Tag: អចលនទ្រព្យ

  • ​ប្រាំបួន​ខែដំបូង​ក្នុង​ឆ្នាំ​នេះ ទុន​​ FDI ​ជាង​ម្ភៃពាន់​លាន​ដុល្លារ​​បាន​ហូរ​ចូល​វៀតណាម

    ​ប្រាំបួន​ខែដំបូង​ក្នុង​ឆ្នាំ​នេះ ទុន​​ FDI ​ជាង​ម្ភៃពាន់​លាន​ដុល្លារ​​បាន​ហូរ​ចូល​វៀតណាម

    (វៀតណាម) – យោង​តាម​ទិន្នន័យ​ពី​នាយកដ្ឋាន​វិនិយោគ​បរទេស​នៃ​ក្រសួង​ផែនការ​ និង​វិនិយោគ​ គិត​ត្រឹម​ថ្ងៃទី 20 កញ្ញា 2023 ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) សរុប​ដែល​វៀតណាម​ទទួល​បាន​គឺ​ជិត 20.21 ពាន់​លាន​ដុល្លារ​អាម៉េរិក​ កើន​ 7.7% បើ​ធៀប​នឹង​ 9 ខែ​ដំបូង​នៃ​ឆ្នាំ 2022​។

    ក្នុង​ចំណោម​រំហូរ​ទុន FDI នៅ​វៀតណាមក្នុង​ 9 ខែ​ដំបូង​នៃ​ឆ្នាំ​ 2023 មាន​ខ្ទង់​​វិនិយោគ​ថ្មី​ចំនួន 2,254 គម្រោង​​ដែល​ទទួល​បាន​វិញ្ញាបនបត្រ​ចុះ​បញ្ជី​វិនិយោគ​ ដោយ​មាន​ទុក​សរុប​ជាង 10.23 ពាន់​លាន​ដុល្លារ​អាម៉េរិក​ កើន​ 43.6% បើ​ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ​កន្លង​។

    គិត​ពី​ដើម​ឆ្នាំ​មក​ដល់​បច្ចុប្បន្ន​ ទុន FDI ត្រូវ​បាន​វិនិយោគ​ទៅ​លើ​វិស័យ​ចំនួន​ 18 ក្នុង​ចំណោម​ 21 របស់​វៀតណាម​​។ ក្នុង​នោះ​ វិស័យ​ឧស្សាហកម្ម​​កែច្នៃ​ ផលិត​ ទទួល​បាន​ទុន​​បរទេស​ច្រើន​ជាង​គេ​ ពោល​គឺ​ជាង 14 ពាន់​លាន​ដុល្លារ​អាម៉េរិក​ ស្មើ​នឹង 69.3% ធៀប​នឹង​ទុន​សរុប​ដែល​ត្រូវ​បាន​ចុះ​បញ្ជី​ និង​កើន​ 15.5% ខណៈ​​​វិស័យ​អចលនទ្រព្យ​ ឈរ​លំដាប់​លេខ​ពីរ​ ដោយ​ទទួល​បាន​ទុក​ជិត 1.94 ពាន់​លាន​ដុល្លារ​ ស្មើ​នឹង​ជាង 9.6% ក្នុងចំណោម​ទុន​ដែល​ត្រូវ​បាន​ចុះ​បញ្ជី​ ពោល​គឺ​ថយ​ចុះ 45% បើ​​ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ 2022​។

    យោង​តាម​ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB) សេដ្ឋកិច្ច​វៀតណាម​មាន​ភាព​​រឹង​មាំ ហើយ​អាច​ងើប​ឡើងឆាប់​រហ័ស​ក្នុង​ពេល​ឆាប់​ៗ​ខាងមុខ​។ ក្នុង​របាយ​ការណ៍​របស់​ខ្លួន​ ADB ឱ្យ​ដឹង​ថា កំណើន​សេដ្ឋកិច្ច​​វៀតណាម​នឹង​កើន​ 5.8% ក្នុង​ឆ្នាំ 2023 និង​ 6% ក្នុង​ឆ្នាំ 2024​ ថយ​ចុះ​បន្តិច​បើ​ធៀប​នឹង​ 6.5% និង 6.8% ដែល​ស្ថាប័ន​នេះ​បាន​ព្យាករ​កាល​​​ខែ​មេសា 2023៕

  • ពន្ធ​លើ​អចលនទ្រព្យ​នៅ​ប្រទេសមួយ​ចំនួន​ក្នុង​ទ្វីប​អាស៊ី

    ពន្ធ​លើ​អចលនទ្រព្យ​នៅ​ប្រទេសមួយ​ចំនួន​ក្នុង​ទ្វីប​អាស៊ី

    ពន្ធលើអចលនទ្រព្យគឺជា​ពន្ធ​មួយ​ប្រភេទ​ដែល​បង្ហាញ​វត្តមាន​តាំង​ពី​បុរាណ​​​រហូត​ដល់​បច្ចុប្បន្ន ហើយ​តែង​តែ​ផ្ដោត​ទៅ​លើ​ដីធ្លី និង​សំណង់​នៅលើ​ដីធ្លី​។ តាំង​ពី​បណ្ដា​ឆ្នាំ​ 200 មុន​គ្រិស្តសករាជ ដល់​ឆ្នាំ 300​ នៃ​គ្រិស្តសករាជ ជនជាតិ​រ៉ូម៉ាំង​បាន​យក​ពន្ធលើដីធ្លី និង​សំណង់​នៅ​លើដី​។ បច្ចុប្បន្ន ពន្ធ​លើ​អចលនទ្រព្យ​ត្រូវ​បាន​អនុវត្ត​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក​ ដោយ​ប្រើប្រាស់​រូបមន្ត​ និង​ឈ្មោះ​ផ្សេង​ៗ​គ្នា​ មានជា​អាទិ៍ ពន្ធ​លើ​អចលនទ្រព្យ​ប្រចាំឆ្នាំ ពន្ធ​លើ​ការ​ផ្ទេរសិទ្ធិកាន់​កាប់​​អចលនទ្រព្យ​ ពន្ធ​លើ​ការ​ចុះ​បញ្ជី​អចលនទ្រព្យ​ ពន្ធ​មរតក ពន្ធ​លើ​អំណោយ​ដែល​សំដៅ​លើ​អចលនទ្រព្យ​ដែល​ជា​មរតក ឬ​អំណោយ​​ជា​ដើម​។

    យោង​តាម​និយមន័យ​ដែល​កំណត់​ដោយ​មូលនិធិរូបិយវត្ថុ​អន្តរជាតិ (IMF) និង​អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (OECD) ពន្ធ​លើ​អចលនទ្រព្យ​គឺជា​ខ្ទង់​ប្រាក់ដែល​​រដ្ឋ​ប្រមូល​​​តាម​កាល​កំណត់​ ឬ​មិន​តាម​​កាល​កំណត់​ ទាក់​ទង​នឹង​ការ​ប្រើ​ប្រាស់​ កាន់​កាប់​ និង​ផ្ទេរសិទ្ធិ​កាន់​កាប់​អចលនទ្រព្យ​។ គោលដៅ​​ដែល​ត្រូវ​ជាប់​​ពន្ធ​នេះ​​ភាគ​ច្រើន​គឺជា​ផ្ទះ និង​ដី ប៉ុន្តែ អាច​ខុស​គ្នា​ខ្លះ​ទៅ​តាម​ប្រទេស​នីមួយ​ៗ​។ ឧទាហេរណ៍​ នៅ​ប្រទេស​ចិន ពន្ធ​ដែល​ទាក់​ទង​នឹង​អចលនទ្រព្យ​រួម​មាន ពន្ធ​លើ​ការ​ប្រើ​ប្រាស់​ដី​ក្រុង ពន្ធ​លើ​គេហដ្ឋាន​ ពន្ធ​លើ​អចលនទ្រព្យ​ក្នុង​ក្រុង និង​ពន្ធ​លើ​ការ​ប្រើប្រាស់​ដី​កសិកម្ម​ជា​ដើម​។ នៅប្រទេស​ថៃ មុន​ឆ្នាំ 2016 ​អចលនទ្រព្យ​ដែល​ជាប់​ពន្ធ​​រួម​មាន ​ផ្ទះ ដី និង​​ការ​អភិវឌ្ឍ​ដី​ធ្លី​។ល។

    បច្ចុប្បន្ន ពន្ធ​លើអចលនទ្រព្យ​កាន់​តែ​មាន​តួនាទី​សំខាន់​នៅ​ក្នុងខ្ទង់​​ប្រាក់​ចំណូល​សរុប​របស់​ប្រទេស​នានា ដោយ​មាន​អត្រា​ជា​មធ្យម​ពី 3 ទៅ 4% បើ​ធៀប​នឹង​ប្រាក់​ចំណូល​សរុប​ដែល​បាន​ពី​ពន្ធ​នៅ​ក្នុង​បណ្ដា​ប្រទេស​អភិវឌ្ឍ​ ខណៈ​ប្រទេស​ខ្លះ​ដូច​ជប៉ុន​ជា​ដើម អត្រា​នេះ​ឡើង​ជិត​ដល់ 8%​។

    ខាង​ក្រោម​នេះ​គឺជា​តារាងសមាមាត្រ​នៃ​ចំណូល​បាន​ពី​ពន្ធ​លើអចលនទ្រព្យ​ ធៀប​នឹង​ចំណូលសរុប​ដែល​បាន​ពី​​ពន្ធ​​​នៅ​ប្រទេស​មួយ​ចំនួន​ក្នុង​ទ្វីប​អាស៊ី​៖

    ប្រទេស2005200620072008200920102011201220132014
    ជប៉ុន7.36.86.87.37.97.77.576.86.4
    កូរ៉េខាងត្បូង2.43.13.63.63.23.13.03.03.13.2
    ឥណ្ឌូណេស៊ី4.34.84.53.63.63.73.12.72.11.8
    ម៉ាឡេស៊ី3.94.243.63.943.53.23.23.4
    ហ្វ៊ីលីពីន32.62.42.42.62.42.52.42.22.2
    សិង្ហបុរី7.17.06.67.65.46.78.57.58.28.0

     

  • ពេល​​យក​ពន្ធលើ​ទ្រព្យ​​អ្នក​មាន តំបន់​នេះ​នឹង​ប្រមូល​បាន​ជិត​ 230 ពាន់​លាន​ដុល្លារ​អាម៉េរិក​/ឆ្នាំ

    ពេល​​យក​ពន្ធលើ​ទ្រព្យ​​អ្នក​មាន តំបន់​នេះ​នឹង​ប្រមូល​បាន​ជិត​ 230 ពាន់​លាន​ដុល្លារ​អាម៉េរិក​/ឆ្នាំ

    បើ​សិន​យក​ពន្ធ​លើ​ទ្រព្យ​​របស់​ពលរដ្ឋ​ 0.5% ដែល​ជា​អ្នក​មាន​ជាង​គេ​នៅ​តាម​បណ្ដា​ប្រទេស​ជាសមាជិក ​សហភាព​​អឺរ៉ុប​នឹង​​អាច​ប្រមូល​ថវិកា​បាន​ជាង 227 ពាន់​លាន​ដុល្លារ​អាម៉េរិក​។

    គំនិត​ខាងលើ​នេះ​ត្រូវ​បាន​លើក​ឡើង​ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​នៃ​​ក្រុម​សម្ព័ន្ធ​សេរីភាព​របស់​សភា​អឺរ៉ុប​ដែល​ទើប​តែត្រូវ​បាន​ប្រកាសបន្ទាប់​ពី​​អ្នក​សេដ្ឋកិច្ច និង​នយោបាយ នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ G20 នៅ​ញូវដែលីប្រទេស​ឥណ្ឌាកាល​ពី​ពីរ​សប្ដាហ៍​មុន​នោះ​​ បាន​​អំពាវនាវ​ឱ្យ​មាន​ការ​យក​ពន្ធ​លើ​ក្រុម​អ្នក​មាន​កំពូល​ៗ​។

    យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​ខាងលើ​ បើ​សិន​រដ្ឋយក​ពន្ធលើ​ទ្រព្យ​របស់​ពលរដ្ឋ​ 0.5% ដែល​ជា​អ្នក​មាន​បំផុត​នៅ​ក្នុង​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប សហភាព​នេះ​នឹង​ប្រមូល​ប្រាក់​បាន​ជាង 213 ពាន់​លាន​អឺរ៉ូ (ជាង 227 ពាន់​លាន​ដុល្លារ​អាម៉េរិក)​ ជា​រៀង​រាល់​ឆ្នាំ​។ ក្រុម​មនុស្ស​ 0.5% នេះ កំពុង​កាន់​កាប់​ទ្រព្យ​សម្បត្តិ​ជិត 20% របស់​អឺរ៉ុប​ ច្រើន​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​ទ្រព្យ 3.5% របស់​ក្រុម​ពលរដ្ឋប្រហែល​ពាក់​កណ្ដាល​ដែល​​​ក្រីក្រ​បំផុត​។ ជាង​នេះ ទ្រព្យ​របស់​ក្រុម​អ្នក​មាន 0.5% ក៏​បាន​កើន​ 35% ក្នុង​ដប់​ឆ្នាំ​កន្លង​។ ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ​ទទួល​​បាន​​សិទ្ធិ​​ចាត់​ចែង​​ដោយ​​អង្គការ​មិន​មែន​រដ្ឋាភិបាល​ បណ្ដាញ​យុត្តិធម៌​ពន្ធដារ​។

    ប្រទេស​អាល្លឺម៉ង់ និង​បារាំង​នឹង​ប្រមូល​ប្រាក់​បាន​ច្រើន​ជាង​គេ​បើ​សិន​យក​ពន្ធ​លើ​ទ្រព្យ​អ្នក​មាន​ ក្នុង​នោះ អាល្លឺម៉ង់​នឹង​ទទួល​បាន​ជាង 65 ពាន់​លាន​អឺរ៉ូ (69.3 ពាន់​លាន​ដុល្លារ​អាម៉េរិក) ចំណែក​បារាំង​នឹង​ទទួល​បាន​ជាង 46 ពាន់​លាន​អឺរ៉ូ (49 ពាន់​លាន​ដុល្លារ​អាម៉េរិក)។ នៅ​អឺរ៉ុប​ខាង​ត្បូង ប្រទេស​អ៊ីតាលី​នឹង​ប្រមូល​ប្រាក់​ពន្ធ​នេះ​បាន​ 27.2 ពាន់​លាន​អឺរ៉ូ (28.9 ពាន់​លាន​ដុល្លារ​អាម៉េរិក) ស្រប​ពេល​ដែល​ព័រទុយហ្កាល់​​នឹង​ប្រមូល​បាន 3.7 ពាន់​លាន​អឺរ៉ូ និង​ក្រិក​​ប្រមូល​បាន​ 1.4 ពាន់​លាន​អឺរ៉ូ (1.49 ពាន់​លាន​ដុល្លារ​អាម៉េរិក)។

    រូបមន្ត​នៃ​ការ​យក​ពន្ធ​លើ​អ្នក​មាន​ដែល​ត្រូវ​បាន​ស្នើ​ដោយ​ក្រុម​សម្ព័ន្ធ​សេរីខាងលើ​ មិន​ដូច​ទៅ​នឹង​រូបមន្ត​យក​ពន្ធ​លើ​អ្នក​មាន​នៅ​​អេស្ប៉ាញ​ ឬ​ពន្ធ​អចលនទ្រព្យ​របស់​បារាំង​នោះឡើយ។ សំណើ​ពន្ធ​នេះ​នឹង​អនុវត្ត​ចំពោះ​ទ្រព្យ​សម្បត្តិ​គ្រប់ប្រភេទ តាំង​ពី​អចលនទ្រព្យ​ ប្រាក់​ផ្ញើនៅ​ធនាគារ ភាគហ៊ុន​នៅ​ក្នុង​ក្រុម​ហ៊ុន​ រហូត​ដល់​ស្នាដៃ​សិល្បៈ​។

    បើ​សិន​ជា​ត្រូវ​បាន​អនុវត្ត ខ្ទង់ប្រាក់​ដែល​បាន​ពី​ពន្ធ​ទ្រព្យ​អ្នក​មាន​នេះ​នឹង​រួម​ចំណែក​​ 1.35% នៃ​ GDP របស់​សហភាព​អឺរ៉ុប​។ នេះ​មិន​ទាន់​និយាយ​ដល់​ឥទ្ធិពល​បន្ថែម​ដែល​កើត​ឡើង​ក្នុង​ពេល​ដោះ​ស្រាយ​បញ្ហា​គេច​ពន្ធ​របស់​បុគ្គល​អ្នក​មាន​នៅ​ក្នុង​បណ្ដា​ប្រទេស​ដែល​មិនយក​ពន្ធ ឬ​យក​ពន្ធ​តិចតួច​លើ​ទ្រព្យ​សម្បត្តិ​៕

  • OECD ព្រមាន​ថា សេដ្ឋកិច្ច​​របស់​ពិភពលោក​នឹង​បន្តពើប​ប្រទះ​​ការ​លំបាក

    OECD ព្រមាន​ថា សេដ្ឋកិច្ច​​របស់​ពិភពលោក​នឹង​បន្តពើប​ប្រទះ​​ការ​លំបាក

    ថ្វីបើ​បាន​​ព្យាករ​ថា GDP ឆ្នាំ​នេះ​កើន​ឡើង ប៉ុន្តែ​ OECD ព្រមាន​ថា សេដ្ឋកិច្ច​ពិភពលោក​មាន​ហានិភ័យ​បន្ថយ​ល្បឿន​ ព្រោះ​តែ​សម្ពាធ​ការ​ប្រាក់ និង​សេដ្ឋកិច្ច​ចិន​ងើប​ឡើង​ប្រកប​ដោយ​ភាព​ទន់​ខ្សោយ​។

    អង្គការ​សហប្រតិបត្តិការ និង​អភិវឌ្ឍ​សេដ្ឋកិច្ច (OECD) ទើប​តែ​បាន​បញ្ចេញ​ការ​ព្យាករ​ថ្មី​បំផុត​ស្ដី​ពី​ GDP ទូទាំងសកល​លោក​ឆ្នាំ 2023​ ដែល​អះ​អាង​ថា មាន​កំណើន​ 3% កើន​ 0.3 ពិន្ទុ​ភាគ​រយ​ធៀប​នឹង​ការ​ព្យាករ​មុន​នោះ​។ ក៏ប៉ុន្តែ នេះ​នៅ​តែ​ជាកម្រិត​ក្រោម​ធម្យម​ភាគ​ ហើយ​ក៏​ជា​កំណើន​ប្រចាំ​ឆ្នាំ​ទាប​បំផុត​រាប់​ចាប់​ពី​វិបត្តិ​ហិរញ្ញវត្ថុ​សកល​ (2008 – 2009) លើក​លែង​តែ​ឆ្នាំ 2020 ដែល​រងផល​ប៉ះ​ពាល់​ពីកូវីដ​។

    អង្គការដែល​មាន​ទីស្នាក់​ការ​កណ្ដាល​នៅ​ប៉ារីស ក៏​បាន​ទម្លាក់​ការ​ព្យាករ​កំណើន​សេដ្ឋកិច្ច​ឆ្នាំ​ក្រោយ​ 0.2 ពិន្ទុ​ភាគ​រយ​ មក​នៅ​ត្រឹម​ 2.7%​។ Clare Lombardelli ប្រធាន​ផ្នែក​សេដ្ឋកិច្ច​របស់ OECD វាយ​តម្លៃ​ថា អតិផរណា​បន្ត​ថយ​ចុះ​ ប៉ុន្តែ​សេដ្ឋកិច្ច​ពិភពលោក​នៅ​តែ​ស្ថិត​ក្នុង​ស្ថានភាព​លំបាក។ លោក​និយាយ​កាល​ពី​ថ្ងៃទី 19 កញ្ញា​​ថា «យើង​កំពុង​ប្រឈម​នឹង​ឧបសគ្គ​ពីរ​ត្រួត​ នោះ​គឺ​អតិផរណា និង​កំណើន​ទាប»។

    OECD យល់​ថា ហានិភ័យ​គឺ​ថា ការ​ព្យាករ​កំពុង​តែ​មាន​ទំនោរ​ទៅ​រក​ភាព​អវិជ្ជមាន ព្រោះតែ​ការ​ដំឡើង​ការ​ប្រាក់​កាល​ពី​អតីត​កាល​អាច​ប៉ះពាល់​ធ្ងន់​ធ្ងរ​ជាង​ការ​រំពឹង​ទុក​ ហើយ​អតិផរណា​ក៏​មាន​ហានិភ័យ​អាក្រក់​ក្នុង​រយៈ​ពេល​យូរ​ ទាម​ទារ​ឱ្យ​មាន​ការ​រឹត​បន្តឹង​នយោបាយ​​រូបិយវត្ថុ​បន្ថែម​ទៀត​។ ពួក​គេចាត់​ទុក​ថា ការ​លំបាក​របស់​ចិន​គឺជា​ហានិភ័យ​សម្រាប់​ទិន្នផល​​ទូទាំង​សកល​លោក​។

    OECD ព្យាករ​ថា​ កំណើន​សេដ្ឋកិច្ច​នៅ​តំបន់​ចាយប្រាក់​អឺរ៉ូ​ឆ្នាំ​នេះគឺ 0.6% និង​ឆ្នាំ​ក្រោយ​គឺ​ 1.1%​។ កំណើន​នេះ​នៅ​សហរដ្ឋ​អាម៉េរិក​នឹង​បន្ថយ​ល្បឿន​មក​នៅ​ត្រឹម​ 1.3% ក្នុង​ឆ្នាំ 2024​ ទាប​ជាង​ធៀប​នឹង​ 2.2% ក្នុង​ឆ្នាំ​នេះ​។

    កំណើន​សេដ្ឋកិច្ច​ប្រទេស​ចិន​នៅ​ឆ្នាំ​ក្រោយ​ក៏​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​ 4.6% ដោយ​សារ​តម្រូវ​ការ​ក្នុង​ស្រុក​ថយ​ចុះ​ និង​ភាព​តាន​តឹង​ក្នុង​ទីផ្សារ​អចលន​ទ្រព្យ​។ កំណើន GDP របស់​ប្រទេស​ចិន​ក្នុង​ឆ្នាំ​ 2023 អាច​ឡើន​ដល់​ 5.1% ថយចុះ 0.3 ពិន្ទុ​ភាគ​រយ​បើ​ធៀប​នឹង​ការ​ព្យាករ​មុន​របស់ OECD។

    OECD យល់​ថា រដ្ឋាភិបាល​នានា​មិន​គួរ​ធ្វើ​អន្តរាគមន៍​ដោយ​ការ​បង្កើន​ការ​ចំណាយ​​បន្ថែម​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​។ ជំនួស​មក​វិញ គួរ​តែ​កាត់​បន្ថយ​ការ​ឧបត្ថម្ភ​ ដើម្បី​សម្រួល​ឱ្យ​មាន​ការ​វិនិយោគ​ជា​ថ្មី​នៅ​ពេល​អនាគត​ និង​ចៀស​វាង​កំណើន​អតិផរណា​។

    អង្គការ​ខាងលើ​ក៏​បាន​ព្រមាន​ដែរ​ថា មិន​គួរ​បន្ធូរបន្ថយ​ការ​រឹត​បន្តឹង​នយោបាយ​​រូបិយវត្ថុ​​ ដោយ​សារ​តែ​អតិផរណា​នៅ​តែ​មាន​។ យោង​តាម​ OECD រដ្ឋាភិបាល​នានា​ពុំ​មាន​លទ្ធភាព​ច្រើន​ក្នុង​ការ​ទម្លាក់​ការ​ប្រាក់​រហូត​ដល់​ចុង​ឆ្នាំ 2024​។

  • ខុន​ដូ​សម្រាប់​ជួលមួយ​កន្លែង​នៅ​អាម៉េរិក ​មាន​តម្លៃ​ខ្ពស់​ជាងគេ​បង្អស់​នៅ​នី​វ​យ៉​ក

    ខុន​ដូ​សម្រាប់​ជួលមួយ​កន្លែង​នៅ​អាម៉េរិក ​មាន​តម្លៃ​ខ្ពស់​ជាងគេ​បង្អស់​នៅ​នី​វ​យ៉​ក

