Tag: អញ្ចាញធ្មេញ

  • ស្ត្រី​មានគភ៌ ត្រូវ​ប្រយ័ត្ន…គ្រោះថ្នាក់ បែប​នឹកស្មាន​មិន​ដល់!!

    ស្ត្រី​មានគភ៌ ត្រូវ​ប្រយ័ត្ន…គ្រោះថ្នាក់ បែប​នឹកស្មាន​មិន​ដល់!!

    រឿង​ដែល​នឹកស្មាន​មិន​ដល់ តែងតែ​កើតឡើង​គ្រប់ពេលវេលា…ដូច្នេះ​ស្ត្រី​មានគភ៌ គួរតែមាន​ការប្រុងប្រយ័ត្ន​ជាប់​ជានិច្ច ព្រោះ​ធ្លាប់​បានឃើញ​ឧទាហរណ៍​ជាច្រើន​រួចមកហើយ ដូចជា មាន​មិត្តភក្តិ​ជិតដិត​ម្នាក់ នាង​មាន​ផ្ទៃពោះ 5ខែ​ទៅហើយ តែ​ក៏​នៅតែ​ចូលចិត្ត​ធ្វើ​ការងារ​ប្រចាំថ្ងៃ ដូច​មនុស្ស​ទូទៅ​ធម្មតា​អ៊ីចឹង រហូតមកដល់​ថ្ងៃមួយ ទើប​ដឹងថា…រឿង​ដែល​នឹកស្មាន​មិន​ដល់ និង​ធ្លាប់តែ​ធ្វើជា​ប្រចាំ​នោះ បាន​ហុច​ផល​មិនល្អ​ដល់​ខ្លួន ហើយ​ថែមទាំង​មាន​ផល​អាក្រក់​ទៅដល់​កូន​នៅក្នុង​ផ្ទៃ​ទៀតផង រឿង​ទាំងនោះ​គឺ៖

    គ្រាន់តែ​ការ​ទំពា​អាហារ​សោះ…

    ដឹង​ទេ​ថា រឿង​ដ៏​តូចតាច​មួយ​នេះ បើ​ស្ត្រី​មានគភ៌​យើង​មើលរំលង រឿងនេះ​អាច​នាំមក​នូវ​ផល​អាក្រក់​ជាច្រើន​ដល់​ខ្លួន​អ្នក​ម្តាយ និង​កូនតូច​បាន។ ស្ត្រី​មានគភ៌ ដែល​ទទួលទាន​អាហារ​បែបប្រញាប់ៗ ទំពា​អាហារ​តែមួយ​ភ្លែត ហើយ​លេប​នោះ ផល​អាក្រក់​ដែល​តាម​មក​គឺ អាហារ​ដែល​យើង​លេប​ចូលទៅក្នុង​ក្រពះ​នោះ នឹងមិន​រំលាយ ធ្វើឱ្យមាន​អាការ​ណែន​ឆ្អល់​ក្នុង​ពោះ អាច​បណ្តាលឱ្យ​ការទទួល​ទាន​អាហារ​លើក​ក្រោយ​ថយចុះ កូនតូច​នៅក្នុង​ផ្ទៃ​ក៏​ទទួលរង​ផលប៉ះពាល់​នេះ​តាម​ដែរ។ ដូច្នេះ​ក្នុងការ​ទទួលទាន​អាហារ ទោះជា​ពេលណា​ក៏ដោយ សូម​ស្ត្រី​មានគភ៌​យើង នឹក​ក្នុង​ចិត្ត​ជាប់​ជានិច្ច​ថា ត្រូវ​ទទួលទាន​ឱ្យបាន​ទៀងទាត់​ពេលវេលា ហើយ​ត្រូវ​ទំពា​អាហារ​ឱ្យបាន​ល្អិត ព្រោះនេះ គឺជា​រឿង​ល្អ​មួយ ដើម្បីឱ្យ​កូនតូច​របស់​អ្នក បានទទួល​សារធាតុ​អាហារ​បាន​ពេញលេញ​តាម​នោះដែរ។

    រហ័ស​ទាន់​ចិត្ត ភ្លែតៗ ដល់​ណា​ដល់​ហ្នឹង​ដែរ…

    ស្ត្រី​មានគភ៌​ខ្លះ ច្រើនតែ​ភ្លេច​ថា ខ្លួនឯង​កំពុង​ពពោះ ធ្វើឱ្យ​ការដើរ ក្រោក អង្គុយ រត់ រួមទាំង​ការធ្វើ​ចលនាផ្សេងៗ ប្រព្រឹត្ត​ទៅតាម​ធម្មតា។  ចំពោះ​រឿងនេះ សូមជម្រាបថា បើ​ស្ត្រី​ដែលមាន​អាយុ​គភ៌​នៅ​តិច អាច​គ្មាន​គ្រោះថ្នាក់​អ្វី​ធ្ងន់ធ្ងរ​ទេ តែ​បើជា​ស្ត្រី​ដែល​អាយុ​គភ៌ ស្ថិតក្នុង​អំឡុង​ខែចុងក្រោយៗ ហើយ​មាន​ការធ្វើ​ចលនា ដូចជា ក្រោក ដើរ រត់ បែបរហ័សៗនោះ ប្រាកដ​ណាស់ ពិតជា​មាន​ផលប៉ះពាល់​ដល់​កូនតូច ដែល​នៅក្នុង​ផ្ទៃ​មិន​ខាន។  អាច​ដល់​ថ្នាក់ មានកា​បុក​ប៉ះ​នឹង​សាច់​ជញ្ជាំង​ស្បូន​ក្នុង​ពោះ ទៅ​ជំ​រុញឱ្យ​ស្បូន​បង្រួញ​ខ្លួន ធ្វើឱ្យ​អ្នក​ម្តាយ​មាន​អារម្មណ៍​ឈឺពោះ និង​បើសិនជា​ស្បូន​កើតការ​បង្រួញ​ខ្លួនខ្លាំងៗផង​នោះ កូន​អាច​នឹង​ប្រសូត​ចេញមក មុនពេល​កំណត់​បាន។  ដូច្នេះ​ស្ត្រី​មានគភ៌ ត្រូវធ្វើ​ចលនា​ឱ្យយឺតៗ ដើម្បីឱ្យ​កូនតូច​ក្នុង​ផ្ទៃ​មាន​សុវត្ថិភាព មិន​ដូច្នោះ​ទេ បេះដូង​នឹងធ្វើ​ការ​ខ្លាំង អុក​ស៊ី​ហ្ស៊ែ​ន ដែល​ត្រូវ​បញ្ជូនទៅ​កូនតូច នឹងត្រូវ​ថយចុះ តែ​ផល​អាក្រក់ ដែល​ខ្លាំង​ជាង​ហ្នឹង​ទៅទៀត​នោះ​គឺ កូនតូច​នៅក្នុង​គភ៌​អាច​នឹងមិន​សូវ​រឺ​ង​មាំ និង​ធំធាត់​យឺត។

