Tag: អាការរោគ

  • នៅពេលកូនតូចឈានចូលខែទី 10

    នៅពេលកូនតូចឈានចូលខែទី 10

    ខែទី 10

    លក្ខណៈរបស់កូនតូច

    រយៈនេះកូនច្រើនមានធ្មេញខាងមុខដុះឡើងគ្រប់ 4 គ្រាប់ហើយ តែនៅមិនទាន់ដល់ថ្នាក់ត្រូវដុសធ្មេញឱ្យបានទេ គ្រាន់តែយកក្រណាត់ស្អាតមកជូតឱ្យក៏គ្រប់គ្រាន់ហើយ។ ថ្ងៃនេះអត្រាកើនឡើងនៃទម្ងន់ខ្លួននឹងថយចុះប្រមាណជា 5 – 10ក្រាមក្នុងមួយថ្ងៃជាមធ្យម។

    ខែនេះចាប់ផ្ដើមមានភាពជាខ្លួនឯងច្រើនឡើងហើយ ចេះតតាំងនឹងអ្វីដែលមិនចង់ធ្វើច្រើនឡើង ដូចជាមិនចូលចិត្តឱ្យគេចាប់ដាក់អង្គុយលើកន្ថោរដើម្បីជុះ ជាដើម។ អំឡុងពេលនេះអ្នកម្ដាយអាចនឹងបណ្ដោយកូនឱ្យលេងតែឯងខ្លះ ហើយការលេងកូននឹងបង្កប់ទៅដោយការចង់ដឹងចង់ឃើញ និងចងចាំជាបណ្ដើរៗហើយ។

    ដល់ពេលញ៉ាំអាហារបន្ថែម

    វ័យនេះ ញ៉ាំអាហារបរិមាណប៉ុនណា អាស្រ័យលើសេចក្ដីត្រូវការ មិនចាំបាច់ធ្វើទុកឱ្យញ៉ាំជាពិសេសនោះទេ អាចបែងពីអាហាររបស់មនុស្សធំមកញ៉ាំបាន។ បើអាហារដែលញ៉ាំមានទាំងម្សៅ បន្លែ សាច់ និងសណ្ដែកហើយ ក៏មិនចាំបាច់បារម្ភថា កូននឹងខ្វះសារជាតិអាហារនោះឡើយ។ ចំណែកកាលវិភាគអាហារបន្ថែមដែលថាកូនគួរតែបានទទួលប៉ុន្មានក្នុងមួយថ្ងៃ 2ពេល ឬ3ពេលនោះគ្រាន់តែជាគោលការណ៍ប៉ុណ្ណោះ។ បើញ៉ាំបាយអស់ក្នុងរយៈពេល 10 – 15 នាទីនោះ ចង់ឱ្យញ៉ាំមួយថ្ងៃ 3ពេលក៏បាន តែបើបញ្ចុកបាយម្ដងៗចំណាយពេលដល់ទៅ 1 ម៉ោងនោះ បើឱ្យញ៉ាំមួយថ្ងៃ 3ពេល កូននឹងគ្មានពេលចេញទៅលេងខាងក្រៅផ្ទះ ព្រោះយ៉ាងហោចណាស់ក៏ត្រូវឱ្យបានចេញទៅលេងនៅក្រៅផ្ទះនៅពេលព្រឹក និងពេលល្ងាចម្ដងៗពី 1ម៉ោង – 1ម៉ោងកន្លះដែរ ហើយពេលវេលានៅសល់ចូរទុកជាពេលវេលាគេង ពេលញ៉ាំបាយ តាមភាពស័ក្តិសមរបស់ក្មេងម្នាក់ៗវិញប្រសើរជាង។

