Tag: អត្តពលិក

  • ថ្ងៃ​ទី 05 ឧសភា​នេះ កម្ពុជា​សម្ពោធ​បើក​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី 32 ជា​ផ្លូវការ

    ថ្ងៃ​ទី 05 ឧសភា​នេះ កម្ពុជា​សម្ពោធ​បើក​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី 32 ជា​ផ្លូវការ

    ពិធី​សម្ពោធ​បើក​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី 32 ជា​ផ្លូវការ​នេះ នឹងត្រូវ​ធ្វើឡើង​នា​វេលា​ម៉ោង 19 នៅឯ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​ស្ថិតក្នុង​រាជធានី​ភ្នំពេញ។

    មកដល់​បច្ចុប្បន្ន ម្ចាស់ផ្ទះ​កម្ពុជា​នៅតែ​មិន​បញ្ចេញ​ព័ត៌មាន​លំអិត​អំពី​កម្មវិធី និង​ការសំដែង​នានា​នៅក្នុង​ពិធី​​សម្ពោធ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី 32 ក្រៅតែពី​ពេលវេលា ទីតាំង និង​បណ្ដា​មន្ត្រីជាន់ខ្ពស់​ដែល​អញ្ជើញ​ចូលរួម។ ក្រុម​អ្នកយកព័ត៌មាន​ក៏​មិនត្រូវ​បានអនុញ្ញាត​ឱ្យចូល​ទស្សនា​ការហាត់​សម ព្រោះ​គណៈកម្មការ​ស៊ី​ហ្គេម​ចង់​បង្កើត​កម្មវិធី​ដ៏​ទាក់ទាញ​មួយ​ទៅតាម​ស្ដង់ដា​អូឡាំពិក។

    ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​អគ្គលេខាធិការ គណៈ​កម្មាធិការ​​ជាតិ CAMSOC កាលពី​ថ្ងៃទី 24 មេសា បានឱ្យដឹងថា កម្ពុជា​ត្រូវតែ​ប្រារព្ធ​ពិធី​សម្ពោធ​បើក​ព្រឹត្តិការណ៍​ប្រកប​ដោយ​ការទាក់ទាញ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ទៅតាម​ស្ដង់ដា​អូឡាំពិក ពុំមែន​លំដាប់​តំបន់​ដូច​​ប្រទេស​ដទៃ។ គ្រប់គ្នា​នឹង​បានឃើញ​ចំណុច​ដ៏​អស្ចារ្យ​របស់​ពិធី​នេះ។

    ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តោ​ជោ ហ៊ុន សែន ក៏បាន​ប្រកាស​មិន​យក​ថ្លៃ​សំបុត្រ​ចូល​ទស្សនា​ពិធី​សម្ពោធ​នេះ​ផងដែរ។ សម្ដេច​មាន​ប្រសា​សន៍​ថា មនុស្ស​ជាង​កន្លះ​លាន​នាក់​ចង់​ចូល​ទស្សនា ប៉ុន្តែ​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ អាចដាក់​មនុស្ស​បានតែ​ពី 60,000 ទៅ 70,000 នាក់​ប៉ុណ្ណោះ។ ទោះជា​យ៉ាងណាក៏ដោយ បញ្ហា​នេះ​ត្រូវបាន​ដោះស្រាយ​តាមរយៈ​ការដំឡើង​ឆាក​បញ្ចាំង​ស្លាយ​ផ្សាយ​បន្ត​ផ្ទាល់​នៅតាម​បណ្ដា​ខេត្ត-ក្រុង​។

    ទីលាន​បាល់ទាត់​មរតក​តេ​ជោ ស្ថិតក្នុង​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ នៅ​សង្កាត់​ព្រែ​កតាសេក ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ត្រូវបាន​សម្ពោធ​ការដ្ឋាន​សាងសង់​កាលពី​ខែសីហា 2017 ហើយ​បួន​ឆ្នាំ​ក្រោយមក​ក៏បាន​សម្រេច​ជា​ស្ថាពរ។ ការចំណាយ​សម្រាប់​ការសាងសង់​ពហុ​កីឡដ្ឋាន​នេះ​គឺ​ប្រហែល 160 លាន​ដុល្លារ​អាម៉េរិក ជា​ជំនួយ​របស់​ប្រទេស​ចិន។