    សត្វ​ចិញ្ចឹម​គួរឱ្យ​ស្រឡាញ់…

    ជាពិសេស​ឆ្កែ និង​ឆ្មា  ស្ត្រី​មានគភ៌​ខ្លះ កើតរោគ​ប្រតិកម្ម​ចាញ់​ជាមួយ​រោមសត្វ ល្អងធូលី កេសរផ្កា តែ​ក៏​នៅតែ​ចូលចិត្ត​ចិញ្ចឹមសត្វ នៅក្នុង​ផ្ទះ និង​ចូលចិត្ត​លេង​ជាមួយ​ពួកវា ដោយ​មិនបាន​គិតដល់​សត្វ​ចៃ ដែល​នឹង​នាំ​មេរោគ​ចូល​មករក​ទាំង​ខ្លួនឯង និង​កូន​ក្នុង​ផ្ទៃ ដោយ​មិនបាន​ដឹងខ្លួន​ឡើយ។  ដូច្នេះ​ស្ត្រី​មានគភ៌ គួរ​មើលថែទាំ សម្អាត​សត្វ​ចិញ្ចឹម ដែល​ក្នុងផ្ទះ​ឱ្យបាន​កាន់តែខ្លាំង​ឡើង ដើម្បី​សុខភាព និង​អនាម័យ​ដ៏​ល្អ​របស់​អ្នក និង​កូន​ក្នុង​ផ្ទៃ។

    ធ្មេញ​ពុក…

    ស្ត្រី​មានគភ៌​មួយចំនួន អាច​គិតថា​ជា​រឿង​តូចតាច រហូត​បណ្តោយឱ្យ​កើត​អាការ​អញ្ចាញធ្មេញ​ឡើង​ហើម មាន​ខ្ទុះ ឬ​មិន​ព្រម​ព្យាបាល ព្រោះ​គិតថា អនាម័យ និង​ភាព​ស្អាត​ក្នុង​ប្រអប់មាត់ មិនចាំបាច់​យកចិត្តទុកដាក់​ខ្លាំងពេក​ទេ រហូត​ធ្វើឱ្យ​កើតមាន​មេរោគ​បាក់តេរី កើនឡើង​ច្រើន រាលដាល​ទៅដល់​ឫសធ្មេញ ធ្វើឱ្យ​អញ្ចាញ​ក្លាយជា​ដំបៅ​ឡើង​ខ្ទុះ​ជាដើម។ ពេលនោះ រឿង​តូចតាច ក៏​ក្លាយជា​រឿង​ធំ​ឡើង ផលប៉ះពាល់​ដែល​តាម​មក គឺ​មេរោគ​ឆ្លង​ចូលទៅក្នុង​ក្រសែ​ឈាម ហើយ​ឆ្ពោះទៅរក​កូនតូច រហូតដល់​ថ្នាក់​អាចធ្វើឱ្យ​បាត់បង់​ជីវិត​បាន​ទៀតផង។ ដូច្នេះ​ស្ត្រី​មានគភ៌ ត្រូវតែ​ថែរក្សា​អនាម័យ និង​ភាព​ស្អាត​ក្នុង​ប្រអប់មាត់​ឱ្យបាន​ល្អជា​ប់​ជានិច្ច ព្រោះនេះ គឺជា​រឿង​តូចតាច ដែល​អាចធ្វើឱ្យ​កើត​ទៅជា​រឿង​ធំ​បាន។

    យួរ ឬ​លើក​របស់​ធ្ងន់…

    ស្ត្រី​មានគភ៌ ត្រូវ​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​ថា ខ្លួន​អ្នក​កំពុង​តែមាន​ផ្ទៃពោះ!! ចូរ​កុំ​លើក​របស់ធ្ងន់ៗជាដាច់ខាត តែមាន​ពេលខ្លះ ស្ត្រី​មួយចំនួន​អាច​ភ្លេចខ្លួន​ពេល​ទៅ​ដើរ​ទិញ​ឥ​វ៉ាន់ ដែល​ត្រូវ​យួរ​របស់របរ​ឡើង​ជ្រែ​កដៃ ពេលនោះ​សាច់ដុំ​ខ្នង សាច់ដុំ​ជើង និង​សន្លាក់ផ្សេងៗ ត្រូវ​ធ្វើការ​ធ្ងន់​ទាំងអស់ រហូត​ជំរុញ​ឱ្យ​កើតរោគផ្សេងៗឡើង ដូចជា​សម្ពាធ​លោហិត​ឡើង​ខ្ពស់ ដោយសារតែ​បេះដូង​ខំធ្វើការ​ខ្លាំងពេក ឈឺ​ខ្នង ឈឺ​ស្មា និង​សន្លាក់​ជាដើម។

