបស់រដ្ឋមន្ត្រីប៉ុណ្ណោះ។ ប្រភពបញ្ជាក់ថា ប្រសិនបើសំណើនេះទទួលបានការឯកភាពនោះ ទាំងសិល្បករ ទាំងផលិតករនឹងត្រូវអញ្ជើញឱ្យមកទទួលយកការណែនាំពីមន្ត្រីក្រសួងដើម្បីបញ្ចប់ការផលិតវីដេអូបែបស្រើបស្រាលដែលនាំឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូរ និងវប្បធម៌ប្រពៃណី និងប្រាសចាកពីសីលធម៌នៃការផលិតបែបសិល្បៈ។ ប្រភពដដែលបានលើកឡើងទៀតថា ការព្រមាននេះក៏ជាគំរូដើម្បីអប់រំដល់សិល្បករ និងផលិតករដទៃទៀតផងដែរ ប៉ុន្តែមិនមានការដាក់បម្រាមផ្អាកដល់សកម្មភាពផលិត ឬការសម្តែងរបស់តារាសម្តែងដូចករណីកញ្ញា ដេននី ក្វាន់កន្លងមកនោះទេ»។

    យ៉ាងណាមិញ លោកអាចារ្យធំ បានបញ្ជាក់ចម្លើយដែរថា «ក្រសួងនឹងកោះហៅតារាសម្តែង និងអ្នកដឹកនាំសម្ដែងបទ ”ស្រីមុខលុយ” ទៅដុសក្អែលពីរឿងថតបទចម្រៀងស្រើបស្រាល»។ ចំពោះបញ្ហានេះ តើប្រិយមិត្តទាំងអស់យល់ឃើញបែបណាដែរ?៕

  • អាចារ្យធំ និងដេននី ក្វាន់ រិះគន់ព្រមគ្នាចំពោះវីដេអូនារីស៊ីសាច់សត្វព្រៃ

    អាចារ្យធំ និងដេននី ក្វាន់ រិះគន់ព្រមគ្នាចំពោះវីដេអូនារីស៊ីសាច់សត្វព្រៃ

    ចំពោះករណីវីដេអូនារីម្នាក់បានស៊ីសាច់សត្វព្រៃ និងសត្វកម្រជិតដាច់ពូជជាអាហារ ហើយបានថតបង្ហោះដាក់រកលុយនៅក្នុងបណ្ដាញសង្គម យូធូបនោះ បានធ្វើឱ្យភ្ញាក់ផ្អើលយ៉ាងកក្រើកពេញបណ្ដាញទំនាក់ទំនងហ្វេសប៊ុក ដែលមហាជនទូទៅទទូចទាមទារឱ្យរកមុខនាងម្នាក់នោះ និងចាត់វិធានការផ្លូវច្បាប់ចំពោះនាង។

    ស្របគ្នានោះដែរ នៅលើគណនីអាចារ្យធំ បានទាមទារថា​ «ទង្វើថតខ្សែវីដេអូ រកលុយក្នុង YouTube តាមរយៈការសម្លាប់សត្វព្រៃកម្ពុជា បានបង្ហោះយ៉ាងព្រហើនមិនខ្លាចច្បាប់។ ពិតជាមហាសែនថោកទាបពេកហើយ!!! ត្រូវតែបញ្ឈប់ជាបន្ទាន់! ខ្ញុំអាចារ្យធំ សូមគោរពជម្រាបក្រសួង មេត្តាចាត់វិធានការលើជនថោកទាបទាំងហ្នឹងឱ្យខាងតែបាន  អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងបរិសា្ថន សាយ សំអាល់ – Say Samal អង្គការអភិរក្សជលផល បរិស្ថាន សត្វព្រៃ និងព្រៃឈើប្រទេសកម្ពុជា Say Samal គោរពបងប្រធាន»។ រីឯតារាស្រីសិចស៊ី ដេននី ក្វាន់ វិញក៏បានធ្វើការរិះគន់ដែរថា «ស៊ីដូចប្រេត ចេះតែទៅរួចហើយនាងអើយ»។

    សូមជម្រាបបន្ថែមថា ទង្វើនារីម្នាក់ដែលជាជនជាតិខ្មែរ តែងតែបង្ហោះវីដេអូទាក់ទងទៅនឹងការចម្អិនអាហារនៅក្នុងព្រៃដោយដៃរបស់នាងផ្ទាល់ ហើយបានបង្ហោះវីដេអូរកលុយនៅក្នុងយូធូប ដោយយកការស៊ីសាច់សត្វព្រៃ ដូចជា សត្វត្រដក់ ជាសត្វដែលជិតផុតពូជ និងទទួលការអភិរក្សពីអាជា្ញធរ និងសត្វកូនខ្លាត្រី ដែលជាពពួកសត្វកម្រមកសម្លាប់ហើយចម្អិនហូបដើម្បីទាក់ទាញអ្នកទស្សនានោះ ត្រូវបានមហាជនខ្មែររិះគន់ថា ជាទង្វើព្រៃផ្សៃបំផុត។