    យោងតាម​គេហទំព័រ​ស៊ី​ហ្គេម​លើក​ទី 32 ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​នៅ​កម្ពុជា មាន​សមាជិក​ចូលរួម​ប្រហែល 12,000 នាក់ មកពី 11 ប្រតិភូ ដោយ​មិនទាន់​រាប់បញ្ចូល​ក្រុម​អាជ្ញាកណ្ដាល។ អ្នកយកព័ត៌មាន​ជាង 2,000 នាក់​ក៏បាន​ទទួល​កាត​ចុះឈ្មោះ​ចូល​យក​ព័ត៌មាន ក្នុងនោះ​មាន 907 នាក់​មកពី​បរទេស។

    ស៊ី​ហ្គេម​លើក​ទី 32 ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ និង​ទីក្រុង​បួន​ផ្សេងទៀត ចាប់ពី​ថ្ងៃទី 29 មេសា​ដល់ 16 ឧសភា ដោយមាន​កីឡា 36 ប្រភេទ ចែកជា 584 វិញ្ញាសា។ កាលពី​ថ្ងៃទី 04 ឧសភា គណៈកម្មការ​ស៊ី​ហ្គេម​បានប្រគល់​មេដាយ​ចំនួន 9 គ្រឿង​ដំបូង​ជូន​អត្តពលិក​ ក្នុងនោះ​ម្ចាស់ផ្ទះ​កម្ពុជា​នាំមុខគេ​ដោយ​ដណ្ដើមបាន​មេដាយមាស​ប្រាំ​គ្រឿង។ ហ្វ៊ី​លី​ពី​ន​ដណ្ដើមបាន​មេដាយមាស​ពីរ​គ្រឿង ខណៈ​ថៃ និង​ឡាវ​ទទួលបាន​មួយគ្រឿង ពី​ប្រភេទ​កីឡា​គុន ជូ​ជិត​ស៊ូ (Jujutsu) និង​ល្បុក្កតោ។

    នៅក្នុង​ថ្ងៃទី 05 ឧសភា​នេះ ស៊ី​ហ្គេម​លើក​ទី 32 នឹងមិនមាន​ការប្រកួត​កីឡា​ណាមួយ​ឡើយ ដោយ​ផ្ដោតទៅលើ​តែ​ពិធី​សម្ពោធ​ជា​ផ្លូវការ។

    បទ​ចម្រៀង​ផ​ផ្លូវការ​របស់​ស៊ី​ហ្គេម​លើក​នេះ​គឺ​បទ Cambodian Pride ដែល​បច្ចុប្បន្ន​​ចំនួន​​​អ្នក​ចូល​មើល​​បាន​កើន​ឡើង​ដល់​ជាង 65 លាន​លើក​នៅលើ YouTube ក្រោយពី​បង្ហោះ​បាន​ជាង​បី​សប្ដាហ៍។ រូបតំណាង​ស៊ី​ហ្គេម​លើក​ទី 32 គឺ​កូន​ទន្សាយ​ពីរ​ក្បាល មួយ​ឈ្មោះ រំដួល និង​មួយ​ឈ្មោះ បុរី។

    ចំណែក​ពិធី​បិទ​ស៊ី​ហ្គេម​លើក​ទី 32 វិញ នឹងត្រូវ​ធ្វើឡើង​ក្នុង​​ថ្ងៃទី 17 ឧសភា នៅឯ​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ៕

  • ថៃ​ហាម​អត្ត​ព​លិ​ក​ទៅកាន់​កាស៊ីណូ​នៅពេល​ចូលរួម​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​កម្ពុជា

    ថៃ​ហាម​អត្ត​ព​លិ​ក​ទៅកាន់​កាស៊ីណូ​នៅពេល​ចូលរួម​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​កម្ពុជា