    (សហរដ្ឋ​អាម៉េរិក) – ខុន​ដូ​មួយ​ស្ថិតនៅក្នុង​មជ្ឈមណ្ឌល Manhattan ទើបតែ​បាន​បំបែក​កំណត់ត្រា​ស្ដីពី​ថ្លៃ​ជួល​ដែល​ខ្ពស់បំផុត​នៅ​ទីក្រុង​នី​វ​យ៉​ក ដោយមាន​តម្លៃ 125,000 ដុល្លារ/ខែ។

    អត្តសញ្ញាណ​របស់​អ្នក​ជួល​ខុន​ដូ​នេះ មិន​ត្រូវបាន​បង្ហើប​ឱ្យដឹង​នោះទេ។ Jessica C. Campbell របស់ Nest Seekers International ដែលជា​ឈ្មួញ​ជើងសារ​ផ្នែក​អចលនទ្រព្យ​ឱ្យដឹងថា អ្នក​ជួល​បាន​យល់ព្រម​ភ្លាម​នៅក្នុង​ថ្ងៃ​មក​មើល​ខុន​ដូ។ «តម្លៃ​ជួល​បាន​បំបែក​កំណត់ត្រា​នៅ​កណ្ដាល​ទីក្រុង ប៉ុន្តែ​ក៏​ស័ក្ដិសម​ដែរ ព្រោះ​វា​ជា​កន្លែង​ដ៏​ថ្លៃថ្នូរ» Jessica C. បញ្ជាក់​ដូច្នេះ។

    ជាមួយនឹង​តម្លៃ​ត្រូវ​បង់ 125,000 ដុល្លារ​ក្នុង​មួយខែ អតិថិជន​អាច​រស់នៅក្នុង​ខុន​ដូ​ទំហំ​ជាង 600 ម៉ែត្រការ៉េ​នៅ​ជាន់​ទី 20 និង 21 របស់​អគារ​ 100 Vandam។ យោងតាម Jessica C. នេះ​គឺជា​កន្លែង​ស្នាក់នៅ​មួយ​ដ៏​អស្ចារ្យ​បំផុត​ដែល​ធ្លាប់​ឃើញ​នៅ​នី​វ​យ៉​ក។

    ខុន​ដូ​ខាងលើ​មាន​បន្ទប់ដេក​ចំនួន 6 បន្ទប់ទឹក​ចំនួន 7 និង​អាច​មើលទៅ​កាន់​ទន្លេ Hudson កំពង់ផែ New York និង​រូបសំណាក Statue of Liberty យ៉ាង​ពេញភ្នែក។ ខុន​ដូ​នេះ​ក៏មាន​គ្រឿងសង្ហារិមប្រណិតៗ រួម​នឹង​បន្ទប់​ដែល​ប្រៀបបាន​ទៅនឹង​កន្លែង​កម្សាន្ត និង​សម្រាក​លំហែកាយ​ដ៏​អស្ចារ្យ។ វា​ក៏មាន​សួរ​ច្បារ​ទំហំ 350 ម៉ែត្រការ៉េ​ផងដែរ។

    អគារ​ខុន​ដូ 100 Vandam មាន​កម្ពស់ 25 ជាន់ និងត្រូវ​បាន​​រចនា​ដោយ​ក្រុមហ៊ុន CookFox Architects។

    បើ​ទោះ​អគារ 100 Vandam មាន​ខុន​ដូ​ដែលមាន​ថ្លៃ​ជួល​ខ្ពស់បំផុត ប៉ុន្តែ​នេះ​គឺជា​តម្លៃ​ដែល​ប្រកាស​ជា​សាធារណៈ។ យោងតាម New York Post ទីក្រុង​នី​វ​យ៉​ក​នៅមាន​អគារ​ដទៃទៀត​ដែល​ដាក់ឱ្យ​ជួល​ខុន​ដូ​ក្នុងតម្លៃ​ថ្លៃ​ជាង​នេះ។ ក៏ប៉ុន្តែ នោះ​គឺជា​កិច្ចព្រមព្រៀង​ដែល​មិន​ត្រូវបាន​អនុញ្ញាតឱ្យ​ផ្សព្វផ្សាយ៕

  • ការសិក្សា​ស្រាវជ្រាវ ៖ វិស័យ​មូល​ប​ត្រ​នាំមក​នូវ​ប្រាក់ចំណេញ​ខ្ពស់ជាង​អចលនទ្រព្យ ប៉ុន្តែ បន្ថែម​គម្លាត​រវាង​អ្នកមាន និង​អ្នកក្រ

    ការសិក្សា​ស្រាវជ្រាវ ៖ វិស័យ​មូល​ប​ត្រ​នាំមក​នូវ​ប្រាក់ចំណេញ​ខ្ពស់ជាង​អចលនទ្រព្យ ប៉ុន្តែ បន្ថែម​គម្លាត​រវាង​អ្នកមាន និង​អ្នកក្រ

    ទីផ្សារ​មូល​ប​ត្រ​បាន​ឡើងថ្លៃ​ខ្ពស់ជាង ៥ ដង ធៀប​នឹង​អត្រា​នៃ​កំណើន​របស់​តម្លៃ​អចលនទ្រព្យ រាប់​ចាប់ពី​ឆ្នាំ ១៩៥០ នេះ​បើតាម​របាយការណ៍​រប​ស់ NBER។

    សម្រាប់​ជនជាតិ​អាម៉េរិក ក៏ដូចជា​មនុស្ស​ភាគច្រើន​នៅលើ​ផែនដី ការដែល​មាន​ដី និង​ផ្ទះ គឺជា​វិធី​សន្សំទ្រព្យ​មួយ​ដ៏​ពេញនិយម។ ក៏ប៉ុន្តែ របាយការណ៍​ថ្មី​របស់ ការិយាល័យ​ស្រាវជ្រាវ​សេដ្ឋកិច្ចជាតិ (NBER) របស់ សហរដ្ឋ​អាម៉េរិក បានឱ្យដឹងថា ទម្រង់​វិនិយោគ​ដែល​នាំមក​នូវ​ប្រាក់ចំណេញ​ខ្ពស់​ជាងគេ​គឺ​មូល​ប​ត្រ ពោលគឺ​មិនមែន​អចលនទ្រព្យ​ឡើយ នៅក្នុង​អំឡុងពេល​ច្រើន​ទសវត្សរ៍​មកនេះ។

    យោងតាម​របាយការណ៍​ស្រាវជ្រាវ​ខាងលើ ទីផ្សារ​មូល​ប​ត្រ​បាន​ឡើងថ្លៃ​ខ្ពស់ជាង ៥ ដង ធៀប​នឹង​អត្រា​នៃ​កំណើន​របស់​តម្លៃ​អចលនទ្រព្យ រាប់​ចាប់ពី​ឆ្នាំ ១៩៥០។ នេះ​មានន័យថា ពលរដ្ឋ​អាម៉េរិក ដែល​វិនិយោគ​ទៅលើ​ទីផ្សារ​មូល​ប​ត្រ រកបាន​ប្រាក់ចំណេញ​ខ្ពស់ជាង ធៀប​នឹង​អ្នកវិនិយោគ​ទៅក្នុង​វិស័យ​អចលនទ្រព្យ។

    «នេះ​គឺជា​មូលហេតុ​មួយ​ដែល​ធ្វើឱ្យមាន​ការកើនឡើង​នៃ​គម្លាត​រវាង​អ្នកមាន និង​អ្នកក្រ ទាក់ទិន​នឹង​ជាតិ​សាសន៍​នៅ សហរដ្ឋ​អាម៉េរិក។ ជន​ជន​អាម៉េរិក​ស្បែក​ខ្មៅ មានទ្រព្យ​ស្ថិតក្នុង​វិស័យ​អចលនទ្រព្យ​ច្រើនជាង​មូល​ប​ត្រ ហើយ​ប្រការនេះ​មិន​មាន​​អំណោយផល​ល្អ​សម្រាប់​ពួកគេ» Business Insider ស្រង់​របាយការណ៍​រប​ស់ NBER ឱ្យដឹង​ដូច្នេះ។

    ការស្រាវជ្រាវ​មួយ​របស់ Fed New York (ធនាគារជាតិ​អាម៉េរិក សាខា New York) កាលពី​ឆ្នាំមុន​បាន​បង្ហាញថា ជាង ៩០% នៃ​មនុស្ស​ដែល​បាន​ចូលរួម​ការស្ទង់មតិ ប្រាប់​ថា​ ចូលចិត្ត​កាន់កាប់​អចលនទ្រព្យ​ជា​​ជាង​ការវិនិយោគ​ទៅក្នុង​ទីផ្សារ​មូល​ប​ត្រ ហើយ​សូម្បីតែ​នៅក្នុងពេល​ទីផ្សារ​មូល​ប​ត្រ​បង្កើតបាន​កំណត់ត្រាថ្មីៗជា​បន្តបន្ទាប់ ក៏​ឥរិយាបថ​នេះ​មិនបាន​ប្ដូរផ្លាស់ដែរ​។

    «ក្នុងអំឡុងពេល​ប្រហែល​ពី​ឆ្នាំ ១៩៥០ ដល់ ២០១៩ ផ្ទះ​ស្នាក់នៅ និង​ទ្រព្យ​ដែល​មិនមាន​ជា​ហិរញ្ញវត្ថុ បាន​គ្រប​ដណ្ដប់​លើ​​មុខ​ជំនួញ​មួយ​ភាគ​ធំ​របស់ ជនជាតិ​អាម៉េរិក​ស្បែក​ខ្មៅ ខណៈដែល​វា​មានតែ ៤១% ប៉ុណ្ណោះ នៅក្នុង​ខ្ទង់​វិនិយោគ​របស់ ជនជាតិ​អាម៉េរិក​ស្បែ​កស។ ទ្រព្យ​ដែលជា​ទម្រង់​ភាគហ៊ុន​របស់ ជនជាតិ​អាម៉េរិក​ស្បែក​ខ្មៅ មានតែ ៧% ប៉ុណ្ណោះ ទាប​ជាង​ឆ្ងាយ បើ​ធៀប​នឹង ១៨% របស់ ជនជាតិ​អាម៉េរិក​ស្បែ​កស» របាយការណ៍​ខាងលើ​បង្ហាញ​ដូច្នេះ។

    របាយការណ៍​នេះ​បន្ថែមថា «ការឡើង​ថ្លៃ​ខ្ពស់​នៃ​​ទីផ្សារ​មូល​ប​ត្រ បាន​នាំ​ឱ្យទ្រព្យរបស់​ក្រុម​អ្នកមានកំពូលៗ ដែល​ភាគច្រើនបំផុតជា ជនជាតិ​អាម៉េរិក​ស្បែ​កស បាន​កើនឡើង​ខ្ពស់​ខ្លាំង»។

    ក្រុម​អ្នកស្រាវជ្រាវ​របស់ NBER បង្ហាញថា ក្នុងអំឡុង​សម័យ​កូ​វីដ-១៩ កម្រិត​នៃ​ការប្រមូលផ្ដុំ​របស់ទ្រព្យ​នៅ សហរដ្ឋ​អាម៉េរិក បាន​ឡើងដល់​កំពូល រាប់​ចាប់ពី​សង្គ្រាមលោកលើកទី​ពីរ ក្នុងនោះ​មានគ្រួសារ​តែ ០.០១% ប៉ុណ្ណោះ ដែល​កាន់កាប់ ៣៦% នៃ​ទ្រព្យ​ឯកជន​សរុប​ទូទាំងប្រទេស។

    ក្រុម​អ្នកស្រាវជ្រាវ​របស់ NBER សន្និដ្ឋានថា គោលនយោបាយ​នានា​ដែល​បែងចែក​ទ្រព្យ​ឡើងវិញ នឹង​ជួយ​កាត់បន្ថយ​បានភ្លាមៗនូវ​វិសមភាព​រវាង​អ្នកមាន និង​អ្នកក្រ។ ផ្ទុយទៅវិញ បើសិនជា​វិធានការ​ស្ដីពី​រចនាសម្ព័ន្ធ​ត្រូវបាន​អនុវត្តសន្សឹមៗ គេនឹង​អាច​ត្រូវ​ចំណាយពេល​រាប់​សតវត្ស​រ៍ ដើម្បី​ទទួលបាន​​​ប្រសិទ្ធភាព។ ទោះជា​បែបនេះ​ក្ដី ក្រុម​នេះ​សង្កត់ធ្ងន់ថា វិធីសាស្ត្រ​ទាំងពីរ​នេះ​សុទ្ធ​តែមាន​សារសំខាន់ និង​ចាំបាច់៕