    គួររំឭកផងដែរថា វីដេអូដែលមាននៅលើបណ្តាញសង្គមហ្វេសប៊ុក និងយូធូប ត្រូវបានអ្នកលេងបណ្ដាញសង្គមជេរព្រោងព្រាត ទៅលើនារីម្នាក់នេះយ៉ាងចាស់ដៃតែម្តង។ វាពិតជាមិនគួរសោះដែលនារីម្នាក់មានរូបសម្រស់សមរម្យ តែបែរជាមកធ្វើអំពើបែបនេះទៅវិញ តើសត្វព្រៃទាំងនេះនឹងត្រូវវិនាសហិនហោចដោយសារតែស្នាដៃរបស់នារីម្នាក់នេះឬ? បើតាមសម្ដីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើននាក់ ពួកគេបានទទូចស្នើសុំឱ្យក្រសួង និងអាជ្ញាធរចាត់វិធានការច្បាប់ទៅលើនារីម្នាក់នេះឱ្យបានឆាប់បំផុត(ទុកយូរ នាងនឹងស៊ីសត្វព្រៃអស់មិនខាន…)៕

     

  • ឆេះដុំ ក្ដៅងំស្លឹកត្រចៀក​…អាចារ្យធំ ដាក់បណ្ដាសាតារាវាយតប់ខ្មែរសុរិន្ទ្រ តូនី ចា និងហៅថា ជន…

    ឆេះដុំ ក្ដៅងំស្លឹកត្រចៀក​…អាចារ្យធំ ដាក់បណ្ដាសាតារាវាយតប់ខ្មែរសុរិន្ទ្រ តូនី ចា និងហៅថា ជន…

    បន្ទាប់ពីមានការភ្ញាក់ផ្អើលពេញបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងករណីដែលតារាសម្ដែងខ្មែរសុរិន្ទ្រ(ថៃ) និងជាតារាហូលីវូដ លោក តូនី ចា(ឬ ចា ផៈនំយីរ៉ាំ) ដែលបានសរសេរសារនៅលើហ្វេសប៊ុកប្រកាសមិនទទួលស្គាល់ថា ក្បាច់ប្រដាល់ថៃ(មួយថៃ) មិនមែនមានដើមកំណើតចេញពីក្បាច់គុនបុរាណខ្មែរ ល្បុក្កតោ ដូចដែលសារព័ត៌មានចិនបានប្រកាសផ្សាយកាលពីពេលថ្មីនោះទេ។ ភ្លាមៗស្រាប់តែអ្នកលេងបណ្ដាញសង្គមជនជាតិខ្មែរជាច្រើនរូប រួមទាំងលោកអាចារ្យធំផងនោះ បានចេញមុខប្រតិកម្ម និងប្រើសម្ដីតិះដៀលទៅកាន់តារាថៃខ្មែរលើរូបនេះក្ឌាំងៗតែម្ដង។

    តាមសំណេររបស់លោក តូនី ចា ឬ ចា ផៈនំយីរ៉ាំ បានសរសេរថា «ថ្មីៗនេះ ខ្ញុំបានឃើញសារឈ្លោះគ្នាទាក់ទងនឹងក្បាច់គុនថៃបុរាណ! ទោះយ៉ាងណាក្បាច់ថៃបុរាណនៅតែជាក្បាច់ថៃបុរាណ ឯក្បាច់ខ្មែរបុរាណ នៅតែជាក្បាច់ខ្មែរបុរាណ ឬ អាចនិយាយម្យ៉ាងទៀតបានថា ក្បាច់គុននៅតែជាក្បាច់គុនមិនសម្គាល់អ្វីទាំងអស់! រឿងដែលសំខាន់បំផុតក្នុងរឿងនេះ គឺជាការគោរពក្បាច់គុន និងគោរពគ្នាទៅវិញទៅមក ក្បាច់គុនមានប្រភពមកពីណាវាមិនសំខាន់នោះទេ អ្វីដែលសំខាន់គឺទស្សនៈ ប្រសិនបើអ្នកទាំងអស់គ្នាយល់ពីទស្សនៈ ហើយព្រលឹងរបស់អ្នកស្ថិតនៅលើទស្សនៈនៃទ្រឹស្តីនោះ នោះទើបអ្នកក្លាយជាម្ចាស់របស់វា ហើយក្បាច់គុននេះនឹងមានប្រភពពីខ្លួនអ្នក!»។ ការលើកឡើងបែបនេះត្រូវបានតារារូបនេះបង្ហោះក្រោយពេលមានការអះអាងថា ខ្មែរជាម្ចាស់ក្បាច់គុនបុរាណ ខណៈដែលតារាសម្ដែងខាងវាយតប់ តូនី ចា យល់ថា ក្បាច់គុនគ្មានម្ចាស់នោះទេ ឱ្យតែអ្នកហាត់យល់ពីទស្សនៈក្បាច់គុន នោះទើបជាម្ចាស់ពិតប្រាកដ។

