Tag: អចលនទ្រព្យ

  • តើគួរទិញផ្ទះដែលមានគម្រោង Shop house ឬលំនៅដ្ឋានរស់នៅធម្មតា?

    តើគួរទិញផ្ទះដែលមានគម្រោង Shop house ឬលំនៅដ្ឋានរស់នៅធម្មតា?

    ទោះបីវិស័យអចលនទ្រព្យនៅកម្ពុជាមានការរីកចម្រើនខ្លាំងនៅរយៈប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ ប៉ុន្តែគម្រោង “Shop house” ដែលជាគម្រោងផ្ទះល្វែងសម្រាប់រស់នៅផង និងប្រកបអាជីវកម្មផងនោះមិនសូវមានច្រើននៅឡើយទេ។ ប៉ុន្តែទោះជាយ៉ាងណាក្តី ដើម្បីបំពេញតាមតម្រូវការអតិថិជនរបស់ខ្លួន ម្ចាស់បុរីមួយចំនួនបានចាប់ផ្តើមអភិវឌ្ឍគម្រោង Shop House ឱ្យមានចំនួនកាន់តែច្រើនឡើងៗហើយ។

    អ្នកស្រី ឃិត សុភក្រ្ត ដែលបានទិញផ្ទះល្វែងនៅបុរីមួយក្នុងក្រុងភ្នំពេញមានប្រសាសន៍ថា ដើមឡើយគ្រួសាររបស់អ្នកស្រីមានបំណងទិញផ្ទះល្វែងរស់នៅធម្មតាជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ ប៉ុន្តែនៅពេលគិតយូរៗទៅ ខ្លួនជាស្រ្តីមេផ្ទះមានតួនាទីនៅផ្ទះជាអ្នកមើលថែកូន ហើយមិនអាចទៅធ្វើការខាងក្រៅបាន ក៏សម្រេចចិត្តជាមួយគ្រួសារទិញផ្ទះ Shop House នេះដើម្បីអាចប្រកបអាជីវកម្មបានផង មើលថែទាំកូននៅផ្ទះបានផង «ខ្ញុំគិតថា ពេលមានម្តាយនៅមើលថែ កូនមានភាពកក់ក្តៅខ្លាំងជាជាងយកកូនទៅផ្ញើនៅតាមសាលានានាដែលមិនដឹងថាគេមើលថែកូនយើងបានល្អ ឬមិនល្អនោះឡើយ»។

    តែដោយឡែកសម្រាប់អ្នកស្រី រិន លីតា វិញបានមានប្រសាសន៍ថា ដោយសារជាប់រវល់ការងារឯកជន អ្នកស្រីមិនបានគិតគូរទិញផ្ទះបែបShop House ទេ គឺត្រឹមតែទិញផ្ទះដើម្បីរស់នៅធម្មតាប៉ុណ្ណោះ ចំណែកកូនគឺត្រូវបង់លុយទៅឱ្យសាលាដើម្បីឱ្យគេមើលថែកូនផង និងឱ្យកូនបានរៀនទីនោះផង «ពេលក្មេងនៅសាលា ក្មេងមានការប្រាស្រ័យទាក់ទងល្អ មានភាពឆ្លាតវៃ និងរៀនឆាប់ចេះ ឧទាហរណ៍បើក្មេងរៀនភាសាអង់គ្លេស ក្មេងលេងជាមួយគ្នាអាចនិយាយភាសាអង់គ្លេសបានឆាប់រហ័ស គួបផ្សំនឹងគ្រូមើលថែផងអាចតម្រង់ទិសសិស្សបានកាន់តែប្រសើរទៀត»។


    ពាក់ព័ន្ធករណីនេះកញ្ញា ងួន វិច្ចិកា ប្រធានផ្នែកលក់គម្រោងបុរីដ៏ល្បីល្បាញមួយ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ 6A បានឲ្យដឹងថា ដោយសារក្រុមហ៊ុនតែងគិតគូរពីអាជីវកម្ម និងប្រាក់ចំណូលរបស់អតិថិជនដែលមកទិញផ្ទះក្នុងបុរី ទើបបុរីតែងរៀបចំឱ្យមានគម្រោងលំនៅដ្ឋានបែប Shop House ដើម្បីឱ្យគាត់អាចស្នាក់នៅបានផង និងប្រកបអាជីវកម្មបានផង ហើយតែងបានការគាំទ្រខ្លាំងពីអតិថិជន «ជាក់ស្តែងបច្ចុប្បន្ន បុរីរបស់យើង ចំនួនពីរ បានទទួលជោគជ័យលើសពីការរំពឹងទុករបស់ក្រុមហ៊ុន ដោយលក់អស់100% ខណៈដែលសម្ទុះនៃការទិញលក់អចលនទ្រព្យក្នុងប្រទេសកំពុងមានតម្រូវការខ្ពស់»។

