Tag: អង់គ្លេស

  • គណៈ​រដ្ឋមន្ត្រី​អង់គ្លេស​កំពុង​បែក​បាក់​ផ្ទៃ​ក្នុង​ ខណៈមិន​ច្បាស់​លាស់​អំពី​អ្នក​ស្នង​តំណែង​នាយក​រដ្ឋមន្ត្រី​ ដែល​កំពុង​ផ្ទុក​វីរុស​COVID-19

    គណៈ​រដ្ឋមន្ត្រី​អង់គ្លេស​កំពុង​បែក​បាក់​ផ្ទៃ​ក្នុង​ ខណៈមិន​ច្បាស់​លាស់​អំពី​អ្នក​ស្នង​តំណែង​នាយក​រដ្ឋមន្ត្រី​ ដែល​កំពុង​ផ្ទុក​វីរុស​COVID-19

    នៅ​ប៉ុន្មានម៉ោង​ប៉ុណ្ណោះ​ ក្រោយ​ពី​ការិយាល័យ​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​ប្រកាស​ថា​លោក Johnson នៅ​តែ​បន្ត​ដឹក​នាំ​ប្រទេស​ពី​បន្ទប់​សម្រាក​ព្យាបាល​នៅ​ឯមន្ទីរ​ពេទ្យ រដ្ឋ​មន្ត្រី​ការ​បរទេស​ Dominic Raab ត្រូវ​បាន​ស្នើ​ឱ្យ​ដឹក​នាំ​​ “កិច្ច​ការ​ចាំបាច់​”​ មួយ​ចំនួន​ ជំនួស​​នាយក​រដ្ឋ​មន្ត្រី។

    នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​នៅ​ឯ​ការិយាល័យ​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​កាល​ពី​ល្ងាចថ្ងៃទី​6មេសា​ក្រោយ​ពី​នាយក​រដ្ឋ​មន្ត្រី​​ Boris Johnson អាយុ​55​ឆ្នាំ បាន​ចូល​ព្យាបាល​ជា​បន្ទាន់​នៅ​ឯមន្ទីរ​ពេទ្យ​ដោយ​សារ​បាន​ឆ្លង​វីរុសCOVID-19 លោក​ Raab បាន​សន្យា​ជា​មួយ​ប្រជាជន​ថា រដ្ឋមន្ត្រី​ និង​មន្ត្រី​​គ្រប់​ជាន់​ថ្នាក់ កំពុង​តែ​បន្ត​អនុវត្ត​តាម​បញ្ជា​របស់​នាយក​រដ្ឋ​មន្ត្រី​។

    “កិច្ច​ការ​របស់​រាជ​រដ្ឋាភិបាល​នឹង​ត្រូវ​បាន​ធ្វើ​បន្ត​ ហើយ​នាយក​រដ្ឋ​មន្ត្រី​កំពុង​ត្រូវ​បាន​ធានា​សុវត្ថិ​ភាព​ដោយ​ក្រុម​វេជ្ជ​បណ្ឌិត​ពូកែ​ៗ​បំផុត​នៅ​មន្ទីរ​ពេទ្យ​ St Thomas” នេះ​បើ​តាម​សម្ដីលោក Raab ដែល​មាន​អាយុ​46​ឆ្នាំ ជា​​​រដ្ឋមន្ត្រី​ការ​បរទេស​អង់គ្លេស​​។

    គណៈ​រដ្ឋមន្ត្រី​អង់គ្លេស​កំពុង​បែក​បាក់​ផ្ទៃ​ក្នុង​ ខណៈមិន​ច្បាស់​លាស់​អំពី​អ្នក​ស្នង​តំណែង​នាយក​រដ្ឋមន្ត្រី​ ដែល​កំពុង​ផ្ទុក​វីរុស​COVID-19
    នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​ លោក​ Boris Johnson

    លោក​ Raab ដែលជា​​រដ្ឋមន្ត្រី​ទីមួយ​ដែរ​នោះ មុន​នេះ​ត្រូវ​បាន​ប្រគល់​ភារកិច្ច​ឱ្យ​ដឹក​នាំ​កិច្ច​ប្រជុំ​ប្រចាំ​ថ្ងៃ​​របស់​គណៈ​រដ្ឋ​មន្ត្រី​អង់គ្លេស​ដែល​ពិភាក្សា​អំពី​យុទ្ធ​សាស្ត្រ​ប្រយុទ្ធ​ប្រឆាំង​នឹង​​ការ​រាត​ត្បាត​នៃ​វីរុស​COVID-19។ នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ ការិយាល័យ​នាយក​រដ្ឋមន្ត្រី​បាន​ឱ្យ​ដឹង​ថា​ រដ្ឋ​មន្ត្រី​ទី​មួយ​ (លោក​ Raab) ត្រូវ​បាន​ស្នើ​ឱ្យ​ “បំពេញ​ភារ​កិច្ច​ជំនួស​នាយក​រដ្ឋ​មន្ត្រី​លើ​រឿង​ចាំបាច់​មួយ​ចំនួន​”​។ នេះ​បង្ហាញ​ថា រដ្ឋ​មន្ត្រី​ការ​បរទេស​ មិន​ទាន់​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​កាន់​កាប់​ទាំង​ស្រុង​នូវ​តួនាទី​​របស់​នាយក​រដ្ឋ​មន្ត្រី​នៅ​ឡើយ​។

    នៅ​ពេល​ត្រូវ​បាន​សួរ​ ថា​តើ​បាន​ទទួល​កាន់​កាប់​​ “ភារ​កិច្ច​ទាក់​ទិន​នឹង​សន្តិ​សុខ​ជាតិ​” ពី​លោក​ Johnson ហើយ​ឬ​នៅ លោក Raab ក៏បាន​បដិសេធ​មិន​ឆ្លើយ​តប​។