  • ពី​មនុស្ស​ធ្លាប់​​សុំអាហារ​គេ​ហូប ក្លាយ​ជា​មហាសេដ្ឋី ព្រោះ​តែ​ចេះ​​ប្រមាញ់​ផ្ទះ​ចាស់​ៗ

    ពី​មនុស្ស​ធ្លាប់​​សុំអាហារ​គេ​ហូប ក្លាយ​ជា​មហាសេដ្ឋី ព្រោះ​តែ​ចេះ​​ប្រមាញ់​ផ្ទះ​ចាស់​ៗ

    Tins Plaza គឺជា​រោង​ចក្រ​ផលិត​ជ័រ​មួយ​​ត្រូវ​បាន​គេ​ទុក​ឱ្យ​នៅ​ទំនេរ ដែល​វាស្ថិត​ក្នុង​សង្កាត់ Tuen Mun នៃ​ទី​​ក្រុង​ហុង​កុង​។ ប៉ុន្តែ នៅ​ពេល​បាន​ឃើញ​ភ្លាម អ្នក​ជំនួញ Tang Shing-bor ដឹង​ភ្លាម​ថា វា​ជា​កំណប់​ទ្រព្យ​។

    កាល​ពី​ឆ្នាំ2005 លោក Tang Shing-bor បាន​ចំណាយ​ប្រាក់​36លាន​ដុល្លារ​អាមេរិក​ ដើម្បី​ទិញ​រោង​ចក្រ​ Tins Plaza នេះ​។ ប៉ុន្តែ គាត់មិន​នឹក​ស្មាន​ថា 2ឆ្នាំ​ក្រោយ​មក គាត់​រក​បាន​ប្រាក់​ចំណេញពី​រោង​ចក្រ​នេះ​ ​ច្រើន​ជាង​3ដង ធៀប​នឹង​ប្រាក់​ដែល​លោក​បាន​ចំណាយ​សម្រាប់​ទិញ​វា​។

    ដោយ​សារ​តែ​ការ​ស្វែង​រក​ទិញ​អចលន​ទ្រព្យ​ឧស្សាហ​កម្ម​ចាស់ៗ ឬ​ត្រូវ​គេ​ទុក​ចោល​ទំនេរ​ ដូច​ជារោង​ចក្រ Tins Plaza ជា​ដើម​ ហើយជួស​ជុស​ឡើង​វិញ​ រួច​លក់​ទៅ​ឱ្យ​អ្នក​ផ្សេង លោក​ Tang បាន​រួច​ផុត​ពី​មាត់​ជ្រោះ​ក្ស័យ​ធន​កាល​ពីឆ្នាំ​2003 ហើយ​បាន​ក្លាយជា​មហា​សេដ្ឋី​ក្នុង​ឆ្នាំ​2016។ បច្ចុប្បន្ន​ មហាសេដ្ឋី​​វ័យ86ឆ្នាំ​រូប​នេះ គឺ​ជា​អ្នក​មាន​បំផុត​លំដាប់​ទី​14​នៅ​ហុងកុង ដោយ​មាន​ទ្រព្យ​ 5,7​ពាន់​លាន​ដុល្លារ​អាមេរិក​។ នេះ​បើ​តាម​ទស្សនាវដ្ដី Forbes។

    ល្បី​ឈ្មោះ​ខ្លាំង​ដោយ​សារ​តែ​ការ​រកស៊ី​បែប​ដើរ​បញ្ច្រាស់​និន្នាការ​របស់​មនុស្ស​សម័យ​ថ្មី និង​មិន​ខ្វល់​ពី​បាតុកម្ម​ដែល​អូស​បន្លាយ​ពេល​រាប់​ខែ​នៅ​ទូទាំង​ទី​ក្រុង​ហុង​កុង​ លោក​ Tang នៅ​តែ​បញ្ចេញ​ប្រាក់​រក​ស៊ី​ខាង​អចលន​ទ្រព្យ​ឧស្សាហ​កម្ម​នៅ​ទី​នេះ​។ កាល​ពី​ឆ្នាំ​ទៅ(2019) គាត់​បាន​ចំណាយ​ប្រាក់​ដល់​ទៅ​ 700​លាន​ដុល្លារ​អាមេរិក​ដើម្បី​​រក​ស៊ី​ក្នុង​វិស័យ​នេះ​។ យោង​តាម​ក្រុម​ហ៊ុន​ស្រាវ​ជ្រាវ​ Real Capital Analytics លោក​ Tang គឺជា​អ្នក​ដែល​បាន​ចំណាយ​ប្រាក់​ច្រើន​ជាង​គេ​បង្អស់​នៅ​ទីក្រុង​ហុង​កុង ក្នុង​ការ​ទិញ​អចលន​ទ្រព្យ​ឧស្សាហ​កម្ម​ ក្នុង​ឆ្នាំ​2019។

    “នេះ​គឺជា​ឱកាស​ល្អ​បំផុត​ដែល​ខ្ញុំ​មិន​ធ្លាប់ជួប​ប្រទះ” នេះ​គឺជា​សម្ដី​របស់​លោក Tang ក្នុង​កិច្ច​សម្ភាស​មួយ​នៅ​ឯផ្ទះ​របស់​គាត់​ក្នុង​ខណ្ឌ Mong Kok ដែល​មាន​ទី​តាំង​នៅ​មិន​ឆ្ងាយ​ប៉ុន្មា​នពី​តំបន់​ដែល​មាន​បាតុកម្ម​កើតឡើង​។

    ជំនាញ​របស់​លោក Tang ក្នុងការ​ស្វែង​រក​ និង​កែលម្អអចលន​ទ្រព្យ​ចាស់​ៗក្នុង​ទី​ក្រុង​ហុង​កុងពេល​ដែល​វា​នៅ​ជា​មជ្ឈ​មណ្ឌល​ផលិតកម្ម បាន​ទាក់​ទាញ​ដៃគូសហការ​ជា​ច្រើន​ ដូចជា Chinese Estates Holdings និង Juayuan International ជា​ដើម​។ ក្រុម​ហ៊ុន​ទាំង​2ខាង​លើ​នេះ បាន​សហការ​ជាមួយ​ក្រុម​ហ៊ុន​ Stan Group របស់​លោក Tang ដើម្បី​កែ​ប្រែ​ ឬ​ជួស​ជុស​អចលន​ទ្រព្យ​ទាំង​ឡាយ​ដែល​លោក​ Tang បាន​ទិញ​។ “គាត់​ធ្វើ​ការ​មាន​ប្រសិទ្ធ​ភាព និង​មាន​បទ​ពិសោធន៍​ច្រើន​” នេះ​បើ​តាម​ Joseph Lam ដែល​ជា​អ្នក​ដឹកនាំ​ម្នាក់​នៃ​ក្រុម​ហ៊ុន Colliers International។

    ក្រុម​អ្នក​រក​ស៊ី​ខាង​អចលន​ទ្រព្យ​នៅ​ទី​ក្រុង​ហុង​កុង តែង​តែ​ហៅ​លោក​ Tang ថា​ “ពូ Bor”។ អចលន​ទ្រព្យ​ គ្រាន់​តែ​ជា​ផ្នែក​មួយ​ដែល​លោក​បាន​ចូល​រក​ស៊ី។​ កាល​ពី​ទសវត្សរ៍​ឆ្នាំ​1950 លោក Tang ក៏ធ្លាប់​ផលិត​អំពូល​ភ្លើង neon និង​ធ្លាប់​កាន់​កាប់​ភោជនីយដ្ឋាន​ក្នុង​ទសវត្សរ៍​ឆ្នាំ​1970ផងដែរ​។ ការ​រក​ស៊ី​របស់​គាត់ ក៏​បាន​បង្ហាញ​ពី​ការ​រីក​ចម្រើន​របស់​ទីក្រុង​ហុង​កុង​ក្នុង​រយៈ​ពេល​ប៉ុន្មានទសវត្សរ៍​ចុង​ក្រោយ​នេះ​។

    មហាសេដ្ឋី​រូប​នេះ​ មិន​ដែល​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​បរាជ័យ​នោះ​ទេ​។ ឪពុក​របស់​គាត់​បាន​ស្លាប់​ចោល​ ពេល​គាត់​មាន​អាយុ​ត្រឹម​តែ​5ឆ្នាំ​។ ចំណែក​ម្ដាយ​របស់​គាត់​វិញ គឺ​ត្រូវធ្វើ​ការ​ក្នុង​រោង​ចក្រ​ដើម្បី​ចិញ្ចឹម​កូន​ៗ។ “ខ្ញុំ​ត្រូវ​រិះ​រក​វិធី​ជា​ច្រើន​ដើម្បី​រស់​” លោក​ Tang និយាយ​បែប​នេះ​។ លោក​បន្ត​ថា លោក​ធ្លាប់​តែល​តោល​នៅ​ខាង​ក្រៅ​អាហារ​ដ្ឋាន នៅ​ពេល​កំពុង​ឃ្លាន​បាយ ដើម្បី​រង់​ចាំ​សុំ​អាហារ​ពី​គេ​។

    ការ​រស់​នៅ​ និង​ធំ​ដឹង​ក្ដី​ក្នុង​ភាព​ក្រី​ក្របែប​នេះហើយ ធ្វើ​ឱ្យ​លោក Tang មានស្មារតី​អង់អាច និង​​ “ថ្លើង​ធំ” ព្រោះ​គាត់​មិន​ដែល​ខ្លាច​បរាជ័យ។ លោកនិយាយ “គ្មាន​បញ្ហា​ណា​ដែល​គ្មាន​ដំណោះ​ស្រាយ​នោះ​ឡើយ​”។

    Tang រៀន​ចប់​ត្រឹម​បឋម​សិក្សា​ប៉ុណ្ណោះ។ ឆ្នាំ​1950 លោក​បាន​ដើរ​តាម​ក្រុម​ជាង​ធ្វើ​ស្លាកយីហោ ដើម្បី​រៀន​ជំនាញ​។ ពេល​អាយុ​20ឆ្នាំ គាត់​បាន​បើក​ហាង​ផ្ទាល់​ខ្លួន​។ ជោគ​ជ័យ​ក្នុងការ​រក​ស៊ី​នេះ បាន​នាំ​ឱ្យ​លោក អាច​សហ​ការ​ជាមួយមិត្ត​ភក្ដិ​របស់​គាត់​ដើម្បី​​បើក​ភោជនីយដ្ឋាន​មួយ​ ក្នុង​ឆ្នាំ​1970។ ចាប់​តាំង​ពីពេល​នោះ លោក Tang ក៏ចាប់​ផ្ដើម​វិនិយោគ​ច្រើន​ទៅ​លើ​ភោជ​នីយដ្ឋាន។

    ទសវត្សរ៍​ទី 80 លោក Tang បាន​លោត​ចូល​វិនិយោគ​ទៅ​លើ​វិស័យ​ផ្សេង​ៗ ក្នុង​នោះ​ក៏​មាន​វិស័យ​រថយន្ត​ចាស់​ៗ​។ ប៉ុន្តែ ការ​ដែល​លោក​ទទួល​បាន​ជោគ​ជ័យ​ច្រើន​ ក៏ដោយ​សារតែ​​ការ​ទិញលក់ហាង​នានា​។ ជំនួញ​ដែល​លេច​ធ្លោ​ជាង​គេ​របស់​គាត់ គឺ​ការ​ទិញ​អគារ​ចាស់​មួយ​ក្នុង​ឆ្នាំ​1990 ហើយ​កែប្រែ​វា​ឱ្យ​ទៅ​ជាមជ្ឈមណ្ឌល​​ Mongkok Centre ដ៏ល្បី​ឈ្មោះ​។