    បើក​សំឡេង​បទ​ភ្លេង​ឮខ្លាំងៗពេក…

    ក្នុង​ចំណុច​នេះ​ចង់​បានន័យថា  ស្ត្រី​មានគភ៌​រូប​ណា ដែល​ចូលចិត្ត​បើក​បទ​ចម្រៀង ឮៗខ្លាំង​ជាង​ប្រក្រតី ព្រោះតែ​យល់ច្រឡំ​ថា កូនតូច​នៅក្នុង​ផ្ទៃ នឹង​បានឮ​ច្បាស់​នោះ ការពិតទៅ នេះ​ជា​គ្រោះថ្នាក់​សម្រាប់​កូនតូច​ទៅវិញ​ទេ  ព្រោះ​ជាការ​រុកកួន​រំខាន​កូនតូច​នៅក្នុង​ផ្ទៃ​ដោយផ្ទាល់​តែម្តង  ដោយសារតែ​សរសៃប្រសាទ​ត្រចៀក​របស់​កូន មិនទាន់​វិ​វ​ឌ្ឍ​បាន​ពេញទំហឹង​នៅឡើយ​ទេ។ អាចធ្វើឱ្យ​កូនតូច កើតក្តី​ធុញថប់​មួម៉ៅ មាន​ផលប៉ះពាល់​ធ្វើឱ្យ​ការវិវឌ្ឍ​របស់​កូន​ថមថយ​ចុះ​បាន។ ការបើក​បទ​ចម្រៀង ដើម្បី​ជួយ​ជំរុញ​វិវឌ្ឍនាការ​របស់​កូនតូច​នៅក្នុង​ផ្ទៃ​នោះ គ្រាន់តែ​ចាក់​បទ​ភ្លេង ដែលមាន​ចង្វាក់ស្រាលៗ ពីរោះៗ ដូចជា​បទ​ភ្លេង​ក្លា​ស៊ី​ក ឬក៏​បទ​ចម្រៀង​ធម្មតា​ទូទៅ​ណា ដែលមាន​ចង្វាក់ និង​ទំនុកភ្លេង​ងាយស្រួល​ស្តាប់ មាន​ទំនុកច្រៀង និង​អត្ថន័យល្អៗ តែ​ប៉ុណ្ណឹង​ក៏​គ្រប់គ្រាន់​ណាស់​ទៅហើយ៕

  • ការមើលថែទាំសុខភាពប្រអប់មាត់ សម្រាប់ស្ត្រីមានគភ៌

    ការមើលថែទាំសុខភាពប្រអប់មាត់ សម្រាប់ស្ត្រីមានគភ៌

    ការមានសុខភាព ដែលល្អក្នុងអំឡុងពេលមានគភ៌ គឺជារឿងមួយដែលស្ត្រីគ្រប់រូបចង់បាន…

    ស្ត្រីមានគភ៌ អាចមានក្តីកង្វល់ចំពោះការប្រែប្រួលផ្សេងៗរបស់រាងកាយ និងតែងខំប្រឹងមើលថែទាំសុខភាពគភ៌ និងកូន​នៅក្នុង​​ផ្ទៃឱ្យបានល្អបំផុត តែយ៉ាងណាក៏ដោយ ចូរស្ត្រីមានគភ៌ កុំភ្លេចពីសុខភាពប្រអប់មាត់ឱ្យសោះ ព្រោះវាមានផលប៉ះ​ពាល់​ដល់សុខភាពរបស់ទារកនៅក្នុងផ្ទៃ។

    1. ការប្រែប្រួលរបស់អ័រម៉ូន ក្នុងអំឡុងពេលមានគភ៌មានផលប៉ះពាល់ ដល់ការកើតរោគរលាកអញ្ចាញធ្មេញ កាន់តែងាយជាងប្រក្រតី ការមានកំណកកំបោរច្រើន អាចធ្វើឱ្យកើតរោគធ្មេញពុក រលាក និងហើមអញ្ចាញធ្មេញ មានចេញឈាមទៀតផង។
    2. មានរបាយការណ៍មួយបញ្ជាក់ថា មេរោគបាក់តេរី ដែលធ្វើឱ្យកើតសភាវរលាកអញ្ចាញធ្មេញនោះ អាចឆ្លងចូល​ទៅ​​ក្នុងលោហិត ជំរុញឱ្យមានអ័រម៉ូន Prostaglandin E2 កើនឡើង​ ដោយអ័រម៉ូននេះ​នឹងកើតមាន នៅពេលជិត​គ្រប់កំណត់​ឆ្លងទន្លេ ទើបគេតែងប្រទះឃើញនៅលើមាតា ដែលមានសភាវរលាកអញ្ចាញធ្មេញធ្ងន់ធ្ងរ ច្រើនតែឆ្លងទន្លេមុនពេលកំណត់ ហើយ​​និងទារកកើតមកមានទម្ងន់ខ្លួនតិច។
    3. អាការក្អួតចង្អោរបណ្តាលមកពីការចាញ់ផ្ទៃពោះញឹកញាប់ ធ្វើឱ្យមានអាស៊ីតពីក្រពះអាហារ ចេញបញ្ច្រាស់​មកក្នុងប្រអប់មាត់ បើមិនលាងជាតិអាស៊ីតនោះចេញជាបន្ទាន់ទេ អាចធ្វើឱ្យអវយវៈក្នុងប្រអប់មាត់សឹករេចបាន។
    4. ការបរិភោគអាហារដែលមានរសជាតិជូរញឹកញាប់ ក៏មានផលធ្វើឱ្យធ្មេញសឹកពុកបានដែរ។
    5. ស្ត្រីមានគភ៌ ច្រើនតែបរិភោគតិចៗ តែច្រើនដង ការបរិភោគញឹកញាប់ បរិភោគបង្អែម និងអាហារដែលជាប់ធ្មេញ នឹងធ្វើឱ្យងាយកើតរោគធ្មេញពុក៕
    6. សម្រាប់ទារក ធ្មេញទឹកដោះនឹងចាប់ផ្តើមដុះតាំងពីមានអាយុ នៅក្នុងគភ៌មារតាបាន 4-6សប្តាហ៏។ ការកកើត​ធ្មេញ ត្រូវការសារធាតុអាហារច្រើនប្រភេទ ដូចគ្នានឹងការរីកលូតលាស់របស់រាងកាយដែរ ជាពិសេសសារធាតុរ៉ែ ពពួកកាល់ស្យូម ផូស្វ័រ ដែលវានឹងទៅស្រោបធ្មេញ ធ្វើឱ្យសាច់ធ្មេញមានភាពរឹងមាំ។