    ប្រតិភូ​កីឡា​ថៃ​ស្នើ​អត្ត​ព​លិ​ក​ចៀស​ឱ្យ​​ឆ្ងាយ​ពី​បន​ល្បែង (កាស៊ីណូ) នៅ​កម្ពុជា គ្រា​ដែល​ពួកគេ​មក​ចូលរួម​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (ស៊ី​ហ្គេម) លើក​ទី 32។

    «ចេញទៅ​ក្រៅ​លេង​បាន ប៉ុន្តែ​កុំទៅ​បន​ល្បែ» ប្រធាន​ក្រុម Thana Chaiprasit បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ Thairath ដូច្នេះ។ «រឿងនេះ​នៅ​កម្ពុជា​គឺ​ស្របច្បាប់ ប៉ុន្តែ​មិន​សមស្រប​សម្រាប់​អត្ត​ព​លិ​ក​ដែល​កំពុង​បំពេញ​កាតព្វកិច្ច​ជាតិ»។

    មេដឹកនាំ​ក្រុម និង​គ្រូបង្វឹក​នឹង​តាមដាន​អត្ត​ព​លិ​ក បង្ការ​កុំឱ្យ​ពួកគេ​ធ្វើ​ទង្វើ​ខុសច្បាប់ ឬ​ខុស​គោលការណ៍​ដែល​បានកំណត់។ សារព័ត៌មាន Thairath យល់ថា ការណែនាំ​របស់លោក Chaiprasit នឹងមិន​ទទួល​បាន​​​ចំណាប់អារម្មណ៍​ច្រើន ព្រោះថា អត្ត​ព​លិ​ក​ចេះ​ថែរក្សា​រូបភាព​សម្រាប់​កីឡារបស់​ប្រទេស​​ថៃ។

    ប្រទេស​ហ្វ៊ី​លី​ពី​ន​ក៏​ចាត់ទុក​កាស៊ីណូ​ជា​ជំនួញ​ស្របច្បាប់។ ប៉ុន្តែ ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី 30 ប្រតិភូ​កីឡា​របស់​បណ្ដា​ប្រទេស​ពុំបាន​ជួប​បញ្ហា​អត្ត​ព​លិ​ក​ចូល​បនល្បែង​ឡើយ។

    អត្ត​ព​លិ​ក​នៃ​ប្រតិភូ​កីឡា​ថៃ​ចំនួន 847 នាក់ មកកាន់​កម្ពុជា​ប្រកួត​ក្នុង 36 លើ 37 វិញ្ញាសា។ បណ្ដា​ក្រុម​កីឡាករ​ដែល​បានប្រកួត​មុន​គេ​​នៅ​ស៊ី​ហ្គេម​លើក​នេះ រួមមាន ក្រុមបាល់ទាត់ U-22, ក្រុម​ចត្រង្គ និង​ក្រុមកីឡា​កីឡា​គ្រី​ឃី​ត (Cricket) ដែល​ចាប់ផ្ដើម​ប្រកួត​តាំងពី​ថ្ងៃទី 29 មេសា 2023។

    ក្រុម​អត្តពលិក​ជា​ច្រើន​រូប​របស់​ប្រទេស​ថៃ​ បាន​មក​ដល់​កម្ពុជា​តាំង​ពី​ថ្ងៃទី 30 មេសា

    គោលដៅ​របស់​ក្រុម​ប្រតិភូ​កីឡា​ថៃ​គឺ​មេដាយមាស 162 គ្រឿង។ នេះ​គឺជា​ចំនួន​ច្រើន​បំផុត​រាប់​ចាប់តាំងពី​ស៊ី​ហ្គេម​លើក​ទី 24 ដែល​ថៃ​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ។ នៅ​ស៊ី​ហ្គេម​លើក​ទី 31 ក្រុម​ថៃ​ដណ្ដើម​មេដាយមាស​បាន 92 គ្រឿង តិចជាង​ឆ្ងាយ​ធៀប​នឹង​ក្រុម​ម្ចាស់ផ្ទះ​វៀត​ណាត​ដែល​ដណ្ដើមបាន 205 គ្រឿង។