    ឆ្នាំ​1997 លោក​ Tang មាន​​ហាង​ក្នុង​ដៃ​ចំនួន​ជាង​200ហាង ដែល​មាន​តម្លៃ​ជិត​7,3​ពាន់​លាន​​ដុល្លារ​ហុង​កុង (942លាន​ដុល្លារ​អាមេរិក​) ហើយ​ក៏​ចាប់​ផ្ដើម​រៀប​គម្រោង​ចូល​រួម​ក្នុង​ផ្សារ​មូល​បត្រ​ (IPO)។ ប៉ុន្តែ ពេល​ក្រោយ​មក​បន្តិច វិបត្តិ​ហិរញ្ញវត្ថុ​អាស៊ី​បាន​កើត​ឡើង​។ ទី​ផ្សារ​អចលន​ទ្រព្យ​នៅ​ទី​ក្រុង​ហុង​កុង​បាន​ធ្លាក់់ថ្លៃ​ដល់​ទៅ​70% ក្នុង​អំឡុង​ចាប់​ពី​ឆ្នាំ​1997 ដល់​ឆ្នាំ​2004 ដោយ​មួយ​ផ្នែក​បណ្ដាល​មក​ពី​អាសន្នរោគ​ SARS។ ឆ្នាំ​2004 លោក​ Tang ត្រូវ​ជាប់​​បំណុល​4ពាន់​លានដុល្លារ​ហុង​កុង​ (514,982,760ដុល្លារ​អាមេរិក)។

    លោក Tang ក៏​បាន​ចាប់​ផ្ដើម​លក់​អចលន​ទ្រព្យ​ខ្លះ​របស់​គាត់ បូក​រួម​ទាំង​ Mongkok Computer Centre។ ប៉ុន្តែ គាត់​រក្សា​ទុក​អចលនទ្រព្យ​​ឧស្សាហ​កម្ម​ដែល​បាន​ទិញ​ចាប់​ពី​ឆ្នាំ​1996 ដើម្បី​ការ​ពារ​ហានិភ័យ​។

    ឆ្នាំ​2005 គាត់​បាន​ទិញ​ Tins Plaza ក្នុង​តម្លៃ​280លាន​ដុល្លារ​ហុង​កុង (36,048,793​ ដុល្លារ​អាមេរិក)។ គាត់​ចំណាយប្រាក់​ដែល​មាន​ក្នុង​ដៃ​ត្រឹម​តែ28​លាន​ដុល្លារ​ហុង​កុង​ ក្រៅ​ពី​នេះ​គឺ​លុយបាន​មក​ពី​ការ​បញ្ចាំ​អគារ​ទាំង​ឡាយ​ដែល​គាត់​បាន​ទិញ​ពី​មុន​។

    6ខែក្រោយ​មក លោក​ Tang ទទួល​បាន​ការ​ស្នើ​ទិញ​អគារ ​Tins Plaza នេះ ពីក្រុម​ហ៊ុន​អូស្ដ្រា​លី​ Macquarie Goodman ក្នុង​តម្លៃ​500​លាន​ដុល្លារ​ហុង​កុង (64,372,845 ដុល្លារ​អាមេរិក)​។ មក​ដល់​ខែ​តុលា​ ឆ្នាំ​2005ដដែល ក្រុម​ហ៊ុន Mapletree របស់​សិង្ហ​បុរី​ បាន​ឱ្យ​តម្លៃ​520​លាន​ដុល្លារ​ហុង​កុង (70,810,129ដុល្លារ​អាមេរិក) ប៉ុន្តែ គាត់​នៅ​តែ​មិន​ព្រម​លក់​។ នេះ​បើ​តាម​ទស្សនាវដ្ដី Forbes។

    មហាសេដ្ឋី​រូប​នេះ ដឹង​ថា អចលនទ្រព្យ​ពាណិជ្ជ​កម្ម វា​មាន​តម្លៃ​ខ្ពស់​ជាង​អចលន​ទ្រព្យ​ឧស្សាហ​កម្ម ដូច្នេះ គាត់​ក៏​បាន​អភិវឌ្ឍ​ Tins Plaza ​ឱ្យ​ធ្លាក់​ទៅ​ក្នុង​វិស័យ​ពាណិជ្ជ​កម្ម។ 2ឆ្នាំ​ក្រោយ​មក តំណាង​ក្រុម​ហ៊ុន Macquarie មក​ពី​ Sydney ស្នើ​ទិញ​ក្នុង​តម្លៃ​​850​លាន​ដុល្លារ​ហុង​កុង (109,433,836ដុល្លារ​អាមេរិក)។ គាត់​ក៏​បាន​លក់​ឱ្យ​ក្រុម​ហ៊ុន​នេះ ដោយ​ទទួល​បាន​ប្រាក់​ចំណេញ​570​លាន​ដុល្លារ​ហុងកុង​ (73,385,000ដុល្លារ​អាមេរិក)។ លោក​ Tang ថ្លែង​ថា “នេះ​គឺជា​ជំនួញ​ដែល​គួរ​ឱ្យ​ចង​ចាំ​បំផុត​សម្រាប់ខ្ញុំ”។

    ក្រោយ​មក លោក​ Tang នៅ​តែ​បន្ត​រកស៊ី ដោយ​មិន​គិត​ពី​រឿង​ចូល​និវត្តន៍។ គាត់​បាន​ឃើញ​រោង​ចក្រ​ចាស់​មួយ​នៅ​ក្បែរ​នោះ​ គឺ Gold Sung Industrial Building។ មិន​ដូច​ការ​ជួញ​ដូរ​មុន​ៗ Gold Sun មាន​ម្ចាស់​ច្រើន​នាក់​ ធ្វើ​ឱ្យ​គាត់​ត្រូវ​ចំណាយ​ពេល​ដើម្បី​ចរចា​ដាច់​ដោយ​ឡែក​ម្ដង​មួយ​ៗ​។ គាត់​ចាប់​ផ្ដើមទិញ​ជាន់​ដំបូង​គេ​ក្នុង​ឆ្នាំ​2006 ប៉ុន្តែ រហូត​ដល់​ឆ្នាំ​2014 ទើប​​បាន​ជោគជ័យ​ទាំង​ស្រុង​។ គាត់​រំឭកថា “ខ្ញុំ​ត្រូវ​ទិញ​ម្ដង​មួយ​ជាន់​ៗ​”។

    លោក Tang ក៏​បាន​ជួប​នឹង​សំណាង​ល្អ​ច្រើន​ផងដែរ។ ដោយ​សារ​តែ​ចង់​បង្កើនប្រភព​ផ្គត់​ផ្គង់​អចលន​ទ្រព្យ​សម្រាប់​ការិយា​ល័យ សណ្ឋាគារ​ និង​តំបន់​ពាណិជ្ជ​កម្ម​ អាជ្ញា​ធរ​ទី​ក្រុង​ហុង​កុង​នា​ឆ្នាំ2010 ក៏បាន​ចេញ​គោល​នយោបាយ​​លើក​ទឹក​ចិត្ត​ឱ្យមានការ​អភិវឌ្ឍ​អចលន​ទ្រព្យ​ឧស្សាហ​កម្ម​ចាស់​ៗ ឱ្យ​ទៅ​ជា​តំបន់​ពាណិជ្ជ​កម្ម​។ល។ ដូច្នេះ ធ្វើ​ឱ្យ​តម្លៃ​រោង​ចក្រ​ចាស់​ៗ ឡើង​ថ្លៃ​ដល់​152​% ក្នុង​អំឡុង​ពេល​ពី​ឆ្នាំ​2010 ដល់​2016។ ដូច្នេះ ការ​រក​ស៊ី​របស់​លោក ក៏​បាន​រលូត​ជាង​មុន​ទៅ​ទៀត​។

    គិត​មក​ដល់​បច្ចុប្បន្ន មហាសេដ្ឋី​ Tang កំពុង​កាន់​កាប់​អគារ​នៅ​ក្បែរ​អាកាស​យាន​ដ្ឋាន​ចាស់ ​ប្រមាណ​ជា​73​%​។ ការ​កសាង​ឡើង​វិញ​នូវ​អាកាស​យាន​ដ្ឋាន Kai Tak ប្រាកដ​ជា​នឹង​ធ្វើ​ឱ្យ​អចលន​ទ្រព្យ​នៅ​ក្បែរ​ៗ​នេះ ឡើង​ថ្លៃ​កប់​ពពក​មិន​ខាន​។ ប្រការ​នេះ នឹង​ជួយ​ឱ្យ​លោក Tang កើន​ទ្រព្យ​ថែម​មួយ​កម្រិត​ធំ​ទៀត​។

    មហា​សេដ្ឋី​រូប​នេះ ថ្លែង​ថា “ខ្ញុំ​ពិត​ជា​ជឿ​ជាក់​លើ​អនាគត​របស់​ហុង​កុង។ ខ្ញុំ​បាន​ស្គាល់​ឧបសគ្គ​ច្រើន​មក​ហើយ​។ វា​តែង​តែ​មាន​ឱកាស​ច្រើន​​ស្ថិត​ក្នុង​ហានិភ័យ ហើយ​នេះ​គឺជា​ឱកាស​របស់​ខ្ញុំ”៕

    ប្រភព​៖ សារ​ព័ត៌មាន​បរទេស

  • ធនាគារជាតិនៃកម្ពុជា​ ឃ្លាំមើល​ការ​អភិវឌ្ឍ​វិស័យ​សំណង់​ និង​អចលនទ្រព្យ​ ដែល​កំពុង​មាន​កំណើន​ឥណទាន​

    ធនាគារជាតិនៃកម្ពុជា​ ឃ្លាំមើល​ការ​អភិវឌ្ឍ​វិស័យ​សំណង់​ និង​អចលនទ្រព្យ​ ដែល​កំពុង​មាន​កំណើន​ឥណទាន​

    ធនាគារជាតិនៃកម្ពុជា​ ឬ NBC​ បានឱ្យ​ដឹង​ថា​ ខ្លួន​កំពុង​ឃ្លាំមើល​យ៉ាង​ដិតដល់​នូវ​ការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​ និង​សំណង់​ ដោយសារតែ​វិស័យ​នេះ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ធនាគារ​ទាក់ទង​នឹង​កំណើន​ឥណទាន​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្ដម​ទេសាភិបាល​នៃ​ធនាគារជាតិនៃកម្ពុជា​។

    ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​នៃ​ធនាគារជាតិនៃកម្ពុជា​ បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​បិទ​សន្និបាត​ និង​កំណត់​គោលដៅ​របស់​ធនាគារ​កាលពី​ថ្ងៃទី17​ ខែមករា​ ឆ្នាំ2020​ ថា​ នា​ពេល​បច្ចុប្បន្ន​នេះ​ វិស័យ​សំណង់​ និង​អចលនទ្រព្យ​បាន​កើនឡើង​យ៉ាង​ខ្លាំង​ និង​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​ ប៉ុន្តែ​វា​អាច​នឹង​មានការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​ដែរ​។

    ឯកឧត្តម​បាន​មានប្រសាសន៍​ថា​៖“ដូច្នេះ​ការ​រីកចម្រើន​នៃ​វិស័យ​សំណង់​ទាមទារ​ឱ្យ​មានការ​វាស់វែង​ និង​គិតគូរ​យ៉ាង​ប្រុងប្រយ័ត្ន​ និង​វាយតម្លៃ​យ៉ាង​ស៊ីជម្រៅ​ដោយ​ទីភ្នាក់ងារ​ពាក់ព័ន្ធ​ទាំងអស់​របស់​រដ្ឋាភិបាល​ទាក់ទង​នឹង​បញ្ហា​ដូចជា​ពន្ធ​លើ​ការទិញ​អចលនទ្រព្យ​ ការ​ជ្រើសរើស​គម្រោង​សាងសង់​ដែល​មាន​លក្ខណ​សម្បត្តិ​គ្រប់គ្រាន់​ និង​ការកំណត់​ប្រាក់កម្ចី​”។