    លោក​ Dominic Raab រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​

    ថ្នាក់​ដឹក​នាំ​ដែល​ត្រូវ​ឡើង​ជំនួស​នាយក​រដ្ឋ​មន្ត្រី​នៅ​អង់គ្លេស ខុស​ពី​សហរដ្ឋ​អាមេរិក​។ សិទ្ធិ​អំណាច​ និង​ភារ​កិច្ច​របស់​អនុ​ប្រធានា​ធិបតី​​អាមេរិក​ ត្រូវ​បាន​គេ​កំណត់​យ៉ាង​ច្បាស់​ដោយ​រដ្ឋ​ធម្ម​នុញ្ញ ខណៈ​ដែល​នៅ​អង់គ្លេស​ ការិយាល័យ​នាយក​រដ្ឋ​មន្ត្រី​ មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រើ​ប្រាស់​ ចាប់​តាំង​ពី​អតីត​ឧបនាយក​រដ្ឋ​មន្ត្រី​ Nick Clegg បាន​ចូល​រួម​ធ្វើ​សម្ព័ន្ធ​មិត្ត​ជា​មួយ​អតីត​នាយក​រដ្ឋ​មន្ត្រី​ David Cameron កាល​ពី​ឆ្នាំ​2010​។

    មុន​ពេល​នាយក​រដ្ឋ​មន្ត្រី​ Johnson ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ភាព​មិន​ច្បាស់​លាស់​ខាង​លើ បាន​ធ្វើ​ឱ្យ​មាន​ពាក្យ​ចចាម​អារ៉ាម​​អំពី​ការ​បែក​បាក់​ផ្ទៃ​ក្នុង​រវាង​រដ្ឋ​មន្ត្រី​នានា​ ក្នុង​នោះ​ក្រុម​សម្ព័ន្ធ​មិត្ត​របស់លោក ​Michael Gove ​(រដ្ឋមន្ត្រី​នៃ​ទី​ស្ដី​ការ​គណៈ​រដ្ឋមន្ត្រី​) យល់​ថា លោក​ Michael Gove ​ទើប​ជា​អ្នក​ត្រូវ​ឡើង​គ្រប់​គ្រង​ប្រទេស​ជំនួស​នាយក​រដ្ឋ​មន្ត្រី​ Johnson។

    នៅ​ពេល​ COVID-19 បាន​ឈាន​ដល់​ចំណុច​គួរ​ឱ្យ​ព្រួយ​បារម្ភ ការិយាល័យ​នាយក​រដ្ឋ​មន្ត្រី​ បាន​ដឹង​មុន​អំពី​បញ្ហា​ដែល​នឹង​កើត​ឡើង​ ហើយ​ក៏បាន​រៀប​ចំ​ផែន​ការ​ស្ដី​អំពី​ “អ្នក​ស្នង​តំណែង​របស់​នាយក​រដ្ឋមន្ត្រី​” ក្នុង​នោះ​ គេ​ឃើញ​ថា លោក​ Dominic Raab ដែល​ជា​រដ្ឋ​មន្ត្រី​ទី​មួយ និង​ជា​រដ្ឋ​មន្ត្រី​ការ​បរទេស​ ត្រូវ​បាន​តែង​តាំង​ឱ្យ​ស្ថិត​នៅ​កំពូល​តារាង​ ត្រៀម​ចូល​កាន់​តំណែង​ជួស​នាយក​រដ្ឋ​មន្ត្រី​។

    លោក Michael Gove រដ្ឋ​មន្ត្រី​ទី​មួយ និង​ជា​រដ្ឋ​មន្ត្រី​នៃ​ទីស្ដី​ការ​គណៈ​រដ្ឋមន្ត្រី​ (អ្នក​គ្រប់​គ្រង​ការិយាល័យ​នាយក​រដ្ឋ​មន្ត្រី​)

    ក៏ប៉ុន្តែ មក​ដល់​ពេល​នេះ សិទ្ធិ​អំណាច​របស់​លោក Raab មិន​ទាន់​ប្រាកដ​ប្រជា​នៅ​ឡើយ​។ លោក​ស្រី​បណ្ឌិត Catherine Haddon សមាជិក​ជាន់​ខ្ពស់​ម្នាក់​នៅ​វិមាន​រដ្ឋាភិបាល​ឱ្យ​ដឹង​ថា សិទ្ធិ​អំណាច​មួយ​ចំនួន​អាច​នឹង​ត្រូវ​បាន​ប្រគល់​ឱ្យ​រដ្ឋ​មន្ត្រី​ផ្សេង​ៗ​ក្នុង​ជួរ​គណៈ​រដ្ឋ​មន្ត្រី​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • COVID-19! នាយក​រដ្ឋមន្ត្រី​​អង់គ្លេសត្រូវ​ចូល​ពេទ្យ​ បន្ទាប់​ពី​ឆ្លង​វីរុស​បាន​10​ថ្ងៃ​៖ លោក​​ Trump លើក​ទឹក​ចិត្ត​

    COVID-19! នាយក​រដ្ឋមន្ត្រី​​អង់គ្លេសត្រូវ​ចូល​ពេទ្យ​ បន្ទាប់​ពី​ឆ្លង​វីរុស​បាន​10​ថ្ងៃ​៖ លោក​​ Trump លើក​ទឹក​ចិត្ត​

    ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បាន​លើក​ទឹក​ចិត្ត​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​ “សង្ឃឹម និង​ប្រាកដ​​” ណាស់​ថា លោក​ Johnson នឹង​ជា​សះស្បើយ​ពី​ជំងឺ​ បន្ទាប់​ពី​លោក​បាន​ចូល​សម្រាក​ព្យាបាល​ជំងឺ​​COVID-19 នៅ​មន្ទីរពេទ្យ​។

    “គាត់គឺជា​មិត្ត​របស់​ខ្ញុំ គាត់​គឺជា​អ្នក​ដឹក​នាំ​ដ៏ល្អ​ម្នាក់​។ គាត់​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ក្នុង​ថ្ងៃ​នេះ​ ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​​ និង​ប្រាកដ​ថា គាត់​នឹង​មិន​ថ្វី​នោះ​ទេ​”​ ប្រធានាធបិតី​ Donald Trump មាន​ប្រសាសន៍​ក្នុង​សន្និ​សីទ​សារ​ព័ត៌មាន​មួយ​នៅ​ឯសេត​វិមាន​ កាល​ពី​ថ្ងៃទី​5មេសា​។ លោក​ Trump សង្កត់​ធ្ងន់​ថា “គាត់​គឺជា​បុរស​រឹង​មាំ​ម្នាក់​”​។

    ការ​ប្រកាស​របស់​លោក​ Trump ត្រូវ​បាន​ធ្វើឡើង​បន្ទាប់​ពី​ការិយាល័យ​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​បញ្ជាក់​ថា​ លោក​ Johnson អាយុ​55​ឆ្នាំ​ ត្រូវ​​ចូល​មន្ទីរពេទ្យ​ដើម្បី​ពិនិត្យ​សុខ​ភាព​​ ក្រោយ​ពី​លោក​បាន​ឆ្លង​វីរុស​COVID-19​អស់​រយៈ​ពេល​10​ថ្ងៃ​មក​នេះ​។

    រដ្ឋ​មន្ត្រី​សុខាភិបាល​អង់គ្លេស​ Matt Hancock ដែល​ជា​អ្នក​បាន​ឆ្លង​វីរុស​កូរ៉ូណា​ដែរ​នោះ​ បាន​ត្រឡប់​មក​ធ្វើការ​វិញ​​កាលពី​ថ្ងៃទី​3មេសា ក្រោយ​ការ​នៅ​ដាច់​ដោយ​ឡែក​1សប្ដាហ៍​ បាន​ឱ្យ​ដឹង​ថា​ នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ Johnson នៅ​មាន​សុខ​ភាព​ល្អ​​ ហើយ​អ្នក​ទាំង​2​នៅ​តែ​ទាក់​ទង​រក​គ្នា​​ជា​ធម្មតា​។

    លោក​ Trump និង​លោក​ Johnson
    លោក​ Trump និង​លោក​ Johnson

    ភរិយា​របស់​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​ លោក​ស្រី​ Carrie Symonds ដែល​កំពុង​មាន​ផ្ទៃ​ពោះ​ បាន​ឱ្យ​ដឹង​ថា លោក​ស្រី​ក៏មាន​រោគ​សញ្ញា​នៃ​ជំងឺ​កូរ៉ូណា​អស់​រយៈ​ពេល​1សប្ដាហ៍​មក​ហើយ ក៏ប៉ុន្តែ​សុខ​ភាព​កំពុង​ល្អ​ប្រសើរ​ឡើង​វិញដែរ​​។ ប្រធាន​គណៈ​កម្ម​ធិការ​សុខាភិបាល​នៃ​ប្រទេស​អង់គ្លេស​ក៏​មាន​រោគ​សញ្ញា​នៃ​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​នេះ​ដែរ​ ខណៈ​ដែល​ Dominic Cummigs ដែលជា​ទីប្រឹក្សា​ផ្ទាល់​របស់​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​ កំពុង​នៅ​ដាច់​ដោយ​ឡែក​។

    COVID-19 បាន​បង្ហាញ​វត្តមាន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​208​ នៅ​ជុំវិញ​ពិភពលោក បណ្ដាល​ឱ្យ​មនុស្ស​ជាង​1,274,970នាក់បាន​ឆ្លង​មេរោគ ក្នុង​នោះ​មាន​69,501​នាក់​បាន​ស្លាប់​ 265,883​នាក់បាន​​ជាសះស្បើយ និង​​45,899​នាក់​កំពុង​ប្រឈម​នឹង​ការ​ស្លាប់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស​

  • ឯកអគ្គរាជ​ទូត​រងនៃប្រទេស​អង់គ្លេស បាន​បាត់​បង់ជីវិត​ហើយ ដោយ​សារ​តែ​ឆ្លង COVID-19

    ឯកអគ្គរាជ​ទូត​រងនៃប្រទេស​អង់គ្លេស បាន​បាត់​បង់ជីវិត​ហើយ ដោយ​សារ​តែ​ឆ្លង COVID-19

    ឯកអគ្គរាជ​ទូត​រងនៃប្រទេស​អង់គ្លេសប្រចាំ​នៅ​​ប្រទេស​ហុង​គ្រី លោក Steven Dick អាយុ​37​ឆ្នាំ បាន​បាត់​បង់ជីវិត​បន្ទាប់​ពី​បាន​ឆ្លង​វីរុស​COVID-19។

    យោង​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​ការ​បរទេស​អង់គ្លេស​ ឯកអគ្គ​រាជ​ទូត​អង់គ្លេស​ លោក Steven Dick បាន​ស្លាប់​នៅក្នុង​ប្រទេស​ហុង​គ្រី កាល​ពី​ថ្ងៃទី​24​មីនា​កន្លង​ទៅ​។ “ខ្ញុំ​ពិត​ជា​សោក​ស្ដាយ​ខ្លាំង​ណាស់​ ចំពោះ​ការ​ស្លាប់​​របស់​លោក​ Steven” នេះ​ជា​ប្រសាសន៍​របស់លោក Dominic Raab ​រដ្ឋ​លេខាធិការ​​ក្រសួង​ការ​បរទេស​អង់គ្លេស​។