    ការណែនាំសម្រាប់ស្ត្រីមានផ្ទៃពោះ

    1. ដុសធ្មេញ និងប្រើខ្សែអំបោះខាត់ធ្មេញរៀងរាល់ថ្ងៃ យ៉ាងហោចណាស់ 1ថ្ងៃ 2ដង ព្យាយាមដុសខាត់ឱ្យស្អាត ទាំងក្នុងប្រឡោះធ្មេញ​ និងម្តុំជើងអញ្ចាញធ្មេញ​ និងគួរខ្ពុរមាត់ ឬដុសធ្មេញរាល់លើកក្រោយពេលបរិភោគអាហាររួច។
    2. បើមានអាការចាញ់កូន ក្អួតចង្អោរ គួរខ្ពុរមាត់ដោយទឹកស្អាត ឬទឹកថ្នាំខ្ពុរមាត់ ផ្លួអូរ៉ាយ ដើម្បីកាត់បន្ថយបរិមាណអាស៊ីតដែលចេញពីក្រពះ និងហាមដុសធ្មេញ រយះពេល 30នាទីបន្ទាប់ពីក្អួត ព្រោះអាស៊ីតដែលចេញមកនោះ វាធ្វើឱ្យ​ស្រទាប់ធ្មេញខាងលើទន់ផុយ បើសិនដុសធ្មេញភ្លាមៗ នឹងធ្វើឱ្យធ្មេញឆាប់សឹករេចរិលអស់។
    3. បរិភោគអាហារឱ្យគ្រប់ 5ប្រភេទក្រុម ដើម្បីសុខភាពរបស់ម្តាយ និងកូនក្នុងផ្ទៃ។ កាល់ស្យូមជាសារធាតុ​អាហារសំខាន់ក្នុងការសាងធ្មេញរបស់ទារក ដោយបានទទួលកាល់ស្យូមតាមរយៈឈាមរបស់ម្តាយ ដូច្នេះម្តាយគួរបរិភោគកាល់ស្យូមឱ្យបានគ្រប់គ្រាន់។
    4. គួរចៀសវាងអាហារផ្អែមៗ ឬអាហារណាដែលស្អឹតជាប់ធ្មេញ ដើម្បីការពារធ្មេញពុក។
    5. គួរទៅត្រួតពិនិត្យធ្មេញរៀងរាល់ 6ខែម្តង ហើយបើមានអាការឈឺ ហើម រលាកអញ្ចាញធ្មេញ គួរតែទៅ​ទទួល​ការ​​ព្យា​បាលជាបន្ទាន់ ព្រោះសុខភាពក្នុងប្រអប់មាត់របស់មាតា មានផលប៉ះពាល់ដល់សុខភាពរបស់ទារក។

    មេរោគបាក់តេរី នៅក្នុងប្រអប់មាត់ម្តាយ អាចបញ្ជូនបន្តទៅដល់កូនបាន ការមានសុខភាពប្រអប់មាត់ល្អ គ្មាន​ធ្មេញពុក ឬរលាកអញ្ចាញធ្មេញ នឹងជួយកាត់បន្ថយបរិមាណមេរោគបាក់តេរីដល់ទារកបាន៕

  • ការមើលថែទាំសុខភាពប្រអប់មាត់សម្រាប់ស្រ្តីមានគភ៌

    ការមើលថែទាំសុខភាពប្រអប់មាត់សម្រាប់ស្រ្តីមានគភ៌

    ការមានសុខភាពដែលល្អក្នុងអំឡុងពេលមានគភ៌ គឺជារឿងមួយដែលអនាគតអ្នកម្តាយគ្រប់រូបចង់បាន…។

    ស្រ្តីមានគភ៌គ្រប់រូបអាចនឹងមានក្តីកង្វល់ចំពោះការប្រែប្រួលផ្សេងៗរបស់រាងកាយ និងតែងខំប្រឹងមើលថែទាំសុខភាពគភ៌ និងកូន​នៅក្នុង​​ផ្ទៃឱ្យបានល្អ តែយ៉ាងណាក៏ដោយចូរអ្នកកុំភ្លេចពីសុខភាពប្រអប់មាត់របស់ខ្លួនឱ្យសោះ ព្រោះវាមានផលប៉ះ​ពាល់​ដល់សុខភាពរបស់ទារកនៅក្នុងផ្ទៃ។

    1. ការប្រែប្រួលរបស់អ័រម៉ូនក្នុងអំឡុងពេលមានគភ៌មានផលជំរុញធ្វើឱ្យកើតរោគរលាកអញ្ចាញធ្មេញកាន់តែងាយជាងអំឡុងពេលប្រក្រតី។ ការមានកំណកកំបោរច្រើនអាចធ្វើឱ្យកើតរោគធ្មេញពុក រលាក និងហើមអញ្ចាញធ្មេញ និងមានចេញឈាមទៀតផង។
    2. មានរបាយការណ៍មួយបញ្ជាក់ថា មេរោគបាក់តេរីដែលធ្វើឱ្យកើតសភាវរលាកអញ្ចាញធ្មេញនៅលើស្រ្តីមានគភ៌នោះ អាចឆ្លងចូល​ទៅ​​ក្នុងលោហិត និងជំរុញឱ្យមានអ័រម៉ូន Prostaglandin E2 កើនឡើង ដែលអ័រម៉ូននេះនឹងកើតមាននៅពេលជិតគ្រប់កំណត់ឆ្លងទន្លេ ដូច្នេះហើយទើបគេតែងប្រទះឃើញនៅលើស្រ្តីមានគភ៌ជិតគ្រប់ខែតែងមានសភាវរលាកអញ្ចាញធ្មេញធ្ងន់ធ្ងរ ដែលអាចបណ្ដាលឱ្យឆ្លងទន្លេមុនពេលកំណត់ ហើយ​​និងទារកកើតមកមានទម្ងន់ខ្លួនតិច ។
    3. អាការក្អួតចង្អោរបណ្តាលមកពីការចាញ់កូនញឹកញាប់ ធ្វើឱ្យមានអាស៊ីតចេញពីក្រពះអាហារហូរបញ្ច្រាស់​មកក្នុងប្រអប់មាត់ បើមិនលាងជាតិអាស៊ីតនោះចេញជាបន្ទាន់ទេ អាចធ្វើឱ្យអវយវៈក្នុងប្រអប់មាត់សឹករេចបាន ។
    4. ការបរិភោគអាហារដែលមានរសជាតិជូរញឹកញាប់ ក៏មានផលប៉ះពាល់ធ្វើឱ្យធ្មេញសឹកពុកបានដែរ។
    5. ស្រ្តីមានគភ៌ច្រើនតែបរិភោគបានតិច តែច្រើនដង។ ការបរិភោគញឹកញាប់ បរិភោគបង្អែម និងអាហារដែលជាប់ធ្មេញ នឹងធ្វើឱ្យកើតជំងឺពុកធ្មេញ។
    6. សម្រាប់ទារក ធ្មេញទឹកដោះនឹងចាប់ផ្តើមដុះតាំងពីមានអាយុនៅក្នុងគភ៌មាតាបាន 4-6 សប្តាហ៍។ ការកកើត​ធ្មេញ ត្រូវការសារធាតុអាហារច្រើនប្រភេទ ដូចគ្នានឹងការរីកលូតលាស់របស់រាងកាយដែរ ជាពិសេសសារធាតុរ៉ែពពួកកាល់ស្យូម ផូស្វ័រ ដែលវានឹងទៅស្រោបធ្មេញធ្វើឱ្យសាច់ធ្មេញមានភាពរឹងមាំ។