    កំណើន​ក្នុង​វិស័យ​សំណង់​ គឺជា​រឿង​ល្អ​សម្រាប់​ប្រជាជន​យើង​ ជាពិសេស​សម្រាប់​ប្រជាជន​ដែល​មាន​ចំណូល​ទាប​ និង​មធ្យម​ ព្រោះ​វា​មានន័យថា​ ប្រជាជន​របស់​យើង​អាច​មានផ្ទះសំបែង​រស់នៅ​សមរម្យ​។ វា​ជា​បញ្ហា​ថ្មី​សម្រាប់​យើង​ ដូច្នេះ​យើង​ត្រូវ​ប្រយ័ត្ន​។ យើង​ត្រូវតែ​ពិនិត្យ​ និង​តាមដាន​កំណើន​នា​ពេល​អនាគត​របស់​វិស័យ​នេះ​ ហើយ​ធានា​ថា​ នឹង​មិន​មាន​បញ្ហា​អវិជ្ជមាន​ទេ​។ ដូច្នេះ​ធនាគារ​កណ្តាល​ត្រូវតែ​ប្រយ័ត្ន​ប្រយែង​ ព្រោះ​វា​ជា​កិច្ចការ​សំខាន់​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្ដម​ទេសាភិបាល​។

    ការិយាល័យ​ឥណទាន​កម្ពុជា​(CBC​) បាន​រាយការណ៍​ថា​ ប្រាក់កម្ចី​របស់​អតិថិជន​ គិត​ត្រឹម​ខែកញ្ញា​ឆ្នាំ2019​ មាន​ចំនួន​សរុប​ 7.65ពាន់​លាន​ដុល្លារ​ ហើយ​ក្នុង​នោះ​ប្រាក់កម្ចី​មានទ្រព្យ​បញ្ចាំ​ មាន​ចំនួន​ 48.36​%កាត​ឥណទាន​ 0.61​% និង​ឥណទាន​បុគ្គល​មានត្រឹមតែ​ជាង​ 51​%ប៉ុណ្ណោះ​។

    ការិយាល័យ​ឥណទាន​កម្ពុជា​ បានឱ្យ​ដឹង​ថា​ បំណុល​បញ្ចាំ​ដែល​មិនបាន​បង់​ក្នុងរយៈពេល​ 30ថ្ងៃ​ ឬច្រើនជាង​នេះ​ គិត​ត្រឹម​ខែកញ្ញា​ ឆ្នាំ2019​ មានតែ​ 0.57​%នៃ​ចំនួន​សរុប​ ខណៈ​ប្រាក់កម្ចី​ផ្ទាល់ខ្លួន​ ឬអតិថិជន​មាន​ចំនួន​ 1.75​% និង​បណ្ណ​ឥណទាន​មាន​ចំនួន​ 2.65​%។ ទាំងអស់​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​ប្រាក់កម្ចី​មិន​ដំណើរការ​ (NPLs​) ដោយ​ធនាគារ​ និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​។ទោះ​យ៉ាងណាក្ដី​ ធនាគារ​កណ្តាល​បាន​ព្រមាន​ថា​ ប្រសិនបើ​អតិថិជន​មិន​ចំណាយ​ប្រាក់កម្ចី​សម្រាប់​គោលបំណង​ដែល​ត្រូវ​បាន​ផ្តល់​ឱ្យ​នោះ​ ការ​កើនឡើង​នៃ​ឥណទាន​ អាច​ក្លាយជា​ហានិភ័យ​ផ្នែក​សេដ្ឋកិច្ច​។

    NBC​ បាន​បង្ហាញ​នៅក្នុង​របាយការណ៍​ម៉ាក្រូ​សេដ្ឋកិច្ច​ និង​ធនាគារ​ឆ្នាំ2019​ និង​ទស្សនវិស័យ​សម្រាប់​ឆ្នាំ2020​ ថា​ កំណើន​ឥណទាន​នៅក្នុង​វិស័យ​ធនាគារ​បាន​ងើបឡើង​វិញ​ បន្ទាប់ពី​វា​បាន​ធ្លាក់ចុះ​ក្នុងរយៈពេល​ 3ឆ្នាំ​កន្លងមក​។ ការ​កើនឡើង​នេះ​ បណ្តាល​មក​ពី​កំណើន​ប្រាក់ចំណូល​របស់​ប្រជាជន​ ការ​កើនឡើង​នូវ​តម្រូវការ​ និង​ការ​ធ្វើ​ពិពិធ​កម្ម​សេវាកម្ម​ក្នុងចំណោម​ស្ថាប័ន​ហិរញ្ញវត្ថុ​នានា​។

    NBC​ បាន​បន្ថែម​ទៀត​ថា​ ការ​ងើបឡើង​វិញ​នៃ​កំណើន​ឥណទាន​ ត្រូវ​បាន​គាំទ្រ​ជាចម្បង​ដោយ​កំណើន​ប្រាក់កម្ចី​សម្រាប់​ការទិញ​អចលនទ្រព្យ​ សំណង់​ ការប្រើ​ប្រាស់​ និង​ពាណិជ្ជកម្ម​។ កំណើន​ឥណទាន​ក្នុង​ឆ្នាំ2019​ ភាគច្រើន​ពឹងផ្អែក​លើ​ប្រាក់កម្ចី​មានទ្រព្យ​បញ្ចាំ​ និង​អ្នក​ផលិត​ផលិតផល​ប្រើប្រាស់​។

    ឯកឧត្តម​ទេសាភិបាល​ បាន​មានប្រសាសន៍​ថា​៖“សេដ្ឋកិច្ច​កម្ពុជា​អាច​ប្រឈម​នឹង​ហានិភ័យ​មួយ​ចំនួន​នៅ​ឆ្នាំនេះ​ ដោយសារតែ​សេដ្ឋកិច្ច​ចិន​ធ្លាក់ចុះ​និង​ការ​ឡើងថ្លៃ​ប្រេងឆៅ​ ដោយសារតែ​នយោបាយ​ភូមិសាស្ត្រ​បច្ចុប្បន្ន​ និង​ការបាត់បង់​នូវ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ “អ្វី​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​” ដែល​អាច​នឹង​កើតឡើង​ដោយ​ផ្ទាល់​ និង​ប៉ះពាល់​ដល់​វិស័យ​កាត់ដេរ​។ ដូចគ្នា​នេះ​ផង​ដែរ​ មាន​ហានិភ័យ​នៃ​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ​នៅក្នុង​វិស័យ​សំណង់​ ដែល​អាច​នាំ​ឱ្យ​ផ្ទះ​មានតម្លៃ​លក់​ទាប​ជាង​ការ​ចំណាយ​សម្រាប់​ពួកគេ​ បណ្តាល​ឱ្យ​មាន​បញ្ហា​ឥណទាន​។

    ឯកឧត្តម​បាន​មានប្រសាសន៍​ថា​ ទោះជាយ៉ាងណា​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ នឹង​នៅតែ​ មាន​អត្រា​7% ដដែល​ ដោយមាន​ការចូលរួម​ចំណែក​ពី​ការនាំចេញ​ ការ​វិនិយោគ​បរទេស​ និង​វិស័យ​ទេសចរណ៍​។

    លោក​ឧកញ៉ា​បណ្ឌិត​ គីម​ ហ៊ា​ង ស្ថាបនិក​ក្រុមហ៊ុន​ ខ្មែរ​រៀល​ អុីស្ទេ​ត និង​ជា​ប្រធាន​ KW​ Cambodia​ ត្រូវ​បាន​ស្រង់​សម្តី​ថា​ កំណើន​ឥណទាន​លើ​ប្រាក់កម្ចី​ទិញ​ផ្ទះ​ជាមួយ​ធនាគារ​ និង​វិស័យ​ហិរញ្ញវត្ថុ​ កាន់តែ​ទូលំទូលាយ​នឹង​ល្អ​ឡើង​ ព្រោះ​ពួកគេ​អាច​កត់ត្រា​ប្រតិបត្តិ​ការប្រាក់​កម្ចី​លំនាំដើម​ ផ្គត់ផ្គង់​ និង​តម្រូវការ​។

    លោក​ឧកញ៉ា​ បាន​បញ្ជាក់​ថា​៖“ដូច្នេះ​អតិថិជន​របស់​ពួកគេ​ ត្រូវ​បាន​ចាត់ទុកថា​ អាច​មាន​ហានិភ័យ​ខ្ពស់​។ ខ្ញុំ​សូម​ជំរុញ​អតិថិជន​ កុំ​បង់ប្រាក់​កម្ចី​ទិញ​ផ្ទះ​ទៅ​អ្នក​អភិវឌ្ឍន៍​ដោយ​ផ្ទាល់​ ហើយ​អ្នក​អភិវឌ្ឍន៍​ក៏​គួរតែ​ណែនាំ​អតិថិជន​ផង​ដែរ​ ឱ្យធ្វើ​ការ​ជាមួយ​ធនាគារ​”។

    លោក​ឧកញ៉ា​ គីម​ ហ៊ា​ង បាន​មានប្រសាសន៍​ថា​៖“នៅពេល​អតិថិជន​ប្រើ​ធនាគារ​សម្រាប់​ប្រាក់កម្ចី​ទិញ​ផ្ទះ​ ពួកគេ​នឹង​មិន​ចាំបាច់​មានការ​ទទួលខុសត្រូវ​ទេ​។ នៅពេល​ដែល​ពួកគេ​បង់ប្រាក់​ តាមរយៈ​ការ​បង់​រំលស់​ទៅ​ឱ្យ​អ្នក​អភិវឌ្ឍន៍​បុរី​នោះ​ ប្រាក់កម្ចី​មានកម្រិត​ខ្ពស់​ ពីព្រោះ​អ្នក​អភិវឌ្ឍន៍​មិនបាន​ធ្វើការវិភាគ​ឱ្យ​បាន​ដិតដល់​ថា​ តើ​អ្នកទិញ​អាច​មានលទ្ធភាព​សង​ប្រាក់កម្ចី​ដែរ​ឬទេ​ឡើយ​”កាលពី​ត្រីមាស​ទី3​ ឆ្នាំ2019​ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ឬ ADB​ ក៏បាន​ចាត់ទុក​កំណើន​ឥណទាន​ដែល​ប្រមូល​ផ្តុំ​នៅក្នុង​វិស័យ​អចលនទ្រព្យ​ និង​អាជីវកម្ម​ដែល​ពាក់ព័ន្ធ​នៅ​កម្ពុជា​ គឺជា​ហានិភ័យ​មួយ​ដែល​អាច​បង្អាក់​ដល់​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ផង​ដែរ​។ យោង​តាម​របាយការណ៍​ ស្តី​ពី​ទស្សនវិស័យ​សេដ្ឋកិច្ច​របស់ ADB​ បាន​លើកឡើង​ពី​ការ​ពូន​គរ​កំណើន​កម្ចី​នៅក្នុង​វិស័យ​អចលនទ្រព្យ​ដែល​អាច​ជា​ហានិភ័យ​ក្នុង​ស្រុក​។

    អ្នកជំនាញ​សេដ្ឋកិច្ច​លោក​ ង៉ែត​ ជូ​ បាន​មាន​ទស្សនៈ​ថា​៖“អតិថិជន​ខ្លះ​រំពឹង​ថា​ នៅពេល​ពួកគេ​ទិញ​ផ្ទះ​ ពួកគេ​អាច​លក់​វា​បាន​ប្រាក់ចំណេញ​ ឬរកលុយ​បាន​ពី​ការជួល​វា​។ ប៉ុន្តែ​ប្រសិនបើ​ការ​រំពឹង​ទុក​នោះ​មិន​ត្រូវ​បាន​ឆ្លើយតប​ អតិថិជន​អាច​នឹង​មាន​បញ្ហា​ជាមួយនឹង​លំហូរ​ហិរញ្ញវត្ថុ​។ បន្ទាប់មក​គាត់​អាច​នឹង​ដាក់​ទ្រព្យ​នោះ​សម្រាប់​ការ​ដេញថ្លៃ​ ដែល​មានផល​ប៉ះពាល់​ដល់ទី​ផ្សារ​ទាំងមូល​”។