    Dominic Raab ថ្លែង​ថា “Steven គឺ​ជា​អ្នក​ការ​ទូត​ដែល​ចេះ​ស៊ូទ្រាំ​នឹង​ការងារ​ និង​តំណាង​ឱ្យ​ប្រទេស​ទាំង​មូល​ ដោយ​មាន​សមត្ថ​ភាព​ និង​ស្រឡាញ់​ការ​ងារ​យ៉ាង​អស្ចារ្យ​មួយ​រូប​”។ លោក​ Dick បាន​ទទួល​តំណែង​ជា​ឯកអគ្គ​រាជ​ទូត​រង​​ចាប់​ពី​ខែធ្នូ ឆ្នាំ​2019។

    ការ​បាត់​បង់​ជីវិត​របស់​ឯកអគ្គរាជ​ទូត​រង​អង់គ្លេស​នៅរដ្ឋធានី​​ Budapest បាន​ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ហុង​គ្រី​ សរុបឡើង​ដល់​10​នាក់​។ នេះ​បើ​តាមទិន្ន​ន័យ​ផ្លូវ​ការ​របស់​ប្រទេស​ហុង​គ្រី​កាល​ពី​ថ្ងៃដែល​លោក Dick បាន​ស្លាប់​។ ក៏ប៉ុន្តែ ភាគី​ខាង​​ប្រទេស​ហុង​គ្រី​បាន​ឱ្យ​ដឹង​ថា មាន​ពលរដ្ឋ​អង់គ្លេស​តែ​ម្នាក់​គត់​ ដែល​​បាន​ស្លាប់​​ដោយ​សារ​វីរុស​កូរ៉ូណា​នេះ​។ បច្ចុប្បន្ន មិន​ទាន់​ដឹង​ថា​លោក Dick​ មាន​ជំងឺ​ប្រចាំ​កាយ​ផ្សេង​ក្រៅ​ពី​ COVID-19 ដែរ​ឬអត់​នៅ​ឡើយ​។

    COVID-19 បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​198​ នៅ​ទូទាំង​ពិភពលោក ក្រោយ​ពី​បាន​ឆ្លង​រាល​ដាល​ខ្លាំង​នៅ​ប្រទេស​ចិនកាល​ពី​ខែ​ធ្នូ ឆ្នាំ​2019 បណ្ដាល​ឱ្យ​មនុស្ស​ប្រមាណជា 471,468​នាក់​បាន​ឆ្លង​មេរោគ ក្នុង​នោះ​មាន​21,295​នាក់​បាន​ស្លាប់ និង​ជាង​14,790​នាក់​កំពុង​ប្រឈម​នឹង​ការ​ស្លាប់​។ ​អ្នក​ជំងឺ​ដែល​បាន​ជា​សះ​ស្បើយ​មាន​ចំនួន​114,640​នាក់​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ​ខ្លាច​​​នាយក​រដ្ឋមន្ត្រី​បច្ចុប្បន្នឆ្លង​រោគ​ COVID-19 អង់គ្លេស​ក៏​តែង​តាំង​អ្នក​ជំនួស​ឱ្យ​ហើយ

    ​ខ្លាច​​​នាយក​រដ្ឋមន្ត្រី​បច្ចុប្បន្នឆ្លង​រោគ​ COVID-19 អង់គ្លេស​ក៏​តែង​តាំង​អ្នក​ជំនួស​ឱ្យ​ហើយ

    រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អង់គ្លេស Dominic Raab ត្រូវ​បាន​តែង​តាំង​ឱ្យ​បំពេញ​ភារ​កិច្ច​ជំនួស​នាយករដ្ឋមន្ត្រី​​បច្ចុប្បន្ន ក្នុង​ករណី​​លោក Boris Johnson មិន​អាច​ដឹក​នាំ​ប្រទេស​បាន​ ដោយ​សារ​ឆ្លង​រោគ COVID-19។

    ការិយាល័យនាយក​រដ្ឋមន្ត្រី​អង់គ្លេស​ ថ្ងៃ​នេះបាន​ប្រកាស​ថា រដ្ឋ​មន្ត្រី​ការ​បរទេសអង់គ្លេស​​ Raab ដែល​ជា​អ្នក​ធ្លាប់​ធ្វើ​តេស្ត​2លើក​ ប៉ុន្តែ​អវិជ្ជ​មាន​ជាមួយ​នឹង​ COVID-19 ត្រូវ​បាន​ជ្រើស​តាំង​​ជា “នាយក​រដ្ឋ​មន្ត្រី​បម្រុង​” នៃ​ប្រទេស​នេះ​។ លោក Raab នឹង​ធ្វើ​កិច្ច​ការ​របស់​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស ក្នុង​ករណី​ដែល​លោក Johnson និង​ក្រុម​មន្ត្រី​កំពូល​ៗ​នៅ​ក្នុង​គណរដ្ឋមន្ត្រី​របស់​លោក​ ឆ្លង​វីរុស​ COVID-19។

    នាយក​រដ្ឋមន្ត្រី​អង់គ្លេស Johnson មក​ដល់​ពេល​នេះមិន​ទាន់​បាន​ធ្វើ​តេស្ត​រក​មេរោគ​កូរ៉ូណា​នៅ​ឡើយ​ ប៉ុន្តែ​ការ​តែង​តាំង​នេះ​ បាន​ធ្វើ​ឱ្យ​មាន​រឿង​ចម្រូង​ចម្រាស​នៅ​ក្នុង​ចំណោម​អ្នក​នយោបាយ​អង់គ្លេស​។