    នំនែក ជារឿងដែលត្រូវតែបណ្ដោយខ្លះៗហើយ

    អ្នកខ្លះមិនព្រមឱ្យកូនញ៉ាំនំឡើយ ព្រោះខ្លាចឆ្អែតរហូតមិនញ៉ាំបាយ តែកូនក៏នៅតែចង់ញ៉ាំដដែលហ្នឹងឯង ដូច្នេះគួរអនុញ្ញាតឱ្យកូនបានញ៉ាំខ្លះចុះ ដូចជានំប៉័ងស្រួយៗ នំប៉ាវ នំបារាំង នំខេក នំចេក នំអាកោ ឬនំខ្មែរផ្សេងៗ តែគួរឱ្យស្អាតមានអនាម័យ រសជាតិផ្អែមល្មមៗ។ ចំណែកផ្លែឈើវិញ គួរឱ្យញ៉ាំជាចំណិតៗ មិនចាំបាច់កិនឱ្យម៉ដ្ឋទៀតទេ។ កំណត់ពេលឱ្យញ៉ាំមិនលើស 2 ដងក្នុងមួយថ្ងៃ ដូចជាឱ្យញ៉ាំទឹកដោះមុនពេលរសៀលជាដើម មិនមែនចេះតែឱ្យញ៉ាំពេញមួយថ្ងៃនោះទេ ព្រោះនឹងធ្វើឱ្យដល់ពេលញ៉ាំបាយ ញ៉ាំបានតិច។

    អាការរោគដែលអាចកើតឡើង

    – នឹកដល់ជំងឺរាតត្បាត

    . បើក្មេងណាមិនដែលគ្រុនក្ដៅខ្លួនពីមុនមក ពេលមិនស្រួលខ្លួនចូរនឹកដល់ជំងឺគ្រុនផ្ដាសាយ បើស្ថិតក្នុងរដូវដែលជំងឺគ្រុនឈាមរាតត្បាត ចូរនឹកដល់ជំងឺគ្រុនឈាម។ ព្យាយាមឱ្យកូនបានញ៉ាំទឹកឱ្យច្រើនក្នុងពេលគ្រុនក្ដៅខ្លួន។ ត្រូវប្រយ័ត្នកុំឱ្យកូនកើតជំងឺដែលឆ្លងមកពីក្មេងដែលលេងជាមួយគ្នា។

    . ចូរនាំកូនទៅចាក់ថ្នាំវ៉ាក់សាំងការពារជំងឺផ្សេងៗតាមអំឡុងអាយុ និងកាលកំណត់របស់ពេទ្យ។

    – ខាងក្រោយត្រចៀកកូនមានដុំអ្វីម្យ៉ាងរឹងៗ

    . អ្នកម្ដាយអាចប្រទះឃើញមានដុំរឹងៗប៉ុនគ្រាប់សណ្ដែកនៅក្រោយស្លឹកត្រចៀក អាចមានតែម្ខាង ឬទាំងសងខាងក៏មាន ពេលចុច ឬសង្កត់ប៉ះ កូនមិនបានបង្ហាញអាការឈឺចាប់អ្វីឡើយ។ ការពិតដុំសាច់នេះគឺ ក្រពេញទឹករងៃដែលធំឡើងខ្លាំង ជាពិសេសបើមានបូសរមាស់នៅលើក្បាល ហើយកូនចូលចិត្តអេះផង មេរោគដែលជាប់នឹងក្រចកដៃនឹងចូលទៅក្នុងក្រោមស្បែកក្បាល ហើយក្រពេញទឹករងៃដែលធ្វើការទប់ស្កាត់នោះនឹងរីកធំឡើង តែក្រោយមកនឹងបាត់ទៅវិញដោយឯកឯង។ តែបើក្រពេញទឹករងៃរលាកក្លាយ បរិវេណនោះនឹងឡើងក្រហម ឈឺនៅពេលចុចចំ។ វិធីការពារ គឺកុំឱ្យកូនកើតបូសរមាស់នៅលើក្បាល កាត់ក្រចកដៃឱ្យខ្លី ហើយបើដុំរឹងៗនោះធំឡើង ត្រូវនាំកូនទៅឱ្យគ្រូពេទ្យពិនិត្យ។