    ការណែនាំសម្រាប់ស្រ្តីមានគភ៌

    1. ដុសធ្មេញ និងប្រើខ្សែអំបោះខាត់ធ្មេញរៀងរាល់ថ្ងៃ យ៉ាងហោចណាស់ 1ថ្ងៃ 2ដង ព្យាយាមដុសខាត់ឱ្យស្អាតទាំង​ក្នុងប្រឡោះធ្មេញ​ និងម្តុំជើងអញ្ចាញធ្មេញ​ និងគួរខ្ពុរមាត់ ឬដុសធ្មេញរៀងរាល់លើក ក្រោយពេលបរិភោគអាហាររួច។
    2. បើមានអាការចាញ់កូន ក្អួតចង្អោរ គួរខ្ពុរមាត់ដោយទឹកស្អាត ឬទឹកថ្នាំខ្ពុរមាត់ផ្លួអរ៉ាយ ដើម្បីកាត់បន្ថយបរិមាណអាស៊ីតដែលចេញពីក្រពះ និងហាមដុសធ្មេញរយៈពេល 30នាទីបន្ទាប់ពីក្អួត ព្រោះអាស៊ីតដែលចេញមកនោះ វាធ្វើឱ្យ​ស្រទាប់ធ្មេញខាងលើទន់ផុយ បើសិនដុសធ្មេញភ្លាមៗនឹងធ្វើឱ្យធ្មេញឆាប់សឹកអស់(គួរខ្ពុរមាត់សិន មុននឹងដុសធ្មេញ)។
    3. បរិភោគអាហារឱ្យគ្រប់ 5ប្រភេទក្រុម ដើម្បីសុខភាពរបស់ម្តាយ និងកូនក្នុងផ្ទៃ ។ កាល់ស្យូមជាសារធាតុ​អាហារសំខាន់ក្នុងការសាងធ្មេញរបស់ទារក ដោយទារកនឹងបានទទួលកាល់ស្យូមតាមរយៈឈាមរបស់ម្តាយ ដូច្នេះម្តាយគួរបរិភោគកាល់ស្យូមឱ្យបានគ្រប់គ្រាន់។
    4. គួរចៀសវាងអាហារផ្អែមៗ ឬអាហារណាដែលស្អឹតជាប់ធ្មេញ ដើម្បីការពារកុំឱ្យធ្មេញពុក។
    5. គួរទៅត្រួតពិនិត្យធ្មេញរៀងរាល់ 6ខែម្តង ហើយបើមានអាការឈឺ ហើម ឬមានរលាកអញ្ចាញធ្មេញ គួរតែទៅ​ទទួល​ការ​​ព្យា​បាលជាបន្ទាន់ ព្រោះសុខភាពក្នុងប្រអប់មាត់របស់មាតា មានផលប៉ះពាល់ដល់សុខភាពរបស់ទារក។

    មេរោគបាក់តេរីនៅក្នុងប្រអប់មាត់របស់ស្រ្តីមានគភ៌អាចបញ្ជូនតទៅដល់កូនក្នុងផ្ទៃបាន ដូច្នេះការមានសុខភាពប្រអប់មាត់ល្អ គ្មាន​ធ្មេញពុក ឬរលាកអញ្ចាញធ្មេញ នឹងជួយកាត់បន្ថយបរិមាណមេរោគបាក់តេរីដល់ទារកបាន៕

  • រឿងក្បែរៗខ្លួនដែលស្រ្តីមានគភ៌គួរដឹង

    រឿងក្បែរៗខ្លួនដែលស្រ្តីមានគភ៌គួរដឹង

    នៅពេលដែលដឹងខ្លួនថាតាំងគភ៌ហើយ មានរឿងចាំបាច់ច្រើនយ៉ាងណាស់ដែលស្រ្តីត្រូវរៀនយល់ដឹង និងធ្វើដើម្បីសុខភាពខ្លួនឯង និងកូនក្នុងផ្ទៃ។ ថ្ងៃនេះឡារ៉ែនមានរឿងក្បែរខ្លួនដែលសំខាន់ៗសម្រាប់ស្រ្តីមានគភ៌ដែលត្រូវប្រតិបត្តិមកជម្រាបជូនដូចខាងក្រោម។

    ការសម្រាក ៈ ស្រ្តីមានគភ៌ត្រូវការគេងក្នុងអំឡុងពេលយប់ពី 8 – 10ម៉ោង ឬគេងឱ្យបានច្រើនរហូតទាល់តែអ្នកមានអារម្មណ៍ថា ស្រួលកាយសប្បាយខ្លួន មិននឿយល្វើយ និងខណៈពេលគេង ស្រ្តីមានគភ៌គួរគេងផ្អៀងខាងឆ្វេង ព្រមទាំងអង្កុញជង្គង់បន្តិច ដើម្បីចៀសវាងមិនឱ្យស្បូនដែលមានទំហំធំនោះទៅសង្កត់លើសរសៃឈាម ដែលជាហេតុបណ្ដាលឱ្យ ឈាមហូរមកចិញ្ចឹមទងសុកមិនបានល្អ។ ការគេងមួយស្រឡេតនៅពេលថ្ងៃរសៀលនឹងជួយដល់ស្រ្តីមានគភ៌បានច្រើនណាស់ និងទោះជាការគេងនោះមិនលក់ក៏ដោយ តែការគេង និងការសម្រាកបន្ធូរសាច់ដុំ គឺជារឿងល្អសម្រាប់ស្រ្តីមានគភ៌។