    គ្រាន់តែបានឃើញសម្ដីបែបនេះភ្លាម អាចារ្យធំបានសរសេរតបទៅកាន់ តូនី ចា ទាំងភាសាខ្មែរ និងអង់គ្លេស រួមទាំងវីដេអូសម្ដីរបស់ តូនី ចា កាលពីប៉ុន្មានឆ្នាំមុនថា  «វីដេអូអនុស្សាវរីយ៍ចុកឈាមដែល ចា ផៈនំយីរ៉ាំ និយាយខ្មែរឱ្យជួយគាំទ្រក្បាច់គុនបុរាណយើង។ ល្បុក្កតោជារបស់ខ្មែរ..ជាក្បាច់គុនបុរាណខ្មែរ»។

    «យើងសូមផ្ញើសារទៅកាន់លោក ចា ផៈនំយីរ៉ាំ ថាពាក្យចាស់លោកថា៖ មនុស្សដែលមានទោសអាក្រក់បំផុត គឺមនុស្សភ្លេចកំណើត ភ្លេចសាវតាដើមរបស់ខ្លួន។ លុយ និងកិត្តិយស មនុស្សលើលោកតែងតែប្រាថ្នាចង់បាន តែមហិច្ឆតាទុរយស រហូតដល់ព្រមបោះបង់ចោលដើមកំណើតរបស់ជាតិខ្លួន ភ្លេចគិតអំពីម៉ែឳជីដូនជីតាខ្លួនដែលមានឈាមជ័រជាខ្មែរនៅលើដីសុរិន្ទ្រ គឺជាគំរូដ៏គម្រក់ ដ៏ថោកទាបបំផុតរបស់មនុស្សជាតិ។ ខ្ញុំសូមថ្កោលទោសលោកក្នុងប្រវត្តិសាស្ត្រនៃផែនដីនេះ ដែលលោកជាជនទមិឡហ៊ានរំលាយឈាម សាច់ បំភ្លេចវីរភាពបុព្វការីខ្មែរ។ លោកនឹងត្រូវបណ្ដាសា!!!

    ក្នុងនាមខ្ញុំជាខ្មែរម្នាក់ ខ្ញុំសែនសោកស្ដាយនូវទឹកចិត្តដ៏ស្មោះត្រង់របស់ខ្ញុំដែលតែងតែគាំទ្រលោកពីមុនមក។ ឈឺចាប់!..»៕

  • អាចារ្យធំ ពន្លះអ្នកលេងហ្វេសប៊ុកម្នាក់ Live Video ជេរគ្នាផ្អើលព្រាតពេញនគរខ្មែរ

    អាចារ្យធំ ពន្លះអ្នកលេងហ្វេសប៊ុកម្នាក់ Live Video ជេរគ្នាផ្អើលព្រាតពេញនគរខ្មែរ

    នៅពេលថ្មីៗនេះ លើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកកំពុងតែមានភាពកក្រើក និងភ្ញាក់ផ្អើលបំផុត ដែលអ្នកលេងហ្វេសប៊ុកម្នាក់មានគណនីឈ្មោះ Alex CoNan Real បានធ្វើការ Live វីដេអូជេរដោយសម្ដីចម្អេះចម្អះ រហូតដល់មានកូនខ្មែររាប់សិបពាន់នាក់ចូលទៅទស្សនាការ Live ផ្ទាល់នេះ ។

    ទន្ទឹមនឹងការហួសចិត្ត អ្នកស្នេហា និងអភិរក្សសិល្បៈបុរាណខ្មែរ អាចារ្យធំ នគររាជ បានសម្ដែងការហួសចិត្ត និងពន្លះចំៗនៅលើគណនីផ្ទាល់របស់លោកថា « ច្បាស់ហើយថា សង្គមនេះរើមិនរួចពី លិច និង លង់ ឯវំ៚
    រឿងជាតិគ្មានអ្នកខ្វល់ទេ តែបើរឿងជេរចំតិតអ៊ុត។ អញចេះជេរដែរ តែអញជេរពួកអាភ្លេចជាតិ! ភ្លេចវប្បធម៌! .. »។

    គួរបញ្ជាក់ផងដែរ មានការអាក់អន់ស្រពន់ចិត្តសោកស្ដាយយ៉ាងខ្លាំង ខណៈដែលមាន Page មួយចំនួនបានធ្វើការ Live វិដេអូផ្សព្វផ្សាយពីវប្បធម៌ខ្មែរ បែរជាគ្មានអ្នកចូលមើលទាល់តែសោះ ហើយងាកមកពេញនិយមរឿងដែលមានមិនប្រយោជន៍ចំពោះសង្គមជាតិវិញ។ នេះបើតាមសម្ដីការលើកឡើងរបស់អ្នកលេងបណ្ដាញសង្គមបានបញ្ចេញមតិខាងក្រោមរូបភាពរបស់ លោក អាចារ្យធំ។

    តើចំពោះប្រិយមិត្តទាំងឡាយគ្នាយល់យ៉ាងណាដែរចំពោះករណីខាងលើនេះ ?