    វិវឌ្ឍនាការរបស់កូនតូច

    – រាងកាយ

    . ចេះតោងតុ ឬឱ្យដឹកដៃ ហើយដើរទៅមកជុំវិញបានហើយ

    . ចាប់ផ្ដើមហាត់ឈរដោយមិនបាច់តោងអ្វីបានហើយ អាចឈរដោយខ្លួនឯងបានមួយភ្លែតៗ។

    . សម្រាប់ក្មេងដែលឆាប់ចេះដើរ អាចដើរបានហើយក្នុងអំឡុងពេលនេះ។

    .​ ចេះចង្អុលប្រាប់ពីអវយវៈរបស់ខ្លួនឯងបាន។

    . ចាប់ផ្ដើមចេះកាន់របស់ដោយដៃម្ខាងបានហើយ តែនៅមិនទាន់អាចបញ្ជាក់បានថា កូនថ្នឹកប្រើដៃខាងណាបាននៅឡើយ។

    . ចេះទាញមួកចេញពីក្បាលខ្លួនឯងបានហើយ។

    – សង្គមជុំវិញខ្លួន

    . ចេះភ្ជាប់ពាក្យសម្ដីជាមួយអាកប្បកិរិយា ដូចជា ការបញ្ជូនស្នាមថើប ញញឹមស្រស់ស្រាយជាដើម។

    . ញ៉ាំចំណីដោយខ្លួនឯងកាន់តែថ្នឹកឡើង និងលើកកែវទឹកញ៉ាំដោយខ្លួនឯងបាន។

    . ចេះធ្វើត្រាប់អាកប្បកិរិយា និងទឹកមុខរបស់អ្នកនៅជិតដិតនឹងខ្លួនបាន។

    . ចេះស្ដាប់បទចម្រៀង និងយោលខ្លួនតាមនៅពេលបានឮសំឡេងបទភ្លេង។

    ឧស្សាហ៍លេងជាមួយកូនផង

    . កូនចូលចិត្តលេងបិទភ្នែកវាក់អ៊ើ ធ្វើមាត់ចំបូញ ចូលចិត្តលេងបើក-បិទគម្របដបហើយចាក់ទឹកចោល ឬលេងជាមួយពពុះសាប៊ូពេលងូតទឹក ជាដើម។

    . គួរឱ្យកូនបានហាត់ប្រាណខ្លះ ដោយឱ្យតោងធុង ឬកេសធំៗដែលមានដាក់ឥវ៉ាន់ធ្ងន់ៗ ហើយរុញដើរ តែមិនគួរឱ្យដើររុញរទេះដែលមានកង់រអិលៗឡើយ ព្រោះរទេះនឹងរអិលទៅមុខលឿន តែបើកៅអីធ្ងន់ៗដែលមានកង់ អាចឱ្យក្មេងរុញលេងបាន តែឪពុកម្ដាយត្រូវនៅមើល នៅចាំជួយ និងប្រុងប្រយ័ត្ន។

    . វ័យនេះចូលចិត្តលេងអង្គុយអង្រឹង ដូច្នេះបើចង់ឱ្យលេង ឪពុកម្ដាយត្រូវអង្គុយជាមួយ ហើយរកបន្ទះអ្វីទន់ៗមកក្រាលពីក្រោម ឬមានដីខ្សាច់ពីក្រោមអង្រឹង ដើម្បីការពារពេលកូនធ្លាក់មកកុំឱ្យមានគ្រោះថ្នាក់។

    . កូនមិនទាន់ឈរបានមាំនៅឡើយ ដូច្នេះគួរជួយបង្ហាត់បន្ថែម ដោយឱ្យកូនចាប់ដៃឪពុកម្ដាយទាំងសងខាង ហើយជួយទាញឱ្យឈរឡើង។ បង្ហាត់បែបនេះមួយថ្ងៃ 2ដង មួយដង 5 – 6 នាទីបានហើយ។ បើជាក្មេងដែលមាឌធំ ខ្លួនធ្ងន់រហូតក្រោកឈរមិនរួច មិនគួរបង្ហាត់ឱ្យរៀនក្រោកឈរទេ តែគួរបណ្ដោយឱ្យទៅលេងនៅក្រៅផ្ទះ ឬហាត់ប្រាណលើទីធ្លា យ៉ាងហោចណាស់មួយថ្ងៃ 2 – 3 ម៉ោងប្រសើរជាង៕