    ការស្លៀកសម្លៀកបំពាក់ និងស្បែកជើង ៈ ស្រ្តីមានគភ៌អាចត្រូវការទិញសម្លៀកបំពាក់ស្លៀកក្នុងអំឡុងពេលមានគភ៌ រឿងសំខាន់ដែលស្រ្តីមានគភ៌មិនគួរភ្លេច ក៏គឺសម្លៀកបំពាក់ទាំងនោះត្រូវធ្វើឱ្យខ្លួនមានអារម្មណ៍សប្បាយស្រួលខណៈស្លៀក។ អាវឈុតគ្របផ្ទៃពោះគួរតែជាសម្លៀកបំពាក់ដែលស្លៀកសប្បាយស្រួលខ្លួន និងងាយស្រួលថែរក្សា រួមទាំងអាវទ្រនាប់ផង គួរប្រើអាវសម្រាប់ស្រ្តីមានគភ៌ ឬបំបៅដោះកូន ខណៈពេលជាមួយគ្នា គួរពាក់ស្បែកជើងកែងទាប ព្រោះខណៈពេលតាំងគភ៌ ការទប់លំនឹងខ្លួនរបស់ស្រ្តីមានគភ៌នឹងមិនល្អដូចប្រក្រតីនោះទេ។ ការពាក់ស្បែកជើងកែងខ្ពស់ៗអាចធ្វើឱ្យស្រ្តីមានគភ៌ងាយនឹងឈឺខ្នង រួមទាំងងាយនឹងកើតឧប្បត្តិហេតុទៀតផង ជាពិសេសនៅពេលអាយុគភ៌ចាប់ពី 7ខែឡើងទៅ ។

    ការមើលថែទាំរក្សាសុខភាពធ្មេញ និងប្រអប់មាត់ ៈ ស្រ្តីមានគភ៌គួរផ្ដល់ការចាប់អារម្មណ៍លើសុខភាពធ្មេញ និងប្រអប់មាត់របស់ខ្លួនជាពិសេស ដោយសារតែក្នុងចន្លោះពេលនេះ ស្រ្តីមានគភ៌ច្រើនតែទទួលទានអាហារញឹកញាប់ ឬចង់ញ៉ាំអាហារផ្អែមខ្លាំងជាងប្រក្រតី។ អ័រម៉ូនដែលប្រែប្រួលក្នុងអំឡុងការតាំងគភ៌ច្រើនតែធ្វើឱ្យអញ្ចាញធ្មេញរបស់ស្រ្តីមានគភ៌ងាយក្នុងការរលាកឆ្លងមេរោគ និងការក្អួតចង្អោរក្នុងអំឡុងពេលចាញ់កូនដែលច្រើនតែមានអាស៊ីតពីក្រពះចេញមកច្រើនជាដើម ទាំងអស់ដែលរៀបរាប់មកនេះ នឹងធ្វើឱ្យធ្មេញរបស់ស្រ្តីមានគភ៌ងាយនឹងពុកខូចជាងប្រក្រតី ដូច្នេះស្រ្តីមានគភ៌ត្រូវឧស្សាហ៍មើលថែទាំ និងរក្សាអនាម័យសុខភាពមាត់-ធ្មេញដោយការសម្អាតអញ្ចាញធ្មេញ ធ្មេញ និងប្រអប់មាត់ឱ្យបានជាប់ជាប្រចាំ៕

  • កូនសម្លាញ់ម្ដាយ ថីបានកូនយំ?

    កូនសម្លាញ់ម្ដាយ ថីបានកូនយំ?

    “ការស្រែកយំ” គឺជារឿងធម្មតារបស់ទារកទើបនឹងកើត ដោយសារតែសភាពជុំវិញខ្លួនដែលមកប៉ះពាល់ប្រព័ន្ធប្រសាទការដឹងតូចៗទាំង5 របស់កូនដែលមានដូចជា ត្រចៀក ភ្នែក ច្រមុះ អណ្ដាត និងរាងកាយ។ អ្វីដែលប៉ះពាល់ទាំងនេះ មានផលចំពោះអារម្មណ៍របស់កូន ធ្វើឱ្យគេកើតមានអារម្មណ៍មិនសប្បាយកាយ ឬមានអារម្មណ៍មិនសប្បាយចិត្ត និងព្រោះកូនតូចមិនទាន់អាចប្រាប់ពីអារម្មណ៍របស់ខ្លួនឱ្យឪពុកម្ដាយដឹងតាមរយៈពាក្យសំដីបាន ដូច្នេះទើបវិធីតែមួយគត់ដែលគេអាចទំនាក់ទំនងជាមួយឪពុកម្ដាយបានក៏គឺ “ការស្រែកយំ” ហ្នឹងឯង។ ការយល់ដឹងពីមូលហេតុដែលធ្វើឱ្យកូនតូចស្រែកយំ នឹងធ្វើឱ្យឪពុកម្ដាយថ្មោងថ្មីយល់ដឹងអំពីកូនតូច និងអាចតបស្នងតម្រូវការរបស់កូនបានយ៉ាងមានសេចក្ដីសុខ។

    កូនឃ្លាន

    បើកូនតូចរបស់អ្នកម្ដាយបៅទឹកដោះបានតិច និងច្រើនតែភ្ញាក់ឡើងយំក្រោយពីបៅទឹកដោះបានត្រឹមតែមួយម៉ោងរួចមកនោះ អាចមានមូលហេតុមកពីការដែលកូនតូចបៅទឹកដោះខុសវិធី ដែលការបៅទឹកដោះខុសវិធីនេះអាចកើតឡើងបានទាំងលើក្មេងដែលបៅទឹកដោះពីដប និងក្មេងដែលបៅទឹកដោះម្ដាយ ធ្វើឱ្យកូនបឺតយកខ្យល់ចូលទៅច្រើន និងមានអារម្មណ៍តឹងណែន។ បើអ្នកម្ដាយសង្កេតឃើញថា កូនតូចច្រើនតែស្រែកយំរករឿងគ្រប់ពេលដែលដាក់ឱ្យគេងផ្ងារ និងយំមិនព្រមគេង អាចបណ្ដាលមកពីអាការតឹងណែនក្នុងពោះ អ្នកម្ដាយគួរលើកកូនមកពឱ្យទ្រោបលើស្មា ព្រមទាំងអង្អែលខ្នងថ្នមៗ កូនអាចនឹងភើចេញមក ហើយនឹងមានអារម្មណ៍ស្រួលខ្លួនឡើងវិញ។