    រដ្ឋមន្ត្រីម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​ឱ្យ​ដឹង​ថា “ប្រសិន​លោក Boris Johnson មិន​អាច​បំពេញ​កិច្ច​ការ​ មាន​មនុស្ស​ជា​ច្រើន​យល់​ថា រដ្ឋមន្ត្រីនៃ​ខុទ្ទកាល័យគណរដ្ឋមន្ត្រី (ដែល​ជា​អ្នក​គ្រប់​គ្រង​រាល់​គោលនយោបាយ​នៃ​ខុទ្ទកាល័យទាំង​មូល​) លោក Michael Gove គួរ​តែ​ជា​អ្នក​ត្រូវ​ទទួល​តួនាទី​នេះ​ មិន​មែន​លោក Raab នោះ​ទេ​។

    យោង​តាម​ផែន​ការ​ថ្មីនេះដែរ ក្នុង​ករណី​ជំនួយ​ការ​របស់​លោក Johnson ដែល​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​ គឺលោក Dominic Cummings និង​នាយក​ផ្នែក​សារ​ព័ត៌មាន​ Lee Cain បាន​ឆ្លង​រោគ COVID-19 ពួក​គេ​នឹង​ត្រូវ​បាន​ជំនួស​ដោយ​ Isaac Levido ដែលជា​នាយក​ផ្នែក​យុទ្ធ​នាការ​ឃោសនា​រក​សំឡេង​ឆ្នោត​​របស់​គណបក្ស​អភិរក្ស​និយម​ Conservative Party នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ ឬ​ Paul Stephenson ដែលជា​នាយក​ផ្នែក​សារ​ព័ត៌មាន​សម្រាប់​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​ក្នុង​ការ​បោះ​ឆ្នោត​ Brexit (ការ​បោះ​ឆ្នោត​មួយ​ដែល​ទាញ​ប្រទេស​អង់គ្លេស​ចេញ​ពី​សហ​ភាព​អឺរ៉ុប)។

    COVID-19 បាន​បង្ហាញខ្លួន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​188​ក្នុង​ពិភពលោក បន្ទាប់​ពី​បាន​ឆ្លង​រាល​ដាល​នៅ​ក្នុង​តំបន់​ Wuhan ខេត្ត Hubei នៃ​ប្រទេស​ចិនកាល​ពី​ខែធ្នូ​ ឆ្នាំ2019 បណ្ដាល​ឱ្យ​មនុស្ស​ជាង​300,000​នាក់កើត​រោគ និង​ជាង​​13,000​​នាក់​បាន​ស្លាប់​ (នៅ​ទូទាំង​ពិភពលោក)។

    បច្ចុប្បន្ន អង់គ្លេស​មាន​អ្នក​ឆ្លង​រោគ COVID-19 ជាង​5,000​នាក់ ក្នុង​នោះ​មាន​240​នាក់​បាន​បាត់​បង់​ជីវិត​៕

    ប្រភព៖ សារ​ព័ត៌មានបរទេស

  • COVID-19! បុគ្គលិក​សុខាភិបាល​អង់គ្លេស ត្រូវយក​​ថង់ផ្លាស្ទិក​ដាក់​សំរាម​ មក​ប្រើ​ជំនួស​សម្ភារ​​ការ​ពារ​រោគ​

    COVID-19! បុគ្គលិក​សុខាភិបាល​អង់គ្លេស ត្រូវយក​​ថង់ផ្លាស្ទិក​ដាក់​សំរាម​ មក​ប្រើ​ជំនួស​សម្ភារ​​ការ​ពារ​រោគ​

    ក្រុម​បុគ្គលិក​ពេទ្យដែល​​ជា​គិលានុបដ្ឋាយិកា​នៃ​មន្ទីរពេទ្យ​ Northwick Park បាន​បង្ហើប​ឱ្យ​ដឹង​ថា ពួក​គេ​កំពុង​តែ​ធ្វើ​ការ​ដោយ​​ហួស​កម្លាំង ព្រោះតែ​មាន​អ្នក​ជំងឺ​ច្រើន​ពេក​ ហើយ​ពួកគេ​ក៏​ត្រូវ​ប្រើ​ថង់​ផ្លាស្ទិក​មក​ប្រើ​ជំនួស​សម្ភារ​វេជ្ជ​សាស្ត្រ​ ដើម្បី​ការ​ពារ​ខ្លួន​។

    នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ដែល​ផ្ញើ​ទៅ​កាន់​បុគ្គលិករបស់​ខ្លួន​កាល​ពី​ថ្ងៃទី​20មីនា មន្ទីរពេទ្យ​ Northwick Park ដែល​មាន​ទី​តាំង​នៅ​ក្នុង​ទី​ក្រុង​ឡុងដ៍ បាន​ឱ្យ​ដឹង​ថា មន្ទីរ​ពេទ្យ​នេះ​អស់​គ្រែ​ពិសេស​រលីង​ហើយ​ ក្រោយ​ពី​ចំនួន​អ្នក​ជំងឺ​ដែល​ឆ្លង​វីរុស​ COVID-19 បាន​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​។ អ្នកជំងឺ​6នាក់ បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​នេះ​ និង​រាប់​សិប​នាក់​ផ្សេង​ទៀត​កំពុង​ត្រូវ​ដក​ដង្ហើម​ដោយ​ពឹង​លើ​ម៉ាស៊ីន​ជំនួយ។