  • ឈឺថ្កាត់ពេលមានគភ៌ ត្រូវទប់ទល់យ៉ាងណាឱ្យមានសុវត្ថិភាពទាំងម្ដាយ និងកូន?

    ឈឺថ្កាត់ពេលមានគភ៌ ត្រូវទប់ទល់យ៉ាងណាឱ្យមានសុវត្ថិភាពទាំងម្ដាយ និងកូន?

    អាការឈឺថ្កាត់បន្តិចបន្តួចសម្រាប់នារីៗទូទៅ ជារឿងដែលមិនមានគ្រោះថ្នាក់ ឬគួរឱ្យខ្លាចអ្វីនោះទេ គឺអាចមើលថែទាំខ្លួនឯងឱ្យជាឡើងវិញបានដោយការញ៉ាំថ្នាំបែបមិនចាំបាច់ពឹងគ្រូពេទ្យក៏បាន តែបើជានារីៗដែលកំពុងស្ថិតក្នុងអំឡុងពេលតាំងគភ៌ ហើយកើតមានអាការឈឺថ្កាត់ឡើងនោះ ការមើលថែទាំខ្លួននឹងត្រូវយកចិត្តទុកដាក់យ៉ាងល្អិតល្អន់ខ្លាំងជាងមនុស្សទូទៅច្រើនណាស់។

    ព្រោះកូនតូចនៅក្នុងគភ៌កំពុងស្ថិតក្នុងអំឡុងពេលដែលប្រព័ន្ធការពារជំងឺមិនទាន់ជារឹងមាំប៉ុន្មានឡើយ ខ្លាចក្រែងថា ទារកក្នុងផ្ទៃនឹងមិនពេញលក្ខណៈ មានវិវឌ្ឍនាការចម្រើនធំធាត់មិនបានល្អ ដោយសារតែស្រ្តីមានគភ៌មានឱកាសឈឺថ្កាត់បានដោយងាយ។

    អាការឈឺថ្កាត់ ឬគ្រុនក្ដៅផ្សេងៗដែលកើតឡើង មិនគួរទិញថ្នាំយកមកញ៉ាំដោយខ្លួនឯងនោះទេ តែគួរតែទៅជួបលោកគ្រូពេទ្យដើម្បីព្យាបាលអាការឱ្យបានត្រឹមត្រូវ ដើម្បីឱ្យកូនតូចមានសុវត្ថិភាព និងព្យាបាលអាការជំងឺបានយ៉ាងចំចំណុចបំផុត។