    កូនឯកា

    ទារកត្រូវការសេចក្ដីស្រឡាញ់ ភាពកក់ក្ដៅតាមរយៈការប៉ះពាល់ដ៏ទន់ភ្លន់របស់ឪពុក និងម្ដាយជាប់ជានិច្ច។ មិនថាកូនតូចរបស់លោកអ្នកមានអាយុប៉ុន្មាន ក៏គេនៅតែត្រូវការសេចក្ដីស្រឡាញ់ ភាពកក់ក្ដៅតាមរយៈការឱបថើបរបស់ឪពុកម្ដាយជានិច្ច។ ការបីព ឬឱបថើប ជាការប៉ះពាល់ខាងរាងកាយដែលធ្វើឱ្យកូនមានអារម្មណ៍កក់ក្ដៅក្នុងចិត្ត និងមានសេចក្ដីសុខ។ ពេលខ្លះត្រឹមតែលោកអ្នកលើកកូនតូចបី ព ឱបនៅក្នុងរង្វង់ដៃ ក៏គេអាចបាត់យំភ្លាម សឹងតែលោកអ្នកមិនចាំបាច់ត្រូវលួងលោមដោយពាក្យសំដីផង។

    កូនមិនស្រួលខ្លួន

    នៅពេលកូនឈឺថ្កាត់ កូនច្រើនតែយំរករឿង បើអ្នកម្ដាយសាកល្បងប៉ះខ្លួនកូន ក៏អាចនឹងមានអារម្មណ៍ដឹងបានថា កូនក្ដៅខ្លួនខុសប្រក្រតី និងអាចមានអាការហូរទឹកសំបោរ ក្អក និងក្អួតចង្អោររួមជាមួយផង។ អ្នកម្ដាយគួរវាស់សីតុណ្ហភាពខ្លួនកូន ដើម្បីពិនិត្យមើលថា តើកម្ដៅខ្លួនកូនស្ថិតក្នុងកម្រិតប៉ុន្មានអង្សា? បើចាប់ពី 37 អង្សាឡើងទៅបានន័យថា កូនតូចមានអាការគ្រុនក្ដៅខ្លួនហើយ ចូរប្រញាប់នាំកូនទៅមន្ទីពេទ្យភ្លាម។

    កូនដុះធ្មេញហើយ

    ជាប្រក្រតី ទារកនឹងមានធ្មេញមួយគូដំបូងនៅពេលអាយុបាន 6ខែ។ មុននឹងធ្មេញរបស់កូនដុះឡើង ច្រើនតែមានទឹកមាត់ហៀរចេញមកច្រើន មិនចង់បៅទឹកដោះ ឬញ៉ាំអាហារ យំរករឿង មានអារម្មណ៍រមាស់អញ្ចាញធ្មេញ ចូលចិត្តយកដៃលូកចូលមាត់។ល។ អ្នកម្ដាយអាចជួយបន្ថយអាការរមាស់អញ្ចាញធ្មេញរបស់កូនបាន ដោយការឱ្យកូនខាំដុំនំប៉័ងទន់ៗបាន។

    កន្ទប ឬខោទឹកនោមកូនសើមខ្លាំង

    នៅពេលក្រណាត់កន្ទប ឬខោទឹកនោមកូនសើមខ្លាំង កូនអាចនឹងមានអារម្មណ៍ថាសើមខ្លួន មិនស្រួលស្បែក ជួនកាលអាចធ្វើឱ្យកើតកន្ទួលរមាស់ទៀតផង ទើបកូនតូចស្រែកយំរករឿង។ ការប្រើម្សៅលាបសម្រាប់ទារកក្រោយការផ្លាស់ក្រណាត់កន្ទបថ្មីគ្រប់ពេល អាចជួយការពារការកើតកន្ទួលរមាស់បានយ៉ាងងាយ ដូច្នេះអ្នកម្ដាយត្រូវចេះជ្រើសរើសប្រើម្សៅសម្រាប់ទារកដែលបរិសុទ្ធល្អ មិនលាយពណ៌ មិនលាយសារធាតុគីមីការពារសំណើមដែលអាចធ្វើឱ្យមានសារធាតុគីមីនៅសេសសល់នៅស្បែកដ៏ស្ដើងខ្ចីរបស់កូនបាន៕

  • ការមើល​ថែទាំ​អញ្ចាញធ្មេញ និង​ធ្មេញ​យ៉ាង​ត្រឹមត្រូវ​តាម​វិធី

    ការមើល​ថែទាំ​អញ្ចាញធ្មេញ និង​ធ្មេញ​យ៉ាង​ត្រឹមត្រូវ​តាម​វិធី

    មាន​មនុស្ស​ជា​ច្រើនតែ​ព្រងើយកន្តើយ​នឹង​ការ​ដុស​សម្អាត​ធ្មេញ ដោយ​មិនដឹង​ឡើយ​ថា ភាព​ស្អាត​នៅក្នុង​ប្រអប់មាត់​ក៏មានចំណែក​សំខាន់​ខ្លាំង​ដែរ ព្រោះ​វា​អាច​ហុច​ផល​ដល់​អវយវៈ​ផ្នែក​ដទៃទៀត​បាន ដោយ​គួរ​ដុស​សម្អាត​ធ្មេញ​យ៉ាងតិច​ក្នុង​មួយថ្ងៃ​ឱ្យបាន2ដង ចូរ​ប្រើ​ច្រាស​ដុសធ្មេញ​សរសៃ​ទន់ មិនមែនជា​ច្រាស​ដែលមាន​សរសៃ​រឹង​ខ្លាំងពេក​នោះទេ ព្រោះ​វា​អាចធ្វើឱ្យ​ធ្មេញ​ឆាប់​សឹក។ ទំហំ​របស់​ក្បាល​ច្រាស​ដុសធ្មេញ​ក៏​គួរ​មាន​ខ្នាត​ដែល​សមល្មម​ក្នុង​ការចូល​ទៅដល់​គ្រប់​កន្លុកកន្លៀត​របស់​ធ្មេញ​បាន​យ៉ាង​ងាយស្រួល និង​ត្រូវ​ផ្តល់​ភាព​សំខាន់​របស់​ការ​ដុស​សម្អាត​ធ្មេញ​ដែល​ត្រឹមត្រូវ​តាម​វិធី និង​គ្រប់​ទីតាំង​របស់​ធ្មេញនីមួយៗ ដូច្នេះហើយ​ទើប ឡា​រ៉ែ​ន មាន​វិធី​ដុស​សម្អាត​ធ្មេញ​ដែល​ត្រឹមត្រូវ​មក​ជម្រាបជូន​ដូចតទៅ៖