    នៅក្នុង​ប្រវត្តិសាស្ត្រ​ស៊ី​ហ្គេម ថៃ​គឺជា​ក្រុមកីឡា​តែមួយគត់​ដែល​មិន​ធ្លាប់​ជាប់​ចំណាត់​ថ្នាក់ក្រោម​លេខ​បី។

  • លោក រ័ត្ន សុខន ឡើងថ្មីភ្លាម ស្នើដល់អត្តពលិកទាំងអស់ត្រូវតែចេះសាមគ្គីគ្នា និងរួបរួមគ្នា

    លោក រ័ត្ន សុខន ឡើងថ្មីភ្លាម ស្នើដល់អត្តពលិកទាំងអស់ត្រូវតែចេះសាមគ្គីគ្នា និងរួបរួមគ្នា

    លោករ័ត្ន សុខន ដែលទើបតែឡើងជាប្រធានសហព័ន្ធកីឡាវ៉ូវីណាមអាណត្តិថ្មី ឆ្នាំ ២០១៧ ដល់ ២០២១បានសំណូមពរដល់អត្តពលិកទាំងអស់ មិនថាគ្រូ ឬក៍ថ្នាក់ដឹកនាំកីឡាណាផ្សេងឡើយ ត្រូវតែចេះសាមគ្គីគ្នាឲ្យបានល្អ។

    បើតាមសេចក្ដីប្រកាសកាលពីព្រឹកម្សិលមិញនេះ ថ្នាក់ដឹកនាំកីឡាវ៉ូវីណាមអាណត្តិថ្មីទាំង១៣រូប ដែលបានអនុម័តរួចរាល់នោះមាន លោក រ័ត្ន សុខន ប្រធាន, លោកអ៊ូ រតនា អនុប្រធានទី១, លោក រស់ មនិន្ទ អនុប្រធានទី២ , លោក ហុង ឈាងគីម អនុប្រធានទី៣ , លោកកែវ ហុកលី អគ្គលេខាធិការ, លោកទេព ជីវសុខុម អគ្គលេខាធិការរង, លោក ជុត សាម៉ុន អគ្គលេខាធិការរង, លោកស្រី ប៉ាល់ ឆររស្មី អគ្គហិរញ្ញិក , លោក ស៊ុំ វណ្ណា អគ្គហិរញ្ញិករង , លោក សល់ មករា សមាជិក, លោកលីពិជ័យ សមាជិក, លោកឯម សុធារ័ត្ន សមាជិក, និង លោក ម៉េង សុខហេង សមាជិក។

    នៅក្នុងអាណត្តិទី២ដែលលោករ័ត្ន សុខនបានដឹកនាំជាប្រធាននេះ លោកបានចំណាយថវិកាផ្ទាល់ខ្លួនជួយដល់សហព័ន្ធ និង អត្តពលិក ដើម្បីឱ្យបានចូលរួមក្នុងការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ និងទិញសម្ភារជួយឧបត្ថម្ភក្លឹបមួយចំនួន ដែលខ្វះខាតនៅតាមបណ្ដាខេត្តដោយសរុបទឹកប្រាក់អស់ប្រមាណជាជាង ២០ម៉ឺនដុល្លារអាមេរិក។

    លោករ័ត្ន សុខន គឺជាប្រធានសហព័ន្ធកីឡាវ៉ូវីណាមមួយរូបដែលបានដឹកនាំឲ្យកម្ពុជាឈ្នះមេដាយពិភពលោកកាលពីឆ្នាំ ២០១៥ និងមេដាយក្នុងកីឡាស៊ីហ្គេមជាច្រើនទៀត មិនត្រឹមតែប៉ុណ្ណោះលោកក៍ជាអនុប្រធានសហព័ន្ធកីឡាវ៉ូវីណាមពិភពលោក ដែលបានធ្វើឱ្យកម្ពុជាមានភាពល្បីល្បាញថែមមួយកម្រិតផងដែរ។