    លោក​បាន​បញ្ជាក់​ថា​៖“វិធី​ល្អ​បំផុត​ គឺ​អតិថិជន​មិន​គួរ​ប្រើ​ប្រាក់កម្ចី​ទិញ​ផ្ទះ​ពី​អ្នក​អភិវឌ្ឍន៍​ទេ​ ព្រោះ​ពួកគេ​មិនបាន​សិក្សា​ច្បាស់លាស់​ពី​សមត្ថភាព​ហិរញ្ញវត្ថុ​របស់​អតិថិជន​ទេ​។ តែ​ទោះ​យ៉ាងណាក្ដី​ ធនាគារ​នឹង​សិក្សា​ពី​ចំណូល​ហិរញ្ញវត្ថុ​របស់​អតិថិជន​ និង​ធ្វើការ​វិនិច្ឆ័យ​លើ​ហានិភ័យ​ប្រាក់កម្ចី​ ក៏ដូចជា​ការ​ផ្តល់​អត្រា​ការប្រាក់​ទាប​ជាង​មុន​ជាដើម​”។

    ប៉ុន្តែ​អ្នក​អភិវឌ្ឍន៍​ខ្លះ​ មិនមែន​ជា​ស្ថាប័ន​ហិរញ្ញវត្ថុ​ ពួកគេ​ជា​អ្នកសាង​សង់​ ដូច្នេះ​ពួកគេ​គ្មាន​សិទ្ធិ​ត្រួតពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​របស់​អតិថិជន​ទេ​។ ការដំឡើង​ការប្រាក់​របស់​អ្នក​អភិវឌ្ឍន៍​បាន​បង្ហាញ​នូវ​ហានិភ័យ​ខ្ពស់​ដល់​ស្ថិរភាព​សេដ្ឋកិច្ច​ ពីព្រោះ​បច្ចុប្បន្ន​មិន​មានការ​ត្រួតពិនិត្យ​ត្រឹមត្រូវ​លើ​ប្រតិបត្តិ​ការ​ជាមួយ​អ្នក​អភិវឌ្ឍន៍​ទេ​។

    ប្រសិនបើ​គ្មាន​ការ​ត្រួតពិនិត្យ​ពី​អាជ្ញាធរ​ទេ​ ហានិភ័យ​នឹង​កើនឡើង​។ វា​មិនមែន​ជា​បញ្ហា​តូច​ទេ​ពីព្រោះ​មាន​អ្នក​អភិវឌ្ឍន៍​បុរី​ និង​សាងសង់​លំនៅឋាន​ជាច្រើន​ ដូច្នេះ​ប្រសិនបើ​មាន​វិបត្តិ​ វា​នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ទាំងមូល​”៕

  • ខេត្ត​ព្រះសីហនុ​ ៖ តម្លៃ​អចលនទ្រព្យ​ហក់​ឡើង​ខ្លាំង​ តែ​នៅតែ​អាច​រកបាន​ផល​ចំណេញ​

    ខេត្ត​ព្រះសីហនុ​ ៖ តម្លៃ​អចលនទ្រព្យ​ហក់​ឡើង​ខ្លាំង​ តែ​នៅតែ​អាច​រកបាន​ផល​ចំណេញ​

    ខេត្ត​ព្រះសីហនុ​ជា​តំបន់ឆ្នេរ​សមុទ្រ​នា​រយៈពេល​ 2-3ឆ្នាំ​ចុងក្រោយ​នេះ​មានការ​វិនិយោគ​យ៉ាង​ខ្លាំងក្លា​ និង​លឿន​ពីសំណាក់​វិនិយោគិន​ចិន​ ធ្វើ​ឱ្យ​វិស័យ​អចលនទ្រព្យ​មានការ​រីក​ដុះដាល​យ៉ាង​ឆាប់រហ័ស​ ហើយ​បាន​ប្រែក្លាយ​ជា​តំបន់​ដែល​មានការ​អភិវឌ្ឍ​ខ្លាំង​ជាងគេ​បំផុត​ នៅក្នុងចំណោម​បណ្ដា​ខេត្ត​នានា​នៅក្នុង​ប្រទេស​កម្ពុជា​។

    ថ្វី​ដ្បិតតែ​ក្លាយជា​តំបន់​ដែល​តម្លៃ​អចលនទ្រព្យ​ហក់​ឡើង​ខ្លាំង​ និង​លឿន​យ៉ាងណាក៏ដោយ​ តែ​នៅ​តំបន់​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​ ពិសេស​ខេត្ត​ព្រះសីហនុ​ក៏​នៅតែ​ត្រូវ​បាន​អ្នកជំនាញ​បញ្ជាក់​ឱ្យ​ដឹង​ថា​ តំបន់​ទាំងនោះ​នៅតែ​អាច​រកបាន​ផល​ចំណេញ​បាន​ពី​វិស័យ​អចលនទ្រព្យ​នេះ​ឥត​ឈប់ឈរ​ដដែល​។

    លោក​ឧកញ៉ា​ ចេង​ ខេង​ បាន​មានប្រសាសន៍​ថា​៖“កន្លងមក​ ការទិញ​-លក់​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​ខេត្ត​ព្រះសីហនុ​ពុំ​មានការ​ប្រែប្រួល​ខ្លាំង​ទេ​ គឹ​នៅតែ​ដំណើ​ការ​ជា​ធម្មតា​ តែ​រយៈពេល​ 2-3ឆ្នាំ​ចុងក្រោយ​នេះ​មានការ​វិនិយោគ​យ៉ាង​លឿន​ ធ្វើ​ឱ្យ​តម្លៃ​ក្នុង​ការទិញ​-លក់​លើ​វិស័យ​នេះ​នៅ​ខេត្ត​ព្រះសីហនុ​ហក់​ឡើង​ខ្លាំង​ និង​ឆាប់រហ័ស​មែនទែន​ដែល​យើង​នឹកស្មាន​មិនដល់​ ព្រោះ​យើង​មិនបាន​គិតថា​ អចលនទ្រព្យ​ក្នុង​ខេត្ត​ព្រះសីហនុ​មាន​សក្តា​នុ​ពល​ខ្លាំង​ដល់​ម្លឹង​ ហើយ​យើង​បាន​មើលឃើញ​ថា​ ចរន្ត​នៃ​ការ​ជួញដូរ​ដីធ្លី​នៅក្នុង​ខេត្ត​នេះ​នឹង​នៅតែ​មាន​ចរន្ត​ល្អ​ និង​សង្ឃឹមថានឹង​បន្ត​កើនឡើង​ទៀត​ច្រើន​”។

    លោក​ឧកញ៉ា​បាន​បញ្ជាក់​បន្ថែម​ថា​ យើង​ដឹង​ថា​ ខេត្ត​មួយ​នៅ​ជាប់​សមុទ្រ​ មាន​ឆ្នេរខ្សាច់​ ទេសភាព​ល្អ​។ បើ​យើង​មាន​លុយ​យើង​ចង់ទៅ​លម្ហែ​ ឬកម្សាន្ត​កន្លែងណា​មួយ​ ក៏​យើង​ចង់​រក​កន្លែងណា​ដែល​មាន​បរិស្ថាន​ស្អាត​ល្អ​ មាន​ពន្លឺថ្ងៃ​ មាន​ឆ្នេរខ្សាច់​ និង​ទឹកសមុទ្រ​ពណ៌ខៀវ​ នាំ​ឱ្យ​យើង​ចង់ទៅ​ទស្សនា​នៅ​ទីនោះ​ មិនថា​តែ​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​នោះ​ទេ​ វា​នឹង​ធ្វើ​ឱ្យ​ទីនោះ​កាន់តែ​មាន​សក្តា​នុ​ពល​ខ្លាំង​ឡើង​។

    លោក​ឧកញ៉ា​បន្ត​ថា​ យើង​ដឹង​ទៀត​ថា​ ខេត្ត​នេះ​មាន​កំពង់ផែ​អន្តរជាតិ​ បើ​និយាយ​ពី​សេវា​ដឹកជញ្ជូន​យើង​មាន​គ្រប់​សេវា​ ទាំង​ផ្លូវទឹក​ ផ្លូវគោក​ ផ្លូវអាកាស​ និង​ផ្លូវដែក​ថែមទៀត​ ដែល​ធ្វើ​ឱ្យ​ទីនោះ​ មានការ​-កើនឡើង​នូវ​ចំនួន​ប្រជាជន​ ជាពិសេស​ជនជាតិ​ចិន​ក៏​មក​វិនិយោគ​ច្រើន​ ពោល​បើ​យើង​ប្រៀបធៀប​ទៅ​ អ្វី​ៗគឺ​ស្ទើរតែ​ដូច​ប្រទេស​សិង្ហបុរី​ទៅ​ហើយ​ គឺ​អ្វី​ៗក៏​ឡើងថ្លៃ​ដែរ​ ហើយ​ថ្មី​ៗនេះ​ រដ្ឋាភិបាល​មាន​គម្រោង​ធ្វើ​រថភ្លើង​ល្បឿន​លឿន​បន្ថែម​ទៀត​ ធ្វើ​ឱ្យ​យើង​អាច​ធ្វើដំណើរ​ទៅកាន់​តំបន់​នោះ​កាន់តែ​លឿន​ និង​ងាយស្រួល​ ព្រោះ​វា​ជា​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ដែល​នាំ​ឱ្យ​តម្លៃ​អចលនទ្រព្យ​នៃ​ទីក្រុង​នេះ​កាន់តែ​ឡើង​ខ្ពស់​ និង​ទទួល​បានការ​ចាប់អារម្មណ៍​កាន់តែ​ខ្លាំង​ឡើង​ទៀត​។

    លោក​ឧកញ៉ា​បានឱ្យ​ដឹង​ថា​ ការ​មាន​អ្នក​វិនិយោគ​ចិន​ច្រើន​នឹង​ធ្វើ​ឱ្យ​សន្ទស្សន៍​នៃ​ការ​វិនិយោគ​លើ​វិស័យ​អចល​ទ្រព្យ​ក្នុង​ខេត្ត​ព្រះសីហនុ​កាន់តែ​មាន​កំណើន​។ នេះ​ជា​រឿង​ធម្មតា​ ប្រទេស​មួយ​ដែល​មានការ​វិនិយោគ​អភិវឌ្ឍ​លឿន​ គឺ​ដោយសារតែ​មានការ​វិនិយោគ​ពី​បណ្តា​វិនិយោគិន​បរទេស​។ លោក​ឧកញ៉ា​បាន​បន្ត​ថា​ ដូច​យើង​ឃើញស្រាប់​ហើយ​ថា​ មិនមែន​មានតែ​ចិន​ទេ​ដែល​មក​វិនិយោគ​ តែ​នៅ​មាន​ជនជាតិ​កូរ៉េ​ ជប៉ុន​ ថៃ​ និង​សិង្ហបុរី​ផង​ដែរ​ គ្រាន់តែ​ចិន​មាន​ចំនួន​ច្រើន​នាំមុខ​គេ​ ដូច្នេះ​ទើប​ចិន​បោះទុន​សង់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ ដើម្បី​បង្កើន​សក្តា​នុ​ពល​ថែមទៀត​។

    លោក​ឧក​ញ៉ាចេ​ង ខេ​ងបាន​អះអាង​ថា​ ដោយឡែក​ ក្នុងនាម​យើង​ជា​អ្នករក​ស៊ីលើ​វិស័យ​ហ្នឹង​យើង​ត្រូវ​ស្វាគមន៍​អ្នក​វិនិយោគ​បរទេស​ទាំងអស់​ មិនថា​តែ​ប្រទេស​ណា​ទេ​ ឬមិន​ថា​ជនជាតិ​ណាក៏ដោយ​ ដែល​យក​ទុន​មក​និ​យោគ​នៅ​ស្រុក​យើង​ដោយ​ស្របច្បាប់​ យើង​ត្រូវតែ​រីករាយ​ យើង​ត្រូវតែ​ធ្វើអ្វី​ដែល​ល្អ​ និង​ត្រូវ​បើក​ចិត្ត​ឱ្យ​ទូលាយ​ក្នុង​កិច្ចសហការ​ធ្វើការងារ​ជាមួយគ្នា​។