    បុគ្គលិក​ពេទ្យ​ដែល​បាន​បង្ហើប​ឱ្យ​ដឹង​អំពី​បញ្ហា​ប្រឈម​ក្នុង​មន្ទីរ​ពេទ្យ​ Northwick Park ​ខាង​លើ បាន​ស្នើ​សុំ​ម៉ាស់ វ៉ែនតា​ និង​ស្រោម​ដៃ​ ដោយ​សារ​បុគ្គលិកនៅ​ក្នុង​មន្ទីរ​ពេទ្យ​នេះ​ ត្រូវ​បង្ខំចិត្ត​យក​ថង់​ដាក់​សំរាម​ មក​គ្រប​ក្បាល​ និង​ជើង​ ព្រោះ​ខ្វះ​សម្ភារ​ការ​ពារ​ខ្លួន​។

    northwick park hospitalបច្ចុប្បន្ន ប្រទេស​អង់គ្លេស​មាន​អ្នក​ផ្ទុក​មេរោគ​ COVID-19 ជិត​4,000​នាក់ ក្នុង​នោះ​មាន​177​នាក់​បាន​ស្លាប់​។ ក្រុម​អ្នក​តាម​ដាន​យល់​ថា តួលេខ​ខាង​លើ​នេះ អាច​មិន​ទាន់​បង្ហាញ​អំពី​តួលេខ​ពិត​នៅ​ឡើយ ព្រោះ​ថា មាន​តែ​អ្នក​ជំងឺ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​ស្រង់​ស្ថិតិ​។ មន្ត្រី​ប្រទេស​អង់គ្លេស​មាន​ការ​ព្រួយ​បារម្ភ​ថា មនុស្ស​ប្រមាណជា​180,000​នាក់ ប្រហែល​ជា​បាន​ឆ្លង​មេរោគ​ COVID-19 ខណៈ​ដែល​ក្រុម​អ្នក​ជំនាញ​ បានសន្និដ្ឋាន​ថា អ្នក​ស្លាប់​អាច​មាន​ដល់​ទៅ​​1,000​នាក់​។

    កាល​ពី​ថ្ងៃទី20មីនា ប្រទេស​អង់គ្លេស​បាន​ស្នើ​ឱ្យ​អាជ្ញាធរ​ បិទ​ហាង​កាហ្វេ ហាង​ស្រា ក្លិប KTV ភោជនីយដ្ឋាន កន្លែង​ប្រគំតន្ត្រី​ និង​មជ្ឈមណ្ឌល​កម្សាន្ត​ផងដែរ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​កាន់​តែ​ខ្លាំង​នៃ​វីរុស COVID-19នេះ៕

    ប្រភព៖ សារព័ត៌មាន​បរទេស

  • ប្រសាសន៍សម្ដេច ហ៊ុន សែន ល្បីដល់អឺរ៉ុប សារព័ត៌មាន​ប្រទេស​អង់គ្លេស​បង្ហាញរូបភាព ព្រះអង្គម្ចាស់ ឆាលស៍ ទ្រង់ “សំពះ” ជំនួសការចាប់ដៃ ការពារការឆ្លងមេរោគ COVID-19

    ប្រសាសន៍សម្ដេច ហ៊ុន សែន ល្បីដល់អឺរ៉ុប សារព័ត៌មាន​ប្រទេស​អង់គ្លេស​បង្ហាញរូបភាព ព្រះអង្គម្ចាស់ ឆាលស៍ ទ្រង់ “សំពះ” ជំនួសការចាប់ដៃ ការពារការឆ្លងមេរោគ COVID-19

    វេបសាយ ឌឹ ដេលី មីរើរ របស់ប្រទេសអង់គ្លេស បានរាយការណ៍ថា នៅក្នុងពិធីការមួយនៃបណ្ដាញសាខាចក្រភព នៅឯព្រះមហាវិហារ វេស្ទ មីនស្ទើរ ក្នុងទីក្រុងឡុងដ្រ៍ ប្រទេសអង់គ្លេស កាលពីថ្ងៃទី9 មីនា កន្លងទៅ ដែលមានខ្សែព្រះរាជវង្សានុវង្សលំដាប់ខ្ពស់ចូលរួមចំនួនដ៏ច្រើននោះ ក្នុងអំឡុងពេលស្វាគមន៍មន្ត្រីអ្នកមុខអ្នកការទាំងឡាយ ព្រះអង្គម្ចាស់ ឆាលស៍ មកុដរាជកុមារ នៃព្រះរាជាណាចក្រអង់គ្លេស ទ្រង់បានបដិសេធក្នុងការចាប់ដៃស្វាគមន៍ភ្ញៀវ(បែបអឺរ៉ុប)នៅក្នុងពិធី ដោយព្រះអង្គបានប្រើវិធី “សំពះ” ជំនួសវិញ ដែលបណ្ដាលមកពីការភ័យបារម្ភពាក់ព័ន្ធនឹងការឆ្លងរាលដាលរបស់មេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬ COVID-19 ដែលកំពុងរាតត្បាតខ្លាំងទូទាំងទ្វីបអឺរ៉ុបនាពេលបច្ចុប្បន្នេះ៕

    ប្រភព៖ សារព័ត៌មានបរទេស

  • ត្រី​បាឡែន​យក្ស ប្រវែង​19ម៉ែត្រ ជាប់​គាំង​លើ​វាល​ថ្ម​ក្បែរ​សមុទ្រ​ (មានវីដេអូ)

    ត្រី​បាឡែន​យក្ស ប្រវែង​19ម៉ែត្រ ជាប់​គាំង​លើ​វាល​ថ្ម​ក្បែរ​សមុទ្រ​ (មានវីដេអូ)