    ប្រធានសហព័ន្ធអាណត្តិថ្មីរូបនេះបានមានប្រសាសន៍បែបនេះថា៖ នៅអាណត្តិទី៣ ឆ្នាំ២០១៧-២០២១នេះ ខ្ញុំសូមសំណូមពរដល់គ្រូបង្វឹក កីឡាករ និងកីឡាការិនីទាំងអស់មិនថានៅតាមបណ្ដាខេត្តក្រុងណានោះទេ សូមរួបរួមគ្នា សាមគ្គីគ្នាឱ្យបានល្អ ដើម្បីបន្តឱ្យប្រភេទកីឡារបស់យើងធ្វើដំណើរឆ្ពោះទៅកាន់ជោគជ័យ និងឈានមុខគេ ដូចដែលខ្ញុំបានបង្កើតសហព័ន្ធកីឡាវ៉ូវីណាមនៅក្នុងប្រទេសយើងមុនគេនៅក្នុងទ្វីបអាស៊ីដែរ។

    លោកបន្តថា៖ យើងជាប្រទេសតែមួយគត់ដែលបានបង្កើតជាសហព័ន្ធនេះមុនគេបង្អស់ អ៊ីចឹងការងារអ្វីគ្រប់យ៉ាង យើងត្រូវតែដើរទៅមុខមុនគេ ហើយត្រូវធ្វើឱ្យបានល្អដាច់គេ។ គ្រប់កីឡាករ និងកីឡាការិនីទាំងអស់ត្រូវចាំពាក្យមួយម៉ាត់ថា អ្នកចាស់កុំមើលងាយអ្នកថ្មី អ្នកល្អកុំមើលងាយអ្នកអន់ ពាក្យទាំងនេះហើយដែលអាចជួយឱ្យយើងទទួលបានជោគជ័យទាំងអស់គ្នានៅថ្ងៃអនាគតបាន ជាពិសេសគឺជោគជ័យនៅឆ្នាំ ២០២៣ ដែលកម្ពុជាទទូលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម៕

  • លោកថោង ខុន៖ ការអភិវឌ្ឍអត្តពលិកថ្នាលវ័យក្មេង ហាក់បីដូចជាចំណេះដឹងថ្មីសម្រាប់គ្រូបង្វឹក

    លោកថោង ខុន៖ ការអភិវឌ្ឍអត្តពលិកថ្នាលវ័យក្មេង ហាក់បីដូចជាចំណេះដឹងថ្មីសម្រាប់គ្រូបង្វឹក

    ប្រធានគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា (NOCC) លោកថោង ខុន បានថ្លែងបែបនេះនៅក្នុងពិធីបើកសិក្ខាសាលាមួយកាលពីល្ងាចម្សិលមិញនេះនៅទីស្នាក់ការ NOCC ក្នុងវគ្គ អភិវឌ្ឍន៍អត្តពលិកថ្នាល និងរបៀបដឹកនាំជាក្រុម ដែលមានរយៈពេលសិក្សា ៤ថ្ងៃ។


    វគ្គសិក្សានេះ NOCC បានអញ្ជើញគ្រូជំនាញពីជប៉ុន និង អាល្លឺម៉ង មកបង្រៀនដល់សិក្ខាកាមចំនួន៧០នាក់មកពីបណ្តាសហព័ន្ធកីឡាទាំងអស់ដើម្បីពង្រឹង និងពង្រីកលើការអភិវឌ្ឍអត្តពលិកថ្នាល និងរបៀបដឹកនាំជាក្រុម ដើម្បីកុំឱ្យមានបញ្ហា និងទទួលបានជោគជ័យសម្រាប់ដំណើរឆ្ពោះទៅកាន់ឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ SEA GAME នៅឆ្នាំ២០២៣។