    ការមើលថែទាំខ្លួនពេលស្រ្តីមានគភ៌កើតជំងឺគ្រុនក្ដៅ

    កម្រិតនៃប្រព័ន្ធការពារជំងឺក្នុងអំឡុងពេលតាំងគភ៌ធ្លាក់ចុះទាប រហូតធ្វើឱ្យកើតអាការងាយនឹងឈឺថ្កាត់។ មេរោគបាក់តេរីនៅក្នុងខ្យល់អាកាសដែលមើលមិនឃើញចូលមកប៉ះពាល់រាងកាយរហូតធ្វើឱ្យកើតអាការមិនស្រួលខ្លួន និងក្លាយជាជំងឺគ្រុនក្ដៅនៅទីបំផុត។ នៅពេលឈឺថ្កាត់ហើយ អាការនឹងធ្ងន់ធ្ងរ និងប្រើរយៈពេលយូរក្នុងការព្យាបាលច្រើនជាងប្រក្រតី។ ការព្យាបាលដោយថ្នាំដែលទិញដោយខ្លួនឯង ឡារ៉ែនសូមណែនាំថា ស្រ្តីមានគភ៌គួរចៀសវាងយ៉ាងដាច់ខាត ព្រោះអាចប្រថុយប្រថាននឹងផលបន្ទាប់បន្សំពីថ្នាំដែលអាចនឹងចូលទៅប៉ះពាល់ដល់កូនតូចនៅក្នុងគភ៌។ បើស្រ្តីមានគភ៌គ្រុនក្ដៅខ្លួនខ្លាំង អាចនឹងត្រូវរកឃើញទៀតថា មានផលប៉ះពាល់ធ្វើឱ្យបេះដូងរបស់ទារកក្នុងគភ៌លោតញាប់ខ្លាំងឡើង ហុចផលប៉ះពាល់ដល់កម្មវិធីនៃការចម្រើនធំធាត់របស់ទារក បើមិនប្រញាប់ធ្វើការរក្សាព្យាបាលយ៉ាងត្រឹមត្រូវ និងទាន់ពេលវេលាទេនោះ។

    ការព្យាបាលអាការគ្រុនក្ដៅខ្លួន ស្រ្តីមានផ្ទៃពោះគួរមើលថែទាំខ្លួនឯង បញ្ចុះកម្ដៅមិនឱ្យសីតុណ្ហភាពរាងកាយឡើងខ្ពស់ដោយការជូតខ្លួនដោយជ្រើសរើសប្រើទឹកក្នុងសីតុណ្ហភាពធម្មតា ដោយធ្វើការជូតបញ្រ្ចាសរន្ធរោមឡើងមកលើ ដើម្បីឱ្យរាងកាយបន្្ថយកម្ដៅបានច្រើនបំផុត។ ចំណែកការថ្នាំលេបវិញ ចូរប្រឹក្សាជាមួយគ្រូពេទ្យជំនាញដែលស្រ្តីមានគភ៌ទៅពិនិត្យផ្ទៃពោះនោះឯង។

    ការមើលថែទាំខ្លួន ពេលស្រ្តីមានផ្ទៃពោះកើតអាការរាករូស

    អាការរាករូសដែលប្រទះឃើញញឹកញាប់នៅលើស្រ្តីមានផ្ទៃពោះ អាចបែងចែកជា 2 ក្រុមធំគឺ រាករូសដែលបណ្ដាលមកពីមេរោគបាក់តេរី និងមិនបានបណ្ដាលមកពីការឆ្លងមេរោគ។ ការរក្សាព្យាបាលគួរការពាររាងកាយកុំឱ្យកើតសភាវខ្វះជាតិទឹក។ គោលការណ៍គឺ រឹតតែរាងកាយបាត់បង់ជាតិទឹកច្រើនប៉ុន្មាន ចូរបន្ថែមជំនួសដោយជាតិទឹកច្រើនឡើងប៉ុននោះដែរ អាចនឹងតាមរយៈការញ៉ាំទឹកអំបិលរ៉ែ ឬទឹកស្អាតធម្មតា ដើម្បីបំពេញជាតិទឹកដែលបាត់បង់ទៅ។ ក្នុងសភាវរាករូស ពោះវៀនថែមទាំងមានអាការហើមទៀតផង ដូច្នេះគួរថែទាំខ្លួនឯងដោយការជ្រើសរើសញ៉ាំអាហារណាដែលងាយស្រួលរំលាយ និងមានប្រយោជន៍ ដូចជា បបរស បបរសាច់ត្រី និងសង្កត់ធ្ងន់លើអាហារប្រភេទស្ងោរ ចំហុយដែលរសជាតិមិនប្រៃខ្លាំង ហិរខ្លាំង ឬផ្អែមខ្លាំង យកបែបសាបៗជាចម្បង ដើម្បីឱ្យរាងកាយបានសម្របសម្រួលខ្លួនសន្សឹមៗ កូនក្នុងផ្ទៃនឹងមានសុវត្ថិភាព ថែមទាំងបានទទួលសារធាតុអាហារដែលមានប្រយោជន៍យ៉ាងពេញលេញទៀតផង។