    អងគ្លេស​៖ ថ្វី​បើ​ត្រូវ​បាន​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ស្ម័គ្រ​ចិត្ត​ ជួយ​បាច់​ទឹក​រក្សា​សំណើម ប៉ុន្តែ ត្រីបាឡែន​យក្ស​ដែល​ជាប់​គាំង​នៅ​លើ​ឆ្នេរ​សមុទ្រ​នៃ​កោះ Lizard កាល​ពី​ថ្ងៃទី14​កុម្ភៈ ក៏នៅ​តែ​មិន​អាច​បន្ត​ជីវិត​ដល់​វេលា​​ទឹក​ជោរមក​ដល់​ដដែល។

    ត្រី​បាឡែន​ Fin whale ដែល​ស្លាប់​ដោយ​សារ​ជាប់​គាំង​លើ​វាល​ថ្ម

    ត្រីយក្ស​ប្រវែង​ដល់ទៅ​19,25ម៉ែត្រ ត្រូវ​បាន​គេ​បញ្ជាក់​ថា​ជា​ត្រី​បាឡែនមួយ​ប្រភេទ​ដែល​គេ​ហៅ​ថា Fin whale។ នេះ​ជា​សត្វ​ធំបំផុត​លំដាប់​ទី​2 ដែល​នៅ​មានវត្តមាន​លើ​ភព​ផែនដី​ បន្ទាប់ពី​ត្រី​បាឡែន​ខៀវ (blue whale)​។ ត្រី​បាឡែន​ Fin whale នេះ​ ត្រូវ​បាន​សង្កេត​​ឃើញ​ថា ហែល​ចូល​ក្នុង​តំបន់​សមុទ្រ​​ទឹក​រាក់ ក្បែរ​ទីស្នាក់​ការ​នៃ​ឆ្មាំ​សមុទ្រ​ Nare Point កាល​ពី​ព្រឹក​ថ្ងៃទី​14កុម្ភៈ ហើយ​មក​ដល់​ថ្ងៃ​ត្រង់​ វា​ក៏​បាន​ជាប់​គាំង​នៅ​លើ​វាល​ថ្មនៅ​ពេល​ដែល​ទឹក​​សមុទ្រ​នាច​ទៅ​វិញ​។

    ក្រុម​អ្នក​ជួយ​សង្គ្រោះ​សត្វសមុទ្រ​​ជនជាតិ​អង់គ្លេស BDMLR បាន​ទៅ​ដល់​កន្លែង​កើត​ហេតុ​ភ្លាម​ៗ ប៉ុន្តែ មិន​អាចជួយ​សង្គ្រោះ​ជីវិត​ត្រី​នេះ​ទាន់​ពេលនោះទេ​។

    Dan Jarvis មក​ពី​អង្គ​ការ BDMLR បាន​និយាយ​ថា “ពេល​យើង​ខ្ញុំ​មក​ដល់​កន្លែង​កើត​ហេតុ យើង​ឃើញ​វា​កំពុង​ហា​មាត់​ធំ និង​បក់កន្ទុយ​ជា​ញឹក​ញាប់​​ទៅ​លើ​ដុំ​ថ្ម​ បង្ក​ជា​សម្លេង​ខ្លាំង​ៗ”។ ត្រី​បាឡែន​យក្ស​នេះ មាន​កម្លាំង​ខ្សោយ​ បង្ហាញ​ថា វា​មាន​បញ្ហា​សុខ​ភាព​មុន​ពេល​ត្រូវ​ជាប់​លើ​គោក​។

    ត្រីបាឡែន​ខៀវ ជា​សត្វ​ដែល​មាន​រូប​រាង​ធំជាង​គេ​ក្នុង​ពិភពលោក

    “យើង​ខ្ញុំ​ពិត​ជាចង់​ជួយ​វា​ណាស់។ មនុស្ស​ជាង​20នាក់ បាន​មក​ដល់​ទី​នេះ សង្ឃឹម​ថា អាច​ជួយ​នាំ​វា​ទៅ​កាន់​សមុទ្រ​នៅ​ពេល​ទឹក​ជោរមក​ដល់​។ ប៉ុន្តែ គួរ​ឱ្យ​ស្ដាយ វា​ឈប់​ដក​ដង្ហើម​ និង​លែង​កម្រើត​ទៅ​ហើយ” នេះ​គឺជា​សម្ដី​របស់​ Steve Green ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​ដែល​បាន​ឃើញ​ត្រី​នេះ​មុន​គេ​។

    https://www.youtube.com/watch?v=fQyn5fY_noE

    កន្លង​មក​នេះ ឱកាស​នៃ​ការ​ជួយ​សង្គ្រោះ​ជីវិត​ត្រី​បាឡែន​យក្ស គឺ​ពិបាក​ធ្វើ​ទៅ​បាន​ ព្រោះ​តែ​ទំហំ​ដង​ខ្លួន​ដ៏​មហិ​មា​របស់​វា​។ អង្គ​ការ​ BDMLR បាន​និយាយថា នឹង​ធ្វើ​កោសល្យ​វិច័យ​ទៅលើ​សាក​សព​ត្រី​បាឡែន​នេះ ដើម្បី​ឱ្យ​ដឹង​ថា តើ​វា​ស្លាប់​ដោយ​សារ​មូលហេតុ​អ្វី​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • វីវរហើយថៃ!! អ្នកទោសអង់គ្លេសដែលបញ្ជូនពីពន្ធនាគារប្រទេសថៃ ដួលសន្លប់ សង្ស័យឆ្លងវីរុសកូរ៉ូណា…

    វីវរហើយថៃ!! អ្នកទោសអង់គ្លេសដែលបញ្ជូនពីពន្ធនាគារប្រទេសថៃ ដួលសន្លប់ សង្ស័យឆ្លងវីរុសកូរ៉ូណា…