    លោកបានមានប្រសាសន៍បែបនេះថា៖ ការអភិវឌ្ឍអត្តពលិកថ្នាល ហាក់បីដូចជាចំណេះដឹងថ្មីមួយសម្រាប់គ្រូបង្វឹក និងមន្រ្តីបច្ចេកទេសកីឡាទាំងអស់នៅពេលនេះ ពីព្រោះកន្លងមកយើងបណ្តុះបណ្តាលតែជំនាញលើអត្ត ពលិកពេញវ័យ ហើយការអនុវត្តសកម្មភាពហ្វឹកហាត់ភាគច្រើនសង្កត់ធ្ងន់ទៅលើតែក្រុមជម្រើសជាតិពេញវ័យ បើទោះបីប្រភេទកីឡាខ្លះទើបនឹងមានក្រុមអត្តពលិកថ្នាលវ័យក្មេងក៏ដោយ ក៏ចំណេះដឹងជំនាញបង្ហាត់មិនទាន់ច្បាស់លាស់នៅឡើយ ក្នុងរយៈពេលមួយឆ្នាំពីរឆ្នាំកន្លងមកនេះ។

    លោកបន្តថា៖ កិច្ចការជំនាញរឹង សហព័ន្ធកីឡាជាតិនីមួយៗត្រូវប្រាកដថាមន្រ្តីបច្ចេកទេស គ្រូបង្វឹក អាជ្ញាកណ្តាល ចៅក្រម ពិតជាបានឆ្លងកាត់ការបណ្តុះបណ្តាល និងការហាត់ហ្វឹកហ្វឺនពិតប្រាកដទើបមានលក្ខណៈរឹងមាំផ្នែកបច្ចេកទេសកីឡាជំនាញ។ ចំណែកឯកិច្ចការជំនាញទន់ សហព័ន្ធកីឡាជាតិនីមួយៗ ត្រូវប្រាកដថា ថ្នាក់ដឹកនាំពិតជាឈរលើទស្សនៈភាពជាអ្នកដឹកនាំ “Leadership” គ្រប់គ្រាន់ក្នុងការបង្កើតឱ្យមានសុខដុមនីយកម្មការងារកីឡារបស់ខ្លួន ដោយស្មារតីក្រុម “Team Spirit” ស្មារតីសហការ “Cooperation Spirit” ស្មារតីទទួលខុសត្រូវប្រកបដោយអភិបាលកិច្ចល្អ “Good Governance” ក្នុងកិច្ចការប្រចាំថ្ងៃរបស់សហព័ន្ធកីឡាជាតិនីមួយៗ។

    លោកសង្កត់ធ្ងន់ថា៖ សម្រាប់ខ្លួនខ្ញុំផ្ទាល់សង្ឃឹមថា សិក្ខាសាលានេះនឹងអាចផ្ដល់នូវពុទ្ធិថ្មី បច្ចេកទេសថ្មី ឥរិយាបថដឹកនាំថ្មី ដល់សិក្ខាកាមទាំងអស់យកទៅបម្រើការងារសហព័ន្ធកីឡាជាតិរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមានប្រសិទ្ធភាពឈានទៅរកឧត្តមភាពកីឡាជំនាញនីមួយៗនាការប្រកួតកីឡា SEAGames ឆ្នាំ ២០២៣ នៅកម្ពុជា។

    គួរបញ្ជាក់ផងដែរថា វគ្គនេះ មានរយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០១៧ នៅទីស្នាក់ការNOCCផ្ទាល់៕

  • កម្ពុជា ឈ្នះមេដាយ ១១គ្រឿង ពីឥណ្ដូនេស៊ី និងថៃ

    កម្ពុជា ឈ្នះមេដាយ ១១គ្រឿង ពីឥណ្ដូនេស៊ី និងថៃ

    កាលពីល្ងាចម្សិលមិញនេះ ក្រុមអត្តពលិកកម្ពុជា បាននាំយកមេដាយចំនួន១១គ្រឿងខាងផ្នែកកីឡាការ៉ាតេដូ ពីព្រឹត្តិការណ៍ ប្រកួតជើងឯកអាស៊ីអាគ្នេយ៍នៅប្រទេសឥណ្ឌូនេ ស៊ី និង ព្រឹត្តិការណ៍ Thai Open នៅប្រទេសថៃ មកជូនកម្ពុជា។ ខណៈដែលការត្រលប់មកវិញនោះ មានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីទីស្នាក់ការ NOCC ពីសំណាក់កីឡាករការិនី  គ្រូបង្វឹក និង ថ្នាក់ដឹកនាំ របស់សហព័ន្ធកីឡាការ៉ាតេដូ រួមទាំងលោកវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាអូឡាំពិកកម្ពុជា (NOCC) ទៀតផង ។