    បច្ចុប្បន្ន​ ខេត្ត​ព្រះសីហនុ​កំពុង​មាន​សកម្មភាព​សាងសង់​សំណង់​តូច​-ធំ​ប្រមាណ​ជា​ 300គម្រោង​ ហើយ​ក្នុង​នោះ​គម្រោង​សំណង់​ដែល​ធំ​លើស​ពី​ 3,000ម៉ែត្រការ៉េ​ឡើង​ មាន​ចំនួន​ 70គម្រោង​កំពុង​ដំណើរការ​សាងសង់​យ៉ាងសកម្ម​ ដែល​ក្នុង​នោះ​ក៏​មាន​សំណង់​អគារ​កម្ពស់​ 40ជាន់​ជាច្រើន​គម្រោង​កំពុង​រីក​លូតលាស់​គួរ​ឱ្យ​ចាប់អារម្មណ៍​ផង​ដែរ​។ នេះ​បើ​យោង​តាម​មន្ត្រី​ជាន់ខ្ពស់​របស់​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ​៕

  • វិស័យ​អចលនទ្រព្យ​នៅតំបន់​ប៉ោយប៉ែត​កំពង់តែ​ហក់​ឡើង​ខ្លាំង

    វិស័យ​អចលនទ្រព្យ​នៅតំបន់​ប៉ោយប៉ែត​កំពង់តែ​ហក់​ឡើង​ខ្លាំង

    តំបន់​ក្រុង​ប៉ោយប៉ែត​មិន​ត្រឹមតែ​ជាទី​តាំង​សម្រាប់​ដឹកទំនិញ​ឆ្លងកាត់​ព្រំដែន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ​ដ៏​រស់​រវើក​មួយ​ដែលមាន​ទាំង​អគារ​កាស៊ីណូធំៗ ខ្ពស់ៗ សួន​ឧស្សាហកម្ម​ និង​ក៏​ជាទី​តាំង​ទេសចរណ៍​ដ៏​មាន​សក្តានុពល​មួយ​ផងដែរ ដែល​ទាំងអស់នេះ​គឺជា​ចំណែក​ដ៏​សំខាន់​មួយ​ក្នុងការ​រុញច្រាន​ឱ្យ​វិស័យ​អចលនទ្រព្យ​នៅ​តំបន់​នេះ​កើនឡើង​ខ្ពស់។

    លោក ប៊ី សុភ​ក្ត្រ ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស និង​ជា​ភ្នាក់ងារ​លក់​អចលនទ្រព្យ​នៅ​ក្រុង​ប៉ោយប៉ែត​មានប្រសាសន៍ថា បច្ចុប្បន្ន​តម្លៃ​ដី​នៅក្នុង​ក្រុង​ប៉ោយប៉ែត​កើនឡើង​យ៉ាងគំហុក ដោយ​កាលពី​ឆ្នាំ2017តម្លៃ​ដី​នៅ​កណ្តាល​ក្រុង​គិត​ជា​មធ្យម​មួយ​ម៉ែត្រការ៉េ​ថ្លៃ​ត្រឹមតែ 200ដុល្លារ​ប៉ុណ្ណោះ តែ​កាលពី​ឆ្នាំ2018កន្លងទៅ តម្លៃ​ដី​បាន​កើនឡើង​ប្រមាណ​ជា 50%បន្ថែមទៀត ដែល​ធ្វើឱ្យ​ដី​នៅក្នុង​តំបន់​នោះ​មានតម្លៃ​ចាប់ពី 300ដុល្លារ​ឡើងទៅ​ឯណោះ​ក្នុង​មួយ​ម៉ែត្រការ៉េ។

    ក្រៅពី​ដី​នៅក្នុង​ក្រុង​ហើយ ដី​នៅ​តំបន់ជាយៗក្រុង​ចម្ងាយ​ប្រមាណ​ជា 7-8គីឡូម៉ែត្រ ក៏​ឡើងថ្លៃ​ខ្លាំង​ផងដែរ ជាពិសេស​ការ​ពុះ​ជា​ដីឡូត៍​នៅលើ​ផ្លូវលេខ58 ដែល​ស្ថិតនៅ​ភាគ​ខាងជើង​ឆៀង​ខាងកើត សកម្មភាព​ពុះ​ដី​ជាឡូត៍ៗ និង​សាងសង់​ជា​សំណង់​ផ្ទះល្វែង​លក់​ក៏បាន និង​កំពុង​កើនឡើង​យ៉ាង​គួរឱ្យកត់សម្គាល់​ផងដែរ។ សម្រាប់​ដីឡូត៍ គិត​ជា​មធ្យម​ក្នុង​មួយ​ឡូត៍(5×20ម៉)ដី​នៅជាប់​ផ្លូវជាតិ​មានតម្លៃ​ចន្លោះ​ពី15,000 ទៅ20,000ដុល្លារ ហើយ​ដី​នៅ​ផ្នែក​ខាងក្នុង​វិញ មានតម្លៃ​គិត​ជា​មធ្យម​គឺ​ពី 7,000-8,000ដុល្លារ ខណៈដែលឆ្នាំមុនៗ គេ​អា​ចរក​ទិញ​បាន​ក្នុងតម្លៃ​ត្រឹមតែ 4,000-6,000ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ឡូត៍។

    ងាក​មក​វិស័យ​សំណង់​វិញ អគារ​ផ្ទះល្វែង​ក៏ត្រូវ​បាន​គេ​សាងសង់​លក់​យ៉ាង​ព្រោងព្រាត​ផងដែរដែល​គិត​ជា​មធ្យម គឺមាន​តម្លៃ​ចាប់ពី 46,000ដុល្លារ​ឡើងទៅ​ក្នុង​មួយ​ល្វែង ចំណែកឯ​ផ្ទះ​នៅ​ជួរ​ខាងមុខ​មានតម្លៃ​ចាប់ពី 75,000ដុល្លារ​ឡើងទៅ ហើយ​លក់ដាច់​ខ្លាំង​ទៀតផង ដោយ​គ្រាន់តែ​ដាក់​ប្រកាស​លក់​គម្រោង​ភ្លាម អតិថិជន​ក៏​នាំគ្នា​សម្រុក​ទិញ​តែម្តង ជាពិសេស​អតិថិជន​ក្នុង​ក្រុង​ប៉ោយប៉ែត និង​មកពី​តាម​បណ្តា​ខេត្តផ្សេងៗដែល​ពួកគាត់​បាន​ទិញ​សម្រាប់​ទុក​លក់​បន្ត ឬ​ទុក​ជួល​ឱ្យ​ជនជាតិ​ចិន ខណៈដែល​ជនជាតិ​ចិន​បាននាំគ្នា​ចូលមក​ស្នាក់នៅ​បណ្តាក់ទុន​រកស៊ី កាន់តែច្រើនឡើងៗនៅក្នុង​ក្រុង​ប៉ោយប៉ែត​ដែល​ជាទី​តាំងទី2 បន្ទាប់ពី​ក្រុងព្រះសីហនុ​ដែលមាន​ជនជាតិ​ចិន​ចូលមក​រស់នៅ​ច្រើនជាងគេ​ក្នុងប្រទេស​កម្ពុជា។

    លោក សាន ស៊ានហូ អភិបាលក្រុង​ប៉ោយប៉ែត​មានប្រសាសន៍ថា បច្ចុប្បន្ន​វិស័យ​អចលនទ្រព្យ​កាន់តែ​កើនឡើង​ខ្លាំង​មែន រាប់​តាំងពី​សកម្មភាព​ពុះ​ដីឡូត៍​លក់ ការសាងសង់​សំណង់ផ្ទះ​ល្វែង​លក់ជាពិសេស​សំណង់​អគារ​សណ្ឋាគារ ខុន​ដូ និង​កាស៊ីណូ​បាន​កើនឡើង​ព្រោងព្រាត។ លោក​បន្តថាកាលពី​ឆ្នាំមុន វិស័យ​អចលនទ្រព្យ​ហាក់​មាន​ចំនួន​តិចតួច និង​មិនសូវមាន​ការចាប់អារម្មណ៍​ពី​អ្នកវិនិយោគ​ប៉ុន្មាន​ទេ ប៉ុន្តែ​សម្រាប់​ឆ្នាំ2018 កន្លងទៅនេះ នៅពេល​មាន​ជនជាតិ​ចិន​ចូលមក​បណ្តាក់ទុន​រក​ស៊ី​ជាច្រើន​លើ​វិស័យផ្សេងៗ ដែល​រួមមាន​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ រោងចក្រ​ឧស្សាហកម្មផ្សេងៗ និង​វិស័យ​សណ្ឋាគារ ខុន​ដួ និង​កាស៊ីណូ​ផង​នោះបានធ្វើឱ្យ​វិស័យ​អចលនទ្រព្យ​កើន​តម្លៃ​ឡើង​យ៉ាងខ្លាំង ដោយ​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​សង់ផ្ទះ​ល្វែងធំៗចំនួន 8ក្រុមហ៊ុន កំពុងតែ​សង់ផ្ទះ​ល្វែង​ចាប់ពី 100ល្វែង​ឡើងទៅ សំណង់​សណ្ឋាគារ និង​ខុន​ដូ​កម្ពស់ 20ជាន់​ក៏​កំពុងតែ​ដំណើរការ​សាងសង់​សម្រាប់​ដាក់​ជួល និង​លក់​ផងដែរ។ ដោយឡែក អគារ​កាស៊ីណូប្រណីតៗ លំដាប់​ផ្កាយ4-5 មាន​ដល់​ទៅ 20អគារ​ឯណោះ។

    លោក​បន្តថា ប៉ោយប៉ែត គឺជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ និង​មាន​ចម្រុះ​ជាតិ​សាសន៍​ដែល​បាន​ចូលមក​ស្នាក់នៅ និង​វិនិយោគ រួមមាន​ជនជាតិ​ថៃ ហ្វីលីពីន ម៉ាឡេស៊ី និង​ជនជាតិ​អឺរ៉ុប​មួយចំនួន​តូច និង​ជាពិសេស​ជនជាតិ​ចិន​តែម្ដង ហើយ​ប៉ោយប៉ែត​ក៏​ជាទី​ប្រជុំជន​ដែលមាន​ប្រជាជន​ចំណាកស្រុក​ដ៏​ច្រើន​ចូលមក​បោះទីតាំង​រស់នៅ និង​បណ្តាក់ទុន​រកស៊ីផ្សេងៗ ដោយសារតែ​វា​ជាទី​តាំង​អភិវឌ្ឍន៍​ថ្មី​មួយ បើ​ធៀប​នឹង​ទីក្រុង​ផ្សេងទៀត​ក្នុងប្រទេស​កម្ពុជា ដែល​ងាយស្រួល​ក្នុងការ​ប្រក​បរបរ រក​ចំណូល​ទទួលទាន​នៅក្នុង​ក្រុមគ្រួសារ។

    លោក​បាន​បញ្ជាក់ថា អ្វីដែល​ធ្វើឱ្យ​ជនបរទេស​ចូលមក​វិនិយោគ​កាន់តែ​ច្រើនឡើង​នោះ គឺ​ដោយសារតែ​ប៉ោយប៉ែត​ជាទី​តាំង​មួយ​អំណោយផល និង​ងាយស្រួល​ក្នុងការ​ដឹកជញ្ជូន​ទំនិញ​ឆ្លង​ព្រំដែន មាន​កម្លាំង​ពលកម្ម​វ័យក្មេង​ច្រើន អគ្គិសនី​តម្លៃ​ទាប ជាទី​តាំង​ដែលមាន​វិស័យ​ដីធ្លី​នៅ​ក្មេងខ្ចី ដែល​គេ​អា​ចរក​ទិញ​បាន​ក្នុងតម្លៃ​ទាប និង​ដាក់លក់​ទៅវិញ​ក្នុងតម្លៃ​ខ្ពស់ និង​ក៏មាន​តំបន់​ទេសចរណ៍​កម្សាន្ត​ជាច្រើន​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ចូលមក​ទស្សនា​ផងដែរ។

    គេ​រំពឹងថា ឧស្សាហកម្ម​ដីធ្លី និង​សំណង់​ក្នុង​ក្រុង​ប៉ោយប៉ែត​នឹង​នៅតែ​រីកចម្រើន​ទៅមុខ​យ៉ាង​លឿន និង​ឥតឈប់ឈរ ដោយសារតែ​វា​ជាទី​តាំង​គោលដៅ​សម្រាប់​ជនជាតិ​ចិន​ចូលមក​រស់នៅ​កាន់តែច្រើន និង​លំដាប់​ទី2 បន្ទាប់ពី​ក្រុងព្រះសីហនុ៕