    ក្រៅពីនេះ នៅមានអាការរោគផ្សេងៗទៀតដែលប្រទះឃើញនៅលើស្រ្តីមានគភ៌ ច្រើនតែជាអាការដែលជួបប្រទះទូទៅ ដោយសារតែប្រព័ន្ធប្រែប្រួលរបស់រាងកាយដែលខុសពីប្រក្រតី។ ការទទួលទានអាហារដែលមានប្រយោជន៍ ឧស្សាហ៍មើលថែទាំសុខភាពខ្លួនឯងមិនឱ្យប្រឈមនឹងគ្រោះថ្នាក់ដែលបណ្ដាលមកពីថ្នាំនឹងហុចផលឱ្យវិវឌ្ឍនាការរបស់ទារកក្នុងគភ៌រឹងប៉ឹងធំធាត់ឡើងតាមប្រក្រតី៕

  • រៀនពិនិត្យមើលអាការពេលឆ្លងមេរោគកូវីដ-19 ដោយខ្លួនឯង

    រៀនពិនិត្យមើលអាការពេលឆ្លងមេរោគកូវីដ-19 ដោយខ្លួនឯង

    វិនាទីនេះ ប្រហែលជាគ្មាននរណាម្នាក់ចង់ឱ្យជំងឺដែលបណ្ដាលមកពីវីរុសមួយនេះកើតឡើងចំពោះខ្លួនឯងឡើយ និងអ្នកដែលធ្វើការនៅក្នុងតំបន់ប្រថុយប្រថាន ក៏រឹតតែមានសំណួរចំពោះខ្លួនឯងដែរថា “ថ្ងៃនេះ តិចលោខ្ញុំឆ្លងមេរោគកូវីដទៅ?!”។ ចំពោះបញ្ហានេះ គ្រូពេទ្យជំនាញចិនបានណែនាំពីវិធីពិនិត្យមើលអាការមេរោគវីរុសក្នុងរយៈដំបូងដោយខ្លួនឯង ដើម្បីឱ្យយើងទាំងអស់គ្នាបានធូរស្រាលកង្វល់ និងត្រៀមខ្លួនទប់ទល់យ៉ាងមានសតិស្មារតី។

    ក្នុងការបង្ហាញអាការរបស់ជំងឺដែលបណ្ដាលមកពីមេរោគវីរុសកូវីដ-19 បែប 1ថ្ងៃ ទល់ 1ថ្ងៃរបស់មនុស្សម្នាក់ៗ មិនដូចគ្នាទេ តែមានទិដ្ឋភាពរួមដែលដូចគ្នា 3យ៉ាងគឺ រយៈដំបូង នឹងគ្រុនក្ដៅខ្លួនខ្លាំង មានហៀរសម្បោរ និងអំឡុងពេលចុងក្រោយ នឹងមានលក្ខណៈរបស់ការឆ្លងមេរោគនៅក្នុងប្រព័ន្ធដង្ហើម បណ្ដាលឱ្យក្អក ឬកណ្ដាស់ ដោយអាការនៃជំងឺកូវីដ-19 រយៈដំបូង ស្រដៀងគ្នានឹងជំងឺគ្រុនផ្ដាសាយធម្មតា និងគ្រុនផ្ដាសាយធំដែរ ដូច្នេះចាំបាច់ត្រូវតែពិនិត្យដោយវិធីការអះអាងលទ្ធផលពីបន្ទប់ប្រតិបត្តិការតែប៉ុណ្ណោះ ហើយយើងអាចសង្កេតមើលលក្ខណៈការប្រែប្រួលរបស់ជំងឺបែប 1ថ្ងៃ ទល់ 1ថ្ងៃបាន តាមរយៈស្ថិតិដែលមន្ទីរពេទ្យ Zhongnan របស់Wuhan University ដែលបានវិភាគរកឃើញ និងបោះពុម្ពផ្សាយនៅក្នុង American Medical Association ដូចតទៅ…៖