    ពន្ធនាគារមួយនៅក្នុងប្រទេសអង់គ្លេសត្រូវបានបិទទាំងស្រុងកាលពីថ្ងៃអង្គារ ទី11 កុម្ភៈ(ម្សិលមិញ) បន្ទាប់ពីប្រទះឃើញអ្នកទោសម្នាក់ដួលសន្លប់នៅក្នុងបន្ទប់ឃុំឃាំង បន្ទាប់ពីអ្នកទោសម្នាក់នោះត្រូវបានបញ្ជូនទៅពីពន្ធនាគារនៅក្នុងប្រទេសថៃ។

    សារព័ត៌មាន ឌឹ សាន់ និងដេលី មែល បានរាយការណ៍ថា អ្នកទោសម្នាក់នេះបានជាប់ឃុំឃាំងនៅក្នុងប្រទេសថៃ មុននឹងត្រូវបញ្ជូនត្រឡប់ទៅប្រទេសអង់គ្លេស និងត្រូវបានបន្តឃុំខ្លួននៅក្នុងពន្ធនាគារ ប៊ុលលីងដន ក្នុងទីក្រុង បៃឆេស្ទើរ មណ្ឌល អក់ស្វើត សៀរ។

    ពន្ធនាគារទាំងមូលត្រូវបានបិទចោលទាំងស្រុង និងមកដល់ពេលនេះ មានអ្នកទោសយ៉ាងតិច 3នាក់ត្រូវបាននាំខ្លួនទៅពិនិត្យរកមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ដែលនៅពេលនេះនៅក្នុងប្រទេសចិន ដែលជាដើមកំណើតនៃការឆ្លងរាលដាល បានរកឃើញអ្នកឆ្លងមេរោគរួចហើយ 45,88នាក់ ក្នុងនោះស្លាប់ 1,115នាក់ ចំណែកអ្នកដែលឆ្លងមេរោគនៅក្នុងប្រទេសផ្សេងៗ និងតាមតំបន់នានាក្រៅប្រទេសចិន មាន 319នាក់ ក្នុងនោះស្លាប់ 2នាក់។

    ខណៈពេលជាមួយគ្នា ប្រភពព័ត៌មាននៅបានប្រាប់ឱ្យដឹងទៀតថា អ្នកទោសដែលមានជំងឺម្នាក់នោះត្រូវបានបញ្ជូនទៅព្យាបាលនៅឯមន្ទីរពេទ្យពិសេសមួយ នៅផ្នែកខាងក្រៅរបងពន្ធនាគារ។ “ប្រហែលជា គេទើបតែត្រូវបញ្ជូនមកពីពន្ធនាគារក្នុងប្រទេសថៃ មកដល់ប៊ុលលីងដននេះកាលពីពេលថ្មីៗនេះ ក្រោមគ្រោងការផ្លាស់ប្ដូរអ្នកទោសអន្តរជាតិ” ប្រភពព័ត៌មានបញ្ជាក់។

    “ពេលនេះ គេកំពុងដេកព្យាបាលនៅឯមន្ទីរពេទ្យពិសេសក្រៅពន្ធនាគារ ចំណែក 2នាក់ទៀត មានអាការស្រដៀងអ្នកកើតជំងឺគ្រុនផ្ដាសាយ និងកំពុងព្យាបាលនៅឯមន្ទីរពេទ្យក្នុងពន្ធនាគារ” ប្រភពព័ត៌មានបានបញ្ជាក់បន្ថែម។

    គេជឿថា អ្នកទោសទាំង 3នាក់ស្ថិតនៅក្នុងពន្ធនាគារតែមួយជាមួយគ្នា ដែលបណ្ដាលឱ្យគិលានុបដ្ឋាកម្នាក់ដែលធ្លាប់មើលថែអាការជំងឺឱ្យពួកគេ ត្រូវបានបង្ខាំងខ្លួនដើម្បីពិនិត្យរកមេរោគដែរ ដែលនេះជាផ្នែកមួយនៃវិធានការការពារទុកជាមុន។

    កាលពីថ្ងៃអង្គារម្សិលមិញ គេបានមើលឃើញ ក្រុមមន្ត្រីសាធារណៈសុខាភិបាលអង់គ្លេស ចូលទៅក្នុងពន្ធនាគារ ដើម្បីផ្ដល់ការជួយសង្គ្រោះអ្នកទោស និងមន្ត្រីពន្ធនាគារចំនួន 1,114នាក់ ខណៈដែលគ្រូពេទ្យក្នុងសម្លៀកបំពាក់ឈុតការពារ បានចូលទៅត្រួតពិនិត្យខាងក្នុងអគារដែលជាកន្លែងបន្ទប់ឃុំឃាំងពួកអ្នកទោសដែលសង្ស័យថា បានឆ្លងមេរោគ។

    រហូតមកដល់ល្ងាចថ្ងៃអង្គារម្សិលមិញ តាមរយៈព័ត៌មានរបស់ក្រសួងសាធារណៈសុខាភិបាលអង់គ្លេស បានរកឃើញថា មានប្រជាជនចំនួន 1,358នាក់ ត្រូវបាននាំខ្លួនទៅពិនិត្យរកមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ដោយនៅក្នុងចំនួននោះ មាន 1,350នាក់មានលទ្ធផលអវិជ្ជមាន(គ្មានមេរោគ) តែមាន 8នាក់ដែលលទ្ធផលចេញមក វិជ្ជមាន(មានមេរោគ)៕

    ប្រភព៖ សារព័ត៌មាន ឌឹ សាន់ និងដេលី មែល