    មេដាយទាំង ១១គ្រឿងនោះគឺមេដាយមាសចំនួន ១គ្រឿង ដែលបានពីព្រឹត្តិការណ៍ Thai Open មេដាយប្រាក់ ៤គ្រឿងក្នុងនោះ២គ្រឿងបានពីព្រឹត្តិការណ៍ Thai Open និង ២ គ្រឿងបានពីព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍នៅ ឥណ្ឌូនេស៊ី និង ២គ្រឿងបានពីព្រឹត្តិការណ៍Thai Open ។មេដាយសំរិទ្ធ ៦ គ្រឿងដែល៤គ្រឿងបានមកពីជើងឯក អាស៊ីអាគ្នេយ៍ និង ២គ្រឿងបានពី Thai Open ។

    លោកសាយ ណូរ៉ាអនុ ប្រធានខេមរសហព័ន្ធការាតេដែលជាប្រតិភូដឹកនាំនោះបានបញ្ជាក់ថានេះជាការប្រកួត ដ៏តឹងតែងមួយដែលកម្ពុជាដណ្ដើមបានជោគជ័យមុនព្រឹត្តិការណ៍ SEA Games ទី២៩មកដល់ ។នេះក៏ជាលើកដំបូងដែរ ដែលការាតេដណ្ដើមបានមេដាយល្អបែបនេះលោកសង្ឃឹមថាស៊ីហ្គេមកម្ពុជានឹងលេងបានល្អជាមិនខានឡើយ ។

    លោកឡាច ច័ន្ទដារ៉ាអគ្គលេខាធិការខេមរសហព័ន្ធការាតេបានឲ្យដឹងដែរថាការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ នៅឥណ្ឌូនេស៊ីមានប្រទេសចំនួន១០ចូលរួម ។ ចំពោះការប្រកួតក្នុងព្រឹត្តិការណ៍ Thai Open មានប្រទេសចំនួន១៧ ចូលរួម ។ សម្រាប់កម្ពុជាបញ្ជូនកីឡាករ-កីឡាការិនីចំនួន១២នាក់ទៅចូលរួមប្រកួត ។

    កីឡាករដែលដណ្ដើមបានមេដាយមាសនោះគឺកុមារាឡាច រ៉ាយុទ្ធដែលបានមេដាយមាសលើវិញ្ញាសាមេគុន និង មេដាយសំរិទ្ធលើវិញ្ញាសាប្រយុទ្ធដែលមេដាយទាំង ២របស់គេបានក្នុងព្រឹត្តិការណ៍ Thai Open ។

    ឯកឧត្តមវ៉ាត់ ចំរើនអគ្គលេខាធិការគនៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដែលបានទទួលស្វាគមន៍ដល់ការវិលត្រ ឡប់របស់ក្រុមប្រតិភូការាតេនោះបានបញ្ជាក់ដោយឡែកថាស៊ីហ្គេមលើកទី២៩ការាតេមានឈ្មោះក្នុងបញ្ជីប្រកួត ។ លោកធ្វើការកត់សំគាល់ថាប្រសិនបើកីឡាករ-កីឡាការិនីនៃប្រទេសទាំង១០ដែលបញ្ជូនទៅចូលរួមប្រកួតក្នុងព្រឹត្ត ការណ៍ជើងឯកអាស៊ីអាគ្នេយ៍ជាកីឡាដែលត្រៀមស៊ីហ្កេមនោះការាតេកម្ពុជានឹងមានសង្ឃឹមច្រើនណាស់ក្នុងការរក មេដាយពីស៊ីហ្គេមលើកនេះ ៕