    រៀនពិនិត្យមើលអាការពេលឆ្លងមេរោគកូវីដ-19 ដោយខ្លួនឯងថ្ងៃទី1
    តាមរយៈការស្រាវជ្រាវលើក្រុមមនុស្សគំរូ 138នាក់ បានរកឃើញថា៖
    -99% នៃអ្នកជំងឺ មានអាការគ្រុនក្ដៅខ្លួនខ្លាំង
    -70% មានអាការនឿយល្វើយខ្លាំង
    -59% មានអាការក្អកស្ងួត
    -35% មានអាការឈឺចុករួយសាច់ដុំ
    -31% ពិបាកដកដង្ហើម

    ថ្ងៃទី5
    តាមរយៈការសិក្សាស្រាវជ្រាវរបស់Wuhan University រកឃើញថា អ្នកជំងឺក្នុង 5ថ្ងៃដំបូង នឹងមានអាការពិបាកពិបាកដកដង្ហើម

    ថ្ងៃទី7
    តាមរយៈការសិក្សាស្រាវជ្រាវ បានរកឃើញថា អ្នកជំងឺនឹងមានអាការពិបាកដកដង្ហើមស៊ីពេល 12-13ថ្ងៃ(មេរោគ​ចាប់​ផ្ដើម​វាយ​លុកសួត)

    ថ្ងៃទី8
    អ្នកជំងឺ នឹងមានអាការចូលឆ្ពោះទៅរកជំងឺខាងផ្លូវដង្ហើមទាន់ហន់(ARDS)ធ្វើឱ្យសួតទទួលបានអុកស៊ីហ្ស៊ែនមិន​គ្រប់គ្រាន់

    ថ្ងៃទី10
    អ្នកជំងឺ នឹងបង្ហាញអាការរោគខាងផ្លូវដង្ហើមទាន់ហន់(ARDS) (មានការសិក្សាស្រាវជ្រាវថា អ្នកជំងឺដែលបង្ហាញអាការនេះនៅថ្ងៃទី10 នឹងមានឱកាសរស់ជីវិត ច្រើនជាងអ្នកដែលបង្ហាញអាការនេះនៅថ្ងៃទី12)

    ថ្ងៃទី12
    អ្នកខ្លះមានគ្រុនក្ដៅខ្លួនស៊ីពេលយូរដល់ទៅ 12ថ្ងៃ និងមានអាការក្អកដល់ទៅ 19ថ្ងៃ

    ថ្ងៃទី22
    អ្នកជំងឺបណ្ដាលមកពីឆ្លងមេរោគកូវីដ-19 ច្រើនតែជាសះស្បើយក្នុងរយៈពេល 19-22ថ្ងៃ ក្រោយពេលបង្ហាញអាការ​ក្នុងថ្ងៃដំបូង(បើ​ទទួល​បាន​ការ​ព្យាបាល) ហើយគ្រូពេទ្យនឹងអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបាន។

    សរុបអាការកូវីដ-19 រយៈដំបូង មានលក្ខណៈយ៉ាងណា?

    តាមរយៈការសិក្សាស្រាវជ្រាវរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់ប្រទេសចិន បានរកឃើញថា មានអ្នកជំងឺដែលគ្មានបង្ហាញអាការមានចំនួន 1.2ភាគរយ និង 80.9ភាគរយ បង្ហាញអាការមិនធ្ងន់ធ្ងរ ហើយអាការ​កូវីដ-19 រយៈដំបូងមាន 5លក្ខណៈ ដូចជា គ្រុនក្ដៅខ្លួន នឿយល្វើយ ក្អក ឈឺចុករួយ ពិបាកដកដង្ហើម ដែលបើសិនជាគ្រប់ទាំង 5លក្ខណៈនេះហើយ ត្រូវតែទៅមន្ទីរពេទ្យជាបន្ទាន់៕

    ប្រភព៖ សារព័ត៌មានបរទេស