  • អាចារ្យធំ ពន្លះលោក ឡេង ណាវ៉ាត់ត្រា ម្ចាស់បទ “រាំបិទគូទ” ដាក់រូបក្របល្ខោនខោល

    អាចារ្យធំ ពន្លះលោក ឡេង ណាវ៉ាត់ត្រា ម្ចាស់បទ “រាំបិទគូទ” ដាក់រូបក្របល្ខោនខោល

    អាចារ្យធំ ដែលត្រូវបានមហាជនជាច្រើនស្គាល់រូបលោកថា ជាសិល្បករម្នាក់ដែលស្រឡាញ់ជាតិ និងថែរក្សាវប្បធម៌ខ្មែរ ហើយលោកបានខិតខំប្រឹងប្រែងធ្វើរឿងជាច្រើនដើម្បីឱ្យបងប្អូនងាកមកចូលរួមថែរក្សាកេរដំណែលពីដូនតាបន្សល់ទុកឱ្យទៀតផង។

    ដោយឡែកនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនាពេលថ្មីៗនេះ បទចម្រៀង «រាំបិទគូទ» ដែលទើបតែបង្ហោះថ្មីៗរបស់លោកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា ត្រូវបានលោកអាចារ្យធំរិះគន់យ៉ាងចាស់ដៃ និងបញ្ចេញប្រតិកម្មចំពោះការធ្វើឱ្យប៉ះពាល់តម្លៃវប្បធម៌ជាតិខ្មែរ ខណៈបទនោះ លោកបានដាក់រូបក្របវីដេអូ ( Cover ) មានលាយឡំជាមួយរូបល្ខោនខោល និងល្ខោនស្បែកធំ ដែលចំណងជើងបទចម្រៀង និងរូបភាពអាចបង្កឱ្យមានការភាន់ច្រឡំគ្នាពីទម្រង់នៃសិល្បៈបុរាណខ្មែរ។

    នៅក្នុងនោះដែរ លោក អាចារ្យធំ បានបញ្ចេញមតិប្រតិកម្មយ៉ាងចំៗថា «ខ្ញុំអាចារ្យធំ សូមប្រកាសជម្រាបដល់លោក ឡេង​ ណាវ៉ាត់ត្រា ម្ចាស់បទ “រាំបិទគូទ” (ដែលជាសិល្បករ និងមានគោរមងារជាឧកញ៉ាផងនោះ) សូមលោកមេត្តាជួយបំភ្លឺ រឿងបទថ្មីរបស់លោកមួយបទដែលមានចំណងជើងថា “រាំបិទគូទ” ដែលទើបបានបង្ហោះនៅក្នុង Page របស់លោក LengNavatraឡេង ណាវ៉ាត្រាផ្ទាល់ ជាបទញាក់កន្ត្រាក់សរសៃ (ឬក្មេងៗហៅថាបទបែកស្លុយ)នោះផងថា ហេតុអ្វីទើបមានការយករូបភាពទម្រង់សិល្បៈបុរាណខ្មែរ (ល្ខោនខោល-ល្ខោនស្បែក) មកកាត់តដាក់លាយឡំគ្នាក្នុង Background បទនេះទៅវិញ?! ដែលអាចនាំឱ្យមានការភាន់ច្រឡំដល់មហាជនអំពីទម្រង់សិល្បៈបុរាណដើមរបស់ខ្មែរ និងបទបែបបរទេសមួយនេះ»។

    អ្នកគាំទ្រសិល្បៈបុរាណ និងល្ខោនខោលខ្មែររូបនេះក៏បានបញ្ជាក់បន្ថែមដែរថា «ខ្ញុំសង្ឃឹមថា លោកនឹងយល់អំពីប្រតិកម្មរបស់ខ្ញុំ ហើយផ្ដល់ការបកស្រាយតាមការគួរ ដើម្បីរួមថែរក្សា អភិរក្ស ការពារ កេរមរតកជាតិទាំងអស់គ្នា ក្រោមឈ្មោះជាមនុស្សខ្មែរដែលរស់ជ្រកក្រោមដំបូលមេឃនៃវប្បធម៌ដូនតាខ្មែរតែមួយ។ សូមអរគុណ!»៕់