    យោងតាមក្រុមអ្នកជំនាញផ្នែកអចលនទ្រព្យឱ្យដឹងថា ជាទូទៅគម្រោង Shop House តែងមានការគាំទ្រខ្លាំងជាងគម្រោងផ្ទះល្វែងលំនៅដ្ឋានធម្មតា ទោះជាគម្រោង Shop House មានតម្លៃថ្លៃជាងផ្ទះល្វែងលំនៅដ្ឋានធម្មតាក៏ដោយ។ ការដែលមានអតិថិជនគាំទ្រច្រើនលើគម្រោង Shop House នេះគឺ ទោះជាគ្រួសារបស់ខ្លួនមានការងាររវល់ មិនអាចប្រកបអាជីវកម្មបានក៏ដោយ ក៏ម្ចាស់លំនៅដ្ឋានអាចជួលបន្តបាន ដែលទទួលបានតម្លៃជួលច្រើនជាងផ្ទះល្វែងលំនៅដ្ឋានធម្មតាទៀតផង៕

  • ចង់រកស៊ីនៅក្នុងវិស័យអចលនទ្រព្យ ត្រូវយល់ដឹងអំពី 3ចំណុចនេះ

    ចង់រកស៊ីនៅក្នុងវិស័យអចលនទ្រព្យ ត្រូវយល់ដឹងអំពី 3ចំណុចនេះ

    ដើម្បីឈរជើង និងរកស៊ីបានយូរនៅក្នុងវិស័យអចលនទ្រព្យ អ្នកត្រូវតែមានភាពឆ្លាតវៃបំផុតក្នុងការបង្កើតទំនាក់ទំនង និងចេះវាយតម្លៃទៅលើអចលនទ្រព្យ។ មនុស្សជាច្រើនបាននិយាយថា ការរកស៊ីនៅក្នុងវិស័យអចលនទ្រព្យ គឺជារឿងងាយស្រួល និងឆាប់មានបំផុត ប៉ុន្តែវាមិនមែនងាយស្រួលដូចការគិតនោះទេ។

    តើអ្នកគួរតែយល់ដឹងអ្វីខ្លះនៅក្នុងវិស័យអចលនទ្រព្យ?

    1/ សិក្សាពីតម្លៃក្នុងស្រុក
    នេះជាកិច្ចការដំបូងដែលអ្នកត្រូវដឹងតម្លៃអចលនទ្រព្យក្នុងពេលបច្ចុប្បន្ន នៅក្នុងតំបន់នីមួយៗក្នុងប្រទេសរបស់អ្នក ជាពិសេសគឺតំបន់កំពុងអភិវឌ្ឍន៍ និងតំបន់គ្រោងអភិវឌ្ឍន៍ នៅពេលដែលអ្នកដឹងពីតម្លៃអចលនទ្រព្យក្នុងតំបន់ណាមួយច្បាស់ នោះអ្នកនឹងងាយស្រួលក្នុងការលក់ ឬទិញ ដោយទទួលបានផលចំណេញច្រើន។ អ្នកត្រូវដឹងឱ្យច្បាស់ថា តម្លៃនៃអចលនទ្រព្យមួយនេះ វានឹងកើនតម្លៃនៅក្នុងរយៈពេលប៉ុន្មានឆ្នាំទៀតនៅពេលខាងមុខ ជាពិសេសត្រូវដឹងថា ហេតុអ្វីតំបន់នេះមានការអភិវឌ្ឍន៍ច្រើន ប៉ុន្តែតម្លៃនៃអចលនទ្រព្យមិនកើនឡើងសោះ?

    2/ មើលទៅតំបន់ជាយក្រុង
    ជាការពិតណាស់ នៅពេលការអភិវឌ្ឍន៍ក្នុងក្រុងកាន់តែតូចទៅៗ នោះក្រុមអ្នកវិនិយោគនឹងងាកទៅជាយក្រុងវិញម្ដង ដូច្នេះ អ្នកត្រូវដឹងថា បច្ចុប្បន្នតើការអភិវឌ្ឍន៍នៅក្នុងទីក្រុងដល់កម្រិតណាហើយ ហើយវានឹងជះឥទ្ធិពលទៅដល់ជាយក្រុងនៅពេលណា? នៅពេលដែលអ្នកដឹងថា តំបន់ជាយក្រុងណាមួយ នឹងក្លាយជាតំបន់អភិវឌ្ឍន៍នោះ នោះអ្នកនឹងមើលឃើញពីការរកស៊ី និងទទួលបានផលចំណេញពីការរកស៊ីនៅក្នុងវិស័យអចលនទ្រព្យមួយនេះ។