    1/ គួរ​ដុស​សម្អាត​ធ្មេញ​ឱ្យ​ត្រូវ​វិធី​ក្រោយពេល​បរិភោគ​អាហារ​រួច​គ្រប់ពេល តែបើ​មិនមាន​ភាពងាយស្រួល​ក្នុងការ​ដុស​សម្អាត​ធ្មេញ​ទេនោះក៏​គួរតែ​ខ្ពុរមាត់ខ្លាំងៗ ដោយ​ទឹកស្អាត​គ្រប់ពេល និង​ត្រូវ​ដុស​សម្អាត​ធ្មេញយ៉ាងតិច​ក្នុង​មួយថ្ងៃ2ដង​គឺ ភ្ញាក់​ពី​ដំណេក និង​មុន​ចូល​គេង។

    2/ ក្រោយពេល​ដុសធ្មេញ អាច​ប្រើ​ម្រាមដៃ​ដុស​ធ្វើ​ម៉ាស្សា​នៅលើ​សាច់​អញ្ចាញធ្មេញស្រាលៗគ្រប់កន្លែង ដើម្បី​ជួយ​ឱ្យ​អញ្ចាញធ្មេញ​រឹងមាំ។

    3/ ទទួលទាន​បន្លែ និង​ផ្លែឈើ​ដែល​ជួយ​ថែបំប៉ន​អញ្ចាញធ្មេញ និង​ជួយ​សម្អាត​ធ្មេញ​បែបងាយៗ ដូចជា ផ្លែក្រូច ប៉ិគ​ក់ ត្របែក និងជម្ពូ​ជាដើម។

    4/ ចៀសវាង​ពី​ការ​ខាំ​ហែក​វត្ថុរឹងៗដោយ​ធ្មេញ ដូចជា ហែក​ថង់​ប្លា​ស្ទិ​ក ខាំ​ខ្សែចំណង​ឱ្យដាច់ ប្រើ​ធ្មេញ​គាស់​បើក​គម្រប​ដបជាដើម ព្រោះ​អាចធ្វើឱ្យ​ធ្មេញ​ជំ​ពើ​ស បែក ឬ​រង្គើ​បាន។

    5/ សង្កេតមើល​ធ្មេញ និង​អញ្ចាញ​បន្ទាប់ពី​ដុស​សម្អាត​ធ្មេញ​រួច ដោយការឆ្លុះ​កញ្ចក់​មើល​ក្នុង​ប្រអប់មាត់​ម្តងម្កាល បើ​ឃើញ​មាន​ចំណុចខ្មៅៗស្នាម​ហើមក្រហមៗនៅលើ​សាច់​អញ្ចាញ ឬ​មាន​កំណកកំបោររឹងៗនៅតាម​ជើងធ្មេញ គួរតែ​ទៅ​ជួប​ទន្តពេទ្យ ដើម្បី​ពិនិត្យ​ព្យាបាល​ជាបន្ទាន់។

    6/ មិនគួរ​កេះ​ធ្មេញ​ដោយ​មិនចាំបាច់​នោះទេ ព្រោះ​នឹងធ្វើ​ឱ្យជើង​ធ្មេញ​មាន​ប្រហោង និង​អាច​ឆ្លង​មេរោគ​បាន​ទៀតផង។

    7/ ក្នុងករណី​ដែល​ធ្មេញទឹកដោះ (សម្រាប់​ក្មេងតូច) រង្គើ​ធ្វើឱ្យ​ឈឺ ខណៈពេល​ទទួលទាន​អាហារ ឬ​ពេល​ដុស​សម្អាត​ធ្មេញ ឬក៏​មាន​ធ្មេញ​ពុកផុយ​របេះ​អស់​នៅសល់តែ​គល់ លែងមាន​ធ្មេញ​ហើយ​នោះ គួរតែ​ទៅ​ប្រឹក្សា​ជាមួយ​ទន្តពេទ្យ​ដើម្បី​ដកចេញ​ភ្លាម។

    វិធី​ដុស​សម្អាត​ធ្មេញការ​ដុស​សម្អាត​ធ្មេញ គួរ​ដុស​សម្អាត​ឱ្យ​សព្វគ្រប់​លើ​ធ្មេញ និង​គ្រប់ផ្នែក​របស់​ធ្មេញ​ដែល​ច្រាស​ដុសធ្មេញ​ចូលដល់ ពេល​ដុសធ្មេញ​មិនចាំបាច់​ប្រើ​កម្លាំង​សង្កត់ខ្លាំងៗនោះទេ ការ​ដុស​សម្អាត​ធ្មេញម្តងៗគួរប្រើ​ពេលវេលា​ពី 2-3នាទី ការចាប់​កាន់​ច្រាស​ដុសធ្មេញ គួរ​ចាប់​កាន់​ដង​ច្រាស​ដោយ​ម្រាម 4ចំណែក ដោយ​ម្រាម​មេដៃ​ដាក់​សង្កត់​នៅលើ​ដង​ច្រាស ដែល​ធ្វើឱ្យ​អាច​កម្រើក​ម្រាមដៃ​ឱ្យ​ច្រាស​ដុសធ្មេញ​វាស​ចុះ ឬ​វាសឡើង​បាន​ពេញដៃ​ល្អ៕