    3/ ត្រូវតាមដានព័ត៌មានឱ្យបានល្អិតល្អន់
    ត្រូវមានទំនាក់ទំនងល្អជាមួយនឹងស្ថាប័នឯកជន ឬរដ្ឋ ដើម្បីទទួលបានព័ត៌មាននានា លើវិស័យអចលនទ្រព្យ ព្រោះអ្នកនឹងដឹងថា តំបន់ណានឹងក្លាយជាតំបន់អភវិឌ្ឍន៍ តំបន់ណានឹងត្រូវរដ្ឋាភិបាលកាត់ធ្វើជារបស់រដ្ឋ។ មួយទៀត ការមានទំនាក់ទំនងល្អជាមួយនឹងស្ថាប័នរដ្ឋ អ្នកអាចនឹងទទួលបានផលចំណេញច្រើន ព្រោះនៅពេលមានក្រុមវិនិយោគមក គេអាចនឹងរុញច្រានគម្រោងណាមួយឱ្យមកអ្នក៕

  • ប្រជាជន​មី​យ៉ាន់​ម៉ា​ វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ ច្រើនជាង​វិស័យ​នានា​ក្នុងប្រទេស

    ប្រជាជន​មី​យ៉ាន់​ម៉ា​ វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ ច្រើនជាង​វិស័យ​នានា​ក្នុងប្រទេស

    ការ​វិនិយោគ​ផ្នែក​អចលនទ្រព្យ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា បាន​កើន​ឡើង​ដល់​ចំនួន​ប្រមាណ​ជាង​2ពាន់លាន​ដុល្លារ​អាមេរិក បើ​គិត​ត្រឹម​ខែមីនា ឆ្នាំ2017។ ចំនួន​នេះ​ត្រូវបាន​គេ​ដឹងថា ជា​ចំនួន​ច្រើន​លើស​ពី​ការវិនិយោគ​លើ​វិស័យ​ផ្សេងៗ​ទៀត។

    អ្នក​វិនិ​យោគ​មីយ៉ាន់ម៉ា បាន​បញ្ចូល​ទំហំ​ទឹក​ប្រាក់​ជាង​9,778​លាន​ដុល្លារ​ទៅក្នុង​សហគ្រាស​ចំនួន​1,241 ក្នុង11វិស័យ ដែល​ក្នុង​នោះគេ​សង្កេតឃើញថា ការអភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​គឺមានចំនួន 20.98%​ក្នុងចំណោម​ការវិនិយោគ​ទាំង​អស់។

    នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ក្រុមប្រឹក្សា​វិនិយោគ និង​គ្រប់គ្រង​ក្រុមហ៊ុន (DICA) ដែល​ចេញផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ។ វិស័យ​ឧស្សាហកម្ម​បាន​តាម​ពីក្រោយ​វិស័យអចលនទ្រព្យ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រតិបត្តិ​ការប្រមាណ ​1,807លាន​ដុល្លារ បន្ទាប់​មក​ទៀត​គឺ​វិស័យ​ដឹក​ជញ្ជូន​ដែល​មាន​ទំហំ​ទឹកប្រាក់​ជាង​1,706លាន​ដុល្លារ និង​សណ្ឋាគារ និង​ទេសចរណ៍​​មាន​ទឹកប្រាក់​ជាង​1,048លាន​ដុល្លារ។ ក្នុងនោះដែរ​វិស័យ​កសិក​ម្មនិង​ជលផល​ត្រូវបាន​គេ​ឃើញថា​មាន​ចំនួន​ត្រឹមតែ 0.38% និង 0.53% ប៉ុណ្ណោះ​ក្នុងចំណោម​ការវិនិយោគ​ទាំងអស់​​ក្នុង​ប្រទេស។

    ចំណែកការវិនិយោគ​ដោយផ្ទាល់​របស់​ជនបរទេសក្នុង​ឆ្នាំ​2016-2017 មាន​ថវិកា​សរុប​6.6ពាន់​លាន​ដុល្លារ ដោយ​ក្នុងនោះ​ថវិកា​វិនិយោគ​ដែល​ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​វិស័យ​អចលនទ្រព្យ​មាន​ចំនួន​748លាន​ដុល្លារ៕